ជំពូកទី៤០
តើយើងធ្វើឲ្យព្រះពេញចិត្តយ៉ាងដូចម្ដេច?
តើយើងអាចធ្វើអ្វីដើម្បីឲ្យព្រះពេញចិត្ត? តើយើងអាចឲ្យអ្វីមួយដល់លោកឬ?— ព្រះយេហូវ៉ានិយាយថា៖ ‹អស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់ខ្ញុំ›។ លោកក៏និយាយបន្ថែមទៀតថា៖ ‹អស់ទាំងប្រាក់ជារបស់ផងខ្ញុំ ហើយមាសទាំងប៉ុន្មានក៏ជារបស់ខ្ញុំដែរ›។ (ទំនុកតម្កើង ២៤:១; ៥០:១០; ហាកាយ ២:៨) ទោះជាលោកមានអ្វីៗទាំងអស់នោះក៏ដោយ តែមានអ្វីមួយដែលយើងអាចឲ្យព្រះបាន។ តើនោះជាអ្វី?—
ព្រះយេហូវ៉ាឲ្យយើងសម្រេចចិត្តថា យើងនឹងបម្រើលោកឬមិនបម្រើ។ លោកមិនបង្ខំយើងឲ្យធ្វើតាមលោកនោះទេ។ មុនបង្អស់យើងនឹងរៀនអំពីមូលហេតុដែលព្រះបានបង្កើតយើងឲ្យមានសមត្ថភាពសម្រេចចិត្តបម្រើឬមិនបម្រើលោក។
តើកូនធ្លាប់ឃើញប្រដាប់លេងហៅថាមនុស្សយន្តទេ?— មនុស្សយន្តជាម៉ាស៊ីនដែលបានត្រូវធ្វើឡើង ដើម្បីធ្វើតាមបញ្ជារបស់អ្នកបង្កើតវា។ ពេលគេចុចបញ្ជាវា វាគ្រាន់តែចេះធ្វើអ្វីដែលអ្នកបង្កើតវាឲ្យធ្វើប៉ុណ្ណោះ។ ម្ល៉ោះហើយ មនុស្សយន្តនោះមិនអាចសម្រេចចិត្តដោយខ្លួនវាបានទេ។ មនុស្សច្រើនតែឆាប់ធុញនឹងប្រដាប់លេងដូចនោះ ដោយសារវាធ្វើដដែលៗតាមកម្មវិធីដែលអ្នកបង្កើតបានដាក់ក្នុងវាប៉ុណ្ណោះ។ ព្រះយេហូវ៉ាអាចបង្កើតយើងឲ្យដូចជាមនុស្សយន្តបាន ដើម្បីឲ្យយើងធ្វើតាមតែបង្គាប់របស់លោកប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោកមិនបានធ្វើដូចនោះទេ។ តើកូនដឹងថាហេតុអ្វីទេ?— សូមគិត បើព្រះបង្កើតយើងដូចមនុស្សយន្ត យើងនឹងស្ដាប់បង្គាប់លោកដោយសារយើងជាម៉ាស៊ីនដែលគ្មានការជ្រើសរើស។ ប៉ុន្តែព្រះយេហូវ៉ាចង់ឲ្យយើងបម្រើលោកដោយសារយើងស្រឡាញ់លោក និងដោយសារយើងចង់ស្ដាប់បង្គាប់លោក។
ហេតុអ្វីព្រះមិនបានបង្កើតយើងឲ្យដូចជាមនុស្សយន្តនេះ?
ពេលយើងស្ដាប់បង្គាប់បិតានៅស្ថានសួគ៌ ដោយសារយើងចង់ស្ដាប់លោក តើកូនគិតថាលោកមានអារម្មណ៍យ៉ាងណា?— ដើម្បីដឹង សូមកូនគិតអំពីសំណួរថា តើឪពុកម្ដាយមានអារម្មណ៍យ៉ាងណាពេលកូនធ្វើអំពើល្អ?— គម្ពីរប្រាប់ថាកូនល្អ«ធ្វើឲ្យឪពុកមានចិត្តរីករាយ» តែចុះពេលកូនធ្វើអំពើអាក្រក់វិញ?— គម្ពីរប្រាប់ថា នោះ«នាំឲ្យម្ដាយធ្ងន់ទ្រូង»។ (សុភាសិត ១០:១) កូនប្រហែលជាកត់សម្គាល់ឃើញថា ពេលកូនធ្វើតាមអ្វីដែលឪពុកម្ដាយសុំឲ្យកូនធ្វើ កូនធ្វើឲ្យពួកគាត់ពេញចិត្ត មែនទេ?— ប៉ុន្តែ តើពួកគាត់មានអារម្មណ៍យ៉ាងណា ពេលកូនមិនស្ដាប់បង្គាប់ពួកគាត់?—
តើកូនអាចធ្វើឲ្យព្រះយេហូវ៉ានិងឪពុកម្ដាយកូនពេញចិត្តយ៉ាងដូចម្ដេច?
ឥឡូវសូមគិតអំពីព្រះយេហូវ៉ាជាបិតានៅស្ថានសួគ៌របស់យើង។ លោកបានប្រាប់យើងអំពីរបៀបដែលយើងអាចធ្វើឲ្យលោកមានចិត្តរីករាយ។ សូមកូនយកគម្ពីរមក ហើយបើកទៅសៀវភៅសុភាសិត ជំពូកទី២៧ ខ១១។ ក្នុងខនេះព្រះកំពុងនិយាយមកកាន់យើងថា៖ ‹កូនអើយ ចូរឲ្យអ្នកមានប្រាជ្ញាឡើង ហើយឲ្យចិត្តខ្ញុំបានរីករាយចុះ ដើម្បីឲ្យខ្ញុំអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់ខ្ញុំ›។ តើការដៀលតិះបុគ្គលម្នាក់មានន័យយ៉ាងណា? តើកូនដឹងទេ?— បុគ្គលម្នាក់ប្រហែលជាតិះដៀលអ្នកណាម្នាក់ដោយសើចចំអកឲ្យអ្នកនោះ ព្រមទាំងនិយាយថាអ្វីដែលអ្នកនោះប្រាប់ថាខ្លួនអាចធ្វើបាន តាមពិតធ្វើមិនបានទេ។ ដូច្នេះ យើងចង់ដឹងថា តើសាថានតិះដៀលព្រះយេហូវ៉ាយ៉ាងដូចម្ដេច?— សូមឲ្យយើងរកចម្លើយ។
យើងបានរៀននៅជំពូកទី៨ក្នុងសៀវភៅនេះថា សាថានចង់ធ្វើជាអ្នកលេខមួយ ហើយចង់ឲ្យមនុស្សគ្រប់គ្នាស្ដាប់បង្គាប់វា។ សាថានប្រាប់ថាមនុស្សគោរពប្រណិប័តន៍ព្រះយេហូវ៉ា គឺដោយសារតែលោកនឹងឲ្យជីវិតដែលគ្មានទីបញ្ចប់ដល់ពួកគេប៉ុណ្ណោះ។ ក្រោយពីសាថានបានធ្វើឲ្យអាដាមនិងអេវ៉ាលែងស្ដាប់បង្គាប់ព្រះយេហូវ៉ា សាថានបានចោទប្រកាន់ព្រះថា៖ ‹មនុស្សបម្រើលោកដើម្បីបានអ្វីដែលលោកឲ្យប៉ុណ្ណោះ។ សាកឲ្យឱកាសខ្ញុំមើល ខ្ញុំអាចធ្វើឲ្យអ្នកណាក៏ដោយឈប់ស្ដាប់បង្គាប់លោក›។
ក្រោយពីអាដាមនិងអេវ៉ាបានធ្វើអំពើខុសឆ្គង តើសាថានបានចោទប្រកាន់ព្រះយេហូវ៉ាយ៉ាងណា?
ទោះជាយើងមិនឃើញពាក្យទាំងនេះនៅក្នុងគម្ពីរក៏ពិតមែន តែពេលយើងអានអំពីបុរសម្នាក់ឈ្មោះយ៉ូប យើងឃើញច្បាស់ថាសាថានបាននិយាយអ្វីមួយទៅកាន់ព្រះ ដែលស្រដៀងនឹងពាក្យទាំងនោះ។ ភាពស្មោះត្រង់របស់យ៉ូប ពិតជាសំខាន់ណាស់ចំពោះព្រះយេហូវ៉ានិងសាថាន។ សូមបើកគម្ពីរទៅសៀវភៅយ៉ូបជំពូកទី១ និងទី២ ដើម្បីស្ដាប់អ្វីដែលបានកើតឡើង។
សូមកត់សម្គាល់ក្នុងសៀវភៅយ៉ូប ជំពូកទី១រៀបរាប់ថា សាថាននៅស្ថានសួគ៌ ពេលដែលពួកទេវតាមកជួបព្រះយេហូវ៉ា។ ដូច្នេះ ព្រះយេហូវ៉ាបានសួរសាថានថា៖ ‹អ្នកមកពីណា?›។ សាថានឆ្លើយថាមកពីមើលជុំវិញផែនដី។ ដូច្នេះ ព្រះយេហូវ៉ាសួរថា៖ ‹តើអ្នកបានសង្កេតមើលយ៉ូបទេ គាត់បានបម្រើខ្ញុំ ហើយគាត់មិនធ្វើអំពើអាក្រក់សោះ?›។—យ៉ូប ១:៦-៨
ភ្លាមនោះ សាថានរកលេសថា៖ ‹យ៉ូបគោរពប្រណិប័តន៍លោក ដោយសារតែគាត់មិនមានបញ្ហាប៉ុណ្ណោះ។ បើលោកលែងការពារនិងលែងឲ្យពរគាត់ គាត់នឹងប្រមាថលោកនៅចំពោះមុខជាមិនខាន›។ ដូច្នេះ ព្រះយេហូវ៉ាឆ្លើយថា៖ ‹អ្នកអាចធ្វើអ្វីក៏ដោយចំពោះគាត់ តែកុំធ្វើបាបរាងកាយគាត់ឡើយ›។—យ៉ូប ១:៩-១២
តើសាថានបានធ្វើអ្វី?— វាបានឲ្យគេទៅលួចសត្វគោនិងសត្វលារបស់យ៉ូប ហើយសម្លាប់អ្នកដែលថែរក្សាសត្វទាំងនោះដែរ។ រួចមក វាធ្វើឲ្យមានរន្ទះបាញ់សម្លាប់សត្វចៀមនិងពួកគង្វាល។ ក្រោយមកទៀត វាធ្វើឲ្យគេមកលួចសត្វអូដ្ឋនិងសម្លាប់អ្នកថែរក្សាសត្វទាំងនោះដែរ។ នៅទីបំផុត សាថានបានធ្វើឲ្យមានខ្យល់ព្យុះបក់មកបំផ្លាញផ្ទះដែលកូនទាំង១០នាក់របស់យ៉ូបកំពុងនៅក្នុងនោះ ហើយពួកគេទាំងអស់បានស្លាប់។ ទោះជាមានរឿងទាំងនោះកើតឡើងក៏ដោយ យ៉ូបនៅតែបម្រើព្រះយេហូវ៉ា។—យ៉ូប ១:១៣-២២
ពេលព្រះយេហូវ៉ាឃើញសាថានម្ដងទៀត លោកបានបញ្ជាក់ថាយ៉ូបគឺនៅតែស្មោះត្រង់ចំពោះលោកដដែល។ សាថានបានរកលេសទៀតថា៖ ‹បើលោកឲ្យខ្ញុំធ្វើបាបរូបកាយគាត់ គាត់នឹងប្រមាថលោកនៅចំពោះមុខ›។ ដូច្នេះ ព្រះយេហូវ៉ាបានឲ្យសាថានធ្វើបាបរាងកាយរបស់យ៉ូប តែលោកព្រមានថាកុំសម្លាប់គាត់ឡើយ។
តើយ៉ូបបានស៊ូទ្រាំនឹងរឿងអ្វីខ្លះ ហើយហេតុអ្វីរឿងនេះបានធ្វើឲ្យព្រះពេញចិត្ត?
សាថានបានធ្វើឲ្យយ៉ូបធ្លាក់ខ្លួនឈឺភ្លាមៗ គឺឲ្យគាត់កើតដំបៅពេញខ្លួន។ ដំបៅនោះស្អុយខ្លាំងណាស់រហូតដល់គ្មានមនុស្សណាម្នាក់ចង់ចូលទៅជិតគាត់ទេ។ សូម្បីតែប្រពន្ធរបស់យ៉ូបក៏បានប្រាប់គាត់ដែរថា៖ «ចូរប្រមាថដល់ព្រះ ហើយស្លាប់ទៅចុះ!»។ រួចមក អ្នកដែលធ្វើពុតជាមិត្តភក្ដិរបស់យ៉ូបក៏បានមកសួរសុខទុក្ខគាត់ ហើយនិយាយអ្វីដែលធ្វើឲ្យគាត់ពិបាកចិត្តថែមទៀត។ ពួកគេនិយាយថាយ៉ូបច្បាស់ជាបានធ្វើអំពើអាក្រក់ហើយ ទើបកើតមានរឿងអាក្រក់ទាំងនេះ។ ប៉ុន្តែ ទោះជាមានរឿងអាក្រក់ទាំងអស់នេះ និងការឈឺចាប់ដែលបណ្ដាលមកពីសាថានក្ដី យ៉ូបបានបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។—យ៉ូប ២:១-១៣; ៧:៥; ១៩:១៣-២០
តើកូនគិតថាភាពស្មោះត្រង់របស់យ៉ូបបានធ្វើឲ្យព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា?— ភាពស្មោះត្រង់នោះបានធ្វើឲ្យព្រះយេហូវ៉ារីករាយ ព្រោះលោកអាចប្រាប់សាថានថា៖ ‹សូមមើលយ៉ូប! គាត់បម្រើខ្ញុំដោយសារគាត់ចង់បម្រើ›។ ដូច្នេះ ដោយសារយ៉ូបនៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាជានិច្ច នោះលោកអាចបង្ហាញឲ្យឃើញថាសាថានបានភូតភរ ពេលដែលវាអះអាងថា វាអាចបំបែរមនុស្សគ្រប់គ្នាចេញពីការបម្រើលោក។ តើកូនចង់ធ្វើតាមគំរូរបស់យ៉ូប ដោយបង្ហាញថាសាថានជាអ្នកភូតភរឬទេ?— យើងគួរសប្បាយចិត្តណាស់ ដែលអាចធ្វើដូច្នេះ។ លោកយេស៊ូប្រាកដជាសប្បាយរីករាយដែលលោកបានធ្វើដូច្នេះ។
គ្រូដ៏ល្អប្រសើរមិនឲ្យសាថាននាំលោកធ្វើអំពើអាក្រក់ឡើយ។ សូមគិតទៅមើល គំរូរបស់លោកពិតជាធ្វើឲ្យបិតាលោករីករាយយ៉ាងណាទៅ! ព្រះយេហូវ៉ាអាចចង្អុលទៅលោកយេស៊ូ ហើយឆ្លើយទៅសាថានថា៖ ‹សូមមើលបុត្រខ្ញុំ! គាត់បានរក្សាភាពស្មោះត្រង់យ៉ាងល្អឥតខ្ចោះចំពោះខ្ញុំ ដោយសារគាត់ស្រឡាញ់ខ្ញុំ!›។ សូមគិតដែរថា លោកយេស៊ូច្បាស់ជាមានអំណរខ្លាំងណាស់ ដែលបានធ្វើឲ្យព្រះយេហូវ៉ាមានចិត្តរីករាយដូច្នោះ។ ដោយសារអំណរនោះ លោកយេស៊ូបានស៊ូទ្រាំរហូតដល់ស្លាប់លើបង្គោលទារុណកម្ម។—ហេប្រឺ ១២:២
តើកូនចង់ធ្វើតាមគំរូរបស់គ្រូដ៏ល្អប្រសើរឬទេ? តើកូនចង់ធ្វើឲ្យព្រះយេហូវ៉ារីករាយទេ?— បើចង់មែន សូមបន្តរៀនអំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យកូនធ្វើ ហើយសូមបន្តធ្វើឲ្យព្រះរីករាយជានិច្ច!
សូមអានអំពីអ្វីដែលលោកយេស៊ូបានធ្វើឲ្យព្រះរីករាយ និងអំពីអ្វីដែលយើងត្រូវធ្វើផងដែរនៅ សុភាសិត ២៣:២២-២៥ យ៉ូហាន ៥:៣០; ៦:៣៨; ៨:២៨ និងយ៉ូហានទី២ ៤។