បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bhs ជំ. ១២ ទំ. ១២៤-១៣៤
  • តើអ្នកអាចក្លាយទៅជាមិត្តសម្លាញ់របស់ព្រះយ៉ាងដូចម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអាចក្លាយទៅជាមិត្តសម្លាញ់របស់ព្រះយ៉ាងដូចម្ដេច?
  • តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • អានក្នុង ព្រះគម្ពីរបង្រៀន
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ការពារ​មិត្ត​សម្លាញ់​របស់​លោក
  • ការ​ចោទ​ប្រកាន់​របស់​សាថាន
  • សាថាន​វាយ​ប្រហារ​យ៉ូប
  • សាថាន​ក៏​ចោទ​ប្រកាន់​អ្នក​ដែរ
  • ចូរ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា
  • ចូរ​រៀន​ស្រឡាញ់​អ្វី​ដែល​ព្រះ​ស្រឡាញ់
  • អ្នកជាប់ទាក់ទងក្នុងរឿងចំណោទដ៏ជីវិតសម្ព័ន្ធមួយ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • តើយើងធ្វើឲ្យព្រះពេញចិត្តយ៉ាងដូចម្ដេច?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • «ចូរសង្ឃឹមលើព្រះយេហូវ៉ាចុះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
bhs ជំ. ១២ ទំ. ១២៤-១៣៤

ជំពូក​ទី​១២

តើ​អ្នក​អាច​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១, ២​. តើ​អ្នក​ណា​ខ្លះ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា?

តើ​អ្នក​ចង់​រាប់​អាន​មនុស្ស​បែប​ណា​ធ្វើ​ជា​មិត្ត​ភក្ដិ? អ្នក​ចង់​រាប់​អាន​មនុស្ស​ដែល​អ្នក​ចូល​ចិត្ត។ គាត់​ជា​មនុស្ស​ដែល​អាច​ចុះ​សម្រុង​នឹង​អ្នក​បាន ហើយ​គាត់​មាន​ចិត្ត​សប្បុរស និង​មាន​គុណ​សម្បត្ដិ​ផ្សេង​ទៀត​ដែល​អ្នក​ពេញ​ចិត្ត។

២ ព្រះ​យេហូវ៉ា​ជ្រើស​រើស​មនុស្ស​ខ្លះ​ឲ្យ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក។ ជា​ឧទាហរណ៍ អាប្រាហាំ​ជា​សម្លាញ់​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ (​អេសាយ ៤១:៨; យ៉ាកុប ២:២៣​) ព្រះ​យេហូវ៉ា​ក៏​ចូល​ចិត្ត​ដាវីឌ​ដែរ។ លោក​មាន​ប្រសាសន៍​ថា​ដាវីឌ​«​ជា​អ្នក​ត្រូវ​នឹង​ចិត្ត​របស់​ខ្ញុំ​»។ (​សកម្មភាព ១៣:២២​) ម្យ៉ាង​ទៀត គម្ពីរ​ប្រាប់​ថា​អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​ដានីយ៉ែល​ជា​«​មនុស្ស​សំណប់​»​របស់​ព្រះ​យេហូវ៉ា។—ដានីយ៉ែល ៩:២៣

៣​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​អាប្រាហាំ ដាវីឌ និង​ដានីយ៉ែល​ជា​សម្លាញ់​របស់​លោក?

៣ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​អាប្រាហាំ ដាវីឌ និង​ដានីយ៉ែល​ជា​សម្លាញ់​របស់​លោក? លោក​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​ថា​៖ ‹អ្នក​បាន​ស្ដាប់​តាម​ពាក្យ​ខ្ញុំ›។ (​លោកុប្បត្តិ ២២:១៨​) ព្រះ​យេហូវ៉ា​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក​ដោយ​ចិត្ត​រាប​ទាប។ សូម្បី​តែ​ប្រជា​ជាតិ​មួយ​ក៏​អាច​ក្លាយ​ទៅ​ជា​សម្លាញ់​របស់​លោក​បាន​ដែរ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ប្រជា​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​ស្ដាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ​»។ (​យេរេមា ៧:២៣​) ដូច្នេះ បើ​អ្នក​ពិត​ជា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​មែន អ្នក​ក៏​ត្រូវ​ស្ដាប់​បង្គាប់​លោក​ដែរ។

ព្រះ​យេហូវ៉ា​ការពារ​មិត្ត​សម្លាញ់​របស់​លោក

៤, ៥​. តើ​ព្រះ​យេហូវ៉ា​ការពារ​មិត្ត​សម្លាញ់​របស់​លោក​យ៉ាង​ដូច​ម្ដេច?

៤ គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា​ស្វែង​រក​ឱកាស​ដើម្បី​«​សំ​ដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។ (​របា​ក្សត្រ​ទី២ ១៦:៩​) នៅ​ទំនុក​តម្កើង ៣២:៨ ព្រះ​យេហូវ៉ា​សន្យា​ចំពោះ​មិត្ត​សម្លាញ់​របស់​លោក​ថា​៖ ​«​អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់​»។

៥ មាន​សត្រូវ​ដ៏​ខ្លាំង​ក្លា​មួយ​រូប​ដែល​ចង់​រា​រាំង​យើង​មិន​ឲ្យ​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ចង់​ការពារ​យើង។ (​សូម​អាន ទំនុក​តម្កើង ៥៥:២២​) ក្នុង​នាម​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា យើង​បម្រើ​លោក​ដោយ​អស់​ពី​ចិត្ត។ យើង​ស្មោះ​ត្រង់​ចំពោះ​លោក ទោះ​បី​ជា​ស្ថិត​នៅ​ក្រោម​ស្ថានភាព​ដ៏​ពិបាក​ក្ដី។ យើង​មាន​ទំនុក​ចិត្ត​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​សរសេរ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្ដាំ​ទូល​បង្គំ បាន​ជា​ទូល​បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ​»។ (​ទំនុក​តម្កើង ១៦:៨; ៦៣:៨​) ដូច្នេះ តើ​តាម​របៀប​ណា​សាថាន​ព្យាយាម​រា​រាំង​យើង​មិន​ឲ្យ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ?

ការ​ចោទ​ប្រកាន់​របស់​សាថាន

៦​. តើ​សាថាន​ចោទ​ប្រកាន់​មនុស្សជាតិ​យ៉ាង​ដូច​ម្ដេច?

៦ នៅជំពូក​ទី​១១ យើង​បាន​រៀន​ថា​សាថាន​បាន​ចោទ​ប្រកាន់​ព្រះ​យេហូវ៉ា​ថា​លោក​ជា​អ្នក​កុហក និង​គ្មាន​យុត្ដិធម៌ ដោយ​សារ​វា​គិត​ថា​លោក​មិន​អនុញ្ញាត​ឲ្យ​អាដាម​និង​អេវ៉ា​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​គម្ពីរ​នៅ​សៀវភៅ​យ៉ូប​ប្រាប់​ថា​សាថាន​ក៏​បាន​ចោទ​ប្រកាន់​មនុស្ស​ដែល​ចង់​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ​ដែរ។ សាថាន​ចោទ​ថា​មនុស្ស​បម្រើ​ព្រះ​ដោយ​សារ​តែ​ពួក​គេ​ទទួល​ប្រយោជន៍​ពី​លោក មិន​មែន​ដោយ​សារ​ស្រឡាញ់​លោក​ទេ។ សាថាន​ថែម​ទាំង​អះអាង​ថា​វា​អាច​នាំ​អ្នក​ណា​ក៏​បាន​ឲ្យ​ប្រឆាំង​ព្រះ។ សូម​ឲ្យ​យើង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​យ៉ូប និង​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការពារ​គាត់។

៧, ៨​. (​ក​) ហេតុ​អ្វី​យ៉ូប​ខុស​ពី​មនុស្ស​ឯ​ទៀត​នៅ​ផែន​ដី? (​ខ​) តើ​សាថាន​និយាយ​យ៉ាង​ណា​អំពី​យ៉ូប?

៧ តើ​យ៉ូប​ជា​អ្នក​ណា? គាត់​ជា​មនុស្ស​ល្អ​ដែល​រស់​នៅ​ប្រមាណ​៣.៦០០​ឆ្នាំ​មុន។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​នៅ​គ្រា​នោះ​គ្មាន​មនុស្ស​ណា​ដូច​យ៉ូប​ទេ​នៅ​ផែន​ដី។ យ៉ូបគោរព​ព្រះ​យ៉ាង​ជ្រាល​ជ្រៅ ហើយ​គាត់​ស្អប់​អំពើ​អាក្រក់។ (​យ៉ូប ១:៨​) យ៉ូប​ជា​មិត្ត​សម្លាញ់​ពិត​របស់​ព្រះ​យេហូវ៉ា។

៨ សាថាន​អះអាង​ថា​យ៉ូប​បម្រើ​ព្រះ​យេហូវ៉ា​ដើម្បី​តែ​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ។ វា​និយាយ​ទៅ​ព្រះ​ថា​៖ ​«​តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្ដិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែន​ដី ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ​ភក្ដ្រ​»។—យ៉ូប ១:១០, ១១

៩​. តើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​អ្វី​ចំពោះ​យ៉ូប?

៩ សាថាន​ចោទ​ថា​យ៉ូប​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​ព្រះ​ឲ្យ​ពរ​គាត់។ សាថាន​ក៏​អះអាង​ដែរ​ថា​វា​អាច​ធ្វើ​ឲ្យ​យ៉ូប​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​បាន។ ព្រះ​មិន​យល់​ស្រប​នឹង​ការ​អះអាង​របស់​សាថាន​ទេ ប៉ុន្តែ​លោក​បាន​អនុញ្ញាត​ឲ្យ​វា​ល្បង​ល​យ៉ូប ដើម្បី​ឲ្យ​ដឹង​ថា តើ​យ៉ូប​ជា​សម្លាញ់​របស់​ព្រះ​ដោយ​សារ​គាត់​ស្រឡាញ់​លោក​មែន​ឬ​ក៏​មិន​មែន?

សាថាន​វាយ​ប្រហារ​យ៉ូប

១០​. តើ​សាថាន​បាន​វាយ​ប្រហារ​យ៉ូប​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យ៉ូប​មាន​ប្រតិកម្ម​យ៉ាង​ណា?

១០ ដំបូង សាថាន​បាន​លួច ឬ​ក៏​បាន​សម្លាប់​ចោល​សត្វ​ទាំង​អស់​ដែល​ជា​របស់​យ៉ូប។ បន្ទាប់​មក សាថាន​បាន​សម្លាប់​អ្នក​បម្រើ​យ៉ូប​ស្ទើរតែ​គ្មាន​សល់។ ចុង​ក្រោយ សាថាន​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ​ដើម្បី​សម្លាប់​កូន​ទាំង​១០​នាក់​របស់​យ៉ូប​ទៀត។ យ៉ូប​បាត់​បង់​អ្វី​ៗ​ទាំង​អស់។ យ៉ាង​ណា​ក៏​ដោយ យ៉ូប​នៅ​តែ​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​ថា​៖ ​«​ក្នុង​គ្រប់​សេចក្ដី​ទាំង​នេះ​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ​»។—យ៉ូប ១:១២​-​១៩, ២២

យ៉ូបរស់នៅយ៉ាងសប្បាយរីករាយជាមួយនឹងប្រពន្ធគាត់និងកូន១០នាក់

ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ដល់​យ៉ូប​ដោយ​សារ​គាត់​ជា​មិត្ត​ដ៏​ស្មោះ​ត្រង់

១១​. (​ក​) តើ​សាថាន​បាន​ធ្វើ​អ្វី​ទៀត​ចំពោះ​យ៉ូប? (​ខ​) តើ​យ៉ូប​បាន​ធ្វើ​អ្វី?

១១ ក៏​ប៉ុន្តែ សាថាន​មិន​ព្រម​ឈប់​ទេ។ វា​និយាយ​ទៅ​ព្រះ​ថា​៖ ​«​ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង នឹង​សាច់​គាត់​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ​ភក្ដ្រ​»។ ដូច្នេះ ព្រះ​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​ឲ្យ​យ៉ូប​កើត​ជំងឺ​មួយ​ដែល​នាំ​ឲ្យ​ឈឺចាប់​យ៉ាង​ខ្លាំង។ (​យ៉ូប ២:៥, ៧​) ទោះ​ជា​យ៉ាង​នោះ​ក្ដី យ៉ូប​នៅ​តែ​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​ថា​៖ ​«​ក្នុង​គ្រប់​ទាំង​សេចក្ដី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​បបូរ​មាត់​»​ឬ​ដោយ​និយាយ​ប្រឆាំង​នឹង​ព្រះ​ទេ។—យ៉ូប ២:១០

១២​. តើ​យ៉ូប​បាន​បង្ហាញ​យ៉ាង​ណា​ថា​សាថាន​ជា​អ្នក​កុហក?

១២ យ៉ូប​មិន​បាន​ដឹង​សោះ​អំពី​ការ​ចោទ​ប្រកាន់​របស់​សាថាន ឬ​មូលហេតុ​ដែល​គាត់​រង​ទុក្ខ​វេទនា​ដូច្នេះ។ គាត់​គិត​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​បណ្ដាល​ឲ្យ​គាត់​មាន​ទុក្ខ​វេទនា​ទាំង​នេះ។ (​យ៉ូប ៦:៤; ១៦:១១​-​១៤​) យ៉ាង​ណា​ក៏​ដោយ យ៉ូប​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​យ៉ូប​មិន​មែន​បម្រើ​ព្រះ​ដើម្បី​តែ​ប្រយោជន៍​ខ្លួន​ទេ។ យ៉ូប​ជា​មិត្ត​សម្លាញ់​ពិត​របស់​ព្រះ ដោយ​សារ​គាត់​ស្រឡាញ់​លោក។ ដូច្នេះ ការ​ចោទ​ប្រកាន់​របស់​សាថាន​គឺ​មិន​ពិត​ទាល់​តែ​សោះ!

១៣​. តើ​យ៉ូប​បាន​ទទួល​អ្វី​ដោយ​សារ​គាត់​ស្មោះ​ត្រង់​នឹង​ព្រះ?

១៣ ទោះ​ជា​យ៉ូប​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នៅ​ស្ថាន​សួគ៌​ក៏​ដោយ តែ​គាត់​ស្មោះ​ត្រង់​នឹង​ព្រះ ព្រម​ទាំង​បង្ហាញ​ថា​សាថាន​ជា​បុគ្គល​អាក្រក់។ ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ឲ្យ​យ៉ូប​ដោយ​សារ​គាត់​ជា​មិត្ត​ភក្ដិ​ដ៏​ស្មោះ​ត្រង់។—យ៉ូប ៤២:១២​-​១៧

សាថាន​ក៏​ចោទ​ប្រកាន់​អ្នក​ដែរ

១៤, ១៥​. តើ​សាថាន​ចោទ​ប្រកាន់​មនុស្ស​ទាំង​អស់​យ៉ាង​ដូច​ម្ដេច?

១៤ អ្នក​អាច​រៀន​មេ​រៀន​ដ៏​សំខាន់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យ៉ូប។ នៅ​សព្វ​ថ្ងៃ​នេះ សាថាន​ចោទ​ប្រកាន់​ថា​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​តែ​យើង​អាច​ទទួល​ប្រយោជន៍​ពី​លោក។ នៅ​យ៉ូប ២:៤ សាថាន​អះអាង​ថា​៖ ​«​មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ​»។ យ៉ាង​នេះ សាថាន​កំពុង​ចោទ​ប្រកាន់​មនុស្ស​ទាំង​អស់​ថា​ពួក​គេ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​គ្រាន់​តែ​យ៉ូប​ប៉ុណ្ណោះ​ទេ។ រាប់​រយ​ឆ្នាំ​ក្រោយ​ពី​យ៉ូប​ស្លាប់ សាថាន​នៅ​តែ​បន្ត​មើល​ងាយ​ព្រះ​យេហូវ៉ា និង​ចោទ​ប្រកាន់​អ្នក​បម្រើ​របស់​លោក។ ជា​ឧទាហរណ៍ នៅ​សុភាសិត ២៧:១១ ចែង​ថា​៖ ​«​កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក​រាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ[​ឬ​មើល​ងាយ​]ដល់​អញ​»។

១៥ អ្នក​អាច​ជ្រើស​រើស​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ជា​សម្លាញ់​ដ៏​ស្មោះ​ត្រង់របស់​លោក ព្រម​ទាំង​បង្ហាញ​ថា​សាថាន​ជា​អ្នក​កុហក។ ទោះ​ជា​អ្នក​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​ដើម្បី​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ក្ដី តែ​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត! ការ​សម្រេច​ចិត្ត​របស់​អ្នក​គឺ​ជា​រឿង​សំខាន់​ណាស់។ ហេតុ​អ្វី? ពី​ព្រោះ​សាថាន​អះអាង​ថា​អ្នក​នឹង​មិន​អាច​ស្មោះ​ត្រង់​ចំពោះ​ព្រះ​បាន​ទេ ពេល​ដែល​អ្នក​មាន​បញ្ហា។ វា​ព្យាយាម​បោក​បញ្ឆោត​យើង​ឲ្យ​លែង​ស្មោះ​ត្រង់​នឹង​ព្រះ​ទៀត។ តើ​តាម​របៀប​ណា?

១៦​. (​ក​) តើ​សាថាន​ខំ​នាំ​មនុស្ស​ឲ្យ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ប្រើ​វិធី​ណា​ខ្លះ? (​ខ​) តើ​តាម​របៀប​ណា​មេ​កំណាច​ខំ​រា​រាំង​អ្នក​ផ្ទាល់​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា?

១៦ សាថាន​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​យើង​លែង​ជា​សម្លាញ់​របស់​ព្រះ។ វា​ពាធា​យើង​«​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់​»។ (​ពេត្រុស​ទី១ ៥:៨​) សូម​កុំ​ភ្ញាក់​ផ្អើល​ឡើយ ពេល​ដែល​មិត្ត​ភក្ដិ ក្រុម​គ្រួសារ ឬ​អ្នក​ឯ​ទៀត​ព្យាយាម​បញ្ឈប់​អ្នក​មិន​ឲ្យ​សិក្សា​គម្ពីរ និង​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត។ នៅ​ពេល​នោះ​អ្នក​ប្រហែល​ជា​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​ពី​គ្រប់​ទិស​ទី។a (​យ៉ូហាន ១៥:១៩, ២០​) ម្យ៉ាង​ទៀត សាថាន​បាន​ក្លែង​ខ្លួន​«​ជា​ទេវតា​នៃ​ពន្លឺ​»។ ដូច្នេះ​តាម​របៀប​នេះ វា​ប្រហែល​ជា​ព្យាយាម​បោក​បញ្ឆោត​យើង​ឲ្យ​ឈប់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ (​កូរិនថូស​ទី២ ១១:១៤​) វិធី​មួយ​ទៀត​ដែល​សាថាន​ប្រើ​ដើម្បី​ខំ​រា​រាំង​យើង​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា គឺ​វា​ធ្វើ​ឲ្យ​យើង​គិត​ថា​យើង​មិន​ល្អ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​លោក​ទេ។—សុភាសិត ២៤:១០

ចូរ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា

១៧​. ហេតុ​អ្វី​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា?

១៧ ពេល​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​បង្ហាញ​ថា​សាថាន​ជា​អ្នក​កុហក។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស្ដាប់​បង្គាប់​លោក? គម្ពីរ​ប្រាប់​ថា​៖ ​«​ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង​»។ (​ចោទិយកថា ៦:៥​) យើង​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​ដោយ​សារ​យើង​ស្រឡាញ់​លោក។ កាល​ដែល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង នោះ​យើង​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​បង្គាប់​លោក។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។—យ៉ូហាន​ទី១ ៥:៣

១៨, ១៩​. (​ក​) តើ​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​ប្រាប់​អំពី​ការ​ប្រព្រឹត្ត​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ជៀស​វាង? (​ខ​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​មិន​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង?

១៨ តើ​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​ប្រាប់​អំពី​ការ​ប្រព្រឹត្ត​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ជៀស​វាង? មាន​បញ្ញត្ដិ​ខ្លះ​ក្នុង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ស្អប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់​»។ មុន​ដំបូង អ្នក​ប្រហែល​ជា​គិត​ថា​ការ​ប្រព្រឹត្ត​ខ្លះ​មើល​ទៅ​មិន​សូវ​ជា​អាក្រក់​ប៉ុន្មាន​ទេ។ ក៏​ប៉ុន្តែ ពេល​អ្នក​អាន​ខ​គម្ពីរ​ដែល​មាន​ក្នុង​ប្រអប់​នោះ ហើយ​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ នោះ​អ្នក​នឹង​ឃើញ​ថា​ការ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​អ្នក​ទទួល​ប្រយោជន៍។ ម្យ៉ាង​ទៀត អ្នក​ទំនង​ជា​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​កែ​ប្រែ​ការប្រព្រឹត្ត​ខ្លះ​របស់​ខ្លួន។ ជួន​កាល ទោះ​ជា​នេះ​ប្រហែល​ជា​ពិបាក​ក៏​ពិត​មែន តែ​បើ​អ្នក​សុខ​ចិត្ត​កែ​ប្រែ នោះ​អ្នក​នឹង​មាន​សេចក្ដី​សុខ​សាន្ត និង​សុភមង្គល​ដែល​មក​ពី​ការ​ធ្វើ​ជា​សម្លាញ់​របស់​ព្រះ។ (​អេសាយ ៤៨:១៧, ១៨​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​ពិត​ជា​អាច​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​យើង​បាន?

១៩ ព្រះ​យេហូវ៉ា​មិន​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង​ទេ។ (​ចោទិយកថា ៣០:១១​-​១៤​) ដោយ​សារ​លោក​ជា​មិត្ត​សម្លាញ់​ពិត​របស់​យើង នោះ​លោក​ជ្រាប​អំពី​កម្រិត​សមត្ថភាព​របស់​យើង​ច្បាស់​ជាង​យើង​ទៅ​ទៀត។ លោក​ជ្រាប​អំពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​យើង។ (​ទំនុក​តម្កើង ១០៣:១៤​) សាវ័ក​ប៉ូល​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​ព្រះ​គឺ​ស្មោះ​ត្រង់ ហើយ​លោក​នឹង​មិន​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​លោក​ក៏​នឹង​រៀប​ចំ​ផ្លូវ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នៅ​ពេល​ជួប​ប្រទះ​សេចក្ដី​ល្បួង​នោះ​»។ (​កូរិនថូស​ទី១ ១០:១៣​) យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​កម្លាំង​ឲ្យ​យើង​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក។ លោក​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ដើម្បី​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក។ (​កូរិនថូស​ទី២ ៤:៧​) ក្នុង​គ្រាលំបាក ប៉ូល​បាន​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា នោះ​គាត់​អាច​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—ភីលីព ៤:១៣

ចូរ​រៀន​ស្រឡាញ់​អ្វី​ដែល​ព្រះ​ស្រឡាញ់

២០​. តើ​អ្នក​គួរ​យក​តម្រាប់​ព្រះ​ក្នុង​ការ​បង្ហាញ​គុណ​សម្បត្ដិ​ណា​ខ្លះ ហើយ​ហេតុ​អ្វី?

២០ បើ​យើង​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា យើង​មិន​គ្រាន់​តែ​ជៀស​វាង​ពី​អ្វី​ដែល​លោក​ស្អប់​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​ធ្វើ​លើស​ពី​នោះ​ទៅ​ទៀត។ (​រ៉ូម ១២:៩​) មិត្ត​របស់​ព្រះ​ស្រឡាញ់​អ្វី​ដែល​លោក​ស្រឡាញ់។ លក្ខណៈ​ខ្លះ​ៗ​ដែល​លោក​ស្រឡាញ់​បាន​ត្រូវ​រៀប​រាប់​នៅ​ទំនុក​តម្កើង ១៥:១​-​៥។ (​សូម​អាន​) មិត្ត​របស់​ព្រះ​យេហូវ៉ា​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​លោក ហើយ​បង្ហាញ​«​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូតបូត ការ​ចេះ​ទប់​ចិត្ត​»។—កាឡាទី ៥:២២, ២៣

២១​. តើ​តាម​របៀប​ណា​អ្នក​អាច​រៀន​បង្ហាញ​គុណ​សម្បត្ដិ​ដែល​ព្រះ​ស្រឡាញ់?

២១ តើ​តាម​របៀប​ណា​អ្នក​អាច​រៀន​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នោះ? អ្នក​ត្រូវ​រៀន​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់ ដោយ​អាន​និង​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់។ (​អេសាយ ៣០:២០, ២១​) កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង ហើយ​នោះ​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចង់​ស្ដាប់​បង្គាប់​លោក។

២២​. តើ​អ្នក​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​បើ​អ្នក​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា?

២២ ការ​កែ​ប្រែ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​អាច​ប្រៀប​ដូច​ជា​ការ​ដោះ​សម្លៀក​បំពាក់​ចាស់​ចេញ ហើយ​ពាក់​សម្លៀក​បំពាក់​ថ្មី​វិញ។ គម្ពីរ​ប្រាប់​ថា​អ្នក​ត្រូវ​«​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​»​ រួច​អ្នក​ត្រូវ​«​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​»។ (​កូឡុស ៣:៩, ១០​) ទោះ​ជា​ការ​ធ្វើ​ដូច​នោះ​គឺ​មិន​ងាយ​ស្រួល​ក៏​ដោយ តែ​ពេល​ដែល​យើង​កែ​ប្រែ​លក្ខណៈ​មិន​ល្អ​របស់​យើង ហើយ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា លោក​សន្យា​ថា​នឹង​ផ្ដល់​«​រង្វាន់​យ៉ាង​ធំ​»​ដល់​យើង។ (​ទំនុក​តម្កើង ១៩:១១​) សូម​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ថា​សាថាន​ជា​អ្នក​កុហក។ សូម​បម្រើ​ព្រះ​យេហូវ៉ា មិន​មែន​ដោយ​សារ​រង្វាន់​ណា​មួយ​នៅ​អនាគត​នោះ​ទេ តែ​ដោយ​សារ​អ្នក​ស្រឡាញ់​លោក​ដោយ​ស្មោះ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​ពិត​របស់​ព្រះ!

a នេះ​មិន​មាន​ន័យ​ថា​សាថាន​កំពុង​តែ​កាន់​កាប់​គំនិត​របស់​មនុស្ស​ដែល​ប្រឆាំង​អ្នក​មិន​ឲ្យ​សិក្សា​គម្ពីរ​នោះ​ទេ។ ក៏​ប៉ុន្តែ សាថាន​គឺ​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»​ ហើយ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។ ដូច្នេះ យើង​មិន​ភ្ញាក់​ផ្អើល​ឡើយ​ពេល​មនុស្ស​ខ្លះ​ព្យាយាម​មិន​ឲ្យ​យើង​បម្រើ​ព្រះ​យេហូវ៉ា។—កូរិនថូស​ទី២ ៤:៤; យ៉ូហាន​ទី១ ៥:១៩

ចូរ​ស្អប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់

  • ការ​សម្លាប់​មនុស្ស

    និក្ខមនំ ២០:១៣; ២១:២២, ២៣

  • អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

    លេវីវិន័យ ២០:១០, ១៣, ១៥, ១៦; រ៉ូម ១:២៤, ២៦, ២៧, ៣២; កូរិនថូស​ទី១ ៦:៩, ១០

  • ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច

    ចោទិយកថា ១៨:៩​-​១៣; កូរិនថូស​ទី១ ១០:២១, ២២; កាឡាទី ៥:២០, ២១

  • ការ​គោរព​បូជា​រូប​ព្រះ

    កូរិនថូស​ទី១ ១០:១៤

  • ការ​ស្រវឹង​ស្រា

    កូរិនថូស​ទី១ ៥:១១

  • ការ​លួច

    លេវីវិន័យ ៦:២, ៤; អេភេសូរ ៤:២៨

  • ការ​កុហក

    សុភាសិត ៦:១៦, ១៩; កូឡុស ៣:៩; ការ​បើក​បង្ហាញ ២២:១៥

  • ចិត្ត​លោភ​លន់

    កូរិនថូស​ទី១ ៥:១១

  • អំពើ​ហិង្សា

    ទំនុក​តម្កើង ១១:៥; សុភាសិត ២២:២៤, ២៥; ម៉ាឡាគី ២:១៦; កាឡាទី ៥:២០, ២១

  • ពាក្យ​សម្ដី​មិន​សមរម្យ​និង​ការ​និយាយ​ដើម​គេ

    លេវីវិន័យ ១៩:១៦; អេភេសូរ ៥:៤; កូឡុស ៣:៨

  • ការ​ចាក់​បញ្ចូល​ឈាម​ឬ​ការ​បរិភោគ​ឈាម

    លោកុប្បត្តិ ៩:៤; សកម្មភាព ១៥:២០, ២៨, ២៩

  • ការ​មិន​ព្រម​ចិញ្ចឹម​ក្រុម​គ្រួសារ

    ធីម៉ូថេ​ទី១ ៥:៨

  • ការ​ចូល​រួម​ក្នុង​សង្គ្រាម​ឬ​នយោបាយ

    អេសាយ ២:៤; យ៉ូហាន ៦:១៥; ១៧:១៦

  • ការ​ជក់​បារី​ឬ​ប្រើ​គ្រឿង​ញៀន

    ម៉ាកុស ១៥:២៣; កូរិនថូស​ទី២ ៧:១

សេចក្ដី​សង្ខេប

សេចក្ដី​ពិត​ទី១: មិត្ត​សម្លាញ់​ព្រះ​យេហូវ៉ា​ស្ដាប់​បង្គាប់​លោក

​«​ចូរ​ស្ដាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ​»។—យេរេមា ៧:២៣

តើ​មនុស្ស​ពិត​ជា​អាច​ក្លាយ​ជា​សម្លាញ់​របស់​ព្រះ​បាន​ទេ?

  • លោកុប្បត្តិ ២២:១៨; យ៉ាកុប ២:២៣

    អាប្រាហាំ​បាន​ក្លាយ​ជា​សម្លាញ់​ព្រះ​យេហូវ៉ា​ដោយ​សារ​គាត់​ស្ដាប់​បង្គាប់​លោក ហើយ​មាន​ជំនឿ​លើ​លោក។

  • របា​ក្សត្រ​ទី២ ១៦:៩

    ព្រះ​យេហូវ៉ា​នឹង​ជួយ​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក។

  • ទំនុក​តម្កើង ២៥:១៤; ៣២:៨

    ព្រះ​យេហូវ៉ា​បង្ហាត់​បង្រៀន​សម្លាញ់​របស់​លោក។

  • ទំនុក​តម្កើង ៥៥:២២

    ព្រះ​យេហូវ៉ា​នឹង​ជួយ​មិត្ត​របស់​លោក។

សេចក្ដី​ពិត​ទី២: យ៉ូប​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​បន្ត​ស្មោះ​ត្រង់​នឹង​លោក

​«​ក្នុង​គ្រប់​សេចក្ដី​ទាំង​នេះ​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ​»។—យ៉ូប ១:២២

តើ​សាថាន​បាន​វាយ​ប្រហារ​យ៉ូប​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យ៉ូប​មាន​ប្រតិកម្ម​យ៉ាង​ណា?

  • យ៉ូប ១:១០, ១១

    សាថាន​អះអាង​ថា​យ៉ូប​គិត​តែ​ពី​ប្រយោជន៍​ខ្លួន ហើយ​មិន​ស្រឡាញ់​ព្រះ​ទេ។

  • យ៉ូប ១:១២​-​១៩; ២:៧

    ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​សាថាន​យក​អ្វី​ៗ​ទាំង​អស់​ពី​យ៉ូប ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​យ៉ូប​កើត​ជំងឺ​មួយ​ដែល​នាំ​ឲ្យ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ទៀត​ផង។

  • យ៉ូប ២:១០

    យ៉ូប​មិន​ដឹង​មូលហេតុ​ដែល​គាត់​រង​ទុក្ខ​វេទនា​ខ្លាំង​ដូច្នេះ​ទេ តែ​គាត់​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ។

សេចក្ដី​ពិត​ទី៣: សាថាន​ព្យាយាម​បង្វែរ​អ្នក​ចេញ​ពី​ព្រះ​យេហូវ៉ា

​«​មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ​»។—យ៉ូប ២:៤

តើ​តាម​របៀប​ណា​សាថាន​ព្យាយាម​បំផ្លាញ​ចំណង​មិត្តភាព​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា?

  • កូរិនថូស​ទី២ ១១:១៤

    សាថាន​ខំ​បោក​បញ្ឆោត​យើង​ឲ្យ​ឈប់​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។

  • សុភាសិត ២៤:១០

    វា​ខំ​ប្រឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​មិន​ល្អ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ទេ។

  • ពេត្រុស​ទី១ ៥:៨

    សាថាន​បៀត​បៀន​យើង។

  • សុភាសិត ២៧:១១

    សូម​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ជា​មិត្ត​ដ៏​ស្មោះ​ត្រង់​របស់​លោក។ នេះ​នឹង​បង្ហាញ​ថា​សាថាន​ជា​អ្នក​កុហក។

សេចក្ដី​ពិត​ទី​៤: យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ស្រឡាញ់​លោក

​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក​»។—យ៉ូហាន​ទី១ ៥:៣

តើ​អ្នក​អាច​ក្លាយ​ទៅ​ជា​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

  • ចោទិយកថា ៦:៥

    ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​ស្ដាប់​បង្គាប់​លោក។

  • អេសាយ ៤៨:១៧, ១៨

    ចូរ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​ទទួល​ប្រយោជន៍​ជា​និច្ច។

  • ចោទិយកថា ៣០:១១​-​១៤

    ចូរ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​អ្នក​ទេ។

  • ភីលីព ៤:១៣

    ចូរ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត នោះ​លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ពេល​អ្នក​ត្រូវ​ការ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក