បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ១២ ទំ. ១៣២-១៤៣
  • របៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​មិត្ត​សំឡាញ់​របស់​ទ្រង់
  • ការ​ចោទ​ប្រកាន់​របស់​សាតាំង
  • យ៉ូប​បាន​ត្រូវ​សាកល្បង
  • របៀប​ដែល​រឿង​នេះ​ទាក់​ទង​នឹង​អ្នក
  • ការ​ធ្វើ​តាម​បញ្ញត្ដិ​ព្រះ​យេហូវ៉ា
  • ការ​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​បង្ហាញ​គុណ​សម្បត្ដិ​ដែល​ព្រះ​ស្រឡាញ់
  • តើអ្នកអាចក្លាយទៅជាមិត្តសម្លាញ់របស់ព្រះយ៉ាងដូចម្ដេច?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • អ្នកជាប់ទាក់ទងក្នុងរឿងចំណោទដ៏ជីវិតសម្ព័ន្ធមួយ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • «ចូរសង្ឃឹមលើព្រះយេហូវ៉ាចុះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ១២ ទំ. ១៣២-១៤៣

ជំពូក​ទី​ដប់​ពីរ

របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ

តើ​អ្នក​អាច​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​ការ​ចោទ​ប្រកាន់​របស់​សាតាំង​ទាក់​ទង​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច?

តើ​កិរិយា​បែប​ណា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ?

ដើម្បី​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​របៀប​រស់​នៅ​របស់​យើង តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា?

១, ២​. សូម​ឲ្យ​ឧទាហរណ៍​អំពី​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​ចាត់​ទុក​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ទ្រង់។

តើ​អ្នក​ចង់​បាន​មិត្ត​ភក្ដិ​បែប​ណា? អ្នក​ទំនង​ជា​ចង់​បាន​មិត្ត​ភក្ដិ​ដែល​មាន​ទស្សនៈ ចំណង់​ចំណូល​ចិត្ត និង​មាន​គោល​ការណ៍​ដូច​អ្នក​ដែរ។ អ្នក​ក៏​ចង់​បាន​មិត្ត​ភក្ដិ​ដែល​មាន​លក្ខណៈ​ល្អ​ៗ​ដូច​ជា​មាន​ចិត្ត​សប្បុរស​និង​ចិត្ត​ទៀង​ត្រង់​ជា​ដើម។

២ តាំង​ពី​សម័យ​បុរាណ ព្រះ​ធ្លាប់​ជ្រើស​រើស​មនុស្ស​ខ្លះ​ឲ្យ​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ទ្រង់។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា​អ័ប្រាហាំ​ជា​សំឡាញ់​របស់​ទ្រង់។ (​អេសាយ ៤១:៨; យ៉ាកុប ២:២៣​) ព្រះ​ក៏​បាន​មាន​បន្ទូល​ថា​ដាវីឌ​«​ជា​ទី​គាប់​ចិត្ត​ដល់​អញ​»​ ពី​ព្រោះ​ដាវីឌ​មាន​លក្ខណៈ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់។ (​កិច្ច​ការ ១៣:២២​) ហើយ​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​ព្យាការី​ដានីយ៉ែល​ជា​«​មនុស្ស​សំណប់​យ៉ាង​សំខាន់​»។—ដានីយ៉ែល ៩:២៣

៣​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជ្រើស​រើស​មនុស្ស​ខ្លះ​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់?

៣ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​អ័ប្រាហាំ ដាវីឌ និង​ដានីយ៉ែល​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់? ទ្រង់​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ថា​៖ ​«​ឯង​បាន​ស្ដាប់​តាម​ពាក្យ​អញ​»។ (​លោកុប្បត្តិ ២២:១៨​) ដូច្នេះ ព្រះ​យេហូវ៉ា​ចូល​ទៅ​ជិត​អ្នក ដែល​ធ្វើ​តាម​បន្ទូល​ទ្រង់​ដោយ​ចិត្ត​រាប​ទាប។ ទ្រង់​ធ្លាប់​មាន​បន្ទូល​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​ស្ដាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ​»។ (​យេរេមា ៧:២៣​) បើ​អ្នក​ធ្វើ​តាម​បន្ទូល​ព្រះ​យេហូវ៉ា អ្នក​ក៏​អាច​ទៅ​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់​បាន​ដែរ!

ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​មិត្ត​សំឡាញ់​របស់​ទ្រង់

៤, ៥​. តើ​ព្រះ​យេហូវ៉ា​សម្ដែង​ព្រះ​ចេស្ដា​ដើម្បី​ជួយ​រាស្ត្រ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

៤ សូម​គិត​អំពី​ប្រយោជន៍​ផ្សេង​ៗ​ដែល​យើង​ទទួល​ដោយ​សារ​យើង​មាន​មិត្តភាព​ជា​មួយ​ព្រះ។ ព្រះ​គម្ពីរ​ប្រាប់​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ស្វែង​រក​ឱកាស​«​សំ​ដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។ (​របា​ក្សត្រ​ទី២ ១៦:៩​) តើ​ព្រះ​យេហូវ៉ា​អាច​សម្ដែង​ព្រះ​ចេស្ដា​របស់​ទ្រង់​ដើម្បី​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​គឺ​មាន​នៅ​ទំនុក​ដំកើង ៣២:៨ ដែល​អាន​ថា​៖ ​«​អញ​[​ព្រះ​យេហូវ៉ា​]នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់​»។

៥ នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​ណាស់! ដោយ​ឃើញ​ថា​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ដូច្នេះ។ ទ្រង់​នឹង​ផ្ដល់​ការ​ណែនាំ​ដែល​អ្នក​ត្រូវ​ការ ព្រម​ទាំង​ការពារ​អ្នក​ពេល​ដែល​អនុវត្ត​តាម​ការ​ណែនាំ​នោះ។ ព្រះ​សព្វ​ព្រះ​ហឫទ័យ​ជួយ​ឲ្យ​អ្នក​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​និង​ការ​ល្បង​ល។ (​ទំនុក​ដំកើង ៥៥:២២​) ដូច្នេះ​បើ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់​នោះ អ្នក​អាច​ជឿ​ជាក់​ដូច​អ្នក​តែង​ទំនុក​ដំកើង​ថា​៖ ​«​ទូល​បង្គំ​បាន​តាំង​ព្រះ​យេហូវ៉ា នៅ​មុខ​ទូល​បង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្ដាំ​ទូល​បង្គំ បាន​ជា​ទូល​បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ​»។ (​ទំនុក​ដំកើង ១៦:៨; ៦៣:៨​) ព្រះ​យេហូវ៉ា​ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ ក៏​ប៉ុន្តែ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ ព្រះ​មាន​សត្រូវ​ម្នាក់​ដែល​មិន​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ​ទេ។

ការ​ចោទ​ប្រកាន់​របស់​សាតាំង

៦​. តើ​សាតាំង​បាន​ចោទ​ប្រកាន់​មនុស្ស​ជាតិ​ដូច​ម្ដេច?

៦ ជំពូក​ទី​១១​ពន្យល់​ថា អារក្ស​សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ។ សាតាំង​ចោទ​ប្រកាន់​ព្រះ​ថា ទ្រង់​ភូតភរ។ សាតាំង​ក៏​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ថា ព្រះ​យេហូវ៉ា​អយុត្ដិធម៌​ពី​ព្រោះ​ទ្រង់​មិន​ឲ្យ​អ័ដាម​និង​អេវ៉ា​សម្រេច​ដោយ​ខ្លួន​ឯង​ថា​អ្វី​គឺ​ល្អ អ្វី​គឺ​អាក្រក់។ ក្រោយ​អ័ដាម​និង​អេវ៉ា​បាន​ធ្វើ​បាប ហើយ​ផែន​ដី​ចាប់​ផ្ដើម​ពេញ​ទៅ​ដោយ​កូន​ចៅ​របស់​ពួក​គេ​នោះ សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។ សាតាំង​បាន​ចោទ​ប្រកាន់​ថា​៖ ​«​មនុស្ស​មិន​បំរើ​ព្រះ​ដោយ​សារ​ពួក​គេ​ស្រឡាញ់​ទ្រង់​នោះ​ទេ។ បើ​ឲ្យ​ឱកាស​ខ្ញុំ ខ្ញុំ​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ប្រឆាំង​ព្រះ​»។ កំណត់​ហេតុ​អំពី​បុរស​ម្នាក់​ឈ្មោះ​យ៉ូប​បង្ហាញ​ថា​សាតាំង​បាន​ជឿ​ដូច្នេះ​មែន។ តើ​យ៉ូប​ជា​អ្នក​ណា? តើ​គាត់​ជាប់​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​សាតាំង​យ៉ាង​ដូច​ម្ដេច?

៧, ៨​. (​ក​) ហេតុ​អ្វី​បាន​ជា​យ៉ូប​លេច​ធ្លោ​ជា​មនុស្ស​ល្អ​ឯក​នៅ​សម័យ​គាត់? (​ខ​) តើ​សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​យ៉ូប​យ៉ាង​ដូច​ម្ដេច?

៧ យ៉ូប​រស់​នៅ​ប្រមាណ​៣.៦០០​ឆ្នាំ​មុន។ គាត់​ជា​មនុស្ស​ល្អ ដ្បិត​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា​៖ ​«​គ្មាន​អ្នក​ណា​មួយ​នៅ​ផែន​ដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង​»។ (​យ៉ូប ១:៨​) ព្រះ​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​យ៉ូប។

៨ សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​យ៉ូប​ក្នុង​ការ​បំរើ​ព្រះ។ អារក្ស​បាន​ទូល​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​យ៉ូប​ថា​៖ ​«​តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ព្រម​ទាំង​គ្រួ​នឹង​របស់​ដែល​គាត់[​យ៉ូប​]មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី? ទ្រង់​បាន​ប្រទាន​ពរ​ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្ដិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែន​ដី។ ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ត​ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ! នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​»។—យ៉ូប ១:១០, ១១

៩​. តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​របស់​សាតាំង​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី?

៩ ដោយ​និយាយ​ដូច្នេះ សាតាំង​ចង់​អះអាង​ថា យ៉ូប​បំរើ​ព្រះ​ដើម្បី​តែ​ប្រយោជន៍​ខ្លួន​ទេ។ អារក្ស​ក៏​បាន​ចោទ​ប្រកាន់​ថា បើ​សាកល្បង​យ៉ូប​នោះ គាត់​នឹង​ប្រឆាំង​ព្រះ​ជា​មិន​ខាន។ តើ​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​សាតាំង​យ៉ាង​ដូច​ម្ដេច? ដោយ​សារ​ការ​ចោទ​ប្រកាន់​នោះ​ទាក់​ទង​នឹង​បំណង​ចិត្ត​របស់​យ៉ូប ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​សាតាំង​សាកល្បង​យ៉ូប។ ការ​សាកល្បង​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង​ថា​យ៉ូប​ស្រឡាញ់​ព្រះ​ឬ​ក៏​មិន​ស្រឡាញ់​ទ្រង់។

យ៉ូប​បាន​ត្រូវ​សាកល្បង

១០​. តើ​យ៉ូប​បាន​ត្រូវ​សាកល្បង​យ៉ាង​ដូច​ម្ដេច​ខ្លះ? តើ​យ៉ូប​មាន​ប្រតិកម្ម​យ៉ាង​ណា?

១០ មិន​យូរ​ក្រោយ​នោះ សាតាំង​បាន​សាកល្បង​យ៉ូប​តាម​វិធី​ផ្សេង​ៗ។ សត្វ​ខ្លះ​ៗ​របស់​យ៉ូប​ត្រូវ​គេ​លួច ហើយ​សត្វ​ឯ​ទៀត​បាន​ត្រូវ​គេ​សំឡាប់​ចោល។ អ្នក​បំរើ​ភាគ​ច្រើន​របស់​គាត់​ក៏​បាន​ត្រូវ​គេ​សំឡាប់​ដែរ។ នេះ​បាន​ធ្វើ​ឲ្យ​យ៉ូប​ពិបាក​ចិញ្ចឹម​ជីវិត។ រួច​មក ពេល​កូន​ដប់​នាក់​របស់​យ៉ូប​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ នោះ​បាន​ថែម​ទុក្ខ​វេទនា​ពី​លើ​មួយ​ជាន់​ទៀត។ ក៏​ប៉ុន្តែ​ទោះ​ជា​មាន​រឿង​ខ្លោច​ផ្សា​ទាំង​នេះ​កើត​ឡើង​ក៏​ពិត​មែន តែ​«​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ​»។—យ៉ូប ១:២២

១១​. (​ក​) តើ​សាតាំង​បាន​ចោទ​ប្រកាន់​យ៉ូប​ពី​រឿង​អ្វី​ទៀត? តើ​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យ៉ូប​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​រង​ការ​ឈឺ​ចាប់​ដោយ​សារ​ជំងឺ​នោះ?

១១ សាតាំង​មិន​ទាន់​ព្រម​ចាញ់​ឡើយ។ វា​ច្បាស់​ជា​បាន​គិត​ស្មាន​ថា ទោះ​ជា​យ៉ូប​អាច​ស៊ូ​ទ្រាំ​នៅ​ពេល​បាត់​បង់​ទ្រព្យ​សម្បត្ដិ ពួក​អ្នក​បំរើ និង​កូន​របស់​គាត់​ក៏​ដោយ ក៏​គាត់​នឹង​ប្រឆាំង​ព្រះ​វិញ​ជា​មិន​ខាន​បើ​គាត់​កើត​មាន​ជំងឺ។ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​សាតាំង​ធ្វើ​ឲ្យ​យ៉ូប​កើត​ជំងឺ​អាក្រក់​មួយ​ដែល​នាំ​ឲ្យ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ប៉ុន្តែ​សូម្បី​តែ​ជំងឺ​នោះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​យ៉ូប​បាត់​បង់​ជំនឿ​ទៅ​លើ​ព្រះ​ដែរ។ ផ្ទុយ​ទៅ​វិញ ​«​ក្នុង​គ្រប់​ទាំង​សេចក្ដី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​បបូរ​មាត់​ទេ​»​ឬ​ដោយ​និយាយ​ប្រឆាំង​នឹង​ព្រះ។—យ៉ូប ២:១០

១២​. តើ​យ៉ូប​បង្ហាញ​ថា​ការ​ចោទ​ប្រកាន់​របស់​សាតាំង​គឺ​ខុស​យ៉ាង​ដូច​ម្ដេច?

១២ យ៉ូប​មិន​បាន​ដឹង​ថា​សាតាំង​ជា​អ្នក​ដែល​នាំ​ឲ្យ​គាត់​មាន​ការ​លំបាក​ទាំង​នេះ​ទេ។ ដោយ​សារ​មិន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​របស់​សាតាំង​ទៅ​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នោះ យ៉ូប​ខ្លាច​ដោយ​គិត​ថា​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​គាត់​រង​ទុក្ខ។ (​យ៉ូប ៦:៤; ១៦:១១​-​១៤​) យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។ ហើយ​ភាព​ស្មោះ​ត្រង់​របស់​យ៉ូប​បាន​បង្ហាញ​ថា​ការ​អះអាង​របស់​សាតាំង​គឺ​ខុស​ពេល​វា​ចោទ​ប្រកាន់​ថា​យ៉ូប​បំរើ​ព្រះ​ដើម្បី​តែ​ប្រយោជន៍​ខ្លួន!

១៣​. ដោយ​សារ​យ៉ូប​ស្មោះ​ត្រង់​នឹង​ព្រះ តើ​យ៉ូប​ទទួល​បាន​អ្វី?

១៣ ភាព​ស្មោះ​ត្រង់​របស់​យ៉ូប​ផ្ដល់​លទ្ធភាព​ឲ្យ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​យ៉ាង​ត្រង់​ៗ​ចំពោះ​ការ​ចោទ​ប្រកាន់​មើល​ងាយ​របស់​សាតាំង។ យ៉ូប​ពិត​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា​មែន ហើយ​ព្រះ​បាន​ប្រទាន​រង្វាន់​ដល់​យ៉ូប​ដោយ​សារ​ភាព​ស្មោះ​ត្រង់​របស់​គាត់។—យ៉ូប ៤២:១២​-​១៧

របៀប​ដែល​រឿង​នេះ​ទាក់​ទង​នឹង​អ្នក

១៤, ១៥​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​សាតាំង​ទៅ​លើ​យ៉ូប​ក៏​សំដៅ​លើ​មនុស្ស​ទាំង​អស់?

១៤ ពេល​សាតាំង​លើក​ឡើង​រឿង​អំពី​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​នោះ វា​មិន​បាន​ចោទ​ប្រកាន់​តែ​យ៉ូប​មួយ​ប៉ុណ្ណោះ​ទេ។ រឿង​នេះ​ក៏​ទាក់​ទង​នឹង​អ្នក​ដែរ។ សុភាសិត ២៧:១១​បញ្ជាក់​ចំណុច​នេះ​យ៉ាង​ច្បាស់។ នៅ​ខ​នោះ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ ​«​កូន​អើយ! ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក​រាយ​ចុះ! ដើម្បី ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ​ដល់​អញ​»។ ពាក្យ​នេះ​ដែល​បាន​សរសេរ​រាប់​រយ​ឆ្នាំ​ក្រោយ​ពី​យ៉ូប​បាន​ស្លាប់​ទៅ​នោះ បាន​ឲ្យ​យើង​ដឹង​ថា​សាតាំង​នៅ​តែ​តិះ​ដៀល​ព្រះ​ហើយ​ចោទ​ប្រកាន់​អ្នក​បំរើ​របស់​ទ្រង់។ ពេល​ដែល​របៀប​រស់​នៅ​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នោះ តាម​ពិត​យើង​កំពុង​តែ​ជួយ​ផ្ដល់​ចម្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​សាតាំង ហើយ​តាម​វិធី​នេះ​យើង​ធ្វើ​ឲ្យ​ព្រះ​មាន​ព្រះ​ទ័យ​រីក​រាយ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នេះ? ការ​រួម​ចំណែក​ក្នុង​ការ​តប​ឆ្លើយ​ចំពោះ​ការ​អះអាង​មិន​ពិត​របស់​អារក្ស ពិត​ជា​ឯកសិទ្ធិ​អស្ចារ្យ​ណាស់! ទោះ​បើ​យើង​ត្រូវ​កែ​ប្រែ​ជីវិត​របស់​យើង​ក៏​ដោយ មែន​ទេ?

១៥ សូម​កត់​សម្គាល់​សំ​ដី​របស់​សាតាំង​ដែល​និយាយ​ថា​៖ ​«​មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ​»។ (​យ៉ូប ២:៤, កំណែ​ជា​អក្សរ​ទ្រេត​) ដោយ​សារ​សាតាំង​ប្រើ​ពាក្យ​«​មនុស្ស​»​ វា​ចង់​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​វា​សំដៅ​លើ​មនុស្ស​ទាំង​អស់ មិន​មែន​គ្រាន់​តែ​យ៉ូប​ប៉ុណ្ណោះ​ទេ។ ចំណុច​នេះ​សំខាន់​ណាស់។ សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​អ្នក​ចំពោះ​ព្រះ។ អារក្ស​ចង់​ឲ្យ​អ្នក​ឈប់​ធ្វើ​តាម​បញ្ញត្ដិ​ព្រះ ហើយ​បោះ​បង់​ចោល​គោល​ការណ៍​សុចរិត​របស់​ទ្រង់​ពេល​មាន​ការ​លំបាក។ តើ​សាតាំង​ប្រហែល​ជា​ធ្វើ​ដូច​ម្ដេច​ខ្លះ?

១៦​. (​ក​) តើ​សាតាំង​ខំ​នាំ​ឲ្យ​មនុស្ស​ឈប់​បំរើ​ព្រះ​ដោយ​ប្រើ​វិធី​ណា​ខ្លះ? (​ខ​) តើ​អារក្ស​អាច​ប្រើ​វិធី​នេះ​ដើម្បី​ប្រឆាំង​អ្នក​យ៉ាង​ដូច​ម្ដេច?

១៦ ដូច​ដែល​បាន​រៀន​នៅ​ជំពូក​ទី​១០ សាតាំង​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​ខំ​នាំ​ឲ្យ​មនុស្ស​ឈប់​បំរើ​ព្រះ។ ជួន​កាល​វា​ពាធា​«​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន​»។ (​ពេត្រុស​ទី១ ៥:៨​) ហេតុ​នេះ អានុភាព​របស់​សាតាំង​គឺ​ស​ឲ្យ​ឃើញ​ពេល​ដែល​មិត្ត​ភក្ដិ បង​ប្អូន ញាតិ​សន្ដាន ឬ​អ្នក​ឯ​ទៀត​ប្រឆាំង​អ្នក ដោយ​សារ​អ្នក​ខំ​ប្រឹង​សិក្សា​ព្រះ​គម្ពីរ​ហើយ​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន។a (​យ៉ូហាន ១៥:១៩, ២០​) ជួន​កាល​សាតាំង​«​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ​»។ (​កូរិនថូស​ទី២ ១១:១៤​) អារក្ស​អាច​ប្រើ​វិធី​ដ៏​ប៉ិន​ប្រសប់​ដើម្បី​នាំ​អ្នក​ឲ្យ​វង្វេង ហើយ​ល្បួង​អ្នក​ឲ្យ​លះ​ចោល​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ។ វា​ក៏​អាច​ប្រើ​ការ​ធ្លាក់​ទឹក​ចិត្ត ប្រហែល​ជា​ដោយ​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​អ្នក​បាន​ឡើយ។ (​សុភាសិត ២៤:១០​) មិន​ថា​សាតាំង​កំពុង​តែ​«​គ្រហឹម​ដូច​ជា​សិង្ហ​»​ឬ​ធ្វើ​ពុត​ជា​«​ទេវតា​នៃ​ពន្លឺ​»​ក៏​ដោយ ក៏​ការ​ចោទ​ប្រកាន់​របស់​វា​មាន​តែ​មួយ​ទេ គឺ​ពេល​ដែល​យើង​ប្រឈម​មុខ​ទុក្ខ​លំបាក​ឬ​ការ​ល្បួង យើង​នឹង​ឈប់​បំរើ​ព្រះ។ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​តប​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​របស់​សាតាំង ហើយ​បញ្ជាក់​ថា​អ្នក​គឺ​ស្មោះ​ត្រង់​នឹង​ព្រះ​ដូច​យ៉ូប​ដែរ?

ការ​ធ្វើ​តាម​បញ្ញត្ដិ​ព្រះ​យេហូវ៉ា

១៧​. តើ​អ្វី​ជា​ហេតុ​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា?

១៧ អ្នក​អាច​តប​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​របស់​សាតាំង​ដោយ​មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ។ តើ​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ? ព្រះ​គម្ពីរ​ឆ្លើយ​ថា​៖ ​«​ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង​»។ (​ចោទិយកថា ៦:៥​) កាល​ដែល​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​នោះ អ្នក​នឹង​មាន​ចិត្ត​ប្រាថ្នា​យ៉ាង​ខ្លាំង​ឲ្យ​ធ្វើ​អ្វី​ដែល​ទ្រង់​តម្រូវ​ពី​អ្នក។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​»។ បើ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត អ្នក​នឹង​ឃើញ​ថា‹បញ្ញត្ត​ទ្រង់​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ›។—យ៉ូហាន​ទី១ ៥:៣

១៨, ១៩​. (​ក​) តើ​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​មាន​អ្វី​ខ្លះ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ចូរ​ចៀស​ចេញ​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់​»​) (​ខ​) ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ហួស​ហេតុ​ពេក​នោះ​ទេ?

១៨ តើ​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​មាន​អ្វី​ខ្លះ? បញ្ញត្ដិ​ខ្លះ​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​ដែល​យើង​ត្រូវ​ចៀស​វាង។ ជា​ឧទាហរណ៍ សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ចូរ​ចៀស​ចេញ​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់​»។ នៅ​ក្នុង​នោះ​អ្នក​នឹង​ឃើញ​ការ​ប្រព្រឹត្ត​ដែល​ព្រះ​គម្ពីរ​ប្រាប់​យ៉ាង​ចំ​ៗ​ថា​ខុស។ ពេល​អាន​ភ្លាម ការ​ប្រព្រឹត្ត​ខ្លះ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​មិន​សូវ​អាក្រក់​ទេ។ ប៉ុន្តែ​ក្រោយ​អ្នក​បាន​រំពឹង​គិត​ទៅ​លើ​បទ​គម្ពីរ​ដែល​មាន​ក្នុង​នោះ អ្នក​ទំនង​ជា​នឹង​ឃើញ​ថា ច្បាប់​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​របស់​ទ្រង់។ ការ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​អ្នក ប្រហែល​ជា​អ្វី​ពិបាក​បំផុត​ដែល​អ្នក​ធ្លាប់​ធ្វើ។ ក៏​ប៉ុន្តែ​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នាំ​ឲ្យ​អ្នក​មាន​សុភមង្គល​ក្រៃ​លែង។ (​អេសាយ ៤៨:១៧, ១៨​) ហើយ​នេះ​ជា​ការ​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន។ ហេតុ​អ្វី​យើង​ដឹង?

១៩ ព្រះ​យេហូវ៉ា​មិន​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង​ឡើយ។ (​ចោទិយកថា ៣០:១១​-​១៤​) ទ្រង់​ជ្រាប​ពី​លទ្ធភាព​និង​កំរិត​សមត្ថភាព​របស់​យើង​ច្បាស់​ជាង​យើង​ទៅ​ទៀត។ (​ទំនុក​ដំកើង ១០៣:១៤​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង​ធ្វើ​តាម​បញ្ញត្ដិ​ទ្រង់។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន​»។ (​កូរិនថូស​ទី១ ១០:១៣​) ដើម្បី​ជួយ​ឲ្យ​អ្នក​ស៊ូ​ទ្រាំ ព្រះ​យេហូវ៉ា​ក៏​អាច​ផ្ដល់​«​ឥទ្ធិ​ឫទ្ធិ​ដ៏​លើស​លប់​»​ទៀត​ផង។ (​កូរិនថូស​ទី២ ៤:៧​) ប៉ុល​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​ជា​ច្រើន ហើយ​គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ​សារ[​ព្រះ​យេហូវ៉ា​]ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ​»។—ភីលីព ៤:១៣

ការ​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​បង្ហាញ​គុណ​សម្បត្ដិ​ដែល​ព្រះ​ស្រឡាញ់

២០​. តើ​អ្នក​គួរ​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​បង្ហាញ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​ដែល​ព្រះ​ស្រឡាញ់? ហេតុ​អ្វី​គុណ​សម្បត្ដិ​ទាំង​នោះ​គឺ​សំខាន់?

២០ ពិត​មែន​ថា ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ច្រើន​ជាង មិន​គ្រាន់​តែ​ចៀស​ចេញ​ពី​អ្វី​ដែល​ទ្រង់​ស្អប់​ប៉ុណ្ណោះ​ទេ។ អ្នក​ក៏​ត្រូវ​ស្រឡាញ់​អ្វី​ដែល​ទ្រង់​ស្រឡាញ់​ដែរ។ (​រ៉ូម ១២:៩​) ធម្មតា អ្នក​ចង់​បាន​មិត្ត​ភក្ដិ​ដែល​មាន​ទស្សនៈ​និង​ចំណង់​ចំណូល​ចិត្ត​ដូច​អ្នក​ដែរ មែន​ទេ? ព្រះ​យេហូវ៉ា​ក៏​ដូច្នេះ​ដែរ។ ហេតុ​នេះ ចូរ​លត់​ដំ​ខ្លួន​ឲ្យ​ស្រឡាញ់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់។ គុណ​សម្បត្ដិ​ខ្លះ​ៗ​ដែល​ទ្រង់​ស្រឡាញ់​គឺ​បាន​រៀប​រាប់​នៅ​ទំនុក​ដំកើង ១៥:១​-​៥ ដែល​ពណ៌នា​អំពី​អ្នក​ដែល​ព្រះ​ចាត់​ទុក​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់។ មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​ដែល​ព្រះ​គម្ពីរ​ពណ៌នា​ហៅ​ថា​«​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​»។ នោះ​រួម​មាន​គុណ​សម្បត្ដិ​ដូច​ជា​«​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត​»។—កាឡាទី ៥:២២, ២៣

២១​. តើ​អ្វី​នឹង​ជួយ​អ្នក​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​បង្ហាញ​គុណ​សម្បត្ដិ​ដែល​ព្រះ​ស្រឡាញ់?

២១ ការ​អាន​និង​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​នឹង​ជួយ​ឲ្យ​អ្នក​លត់​ដំ​ខ្លួន​ឲ្យ​ចេះ​បង្ហាញ​គុណ​សម្បត្ដិ​ដែល​ព្រះ​ស្រឡាញ់។ ហើយ​ការ​រៀន​អ្វី​ដែល​ព្រះ​តម្រូវ​ពី​អ្នក​នឹង​ជួយ​ឲ្យ​អ្នក​មាន​គំនិត​ដូច​ព្រះ​ដែរ។ (​អេសាយ ៣០:២០, ២១​) កាល​ដែល​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ នោះ​អ្នក​នឹង​មាន​ចិត្ត​ប្រាថ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដើម្បី​មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ។

២២​. បើ​របៀប​រស់​នៅ​របស់​អ្នក​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នោះ តើ​មាន​លទ្ធផល​អ្វី​ខ្លះ?

២២ អ្នក​ត្រូវ​ខំ​ប្រឹង​ព្យាយាម ទើប​អាច​មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ។ ព្រះ​គម្ពីរ​ប្រៀប​ធៀប​ការ​កែ​ប្រែ​របស់​អ្នក​ទៅ​នឹង​ការ​ដោះ​លក្ខណៈ​ចាស់​ចោល​ចេញ​ដូច​ដោះ​សម្លៀក​បំពាក់​ចាស់ ហើយ​ពាក់​លក្ខណៈ​ថ្មី​វិញ។ (​កូល៉ុស ៣:៩, ១០​) ប៉ុន្តែ​ស្តី​អំពី​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា អ្នក​តែង​ទំនុក​ដំកើង​បាន​សរសេរ​ថា​៖ ​«​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ​»។ (​ទំនុក​ដំកើង ១៩:១១​) អ្នក​ក៏​នឹង​ឃើញ​ដែរ​ថា​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ នាំ​ឲ្យ​មាន​រង្វាន់​យ៉ាង​ធំ​ពិត​មែន។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​ផ្ដល់​ចម្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាតាំង និង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រីក​រាយ!

[កំណត់​សម្គាល់]

a នេះ​មិន​មាន​ន័យ​ថា​សាតាំង​កំពុង​តែ​កាន់​កាប់​ខួរ​ក្បាល​របស់​មនុស្ស​ដែល​ប្រឆាំង​អ្នក​ទេ។ ក៏​ប៉ុន្តែ​សាតាំង​ជា​ព្រះ​របស់​លោកីយ៍​នេះ ហើយ​លោកីយ៍​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​វា។ (​កូរិនថូស​ទី២ ៤:៤; យ៉ូហាន​ទី១ ៥:១៩​) ហេតុ​នេះ​យើង​ដឹង​ថា​ការ​រស់​នៅ​ស្រប​តាម​បន្ទូល​ព្រះ មិន​មែន​ជា​អ្វី​ដែល​ពេញ​និយម​នោះ​ទេ ហើយ​មនុស្ស​ខ្លះ​នឹង​ប្រឆាំង​អ្នក។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ អ្នក​អាច​ទៅ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​ដោយ​ធ្វើ​តាម​បញ្ញត្ដិ​ទ្រង់។—យ៉ាកុប ២:២៣

▪ សាតាំង​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។—យ៉ូប ១:៨, ១០, ១១; ២:៤; សុភាសិត ២៧:១១

▪ យើង​ត្រូវ​តែ​ចៀស​វាង​ការ​ប្រព្រឹត្ត​ដែល​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ។—កូរិនថូស​ទី១ ៦:៩, ១០

▪ យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ដោយ​ស្អប់​អ្វី​ដែល​ទ្រង់​ស្អប់ ហើយ​ស្រឡាញ់​អ្វី​ដែល​ទ្រង់​ស្រឡាញ់។—រ៉ូម ១២:៩

[ប្រអប់​/​រូប​ភាព​នៅ​ទំព័រ​១៤០, ១៤១]

ចូរ​ចៀស​ចេញ​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់

ការ​សំឡាប់​មនុស្ស។—និក្ខមនំ ២០:១៣; ២១:២២, ២៣

អំពើ​អសីលធម៌​ខាង​កាម។—លេវីវិន័យ ២០:១០, ១៣, ១៥, ១៦; រ៉ូម ១:២៤, ២៦, ២៧, ៣២; កូរិនថូស​ទី១ ៦:៩, ១០

មន្តអាគម។—ចោទិយកថា ១៨:៩​-​១៣; កូរិនថូស​ទី១ ១០:២១, ២២; កាឡាទី ៥:២០, ២១

ការ​ថ្វាយ​បង្គំ​រូប​ព្រះ។—កូរិនថូស​ទី១ ១០:១៤

ការ​ស្រវឹង​ស្រា។—កូរិនថូស​ទី១ ៥:១១

ការ​លួច។—លេវីវិន័យ ៦:២, ៤; អេភេសូរ ៤:២៨

ការ​កុហក។—សុភាសិត ៦:១៦, ១៩; កូល៉ុស ៣:៩; វិវរណៈ ២២:១៥

ចិត្ត​លោភ​លន់។—កូរិនថូស​ទី១ ៥:១១

អំពើ​ហិង្សា។—ទំនុក​ដំកើង ១១:៥; សុភាសិត ២២:២៤, ២៥; ម៉ាឡាគី ២:១៦; កាឡាទី ៥:២០, ២១

ពាក្យ​សំ​ដី​មិន​សមរម្យ។—លេវីវិន័យ ១៩:១៦; អេភេសូរ ៥:​៤; កូល៉ុស ៣:៨

ការ​ចាក់​បញ្ចូល​ឈាម​ឬ​បរិភោគ​ឈាម។—លោកុប្បត្តិ ៩:៤; កិច្ច​ការ ១៥:​២០, ២៨, ២៩

ការ​មិន​ព្រម​ចិញ្ចឹម​ក្រុម​គ្រួសារ។—ធីម៉ូថេ​ទី១ ៥:៨

ការ​ចូល​រួម​ក្នុង​សង្គ្រាម​ឬ​ជម្លោះ​នយោបាយ​របស់​លោកីយ៍​នេះ។—អេសាយ ២:៤; យ៉ូហាន ៦:១៥; ១៧:១៦

ការ​ប្រើ​ថ្នាំ​ជក់ ការ​ជក់​បារី ឬ​ប្រើ​ថ្នាំ​ញៀន។—ម៉ាកុស ១៥:២៣; កូរិនថូស​ទី២ ៧:១

[រូប​ភាព​ពេញ​មួយ​ទំព័រ​នៅ​ទំព័រ​១៣៦]

យ៉ូប​បាន​ទទួល​រង្វាន់​ដោយ​សារ ភាព​ស្មោះ​ត្រង់​របស់​គាត់

​​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក