តើអ្នកជាមិត្តរបស់ព្រះឬ? អ្វីដែលសេចក្ដីអធិស្ឋានរបស់អ្នកបង្ហាញឲ្យឃើញ
តើអ្នកមានដែលឮបុគ្គលពីរនាក់កំពុងតែនិយាយដោយចៃដន្យទេ? ប្រាកដជាមិនយូរទេ ចំពោះអ្នកក្នុងការសម្រេចនូវសភាពនៃទំនាក់ទំនងរបស់គេ—ថាតើគេជាមិត្តស្និទ្ធស្នាលឬជាមនុស្សចម្លែក គ្រាន់តែស្គាល់គ្នាបន្ដិចបន្តួចឬ មិត្តសំឡាញ់គួរឲ្យទុកចិត្តដ៏ជិតស្និទ្ធ។ ស្រដៀងគ្នាដែរ សេចក្ដីអធិស្ឋានរបស់យើងអាចបង្ហាញទំនាក់ទំនងយើងជាមួយនឹងព្រះ។
ព្រះគម្ពីរអះអាងឲ្យយើងដឹងថា ព្រះ«ទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗ»ទេ។ (កិច្ចការ ១៧:២៧) មិនតែប៉ុណ្ណោះ ទ្រង់អញ្ជើញយើងឲ្យស្គាល់ទ្រង់។ យើងក៏អាចធ្វើជាមិត្តរបស់ទ្រង់ដែរ។ (ទំនុកដំកើង ៣៤:៨; យ៉ាកុប ២:២៣) យើងអាចមានភាពស្និទ្ធស្នាលពិតជាមួយទ្រង់! (ទំនុកដំកើង ២៥:១៤) យ៉ាងច្បាស់ណាស់ ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ គឺជាអ្វីដ៏មានតម្លៃក្រៃលែង ដែលមនុស្សមានបាបដូចយើងនេះអាចមាន។ ហើយ ព្រះយេហូវ៉ារាប់មិត្តភាពរបស់យើងជាអ្វីដ៏មានតម្លៃក្រៃលែង។ នេះឃើញជាក់ស្តែង ពីព្រោះមិត្តភាពរបស់យើងជាមួយនឹងទ្រង់ មានមូលដ្ឋានទៅលើជំនឿក្នុងរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ដែលបានប្រទានព្រះជន្មរបស់ទ្រង់សំរាប់យើងទាំងអស់គ្នា។—កូល៉ុស ១:១៩, ២០
ដូច្នេះ សេចក្ដីអធិស្ឋានរបស់យើង ត្រូវបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ជ្រៅជ្រះនិងអំណរគុណដល់ព្រះយេហូវ៉ា។ ប៉ុន្តែ តើអ្នកមានដែលអារម្មណ៍ថា សេចក្ដីអធិស្ឋានរបស់អ្នក សូម្បីតែស្មោះអស់អំពីចិត្តក៏ដោយ ហាក់ដូចជាខ្វះជម្រៅពីដួងចិត្តទេ? នេះមិនមែនជាខុសពីធម្មតាទេ។ តើអ្វីជាកូនសោដើម្បីធ្វើឲ្យប្រសើរឡើង? សូមបណ្ដុះមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា។
រកពេលវេលាសំរាប់សេចក្ដីអធិស្ឋាន
មុនដំបូង គឺត្រូវចំណាយពេលដើម្បីបណ្ដុះមិត្តភាព។ រៀងរាល់ថ្ងៃ អ្នកប្រហែលជាជំរាបសួរឬក៏និយាយជាមួយមនុស្សជាច្រើន—អ្នកជិតខាង អ្នកធ្វើការជាមួយគ្នា អ្នកបើករថយន្តធំ និងអ្នកលក់តាមហាង។ យ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា អ្នកជាមិត្តដ៏ពិតជាមួយនឹងគេទេ។ មិត្តភាពលូតលាស់ឡើងពេលដែលអ្នកចំណាយពេលនិយាយដ៏យូរជាមួយបុគ្គលម្នាក់ បែរចេញពីការនិយាយពីនេះពីនោះ ទៅឯការសម្ដែងនូវមនោសញ្ចេតនានិងគំនិតខាងក្នុងចិត្តរបស់អ្នក។
ស្រដៀងគ្នាដែរ សេចក្ដីអធិស្ឋានអាចជួយយើងឲ្យទៅជិតព្រះយេហូវ៉ា។ ប៉ុន្តែ ត្រូវការពេលវេលាដ៏គ្រប់គ្រាន់សំរាប់សេចក្ដីអធិស្ឋាន មិនគ្រាន់តែអធិស្ឋានអរគុណដ៏ឆាប់រហ័សពេលបរិភោគអាហារនោះទេ។ កាលណាអ្នកទូលជាមួយព្រះយេហូវ៉ាកាន់តែច្រើនឡើងៗ នោះធ្វើឲ្យអ្នកអាចដោះស្រាយអារម្មណ៍ផ្ទាល់ខ្លួន បំណងចិត្ត និងការប្រព្រឹត្តរបស់អ្នក។ ការដោះស្រាយបញ្ហាពិបាកៗចាប់ផ្ដើមធ្វើឡើងបាន ពេលដែលព្រះវិញ្ញាណធ្វើឲ្យនឹកចាំនូវគោលការណ៍នៃពាក្យបន្ទូលរបស់ព្រះ។ (ទំនុកដំកើង ១៤៣:១០; យ៉ូហាន ១៤:២៦) ថែមទៀត កាលអ្នកអធិស្ឋាន ព្រះយេហូវ៉ាទៅជាពិតជាក់ស្តែងចំពោះអ្នកថែមទៀត ហើយអ្នកដឹងថែមទៀតនូវការយកចិត្តទុកដាក់ដ៏ស្រឡាញ់របស់ទ្រង់ និងការខ្វល់ខ្វាយចំពោះអ្នកដែរ។
នេះជាការពិតមែន ជាពិសេសពេលដែលអ្នកបានពិសោធចម្លើយដល់សេចក្ដីអធិស្ឋានរបស់អ្នក។ ព្រះយេហូវ៉ាអាច«ធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដីដែលយើងសូម ឬគិតក្ដី»ទៅទៀត! (អេភេសូរ ៣:២០) នេះមិនមែនមានន័យថា ព្រះនឹងធ្វើអព្ភូតហេតុសំរាប់អ្នកនោះទេ។ ប៉ុន្តែ តាមរយៈពាក្យបន្ទូលរបស់ទ្រង់ដែលបានកត់មក ប្រកាសនវត្ថុនៃអ្នកបំរើស្មោះត្រង់ ឬក៏ពាក្យសំដីជាទីស្រឡាញ់ពីបងប្រុសស្រី ទ្រង់ប្រហែលជាអាចផ្ដល់នូវឱវាទឬសេចក្ដីណែនាំដល់អ្នក។ ឬក៏ទ្រង់ប្រហែលជាអាចប្រទាននូវកម្លាំង ដែលអ្នកត្រូវការដើម្បីឲ្យចេះអត់ទ្រាំឬទប់ទល់នឹងសេចក្ដីល្បួង។ (ម៉ាថាយ ២៤:៤៥; ធីម៉ូថេទី២ ៤:១៧) ការពិសោធទាំងនេះ ធ្វើឲ្យចិត្តយើងពោរពេញទៅដោយអំណរគុណ ចំពោះមិត្តនៅស្ថានសួគ៌របស់យើងមែន!
ដូច្នេះហើយ បុគ្គលម្នាក់ៗត្រូវតែរកពេលវេលាសំរាប់សេចក្ដីអធិស្ឋាន។ ពិតហើយ ពេលវេលាគឺមានតិចតួចណាស់ ក្នុងកំឡុងថ្ងៃដ៏តប់ប្រមល់នេះ។ ប៉ុន្តែ កាលណាអ្នកស្រឡាញ់ពីអ្នកណាម្នាក់ ធម្មតាអ្នកតែងតែឆ្លៀតរកពេលវេលាសំរាប់បុគ្គលនោះ។ សូមកត់សម្គាល់មើលរបៀប អ្នកតែងបទទំនុកដំកើងបញ្ចេញអារម្មណ៍របស់គាត់៖ «ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ ដូចជាក្ដាន់ញីដង្ហក់រកជ្រោះទឹក ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់»។ (ទំនុកដំកើង ៤២:១, ២) តើអ្នកមានអារម្មណ៍ចង់ទូលជាមួយព្រះស្រដៀងនេះដែរទេ? បើអញ្ចឹង ចូរលៃយកឱកាសដើម្បីធ្វើទៅ!—ប្រៀបធៀប អេភេសូរ ៥:១៦
ជាឧទាហរណ៍ អ្នកអាចក្រោកពីព្រលឹមដើម្បីយកពេលស្ងាត់សំរាប់អធិស្ឋាន។ (ទំនុកដំកើង ១១៩:១៤៧) តើពេលខ្លះអ្នកធ្លាប់មានការពិសោធអត់ងងុយទេ? បើដូច្នោះ ដូចជាអ្នកតែងបទទំនុកដំកើង អ្នកគួរតែចាត់ទុកគ្រាដ៏ពិបាកនេះ ជាឱកាសដើម្បីប្រាប់ព្រះពីការខ្វល់ខ្វាយរបស់អ្នក។ (ទំនុកដំកើង ៦៣:៦) ឬក៏គ្រាន់តែអធិស្ឋានខ្លីៗពីរទៅបីដងក្នុងមួយថ្ងៃ។ អ្នកតែងបទទំនុកដំកើងទូលដល់ព្រះថា៖ «ដ្បិតទូលបង្គំអំពាវនាវដល់ទ្រង់ជាដរាបរាល់ថ្ងៃ»។—ទំនុកដំកើង ៨៦:៣
ធ្វើឲ្យគុណសម្បត្ដិនៃសេចក្ដីអធិស្ឋានរបស់យើងបានប្រសើរឡើង
ជួនកាល ជាជំនួយដល់អ្នក បើសិនជាអ្នកបង្កើតពេលនូវសេចក្ដីអធិស្ឋានរបស់អ្នកឲ្យបានយូរជាងធម្មតា។ ក្នុងសេចក្ដីអធិស្ឋានខ្លី អ្នកតែងតែចូលចិត្តនិយាយពីរឿងកំប៊ិកកំប៉ុក។ ប៉ុន្តែ កាលណាអ្នកអធិស្ឋានឲ្យបានយូរជាងធម្មតា នោះនឹងបណ្ដាលឲ្យអ្នកអាចសម្ដែងនូវគំនិតនិងមនោសញ្ចេតនាខាងក្នុងចិត្ត។ ព្រះយេស៊ូយ៉ាងហោចណាស់ក្នុងគ្រាមួយ ទ្រង់បានចំណាយអស់មួយយប់ដើម្បីអធិស្ឋាន។ (លូកា ៦:១២) យ៉ាងច្បាស់ណាស់ សេចក្ដីអធិស្ឋានរបស់អ្នក នឹងមានការស្និទ្ធស្នាលកាន់តែច្រើនឡើង ហើយពោរពេញដោយអត្ថន័យថែមទៀត បើសិនជាអ្នកជៀសវាងការប្រញាប់ប្រញាល់ពេលអធិស្ឋាន។
នេះមិនមែនមានន័យថា ចេះតែនិយាយពីនេះបន្ដិចពីនោះបន្ដិច ពេលដែលអ្នកមិនសូវមានពាក្យនិយាយ ឬក៏មិនមែនមានន័យថា ចេះតែនិយាយពាក្យឥតន័យច្រំដែលៗនោះទេ។ ព្រះយេស៊ូបានព្រមានថា៖ «ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្ដាប់គេ ដោយគេពោលពាក្យជាច្រើន ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយ ដ្បិតព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង»។—ម៉ាថាយ ៦:៧, ៨
ពេលដែលអ្នករំពឹងគិតអ្វីមុនទូលជាមួយព្រះ នោះសេចក្ដីអធិស្ឋាននឹងពោរពេញដោយអត្ថន័យ។ ភាពអាចនឹងនិយាយគឺមិនចេះអស់ឡើយ—អំណររបស់យើងពេលធ្វើកិច្ចបំរើ ភាពទន់ខ្សោយនិងអំពើបាប ការតូចចិត្ត ការព្រួយខាងសេដ្ឋកិច្ច ការបង្ខិតបង្ខំនៅកន្លែងធ្វើការឬនៅសាលារៀន សុខភាពខាងគ្រួសារ ហើយខាងសភាពវិញ្ញាណនៃក្រុមជំនុំតាមតំបន់ នេះគ្រាន់តែរៀបរាប់ខ្លះៗប៉ុណ្ណោះ។
តើពេលខ្លះ អារម្មណ៍របស់អ្នកតែងតែរវើរវាយពេលដែលអ្នកអធិស្ឋានទេ? បើដូច្នោះ ចូរខំប្រឹងប្រុងស្មារតីឲ្យបានល្អឡើង។ ព្រះយេហូវ៉ាទ្រង់សុកចិត្ត‹ស្ដាប់សម្រែកនៃពួកយើង›។ (ទំនុកដំកើង ១៧:១) តើយើងមិនគួរស្ម័គ្រចិត្ត ដើម្បីប្រុងស្មារតីក្នុងការអធិស្ឋានរបស់យើងទេឬ? ត្រូវហើយ‹ចូរគិតតែខាងវិញ្ញាណវិញ› ហើយមិនព្រមឲ្យរវើរវាយឡើយ។—រ៉ូម ៨:៥
របៀបដែលយើងទូលទៅព្រះយេហូវ៉ា ក៏ជាការសំខាន់ណាស់។ ទោះជា ទ្រង់ចង់ឲ្យយើងគិតពីទ្រង់ ជាមិត្តសំឡាញ់ម្នាក់ក៏ដោយ យើងមិនត្រូវភ្លេចថា យើងទូលជាមួយព្រះមហាក្សត្រនៃសកលលោក។ សូមអានហើយរំពឹងគិតរូបភាពដ៏ស្ញប់ស្ញែង ដែលបានបង្ហាញមកក្នុងសៀវភៅវិវរណៈ ជំពូក៤និង៥។ នៅទីនោះ លោកយ៉ូហានបានឃើញចក្ខុនិមិត្ត នូវភាពរុងរឿងនៃទ្រង់ដែលយើងទូលទៅរកក្នុងសេចក្ដីអធិស្ឋាន។ យើងមានសិទ្ធិដ៏ល្អមែន ដែលអាចចូលមកឯ«អង្គដែលគង់នៅលើបល្ល័ង្ក»! យើងមិនគួរមានពាក្យសំដីរបស់យើងច្រំដែលៗឬអត់មានសេចក្ដីថ្លៃថ្នូរឡើយ។ ផ្ទុយទៅវិញ យើងគួរតែខំឲ្យអស់ពីសមត្ថភាព ដើម្បី‹ឲ្យពាក្យសំដីដែលចេញមកពីមាត់របស់យើង នឹងការរំពឹងគិតក្នុងចិត្តរបស់យើង បានគួរគាប់នៅព្រះនេត្រទ្រង់›។—ទំនុកដំកើង ១៩:១៤
យើងគួរតែយល់ថា យើងមិនធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យអស្ចារ្យដោយវោហារកោសល្បរបស់យើងនោះទេ។ ទ្រង់សព្វព្រះហឫទ័យនឹងការគោរព ការសម្ដែងចេញពីដួងចិត្តយើង មិនថាឡើយការសម្ដែងរបស់យើងស្រួលយ៉ាងណានោះ។—ទំនុកដំកើង ៦២:៨
ការសម្រាលទុក្ខនិងអធ្យាស្រ័យនៅពេលត្រូវការ
ពេលដែលយើងត្រូវការជំនួយនិងការសម្រាលទុក្ខ ជាធម្មតា យើងតែងតែទៅរកមិត្តសំឡាញ់ដ៏ជិតស្និទ្ធសំរាប់ការគាំទ្រនិងការអាណិតអាសូរ។ ត្រូវហើយ គ្មានមិត្តណា ដែលយើងអាចមានស្និទ្ធជាជាងព្រះយេហូវ៉ានោះទេ។ ទ្រង់«ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន»។ (ទំនុកដំកើង ៤៦:១) ជា«ព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក» ទ្រង់មានព្រះទ័យអធ្យាស្រ័យដល់យើងនូវអ្វីៗដែលយើងបានប្រទះជាងអ្នកណាទាំងអស់។ (កូរិនថូសទី២ ១:៣, ៤: ទំនុកដំកើង ៥:១; ៣១:៧) ហើយទ្រង់មានការយល់ចិត្តនិងសេចក្ដីមេត្ដាដ៏ស្មោះ ចំពោះអ្នកណាដែលមានបន្ទុក។ (អេសាយ ៦៣:៩; លូកា ១:៧៧, ៧៨) ដោយយល់ថា ព្រះយេហូវ៉ាមានអធ្យាស្រ័យដូចជាមិត្តម្នាក់ នោះធ្វើឲ្យយើងមានចិត្តទូលទ្រង់ដ៏ខ្លាំងក្លា នៅពេលណាក៏បានដែរ។ នេះនឹងជំរុញឲ្យយើងសម្ដែងនូវការភ័យខ្លាចនិងការថប់អារម្មណ៍ដ៏ជ្រាលជ្រៅរបស់យើងដល់ព្រះ។ ដូច្នេះ យើងមានការពិសោធផ្ទាល់នូវ‹សេចក្ដីកំសាន្តចិត្តនៃទ្រង់ជាទីរីករាយដល់ព្រលឹងយើង›។—ទំនុកដំកើង ៩៤:១៨, ១៩
ពេលខ្លះយើងគិតថា យើងឥតមានសិទ្ធិគួរទូលព្រះ ពីព្រោះនូវអ្វីដែលយើងបានធ្វើខុស។ ប៉ុន្តែ ចុះបើសិនជាមិត្តសំឡាញ់របស់អ្នកម្នាក់ បានប្រព្រឹត្តអ្វីខុសទៅលើអ្នក ហើយគេសូមអង្វរការអត់ឱនទោសពីអ្នកវិញនោះ? តើនេះមិនធ្វើឲ្យអ្នកទៅលួងចិត្តហើយលើកទឹកចិត្តបុគ្គលម្នាក់នោះឬ? អញ្ចឹង ហេតុអ្វីបានជាអ្នកគិតថាព្រះយេហូវ៉ាមិនធ្វើដូច្នោះចំពោះអ្នក? ទ្រង់អត់ទោសឲ្យមិត្តដោយមិនកំណាញ់ឡើយ ចំពោះអ្នកដែលបានប្រព្រឹត្តអំពើបាបដោយព្រោះភាពមិនគ្រប់ល័ក្ខណ៍របស់មនុស្ស។ (ទំនុកដំកើង ៨៦:៥; ១០៣:៣, ៨-១១) ដោយដឹងហេតុនេះ យើងមិនគួរខ្លាចសារភាពពីអំពើបាបរបស់យើងឲ្យទ្រង់ដឹងទេ ហើយយើងអាចទុកចិត្តនូវសេចក្ដីស្រឡាញ់និងសេចក្ដីអាណិតរបស់ទ្រង់។ (ទំនុកដំកើង ៥១:១៧) បើយើងមានការធ្លាក់ទឹកចិត្ត ដោយសារតែកំហុសរបស់យើង យើងអាចមានការសម្រាលទុក្ខក្នុងពាក្យនៃ យ៉ូហានទី១ ៣:១៩, ២០៖ «គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង»។
ប៉ុន្តែ យើងមិនត្រូវការនៅក្នុងស្ថានការណ៍ដ៏ពិបាកធ្ងន់ទេ ឲ្យទទួលសេចក្ដីស្រឡាញ់របស់ព្រះនោះ។ ព្រះយេហូវ៉ាទ្រង់មានព្រះទ័យទុកដាក់ដល់របស់ទាំងអស់ ដែលទាក់ទងខាងវិញ្ញាណនិងសុខុមាលភាពខាងចិត្តរបស់យើង។ មែនហើយ កុំគិតឲ្យសោះថា អារម្មណ៍ គំនិត និងការខ្វល់ខ្វាយ ជាការតូចតាចដែលមិនគួររាយរាប់ប្រាប់ក្នុងការអធិស្ឋាន។ (ភីលីព ៤:៦) ពេលដែលអ្នកនៅជាមួយមិត្តដ៏ជិតស្និទ្ធម្នាក់ តើអ្នកគ្រាន់តែពិគ្រោះពីព្រឹត្ដិការណ៍សំខាន់ៗក្នុងជីវិតរបស់អ្នកតែប៉ុណ្ណោះទេឬ? តើអ្នកមិនដែលនិយាយរឿងតូចតាចទេឬ? ស្រដៀងគ្នាដែរ អ្នកអាចមានសិទ្ធិទូលប្រាប់នូវលក្ខណៈជាច្រើននៃជីវិតរបស់អ្នកដល់ព្រះយេហូវ៉ា ដោយដឹងថា «ទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។—ពេត្រុសទី១ ៥:៧
ប៉ុន្តែ មិត្តភាពមិនប្រហែលជានៅជាប់បានយូរទេ ប្រសិនបើអ្នកនិយាយតែពីរឿងផ្ទាល់ខ្លួនឯងនោះ។ ហេតុដូច្នេះ សេចក្ដីអធិស្ឋានរបស់យើងមិនត្រូវគិតតែប្រយោជន៍ខ្លួនទេ។ យើងគួរសម្ដែងនូវសេចក្ដីស្រឡាញ់និងការខ្វល់ខ្វាយដល់ព្រះយេហូវ៉ា និងប្រយោជន៍របស់ទ្រង់ផង។ (ម៉ាថាយ ៦:៩, ១០) សេចក្ដីអធិស្ឋានមិនគ្រាន់តែជាពេលវេលាសំរាប់សុំជំនួយព្រះទេ ប៉ុន្តែជាឱកាសមួយដើម្បីថ្លែងអំណរគុណនិងសរសើរព្រះដែរ។ (ទំនុកដំកើង ៣៤:១; ៩៥:២) ‹ការយកចំណេះ› តាមការសិក្សាផ្ទាល់ខ្លួននឹងជួយយើង ធ្វើឲ្យយើងមានការជិតស្និទ្ធជាមួយព្រះយេហូវ៉ាកាន់តែច្រើនឡើង ហើយដឹងខ្នាតគំរូរបស់ទ្រង់។ (យ៉ូហាន ១៧:៣) អ្នកប្រហែលជាឃើញថាមានប្រយោជន៍នូវរបៀប ក្នុងការអានសៀវភៅទំនុកដំកើង ហើយកត់សម្គាល់នូវរបៀបដែលអ្នកបំរើស្មោះត្រង់ឯទៀតបានទូលដល់ព្រះយេហូវ៉ា។
មិត្តភាពរបស់ព្រះយេហូវ៉ា គឺជាអំណោយដ៏មានតម្លៃមួយ។ សូមឲ្យយើងបង្ហាញថាយើងមានចិត្តអបអរដោយធ្វើឲ្យសេចក្ដីអធិស្ឋានយើងឲ្យបានជិតស្និទ្ធ អស់ពីដួងចិត្តនិងឲ្យផ្ទាល់ខ្លួនផង។ បើដូច្នោះ យើងនឹងមានសុភមង្គលដែលបានសម្ដែងដោយអ្នកសរសេរបទទំនុកដំកើង ប្រកាសថា៖ «មានពរហើយ អ្នកណាដែលទ្រង់រើស ហើយនាំមកនៅចំពោះទ្រង់»។—ទំនុកដំកើង ៦៥:៤