បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១០ ទំ. ២០-២៥
  • រក្សាគុណធម៌ក្នុងលោកីយ៍ដែលពេញទៅដោយអបាយមុខ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រក្សាគុណធម៌ក្នុងលោកីយ៍ដែលពេញទៅដោយអបាយមុខ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពិភព​លោក​រ៉ូម៉ាំង​ដែល​ពេញ​ទៅ​ដោយ​អបាយមុខ
  • ពិភព​លោក​ដែល​ពេញ​ដោយ​អបាយមុខ​សព្វ​ថ្ងៃ​នេះ
  • បដិសេធ​អបាយមុខ​ទាំង​ឡាយ​នៃ​លោកីយ៍​នេះ
  • តើអ្នកស្វែងរកគុណធម៌ទេ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១០ ទំ. ២០-២៥

រក្សា​គុណធម៌​ក្នុង​លោកីយ៍​ដែល​ពេញ​ទៅ​ដោយ​អបាយមុខ

«ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញត្អែរ ឥត​ប្រកែក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅហ្មង ឥត​កិច្ច​កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច»។—ភីលីព ២:១៤, ១៥

១, ២. ហេតុ​អ្វី​ក៏​ព្រះ​តម្រូវ​ឲ្យ​កំទេច​ពួក​កាណាន?

សេចក្ដី​បង្គាប់​របស់​ព្រះ​យេហូវ៉ា គឺ​ឥត​មាន​កន្លែង​សំរាប់​ធ្វើ​ឲ្យ​សម្រប​សម្រួល​ឡើយ។ ពួក​អ៊ីស្រាអែល​គឺ​ជិត​នឹង​ចូល​ស្រុក​ដែល​បាន​សន្យា​ហើយ ពេល​ដែល​ព្យាការី​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា៖ «ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​វិញ គឺ​ជា​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ដូច​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​មក»។—ចោទិយកថា ៧:២; ២០:១៧

២ ពី​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រកប​ដោយ​មេត្ដា​ករុណា ហេតុ​អ្វី​ក៏​ទ្រង់​ទាម​ទារ​ការ​បំផ្លិច​បំផ្លាញ​នៃ​ពួក​កាណាន​ដូច្នេះ? (និក្ខមនំ ៣៤:៦) មូលហេតុ​មួយ​គឺ‹ដើម្បី​កុំ​ឲ្យ​ពួក​កាណាន​បង្ហាត់​បង្រៀន​ពួក​អ៊ីស្រាអែល ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​បាន​ធ្វើ​បាប​នឹង​ព្រះ​យេហូវ៉ា›។ (ចោទិយកថា ២០:១៨) ម៉ូសេ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បណ្ដេញ​គេ ពី​មុខ​ឯង​ចេញ​ហើយ»។ (ចោទិយកថា ៩:៤) ពួក​កាណាន​ជា​ពួក​អ្នក​ប្រព្រឹត្ត​អបាយមុខ​តែ​ម្ដង។ ភាព​ថោក​ទាប​ខាង​កាម​និង​ការ​គោរព​រូប​សំណាក​ជា​លក្ខណៈ​នៃ​ការ​ថ្វាយ​បង្គំ​របស់​គេ។ (និក្ខមនំ ២៣:២៤; ៣៤:១២, ១៣; ជន​គណនា ៣៣:៥២; ចោទិយកថា ៧:៥) ស្មន្ធការ ការ​សេព​មេថុន​នឹង​ភេទ​ដូច​គ្នា ហើយ​ការ​សេព​មេថុន​នឹង​សត្វ ជា‹ផ្លូវ​នៃ​ស្រុក​កាណាន›។ (លេវីវិន័យ ១៨:៣​-​២៥) កូន​ក្មេង​ដែល​គ្មាន​ទោស​បាន​ត្រូវ​គេ​យក​ធ្វើ​យញ្ញ​បូជា​ដ៏​សាហាវ ជូន​ដល់​ព្រះ​ក្លែង​ក្លាយ​ទាំង​ឡាយ។ (ចោទិយកថា ១៨:៩​-​១២) ដូច្នេះ​ហើយ បាន​ជា​ព្រះ​យេហូវ៉ា​កាត់​ទោស​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ដល់​សាសន៍​ទាំង​នេះ ដែល​គំរាម​កំហែង​ដល់​សុខុមាលភាព​នៃ​រាស្ត្រ​ទ្រង់​ខាង​រូប​កាយ សីលធម៌ និង​ខាង​វិញ្ញាណ!—និក្ខមនំ ៣៤:១៤​-​១៦

៣. តើ​មាន​អ្វី​ជា​លទ្ធផល​ដោយ​សារ​ពួក​អ៊ីស្រាអែល មិន​បាន​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​ឲ្យ​បាន​ពេញ​លេញ ស្តី​អំពី​ពួក​រស់​នៅ​ក្នុង​ស្រុក​កាណាន?

៣ ពី​ព្រោះ​សេចក្ដី​បង្គាប់​របស់​ព្រះ​មិន​បាន​ប្រព្រឹត្ត​តាម​យ៉ាង​ពេញ​លេញ នោះ​ពួក​កាណាន​ជា​ច្រើន​បាន​រួច​រស់​ជីវិត​ពី​ការ​ជោគ​ជ័យ​របស់​អ៊ីស្រាអែល នៃ​ស្រុក​ដែល​បាន​សន្យា​មក។ (ពួក​ចៅហ្វាយ ១:១៩​-​២១) ក្រោយ​មក ឥទ្ធិពល​ដ៏​បញ្ឆោត​នៃ​ពួក​កាណាន​គឺ​មាន​ពាស​ពេញ ហើយ​អាច​និយាយ​បាន​ថា៖ «គេ(ពួក​អ៊ីស្រាអែល)បោះ​បង់​ចោល​បញ្ញត្ត​របស់[ព្រះ​យេហូវ៉ា]ទ្រង់ នឹង​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ​ចេញ ព្រម​ទាំង​សេចក្ដី​បន្ទាល់ ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​សេចក្ដី​ជា​អសារ​ឥត​ការ​វិញ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំ​វិញ ដែល​ព្រះ​យេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ»។ (ពង្សាវតារ​ក្សត្រ​ទី​២ ១៧:១៥) ត្រូវ​ហើយ ជា​ច្រើន​ឆ្នាំ​កន្លង​មក ពួក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អបាយមុខ​ដដែល ធ្វើ​ឲ្យ​ព្រះ​បញ្ជា​ឲ្យ​កំទេច​ពួក​កាណាន—ការ​ថ្វាយ​បង្គំ​រូប​ព្រះ ការ​សេពកាម​ហួស​ប្រមាណ និង​យញ្ញ​បូជា​នៃ​កូន!—ពួក​ចៅហ្វាយ ១០:៦; ពង្សាវតារ​ក្សត្រ​ទី​២ ១៧:១៧; យេរេមា ១៣:២៧

៤, ៥. (ក) តើ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួក​អ៊ីស្រាអែល និង​ពួក​យូដា​ដែល​ឥត​ស្មោះ​ត្រង់? (ខ) តើ​អ្វី​ជា​ការ​ដាស់​តឿន​ដែល​បាន​ផ្ដល់​មក​ក្នុង​ភីលីព ២:១៤, ១៥ ហើយ​តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​ត្រូវ​សួរ​ឡើង?

៤ ដូច្នេះ ព្យាការី​ហូសេ​បាន​ប្រកាស​ថា៖ «ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ចុះ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​ពួក​អ្នក​ស្រុក​នេះ ពី​ព្រោះ​គ្មាន​សេចក្ដី​ពិត ឬ​សេចក្ដី​សប្បុរស ក៏​ឥត​មាន​អ្នក​ណា​ស្គាល់​ព្រះ​នៅ​ក្នុង​ស្រុក​នេះ​ឡើយ មាន​សុទ្ធ​តែ​ការ​ប្រទេច​ផ្ដាសា ភូត​កុហក កាប់​សម្លាប់ លួច​ប្លន់ ហើយ​ផិត​គ្នា​ទទេ គេ​រឹប​ជាន់ ហើយ​កំចាយ​ឈាម​ត​ៗ​គ្នា ហេតុ​នោះ ស្រុក​នេះ​នឹង​ត្រូវ​សោយ​សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស​ផង អើ​ទាំង​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ»។ (ហូសេ ៤:១​-​៣) ក្នុង​ឆ្នាំ ៧៤០ ម.​ស.យ. រាជាណាចក្រ​នៃ​អ៊ីស្រាអែល​ខាង​ជើង​ដ៏​ពុក​រលួយ បាន​ត្រូវ​ពួក​អាសស៊ើរ​មាន​ជ័យ​ជំនះ​លើ។ មួយ​សតវត្ស​បន្ដិច​មក រាជាណាចក្រ​ខាង​ត្បូង​ដ៏​មិន​ស្មោះ​ត្រង់​បាន​ត្រូវ​ពួក​បាប៊ីឡូន​មាន​ជ័យ​ជំនះ​លើ​ដែរ។

៥ ព្រឹត្ដិការណ៍​ទាំង​នេះ​បង្ហាញ​នូវ​ការ​មាន​គ្រោះ​ថ្នាក់ បើ​អនុញ្ញាត​ខ្លួន​យើង​ឲ្យ​នៅ​ក្រោម​អបាយមុខ។ ព្រះ​ទ្រង់​ស្អប់​អំពើ​ទុច្ចរិត ហើយ​និង​មិន​បណ្ដោយ​ឲ្យ​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ទ្រង់​ឡើយ។ (ពេត្រុស​ទី​១ ១:១៤​-​១៦) ពិត​ហើយ យើង​រស់​នៅ​ក្នុង«លោកីយ៍​ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ» ក្នុង​លោក​ដែល​ក្លាយ​ទៅ​ជា​មាន​ពុក​រលួយ​កាន់​តែ​ខ្លាំង​ឡើង។ (កាឡាទី ១:៤; ធីម៉ូថេ​ទី​២ ៣:១៣) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទូល​របស់​ព្រះ​ដាស់​តឿន​គ្រីស្ទាន​ទាំង​អស់ ឲ្យ​ប្រព្រឹត្ត​តាម​របៀប​ដោយ«ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញត្អែរ ឥត​ប្រកែក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅហ្មង ឥត​កិច្ច​កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​វៀច ហើយ​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក»។ (ភីលីព ២:១៤, ១៥) ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​យើង​អាច​រក្សា​គុណធម៌ ក្នុង​លោក​ដែល​ពេញ​ទៅ​ដោយ​អបាយមុខ? តើ​ពិត​ជា​អាច​ធ្វើ​ទៅ​បាន​ទេ?

ពិភព​លោក​រ៉ូម៉ាំង​ដែល​ពេញ​ទៅ​ដោយ​អបាយមុខ

៦. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ បាន​ប្រឈម​មុខ​ក្នុង​ការ​រក្សា​គុណធម៌?

៦ ពួក​គ្រីស្ទាន​ក្នុង​សតវត្ស​ទី​មួយ​បាន​ប្រឈម​មុខ​ពី​ការ​រក្សា​គុណធម៌ ពី​ព្រោះ​មាន​អបាយមុខ​ក្នុង​គ្រប់​លក្ខណៈ​នៃ​សង្គម​រ៉ូម៉ាំង។ ទស្សនវិទូ​ជាតិ​រ៉ូម៉ាំង លោក​ស៊ីនីកា បាន​មាន​ប្រសាសន៍​អំពី​ជំនាន់​លោក​ថា៖ «មនុស្ស​ខំ​ពុះ​ពារ​នឹង​សត្រូវ​នៃ​អំពើ​អាក្រក់​ជួជាតិ។ ជា​រៀង​រាល់​ថ្ងៃ សេចក្ដី​ប្រាថ្នា​ចង់​ធ្វើ​អាក្រក់ គឺ​មាន​កាន់​តែ​ច្រើន​ឡើង ការ​ខ្លាច​ធ្វើ​អាក្រក់​បាន​ចុះ​អន់​ថយ»។ លោក​បាន​ប្រៀប​ធៀប​សង្គម​រ៉ូម៉ាំង​ទៅ​នឹង«សហគមន៍​នៃ​សត្វ​សាហាវ»។ ដូច្នេះ មិន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​ថា​ចំពោះ​គ្រឿង​កំសាន្ត ពួក​រ៉ូម៉ាំង​ស្វែង​រក​ការ​ប្រកួត​ក្នុង​នាដ​កីឡា​ដែល​សប្បាយ​ធ្វើ​បាប​គេ ហើយ​អាសគ្រាម​លេង​ក្នុង​ល្ខោន។

៧. តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​រៀប​រាប់​នូវ​អបាយមុខ ដែល​មាន​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ក្នុង​សតវត្ស​ទី​មួយ?

៧ សាវ័ក​ប៉ុល​ក៏​ប្រហែល​ជា​ចង់​មាន​ប្រសាសន៍ អំពី​អាកប្បកិរិយា​ដ៏​ចុះ​អាប់​ឱន​នៃ​មនុស្ស​ក្នុង​សតវត្ស​ទី​មួយ ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «ហេតុ​នោះ​បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ ដ្បិត​ទាំង​ពួក​ស្រី​ៗ​របស់​គេ ក៏​បាន​ផ្លាស់​ប្រែ​ទំនៀម​ទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា ហើយ​ពួក​ប្រុស​ៗ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​លះ​ចោល​ទំនៀម​ទំលាប់​របស់​ស្ត្រី​ពី​បវេណី​ចេញ ហើយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សំ​រើប​រោល​រាល ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រុស​ប្រព្រឹត្ត​នឹង​ប្រុស​ៗ ជា​ការ​ដ៏​អាក្រក់​ជួជាតិ នោះ​គេ​ក៏​ទទួល​រង្វាន់​ចំពោះ​ខ្លួន​គេ ដែល​សំណំ​នឹង​សេចក្ដី​កំហុស​របស់​ខ្លួន»។ (រ៉ូម ១:២៦, ២៧) ដោយ​បាន​ប្ដេជ្ញា​ចង់​បាន​សេចក្ដី​ប្រាថ្នា​ដ៏​កខ្វក់​ខាង​សាច់​ឈាម សង្គម​រ៉ូម៉ាំង​បាន​ក្លាយ​ទៅ​ជា​មាន​ពេញ​ដោយ​អបាយមុខ។

៨. តើ​តាម​របៀប​ណា​ដែល​គេ​ជញ្ជក់​យក​ប្រយោជន៍​កូន​ក្មេង ក្នុង​សង្គម​សាសន៍​ក្រិក​និង​រ៉ូម៉ាំង?

៨ ប្រវត្ដិសាស្ត្រ​មិន​ប្រាប់​ឲ្យ​បាន​ច្បាស់​ទេ នូវ​ការ​មាន​ច្រើន​ពាស​ពេញ​នៃ​ការ​សេព​មេថុន​នៃ​ភេទ​ដូច​គ្នា​ក្នុង​ចំណោម​ពួក​រ៉ូម៉ាំង។ ប៉ុន្តែ នេះ​ច្បាស់​ជា​បាន​មាន​ឥទ្ធិពល​ពី​ពួក​ក្រិក ដ្បិត​គេ​បាន​ប្រព្រឹត្ត​អំពើ​នេះ​ទូទៅ។ ជា​ទម្លាប់​ធម្មតា​ទេ​ដែល​មនុស្ស​ចាស់​ធ្វើ​ឲ្យ​ខូច​ដល់​ក្មេង​ៗ​ប្រុស ដោយ​យក​ពួក​គេ​មក​នៅ​ក្រោម​ស្លាប​របស់​គេ ក្នុង​ទំនាក់​ទំនង​ជា​សិស្ស​និង​គ្រូ ដែល​ជា​រឿយ​ៗ​បាន​ដឹក​នាំ​ពួក​ក្មេង​ៗ ចូល​ក្នុង​ចរិត​សេព​មេថុន​ខុស​ពី​ធម្មតា។ យ៉ាង​ប្រាកដ​ហើយ សាតាំង​និង​ពួក​បិសាច​របស់​វា ជា​ពួក​គាំទ្រ​នៃ​អបាយមុខ​បែប​នេះ និង​ការ​រំលោភ​លើ​កូន​ក្មេង។—យ៉ូអែល ៣:៣; យូដាស ៦, ៧

៩, ១០. (ក) តាម​របៀប​ណា​ដែល​កូរិនថូស​ទី​១ ៦:៩, ១០ ផ្ដន្ទា​ទោស​អបាយមុខ​ផ្សេង​ៗ? (ខ) តើ​ពួក​ក្នុង​ក្រុម​ជំនុំ​កូរិនថូស​មាន​ប្រវត្ដិ​យ៉ាង​ណា​ខ្លះ ហើយ​តើ​ការ​ប្រែ​ប្រួល​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ករណី​របស់​គេ?

៩ ក្នុង​ការ​សរសេរ​ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ ប៉ុល​បាន​ប្រាប់​ពួក​គ្រីស្ទាន​ក្នុង​ក្រុង​កូរិនថូស​ថា៖ «តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយស្មន់ ពួក​អ្នក​សម្រេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ​តិះ​ដៀល នឹង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា»។—កូរិនថូស​ទី​១ ៦:៩​-​១១

១០ ដូច្នេះ សំបុត្រ​របស់​ប៉ុល​ដែល​ព្រះ​បណ្ដាល​ឲ្យ​តែង​មក​នោះ បាន​ផ្ដន្ទា​ទោស​អំពើ​អសីលធម៌​ខាង​កាម ដោយ​ចែង​ថា«ពួក​សហាយស្មន់» នឹង«មិន​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។ ប៉ុន្តែ ក្រោយ​ពី​រៀប​រាប់​អបាយមុខ​មួយ​ចំនួន ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ»។ ដោយ​មាន​ជំនួយ​ពី​ព្រះ ពួក​ប្រព្រឹត្ត​អាក្រក់​អាច​ក្លាយ​ទៅ​ជា​ស្អាត​ក្នុង​ព្រះ​នេត្រ​របស់​ទ្រង់​វិញ។

១១. តើ​ពួក​គ្រីស្ទាន​បាន​ប្រព្រឹត្ត​យ៉ាង​ណា ក្នុង​បរិវេណ​ដ៏​អាក្រក់​នៃ​សម័យ​របស់​គេ?

១១ ត្រូវ​ហើយ គុណធម៌​គ្រីស្ទាន​មាន​ការ​រីក​ចំរើន សូម្បី​ក្នុង​លោកីយ៍​ដែល​ពេញ​ទៅ​ដោយ​អបាយមុខ​នៃ​សតវត្ស​ទី​មួយ។ ពួក​អ្នក​ជឿ​បាន​ត្រូវ‹កែ​ប្រែ​ដោយ​សម្រេច​ចិត្ត​គំនិត​របស់​គេ›។ (រ៉ូម ១២:២) ពួក​គេ​បាន​បោះ​បង់​ចោល‹អតីត​ដំណើរ​មារយាទ›របស់​គេ ហើយ​បាន‹ធ្វើ​ឲ្យ​ថ្មី​ក្នុង​កម្លាំង​ដែល​មាន​សកម្ម​ក្នុង​គំនិត​របស់​គេ›។ ដូច្នេះ ពួក​គេ​បាន​គេច​ចេញ​ពី​អបាយមុខ​លោកីយ៍ ហើយ«ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ​ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ»។—អេភេសូរ ៤:២២​-​២៤

ពិភព​លោក​ដែល​ពេញ​ដោយ​អបាយមុខ​សព្វ​ថ្ងៃ​នេះ

១២. តើ​មាន​ការ​ប្រែ​ប្រួល​អ្វី​មាន​លើ​ពិភព​លោក​ទាំង​មូល​តាំង​ពី​ឆ្នាំ​១៩១៤?

១២ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សម័យ​យើង​នេះ? ពិភព​លោក​ដែល​យើង​រស់​នៅ​ក្នុង​នេះ គឺ​ពេញ​ទៅ​ដោយ​អបាយមុខ​ជាង​មុន​ៗ​ទៅ​ទៀត។ ជា​ពិសេស តាំង​ពី​ឆ្នាំ​១៩១៤ គឺ​មាន​ការ​ចុះ​អាប់​ឱន​ខាង​សីលធម៌​ទូទាំង​ពិភព​លោក។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) ដោយ​បាន​បដិសេធ​គំនិត​ដើម​អំពី​គុណធម៌ សីលធម៌ កិត្ដិយស និង​ជាតិ​ពន្ធ មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​គិត​តែ​អំពី​ខ្លួន និង«ខាង​សេចក្ដី​អាសអាភាស»។ (អេភេសូរ ៤:១៩) ទស្សនាវដ្ដី ញូវីក ចែង​ថា៖ «យើង​រស់​នៅ​ក្នុង​សម័យ​នៃ​ការ​និយម​ដែល​គ្មាន​សីលធម៌​ជាក់​លាក់»។ ហើយ​ចែង​ទៀត​ថា ការ​មាន​ច្រើន​នៃ​អាកាសធាតុ​ខាង​សីលធម៌ «បាន​បន្ថយ​គំនិត​នៃ​ការ​ត្រូវ​និង​ការ​ខុស​ទាំង​អស់ ស្តី​អំពី​រឿង​ខាង​ការ​ចូល​ចិត្ត​ផ្ទាល់​ខ្លួន ចំណង់​ចិត្ត ឬ​ការ​ជម្រើស​ខាង​វប្បធម៌»។

១៣. (ក) តើ​តាម​របៀប​ណា​ដែល​គ្រឿង​កំសាន្ត​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ផ្សព្វ​ផ្សាយ​អបាយមុខ​នោះ? (ខ) តើ​គ្រឿង​កំសាន្ត​មិន​ត្រឹម​ត្រូវ​អាច​មាន​ឥទ្ធិពល​អាក្រក់​លើ​បុគ្គល​ម្នាក់​យ៉ាង​ណា?

១៣ ដូច​ក្នុង​សតវត្ស​ទី​មួយ គ្រឿង​កំសាន្ត​ដ៏​ចុះ​អាប់​ឱន​ក៏​មាន​ពាស​ពេញ​សព្វ​ថ្ងៃ​នេះ​ដែរ។ ទូរទស្សន៍ វិទ្យុ ខ្សែ​ភាពយន្ត និង​វីឌីអូ ផ្ដល់​នូវ​របស់​ដែល​ទេរ​ទៅ​រក​កាម។ អបាយមុខ​ក៏​មាន​ជ្រាប​ក្នុង​បណ្ដាញ​កុំព្យូទ័រ​ដែរ។ រូប​អាសគ្រាម​គឺ​មាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​បណ្ដាញ​កុំព្យូទ័រ​សម័យ​នេះ ហើយ​កំពុង​តែ​ប្រើ ដោយ​មនុស្ស​គ្រប់​ប្រភេទ។ តើ​មាន​ឥទ្ធិពល​យ៉ាង​ណា​ពី​របស់​ទាំង​នេះ? អ្នក​សរសេរ​កាសែត​ម្នាក់ ចែង​ថា៖ «នៅ​ពេល​ដែល​ការ​បង្ហូរ​ឈាម និង​ការ​បំផ្លាញ​ខ្ទេច​ខ្ទី និង​ការ​សេព​មេថុន​ដ៏​ថោក​ទាប​មាន​ពាស​ពេញ​ក្នុង​វប្បធម៌​របស់​យើង យើង​ទៅ​ជា​ស៊ាំ​នឹង​ការ​បង្ហូរ​ឈាម ការ​បំផ្លាញ​ខ្ទេច​ខ្ទី និង​ការ​សេព​មេថុន​ដ៏​ថោក​ទាប។ យើង​ទៅ​ជា​ឆ្អែត​ឆ្អន់។ ការ​ចុះ​អាប់​ឱន​ខាង​សីលធម៌ ក្លាយ​ទៅ​ជា​បណ្ដោយ​ឲ្យ​មាន​ច្រើន​ឡើង ពី​ព្រោះ​នេះ​ធ្វើ​ឲ្យ​យើង​ឥត​មាន​ការ​ភ្ញាក់​ផ្អើល​បន្ដិច​ម្ដង​ៗ»។—ប្រៀប​ធៀប ធីម៉ូថេ​ទី​១ ៤:១, ២

១៤, ១៥. តើ​មាន​ទី​សំអាង​អ្វី​ដែល​ថា សីលធម៌​កាម​បាន​ចុះ​អាប់​ឱន​ទូទាំង​ពិភព​លោក?

១៤ សូម​ពិចារណា​មើល​របាយការណ៍​នេះ​ក្នុង ញូវយ៉ក ថែម្ស៖ «អ្វី​ដែល​ចាត់​ទុក​ជា​អាស្រូវ​២៥​ឆ្នាំ​កន្លង​ទៅ​នេះ ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​រស់​នៅ​ធម្មតា។ ចំនួន​នៃ​គូ​ស្វាមី​សម្រេច​ចិត្ត​រស់​នៅ​ជា​មួយ​គ្នា ជា​ជាង​រៀប​ការ​នោះ បាន​កើន​ដល់​៨០​ភាគ​រយ[ក្នុង​សហរដ្ឋ​អាមេរិក] រវាង​ឆ្នាំ​១៩៨០​និង​១៩៩១»។ នេះ​មិន​គ្រាន់​តែ​បាតុភូត​នៃ​អាមេរិក​ខាង​ជើង​ប៉ុណ្ណោះ​ទេ។ ទស្សនាវដ្ដី សប្ដាហ៍​ប្រចាំ​អាស៊ី រាយ​ការណ៍​ថា៖ «ការ​ពិភាក្សា​ខាង​វប្បធម៌ គឺ​កំពុង​តែ​ឆេះ​ឆួល​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ទាំង​ឡាយ​ទូទាំង[អាស៊ី]។ បញ្ហា​គឺ​សេរី​ភាព​ខាង​ការ​សេព​មេថុន ប្រឆាំង​ទាស់​នឹង​តម្លៃ​ខាង​ទំនៀម​ទម្លាប់ ហើយ​ការ​បង្ខិត​បង្ខំ​ឲ្យ​ផ្លាស់​ប្ដូរ គឺ​មាន​ឡើង​បន្ដិច​ម្ដង​ៗ»។ ស្ថិតិ​លេខ​បង្ហាញ​នូវ​ការ​ទទួល​ស្គាល់​នៃ​ការ​ផិត​គ្នា និង​ការ​សេព​មេថុន​មុន​រៀប​ការ​ក្នុង​ប្រទេស​ជា​ច្រើន។

១៥ ព្រះ​គម្ពីរ​បាន​ទាយ​ប្រាប់​ថា​សកម្មភាព​របស់​សាតាំង នឹង​មាន​ខ្លាំង​ឡើង​ក្នុង​សម័យ​យើង។ (វិវរណៈ ១២:១២) ដូច្នេះ នេះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ ដែល​អបាយមុខ​គឺ​មាន​កាន់​តែ​ច្រើន​ឡើង​នោះ។ ឧទាហរណ៍ ការ​ជញ្ជក់​ប្រយោជន៍​កាម​ពី​កូន​ក្មេង បាន​រាល​ដាល​ដល់​កំរិត​យ៉ាង​ខ្លាំង។a បេឡា​កូន​ក្មេង​នៃ​អង្គការ​សហប្រជាជាតិ រាយ​ការណ៍​ថា៖ «ការ​ជញ្ជក់​ប្រយោជន៍​កាម​ខាង​ពាណិជ្ជកម្ម គឺ​កំពុង​តែ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ក្មេង សឹង​តែ​គ្រប់​ប្រទេស​នៃ​លោក​នេះ»។ រៀង​រាល់​ឆ្នាំ «មាន​កូន​ក្មេង​ជាង​មួយ​លាន​ក្នុង​លោក បាន​បង្ខំ​ឲ្យ​ចូល​ធ្វើ​ពេស្យាចារ បាន​ត្រូវ​ជួញ​និង​លក់​សំរាប់​កាម ហើយ​បាន​ប្រើក្នុង​ផលិតកម្ម​នៃ​រូប​អាសគ្រាម​កូន​ក្មេង»។ ការ​សេព​មេថុន​នឹង​ភេទ​ដូច​គ្នា​ក៏​មាន​ធម្មតា ដែល​ពួក​នយោបាយ​និង​មេ​ដឹក​នាំ​សាសនា​ខ្លះ បាន​នាំ​មុខ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រឿង​នេះ ជា«របៀប​រស់​នៅ​ផ្លូវ​ផ្សេង»។

បដិសេធ​អបាយមុខ​ទាំង​ឡាយ​នៃ​លោកីយ៍​នេះ

១៦. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ជំហរ​យ៉ាង​ណា អំពី​សីលធម៌​កាម?

១៦ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​សម​ស្រប​នឹង​អស់​អ្នក ដែល​គាំទ្រ​ខ្នាត​គំរូ​ដ៏​បណ្ដែត​បណ្ដោយ​នៃ​សីលធម៌​ខាង​កាម​នោះ​ឡើយ។ ទីតុស ២:១១, ១២ ចែង​ថា៖ «ព្រះ​គុណ​នៃ​ព្រះ ដែល​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង​ឡាយ បាន​លេច​មក​ហើយ ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នា ឲ្យ​លះ​ចោល​សេចក្ដី​ទមិល​ល្មើស​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់​ធ្ងរ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​វិញ»។ ត្រូវ​ហើយ យើង​បណ្ដុះ​ការ​ស្អប់ គឺ​ការ​ស្អប់​ខ្ពើម នៃ​អបាយមុខ​ទាំង​នេះ ដូច​ជា​ការ​សេព​មេថុន​មុន​រៀប​ការ ការ​ផិត​គ្នា និង​ការ​សេព​មេថុន​នឹង​ភេទ​ដូច​គ្នា។b (រ៉ូម ១២:៩; អេភេសូរ ៥:៣​-​៥) ប៉ុល​បាន​ផ្ដល់​ឲ្យ​ការ​ដាស់​តឿន​នេះ​ថា៖ «ចូរ​ឲ្យ​អស់​អ្នក​ដែល​ចេញ​ព្រះ​នាម​ព្រះ​អម្ចាស់ ថយ​ចេញ​ពី​សេចក្ដី​ទុច្ចរិត​ទៅ»។—ធីម៉ូថេ​ទី​២ ២:១៩

១៧. តើ​ពួក​គ្រីស្ទាន​ពិត​មាន​ទស្សនៈ​យ៉ាង​ណា អំពី​ការ​ប្រើ​ស្រា?

១៧ ពួក​គ្រីស្ទាន​ពិត​បដិសេធ​ចោល​ទស្សនៈ​លោកីយ៍​នៃ​អបាយមុខ ដែល​ហាក់​ដូច​ជា​មិន​សំខាន់​នោះ។ ឧទាហរណ៍ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ការ​ប្រើ​ជាតិ​ស្រា​ហួស​ហេតុ ជា​អ្វី​ដែល​កំសាន្ត​សប្បាយ​ចិត្ត។ ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​ឱវាទ​ក្នុង​អេភេសូរ ៥:១៨ ដែល​ចែង​ថា៖ «កុំ​ឲ្យ​ស្រវឹង​ស្រា ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​វិញ»។ បើ​គ្រីស្ទាន​ម្នាក់​សម្រេច​ចិត្ត​ទទួល​ទាន​ស្រា គាត់​ធ្វើ​ដោយ​មាន​ការ​ចេះ​ប្រមាណ។—សុភាសិត ២៣:២៩​-​៣២

១៨. តើ​គោល​ការណ៍​ព្រះ​គម្ពីរ​ដឹក​នាំ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​ប្រព្រឹត្ត​លើ​សមាជិក​គ្រួសារ​គេ​ដូច​ម្ដេច?

១៨ ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា យើង​ក៏​បដិសេធ​ចោល​ទស្សនៈ​នៃ​មនុស្ស​ខ្លះ​ក្នុង​លោក​នេះ ដែល​ថា​ការ​ស្រែក​គំហក​ដាក់​គូ​ខ្លួន ដាក់​កូន​ចៅ ឬ​ជេរ​ប្រមាថ​ដោយ​ពាក្យ​បញ្ឈឺ​គេ ជា​ការ​អាកប្បកិរិយា​ត្រឹម​ត្រូវ។ ដោយ​មាន​ចិត្ត​ប្ដេជ្ញា​ចង់​បាន​គុណធម៌​ល្អ ប្ដី​ប្រពន្ធ​គ្រីស្ទាន​ទាំង​ឡាយ​រួម​ដៃ​គ្នា ក្នុង​ការ​អនុវត្ត​តាម​ឱវាទ​របស់​ប៉ុល៖ «ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្ដី​ជូរ​ល្វីង ក្ដៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ។ ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ​គ្រីស្ទ​ដែរ»។—អេភេសូរ ៤:៣១, ៣២

១៩. តើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​មាន​អបាយមុខ​ច្រើន​ទេ?

១៩ ភាព​មិន​ស្មោះ​ត្រង់ ការ​បន្លំ ការ​ភូត​ភរ និង​កលល្បិច​ជំនួញ​ដែល​គ្មាន​មេត្ដា និង​ការ​លួច ក៏​មាន​ពាស​ពេញ​សព្វ​ថ្ងៃ​នេះ។ អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ជំនួញ CFO រាយ​ការណ៍​ថា៖ «ស្ទង់​មតិ​មហា​ជន​នៃ​អ្នក​ធ្វើ​ការ​៤,០០០​នាក់ . . . បាន​ឃើញ​ថា​៣១​ភាគ​រយ​នៃ​បុគ្គល​ដែល​បាន​សួរ​នោះ បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ‹កិរិយា​មិន​ត្រឹម​ត្រូវ​ដ៏​ធ្ងន់​ធ្ងរ› ក្នុង​កំឡុង​ឆ្នាំ​មុន»។ កិរិយា​មិន​ត្រឹម​ត្រូវ​បែប​នេះ រួម​បញ្ចូល​ការ​ភូត​ភរ កែ​បន្លំ​ឯកសារ ការ​បី​ឌា​យាយី​ខាង​កាម និង​ការ​លួច។ ប្រសិន​បើ​យើង​ចង់​រក្សា​ការ​ស្អាត​បាត​ខាង​សីលធម៌​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ជៀស​វាង​ចរិយា​បែប​នេះ និង​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​ធ្វើ​ជំនួញ​របស់​យើង។—មីកា ៦:១០, ១១

២០. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ត្រូវ​ការ​ឲ្យ​រួច​ផុត​ពី«ការ​ស្រឡាញ់​ប្រាក់»?

២០ សូម​ពិចារណា​មើល​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​បុរស​ម្នាក់​ដែល​បាន​គិត​ថា គាត់​នឹង​មាន​ពេល​វេលា​ច្រើន​សំរាប់​កិច្ច​បំរើ​ព្រះ ប្រសិន​បើ​គាត់​ធ្វើ​ឲ្យ​បាន​ចំណេញ​ខាង​ពាណិជ្ជកម្ម។ គាត់​បាន​នាំ​អ្នក​ដទៃ​ឲ្យ​ចូល​ក្នុង​គម្រោង​ការ​វិនិយោគ​មួយ ដោយ​និយាយ​ពន្លើស​យ៉ាង​ខ្លាំង​ពី​ការ​ចំណេញ​របស់​គេ។ នៅ​ពេល​ដែល​ឥត​មាន​ចំណេញ​នោះ គាត់​បាន​ក្លាយ​ទៅ​ពិបាក​ចិត្ត​ណាស់ ក្នុង​ការ​សង​ការ​ខាត​ប្រាក់​ជា​ច្រើន បាន​ជា​គាត់​បាន​លួច​លុយ​ដែល​គេ​បាន​ផ្ដាក់​ផ្ទុក​នឹង​គាត់។ ដោយ​សារ​សកម្មភាព​និង​អាកប្បកិរិយា​ដ៏​មិន​ប្រែ​ចិត្ត​របស់​គាត់ គាត់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ចេញ​ពី​ក្រុម​ជំនុំ​គ្រីស្ទាន។ ពិត​ប្រាកដ​ហើយ ដែល​ការ​ព្រមាន​របស់​ព្រះ​គម្ពីរ ចែង​ថា៖ «ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេស​ផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស នឹង​សេចក្ដី​អន្តរធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង​លោម​ឲ្យ​ឃ្លាត​ចេញ ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»!—ធីម៉ូថេ​ទី​១ ៦:៩,១០

២១. តើ​អ្វី​ជា​អាកប្បកិរិយា​ដែល​មាន​ទូទៅ ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អំណាច​ក្នុង​លោក ប៉ុន្តែ​តើ​ពួក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​ត្រូវ​ប្រព្រឹត្ត​ដូច​ម្ដេច?

២១ ពួក​មនុស្ស​ខាង​លោកីយ៍​ដែល​មាន​អំណាច​និង​ឥទ្ធិពល​នោះ តែង​តែ​ឥត​មាន​គុណធម៌ ហើយ​ស​ឲ្យ​ឃើញ​នូវ​សេចក្ដី​ពិត​នៃ​សុភាសិត​មួយ ដែល​ថា ‹អំណាច​ធ្វើ​ឲ្យ​ពុក​រលួយ›។ (សាស្ដា ៨:៩) ក្នុង​ប្រទេស​ខ្លះ ការ​សូក​ប៉ាន់ និង​បែប​បទ​នៃ​ការ​ពុក​រលួយ​ផ្សេង​ទៀត គឺ​ជា​ផ្លូវ​នៃ​ជីវិត​ក្នុង​ចំណោម​ពួក​ចៅ​ក្រម ប៉ូលិស និង​ពួក​នយោបាយ។ ប៉ុន្តែ ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ត្រូវ​តែ​មាន​គុណធម៌ ហើយ​មិន​ត្រូវ​ធ្វើ​ចៅហ្វាយ​លើ​អ្នក​ដទៃ​ឡើយ។ (លូកា ២២:២៥, ២៦) ពួក​អ្នក​ចាស់​ទុំ ព្រម​ទាំង​ពួក​ងារ​ជំនួយ មិន​មែន​បំរើ«ដោយ​ចង់​បាន​កំរៃ»ឡើយ។ ពួក​គេ​ត្រូវ​តែ​ជៀស​វាង​ការ​ប៉ង​ប្រាថ្នា​ធ្វើ​ខុស​បទ ឬ​មាន​ឥទ្ធិពល​លើ​ការ​កាត់​សេចក្ដី​របស់​គេ​សំរាប់​ប្រយោជន៍​ចំណេញ​ផ្ទាល់​ខ្លួន។—ពេត្រុស​ទី​១ ៥:២; និក្ខមនំ ២៣:៨; សុភាសិត ១៧:២៣; ធីម៉ូថេ​ទី​១ ៥:២១

២២. តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​អ្វី?

២២ បើ​គិត​ឲ្យ​សព្វ​គ្រប់​ទៅ ពួក​គ្រីស្ទាន​មាន​ការ​ជោគ​ជ័យ​ក្នុង​ការ​បំពេញ​លើ​ផល​វិបាក នៃ​ការ​រក្សា​គុណធម៌​ក្នុង​លោក​ដែល​ពេញ​ទៅ​ដោយ​អបាយមុខ។ ប៉ុន្តែ គុណធម៌​មិន​គ្រាន់​មាន​ន័យ​ថា​ឲ្យ​ជៀស​វាង​ពី​អំពើ​អាក្រក់​ទេ។ អត្ថបទ​ជា​បន្ទាប់​របស់​យើង​នឹង​ពិគ្រោះ ថា​តើ​ការ​បណ្ដុះ​គុណធម៌​នឹង​តម្រូវ​អ្វី​ពី​យើង។

[កំណត់​សម្គាល់]

a សូម​មើល​អត្ថបទ «ការ​ពារ​កូន​ចៅ​របស់​អ្នក» ក្នុង​ទស្សនាវដ្ដី ភ្ញាក់​រឭក! នៃ ៨ តុលា ១៩៩៣(ភាសា​អង់គ្លេស)

b ពួក​អ្នក​ដែល​សេព​មេថុន​នឹង​ភេទ​ដូច​គ្នា ក្នុង​គ្រា​អតីតកាល អាច​ផ្លាស់​ប្រែ​អាកប្បកិរិយា​របស់​គេ ដូច​ពួក​អ្នក​ខ្លះ​ដែល​បាន​ធ្វើ​ក្នុង​សតវត្ស​ទី​មួយ​ដែរ។ (កូរិនថូស​ទី​១ ៦:១១) ពត៌មាន​ដ៏​មាន​ប្រយោជន៍​បាន​បង្ហាញ​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! នៃ ២២ មីនា ១៩៩៥ ទំព័រ ២១​-​៣ (ភាសា​អង់គ្លេស)

ចំណុច​សំរាប់​ពិនិត្យ​សា​ឡើង​វិញ

◻ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​កំទេច​ពួក​កាណាន?

◻ តើ​អបាយមុខ​អ្វី​ខ្លះ​ដែល​មាន​ក្នុង​សតវត្ស​ទី​មួយ ហើយ​តើ​ពួក​គ្រីស្ទាន​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ក្នុង​បរិវេណ​បែប​នេះ?

◻ តើ​មាន​ទី​សំអាង​អ្វី ដែល​ថា​លោក​នេះ​បាន​ឃើញ​នូវ​ការ​ចុះ​អាប់​ឱន​ខាង​សីលធម៌​តាំង​ពី​ឆ្នាំ​១៩១៤?

◻ តើ​អបាយមុខ​ទូទៅ​ណា​ខ្លះ ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​បដិសេធ​ចោល?

[រូប​ភាព​នៅ​ទំព័រ​២១]

ពួក​គ្រីស្ទាន​ក្នុង​សតវត្ស​ទី​មួយ​ប្រកប​ដោយ​គុណធម៌ ទោះ​បី​គេ​បាន​រស់​នៅ​ក្នុង​លោក​ដែល​ពេញ​ទៅ​ដោយ​អបាយមុខ​ក៏​ដោយ

[រូប​ភាព​នៅ​ទំព័រ​២២]

អបាយមុខ​ក៏​មាន​ជ្រាប​ចូល​ក្នុង​បណ្ដាញ​កុំព្យូទ័រ​ដែរ ដោយ​ផ្ដល់​ឲ្យ​ក្មេង​ជា​ច្រើន​និង​អ្នក​ដទៃ​មើល​រូប​អាសគ្រាម

[រូប​ភាព​នៅ​ទំព័រ​២៤]

ពួក​គ្រីស្ទាន​ត្រូវ​តែ​រក្សា​គុណធម៌ មិន​ធ្វើ​តាម​កលល្បិច​ដែល​ឥត​ស្មោះ​ត្រង់​នៃ​អ្នក​ដទៃ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក