បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១១ ទំ. ១៣-១៨
  • ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច!
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​មាន​ចិត្ត​អាណិត​អាសូរ
  • បង្ហាញ​ការ​អបអរ
  • ការ​ប្រព្រឹត្ត​នៃ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ
  • ចូរតាំងចិត្ត«បន្តស្រឡាញ់គ្នាជាបងប្អូន»!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • របៀបរក្សាសេចក្ដីស្រឡាញ់ឲ្យខ្លាំងចំពោះគ្នាទៅវិញទៅមក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១១ ទំ. ១៣-១៨

ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជា​និច្ច!

«ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជា​និច្ច»។—ហេព្រើរ ១៣:១

១. តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា ក្នុង​ការ​រក្សា​ឲ្យ​មាន​ភ្លើង​ឆេះ​ក្នុង​រាត្រី​ដ៏​ត្រជាក់ ហើយ​តើ​ភារកិច្ច​ស្រដៀង​គ្នា​យ៉ាង​ណា ដែល​យើង​គ្រប់​គ្នា​មាន?

សូម​គិត​ថា អ្នក​រស់​នៅ​កន្លែង​ត្រជាក់​ដ៏​មាន​គ្រោះ​ថ្នាក់​ណាស់​នៅ​ខាង​ក្រៅ ហើយ​ធាតុ​កំដៅ​គឺ​ថយ​ចុះ​ទាប។ ប្រភព​កំដៅ​តែ​មួយ​ក្នុង​ផ្ទះ​របស់​អ្នក គឺ​ភ្លើង​លាន់​ប្រឹប​ៗ​ក្នុង​ជើង​ក្រាន។ ជីវិត​ទាំង​ឡាយ​គឺ​ពឹង​លើ​ក្នុង​ការ​ឲ្យ​មាន​ភ្លើង​ជា​និច្ច។ តើ​អ្នក​នឹង​គ្រាន់​តែ​អង្គុយ​ហើយ​មើល​អណ្ដាត​ភ្លើង​រលត់​ទៅ ហើយ​រងើក​ភ្លើង​ក្រហម​ក្លាយ​ទៅ​ជា​ផេះ​ឬ? គឺ​ប្រាកដ​ជា​មិន​មែន​ទេ។ អ្នក​នឹង​ខំ​ដោយ​មិន​ចេះ​ហត់​ក្នុង​ការ​ដាក់​ឱ​ស កុំ​ឲ្យ​ភ្លើង​នោះ​រលត់​ទៅ។ ក្នុង​ន័យ​មួយ យើង​ម្នាក់​ៗ​ក៏​មាន​មុខ​ងារ​ដូច​នេះ​ដែរ ពេល​ស្តី​អំពី«ភ្លើង»ដ៏​សំខាន់​ជាង​នោះ—ជា​ភ្លើង​ដែល​នឹង​ត្រូវ​ឆេះ​ក្នុង​ចិត្ត​របស់​យើង គឺ—សេចក្ដី​ស្រឡាញ់។

២. (ក) ហេតុ​អ្វី​ក៏​អាច​និយាយ​ថា សេចក្ដី​ស្រឡាញ់​បាន​ក្លាយ​ទៅ​ជា​រសាយ​អស់​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ? (ខ) តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រីស្ទាន​ពិត​មាន​សារៈ​សំខាន់​យ៉ាង​ណា?

២ យើង​រស់​នៅ​ក្នុង​គ្រា ដូច​ព្រះ​យេស៊ូ​បាន​ទាយ​ជា​យូរ​យារ​មក​ហើយ ពេល​ដែល​សេចក្ដី​ស្រឡាញ់​បាន​រសាយ​អស់ ក្នុង​ចំណោម​អស់​អ្នក​ដែល​អះអាង​ជា​គ្រីស្ទាន​នៅ​ជុំ​វិញ​ពិភព​លោក។ (ម៉ាថាយ ២៤:១២) ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​សេចក្ដី​ស្រឡាញ់ ដែល​សំខាន់​ជាង​គេ​បំផុត ជា​សេចក្ដី​ស្រឡាញ់​សំរាប់​ព្រះ​យេហូវ៉ា​និង​បន្ទូល​របស់​ទ្រង់ ព្រះ​គម្ពីរ។ សេចក្ដី​ស្រឡាញ់​ផ្សេង​ទៀត ក៏​កាន់​តែ​ចុះ​ថយ​ច្រើន​ឡើង​ដែរ។ ព្រះ​គម្ពីរ​បាន​ទាយ​ប្រាប់​ថា​ក្នុង«ថ្ងៃ​ជាន់​ក្រោយ​បង្អស់» មនុស្ស​ជា​ច្រើន​នឹង«មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) នេះ​គឺ​ជា​ការ​ជាក់​ស្តែង​មែន! គ្រួសារ​ត្រូវ​តែ​ជា​កន្លែង​នៃ​សេចក្ដី​ស្រឡាញ់​ធម្មតា ប៉ុន្តែ សូម្បី​តែ​ក្នុង​កន្លែង​នេះ ក៏​មាន​អំពើ​ឃោរឃៅ​និង​ការ​រំលោភ​ដែរ—ពេល​ខ្លះ​គឺ​មាន​អំពើ​ឃោរឃៅ​ដ៏​គួរ​ឲ្យ​រន្ធត់—ដែល​បាន​ក្លាយ​ទៅ​ជា​មាន​ទូទៅ។ ប៉ុន្តែ ក្នុង​បរិយាកាស​ដ៏​ឥត​មេត្ដា​នេះ ពួក​គ្រីស្ទាន​បាន​បង្គាប់ មិន​គ្រាន់​តែ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តែ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​បូជា​ខ្លួន ដោយ​ចាត់​ទុក​អ្នក​ដទៃ​សំខាន់​ជាង​ខ្លួន។ យើង​ត្រូវ​តែ​សម្ដែង​សេចក្ដី​ស្រឡាញ់ តាម​បែប​បទ​ដ៏​ច្បាស់ ដើម្បី​ឲ្យ​មនុស្ស​ឃើញ ថា​សញ្ញា​សម្គាល់​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន​ពិត។—យ៉ូហាន ១៣:៣៤, ៣៥

៣. តើ​អ្វី​ទៅ​ជា​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន ហើយ​តើ​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ​បន្ត​ឲ្យ​មាន​ជា​និច្ច?

៣ សាវ័ក​ប៉ុល​បាន​បណ្ដាល​ឲ្យ​ចេញ​សេចក្ដី​បង្គាប់​នេះ​ថា៖ «ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជា​និច្ច»។ (ហេព្រើរ ១៣:១) យោង​ទៅ​តាម​ប្រកាសនវត្ថុ​មួយ​ខាង​អ្នក​ប្រាជ្ញ ពាក្យ​ក្រិក​ដែល​បាន​បក​ប្រែ​នៅ​ទី​នេះ «សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន» (phi·la·del·phi​ʹ​a) «សំដៅ​ទៅ​សេចក្ដី​ស្រឡាញ់​ដែល​បញ្ចេញ​ឲ្យ​ឃើញ បង្ហាញ​សេចក្ដី​សប្បុរស សមានចិត្ត ផ្ដល់ជំនួយ»។ ហើយ តើ​ប៉ុល​មាន​ន័យ​យ៉ាង​ណា ពេល​ដែល​គាត់​មាន​ប្រសាសន៍​ថា យើង​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ​ជា​និច្ច? ប្រកាសនវត្ថុ​ដដែល​នេះ ចែង​ថា៖ «គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​ជា​សោះ​កក្រោះ​ឡើយ»។ ដូច្នេះ ការ​មាន​សមានចិត្ត​ចំពោះ​បង​ប្អូន​របស់​យើង គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ។ ម្យ៉ាង​ទៀត យើង​ត្រូវ​តែ​បន្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នេះ​ជា​និច្ច មិន​ឲ្យ​ទៅ​ជា​សោះ​កក្រោះ​ឡើយ។ តើ​ជា​ការ​ពិបាក​មួយ​ទេ? ត្រូវ​ហើយ ប៉ុន្តែ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន ហើយ​ឲ្យ​រក្សា​ទុក។ សូម​ឲ្យ​យើង​ពិចារណា​មើល​វិធី​បី​យ៉ាង ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភ្លើង​នៃ​សេចក្ដី​ស្រឡាញ់​នេះ​ក្នុង​ចិត្ត​របស់​យើង។

ចូរ​មាន​ចិត្ត​អាណិត​អាសូរ

៤. តើ​ចិត្ត​អាណិត​អាសូរ​ជា​អ្វី?

៤ ប្រសិន​បើ​អ្នក​ចង់​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​សំរាប់​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក ទី​មួយ អ្នក​ប្រហែល​ជា​ត្រូវ​មាន​ការ​យល់​គេ ឲ្យ​យល់​ចិត្ត​ជា​មួយ​គេ ក្នុង​សេចក្ដី​ទុក្ខ​លំបាក​ដែល​គេ​ប្រឈម​មុខ​ក្នុង​ជីវិត។ សាវ័ក​ពេត្រុស​បាន​ឲ្យ​យោបល់​នេះ ពេល​គាត់​បាន​សរសេរ​ថា៖ «ក្រោយ​បង្អស់​នេះ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិត​អាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន នឹង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​សុភាព»។ (ពេត្រុស​ទី​១ ៣:៨) ពាក្យ​ក្រិក​ដែល​បាន​ប្រើ​នៅ​ទី​នេះ​សំរាប់«មាន​ចិត្ត​អាណិត​អាសូរ» ឲ្យ​ន័យ​ថា«រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា»។ ប្រភព​មួយ​ស្តី​អំពី​គម្ពីរ​ក្រិក បាន​ចែង​អំពី​ពាក្យ​នេះ​ថា៖ «គឺ​រៀប​រាប់​ពី​សភាព​នៃ​គំនិត ពេល​ដែល​យើង​អារម្មណ៍​នៃ​ពួក​អ្នក​ដទៃ ដូច​ជា​របស់​យើង​ផ្ទាល់»។ ដូច្នេះ គឺ​ត្រូវ​ការ​ការ​យល់​ចិត្ត។ អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចាស់​ម្នាក់​របស់​ព្រះ​យេហូវ៉ា ពេល​មួយ​មាន​ប្រសាសន៍​ថា៖ «ការ​យល់​ចិត្ត​ជា​ការ​ឈឺ​ចាប់​របស់​អ្នក ក្នុង​ចិត្ត​របស់​ខ្ញុំ»។

៥. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​អាណិត​អាសូរ?

៥ តើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​អាណិត​អាសូរ​ទេ? ប្រាកដ​ហើយ។ ជា​ឧទាហរណ៍ យើង​អាន​អំពី​សេចក្ដី​ទុក្ខ​វេទនា​នៃ​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ថា៖ «ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ»។ (អេសាយ ៦៣:៩) ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ទត​បញ្ហា​របស់​គេ​ទេ ទ្រង់​មាន​ព្រះ​ទ័យ​រួម​ទុក្ខ​សំរាប់​រាស្ត្រ។ ចំពោះ​ការ​មាន​ទុក្ខ​យ៉ាង​ណា គឺ​បាន​ពន្យល់​ដោយ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​កត់​ទុក​មក​ក្នុង​សាការី ២:៨៖ «អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាល់​ដល់​ប្រស្រី​ព្រះ​នេត្រ​នៃ​ទ្រង់​ហើយ»។a អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​កត់​សម្គាល់​ចំពោះ​ខ​នេះ​ថា៖ «ភ្នែក​ជា​រចនា​សម្ព័ន្ធ​ដ៏​ស្មុគ​ស្មាញ ហើយ​ដ៏​ប្រណិត​មួយ​នៃ​រូប​កាយ​មនុស្ស។ ហើយ​រន្ធ​ប្រស្រី​នៃ​ភ្នែក—រន្ធ​ដែល​ឲ្យ​រស្មី​ចូល​សំរាប់​ចក្ខុ​ការ​នោះ—គឺ​ជា​ចំណែក​មួយ​ក្នុង​រចនា​សម្ព័ន្ធ​នោះ ដែល​ឆាប់​មាន​ប្រតិកម្ម​ជាង​គេ ព្រម​ទាំង​សំខាន់​បំផុត​មួយ​ដែរ។ គ្មាន​អ្វី​មួយ​ដែល​អាច​ពន្យល់​ឲ្យ​បាន​ច្បាស់​នៃ​ការ​មើល​ថែ​រក្សា​ដ៏​ថ្នាក់​ថ្នម​នៃ​ព្រះ​យេហូវ៉ា ចំពោះ​អ្វី​ដែល​ទ្រង់​ស្រឡាញ់​នោះ​ឡើយ»។

៦. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្ហាញ​ចិត្ត​អាណិត​អាសូរ?

៦ ព្រះ​យេស៊ូ​ក៏​បាន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដ៏​ជ្រាល​ជ្រៅ​ដែរ។ ទ្រង់​មាន«ព្រះ​ហឫទ័យ​ក្ដួល​អាណិត» ជា​ច្រើន​ដង​លើ​សេចក្ដី​ទុក្ខ​វេទនា​នៃ​មនុស្ស ដែល​ឈឺ​ឬ​មាន​បញ្ហា​នោះ។ (ម៉ាកុស ១:៤១; ៦:៣៤) ទ្រង់​បាន​បញ្ជាក់​ថា ពេល​ដែល​អ្នក​ណា​មួយ​មិន​ប្រព្រឹត្ត​លើ​ពួក​អ្នក​ចាក់​ប្រេង​តាំង​នៃ​ទ្រង់​ដោយ​សប្បុរស ទ្រង់​មាន​អារម្មណ៍​ហាក់​ដូច​ជា​ទទួល​ការ​ប្រព្រឹត្ត​នោះ​មក​លើ​ទ្រង់​ផ្ទាល់។ (ម៉ាថាយ ២៥:៤១​-​៤៦) ហើយ​សព្វ​ថ្ងៃ​នេះ ជា«សម្ដេច​សង្ឃ»នៅ​ស្ថាន​សួគ៌​របស់​យើង ទ្រង់​ជា​បុគ្គល​ដែល«អាច​នឹង​អាណិត​អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង»។—ហេព្រើរ ៤:១៥

៧. តើ​តាម​របៀប​ណា​ដែល​ចិត្ត​អាណិត​អាសូរ​អាច​ជួយ​យើង ពេល​ដែល​បង​ប្រុស​ឬ​ស្រី​ម្នាក់​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត?

៧ «អាណិត​អាសូរ​ដល់​សេចក្ដី​កំសោយ​របស់​យើង»—តើ​នេះ​មិន​ជា​អ្វី​ដែល​អាច​សម្រាល​ទុក្ខ​យើង​ទេ​ឬ? បើ​ដូច្នេះ យើង​ប្រាកដ​ជា​ចង់​ធ្វើ​បែប​នេះ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ប្រាកដ​ហើយ គឺ​ជា​ការ​ស្រួល​ណាស់ ក្នុង​ការ​រក​ភាព​ទន់​ខ្សោយ​នៃ​អ្នក​ដទៃ។ (ម៉ាថាយ ៧:៣​-​៥) ប៉ុន្តែ ពេល​ក្រោយ​ដែល​បង​ប្អូន​ប្រុស​ស្រី​ធ្វើ​ឲ្យ​អ្នក​អាក់​អន់​ចិត្ត ហេតុ​អ្វី​ក៏​មិន​សាក​វិធី​នេះ​ទៅ? សូម​គិត​ថា អ្នក​ក្នុង​កាលៈទេសៈ​របស់​បុគ្គល​នោះ ដោយ​មាន​ប្រវត្ដិ​ដូច​គ្នា មាន​បុគ្គលិក​លក្ខណៈ​នោះ ដែល​ពុះ​ពារ​កំហុស​ផ្ទាល់​ខ្លួន​ដូច​គ្នា។ តើ​អ្នក​អាច​ដឹង​ប្រាកដ​ថា អ្នក​នឹង​មិន​ធ្វើ​កំហុស​ដូច​នោះ​ទេ​ឬ—ឬ​ប្រហែល​ជា​ធ្ងន់​ជាង​នោះ​ផង? ជា​ជាង​សង្ឃឹម​ចង់​បាន​តែ​ពី​អ្នក​ដទៃ​ហួស​ហេតុ​ពេក យើង​ត្រូវ​មាន​ចិត្ត​អាណិត​អាសូរ ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​សម​ហេតុផល ដូច​ព្រះ​យេហូវ៉ា ដែល‹ចាំ​ថា​យើង​ជា​ដី›។ (ទំនុកដំកើង ១០៣:១៤; យ៉ាកុប ៣:១៧) ទ្រង់​ជ្រាប​អំពី​កំរិត​របស់​យើង។ ទ្រង់​មិន​ដែល​ប្រាថ្នា​ចង់​បាន​នូវ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​នោះ​ឡើយ។ (ប្រៀប​ធៀប ពង្សាវតារ​ក្សត្រ​ទី​១ ១៩:៥​-​៧) សូម​ឲ្យ​យើង​គ្រប់​គ្នា​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

៨. តើ​យើង​ត្រូវ​ប្រព្រឹត្ត​ដូច​ម្ដេច ពេល​ដែល​បង​ប្រុស​ឬ​ស្រី​ម្នាក់​កំពុង​តែ​ឆ្លង​កាត់​សេចក្ដី​វេទនា?

៨ ប៉ុល​បាន​សរសេរ​ថា ក្រុម​ជំនុំ​គឺ​ប្រៀប​ដូច​ជា​រូប​កាយ​មួយ ដែល​មាន​អវយវៈ​ផ្សេង​ៗ ដែល​ត្រូវ​តែ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​ឯកភាព។ គាត់​មាន​ប្រសាសន៍​ថា៖ «បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា»។ (កូរិនថូស​ទី​១ ១២:១២​-​២៦) យើង​ត្រូវ​តែ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា ឬ​យល់​ចិត្ត​ជា​មួយ​អ្នក​ដែល​កំពុង​តែ​ឆ្លង​កាត់​សេចក្ដី​វេទនា។ ពួក​អ្នក​ចាស់​ទុំ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ធ្វើ​បែប​នេះ។ ប៉ុល​ក៏​បាន​សរសេរ​ថា៖ «តើ​អ្នក​ឯ​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​បាន​ខ្សោយ​ផង? តើ​អ្នក​ឯ​ណា​អាក់​អន់​ចិត្ត ហើយ​ខ្ញុំ​មិន​ឈឺឆ្អាល​ផង»? (កូរិនថូស​ទី​២ ១១:២៩) ពួក​អ្នក​ចាស់​ទុំ​និង​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ធ្វើ​តម្រាប់​តាម​ប៉ុល​ក្នុង​រឿង​នេះ។ ក្នុង​ការ​អធិប្បាយ និង​កិច្ច​ការ​គង្វាល​របស់​គេ ព្រម​ទាំង​ក្នុង​បញ្ហា​នៃ​ការ​វិនិច្ឆ័យ ពួក​គេ​ខំ​ប្រឹង​បង្ហាញ​ចិត្ត​អាណិត​អាសូរ។ ប៉ុល​បាន​ឲ្យ​យោបល់​ថា៖ «យំ ជា​មួយ​នឹង​អ្នក​ណា​ដែល​យំ​ផង»។ (រ៉ូម ១២:១៥) ពេល​ដែល​ចៀម​ដឹង​ថា អ្នក​គង្វាល​ពិត​ជា​យល់​ចិត្ត យល់​ដល់​កំរិត​របស់​គេ និង​រួម​ទុក្ខ​សោក​ជា​មួយ​នឹង​សេចក្ដី​លំបាក​ដែល​គេ​ប្រឈម​មុខ ធម្មតា​គេ​នឹង​ទទួល​ឱវាទ ការ​ដឹក​នាំ និង​ទូន្មាន​យ៉ាង​ស្រួល។ ពួក​គេ​នឹង​មក​ប្រជុំ​ដោយ​ខ្នះ​ខ្នែង ដោយ​ទុក​ចិត្ត​ថា​គេ​នឹង​រក​បាន‹ការ​ត្រជាក់​សំរាប់​ជីវិត​របស់​គេ›។—ម៉ាថាយ ១១:២៩

បង្ហាញ​ការ​អបអរ

៩. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា ទ្រង់​អបអរ​នូវ​របស់​ល្អ​ៗ​ពី​យើង?

៩ វិធី​ទី​ពីរ​ដើម្បី​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន គឺ​តាម​រយៈ​ការ​អបអរ។ ដើម្បី​អបអរ​អ្នក​ដទៃ យើង​ត្រូវ​តែ​សំដៅ​ទៅ​លើ ហើយ​ឲ្យ​តម្លៃ​ដល់​គុណសម្បត្ដិ​ល្អ​ៗ​និង​ការ​ខំ​ប្រឹង​របស់​គេ។ ពេល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​ធ្វើ​តាម​តម្រាប់​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់។ (អេភេសូរ ៥:១) រៀង​រាល់​ថ្ងៃ ទ្រង់​អភ័យ​ទោស​បាប​ជា​ច្រើន​របស់​យើង។ ទ្រង់​ថែម​ទាំង​អត់​ឱន​ទោស​ឲ្យ​អំពើ​បាប​ធ្ងន់​ផង ឲ្យ​តែ​មាន​ការ​ប្រែ​ចិត្ត​ស្មោះ​នោះ។ រួច​មក ពេល​ដែល​ទ្រង់​អត់​ឱន​ទោស​យើង​ហើយ ទ្រង់​មិន​គិត​លើអំពើ​បាប​ទាំង​នោះ​ទេ។ (អេសេគាល ៣៣:១៤​-​១៦) អ្នក​តែង​បទ​ទំនុកដំកើង​បាន​សួរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ បើ​សិន​ជា​ទ្រង់​កត់​ចំណាំ​អស់​ទាំង​អំពើ​ទុច្ចរិត នោះ ឱ​ព្រះ​អម្ចាស់​អើយ តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន»? (ទំនុកដំកើង ១៣០:៣) អ្វី​ដែល​ព្រះ​យេហូវ៉ា​សំដៅ​ទៅ​លើ​គឺ​របស់​ដ៏​ល្អ​ដែល​យើង​ធ្វើ​ក្នុង​ការ​បំរើ​ទ្រង់។—ហេព្រើរ ៦:១០

១០. (ក) ហេតុ​អ្វី​ក៏​មាន​គ្រោះ​ថ្នាក់​ដល់​ប្ដី​ប្រពន្ធ បើ​បាត់​បង់​ការ​អបអរ​សំរាប់​គ្នា​នោះ? (ខ) តើ​អ្វី​ដែល​បុគ្គល​ម្នាក់​ត្រូវ​តែ​ធ្វើ បើ​បាត់​បង់​ការ​អបអរ​ចំពោះ​គូរ​ខ្លួន?

១០ ជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​តាម​គំរូ​នេះ​ក្នុង​គ្រួសារ។ ពេល​ដែល​ឪពុក​ម្ដាយ​បង្ហាញ​ថា គេ​អបអរ​គ្នា គេ​ស្ថាបនា​គំរូ​សំរាប់​គ្រួសារ​ដែរ។ ក្នុង​សម័យ​នៃ​អាពាហ៍ពិពាហ៍​ដែល​មាន​រយៈ​តែ​ខ្លី​នេះ ជា​ការ​ស្រួល​ណាស់ ដោយ​មិន​ខ្វល់​នឹង​គូ​ខ្លួន ហើយ​ក្នុង​ពង្រីក​កំហុស និង​បន្ថោក​លក្ខណៈ​ល្អ​ៗ។ គំនិត​អវិជ្ជមាន​បែប​នេះ ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​បាក់​បែក ដោយ​ធ្វើ​ទៅ​ជា​បន្ទុក​ដ៏​គ្មាន​អំណរ។ ប្រសិន​បើ​ការ​អបអរ​របស់​អ្នក​ចំពោះ​គូ គឺ​កំពុង​តែ​ចុះ​ថយ សូម​សួរ​ខ្លួន ‹តើ​គូ​ខ្ញុំ​ពិត​ជា​ឥត​មាន​គុណសម្បត្ដិ​ល្អ​ៗ​ឬ›? សូម​គិត​នូវ​មូលហេតុ​ដែល​អ្នក​បាន​កើត​ស្នេហា​ចំពោះ ហើយ​បាន​រៀប​ការ​នោះ។ តើ​មូលហេតុ​ទាំង​អស់​ចំពោះ​សេចក្ដី​ស្រឡាញ់​បុគ្គល​ដ៏​ពិសេស​នេះ បាន​ពិត​ជា​បាត់​អស់​មែន​ឬ? ប្រាកដ​ជា​មិន​មែន​ទេ ដូច្នេះ​ចូរ​ខំ​ប្រឹង​អបអរ​នូវ​សេចក្ដី​ល្អ​ក្នុង​គូ​របស់​អ្នក ហើយ​យក​ការ​អបអរ​របស់​អ្នក​ឲ្យ​បាន​ទៅ​ជា​ពាក្យ​សំដី​ផង។—សុភាសិត ៣១:២៨

១១. បើ​ចង់​បាន​សេចក្ដី​ស្រឡាញ់​ប្ដី​ប្រពន្ធ​ដែល​ឥត​មាន​ការ​លាក់​ពុត តើ​ការ​ប្រព្រឹត្ត​អ្វី​ដែល​ត្រូវ​ជៀស​វាង?

១១ ការ​អបអរ​ក៏​ជួយ​ប្ដី​ប្រពន្ធ ឲ្យ​ទុក​សេចក្ដី​ស្រឡាញ់​របស់​គេ​ចេញ​ពី​ការ​លាក់​ពុត។ (ប្រៀប​ធៀប កូរិនថូស​ទី​២ ៦:៦; ពេត្រុស​ទី​១ ១:២២) សេចក្ដី​ស្រឡាញ់​បែប​នេះ មាន​ឡើង​ដោយ​ការ​អបអរ​ពី​ចិត្ត នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​គ្មាន​មេត្ដា​ពី​ក្រោយ​ទ្វារ មិន​ឲ្យ​មាន​ពាក្យ​សំដី​ដែល​បញ្ឈឺ​និង​ធ្វើ​ឲ្យ​អាម៉ាស់​មុខ​ទេ មិន​អនុញ្ញាត​ឲ្យ​បែរ​ស្មា​ដាក់​គូ ដែល​កន្លង​ជា​ច្រើន​ថ្ងៃ​ទៅ ដោយ​ឥត​មាន​ពាក្យ​សំដី​គួរ​សម ហើយ​គឺ​ប្រាកដ​ជា​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​ឃោរឃៅ​លើ​រូប​កាយ​ឡើយ។ (អេភេសូរ ៥:២៨, ២៩) ប្ដី​ប្រពន្ធ​ដែល​ពិត​ជា​អបអរ​គ្នា គឺ​ឲ្យ​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក។ គេ​ធ្វើ​ដូច្នេះ​មិន​គ្រាន់​តែ​នៅ​មុខ​គេ​ឯង ប៉ុន្តែ​ពេល​ណា​ក៏​ដោយ​ដែល​នៅ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា—បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​គ្រប់​ពេល​វេលា។—សុភាសិត ៥:២១

១២. ហេតុ​អ្វី​ក៏​ឪពុក​ម្ដាយ​ត្រូវ​តែ​សម្ដែង​ការ​អបអរ​ចំពោះ​សេចក្ដី​ល្អ​ក្នុង​កូន​ចៅ​របស់​គេ?

១២ កូន​ចៅ​ក៏​ត្រូវ​ការ​ដឹង ថា​ឪពុក​ម្ដាយ​អបអរ​នឹង​គេ​ដែរ។ នេះ​មិន​មាន​សេចក្ដី​ថា ឪពុក​ម្ដាយ​ត្រូវ​ឲ្យ​ពាក្យ​បញ្ជោរ​ដោយ​ឥត​ន័យ​នោះ​ទេ តែ​គេ​ត្រូវ​សរសើរ​គុណសម្បត្ដិ​ដ៏​គួរ​សរសើរ​របស់​កូន​ចៅ និង​របស់​ល្អ​ៗ​ដែល​គេ​ធ្វើ។ ចូរ​ចាំ​នូវ​គំរូ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​សម្ដែង​ការ​យល់​ព្រម​របស់​ទ្រង់​ដល់​ព្រះ​យេស៊ូ។ (ម៉ាកុស ១:១១) ចូរ​ចាំ​ដែរ​ថា គំរូ​របស់​ព្រះ​យេស៊ូ ជា«អ្នក​ចៅហ្វាយ»ក្នុង​រឿង​ប្រៀប​ប្រដូច។ ទ្រង់​បាន​សរសើរ​ដល់‹អ្នក​បំរើ​ល្អ​និង​ស្មោះ​ត្រង់›ពីរ​នាក់​ស្មើ​គ្នា ទោះ​ជា​មាន​ការ​ខុស​គ្នា​នូវ​ការ​ឲ្យ និង​អ្វី​ដែល​គេ​អាច​បង្កើត​បាន​ផល​ខុស​គ្នា​ក៏​ដោយ។ (ម៉ាថាយ ២៥:២០​-​២៣; ប្រៀប​ធៀប ម៉ាថាយ ១៣:២៣) ឪពុក​ម្ដាយ​ដែល​មាន​ប្រាជ្ញា​ក៏​រក​ផ្លូវ​ដើម្បី​បង្ហាញ​ការ​អបអរ​ដល់​កូន​និមួយ​ៗ​នៃ​គុណសម្បត្ដិ សមត្ថភាព និង​ការ​សម្រេច​ដ៏​អស្ចារ្យ​របស់​គេ។ ក្នុង​ពេល​ដំណាល​គ្នា គេ​មិន​បញ្ជាក់​ការ​សម្រេច​ហួស​ហេតុ ដែល​កូន​ចៅ​មាន​អារម្មណ៍ ថា​គេ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​គេ​នោះ។ គេ​មិន​ចង់​ឲ្យ​កូន​ចៅ​របស់​គេ​ធំ​ឡើង ដោយ​មាន​ការ​ក្ដៅ​ក្រហាយ​ឬ​បាក់​ទឹក​ចិត្ត​នោះ​ទេ។—អេភេសូរ ៦:៤; កូល៉ុស ៣:២១

១៣. តើ​អ្នក​ណា​ដែល​នាំ​មុខ​ក្នុង​ការ​បង្ហាញ​ការ​អបអរ​សំរាប់​សមាជិក​និមួយ​ក្នុង​ក្រុម​ជំនុំ?

១៣ ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ពួក​អ្នក​ចាស់​ទុំ​និង​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ជា​អ្នក​នាំ​មុខ​ក្នុង​ការ​បង្ហាញ​ការ​អបអរ ចំពោះ​សមាជិក​ម្នាក់​ៗ​នៃ​ហ្វូង​ចៀម​របស់​ព្រះ។ គេ​មាន​ភារកិច្ច​ដ៏​ពិបាក​ណាស់ ព្រោះ​គេ​ក៏​មាន​ភារកិច្ច​ធ្ងន់​ក្នុង​ការ​ទូន្មាន​ដោយ​សេចក្ដី​សុចរិត ដើម្បី​កែ​ពួក​ធ្វើ​ខុស ក្នុង​គំនិត​ដោយ​សុភាព ហើយ​ផ្ដល់​ឱវាទ​ធ្ងន់​ដល់​ពួក​អ្នក​ដែល​ត្រូវ​ការ។ តើ​តាម​របៀប​ណា​ដែល​គេ​ថ្លឹង​ថ្លែង​ភារកិច្ច​ទាំង​នេះ?—កាឡាទី ៦:១ ធីម៉ូថេ​ទី​២ ៣:១៦

១៤, ១៥. (ក) តើ​តាម​របៀប​ណា​ដែល​ប៉ុល​បង្ហា​ការ​ថ្លឹង​ថ្លែង​ក្នុង​រឿង​នៃ​ការ​ផ្ដល់​ឱវាទ? (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ត្រួត​ត្រា​ពិនិត្យ​គ្រីស្ទាន​ថ្លឹង​ថ្លែង ដើម្បី​កែ​តម្រូវ​ការ​ខុស ដោយ​ត្រូវ​ការ​ឲ្យ​ការ​សរសើរ? សូម​ពន្យល់។

១៤ គំរូ​របស់​ប៉ុល​ជា​ជំនួយ​ដ៏​ធំ​មួយ។ គាត់​ជា​គ្រូ អ្នក​ចាស់​ទុំ និង​អ្នក​គង្វាល​ដ៏​អស្ចារ្យ​ម្នាក់។ គាត់​បាន​ត្រូវ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​ក្រុម​ជំនុំ​ទាំង​ឡាយ ដែល​មាន​បញ្ហា​ធំ ហើយ​គាត់​មិន​ទប់​ដោយ​ខ្លាច ពី​ការ​ឲ្យ​ឱវាទ​ដ៏​ធ្ងន់​ធ្ងរ​នោះ​ទេ ពេល​ដែល​ត្រូវ​ការ​ឲ្យ។ (កូរិនថូស​ទី​២ ៧:៨​-​១១) ការ​ពិនិត្យ​មើល​កិច្ច​បំរើ​ផ្សាយ​របស់​ប៉ុល បង្ហាញ​ថា​គាត់ មិន​បាន​ប្រើ​ការ​ស្តី​បន្ទោស ជារបៀប​បង្រៀន​នោះ​ទេ—លើក​លែង​តែ​ស្ថានការណ៍​តម្រូវ​ឲ្យ​ធ្វើ។ ក្នុង​ការ​ធ្វើ​បែប​នេះ គាត់​បាន​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ។

១៥ បើ​កិច្ច​បំរើ​របស់​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ ប្រៀប​ដូច​នឹង​បទ​ភ្លេង​មួយ នោះ​ការ​ស្តី​បន្ទោស​នឹង​ដូច​ជា​លេខ​ភ្លេង​មួយ​ដែល​នៅ​ក្នុង​បទ​ភ្លេង។ លេខ​ភ្លេង​នោះ គឺ​សម​ត្រឹម​ត្រូវ​ក្នុង​កន្លែង​នោះ។ (លូកា ១៧:៣; ធីម៉ូថេ​ទី​២ ៤:២) ចូរ​គិត​ថា ចំ​រៀង​មាន​តែ​លេខ​ភ្លេង​មួយ លេង​ម្ដង​ហើយ​ម្ដង​ទៀត។ នេះ​នឹង​ធ្វើ​ឲ្យ​យើង​សង្កៀរ​ត្រចៀក​ណាស់។ ដូច្នេះ​ដែរ ពួក​ចាស់​ទុំ​នឹង​ខំ​បង្គ្រប់​ការ​បង្រៀន​របស់​គេ និង​បង្កើន​វា​ដោយ​ប្រភេទ​ផ្សេង​ៗ។ គេ​មិន​គ្រាន់​តែ​បង្រៀន​ដោយ​កែ​តម្រូវ​បញ្ហា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បែប​បទ​សរុប​នៃ​ការ​បង្រៀន​របស់​គេ គឺ​ការ​លើក​ទឹក​ចិត្ត។ ដូច​ព្រះ​យេស៊ូ​គ្រីស្ទ ពួក​អ្នក​ចាស់​ទុំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ មុន​ដំបូង​នឹង​រក​សេចក្ដី​ល្អ​ដើម្បី​សរសើរ មិន​រក​កំហុស​ដើម្បី​រិះ​គន់​ទេ។ គេ​អបអរ​នូវ​កិច្ច​ការ​ដ៏​ពិបាក​ដែល​ពួក​គ្រីស្ទាន​ធ្វើ។ គេ​ទុក​ចិត្ត​ថា​ទូទៅ បុគ្គល​ម្នាក់​ៗ​ខំ​ប្រឹង​ដើម្បី​បំរើ​ព្រះ​យេហូវ៉ា។ ហើយ​ពួក​ចាស់​ទុំ​នឹង​យក​ការ​យល់​បែប​នោះ ប្រែ​ទៅ​ជា​ពាក្យ​សំដី។—ប្រៀប​ធៀប ថែស្សាឡូនីច​ទី​២ ៣:៤

១៦. តើ​អាកប្បកិរិយា​ដ៏​អបអរ​និង​ដ៏​យល់​ចិត្ត​របស់​ប៉ុល មាន​ឥទ្ធិពល​អ្វី​លើ​ពួក​គ្រីស្ទាន​ទាំង​ឡាយ?

១៦ យ៉ាង​ច្បាស់​ណាស់ ពួក​គ្រីស្ទាន​ភាគ​ច្រើន​ដែល​ប៉ុល​បាន​បំរើ បាន​ដឹង​ថា​គាត់​អបអរ​ដល់​ពួក​គេ ហើយ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​គេ។ តើ​តាម​របៀប​ណា​ដែល​យើង​ដឹង? ចូរ​មើល​នូវ​របៀប​ដែល​គេ​មាន​អារម្មណ៍​ដល់​ប៉ុល។ ពួក​គេ​មិន​មាន​អារម្មណ៍​ខ្លាច​គាត់​ទេ ទោះ​ជា​គាត់​មាន​អំណាច​ធំ​ក៏​ដោយ។ ទេ គេ​បាន​ស្រឡាញ់​គាត់ ហើយ​អាច​មក​ទាក់​ទង​បាន​យ៉ាង​ស្រួល។ ពេល​ដែល​គាត់​ចាក​ចេញ​ពី​កន្លែង​មួយ ពួក​អ្នក​ចាស់​ទុំ‹ឱប​ក​គាត់​ថើប​ដោយ​ថ្និតថ្នម›! (កិច្ច​ការ ២០:១៧, ៣៧) តើ​ពួក​អ្នក​ចាស់​ទុំ—ហើយ​យើង​រាល់​គ្នា មាន​អំណរ​គុណ​យ៉ាង​ណា​ទៅ​ហ្ន៎—ដែល​មាន​គំរូ​របស់​ប៉ុល​ដើម្បី​ធ្វើ​តាម! ត្រូវ​ហើយ សូម​ឲ្យ​យើង​បង្ហាញ​ការ​អបអរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​ប្រព្រឹត្ត​នៃ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ

១៧. តើ​មាន​ឥទ្ធិពល​ល្អ​ណា​ខ្លះ ពី​ការ​ប្រព្រឹត្ត​នៃ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​ក្នុង​ក្រុម​ជំនុំ?

១៧ អ្វី​ដ៏​សំខាន់​បំផុត​មួយ​សំរាប់​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន គឺ​ការ​ប្រព្រឹត្ត​នៃ​សេចក្ដី​សប្បុរស។ ដូច​ព្រះ​យេស៊ូ​បានមាន​បន្ទូល​មក «ដែល​ឲ្យ​នោះ​បាន​ពរ​ជាង​ទទួល»។ (កិច្ច​ការ ២០:៣៥) មិន​ថា​យើង​ឲ្យ​ខាង​វិញ្ញាណ ខាង​វត្ថុ ឬ​ពេល​វេលា​និង​កម្លាំង​របស់​យើង នោះ​យើង​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត តែ​យើង​ក៏​សប្បាយ​ដែរ។ ក្នុង​ក្រុម​ជំនុំ សេចក្ដី​សប្បុរស​គឺ​មាន​រាល​ដាល។ ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​មួយ ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​សប្បុរស​មក​វិញ​ដែរ។ មិន​យូរ​ប៉ុន្មាន សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​បាន​ដុះ​ឡើង!—លូកា ៦:៣៨

១៨. តើ​អ្វី​ជា​អត្ថន័យ​នៃ«សេចក្ដី​សប្បុរស» ដែល​បាន​ចែង​មក​នៅ​មីកា ៦:៨?

១៨ ព្រះ​យេហូវ៉ា​ដាស់​តឿន​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ឲ្យ​បង្ហាញ​សេចក្ដី​សប្បុរស។ មីកា ៦:៨ យើង​អាន​ថា៖ «ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្ដេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប​ទាប​ប៉ុណ្ណោះ»។ តើ​មាន​ន័យ​យ៉ាង​ណា ក្នុង​ការ«ស្រឡាញ់​សេចក្ដី​សប្បុរស»? ពាក្យ​ហេព្រើរ​ដែល​បាន​ប្រើ​សំរាប់«សេចក្ដី​សប្បុរស» (che​ʹ​sedh) ក៏​បាន​បក​ប្រែ​ជា​ភាសា​អង់គ្លេស គឺ«មេត្ដា​ករុណា»។ យោង​ទៅ​តាម សៀវភៅ​នៃ​ព្រះ​គម្ពីរ​ស៊ុស៊ីណូ ពាក្យ​នេះ«ឲ្យ​ន័យ​នូវ​អ្វី​មួយ​ដែល​មាន​សកម្ម​ជាង​ពាក្យ​អង់គ្លេស​ដែល​អរូបី មេត្ដា​ករុណា។ នេះ​មាន​ន័យ​ថា ‹មេត្ដា​ករុណា​ដែល​ប្រែ​ទៅ​ជា​អំពើ› ការ​ប្រព្រឹត្ត​នៃ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ មិន​គ្រាន់​តែ​ដល់​មនុស្ស​ក្រ​ខ្សត់​ទេ ប៉ុន្តែ​ដល់​មនុស្ស​គ្រប់​គ្នា»។ ដូច្នេះ​អ្នក​ប្រាជ្ញា​ម្នាក់​មាន​ប្រសាសន៍​ថា «សេចក្ដី​សប្បុរស» (che​ʹ​sedh) មាន​ន័យ​ថា«សេចក្ដី​ស្រឡាញ់​ដែល​បង្ហាញ​ដោយ​សកម្មភាព»។

១៩. (ក) ក្នុង​ផ្លូវ​ណា ដែល​យើង​អាច​ផ្ដើម​ក្នុង​ការ​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​អ្នក​ដទៃ​ក្នុង​ក្រុម​ជំនុំ? (ខ) សូម​ឲ្យ​ឧទាហរណ៍​នូវ​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​បាន​បង្ហាញ​ដល់​អ្នក។

១៩ សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​របស់​យើង មិន​មែន​ជា​ទ្រឹស្តី ឬ​ដោយ​គិត​តែ​ក្នុង​ចិត្ត​នោះ​ទេ។ នេះ​ជា​ការ​ពិត។ ដូច្នេះ ចូរ​រក​វិធី​ក្នុង​ការ​ធ្វើ​ល្អ​ដល់​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក។ ចូរ​ឲ្យ​បាន​ដូច​ព្រះ​យេស៊ូ មិន​មែន​គ្រាន់​តែ​ចាំ​ឲ្យ​មនុស្ស​មក​ឯ​ទ្រង់​សុំ​ជំនួយ​ទេ ប៉ុន្តែ​ទ្រង់​តែង​តែ​ចាត់​វិធានការ​ខ្លួន​ទ្រង់។ (លូកា ៧:១២​-​១៦) ចូរ​គិត​ជា​ពិសេស នៃ​អស់​អ្នក​ដែល​ខ្វះ​ខាត។ តើ​មនុស្ស​ចាស់​ជរា​ឬ​ពិការ ត្រូវ​ការ​ឲ្យ​គេ​ទៅ​លេង ឬ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​បំពេញ​កិច្ច​ការ​អ្វី​មួយ​ឬ? តើ‹កូន​កំព្រា›ត្រូវ​ការ​ពេល​វេលា​និង​ការ​យក​ចិត្ត​ទុក​ទេ? តើ​បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ត​ត្រូវ​ការ​និយាយ​ឬ​ពាក្យ​លួង​ចិត្ត​ទេ? កាល​ដែល​យើង​អាច​ធ្វើ​បាន សូម​ឲ្យ​យើង​យក​ពេល​វេលា​សំរាប់​ការ​ប្រព្រឹត្ត​នៃ​សេចក្ដី​សប្បុរស។ (យ៉ូប ២៩:១២; ថែស្សាឡូនីច​ទី​១ ៥:១៤; យ៉ាកុប ១:២៧) ចូរ​កុំ​ឲ្យ​ភ្លេច​ថា​ក្នុង​ក្រុម​ជំនុំ​ដែល​ពេញ​ដោយ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ ការ​ប្រព្រឹត្ត​នៃ​សេចក្ដី​សប្បុរស​ដ៏​សំខាន់​មួយ គឺ​ការ​អត់​ឱន​ទោស—ដោយ​លែង​កាន់​គំនុំ ទោះ​ជា​មាន​ការ​ត្អូញត្អែរ​ត្រឹម​ត្រូវ​ក៏​ដោយ។ (កូល៉ុស ៣:១៣) ការ​ប្រុង​អត់​ឱន​ទោស​នឹង​ជួយ​អ្នក​រក្សា​ក្រុម​ជំនុំ រួច​ផុត​ពី​ការ​បែក​ខ្ញែក ដំណើរ​ចង​កំហឹង និង​ជម្លោះ ដែល​ដូច​ជា​ភួយ​សើម ដែល​លត់​ភ្លើង​នៃ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។

២០. តើ​តាម​របៀប​ណា​យើង​គ្រប់​គ្នា​ត្រូវ​បន្ត​ពិចារណា​មើល​ខ្លួន​យើង?

២០ ចូរ​ឲ្យ​យើង​គ្រប់​គ្នា​ប្ដេជ្ញា ដើម្បី​រក្សា​ភ្លើង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​សំខាន់​នេះ បន្ត​ឆេះ​ក្នុង​ចិត្ត​របស់​យើង។ សូម​ឲ្យ​យើង​ខំ​ពិចារណា​ខ្លួន​យើង។ តើ​យើង​មាន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដល់​អ្នក​ដទៃ​ទេ? តើ​យើង​បង្ហាញ​ការ​អបអរ​ចំពោះ​អ្នក​ដទៃ​ឬ? តើ​យើង​ប្រព្រឹត្ត​អំពើ​សេចក្ដី​សប្បុរស​ដល់​អ្នក​ដទៃ​ទេ? កាល​ដែល​យើង​ធ្វើ​បែប​នេះ ភ្លើង​នៃ​សេចក្ដី​ស្រឡាញ់​នឹង​កំដៅ​ភាតរភាព​របស់​យើង មិន​ថា​លោកីយ៍​នេះ​សោះ​កក្រោះ​ហើយ​ឥត​មាន​ការ​យល់​ចិត្ត​យ៉ាង​ណា​ក៏​ដោយ។ ដូច្នេះ «ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជា​និច្ច»—ឥឡូវ​នេះ និង​ជា​អស់​កល្ប​ជា​និច្ច!—ហេព្រើរ ១៣:១

[កំណត់​សម្គាល់]

a សេចក្ដី​បក​ប្រែ​គម្ពីរ​ខ្លះ ឲ្យ​យោបល់​ថា​នៅ​ទី​នេះ ដែល​ថា បុគ្គល​ដែល​ប៉ះ​រាស្ត្រ​របស់​ព្រះ គឺ​ប៉ះ​ភ្នែក​របស់​អ៊ីស្រាអែល ឬ​ប៉ះ​ភ្នែក​គេ​ផ្ទាល់ មិន​មែន​ប៉ះ​ភ្នែក​របស់​ព្រះ​ទេ។ កំហុស​នេះ​បាន​មក​ពី​ពួក​ស្ក្រែប​ក្នុង​មជ្ឈិម​សម័យ ក្នុង​ការ​ខំ​ខ្នះ​ខ្នែង​ដ៏​ខុស​របស់​គេ បាន​ប្ដូរ​បទ​គម្ពីរ ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​ឥត​គោរព ហើយ​ក៏​បាន​ផ្លាស់​ប្ដូរ​ខ​នេះ។ ដោយ​ហេតុ​នេះ ពួក​គេ​បាន​ធ្វើ​ឲ្យ​ស្រអាប់​នូវ​ភាព​យល់​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់។

តើ​អ្នក​គិត​យ៉ាង​ណា?

◻ តើ​អ្វី​ជា​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន ហើយ​ហេតុ​អ្វី​ក៏​យើង​ត្រូវ​បន្ត​ឲ្យ​មាន​ជា​និច្ច?

◻ តើ​តាម​របៀប​ណា​ដែល​ការ​មាន​ចិត្ត​អាណិត​អាសូរ ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​របស់​យើង?

◻ តើ​ការ​អបអរ​មាន​មុខ​នាទី​យ៉ាង​ណា ក្នុង​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន?

◻ តើ​តាម​របៀប​ណា​ដែល​ការ​ប្រព្រឹត្ត​សេចក្ដី​សប្បុរស បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន ឲ្យ​ដុះ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន?

[ប្រអប់​នៅ​ទំព័រ​១៥]

សេចក្ដី​ស្រឡាញ់​ដែល​បង្ហាញ​ដោយ​សកម្មភាព

ប៉ុន្មាន​ឆ្នាំ​មុន​នេះ បុរស​ម្នាក់​ដែល​បាន​រៀន​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អស់​មួយ​រយៈ តែ​នៅ​សង្ស័យ​អំពី​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។ គាត់​បាន​ដឹង​អំពី​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៥) ក៏​ប៉ុន្តែ ធ្វើ​ឲ្យ​គាត់​ពិបាក​ជឿ​ណាស់។ ពេល​ថ្ងៃ​មួយ​គាត់​បាន​ឃើញ​សេចក្ដី​ស្រឡាញ់​ពួក​គ្រីស្ទាន​សម្ដែង​ក្នុង​សកម្មភាព។

ថ្វី​បើ​គាត់​ត្រូវ​តែ​ជិះ​កៅអី​មាន​កង់​ក៏​ដោយ សិស្ស​ព្រះ​គម្ពីរ​ម្នាក់​នេះ​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ផ្ទះ។ គាត់​បាន​ទៅ​កិច្ច​ប្រជុំ​នៅ​ក្រុម​ជំនុំ​បេថ្លេហិម ប្រទេស​អ៊ីស្រាអែល។ នៅ​ទី​នោះ ស្មរបន្ទាល់​ជាតិ​អារ៉ាប់​ម្នាក់​បាន​អញ្ជើញ​បង​ប្រុស​ស្មរបន្ទាល់​ម្នាក់ ជា​អ្នក​ទេសចរណ៍ និង​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​សំរាក​មួយ​យប់​នៅ​ផ្ទះ​របស់​គាត់។ មុន​ពេល​ចូល​គេង សិស្ស​នោះ​បាន​សួរ​អ្នក​ម្ចាស់​ផ្ទះ​ថា​តើ​អាច​ឲ្យ​គាត់​ចេញ​ទៅ​រាន​ហាល​ពេល​ព្រឹក ដើម្បី​មើល​មើល​ថ្ងៃ​រះ។ អ្នក​ម្ចាស់​ផ្ទះ​ហាម​ថា កុំ​ឲ្យ​គាត់​ធ្វើ​បែប​ហ្នឹង​ឲ្យ​សោះ។ ស្អែក​ឡើង បង​ប្រុស​ជាតិ​អារ៉ាប់​នេះ​ពន្យល់​ប្រាប់​នូវ​មូលហេតុ។ តាម​រយៈ​អ្នក​បក​ប្រែ គាត់​បាន​និយាយ​ថា ប្រសិន​បើ​អ្នក​ជិត​ខាង​គាត់​ដឹង​ថា គាត់​មាន​ភ្ញៀវ​ជាតិ​យូដា—ដូច​ក្នុង​ករណី​សិស្ស​ព្រះ​គម្ពីរ​នេះ​ជា​ដើម—ពួក​គេ​នឹង​ដុត​ផ្ទះ​របស់​គាត់ ដោយ​ដាក់​គាត់​និង​គ្រួសារ​ក្នុង​ផ្ទះ​ទាំង​អស់។ សិស្ស​ព្រះ​គម្ពីរ​ឆ្ងល់​ក៏​សួរ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សុក​ចិត្ត​យក​បន្ទុក​មក​ដាក់​លើ​ខ្លួន​អញ្ចឹង»? ដោយ​មិន​ប្រើ​អ្នក​បក​ប្រែ បង​ប្រុស​ជាតិ​អារ៉ាប់​មើល​គាត់ ហើយ​និយាយ​ថា៖ «យ៉ូហាន ១៣:៣៥»។

សិស្ស​ព្រះ​គម្ពីរ​បាន​អស្ចារ្យ​យ៉ាង​ជ្រាល​ជ្រៅ​នឹង​ការ​ជាក់​ស្តែង​នៃ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។ មិន​យូរ​ក្រោយ​មក គាត់​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។

[រូប​ភាព​នៅ​ទំព័រ​១៧]

អាកប្បកិរិយា​ដ៏​អបអរ​និង​ដ៏​ល្អ​របស់​សាវ័ក​ប៉ុល បាន​ធ្វើ​ឲ្យ​មនុស្ស​អាច​មក​ទាក់​ទង​គាត់​យ៉ាង​ស្រួល

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក