បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១២ ទំ. ១៧-២២
  • រក្សាទុកថ្ងៃនៃព្រះយេហូវ៉ាឲ្យជាប់ក្នុងគំនិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រក្សាទុកថ្ងៃនៃព្រះយេហូវ៉ាឲ្យជាប់ក្នុងគំនិត
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សំណូម​ពរ​ដ៏​កក់​ក្ដៅ​ឲ្យ​នឹក​ចាំ
  • សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​ពួក​មនុស្ស​ចំអក
  • ប្រកប​ដោយ​ចេតនា​និង​គួរ​ឲ្យ​ស្អប់​ខ្ពើម
  • បន្ទូល​របស់​ព្រះ​គឺ​ទុក​ចិត្ត​បាន
  • ភាព​ខ្នះ​ខ្នែង​ចំពោះ​ទី​បញ្ចប់​ឲ្យ​មក​ដល់
  • ត្រូវ​មាន​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា
  • តើ​អ្វី​ដែល​នឹង​កន្លង​ផុត​ទៅ?
  • សូម​យក​ចិត្ត​ទុក​ដាក់​លើ​សេចក្ដី​សង្ឃឹម​របស់​អ្នក
  • រក្សា​ភាព​បន្ទាន់​និង​ភាព​បរិសុទ្ធ​ខាង​សីលធម៌
  • សូមឲ្យយើងកាន់ខ្ជាប់ខ្ជួននឹងសេចក្ដីជំនឿដ៏មានតម្លៃរបស់យើង!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • តើថ្ងៃរបស់ព្រះយេហូវ៉ានឹងបង្ហាញឲ្យឃើញអ្វីខ្លះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ដូចពេត្រុស អ្នកអាចតស៊ូបាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១២ ទំ. ១៧-២២

រក្សា​ទុក​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ឲ្យ​ជាប់​ក្នុង​គំនិត

«នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក»។—ពេត្រុស​ទី​២ ៣:៣

១. តើ​ការ​ដឹង​នៃ​ភាព​ជា​បន្ទាន់​អ្វី ដែល​គ្រីស្ទាន​ម្នាក់​នៅ​សម័យ​នេះ​មាន?

អ្នក​បំរើ​ពេញ​ពេល​អស់​រយ:៦៦​ឆ្នាំ​មក​ហើយ បាន​សរសេរ​ថា៖ «ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​នូវ​ភាព​បន្ទាន់​ជា​និច្ច។ អើម៉ាគេដូន​តែង​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ថា​នឹង​ជិត​មក​ដល់​ហើយ។ (វិវរណៈ ១៦:១៤, ១៦) ដូច​ជា​ឪពុក​និង​ជីតា​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រកប​ជីវភាព​របស់​ខ្ញុំ ដូច​សាវ័ក[ពេត្រុស]បាន​ដាស់​តឿន ‹ចូរ​រក្សា​ទុក​ជាប់​ក្នុង​គំនិត​អំពី​វត្តមាន​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា›។ ខ្ញុំ​តែង​តែ​ចាត់​ទុក​ថា ពិភព​លោក​ថ្មី​ដែល​បាន​សន្យា​មក ជា‹ការ​ជាក់​ស្តែង​ដែល​មើល​មិន​ឃើញ›»។—ពេត្រុស​ទី​២ ៣:១១, ១២; ហេព្រើរ ១១:១; អេសាយ ១១:៦​-​៩; វិវរណៈ ២១:៣, ៤

២. តើ​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ​រក្សា​ទុក​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា?

២ សេចក្ដី​ចែង​របស់​ពេត្រុស ‹រក្សា​ទុក្ខ​ជាប់​ក្នុង​គំនិត› ដែល​សំដៅ​ទៅ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា មាន​ន័យ​ថា យើង​មិន​បោះ​ចេញ​ពី​គំនិត​របស់​យើង​ទេ។ យើង​មិន​ត្រូវ​ភ្លេច​ថា​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​នឹង​កំទេច​របប​លោកីយ៍​នេះ ដែល​ជា​ការ​ចាប់​ផ្ដើម​ស្ថាបនា​ពិភព​លោក​ថ្មី​របស់​ទ្រង់​ដែល​បាន​សន្យា​មក គឺ​កាន់​តែ​ជិត​ណាស់​ហើយ។ ថ្ងៃ​នេះ​គួរ​តែ​ជា​ការ​ពិត​ចំពោះ​យើង ដែល​ឃើញ​យ៉ាង​ច្បាស់ នៅ​ខាង​មុខ​យើង​ភ្លាម​នេះ។ នោះ​គឺ​ជា​ការ​ពិត​ណាស់​ដល់​ពួក​ព្យាការី​នៃ​ព្រះ​នៅ​សម័យ​ដើម ហើយ​គេ​តែង​តែ​និយាយ​អំពី​ថ្ងៃ​នេះ ថា​កាន់​តែ​ជិត​ណាស់​ហើយ។—អេសាយ ១៣:៦; យ៉ូអែល ១:១៥; ២:១; អូបាឌា ១៥; សេផានា ១:៧, ១៤

៣. តើ​អ្វី​តាម​មើល​ទៅ​ដែល​បណ្ដាល​ឲ្យ​ពេត្រុស​ផ្ដល់​ឱវាទ​ចំពោះ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា?

៣ ហេតុ​អ្វី​ក៏​ពេត្រុស​ដាស់​តឿន​យើង​ឲ្យ​ចាត់​ទុក​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ដូច​ជា​អាច​មក​ដល់ បើ​និយាយ​ជា​ប្រៀប​ប្រដូច «នៅ​ខាន​ស្អែក»ដូច្នេះ? ពី​ព្រោះ​មនុស្ស​ខ្លះ​បាន​ចាប់​ផ្ដើម​ចំអក ដល់​គំនិត​នៃ​វត្តមាន​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​សន្យា​មក ដែល​ពួក​មនុស្ស​ប្រព្រឹត្ត​អាក្រក់​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម។ (ពេត្រុស​ទី​២ ៣:៣, ៤) ដូច្នេះ ក្នុង​ជំពូក ៣ នៃ​សំបុត្រ​ទី​ពីរ​របស់​គាត់ ដែល​យើង​នឹង​ពិចារណា​មើល​ឥឡូវ ពេត្រុស​ឆ្លើយ​តប​ដល់​ការ​ចោទ​នៃ​ពួក​មនុស្ស​ចំអក​ទាំង​នេះ។

សំណូម​ពរ​ដ៏​កក់​ក្ដៅ​ឲ្យ​នឹក​ចាំ

៤. តើ​អ្វី​ដែល​ពេត្រុស​ចង់​ឲ្យ​យើង​នឹក​ចាំ?

៤ សេចក្ដី​ស្រឡាញ់​របស់​ពេត្រុស​ចំពោះ​បង​ប្អូន​របស់​គាត់ បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ ដោយ​គាត់​បាន​និយាយ​សំដៅ​ទៅ​គេ​ជា​ញឹក​ញាប់​ក្នុង​ជំពូក​នេះ ជា«ពួក​ស្ងួន​ភ្ងា​អើយ»។ សំណូម​ពរ​ដ៏​កក់​ក្ដៅ​ដល់​គេ ឲ្យ​កុំ​ភ្លេច​នូវ​អ្វី​ដែល​គេ​បាន​រៀន ពេត្រុស​ចាប់​ផ្ដើម​និយាយ​ថា៖ «ពួក​ស្ងួន​ភ្ងា​អើយ . . . ខ្ញុំ​បាន​រំឭក​ដាស់​តឿន​សតិ​ស្មារតី​ដ៏​ស្អាត​របស់​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​បាន​នឹក​ចាំ ពី​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម នឹង​ពី​សេចក្ដី​បញ្ញត្ត​របស់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ ដែល​បង​ប្អូន​បាន​ឮ​ដោយ​សារ​យើង​ខ្ញុំ ជា​ពួក​សាវក»។—ពេត្រុស​ទី​២ ៣:១, ២, ៨, ១៤, ១៧; យូដាស ១៧

៥. តើ​ពួក​ព្យាការី​បាន​និយាយ​យ៉ាង​ណា​ខ្លះ​អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា?

៥ តើ​អ្វី​ជា«សេចក្ដី ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពី​ដើម» ដែល​ពេត្រុស​ដាស់​តឿន​ពួក​អ្នក​អាន​របស់​គាត់​ឲ្យ​នឹក​ចាំ​នោះ? នោះ​ជា​សេចក្ដី​អំពី​វត្តមាន​នៃ​ព្រះ​យេស៊ូ​ទទួល​អំណាច​ក្នុង​ព្រះ​រាជាណាចក្រ និង​អំពី​ការ​ជំនុំ​ជំរះ​នៃ​ពួក​ទមិល​ល្មើស។ មុន​នេះ ពេត្រុស​បាន​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ។ (ពេត្រុស​ទី​២ ១:១៦​-​១៩; ២:៣​-​១០) យូដាស​សំដៅ​ទៅ​ហេណុក ដែល​ជា​ព្យាការី​ទី​មួយ ក្នុង​ការ​ព្រមាន​ការ​ជំនុំ​ជំរះ​របស់​ព្រះ​លើ​ពួក​មនុស្ស​អាក្រក់។ (យូដាស ១៤, ១៥) ពួក​ព្យាការី​ឯ​ទៀត​ធ្វើ​តាម​ហេណុក ហើយ​ពេត្រុស​មិន​ចង់​ឲ្យ​យើងភ្លេច​នូវ​អ្វី​ដែល​គេ​សរសេរ​មក​ដែរ។—អេសាយ ៦៦:១៥, ១៦; សេផានា ១:១៥​-​១៨; សាការី ១៤:៦​-​៩

៦. តើ​បន្ទូល​អ្វី​របស់​ព្រះ​គ្រីស្ទ​និង​ពួក​សាវ័ក​ទ្រង់ ដែល​បំភ្លឺ​យើង​អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា?

៦ ថែម​ទៀត​នោះ ពេត្រុស​ប្រាប់​ពួក​អ្នក​អាន​របស់​គាត់​ឲ្យ​នឹក​ចាំ«សេចក្ដី​បញ្ញត្ត​របស់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ»។ សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេស៊ូ​រួម​បញ្ចូល​ការ​ដាស់​តឿន​នេះ៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក . . . នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់»។ «ចូរ​ប្រុង​ប្រយ័ត្ន ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ»។ (លូកា ២១:៣៤​-​៣៦; ម៉ាកុស ១៣:៣៣) ពេត្រុស​ក៏​ដាស់​តឿន​យើង​ឲ្យ​ធ្វើ​តាម​សេចក្ដី​ទាំង​ឡាយ​នៃ​ពួក​សាវ័ក​ដែរ។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ មក​នៅ​ពេល​យប់។ ដូច្នេះ ត្រូវ​ឲ្យ​យើង​ចាំ​យាម ហើយ​ដឹង​ខ្លួន មិន​ត្រូវ​ឲ្យ​ដេក​លក់ ដូច​ជា​មនុស្ស​ឯ​ទៀត​ទេ»។—ថែស្សាឡូនីច​ទី​១ ៥:២, ៦

សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​ពួក​មនុស្ស​ចំអក

៧, ៨. (ក) តើ​មនុស្ស​ប្រភេទ​ណា​ដែល​ចំអក​ដល់​សារ​ព្រមាន​របស់​ព្រះ? (ខ) តើ​ពួក​មនុស្ស​ចំអក​អះអាង​អ្វី?

៧ ដូច​បាន​កត់​សម្គាល់​ពី​មុន មូលហេតុ​នៃ​សេចក្ដី​ដាស់​តឿន​របស់​ពេត្រុស នោះ​គឺ​ថា​មនុស្ស​ខ្លះ​បាន​ចាប់​សើច​ចំអក​នឹង​ការ​ព្រមាន​បែប​នេះ ដូច​ពួក​អ៊ីស្រាអែល​នៃ​សម័យ​ដើម​បាន​សើច​ចំអក​នឹង​ពួក​ព្យាការី​របស់​ព្រះ​យេហូវ៉ា​ដែរ។ (របាក្សត្រ​ទី​២ ៣៦:១៦) ពេត្រុស​ពន្យល់​ថា៖ «ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡកឡឺយ»។ (ពេត្រុស​ទី​២ ៣:៣) យូដាស​មាន​ប្រសាសន៍​ថា សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​ពួក​មនុស្ស​ចំអក​ទាំង​នេះ គឺ«ទមិល​ល្មើស​របស់​ខ្លួន»។ គាត់​បាន​ហៅ​ពួក​គេ​ជា«មនុស្ស​ដែល​នៅ​ដោយ​វិស័យ​សាច់​ឈាម ដែល​គ្មាន​ព្រះ​វិញ្ញាណ​ទេ»។—យូដាស ១៧​-​១៩

៨ ពួក​គ្រូ​ក្លែង​ក្លាយ ដែល​ពេត្រុស​មាន​ប្រសាសន៍​ថា«ដើរ​តាម​សាច់​ឈាម​ជា​ដើម ដែល​គេ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​ឯ​ការ​ស្មោក​គ្រោក» គឺ​ច្បាស់​ជា​ក្នុង​ចំណោម​នៃ​ពួក​មនុស្ស​ចំអក ដែល​គ្មាន​ភាព​វិញ្ញាណ​ហើយ។ (ពេត្រុស​ទី​២ ២:១, ១០, ១៤) ពួក​គេ​សួរ​ដោយ​ចំអក​ដល់​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​ថា៖ «តើសេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ៍​រៀង​មក​ដែរ»។—ពេត្រុស​ទី​២ ៣:៤

៩. (ក) ហេតុ​អ្វី​ក៏​ពួក​មនុស្ស​ចំអក​ខំ​ប្រឹង​ធ្វើ​ឲ្យ​ខ្សោយ​នូវ​ភាព​ជា​បន្ទាន់ ដែល​មាន​ក្នុង​បន្ទូល​របស់​ព្រះ? (ខ) តើ​តាម​របៀប​ណា​ដែល​ការ​រក្សា​ទុក​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ជា​ការ​ការ​ពារ​សំរាប់​យើង?

៩ ហេតុ​អ្វី​ក៏​គេ​ចំអក​ដូច​នេះ? ហេតុ​អ្វី​ក៏​និយាយ​ថា វត្តមាន​របស់​ព្រះ​គ្រីស្ទ​នឹង​មិន​ដែល​កើត​ឡើង ហើយ​ថា​ព្រះ​នឹង​មិន​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​របស់​មនុស្សជាតិ? ត្រូវ​ហើយ ដោយ​ធ្វើ​ឲ្យ​ខ្សោយ​នូវ​ភាព​ជា​បន្ទាន់​ដែល​មាន​ក្នុង​បន្ទូល​របស់​ព្រះ ពួក​មនុស្ស​ចំអក​ដោយ​វិស័យ​សាច់​ឈាម​នេះ គឺ​ស្វែង​រក​ល្បួង​អ្នក​ដទៃ​ឲ្យ​ចូល​ក្នុង​សភាព​កន្តើយ​ខាង​វិញ្ញាណ ហើយ​ដូច្នេះ​គឺ​ស្រួល​ធ្វើ​ពួក​នេះ​ចូល​ការ​ប្រលោម​ដ៏​កំណាញ់។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំង​ក្លា​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ ឲ្យ​រក្សា​នូវ​ការ​ប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ! សូម​ឲ្យ​យើង​កាន់​ខ្ជាប់​ខ្ជួន​អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ហើយ​ចង​ចាំ​ជា​និច្ច​ថា ព្រះ​នេត្រ​របស់​ទ្រង់​ទត​លើ​យើង! ដោយ​ដូច្នេះ យើង​នឹង​បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ខ្នះ​ខ្នែង ហើយ​រក្សា​ភាព​បរិសុទ្ធ​នៃ​សីលធម៌​របស់​យើង។—ទំនុកដំកើង ១១:៤; អេសាយ ២៩:១៥; អេសេគាល ៨:១២; ១២:២៧; សេផានា ១:១២

ប្រកប​ដោយ​ចេតនា​និង​គួរ​ឲ្យ​ស្អប់​ខ្ពើម

១០. តើ​តាម​របៀប​ណា​ដែល​ពេត្រុស​ស​ឲ្យ​ឃើញ​ថា​ពួក​មនុស្ស​ចំអក​គឺ​ខុស?

១០ ពួក​មនុស្ស​ចំអក​បែប​នេះ​មិន​អើពើ​នឹង​ហេតុ​ការណ៍​ពិត​ទេ។ ពួក​គេ​មិន​អើពើ​ដោយ​ចេតនា ហើយ​ខំ​ប្រឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ភ្លេច​ហេតុ​ការណ៍​ពិត​នេះ​ដែរ។ ហេតុ​អ្វី? ដើម្បី​ឲ្យ​គេ​អាច​ប្រលោម​ពួក​មនុស្ស​យ៉ាង​ស្រួល។ ពេត្រុស​សរសេរ​ថា៖ ‹ពី​ព្រោះ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ គេ​មិន​កត់​សម្គាល់​ហេតុ​ការណ៍​ពិត​នេះ› តើ​ហេតុ​ការណ៍​ពិត​អ្វី? «ថា ពី​ចាស់​បុរាណ​មាន​ផ្ទៃ​មេឃ ក៏​មាន​ដី​ដុះ​ចេញ​ពី​ទឹក ហើយ​នៅ​ក្នុង​ទឹក​ផង ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ រួច​មក​លោកីយ៍​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ​ទៅ»។ (ពេត្រុស​ទី​២ ៣:៥, ៦) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​បាន​សំអាត​អំពើ​កំណាច​ពី​ផែនដី ក្នុង​កាល​ទឹក​ជំនន់​នៃ​សម័យ​លោក​ណូអេ ជា​ហេតុ​ការណ៍​ពិត​ដែល​ព្រះ​យេស៊ូ​ក៏​បាន​បញ្ជាក់​ផង​ដែរ។ (ម៉ាថាយ ២៤:៣៧​-​៣៩; លូកា ១៧:២៦, ២៧; ពេត្រុស​ទី​២ ២:៥) ដូច្នេះ ផ្ទុយ​នឹង​អ្វី​ដែល​ពួក​មនុស្ស​ចំអក​និយាយ​នោះ របស់​ទាំង​អស់​មិន​មែន​មាន«នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ៍​រៀង​មក»ទេ។

១១. តើ​ការ​ទន្ទឹង​ចាំ​ដ៏​មុន​កាល​គួរ​កំណត់​អ្វី​នៃ​ពួក​គ្រីស្ទាន​ពី​សម័យ​ដើម ដែល​នាំ​ឲ្យ​មនុស្ស​ខ្លះ​ចំអក​ដាក់​គេ?

១១ ពួក​មនុស្ស​ចំអក​ប្រហែល​ជា​សើច​ចំអក​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់ ពី​ព្រោះ​ពួក​គេ​នេះ​នៅ​តែ​មិន​ទាន់​បាន​ទទួល​សេចក្ដី​សង្ឃឹម​របស់​គេ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត ពួក​សិស្ស​ទ្រង់«ស្មានថា នគរ​ព្រះ​រៀប​នឹង​លេច​មក​ភ្លាម»។ បន្ទាប់​មក ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ពួក​គេ​សួរ​ថា​តើ​ទ្រង់​នឹង​តាំង​ព្រះ​រាជាណាចក្រ​ភ្លាម​នោះ។ ហើយ​ប្រមាណ​ដប់​ឆ្នាំ មុន​ពេត្រុស​បាន​សរសេរ​សំបុត្រ​ទី​ពីរ​របស់​គាត់ មនុស្ស​ខ្លះ​មាន«គំនិត​រវើ​រវាយ» ដោយ«ពាក្យ​សំដី» ឬ«សំបុត្រ»ដែល​ល្បី​ថា​មក​ពី​សាវ័ក​ប៉ុល ឬ​គូកន​របស់​គាត់ «ដែល​ថា​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​ជិត​ដល់​ហើយ»។ (លូកា ១៩:១១; ថែស្សាឡូនីច​ទី​២ ២:២; កិច្ច​ការ ១:៦) ប៉ុន្តែ ការ​ទន្ទឹង​ចាំ​បែប​នេះ​របស់​ពួក​សិស្ស​នៃ​ព្រះ​យេស៊ូ មិន​មែន​ជា​ខុស​ទេ គឺ​គ្រាន់​តែ​មុន​កាល​គួរ​ពេល​កំណត់​ប៉ុណ្ណោះ។ ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ដល់​ជា​មិន​ខាន!

បន្ទូល​របស់​ព្រះ​គឺ​ទុក​ចិត្ត​បាន

១២. តើ​តាម​របៀប​ណា​ដែល​បន្ទូល​របស់​ព្រះ ស​ឲ្យ​ឃើញ​ថា​គួរ​ទុក​ចិត្ត​បាន ក្នុង​ទំនាយ​ទាំង​ឡាយ​អំពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»?

១២ ដូច​បាន​ឃើញ​រួច​មក​ហើយ ពួក​ព្យាការី​មុន​សម័យ​គ្រីស្ទាន តែង​តែ​ព្រមាន​ថា​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នៃ​ការ​សង​សឹក គឺ​បាន​ជិត​ដល់​ហើយ។ «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»ដែល​មាន​ទំហំ​ដ៏​តូច​មួយ បាន​មក​ដល់​ក្នុង​ឆ្នាំ​៦០៧ ម.​ស.យ. ក្នុង​កាល​ដែល​ព្រះ​យេហូវ៉ា​ប្រហារ​សេចក្ដី​សង​សឹក​លើ​ពួក​រាស្ត្រ​ដ៏​វៀច​វេរ​របស់​ទ្រង់។ (សេផានា ១:១៤​-​១៨) ក្រោយ​មក សាសន៍​ឯ​ទៀត រួម​បញ្ចូល​សាសន៍​បាប៊ីឡូន​និង​អេស៊ីប ក៏​បាន​រង​ទុក្ខ​នឹង«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»នេះ​ដែរ។ (អេសាយ ១៣:៦​-​៩; យេរេមា ៤៦:១​-​១០; អូបាឌា ១៥) ទី​បញ្ចប់​នៃ​របប​លោកីយ៍​យូដា​ក្នុង​សតវត្ស​ទី​មួយ ក៏​បាន​ទាយ​ប្រាប់​ដែរ ហើយ​នេះ​បាន​កើត​ឡើង ពេល​ដែល​ពួក​កង​ទ័ព​រ៉ូម​បាន​កំទេច​យូដា ក្នុង​ឆ្នាំ​៧០ ស.យ.។ (លូកា ១៩:៤១​-​៤៤; ពេត្រុស​ទី​១ ៤:៧) ប៉ុន្តែ ពេត្រុស​ចង្អុល​ប្រាប់​អំពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»នៅ​អនាគត ជា​ថ្ងៃ​ដែល​នឹង​ធ្វើ​ឲ្យ​ទឹក​ជំនន់​ពេញ​លោក ឃើញ​ជា​អ្វី​ដ៏​តូច​មួយ!

១៣. តើ​ឧទាហរណ៍​ក្នុង​ប្រវត្ដិសាស្ត្រ​ណា​មួយ ដែល​សម្ដែង​អំពី​ភាព​ប្រាកដ​នៃ​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ?

១៣ ពេត្រុស​ផ្ដើម​ការ​រៀប​រាប់​របស់​គាត់​អំពី​សេចក្ដី​ហិន​វិនាស​ដែល​នឹង​មក​នេះ ដោយ​មាន​ប្រសាសន៍​ថា៖ ‹ប៉ុន្តែ​ដោយ​សារ​ព្រះ​បន្ទូល›។ គាត់​ទើប​តែ​បាន​មាន​ប្រសាសន៍​ថា ‹ដោយ​សារ​ព្រះ​បន្ទូល› ផែនដី​មុន​ទឹក​ជំនន់​បាន«ដុះ​ចេញ​ពី​ទឹក ហើយ​នៅ​ក្នុង​ទឹក​ផង»។ ស្ថានការណ៍​នេះ ដែល​បាន​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ​នៃ​ដំណើរ​រឿង​នៃ​សេចក្ដី​បង្កើត អាច​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​បាន ពេល​ដែល​ទឹក​ចាក់​ចេញ​ដោយ​សេចក្ដី​បង្គាប់ ឬ​បន្ទូល​របស់​ព្រះ។ ពេត្រុស​និយាយ​ទៀត​ថា៖ «តែ​ផ្ទៃ​មេឃ នឹង​ផែនដី​នៅ​ជាន់​នេះ បាន​បំរុង​ទុក​ដល់​ថ្ងៃ​ជំនុំ​ជំរះ ដោយ​សារ​ព្រះ​បន្ទូល​នៃ​ទ្រង់ សំរាប់​ឲ្យ​ភ្លើង​ឆេះ​វិញ ហើយ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ»។ (ពេត្រុស​ទី​២ ៣:៥​-​៧; លោកុប្បត្តិ ១:៦​-​៨) យើង​មាន​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដែល​ទុក​ចិត្ត​បាន! ទ្រង់​នឹង​នាំ​ទី​បញ្ចប់​ដល់«ផ្ទៃ​មេឃ​និង​ផែនដី»—របប​លោកីយ៍​នេះ—ដោយ​សេចក្ដី​ក្រេវ​ក្រោធ​នៃ​ថ្ងៃ​ដ៏​ធំ​របស់​ទ្រង់! (សេផានា ៣:៨) ប៉ុន្តែ នៅ​ពេល​ណា​ទៅ?

ភាព​ខ្នះ​ខ្នែង​ចំពោះ​ទី​បញ្ចប់​ឲ្យ​មក​ដល់

១៤. ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ចិត្ត​បាន ថា​យើង​កំពុង​តែ​រស់​នៅ«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»?

១៤ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ចង់​ដឹង​ពេល​ណា​ដែល​ទី​បញ្ចប់​នឹង​មក​ដល់ ដូច្នេះ​គេ​ក៏​បាន​សួរ​ទ្រង់​ថា៖ «តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សម្គាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប»? តាម​មើល​ទៅ គេ​បាន​សួរ​អំពី​ពេល​ណា​ដែល​របប​សម័យ​យូដា​នឹង​ត្រូវ​បញ្ចប់ ប៉ុន្តែ​ចម្លើយ​របស់​ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​ពេល​ដែល‹ផ្ទៃ​មេឃ​និង​ផែនដី›បច្ចុប្បន្ន​នេះ​នឹង​ត្រូវ​ទទួល​សេចក្ដី​ហិន​វិនាស។ ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​របស់​ដូច​ជា សង្គ្រាម​ធំ​ៗ ការ​អត់​ម្ហូប​អាហារ កក្រើក​ផែនដី រោគ និង​ឧក្រិដ្ឋកម្ម។ (ម៉ាថាយ ២៤:៣​-​១៤; លូកា ២១:៥​-​៣៦) តាំង​ពី​ឆ្នាំ​១៩១៤ យើង​បាន​ឃើញ​សញ្ញា​បាន​សម្រេច ដែល​ព្រះ​យេស៊ូ​ប្រទាន​មក​សំរាប់‹គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍› ព្រម​ទាំង​របស់​ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ ដែល​នឹង​សម្គាល់«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) យ៉ាង​ប្រាកដ​ហើយ ទី​សំអាង​គឺ​មាន​ច្រើន​ណាស់ ដែល​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ចុង​បញ្ចប់​នៃ​របស់​លោកីយ៍​នេះ!

១៥. តើ​ពួក​គ្រីស្ទាន​ទោរ​ទន់​ធ្វើ​អ្វី ទោះ​មាន​សេចក្ដី​ព្រមាន​របស់​ព្រះ​យេស៊ូ?

១៥ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ខ្នះ​ខ្នែង​ចង់​ដឹង ពេល​ណា​ដែល​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​ផ្ទុះ​ឡើង។ ក្នុង​ភាព​ខ្នះ​ខ្នែង​របស់​គេ ពេល​ខ្លះ គេ​បាន​ប៉ុន​ប៉ង​ស្មាន​នៅ​ពេល​ដែល​ថ្ងៃ​នឹង​មក​ដល់។ ប៉ុន្តែ​ដោយ​ធ្វើ​ដូច្នេះ គេ​មិន​បាន​ធ្វើ​តាម​សេចក្ដី​ព្រមាន​របស់​ចៅហ្វាយ ដូច​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ដែរ ដែល​ថា​យើង«មិន​ដឹង​ពេល​កំណត់​នោះ​ទេ»។ (ម៉ាកុស ១៣:៣២, ៣៣) ពួក​មនុស្ស​ចំអក​បាន​មើល​ងាយ​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់ ចំពោះ​ការ​ទន្ទឹង​ចាំ​ដ៏​មុន​ពេល​កំណត់។ (ពេត្រុស​ទី​២ ៣:៣, ៤) ប៉ុន្តែ ពេត្រុស​បញ្ជាក់​ថា ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ដល់ គឺ​ស្រប​តាម​ពេល​កំណត់​របស់​ទ្រង់។

ត្រូវ​មាន​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា

១៦. តើ​អ្វី​ជា​សេចក្ដី​ដាស់​តឿន ដែល​យើង​ធ្វើ​តាម​ដោយ​ប្រាជ្ញា?

១៦ យើង​ត្រូវ​មាន​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​អំពី​ពេល​វេលា ដូច​ពេត្រុស​ឥឡូវ​រំឭក​យើង​ថា៖ «តែ​ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​ភ្លេច​សេចក្ដី​១​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ​អម្ចាស់ ១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ ហើយ​១​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​១​ថ្ងៃ​ដែរ»។ ជីវិត​របស់​យើង​នៃ​៧០​ឬ​៨០​ឆ្នាំ គឺ​ខ្លី​ណាស់​បើ​ប្រៀប​ធៀប​នឹង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា! (ពេត្រុស​ទី​២ ៣:៨; ទំនុកដំកើង ៩០:៤, ១០) ដូច្នេះ ប្រសិន​បើ​សេចក្ដី​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ មាន​ទំនង​ជា​បង្អង់​យូរ​នោះ យើង​ត្រូវ​ការ​ទទួល​យក​សេចក្ដី​ដាស់​តឿន​នៃ​ព្យាការី​ព្រះ ដែល​ថា៖ «បើ​សិន​ជា[វេលា​កំណត់]បង្អង់​យូរ ក៏​ចូរ​រង់​ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ»។—ហាបាគុក ២:៣

១៧. ថ្វី​បើ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​បាន​មាន​យូរ​ជាង​មនុស្ស​គិត​នោះ តើ​យើង​អាច​ដឹង​ប្រាកដ​អំពី​អ្វី?

១៧ ហេតុ​អ្វី​ក៏​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របស់​លោកីយ៍​នេះ បាន​មាន​យូរ​ជាង​មនុស្ស​គិត​ដូច្នេះ? គឺ​សំរាប់​មូលហេតុ​ដ៏​ល្អ​មួយ ដូច​ពេត្រុស​ពន្យល់​ជា​បន្ទាប់​ថា៖ «ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុស​ទី​២ ៣:៩) ព្រះ​យេហូវ៉ា​គិត​ពិចារណា​នូវ​អ្វី​ជា​ផល​ប្រយោជន៍​នៃ​មនុស្សជាតិ​ទាំង​អស់។ សេចក្ដី​ខ្វល់​ខ្វាយ​របស់​ទ្រង់ គឺ​ជីវិត​របស់​មនុស្ស ដូច​ទ្រង់​មាន​បន្ទូល​ថា៖ «អញ​មិន​រីករាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់​នៅ​វិញ​ទេ​តើ»។ (អេសេគាល ៣៣:១១) ដូច្នេះ យើង​អាច​ទុក​ចិត្ត​ថា ទី​បញ្ចប់​នឹង​មក​ដល់ ក្នុង​វេលា​ត្រឹម​ត្រូវ ដើម្បី​បំពេញ​បំណង​នៃ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​សព្វ​ប្រាជ្ញា​របស់​យើង!

តើ​អ្វី​ដែល​នឹង​កន្លង​ផុត​ទៅ?

១៨, ១៩. (ក) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ប្ដេជ្ញា​នឹង​កំទេច​របប​លោកីយ៍​នេះ? (ខ) តើ​តាម​របៀប​ណា​ដែល​ពេត្រុស​រៀប​រាប់​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ តើ​អ្វី​ដែល​ពិត​ជា​នឹង​កំទេច​ចោល​នោះ?

១៨ ពី​ព្រោះ​ព្រះ​យេហូវ៉ា​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​អស់​អ្នក​ដែល​បំរើ​ទ្រង់ ទ្រង់​នឹង​កំទេច​ចោល​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​មាន​ការ​ឈឺ​ចាប់។ (ទំនុកដំកើង ៣៧:៩​-​១១, ២៩) ដោយ​កត់​សម្គាល់​ដូច​ប៉ុល​ដែរ ថា​សេចក្ដី​ហិន​វិនាស​នេះ​នឹង​មក​ដល់​វេលា​ដែល​មិន​នឹក​ស្មាន​នឹង​កើត​ឡើង ពេត្រុស​សរសេរ​ថា៖ «រីឯ​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់ នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​បាត់​ទៅ ដោយ​សូរ​គ្រាំ​គ្រេង ឯ​ធាតុ​សព្វសារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃ​លែង ហើយ​ផែនដី​នឹង​ការ​សព្វសារពើ នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ»។ (ពេត្រុស​ទី​២ ៣:១០; ថែស្សាឡូនីច​ទី​១ ៥:២) ផ្ទៃ​មេឃ​និង​ផែនដី​មែន​ទែន មិន​បាន​បាត់​បង់​ទៅ​ក្នុង​ទឹក​ជំនន់​ទេ ហើយ​ក្នុង​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ក៏​មិន​បាត់​បង់​ទៅ​ដែរ។ ដូច្នេះ តើ​អ្វី​ទៅ​ដែល​នឹង‹កន្លង​ទៅ› ឬ​ដែល​នឹង​ត្រូវ​ហិន​វិនាស​នោះ?

១៩ រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស ដែល​បាន​ជិះ​ជាន់​លើ​មនុស្សជាតិ ដូច«ផ្ទៃ​មេឃ»នឹង​ត្រូវ​ចប់ ហើយ«ផែនដី» ឬ​សង្គម​មនុស្ស​ទមិល​ល្មើស ក៏​នឹង​បាត់​បង់​ទៅ​ដែរ។ «សូរ​គ្រាំ​គ្រេង» ប្រហែល​ជា​បង្ហាញ​នូវ​ការ​សាប​សូន្យ​ទៅ​ដ៏​លឿន។ «ធាតុ» ដែល​ទៅ​ជា​សង្គម​មនុស្ស​ដ៏​ឱនថយ​នៃ​សម័យ​នេះ នឹង«រលាយ​ទៅ» ឬ​បាន​ហិន​វិនាស។ ហើយ«ផែនដី» រួម​បញ្ចូល«ការ​សព្វសារពើ» នឹង‹បាន​រក​ឃើញ›។ ព្រះ​យេហូវ៉ា​នឹង​លាត​ត្រដាង​អំពើ​ដ៏​អាក្រក់​ជួជាតិ​នៃ​មនុស្ស ពេល​ដែល​ទ្រង់​បណ្ដាល​ឲ្យ​របប​លោកីយ៍​ទាំង​មូល​មាន​ទី​បញ្ចប់​របស់​វា​ដែល​គួរ​ទទួល។

សូម​យក​ចិត្ត​ទុក​ដាក់​លើ​សេចក្ដី​សង្ឃឹម​របស់​អ្នក

២០. តើ​ត្រូវ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​យ៉ាង​ណា ដោយ​ដឹង​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​មាន​ខាង​មុខ​នេះ?

២០ ដោយ​សារ​ព្រឹត្ដិការណ៍​នេះ​កាន់​តែ​កៀក​ណាស់​ហើយ ពេត្រុស​និយាយ​ថា យើង​ត្រូវ​ប្រកប​ដោយ«កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ ទាំង​ទន្ទឹង​ចាំ​ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង»។ គឺ​គ្មាន​ការ​សង្ស័យ​អំពី​រឿង​នេះ​ឡើយ! «ផ្ទៃ​មេឃ​នឹង​ឆេះ​រលាយ​អស់ ហើយ​ធាតុ​សព្វសារពើ​នឹង​រលាយ​ទៅ»! (ពេត្រុស​ទី​២ ៣:១១, ១២) ហេតុ​ការណ៍​ដែល​ថា​ព្រឹត្ដិការណ៍​នេះ អាច​កើត​ឡើង​ស្អែក​នោះ គឺ​តែ​មាន​ឥទ្ធិពល​លើ​អ្វី​ៗ​ដែល​យើង​ធ្វើ​ឬ​គ្រោង​ការណ៍​ធ្វើ។

២១. តើ​អ្វី​នឹង​យក​មក​ដាក់​ជំនួស​ផ្ទៃ​មេឃ​និង​ផែនដី​បច្ចុប្បន្ន​នេះ?

២១ ឥឡូវ​នេះ ពេត្រុស​ប្រាប់​យើង​ថា​អ្វី​នឹង​ដាក់​ជំនួយ​របប​លោកីយ៍​ចាស់​នេះ ដោយ​មាន​ប្រសាសន៍​ថា៖ «តែ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ»។ (ពេត្រុស​ទី​២ ៣:១៣; អេសាយ ៦៥:១៧) មែន​ហើយ នេះ​ជា​ការ​ធូរ​ស្បើយ​ដ៏​ធំ​មែន! ព្រះ​គ្រីស្ទ​និង​ពួក​គ្រប់​គ្រង​ជា​មួយ ដែល​មាន​១៤៤.០០០​នាក់ នឹង​ជា​រដ្ឋាភិបាល«ថ្មី» នៅ«ស្ថាន​សួគ៌» ហើយ​មនុស្ស​ដែល​រួច​រស់​ទី​បញ្ចប់​នៃ​លោកីយ៍​នេះ នឹង​ជា​ពួក​នៃ«ផែនដី​ថ្មី»។—យ៉ូហាន​ទី​១ ២:១៧; វិវរណៈ ៥:៩, ១០; ១៤:១, ៣

រក្សា​ភាព​បន្ទាន់​និង​ភាព​បរិសុទ្ធ​ខាង​សីលធម៌

២២. (ក) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ការ​ឥត​សៅហ្មង​ខាង​វិញ្ញាណ? (ខ) តើ​គ្រោះ​ថ្នាក់​អ្វី​ដែល​ពេត្រុស​បាន​ព្រមាន​នោះ?

២២ ពេត្រុស​មាន​ប្រសាសន៍​ថា «ដូច្នេះ ឱ​ពួក​ស្ងួន​ភ្ងា​អើយ ដែល​ទន្ទឹង​ចាំ​សេចក្ដី​ទាំង​នោះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោសបាន ទាំង​មាន​សេចក្ដី​មេត្រី​ផង ហើយ​ត្រូវ​រាប់​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​អម្ចាស់​នៃ​យើង ទុក​ជា​សេចក្ដី​សង្គ្រោះ»។ ការ​រង់​ចាំ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ហើយ​ចាត់​ទុក​ទំនង​ដូច​ជា​បង្អង់​យូរ​នៃ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ជា​ការ​សម្ដែង​នៃ​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ការ​សៅហ្មង​ខាង​វិញ្ញាណ​ណា​មួយ។ ប៉ុន្តែ គឺ​នៅ​មាន​គ្រោះ​ថ្នាក់! ពេត្រុស​ព្រមាន​ថា ក្នុង​សេចក្ដី​សរសេរ​នៃ«ប៉ុល ជា​បង​ប្អូន​ស្ងួន​ភ្ងា​របស់​យើង​ខ្ញុំ . . . នោះ​មាន​សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់ ហើយ​ពួក​អ្នក​ខ្លៅ​ល្ងង់ នឹង​ពួក​មិន​ខ្ជាប់​ខ្ជួន គេ​បង្វែរ​ន័យ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស»។—ពេត្រុស​ទី​២ ៣:១៤​-​១៦

២៣. តើ​អ្វី​ជា​សេចក្ដី​ដាស់​តឿន​បញ្ចប់​របស់​ពេត្រុស?

២៣ ពួក​គ្រូ​ក្លែង​ក្លាយ​ច្បាស់​ជា​បាន​បង្វែរ​សេចក្ដី​សរសេរ​របស់​ប៉ុល អំពី​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល ដោយ​ប្រើ​ជា​ការ​ដោះ​សា​ចំពោះ​មារយាទ​អាវ៉ាសែ។ មើល​ទៅ ពេត្រុស​បាន​ចង់​និយាយ​អំពី​រឿង​នេះ ពេល​ដែល​គាត់​សរសេរ​សេចក្ដី​ព្រមាន​របស់​គាត់​ថា៖ «ដូច្នេះ ពួក​ស្ងួន​ភ្ងា​អើយ ចូរ​ប្រយ័ត ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នោះ​ជា​មុន​ហើយ ក្រែង​លោ​ធ្លាក់​ពី​សេចក្ដី​ខ្ជាប់​ខ្ជួន​របស់​អ្នក​រាល់​គ្នា​ចេញ ដោយ​បណ្ដោយ​តាម​សេចក្ដី​វង្វេង​របស់​ពួក​ទទឹង​ច្បាប់​នោះ»។ បន្ទាប់​មក គាត់​បញ្ចប់​សំបុត្រ​របស់​គាត់ ដោយ​ដាស់​តឿន​ថា៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចំរើន​ឡើង​ក្នុង​ព្រះ​គុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា»។—ពេត្រុស​ទី​២ ៣:១៧, ១៨

២៤. តើ​អាកប្បកិរិយា​អ្វី​ដែល​អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា​ត្រូវ​មាន?

២៤ យ៉ាង​ច្បាស់​ណាស់ ពេត្រុស​ចង់​ពង្រឹង​បង​ប្អូន​របស់​គាត់។ គាត់​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​អាកប្បកិរិយា ដែល​បាន​សម្ដែង​ដោយ​ស្មរបន្ទាល់​ម្នាក់ ដែល​មាន​អាយុ​៨២​ឆ្នាំ ដែល​បាន​ស្រង់​នៅ​ដើម​ដំបូង​ថា៖ «ខ្ញុំ​បាន​ប្រកប​ជីវភាព​របស់​ខ្ញុំ ដូច​សាវ័ក[ពេត្រុស]បាន​ដាស់​តឿន ‹ចូរ​រក្សា​ទុក​ជាប់​ក្នុង​គំនិត​អំពី​វត្តមាន​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា›។ ខ្ញុំ​តែង​តែ​ចាត់​ទុក​ថា ពិភព​លោក​ថ្មី​ដែល​បាន​សន្យា​មក ជា‹ការ​ជាក់​ស្តែង​ដែល​មើល​មិន​ឃើញ›»។ សូម​ឲ្យ​យើង​ប្រកប​ជីវភាព​របស់​យើង​តាម​របៀប​នោះ​ដែរ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ការ‹រក្សា​ទុក​ជាប់​ក្នុង​គំនិត›នៃ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា?

◻ តើ​អ្វី​ដែល​ពួក​មនុស្ស​ចំអក​មិន​អើពើ​ដោយ​ចេតនា ហើយ​ហេតុ​អ្វី?

◻ ចំពោះ​មូលហេតុ​អ្វី​ដែល​ពួក​មនុស្ស​ចំអក​បាន​មើល​ងាយ​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់?

◻ តើ​ទស្សនៈ​អ្វី​ដែល​យើង​ត្រូវ​ការ​រក្សា​ទុក?

[រូប​ភាព​នៅ​ទំព័រ​១៨]

សូម​រក្សា​ទុក​ជាប់​ក្នុង​គំនិត​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក