បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១ ទំ. ១១-១៥
  • «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា»
  • ​«នឹង​មាន​មនុស្ស​ចំអក»
  • ​«ចូរ​រង់ចាំ​ចុះ!»
  • ហេតុ​ដែល​ពួក​គេ​ត្រូវ​ទទួល​ស្គាល់​សម័យ​នោះ​ជា​គ្រា​បន្ទាន់​ណាស់!
  • ចូរ​យើង​ទទួល​ស្គាល់​ជានិច្ច​ថា សម័យ​នេះ​ក៏​ជា​គ្រា​បន្ទាន់​ណាស់!
  • រក្សាទុកថ្ងៃនៃព្រះយេហូវ៉ាឲ្យជាប់ក្នុងគំនិត
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាគឺជិតមកដល់ហើយ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ‹ចូរឯងរាល់គ្នារង់ចាំអញ›
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរបន្ដបំពេញកិច្ចបម្រើជាបន្ទាន់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១ ទំ. ១១-១៥

​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់»

​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ»។—សេផានា ១:១៤

១, ២​. (ក) តើ​ពួក​គ្រិស្ត​សា​សនិក​រង់ចាំ​ថ្ងៃ​ពិសេស​មួយ​ណា? (ខ) តើ​យើង​គួរ​សួរ​សំណួរ​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី?

កូន​ក្រមុំ​កំពុង​តែ​រង់ចាំ​យ៉ាង​រំភើប​ដល់​ថ្ងៃ​ដែល​គាត់​ត្រូវ​ចូល​រោង​ការ។ ស្ត្រី​ដែល​ជិត​សម្រាល​កូន​កំពុង​តែ​ទន្ទឹង​ចាំ​យ៉ាង​អន្ទះសា​ដល់​ថ្ងៃ​ដែល​គាត់​នឹង​ឃើញ​មុខ​កូន។ អ្នក​ធ្វើ​ការ​ដែល​អស់​កម្លាំង​ចេះ​តែ​ចង់​ឲ្យ​ថ្ងៃ​វិស្សមកាល​របស់​ខ្លួន​ឆាប់​មក​ដល់។ តើ​ពួក​គេ​មាន​លក្ខណៈ​ដូចៗ​គ្នា​យ៉ាង​ណា? ពួក​គេ​ទាំង​បី​នាក់​កំពុង​តែ​រង់ចាំ​នូវ​ថ្ងៃ​ពិសេស​មួយ ជា​ថ្ងៃ​សំខាន់​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវិត​របស់​ពួក​គេ។ សន្ទុះ​ចិត្ត​ដែល​ពួក​គេ​ម្នាក់ៗ​មាន​គឺ​ដូចៗ​គ្នា តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ខុសៗ​គ្នា​ដែរ។ ថ្ងៃ​ពិសេស​ដែល​ពួក​គេ​រង់ចាំ​នោះ​នឹង​មក​ដល់​មែន ហើយ​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។

២ ពួក​គ្រិស្ត​សា​សនិក​ពិត​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​រង់ចាំ​ដោយ​រីករាយ​នៅ​ថ្ងៃ​ពិសេស​មួយ​ដែរ គឺ‹ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា›។ (អេសាយ ១៣:៩; យ៉ូអែល ២:១; ពេត្រុសទី២ ៣:១២) ពេល​ព្រះ​គម្ពីរ​រៀប​រាប់​អំពី‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា›ដែល​កំពុង​តែ​មក​ដល់ តើ​ថ្ងៃ​នោះ​សំដៅ​ទៅ​លើ​អ្វី? ពេល​ថ្ងៃ​នោះ​មក​ដល់ តើ​នឹង​មាន​លទ្ធផល​អ្វី​សម្រាប់​មនុស្ស​ជាតិ? ម្យ៉ាង​ទៀត តើ​យើង​អាច​ត្រៀម​ខ្លួន​បាន​យ៉ាង​ណា​មុន​ថ្ងៃ​នោះ​មក​ដល់? គឺ​សំខាន់​ណាស់​ដែល​យើង​ខំ​រក​ចម្លើយ​សម្រាប់​សំណួរ​ទាំង​នេះ ពីព្រោះ​មាន​ទី​សំអាង​ជា​ច្រើន​ដែល​បញ្ជាក់​ពី​សច្ចភាព​នៃ​ពាក្យ​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា​៖ «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ»។—សេផានា ១:១៤

​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា»

៣​. តើ​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា»​សំដៅ​ទៅ​លើ​អ្វី?

៣ តើ​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា»​សំដៅ​ទៅ​លើ​អ្វី? រាល់​ដង​ដែល​ព្រះ​គម្ពីរ​រៀប​រាប់​អំពី‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា› នេះ​សំដៅ​ទៅ​លើ​គ្រា​ពិសេស​ខុសៗ​គ្នា​ដែល​ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​លើ​ខ្មាំង​សត្រូវ​របស់​ទ្រង់ ហើយ​លើក​តម្កើង​ព្រះ​នាម​ដ៏​រុងរឿង​របស់​ទ្រង់។ ប្រជាជន​មិន​ស្មោះ​ត្រង់​នៅ​ស្រុក​យូដា​និង​ទី​ក្រុង​យេរូសាឡិម ព្រម​ទាំង​ពួក​អ្នក​នៅ​ទី​ក្រុង​បាប៊ីឡូន​និង​ស្រុក​អេស៊ីប​បាន​ឃើញ‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា›រៀងៗ​ខ្លួន ពេល​ទ្រង់​បាន​កាត់​ទោស​លើ​ពួក​គេ។ (អេសាយ ២:១, ១០​-​១២; ១៣:១​-​៦; យេរេមា ៤៦:៧​-​១០) យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជាតិ​មិន​ទាន់​ឃើញ‹ថ្ងៃ​ដ៏​ធំ​បំផុត​របស់​ព្រះ​យេហូវ៉ា›ទេ។ «ថ្ងៃ»​មួយ​នោះ​ជា​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​ជំនុំ​ជម្រះ​ហើយ​កាត់​ទោស​លើ​អស់​អ្នក​ដែល​បង្អាប់​ដល់​ព្រះ​នាម​ទ្រង់។ ថ្ងៃ​នោះ​នឹង​ចាប់​ផ្ដើម​ពេល​ទ្រង់​បំផ្លាញ​«បាប៊ីឡូន​ដ៏​ជា​ធំ» ដែល​ជា​ចក្រភព​សាសនា​មិន​ពិត​ទូទៅ ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់​ទី​បញ្ចប់​ពេល​ទ្រង់​បំផ្លាញ​ចោល​របប​លោកិយ​អាក្រក់​ទាំង​មូល​ក្នុង​សង្គ្រាម​អើម៉ាគេដូន។—វិវរណៈ ១៦:១៤, ១៦; ១៧:៥, ១៥​-​១៧; ១៩:១១​-​២១

៤​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ភាគ​ច្រើន​គួរ​មាន​អារម្មណ៍​ភ័យ​រន្ធត់​ចំពោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​តែ​មក​កាន់​តែ​ប្រញឹក?

៤ មិន​ថា​មនុស្ស​ជ្រាប​ឬ​អត់​ក្ដី ពួក​គេ​ភាគ​ច្រើន​គួរ​មាន​អារម្មណ៍​ភ័យ​រន្ធត់​ចំពោះ​ថ្ងៃ​នោះ​ដែល​មក​កាន់​តែ​ប្រញឹក! ហេតុ​អ្វី​បាន​ជា​ពួក​គេ​គួរ​ភ័យ​ស្លុត​ដូច្នេះ? ព្រះ​យេហូវ៉ា​ឆ្លើយ​សំណួរ​នេះ​តាម​រយៈ​ព្យាការី​សេផានា​ថា​៖ «ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ គឺ​ជា​ថ្ងៃ​ដ៏​វេទនា ហើយ​មាន​ទុក្ខ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់»។ បើ​ដូច្នេះ មនុស្ស​គួរ​ភ័យ​ស្លុត​ណាស់​ចំពោះ​ថ្ងៃ​នោះ! ម្យ៉ាង​ទៀត សេផានា​សរសេរ​បន្ទូល​របស់​ព្រះ​ថា​៖ «អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក . . . ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ​យេហូវ៉ា»។—សេផានា ១:១៥, ១៧

៥​. តើ​មនុស្ស​រាប់​លាន​នាក់​មាន​អារម្មណ៍​ល្អ​អ្វី​ចំពោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា? ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​អារម្មណ៍​បែប​នេះ?

៥ ក៏​ប៉ុន្តែ មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត​កំពុង​តែ​រង់ចាំ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ដោយ​រីករាយ​វិញ។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​ដឹង​ថា​ថ្ងៃ​នោះ​ជា​គ្រា​ដែល​មនុស្ស​សុចរិត​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​និង​ការ​ប្រោស​លោះ ក៏​ជា​គ្រា​ដែល​លើក​តម្កើង​ព្រះ​យេហូវ៉ា​និង​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ។ (យ៉ូអែល ៣:១៦, ១៧; សេផានា ៣:១២​-​១៧) មនុស្ស​នឹង​មាន​អារម្មណ៍​ភ័យ​ស្លុត​ចំពោះ​ថ្ងៃ​របស់​ព្រះ ឬ​រង់ចាំ​ថ្ងៃ​នោះ​ដោយ​ចិត្ត​រីករាយ​វិញ នេះ​គឺ​ស្រេច​ទៅ​លើ​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ក្នុង​ជីវិត​របស់​ខ្លួន​នៅ​សព្វ​ថ្ងៃ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ថ្ងៃ​នោះ​ដែល​កំពុង​តែ​មក​ដល់? តើ​អ្នក​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​នោះ​ហើយ​ឬ​នៅ? ដោយ​ដឹង​ថា​ថ្ងៃ​របស់​ព្រះ​ហៀប​នឹង​មក​ដល់​នោះ តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក?

​«នឹង​មាន​មនុស្ស​ចំអក»

៦​. តើ​មនុស្ស​ភាគ​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា›? ហេតុ​អ្វី​បាន​ជា​ទស្សនៈ​នេះ​មិន​ធ្វើ​ឲ្យ​ពួក​គ្រិស្ត​សា​សនិក​ពិត​ភ្ញាក់ផ្អើល?

៦ ទោះ​ជា​យើង​រស់​នៅ​គ្រា​បន្ទាន់​សព្វ​ថ្ងៃ​នេះ​ក្ដី មនុស្ស​ភាគ​ច្រើន​នៅ​លើ​ផែនដី​មិន​រវីរវល់​នឹង‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា›ដែល​ជិត​មក​ដល់​នោះ​ទេ។ ពួក​គេ​ចំអក​មើល​ងាយ​ហើយ​សើច​ដាក់​អស់​អ្នក​ដែល​ព្រមាន​ថា​ថ្ងៃ​នោះ​ជិត​ដល់​ហើយ។ ប្រតិកម្ម​នេះ​មិន​ធ្វើ​ឲ្យ​ពួក​គ្រិស្ត​សា​សនិក​ពិត​ភ្ញាក់​ផ្អើល​ទេ។ ពួក​គេ​នឹក​ចាំ​ការ​ព្រមាន​ដែល​សាវ័ក​ពេត្រុស​បាន​កត់​ទុក​ថា​៖ «[ចូរ]​ដឹង​សេចក្ដី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ​នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡកឡឺយ​ថា​៖ ‹តើ​សេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក​ដែរ›»។—ពេត្រុសទី២ ៣:៣, ៤

៧​. តើ​អ្វី​នឹង​ជួយ​យើង​ទទួល​ស្គាល់​ជានិច្ច​ថា នេះ​ជា​គ្រា​បន្ទាន់​ណាស់?

៧ តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​បដិសេធ​នឹង​ទស្សនៈ​មិន​ល្អ​នេះ ហើយ​ទទួល​ស្គាល់​ជានិច្ច​ថា​នេះ​ជា​គ្រា​បន្ទាន់​ណាស់? ពេត្រុស​ប្រាប់​យើង​ថា​៖ «ខ្ញុំ​បាន​រំឭក​ដាស់​តឿន​សតិ​ស្មារតី​ដ៏​ស្អាត​របស់​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​បាន​នឹក​ចាំ​ពី​អស់​ទាំង​សេចក្ដី​ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ទាយ​កាល​ពីដើម នឹង​ពី​សេចក្ដី​បញ្ញត្ត​របស់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ ដែល​បង​ប្អូន​បាន​ឮ​ដោយសារ​យើង​ខ្ញុំ​ជា​ពួក​សា​វក»។ (ពេត្រុសទី២ ៣:១, ២) ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​ពី​ពួក​ព្យាការី​នឹង​ជួយ‹រំឭក​ដាស់​តឿន​សតិ​ស្មារតី​របស់​យើង›។ ប្រហែល​ជា​យើង​បាន​ស្ដាប់​ការ​រំលឹក​ទាំង​នេះ​ច្រើន​ដង​ហើយ ប៉ុន្តែ​សំខាន់​ជាង​មុនៗ​ទៅ​ទៀត គឺ​ពេល​ឥឡូវ​នេះ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្ដាប់​តាម​ការ​ព្រមាន​ទាំង​នោះ។—អេសាយ ៣៤:១​-​៤; លូកា ២១:៣៤​-​៣៦

៨​. ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​មិន​អើពើ​ចំពោះ​សេចក្ដី​រំលឹក​ពី​ព្រះ​យេហូវ៉ា?

៨ ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​មិន​អើពើ​ចំពោះ​ការ​ព្រមាន​ទាំង​នេះ? ពេត្រុស​ពន្យល់​ទៀត​ថា​៖ «គេ​ចង់​បំភ្លេច​ថា ពី​ចាស់​បុរាណ​មាន​ផ្ទៃ​មេឃ​ក៏​មាន​ដី​ដុះ​ចេញ​ពី​ទឹក​ហើយ​នៅ​ក្នុង​ទឹក​ផង​ដោយសារ​ព្រះ​បន្ទូល​នៃ​ព្រះ រួច​មក​លោកីយ​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ​ទៅ»។ (ពេត្រុសទី២ ៣:៥, ៦, កំណែ​ជា​អក្សរ​ទ្រេត) ពិត​មែន​ហើយ មនុស្ស​ខ្លះ​មិន​ចង់​ឲ្យ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់​ទេ។ ពួក​គេ​មិន​ចង់​ឲ្យ​អ្វី​រំខាន​ដល់​ជីវិត​គេ​ទេ។ ហើយ​ពួក​គេ​ក៏​មិន​ចង់​ទទួល​ការ​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​ស្តី​អំពី​របៀប​រស់​នៅ​របស់​គេ​ដែល​រក​តែ​ប្រយោជន៍​ខ្លួន​ឯង​នោះ! គឺ​ដូច​ពេត្រុស​មាន​ប្រសាសន៍ ពួក​គេ​រស់​ស្រប​ទៅ​តាម​«សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ»។

៩​. តើ​មនុស្ស​មាន​ចិត្ត​គំនិត​បែប​ណា​នៅ​សម័យ​ណូអេ​និង​ឡុត?

៩ ពួក​អ្នក​ចំអក​ឡកឡឺយ​«ចង់​បំភ្លេច»​ឬ​មិន​អើពើ​ចំពោះ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា សម័យ​បុរាណ​ព្រះ​យេហូវ៉ា​ធ្លាប់​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​មនុស្ស​លោក។ ព្រះ​យេស៊ូ​គ្រិស្ត​និង​សាវ័ក​ពេត្រុស​សំដៅ​ទៅ​លើ​គ្រា​ពីរ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្តរាគមន៍ គឺ​«នៅ​ជំនាន់​លោក​ណូអេ» និង​«ជំនាន់​លោក​ឡុត»។ (លូកា ១៧:២៦​-​៣០; ពេត្រុសទី២ ២:៥​-​៩) មុន​ទឹក​ជំនន់​នោះ មនុស្ស​មិន​ចាប់​អារម្មណ៍​សោះ​ចំពោះ​ការ​ព្រមាន​របស់​ណូអេ។ ដូច​គ្នា​ដែរ មុន​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា​បាន​ទទួល​សេចក្ដី​ហិនវិនាស​នោះ កូន​ប្រសា​របស់​ឡុត​ចាត់​ទុក​ការ​ព្រមាន​របស់​គាត់​គ្រាន់​តែ​ជា​ការ​«និយាយ​លេង»។—លោកុប្បត្តិ ១៩:១៤

១០​. តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ដល់​អស់​អ្នក​ដែល​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ព្រមាន​របស់​ទ្រង់?

១០ មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ចិត្ត​គំនិត​ដូច​គ្នា​ដែរ។ ប៉ុន្តែ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ដល់​អស់​អ្នក​ដែល​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ព្រមាន​របស់​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា​៖ «អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​បាន​រង​នៅ​លើ​កករ​របស់​គេ ជា​ពួក​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា ‹ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ ទោះ​ល្អ​ឬ​អាក្រក់​ផង›។ ទ្រព្យសម្បត្ដិ​របស់​គេ​នឹង​ត្រូវ​រឹប​ជាន់ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ចោល​ស្ងាត់​ទទេ។ អើ! គេ​នឹង​សង់​ផ្ទះ តែ​មិន​បាន​អាស្រ័យ​នៅ​ទេ។ គេ​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ តែ​មិន​បាន​ផឹក​អ្វី​ពី​នោះ​ឡើយ»។ (សេផានា ១:១២, ១៣) មនុស្ស​ប្រហែល​ជា​នឹង​បន្ត​រស់​នៅ​ដូច​ធម្មតា ប៉ុន្តែ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ មិន​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍​ស្ថិតស្ថេរ​នោះ​ទេ។ ហេតុ​អ្វី? ពីព្រោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​យ៉ាង​ឆាប់ ហើយ​ទ្រព្យ​សម្បត្ដិ​ដែល​គេ​បាន​ប្រមូល​នោះ មិន​អាច​សង្គ្រោះ​គេ​បាន​ឡើយ។—សេផានា ១:១៨

​«ចូរ​រង់ចាំ​ចុះ!»

១១​. តើ​យើង​ត្រូវ​នឹក​ចាំ​ពី​ការ​ដាស់​តឿន​អ្វី?

១១ យើង​មិន​គួរ​ធ្វើ​ដូច​លោកិយ​អាក្រក់​ជុំវិញ​យើង​ឡើយ តែ​ត្រូវ​នឹក​ចាំ​ជានិច្ច​នូវ​ពាក្យ​ដែល​ព្យាការី​ហាបាគុក​បាន​សរសេរ​ពេល​គាត់​ដាស់​តឿន​ថា​៖ «ការ​ជាក់​ស្តែង​នេះ​ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូ​ត​ឲ្យ​ដល់​ពេល​នោះ​ហើយ។ នៅ​គ្រា​នោះ​នឹង​មិន​កុហក​ទេ បើសិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់ចាំ​ចុះ! ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ»។ (ហាបាគុក ២:៣) ទោះ​បើ​ថ្ងៃ​នោះ​មើល​ទៅ​ដូច​ជា​មក​យឺត​ក៏​ដោយ ចូរ​ចាំ​ថា​នេះ​ជា​ទស្សនៈ​របស់​មនុស្ស​មិន​គ្រប់​លក្ខណ៍ តែ​ព្រះ​យេហូវ៉ា​មិន​ដែល​ធ្វើ​អ្វី​យឺត​យ៉ាវ​ឡើយ។ ថ្ងៃ​របស់​ទ្រង់​នឹង​មក​តាម​ពេល​កំណត់ គឺ​នៅ​គ្រា​ដែល​មនុស្ស​នឹក​ស្មាន​មិន​ដល់។—ម៉ាកុស ១៣:៣៣; ពេត្រុសទី២ ៣:៩, ១០

១២​. តើ​ព្រះ​យេស៊ូ​ព្រមាន​អំពី​អ្វី? តើ​ពួក​អ្នក​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​វិញ?

១២ ព្រះ​យេស៊ូ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​រង់ចាំ​ជានិច្ច​នូវ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ព្រមាន​ថា សូម្បី​តែ​អ្នក​ខ្លះ​ដែល​កាន់​តាម​ទ្រង់​ក៏​នឹង​ឈប់​ទទួល​ស្គាល់​គ្រា​នេះ​ជា​គ្រា​បន្ទាន់។ ព្រះ​យេស៊ូ​បាន​ទាយ​អំពី​អ្នក​ទាំង​នោះ​«ជា​អ្នក​បំរើ​អាក្រក់​[ដែល]​គិត​ក្នុង​ចិត្ត​ថា ‹ចៅហ្វាយ​អញ​ក្រ​មក› ក៏​តាំង​វាយ​ដំ​ពួក​គូកន​ខ្លួន​ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​នឹង​ពួក​មនុស្ស​ប្រមឹក​ផង។ ដូច្នេះ​នៅ​ថ្ងៃ​ណា​ដែល​វា​មិន​នៅ​ចាំ ជា​វេលា​ណា​ដែល​វា​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់​ហើយ​នឹង​ធ្វើ​ទោស​វា​ជា​យ៉ាង​ធ្ងន់»។ (ម៉ាថាយ ២៤:៤៨​-​៥១) ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​មាន​ភក្ដីភាព​ហើយ​ទទួល​ស្គាល់​ជានិច្ច​ថា នេះ​ជា​គ្រា​បន្ទាន់​ណាស់។ ក្រុម​អ្នក​បម្រើ​នោះ​បាន​ចាំ​យាម​និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​យូរ​មក​ហើយ។ ព្រះ​យេស៊ូ​បាន​តែងតាំង​ក្រុម​អ្នក​បម្រើ​នោះ​ឲ្យ​ត្រួត​លើ​«របស់​ទ្រព្យ​លោក​ទាំង​អស់»​នៅ​លើ​ផែនដី។—ម៉ាថាយ ២៤:​៤២​-​៤៧

ហេតុ​ដែល​ពួក​គេ​ត្រូវ​ទទួល​ស្គាល់​សម័យ​នោះ​ជា​គ្រា​បន្ទាន់​ណាស់!

១៣​. តើ​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ត្រូវ​ទទួល​ស្គាល់​សម័យ​នោះ​ជា​គ្រា​បន្ទាន់?

១៣ គឺ​សំខាន់​ចាំបាច់​ណាស់​ឲ្យ​ពួក​គ្រិស្ត​សា​សនិក​នៅ​សតវត្សរ៍​ទី​មួយ​ទទួល​ស្គាល់​ជានិច្ច​ថា ពួក​គេ​កំពុង​តែ​រស់​នៅ​គ្រា​បន្ទាន់​ណាស់។ ពួក​គេ​ត្រូវ​ចាត់​វិធានការ​ដោយ​រត់​ចេញ​ភ្លាម​ពេល​ឃើញ​«ពល​ទ័ព​ឡោមព័ទ្ធ»​ទី​ក្រុង​យេរូសាឡិម។ (លូកា ២១:២០, ២១) ព្រឹត្ដិការណ៍​នោះ​បាន​កើត​ឡើង​មែន នៅ​ឆ្នាំ​៦៦ គ.ស.។ សូម​កត់​សម្គាល់​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​បញ្ជាក់​ថា ជា​ការ​សំខាន់​ណាស់​ឲ្យ​ពួក​គ្រិស្ត​សា​សនិក​ទទួល​ស្គាល់​គ្រា​នោះ​ជា​គ្រា​បន្ទាន់។ ទ្រង់​មាន​បន្ទូល​ថា​៖ «កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ដើម្បី​នឹង​យក​របស់​អ្វី​ពី​ផ្ទះ​ឡើយ ហើយ​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំ​ការ​ត្រឡប់​មក​វិញ​ដើម្បី​នឹង​យក​សំលៀក​បំពាក់​ខ្លួន​ដែរ»។ (ម៉ាថាយ ២៤:១៧, ១៨) ប៉ុន្តែ ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា មាន​រយៈ​ពេល​ជាង​បួន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​មុន​គេ​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ចោល។ ដូច្នេះ យើង​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​ក៏​ចាំបាច់​ម្ល៉េះ​ឲ្យ​ពួក​គ្រិស្ត​សា​សនិក​ធ្វើ​តាម​បន្ទូល​ព្រះ​យេស៊ូ​ភ្លាមៗ​នៅ​ឆ្នាំ​៦៦ គ.ស.​នោះ?

១៤, ១៥​. ហេតុ​អ្វី​ក៏​សំខាន់​ចាំបាច់​ឲ្យ​ពួក​គ្រិស្ត​សា​សនិក​នៅ​សតវត្សរ៍​ទី​មួយ​រត់​ភ្លាម​ពេល​ឃើញ​ពល​ទ័ព​ឡោម​ព័ទ្ធ​ទី​ក្រុង​យេរូសាឡិម?

១៤ ពិត​មែន​ហើយ​ថា ពួក​ទ័ព​រ៉ូម​មិន​បាន​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ភ្លាមៗ​នោះ​ទេ តែ​ស្ថាន​ភាព​ក្នុង​ក្រុង​នោះ​រវាង​ឆ្នាំ​៦៦​ដល់​ឆ្នាំ​៧០ គ.ស. គឺ​ពិបាក​ណាស់! គ្រា​នោះ​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ​និង​ការ​កាប់​សម្លាប់​គ្នា។ អ្នក​ប្រវត្ដិវិទូ​ម្នាក់​រៀប​រាប់​ពី​ស្ថានភាព​ក្នុង​ទី​ក្រុង​យេរូសាឡិម​ថា ជា​គ្រា​មាន​«ការ​បង្ហូរ​ឈាម​ដ៏​គួរ​ឲ្យ​រន្ធត់​ក្នុង​សង្គ្រាម​ស៊ីវិល ទាំង​មាន​អំពើ​ឃោរឃៅ​យ៉ាង​សាហាវ​ព្រៃផ្សៃ​ផង​ដែរ»។ គេ​បាន​ចាប់​ពួក​យុវជន​ដើម្បី​ប្រើ​ឲ្យ​រៀបចំ​អ្វីៗ​ដែល​អាច​ការពារ​ទី​ក្រុង​ទុក​ជា​មុន ព្រម​ទាំង​បង្ខំ​ឲ្យ​គេ​កាន់​អាវុធ​និង​ធ្វើ​ទាហាន​ផង​ដែរ។ រាល់​ថ្ងៃ​គេ​បាន​ហាត់​ធ្វើ​ទាហាន។ បណ្ដា​ជន​ណា​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​គេ​កំពុង​តែ​ធ្វើ​នោះ បាន​ត្រូវ​ចាត់​ទុក​ជា​អ្នក​ក្បត់​ជាតិ។ បើ​ពួក​គ្រិស្ត​សា​សនិក​បាន​បង្អែបង្អង់​យូរ​ក្នុង​ទី​ក្រុង​យេរូសាឡិម ពួក​គេ​ក៏​អាច​ជួប​នឹង​គ្រោះថ្នាក់​ជា​ច្រើន។—ម៉ាថាយ ២៦:៥២; ម៉ាកុស ១២:១៧

១៥ មាន​ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត គឺ​ថា​ព្រះ​យេស៊ូ​មាន​បន្ទូល​ឲ្យ​«អស់​អ្នក​នៅ​ស្រុក​យូដា»​ចាប់​ផ្ដើម​រត់​ចេញ មិន​គ្រាន់​តែ​ពួក​អ្នក​នៅ​ទី​ក្រុង​យេរូសាឡិម​ប៉ុណ្ណោះ។ ទង្វើ​នេះ​គឺ​សំខាន់​ណាស់ ពីព្រោះ​ទ័ព​រ៉ូម​បាន​រុក​រាន​ចូល​ស្រុក​អ៊ីស្រាអែល​ម្ដង​ទៀត គ្រាន់​តែ​ប៉ុន្មាន​ខែ​ក្រោយ​ពួក​គេ​បាន​ដក​ទ័ព​ចេញ​ពី​ក្រុង​យេរូសាឡិម។ មុន​ដំបូង​គេ​បាន​បង្ក្រាប​ស្រុក​កាលីឡេ​នៅ​ឆ្នាំ​៦៧ គ.ស. ហើយ​ឆ្នាំ​ក្រោយ​ពួក​គេ​បាន​ពង្រាប​ស្រុក​យូដា​បន្ដិច​ម្ដងៗ។ នេះ​ធ្វើ​ឲ្យ​ពួក​អ្នក​នៅ​ជនបទ​រង​ទុក្ខ​ខ្លាំង​ណាស់។ ហើយ​ចំពោះ​ប្រជាជន​យូដា​នៅ​ទី​ក្រុង​យេរូសាឡិម​វិញ គឺ​រឹតតែ​ពិបាក​ទៀត​ឲ្យ​គេ​រត់​ចេញ​ទៅ​ក្រៅ​ទី​ក្រុង​នោះ។ នៅ​ខ្លោងទ្វារ​ទី​ក្រុង​មាន​អ្នក​ចាំ​យាម​ដែល​ចាប់​ប្រជាជន​ដែល​ខំ​រត់​ចេញ ទាំង​ចោទ​ថា​អ្នក​នោះ​ជា​អ្នក​ក្បត់​ជាតិ​ដោយ​ចង់​ទៅ​ខាង​ឯ​ពួក​រ៉ូម​វិញ។

១៦​. ដើម្បី​រួច​រស់​ជីវិត​ក្នុង​គ្រា​លំបាក​នោះ តើ​ពួក​គ្រិស្ត​សា​សនិក​នៅ​សតវត្សរ៍​ទី​មួយ​ត្រូវ​មាន​ចិត្ត​គំនិត​បែប​ណា?

១៦ ពេល​គិត​ពី​ចំណុច​ទាំង​នេះ យើង​អាច​យល់​នូវ​មូលហេតុ​ដែល​ព្រះ​យេស៊ូ​សង្កត់​បញ្ជាក់​យ៉ាង​ខ្លាំង​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​ទទួល​ស្គាល់​សម័យ​នោះ​ជា​គ្រា​បន្ទាន់​ណាស់។ ដើម្បី​កុំ​ឲ្យ​ទ្រព្យ​សម្បត្ដិ​បង្វែរ​អារម្មណ៍​របស់​ពួក​គ្រិស្ត​សា​សនិក នោះ​ពួក​គេ​ត្រូវ​សុខ​ចិត្ត​លះបង់​របស់​ខ្លះៗ។ តាម​ពិត ពួក​គេ​ត្រូវ​សុខ​ចិត្ត‹លះ​អាល័យ​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់›ដើម្បី​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ។ (លូកា ១៤:៣៣) ពួក​អ្នក​ដែល​បាន​ស្ដាប់​បង្គាប់​ដោយ​រត់​ទៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់​ភ្លាមៗ​នោះ បាន​រួច​រស់​ជីវិត​វិញ។

ចូរ​យើង​ទទួល​ស្គាល់​ជានិច្ច​ថា សម័យ​នេះ​ក៏​ជា​គ្រា​បន្ទាន់​ណាស់!

១៧​. ហេតុ​អ្វី​គួរ​គប្បី​ឲ្យ​យើង​ទទួល​ស្គាល់​ខ្លាំង​ជាង​មុនៗ​ទៅ​ទៀត​ថា នេះ​ជា​គ្រា​បន្ទាន់?

១៧ បទ​ទំនាយ​ផ្សេងៗ​ក្នុង​ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា គ្រា​ចុង​បញ្ចប់​នេះ​ជិត​ផុត​កំណត់​ហើយ។ ដូច្នេះ យើង​ត្រូវ​ទទួល​ស្គាល់​ខ្លាំង​ជាង​មុនៗ​ទៅ​ទៀត​ថា នេះ​ជា​គ្រា​បន្ទាន់​ណាស់! ពេល​អត់​មាន​សង្គ្រាម ធម្មតា​ទាហាន​មិន​តានតឹង​ចិត្ត​ទេ ហើយ​ក៏​មិន​សូវ​ប្រុង​ប្រៀប​ខ្លួន​ដែរ។ ប៉ុន្តែ បើ​គេ​ហៅ​គាត់​ចូល​សមរភូមិ​ភ្លាមៗ​ដោយ​ឥត​បើក​ឱកាស​ឲ្យ​ត្រៀម​ខ្លួន​ជា​មុន នោះ​ប្រហែល​ជា​គាត់​នឹង​រង​គ្រោះ​ថ្នាក់។ គឺ​ដូច​គ្នា​ដែរ​ចំពោះ​ពួក​គ្រិស្ត​សា​សនិក។ បើ​យើង​លែង​ទទួល​ស្គាល់​ថា​នេះ​ជា​គ្រា​បន្ទាន់ នោះ​យើង​ប្រហែល​ជា​ខ្វះ​សមត្ថភាព​ទប់ទល់​នឹង​អ្វី​ដែល​ពាធា​យើង ហើយ​ប្រហែល​ជា​នឹង​មិន​ដឹង​ខ្លួន​ពេល​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់។ (លូកា ២១:៣៦; ថែស្សាឡូនីចទី១ ៥:៤) ចំពោះ​បងប្អូន​ណា​ដែល​«បាន​រា​ថយ​ចេញ​ពី​ការ​គោរព​តាម​ព្រះ​យេហូវ៉ា» នេះ​ជា​គ្រា​ដែល​ពួក​គេ​គួរ​ស្វែង​រក​ទ្រង់​ម្ដង​ទៀត។—សេផានា ១:៣​-​៦; ថែស្សាឡូនីចទី២ ១:៨, ៩

១៨, ១៩​. តើ​អ្វី​នឹង​ជួយ​យើង​ទន្ទឹង​ចាំ​ឲ្យ‹ថ្ងៃ​នៃ​ព្រះ​ឆាប់​មក​ដល់›?

១៨ ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​សាវ័ក​ពេត្រុស​ដាស់​តឿន​យើង​ឲ្យ​ទន្ទឹង​ចាំ​ថា ‹ថ្ងៃ​នៃ​ព្រះ​ឆាប់​មក​ដល់›! តើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន​យ៉ាង​ណា? របៀប​មួយ​គឺ​ដោយ​មាន​«កិរិយា​បរិសុទ្ធ»​និង​«គោរព​ប្រតិបត្ដិ»​ដល់​ព្រះ។ (ពេត្រុសទី២ ៣:១១, ១២) ពេល​យើង​ជាប់​រវល់​ធ្វើ​ដូច្នេះ នេះ​នឹង​ជួយ​យើង​រង់ចាំ‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា›ដោយ​រីករាយ។ តើ​យើង​អាច‹ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​ឆាប់​មក​ដល់›បាន​យ៉ាង​ណា? យើង​មិន​អាច​បង្រួម​ពេល​ដែល​នៅ​សល់​នេះ​ឲ្យ​ខ្លី​បាន​ទេ។ ប៉ុន្តែ បើ​យើង​តែង​តែ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​ពេល​កំពុង​រង់ចាំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ នោះ​មើល​ទៅ​ដូច​ជា​ពេល​វេលា​បាន​កន្លង​ទៅ​យ៉ាង​ឆាប់។—កូរិនថូសទី១ ១៥:៥៨

១៩ ការ​រំពឹង​គិត​លើ​ព្រះ​បន្ទូល​របស់​ព្រះ​និង​ការ​គិត​វែង​ឆ្ងាយ​អំពី​សេចក្ដី​រំលឹក​ក្នុង​ព្រះ​គម្ពីរ​ក៏​នឹង​ជួយ​យើង​«ទន្ទឹង​រង់ចាំ​និង​ខ្នះខ្នែង​ធ្វើ​អោយ​ថ្ងៃ . . . នោះ​កាន់​តែ​ឆាប់​មក​ដល់»។ (ពេត្រុសទី២ ៣:១២, ខ.ស.) សេចក្ដី​រំលឹក​ទាំង​នោះ​រួម​បញ្ចូល​បទ​ទំនាយ​ជា​ច្រើន​ដែល​មិន​គ្រាន់​តែ​ប្រាប់​អំពី​ពេល​ដែល​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​មក​ដល់​នោះ តែ​រៀប​រាប់​អំពី​ពរ​ជា​បរិបូរ​ដែល​ត្រូវ​ប្រទាន​លើ​អស់​អ្នក​ដែល​«រង់ចាំ»​ព្រះ​យេហូវ៉ា​ជានិច្ច។—សេផានា ៣:៨

២០​. តើ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ដាស់​តឿន​អ្វី?

២០ គឺ​ពេល​ឥឡូវ​នេះ​ដែល​យើង​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ព្យាការី​សេផានា​ដាស់​តឿន​ដែរ។ គាត់​មាន​ប្រសាសន៍​ថា​៖ «មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ​យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អើ! មុន​ដែល​ថ្ងៃ​មក​ដល់ ក្នុង​កាល​ដែល​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អស់​អ្នក​រាបសា​នៅ​ផែនដី​ដែល​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ! ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ទេ​ដឹង»។—សេផានា ២:២, ៣

២១​. តើ​រាស្ត្រ​របស់​ព្រះ​តាំង​ចិត្ត​ធ្វើ​អ្វី​ក្នុង​អំឡុង​ឆ្នាំ​២០០៧?

២១ ដូច្នេះ ជា​ការ​សមរម្យ​ណាស់​ដែល​យើង​ជ្រើសរើស​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៧​គឺ «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់»។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជឿ​ស៊ប់​ថា ថ្ងៃ​របស់​ទ្រង់​«បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ»។ (សេផានា ១:១៤) ហើយ​ថ្ងៃ​នោះ​«ឥត​រារង់​ឡើយ»។ (ហាបាគុក ២:៣) ដូច្នេះ ពេល​យើង​រង់ចាំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ ចូរ​ប្រុង​ស្មារតី​ចំពោះ​គ្រា​ពិសេស​នេះ​ហើយ​ទទួល​ស្គាល់​ថា ការ​សម្រេច​ចុង​ក្រោយ​បង្អស់​នៃ​បទ​ទំនាយ​ទាំង​នេះ គឺ​ជិត​ណាស់​ហើយ!

តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ?

• តើ​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា»​សំដៅ​ទៅ​លើ​អ្វី?

• ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​មិន​ទទួល​ស្គាល់​សម័យ​នេះ​ជា​គ្រា​បន្ទាន់?

• ហេតុ​អ្វី​ក៏​ពួក​គ្រិស្ត​សា​សនិក​នៅ​សតវត្សរ៍​ទី​មួយ​ត្រូវ រត់​ភ្លាម​ពេល​ទទួល​ស្គាល់​សម័យ​នោះ​ជា​គ្រា​បន្ទាន់?

• តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ស្គាល់​ខ្លាំង​ជាង​មុនៗ​ទៅ​ទៀត​ថា នេះ​ជា​គ្រា​បន្ទាន់?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ១៤]

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៧​គឺ «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់»។—សេផានា ១:១៤

[រូបភាព​នៅ​ទំព័រ​១៣]

ដូច​នៅ​សម័យ​លោក​ណូអេ មនុស្ស​ចំអក​ឡកឡឺយ នឹង​ភ្ញាក់​ផ្អើល​ពេល​ព្រះ​យេហូវ៉ា​ចាត់​វិធានការ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក