បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៦ ទំ. ៨-១៣
  • ‹ចូរឯងរាល់គ្នារង់ចាំអញ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរឯងរាល់គ្នារង់ចាំអញ›
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេផានា—ជា​ស្មរបន្ទាល់​ក្លាហាន​ម្នាក់
  • មូលហេតុ​ចំពោះ​សេចក្ដី​ក្រេវក្រោធ​ដ៏​សហ័ស​នៃ​ព្រះ​យេហូវ៉ា
  • ការ​សង្ស័យ​អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា
  • «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់»
  • ពួក​សាសន៍​ឯ​ទៀត​ត្រូវ​បាន​ជំនុំជំរះ
  • «ចូរ​ឯង​រាល់​គ្នា​រង់ចាំ»
  • «កុំឲ្យដៃឯងអន់ថយឲ្យសោះ»
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាគឺជិតមកដល់ហើយ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរស្វែងរកព្រះយេហូវ៉ាមុនថ្ងៃនៃសេចក្ដីខ្ញាល់របស់ទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរយកតម្រាប់តាមសេផានាជាអ្នកប្រកាសទំនាយ
    ២០១៤ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៦ ទំ. ៨-១៣

‹ចូរ​ឯង​រាល់​គ្នា​រង់​ចាំ​អញ›

«ដូច្នេះ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​រង់ចាំ . . . អញ»។—សេផានា ៣:៨

១. តើ​ព្យាការី​សេផានា​បាន​ប្រកាស​សេចក្ដី​ព្រមាន​អ្វី ហើយ​រឿង​នេះ​ជា​ទី​ចាប់​អារម្មណ៍​យ៉ាង​ណា​ដល់​មនុស្ស​រស់​នៅ​សព្វ​ថ្ងៃ​នេះ?

«ថ្ងៃ​ដ៏ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់»​ហើយ។ នេះ​ជា​សេចក្ដី​ព្រមាន​ដែល​ព្យាការីសេផានា​បាន​ប្រកាស​ក្នុង​ពាក់​កណ្ដាល​សតវត្ស​ទី​ប្រាំពីរ ម.ស.យ.។ (សេផានា ១:១៤) ក្នុង​រវាង៤០ឬ៥០ឆ្នាំ ទំនាយ​នេះ​ក៏​បាន​សំរេច នៅ​ពេល​ដែល​ថ្ងៃ​ប្រហារ​ជំនុំជំរះ​នៃ​ព្រះ​យេហូវ៉ា​បាន​ធ្លាក់​មក​លើ​យេរូសាឡិម ហើយ​មក​លើ​ពួក​សាសន៍​ទាំង​នោះ​ដែល​បាន​ប្រជែង​នឹង​អធិបតេយ្យភាព​នៃ​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​បាប​ដល់​ប្រជា​រាស្ត្រ​របស់​ទ្រង់។ ហេតុ​អ្វី​ក៏​រឿង​នេះ​ជា​ទី​ចាប់​អារម្មណ៍​ដល់​មនុស្ស​រស់​នៅ​ចុង​សតវត្ស​ទី២០នេះ​ដូច្នេះ? យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដែល​«ថ្ងៃ​ដ៏​ធំ»​ក្រោយ​បង្អស់​របស់​ព្រះ​យេហូវ៉ា កាន់​តែ​មក​ជិត​ឡើងៗ។ ដូច​ក្នុង​សម័យ​សេផានា​ដែរ «សេចក្ដី​ក្រេវក្រោធ​ដ៏​សហ័ស»​របស់​ព្រះ​យេហូវ៉ា បំរុង​តែ​នឹង​ឆេះ​មក​លើ​យេរូសាឡិម​សម័យ​ទំនើប​នេះ—គឺ​ពិភព​គ្រីស្ទ​សាសនា—និង​សាសន៍​ទាំង​អស់​ដែល​ធ្វើ​ទុក្ខ​ទោស​ដល់​ប្រជា​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា ហើយ​ប្រជែង​នឹង​អធិបតេយ្យភាព​សកលលោក​របស់​ទ្រង់។—សេផានា ១:៤; ២:៤, ៨, ១២, ១៣; ៣:៨; ពេត្រុសទី២ ៣:១២, ១៣

សេផានា—ជា​ស្មរបន្ទាល់​ក្លាហាន​ម្នាក់

២, ៣. (ក) តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​សេផានា ហើយ​អ្វី​បង្ហាញ​ថា គាត់​ជា​ស្មរបន្ទាល់​ក្លាហាន​ម្នាក់​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​អ្វី​ជា​ហេតុ​ការណ៍​ដែល​ឲ្យ​យើង​ដឹង​អំពី​ពេល​វេលា​និង​កន្លែង​ផ្សាយ​របស់​សេផានា?

២ មិន​សូវ​មាន​ការ​ដឹង​ច្រើន​ទេ​អំពី​ព្យាការី​សេផានា ដែល​ឈ្មោះ​នេះ (ភាសា​ហេព្រើរ Tsephan·yahʹ) មាន​ន័យ​ថា «ព្រះ​យេហូវ៉ា​បាន​បិទ​បាំង»។ ប៉ុន្តែ ខុស​ពី​ពួក​ព្យាការី​ឯ​ទៀត សេផានា​បាន​ប្រាប់​អំពី​ប្រវត្ដិ​គ្រួសារ​របស់​គាត់ រហូត​ទៅ​ដល់​ដំណ​ទី​បួន គឺ​ទៅ​ដល់​ដំណ​«ហេសេគា»។ (សេផានា ១:១; ប្រៀបធៀប អេសាយ ១:១; យេរេមា ១:១; អេសេគាល ១:៣) ដោយសារ​តែ​ការ​នេះ​ប្លែក​ដ៏​ម្ល៉េះ ដែល​អ្នក​ធ្វើ​អត្ថាធិប្បាយ​ភាគ​ច្រើន សំគាល់​ជីតា​បួន​ដំណ​របស់​គាត់​ជា ស្តេច​ហេសេគា​ដ៏​ស្មោះ​ត្រង់។ បើសិន​ជា​ការ​នេះ​ពិត​មែន សេផានា​គឺ​មក​ពី​ជួរ​ស្តេច ហើយ​នេះ​ច្បាស់​ជា​ដាក់​ទំងន់​ទៅ​លើ​ការ​ផ្ដន្ទា​ទោស​ដ៏​ខ្លាំង​របស់​គាត់ ចំពោះ​ពួក​ហ្លួង​យូដា។ ហើយ​នេះ​ច្បាស់​ជា​បង្ហាញ​ថា គាត់​ជា​ស្មរបន្ទាល់​ក្លាហាន​និង​ជា​ព្យាការី​របស់​ព្រះ​យេហូវ៉ា​ម្នាក់។ ចំណេះ​ជ្រៅជ្រះ​របស់​គាត់​អំពី​ឋាន​លេខ​សាស្ត្រ​នៃ​យេរូសាឡិម និង​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង​ក្នុង​រាជ​វាំង បង្ហាញ​ថា គាត់​ប្រហែល​ជា​បាន​ប្រកាស​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​រាជធានី​នោះ​តែ​ម្ដង។—មើល​សេផានា ១:៨​-​១១

៣ ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​កត់​សំគាល់​គឺ​ថា កាល​សេផានា​ប្រកាស​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ​មក​លើ​«ពួក​ចៅហ្វាយ»​យូដា (ពួក​អភិជន ឬ​ពួក​មេ​កុលសម្ព័ន្ធ) និង​មក​លើ «ពួក​កូន​ស្តេច» គាត់​មិន​ដែល​និយាយ​តិះដៀល​អ្វី​សោះ​អំពី​ស្តេច​អង្គ​ទ្រង់​ផ្ទាល់។a (សេផានា ១:៨; ៣:៣) ការ​នេះ​បង្ហាញ​ថា ស្តេច​យ៉ូសៀស​បាន​សំដែង​ការ​លំអៀង​ទៅ​រក​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ទៅ​ហើយ ថ្វី​បើ​ទ្រង់​មិន​ទាន់​ចាប់​ផ្ដើម​ធ្វើ​ការ​កែ​ទម្រង់​សាសនា​ក៏​ដោយ បើ​យោង​ទៅ​តាម​ស្ថានការណ៍​ដែល​សេផានា​បាន​បដិសេធ​នោះ។ ការ​ទាំង​អស់​នេះ​ប្រាប់​ថា សេផានា​បាន​ទាយ​ផ្សាយ​ក្នុង​យូដា កំឡុង​គ្រា​ដំបូង​នៃ​ស្តេច​យ៉ូសៀស ដែល​សោយ​រាជ្យ​ពី​ឆ្នាំ​៦៥៩ ទៅ ៦២៩ ម.ស.យ.។ ការ​ផ្សាយ​ដ៏​ខ្លាំង​របស់​សេផានា​នេះ ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​យុវ​វ័យ​យ៉ូសៀស​ជ្រាប​អំពី​សរណវត្ថុ​បូជា អំពើ​ឃោរឃៅ និង​អំពើ​ពុក​រលួយ ដែល​មាន​ពាស​ពេញ​ក្នុង​ស្រុក​យូដា​នៅ​គ្រា​នោះ ហើយ​មុខ​ជា​បាន​លើក​ទឹក​ចិត្ត​ទ្រង់​ឲ្យ​ធ្វើ​ឃោសនា​ការ​ប្រឆាំង​នឹង​សរណវត្ថុ​បូជា។—របាក្សត្រទី២ ៣៤:១​-​៣

មូលហេតុ​ចំពោះ​សេចក្ដី​ក្រេវក្រោធ​ដ៏​សហ័ស​នៃ​ព្រះ​យេហូវ៉ា

៤. តើ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​យ៉ាង​ណា​ខ្លះ​អំពី​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចំពោះ​យូដា​និង​យេរូសាឡិម?

៤ ព្រះ​យេហូវ៉ា​មាន​មូលហេតុ​ត្រឹម​ត្រូវ ក្នុង​ការ​មាន​ព្រះទ័យ​ក្រោធ​នឹង​ពួក​មេ​ដឹក​នាំ​និង​ពួក​អ្នក​ស្រុក​យូដា និង​រាជធានី​យេរូសាឡិម។ តាម​រយៈ​ព្យាការី​សេផានា ទ្រង់​មាន​បន្ទូល​ថា​៖ «អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​ប៉ុន្មាន​ដែរ។ ក៏​នឹង​កាត់​ផ្ដិល​សំណល់​របស់​ព្រះ​បាល ពី​ទី​នេះ​ចេញ ព្រម​ទាំង​ឈ្មោះ​ពួក​អ្នក​ធ្វើ​ការងារ​ចំពោះ​រូប​ព្រះ​ជា​មួយ​នឹង​ពួក​សង្ឃ​ផង។ នឹង​ពួក​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ​បង្គំ​ដល់​ពលបរិវារ​នៅ​លើ​មេឃ ហើយ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ គឺ​ដែល​ស្បថ​ដល់​ទាំង​ព្រះ​យេហូវ៉ា នឹង​ដល់​ព្រះ​ម៉ូឡុក​ផង»។—សេផានា ១:៤, ៥

៥, ៦. (ក) តើ​អ្វី​ជា​ស្ថានការណ៍​សាសនា​ក្នុង​ស្រុក​យូដា​នៅ​សម័យ​សេផានា? (ខ) តើ​អ្វី​ជា​ស្ថានភាព​នៃ​ពួក​មេ​ដឹក​នាំ​ស៊ីវិល​និង​ពួក​អ្នក​នៅ​ក្រោម​បង្គាប់​នៃ​ស្រុក​យូដា?

៥ យូដា​បាន​ប្រឡូក​ប្រឡាក់​នឹង​ក្បួន​រីត៍​អង្គ​ជាតិ​ដ៏​ថោកទាប​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​បាល ហោរា​សាស្ត្រ​នៃ​ពួក​បិសាច និង​ការ​ថ្វាយ​បង្គំ​ដល់​ព្រះ​មី​ល​កូម។ បើសិន​ជា​ព្រះ​មី​ល​កូម​គឺ​ដូច​ព្រះ​ម៉ូឡុក ដូច​មនុស្ស​ខ្លះ​បាន​គិត​នោះ ដូច្នេះ ការ​ថ្វាយ​បង្គំ​មិន​ពិត​របស់​យូដា រួម​ទាំង​ការ​ធ្វើ​យញ្ញបូជា​កូន​ក្មេង​ដែល​ជា​ការ​ស្អប់​ខ្ពើម​បំផុត។ ទំលាប់​សាសនា​បែប​នេះ​ជា​ការ​ខ្ពើម​រអើម​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា។ (ពង្សាវតារក្សត្រទី១ ១១:៥, ៧; ១៤:២៣, ២៤; ពង្សាវតារក្សត្រទី២ ១៧:១៦, ១៧) ពួក​គេ​ធ្វើ​ឲ្យ​ទ្រង់​រឹតតែ​ឆួល​ក្រោធ​ឡើង កាល​ដែល​ពួក​ថ្វាយ​បង្គំ​រូប​ព្រះ​ទាំង​នេះ​ដោយ​នៅ​ស្បថ​នឹង​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា។ ទ្រង់​អត់​ទ្រាំ​លែង​បាន​ទៀត​ចំពោះ​ភាព​ស្មោកគ្រោក​នៃ​សាសនា​បែប​នេះ ហើយ​ទ្រង់​នឹង​កំទេច​ចោល​ពួក​ពាហិរជន​និង​ពួក​សង្ឃ​ក្បត់​ជំនឿ​ដែរ។

៦ ម្យ៉ាង​ទៀត ពួក​មេ​ដឹក​នាំ​ស៊ីវិល​នៃ​យូដា​សុទ្ធតែ​ពុក​រលួយ​ទាំង​អស់។ ពួក​ចៅហ្វាយ​ទាំង​នោះ ប្រៀប​ដូច​ជា​«សិង្ហ​កំពុង​គ្រហឹម» ហើយ​ពួក​ចៅក្រម​របស់​វា ដូច​ជា​«ឆ្កែ​ព្រៃ»។ (សេផានា ៣:៣) ពួក​អ្នក​នៅ​ក្រោម​បង្គាប់ ត្រូវ​បាន​គេ​ចោទ​ថា «បំពេញ​ផ្ទះ​របស់​ចៅហ្វាយ​គេ ដោយ​សេចក្ដី​ច្រឡោត​នឹង​សេចក្ដី​ឆបោក»។ (សេផានា ១:៩) វត្ថុ​និយម​ឃើញ​មាន​ទូទៅ។ មនុស្ស​ជា​ច្រើន​ឆ្លៀត​យក​ប្រយោជន៍​ពី​ស្ថានការណ៍​នេះ ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្ដិ។—សេផានា ១:១៣

ការ​សង្ស័យ​អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា

៧. តើ​សេផានា​ផ្សាយ​បាន​ប៉ុន្មាន​ឆ្នាំ មុន​នឹង​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា»​មក ហើយ​តើ​ពួក​យូដា​ជា​ច្រើន​មាន​សភាព​ខាង​វិញ្ញាណ​យ៉ាង​ណា​ដែរ?

៧ ដូច​ជា​យើង​បាន​ឃើញ​មក ស្ថានការណ៍​សាសនា​ដ៏​ហិន​ហោច​ដែល​មាន​ទូទៅ​ក្នុង​សម័យ​សេផានា បង្ហាញ​ថា គាត់​បាន​អនុវត្ត​កិច្ចការ​របស់​គាត់​ជា​ស្មរបន្ទាល់​និង​ជា​ព្យាការី​ហើយ មុន​នឹង​ស្តេច​យ៉ូសៀស​ចាប់​ផ្ដើម​ធ្វើ​ឃោសនា​ការ​ប្រឆាំង​នឹង​សរណវត្ថុ​បូជា ប្រហែល​នៅ​ឆ្នាំ​៦៤៨ ម.ស.យ.។ (របាក្សត្រទី២ ៣៤:៤, ៥) ដូច្នេះ សេផានា​ប្រហែល​ជា​ផ្សាយ​បាន​យ៉ាង​ហោច​ណាស់​៤០​ឆ្នាំ មុន​នឹង​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា» បាន​ធ្លាក់​មក​លើ​ព្រះ​រាជាណាចក្រ​យូដា។ ក្នុង​ចន្លោះ​គ្រា​នោះ ពួក​យូដា​ជា​ច្រើន​នៅ​មាន​ការ​សង្ស័យ ហើយ​ក៏​បាន‹រា​ថយ​ចេញ› ពី​ការ​បំរើ​ព្រះ​យេហូវ៉ា ដោយ​ទៅ​ជា​មិន​ខ្វល់។ សេផានា​និយាយ​ប្រាប់​អំពី «ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា ឬ​ស៊ើប​សួរ​តាម​ទ្រង់​សោះ»។ (សេផានា ១:៦) តាម​មើល​ទៅ មាន​មនុស្ស​មួយ​ចំនួន​ក្នុង​ស្រុក​យូដា ដែល​ធ្វើ​កន្តើយ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​ឡើយ។

៨, ៩. (ក) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ឆែក​មើល​«ពួក​អ្នក​ដែល​បាន​រង​នៅ​លើ​កករ​របស់​គេ»? (ខ) តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​នឹង​បែរ​ព្រះទ័យ​មក​ឯ​ពួក​អ្នក​ស្រុក​យូដា ពួក​មេ​ដឹក​នាំ​ស៊ីវិល​និង​សាសនា?

៨ ព្រះ​យេហូវ៉ា​បាន​សំដែង​គោល​បំណង​របស់​ទ្រង់ ដើម្បី​ឆែក​មើល​ពួក​អ្នក​ដែល​អះអាង​ថា​គេ​ជា​ប្រជា​រាស្ត្រ​របស់​ទ្រង់។ ពី​ចំណោម​ពួក​ដែល​អះអាង​ថា​ជា​អ្នក​ថ្វាយ​បង្គំ​ទ្រង់ ទ្រង់​នឹង​រើស​យក​ចេញ​ពួក​អ្នក​ដែល​នៅ​មាន​ការ​សង្ស័យ​ក្នុង​ចិត្ត​របស់​គេ អំពី​សមត្ថភាព​របស់​ទ្រង់ ឬ​អំពី​បំណង​ធ្វើ​អន្តរាគមន៍​ក្នុង​កិច្ចការ​មនុស្ស។ ទ្រង់​មាន​បន្ទូល​ថា​៖ «នៅ​គ្រា​នោះ អញ​នឹង​ឆែកឆេរ​ក្រុង​យេរូសាឡិម​ដោយ​ពន្លឺ​ចង្កៀង នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​បាន​រង​នៅ​លើ​កករ​របស់​គេ ជា​ពួក​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា ‹ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ ទោះ​ល្អ​ឬ​អាក្រក់​ផង› »។ (សេផានា ១:១២) ឃ្លា​ដែល​ថា​«ពួក​អ្នក​ដែល​បាន​រង​នៅ​លើ​កករ​របស់​គេ» (និយាយ​អំពី​ការ​ធ្វើ​ស្រា) សំដៅ​ទៅ​ពួក​អ្នក​ដែល​មាន​ផ្ទះ​សម្បែង​លុយ​កាក់​ច្រើន ដូច​ជា​កករ​ដែល​ធ្លាក់​ទៅ​បាត​ធុង​ស្រា ដែល​មិន​ចង់​រំខាន​ដោយ​ការ​ប្រកាស​អំពី​ការ​ធ្វើ​អន្តរាគមន៍​របស់​ព្រះ​ក្នុង​កិច្ចការ​មនុស្ស។

៩ ព្រះ​យេហូវ៉ា​នឹង​បែរ​ព្រះទ័យ​មក​ឯ​ពួក​អ្នក​ស្រុក​យូដា​និង​យេរូសាឡិម ហើយ​និង​ពួក​សង្ឃ​ដែល​ប្រឡូក​លាយ​ការ​ថ្វាយ​បង្គំ​របស់​ទ្រង់​ជា​មួយ​នឹង​ពាហិរ​និយម។ ទោះបី​ជា​គេ​គិត​ថា​គេ​បាន​សុខ​ហើយ ហាក់បី​ដូច​ជា​នៅ​ក្រោម​ភាព​ងងឹត​នៃ​រាត្រី​ក្នុង​កំផែង​យេរូសាឡិម​ក៏​ដោយ ក៏​ទ្រង់​នឹង​រក​គេ​ឃើញ ដូច​ជា​ពន្លឺ​ចង្កៀង​ចាក់​ធ្លុះ​ភាព​ងងឹត​ខាង​វិញ្ញាណ​ដែល​ពួក​គេ​ចូល​ជ្រកកោន​នោះ។ ទ្រង់​នឹង​អង្រន់​ឲ្យ​គេ​ធ្លាក់​ចេញ​ពី​ភាព​កន្តើយ​ខាង​សាសនា​របស់​គេ ជា​មុន​ដំបូង តាម​រយៈ​សារ​ដ៏​អស្ចារ្យ​អំពី​សេចក្ដី​ជំនុំជំរះ រួច​ដោយ​ប្រហារ​សេចក្ដី​ជំនុំជំរះ​នោះ។

«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់»

១០. តើ​សេផានា​រៀប​រាប់​យ៉ាង​ណា​ខ្លះ​អំពី​«ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា»?

១០ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សេផានា​ប្រកាស​ថា​៖ ‹ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ។ ការ​ឮ​សូរ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​ជូរចត់›។ (សេផានា ១:១៤) ថ្ងៃ​ដ៏​ជូរចត់​គឺ​ប្រាកដ​ជា​នៅ​ខាង​មុខ​មនុស្ស​គ្រប់​គ្នា—ពួក​សង្ឃ ពួក​ចៅហ្វាយ និង​ពួក​មនុស្ស—ដែល​មិន​ព្រម​ស្ដាប់​តាម​សេចក្ដី​ព្រមាន ហើយ​វិល​មក​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​វិញ។ ទំនាយ​នេះ​រៀប​រាប់​អំពី​ថ្ងៃ​ប្រហារ​សេចក្ដី​ជំនុំជំរះ​នោះ​ទៀត​ថា​៖ «ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ គឺ​ជា​ថ្ងៃ​ដ៏​វេទនា ហើយ​មាន​ទុក្ខ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃមីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់ ជា​ថ្ងៃ​ឮ​សូរ​ត្រែ នឹង​សំរែក​ដ៏​ពន្លឹក ទាស់​នឹង​ក្រុង​ដែល​មាន​គ្រឿង​ការពារ ហើយ​ទាស់​នឹង​កំផែង​យ៉ាង​ខ្ពស់»។—សេផានា ១:១៥, ១៦

១១, ១២. (ក) អ្វី​ជា​សារ​ជំនុំជំរះ​ដែល​បាន​ប្រកាស​ប្រាប់​យេរូសាឡិម? (ខ) តើ​ទ្រព្យ​សម្បត្ដិ​រុងរឿង​ជួយ​សង្គ្រោះ​ពួក​យូដា​បាន​ទេ?

១១ ក្នុង​រវាង​ពីរបី​ទសវត្ស​ប៉ុណ្ណោះ កងទ័ព​បាប៊ីឡូន​បាន​ចូល​លុក​លុយ​ស្រុក​យូដា។ ក្រុង​យេរូសាឡិម​ក៏​គេច​មិន​រួច​ដែរ។ ផ្ទះ​សម្បែង​និង​ទី​ធ្វើ​ជំនួញ​ត្រូវ​បាន​បំផ្លាញ​ចោល​អស់។ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា​៖ ‹នៅ​ថ្ងៃ​នោះ នឹង​ឮ​សូរ​សំរែក​ពី​ទ្វារ​ត្រី នឹង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី២ ហើយ​សូរ​គ្រាំ​គ្រេង​ពី​ភ្នំ​ទាំង​ប៉ុន្មាន។ ម្នាល ពួក​អ្នក​នៅ​ម៉ាកថេស[សង្កាត់​នៃ​ក្រុង​យេរូសាឡិម]អើយ ចូរ​ទ្រហោ​យំ​ចុះ ពីព្រោះ​ពូក​ធ្វើ​ជំនួញ​ទាំង​ប៉ុន្មាន​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​ផ្ទុក​ដោយ​ប្រាក់​បាន​ត្រូវ​វិនាស​ហើយ› »។—សេផានា ១:១០, ១១

១២ ដោយ​មិន​ព្រម​ជឿ​ថា ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​មក ពួក​យូដា​ជា​ច្រើន​បាន​ជាប់​រវល់​ជា​ខ្លាំង​ក្នុង​ការ​រក​ស៊ី​ធ្វើ​ជំនួញ​ធំៗ។ ប៉ុន្តែ តាម​រយៈ​ព្យាការី​ស្មោះ​ត្រង់ សេផានា ព្រះ​យេហូវ៉ា​បាន​ទាយ​ថា ទ្រព្យ​សម្បត្ដិ​របស់​គេ​«នឹង​ត្រូវ​រឹប​ជាន់ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ចោល​ស្ងាត់​ទទេ»។ គេ​នឹង​មិន​បាន​ផឹក​ស្រា​ដែល​គេ​បាន​ធ្វើ​ឡើយ ហើយ​«ទោះ​ទាំង​ប្រាក់ នឹង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ដែរ»។—សេផានា ១:១៣, ១៨

ពួក​សាសន៍​ឯ​ទៀត​ត្រូវ​បាន​ជំនុំជំរះ

១៣. អ្វី​ជា​សារ​ជំនុំជំរះ​ដែល​សេផានា​បាន​ប្រកាស​ប្រាប់​ស្រុក​ម៉ូអាប់ អាំម៉ូន និង​ស្រុក​អាសស៊ើរ?

១៣ តាម​រយៈ​ព្យាការី​របស់​ទ្រង់ សេផានា ព្រះ​យេហូវ៉ា​ក៏​បញ្ចេញ​សេចក្ដី​ក្រោធ​របស់​ទ្រង់​មក​លើ​ពួក​សាសន៍​ណា​ដែល​ធ្វើ​បាប​ប្រជា​រាស្ត្រ​របស់​ទ្រង់។ ទ្រង់​បាន​ប្រកាស​ថា​៖ « ‹អញ​បាន​ឮ​ពាក្យ​ដំនៀល​របស់​សាសន៍​ម៉ូអាប់ នឹង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ​តិះដៀល​ដល់​រាស្ត្រ​អញ ហើយ​បាន​ដំកើង​ខ្លួន​គេ​ទាស់​នឹង​ព្រំ​ស្រុក​របស់​រាស្ត្រ​អញ​ផង។ ហេតុ​នោះ ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ស្បថ​ថា ‹ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ពួក​កូន​ចៅ​អាម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ។ គឺ​ជា​ទី​មាន​សុទ្ធតែ​ដើម​កន្ទេចអាល នឹង​អណ្ដូង​អំបិល ជា​ទី​ខូច​បង់​នៅ​ជានិច្ច។ . . . ទ្រង់​នឹង​លូក​ព្រះ​ហស្ត​ទៅ​ទាស់​នឹង​ស្រុក​ខាង​ជើង​ដែរ គឺ​នឹង​បំផ្លាញ​ស្រុក​អាសស៊ើរ ហើយ​ធ្វើ​ឲ្យ​ក្រុង​នីនីវេ​ខូច​បង់ ជា​ទី​ហួតហែង ដូច​ជា​ទី​រហោ​ស្ថាន› »។—សេផានា ២:៨, ៩, ១៣

១៤. តើ​មាន​ទី​សំអាង​អ្វី​បង្ហាញ​ថា ពួក​សាសន៍​បរទេស​បាន ‹លើក​ដំកើង​ខ្លួន​គេ​ទាស់​នឹង› ពួក​អ៊ីស្រាអែល និង​ព្រះ​របស់​គេ​យេហូវ៉ា?

១៤ ម៉ូអាប់​និង​អាំម៉ូន​ជា​សត្រូវ​នៃ​អ៊ីស្រាអែល​ជា​យូរ​យារ​ណាស់​មក​ហើយ។ (ប្រៀបធៀប ពួក​ចៅហ្វាយ ៣:១២​-​១៤) សិលាចារឹក​របស់​ម៉ូអាប់ នៅ​ក្នុង​សារ​មន្ទីរ​លូ​ហ្វរ៍​នៅ​ទី​ក្រុង​ប៉ារិស បង្ហាញ​ឲ្យ​ឃើញ​អក្សរចារឹក​ដែល​ប្រាប់​អំពី​សេចក្ដី​ថ្លែង​ដ៏​អួតអាង​របស់​ស្តេច​របស់​ម៉ូអាប់ ព្រះ​នាម​មេសា។ ទ្រង់​បាន​មាន​បន្ទូល​អួតអាង​អំពី​ការ​ចាប់​យក​បាន​ទី​ក្រុង​ពីរបី​របស់​អ៊ីស្រាអែល ដោយ​ជំនួយ​ពី​ព្រះ​កេម៉ូស​របស់​ទ្រង់។ (ពង្សាវតារក្សត្រទី២ ១:១) យេរេមា ជា​ជំនាន់​សេផានា បាន​និយាយ​អំពី​ពួក​អាំម៉ូន​កាន់​កាប់​តំបន់​អ៊ីស្រាអែល​មួយ ឈ្មោះ​កាឌ់ ក្នុង​នាម​នៃ​ព្រះ​មី​ល​កូម​របស់​គេ។ (យេរេមា ៤៩:១) រីឯ​ពួក​អាសស៊ើរ ស្តេច​សាល​ម៉ានេ​ស៊ើរ​ទី៥ បាន​ឡោមព័ទ្ធ ហើយ​ចាប់​បាន​ក្រុង​សាម៉ារី ប្រមាណ​មួយ​សតវត្ស​មុន​ជំនាន់​សេផានា។ (ពង្សាវតារក្សត្រទី២ ១៧:១​-​៦) បន្ដិច​ក្រោយ​មក ស្តេច​សានហេរីប​បាន​ច្បាំង​យក​ស្រុក​យូដា ចាប់​បាន​ក្រុង​ខ្លាំងៗ​ជា​ច្រើន ហើយ​ថែម​ទាំង​គំរាម​កំហែង​ដល់​យេរូសាឡិម​ផង។ (អេសាយ ៣៦:១, ២) អ្នក​នាំ​ពាក្យ​របស់​ស្តេច​អាសស៊ើរ​បាន​លើក​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ​យេហូវ៉ា ពេល​ដែល​ទាមទារ​ឲ្យ​យេរូសាឡិម​ចុះ​ចាញ់។—អេសាយ ៣៦:៤​-​២០

១៥. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អា​ម៉ាស​មុខ​ដល់​ពួក​ព្រះ​នៃ​សាសន៍​ដទៃ ដែល​បាន​លើក​ដំកើង​ខ្លួន​ទាស់​នឹង​ប្រជា​រាស្ត្រ​របស់​ទ្រង់ យ៉ាង​ដូច​ម្ដេច?

១៥ ទំនុកដំកើង ៨៣ ចែង​ប្រាប់​អំពី​សាសន៍​មួយ​ចំនួន រួម​ទាំង​សាសន៍​ម៉ូអាប់ អាំម៉ូន និង​អាសស៊ើរ ដែល​លើក​ដំកើង​ខ្លួន​ទាស់​នឹង​អ៊ីស្រាអែល ហើយ​អួតអាង​ថា​៖ «ចូរ​ឲ្យ​យើង​កាត់​គេ​ចេញ មិន​ឲ្យ​ធ្វើ​ជា​នគរ​ទៀត​បាន ហើយ​កុំ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ឈ្មោះ​អ៊ីស្រាអែល​ទៀត​ឡើយ»។ (ទំនុកដំកើង ៨៣:៤) ព្យាការី​សេផានា​ប្រកាស​យ៉ាង​ក្លាហាន​ថា ពួក​សាសន៍​ដ៏​ក្រ​អើ​ត​ទាំង​នេះ​និង​ពួក​ព្រះ​របស់​គេ នឹង​ធ្វើ​ឲ្យ​អា​ម៉ាស​មុខ​ដោយ​ពួក​ពលបរិវារ​របស់​ព្រះ​យេហូវ៉ា។ «នេះ​ជា​សេចក្ដី​ដែល​នឹង​កើត​មាន​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​គេ ពីព្រោះ​គេ​បាន​ត្មះ​តិះដៀល ហើយ​ដំកើង​ខ្លួន ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ។ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​រូប​ព្រះ នៅ​ផែនដី​រៀវ​សូន្យ​ទៅ នោះ​មនុស្ស​ទាំង​ឡាយ​នឹង​ថ្វាយ​បង្គំ​ដល់​ទ្រង់​វិញ គ្រប់​គ្នា​នឹង​ថ្វាយ​បង្គំ​នៅ​កន្លែង​របស់​ខ្លួន គឺ​អស់​ទាំង​កោះ​របស់​សាសន៍​ផ្សេងៗ​ផង»។—សេផានា ២:១០, ១១

«ចូរ​ឯង​រាល់​គ្នា​រង់ចាំ»

១៦. (ក) ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា ជា​ប្រភព​នៃ​ការ​សប្បាយ​សំរាប់​ពួក​ណា ហើយ​ហេតុ​អ្វី? (ខ) តើ​ពួក​សំណល់​ស្មោះ​ត្រង់​នេះ​បាន​ធ្វើ​តាម​បញ្ជា​អ្វី?

១៦ កាល​ដែល​ដំណើរ​ដេក​លក់​ខាង​វិញ្ញាណ ការ​សង្ស័យ សរណវត្ថុ​បូជា អំពើ​ពុក​រលួយ និង​វត្ថុ​និយម​ចំរើន​ទូទៅ​ក្នុង​ចំណោម​ពួក​មេ​ដឹក​នាំ​និង​ពួក​អ្នក​ស្រុក​ជា​ច្រើន​នៃ​យូដា​និង​យេរូសាឡិម នៅ​មាន​ពួក​យូដា​ស្មោះ​ត្រង់​ខ្លះ​ដែល​ស្ដាប់​តាម​សេចក្ដី​ព្រមាន​របស់​សេផានា។ ពួក​គេ​កើត​ទុក​ដោយសារ​ការ​ប្រព្រឹត្ត​ដ៏​ខ្ពើម​រអើម​របស់​ពួក​ចៅហ្វាយ ពួក​ចៅក្រម និង​ពួក​សង្ឃ​នៃ​យូដា។ សេចក្ដី​ប្រកាស​របស់​សេផានា ជា​ប្រភព​នៃ​ការ​សំរាល​ទុក្ខ​ដល់​ពួក​ស្មោះ​ត្រង់​ទាំង​នេះ។ ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា ជា​ប្រភព​នៃ​ការ​សប្បាយ​ចំពោះ​គេ ជាជាង​ការ​ធ្វើ​ឲ្យ​ទង្គឹះ​ចិត្ត ពីព្រោះ​នេះ​នឹង​បញ្ឈប់​ការ​ប្រព្រឹត្ត​ដ៏​ខ្ពើម​ទាំង​អស់​នេះ។ ពួក​សំណល់​ស្មោះ​ត្រង់​នេះ​បាន​ធ្វើ​តាម​បញ្ជា​របស់​ព្រះ​យេហូវ៉ា ដែល​ថា​៖ « ‹ដូច្នេះ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹ចូរ​ឯង​រាល់​គ្នា​រង់ចាំ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពីព្រោះ​អញ​បាន​គិត​សំរេច នឹង​ប្រមូល​អស់​ទាំង​សាសន៍​ដើម្បី​នឹង​ភ្ជុំ​នគរ​ទាំង​ប៉ុន្មាន ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់ក្នាញ់​របស់​អញ គឺ​ជា​សេចក្ដី​ក្រេវក្រោធ​ដ៏​សហ័ស​របស់​អញ​ទៅ​លើ​គេ› »។—សេផានា ៣:៨

១៧. សារ​ជំនុំជំរះ​របស់​សេផានា​ចាប់​ផ្ដើម​បាន​សំរេច​មក​លើ​ពួក​សាសន៍​ដទៃ​នៅ​ពេល​ណា ហើយ​តាម​របៀប​ណា?

១៧ ចំពោះ​ពួក​អ្នក​ដែល​បាន​ធ្វើ​តាម​សេចក្ដី​ព្រមាន​នោះ គេ​មិន​បាន​ភ្ញាក់ផ្អើល​ទេ។ ពួក​គេ​ភាគ​ច្រើន​បាន​នៅ​រស់ ហើយ​ឃើញ​ការ​សំរេច​នៃ​ទំនាយ​របស់​សេផានា។ ក្នុង​ឆ្នាំ​៦៣២ ម.ស.យ. សហពលកម្ម​នៃ​បាប៊ីឡូន មេឌី និង​ពួក​អ្នក​មក​ពី​ទិស​ខាង​ជើង ប្រហែល​ជា​ពួក​ស្គីសៀន បាន​មក​ចាប់​យក​ហើយ​បំផ្លាញ​ទី​ក្រុង​នីនីវេ។ អ្នក​ប្រវត្ដិសាស្ត្រ វិល ដូរេន រៀប​រាប់​ប្រាប់​ថា​៖ «កងទ័ព​បាប៊ីឡូន នៅ​ក្រោម​បញ្ជា​លោក​ណេបូភូលេសា ចូល​រួម​ជា​មួយ​កងទ័ព​មេឌី នៅ​ក្រោម​បញ្ជា​ស្តេច​សាយអិក​សឺរឹស និង​ពួក​ស្គីសៀន​ពី​ស្រុក​ខូខេសឹស បាន​ចាប់​យក​បន្ទាយ​ខាង​ជើង​យ៉ាង​ស្រួល​ហើយ​រហ័ស​ផង។ . . . ពួក​អាសស៊ើរ​បាន​បាត់​សូន្យ​ពី​ប្រវត្ដិសាស្ត្រ​តែ​ម្ដង»។ នេះ​ដូច​សេផានា​បាន​ទាយ​មក​តែ​ម្ដង។—សេផានា ២:១៣​-​១៥

១៨. (ក) តើ​តាម​របៀប​ណា​ដែល​ការ​ជំនុំជំរះ​ពី​ព្រះ​បាន​ប្រហារ​មក​លើ​យេរូសាឡិម ហើយ​ហេតុ​អ្វី? (ខ) តើ​ទំនាយ​របស់​សេផានា​អំពី​ម៉ូអាប់​និង​អាំម៉ូន​បាន​សំរេច​យ៉ាង​ដូច​ម្ដេច?

១៨ ពួក​យូដា​ជា​ច្រើន​ដែល​បាន​រង់ចាំ​ព្រះ​យេហូវ៉ា ក៏​បាន​នៅ​រស់​ហើយ​ឃើញ​ការ​ជំនុំជំរះ​របស់​ទ្រង់ បាន​ប្រហារ​មក​លើ​យូដា​និង​យេរូសាឡិម។ ចំពោះ​យេរូសាឡិម សេផានា​បាន​ទាយ​ថា​៖ «វេទនា​ដល់​ទី​ក្រុង​រឹង​ចចេស ហើយ​ស្មោកគ្រោក។ គឺ​ដល់​ទី​ក្រុង​ដែល​សង្កត់​សង្កិន​គេ។ វា​មិន​បាន​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀនប្រដៅ ហើយ​មិន​ទុក​ចិត្ត​ទ្រង់​សោះ ក៏​ឥត​ចូល​ទៅ​ជិត​ព្រះ​នៃ​ខ្លួន​ឡើយ»។ (សេផានា ៣:១, ២) ដោយសារ​តែ​ការ​ឥត​ស្មោះ​ត្រង់​របស់​វា ក្រុង​យេរូសាឡិម​ត្រូវ​បាន​ពួក​បាប៊ីឡូន​ឡោមព័ទ្ធ​ពីរ​ដង ហើយ​នៅ​ទីបំផុត​ក៏​ចាប់​បាន​ហើយ​បំផ្លាញ​ចោល​ក្នុង​ឆ្នាំ​៦០៧ ម.ស.យ.។ (របាក្សត្រទី២ ៣៦:៥, ៦, ១១​-​២១) រីឯ​ម៉ូអាប់​និង​អាំម៉ូន​វិញ យោង​ទៅ​តាម​អ្នក​ប្រវត្ដិសាស្ត្រ​យូដា​ម្នាក់ ឈ្មោះ​ចូស៊ីហ្វឺស ក្នុង​ឆ្នាំ​ទី​ប្រាំ​បន្ទាប់​ពី​យេរូសាឡិម​បាន​រលំ ពួក​បាប៊ីឡូន​បាន​ច្បាំង​នឹង​ពួក​គេ ហើយ​បាន​ជ័យជំនះ។ ដូច​បាន​ទាយ​មក ពួក​សាសន៍​នេះ​ក៏​បាន​បាត់​សូន្យ​ទៅ។

១៩, ២០. (ក) តើ​ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​យ៉ាង​ដូច​ម្ដេច ដល់​ពួក​អ្នក​ដែល​រង់ចាំ​ទ្រង់? (ខ) ហេតុ​អ្វី​ក៏​ព្រឹត្ដិការណ៍​ទាំង​នេះ​ទាក់ទង​យើង ហើយ​អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អ្វី?

១៩ ការ​សំរេច​នៃ​ទំនាយ​សេផានា​ទាំង​នេះ​និង​សេចក្ដី​ល្អិតល្អន់​ឯ​ទៀត​ក្នុង​នោះ បាន​ជួយ​ធ្វើ​ឲ្យ​ជំនឿ​មុត​មាំ​ឡើង​របស់​ពួក​យូដា​និង​ពួក​ឯ​ទៀត​ដែល​បាន​រង់ចាំ​ព្រះ​យេហូវ៉ា។ ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​គេច​ផុត​ពី​ការ​ហិនវិនាស​ធ្លាក់​មក​លើ​យូដា​និង​យេរូសាឡិម គឺ​យេរេមា អេបេឌ​-​មេលេក ជា​សាសន៍​អេស្យូពី និង​ពួក​វង្ស​យ៉ូណាដាប ជា​ពួក​រេកាបថា។ (យេរេមា ៣៥:១៨, ១៩; ៣៩:១១, ១២, ១៦​-​១៨) ពួក​និរទេស​យូដា​ដ៏​ស្មោះ​ត្រង់​និង​កូន​ចៅ​របស់​គេ​ដែល​បាន​រង់ចាំ​ព្រះ​យេហូវ៉ា បាន​មាន​ចំណែក​ក្នុង​ចំណោម​ពួក​សំណល់​ដ៏​រីករាយ ដែល​ត្រូវ​បាន​រំដោះ​ពី​បាប៊ីឡូន​ក្នុង​ឆ្នាំ​៥៣៧ ម.ស.យ. ហើយ​បាន​វិល​ត្រឡប់​ទៅ​យូដា​វិញ ដើម្បី​ស្ថាបនា​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ឡើង​វិញ។—អែសរ៉ា ២:១; សេផានា ៣:១៤, ១៥, ២០

២០ តើ​ការ​ទាំង​អស់​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​សម័យ​យើង​នេះ? តាម​វិធី​ច្រើន​យ៉ាង ស្ថានការណ៍​នៅ​ជំនាន់​សេផានា​ក៏​ស្មើ​នឹង​សេចក្ដី​ខ្ពើម​រអើម​ដែល​មាន​នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា​សព្វ​ថ្ងៃ​នេះ​ដែរ។ ម្យ៉ាង​ទៀត អាកប្បកិរិយា​ផ្សេងៗ​នៃ​យូដា​នៅ​ជំនាន់​នោះ ក៏​ដូច​គ្នា​នឹង​អាកប្បកិរិយា​ដែល​ឃើញ​សព្វ​ថ្ងៃ​នេះ​ដែរ ដែល​ជួន​កាល សូម្បីតែ​ក្នុង​ចំណោម​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​មាន​ដែរ។ នេះ​ជា​រឿង​ដែល​អត្ថបទ​បន្ទាប់​នឹង​ពិចារណា​មើល។

[កំណត់​សម្គាល់]

a ឃ្លា​«ពួក​កូន​ស្តេច» គឺ​សំដៅ​ទៅ​ពួក​ហ្លួង​ទាំង​អស់ ដ្បិត​ពួក​កូន​របស់​យ៉ូសៀស​នៅ​ក្មេង​ណាស់​ក្នុង​គ្រា​នោះ។

ការ​ពិនិត្យ​សា​ឡើង​វិញ

◻ ក្នុង​ជំនាន់​សេផានា តើ​ស្ថានការណ៍​សាសនា​ក្នុង​យូដា​មាន​យ៉ាង​ណា?

◻ តើ​អ្វី​ជា​ស្ថានភាព​ដែល​មាន​ទូទៅ​ក្នុង​ចំណោម​ពួក​មេដឹក​នាំ​ស៊ីវិល ហើយ​អ្វី​ជា​អាកប្បកិរិយា​នៃ​មនុស្ស​ជា​ច្រើន?

◻ តើ​តាម​របៀប​ណា ដែល​ពួក​សាសន៍​បាន​លើក​ដំកើង​ខ្លួន​ទាស់​នឹង​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

◻ តើ​អ្វី​ជា​សេចក្ដី​ព្រមាន​ដែល​សេផានា​ប្រកាស​ប្រាប់​យូដា​និង​ពួក​សាសន៍​ឯ​ទៀត?

◻ តើ​ពួក​អ្នក​ដែល​រង់ចាំ​ព្រះ​យេហូវ៉ា បាន​ទទួល​រង្វាន់​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​៩]

សិលាចារឹក​ម៉ូអាប់​បង្ហាញ​ថា​ស្តេច​សាសន៍​ម៉ូអាប់ នាម​មេសា​បាន​ប្រើ​ពាក្យ​តិះដៀល​នឹង​អ៊ីស្រាអែល​ពី​បុរាណ

[អ្នក​ផ្ដល់​សិទ្ធិ]

Moabite Stone: Musée du Louvre, Paris

[រូបភាព​នៅ​ទំព័រ​១០]

គាំទ្រ​ទំនាយ​សេផានា ផែន​ចារឹក​នេះ​នៃ​របាក្សត្រ​បាប៊ីឡូន បង្ហាញ​អំពី​ការ​បំផ្លាញ​នីនីវេ​ដោយ​កងទ័ព​សហពលកម្ម

[អ្នក​ផ្ដល់​សិទ្ធិ]

Cuneiform tablet: Courtesy of The British Museum

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក