ចូរយកតម្រាប់តាមសេផានាជាអ្នកប្រកាសទំនាយ
១. ពេលសេផានាក្លាយទៅជាអ្នកប្រកាសទំនាយនៅស្រុកយូដា តើមានស្ថានភាពយ៉ាងណានៅទីនោះ ហើយហេតុអ្វីគាត់ជាគំរូល្អសម្រាប់យើងនៅសព្វថ្ងៃនេះ?
១ នៅពាក់កណ្ដាលសតវត្សរ៍ទី៧ មុនគ.ស. អ្នកស្រុកយូដាជាច្រើននាក់បានគោរពបូជាព្រះបាលជាចំហ។ ស្តេចអាំម៉ូនដែលជាស្តេចដ៏អាក្រក់ បានត្រូវគេធ្វើឃាត ហើយក្រោយមកយ៉ូសៀសដែលជាកូនរបស់គាត់ស្នងរាជ្យ។ ពេលនោះ យ៉ូសៀសនៅក្មេងនៅឡើយ។ (២រប. ៣៣:២១–៣៤:១) គឺនៅគ្រានោះឯងដែលព្រះយេហូវ៉ាបានតែងតាំងសេផានាឲ្យប្រកាសប្រាប់ថាព្រះយេហូវ៉ានឹងវិនិច្ឆ័យទោសអ្នកស្រុកយូដា។ ទោះបីសេផានាប្រហែលជាកើតក្នុងវង្សត្រកូលស្តេចក៏ដោយ ក៏គាត់មិនបានកែប្រែប្រសាសន៍របស់ព្រះឡើយ តែគាត់ប្រាប់ដោយត្រង់ថាលោកបានផ្ដន្ទាទោសអ្នកគ្រប់គ្រងស្រុកយូដា។ (សេផ. ១:១; ៣:១-៤) ស្រដៀងគ្នាដែរ យើងព្យាយាមធ្វើតាមគំរូរបស់សេផានា ដោយមានចិត្តក្លាហាន ហើយមិនឲ្យសាច់ញាតិរបស់យើងមានឥទ្ធិពលមិនល្អមកលើការគោរពប្រណិប័តន៍របស់យើងឡើយ។ (ម៉ាថ. ១០:៣៤-៣៧) តើសេផានាបានប្រកាសអ្វី ហើយតើមានលទ្ធផលយ៉ាងណា?
២. ដើម្បីត្រូវបាំងទុកនៅថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា តើយើងត្រូវធ្វើដូចម្ដេចខ្លះ?
២ ចូរស្វែងរកព្រះយេហូវ៉ា: មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចសង្គ្រោះមនុស្សនៅថ្ងៃនៃសេចក្ដីខ្ញាល់របស់លោក។ ហេតុនេះហើយបានជាសេផានាបានជំរុញចិត្តអ្នកស្រុកយូដាឲ្យស្វែងរកព្រះយេហូវ៉ា ស្វែងរកសេចក្ដីសុចរិត និងស្វែងរកសេចក្ដីសុភាព មុនថ្ងៃរបស់ព្រះមកដល់។ (សេផ. ២:២, ៣) នៅសម័យយើងក៏ដូចគ្នាដែរ។ ដូចសេផានាដែរ យើងលើកទឹកចិត្តមនុស្សឲ្យស្វែងរកព្រះយេហូវ៉ា។ ប៉ុន្តែយើងក៏ត្រូវស្វែងរកលោកដែរ ហើយត្រូវតាំងចិត្តមិន«រាថយ ចេញពីការគោរពតាមព្រះយេហូវ៉ា»។ (សេផ. ១:៦) យើងស្វែងរកព្រះយេហូវ៉ាដោយសិក្សាបណ្ដាំរបស់លោកដោយយកចិត្តទុកដាក់ ហើយដោយអធិដ្ឋានសុំការណែនាំពីលោក។ យើងស្វែងរកសេចក្ដីសុចរិតដោយប្រកាន់ខ្ជាប់នូវសីលធម៌ជានិច្ច។ យើងស្វែងរកសេចក្ដីសុភាពដោយអប់រំខ្លួនឲ្យចេះចុះចូល ហើយដោយធ្វើតាមភ្លាមៗនូវការណែនាំពីអង្គការរបស់ព្រះយេហូវ៉ា។
៣. ហេតុអ្វីយើងមិនគួរអស់សង្ឃឹមក្នុងកិច្ចបម្រើផ្សាយ?
៣ លទ្ធផលល្អ: មនុស្សខ្លះនៅស្រុកយូដាបានស្ដាប់សេផានា ជាពិសេសប្រហែលជាយ៉ូសៀស ដែលចាប់ផ្ដើមស្វែងរកព្រះយេហូវ៉ាពេលដែលគាត់ជាកុមារនៅឡើយ។ ក្រោយមក យ៉ូសៀសបានចាត់វិធានការម៉ឺងម៉ាត់ដើម្បីបំបាត់ការគោរពបូជារូបព្រះ។ (២រប. ៣៤:២-៥) សព្វថ្ងៃនេះ ទោះជាគ្រាប់ពូជរាជាណាចក្រខ្លះធ្លាក់នៅលើផ្លូវ លើផ្ទាំងថ្ម ឬនៅដីមានដើមបន្លាក៏ដោយ ក៏គ្រាប់ពូជខ្លះធ្លាក់លើដីល្អហើយបង្កើតផលដែរ។ (ម៉ាថ. ១៣:១៨-២៣) យើងជឿជាក់ថា ព្រះយេហូវ៉ានឹងបន្តឲ្យពរយើង កាលដែលយើងព្យាយាមព្រោះពូជរាជាណាចក្រ។—ទំនុក. ១២៦:៦
៤. ហេតុអ្វីយើងគួរ‹រង់ចាំ ដរាបដល់ថ្ងៃរបស់ព្រះយេហូវ៉ា›មកដល់?
៤ អ្នកស្រុកយូដាខ្លះបានគិតថាព្រះយេហូវ៉ានឹងមិនធ្វើអ្វីសោះ។ ប៉ុន្តែព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថា ថ្ងៃដ៏ធំរបស់លោកគឺជិតដល់ហើយ។ (សេផ. ១:១២, ១៤) លោកនឹងសង្គ្រោះតែអ្នកដែលពឹងដល់លោកប៉ុណ្ណោះ។ (សេផ. ៣:១២, ១៧) កាលដែលយើង‹រង់ចាំ ដរាបដល់ថ្ងៃរបស់ព្រះយេហូវ៉ា›មកដល់នោះ សូមឲ្យយើងមានចិត្តរីករាយ ដោយរួមសាមគ្គីជាមួយបងប្អូនរួមជំនឿទាំងអស់ ក្នុងការបម្រើព្រះដ៏អស្ចារ្យរបស់យើង!—សេផ. ៣:៨, ៩