បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៦ ទំ. ១៣-១៨
  • «កុំឲ្យដៃឯងអន់ថយឲ្យសោះ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «កុំឲ្យដៃឯងអន់ថយឲ្យសោះ»
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា»
  • «ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍»
  • ‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក›
  • «កុំ​ឲ្យ​ដៃ​ឯងអន់ថយ​ឲ្យ​សោះ»
  • ការ​ប្រយុទ្ធ​នឹង​ភាព​មិន​អើពើ
  • ឆ្ពោះ​ទៅ​មុខ​កាល​កំពុង​រង់ចាំ​ថ្ងៃ​ដ៏​ធំ!
  • ‹ចូរឯងរាល់គ្នារង់ចាំអញ›
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • រាស្ត្ររបស់ព្រះយេហូវ៉ាដែលបានស្ដារឡើងវិញ សរសើរទ្រង់ពាសពេញលើផែនដី
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរស្វែងរកព្រះយេហូវ៉ាមុនថ្ងៃនៃសេចក្ដីខ្ញាល់របស់ទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាគឺជិតមកដល់ហើយ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៦ ទំ. ១៣-១៨

​«កុំ​ឲ្យ​ដៃ​ឯង​អន់ថយ​ឲ្យ​សោះ»

«កុំ​ឲ្យ​ដៃ​ឯង​អន់ថយ​ឲ្យ​សោះ។ ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្ដាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ»។—សេផានា ៣:១៦, ១៧

១. តើ​អ្នកប្រាជ្ញ​ខាង​ព្រះ​គម្ពីរ​ម្នាក់​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ទំនាយ​សេផានា?

ទំនាយ​របស់​សេផានា​សំដៅ​ទៅ​ហួស​ការ​សំរេច​លើក​ទី​មួយ​ក្នុង​សតវត្ស​ទី​ប្រាំ​ពីរ​និង​ប្រាំ​មួយ​មុន​សករាជ​យើង​ទៅ​ទៀត។ ក្នុង​អត្ថាធិប្បាយ​របស់​គាត់​អំពី​សេផានា សាស្ដ្រាចារ្យ ខាល ឃាល សរសេរ​ថា​៖ «ទំនាយ​របស់​សេផានា . . . មិន​ត្រឹម​តែ​ចាប់​ផ្ដើម​ដោយ​ប្រកាស​អំពី​សេចក្ដី​ជំនុំជំរះ​មក​លើ​ពិភពលោក​ទាំង​មូល ដែល​ចេញ​ពី​នោះ មាន​សេចក្ដី​ជំនុំជំរះ​មក​លើ​យូដា​ដោយសារ​អំពើ​បាប​របស់​ខ្លួន ហើយ​ក៏​មក​លើ​ពួក​សាសន៍​នៃ​ពិភពលោក​ដោយសារ​ការ​ឃោរឃៅ​ចំពោះ​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា តែ​ទំនាយ​នេះ​ទាក់ទង​នឹង​រឿង​នេះ​ទូទាំង​ថ្ងៃ​ដ៏​ធំ​រន្ធត់​នៃ​ព្រះ​យេហូវ៉ា»។

២. តើ​មាន​ភាព​ស្រដៀង​គ្នា​ណា​ខ្លះ រវាង​ស្ថានភាព​ក្នុង​ជំនាន់​សេផានា និង​ស្ថានការណ៍​ក្នុង​ពិភព​គ្រីស្ទ​សាសនា​សព្វ​ថ្ងៃ​នេះ?

២ សព្វ​ថ្ងៃ​នេះ ការ​សំរេច​ក្ដី​របស់​ព្រះ​យេហូវ៉ា គឺ​ត្រូវ​ប្រមូល​ពួក​សាសន៍​ដើម្បី​បំផ្លាញ​ចោល ដែល​មាន​ទំហំ​ធំ​ជាង​ជំនាន់​សេផានា។ (សេផានា ៣:៨) ជា​ពិសេស ពួក​សាសន៍​ទាំង​នោះ​ដែល​អះអាង​ថា​ជា​គ្រីស្ទាន នឹង​ជាប់​ទោស​ជាង​គេ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ។ ដូច​ពួក​យេរូសាឡិម​ដែល​បាន​ទទួល​ទណ្ឌកម្ម​ដ៏​ខ្លាំង​ដោយ​ព្រោះ​តែ​ការ​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ពិភព​គ្រីស្ទ​សាសនា​ក៏​ត្រូវ​តែ​ទទួល​ខុសត្រូវ​ដែរ​ចំពោះ​មារយាទ​អាក្រក់​របស់​គេ។ សេចក្ដី​ជំនុំជំរះ​របស់​ព្រះ​ដែល​បាន​ប្រកាស​ប្រាប់​យូដា​និង​យេរូសាឡិម​ក្នុង​ជំនាន់​សេផានា ក៏​សំដៅ​ដោយ​ទំហំ​ធំធេង​ទៅ​លើ​គ្រីស្ទ​សាសនា​និង​និកាយ​នានា​នៃ​ពិភព​គ្រីស្ទ​សាសនា​ដែរ។ ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​កខ្វក់​ដល់​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ ដោយ​ព្រោះ​លទ្ធិ​បង្រៀន​របស់​គេ​ដែល​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ព្រះ ដែល​ភាគ​ច្រើន​មាន​ដើម​កំណើត​ពី​ពាហិរជន។ ពួក​គេ​បាន​បូជា​កូន​រាប់​លាន​នាក់​របស់​គេ​ឲ្យ​ធ្វើ​ជា​ទាហាន ដែល​ភាគ​ច្រើន​បាន​បាត់បង់​ជីវិត។ ថែម​ទៅ​ទៀត ពួក​អ្នក​ដែល​ដូច​យេរូសាឡិម​នេះ លាយ​សាសនា​គ្រីស្ទាន​ជា​មួយ​នឹង​ហោរា​សាស្ត្រ អំពើ​ចេតោនិយម និង​កាម​អសីលធម៌​ដ៏​ថោកទាប ដូច​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​បាល​ដែរ។—សេផានា ១:៤, ៥

៣. តើ​អាច​និយាយ​យ៉ាង​ណា​ខ្លះ​អំពី​ពួក​មេ​ដឹក​នាំ​និង​រដ្ឋាភិបាល​ខាង​នយោបាយ​សព្វ​ថ្ងៃ​នេះ ហើយ​តើ​សេផានា​បាន​ទាយ​ប្រាប់​អ្វី​ខ្លះ?

៣ ពួក​មេ​ដឹក​នាំ​ខាង​នយោបាយ​ជា​ច្រើន​នៃ​ពិភព​គ្រីស្ទ​សាសនា ចូល​ចិត្ត​មាន​មុខ​មាត់​ធំដុំ​ក្នុង​វិហារ។ ប៉ុន្តែ​ដូច​«ពួក​ចៅហ្វាយ»​នៃ​យូដា​ដែរ ពួក​គេ​ជា​ច្រើន​កេង​ប្រវ័ញ្ច​ពី​មនុស្ស​ដូច​ជា​«សិង្ហ​កំពុង​គ្រហឹម» និង «ឆ្កែ​ព្រៃ»​ដែល​ស្រេក​ឃ្លាន។ (សេផានា ៣:១​-​៣) ពួក​បាវ​ខាង​នយោបាយ​នៃ​ពួក​នេះ «បំពេញ​ផ្ទះ​របស់​ចៅហ្វាយ​គេ ដោយ​សេចក្ដី​ច្រឡោត​នឹង​សេចក្ដី​ឆបោក»។ (សេផានា ១:៩) ការ​ស៊ីសំណូក​និង​អំពើ​ពុក​រលួយ​ជា​ការ​មាន​ទូទៅ។ រីឯ​រដ្ឋាភិបាល​ខាង​នយោបាយ​នៅ​ខាង​ក្នុង​និង​ខាង​ក្រៅ​ពិភព​គ្រីស្ទ​សាសនា ពួក​គេ​ជា​ច្រើន‹លើក​ដំកើង​ខ្លួន›ទាស់​នឹង​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ពួក​ស្មរបន្ទាល់ ដោយ​ចាត់​ទុក​ពួក​គេ​ជា​«និកាយ»​ដ៏​ស្អប់​ខ្ពើម​មួយ។ (សេផានា ២:៨; កិច្ចការ ២៤:៥, ១៤) ចំពោះ​ពួក​មេ​ដឹក​នាំ​ខាង​នយោបាយ​ទាំង​នេះ​និង​ពួក​គូកន​របស់​គេ សេផានា​បាន​ទាយ​ថា​៖ «ទោះ​ទាំង​ប្រាក់ នឹង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ដែរ គឺ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់​ទៅ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផុត​ទៅ អើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​បាន​ផុត​ទៅ​ជា​មួយ​រំពេច»។—សេផានា ១:១៨

«បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា»

៤. តើ​អ្វី​បង្ហាញ​ថា​នឹង​មាន​ពួក​រួច​រស់​ជីវិត​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា ប៉ុន្តែ​តើ​ពួក​គេ​ត្រូវ​តែ​ធ្វើ​អ្វី?

៤ ពួក​អ្នក​ស្រុក​យូដា​មិន​បាន​ត្រូវ​កំទេច​ចោល​ទាំង​អស់​គ្នា​ទេ​ក្នុង​សតវត្ស​ទី​ប្រាំ​ពីរ ម.ស.យ.។ ស្រដៀង​គ្នា​ដែរ នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​មនុស្ស​ដែល​រួច​រស់​ជីវិត។ តាម​រយៈ​ព្យាការី​សេផានា ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​ពួក​ទាំង​នេះ​ថា​៖ «មុន​កំណត់​ដែល​ត្រូវ​សំរេច​តាម​ច្បាប់ គឺ​មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ​យេហូវ៉ា​មក​លើ​អ្នក​រាល់ អើ​មុន​ដែល​ថ្ងៃ​មក​ដល់ ក្នុង​កាល​ដែល​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អស់​អ្នក​រាបសា​នៅ​ផែនដី​ដែល​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ព្រះ​យេហូវ៉ា​អើយ។ ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ទេ​ដឹង»។—សេផានា ២:២, ៣

៥. ក្នុង​គ្រា​ចុង​បញ្ចប់​នេះ ពួក​ណា​ជា​ពួក​ដំបូង​ដែល​ធ្វើ​តាម​សេចក្ដី​ព្រមាន​របស់​សេផានា ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ពួក​គេ​យ៉ាង​ណា​ខ្លះ?

៥ ក្នុង​គ្រា​ចុង​បញ្ចប់​នៃ​លោកីយ៍​នេះ ពួក​ដំបូង​ដែល​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​នៃ​ទំនាយ​នេះ គឺ​ពួក​អ្នក​សំណល់​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង។ (រ៉ូម ២:២៨, ២៩; ៩:៦; កាឡាទី ៦:១៦) ដោយ​បាន​ស្វែង​រក​សេចក្ដី​សុចរិត​និង​សេចក្ដី​សុភាព ហើយ​បាន​សំដែង​ការ​គោរព​ដល់​ការ​សំរេច​ក្ដី​របស់​ព្រះ​យេហូវ៉ា ពួក​គេ​ក៏​ត្រូវ​បាន​សង្គ្រោះ​ពី​បាប៊ីឡូន​ដ៏​ធំ គឺ​ពី​ចក្រភព​លោក​នៃ​សាសនា​មិន​ពិត ហើយ​បាន​ទទួល​ការ​គាប់​ព្រះទ័យ​ព្រះ​វិញ​ក្នុង​ឆ្នាំ​១៩១៩។ តាំង​ពី​ពេល​នោះ​មក គឺ​ជា​ពិសេស តាំង​ពី​ឆ្នាំ​១៩២២ ពួក​អ្នក​សំណល់​ដ៏​ស្មោះ​ត្រង់​នេះ​បាន​ប្រកាស​យ៉ាង​ក្លាហាន នូវ​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​មក​លើ​សាសនា​នានា​និង​និកាយ​ផ្សេងៗ​នៃ​ពិភព​គ្រីស្ទ​សាសនា និង​មក​លើ​ពួក​សាសន៍​ខាង​នយោបាយ​ផង​ដែរ។

៦. (ក) តើ​សេផានា​បាន​ទាយ​ប្រាប់​អ្វី​ខ្លះ​អំពី​ពួក​អ្នក​សំណល់​ស្មោះ​ត្រង់? (ខ) តើ​ទំនាយ​នេះ​បាន​សំរេច​យ៉ាង​ណា​ខ្លះ?

៦ អំពី​ពួក​អ្នក​សំណល់​ស្មោះ​ត្រង់​នេះ សេផានា​បាន​ទាយ​ថា​៖ «អញ​នឹង​ទុក​ជន​មួយ​ពួក​ដែល​វេទនា ហើយ​កំសត់​ទុគ៌ត​នៅ​កណ្ដាល​ឯង។ ឯ​ពួក​នោះ គេ​នឹង​ពឹង​ដល់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា។ ពួក​សំណល់​នៃ​អ៊ីស្រាអែល នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ។ ក៏​នឹង​ឥត​ឃើញ​មាន​អណ្ដាត​ឆបោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី​ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ»។ (សេផានា ៣:១២, ១៣) ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ​តែង​តែ​រក្សា​ទុក​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ជា​សំខាន់​បំផុត ជា​ពិសេស តាំង​ពី​ឆ្នាំ​១៩៣១ ពេល​ដែល​ពួក​គេ​បាន​ទទួល​ឈ្មោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ (អេសាយ ៤៣:១០​-​១២) ដោយ​បង្ហាញ​ប្រាប់​អំពី​រឿង​អធិបតេយ្យភាព​នៃ​ព្រះ​យេហូវ៉ា ពួក​គេ​បាន​ឲ្យ​កិត្ដិយស​ដល់​ព្រះ​នាម​របស់​ទ្រង់ ហើយ​នេះ​បាន​ទៅ​ជា​ទី​ជ្រកកោន​សំរាប់​ពួក​គេ។ (សុភាសិត ១៨:១០) ព្រះ​យេហូវ៉ា​បាន​បំប៉ន​អាហារ​ខាង​វិញ្ញាណ​ជា​បរិបូរ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​រស់​នៅ​ដោយ​ឥត​ភ័យ​ខ្លាច​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ។—សេផានា ៣:១៦, ១៧

«ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍»

៧, ៨. (ក) តើ​មាន​ទំនាយ​ណា​ទៀត​ដែល​បាន​សំរេច​មក​លើ​ពួក​សំណល់​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ? (ខ) តើ​មនុស្ស​រាប់​លាន​នាក់​បាន​ទទួល​ស្គាល់​អ្វី ហើយ​តើ​ខ្លួន​អ្នក​ផ្ទាល់​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​អំពី​រឿង​នេះ?

៧ ការ​កាន់​ខ្ជាប់​ដ៏​ជ្រៅ​នៃ​ពួក​អ្នក​សំណល់​ទៅ​នឹង​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​និង​គោលការណ៍​សុចរិត​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ គឺ​មាន​គេ​សង្កេត​ឃើញ។ មនុស្ស​ស្មោះ​ត្រង់​បាន​សង្កេត​ឃើញ​ភាព​ខុស​គ្នា​រវាង​ចរិយា​នៃ​ពួក​អ្នក​សំណល់ និង​អំពើ​ពុក​រលួយ អំពើ​លាក់ពុត​នៃ​ការ​ដឹក​នាំ​នយោបាយ​និង​សាសនា​នៃ​លោកីយ៍​នេះ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​«ពួក​សំណល់​នៃ​អ៊ីស្រាអែល[ខាង​វិញ្ញាណ]»។ ទ្រង់​បាន​ឲ្យ​កិត្ដិយស​ដល់​ពួក​គេ​ឲ្យ​មាន​សិទ្ធិ​កាន់​ព្រះ​នាម​របស់​ទ្រង់ ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ក្នុង​ចំណោម​ពួក​មនុស្ស​នៅ​ផែនដី។ នេះ​ដូច​សេផានា​ទាយ​មក​ថា​៖ « ‹នៅ​គ្រា​នោះ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក ហើយ​នៅ​គ្រា​នោះ អញ​នឹង​ប្រមូល​ឯង​ឲ្យ​មូល​គ្នា ដ្បិត​អញ​នឹង​លើក​ឯង​រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី គឺ​ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឯង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា› នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។—សេផានា ៣:២០

៨ តាំង​ពី​ឆ្នាំ​១៩៣៥មក មនុស្ស​រាប់​លាន​នាក់​បាន​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​ពួក​អ្នក​សំណល់​មែន។ ពួក​គេ​សប្បាយ​ចិត្ត​នឹង​ធ្វើ​តាម​ពួក​យូដា ឬ​អ៊ីស្រាអែល​ខាង​វិញ្ញាណ​នេះ ដោយ​និយាយ​ថា​៖ « ‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។ (សាការី ៨:២៣) ពួក​«ចៀម​ឯ​ទៀត»​ទាំង​នេះ ចាត់​ទុក​ពួក​សំណល់​ចាក់​ប្រេង​តាំង​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាសវៃ› ដែល​ព្រះ​គ្រីស្ទ​បាន​តាំង​ឲ្យ​ត្រួត​លើ​«ពួក​ផ្ទះ​លោក[នៅ​ផែនដី]»។ ពួក​គេ​ទទួល​យក​ដោយ​ដឹង​គុណ​នូវ​អាហារ​ខាង​វិញ្ញាណ ដែល​ក្រុម​អ្នក​បំរើ​បាន​រៀប​ចំ​មក​«តាម​ត្រូវ​ពេល»។—យ៉ូហាន ១០:១៦; ម៉ាថាយ ២៤:៤៥​-​៤៧

៩. តើ​មនុស្ស​រាប់​លាន​នាក់​រៀន​និយាយ​«ភាសា»​អ្វី ហើយ​អ្វី​ជា​កិច្ចការ​ដ៏​ធំ​ដែល​ពួក​ចៀម​ឯ​ទៀត​‹រួម​ចិត្ត​គ្នា​›បំរើ​ជា​មួយ​ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង?

៩ នៅ​ជិត​ពួក​អ្នក​សំណល់ ពួក​ចៀម​ឯ​ទៀត​រាប់​លាន​នាក់​នេះ​កំពុង​តែ​រៀន​រស់​នៅ ហើយ​រៀន​និយាយ​ឲ្យ​ស្រប​តាម​«ភាសា​បរិសុទ្ធ»។a ព្រះ​យេហូវ៉ា​ទាយ​តាម​រយៈ​សេផានា​ថា​៖ «នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជនជាតិ​ទាំង​ឡាយ មាន​បបូរមាត់​ស្អាត[ភាសា​បរិសុទ្ធ ព.ថ.] ដើម្បី​ឲ្យ​គេ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់»។ (សេផានា ៣:៩) ត្រូវ​ហើយ ពួក​ចៀម​ឯ​ទៀត​សាមគ្គី​គ្នា​បំរើ​ព្រះ​យេហូវ៉ា​ជា​មួយ​សមាជិក​ចាក់​ប្រេង​តាំង​នៃ​«ហ្វូង​តូច» ដើម្បី​សំរេច​កិច្ចការ​បន្ទាន់​នៃ​ការ​ផ្សាយ​«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ . . . ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍»។—លូកា ១២:៣២; ម៉ាថាយ ២៤:១៤

‹ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក›

១០. តើ​ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង​តែង​តែ​ជឿជាក់​អ្វី ហើយ​ជា​ក្រុម តើ​ពួក​គេ​នឹង​រស់​ដរាប​ឃើញ​អ្វី​កើត​ឡើង?

១០ ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង​នៅ​ចាំ​ជានិច្ច​នូវ​ពាក្យ​សំដី​របស់​ពេត្រុស​ដែល​ព្រះ​បណ្ដាល​មក គឺ​ថា​៖ «[ព្រះ​យេហូវ៉ា]មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ រីឯ​ថ្ងៃ​នៃ[ព្រះ​យេហូវ៉ា] នោះ​នឹង​មក​ដូច​ជា​ចោរប្លន់»។ (ពេត្រុសទី២ ៣:៩, ១០) ពួក​សមាជិក​នៃ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​មិន​ដែល​សង្ស័យ​សោះ​ឡើយ​អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដែល​កំពុង​តែ​មក​ក្នុង​សម័យ​យើង​នេះ។ ថ្ងៃ​ដ៏​ធំ​នោះ​នឹង​ចាប់​ផ្ដើម​ឡើង​ដោយ​ប្រហារ​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ​មក​លើ​ពិភព​គ្រីស្ទ​សាសនា ដែល​ដូច​ក្រុង​យេរូសាឡិម​ពីដើម ហើយ​ក៏​មក​លើ​សំណល់​ទាំង​ប៉ុន្មាន​នៃ​បាប៊ីឡូន​ដ៏​ធំ​ដែរ។—សេផានា ១:២​-​៤; វិវរណៈ ១៧:១, ៥; ១៩:១, ២

១១, ១២. (ក) តើ​ទំនាយ​សេផានា​មួយ​ផ្នែក​ណា​ទៀត ដែល​បាន​សំរេច​មក​លើ​ពួក​អ្នក​សំណល់? (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង​បាន​គោរព​តាម​បញ្ជា​«កុំ​ឲ្យ​ដៃ​ឯង​អន់ថយ​ឲ្យ​សោះ»?

១១ ពួក​អ្នក​សំណល់​ស្មោះ​ត្រង់​សប្បាយ​រីករាយ​ណាស់ ដែល​ខ្លួន​ត្រូវ​បាន​សង្គ្រោះ​ក្នុង​ឆ្នាំ​១៩១៩ពី​ការ​ជាប់​ឃុំ​ឃាំង​នឹង​បាប៊ីឡូន​ដ៏​ធំ ជា​ចក្រភព​លោក​នៃ​សាសនា​មិន​ពិត។ ពួក​គេ​បាន​ពិសោធ​ការ​សំរេច​នៃ​ទំនាយ​សេផានា​នេះ​៖ «ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង! ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្រែក​ឡើង​ចុះ! ឱ​កូន​ស្រី​យេរូសាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ! ព្រះ​យេហូវ៉ា ទ្រង់​បាន​លើក​ទោស​ឯង​ចោល។ ទ្រង់​បាន​បោះ​ខ្មាំង​សត្រូវ​របស់​ឯង​ចេញ​ហើយ។ ឯ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ព្រះ​យេហូវ៉ា ទ្រង់​គង់​នៅ​កណ្ដាល​ឯង។ ឯង​មិន​ត្រូវ​រង​ការ​អាក្រក់​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ នឹង​មាន​ពាក្យ​ពោល​ដល់​ក្រុង​យេរូសាឡិម​ថា​៖ ‹កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​ឯង​អន់ថយ​ឲ្យ​សោះ។ ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្ដាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ› »។—សេផានា ៣:១៤​-​១៧

១២ ដោយ​ជឿជាក់​ហើយ​មាន​ភស្តុតាង​ជា​ច្រើន​ថា​ព្រះ​យេហូវ៉ា​គាំទ្រ​ពួក​គេ ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង​បាន​ចេញ​ទៅ​យ៉ាង​អង់អាច ដើម្បី​សំរេច​កិច្ចការ​ដែល​ព្រះ​ប្រទាន​ឲ្យ​គេ។ ពួក​គេ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ ហើយ​បាន​ប្រកាស​ប្រាប់​អំពី​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​ពិភព​គ្រីស្ទ​សាសនា គឺ​បាប៊ីឡូន​ដ៏​ធំ​ទាំង​មូល និង​របប​ដ៏​អាក្រក់​ជួជាតិ​ទាំង​អស់​របស់​សាតាំង។ ដោយ​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​ខ្លាំង​ជា​ច្រើន​ទសវត្ស​ពី​ឆ្នាំ​១៩១៩មក ពួក​គេ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ​៖ «កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​ឯង​អន់ថយ​ឲ្យ​សោះ»។ ពួក​គេ​មិន​បាន​ឲ្យ​ដៃ​របស់​គេ​អន់ថយ​ឡើយ ក្នុង​ការ​ចែក​ចាយ​ខិត្តប័ណ្ណ ទស្សនាវដ្ដី សៀវភៅ និង​កូន​សៀវភៅ​រាប់​លាន​កោដិ ដើម្បី​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​ជា​គំរូ​ដ៏​លើក​ទឹក​ចិត្ត​ចំពោះ​ពួក​ចៀម​ឯ​ទៀត ដែល​តាំង​ពី​ឆ្នាំ​១៩៣៥ បាន​នាំ​គ្នា​ចូល​ទៅ​ខាង​ពួក​គេ។

«កុំ​ឲ្យ​ដៃ​ឯងអន់ថយ​ឲ្យ​សោះ»

១៣, ១៤. (ក) ហេតុ​អ្វី​ក៏​ពួក​យូដា​ខ្លះ​ឈប់​បំរើ​ព្រះ​យេហូវ៉ា ហើយ​នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា? (ខ) អ្វី​ជា​ការ​មិន​មាន​ប្រាជ្ញា​សំរាប់​យើង​ធ្វើ ហើយ​កិច្ចការ​អ្វី​ដែល​យើង​មិន​គួរ​បង្អន់​ដៃ​នោះ?

១៣ កាល​ដែល​យើង‹រង់ចាំ›ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​យេហូវ៉ា តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ជំនួយ​ដ៏​មាន​ប្រយោជន៍​ពី​ទំនាយ​សេផានា? ទី​មួយ យើង​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ខ្លួន​ដូច​ពួក​យូដា​ក្នុង​ជំនាន់​សេផានា ដែល​ឈប់​ដើរ​តាម​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​តែ​ពួក​គេ​សង្ស័យ​អំពី​រយៈ​ពេល​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។ ពួក​យូដា​ទាំង​នេះ​មិន​បាន​សំដែង​ការ​សង្ស័យ​របស់​ខ្លួន​ឲ្យ​គេ​ឃើញ​ទេ តែ​ដំណើរ​ប្រព្រឹត្ត​របស់​គេ​បង្ហាញ​ថា ពួក​គេ​ច្បាស់​ជាមិន​ជឿ​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​នោះ។ ពួក​គេ​យក​ចិត្ត​ទុក​ដាក់​តែ​នឹង​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ ជាជាង​រង់ចាំ​មើល​ព្រះ​យេហូវ៉ា។—សេផានា ១:១២, ១៣; ៣:៨

១៤ សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ពេល​ដែល​យើង​ត្រូវ​បណ្ដោយ​ឲ្យ​ការ​សង្ស័យ​ចាក់​ឫស​ក្នុង​ចិត្ត​របស់​យើង​ទេ។ មិន​ជា​ការ​មាន​ប្រាជ្ញា​ទេ បើ​ក្នុង​គំនិត​ឬ​ចិត្ត​របស់​យើង​ចេះ​តែ​ភ្លេច​នូវ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​តែ​មក​នេះ។ (ពេត្រុសទី២ ៣:១​-​៤, ១០) យើង​មិន​គួរ​ឈប់​ដើរ​តាម​ព្រះ​យេហូវ៉ា ឬ ‹បង្អន់​ដៃ​យើង›ក្នុង​ការ​បំរើ​ទ្រង់​ឡើយ។ នេះ​រាប់​បញ្ចូល​ដោយ​មិន​«ធ្វើ​ការ​ដោយ​ដៃ​ខ្ជិល​ច្រអូស» ក្នុង​ការ​ផ្សាយ​«ដំណឹង​ល្អ»​របស់​យើង។—សុភាសិត ១០:៤; ម៉ាកុស ១៣:១០

ការ​ប្រយុទ្ធ​នឹង​ភាព​មិន​អើពើ

១៥. តើ​អ្វី​ដែល​អាច​បណ្ដាល​ឲ្យ​យើង​បង្អន់​ដៃ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា ហើយ​បញ្ហា​នេះ​ត្រូវ​បាន​ទាយ​ប្រាប់​យ៉ាង​ណា​ខ្លះ​ក្នុង​ទំនាយ​សេផានា?

១៥ ទីពីរ យើង​ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​នឹង​ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​ទន់ខ្សោយ​នៃ​ភាព​មិន​អើពើ។ ក្នុង​បស្ចិម​ប្រទេស​ជា​ច្រើន ការ​មិន​ខ្វល់ខ្វាយ​អំពី​បញ្ហា​ខាង​វិញ្ញាណ អាច​ទៅ​ជា​មូលហេតុ​មួយ​នៃ​ការ​បាក់​ទឹក​ចិត្ត​ក្នុង​ចំណោម​ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​ខ្លះ។ ភាព​មិន​អើពើ​បែប​នេះ​ក៏​មាន​នៅ​ក្នុង​ជំនាន់​សេផានា​ដែរ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តាម​រយៈ​សេផានា​ថា​៖ «អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល . . . គិត​ក្នុង​ចិត្ត​ថា ‹ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ ទោះ​ល្អ​ឬ​អាក្រក់​ផង› »។ (សេផានា ១:១២) សរសេរ​អំពី​វគ្គ​នេះ​ក្នុង​សៀវភៅ​ឈ្មោះ​ព្រះ​គម្ពីរ​ខេម្ព្រីជ​សំរាប់​សាលា​និង​អនុវិទ្យាល័យ លោក អេ. ប៊ី. ដាវីឌ​សុន​ថ្លែង​ថា វគ្គ​នេះ​សំដៅ​ទៅ​មនុស្ស​ដែល​«ធ្លាក់​ដល់​កំរិត​ដែល​លែង​មាន​អារម្មណ៍​អើពើ​ទៀត ឬ​ដល់​ថ្នាក់​លែង​ជឿ​ថា​ព្រះ​ធ្វើ​អន្តរាគមន៍​ក្នុង​កិច្ចការ​របស់​មនុស្ស»។

១៦. តើ​អ្វី​ជា​ស្ថានភាព​នៃ​គំនិត​ដែល​មាន​ក្នុង​ចំណោម​សមាជិក​ជា​ច្រើន​នៃ​និកាយ​ពិភព​គ្រីស្ទ​សាសនា តែ​តើ​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង​នូវ​ការ​លើក​ទឹក​ចិត្ត​អ្វី?

១៦ ក្នុង​កន្លែង​ជា​ច្រើន​នៅ​ផែនដី​នេះ ភាព​មិន​អើពើ​ជា​អាកប្បកិរិយា​ដែល​មាន​ទូទៅ​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​ក្នុង​ប្រទេស​ដែល​សម្បូណ៌​ដោយ​ទ្រព្យ​ធន។ សូម្បីតែ​សមាជិក​នៃ​និកាយ​ក្នុង​ពិភព​គ្រីស្ទ​សាសនា ក៏​មិន​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​កិច្ចការ​របស់​មនុស្ស​នៅ​សម័យ​យើង​នេះ។ ពួក​គេ​បដិសេធ​ការ​ខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ដល់​គេ ដោយ​ការ​ញញឹម​មិន​ជឿ ឬ​ដោយ​ពាក្យ​មួយ​ម៉ាត់​ថា​«ខ្ញុំ​មិន​ចូល​ចិត្ត​ទេ»! នៅ​ក្រោម​ស្ថានភាព​បែប​នេះ ដែល​ការ​ខំ​តស៊ូ​ក្នុង​កិច្ចការ​ផ្សាយ​អាច​ទៅ​ជា​ការ​ពិបាក​មែន។ នេះ​នឹង​សាកល្បង​ដល់​ការ​អត់ធ្មត់​របស់​យើង។ ប៉ុន្តែ តាម​រយៈ​ទំនាយ​សេផានា ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​ប្រជា​រាស្ត្រ​ស្មោះ​ត្រង់​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា​៖ «កុំ​ឲ្យ​ដៃ​ឯង​អន់ថយ​ឲ្យ​សោះ។ ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្ដាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្ដីរីករាយ​អរ​សប្បាយ​ចំពោះ​ឯង។ ទ្រង់​នឹង​សំរាក​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង»។ —សេផានា ៣:១៦, ១៧

១៧. តើ​មាន​គំរូ​ល្អ​អ្វី​ខ្លះ ដែល​ពួក​អ្នក​ថ្មី​ក្នុង​ចំណោម​ពួក​ចៀម​ឯ​ទៀត​គួរ​តែ​ធ្វើ​តាម ហើយ​ធ្វើ​តាម​យ៉ាង​ណា?

១៧ ការ​ពិត​ក្នុង​ប្រវត្ដិសាស្ត្រ​ទំនើប​នៃ​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា គឺ​ថា ពួក​អ្នក​សំណល់​និង​ពួក​ចំណាស់​ក្នុង​ចំណោម​ពួក​ចៀម​ឯ​ទៀត បាន​សំរេច​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការ​ប្រមូល​មនុស្ស​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នេះ។ ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​ទាំង​អស់​នេះ​បាន​សំដែង​ការ​អត់ធ្មត់​ជា​ច្រើន​ទសវត្ស។ ពួក​គេ​មិន​បណ្ដោយ​ឲ្យ​ភាព​មិន​អើពើ​របស់​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​គ្រីស្ទសាសនា ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​ឡើយ។ ដូច្នេះ ចូរ​ឲ្យ​ពួក​អ្នក​ថ្មី​ក្នុង​ចំណោម​ពួក​ចៀម​ឯ​ទៀត កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ ដោយ​ភាព​មិន​អើពើ​ដល់​បញ្ហា​ខាង​វិញ្ញាណ ដែល​មាន​ទូទៅ​សព្វ​ថ្ងៃ​នេះ​ក្នុង​ស្រុក​ជា​ច្រើន។ ចូរ​ឲ្យ​ពួក​គេ​កុំ‹បង្អន់​ដៃ›របស់​គេ​ឲ្យ​សោះ ឬ​កុំ​ខ្ជិល។ ចូរ​ឲ្យ​ពួក​គេ​ឆ្លៀត​យក​គ្រប់​ឱកាស ដើម្បី​ផ្សាយ​ទស្សនាវដ្ដី​ប៉មយាម ភ្ញាក់រឭក! និង​ប្រកាស​វត្ថុ​ល្អៗ​ឯ​ទៀត ដែល​បាន​រៀប​ចំ​មក​យ៉ាង​ពិសេស​សំរាប់​ជួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​និង​ពរ​ជា​ច្រើន​ដែល​មាន​ជា​បន្តបន្ទាប់។

ឆ្ពោះ​ទៅ​មុខ​កាល​កំពុង​រង់ចាំ​ថ្ងៃ​ដ៏​ធំ!

១៨, ១៩. (ក) តើ​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អត់ធ្មត់​អ្វី​ខ្លះ ដែល​យើង​រក​ឃើញ​ក្នុង​ម៉ាថាយ ២៤:១៣ និង អេសាយ ៣៥:៣, ៤? (ខ) តើ​យើង​នឹង​បាន​ប្រសិទ្ធិពរ​យ៉ាងណា បើ​សិន​ជា​យើង​ព្រម​ចិត្ត​គ្នា​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា?

១៨ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) ដូច្នេះ មិន​ត្រូវ​ឲ្យ​មាន​«ដៃ​ដែល​ខ្សោយ» ឬ ‹ជង្គង់​ញ័រ›ទេ កាល​ដែល​យើង​រង់ចាំ​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​យេហូវ៉ា! (អេសាយ ៣៥:៣, ៤) ដោយ​លើក​ទឹក​ចិត្ត ទំនាយ​សេផានា​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ «ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ»។ (សេផានា ៣:១៧) មែន​ហើយ ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​«ហ្វូង​យ៉ាង​ធំ» ក្នុង​ដំណាក់​ចុង​ក្រោយ​បង្អស់​នៃ​«សេចក្ដី​វេទនា​ជា​ខ្លាំង» នៅ​ពេល​ដែល​ទ្រង់​បញ្ជា​បុត្រា​របស់​ទ្រង់​ឲ្យ​កំទេច​ចោល​ពួក​សាសន៍​នយោបាយ​ដែល​ចេះ​តែ​«ដំកើង​ខ្លួន»​ទាស់​នឹង​រាស្ត្រ​របស់​ទ្រង់។—វិវរណៈ ៧:៩, ១៤; សេផានា ២:១០, ១១; ទំនុកដំកើង ២:៧​-​៩

១៩ កាល​ដែល​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​យេហូវ៉ា​កំពុង​តែ​មក ចូរ​យើង​ឆ្ពោះ​ទៅ​មុខ​ជានិច្ច​ក្នុង​ការ​«ព្រម​ចិត្ត​គ្នា»​ខំ​បំរើ​ទ្រង់! (សេផានា ៣:៩) ដោយ​ធ្វើ​ដូច្នេះ យើង​និង​ពួក​អ្នក​ដទៃ​ជា​ច្រើន​ឯ​ទៀត​នឹង​ត្រូវ​ដាក់​ក្នុង​កន្លែង​ដែល​នឹង​«បាំង​ទុក នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា» ហើយ​នឹង​ឃើញ​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​បាន​បរិសុទ្ធ។

[កំណត់​សម្គាល់]

a ចំពោះ​ការ​ពិគ្រោះ​ដ៏​ល្អិតល្អន់​អំពី​«ភាសា​បរិសុទ្ធ» សូម​មើលប៉មយាម ១ មេសា ១៩៩១ ទំព័រ ២០​-​៥ និង ១ ឧសភា ១៩៩១ ទំព័រ ១០​-​២០ (ភាសា​អង់គ្លេស)

សា​ឡើង​វិញ

◻ តើ​ស្ថានការណ៍​សាសនា​ក្នុង​ពិភព​គ្រីស្ទ​សាសនា​ដូច​យ៉ាង​ណា​ខ្លះ​នឹង​ជំនាន់​សេផានា?

◻ តើ​ពួក​មេ​ដឹក​នាំ​នយោបាយ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ដូច​យ៉ាង​ណា​ខ្លះ​នឹង «ពួក​ចៅហ្វាយ»​ក្នុង​ជំនាន់​សេផានា?

◻ តើ​កិច្ច​សន្យា​មួយ​ណា​ក្នុង​សេផានា​ដែល​បាន​សំរេច​មក​លើ​ពួក​អ្នក​សំណល់?

◻ តើ​មនុស្ស​រាប់​លាន​នាក់​បាន​ទទួល​ស្គាល់​អ្វី?

◻ ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​បង្អន់​ដៃ​របស់​យើង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា?

[រូបភាព​នៅ​ទំព័រ​១៥]

ដូច​សេផានា ពួក​អ្នក​សំណល់​ស្មោះ​ត្រង់​នៃ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ប្រកាស​សេចក្ដី​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​ដោយ​ឥត​ខ្លាច

[រូបភាព​នៅ​ទំព័រ​១៨]

«ពួក​ចៀម​ឯ​ទៀត»​មិន​បណ្ដោយ​ឲ្យ​ភាព​មិន​អើពើ​របស់​មនុស្ស​ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​ឡើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក