បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១២ ទំ. ២៨-៣២
  • តើអ្នកណានឹងរួចរស់ជីវិតនៅ«ថ្ងៃនៃព្រះយេហូវ៉ា»?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកណានឹងរួចរស់ជីវិតនៅ«ថ្ងៃនៃព្រះយេហូវ៉ា»?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គុណសម្បត្ដិ​របស់​ព្រះ​គឺ​ចាំ​បាច់
  • «តើ​អ្នក​ណា​កាន់​ខាង​អញ? តើ​មាន​អ្នក​ណា​ឬ​ទេ»?
  • គាំទ្រ​ពី​ចិត្ត​នៃ​ការ​ថ្វាយ​បង្គំ​ពិត
  • ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នៅ​ខាង​មុខ!
  • បំរើ​ដោយ​មាន​ចិត្ត​ខ្នះ​ខ្នែង​ដូច​លោក​អេលីសេ
  • អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • កងទ័ពភ្លើងរបស់ព្រះយេហូវ៉ា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ឥឡូវជាពេលឲ្យយើងចាត់វិធានការយ៉ាងម៉ឺងម៉ាត់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១២ ទំ. ២៨-៣២

តើ​អ្នក​ណា​នឹង​រួច​រស់​ជីវិត​នៅ«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»?

«តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ ទាំង​ទន្ទឹង​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង»!—ពេត្រុស​ទី​២ ៣:១១, ១២

១. តើ​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​ដោយ​មាន​គតិ​និង​កម្លាំង​ដូច​លោក​អេលីយ៉ា?

ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​មនុស្ស​ពី​ចំណោម​មនុស្ស​លោក ដែល​នឹង​ទទួល​មរតក​ជា​មួយ​បុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ (រ៉ូម ៨:១៦, ១៧) កាល​ដែល​ពួក​គេ​នៅ​ផែនដី​នៅ​ឡើយ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ធ្វើ​ការ​ដោយ​មាន​គតិ​និង​កម្លាំង​ដូច​លោក​អេលីយ៉ា។ (លូកា ១:១៧) ក្នុង​អត្ថបទ​មុន​នេះ យើង​បាន​កត់​សម្គាល់​នូវ​សភាព​ដូច​គ្នា​រវាង​កិច្ច​ការ​របស់​គេ​ជា​មួយ​នឹង​កិច្ច​ការ​របស់​ព្យាការី​អេលីយ៉ា។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ ចំពោះ​កិច្ច​ការ​របស់​អ្នក​ជំនួស​លោក​អេលីយ៉ា ដែល​ជា​ព្យាការី​អេលីសេ​នោះ?—ពង្សាវតារ​ក្សត្រ​ទី​១ ១៩:១៥, ១៦

២. (ក) តើ​អ្វី​ជា​អព្ភូតហេតុ​ចុង​ក្រោយ​របស់​លោក​អេលីយ៉ា និង​អព្ភូតហេតុ​ដំបូង​របស់​លោក​អេលីសេ? (ខ) តើ​អ្វី​ជា​ភស្តុ​តាង​ថា​លោក​អេលីយ៉ា មិន​បាន​ឡើង​ទៅ​ស្ថាន​សួគ៌?

២ អព្ភូតហេតុ​ចុង​ក្រោយ​ដែល​បាន​ប្រព្រឹត្ត​ដោយ​លោក​អេលីយ៉ា គឺ​ការ​ញែក​ទឹក​នៃ​ទន្លេ​យ័រដាន់ ដោយ​យក​ក្រមា​របស់​លោក​មក​វាយ​នឹង​ទឹក។ នេះ​អនុញ្ញាត​ឲ្យ​អេលីយ៉ា​និង​អេលីសេ បាន​ដើរ​ឆ្លង​លើ​ដី​គោក។ កាល​ដែល​គេ​បាន​ដើរ​ទៅ​ទិស​ខាង​កើត​នៃ​ទន្លេ នោះ​ខ្យល់​កួច​បាន​យក​អេលីយ៉ា​ទៅ​កន្លែង​មួយ​ទៀត​នៃ​ផែនដី។ (សូម​មើល​ប្រអប់​ទំព័រ ២៧ ដែល​មាន​ចំណង​ជើង «តើ​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌​មួយ​ណា»?) ក្រមា​របស់​លោក​អេលីយ៉ា​បាន​ជ្រុះ​នឹង​ដី។ ពេល​ដែល​អេលីសេ​បាន​យក​ក្រមា​នេះ​មក​វាយ​ទឹក​ទន្លេ នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ដែល​គាត់​អាច​ដើរ​ឆ្លង​លើ​ដី​គោក​ត្រឡប់​ទៅ​វិញ។ អព្ភូតហេតុ​នេះ​បាន​ធ្វើឲ្យ​ច្បាស់​ថា អេលីសេ​បាន​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​ជំនួស​លោក​អេលីយ៉ា ក្នុង​ការ​ផ្សព្វ​ផ្សាយ​ការ​ថ្វាយ​បង្គំ​ពិត​ក្នុង​អ៊ីស្រាអែល។—ពង្សាវតារ​ក្សត្រ​ទី​២ ២:៦​-​១៥

គុណសម្បត្ដិ​របស់​ព្រះ​គឺ​ចាំ​បាច់

៣. តើ​អ្វី​ដែល​ប៉ុល​និង​ពេត្រុស​បាន​និយាយ​អំពី​វត្តមាន​របស់​ព្រះ​គ្រីស្ទ និង«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»?

៣ ជា​ច្រើន​សតវត្ស​ក្រោយ​ពី​សម័យ​របស់​លោក​អេលីយ៉ា​និង​អេលីសេ សាវ័ក​ប៉ុល​និង​សាវ័ក​ពេត្រុស បាន​និយាយ​អំពី​ការ​យាង​មក​នៃ«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» ដោយ​ភ្ជាប់​ជា​មួយ​នឹង​វត្តមាន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ដល់«ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី»ដែល​មាន​នៅ​អនាគត។ (ថែស្សាឡូនីច​ទី​២ ២:១, ២; ពេត្រុស​ទី​២ ៣:១០​-​១៣) ដើម្បី​នឹង​រួច​រស់​ជីវិត​ពី​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា—ពេល​ដែល​ព្រះ​កំទេច​ពួក​សត្រូវ​របស់​ទ្រង់ ហើយ​សង្គ្រោះ​រាស្ត្រ​ទ្រង់—យើង​ត្រូវ​តែ​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​សម្ដែង​ភាព​រាប​សា​និង​សេចក្ដី​សុចរិត។ (សេផានា ២:១​-​៣) ប៉ុន្តែ កាល​ដែល​យើង​ពិចារណា​មើល​ព្រឹត្ដិការណ៍​ដែល​ទាក់​ទង​នឹង​ព្យាការី​អេលីសេ នោះ​គុណសម្បត្ដិ​ខ្លះ​ទៀត​នឹង​ឃើញ​ជាក់​ច្បាស់។

៤. តើ​ការ​ខ្នះ​ខ្នែង​មាន​មុខ​នាទី​យ៉ាង​ណា ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា?

៤ ការ​ខ្នះ​ខ្នែង​ចំពោះ​កិច្ច​បំរើ​របស់​ព្រះ គឺ​សំខាន់​ណាស់ បើ​យើង​ចង់​រួច​រស់​ជីវិត​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»។ លោក​អេលីយ៉ា​និង​អេលីសេ មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា។ ដោយ​មាន​ការ​ខ្នះ​ខ្នែង​ដូច​នេះ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​សព្វ​ថ្ងៃ​នេះ ផ្ដល់​កិច្ច​បំរើ​បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា ហើយ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។a តាំង​ពី​ពាក់​កណ្ដាល​ទសវត្ស​នៃ​ឆ្នាំ​១៩៣០ ពួក​គេ​បាន​លើក​ទឹក​ចិត្ត​ពួក​ទាំង​អស់​ណា​ដែល​ទទួល​សារ​ព្រះ​រាជាណាចក្រ ហើយ​មាន​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី ឲ្យ​ថ្វាយ​ខ្លួន​គេ​ទៅ​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ (ម៉ាកុស ៨:៣៤; ពេត្រុស​ទី​១ ៣:២១) មនុស្ស​រាប់​លាន​នាក់​បាន​តប​ឆ្លើយ​យ៉ាង​ល្អ​ដល់​ការ​លើក​ទឹក​ចិត្ត​នេះ។ ពេល​មួយ គេ​នៅ​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ ហើយ​ស្លាប់​ក្នុង​បាប ប៉ុន្តែ ឥឡូវ​នេះ គេ​បាន​រៀន​អំពី​សេចក្ដី​ពិត​របស់​ព្រះ ហើយ​បាន​មាន​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច​ក្នុង​ផែនដី​មនោរម្យ ហើយ​មាន​ការ​ខ្នះ​ខ្នែង​ចំពោះ​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ៣៧:២៩; វិវរណៈ ២១:៣​-​៥) ដោយ​ការ​ខ្នះ​ខ្នែង សហប្រតិបត្ដិការ ការ​ទទួល​រាក់​ទាក់ និង​កិច្ច​ការ​ល្អ​ឯ​ទៀត ពួក​គេ​នាំ​ឲ្យ​មាន​ការ​ត្រជាក់​ត្រ​ជុំ​យ៉ាង​ខ្លាំង​ដល់​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ ដែល​មាន​នៅ​លើ​ផែនដី​នៅ​ឡើយ។—ម៉ាថាយ ២៥:៣១​-​៤៦

៥. ហេតុ​អ្វី​ក៏​សំខាន់​ក្នុង​ការ​ធ្វើ​ល្អ​ដល់«បង​ប្អូន»របស់​ព្រះ​គ្រីស្ទ ហើយ​តើ​គំរូ​អ្វី​ដែល​យើង​មាន​ពី​សម័យ​នៃ​លោក​អេលីសេ?

៥ ពួក​អ្នក​ដែល​ធ្វើ​ល្អ​ដល់«បង​ប្អូន»របស់​ព្រះ​យេស៊ូ ដែល​ពួក​ចាក់​ប្រេង​តាំង​ទាំង​នេះ​ជា​ពួក​អ្នក​កាន់​តាម​ទ្រង់ នោះ​មាន​សេចក្ដី​សង្ឃឹម​នៃ​ការ​រួច​រស់​ជីវិត​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»។ ប្ដី​ប្រពន្ធ​ម្នាក់​ក្នុង​ក្រុង​ស៊ូណែម បាន​ទទួល​ពរ​យ៉ាង​សម្បើម ដោយ​មាន​ចិត្ត​សប្បុរស ហើយ​ទទួល​រាក់​ទាក់​ដល់​អេលីសេ​និង​អ្នក​បំរើ​របស់​លោក។ ប្ដី​ប្រពន្ធ​នេះ​ឥត​មាន​កូន​ប្រុស​ទេ ហើយ​ប្ដី​គឺ​ចាស់​ណាស់​ទៅ​ហើយ។ ប៉ុន្តែ លោក​អេលីសេ​បាន​សន្យា​នឹង​ស្ត្រី​នៃ​ក្រុង​ស៊ូណែម ថា​គាត់​នឹង​សម្រាល​កូន​ប្រុស​បាន​មួយ ហើយ​នេះ​បាន​កើត​ឡើង​មែន។ ពេល​ដែល​កូន​ប្រុស​នេះ​បាន​ស្លាប់​ប្រមាណ​ឆ្នាំ​ក្រោយ​មក លោក​អេលីសេ​បាន​ទៅ​ក្រុង​ស៊ូណែម ហើយ​បាន​ប្រោស​កូន​នោះ​ឲ្យ​រស់​ឡើង​វិញ។ (ពង្សាវតារ​ក្សត្រ​ទី​២ ៤:៨​-​១៧, ៣២​-​៣៧) នេះ​ជា​រង្វាន់​ដ៏​ធំ​មែន ចំពោះ​ការ​បង្ហាញ​ការ​ទទួល​រាក់​ទាក់​ដល់​លោក​អេលីសេ!

៦, ៧. តើ​លោក​ណាម៉ាន់​ទុក​គំរូ​អ្វី ហើយ​តើ​នេះ​មាន​ការ​ទាក់​ទង​យ៉ាង​ណា​លើ​ការ​សង្គ្រោះ​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»?

៦ ការ​រាប​ទាប​ក៏​ត្រូវ​ការ​ដែរ ដើម្បី​ទទួល​សេចក្ដី​ណែនាំ​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ ពី«បង​ប្អូន»របស់​ព្រះ​គ្រីស្ទ ដោយ​សង្ឃឹម​នៃ​ការ​សង្គ្រោះ​ពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។ ណាម៉ាន់​ជា​មេ​ទ័ព​នៃ​ស្រុក​ស៊ីរី ដែល​មាន​រោគ​ឃ្លង់ ត្រូវ​តែ​បង្ហាញ​ការ​រាប​ទាប ដើម្បី​ធ្វើ​តាម​យោបល់​នៃ​ក្មេង​ស្រី​អ៊ីស្រាអែល​ម្នាក់ ហើយ​ស្វែង​រក​ការ​សះ​ស្បើយ ដោយ​ទៅ​អ៊ីស្រាអែល​ដើម្បី​រក​លោក​អេលីសេ។ ជា​ជាង​ចេញ​ពី​ផ្ទះ​របស់​លោក​មក​ជួប​ណាម៉ាន់ លោក​អេលីសេ​បាន​ចាត់​អ្នក​បំរើ​ម្នាក់ ឲ្យ​ទៅ​ជំ​រាប​ថា៖ «សូម​ឲ្យ​លោក​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ»។ (ពង្សាវតារ​ក្សត្រ​ទី​២ ៥:១០) លោក​ណាម៉ាន់​បាន​ត្រូវ​អាក់​អន់​ចិត្ត ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​មាន​កំហឹង​យ៉ាង​ខ្លាំង។ ប៉ុន្តែ ក្រោយ​មក ដោយ​មាន​ចិត្ត​រាប​ទាប លោក​ក៏​បាន​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​ប្រាំ​ពីរ​ដង «នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង​ៗ ហើយ​លោក​ក៏​បាន​ជា​ស្អាត»។ (ពង្សាវតារ​ក្សត្រ​ទី​២ ៥:១៤) មុន​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​ណាម៉ាន់​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​ក្រុង​សាម៉ារី ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​ព្យាការី​របស់​ព្រះ​យេហូវ៉ា។ ដោយ​ប្ដេជ្ញា​មិន​ចង់​បាន​កំរៃ​ពី​អំណាច​ដែល​ព្រះ​ប្រទាន នោះ​លោក​អេលីសេ​បាន​មក​ជួប​ណាម៉ាន់ ប៉ុន្តែ លោក​មិន​ព្រម​យក​រង្វាន់​អ្វី​សោះ​ឡើយ។ ណាម៉ាន់​ក៏​បាន​ប្រាប់យ៉ាង​រាប​ទាប​ដល់​លោក​អេលីសេ​ថា៖ «ដ្បិត​ពី​នេះ​ទៅ​មុខ ខ្ញុំ​ប្របាទ​នឹង​មិន​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ​បូជា​ដល់​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​ព្រះ​យេហូវ៉ា​ឡើយ»។—ពង្សាវតារ​ក្សត្រ​ទី​២ ៥:១៧

៧ ដោយ​ធ្វើ​តាម​យ៉ាង​រាប​ទាប​ដល់​ឱវាទ​នៃ​ពួក​ចាក់​ប្រេង​តាំង ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ មនុស្ស​រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ​បាន​ទទួល​ពរ​យ៉ាង​ហូរ​ហៀរ។ ម្យ៉ាង​វិញ​ទៀត ដោយ​អនុវត្ត​ជំនឿ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ ពួក​មនុស្ស​ចិត្ត​ស្មោះ​ត្រង់​ទាំង​នេះ​បាន​ត្រូវ​ស្អាត​ស្អំ​ខាង​វិញ្ញាណ។ ពួក​គេ​ឥឡូវ​មាន​ឯកសិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​មិត្ត​នៃ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ (ទំនុកដំកើង ១៥:១, ២; លូកា ១៦:៩) ហើយ​ដោយ​ខំ​ប្រឹង​ក្នុង​កិច្ច​បំរើ​របស់​ព្រះ ពួក​គេ​នឹង​បាន​សង្គ្រោះ​ពី​សេចក្ដី​ហិន​វិនាស​ដ៏​អស់​កល្ប​ជា​និច្ច ដែល​នឹង​មាន​មក​លើ​ពួក​មានះ ពួក​បាប​ដែល​មិន​ប្រែ​ចិត្ត​ក្នុង«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»ដែល​កាន់​តែ​ជិត​មក​ដល់​យ៉ាង​រហ័ស​នេះ។—លូកា ១៣:២៤; យ៉ូហាន​ទី​១ ១:៧

«តើ​អ្នក​ណា​កាន់​ខាង​អញ? តើ​មាន​អ្នក​ណា​ឬ​ទេ»?

៨. (ក) តើ​ពួក​អ្នក​ដែល​នឹង​រួច​រស់​ជីវិត​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» មាន​អាកប្បកិរិយា​យ៉ាង​ណា ចំពោះ​ការ​ធ្វើ​តាម​បំណង​របស់​ព្រះ? (ខ) តើ​កិច្ច​ការ​អ្វី​ដែល​បាន​ផ្ដល់​ឲ្យ​ដល់​យេហ៊ូវ? (គ) តើ​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​យេសិបិល?

៨ ពួក​អ្នក​ដែល​សង្ឃឹម​ចង់​រួច​រស់​ជីវិត​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» ក៏​ត្រូវ​តែ​មិន​រា​រែក​ក្នុង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ លោក​អេលីយ៉ា​បាន​ទាយ​យ៉ាង​ក្លាហាន អំពី​សេចក្ដី​ហិន​វិនាស​នៃ​ព្រះ​រាជ​វង្សានុវង្ស​របស់​ស្តេច​អ័ហាប់ ដែល​ថ្វាយ​បង្គំ​ព្រះ​បាល។ (ពង្សាវតារ​ក្សត្រ​ទី​១ ២១:១៧​-​២៦) ប៉ុន្តែ មុន​នឹង​ការ​ប្រហារ​ជីវិត​នេះ​បាន​កើត​ឡើង លោក​អេលីសេ ដែល​ជា​អ្នក​ស្នង​របស់​លោក​អេលីយ៉ា ក៏​ត្រូវ​តែ​បញ្ចប់​កិច្ចការ​ដែល​មិន​ទាន់​ចប់​នៅ​ឡើយ។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៩:១៥​-​១៧) ពេល​ដែល​គ្រា​កំណត់​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់ លោក​អេលីសេ​បាន​បង្គាប់​អ្នក​បំរើ​ម្នាក់​ឲ្យ​ទៅ​ចាក់​ប្រេង​តាំង​មេ​ទ័ព យេហ៊ូវ ឲ្យ​ឡើង​ជា​ស្តេច​ថ្មី​នៃ​អ៊ីស្រាអែល។ ក្រោយ​ពី​បាន​ចាក់​ប្រេង​លើ​ក្បាល​យេហ៊ូវ អ្នក​នាំ​សារ​នេះ​ជំ​រាប​ថា៖ «ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ‹អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​អញ។ ត្រូវ​ឲ្យ​ប្រហារ​ជំនួរ​វង្ស​របស់​អ័ហាប់ ជា​ចៅហ្វាយ​ឯង​ទៅ ប្រយោជន៍​ឲ្យ​អញ​បាន​សង​សឹក​នឹង​យេសិបិល ដោយ​ព្រោះ​ឈាម​នៃ​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ នឹង​ឈាម​នៃ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​អស់​ដែរ។ ដ្បិត​ជំនួរ​វង្ស​របស់​អ័ហាប់ ត្រូវ​វិនាស​ទៅ​អស់​រលីង›»។ ឆ្កែ​នឹង​ទំពា​រ​ស៊ី​យេសិបិល​ដ៏​កំណាច​នេះ ឥត​មាន​អ្នក​ណា​កប់​នាង​ឡើយ។—ពង្សាវតារ​ក្សត្រ​ទី​២ ៩:១​-​១០

៩, ១០. តើ​ពាក្យ​របស់​លោក​អេលីយ៉ា បាន​សម្រេច​យ៉ាង​ដូច​ម្ដេច​ក្នុង​ករណី​របស់​យេសិបិល?

៩ ពួក​បុរស​នៃ​យេហ៊ូវ​បាន​ទទួល​ស្គាល់​សុពលភាព​នៃ​ការ​ចាក់​ប្រេង​តាំង​របស់​គាត់ ហើយ​បាន​ប្រកាស​ថា លោក​ជា​ស្តេច​ថ្មី​នៃ​អ៊ីស្រាអែល។ ដោយ​ប្រព្រឹត្ត​ដ៏​ឥត​រា​រែក យេហ៊ូវ​ក៏​ឡើង​ជិះ​រថ​ទៅ​ឯ​យេសរាល ដើម្បី​ចាប់​ផ្ដើម​ការ​ប្រហារ​ពួក​មេ​ដឹក​នាំ​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​បាល។ បុគ្គល​ទី​មួយ​ដែល​ត្រូវ​ធ្នូរ​នៃ​ការ​ប្រហារ​ជីវិត​របស់​យេហ៊ូវ គឺ​ស្តេច​យ៉ូរ៉ាម ជា​បុត្រា​របស់​ស្តេច​អ័ហាប់។ ទ្រង់​បាន​ជិះ​រថ​ចេញ​ពី​ក្រុង ដើម្បី​សួរ​ថា​តើ​យេហ៊ូវ​មក​ដោយ​មេត្រី។ យេហ៊ូវ​បាន​តប​ឆ្លើយ​ថា៖ «កំពុង​ដែល​មាន​សេចក្ដី​កំផិត នឹង​មន្តអាគម​របស់​យេសិបិល ជា​មាតា​ទ្រង់​ជា​ច្រើន​ម្ល៉េះ នោះ​តើ​នឹង​មាន​សេចក្ដី​មេត្រី​ឯ​ណា​បាន»? ក្រោយ​ពី​ទូល​រួច​ហើយ ព្រួញ​របស់​យេហ៊ូវ​ក៏​បាញ់​ត្រូវ​ត្រង់​បេះ​ដូង​របស់​យ៉ូរ៉ាម។—ពង្សាវតារ​ក្សត្រ​ទី​២ ៩:២២​-​២៤

១០ ពួក​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ គឺ​ជៀស​វាង​ធ្វើ​ដូច​យេសិបិល ឬ​ដូច​ស្ត្រី​ដែល​មាន​លក្ខណៈ​ដូច​នាង។ (វិវរណៈ ២:១៨​-​២៣) កាល​ដែល​យេហ៊ូវ​បាន​ទៅ​ដល់​យេសរាល​ហើយ នោះ​នាង​ក៏​បាន​ខំ​តុបតែង​ខ្លួន​យ៉ាង​ស្អាត។ ដោយ​ទត​មើល​តាម​បង្អួច​មក នាង​បាន​គំនាប់​គាត់​ដោយ​បញ្ឈឺ​ចិត្ត។ គាត់​ក៏​បាន​សួរ​ពួក​អ្នក​បំរើ​របស់​នាង​ថា៖ «តើ​អ្នក​ណា​កាន់​ខាង​អញ តើ​មាន​អ្នក​ណា​ឬ​ទេ»? រំពេច​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក។ តើ​គេ​កាន់​ខាង​របស់​យេហ៊ូវ​ឬ? លោក​បាន​បង្គាប់​គេ​ថា៖ «ចូរ​បោះ​វា​ចុះ​មក»! ភ្លាម​នោះ គេ​ក៏​បាន​ប្រព្រឹត្ត​ដោយ​ឥត​រា​រែក ដោយ​បោះ​ទម្លាក់​យេសិបិល​ចុះ​មក​ពី​បង្អួច។ នាង​បាន​ត្រូវ​ជាន់​ឈ្លី ប្រហែល​ជា​ដោយ​ជើង​សេះ​ហើយ។ ពេល​ដែល​មនុស្ស​មក​កប់​សព​នាង ‹គេ​រក​ឃើញ​តែ​រ​លា​ក្បាល ប្រអប់​ជើង និង​បាត​ដៃ​ប៉ុណ្ណោះ›។ នេះ​ជា​ការ​សម្រេច​ច្បាស់​ណាស់​នៃ​ពាក្យ​របស់​លោក​អេលីយ៉ា៖ «ឆ្កែ​នឹង​ទំពា​ស៊ី​សាច់​យេសិបិល»!—ពង្សាវតារ​ក្សត្រ​ទី​២ ៩:៣០​-​៣៧

គាំទ្រ​ពី​ចិត្ត​នៃ​ការ​ថ្វាយ​បង្គំ​ពិត

១១. តើ​អ្នក​ណា​ជា​យ៉ូណាដាប ហើយ​តើ​តាម​របៀប​ណា​ដែល​គាត់​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​ថ្វាយ​បង្គំ​ពិត?

១១ ពួក​អ្នក​សង្ឃឹម​ដើម្បី​សង្គ្រោះ​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» ហើយ​ឲ្យ​បាន​រស់​នៅ​ជា​រហូត​លើ​ផែនដី ក៏​ត្រូវ​គាំទ្រ​ដ៏​អស់​ពី​ចិត្ត​នៃ​ការ​ថ្វាយ​បង្គំ​ពិត។ ពួក​គេ​ត្រូវ​ធ្វើ​ឲ្យ​ដូច​យ៉ូណាដាប ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដែល​មិន​មែន​សាសន៍​អ៊ីស្រាអែល។ កាល​ដែល​យេហ៊ូវ​បន្ត​បំពេញ​មុខ​ងា​របស់​លោក​ដោយ​ខ្នះ​ខ្នែង យ៉ូណាដាប​បាន​ចង់​បង្ហាញ​ការ​យល់​ព្រម​និង​ការ​គាំទ្រ​របស់​គាត់។ ដូច្នេះ គាត់​ក៏​ទៅ​ជួប​ស្តេច​ថ្មី​នៃ​អ៊ីស្រាអែល ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​សាម៉ារី ដើម្បី​នឹង​ប្រហារ​ជំនួរ​វង្ស​របស់​ស្តេចអ័ហាប់​ទាំង​ប៉ុន្មាន​ទៀត។ ដោយ​ឃើញ​យ៉ូណាដាប យេហ៊ូវ​បាន​សួរ​ថា៖ «តើ​ចិត្ត​អ្នក​ស្មោះ​ត្រង់ ដូច​ជា​ខ្ញុំ​ដែល​ស្មោះ​ត្រង់​ចំពោះ​អ្នក​ឬ​ទេ»? ការ​ឆ្លើយ​តប​ដ៏​វិជ្ជមាន​របស់​យ៉ូណាដាប ជំរុញ​ឲ្យ​យេហ៊ូវ​ហុច​ដៃ​អញ្ជើញ​យ៉ូណាដាប ឡើង​ជិះ​លើ​រថ​ជា​មួយ​គ្នា ដោយ​មាន​ប្រសាសន៍​ថា៖ «សូម​អ្នក​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដើម្បី​មើល​សេចក្ដី​ឧស្សាហ៍​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា»។ ដោយ​ឥត​បង្អង់​យូរ យ៉ូណាដាប​ក៏​ទទួល​យក​ភារកិច្ច​នៃ​ការ​បង្ហាញ​ការ​គាំទ្រ ដល់​អ្នក​ប្រហារ​ដែល​បាន​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា។—ពង្សាវតារ​ក្សត្រ​ទី​២ ១០:១៥​-​១៧

១២. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​តម្រូវ​យ៉ាង​ត្រឹម​ត្រូវ​នៃ​ភក្ដី​ភាព​ដាច់​មុខ?

១២ ការ​គាំទ្រ​ពី​ចិត្ត​នៃ​ការ​ថ្វាយ​បង្គំ​ពិត គឺ​ប្រាកដ​ជា​សម​ហេតុ​ផល ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​អាទិទេព ហើយ​ជា​ព្រះ​មហា​ក្សត្រ​សកល​លោក ដែល​ទាម​ទារ​យ៉ាង​ត្រឹម​ត្រូវ ហើយ​សម​ទទួល​ភក្ដី​ភាព​ដាច់​មុខ​ពី​យើង។ ទ្រង់​បាន​បង្គាប់​ពួក​អ៊ីស្រាអែល​ថា៖ «កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង។ ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិបត្ដិ​តាម​នោះ​ឡើយ ដ្បិត​អញ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រច័ណ្ឌ»។ (និក្ខមនំ ២០:៤, ៥) ពួក​អ្នក​ដែល​សង្ឃឹម​ចង់​រួច​រស់​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» ត្រូវ​តែ​ថ្វាយ​បង្គំ​ទ្រង់​ទាំង​ស្រុង ដោយ​ធ្វើ​ឡើង«ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត»។ (យ៉ូហាន ៤:២៣, ២៤) ពួក​គេ​ត្រូវ​មាន​ចិត្ត​មុត​មាំ​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត ដូច​លោក​អេលីយ៉ា អេលីសេ និង​យ៉ូណាដាប។

១៣. ដូច​យ៉ូណាដាប​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​យេហ៊ូវ តើ​អ្នក​ណា​ជា​ពួក​ដែល​ទទួល​ស្គាល់​ស្តេច​មេស្ស៊ី ហើយ​តើ​តាម​របៀប​ណា​ដែល​គេ​បង្ហាញ​រឿង​នេះ?

១៣ ក្រោយ​ពី​បាន​ប្រហារ​ជំនួរ​វង្ស​របស់​ស្តេច​អ័ហាប់ នោះ​ស្តេច​យេហ៊ូវ​បាន​ចាត់​វិធានការ​ដើម្បី​សម្គាល់​ពួក​ថ្វាយ​បង្គំ​ព្រះ​បាល ហើយ​បំផ្លាញ​សាសនា​ក្លែង​ក្លាយ​នេះ​ក្នុង​អ៊ីស្រាអែល។ (ពង្សាវតារ​ក្សត្រ​ទី​២ ១០:១៨​-​២៨) សព្វ​ថ្ងៃ​នេះ ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ បាន​ត្រូវ​រើស​តាំង​ឲ្យ​ប្រហារ​ពួក​សត្រូវ​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​យុត្ដិកម្ម​ដល់​អធិបតេយ្យភាព​របស់​ព្រះ។ ដូច​ជា​យ៉ូណាដាប​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​យេហ៊ូវ នោះ«ពួក​ហ្វូង​ធំ»នៃ«ពួក​ចៀម​ឯ​ទៀត»សព្វ​ថ្ងៃ​នេះ​របស់​ព្រះ​យេស៊ូ ក៏​ទទួល​ស្គាល់​អស់​ពី​ចិត្ត ថា​ព្រះ​គ្រីស្ទ ជា​ស្តេច​ព្រះ​មេស្ស៊ី ហើយ​ធ្វើ​សហប្រតិបត្ដិការ​ជា​មួយ​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ទ្រង់​នៅ​លើ​ផែនដី។ (វិវរណៈ ៧:៩, ១០; យ៉ូហាន ១០:១៦) ពួក​គេ​ផ្ដល់​ទី​សំអាង​អំពី​រឿង​នេះ គឺ​ដោយ​កាន់​សាសនា​ពិត និង​ការ​ចូល​រួម​ដ៏​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន ព្រមាន​ប្រាប់​ពួក​សត្រូវ​របស់​ព្រះ​អំពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»ដែល​កាន់​តែ​ជិត​មក​ដល់​ហើយ។—ម៉ាថាយ ១០:៣២, ៣៣; រ៉ូម ១០:៩, ១០

ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នៅ​ខាង​មុខ!

១៤. តើ​អ្វី​ដែល​មាន​ខាង​មុខ​ចំពោះ​សាសនា​មិន​ពិត​ទាំង​ឡាយ?

១៤ យេហ៊ូវ​បាន​ចាត់​វិធានការ​ដើម្បី​បញ្ចប់​ការ​ថ្វាយ​បង្គំ​ព្រះ​បាល​ក្នុង​អ៊ីស្រាអែល។ ក្នុង​សម័យ​យើង​នេះ តាម​រយៈ​យេហ៊ូវ​ដ៏​ឧត្តម គឺ​ព្រះ​គ្រីស្ទ​យេស៊ូ នោះ​ព្រះ​នឹង​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស​នៃ​បាប៊ីឡូន​ដ៏​ធំ ដែល​ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត។ បន្ដិច​ទៀត យើង​នឹង​ឃើញ​ការ​សម្រេច​នៃ​ពាក្យ​របស់​ទេវតា​ជូន​សាវ័ក​យ៉ូហាន​ថា៖ «ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង[បាប៊ីឡូន​ដ៏​ធំ] ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង ដ្បិត​ព្រះ​ទ្រង់​បាន​បណ្ដាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​ទ្រង់ ហើយ​ឲ្យ​គេ​មូល​គំនិត នឹង​ប្រគល់​រាជ្យ​គេ ដល់​សត្វ​នោះ ទាល់​តែ​ព្រះ​បន្ទូល​នៃ​ព្រះ​បាន​សម្រេច»។ (វិវរណៈ ១៧:១៦, ១៧; ១៨:២​-​៥) «ស្នែង​ទាំង​១០» តំណាង​អំណាច​នយោបាយ​ខាង​ទាហាន​ដែល​កំពុង​តែ​គ្រប់​គ្រង​លើ​ផែនដី។ ទោះ​ជា​គេ​ឥឡូវ​មាន​ទំនាក់​ទំនង​ដ៏​សហាយ​ជា​មួយ​បាប៊ីឡូន​ដ៏​ធំ​ក៏​ដោយ គ្រា​របស់​វា​គឺ​កាន់​តែ​ជិត​ណាស់​ហើយ។ ពួក​នយោបាយ​នៃ​លោក​នេះ​នឹង​កំទេច​សាសនា​មិន​ពិត ហើយ«សត្វ​តិរច្ឆាន»—អង្គការ​សហប្រជាជាតិ នឹង​មាន​មុខ​នាទី​ដ៏​សំខាន់​ជា​មួយ​នឹង«ស្នែង​ទាំង​១០» ក្នុង​ការ​បង្ហិន​សាសនា​មិន​ពិត។b នេះ​ជា​គ្រា​ដ៏​ល្អ​មែន សំរាប់​ការ​សរសើរ​ព្រះ​យេហូវ៉ា!—វិវរណៈ ១៩:១​-​៦

១៥. តើ​អ្វី​ដែល​នឹង​កើត​ឡើង ពេល​ដែល​គេ​ប៉ុន​ប៉ង​ធ្វើ​ការ​ហិន​វិនាស​ដល់​អង្គការ​លើ​ផែនដី​របស់​ព្រះ?

១៥ ក្រោយ​ពី​ស្តេច​យេហ៊ូវ​បាន​វាយ​ប្រហារ​ប្រឆាំង​ការ​ថ្វាយ​បង្គំ​ព្រះ​បាល ពួក​វង្ស​របស់​ទ្រង់ បាន​បែរ​អារម្មណ៍​មក​ពួក​សត្រូវ​ខាង​នយោបាយ​នៃ​អ៊ីស្រាអែល។ ស្តេច​ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​នឹង​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ។ អំណាច​ខាង​នយោបាយ​នឹង​នៅ​មាន ក្រោយ​ពី​សេចក្ដី​ហិន​វិនាស​នៃ​សាសនា​មិន​ពិត ដូច​ព្រះ​បាល។ ក្រោម​ឥទ្ធិពល​នៃ​អារក្ស​សាតាំង ពួក​សត្រូវ​នៃ​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា នឹង​ធ្វើ​ការ​វាយ​ប្រហារ​ផ្ដាច់​ព្រាត់ ក្នុង​ការ​ប៉ុន​ប៉ង​ដើម្បី​កំទេច​អង្គការ​របស់​ព្រះ​នៅ​លើ​ផែនដី។ (អេសេគាល ៣៨:១៤​-​១៦) ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ស្តេច ព្រះ​យេស៊ូ​គ្រីស្ទ មក​វាយ​ប្រហារ​គេ​នៅ​ឯ​អើម៉ាគេដូន «ក្នុង​ចំ​បាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​បំផុត» ដែល​នឹង​ធ្វើ​ឃើញ​នូវ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា។—វិវរណៈ ១៦:១៤, ១៦; ១៩:១១​-​២១; អេសេគាល ៣៨:១៨​-​២៣

បំរើ​ដោយ​មាន​ចិត្ត​ខ្នះ​ខ្នែង​ដូច​លោក​អេលីសេ

១៦, ១៧. (ក) តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា លោក​អេលីសេ​មាន​ចិត្ត​ខ្នះ​ខ្នែង​រហូត​ដល់​ស្លាប់? (ខ) តើ​យើង​នឹង​ធ្វើ​អ្វី ជា​មួយ​នឹង​ព្រួញ​នៃ​សេចក្ដី​ពិត?

១៦ ទំរាំ«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»បញ្ចប់​នៃ​របប​លោកីយ៍​ទាំង​មូល​របស់​សាតាំង ពួក​អ្នក​បំរើ​របស់​ព្រះ​នឹង​ត្រូវ​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​ខ្នះ​ខ្នែង​ដូច​លោក​អេលីសេ​ដែរ។ ក្រៅ​ពី​ធ្វើ​ជា​អ្នក​បំរើ​ដល់​លោក​អេលីយ៉ា នោះ​អេលីសេ​ក៏​បាន​បំរើ​ម្នាក់​ឯង​ជា​ព្យាការី​របស់​ព្រះ​យេហូវ៉ា អស់​រយៈ​៥០​ឆ្នាំ! ហើយ​លោក​អេលីសេ​បាន​មាន​ចិត្ត​ខ្នះ​ខ្នែង​រហូត​ដល់​ស្លាប់។ មុន​នឹង​មរណភាព​របស់​លោក ចៅ​របស់​ស្តេច​យេហ៊ូវ ដែល​ជា​ស្តេច​យ៉ូអាស​បាន​ទៅ​លេង​លោក។ អេលីសេ​បាន​ទូល​ប្រាប់​ទ្រង់​ឲ្យ​បាញ់​ព្រួញ​ចេញ​ពី​បង្អួច។ ព្រួញ​នោះ​ក៏​ទៅ​យ៉ាង​លឿន​ដល់​ទី​ដៅ​របស់​វា រួច​លោក​អេលីសេ​លាន់​មាត់​ថា៖ «នេះ​ហើយ​ជា​ព្រួញ​ជ័យ​នៃ​ព្រះ​យេហូវ៉ា គឺ​ជា​ព្រួញ​ជ័យ​ជំនះ​ដែល​ឈ្នះ​ពួក​សាសន៍​ស៊ីរី! ដ្បិត​ទ្រង់​នឹង​ប្រហារ​ពួក​ស៊ីរី​នៅ​ត្រង់​អាផែក ទាល់​តែ​គេ​វិនាស​សាប​សូន្យ​ទៅ»។ ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​អេលីសេ បន្ទាប់​មក​យ៉ូអាស​ក៏​បាញ់​ព្រួញ​ទៅ​ដី។ ប៉ុន្តែ លោក​ធ្វើ​ឡើង​ដោយ​ឥត​មាន​ចិត្ត​ខ្នះ​ខ្នែង ដោយ​បាញ់​អស់​គំរប់​បី​ដង​ប៉ុណ្ណោះ។ ជា​លទ្ធផល រួច​មក​លោក​អេលីសេ​បាន​មាន​ប្រសាសន៍​ថា យ៉ូអាស​នឹង​បាន​ត្រូវ​ទទួល​ជ័យ​ជំនះ​លើ​ពួក​ស៊ីរី​តែ​បី​ដង​ទេ។ ហើយ​នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​មែន។ (ពង្សាវតារ​ក្សត្រ​ទី​២ ១៣:១៤​-​១៩, ២៥) ស្តេច​យ៉ូអាស​មិន​បាន​ប្រហារ​ពេញ​លេញ ធ្វើ​ឲ្យ«វិនាស​សាប​សូន្យ»នោះ​ទេ។

១៧ ប៉ុន្តែ ដោយ​មាន​ចិត្ត​ខ្នះ​ខ្នែង​ដូច​លោក​អេលីសេ ពួក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ថ្វាយ​បង្គំ​ក្លែង​ក្លាយ។ ពួក​មិត្ត​របស់​គេ​ដែល​មាន​សង្ឃឹម​រស់​នៅ​លើ​ផែនដី ក៏​ធ្វើ​ដូច្នេះ​ដែរ។ ម្យ៉ាង​វិញ​ទៀត ពួក​អ្នក​ដែល​សង្ឃឹម​ដើម្បី​រួច​រស់​ជីវិត​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» នឹង​បាន​ប្រសើរ បើ​គេ​នឹក​ចាំ​ពី​ពាក្យ​របស់​លោក​អេលីសេ អំពី​ការ​វាយ​ដី។ សូម​ឲ្យ​យើង​យក​ព្រួញ​នៃ​សេចក្ដី​ពិត ហើយ​វាយ​ដ៏​ខ្នះ​ខ្នែង—ម្ដង​ហើយ​ម្ដង​ទៀត—ត្រូវ​ហើយ រហូត​ដល់​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា កិច្ច​ការ​របស់​យើង​បាន​សម្រេច​ហើយ។

១៨. តើ​តាម​របៀប​ណា​ដែល​យើង​តប​ឆ្លើយ​តាម​ពាក្យ​ពេត្រុស​ទី​២ ៣:១១, ១២?

១៨ «ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» បន្ដិច​ទៀត នឹង​នាំ​មក​ដល់​ទី​បញ្ចប់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។ ដូច្នេះ សូម​ឲ្យ​យើង​មាន​ចិត្ត​ដាស់​តឿន​ដោយ​ពាក្យ​ដ៏​កក់​ក្ដៅ​របស់​សាវ័ក​ពេត្រុស​ចុះ។ ពេត្រុស​មាន​ប្រសាសន៍​ថា៖ «ចុះ​ដែល​របស់​ទាំង​នោះ​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិបត្ដិ ទាំង​ទន្ទឹង​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​នៃ​ព្រះ​បាន​ឆាប់​មក​ដល់​ផង»! (ពេត្រុស​ទី​២ ៣:១១, ១២) ក្នុង​កាល​ដែល​គ្រប់​របស់​ទាំង​អស់​នៃ​របប​លោកីយ៍​នេះ​រលាយ​ទៅ ដោយ​ភ្លើង​នៃ​កំហឹង​របស់​ព្រះ ដែល​នឹង​សម្ដែង​មក​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ គឺ​មាន​តែ​ពួក​អ្នក​ដែល​មាន​ប្រវត្ដិ​នៃ​ចរិយា​ត្រឹម​ត្រូវ​និង​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ទេ ដែល​នឹង​បាន​សង្គ្រោះ​នោះ។ ភាព​បរិសុទ្ធ​ខាង​សីលធម៌​និង​វិញ្ញាណ​គឺ​សំខាន់​ណាស់។ ហើយ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​គ្នា​ឯង​ក៏​សំខាន់​ដែរ ដែល​បង្ហាញ​ដោយ​ការ​តប​ដល់​សេចក្ដី​ត្រូវ​ការ​របស់​គេ ជា​ពិសេស តាម​ផ្លូវ​វិញ្ញាណ​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន​របស់​យើង។

១៩. តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី ដើម្បី​រួច​រស់​ជីវិត​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»?

១៩ តើ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​អ្នក សម្គាល់​អ្នក​ជា​អ្នក​បំរើ​របស់​ព្រះ​ដ៏​ស្មោះ​ត្រង់​ហើយ​ខ្នះ​ខ្នែង​នោះ​ទេ? បើ​ដូច្នេះ​មែន អ្នក​អាច​មាន​សេចក្ដី​សង្ឃឹម​នៃ​ការ​រួច​រស់​ជីវិត​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា​មក។ ត្រូវ​ហើយ អ្នក​នឹង​ទទួល​ការ​រួច​រស់​ជីវិត បើ​អ្នក​ធ្វើ​ល្អ​ដល់​ពួក​បង​ប្អូន​ខាង​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ ពី​ព្រោះ​គេ​ជា​អ្នក​កាន់​តាម​របស់​ទ្រង់ ដូច​ប្ដី​ប្រពន្ធ​ក្នុង​ក្រុង​ស៊ូណែម ដែល​បាន​ទទួល​រាក់​ទាក់​ដល់​លោក​អេលីសេ។ ចំពោះ​ការ​រួច​រស់​ជីវិត អ្នក​ក៏​ត្រូវ​ធ្វើ​ឲ្យ​ដូច​លោក​ណាម៉ាន់​ដែរ ដែល​បាន​ទទួល​សេចក្ដី​បង្គាប់​របស់​ព្រះ​ដោយ​មាន​ចិត្ត​រាប​ទាប ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ប្រសិន​បើ​អ្នក​ចង់​រស់​នៅ​ជា​និរន្តរ៍​លើ​ផែនដី​មនោរម្យ នោះ​អ្នក​ត្រូវ​តែ​សម្ដែង​ការ​គាំទ្រ​ពី​ចិត្ត​នៃ​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត ដូច​យ៉ូណាដាប​ដែរ។ រួច​មក អ្នក​អាច​នៅ​ក្នុង​ចំណោម​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ដែល​នឹង​បន្ដិច​ទៀត​ពិសោធ​នូវ​ការ​សម្រេច​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ៖ «ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក»។—ម៉ាថាយ ២៥:៣៤

[កំណត់​សម្គាល់]

a សូម​មើល​ជំពូក ១៨ និង ១៩ នៃ​សៀវភៅ “Let Your Name Be Sanctified,” ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

b សូម​មើល ទំព័រ ២៥៤​-​៦ នៃ​សៀវភៅ Revelation—Its Grand Climax At Hand!, ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​មាន​គុណសម្បត្ដិ​ណា​ខ្លះ ដែល​ត្រូវ​ការ​ដើម្បី​ឲ្យ​រួច​រស់​ជីវិត​ពី«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»?

◻ តើ​ប្ដី​ប្រពន្ធ​នៃ​ក្រុង​ស៊ូណែម ក្នុង​សម័យ​នៃ​លោក​អេលីសេ បាន​ទុក​គំរូ​អ្វី?

◻ តើ​អ្វី​ជា​មេ​រៀន ដែល​អាច​រៀន​បាន​ពី​លោក​ណាម៉ាន់?

◻ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​យ៉ូណាដាប?

◻ តើ​ពេត្រុស​ទី​២ ៣:១១, ១២ ត្រូវ​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក