បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១ ទំ. ៣-៤
  • សុភមង្គល—ដែលពិបាករក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សុភមង្គល—ដែលពិបាករក
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កូន​សោ​ដែល​ចំពោះ​អពមង្គល
  • គោល​ដៅ​ដ៏​ពិបាក​រក​មួយ
  • ការខំស្វែងរកសុភមង្គល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ការស្កប់ចិត្តនិងចិត្តទូលាយ
    ភ្ញាក់រឭក! ២០១៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១ ទំ. ៣-៤

សុភមង្គល—ដែល​ពិបាក​រក

កំហឹង​សេចក្ដី​ខ្វល់​ខ្វាយ និង​ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ប្រធាន​នៃ​ការ​ស៊ើប​អង្កេត​ខាង​វិទ្យា​សាស្ត្រ តាំង​ពី​យូរ​យារ​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ ពួក​វិទ្យា​សាស្ត្រ​បាន​យក​ចិត្ត​ទុក​ដាក់​ខាង​ការ​ស្រាវ​ជ្រាវ​ការ​ពិសោធ​ដ៏​វិជ្ជមាន ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន—សុភមង្គល។

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត​ជាង​គេ? តើ​មនុស្ស​នឹង​សប្បាយ​ខ្លាំង​ឬ ប្រសិន​បើ​គេ​មាន​សភាព​នៅ​វ័យ​ក្មេង មាន​ទ្រព្យ​សម្បត្ដិ​ច្រើន សុខភាព​កាន់​តែ​ប្រសើរ​ឡើង មាន​កំពស់​ខ្ពស់ ឬ​រូប​រៀង​ស្គម? តើ​អ្វី​ជា​កូន​សោ​ចំពោះ​សុភមង្គល​ពិត? មនុស្ស​ជា​ច្រើន​ពិបាក​ឆ្លើយ​សំនួរ​នេះ​ណាស់។ សូម​គិត​នូវ​បរាជ័យ​ទូទៅ​ក្នុង​ការ​ស្វែង​រក​សុភមង្គល អ្នក​ខ្លះ​អាច​រក​ឃើញ​ចម្លើយ​យ៉ាង​ស្រួល នូវ​អ្វី​ដែល​មិន​មែន​ជា​កូន​សោ​ចំពោះ​សុភមង្គល។

អស់​រយៈ​ជា​យូរ​មក​ហើយ ពួក​អ្នក​ចិត្ត​វិជ្ជា​បាន​ផ្ដល់​យោបល់ អំពី​ទស្សនៈ​ដែល​បញ្ជាក់​សេចក្ដី​ត្រូវ​ការ​និង​សេចក្ដី​ប្រាថ្នា​នៃ​បុគ្គល​ម្នាក់​ៗ ជា​កូន​សោ​ចំពោះ​សុភមង្គល។ ពួក​គេ​បាន​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​មិន​សប្បាយ​ចិត្ត ឲ្យ​គិត​តែ​ពី​ការ​បំពេញ​លើ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ប៉ុណ្ណោះ។ ឃ្លា​ដូច​ជា «គិត​តែ​ពី​ខ្លួន​ឯង» «សម្គាល់​មនោសញ្ចេតនា​របស់​ខ្លួន» និង «ស្វែង​រក​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន» បាន​សាក​ល្បង​ក្នុង​ចិត្ត​តិកិច្ឆា។ ប៉ុន្តែ ពួក​អ្នក​ចិត្ត​វិជ្ជា​ខ្លះ ដែល​ជា​អ្នក​ផ្ដល់​នូវ​គំនិត​បែប​នេះ ឥឡូវ​យល់​ព្រម​ថា អាកប្បកិរិយា​ដ៏​ទីទៃ​ពី​គ្នា​មិន​អាច​នាំ​ឲ្យ​មាន​សុភមង្គល​ជា​ស្ថាពរ​ឡើយ។ ការ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នឹង​ចៀស​មិន​រួច​ពី​ការ​ឈឺ​ចាប់​និង​អពមង្គល​ឡើយ។ ចិត្ត​កំណាញ់​មិន​មែន​ជា​កូន​សោ​ចំពោះ​សុភមង្គល​ទេ។

កូន​សោ​ដែល​ចំពោះ​អពមង្គល

ពួក​អ្នក​ដែល​ស្វែង​រក​សុភមង្គល​តាម​រយៈ​ការ​សប្បាយ នោះ​កំពុង​តែ​សំដៅ​ទៅ​ផ្លូវ​ខុស​ហើយ។ សូម​ពិចារណា​ជា​ឧទាហរណ៍​នៃ​ស្តេច​សាឡូម៉ូន​ដ៏​ប្រាជ្ញា នៃ​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ។ ក្នុង​ព្រះ​គម្ពីរ សៀវភៅ​សាស្ដា ទ្រង់​ពន្យល់​ថា៖ «របស់​អ្វី​ដែល​ភ្នែក​ចង់​បាន នោះ​យើង​មិន​បាន​បង្អត់​ឲ្យ​ឡើយ យើង​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឲ្យ​មាន​សេចក្ដី​អំណរ​ណា​មួយ​ទេ ដ្បិត​ចិត្ត​យើង​បាន​រីករាយ​នឹង​បណ្ដាការ ដែល​យើង​ធ្វើ​ទាំង​នោះ ហើយ​នោះ​ឯង​ជា​ផល​ដែល​កើត​ពី​អស់​ទាំង​ការ​របស់​យើង»។ (សាស្ដា ២:១០) ស្តេច​សាឡូម៉ូន​សង់ផ្ទះ​ជា​ច្រើន​សំរាប់​ខ្លួន​ទ្រង់ ដាំ​ចំការ​ទំពាំង​បាយ​ជូរ ហើយ​ធ្វើ​សួន​ច្បារ ឧទ្យាន និង​បាន​ជីក​ស្រះ​ទឹក​សំរាប់​អង្គ​ទ្រង់។ (សាស្ដា ២:៤​-​៦) នៅ​ពេល​មួយ ទ្រង់​បាន​សួរ​ថា៖ «តើ​មាន​អ្នក​ណា​អាច​នឹង​បរិភោគ ឬ​នឹង​មាន​សេចក្ដី​អំណរ​ជា​ជាង​យើង​នេះ»? (សាស្ដា ២:២៥) ទ្រង់​មាន​ពួក​ចំ​រៀង​និង​ពួក​អ្នក​លេង​ភ្លេង​ដ៏​ល្អ​ជាង​គេ​មក​កំដរ​ទ្រង់ ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​មិត្តភាព​នៃ​ពួក​ស្រី​ៗ​ដ៏​ស្អាត​ៗ​ជាង​គេ​ក្នុង​ស្រុក។—សាស្ដា ២:៨

ចំណុច​ដែល​សំខាន់​នោះ​គឺ​ថា ស្តេច​សាឡូម៉ូន​មិន​ដែល​រា​រាំង​ពី​សកម្មភាព​ដ៏​កំសាន្ត​ឡើយ។ តើ​ទ្រង់​បាន​សន្និដ្ឋាន​យ៉ាង​ណា ក្រោយ​ពី​បាន​សប្បាយ​ជា​ច្រើន​ក្នុង​ជីវិត​នោះ? ទ្រង់​មាន​បន្ទូល​ថា៖ «យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ នឹង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល! សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ»។—សាស្ដា ២:១១

សេចក្ដី​សម្រេច​នៃ​ស្តេច​ដ៏​ប្រាជ្ញា​នោះ គឺ​នៅ​មាន​យ៉ាង​ត្រឹម​ត្រូវ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ សូម​ពិចារណា​ជា​ឧទាហរណ៍ នៃ​ប្រទេស​ដ៏​ស្តុកស្តម្ភ​ដូច​ជា​សហរដ្ឋ​អាមេរិក។ ក្នុង​កំឡុង​៣០​ឆ្នាំ​កន្លង​មក​នេះ ប្រជាជន​អាមេរិក​មាន​ទ្រព្យ​សម្បត្ដិ​ដល់​ទៅ​មួយ​ជា​ពីរ ដូច​ជា​ឡាន​និង​ទូរទស្សន៍។ ប៉ុន្តែ យោង​ទៅ​តាម​អ្នក​ជំនាញ​សុខភាព​ខាង​គំនិត ប្រជាជន​អាមេរិក​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។ យោង​ទៅ​តាម​ទស្សនាវដ្ដី​មួយ «អស់​រយ:៣០​ឆ្នាំ​ហើយ ដំណើរ​ធ្លាក់​ទឹក​ចិត្ត​កាន់​តែ​កើន​ឡើង។ ការ​សម្លាប់​ខ្លួន​ចំពោះ​ក្មេង​ជំទង់​បាន​កើន​ឡើង​មួយ​ជា​បី។ ការ​លែង​លះ​បាន​កើន​ឡើង​មួយ​ជា​ពីរ»។ ពួក​អ្នក​ស្រាវ​ជ្រាវ​នៅ​ពេល​ថ្មី​ៗ​នេះ បាន​សន្និដ្ឋាន​ស្រដៀង​គ្នា​ដែរ ក្រោយ​ពី​បាន​តាម​ដាន​ការ​ទាក់​ទង​រវាង​ប្រាក់​និង​សុភមង្គល ក្នុង​ចំណោម​ប្រជាជន​៥០​ប្រទេស។ បើ​និយាយ​ឲ្យ​ចំ​ទៅ អ្នក​មិន​អាច​ទិញ​សុភមង្គល​ទេ។

ផ្ទុយ​ទៅ​វិញ ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​គឺ​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ​គឺ​ថា ជា​កូន​សោ​ចំពោះ​អពមង្គល​ទៅ​វិញ។ សាវ័ក​ប៉ុល​បាន​ព្រមាន​ថា៖ «ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេស​ផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស នឹង​សេចក្ដី​អន្តរធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង​លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។—ធីម៉ូថេ​ទី​១ ៦:៩, ១០

គ្មាន​ទ្រព្យ​សម្បត្ដិ សុខភាព យុវភាព សម្រស់ ឬ​អំណាច ដែល​អាច​ធានា​សុភមង្គល​ជា​ស្ថាពរ​ឡើយ។ ហេតុ​អ្វី​ក៏​មិន​អាច​ធានា​បាន​ដូច្នោះ? ពី​ព្រោះ​យើង​គ្មាន​សមត្ថភាព​ណា​នឹង​បង្ការ​របស់​អាក្រក់​ពី​ការ​កើត​ឡើង​បាន​ទេ។ ស្តេច​សាឡូម៉ូន​បាន​មាន​ប្រសាសន៍​យ៉ាង​ចំ​ៗ​ថា៖ «មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ ឧបមា​ដូច​ជា​ត្រី​ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ដ៏​អាក្រក់ ហើយ​សត្វ​ហើរ​ដែល​ជាប់​នៅ​ក្នុង​អន្ទាក់ គឺ​យ៉ាង​នោះ​ដែល​មនុស្សជាតិ​ត្រូវ​ជាប់​នៅ​ក្នុង​ពេល​វេលា​អាក្រក់ ក្នុង​កាល​ដែល​មាន​គ្រោះ​កើត​ដល់​ខ្លួន​ភ្លាម​១​រំពេច​ដែរ»។—សាស្ដា ៩:១២

គោល​ដៅ​ដ៏​ពិបាក​រក​មួយ

ទោះ​ជា​មាន​ការ​ស្រាវ​ជ្រាវ​ខាង​វិទ្យា​សាស្ត្រ​នៃ​រូបមន្ត​របស់​មនុស្ស ក៏​មិន​អាច​នាំ​ឲ្យ​មាន​សុភមង្គល​ឡើយ។ ស្តេច​សាឡូម៉ូន​ក៏​មាន​បន្ទូល​ថា៖ «យើង​ក៏​វិល​មក​មើល​នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សំរេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចំបាំង​ក៏​មិន​សំរេច​នឹង​មនុស្ស​ដែល​មាន​កម្លាំង​ដែរ ឯ​នំ​ប៉័ង មិន​សំរេច​នឹង​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ​សម្បត្ដិ​នឹង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា​នឹង​ឱកាស​វិញ»។—សាស្ដា ៩:១១

មនុស្ស​ជា​ច្រើន​ដែល​យល់​ស្រប​តាម​ពាក្យ​ខាង​លើ​នេះ បាន​សន្និដ្ឋាន​ថា ដែល​រង់​ចាំ​ឲ្យ​មាន​សុភមង្គល​ពិត គឺ​មិន​សម​ហេតុ​ផល​ទេ។ អ្នក​ចេះ​ដឹង​ដ៏​ល្បី​ឈ្មោះ​ម្នាក់ មាន​ប្រសាសន៍​ថា៖ «សុភមង្គល​ជា​សភាព​ដែល​មាន​តែ​ក្នុង​មនោ​គតិ​ប៉ុណ្ណោះ»។ អ្នក​ខ្លះ​ទៀត​ជឿ​ថា កូន​សោ​ចំពោះ​សុភមង្គល គឺ​សេចក្ដី​អាថ៌​កំបាំង ដែល​មាន​តែ​អ្នក​មាន​ជំនឿ​លើ​អធិធម្មជាតិ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​ដោះ​ស្រាយ​សេចក្ដី​អាថ៌​កំបាំង​នេះ​បាន។

តែ​យ៉ាង​ណា​ក៏​ដោយ ក្នុង​ការ​ស្រាវ​ជ្រាវ​រក​សុភមង្គល មនុស្ស​តែង​តែ​មាន​ការ​ពិសោធ​របៀប​រស់​នៅ​គ្រប់​បែប​យ៉ាង។ ថ្វី​បើ​មាន​អ្នក​មុន​បាន​បរាជ័យ​ក៏​ដោយ មនុស្ស​ជា​ច្រើន​ទៀត​នៅ​តែ​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្ដិ អំណាច សុខភាព ឬ​ការ​កំសាន្ត ជា​ចម្លើយ​សំរាប់​អពមង្គល​របស់​គេ។ គឺ​នៅ​តែ​មាន​ការ​ស្វែង​រក ពី​ព្រោះ​ក្នុង​ចិត្ត មនុស្ស​ជា​ច្រើន​ជឿ​ថា​សុភមង្គល​មិន​គ្រាន់​តែ​មនោ​គតិ​ប៉ុណ្ណោះ​ទេ។ ពួក​គេ​សង្ឃឹម​ថា សុភមង្គល ពិត​ជា​មិន​មែន​តែ​សុបិន​ដ៏​ពិបាក​រក​នោះ​ឡើយ។ បើ​អញ្ចឹង​អ្នក​ប្រហែល​សួរ​ថា ‹តើ​ខ្ញុំ​អាច​ស្វែង​រក​តាម​របៀប​ណា›?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក