ការយល់គោលការណ៍បង្ហាញនូវភាពចាស់ទុំ
ពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ។ អ្នកព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ (កូរិនថូសទី១ ១៥:៣៣; កាឡាទី ៦:៧) មិនថាខាងរាងកាយឬខាងវិញ្ញាណ សេចក្ដីថ្លែងនិមួយៗជាគំរូនៃសេចក្ដីពិតដ៏សំខាន់—គឺគោលការណ៍—ហើយនិមួយៗផ្ដល់មូលដ្ឋានសំរាប់ច្បាប់។ ប៉ុន្តែ ច្បាប់ គឺប្រហែលជាបណ្ដោះអាសន្នទេ ហើយមានតែត្រង់ៗទៀត។ ផ្ទុយទៅវិញ គោលការណ៍ គឺមានធំទូលំទូលាយ ហើយអាចនៅស្ថិតស្ថេរជារៀងដរាប។ ដូច្នេះ បន្ទូលរបស់ព្រះលើកទឹកចិត្តយើងឲ្យគិតអំពីគោលការណ៍ ដែលអាចធ្វើទៅបាន។
វចនានុក្រម Webster’s Third New International បកប្រែគោលការណ៍ជា«សេចក្ដីពិតទូទៅឬដ៏សំខាន់៖ ច្បាប់ដ៏ពិស្ដារនិងសំខាន់ លទ្ធិ ឬការសន្មត ដែលសេចក្ដីពិតឯទៀតមានមូលដ្ឋានលើឬមកពីនោះ»។ ជាឧទាហរណ៍ ចំពោះកូនក្មេង យើងអាចឲ្យច្បាប់ ថា៖ «អ្នកមិនត្រូវប៉ះនឹងជើងក្រានទេ»។ ប៉ុន្តែ ចំពោះមនុស្សពេញវ័យវិញ «ជើងក្រានគឺក្ដៅណាស់» គឺគ្រប់គ្រាន់ហើយ។ សូមកត់សម្គាល់ថា សេចក្ដីថ្លែងទីពីរ ជាសេចក្ដីថ្លែងដ៏ធំទូលំទូលាយ។ ពីព្រោះនេះគឺទាក់ទងនូវអ្វីដែលបុគ្គលម្នាក់អាចធ្វើ—ប្រហែលជាចំអិនអាហារ ដុតនំប៉័ង ឬ បិទភ្លើងជើងក្រាន—នេះគឺក្លាយទៅជាគោលការណ៍មួយ។
ប្រាកដហើយ គោលការណ៍ដ៏សំខាន់ទាំងឡាយនៃជីវិត គឺខាងវិញ្ញាណ នេះគឺទាក់ទងនឹងការថ្វាយបង្គំរបស់យើងនៃព្រះ និងសុភមង្គលរបស់យើង។ ប៉ុន្តែ អ្នកខ្លះដកថយពីការខំប្រឹងដើម្បីវែកញែកលើគោលការណ៍ទៅវិញ។ គេចង់ប្រើច្បាប់ ពេលដែលប្រឈមមុខដោះស្រាយនឹងសេចក្ដីសម្រេចចិត្តមួយ។ នេះគឺមិនមានប្រាជ្ញាទេ ហើយផ្ទុយនឹងគំរូនៃពួកបុរសស្មោះត្រង់ពីសម័យដើម ក្នុងគ្រាព្រះគម្ពីរ។—រ៉ូម ១៥:៤
ពួកបុរសដែលធ្វើតាមគោលការណ៍ព្រះ
ក្នុងចំណោមពួកបុរសដែលឥតគ្រប់ល័ក្ខណ៍ អេបិលអាចហៅជាបុរសទីមួយ ដែលធ្វើតាមគោលការណ៍ព្រះ។ គាត់ប្រហែលជាបានគិតដល់សេចក្ដីសន្យាអំពី «ពូជ» ហើយបានយល់ថា ការរំដោះបាប នឹងទាក់ទងដល់យញ្ញបូជាឈាម។ (លោកុប្បត្តិ ៣:១៥) ដូច្នេះ គាត់បាន«យកកូនជាដំបូង១ពីហ្វូងសត្វ» មកថ្វាយជូនព្រះ។ ឃ្លាដែលថា «ព្រមទាំងខ្លាញ់វាផង» បង្ហាញថា អេបិលបានថ្វាយជូនព្រះយេហូវ៉ានូវអ្វីដ៏ល្អរបស់គាត់។ ប៉ុន្តែគឺជារហូតពីរពាន់ឆ្នាំក្រោយពីអេបិលបានស្លាប់ទៅ ដែលព្រះបានមានបន្ទូលប្រាប់យ៉ាងច្បាស់នូវសេចក្ដីតម្រូវ ដែលស្តីអំពីយញ្ញបូជា។ ផ្ទុយនិងអេបិលដែលធ្វើតាមគោលការណ៍របស់ព្រះ កាអ៊ីនជាបងប្រុស បានថ្វាយយញ្ញបូជារបស់គាត់ឲ្យរួចតែពីដៃប៉ុណ្ណោះ។ ប៉ុន្តែ អាកប្បកិរិយាគឺមិនល្អទេ ហើយមានអ្វីមួយទៀតអំពីការថ្វាយទានរបស់គាត់ ដែលបង្ហាញនូវចិត្តដែលឥតមានគោលការណ៍។—លោកុប្បត្តិ ៤:៣-៥
លោកណូអេជាបុរសដែលធ្វើតាមគោលការណ៍ព្រះ។ ទោះជាឯកសារព្រះគម្ពីរបង្ហាញថា ព្រះបានបញ្ជាលោកចំៗតែម្ដងឲ្យសង់ទូកធំ យើងមិនបានអានអំពីសេចក្ដីបង្គាប់សំរាប់គាត់ឲ្យផ្សាយដល់អ្នកដទៃឡើយ។ ប៉ុន្តែ ណូអេបានត្រូវហៅជា«អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»។ (ពេត្រុសទី២ ២:៥) ទោះជាព្រះប្រហែលជាបង្គាប់លោកណូអេឲ្យផ្សាយ ច្បាស់ហើយ ការដឹងនូវគោលការណ៍ និងសេចក្ដីស្រឡាញ់របស់គាត់ចំពោះពួកអ្នកជិតខាង ក៏ជំរុញគាត់ឲ្យធ្វើការប្រកាសដែរ។ ពីព្រោះយើងរស់នៅក្នុងគ្រាដូចសម័យលោកណូអេ សូមឲ្យយើងធ្វើតាមអាកប្បកិរិយានិងគំរូរបស់លោក។
មិនដូចពួកបព្វជិតនៃសម័យរបស់ទ្រង់ ព្រះយេស៊ូបានបង្រៀនមនុស្សឲ្យគិតអំពីគោលការណ៍។ គំរូមួយគឺនៅធម្មទានលើភ្នំ។ លក្ខណៈទាំងមូលនៃធម្មទាននោះ គឺជាការអំពាវនាវដល់គោលការណ៍។ (ម៉ាថាយ ជំពូក ៥-៧) ព្រះយេស៊ូបានបង្រៀនបែបនេះ ពីព្រោះដូចអេបិលនិងលោកណូអេ ដែលរស់នៅមុនៗ ទ្រង់ពិតជាស្គាល់ព្រះ។ ទោះជានៅវ័យក្មេងក៏ដោយ ទ្រង់បានគោរពដល់សេចក្ដីពិតដ៏សំខាន់៖ ‹មិនដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ›។ (ចោទិយកថា ៨:៣; លូកា ២:៤១-៤៧) ត្រូវហើយ កូនសោនៃការធ្វើជាបុគ្គលដែលធ្វើតាមគោលការណ៍ព្រះ គឺដើម្បីឲ្យស្គាល់ព្រះយេហូវ៉ា អ្វីដែលទ្រង់សព្វព្រះហឫទ័យ និងមិនសព្វព្រះហឫទ័យ និងគោលបំណងរបស់ទ្រង់។ ពេលដែលគោលការណ៍អំពីព្រះទាក់ទងលើជីវិតរបស់យើង ជាលទ្ធផល គឺនឹងបានទៅជាគោលការណ៍ដែលមានសកម្ម។—យេរេមា ២២:១៦; ហេព្រើរ ៤:១២
គោលការណ៍និងចិត្ត
គឺអាចគោរពតាមច្បាប់ដោយចិត្តស្ទាក់ស្ទើរ ប្រហែលដោយខ្លាចជាប់ពិន័យចំពោះការឥតគោរពតាម។ ប៉ុន្តែ ការធ្វើតាមគោលការណ៍ ច្រានចោលជាមុននៃអាកប្បកិរិយាបែបនេះ ដ្បិតពេលណាដែលគ្រប់គ្រងដោយគោលការណ៍ ជាការប្រព្រឹត្តធម្មតាដើម្បីគោរពពីចិត្ត។ សូមពិចារណាមើលយ៉ូសែប ដូចអេបិលនិងលោកណូអេ ដែលបានរស់នៅមុនការស្ថាបនាឡើងនៃកិច្ចព្រមព្រៀងខាងក្រិត្យវិន័យម៉ូសេ។ ពេលដែលប្រពន្ធរបស់លោកប៉ទីផារបានខំល្បួងគាត់ យ៉ូសែបបានតបឆ្លើយថា៖ «ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង»? ត្រូវហើយ យ៉ូសែបបានដឹងអំពីគោលការណ៍ថាប្រពន្ធនិងភរិយា គឺជា‹សាច់តែមួយ›។—លោកុប្បត្តិ ២:២៤; ៣៩:៩
សព្វថ្ងៃនេះ មនុស្សលោកគឺឥតមានគោលការណ៍សុចរិតទេ។ មនុស្សក្នុងលោកីយ៍បរិភោគ ដូចអ្នកល្មោភស៊ីលើអំពើឃោរឃៅនិងអំពើឥតសីលធម៌។ អ្វីដែលជាគ្រោះថ្នាក់ នោះគឺថា គ្រីស្ទានម្នាក់ប្រហែលអាចបានត្រូវល្បួងឲ្យច្បិចៗអាហារ ប្រហែលជាដោយសម្ងាត់ លើចំណីខ្វះជីវជាតិ—កុន វីឌីអូ និងសៀវភៅ។ ដូច្នេះ ជាការគួរឲ្យសរសើរណាស់ ពេលដែលយើង ដូចយ៉ូសែប បដិសេធចោលការអាក្រក់ ពីព្រោះក្នុងគោលការណ៍ យើងស្អប់អ្វីជាអាក្រក់នោះ ដោយចាំថាព្រះនឹងសង្គ្រោះតែពួកស្មោះត្រង់ តាមរយៈ«សេចក្ដីវេទនាជាខ្លាំង» ដែលនឹងមកដល់ជាឆាប់ៗនេះ។ (ម៉ាថាយ ២៤:២១) ត្រូវហើយ អ្វីដែលសំខាន់នោះគឺថាតើយើងជាមនុស្សបែបណាពេលគ្មានអ្នកណាឃើញ មិនមែនក្នុងសាធារណៈទេ ដែលលាតត្រដាងថាយើងពិតជាអ្នកណានៅខាងក្នុងនោះ។—ទំនុកដំកើង ១១:៤; សុភាសិត ១៥:៣
ជាលទ្ធផល ប្រសិនបើយើងបានដឹកនាំដោយគោលការណ៍ព្រះគម្ពីរ យើងនឹងមិនស្វែងរកមធ្យោបាយដោះទាល់នឹងច្បាប់របស់ព្រះ ហើយយើងក៏មិនខំមើលថាតើយើងអាចប្រព្រឹត្តដល់ត្រឹមណា ដោយមិនល្មើសច្បាប់ណាមួយឡើយ។ គំនិតបែបនេះគឺមានបរាជ័យលើខ្លួនឯង នៅទីបញ្ចប់គឺធ្វើឲ្យយើងឈឺចាប់ទៅវិញ។
សូមពិចារណាមើលពីក្រោយច្បាប់
ប្រាកដហើយ ច្បាប់មានមុខនាទីដ៏សំខាន់ណាស់ក្នុងជីវិតរបស់គ្រីស្ទាន។ នេះគឺដូចជាអ្នកយាម ដែលជួយដើម្បីការពារយើង ហើយនៅឯគ្រឹះ គឺមានគោលការណ៍ដ៏សំខាន់ជាច្រើន។ ការមិនអើពើនឹងគោលការណ៍ទាំងនេះ ប្រហែលជាអាចបន្ថយសេចក្ដីស្រឡាញ់ចំពោះច្បាប់ទាំងឡាយ។ ពួកសាសន៍អ៊ីស្រាអែលពីបុរាណ គឺបានបង្ហាញឲ្យឃើញអំពីរឿងនេះ។
ព្រះបានប្រទានពួកអ៊ីស្រាអែលនូវក្រិត្យវិន័យដប់ប្រការ ដែលច្បាប់ទីមួយ គឺហាមពីការថ្វាយបង្គំព្រះឯណាទៀត លើកលែងព្រះយេហូវ៉ា។ ហេតុដែលព្រះយេហូវ៉ាបានបង្កើតរបស់ទាំងនេះ គឺជាសេចក្ដីពិតដ៏សំខាន់ ដែលមានពីក្រោយច្បាប់ទាំងនេះ។ (និក្ខមនំ ២០:៣-៥) ប៉ុន្តែ តើសាសន៍បានរស់នៅតាមគោលការណ៍នេះទេ? ព្រះយេហូវ៉ាអង្គទ្រង់បានឆ្លើយថា៖ «លោកជាឪពុកខ្ញុំ [ពួកអ៊ីស្រាអែលបាននិយាយ] ហើយដល់ដុំថ្មថា លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យអញ [ព្រះយេហូវ៉ា] មិនហ៊ានបែរមុខឡើយ ប៉ុន្តែដល់គ្រាដែលគេកើតមានសេចក្ដីវេទនា»។ (យេរេមា ២:២៧) នេះជាអ្វីដែលឥតមានមេត្ដានិងភាពកម្រើលដ៏ឥតមានគោលការណ៍មែន! ហើយនេះច្បាស់ជាធ្វើឲ្យព្រះយេហូវ៉ាឈឺព្រះហឫទ័យណាស់!—ទំនុកដំកើង ៧៨:៤០, ៤១; អេសាយ ៦៣:៩, ១០
ពួកគ្រីស្ទានក៏ត្រូវមានច្បាប់ពីព្រះដែរ។ ជាឧទាហរណ៍ ពួកគេត្រូវតែចៀសវាងសរណវត្ថុបូជា អំពើឥតសីលធម៌កាម និងការរំលោភលើការប្រើឈាម។ (កិច្ចការ ១៥:២៨, ២៩) ពេលដែលអ្នកគិតអំពីរឿងនេះ យើងអាចឃើញនូវគោលការណ៍ដ៏សំខាន់ ដូចជា៖ ព្រះសមនឹងទទួលនូវភក្ដីភាពដាច់មុខរបស់យើង; យើងត្រូវតែមានចិត្តស្មោះត្រង់ចំពោះគូយើង; ហើយព្រះយេហូវ៉ាជាព្រះអង្គប្រទានជីវិត។ (លោកុប្បត្តិ ២:២៤; និក្ខមនំ ២០:៥; ទំនុកដំកើង ៣៦:៩) ប្រសិនបើយើងយល់ហើយអបអរយ៉ាងជ្រាលជ្រៅ នូវគោលការណ៍ពីក្រោយសេចក្ដីបង្គាប់ទាំងនេះ យើងឃើញថា សេចក្ដីបង្គាប់ទាំងនេះសំរាប់ជាប្រយោជន៍របស់យើង។ (អេសាយ ៤៨:១៧) ចំពោះយើង «បញ្ញត្តទ្រង់នោះ មិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។—យ៉ូហានទី១ ៥:៣
កាលដែលពួកអ៊ីស្រាអែលនៅពេលមួយមិនបានអើពើសេចក្ដីបង្គាប់របស់ព្រះ តែដល់គ្រារបស់ព្រះយេស៊ូ ‹បណ្ឌិតនៃច្បាប់›របស់គេ ពួកស្ក្រែប បានប្រព្រឹត្តដ៏ហួសហេតុ។ ពួកគេបានបង្កើតច្បាប់និងប្រពៃណីជាច្រើន ដែលបង្ខាំងការថ្វាយបង្គំពិត ហើយបានលាក់គោលការណ៍របស់ព្រះ។ (ម៉ាថាយ ២៣:២) មនុស្សចុះញ៉មនឹងការបរាជ័យ សេចក្ដីអស់សង្ឃឹម ឬការលាក់ពុត។ (ម៉ាថាយ ១៥:៣-៩) ហើយច្បាប់ជាច្រើនដែលបានតែងតាំងឡើងដោយមនុស្ស គឺឥតមានមេត្ដាទេ។ ពេលដែលនឹងប្រោសមនុស្សឲ្យជាពីដៃស្វិត ព្រះយេស៊ូបានសួរពួកផារីស៊ីថា៖ «នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អឬ»? ដោយគេមិនបើកមាត់ បង្ហាញថាឥតពេញច្បាប់ចំពោះគេទេ ធ្វើឲ្យព្រះយេស៊ូ«មានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស»។ (ម៉ាកុស ៣:១-៦) ពួកផារីស៊ីប្រហែលជាមកជួយសត្វដែលរបួស (វិនិយោគខាងលុយកាក់) នៅថ្ងៃសំរាក ប៉ុន្តែគឺមិនមកជួយបុរសឬស្ត្រីម្នាក់ទេ—ទាល់តែដល់ជីវិតស្លាប់រស់។ ប្រាកដហើយ គេគិតតែពីច្បាប់របស់មនុស្សនិងសេចក្ដីល្អិតល្អន់តិចតួច ដែលដូចស្រមោចរត់ស្មេលើរូបភាព គេមិនបានឃើញរូបភាពទាំងមូលទេ—គឺគោលការណ៍របស់ព្រះ។—ម៉ាថាយ ២៣:២៣, ២៤
ប៉ុន្តែ ទោះជាក្មេងៗ ពេលដែលគេមានចិត្តស្មោះ អាចនាំឲ្យមានកិត្ដិយសដល់ព្រះយេហូវ៉ា ដោយការអបអរចំពោះគោលការណ៍ព្រះគម្ពីរ។ រេបិកាដែលមានអាយុ១៣ឆ្នាំ បានត្រូវគ្រូសួរថ្នាក់ទាំងមូល ថាតើអ្នកណានឹងលេងល្បែង។ ភាគច្រើននិយាយថា គេមិនលេងទេ។ ប៉ុន្តែ ពេលស្ថានការណ៍ផ្សេងៗបានរៀបរាប់មក សិស្សទាំងអស់ លើកលែងរេបិកា បានទទួលស្គាល់ថាគេនឹងលេងល្បែង។ គ្រូបានសួររេបិកា បើនាងនឹងទិញសំបុត្រដើម្បីបង្កើនលុយសំរាប់ប្រយោជន៍ត្រឹមត្រូវ។ រេបិកាបាននិយាយថា ទេ ហើយផ្ដល់មូលហេតុពីព្រះគម្ពីរ ថាបើធ្វើបែបនេះ គឺជាផ្នែកនៃការលេងល្បែង។ រួចមក គ្រូនាងបាននិយាយដល់ថ្នាក់ថា៖ ‹ក្នុងគំនិតរបស់ខ្ញុំ រេបិកាជាមនុស្សតែម្នាក់ ដែលមានអ្វីដែលខ្ញុំហៅ «គោលការណ៍» ក្នុងន័យនៃពាក្យនេះតែម្ដង›។ ត្រូវហើយ រេបិកាអាចតបឆ្លើយយ៉ាងស្រួលថា «នេះគឺប្រឆាំងសាសនារបស់ខ្ញុំ» ប៉ុន្តែ នាងបានគិតជ្រៅជាងនោះ នាងអាចឆ្លើយប្រាប់មូលហេតុដែលការលេងល្បែងគឺខុស ហើយមូលហេតុដែលនាងមិនព្រមទទួលធ្វើបែបនេះ។
ឧទាហរណ៍ដូចអេបិល លោកណូអេ យ៉ូសែប និងព្រះយេស៊ូ បង្ហាញនូវរបៀបដែលយើងទទួលប្រយោជន៍ ពីការប្រើ‹សមត្ថភាពនៃការគិត› និង‹អំណាចនៃការវែកញែក› ក្នុងការថ្វាយបង្គំព្រះ។ (សុភាសិត ២:១១; រ៉ូម ១២:១) ពួកចាស់ទុំគ្រីស្ទាន ធ្វើបានល្អបើគោរពតាមព្រះយេស៊ូ កាលដែលគេ«ឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:២) ដូចជាព្រះយេស៊ូបានបង្ហាញឲ្យឃើញជាក់ ពួកអ្នកដែលស្រឡាញ់គោលការណ៍របស់ព្រះ ជាពួកអ្នកដែលចំរើនលូតលាស់ក្រោមអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា។—អេសាយ ៦៥:១៤