បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៦ ទំ. ២៣-២៨
  • ការថ្វាយខ្លួននិងសេរីភាពក្នុងការជ្រើសរើស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការថ្វាយខ្លួននិងសេរីភាពក្នុងការជ្រើសរើស
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ថ្វាយ​ខ្លួន​ជូន«ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល»
  • ការ​ថ្វាយ​ខ្លួន​នៃ«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»
  • ការ​ប្រើ​សេរី​ភាព​ដោយ​ប្រាជ្ញា​ដែល​ព្រះ​ប្រទាន​ឲ្យ
  • ជ្រើស​រើស​ដើម្បី​ជា​អ្នក​បំរើ​របស់​អ្នក​ណា?
  • ការ​រៀន​ឲ្យ​បាន​ប្រយោជន៍​ខ្លួន​យើង
  • ពួកគាត់បានកើតមកជាសមាជិកនៃសាសន៍រើសតាំងរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • តើអ្នកកំពុងតែរស់នៅដោយបំពេញតាមការឧទ្ទិសថ្វាយខ្លួនរបស់អ្នកទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ការបំពេញការឧទ្ទិសថ្វាយខ្លួនរបស់យើង«រៀងរាល់ថ្ងៃ»
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ហេតុអ្វីអ្នកគួរប្រគល់ខ្លួនជូនព្រះយេហូវ៉ា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៦ ទំ. ២៣-២៨

ការ​ថ្វាយ​ខ្លួន​និង​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស

‹ចំពោះ​សេរី​ភាព​បែប​នេះ ព្រះ​គ្រីស្ទ​បាន​រំដោះ​យើង›។—កាឡាទី ៥:១

១. តើ​ពាក្យ​ហេព្រើរ​និង​ពាក្យ​ក្រិក ដែល​បាន​បក​ប្រែ«ការ​ថ្វាយ​ខ្លួន» «សម្ពោធន៍» ឬ​ក៏«ការ​ឧទ្ទិស​ថ្វាយ» ជា​ពិសេស​ទាក់​ទង​អ្វី?

អ្នក​សរសេរ​ព្រះ​គម្ពីរ​បាន​ប្រើ​ពាក្យ​ហេព្រើរ​និង​ក្រិក​បី​បួន ដើម្បី​បង្ហាញ​គំនិត​នៃ​ការ​បំបែក​ចេញ​ពី​គ្នា ឬ ញែក​រំលែក​ចេញ ទុក​សំរាប់​បំណង​ដ៏​ពិសិដ្ឋ​មួយ។ ក្នុង​ព្រះ​គម្ពីរ​ភាសា​អង់គ្លេស ពាក្យ​ទាំង​នេះ​បាន​បក​ប្រែ​ជា​ពាក្យ​ដូច​ជា «ការ​ថ្វាយ​ខ្លួន» «សម្ពោធន៍» ឬ​ក៏«ការ​ឧទ្ទិស​ថ្វាយ»។ នៅ​ពេល​ខ្លះ ពាក្យ​ទាំង​នេះ​បាន​ត្រូវ​ប្រើ​ភ្ជាប់​ជា​មួយ​នឹង​រចនា​សម្ព័ន្ធ—តាម​ធម្មតា​ចំពោះ​ព្រះ​វិហារ​នៃ​ព្រះ​ក្នុង​ក្រុង​យេរូសាឡិម​ពី​បុរាណ និង​ការ​ថ្វាយ​បង្គំ​ដែល​មាន​នៅ​ទី​នោះ។ ពាក្យ​ទាំង​នេះ​គឺ​កម្រ​ប្រើ ក្នុង​ការ​សំដៅ​ទៅ​រឿង​ខាង​លោកីយ៍។

ការ​ថ្វាយ​ខ្លួន​ជូន«ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល»

២. ហេតុ​អ្វី​ក៏​អាច​ហៅ​ព្រះ​យេហូវ៉ា​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា«ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល»?

២ ក្នុង​ឆ្នាំ​១៥១៣ ម.​ស.យ. ព្រះ​បាន​រំដោះ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ទេសភាព​នៃ​ពួក​អេស៊ីប។ មិន​យូរ​បន្ដិច​ក្រោយ​មក ទ្រង់​បាន​ញែក​រំលែក​គេ​ជា​រាស្ត្រ​ដ៏​ពិសេស​របស់​ទ្រង់ ដោយ​យក​គេ​ចូល​ក្នុង​ទំនាក់​ទំនង​ជា​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ទ្រង់​ផ្ទាល់។ ព្រះ​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ»។ (និក្ខមនំ ១៩:៥; ទំនុកដំកើង ១៣៥:៤) ដោយ​ស្ថាបនា​ពួក​អ៊ីស្រាអែល​ជា​របស់​ផង​ទ្រង់​ដ៏​ពិសេស នោះ​អាច​ហៅ​ព្រះ​យេហូវ៉ា​យ៉ាង​ត្រឹម​ត្រូវ​ថា«ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល»។—យ៉ូស្វេ ២៤:២៣

៣. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មិន​បង្ហាញ​ការ​រើស​មុខ ដោយ​ជ្រើស​រើស​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់?

៣ ក្នុង​ការ​ធ្វើ​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅ​ជា​រាស្ត្រ​ដែល​បាន​ថ្វាយ​ខ្លួន នោះ​ព្រះ​យេហូវ៉ា​មិន​មែន​ប្រកាន់​រើស​មុខ​ទេ ដ្បិត​ទ្រង់​ក៏​មាន​ព្រះ​ទ័យ​ខ្វល់​ខ្វាយ​ជា​ទី​ស្រឡាញ់​ដល់​ពួក​ដែល​មិន​មែន​សាសន៍​អ៊ីស្រាអែល​ដែរ។ ទ្រង់​បាន​បញ្ជា​រាស្ត្រ​ទ្រង់​ថា៖ «បើ​មាន​មនុស្ស​ប្រទេស​ក្រៅ​ណា​មក​ស្នាក់​នៅ​ក្នុង​ស្រុក​ជា​មួយ​នឹង​ឯង នោះ​កុំ​ឲ្យ​ធ្វើ​បាប​គេ​ឡើយ ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​ឯង​ដែរ ដ្បិត​ឯង​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ អញ​នេះ​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា»។ (លេវីវិន័យ ១៩:៣៣, ៣៤) ជា​ច្រើន​សតវត្ស​ក្រោយ​មក ទស្សនៈ​របស់​ព្រះ​បាន​ជាប់​លើ​សាវ័ក​ពេត្រុស ដែល​លោក​បាន​ទទួល​ស្គាល់​ថា៖ «ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។—កិច្ច​ការ ១០:៣៤, ៣៥

៤. តើ​អ្វី​ជា​ល័ក្ខខ័ណ្ឌ​នៃ​ទំនាក់​ទំនង​រវាង​ព្រះ​និង​អ៊ីស្រាអែល ហើយ​តើ​ពួក​អ៊ីស្រាអែល​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ​នេះ​ទេ?

៤ សូម​កត់​សម្គាល់​ផង​ដែរ ថា​ជា​រាស្ត្រ​របស់​ព្រះ​ដែល​បាន​ថ្វាយ​ខ្លួន គឺ​មាន​ល័ក្ខខ័ណ្ឌ។ ពួក​គេ​នឹង​ជា‹របស់​ដ៏​ពិសេស›នៃ​ទ្រង់ ប្រសិន​បើ​គេ​គោរព​តាម​បន្ទូល​របស់​ព្រះ ហើយ​រក្សា​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់​យ៉ាង​ដិត​ដល់។ គួរ​ឲ្យ​ស្ដាយ​ណាស់ ពួក​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​សេចក្ដី​តម្រូវ​ទាំង​នេះ​ឡើយ។ ពួក​គេ​បាន​បាត់​បង់​ឋានៈ​ជា​ឯកសិទ្ធិ​របស់​គេ ក្រោយ​ពី​បាន​បដិសេធ​ចោល​ព្រះ​មេស្ស៊ី ដែល​ព្រះ​បាន​បញ្ជូន​មក​នៅ​សតវត្ស​ទី​មួយ ស.យ.។ ព្រះ​យេហូវ៉ា​គឺ​លែង​ធ្វើ​ជា«ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល»ទៀត​ឡើយ។ ហើយ​ពួក​អ៊ីស្រាអែល​ក៏​លែង​ជា​រាស្ត្រ​របស់​ព្រះ​ដែល​បាន​ថ្វាយ​ខ្លួន​ទៀត​ដែរ។—ប្រៀប​ធៀប ម៉ាថាយ ២៣:២៣

ការ​ថ្វាយ​ខ្លួន​នៃ«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»

៥, ៦. (ក) តើ​ព្រះ​យេស៊ូ​ចង់​មាន​សេចក្ដី​យ៉ាង​ណា​ដោយ​ពាក្យ​ទំនាយ​របស់​ទ្រង់ នៅ​ម៉ាថាយ ២១:៤២, ៤៣? (ខ) នៅ​ពេល​ណា​ហើយ​និង​ដោយ​ដូច​ម្ដេច​ដែល«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»បាន​កើត​មាន​ឡើង?

៥ តើ​នេះ​មាន​សេចក្ដី​ថា ឥឡូវ​នេះ​ព្រះ​យេហូវ៉ា​ឥត​មាន​រាស្ត្រ​ដែល​បាន​ថ្វាយ​ខ្លួន​នោះ​ឬ? គឺ​មិន​ដូច្នេះ​ទេ។ ដោយ​ស្រង់​ចេញ​ពាក្យ​ពី​អ្នក​តែង​បទ​ទំនុកដំកើង ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទាយ​ប្រាប់​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​ក្នុង​គម្ពីរ​ទេ​ឬ​អី ដែល​ថា ‹ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ការ​នោះ​គឺ​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ›? ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នគរ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​១​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ»។—ម៉ាថាយ ២១:៤២, ៤៣

៦ ‹សាសន៍​មួយ​ដែល​នឹង​បង្កើត​ផល​របស់​ព្រះ​រាជាណាចក្រ› នោះ​ជា​ក្រុម​ជំនុំ​គ្រីស្ទាន។ ក្នុង​កំឡុង​អាស្រ័យ​បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី ព្រះ​យេស៊ូ​បាន​រើស​យក​មនុស្ស​ដំបូង​ដែល​នឹង​ក្លាយ​ទៅ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ។ ប៉ុន្តែ​នៅ​ថ្ងៃ​បុណ្យ​ភិន្ដាកុស​នៃ​ឆ្នាំ​៣៣ ស.យ. គឺ​ជា​ព្រះ​យេហូវ៉ា​ដែល​បាន​បង្កើត​ក្រុម​ជំនុំ​គ្រីស្ទាន ដោយ​ចាក់​វិញ្ញាណ​បរិសុទ្ធ​លើ​ពួក​សមាជិក​ដំបូង​នៃ​ក្រុម​ជំនុំ ដែល​មាន​ចំនួន​ប្រហែល​១២០​នាក់។ (កិច្ច​ការ ១:១៥; ២:១​-​៤) ដូច​ជា​សាវ័ក​ពេត្រុស​បាន​សរសេរ​នៅ​ក្រោយ​មក ក្រុម​ជំនុំ​ដែល​បាន​បង្កើត​ជា​ថ្មី​នេះ រួច​មក​ក៏​ក្លាយ​ទៅ​ជា«ពូជ​ជ្រើស​រើស​ជា​ពួក​សង្ឃ​ហ្លួង​ជា​សាសន៍​បរិសុទ្ធ​ជា​រាស្ត្រ​ដ៏​ជា​កេរ្ដិ៍​អាករ​នៃ​ព្រះ»។ តើ​បាន​ជ្រើស​រើស​សំរាប់​បំណង​អ្វី? គឺ​ថា​ពួក​គេ​នឹង«បាន​សំដែង​ចេញ​ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ​ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់»។ (ពេត្រុស​ទី​១ ២:៩) ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ ដែល​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​របស់​ព្រះ ឥឡូវ​នេះ​ជា​សាសន៍​មួយ​ដែល​បាន​ថ្វាយ​ខ្លួន គឺ​ជា«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។—កាឡាទី ៦:១៦

៧. តើ​សមាជិក​នៃ​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​ត្រូវ​អរ​សប្បាយ​នឹង​អ្វី ហើយ​ដូច្នេះ​ក៏​បាន​ត្រូវ​ប្រាប់​គេ​ឲ្យ​ជៀស​វាង​ពី​អ្វី?

៧ ថ្វី​បើ​សមាជិក​នៃ​សាសន៍​ដ៏​បរិសុទ្ធ​នេះ​ជា‹រាស្ត្រ​ដ៏​ជារបស់​ពិសេស›ក៏​ដោយ ពួក​គេ​នឹង​មិន​ជាប់​ចំណង​ជា​ទាសៈ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ទទួល​សេរី​ភាព​ច្រើន​ជាង​អ៊ីស្រាអែល​ខាង​សាច់​ឈាម ដែល​ជា​សាសន៍​ដែល​បាន​ថ្វាយ​ខ្លួន​នោះ។ ព្រះ​យេស៊ូ​បាន​សន្យា​ប្រាប់​ពួក​ដែល​នឹង​ក្លាយ​ទៅ​ជា​សមាជិក​នៃ​សាសន៍​ថ្មី​នេះ​ថា៖ «អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច»។ (យ៉ូហាន ៨:៣២) សាវ័ក​ប៉ុល​បាន​ចង្អុល​ប្រាប់​ថា គ្រីស្ទាន​បាន​ដោះ​លែង​ឲ្យ​រួច​ពី​សេចក្ដី​តម្រូវ​នៃ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ។ ស្តី​អំពី​រឿង​នេះ លោក​បាន​ដាស់​តឿន​ពួក​អ្នក​ជឿ​ដូច​គ្នា​ក្នុង​កាឡាទី​ថា៖ «ព្រះ​គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ​ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ​មួន ក្នុង​សេរី​ភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បំរើ​ទៀត​ឡើយ»។—កាឡាទី ៥:១

៨. តើ​តាម​បែប​ណា​ដែល​របៀប​រៀបចំ​គ្រីស្ទាន ផ្ដល់​ឲ្យ​បុគ្គល​ម្នាក់​នូវ​សេរី​ភាព​ច្រើន​ជាង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ?

៨ មិន​ដូច​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម​នៅ​ពី​ដើម នោះ​ពួក​អ៊ីស្រាអែល​នៃ​ព្រះ​មក​ដល់​សព្វ​ថ្ងៃ​នេះ បាន​គោរព​យ៉ាង​ប្រឹ​ត​ប្រៀង​ដល់​សេចក្ដី​តម្រូវ​នៃ​ការ​ថ្វាយ​ខ្លួន​របស់​គេ។ នេះ​គឺ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ពី​ព្រោះ​សមាជិក​នោះ​បាន​សម្រេច​ស្ម័គ្រ​ពី​ចិត្ត​ឲ្យ​គោរព​តាម។ ផ្ទុយ​ពី​សមាជិក​នៃ​អ៊ីស្រាអែល​ខាង​សាច់​ឈាម ដែល​បាន​ក្លាយ​ទៅ​ជា​សមាជិក​ដោយ​សារ​កំណើត​របស់​គេ នោះ​សមាជិក​នៃ​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​បាន​ក្លាយ​ទៅ​ជា​សមាជិក ដោយ​ការ​រើស​សម្រេច​ខ្លួន​ឯង។ ដូច្នេះ របៀប​រៀបចំ​គ្រីស្ទាន​មាន​ភាព​ខុស​គ្នា​នឹង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​នៃ​យូដា ដែល​បង្ខំ​ឲ្យ​មនុស្ស​ថ្វាយ​ខ្លួន មិន​ឲ្យ​គេ​មាន​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស។

៩, ១០. (ក) តើ​តាម​របៀប​ណា​ដែល​យេរេមា​បង្ហាញ​ថា​ការ​ថ្វាយ​ខ្លួន​នឹង​មាន​ការ​កែ​ប្រែ? (ខ) ហេតុ​អ្វី​ក៏​អ្នក​និយាយ​ថា មិន​មែន​គ្រីស្ទាន​គ្រប់​គ្នា​ដែល​បាន​ថ្វាយ​ខ្លួន​សព្វ​ថ្ងៃ​នេះ ជា​សមាជិក​នៃ​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ?

៩ ព្យាការី​យេរេមា​បាន​ទាយ​ប្រាប់​អំពី​ការ​កែ​ប្រែ ដែល​ស្តី​អំពី​ការ​ថ្វាយ​ខ្លួន ពេល​ដែល​លោក​សរសេរ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី នឹង​ពួក​វង្ស​អ៊ីស្រាអែល ហើយ​នឹង​ពួក​វង្ស​យូដា មិន​មែន​តាម​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ​ដឹក​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ› ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹គេ​ផ្ដាច់​ចេញ​ហើយ ទោះ​បើ​អញ​ជា​ប្ដី​ដល់​គេ​ក៏​ដោយ› គឺ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹សេចក្ដី​សញ្ញា​ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ អញ​នឹង​ដាក់​ក្រិត្យ​វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ› »។—យេរេមា ៣១:៣១​-​៣៣

១០ ការ​មាន​ក្រិត្យ​វិន័យ​របស់​ព្រះ«នៅ​ខាង​ក្នុង​ខ្លួន​គេ» ដែល​បាន​ចារឹក​ទុក បើ​និយាយ​ជា​ប្រៀប​ធៀប «ក្នុង​ចិត្ត​គេ» នោះ​សមាជិក​នៃ​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​បាន​ជំរុញ​ឲ្យ​ធ្វើ​តាម​ការ​ថ្វាយ​ខ្លួន​របស់​គេ។ ការ​ជំរុញ​ចិត្ត​របស់​គេ​គឺ​ខ្លាំង​ជាង​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម ដែល​បាន​ថ្វាយ​ខ្លួន​ដោយ​កំណើត មិន​មែន​ដោយ​ការ​ជ្រើស​រើស។ សព្វ​ថ្ងៃ​នេះ ការ​ជំរុញ​ចិត្ត​ដ៏​ខ្លាំង​ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ដូច​បាន​សម្ដែង​មក​ដោយ​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ ក៏​បាន​រួម​ចំណែក​ដោយ​ពួក​ថ្វាយ​បង្គំ​គ្នី​គ្នា​ជាង​ប្រាំ​លាន​នាក់​ទូទាំង​ពិភព​លោក​ដែរ។ ពួក​គេ​បាន​ថ្វាយ​ខ្លួន​គេ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ថ្វី​បើ​ពួក​គេ​ឥត​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ខាង​ស្ថាន​សួគ៌ ដូច​ពួក​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ ក៏​គេ​មាន​អំណរ​ក្នុង​ការ​ទន្ទឹង​ចាំ​រស់​នៅ​ជា​រៀង​រហូត នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ។ គេ​បង្ហាញ​ការ​អបអរ​ដល់​អ៊ីស្រាអែល​ខាង​វិញ្ញាណ ដោយ​គាំទ្រ​យ៉ាង​សកម្ម​ដល់​ពួក​សមាជិក​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ក្នុង​ការ​បំពេញ​មុខ​ងារ​របស់​គេ ដើម្បី«សំដែង​ចេញ​ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ​ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់»។

ការ​ប្រើ​សេរី​ភាព​ដោយ​ប្រាជ្ញា​ដែល​ព្រះ​ប្រទាន​ឲ្យ

១១. តើ​ព្រះ​បង្កើត​មនុស្ស​មក​ឲ្យ​មាន​សមត្ថភាព​យ៉ាង​ណា ហើយ​ត្រូវ​ប្រើ​សមត្ថភាព​នេះ​យ៉ាង​ដូច​ម្ដេច?

១១ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ទុក​សេរី​ភាព​ជា​អ្វី​ដ៏​មាន​តម្លៃ​ក្រៃ​លែង។ ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​នូវ​សមត្ថភាព​នៃ​ចិត្ត​សេរី។ ប្ដី​ប្រពន្ធ​ដំបូង​បាន​ប្រើ​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស​របស់​គេ។ ប៉ុន្តែ គេ​បាន​ធ្វើ​ការ​ជ្រើស​រើស​ដោយ​ឥត​ប្រាជ្ញា ហើយ​ដែល​ឥត​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស​ដល់​គេ​ទាំង​ពីរ និង​កូន​ៗ​របស់​គេ​ដែរ។ តែ​យ៉ាង​ណា​ក៏​ដោយ នេះ​សម្ដែង​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​មិន​ដែល​បង្ខំ​សត្តនិករ​ដ៏​មាន​ប្រាជ្ញា ឲ្យ​រើស​ផ្លូវ​ដែល​ផ្ទុយ​នឹង​បំណង​ចិត្ត​ឬ​សេចក្ដី​ប្រាថ្នា​របស់​គេ​នោះ​ឡើយ។ ហើយ​ពី​ព្រោះ«ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ» នោះ​ការ​ថ្វាយខ្លួន​ដែល​ទ្រង់​យល់​ព្រម គឺ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់ ដែល​ធ្វើ​ឡើង​យ៉ាង​ស្ម័គ្រ​ចិត្ត​ដោយ​អំណរ ដែល​មាន​គ្រឹះ​លើ​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស។ (កូរិនថូស​ទី​២ ៩:៧) ទ្រង់​ឥត​យល់​ព្រម​ឡើយ បើ​មាន​ប្រភេទ​ឯ​ណា​ក្រៅ​ពី​នេះ។

១២, ១៣. តើ​ធីម៉ូថេ​ធ្វើ​ជា​គំរូ​សំរាប់​ការ​អប់រំ​កូន​យ៉ាង​ដូច​ម្ដេច ហើយ​តើ​គំរូ​របស់​គាត់​បាន​នាំ​ក្មេង​ៗ​ឲ្យ​ធ្វើ​អ្វី?

១២ ដោយ​ទទួល​ស្គាល់​យ៉ាង​ពេញ​លេញ​នៃ​សេចក្ដី​តម្រូវ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គាំទ្រ​ការ​ថ្វាយ​ខ្លួន​ជូន​ព្រះ ប៉ុន្តែ​គេ​មិន​ដែល​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ធ្វើ​ការ​ថ្វាយ​ខ្លួន​បែប​នេះ សូម្បី​តែ​កូន​របស់​គេ ក៏​គេ​មិន​បង្ខំ​ឡើយ។ ផ្ទុយ​នឹង​សាសនា​ជា​ច្រើន ស្មរបន្ទាល់​មិន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​កូន​របស់​គេ​នៅ​ពេល​ជា​ទារក ដែល​ដូច​ជា​បង្ខំ​គេ​ឲ្យ​ថ្វាយ​ខ្លួន ដោយ​ឥត​មាន​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស​ផ្ទាល់​ខ្លួន។ គំរូ​ក្នុង​បទ​គម្ពីរ​ដើម្បី​ធ្វើ​តាម នោះ​គឺ​ដោយ​យុវបុរស​ធីម៉ូថេ។ ពេល​ដែល​ធីម៉ូថេ​ពេញ​វ័យ​ហើយ សាវ័ក​ប៉ុល​បាន​ប្រាប់​គាត់​ថា៖ «ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយ​សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ផង»។—ធីម៉ូថេ​ទី​២ ៣:១៤, ១៥

១៣ ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ធីម៉ូថេ​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ ពី​ព្រោះ​គាត់​បាន​ត្រូវ​បង្រៀន​តាំង​ពី​ក្មេង​តូច​មក។ គាត់​បាន​ត្រូវ​បញ្ចុះ​បញ្ចូល—ឲ្យ​ជឿ​សេចក្ដី​បង្រៀន​គ្រីស្ទាន ដោយ​ម្ដាយ​និង​ជីដូន​របស់​គាត់—មិន​មែន​ដោយ​បង្ខំ​ឡើយ។ (ធីម៉ូថេ​ទី​២ ១:៥) ជា​លទ្ធផល ធីម៉ូថេ​បាន​ឃើញ​ថា​មាន​ប្រាជ្ញា​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ ហើយ​ដូច្នេះ​ក៏​បាន​សម្រេច​ការ​ជ្រើស​រើស​ផ្ទាល់​ខ្លួន ហើយ​បាន​ធ្វើ​ការ​ថ្វាយ​ខ្លួន​គ្រីស្ទាន។ ក្នុង​សម័យ​ទំនើប​នេះ យុវបុរស​និង​យុវនារី​រាប់​សែន​នាក់ ដែល​មាន​ឪពុក​ម្ដាយ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ក៏​បាន​ធ្វើ​តាម​គំរូ​នេះ​ដែរ។ (ទំនុកដំកើង ១១០:៣) អ្នក​ឯ​ទៀត​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ នេះ​គឺ​ជា​រឿង​នៃ​ការ​ជ្រើស​រើស​ផ្ទាល់​ខ្លួន។

ជ្រើស​រើស​ដើម្បី​ជា​អ្នក​បំរើ​របស់​អ្នក​ណា?

១៤. តើ​រ៉ូម ៦:១៦ ប្រាប់​យើង​អ្វី​អំពី​សេរី​ភាព​ទាំង​ស្រុង?

១៤ គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​មាន​សេរី​ភាព​ទាំង​ស្រុង​នោះ​ទេ។ មនុស្ស​គ្រប់​គ្នា​គឺ​បាន​ដាក់​កំរិត​លើ​សេរី​ភាព​របស់​គាត់ ដោយ​ច្បាប់​រូប​និយម ដូច​ជា​ច្បាប់​ខាង​ភូរិពល ដែល​មិន​អាច​ធ្វើ​កន្តើយ​ដោយ​គ្មាន​ទោស​នោះ​ឡើយ។ ហើយ​ក្នុង​ន័យ​ខាង​វិញ្ញាណ ក៏​គ្មាន​អ្នក​ណា​ម្នាក់​មាន​សេរី​ភាព​ទាំង​ស្រុង​នោះ​ដែរ។ ប៉ុល​បាន​វែក​ញែក​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បំរើ សឹង​ស្ដាប់​តាម​ចៅហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បំរើ​របស់​ចៅហ្វាយ​នោះ​ឯង ដែល​អ្នក​ស្ដាប់​តាម ទោះ​ជា​របស់​ផង​អំពើ​បាប ឲ្យ​បាន​សេចក្ដី​ស្លាប់ ឬ​ជា​របស់​ផង​សេចក្ដី​ស្លាប់ ឬ​ជា​របស់​ផង​សេចក្ដី​ស្ដាប់​បង្គាប់ ឲ្យ​បាន​សុចរិត​ក្ដី»?—រ៉ូម ៦:១៦

១៥. (ក) តើ​មនុស្ស​មាន​ចិត្ត​យ៉ាង​ណា​អំពី​ការ​ធ្វើ​ជា​បាវ​បំរើ ប៉ុន្តែ​នៅ​ទី​បំផុត តើ​មនុស្ស​ភាគ​ច្រើន​នឹង​ធ្វើ​អ្វី? (ខ) តើ​សំនួរ​ដ៏​សម​ណា​ខ្លះ ដែល​យើង​អាច​សួរ​ខ្លួន​យើង?

១៥ គំនិត​ដែល​ថា​យើង​នឹង​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ម្នាក់ ជា​អ្វី​មួយ​ដែល​មិន​ពេញ​ចិត្ត​មនុស្ស​ភាគ​ច្រើន​ទេ។ ប៉ុន្តែ ក្នុង​លោកីយ៍​សព្វ​ថ្ងៃ​នេះ គឺ​ឃើញ​ជាក់​ស្តែង​ថា មនុស្ស​ច្រើន​តែ​បើក​ខ្លួន​ឲ្យ​គេ​ប្រើ និង​ញ៉ាំង​ឲ្យ​នៅ​ក្រោម​ឥទ្ធិពល​គេ ដោយ​របៀប​ដ៏​ពិបាក​យល់​ឃើញ។ ជា​លទ្ធផល ក្រោយ​មក​ដោយ​ឥត​បំណង​ខ្លួន​ទេ នោះ​គេ​សម្រេច​ការ​អ្នក​ដទៃ។ ជា​ឧទាហរណ៍ ពាណិជ្ជ​ឃោសនា​ជំនួញ​និង​ប្រព័ន្ធ​ការ​កំសាន្ត ខំ​ប្រឹង​បង្ខំ​មនុស្ស​ឲ្យ​មាន​គំនិត​និង​សកម្មភាព​ដូច​គ្នា​ទាំង​អស់ ដែល​ស្ថាបនា​ខ្នាត​តម្រា​សំរាប់​ឲ្យ​គេ​ធ្វើ​តាម។ អង្គការ​ខាង​នយោបាយ​និង​សាសនា ធ្វើ​ឲ្យ​មនុស្ស​គាំទ្រ​គំនិត​និង​គោល​ដៅ​របស់​គេ ដែល​មិន​ធ្វើ​ឡើង​ដោយ​ការ​វែក​ញែក​ជា​និច្ច​នោះ​ទេ តែ​ជា​រឿយ​ៗ​គឺ​ដោយ​អំពាវ​នាវ​ឲ្យ​មាន​សាមគ្គីភាព​ឬ​ភក្ដី​ភាព​ចំពោះ​គេ។ ដោយ​ព្រោះ​ប៉ុល​បាន​កត់​សម្គាល់​ថា ‹យើង​ជា​បាវ​បំរើ​នៃ​អស់​អ្នក​ដែល​យើង​គោរព​តាម› នោះ​យើង​រាល់​គ្នា​ត្រូវ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ជា​បាវ​បំរើ​របស់​អ្នក​ណា›? តើ​អ្នក​ណា​ដែល​មាន​ឥទ្ធិពល​ដ៏​ធំ​ជាង​គេ​លើ​សេចក្ដី​សម្រេច​ចិត្ត​និង​ការ​រស់​នៅ​របស់​ខ្ញុំ? តើ​បព្វជិត មេ​ដឹក​នាំ​ខាង​នយោបាយ មហា​សេដ្ឋី តួ​ឯក​កុន​ឬ​កីឡា​ឬ? តើ​អ្នក​ណា​ដែល​ខ្ញុំ​គោរព​តាម—ព្រះ​ឬ​ក៏​មនុស្ស›?

១៦. ក្នុង​ន័យ​យ៉ាង​ណា ដែល​គ្រីស្ទាន​ជា​បាវ​បំរើ​របស់​ព្រះ ហើយ​តើ​អ្វី​ជា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ភាព​ជា​ទាសៈ​បែប​នេះ?

១៦ គ្រីស្ទាន​មិន​ចាត់​ទុក​ការ​គោរព​តាម​ព្រះ ជា​ការ​បំពាន​ដ៏​ឥត​សម​ហេតុ​ផល​លើ​សេរី​ភាព​ផ្ទាល់​ខ្លួន​របស់​គេ​ឡើយ។ គេ​ប្រើ​យ៉ាង​ស្ម័គ្រ​ចិត្ត​នូវ​សេរី​ភាព​របស់​គេ តាម​បែប​បទ​នៃ​អ្នក​គំរូ​របស់​គេ ព្រះ​យេស៊ូ​គ្រីស្ទ ដោយ​យក​សេចក្ដី​ប្រាថ្នា​និង​អាទិភាព​ផ្ទាល់​ខ្លួន ឲ្យ​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ (យ៉ូហាន ៥:៣០; ៦:៣៨) គេ​បណ្ដុះ‹គំនិត​របស់​ព្រះគ្រីស្ទ› ដោយ​ចុះ​ចូល​ខ្លួន​គេ​ចំពោះ​ទ្រង់ ជា​មេ​ក្រុម​ជំនុំ។ (កូរិនថូស​ទី​១ ២:១៤​-​១៦; កូល៉ុស ១:១៥​-​១៨) នេះ​គឺ​ដូច​ជា​ស្ត្រី​ម្នាក់​ដែល​រៀប​ការ ហើយ​សុខ​ចិត្ត​ធ្វើ​តាម​បុរស​ដែល​នាង​ស្រឡាញ់។ តាម​ពិត គណៈ​គ្រីស្ទាន​ចាក់​ប្រេង​តាំង បាន​ត្រូវ​ហៅ​ថា​ជា​ស្រី​ក្រមុំ​ដែល​មាន​លក្ខណៈ​ពិសុទ្ធ ដែល​បាន​សន្យា​ទុក​បំរុង​រៀប​ការ​ព្រះ​គ្រីស្ទ។—កូរិនថូស​ទី​២ ១១:២; អេភេសូរ ៥:២៣, ២៤; វិវរណៈ ១៩:៧, ៨

១៧. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​អស់​បាន​រើស​សម្រេច​ឲ្យ​ក្លាយ​ទៅ​ជា​អ្វី?

១៧ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ៗ មិន​ថា​គាត់​មាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថាន​សួគ៌​ឬ​ផែនដី បាន​ធ្វើ​ការ​ថ្វាយ​ខ្លួន​ផ្ទាល់​ខ្លួន​ដល់​ព្រះ ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ហើយ​ដើម្បី​គោរព​តាម​ទ្រង់​ជា​អ្នក​គ្រប់​គ្រង។ ចំពោះ​ស្មរបន្ទាល់​ម្នាក់​ៗ ការ​ថ្វាយ​ខ្លួន គឺ​ជា​ការ​ជ្រើស​រើស​ផ្ទាល់​ខ្លួន ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​បាវ​បំរើ​របស់​ព្រះ ជា​ជាង​ធ្វើ​ជា​បាវ​បំរើ​របស់​មនុស្ស។ នេះ​គឺ​ស្រប​តាម​ឱវាទ​របស់​ប៉ុល ដែល​ថា៖ «ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា ហើយ ដូច្នេះ កុំ​ឲ្យ​ត្រឡប់​ជា​បាវ​បំរើ​របស់​មនុស្ស​ទៀត​ឡើយ»។—កូរិនថូស​ទី​១ ៧:២៣

ការ​រៀន​ឲ្យ​បាន​ប្រយោជន៍​ខ្លួន​យើង

១៨. តើ​នៅ​ពេល​ណា​ដែល​អ្នក​មិន​មែន​ជា​ស្មរបន្ទាល់ មាន​គុណវុឌ្ឍិ​ដើម្បី​រួម​ពិធី​ជ្រមុជ​ទឹក?

១៨ មុន​នឹង​បុគ្គល​ម្នាក់​អាច​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​តែ​បំពេញ​តាម​គុណវុឌ្ឍិ​ខាង​បទ​គម្ពីរ។ អ្នក​ចាស់​ទុំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សម្រេច​ចិត្ត​ថា បុគ្គល​នេះ​ដែល​នឹង​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់ យល់​ជា​ពិត​អំពី​អ្វី​ដែល​បាន​រួម​បញ្ចូល​ក្នុង​ការ​ថ្វាយ​ខ្លួន​ជា​គ្រីស្ទាន​ឬ​ក៏​អត់។ តើ​គាត់​ពិត​ជា​ចង់​ធ្វើ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មែន​ទេ? តើ​គាត់​នឹង​សុខ​ចិត្ត​ប្រព្រឹត្ត​តាម​អ្វី​ដែល​បាន​តម្រូវ​ពី​ការ​ធ្វើ​បែប​នេះ​ឬ? បើ​អត់​ទេ នោះ​គាត់​មិន​អាច​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​ទេ។

១៩. ហេតុ​អ្វី​ក៏​មិន​ត្រូវ​រិះ​គន់​អ្នក​ណា​ម្នាក់​ដែល​សម្រេច​ចិត្ត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បំរើ​ព្រះ​នោះ?

១៩ ប៉ុន្តែ ប្រសិន​បើ​បុគ្គល​ម្នាក់​ធ្វើ​តាម​សេចក្ដី​តម្រូវ​ទាំង​អស់ ហេតុ​អ្វី​ក៏​ត្រូវ​រិះ​គន់​គាត់ បើ​គាត់​សុខ​ចិត្ត​ធ្វើ​សេចក្ដី​សម្រេច​ផ្ទាល់​ខ្លួន ដើម្បី​ឲ្យ​ព្រះ​និង​បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់​អាច​មាន​ឥទ្ធិពល​មក​លើ​គាត់​នោះ? តើ​ការ​អនុញ្ញាត​ឲ្យ​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ខ្លួន​យើង​ជា​ជាង​ឥទ្ធិពល​ពី​មនុស្ស មិន​ជា​ការ​គួរ​សម​ទេ​ឬ? ឬ​ក៏​តើ​ការ​ធ្វើ​នេះ​មិន​មាន​ប្រយោជន៍​ឬ​ទេ? ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​គិត​ដូច្នេះ​ទេ។ ពួក​គេ​យល់​ស្រប​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នឹង​បន្ទូល​របស់​ព្រះ ដែល​អេសាយ​បាន​សរសេរ​ថា៖ «អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ»។—អេសាយ ៤៨:១៧

២០. តើ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​អាច​ដោះ​លែង​មនុស្ស​ឲ្យ​រួច​ផុត​ពី​អ្វី?

២០ សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ ដោះ​លែង​មនុស្ស​ពី​ការ​ជឿ​លទ្ធិ​ក្លែង​ក្លាយ​នៃ​សាសនា ដូច​ជា​ទារុណកម្ម​អស់​កល្ប​ជា​និច្ច​ក្នុង​ភ្លើង​នរក។ (សាស្ដា ៩:៥, ១០) ផ្ទុយ​ទៅ​វិញ ចិត្ត​របស់​គេ​គឺ​ពេញ​ទៅ​ដោយ​កតញ្ញូ​ធម៌​អំពី​សេចក្ដី​សង្ឃឹម​ពិត​ចំពោះ​មនុស្ស​ស្លាប់—ដំណើរ​រស់​ឡើង​វិញ​ដែល​អាច​មាន​ឡើង​ដោយ​សារ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (ម៉ាថាយ ២០:២៨; កិច្ច​ការ ២៤:១៥; រ៉ូម ៦:២៣) សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​រំដោះ​មនុស្ស ឲ្យ​រួច​ពី​ការ​អន្ទះអន្ទែង​នៃ​ការ​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​ខាង​នយោបាយ ដែល​មិន​បាន​សម្រេច​ជា​រៀង​រាល់​ដង។ ផ្ទុយ​ទៅ​វិញ សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​បណ្ដាល​ឲ្យ​ចិត្ត​របស់​គេ​ពេញ​ដោយ​អំណរ ដោយ​ដឹង​ថា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​យេហូវ៉ា​បាន​ចាប់​គ្រប់​គ្រង​រួច​ទៅ​ហើយ​នៅ​ស្ថាន​សួគ៌ ហើយ​មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​ចាប់​គ្រប់​គ្រង​ទៅ​លើ​ផែនដី​ទាំង​មូល​ដែរ។ សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​ការ​ប្រព្រឹត្ត​ដែល​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​ដល់​ព្រះ ថ្វី​បើ​ទាក់​ទាញ​ចិត្ត​យើង​ក៏​ដោយ ដែល​ធ្វើ​ឲ្យ​បាក់​បែក​ទំនាក់​ទំនង ជម្ងឺ និង​សេចក្ដី​ស្លាប់​មុន​បច្ឆិម​វ័យ។ ជា​សង្ខេប ជា​បាវ​បំរើ​របស់​ព្រះ​គឺ​ទទួល​បាន​ប្រយោជន៍​លើស​លុប​ជាង​ធ្វើ​ជា​បាវ​បំរើ​របស់​មនុស្ស។ តាម​ពិត ការ​ថ្វាយ​ខ្លួនដល់​ព្រះ ធានា​ឲ្យ​ផល​ប្រយោជន៍«ក្នុង​សម័យ​នេះ . . . ហើយ​ដល់​បរលោក​នាយ នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជា​និច្ច​ផង»។—ម៉ាកុស ១០:២៩, ៣០

២១. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​ថ្វាយ​ខ្លួន​ជូន​ព្រះ ហើយ​តើ​អ្វី​ជា​សេចក្ដី​ប្រាថ្នា​របស់​គេ?

២១ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ មិន​បាន​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​សាសន៍​ដែល​បាន​ថ្វាយ​ខ្លួន​ដោយ​កំណើត ដូច​ពួក​អ៊ីស្រាអែល​ពី​ដើម​នោះ​ឡើយ។ ស្មរបន្ទាល់​ជា​ផ្នែក​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន។ ស្មរបន្ទាល់​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ម្នាក់​ៗ​បាន​ក្លាយ​ទៅ​ជា​អញ្ចឹង ដោយ​ប្រើ​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស​ផ្ទាល់​ខ្លួន ក្នុង​ការ​ថ្វាយ​ខ្លួន។ ប្រាកដ​ហើយ ចំពោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ការ​ថ្វាយ​ខ្លួន​ជា​ទំនាក់​ទំនង​ដ៏​កក់​ក្ដៅ​ជា​មួយ​ព្រះ​ដែល​សម្គាល់​ដោយ​ការ​សុខ​ចិត្ត​បំរើ​ទ្រង់។ ទំនាក់​ទំនង​ដ៏​អំណរ​នេះ ជា​អ្វី​ដែល​គេ​មាន​ចិត្ត​ប្រាថ្នា​រក្សា​ទុក​ដ៏​ស្មោះ​ពី​ចិត្ត ដោយ​កាន់​ទុក​ជា​រៀង​រហូត​ដល់​សេរី​ភាព​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ដោះ​លែង​គេ​ឲ្យ​ទទួល​នោះ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​ព្រះ​មិន​រើស​មុខ​ក្នុង​ការ​ជ្រើស​រើស​យក​អ៊ីស្រាអែល​ឲ្យ​ក្លាយ​ទៅ​ជា‹របស់​ដ៏​ពិសេស›របស់​ទ្រង់?

◻ ហេតុ​អ្វី​ក៏​និយាយ​ថា​ការ​ថ្វាយ​ខ្លួន​ជា​គ្រីស្ទាន មិន​មែន​ធ្វើ​ឲ្យ​បាត់​បង់​នូវ​សេរី​ភាព​ជា​ច្រើន?

◻ តើ​អ្វី​ជា​ផល​ប្រយោជន៍​ពី​ការ​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា?

◻ ហេតុ​អ្វី​ជា​ការ​ប្រសើរ​ក្នុង​ការ​ធ្វើ​ជា​អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា ជា​ជាង​ធ្វើ​ជា​បាវ​បំរើ​របស់​មនុស្ស?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក