បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៧ ទំ. ៣-៤
  • តើអនាគតរបស់យើងបានសរសេរទុកជាមុនឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអនាគតរបស់យើងបានសរសេរទុកជាមុនឬ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • អត្ថបទស្រដៀងគ្នា
  • តើបុព្វវាសនាអាចចុះសម្រុងជាមួយនឹងសេចក្ដីស្រឡាញ់របស់ព្រះបានទេ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «ខ្ញុំមិនទាន់ដល់ថ្ងៃស្លាប់ទេ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • មានពេលសម្រាប់គ្រប់ការទាំងអស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៧ ទំ. ៣-៤

តើ​អនាគត​របស់​យើង​បាន​សរសេរ​ទុក​ជា​មុន​ឬ?

គ្រីស្ទាន អ៊ីស្លាម យូដា និង​ហិនឌូ ឬ​ក៏​អ្នក​កាន់​សាសនា​ឯ​ទៀត—មនុស្ស​គ្រប់​ជំនឿ​ពិសោធ​វិបត្ដិ​ភ័យ ហើយ​កាន់​ទុក្ខ​ដោយ​សារ​រឿង​នេះ។

ជា​ឧទាហរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​១៩៩៧ ព្រឹត្ដិការណ៍​ដ៏​វេទនា​មួយ​បាន​កើត​ឡើង​នៅ​ទី​ក្រុង​អ៊ីឃុត នៅ​ប្រទេស​សៃបៀរា។ យន្ត​ហោះ​ដ៏​ធំ​មួយ​ជា AN​-​124 សំរាប់​ដឹក​ជញ្ជូន​ទើប​តែ​ហោះ​ឡើង កាល​ដែល​ម៉ាស៊ីន​ពីរ​បាន​ខូច។ យន្ត​ហោះ​នោះ​ដែល​មាន​ប្រេង​សាំង​ពេញ ក៏​ធ្លាក់​លើ​អាគារ​ដែល​មាន​មនុស្ស​រស់​នៅ។ អណ្ដាត​ភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​ល្វែង​មួយ​ចំនួន ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជា​ច្រើន ព្រម​ទាំង​កូន​ក្មេង​ៗ​ទៀត​ផង។

នៅ​តំបន់​ម្ដុំ​សៃបៀរា នៅ​កន្លែង​ដែល​គ្រោះ​ថ្នាក់​បាន​កើត​ឡើង នោះ​ច្បាស់​ជា​មាន​មនុស្ស​ដែល​មាន​មតិ​ខាង​សាសនា​ខុស​ៗ​គ្នា។ អ្នក​ខ្លះ​ប្រហែល​ជឿ​សាសនា​គ្រីស្ទាន ប៉ុន្តែ​គេ​អាច​នៅ​គិត​ថា ព្រឹត្ដិការណ៍​ធ្វើ​ឲ្យ​ខ្លោច​ផ្សា​នេះ គឺ​មាន​ដោយ​សារ​វាសនា។ គេ​និង​អ្នក​ឯ​ទៀត​ប្រហែល​មាន​អារម្មណ៍​ថា ‹នេះ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ› ហើយ​បើ​អស់​អ្នក​ដែល​បានស្លាប់ មិន​បាន​ស្លាប់​តាម​របៀប​នេះ នោះ​គេ​នឹង​ស្លាប់​តាម​របៀប​ផ្សេង​ទៀត—‹នោះ​គឺ​ជា​វាសនា​របស់​គេ›។

គំនិត​បែប​នេះ ទោះ​ជា​បញ្ចេញ​ឡើង​ឬ​ក៏​អត់ បង្ហាញ​ឲ្យ​ឃើញ​ថា​គំនិត​ខាង​វាសនា​មាន​ទូទៅ​នៅ​ក្នុង​សាសនា​ជា​ច្រើន​នៅ​ជុំ​វិញ​ផែនដី។ មនុស្ស​ជា​ច្រើន​ជឿ​ថា អនាគត​របស់​យើង ចាប់​តាំង​ពី​កំណើត​រហូត​ដល់​ថ្ងៃ​ដែល​យើង​ស្លាប់ នោះ​គឺ​បាន​សរសេរ​ទុក​ជា​មុន​រួច​ទៅ​ហើយ។

ជំនឿ​លើ​វាសនា​មាន​តាម​បែប​បទ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ការ​បក​ស្រាយ​អត្ថន័យ​ជា​អ្វី​ដ៏​ពិបាក​មួយ។ វាសនា​គឺ​សម្ដែង​ប្រាប់​ថា អ្វី​ៗ​ដែល​កើត​ឡើង គ្រប់​សកម្មភាព គ្រប់​ព្រឹត្ដិការណ៍—មិន​ថា​ល្អ​ឬ​អាក្រក់—គឺ​នឹង​មាន​ជា​មិន​ខាន នោះ​នឹង​កើត​ឡើង ពី​ព្រោះ​បាន​ត្រូវ​សម្រេច​ទុក​ជា​មុន ដោយ​កម្លាំង​ឧត្តម ដែល​មនុស្ស​មិន​អាច​ទប់​បាន។ គំនិត​បែប​នេះ​អាច​រក​ឃើញ​បាន​តាម​ហោរាសាស្ត្រ នៅ​ក្នុង​លទ្ធិ​កម្ម​នៃ​សាសនា​ហិនឌូ​និង​ព្រះ​ពុទ្ធសាសនា ព្រម​ទាំង​ក្នុង​លទ្ធិ​បុព្វ​វាសនា​របស់​ពិភព​គ្រីស្ទ​សាសនា។ នៅ​ស្រុក​បាប៊ីឡូន​ពី​ដើម មនុស្ស​បាន​ជឿ​ថា​ព្រះ​បាន​កាន់​កាប់​លើ​វាសនា និង​អនាគត តាម​រយៈ​ឯកសារ។ ព្រះ​ណា​ក៏​ដោយ​ដែល​កាន់​កាប់​លើ«ផែន​ចារិក​នៃ​វាសនា»ទាំង​នេះ គេ​បាន​ជឿ​ថា នឹង​សម្រេច​វាសនា​របស់​មនុស្ស របស់​នគរ ហើយ​ព្រម​ទាំង​លើ​ព្រះ​ខ្លួន​គេ​ផង​ដែរ។

អ្នក​ជឿ​ជា​ច្រើន​និយាយ​ថា មុន​នឹង​មនុស្ស​នានា​កើត​មក នោះ​ព្រះ​នឹង​សម្រេច​ដោយ​ក្រិត្យ​របស់​ទ្រង់ នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ម្នាក់​ៗ រួម​បញ្ចូល​អាយុ​របស់​គេ ថា​តើ​គេ​ជា​ប្រុស​ឬ​ក៏​ស្រី មាន​ឬ​ក៏​ក្រ វេទនា​ឬ​ក៏​សប្បាយ​រីករាយ។ រឿង​ទាំង​នេះ​បាន​ត្រូវ​គេ​និយាយ​ថា​មាន​នៅ​ក្នុង​គំនិត​របស់​ព្រះ​រួច​ហើយ ឬ​ក៏​បាន​សរសេរ​ក្នុង​សៀវភៅ ពី​មុន​នឹង​ព្រឹត្ដិការណ៍​នោះ​កើត​ឡើង។ ដូច្នេះ​មិន​ជា​ចម្លែក​ទេ​ឲ្យ​អ្នក​ជឿ​និយាយ​ថា «ម៉ិកធុប»—នេះ​ជា​អ្វី​ដែល​ព្រះ​បាន​សរសេរ​ទុក​សំរាប់​យើង​ហើយ!

គេ​បាន​ត្រូវ​វែក​ញែក​ថា ពី​ព្រោះ​ព្រះ​ជ្រាប​អ្វី​ៗ​ទុក​ជា​មុន នោះ​ទ្រង់​ច្បាស់​ជា​នឹង​សម្រេច​ថា​តើ​អ្នក​ណា​នឹង​គោរព​ទ្រង់ ហើយ​អ្នក​ណា​នឹង​មិន​ស្ដាប់​បង្គាប់​តាម​ទ្រង់។ ដូច្នេះ អ្នក​កាន់​តាម​ជា​ច្រើន​ជឿ​ថា មុន​នឹង​បុគ្គល​ម្នាក់​កើត​មក ព្រះ​បាន​សម្រេច​រួច​ទៅ​ហើយ​ថា​តើ​គាត់​នឹង​បាន​នៅ​ទី​មនោរម្យ​ដ៏​អស់​កល្ប​ជា​និច្ច ឬ​នឹង​ទទួល​សេចក្ដី​ហិន​វិនាស​ដ៏​អស់​កល្ប​ជា​និច្ច។

អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា នេះ​គឺ​មាន​ដូច​នឹង​លទ្ធិ​នៃ​បុព្វ​វាសនា​ដែល​បាន​បង្រៀន​ក្នុង​សាសនា​គ្រីស្ទាន​ខ្លះ។ អ្នក​គាំទ្រ​នៃ​លទ្ធិ​បុព្វ​វាសនា​ជាង​គេ​បំផុត គឺ​លោក ចន ខាលវិន ដែល​ជា​អ្នក​បដិរូប​ការី​ជន​ជាតិ​បារាំង​នៅ​សតវត្ស​ទី​១៦។ គាត់​បាន​បក​ស្រាយ​បុព្វ​វាសនា​ទៅ​ជា«ក្រិត្យ​អស់​កល្ប​ជា​និច្ច​ដែល​មក​ពី​ព្រះ ដែល​ជា​មូលដ្ឋាន​ឲ្យ​ទ្រង់​សម្រេច​ធ្វើ​យ៉ាង​ណា​ជា​មួយ​មនុស្ស​ម្នាក់​ៗ។ មិន​មែន​មនុស្ស​ទាំង​អស់​បាន​បង្កើត​មក​ឲ្យ​មាន​ស្ថានភាព​ដូច​គ្នា​ទេ ប៉ុន្តែ ជីវិត​អស់​កល្ប​ជា​និច្ច​គឺ​បាន​តែង​តាំង​ទុក​ជា​មុន​ចំពោះ​អ្នក​ខ្លះ ហើយ​ការ​កាត់​ទោស​ដ៏​អស់​កល្ប​ជា​និច្ច​សំរាប់​អ្នក​ដទៃ»។ លោក​ខាលវិន​ក៏​បាន​ពោល​អះអាង​ទៀត​ថា៖ «ព្រះ​មិន​គ្រាន់​តែ​ឃើញ​ទុក​ជា​មុន​នូវ​អំពើ​បាប​របស់​មនុស្ស​ដំបូង និង​សេចក្ដី​ហិន​វិនាស​ដល់​កូន​ចៅ​របស់​គាត់​ដោយ​សារ​គាត់​ប៉ុណ្ណោះ តែ​ទ្រង់​បាន​រៀបចំ​ព្រឹត្ដិការណ៍​ទាំង​នោះ​ទុក​ជា​មុន​តាម​ព្រះ​ហឫទ័យ​ទ្រង់»។

ប៉ុន្តែ មិន​មែន​សមាជិក​ទាំង​អស់ ដែល​ជឿ​ផ្ទាល់​ខ្លួន​ទៅ​លើ​លទ្ធិ​បុព្វ​វាសនា​ដែល​សាសនា​របស់​បង្រៀន​នោះ​ទេ។ អ្នក​ខ្លះ​ចង្អុល​ប្រាប់​យ៉ាង​ត្រឹម​ត្រូវ​ថា​ឯកសារ​ខាង​សាសនា បាន​និយាយ​អំពី​ចិត្ត​សេរី​របស់​មនុស្ស។ តាម​ពិត គឺ​មាន​វាទប្បដិវាទ​យ៉ាង​ខ្លាំង​អំពី​សកម្មភាព​របស់​មនុស្ស ថា​តើ​គេ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​ដោយ​ចិត្ត​សេរី​របស់​មនុស្ស ឬ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​បាន​ប្រកែក​ថា​មនុស្ស​ត្រូវ​មាន​ចិត្ត​សេរី​ដោយ​រើស​យក ហើយ​ប្រព្រឹត្ត​តាម​ច្ដិ​ ពី​ព្រោះ​ព្រះ​ដែល​ប្រកប​ដោយ​យុត្ដិធម៌ ធ្វើ​ឲ្យ​មនុស្ស​ទទួល​ខុស​ត្រូវ

ចំពោះ​សកម្មភាព​របស់​គេ។ អ្នក​ឯ​ទៀត​បាន​និយាយ​ថា ព្រះ​បង្កើត​អំពើ​របស់​មនុស្ស ប៉ុន្តែ​មនុស្ស«ទទួល​យក»អំពើ​ទាំង​នេះ ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។ ប៉ុន្តែ ជា​ទូទៅ មនុស្ស​ជា​ច្រើន​ជឿ​ថា​ព្រឹត្ដិការណ៍​ទាំង​អស់ ធំ​ឬ​ក៏​តូច ក្នុង​ជីវិត​រៀង​រាល់​ថ្ងៃ​របស់​យើង បាន​ត្រូវ​ចេញ​ក្រិត្យ​ដោយ​ព្រះ។

តើ​អ្នក​ជឿ​យ៉ាង​ណា​ដែរ? តើ​ព្រះ​បាន​សម្រេច​រួច​ទៅ​ហើយ​នូវ​អនាគត​របស់​អ្នក​ឬ? តើ​មនុស្ស​ពិត​ជា​មាន​ចិត្ត​សេរី សមត្ថភាព​ដើម្បី​សម្រេច​ចិត្ត​អំពី​អនាគត​របស់​គេ​ឬ? តើ​ដល់​កំរិត​ណា​ដែល​វាសនា​របស់​យើង​ពឹង​ទៅ​លើ​សកម្មភាព​របស់​យើង? អត្ថបទ​ជា​បន្ទាប់​នឹង​ស្វែង​រក​ចម្លើយ​ឲ្យ​យើង។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣]

SEL/Sipa Press

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក