បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៩ ទំ. ២០-២៤
  • តើអ្នកអបអរនឹងអង្គការរបស់ព្រះយេហូវ៉ាឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអបអរនឹងអង្គការរបស់ព្រះយេហូវ៉ាឬទេ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បុគ្គល​ដែល​បាន​ឃើញ​កង​ទ័ព​ជា​ច្រើន​នៅ​ស្ថាន​សួគ៌
  • ការ​សិក្សា​ដើម្បី​ឲ្យ​យល់
  • ការ​ជីក​ឲ្យ​បាន​ការ​យល់​ធ្លុះ​ជ្រៅ
  • អ្វី​ដែល​អេសាយ​បាន​ឃើញ
  • តើ​អ្វី​ដែល​អេសេគាល​បាន​ឃើញ?
  • កងទ័ពភ្លើងរបស់ព្រះយេហូវ៉ា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • តើអ្នកណាជា«បុគ្គលវិញ្ញាណដែលមានមុខបួន»?
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៩ ទំ. ២០-២៤

តើ​អ្នក​អបអរ​នឹង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?

«ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា៖ ‹ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ›»។—អេសាយ ៦៦:១

១, ២. (ក) តើ​មាន​ទី​សំអាង​ដ៏​មើល​ឃើញ​អ្វី​ខ្លះ ដែល​បញ្ជាក់​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​នោះ? (ខ) តើ​ព្រះ​យេហូវ៉ា​មាន​ដំណាក់​នៅ​កន្លែង​ណា?

តើ​អ្នក​ជឿ​ថា ព្រះ​យេហូវ៉ា​មាន​អង្គការ​មួយ​ទេ? បើ​មាន​មែន ហេតុ​អ្វី​ក៏​អ្នក​ជឿ​ដូច្នេះ? អ្នក​ប្រហែល​ជា​ឆ្លើយ​ថា៖ ‹ពី​ព្រោះ យើង​មាន​សាល​ព្រះ​រាជាណាចក្រ។ យើង​មាន​ក្រុម​ជំនុំ​ដ៏​មាន​សណ្ដាប់​ធ្នាប់ ដែល​មាន​ក្រុម​អ្នក​ចាស់​ទុំ។ យើង​មាន​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ដែល​បាន​តែង​តាំង​ឡើង​យ៉ាង​ត្រឹម​ត្រូវ ដែល​ធ្វើ​ទស្សនកិច្ច​យើង​ជា​រឿយ​ៗ។ យើង​ទៅ​ឯ​សន្និបាត​និង​មហា​សន្និបាត​ដែល​បាន​រៀបចំ​ដោយ​រៀប​រយ។ យើង​មាន​ការិយាល័យ​សាខា​នៃ​សមាគម​ប៉ម​យាម​ក្នុង​ប្រទេស​របស់​យើង។ ប្រាកដ​ហើយ របស់​ទាំង​នេះ​និង​របស់​ជា​ច្រើន​ទៀត បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​អង្គការ​ដែល​កំពុង​តែ​មាន​សកម្មភាព›។

២ លក្ខណៈ​បែប​នេះ​ជា​ទី​សំអាង​នៃ​អង្គការ​មួយ។ ប៉ុន្តែ ប្រសិន​បើ​យើង​គ្រាន់​តែ​ឃើញ​ហើយ​ទទួល​ស្គាល់​អង្គការ​នៅ​លើ​ផែនដី​នេះ នោះ​យើង​ឥត​បាន​យល់​ទាំង​ស្រុង​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​ទេ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អេសាយ​ថា ផែនដី​ជា​កំណល់​កល់​ជើង​របស់​ទ្រង់​ប៉ុណ្ណោះ តែ​ស្ថាន​សួគ៌​ជា​បល្ល័ង្ក​របស់​ទ្រង់។ (អេសាយ ៦៦:១) តើ«ស្ថាន​សួគ៌»មួយ​ណា ដែល​ព្រះ​យេហូវ៉ា​សំដៅ​ប្រាប់​នោះ? តើ​អំពី​ផ្ទៃ​មេឃ​ជុំ​វិញ​ផែនដី​យើង​នេះ​ឬ? តើ​អំពី​អវកាស​សកល​យើង​នេះ​ឬ? ឬ​ក៏​អំពី​វិស័យ​ជីវិត​ផ្សេង​ទៀត​នោះ? អេសាយ​និយាយ​អំពី«ទី​លំនៅ​នៃ​សេចក្ដី​បរិសុទ្ធ នឹង​សិរី​ល្អ​របស់​ទ្រង់» ហើយ​អ្នក​តែង​បទ​ទំនុកដំកើង​រៀប​រាប់​ថា ផ្ទៃ​មេឃ​ទាំង​នេះ​ជា«ស្ថាន​ដ៏​ជា​លំនៅ​របស់​ទ្រង់»។ ដូច្នេះ «ស្ថាន​សួគ៌»នៅ​អេសាយ ៦៦:១ គឺ​សំដៅ​ទៅ​វិស័យ​វិញ្ញាណ​ដ៏​មើល​មិន​ឃើញ ដែល​ព្រះ​យេហូវ៉ា​មាន​ឋានៈ​ដ៏​មហា​ឧត្តម។—អេសាយ ៦៣:១៥; ទំនុកដំកើង ៣៣:១៣, ១៤

៣. តើ​យើង​អាច​មាន​ជ័យ​ជំនះ​លើ​ការ​សង្ស័យ​យ៉ាង​ដូច​ម្ដេច​បាន?

៣ ដូច្នេះ ប្រសិន​បើ​យើង​ពិត​ជា​ចង់​យល់​ហើយ​អបអរ​នឹង​អង្គការ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​ត្រូវ​តែ​មើល​ទៅ​ស្ថាន​សួគ៌។ ហើយ​អ្នក​ខ្លះ​មាន​បញ្ហា​ក្នុង​រឿង​នេះ។ ដោយ​ព្រោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌ គឺ​មើល​មិន​ឃើញ តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា​ពិត​ជា​មាន​អង្គការ​មែន​នោះ? អ្នក​ខ្លះ​ព្រម​ទាំង​ឆ្លង​កាត់​គ្រា​សង្ស័យ​ផង ដោយ​ឆ្ងល់​ថា ‹តើ​យើង​អាច​ដឹង​ពិត​ប្រាកដ​បាន​យ៉ាង​ដូច​ម្ដេច›? តើ​តាម​របៀប​ណា​ដែល​ជំនឿ​អាច​មាន​ជោគ​ជ័យ​លើ​ការ​សង្ស័យ? មាន​ផ្លូវ​ពីរ គឺ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ដោយ​ខំ​ប្រឹង ហើយ​ការ​ទៅ​និង​ការ​ចូល​រួម​ចំណែក​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​រឿយ​ៗ។ រួច​មក​ទើប​យើង​អាច​បំបាត់​គំនិត​សង្ស័យ​ណា​មួយ​ដោយ​ពន្លឺ​នៃ​សេចក្ដី​ពិត។ គឺ​មាន​អ្នក​បំរើ​របស់​ព្រះ​ខ្លះ​ៗ​ដែរ ដែល​មាន​ការ​សង្ស័យ​នោះ។ សូម​ឲ្យ​យើង​ពិចារណា​មើល​នូវ​ករណី​នៃ​អ្នក​បំរើ​អេលីសេ នៅ​ពេល​ដែល​ស្រុក​អ៊ីស្រាអែល​បាន​ត្រូវ​ស្តេច​នៃ​ស្រុក​ស៊ីរី​មក​វាយ​ប្រយុទ្ធ​នោះ។—ប្រៀប​ធៀប យ៉ូហាន ២០:២៤​-​២៩; យ៉ាកុប ១:៥​-​៨

បុគ្គល​ដែល​បាន​ឃើញ​កង​ទ័ព​ជា​ច្រើន​នៅ​ស្ថាន​សួគ៌

៤, ៥. (ក) តើ​អ្នក​បំរើ​របស់​លោក​អេលីសេ​មាន​បញ្ហា​អ្វី? (ខ) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​អេលីសេ?

៤ ស្តេច​នៃ​ស្រុក​ស៊ីរី​បាន​ចាត់​កង​ទ័ព​យ៉ាង​សន្ធឹក​ទាំង​យប់​ឲ្យ​ទៅ​ក្រុង​ដូថាន់ ដើម្បី​ចាប់​លោក​អេលីសេ។ នៅ​ពេល​ដែល​អ្នក​បំរើ​របស់​លោក​អេលីសេ​បាន​ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ទៅ​ក្រៅ​នោះ ប្រហែល​ទៅ​លើ​ដំបូល​ផ្ទះ​ជា​កន្លែង​ល្ហើយ ដែល​នៅ​មជ្ឈិមបូព៌ា​ផ្ទះ​មាន​ដំបូល​រាប​ស្មើ នោះ​គាត់​មាន​ការ​ភ័យ​យ៉ាង​រន្ធត់​មែន! កង​ទ័ព​ទាំង​មូល​ដែល​មាន​ពល​សេះ​និង​រទេះ​ចម្បាំង​បាន​ព័ទ្ធ​ជុំ​វិញ​ក្រុង​នោះ ដើម្បី​នឹង​រង់​ចាំ​ចាប់​ព្យាការី​របស់​ព្រះ។ អ្នក​បំរើ​នេះ​ក៏​ស្រែក​ប្រាប់​លោក​អេលីសេ​ថា៖ «វរ​ហើយ ចៅហ្វាយ​ខ្ញុំ​អើយ! តើ​យើង​នឹង​ធ្វើ​ដូច​ម្ដេច»? ប្រាកដ​ហើយ ដោយ​មាន​ចិត្ត​យ៉ាង​ស្ងប់​ហើយ​ជំនឿ​ដ៏​ស៊ប់ នោះ​លោក​អេលីសេ​បាន​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិតពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត»។ អ្នក​បំរើ​នោះ​ច្បាស់​ជា​ឆ្ងល់​ហើយ ‹តើ​ពួក​គេ​នៅ​ឯ​ណា​ទៅ? ខ្ញុំ​មិន​អាច​ឃើញ​ពួក​គេ​ផង›! ជួន​កាល​នេះ​ក៏​អាច​ទៅ​ជា​បញ្ហា​របស់​យើង​ដែរ គឺ​ថា​យើង​មិន​ប្រើ​ភ្នែក​ចិត្ត​ឬ​ក៏​ការ​យល់​ដឹង​ដើម្បី​មើល​ឃើញ​នូវ​កង​ទ័ព​នៅ​ស្ថាន​សួគ៌។—ពង្សាវតារ​ក្សត្រ​ទី​២ ៦:៨​-​១៦; អេភេសូរ ១:១៨

៥ លោក​អេលីសេ​បាន​អធិស្ឋាន​សូម​ឲ្យ​ភ្នែក​របស់​អ្នក​បំរើ​បើក​ឲ្យ​មើល​ឃើញ។ តើ​មាន​អ្វី​កើត​ឡើង​ជា​បន្ទាប់? «ព្រះ​យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ នឹង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំ​វិញ​អេលីសេ»។ (ពង្សាវតារ​ក្សត្រ​ទី​២ ៦:១៧) ត្រូវ​ហើយ គាត់​បាន​មើល​ឃើញ​កង​ទ័ព​នៅ​ស្ថាន​សួគ៌ ពល​ទេវតា​ដែល​រង់​ចាំ​ការ​ពារ​អ្នក​បំរើ​របស់​ព្រះ។ ឥឡូវ​នេះ ទើប​គាត់​អាច​យល់​ដឹង​អំពី​ការ​ទុក​ចិត្ត​របស់​លោក​អេលីសេ។

៦. តើ​តាម​របៀប​ណា​ដែល​យើង​អាច​យល់​អំពី​អង្គការ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា?

៦ តើ​យើង​មាន​បញ្ហា​យល់​ដឹង​អ្វី​ខ្លះ ដូច​អ្នក​បំរើ​អេលីសេ​នោះ​ទេ? តើ​យើង​ឃើញ​តែ​ស្ថានការណ៍​ជាក់​ស្តែង ដែល​គំរាម​កំហែង​ពួក​យើង​ដែល​ធ្វើ​កិច្ច​ការ​គ្រីស្ទាន​ក្នុង​ស្រុក​ខ្លះ​ឬ​ទេ? បើ​ដូច្នេះ តើ​យើង​អាច​ទន្ទឹង​ចាំ​នូវ​ចក្ខុនិមិត្ត​ដ៏​ពិសេស​មួយ​ដើម្បី​នឹង​បំភ្លឺ​គំនិត​យើង​បាន​ឬ? អត់​ទេ ពី​ព្រោះ​យើង​មាន​អ្វី​មួយ​ដែល​អ្នក​បំរើ​របស់​លោក​អេលីសេ​ឥត​មាន គឺ​ជា​សៀវភៅ​ទាំង​មូល ដែល​មាន​ចក្ខុនិមិត្ត​ជា​ច្រើន គឺ​ព្រះ​គម្ពីរ ដែល​ធ្វើ​ឲ្យ​យើង​យល់​ដឹង​អំពី​អង្គការ​ទ្រង់​នៅ​ស្ថាន​សួគ៌។ បន្ទូល​ដែល​បាន​តែង​ដោយ​ព្រះ​នោះ គឺ​មាន​គោល​ការណ៍​ណែនាំ ដើម្បី​នឹង​តម្រង់​គំនិត និង​ការ​រស់​នៅ​របស់​យើង​ដែរ។ ប៉ុន្តែ យើង​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​ស្វែង​រក​ការ​យល់​និង បណ្ដុះ​ឲ្យ​មាន​ការ​អបអរ​ចំពោះ​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា។ ហើយ​យើង​អាច​ធ្វើ​បែប​នេះ​ដោយ​ការ​សិក្សា​ផ្ទាល់​ខ្លួន ព្រម​ទាំង​ដោយ​ការ​អធិស្ឋាន​និង​ការ​រំពឹង​គិត។—រ៉ូម ១២:១២; ភីលីព ៤:៦; ធីម៉ូថេ​ទី​២ ៣:១៥​-​១៧

ការ​សិក្សា​ដើម្បី​ឲ្យ​យល់

៧. (ក) រីឯ​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​នោះ តើ​មនុស្ស​ខ្លះ​អាច​មាន​បញ្ហា​អ្វី? (ខ) ហេតុ​អ្វី​ក៏​ការ​ខំ​ប្រឹង​សិក្សា​ផ្ទាល់​ខ្លួន​មាន​ប្រយោជន៍?

៧ ការ​សិក្សា​ផ្ទាល់​ខ្លួន​មិន​មែន​ជា​អ្វី​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​ភាគ​ច្រើន​រីករាយ​នោះ​ទេ ដូច​ជា​ពួក​អ្នក​ដែល​មិន​ចូល​ចិត្ត​សិក្សា​នៅ​ឯ​សាលា ឬ​មិន​ដែល​មាន​ឱកាស​រៀន​សូត្រ​នោះ។ ប៉ុន្តែ ប្រសិន​បើ​យើង​ចង់​យល់​ហើយ​អបអរ​នឹង​អង្គការ​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប្រាថ្នា​ចង់​សិក្សា​វិញ។ តើ​អ្នក​អាច​គាប់​ចិត្ត​នឹង​អាហារ​ដ៏​ឆ្ងាញ់​ដោយ​ឥត​រៀបចំ​ឬ​ទេ? ចុង​ភៅ​ណា​មួយ​នឹង​ប្រាប់​អ្នក​ថា ដើម្បី​ឲ្យ​បាន​អាហារ​ដ៏​ឆ្ងាញ់​មួយ​មុខ នោះ​បាន​រៀបចំ​ដោយ​ខំ​ប្រឹង​ជា​មុន។ ប៉ុន្តែ អាហារ​នោះ​អាច​បរិភោគ​បាន​អស់ ក្នុង​តែ​កន្លះ​ម៉ោង​ឬ​តិច​ជាង​នោះ​ផង។ ផ្ទុយ​ទៅ​វិញ ផល​ប្រយោជន៍​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន អាច​មាន​អស់​មួយ​ជីវិត។ ការ​សិក្សា​ផ្ទាល់​ខ្លួន​អាច​ក្លាយ​ទៅ​ជា​អ្វី​ដែល​យើង​ចូល​ចិត្ត​ធ្វើ កាល​ណា​យើង​ឃើញ​ការ​រីក​ចំរើន​របស់​យើង។ សាវ័ក​ប៉ុល​បាន​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​យើង នឹង​ការ​បង្រៀន​របស់​យើង ហើយ​បន្ត​ប្រុង​ស្មារតី​នឹង​ការ​អាន​ជា​សាធារណៈ​ដែរ។ ការ​ខំ​ប្រឹង​ដ៏​ទៀង​ទាត់​បាន​ត្រូវ​ការ ប៉ុន្តែ​ផល​ប្រយោជន៍​អាច​ទៅ​ជា​អ្វី​ដ៏​អស់​កល្ប​ជា​និច្ច​វិញ។—ធីម៉ូថេ​ទី​១ ៤:១៣​-​១៦

៨. តើ​អាកប្បកិរិយា​អ្វី​ដែល​សុភាសិត​ដាស់​តឿន​ឲ្យ​មាន​នោះ?

៨ បុរស​ដ៏​ជា​អ្នក​ប្រាជ្ញ​ពី​បុរាណ​ម្នាក់ បាន​មាន​ប្រសាសន៍​ថា៖ «កូន​អើយ បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្ដាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្ដាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ អើ បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ​អង្គ»។—សុភាសិត ២:១​-​៥

៩. (ក) តើ​តាម​របៀប​ណា​ដែល​តម្លៃ​មាស​ប្រៀប​ធៀប​ទៅ​នឹង‹ចំណេះ​នៃ​ព្រះ›? (ខ) តើ​ឧបករណ៍​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ចំណេះ​ត្រឹម​ត្រូវ?

៩ តើ​អ្នក​ទទួល​ស្គាល់​ថា​អ្នក​ណា​គេ​មាន​ភារកិច្ច​ធ្វើ​ការ​ខំ​ប្រឹងនោះ​ទេ? សូម​កត់​សម្គាល់​នូវ​សព្វ​នាម ដែល​ថា‹បើ​ឯង› ដែល​មាន​ជា​ញឹក​ញយ​នោះ។ ហើយ​សូម​មើល​ឃ្លា​ដែល​ថា ‹បើ​ឯង​ខំ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ›។ សូម​គិត​អំពី​ពួក​កម្មករ​អណ្ដូង​រ៉ែ ដែល​ច្រើន​សតវត្ស​មក​ហើយ​បាន​ខំ​ជីក ដើម្បី​រក​ប្រាក់​និង​មាស​នៅ​ប្រទេស​ម៉ិចស្សីកូ ប្រទេស​បូលីវី ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ផ្សេង​ៗ​ឯ​ទៀត។ ពួក​គេ​ខំ​ប្រឹង​ធ្វើ​ការ​ណាស់ ដោយ​ប្រើ​ចប​និង​ប៉ែល ដើម្បី​ជីក​ថ្ម​ស្វែង​រក​ប្រាក់​ដ៏​មាន​តម្លៃ។ គេ​គិត​ថា​មាស​មាន​តម្លៃ​ដល់​ម្ល៉េះ ដែល​នៅ​អណ្ដូង​រ៉ែ​មួយ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អ​. គេ​បាន​ជីក​រូង​ក្នុង​ដី​ប្រវែង​៥៩១​គីឡូ​ម៉ែត្រ ដែល​មាន​ជម្រៅ​ជាង​មួយ​គីឡូ​ម៉ែត្រ គ្រាន់​តែ​ដើម្បី​នឹង​ស្វែង​រក​មាស។ ប៉ុន្តែ តើ​អ្នក​អាច​បរិភោគ​មាស​ឬ​ផឹក​មាស​បាន​ទេ? ប្រសិន​បើ​អ្នក​ជិត​ស្លាប់​ដោយ​ស្រេក​ឃ្លាន​នោះ តើ​មាស​នឹង​អាច​ទ្រ​ទ្រង់​អ្នក​ក្នុង​វាល​រហោស្ថាន​បាន​ទេ? គឺ​ឥត​បាន​ទេ តម្លៃ​របស់​មាស​ច្រើន​តែ​មិន​ច្បាស់​លាស់​និង​មិន​ទៀង ដែល​អាច​ផ្លាស់​ប្ដូរ​ជា​និច្ច ដូច​បាន​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ផ្សារ​ហ៊ុន​អន្តរជាតិ។ យ៉ាង​ណា​ក្ដី មនុស្ស​បាន​ស្លាប់​ដោយ​ស្វែង​រក​មាស​នោះ។ បើ​អញ្ចឹង តើ​យើង​ត្រូវ​ខំ​ប្រឹង​ប៉ុន​ណា​ទៅ ដើម្បី​រក​មាស​ខាង​វិញ្ញាណ​របស់​ព្រះ ដែល​ជា‹ចំណេះ​របស់​ព្រះ›នោះ? សូម​គិត​ទៅ​មើល ការ​ស្គាល់​ព្រះ​អម្ចាស់​មហា​ក្សត្រ​នៃ​សកល​លោក​នេះ អង្គការ​របស់​ទ្រង់ និង​គោល​បំណង​របស់​ទ្រង់​ដែរ! ក្នុង​រឿង​នេះ យើង​ក៏​អាច​ប្រើ​ចប​និង​ប៉ែល​ខាង​វិញ្ញាណ​នោះ​ដែរ។ របស់​ទាំង​នោះ​ជា​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ដែល​អាច​ជួយ​យើង​ឲ្យ​ជីក​រក​បន្ទូល​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​យល់​នូវ​អត្ថន័យ​នោះ។—យ៉ូប ២៨:១២​-​១៩

ការ​ជីក​ឲ្យ​បាន​ការ​យល់​ធ្លុះ​ជ្រៅ

១០. តើ​ដានីយ៉ែល​បាន​ឃើញ​អ្វី​ក្នុង​ចក្ខុនិមិត្ត?

១០ សូម​ឲ្យ​យើង​ធ្វើ​ការ​ជីក​ខាង​វិញ្ញាណ ដើម្បី​ចាប់​ផ្ដើម​រក​ចំណេះ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌។ បើ​ចង់​បាន​ការ​យល់​ធ្លុះ​ជ្រៅ​ដ៏​សំខាន់ សូម​ឲ្យ​យើង​មើល​ចក្ខុនិមិត្ត​របស់​ដានីយ៉ែល​អំពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់។ ដានីយ៉ែល​សរសេរ​ថា៖ «ខ្ញុំ​ក៏​គន់​មើល ទាល់​តែ​មាន​គេ​យក​បល្ល័ង្ក មក​តាំង​ហើយ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ​ទ្រង់​ក៏​គង់​លើ ព្រះ​ពស្ត្រ​ទ្រង់​ស​ស្គុស​ដូច​ហិមៈ ហើយ​ព្រះ​កេស​នៅ​ព្រះ​សិត​ទ្រង់ ក៏​ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ទ្រង់ នោះ​សុទ្ធ​តែ​ជា​អណ្ដាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ក៏​ជា​ភ្លើង​ឆេះ​ដែរ មាន​ដូច​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ទ្រង់​មក មាន​ទាំង​ពាន់​ទាំង​ពាន់​ដែល​គោរព​ដល់​ទ្រង់ ហើយ​ទាំង​ម៉ឺន​ទាំង​សែន​ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ នោះ​ការ​វិនិច្ឆ័យ​បាន​រៀបចំ​ជា​ស្រេច ឯ​បញ្ជី​ទាំង​ប៉ុន្មាន​បាន​បើក​ឡើង​ហើយ»។ (ដានីយ៉ែល ៧:៩, ១០) តើ​អ្នក​ណា​គេ​ដែល​ជា​ទាំង​ពាន់​ទាំង​សែន​ដែល​ធ្វើ​ការ​បំរើ​ព្រះ​យេហូវ៉ា​នោះ? ក្នុង​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ពិភព​លោក​ថ្មី នោះ​មាន​ខ​គម្ពីរ​ឯ​ទៀត​ដែល​អាច​បើក​ប្រៀប​មើល ដែល​យើង​នឹង​ប្រើ​ជា«ចប» និង«ប៉ែល» នាំ​ទៅ​ខ​គម្ពីរ​ដូច​នៅ​ទំនុកដំកើង ៦៨:១៧ និង​ហេព្រើរ ១:១៤។ ត្រូវ​ហើយ ពួក​អ្នក​បំរើ​ទាំង​នោះ​ជា​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌!

១១. តើ​តាម​របៀប​ណា​ដែល​ចក្ខុនិមិត្ត​របស់​ដានីយ៉ែល ជួយ​យើង​ឲ្យ​យល់​អំពី​ពាក្យ​របស់​លោក​អេលីសេ?

១១ ដំណើរ​រឿង​របស់​ដានីយ៉ែល មិន​បាន​ចែង​ថា លោក​បាន​ឃើញ​ពួក​ទេវតា​ដ៏​ស្មោះ​ត្រង់​ទាំង​អស់ ដែល​នៅ​ក្រោម​ការ​បង្គាប់​របស់​ព្រះ​នោះ​ទេ។ គឺ​ប្រហែល​ជា​មាន​ជា​ច្រើន​លាន​នាក់​ទៀត។ ប៉ុន្តែ យ៉ាង​ប្រាកដ​ណាស់ ដែល​ឥឡូវ​នេះ​យើង​អាច​យល់​នូវ​ហេតុ​ដែល​លោក​អេលីសេ​អាច​និយាយ​ថា៖ «ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត»។ កង​ទ័ព​នៃ​ស្តេច​ស៊ីរី ទោះ​ជា​មាន​ពួក​ទេវតា​ដ៏​ឥត​ស្មោះ​ត្រង់​ឬ​ក៏​ពួក​បិសាច​ឲ្យ​បាន​គាំទ្រ​ក៏​ដោយ ក៏​កង​ទ័ព​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​មាន​ចំនួន​ច្រើន​ជាង​ដែរ!—ទំនុកដំកើង ៣៤:៧; ៩១:១១

១២. តើ​ដោយ​ដូច​ម្ដេច​ដែល​អ្នក​អាច​យល់​ដឹង​ឲ្យ​បាន​ច្រើន​ទៀត​អំពី​ពួក​ទេវតា?

១២ ប្រហែល​ជា​អ្នក​ចង់​ដឹង​ច្រើន​ទៀត​អំពី​ពួក​ទេវតា​ទាំង​នេះ ដូច​ជា​មុខ​នាទី​របស់​គេ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។ ដោយ​មើល​ពាក្យ​ក្រិក​សំរាប់​ទេវតា យើង​អាច​ឃើញ​ថា​គេ​ជា​ពួក​នាំ​សារ ពី​ព្រោះ​ពាក្យ​ក្រិក​នេះ​ក៏​អាច​មាន​ន័យ​ថា«អ្នក​នាំ​សារ»ដែរ។ ប៉ុន្តែ ភារកិច្ច​របស់​គេ​មាន​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ប៉ុន្តែ ដើម្បី​ឲ្យ​បាន​រក​ឃើញ​អំពី​រឿង​នេះ អ្នក​ត្រូវ​បាន​ជីក​ស្រាវ​ជ្រាវ​សិន។ ប្រសិន​បើ​អ្នក​មាន​សៀវភៅ ការ​យល់​ធ្លុះ​ជ្រៅ​នូវ​បទ​គម្ពីរ អ្នក​អាច​សិក្សា​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «ពួក​ទេវតា» ឬ​អ្នក​អាច​ពិនិត្យ​មើល​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ពី​មុន​ៗ អំពី​ពួក​គេ​ដែរ។ អ្នក​នឹង​មាន​ចិត្ត​អស្ចារ្យ​ថា អ្នក​នឹង​បាន​រៀន​ច្រើន​អំពី​ពួក​បំរើ​ទាំង​នេះ​របស់​ព្រះ ហើយ​នឹង​អបអរ​នឹង​ការ​គាំទ្រ​ពី​ពួក​គេ​ដែរ។ (វិវរណៈ ១៤:៦, ៧) ប៉ុន្តែ ក្នុង​អង្គការ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ មាន​សត្តនិករ​វិញ្ញាណ​ខ្លះ​មាន​មុខ​នាទី​ដ៏​ពិសេស​សំរាប់​គោល​បំណង​ផ្សេង​ៗ។

អ្វី​ដែល​អេសាយ​បាន​ឃើញ

១៣, ១៤. តើ​អ្វី​ដែល​អេសាយ​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត ហើយ​តើ​នេះ​មាន​ឥទ្ធិពល​លើ​គាត់​យ៉ាង​ដូច​ម្ដេច?

១៣ ឥឡូវ​នេះ​សូម​ឲ្យ​យើង​ខំ​ជីក​ទៀត ដើម្បី​មើល​ចក្ខុនិមិត្តរបស់​អេសាយ។ នៅ​ពេល​ដែល​អ្នក​អាន​ជំពូក​៦ ពី​ខ​១​ទៅ​៧ នោះ​អ្នក​នឹង​មាន​ចិត្ត​ស្ងើច។ អេសាយ​និយាយ​ថា គាត់​បាន«ឃើញ​ព្រះ​អម្ចាស់​ទ្រង់​គង់​លើ​បល្ល័ង្ក» ហើយ«នៅ​ពី​លើ​ទ្រង់​មាន​ពួក​សេរភីម»។ ពួក​គេ​កំពុង​ប្រកាស​អំពី​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា ដោយ​លើក​ដំកើង​ភាព​បរិសុទ្ធ​របស់​ទ្រង់។ ការ​អាន​ដំណើរ​រឿង​នេះ​ក៏​មាន​ឥទ្ធិពល​លើ​អ្នក​ដែរ។ តើ​អេសាយ​បាន​ប្រព្រឹត្ត​យ៉ាង​ណា? «នោះ​ខ្ញុំ​ពោល​ថា ‹វរ​ហើយ​ខ្ញុំ! ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា​ក្សត្រ គឺ​ជា​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ› »! គាត់​ក៏​បាន​រំភើប​នឹក​ស្ងើច​ក្នុង​ចិត្ត​នឹង​ចក្ខុនិមិត្ត​នោះ​ណាស់! ចុះ​អ្នក​វិញ តើ​មាន​ចិត្ត​ដូច​នេះ​ទេ?

១៤ ដូច្នេះ តើ​អេសាយ​អាច​អត់​ទ្រាំ​នឹង​ការ​មើល​ឃើញ​ដ៏​រុង​រឿង​នេះ​ដោយ​យ៉ាង​ណា? គាត់​បាន​ពន្យល់​ថា សេរភីម​មួយ​បាន​មក​ជួយ​គាត់ ហើយ​បាន​ពោល​ថា៖ «សេចក្ដី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង»។ (អេសាយ ៦:៧) អេសាយ​អាច​ទុក​ចិត្ត​នឹង​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​បន្ទូល​របស់​ព្រះ​យេហូវ៉ា។ ឥឡូវ​នេះ តើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​សត្តនិករ​វិញ្ញាណ​ដែល​មាន​ឋានៈ​ដ៏​ឧត្តម​ឬ​ទេ? បើ​អញ្ចឹង តើ​អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា? សូម​ជីក​ស្រាវ​ជ្រាវ​រក​ពត៌មាន​ទៀត​ទៅ។ ឧបករណ៍​ជំនួយ​មួយ​ដែល​អាច​ប្រើ​នោះ គឺ​ជា​លិបិក្រម​ប្រកាសនវត្ថុ​ប៉ម​យាម។ ដោយ​បើក​មើល​អត្ថបទ​ដែល​បាន​បញ្ជាក់​ទី​នោះ យើង​អាច​រក​ឃើញ​ពត៌មាន​ច្រើន​ទៀត​ដែល​នាំ​ឲ្យ​យល់​ច្បាស់។

តើ​អ្វី​ដែល​អេសេគាល​បាន​ឃើញ?

១៥. តើ​អ្វី​ដែល​បញ្ជាក់​ថា​ចក្ខុនិមិត្ត​របស់​អេសេគាល គឺ​អាច​ទុក​ចិត្ត​លើ​បាន?

១៥ ជា​បន្ទាប់​សូម​ឲ្យ​យើង​មើល​នូវ​សត្តនិករ​វិញ្ញាណ​មួយ​ប្រភេទ​ទៀត។ អេសេគាល​មាន​ឱកាស​ទទួល​នូវ​ចក្ខុនិមិត្ត​ដែល​បណ្ដាល​ដោយ​ព្រះ កាល​ដែល​លោក​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​ស្រុក​បាប៊ីឡូន​នៅ​ឡើយ។ សូម​បើក​ព្រះ​គម្ពីរ​របស់​អ្នក​ទៅ​អេសេគាល ជំពូក​១ ហើយ​មើល​ខ​បី​ដំបូង។ តើ​ដំណើរ​រឿង​នេះ​ចាប់​ផ្ដើម​តាម​របៀប​ណា? តើ​រឿង​នេះ​ចែង​ថា ‹នៅ​ពេល​មួយ ក្នុង​ស្រុក​ដ៏​ឆ្ងាយ​មួយ . . . ឬ​ទេ›? អត់​ទេ នេះ​មិន​មែន​ជា​រឿង​ប្រឌិត ដែល​មាន​ឡើង​ក្នុង​គ្រា​ដែល​មិន​ពិត​នោះ​ទេ។ ខ​១​ចែង​ថា៖ «នៅ​ថ្ងៃ​៥​ខែ​អាសាធ ឆ្នាំ​ទី​៣០ កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបា​រ នោះ​មេឃ​ក៏​របើក​ឡើង ហើយ​ខ្ញុំ​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ»។ តើ​អ្នក​ឃើញ​យ៉ាង​ណា​ដែរ​អំពី​ខ​នេះ? ត្រូវ​ហើយ ខ​នេះ​ប្រាប់​កាល​បរិច្ឆេទ​និង​ទី​កន្លែង​ដ៏​ចំ​ៗ​ទៀត​ផង។ ពត៌មាន​ទាំង​នេះ​ចង្អុល​ប្រាប់​ពី​ឆ្នាំ​៦១៣ ម.​ស.យ. ដែល​ជា​ឆ្នាំ​ទី​ប្រាំ​នៃ​ស្តេច​យ៉ូយ៉ាគីន​បាន​ជាប់​និរទេស។

១៦. តើ​អ្វី​ដែល​អេសេគាល បាន​ឃើញ?

១៦ ព្រះ​ហស្ត​នៃ​ព្រះ​យេហូវ៉ា​បាន​ស្ថិត​លើ​លោក​អេសេគាល ដែល​ចាប់​ផ្ដើម​ឃើញ​ចក្ខុនិមិត្ត​ដ៏​ស្ញប់​ស្ញែង​អំពី​ព្រះ​យេហូវ៉ា​នៅ​លើ​បល្ល័ង្ក ជិះ​រទេះ​ដ៏​ធំ​ដែល​មាន​កង់​ដ៏​ធំ​សម្បើម ដែល​ខ្នង​កង់​នោះ​មាន​ភ្នែក​នៅ​ពេញ​ជុំ​វិញ។ ពត៌មាន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដល់​យើង​នៅ​ទី​នេះ គឺ​ថា​មាន​សត្តនិករ​បួន​រូប ហើយ​ម្នាក់​ៗ​ក៏​ឈរ​នៅ​ក្បែរ​កង់​និមួយ​ៗ។ «៤​រូប​ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤ . . . ឯ​ភាព​នៃ​មុខ​តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​៤​មាន​មុខ​ជា​សិង្ហ​ខាង​ស្ដាំ ទាំង​៤​ក៏​មាន​មុខ​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​៤​មាន​មុខ​ជា​ឥន្ទ្រី​ដែរ»។—អេសេគាល ១:៥, ៦, ១០

១៧. តើ​មុខ​បួន​នៃ​ពួក​ចេរូប៊ីន​តំណាង​អ្វី?

១៧ តើ​អ្វី​ជា​សត្តនិករ​បួន​រូប​នេះ​ដែល​មាន​ជីវិត? អេសេគាល​ប្រាប់​យើង​ថា គេ​ជា​ពួក​ចេរូប៊ីន។ (អេសេគាល ១០:១​-​៣, ១៤) ហេតុ​អ្វី​ក៏​គេ​មាន​មុខ​បួន​ដូច្នេះ? នេះ​គឺ​ដើម្បី​តំណាង​គុណសម្បត្ដិ​បួន​ដ៏​អស្ចារ្យ​របស់​ព្រះ​អម្ចាស់​មហា​ក្សត្រ ព្រះ​យេហូវ៉ា។ មុខ​ឥន្ទ្រី​ជា​សញ្ញា​តំណាង​ប្រាជ្ញា​ដែល​ជួយ​មើល​ឃើញ​បាន​ឆ្ងាយ។ (យ៉ូប ៣៩:២៧​-​២៩) តើ​មុខ​ជា​គោ​តំណាង​អ្វី? គោ​ជុល ដែល​មាន​កម្លាំង​ដ៏​ខ្លាំង​នៅ​នឹង​ក​ហើយ​ស្មា​របស់​វា បាន​ត្រូវ​ល្បី​ថា​អាច​លើក​សេះ​និង​អ្នក​ជិះ​សេះ​ទៅ​លើ​បាន។ យ៉ាង​ប្រាកដ​ហើយ គោ​ជា​សញ្ញា​តំណាង​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​របស់​ព្រះ​យេហូវ៉ា។ សិង្ហ​បាន​ត្រូវ​តំណាង​យុត្ដិធម៌​ដ៏​ក្លាហាន។ នៅ​ចុង​ក្រោយ មុខ​ជា​មនុស្ស​តំណាង​យ៉ាង​ត្រឹម​ត្រូវ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដ្បិត​មនុស្ស​ជា​សត្តនិករ​តែ​មួយ​គត់ ដែល​អាច​សម្ដែង​គុណសម្បត្ដិ​នេះ​យ៉ាង​ប៉ិន​ប្រសប់​នោះ។—ម៉ាថាយ ២២:៣៧, ៣៩; យ៉ូហាន​ទី​១ ៤:៨

១៨. តើ​តាម​របៀប​ណា​ដែល​សាវ័ក​យ៉ូហាន ជួយ​ឲ្យ​យើង​យល់​ថែម​ទៀត​អំពី​អង្គការ​នៅ​ស្ថាន​សួគ៌?

១៨ គឺ​មាន​ចក្ខុនិមិត្ត​ឯ​ទៀត ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ឃើញ​សព្វ​គ្រប់។ នេះ​គឺ​រួម​បញ្ចូល​ចក្ខុនិមិត្ត​របស់​យ៉ូហាន ដែល​បាន​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​វិវរណៈ។ ដូច​អេសេគាល គាត់​បាន​ឃើញ​ព្រះ​យេហូវ៉ា​នៅ​លើ​បល្ល័ង្ក​ដ៏​រុង​រឿង ដែល​មាន​ចេរូប៊ីន ដែល​ម្នាក់​ៗ​មាន​មុខ​បួន។ តើ​ពួក​ចេរូប៊ីន​កំពុង​តែ​ធ្វើ​អ្វី? គេ​បាន​បន្ត​ប្រកាស​នូវ​សេចក្ដី​ប្រកាស​របស់​ពួក​សេរភីម​នៅ​អេសាយ ជំពូក​៦ ដែល​ពោល​ថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​តែ​ពី​ដើម ក៏​នៅ​ឥឡូវ​នេះ ហើយ​ត្រូវ​យាង​មក​ទៀត»។ (វិវរណៈ ៤:៦​-​៨) យ៉ូហាន​ក៏​ឃើញ​កូន​ចៀម​នៅ​ជិត​បល្ល័ង្ក​នោះ​ដែរ។ តើ​ចៀម​នេះ​ប្រហែល​តំណាង​អ្នក​ណា​គេ? នោះ​គឺ​ជា​ចៀម​របស់​ព្រះ​តែ​មួយ ព្រះ​យេស៊ូ​គ្រីស្ទ។—វិវរណៈ ៥:១៣, ១៤

១៩. តាម​រយៈ​ការ​សិក្សា​នេះ តើ​អ្នក​បាន​យល់​អ្វី​ខ្លះ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា?

១៩ ដូច្នេះ តើ​យើង​បាន​យល់​អ្វី​ខ្លះ​តាម​រយៈ​ចក្ខុនិមិត្ត​ទាំង​នោះ? គឺ​ថា អង្គការ​នៅ​ស្ថាន​សួគ៌ មាន​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​មាន​កូន​ចៀម ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​ព្រះ​បន្ទូល។ រួច​មក យើង​បាន​ឃើញ​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌ ដែល​រួម​បញ្ចូល​ពួក​សេរភីម​និង​ពួក​ចេរូប៊ីន។ ពួក​គេ​រួម​ចំណែក​អង្គការ​ដ៏​ធំ​ដែល​មាន​សាមគ្គីភាព ដែល​កំពុង​តែ​បំរើ​ដើម្បី​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ ហើយ​គោល​បំណង​មួយ គឺ​ជា​កិច្ច​ការ​ផ្សាយ​ដំណឹង​ល្អ​ពាស​ពេញ​ពិភព​លោក ក្នុង​គ្រា​ចុង​បញ្ចប់​នេះ។—ម៉ាកុស ១៣:១០; យ៉ូហាន ១:១​-​៣; វិវរណៈ ១៤:៦, ៧

២០. តើ​សំនួរ​អ្វី​ដែល​នឹង​ត្រូវ​ឆ្លើយ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២០ នៅ​ទី​បំផុត យើង​មាន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី ដែល​មក​ជួប​ជុំ​គ្នា​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ ដើម្បី​រៀន​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អម្ចាស់​មហា​ក្សត្រ។ យ៉ាង​ប្រាកដ​ណាស់ ឥឡូវ​នេះ យើង​បាន​យល់​ដឹង​ថា យើង​មាន​គ្នា​ជា​ច្រើន គឺ​ច្រើន​ជាង​ពួក​នៅ​ខាង​សាតាំង ដែល​ជា​ពួក​សត្រូវ​នៃ​សេចក្ដី​ពិត​នោះ។ សំនួរ​ដែល​ត្រូវ​សួរ​នោះ​គឺ​ថា តើ​អង្គការ​នៅ​ស្ថាន​សួគ៌​មាន​ទាក់​ទង​អ្វី​នឹង​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ? អត្ថបទ​ជា​បន្ទាប់​នឹង​ពិនិត្យ​មើល​រឿង​នោះ​និង​រឿង​ផ្សេង​ៗ​ទៀត​ដែរ។

សំនួរ​ដើម្បី​ពិនិត្យ​សា​ឡើង​វិញ

◻ ដើម្បី​នឹង​អបអរ​អង្គការ​របស់​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​តែ​យល់​អំពី​អ្វី?

◻ តើ​អ្នក​បំរើ​របស់​លោក​អេលីសេ​បាន​ពិសោធ​អ្វី ហើយ​តើ​ព្យាការី​នេះ​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ដូច​ម្ដេច?

◻ តើ​យើង​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​សិក្សា​ផ្ទាល់​ខ្លួន?

◻ តើ​ដានីយ៉ែល អេសាយ និង​អេសេគាល បាន​ផ្ដល់​ពត៌មាន​យ៉ាង​ណា​អំពី​អង្គការ​នៅ​ស្ថាន​សួគ៌?

[រូប​ភាព​នៅ​ទំព័រ​២១]

ផល​ប្រយោជន៍​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន​មាន​ច្រើន​ជាង​នឹង​អាហារ​ដែល​បាន​គេ​ខំ​រៀបចំ

[រូប​ភាព​នៅ​ទំព័រ​២៣]

ចក្ខុនិមិត្ត​អំពី​ពួក​ទ័ព​នៅ​ស្ថាន​សួគ៌ ជា​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឆ្លើយ​នឹង​ការ​អធិស្ឋាន​របស់​លោក​អេលីសេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក