បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១០ ទំ. ១៨-២២
  • ‹សេចក្ដីស្លាប់នឹងបានត្រូវបំផ្លាញ›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹សេចក្ដីស្លាប់នឹងបានត្រូវបំផ្លាញ›
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មាន​រូប​កាយ​បែប​ណា?
  • សេចក្ដី​រស់​ឡើង​វិញ​នៅ​លើ​ផែនដី?
  • តើ​អ្នក​ណា​នឹង​ត្រឡប់​មក​វិញ?
  • ដំណើរ​រស់​ឡើង​វិញ​ដ៏​រៀប​រយ
  • សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញមានឥទ្ធិពល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • «តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ដំណើររស់ឡើងវិញ—សំរាប់ពួកណា ហើយនៅទីណា?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ការប្រោសឲ្យរស់ឡើងវិញគឺជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១០ ទំ. ១៨-២២

‹សេចក្ដី​ស្លាប់​នឹង​បាន​ត្រូវ​បំផ្លាញ›

«ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់»។—កូរិនថូស​ទី​១ ១៥:២៦

១, ២. (ក) តើ​សាវ័ក​ប៉ុល​បាន​ប្រាប់​អំពី​សេចក្ដី​សង្ឃឹម​អ្វី​ចំពោះ​ពួក​មនុស្ស​ស្លាប់? (ខ) តើ​អ្វី​ជា​សំនួរ​អំពី​ដំណើរ​រស់​ឡើង​វិញ​ដែល​ប៉ុល​បាន​សួរ​ឡើង?

«ខ្ញុំ​ជឿ​លើ . . . ដំណើរ​រស់​ឡើង​វិញ​នៃ​រូប​កាយ ហើយ​និង​ជឿ​លើ​ជីវិត​អស់​កល្ប​ជា​និច្ច»។ នេះ​ជា​ការ​ថ្លែង​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា លទ្ធិ​ជំនឿ​ពួក​សាវ័ក។ ពួក​កាតូលិក​និង​ពួក​ប្រូតេស្តង់​សូត្រ​លទ្ធិ​នេះ​ជា​ករណីយកិច្ច ដោយ​ឥត​ដឹង​ថា ជំនឿ​របស់​គេ​គឺ​ស្រដៀង​នឹង​ទស្សនវិជ្ជា​ក្រិក ជា​ជាង​នឹង​អ្វី​ដែល​ពួក​សាវ័ក​បាន​ជឿ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​បដិសេធ​នូវ​ទស្សនវិជ្ជា​ក្រិក ហើយ​ឥត​បាន​ជឿ​លើ​ព្រលឹង​អមតៈ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ជឿ​យ៉ាង​មុត​មាំ​លើ​ជីវិត​នៅ​ខាង​មុខ ហើយ​ដោយ​បាន​ព្រះ​បណ្ដាល​ឲ្យ​តែង នោះ​គាត់​បាន​សរសេរ​ថា៖ «ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់»។ (កូរិនថូស​ទី​១ ១៥:២៦) តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​មនុស្ស​លោក​ដែល​ចេះ​តែ​ស្លាប់​នោះ?

២ ក្នុង​ការ​ឆ្លើយ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ម្ដង​ទៀត​នូវ​ការ​ពិគ្រោះ​របស់​ប៉ុល អំពី​ដំណើរ​រស់​ឡើង​វិញ ដែល​បាន​កត់​ទុក​នៅ​កូរិនថូស​ទី​១ ជំពូក ១៥។ អ្នក​នឹង​ចាំ​ថា ក្នុង​ខ​ទី​មួយ ប៉ុល​បាន​ធ្វើ​និទស្សន៍​អំពី​ដំណើរ​រស់​ឡើង​វិញ ថា​ជា​ផ្នែក​ដ៏​សំខាន់​នៃ​លទ្ធិ​គ្រីស្ទាន។ ឥឡូវ​នេះ គាត់​មាន​ប្រសាសន៍​អំពី​សំនួរ​ដ៏​ជាក់​លាក់​មួយ ដោយ​ថា៖ «មុខ​ជា​នឹង​មាន​អ្នក​ណា​មួយ​សួរ​ថា៖ ‹ឯ​ពួក​មនុស្ស​ស្លាប់ នឹង​រស់​ឡើង​វិញ​យ៉ាង​ណា? តើ​មក​វិញ​មាន​រូប​កាយ​ដូច​ម្ដេច› »?—កូរិនថូស​ទី​១ ១៥:៣៥

តើ​មាន​រូប​កាយ​បែប​ណា?

៣. ហេតុ​អ្វី​ក៏​មនុស្ស​ខ្លះ​បាន​បដិសេធ​លើ​ដំណើរ​រស់​ឡើង​វិញ?

៣ ក្នុង​ការ​សួរ​សំនួរ​នេះ នោះ​ប៉ុល​ប្រហែល​ជា​ចង់​ត​ទល់​នឹង​ឥទ្ធិពល​ពី​ទស្សនវិជ្ជា​របស់​ផ្លេតូ។ ផ្លេតូ​បាន​បង្រៀន​ថា មនុស្ស​មាន​ព្រលឹង​អមតៈ ដែល​រស់​គង់​នៅ​ក្រោយ​ពី​រូប​កាយ​ស្លាប់​ទៅ។ ចំពោះ​អស់​អ្នក​ដែល​បាន​អប់រំ​នឹង​គំនិត​បែប​នេះ នោះ​សេចក្ដី​បង្រៀន​របស់​គ្រីស្ទាន​អំពី​ដំណើរ​រស់​ឡើង​វិញ​ប្រាកដ​ជា​ឥត​សំខាន់​ទេ។ ប្រសិន​បើ​ព្រលឹង​រួច​រស់​ជីវិត​ក្រោយ​ពី​ស្លាប់ នោះ​តើ​ដំណើរ​រស់​ឡើង​វិញ​មាន​ប្រយោជន៍​អ្វី​ទៅ? ថែម​ទៀត​នោះ ដំណើរ​រស់​ឡើង​វិញ​ប្រហែល​ជា​មិន​សម​ហេតុ​ផល​ផង។ ក្រោយ​ពី​រូប​កាយ​រលាយ​ទៅ​ជា​ដី​ហើយ តើ​អាច​មាន​ដំណើរ​រស់​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច​បាន? លោក​ហាញរិច មែយើ ដែល​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ព្រះ​គម្ពីរ មាន​ប្រសាសន៍​ថា បដិបក្ខភាព​នៃ​ពួក​កូរិនថូស​ខ្លះ គឺ​ប្រហែល​ជា​មាន​មូលដ្ឋាន«លើ​គ្រឹះ​ខាង​ទស្សនវិជ្ជា ថា​ការ​ធ្វើ​ឲ្យ​ដូច​ដើម​វិញ​នៃ​រូប​ធាតុ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ»។

៤, ៥. (ក) ហេតុ​អ្វី​ក៏​ការ​ជំទាស់​របស់​ពួក​ដែល​ឥត​មាន​ជំនឿ មិន​សម​ហេតុ​ផល? (ខ) សូម​ពន្យល់​អំពី​រឿង​ប្រៀប​ប្រដូច​របស់​ប៉ុល​អំពី«គ្រាប់​សុទ្ធ»? (គ) តើ​ព្រះ​នឹង​ប្រទាន​ឲ្យ​រូប​កាយ​បែប​ណា ដល់​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

៤ ប៉ុល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​វែក​ញែក​ដ៏​ឥត​សម​ហេតុ​ផល​របស់​គេ ដោយ​ថា៖ «ឱ​មនុស្ស​កំឡៅ​អើយ! គ្រាប់​ពូជ​ដែល​អ្នក​ព្រោះ​ទៅ បើ​មិន​ងាប់ នោះ​មិន​ពន្លក​ដុះ​ឡើង​ទេ ហើយ​គ្រាប់​ដែល​អ្នក​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ពន្លក​ឡើង​នោះ​ដែរ គឺ​ជា​គ្រាប់​សុទ្ធ ដូច​ជា​គ្រាប់​ស្រូវ ឬ​ពូជ​ណា​ទៀត​ក្ដី តែ​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ដើម​ទីទៃ​ពី​គ្នា​រៀង​រាល់​ពូជ តាម​ព្រះ​ហឫទ័យ​ទ្រង់»។ (កូរិនថូស​ទី​១ ១៥:៣៦​-​៣៨) ព្រះ​ទ្រង់​នឹង​មិន​ប្រោស​រូប​កាយ​ដែល​មនុស្ស​មាន កាល​ដែល​គេ​រស់​នៅ​លើ​ផែនដី​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ។

៥ ប៉ុល​ប្រៀប​ធៀប​ដំណើរ​រស់​ឡើង​វិញ​ទៅ​នឹង​គ្រាប់​ពូជ​ដែល​មាន​ពន្លក​ដុះ​ឡើង។ គ្រាប់​ពូជ​នៃ​ស្រូវ​សាលី​ដ៏​តូច​មួយ គឺ​មិន​មែន​ដូច​ជា​ដើម​ដែល​នឹង​ដុះ​ពន្លក​ឡើង​នោះ​ឡើយ។ សព្វវចនាធិប្បាយ​សៀវភៅ​ពិភព​លោក ចែង​ថា៖ «នៅ​ពេល​ដែល​គ្រាប់​ពូជ​មួយ​ចាប់​ផ្ដើម​ដុះ​ពន្លក នោះ​វា​បឺត​យក​ទឹក​ជា​ច្រើន។ ទឹក​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ខាង​គីមី​ដែល​នៅ​ក្នុង​ពូជ​នោះ។ នេះ​ក៏​បណ្ដាល​ឲ្យ​ជាលិកា​ក្នុង​ពូជ​ប៉ោង​ឡើង ហើយ​បែក​ចេញ​ពី​សម្បក​វា»។ តាម​ពិត ពូជ​មួយ​គ្រាប់​នេះ​ក៏​ងាប់​ទៅ កាល​ដែល​ពូជ​ក្លាយ​ទៅ​ជា​ដើម​ដែល​ទើប​ដុះ​ឡើង។ «ព្រះ​ទ្រង់ប្រទាន​ឲ្យ​មាន​ដើម» ក្នុង​ន័យ​ថា ទ្រង់​បាន​ដាក់​ច្បាប់​ខាង​វិទ្យា​សាស្ត្រ​សំរាប់​ឲ្យ​វា​លូត​លាស់ ហើយ​ពូជ​និមួយ​ៗ​ទទួល​រូប​រាង​នេះ​រៀង​ៗ​ខ្លួន។ (លោកុប្បត្តិ ១:១១) ស្រដៀង​នេះ​ដែរ ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​ត្រូវ​ស្លាប់​ជា​មនុស្ស​ជា​មុន​សិន។ រួច​មក នៅ​គ្រា​កំណត់​របស់​ព្រះ នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​គេ​រស់​ឡើង​វិញ ជា​រូប​កាយ​ថ្មី​ទាំង​ស្រុង។ ដូច​ជា​ប៉ុល​បាន​ប្រាប់​ពួក​ភីលីព «យេស៊ូ​គ្រីស្ទ . . . ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​អង្គ​ឧត្តម​របស់​ទ្រង់»។ (ភីលីព ៣:២០, ២១; កូរិនថូស​ទី​២ ៥:១, ២) គេ​នឹង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មាន​រូប​កាយ​ជា​វិញ្ញាណ ហើយ​នឹង​រស់​នៅ​ក្នុង​វិស័យ​វិញ្ញាណ។—យ៉ូហាន​ទី​១ ៣:២

៦. ហេតុ​អ្វី​ជា​ការ​សម​ហេតុ​ផល ក្នុង​ការ​ជឿ​ថា ព្រះ​នឹង​អាច​ប្រទាន​រូប​កាយ​វិញ្ញាណ​ដល់​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

៦ តើ​រឿង​នេះ​ពិបាក​នឹង​យល់​ឬ? គឺ​អត់​ទេ ប៉ុល​វែក​ញែក​ថា សត្វ​ក៏​មាន​រូប​កាយ​ជា​ច្រើន​ប្រភេទ​ដែរ។ ម្យ៉ាង​ទៀត​នោះ គាត់​បាន​ប្រៀប​ធៀប​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌ ជា​មួយ​នឹង​មនុស្ស ដោយ​មាន​ប្រសាសន៍​ថា៖ «ក៏​មាន​រូប​កាយ​សំរាប់​ស្ថាន​សួគ៌ ហើយ​មាន​រូប​កាយ​សំរាប់​ផែនដី​ដែរ»។ របស់​បង្កើត​ដែល​អ​ជីវៈ​ក៏​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ដែរ។ មុន​នឹង​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​របស់​នៅ​លើ​មេឃ​ដូច​ជា ផ្កាយ​ពណ៌​ខៀវ ផ្កាយ​ពណ៌​ក្រហម និង​ផ្កាយ​ពណ៌​ស នោះ​ប៉ុល​បាន​មាន​ប្រសាសន៍​ថា «សូម្បី​តែ​ផ្កាយ​ទាំង​ប៉ុន្មាន​សោត ក៏​មាន​រស្មី​ខុស​ពី​គ្នា​ដែរ»។ ដោយ​ដឹង​អំពី​រឿង​នេះ តើ​មិន​ជា​សម​ហេតុ​ផល​ទេ​ឬ ដែល​ព្រះ​អាច​ផ្ដល់​រូប​កាយ​ខាង​វិញ្ញាណ​ដ៏​សម​រម្យ ចំពោះ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ?—កូរិនថូស​ទី​១ ១៥:៣៩​-​៤១

៧. តើ​អ្វី​ជា​អត្ថន័យ​នៃ​ភាព​ឥត​ពុក​រលួយ? និង​អម​ត​ភាព?

៧ រួច​មក ប៉ុល​និយាយ​ថា៖ «សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​កប់​ទៅ ជា​រូប​កាយ​ដែល​ពុក​រលួយ តែ​រស់​ឡើង​វិញ ជា​រូប​កាយ មិន​ចេះ​ពុក​រលួយ​ឡើយ»។ (កូរិនថូស​ទី​១ ១៥:៤២) រូប​កាយ​របស់​មនុស្ស ទោះ​ជា​គ្រប់ល័ក្ខណ៍​ក៏​ដោយ ក៏​អាច​ពុក​រលួយ​បាន​ដែរ។ ដូច្នេះ គឺ​អាច​សម្លាប់​រូប​កាយ​ដ៏​គ្រប់ល័ក្ខណ៍​បាន។ ជា​ឧទាហរណ៍ ប៉ុល​មាន​ប្រសាសន៍​ថា ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ នឹង«មិន . . . ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ​ទៀត​ឡើយ»។ (កិច្ច​ការ ១៣:៣៤) ទ្រង់​នឹង​មិន​ត្រឡប់​ទៅ​មក​មាន​ជីវិត​ក្នុង​រូប​កាយ​មនុស្ស ទោះ​ជា​រូប​កាយ​មនុស្ស​ដ៏​គ្រប់ល័ក្ខណ៍​ក៏​ដោយ ដែល​មាន​សេចក្ដី​ពុក​រលួយ​នោះ។ រូប​កាយ​ដែល​ព្រះ​នឹង​ប្រទាន​ឲ្យ​ដល់​ពួក​អ្នក​ចាក់​ប្រេង​តាំង ដែល​នឹង​រស់​ឡើង​វិញ​នោះ គឺ​ឥត​ចេះ​ពុក​រលួយ​ដែរ ដែល​មិន​ចេះ​ស្លាប់​ឬ​ពុក​រលួយ​ទេ។ ប៉ុល​មាន​ប្រសាសន៍​បន្ត​ថា៖ «បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​អាប់​ឱន តែ​រស់​ឡើង​វិញ ទាំង​មាន​សិរី​ល្អ បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​កំសោយ តែ​រស់​ឡើង​វិញ ទាំង​មាន​ព្រះ​ចេស្ដា បាន​កប់​ទៅ ជា​រូប​កាយ ខាង​សាច់​ឈាម តែ​រស់​ឡើង ជា​រូប​កាយ ខាង​វិញ្ញាណ​វិញ»។ (កូរិនថូស​ទី​១ ១៥:៤៣, ៤៤) ប៉ុល​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា៖ «ហើយ​រូប​កាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ​ដែរ»។ អម​ត​ភាព​មាន​ន័យ​ថា ជីវិត​ដែល​មិន​ចេះ​ចប់ ដែល​មិន​វិនាស​សូន្យ​ទៅ។ (កូរិនថូស​ទី​១ ១៥:៥៣; ហេព្រើរ ៧:១៦) តាម​របៀប​នេះ ពួក​អ្នក​ដែល​បាន​ត្រូវ​រស់​ឡើង​វិញ មាន«រូប​រាង​របស់​ព្រះ​អម្ចាស់​ពី​ស្ថាន​សួគ៌» គឺ​ព្រះ​យេស៊ូ ដែល​បាន​បើក​ឲ្យ​គេ​មាន​ដំណើរ​រស់​ឡើង​វិញ​បាន។—កូរិនថូស​ទី​១ ១៥:៤៥​-​៤៩

៨. (ក) តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ពួក​អ្នក​ដែល​នឹង​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជា​បុគ្គល​ដដែល​ដូច​កាល​ដែល​គេ​នៅ​រស់​លើ​ផែនដី​នោះ? (ខ) តើ​ទំនាយ​អ្វី​ខ្លះ​នឹង​បាន​សម្រេច នៅ​ពេល​ដែល​ដំណើរ​រស់​ឡើង​វិញ​ចាប់​ផ្ដើម​ឡើង?

៨ ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​នេះ គឺ​ជា​បុគ្គល​ដដែល​ដូច​មុន​គេ​ស្លាប់​ទៅ​នោះ ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​នៃ​រូប​កាយ​ក៏​ដោយ។ ព្រះ​នឹង​ប្រោស​ឲ្យ​គេ​រស់​ឡើង​វិញ ដោយ​មាន​អនុស្សាវរីយ​ដដែល និង​គុណសម្បត្ដិ​គ្រីស្ទាន​ដ៏​អស្ចារ្យ​ដដែល។ (ម៉ាឡាគី ៣:៣; វិវរណៈ ២១:១០, ១៨) ក្នុង​ចំណុច​នេះ នោះ​គេ​មាន​សភាព​ដូច​ព្រះ​យេស៊ូ​គ្រីស្ទ។ ទ្រង់​បាន​ផ្លាស់​ប្ដូរ​ពី​រូប​កាយ​វិញ្ញាណ​ទៅ​ជា​រូប​កាយ​មនុស្ស។ រួច​មក ទ្រង់​បាន​សោយ​ទិវង្គត ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ជា​រូប​កាយ​វិញ្ញាណ​វិញ។ ប៉ុន្តែ «ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជា​និច្ច​ត​ទៅ»។ (ហេព្រើរ ១៣:៨) ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​នេះ​គឺ​មាន​ឯកសិទ្ធិ​ដ៏​រុង​រឿង​មែន! ប៉ុល​មាន​ប្រសាសន៍​ថា៖ «កាល​ណា​រូប​កាយ​ពុក​រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក​រលួយ ហើយ​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ នោះ​ទើប​នឹង​បាន​សំរេច​តាម​ពាក្យ ដែល​ចែង​ទុក​មក​ថា៖ ‹សេចក្ដី​ជ័យ​ជំនះ​បាន​លេប​សេចក្ដី​ស្លាប់​បាត់​ហើយ›។ ‹ឱ​សេចក្ដី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា សេចក្ដី​ស្លាប់​អើយ ជ័យ​ជំនះ​របស់​ឯង​នៅ​ឯ​ណា› »?—កូរិនថូស​ទី​១ ១៥:៥៤, ៥៥; អេសាយ ២៥:៨; ហូសេ ១៣:១៤

សេចក្ដី​រស់​ឡើង​វិញ​នៅ​លើ​ផែនដី?

៩, ១០. (ក) ក្នុង​កូរិនថូស​ទី​១ ១៥:២៤ តើ​អ្វី​ជា‹គ្រា​ចុង​បំផុត› ហើយ​តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ដំណាល​គ្នា​នេះ? (ខ) ដើម្បី​ឲ្យ​សេចក្ដី​ស្លាប់​រលាយ​សូន្យ​ទៅ តើ​អ្វី​ដែល​ត្រូវ​តែ​កើត​ឡើង?

៩ តើ​មាន​អនាគត​យ៉ាង​ណា​ដែរ ចំពោះ​មនុស្ស​ជា​ច្រើន​លាននាក់ ដែល​ឥត​មាន​សេចក្ដី​សង្ឃឹម​ឲ្យ​បាន​ជីវិត​វិញ្ញាណ​អមតៈ​នៅ​លើ​ស្ថាន​សួគ៌​នោះ? ប្រាកដ​ហើយ គឺ​មាន! ក្រោយ​ពី​បាន​ពន្យល់​ថា សេចក្ដី​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នឹង​កើត​ឡើង​ក្នុង​កំឡុង​វត្តមាន​របស់​ព្រះ​គ្រីស្ទ នោះ​ប៉ុល​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​មាន​ជា​បន្ត​ក្រោយ​មក ដោយ​មាន​ប្រសាសន៍​ថា៖ «គ្រា​នោះ​បាន​ដល់​ចុង​បំផុត​ហើយ ជា​វេលា​ដែល​ទ្រង់​នឹង​ប្រគល់​នគរ ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​ទៅ​វិញ ក្រោយ​ដែល​ទ្រង់​បាន​ទំលាក់​អស់​ទាំង​រាជ្យ នឹង​អំណាច ហើយ​នឹង​ឥទ្ធិ​ឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ»។—កូរិនថូស​ទី​១ ១៥:២៣, ២៤

១០ ‹គ្រា​ចុង​បំផុត› គឺ​ជា​គ្រា​ចុង​បំផុត​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ នៅ​ពេល​ដែល​ព្រះ​យេស៊ូ ដោយ​មាន​ព្រះ​ទ័យ​រាប​ទាប​និង​ដោយ​ស្មោះ​ត្រង់​ផង ក៏​ប្រគល់​ព្រះ​រាជាណាចក្រ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​ទៅ​វិញ។ (វិវរណៈ ២០:៤) គោល​បំណង​របស់​ព្រះ«ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់ ក្នុង​ព្រះ​គ្រីស្ទ» នោះ​នឹង​ត្រូវ​សម្រេច​បាន​ហើយ។ (អេភេសូរ ១:៩, ១០) ប៉ុន្តែ មុន​ដំបូង​នោះ ព្រះ​គ្រីស្ទ​នឹង​បាន​ត្រូវ​ទំលាក់«អស់​ទាំង​រាជ្យ នឹង​អំណាច ហើយ​នឹង​ឥទ្ធិ​ឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ» ដែល​បាន​ប្រឆាំង​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​មហា​ក្សត្រ។ នេះ​នឹង​ជាប់​ទាក់​ទង​ច្រើន​ទៀត មិន​គ្រាន់​តែ​សេចក្ដី​ហិន​វិនាស​ដែល​មាន​នៅ​ឯ​អើម៉ាគេដូន​នោះ​ទេ។ (វិវរណៈ ១៦:១៦; ១៩:១១​-​២១) ប៉ុល​មាន​ប្រសាសន៍​ថា៖ «[ព្រះ​គ្រីស្ទ]ទ្រង់​បាន​សោយ​រាជ្យ ទាល់​តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់ ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់»។ (កូរិនថូស​ទី​១ ១៥:២៥, ២៦) ត្រូវ​ហើយ សេចក្ដី​បាប​និង​សេចក្ដី​ស្លាប់​ពី​អ័ដាម នោះ​នឹង​បាន​ត្រូវ​រលាយ​សូន្យ​ទៅ​អស់​ហើយ។ រួច​មក នោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចេញ​ពី«ផ្នូរ» ដោយ​ប្រោស​ឲ្យ​គេ​មាន​ជីវិត​រស់​ឡើង​វិញ។—យ៉ូហាន ៥:២៨

១១. (ក) តើ​ហេតុ​អ្វី​ក៏​យើង​ដឹង​ថា ព្រះ​អាច​បង្កើត​ព្រលឹង​មនុស្ស​ស្លាប់​ម្ដង​ទៀត? (ខ) តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើ​ផែនដី នឹង​បាន​រូប​កាយ​បែប​ណា?

១១ នេះ​មាន​ន័យ​ថា ការ​បង្កើត​ព្រលឹង​មនុស្ស​សា​ឡើង​វិញ។ តើ​មិន​អាច​ធ្វើ​បាន​ទេ​ឬ? មិន​ដូច្នេះ​ទេ ដ្បិត​ទំនុកដំកើង ១០៤:២៩, ៣០ ធានា​រ៉ាប់​រង​យើង​ថា​ព្រះ​អាច​ធ្វើ​ទៅ​បាន ដែល​ចែង​ថា៖ «កាល​ទ្រង់​ដក​យក​ដង្ហើម​ចេញ នោះ​វា​ក៏​ស្លាប់​ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ទ្រង់​ចាត់​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ទៅ នោះ​វា​កើត​ឡើង»។ ទោះ​ជា​ពួក​អ្នក​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជា​បុគ្គល​ដដែល​មុន​នឹង​គេ​បាន​ស្លាប់ នោះ​មិន​ចាំ​បាច់​មាន​រូប​កាយ​ដដែល​នោះ​ទេ។ ព្រះ​នឹង​ប្រទាន​ឲ្យ​គេ​នូវ​រូប​កាយ​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ដូច​ពួក​អ្នក​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ខាង​ស្ថាន​សួគ៌​អញ្ចឹង។ ប្រាកដ​ហើយ រូប​កាយ​ថ្មី​របស់​គេ​នឹង​មាន​សុខភាព​ល្អ ហើយ​ស្រដៀង​នឹង​រូប​កាយ​ដើម​របស់​គេ ដើម្បី​ឲ្យ​ពួក​អ្នក​ស្ងួន​ភ្ងា​របស់​គេ​អាច​ស្គាល់​គេ​បាន។

១២. តើ​សេចក្ដី​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​នឹង​កើត​ឡើង​នៅ​ពេល​ណា?

១២ តើ​សេចក្ដី​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​នឹង​កើត​ឡើង​នៅ​ពេល​ណា? នាង​ម៉ាថា​បាន​និយាយ​អំពី​ប្អូន​ប្រុស​គាត់​ឈ្មោះ​ឡាសា ដែល​បាន​ស្លាប់​នោះ​ថា៖ «ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ»។ (យ៉ូហាន ១១:២៤) ហេតុ​ដូច​ម្ដេច​បាន​ជា​នាង​ដឹង​អំពី​រឿង​នេះ? ដំណើរ​រស់​ឡើង​វិញ ជា​ប្រធាន​ដែល​បាន​គេ​ឈ្លោះ​ប្រកែក​នៅ​សម័យ​របស់​នាង ដោយ​ព្រោះ​ពួក​ផារីស៊ី​បាន​ជឿ​លើ​រឿង​នេះ ឯ​ពួក​សាឌូស៊ី​វិញ នោះ​គេ​ឥត​ជឿ​លើ​រឿង​នេះ​ទេ។ (កិច្ច​ការ ២៣:៨) ប៉ុន្តែ ម៉ាថា​បាន​ដឹង​អំពី​ពួក​ស្មរបន្ទាល់​មុន​សម័យ​គ្រីស្ទាន ដែល​មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ។ (ហេព្រើរ ១១:៣៥) ណា​មួយ​ទៀត នាង​អាច​យល់​ដឹង​ពី​ដានីយ៉ែល ១២:១៣ ដែល​ថា​ដំណើរ​រស់​ឡើង​វិញ នឹង​កើត​ឡើង​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ នាង​ប្រហែល​ជា​ដឹង​អំពី​រឿង​នេះ​ពី​ព្រះ​យេស៊ូ​ផ្ទាល់​ផង។ (យ៉ូហាន ៦:៣៩) «ថ្ងៃ​ចុង​បំផុត»នេះ កើត​ឡើង​ក្នុង​ពេល​ជា​មួយ​គ្នា​នឹង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ។ (វិវរណៈ ២០:៦) សូម​គិត​ពី​ការ​រំភើប​ចិត្ត​ដែល​នឹង​មាន​ក្នុង​កំឡុង«ថ្ងៃ»នោះ នៅ​ពេល​ដែល​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នេះ​ចាប់​ផ្ដើម​ឡើង!—ប្រៀប​ធៀប លូកា ២៤:៤១

តើ​អ្នក​ណា​នឹង​ត្រឡប់​មក​វិញ?

១៣. តើ​ចក្ខុនិមិត្ត​អ្វី​អំពី​ដំណើរ​រស់​ឡើង​វិញ ដែល​បាន​រាយ​ការណ៍​ប្រាប់​នៅ​វិវរណៈ ២០:១២​-​១៤?

១៣ នៅ​វិវរណៈ ២០:១២​-​១៤ បាន​កត់​ទុក​នូវ​ចក្ខុនិមិត្ត​របស់​យ៉ូហាន​អំពី​សេចក្ដី​រស់​ឡើង​វិញ​នៅ​លើ​ផែនដី ដែល​ចែង​ថា៖ «នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏​បាន​បើក​ឡើង ហើយ​បញ្ជី​១​ទៀត គឺ​ជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​បាន​ជំនុំ​ជំរះ ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯ​ណោះ​មក​វិញ​ដែរ រួច​គេ​ត្រូវ​ជំនុំ​ជំរះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ចំណែក​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ នេះ​ជា​សេចក្ដី​ស្លាប់​ទី​២»។

១៤. (ក) តើ​អ្នក​ណា​ដែល​នឹង​នៅ​ចំណោម​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ? (ខ) តើ​អ្នក​ណា​ដែល​នឹង​មិន​ត្រឡប់​មក​វិញ ហើយ​តើ​ការ​ស្មាន​អ្វី​ដែល​ឥត​មាន​ប្រយោជន៍​នោះ?

១៤ ដំណើរ​រស់​ឡើង​វិញ​នេះ​នឹង​រួម​បញ្ចូល«ទាំង​អ្នក​ធំ ទាំង​អ្នក​តូច» គឺ​មនុស្ស​ដ៏​ធំ​ដុំ​និង​មនុស្ស​ដែល​គេ​មិន​សូវ​ស្គាល់ ដែល​បាន​រស់​នៅ​ហើយ​បាន​ស្លាប់​ទៅ​នោះ។ សូម្បី​តែ​ទារក​ទាំង​ឡាយ​ក៏​រួម​បញ្ចូល​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ដែរ! (យេរេមា ៣១:១៥, ១៦) នៅ​កិច្ច​ការ ២៤:១៥ គឺ​បាន​បង្ហាញ​ប្រាប់​នូវ​ពត៌មាន​ដ៏​សំខាន់​មួយ​ទៀត ដែល​ថា៖ «ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។ មនុស្ស​ដ៏​ងាយ​សម្គាល់​ក្នុង​ចំណោម​ពួក«មនុស្ស​សុចរិត» គឺ​នឹង​មាន​ពួក​បុរស​និង​ពួក​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ពី​បុរាណ ដូច​ជា​អេបិល អេណុក ណូអេ អ័ប្រាហាំ សារ៉ា និង​រ៉ាហាប។ (ហេព្រើរ ១១:១​-​៤០) សូម​គិត​ទៅ​មើល​នូវ​ការ​និយាយ​ជា​មួយ​ពួក​គេ ហើយ​ពី​ការ​ទទួល​នូវ​ពត៌មាន​អំពី​ព្រឹត្ដិការណ៍​ក្នុង​ព្រះ​គម្ពីរ​ជា​យូរ​យារ​មក​ហើយ ដែល​គេ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នោះ! «មនុស្ស​សុចរិត» ក៏​រួម​បញ្ចូល​ពួក​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ឯ​ទៀត ដែល​បាន​កោត​ខ្លាច​ព្រះ ហើយ​ដែល​បាន​ស្លាប់​នៅ​ពេល​ថ្មី​ៗ​នេះ ទាំង​ឥត​មាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថាន​សួគ៌​នោះ​ទេ។ តើ​អ្នក​មាន​សមាជិក​គ្រួសារ​ឬ​មិត្ត​សំឡាញ់​ណា​ម្នាក់ ដែល​ប្រហែល​នៅ​ក្នុង​ចំណោម​ពួក​នេះ​ឬ​ទេ? ជា​ការ​គួរ​ឲ្យ​សម្រាល​ទុក្ខ​មែន ដោយ​ដឹង​ថា អ្នក​អាច​ឃើញ​ពួក​គេ​ម្ដង​ទៀត​នោះ! ប៉ុន្តែ ចុះ​ពួក​ណា​ដែល​ជា«មនុស្ស​ទុច្ចរិត» ដែល​នឹង​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ​នោះ? ពួក​គេ​នេះ​រួម​បញ្ចូល​មនុស្ស​ជា​ច្រើន​លាន​នាក់ ប្រហែល​ជា​ច្រើន​កោដិ​នាក់​ផង ដែល​បាន​ស្លាប់​ទៅ​ដោយ​ឥត​មាន​ឱកាស​រៀន​និង​អនុវត្ត​តាម​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។

១៥. តើ​មាន​ន័យ​យ៉ាង​ណា ដែល​ថា​ពួក​អ្នក​ដែល​ត្រឡប់​មក​វិញ​នឹង«ត្រូវ​បាន​ជំនុំ​ជំរះ ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន»?

១៥ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​ពួក​មនុស្ស​ដែល​ត្រឡប់​មក​វិញ​ទាំង​នេះ នឹង«ត្រូវ​បាន​ជំនុំ​ជំរះ ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន»? បញ្ជី​ទាំង​នេះ​មិន​មែន​ជា​បញ្ជី​នៃ​អំពើ​នៅ​ពី​មុន​ៗ​របស់​គេ​នោះ​ទេ ដ្បិត​នៅ​ពេល​ដែល​គេ​ស្លាប់​ទៅ នោះ​បាន​រួច​ផុត​ពី​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​កាល​ដែល​គេ​បាន​នៅ​រស់។ (រ៉ូម ៦:៧, ២៣) ប៉ុន្តែ មនុស្ស​ដែល​នឹង​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ គឺ​នឹង​នៅ​ក្រោម​បាប​ពី​អ័ដាម​នៅ​ឡើយ។ ដូច្នេះ មើល​ទៅ​ដូច​ជា​បញ្ជី​ទាំង​នេះ​នឹង​បញ្ជាក់​អំពី​សេចក្ដី​បង្គាប់​របស់​ព្រះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ធ្វើ​តាម ដើម្បី​ឲ្យ​គេ​ទទួល​ប្រយោជន៍​បាន​ពេញ​លេញ​ពី​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ កាល​ដែល​សេចក្ដី​បាប​ពី​អ័ដាម​បាន​ត្រូវ​រលាយ​សូន្យ​ទៅ ‹នោះ​សេចក្ដី​ស្លាប់​នឹង​បាន​ត្រូវ​បំផ្លាញ›ដែរ ក្នុង​ន័យ​ជា​ផ្ដាច់​ព្រាត់។ មក​ដល់​ទី​បញ្ចប់​នៃ​គ្រា​មួយ​ពាន់​ឆ្នាំ នោះ​ព្រះ​នឹង«ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់»។ (កូរិនថូស​ទី​១ ១៥:២៨) មនុស្ស​លោក​ក៏​នឹង​លែង​ត្រូវ​ការ​អន្តរាគមន៍​ពី​សម្ដេច​សង្ឃ​ឬ​អ្នក​លោះ​បាប​ទៀត​ឡើយ។ មនុស្ស​លោក​ទាំង​អស់​នឹង​បាន​ដូច​ដើម​វិញ ក្នុង​សភាព​ដ៏​គ្រប់ល័ក្ខណ៍​ដែល​អ័ដាម​បាន​មាន​នៅ​ដើម​ដំបូង​ឡើយ។

ដំណើរ​រស់​ឡើង​វិញ​ដ៏​រៀប​រយ

១៦. (ក) ហេតុ​អ្វី​ជា​ការ​សម​ហេតុ​ផល ក្នុង​ការ​ជឿ​ថា​ដំណើរ​រស់​ឡើង​វិញ​នឹង​មាន​ឡើង​ដោយ​រៀប​រយ? (ខ) តើ​អ្នក​ណា​នឹង​នៅ​ក្នុង​ចំណោម​ពួក​ដំបូង​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ?

១៦ ដោយ​ព្រោះ​សេចក្ដី​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​មាន​ការ​រៀប​រយ ដែល«គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន» នេះ​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង​ថា សេចក្ដី​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​នឹង​មិន​នាំ​ឲ្យ​មាន​ការ​កើន​ចំនួន​មនុស្ស​យ៉ាង​ឆាប់​រហ័ស ដ៏​ច្របូក​ច្របល់​នោះ​ទេ។ (កូរិនថូស​ទី​១ ១៥:២៣) ជា​ការ​គួរ​ឲ្យ​សម​ហេតុ​ផល​មែន ដែល​ត្រូវ​តែ​មើល​ថែ​រក្សា​ពួក​មនុស្ស​ដែល​នឹង​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ថ្មី​ទាំង​នេះ។ (ប្រៀប​ធៀប លូកា ៨:៥៥) គេ​នឹង​ត្រូវ​ការ​របស់​ទ្រ​ទ្រង់​ខាង​រូប​កាយ ហើយ​អ្វី​ដ៏​សំខាន់​ទៅ​ទៀត​នោះ គឺ​ជំនួយ​ខាង​វិញ្ញាណ​ដើម្បី​ទទួល​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ចំណេះ​នោះ​អាច​នាំ​ឲ្យ​បាន​ជីវិត។ (យ៉ូហាន ១៧:៣) ប្រសិន​បើ​ពួក​មនុស្ស​ទាំង​នេះ​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​ដំណាល​គ្នា នោះ​ច្បាស់​ជា​មាន​ការ​ពិបាក​នឹង​មើល​ថែ​រក្សា​គេ​ជា​មិន​ខាន។ យើង​អាច​សន្មត​យ៉ាង​សម​ហេតុ​ផល​ថា ដំណើរ​រស់​ឡើង​វិញ​នឹង​កើត​ឡើង​បន្ដិច​ម្ដង​ៗ។ ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​ទាំង​ឡាយ​ដែល​បាន​ស្លាប់​តែ​បន្ដិច​មុន​ទី​បញ្ចប់​នៃ​របប​សាតាំង នោះ​នឹង​ប្រហែល​ជា​ក្នុង​ចំណោម​ពួក​ដំបូង​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ យើង​នឹង​អាច​ទន្ទឹង​ថា​ពួក​បុរស​ពី​សម័យ​បុរាណ​ដែល​នឹង​បំរើ​ជា«ចៅហ្វាយ» ក៏​នឹងនៅ​ក្នុង​ចំណោម​ពួក​អ្នក​រស់​ឡើង​វិញ​ដំបូង​ដែរ។—ទំនុកដំកើង ៤៥:១៦

១៧. តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​ដំណើរ​រស់​ឡើង​វិញ ដែល​ព្រះ​គម្ពីរ​ឥត​បាន​ចែង​នោះ ហើយ​ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​យ៉ាង​ហួស​ហេតុ​លើ​រឿង​នេះ?

១៧ យ៉ាង​ណា​ក៏​ដោយ ចំពោះ​រឿង​នេះ យើង​មិន​ត្រូវ​ជា​បុគ្គល​ដែល​មានះ​តាម​គំនិត​ខ្លួន​នោះ​ទេ។ ចំពោះ​រឿង​ជា​ច្រើន ព្រះ​គម្ពីរ​មិន​បាន​ផ្ដល់​ឲ្យ​ចម្លើយ​នោះ​ទេ។ ព្រះ​គម្ពីរ​មិន​បាន​ប្រាប់​ឲ្យ​ច្បាស់​លាស់​អំពី​ពត៌មាន ដូច​ជា​ថា​តាម​របៀប​ណា នៅ​ពេល​ណា ឬ​នៅ​កន្លែង​ណា​ដែល​ដំណើរ​រស់​ឡើង​វិញ​នៃ​បុគ្គល​ទាំង​នេះ​នឹង​កើត​ឡើង​នោះ​ទេ។ ព្រះ​គម្ពីរ​ឥត​បាន​ប្រាប់​យើង​នូវ​របៀប​ដែល​បុគ្គល​ត្រឡប់​មក​វិញ​ទាំង​នេះ នឹង​ត្រូវ​ឲ្យ​លំនៅ​ជ្រក​កោន ឲ្យ​អាហារ​បរិភោគ និង​បាន​ផ្ដល់​នូវ​សំលៀក​បំពាក់​នោះ​ទេ។ ហើយ​យើង​ក៏​មិន​អាច​និយាយ​យ៉ាង​ប្រាកដ អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ដោះ​ស្រាយ​រឿង​ខ្លះ​ៗ ដូច​ការ​ចិញ្ចឹម​អប់រំ​និង​ការ​មើល​ថែ​រក្សា​ពួក​កូន​ក្មេង​ដែល​បាន​រស់​ឡើង​វិញ ឬ​ពី​របៀប​ដែល​ទ្រង់​នឹង​ដោះ​ស្រាយ​នូវ​ស្ថានការណ៍​ណា​មួយ ដែល​ជាប់​ទាក់​ទង​មិត្ត​ឬ​ពួក​អ្នក​ស្ងួន​ភ្ងា​របស់​យើង​នោះ​ដែរ។ ពិត​ហើយ គឺ​ជា​ការ​ធម្មតា​ទេ​ក្នុង​ការ​ចង់​ដឹង​អំពី​រឿង​ទាំង​នេះ ប៉ុន្តែ​គឺ​មិន​ប្រកប​ដោយ​ប្រាជ្ញា​ទេ បើ​យើង​ចំណាយ​ពេល​រក​ចម្លើយ​នឹង​សំនួរ​ទាំង​ឡាយ ដែល​មិន​អាច​ឆ្លើយ​បាន​នៅ​បច្ចុប្បន្ន​នេះ។ របស់​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង គឺ​ជា​ការ​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់ និង​ការ​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច។ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង សង្ឃឹម​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​ខាង​ស្ថាន​សួគ៌។ (ពេត្រុស​ទី​២ ១:១០, ១១) «ពួក​ចៀម​ឯ​ទៀត» សង្ឃឹម​នឹង​ទទួល​មរតក​ដ៏​អស់​កល្ប​ជា​និច្ច នូវ​វិស័យ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​លើ​ផែនដី។ (យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៣៣, ៣៤) រីឯ​ពត៌មាន​ជា​ច្រើន​អំពី​ដំណើរ​រស់​ឡើង​វិញ​ដែល​យើង​មិន​ដឹង​ទេ នោះ​យើង​នឹង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ សុភមង្គល​នៅ​ខាង​មុខ​របស់​យើង​គឺ​នៅ​គង់​វង់​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ដែល​អាច«បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។—ទំនុកដំកើង ១៤៥:១៦; យេរេមា ១៧:៧

១៨. (ក) តើ​ជ័យ​ជំនះ​អ្វី​ដែល​ប៉ុល​បង្ហាញ​ប្រាប់? (ខ) ហេតុ​អ្វី​ក៏​យើង​ទុក​ចិត្ត​យ៉ាង​មាំ​មួន​លើ​សេចក្ដី​សង្ឃឹម​ខាង​ឯ​ដំណើរ​រស់​ឡើង​វិញ?

១៨ ប៉ុល​បញ្ចប់​ការ​ពិគ្រោះ​របស់​គាត់ ដោយ​ពោល​អបអរសាទរ​ថា៖ «អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យ​ជំនះ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង»! (កូរិនថូស​ទី​១ ១៥:៥៧) ត្រូវ​ហើយ តាម​រយៈ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​នឹង​មាន​ជ័យ​ជំនះ​លើ​សេចក្ដី​ស្លាប់​ពី​អ័ដាម ហើយ​ពួក​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​និង«ចៀម​ឯ​ទៀត» នឹង​ទទួល​នូវ​ការ​ឈ្នះ​ជោគ​ជ័យ​នេះ​ដែរ។ ប្រាកដ​ហើយ «ចៀម​ឯ​ទៀត»ដែល​នៅ​រស់​សព្វ​ថ្ងៃ​នេះ មាន​សេចក្ដី​សង្ឃឹម​ដែល​មាន​តែ​មនុស្ស​សម័យ​នេះ​មាន។ ជា​ផ្នែក​នៃ«ហ្វូង​ធំ»ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង នោះ​គេ​អាច​រួច​រស់​ជីវិត​ពី‹សេចក្ដី​វេទនា​ជា​ខ្លាំង›នៅ​ខាង​មុខ​នេះ ហើយ​និង​មិន​ចាំ​បាច់​ស្លាប់​នោះ​ឡើយ! (វិវរណៈ ៧:៩, ១៤) ប៉ុន្តែ ចំពោះ​អ្នក​ណា​ដែល​ស្លាប់​ដោយ​ព្រោះ​មាន‹គ្រា​និង​ព្រឹត្ដិការណ៍​ដ៏​មើល​មិន​ឃើញ​ជា​មុន› ឬ​ដោយ​ភ្នាក់ងារ​របស់​សាតាំង នោះ​គេ​អាច​មាន​ការ​ទុក​ចិត្ត​លើ​សេចក្ដី​សង្ឃឹម​នៃ​ដំណើរ​រស់​ឡើង​វិញ​បាន។—សាស្ដា ៩:១១

១៩. តើ​ការ​ដាស់​តឿន​អ្វី​ដែល​ពួក​គ្រីស្ទាន​គ្រប់​គ្នា​ត្រូវ​ធ្វើ​តាម​សព្វ​ថ្ងៃ​នេះ?

១៩ ដូច្នេះ យើង​រង់​ចាំ​យ៉ាង​រំភើប​ចិត្ត​នូវ​ថ្ងៃ​ដ៏​រុង​រឿង​នេះ នៅ​ពេល​ដែល​សេចក្ដី​ស្លាប់​នឹង​ត្រូវ​រំលាយ​ចោល​ទៅ។ ការ​ទុក​ចិត្ត​ដ៏​មាំ​មួន​របស់​យើង​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា អំពី​ដំណើរ​រស់​ឡើង​វិញ​នេះ ផ្ដល់​ឲ្យ​យើង​នូវ​ទស្សនៈ​ដ៏​សម​ហេតុ​ផល។ អ្វី​ក៏​ដោយ​ដែល​កើត​ឡើង​ក្នុង​ជីវិត​យើង ទោះ​ជា​យើង​ត្រូវ​ស្លាប់​ក្ដី នោះ​គ្មាន​អ្វី​អាច​បង្ការ​យើង​ពី​រង្វាន់ ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​នោះ​ឡើយ។ ដូច្នេះ ការ​ដាស់​តឿន​ចុង​ក្រោយ​របស់​ប៉ុល​ជូន​ពួក​កូរិនថូស គឺ​សម​ត្រឹម​ត្រូវ​នៅ​សម័យ​យើង​នេះ ដូច​នៅ​ពីរ​ពាន់​ឆ្នាំ​កន្លង​ទៅ​នេះ​ដែរ ដែល​ថ្លែង​ថា៖ «បង​ប្អូន​ស្ងួន​ភ្ងា​អើយ ចូរ​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ​អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ»។—កូរិនថូស​ទី​១ ១៥:៥៨

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ តើ​តាម​របៀប​ណា​ដែល​ប៉ុល​ឆ្លើយ​សំនួរ អំពី​រូប​កាយ​បែប​ណា​ដែល​ពួក​អ្នក​ចាក់​ប្រេង​តាំង​នឹង​មាន ពេល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ?

◻ តើ​តាម​របៀប​ណា និង​នៅ​ពេល​ណា​ដែល​សេចក្ដី​ស្លាប់​នឹង​បាន​នាំ​ឲ្យ​បំផ្លាញ​ទៅ?

◻ តើ​អ្នក​ណា​ដែល​នឹង​រួម​បញ្ចូល​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​នៅ​លើ​ផែនដី?

◻ តើ​យើង​ត្រូវ​មាន​អាកប្បកិរិយា​យ៉ាង​ណា លើ​រឿង​ដែល​ព្រះ​គម្ពីរ​ឥត​ចែង​ប្រាប់​អំពី​នោះ?

[រូប​ភាព​នៅ​ទំព័រ​២០]

គ្រាប់​ពូជ«ងាប់» ដោយ​ទទួល​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក