បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១០ ទំ. ២៣-២៨
  • ចូរប្រយ័ត្ននូវការខ្វះជំនឿ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រយ័ត្ននូវការខ្វះជំនឿ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​ក៏​ឲ្យ​ដំបូន្មាន​ខ្លាំង​ម្ល៉េះ?
  • បុគ្គល​ដែល​ឧត្តម​ជាង​ម៉ូសេ
  • «កុំ​ឲ្យ​តាំង​ចិត្ត​រឹង​រូស​ឡើយ»
  • មេ​រៀន​សំរាប់​យើង
  • សូមកុំចុះញ៉មនឹងការប្រណាំងចំពោះជីវិត!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • សំបុត្រ​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ចូរឲ្យយើងជាពួកអ្នកដែលមានជំនឿ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១០ ទំ. ២៣-២៨

ចូរ​ប្រយ័ត្ន​នូវ​ការ​ខ្វះ​ជំនឿ

«ដូច្នេះ ចូរ​ប្រយ័ត​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ»។—ហេព្រើរ ៣:៧

១. តើ​ពាក្យ​របស់​ប៉ុល​ជូន​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ តម្រូវ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ហេតុ​ការណ៍​ពិត​ដ៏​រន្ធត់​អ្វី?

នេះ​ជា​គំនិត​ដ៏​គួរ​ឲ្យ​ខ្លាច​មែន ដែល​មនុស្ស​ធ្លាប់​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​យេហូវ៉ា អាច​បណ្ដុះ«ចិត្ត​អាក្រក់» ហើយ«បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ»! នេះ​ជា​ការ​ព្រមាន​មួយ​ដ៏​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​មែន! ពាក្យ​ទាំង​នេះ​របស់​សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​ពួក​មនុស្ស ដែល​បាន​ថ្វាយ​ខ្លួន​ទៅ​ព្រះ​យេហូវ៉ា ដែល​មាន​មូលដ្ឋាន​លើ​ជំនឿ​នៃ​យញ្ញ​បូជា​លោះ​ព្រះ​យេស៊ូ​គ្រីស្ទ មិន​មែន​សំដៅ​ទៅ​ពួក​អ្នក​ដែល​ឥត​ជឿ​នោះ​ទេ។

២. តើ​សំនួរ​អ្វី​ដែល​យើង​ត្រូវ​តែ​ពិចារណា?

២ ហេតុ​អ្វី​ក៏​បុគ្គល​ម្នាក់​ដែល​នៅ​ក្នុង​សភាព​ដ៏​មាន​ព្រះ​ពរ​បែប​នេះ អាច​បណ្ដុះ«ចិត្ត​អាក្រក់ ដោយ​មិន​ជឿ»នោះ? ប្រាកដ​ហើយ ហេតុ​អ្វី​ក៏​អ្នក​ណា​ម្នាក់​ដែល​ពិសោធ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ព្រះ​គុណ​របស់​ទ្រង់ បោះ​បង់​ចោល​ទ្រង់​ដោយ​ចេតនា? ហើយ​តើ​រឿង​នេះ​អាច​កើត​ឡើង​ដល់​យើង​ម្នាក់​ៗ​ឬ​ទេ? នេះ​ជា​គំនិត​ដ៏​គួរ​ឲ្យ​ប្រយ័ត្ន​ប្រយែង​មួយ ហើយ​ជា​ការ​សម​ហេតុ​ផល ដែល​យើង​ត្រូវ​ពិចារណា​មើល​នូវ​មូលហេតុ​នៃ​ការ​ព្រមាន​នេះ។—កូរិនថូស​ទី​១ ១០:១១

ហេតុ​អ្វី​ក៏​ឲ្យ​ដំបូន្មាន​ខ្លាំង​ម្ល៉េះ?

៣. សូម​រៀប​រាប់​នូវ​កាលៈទេសៈ​ដែល​មាន​ឥទ្ធិពល​លើ​ពួក​គ្រីស្ទាន នៅ​សតវត្ស​ទី​មួយ នៅ​ក្នុង​និង​ក្បែរ​ក្រុង​យេរូសាឡិម។

៣ ប៉ុល​ទំនង​ជា​សំដៅ​សំបុត្រ​នេះ​ជូន​ពួក​គ្រីស្ទាន​ហេព្រើរ​ក្នុង​ស្រុក​យូដា នៅ​ឆ្នាំ​៦១ ស.យ.។ អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់​បាន​សង្កេត​ឃើញ​ថា នេះ​ជា​គ្រា​ដែល«ឥត​មាន​សន្ដិភាព​និង​សុវត្ថិភាព​ចំពោះ​បុរស​ដ៏​នឹង​នួន ឬ​ស្មោះ​ត្រង់​ណា​ឡើយ ទោះ​ជា​នៅ​ក្នុង​ក្រុង​យេរូសាឡិម ឬ​កន្លែង​ណា​ផ្សេង​ទៀត​ទូទាំង​ស្រុក​ក៏​ឥត​មាន​ដែរ»។ នេះ​ជា​គ្រា​នៃ​ការ​ទទឹង​ច្បាប់​ទម្លាប់​និង​អំពើ​ឃោរឃៅ ដែល​បាន​អុចអាល​ឡើង​ដោយ​វត្តមាន​នៃ​ពួក​ទាហាន​រ៉ូម​ដ៏​ជិះ​ជាន់​នោះ។ រួច​មក ក៏​បង្ក​ដោយ​ពួក​ហ្សីឡុត​ដែល​ជា​និកាយ​យូដា​មួយ​ក្រុម ដែល​មាន​ឫក​ក្លាហាន​ប្រឆាំង​ពួក​រ៉ូម និង​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដោយ​ពួក​ចោរ ដែល​យក​ប្រយោជន៍​ពី​ស្ថានការណ៍​ដ៏​ច្របូក​ច្របល់​នេះ។ ស្ថានការណ៍​ទាំង​នេះ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ណាស់​ដល់​ពួក​គ្រីស្ទាន ដែល​ខំ​ប្រឹង​មិន​ចង់​ប្រទាក់​លើ​រឿង​ទាំង​នេះ។ (ធីម៉ូថេ​ទី​១ ២:១, ២) តាម​ការ​ពិត ដោយ​ព្រោះ​ជំហរ​ដ៏​អព្យាក្រឹត​របស់​គេ នោះ​មនុស្ស​ខ្លះ​បាន​ចាត់​ទុក​ពួក​គ្រីស្ទាន ជា​ពួក​ដែល​ចូល​មិន​ចុះ​ក្នុង​សង្គម ថែម​ទាំង​ចាត់​ទុក​ថា​ជា​មនុស្ស​ដ៏​បះ​បោរ​ផង។ ជា​ញឹក​ញយ ពួក​គ្រីស្ទាន​បាន​ត្រូវ​គេ​ធ្វើ​បាប ព្រម​ទាំង​បាន​រង​ទុក្ខ​ខាង​ខ្លួន​ប្រាណ​ផង។—ហេព្រើរ ១០:៣២​-​៣៤

៤. តើ​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​បាន​ទទួល​ការ​បង្ខិត​បង្ខំ​យ៉ាង​ណា​ខាង​សាសនា?

៤ ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ ក៏​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​ពី​ពួក​សាសនា​ដែរ។ ការ​ខ្នះ​ខ្នែង​នៃ​ពួក​សិស្ស​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេស៊ូ និង​ការ​រីក​ចំរើន​យ៉ាង​រហ័ស​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន បាន​បង្ក​ឲ្យ​ពួក​យូដា​មាន​ការ​ច្រណែន​និង​ការ​ខឹង ជា​ពិសេស​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា​គេ។ ពួក​គេ​បាន​ខំ​រំខាន​និង​បៀត​បៀន​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។a (កិច្ច​ការ ៦:៨​-​១៤; ២១:២៧​-​៣០; ២៣:១២, ១៣; ២៤:១​-​៩) ទោះ​ជា​ពួក​គ្រីស្ទាន​ខ្លះ​ឥត​បាន​ទទួល​ការ​បៀត​បៀន​ក៏​ដោយ ក៏​បាន​ត្រូវ​ពួក​យូដា​សើច​ចំអក​មើល​ងាយ​ដែរ។ សាសនា​គ្រីស្ទាន​ដែល​ទើប​តែ​មានកំណើត​នេះ បាន​ត្រូវ​គេ​ស្អប់ ដោយ​ព្រោះ​ឥត​មាន​ភាព​អស្ចារ្យ​ដូច​សាសនា​យូដា ព្រម​ទាំង​ឥត​មាន​ព្រះ​វិហារ ឥត​មាន​សម្ដេច​សង្ឃ ឥត​មាន​ពិធី​បុណ្យ និង​ឥត​មាន​យញ្ញ​បូជា​តាម​ផ្លូវ​ការ​ជា​ដើម។ សូម្បី​តែ​ព្រះ​យេស៊ូ ដែល​ជា​មេ​ដឹក​នាំ​របស់​គេ ក៏​បាន​ត្រូវ​ធ្វើ​គត់​ជា​ឧក្រិដ្ឋ​ជន​ដែរ។ ពួក​គ្រីស្ទាន​ត្រូវ​តែ​មាន​ជំនឿ ចិត្ត​ក្លាហាន និង​ការ​ស៊ូ​ទ្រាំ ដើម្បី​កាន់​សាសនា​របស់​គេ​នោះ។

៥. ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ដែល​ពួក​គ្រីស្ទាន​នៅ​ស្រុក​យូដា បាន​ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ​នោះ?

៥ សំខាន់​ទៅ​ទៀត​គឺ​ថា ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​នៅ​ស្រុក​យូដា​កំពុង​រស់​នៅ ក្នុង​គ្រា​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ​នៃ​សាសន៍​នោះ។ របស់​ជា​ច្រើន​ដែល​ព្រះ​អម្ចាស់ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​មក ដែល​នឹង​សម្គាល់​ទី​បញ្ចប់​នៃ​របប​យូដា នោះ​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ ទី​បញ្ចប់​នោះ​មិន​ជា​នៅ​យូរ​ប៉ុន្មាន​ទៀត​ទេ។ ដើម្បី​ឲ្យ​រួច​រស់​ជីវិត នោះ​ពួក​គ្រីស្ទាន​ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ ហើយ​ឲ្យ​ប្រុង«រត់​ចេញ​ទៅ​ឯ​ភ្នំ»។ (ម៉ាថាយ ២៤:៦, ១៥, ១៦) តើ​គេ​នឹង​មាន​ជំនឿ​និង​កម្លាំង​ខាង​វិញ្ញាណ ដើម្បី​នឹង​ចាត់​វិធានការ​ធ្វើ​ភ្លាម ដូច​ព្រះ​យេស៊ូ​បាន​បង្គាប់​នោះ​ទេ? មនុស្ស​ខ្លះ​មាន​ទំនង​ដូច​ជា​មាន​ចិត្ត​សង្ស័យ។

៦. តើ​ពួក​គ្រីស្ទាន​នៅ​ស្រុក​យូដា​បាន​ត្រូវ​ការ​អ្វី​ជា​បន្ទាន់?

៦ ក្នុង​កំឡុង​ទសវត្ស​ចុង​ក្រោយ​មុន​នឹង​ការ​សាប​សូន្យ​នៃ​របប​យូដា នោះ​ពួក​គ្រីស្ទាន​ហេព្រើរ​មាន​ការ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​ពី​ស្ថានការណ៍​ខាង​ក្នុង​និង​ខាង​ក្រៅ​ក្រុម​ជំនុំ។ ពួក​គេ​ត្រូវ​ការ ការ​លើក​ទឹក​ចិត្ត​ជា​ខ្លាំង។ ប៉ុន្តែ គេ​ក៏​ត្រូវ​ការ​ដំបូន្មាន​និង​សេចក្ដី​បង្គាប់ ដើម្បី​ជួយ​គេ​ឲ្យ​ឃើញ​ថា ដំណើរ​ដែល​គេ​បាន​ជ្រើស​រើស នោះ​ជា​ផ្លូវ​ត្រឹម​ត្រូវ ហើយ​ថា​គេ​មិន​បាន​រង​ទុក្ខ​និង​បាន​ស៊ូ​ទ្រាំ​ដោយ​ឥត​ប្រយោជន៍​នោះ​ឡើយ។ គួរ​ឲ្យ​សប្បាយ​ណាស់ ប៉ុល​បាន​លៃ​លក​ដោះ​ស្រាយ​នឹង​ស្ថានការណ៍​នេះ ហើយ​បាន​មក​ជួយ​ពួក​គេ។

៧. ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ក្នុង​អ្វី​ដែល​ប៉ុល​បាន​សរសេរ​ជូន​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ?

៧ អ្វី​ដែល​ប៉ុល​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ដែល​មាន​សភាព​ស្មើ​នឹង​គ្រា​របស់​គេ​ដែរ។ រៀង​រាល់​ថ្ងៃ​យើង​មាន​ការ​ពិបាក​ពី​លោកីយ៍ ដែល​នៅ​ក្រោម​អំណាច​របស់​សាតាំង។ (យ៉ូហាន​ទី​១ ៥:១៩) ទំនាយ​ជា​ច្រើន​របស់​ព្រះ​យេស៊ូ​និង​របស់​ពួក​សាវ័ក​ទ្រង់ ដែល​ស្តី​អំពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ និង«គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍» គឺ​កំពុង​តែ​បាន​សម្រេច​នៅ​សម័យ​យើង​នេះ។ (ម៉ាថាយ ២៤:៣​-​១៤; ធីម៉ូថេ​ទី​២ ៣:១​-​៥; ពេត្រុស​ទី​២ ៣:៣, ៤; វិវរណៈ ៦:១​-​៨) សំខាន់​ទៅ​ទៀត យើង​ត្រូវ​តែ​រក្សា​ការ​ប្រយ័ត្ន​ប្រយែង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​យើង«បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក»។—លូកា ២១:៣៦

បុគ្គល​ដែល​ឧត្តម​ជាង​ម៉ូសេ

៨. តើ​ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​ឲ្យ​ធ្វើ​អ្វី ដោយ​មាន​ប្រសាសន៍​នៅ​ហេព្រើរ ៣:១ នោះ?

៨ ក្នុង​ការ​និយាយ​អំពី​ចំណុច​ដ៏​សំខាន់​មួយ នោះ​ប៉ុល​បាន​សរសេរ​ថា៖ «ចូរ​ពិចារណា​ពី​ព្រះ​យេស៊ូវ ជា​សាវក នឹង​ជា​សំ​ដេ​ច​សង្ឃ ដែល​យើង​ថា យើង​ជឿ​តាម​នោះ​ចុះ»។ (ហេព្រើរ ៣:១) «ពិចារណា» មាន​ន័យ​ថា«ឲ្យ​យល់​យ៉ាង​ច្បាស់ . . . ឲ្យ​យល់​យ៉ាង​ពេញ​លេញ ឲ្យ​ត្រិះរិះ​បាន​ដិត​ដល់»។ (វចនានុក្រម​ពី​លោក​វ៉ាញ​ដែល​ពន្យល់​ពាក្យ​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី) ដូច្នេះ ប៉ុល​បាន​ដាស់​តឿន​ពួក​អ្នក​ជឿ​ឲ្យ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​អបអរ​យ៉ាង​ស្មោះ​អំពី​មុខ​នាទី​របស់​ព្រះ​យេស៊ូ ដែល​មាន​នៅ​លើ​ជំនឿ​និង​សេចក្ដី​សង្គ្រោះ​របស់​គេ។ ការ​ធ្វើ​បែប​នេះ​នឹង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​គេ ដើម្បី​ឈរ​ឲ្យ​មាំ​មួន​ក្នុង​ជំនឿ។ បើ​អញ្ចឹង តើ​អ្វី​ជា​មុខ​នាទី​របស់​ព្រះ​យេស៊ូ ហើយ​ហេតុ​អ្វី​ក៏​យើង​ត្រូវ«ពិចារណា»ទ្រង់?

៩. ហេតុ​អ្វី​ក៏​ប៉ុល​និយាយ​សំដៅ​ទៅ​ព្រះ​យេស៊ូ​ជា«សាវ័ក» និង‹សម្ដេច​សង្ឃ›?

៩ ប៉ុល​បាន​ប្រើ​ពាក្យ​ដែល​ថា «សាវ័ក» និង‹សម្ដេច​សង្ឃ› ក្នុង​ការ​សំដៅ​ទៅ​ព្រះ​យេស៊ូ។ «សាវ័ក» គឺ​ជា​អ្នក​ណា​ម្នាក់​ដែល​បាន​បញ្ជូន​មក ហើយ​នៅ​ទី​នេះ គឺ​ស្តី​អំពី​ផ្លូវ​ដែល​ព្រះ​ប្រើ​ចំពោះ​ការ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​លោក។ ហើយ​តាម​រយៈ‹សម្ដេច​សង្ឃ› មនុស្ស​អាច​ចូល​ទៅ​ជិត​ព្រះ​បាន។ របស់​ទាំង​ពីរ​នេះ គឺ​ចាំ​បាច់​ណាស់​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត ហើយ​ព្រះ​យេស៊ូ​បាន​តំណាង​របស់​ទាំង​ពីរ​នេះ។ ទ្រង់​ជា​បុគ្គល​ដែល​បាន​ត្រូវ​បញ្ជូន​មក​ពី​ស្ថាន​សួគ៌ ដើម្បី​បង្រៀន​មនុស្ស​លោក​នូវ​សេចក្ដី​ពិត​អំពី​ព្រះ។ (យ៉ូហាន ១:១៨; ៣:១៦; ១៤:៦) ព្រះ​យេស៊ូ​ក៏​បាន​ត្រូវ​រើស​តាំង​ជា​សម្ដេច​សង្ឃ​ដូច​គំរូ​ដើម ក្នុង​របៀប​រៀបចំ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា សំរាប់​ការ​អត់​ឱន​ទោស​នៃ​សេចក្ដី​បាប។ (ហេព្រើរ ៤:១៤, ១៥; យ៉ូហាន​ទី​១ ២:១, ២) ប្រសិន​បើ​យើង​ពិត​ជា​អបអរ​នឹង​ពរ​ដែល​អាច​ទទួល​បាន​តាម​រយៈ​ព្រះ​យេស៊ូ នោះ​យើង​នឹង​មាន​ចិត្ត​ក្លាហាន​និង​ការ​តាំង​ចិត្ត​ដើម្បី​ឈរ​ឲ្យ​បាន​មាំ​មួន​ក្នុង​ជំនឿ។

១០. (ក) តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​ជួយ​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ ឲ្យ​អបអរ​ថា​សាសនា​គ្រីស្ទាន​មាន​ភាព​ប្រសើរ​ជាង​សាសនា​យូដា​នោះ? (ខ) តើ​សេចក្ដី​ពិត​អ្វី​ដែល​ប៉ុល​បាន​ស្រង់​មក​ដើម្បី​ពង្រឹង​ចំណុច​របស់​គាត់?

១០ ដើម្បី​បញ្ជាក់​នូវ​តម្លៃ​នៃ​ជំនឿ​គ្រីស្ទាន នោះ​ប៉ុល​បាន​ប្រៀប​ធៀប​ព្រះ​យេស៊ូ​ជា​មួយ​នឹង​ម៉ូសេ ដែល​ជា​បុគ្គល​ដែល​ពួក​យូដា​បាន​ចាត់​ទុក ជា​ព្យាការី​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​ជីដូន​ជីតា​របស់​គេ។ ប្រសិន​បើ​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​អាច​យល់​ដឹង​ដោយ​ស្មោះ នូវ​ហេតុ​ការណ៍​ដែល​ថា​ព្រះ​យេស៊ូ​គឺ​ឧត្តម​ជាង​ម៉ូសេ នោះ​គេ​នឹង​មិន​មាន​ចិត្ត​សង្ស័យ​អំពី​សាសនា​គ្រីស្ទាន ដែល​មាន​ភាព​ប្រសើរ​ជាង​សាសនា​យូដា។ ប៉ុល​បាន​ចង្អុល​ប្រាប់​ថា ទោះ​ជា​ម៉ូសេ​បាន​សម​ជា​អ្នក​ដែល​បាន​ប្រគល់​ឲ្យ​មើល«ផ្ទះ» ដែល​ជា​សាសន៍​ឬ​ក្រុម​ជំនុំ​នៃ​អ៊ីស្រាអែល​ក៏​ដោយ គាត់​គ្រាន់​តែ​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​ប៉ុណ្ណោះ។ (ជន​គណនា ១២:៧) ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​ជា​បុត្រា ដែល​ជា​ចៅហ្វាយ​លើ​ដំណាក់​វិញ។ (កូរិនថូស​ទី​១ ១១:៣; ហេព្រើរ ៣:២, ៣, ៥) ដើម្បី​នឹង​ពង្រឹង​ចំណុច​របស់​គាត់ នោះ​ប៉ុល​បាន​ប្រាប់​អំពី​សេចក្ដី​ពិត​ទូទៅ​នេះ​ថា៖ «ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯ​អ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ នោះ​គឺ​ជា​ព្រះ​វិញ»។ (ហេព្រើរ ៣:៤) គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រកែក​នឹង​ពាក្យ​ដែល​ថា ព្រះ​មាន​ភាព​ប្រសើរ​ជាង​អ្នក​ណា​ម្នាក់​ឡើយ ដ្បិត​ទ្រង់​ជា​អ្នក​សង់ ឬ​ព្រះ​អាទិទេព​ដែល​បាន​បង្កើត​របស់​សព្វសារពើ។ ដូច្នេះ ជា​សម​ហេតុ​ផល ដោយ​ព្រោះ​ព្រះ​យេស៊ូ​ជា​អ្នក​បង្កើត​ជា​មួយ​ព្រះ នោះ​ទ្រង់​ច្បាស់​ជា​ឧត្តម​ជាង​សេចក្ដី​បង្កើត​ឯ​ទៀត រួម​បញ្ចូល​នឹង​លោក​ម៉ូសេ​ដែរ។—សុភាសិត ៨:៣០; កូល៉ុស ១:១៥​-​១៧

១១, ១២. តើ​ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​ឲ្យ​កាន់​អ្វី«យ៉ាង​ខ្ជាប់​ខ្ជួន​ដរាប​ដល់​ចុង​បំផុត» ហើយ​តើ​យើង​អាច​ធ្វើ​តាម​ដំបូន្មាន​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១១ យ៉ាង​ពិត​ហើយ ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​មាន​ជំហរ​យ៉ាង​ខ្ពង់​ខ្ពស់​មែន។ ប៉ុល​បាន​រំឭក​ពួក​គេ​ថា គេ«មាន​ចំណែក​ក្នុង​ការងារ​ស្ថាន​សួគ៌» ដែល​ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ជាង​អ្វី​ៗ​ដែល​របប​យូដា​អាច​ផ្ដល់​ឲ្យ​ទៅ​ទៀត។ (ហេព្រើរ ៣:១) ពាក្យ​សំដី​របស់​ប៉ុល​ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង មាន​អំណរ​គុណ​ណាស់ ដែល​គេ​មាន​ចំណែក​ក្នុង​មរតក​ថ្មី​នេះ ជា​ជាង​មាន​ចិត្ត​ស្ដាយ​ដោយ​ព្រោះ​បោះ​បង់​ចោល​អ្វី​ដែល​ទាក់​ទង​នឹង​មរតក​ពី​យូដា​នោះ។ (ភីលីព ៣:៨) ក្នុង​ការ​ដាស់​តឿន​ពួក​គេ​ឲ្យ​កាន់​ជាប់​នឹង​ឯកសិទ្ធិ​របស់​គេ ហើយ​កុំ​ឲ្យ​ចាត់​ទុក​ជា​អ្វី​ដ៏​ឥត​សំខាន់ នោះ​ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «តែ​ព្រះ​គ្រីស្ទ ទ្រង់​ស្មោះ​ត្រង់ ទុក​ដូច​ជា​ព្រះ​រាជបុត្រា ដែល​ត្រួត​លើដំណាក់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​នេះ​ជា​ដំណាក់​នោះ បើ​យើង​កាន់​ចិត្ត​មោះ​មុត នឹង​សេចក្ដី​អំនួត ចំពោះ​សេចក្ដី​សង្ឃឹម​នេះ យ៉ាង​ខ្ជាប់​ខ្ជួន​ដរាប​ដល់​ចុង​បំផុត​មែន»។—ហេព្រើរ ៣:៦

១២ ត្រូវ​ហើយ ប្រសិន​បើ​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​ចង់​ឲ្យ​រួច​រស់​ជីវិត​ពី​គ្រា​បញ្ចប់​នៃ​របប​យូដា នោះ​គេ​ត្រូវ​តែ​កាន់​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​បាន​ប្រទាន​មក ឲ្យ​បាន«ខ្ជាប់​ខ្ជួន​ដរាប​ដល់​ចុង​បំផុត»។ យើង​ក៏​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ដែរ ប្រសិន​បើ​យើង​ចង់​រួច​រស់​ជីវិត​ពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ។ (ម៉ាថាយ ២៤:១៣) យើង​មិន​ត្រូវ​ឲ្យ​សេចក្ដី​ខ្វល់​ខ្វាយ​នៃ​ជីវិត ការ​ឥត​អើពើ​របស់​មនុស្ស ឬ​ការ​ទោរ​ទន់​ដ៏​ឥត​គ្រប់ល័ក្ខណ៍​របស់​យើង ធ្វើ​ឲ្យ​យើង​រេ​រា​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ក្នុង​ជំនឿ​របស់​យើង​ឡើយ។ (លូកា ២១:១៦​-​១៩) សូម​ឲ្យ​យើង​ពិនិត្យ​មើល​ពាក្យ​របស់​ប៉ុល​ត​ទៅ​ទៀត ដើម្បី​មើល​នូវ​របៀប​ដែល​យើង​អាច​ពង្រឹង​ខ្លួន​យើង។

«កុំ​ឲ្យ​តាំង​ចិត្ត​រឹង​រូស​ឡើយ»

១៣. តើ​ប៉ុល​បាន​ឲ្យ​ការ​ព្រមាន​អ្វី ហើយ​តើ​គាត់​បាន​ប្រើ​ទំនុកដំកើង ៩៥​យ៉ាង​ដូច​ម្ដេច?

១៣ ក្រោយ​ពី​បាន​ពិចារណា​មើល​នូវ​ជំហរ​ដ៏​ល្អ​របស់​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ នោះ​ប៉ុល​បាន​ឲ្យ​ការ​ព្រមាន​នេះ​ថា៖ «ដូច​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ថា‹នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សម្លេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង​រូស​ឡើយ ដូច​កាល​គ្រា​បះ​បោរ នៅ​ថ្ងៃ​ដែល​មាន​សេចក្ដី​ល្បួង នៅ​ក្នុង​ទី​រហោ​ស្ថាន› »។ (ហេព្រើរ ៣:៨, ៩) ប៉ុល​បាន​ស្រង់​ពាក្យ​នេះ​ចេញ​ពី​ទំនុកដំកើង ៩៥ ហើយ​ដូច្នេះ​អាច​និយាយ​ថា «ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ថា»។b (ទំនុកដំកើង ៩៥:៧, ៨; និក្ខមនំ ១៧:១​-​៧) បទ​គម្ពីរ​គឺ​បាន​បណ្ដាល​ឲ្យ​តែង​ដោយ​ព្រះ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។—ធីម៉ូថេ​ទី​២ ៣:១៦

១៤. តើ​ពួក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​យ៉ាង​ណា ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សំរាប់​ពួក​គេ ហើយ​ហេតុ​អ្វី?

១៤ ក្រោយ​ពី​បាន​ចេញ​ពី​ទាសភាព​ក្នុង​ស្រុក​អេស៊ីប នោះ​ពួក​អ៊ីស្រាអែល​បាន​ទទួល​ឯកសិទ្ធិ​ដ៏​ល្អ​ក្នុង​ការ​ចូល​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (និក្ខមនំ ១៩:៤, ៥; ២៤:៧, ៨) ប៉ុន្តែ ជា​ជាង​បង្ហាញ​នូវ​ការ​អបអរ​នឹង​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​គេ​នោះ ពួក​គេ​បាន​ប្រព្រឹត្ត​យ៉ាង​បះ​បោរ​ទៅ​វិញ។ (ជន​គណនា ១៣:២៥–១៤:១០) ហេតុ​អ្វី​ក៏​នេះ​អាច​កើត​ឡើង​ដូច្នេះ? ប៉ុល​បាន​ចង្អុល​ប្រាប់​នូវ​មូលហេតុ​ថា៖ ដោយ​ចិត្ត​រឹង​រូស​របស់​គេ។ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​ចិត្ត​ចេះ​យោគ​យល់​ហើយ​ប្រព្រឹត្ត​តាម​បន្ទូល​របស់​ព្រះ ក្លាយ​ទៅ​ជា​រឹង​រូស​នោះ? ហើយ​តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​នឹង​បង្ការ​រឿង​នេះ?

១៥. (ក) តើ​តាម​របៀប​ណា​ដែល‹សម្លេង​របស់​ព្រះ›បាន​ត្រូវ​គេ​ឮ នៅ​អតីតកាល​និង​បច្ចុប្បន្នកាល​នេះ? (ខ) តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​តែ​សួរ​ខ្លួន​យើង ស្តី​អំពី‹សម្លេង​របស់​ព្រះ›?

១៥ ប៉ុល​បាន​ចាប់​ផ្ដើម​ព្រមាន​ដោយ​ប្រើ​អនុប្រយោគ​ដែល​បញ្ជាក់​នូវ​លក្ខខ័ណ្ឌ ដោយ​ថា «បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់»។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​រាស្ត្រ​របស់​ទ្រង់​តាម​រយៈ​ម៉ូសេ​និង​ព្យាការី​ឯ​ទៀត។ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​តាម​រយៈ​បុត្រ​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ (ហេព្រើរ ១:១, ២) សព្វ​ថ្ងៃ​នេះ យើង​មាន​ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល ដែល​ជា​បន្ទូល​របស់​ព្រះ។ យើង​ក៏​មាន‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដែល​បាន​រើស​តាំង​ដោយ​ព្រះ​យេស៊ូ ដើម្បី​ឲ្យ​ផ្ដល់​នូវ«អាហារ[ខាង​វិញ្ញាណ] . . . តាម​ត្រូវ​ពេល»។ (ម៉ាថាយ ២៤:៤៥​-​៤៧) ដូច្នេះ ព្រះ​ទ្រង់​គឺ​កំពុង​មាន​បន្ទូល​មក​ដល់​យើង។ ប៉ុន្តែ តើ​យើង​កំពុង​ស្ដាប់​តាម​ឬ​ទេ? ជា​ឧទាហរណ៍ តើ​យើង​ប្រព្រឹត្ត​យ៉ាង​ណា នឹង​ដំបូន្មាន​អំពី​សំលៀក​បំពាក់ ឬ​ការ​ជ្រើស​រើស​បែប​បទ​កំសាន្ត​និង​បទ​ភ្លេង​នោះ? តើ​យើង‹ស្ដាប់› ដោយ​យក​ចិត្ត​ទុក​ដាក់​និង​គោរព​តាម​អ្វី​ដែល​យើង​ឮ​នោះ​ទេ? ប្រសិន​បើ​យើង​មាន​ទម្លាប់​ដោះ​សា​ឬ​ជំទាស់​នឹង​ដំបូន្មាន នោះ​យើង​ប្រហែល​ជា​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ធ្វើ​ឲ្យ​ចិត្ត​យើង​រឹង​រូស​ហើយ។

១៦. តើ​តាម​របៀប​ណា​មួយ ដែល​ចិត្ត​របស់​យើង​អាច​ក្លាយ​ទៅ​ជា​រឹង​រូស?

១៦ ចិត្ត​របស់​យើង​ក៏​អាច​ទៅ​ជា​រឹង​រូស ប្រសិន​បើ​យើង​គេច​ចេញ​ពី​ការ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​នោះ។ (យ៉ាកុប ៤:១៧) ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​របស់​សព្វ​គ្រប់​ឲ្យ​ពួក​អ៊ីស្រាអែល​ក៏​ដោយ ពួក​គេ​ពុំ​បាន​អនុវត្ត​ជំនឿ​នោះ​ទេ។ ពួក​គេ​បាន​ប្រឆាំង​បះ​បោរ​នឹង​លោក​ម៉ូសេ បាន​ស្ដាប់​តាម​របាយការណ៍​ដ៏​មិន​ល្អ​អំពី​ស្រុក​កាណាន ហើយ​មិន​ព្រម​ចូល​ស្រុក​ដែល​បាន​សន្យា​នោះ​ឡើយ។ (ជន​គណនា ១៤:១​-​៤) ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​ចេញ​ច្បាប់​ថា​គេ​នឹង​ចំណាយ​ពេល​៤០​ឆ្នាំ​ក្នុង​ទី​រហោ​ស្ថាន រហូត​ដល់​ពួក​សមាជិក​ដ៏​គ្មាន​ជំនឿ​នៃ​តំណ​នោះ​ស្លាប់​អស់​ទៅ។ ដោយ​ជិន​ឆ្អន់​នឹង​ពួក​គេ នោះ​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «វា​រាល់​គ្នា​ចេះ​តែ​មាន​ចិត្ត​វង្វេង​ជា​ដរាប ហើយ​មិន​បាន​ស្គាល់​ផ្លូវ​របស់​អញ​សោះ បាន​ជា​អញ​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ› »។ (ហេព្រើរ ៣:១០​-​១២) តើ​យើង​ឃើញ​នូវ​មេ​រៀន​ក្នុង​រឿង​នេះ​សំរាប់​យើង​ឬ​ទេ?

មេ​រៀន​សំរាប់​យើង

១៧. ហេតុ​អ្វី​ក៏​ពួក​អ៊ីស្រាអែល​ឥត​មាន​ជំនឿ ទោះ​ជា​គេ​បាន​ឃើញ​ការ​ប្រព្រឹត្ត​និង​ការ​ប្រកាស​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​នោះ?

១៧ ពួក​អ៊ីស្រាអែល​មួយ​តំណ​នោះ ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប ក៏​បាន​ឃើញ​ផ្ទាល់​ភ្នែក​និង​បាន​ឮ​ផ្ទាល់​ត្រចៀក នូវ​ការ​ប្រព្រឹត្ត​និង​ការ​ប្រកាស​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ពួក​គេ​ឥត​មាន​ជំនឿ ថា​ព្រះ​នឹង​អាច​នាំ​គេ​ចេញ​ដោយ​សុវត្ថិភាព​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​មក​នោះ​ទេ។ តើ​ហេតុ​អ្វី? ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា ពួក​គេ«មិន​បាន​ស្គាល់​ផ្លូវ​របស់​អញ​សោះ»។ ពួក​គេ​បាន​ដឹង​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ​និង​បាន​ប្រព្រឹត្ត តែ​ពួក​គេ​មិន​ដែល​បាន​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ទុក​ចិត្ត លើ​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការ​មើល​ថែ​រក្សា​នោះ​ឡើយ។ ពួក​គេ​បាន​គិត​តែ​អំពី​របស់​ត្រូវ​ការ​ខ្លួន ដែល​គេ​ពុំ​បាន​គិត​អំពី​ផ្លូវ​និង​គោល​បំណង​របស់​ព្រះ​នោះ​ទេ។ ត្រូវ​ហើយ គេ​បាន​ខ្វះ​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់។

១៨. យោង​ទៅ​តាម​ប៉ុល តើ​ការ​ប្រព្រឹត្ត​យ៉ាង​ណា​ដែល​នឹង​នាំ​ឲ្យ​មាន«ចិត្ត​អាក្រក់​ដោយ​មិន​ជឿ»?

១៨ ពាក្យ​ត​ទៅ​ទៀត​ជូន​ពួក​ហេព្រើរ ក៏​មាន​ទម្ងន់​លើ​យើង​ដូច​ពួក​គេ​នោះ​ដែរ ដែល​ថា៖ «ដូច្នេះ ចូរ​ប្រយ័ត​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ»។ (ហេព្រើរ ៣:៧) ប៉ុល​បាន​និយាយ​អំពី​ដើម​ហេតុ​នៃ​បញ្ហា​នេះ ដោយ​ចង្អុល​ប្រាប់​ថា ការ​មាន«ចិត្ត​អាក្រក់​ដោយ​មិន​ជឿ» គឺ​ដោយ​សារ​គេ​បាន«បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ»។ នៅ​ដើម​នៃ​សំបុត្រ​នេះ គាត់​បាន​និយាយ​អំពី‹ការ​រសាត់​ចេញ› ដោយ​ព្រោះ​ការ​ឥត​ប្រុង​ប្រយ័ត្ន។ (ហេព្រើរ ២:១) ប៉ុន្តែ ពាក្យ​ក្រិក​ដែល​បាន​បក​ប្រែ «រសាត់​ចេញ» មាន​ន័យ​ថា «បង្វែរ​ចេញ» ហើយ​ពាក្យ​ក្រិក​នេះ​គឺ​ជាប់​ទាក់​ទិន​នឹង​ពាក្យ«សេចក្ដី​ក្បត់​ជំនឿ»។ ពាក្យ​នេះ​ឲ្យ​អត្ថន័យ​នៃ​ការ​ទប់​ទល់ ការ​ដក​ខ្លួន​ចេញ និង​ការ​រត់​ចោល​ដោយ​ចេតនា ដែល​រួម​បញ្ចូល​នឹង​ការ​មើល​ងាយ​ផង។

១៩. តើ​តាម​របៀប​ណា​ដែល​ការ​មិន​ស្ដាប់​តាម​ដំបូន្មាន​នាំ​ឲ្យ​មាន​កម្មផល​ដ៏​ធ្ងន់​នោះ? សូម​ពន្យល់។

១៩ ដូច្នេះ មេ​រៀន​នោះ​គឺ​ថា ប្រសិន​បើ​យើង​មាន​ទម្លាប់​មិន«ឮ​សំឡេង​ទ្រង់» ដោយ​ឥត​អើពើ​នឹង​ដំបូន្មាន​ពី​ព្រះ​យេហូវ៉ា តាម​រយៈ​បន្ទូល​របស់​ទ្រង់​និង​តាម​រយៈ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់ នោះ​មិន​យូរ​ប៉ុន្មាន ចិត្ត​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​ឥត​ចេះ​មេត្ដា ដ៏​រឹង​រូស​ផង។ ជា​ឧទាហរណ៍ គូ​ដែល​មិន​ទាន់​រៀប​ការ​ប្រហែល​ជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​ហួស​ហេតុ។ ចុះ​យ៉ាង​ណា​វិញ​ប្រសិន​បើ​គេ​ឥត​អើពើ​នឹង​រឿង​នេះ? តើ​នេះ​នឹង​ការ​ពារ​គេ​ពី​ការ​ធ្វើ​បែប​នេះ​ម្ដង​ទៀត​ទេ ឬ​ក៏​តើ​នេះ​ជា​ការ​ងាយ​ស្រួល​ឲ្យ​គេ​ប្រព្រឹត្ត​បែប​នេះ​ម្ដង​ទៀត? ស្រដៀង​គ្នា​ដែរ នៅ​ពេល​ដែល​ក្រុម​អ្នក​បំរើ​ផ្ដល់​ឲ្យ​ឱវាទ​លើ ការ​ជ្រើស​រើស​នូវ​បទ​ភ្លេង​និង​បែប​បទ​កំសាន្ត​ជា​ដើម​នោះ តើ​យើង​ទទួល​យក​ដំបូន្មាន​នោះ​ដោយ​អំណរ ហើយ​កែ​តម្រូវ​នូវ​អ្វី​ដែល​ត្រូវ​នោះ​ទេ? ប៉ុល​បាន​ដាស់​តឿន‹មិន​ត្រូវ​លះ​បង់​ការ​ប្រជុំ​គ្នា›។ (ហេព្រើរ ១០:២៤, ២៥) ទោះ​ជា​មាន​ដំបូន្មាន​នេះ​ក៏​ដោយ អ្នក​ខ្លះ​មិន​អើពើ​នឹង​កិច្ច​ប្រជុំ​គ្រីស្ទាន​ទេ។ គេ​ប្រហែល​ជា​គិត​ថា ការ​មិន​ទៅ​ប្រជុំ​ខ្លះ​ឬ​លែង​ទៅ​កិច្ច​ប្រជុំ​ណា​មួយ​ទាំង​ស្រុង នោះ​មិន​សំខាន់​ទេ។

២០. ហេតុ​អ្វី​ក៏​ជា​ការ​ចាំ​បាច់ ដែល​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​វិជ្ជមាន​តាម​ដំបូន្មាន​ពី​បទ​គម្ពីរ?

២០ ប្រសិន​បើ​យើង​មិន​ប្រព្រឹត្ត​យ៉ាង​វិជ្ជមាន​តាម‹សម្លេង›របស់​ព្រះ​យេហូវ៉ា ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​បទ​គម្ពីរ​និង​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ នោះ​មិន​យូរ​ប៉ុន្មាន​យើង​នឹង«បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ»ហើយ។ ការ​ឥត​អើពើ​ដ៏​អកម្ម​ដល់​ដំបូន្មាន​នេះ អាច​ក្លាយ​ទៅ​ជា​ការ​មើល​ងាយ ការ​រិះ​គន់ ព្រម​ទាំង​ការ​ជំទាស់​ដ៏​សកម្ម​ដល់​ដំបូន្មាន​នោះ​ផង។ បើ​មិន​កែ​តម្រូវ​ចិត្ត​គំនិត​បែប​នេះ​ទេ នោះ​នឹង​មាន«ចិត្ត​អាក្រក់​ដោយ​មិន​ជឿ» ហើយ​ជា​ការ​ពិបាក​ណាស់ ក្នុង​ការ​កែ​តម្រូវ​ឲ្យ​បាន​ជា​ពី​ចិត្ត​គំនិត​បែប​នេះ។ (ប្រៀប​ធៀប អេភេសូរ ៤:១៩) យេរេមា​បាន​សរសេរ​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន»? (យេរេមា ១៧:៩) ដោយ​ហេតុ​នេះ ប៉ុល​បាន​ដាស់​តឿន​ពួក​ហេព្រើរ​ថា៖ «ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា‹ថ្ងៃ​នេះ›នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្ដី​បញ្ឆោត​របស់​អំពើ​បាប»។—ហេព្រើរ ៣:១៣

២១. តើ​យើង​បាន​ដាស់​តឿន​ឲ្យ​ធ្វើ​អ្វី ហើយ​តើ​ការ​ទន្ទឹង​ចាំ​អ្វី​ដែល​យើង​មាន​នោះ?

២១ យើង​មាន​ចិត្ត​រីករាយ​ណាស់ ដែល​ព្រះ​យេហូវ៉ា​នៅ​មាន​បន្ទូល​ប្រស្រ័យ​ទាក់​ទង​នឹង​យើង តាម​រយៈ​បន្ទូល​និង​អង្គការ​របស់​ទ្រង់! យើង​អរ​ព្រះ​គុណ​ណាស់ ដែល‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› បន្ត​ជួយ​យើង​ឲ្យ«កាន់​ខ្ជាប់ តាម​សេចក្ដី​ជំនឿ​ដើម​ដរាប​ដល់​ចុង​បំផុត»។ (ហេព្រើរ ៣:១៤) ឥឡូវ​នេះ​ហើយ​ជា​ពេល​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​តាម​សេចក្ដី​ស្រឡាញ់​និង​ការ​ដឹក​នាំ​របស់​ព្រះ​នោះ។ កាល​ដែល​យើង​ធ្វើ​ដូច​នេះ នោះ​យើង​នឹង​ទទួល​បាន​នូវ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​មួយ​ទៀត ដែល​ជា‹ការ​ចូល​ក្នុង›សេចក្ដី​សំរាក​របស់​ទ្រង់។ (ហេព្រើរ ៤:៣, ១០) នេះ​ហើយ​ជា​ប្រធាន​ដែល​ប៉ុល​បាន​ពិគ្រោះ​ជា​បន្ទាប់​ជា​មួយ​នឹង​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ ហើយ​ក៏​ជា​ប្រធាន​ដែល​យើង​នឹង​ពិចារណា​មើល​ក្នុង​អត្ថបទ​ជា​បន្ទាប់​ដែរ។

[កំណត់​សម្គាល់]

a លោក​យ៉ូស៊ីហ្វឺស​បាន​រាយ​ការណ៍​ថា ក្រោយ​បន្ដិច​ពី​ហ្វី​តែ​ស​បាន​ស្លាប់​ទៅ នោះ​លោក​អាន្ន៉ានាស​ពី​និកាយ​សាឌូស៊ី បាន​ក្លាយ​ជា​សម្ដេច​សង្ឃ។ លោក​បាន​យក​យ៉ាកុប ដែល​ជា​ប្អូន​របស់​ព្រះ​យេស៊ូ​ខាង​ម្ដាយ និង​ពួក​សិស្ស​ឯ​ទៀត​មក​ឯ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​គប់​ដុំ​ថ្ម។

b ប៉ុល​ច្បាស់​ជា​បាន​ស្រង់​ពាក្យ​ចេញ​ពី​បទ​គម្ពីរ​សេបទូជីន​ភាសា​ក្រិក ដែល​បក​ប្រែ​ពាក្យ​ហេព្រើរ«មេរីបា» និង«ម៉ាសា» ចេញ​ជា«ការ​ឈ្លោះ​គ្នា» និង«ការ​សាក​ល្បង» ជា​លំដាប់។ សូម​មើល​ទំព័រ ៣៥០​និង ៣៧៩ ក្នុង​សៀវភៅ Insight on the Scriptures, ក្បាល​ទី​២ ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ ហេតុ​អ្វី​ក៏​ប៉ុល​បាន​សរសេរ​ឲ្យ​ដំបូន្មាន​ដ៏​ខ្លាំង​ម្ល៉េះ​ជូន​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ?

◻ តើ​តាម​របៀប​ណា​ដែល​ប៉ុល​ជួយ​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​ឲ្យ​អបអរ ថា​គេ​មាន​អ្វី​មួយ​ដ៏​ប្រសើរ​ជាង​អ្វី​ដែល​គេ​មាន​ក្រោម​សាសនា​យូដា?

◻ តើ​តាម​របៀប​ណា​ដែល​ចិត្ត​របស់​មនុស្ស​ម្នាក់​អាច​ទៅ​ជា​រឹង​រូស​នោះ?

◻ តើ​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​ជៀស​វាង​ពី​ការ​នាំ​ឲ្យ​មាន«ចិត្ត​អាក្រក់​ដោយ​មិន​ជឿ»?

[រូប​ភាព​នៅ​ទំព័រ​២៤]

តើ​អ្នក​កំពុង​តែ​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ ដែល​ជា​លោក​ម៉ូសេ​ដ៏​ឧត្តម​ជាង​នោះ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក