បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១០ ទំ. ២៨-៣២
  • តើអ្នកបានចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះហើយឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកបានចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះហើយឬ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​បាន​សំរាក​ពី​កិច្ច​ការ​របស់​ទ្រង់
  • សាសន៍​អ៊ីស្រាអែល​មិន​បាន​ចូល​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ
  • នៅ​មាន​សេចក្ដី​សំរាក​នៅ​ឡើយ
  • ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ
  • បន្ទូល​របស់​ព្រះ​មាន​អំណាច
  • តើការសម្រាករបស់ព្រះជាអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • មានពេលសម្រាប់ធ្វើការនិងសម្រាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១០ ទំ. ២៨-៣២

តើ​អ្នក​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ​ហើយ​ឬ?

«ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន»។—ហេព្រើរ ៤:១០

១. ហេតុ​អ្វី​ក៏​យើង​ចង់​បាន​សេចក្ដី​សំរាក​ម្ល៉េះ?

សេចក្ដី​សំរាក។ នេះ​ជា​ពាក្យ​ដែល​គួរ​ឲ្យ​ចូល​ចិត្ត​ណាស់! ការ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ល្បឿន​យ៉ាង​លឿន ហើយ​ដែល​ពេញ​ដោយ​ចលាចល​នៅ​សព្វ​ថ្ងៃ​នេះ នោះ​យើង​សឹង​តែ​គ្រប់​គ្នា​នឹង​យល់​ស្រប​ថា ការ​មាន​សេចក្ដី​សំរាក​បន្ដិច​បន្តួច នោះ​ជា​ការ​ពេញ​ចិត្ត​ណាស់។ ទោះ​ជា​យើង​ជា​មនុស្ស​ក្មេង ឬ​ចាស់ បាន​រៀប​ការ ឬ​នៅ​លីវ​ក៏​ដោយ យើង​អាច​មាន​ចិត្ត​ដ៏​តាន​តឹង​និង​ដ៏​អស់​កម្លាំង​ទៀត​ផង ពី​ការ​រស់​នៅ​រៀង​រាល់​ថ្ងៃ។ ចំពោះ​អស់​អ្នក​ដែល​មាន​កំរិត​ខាង​ខ្លួន​ប្រាណ ឬ​ក៏​ភាព​ទន់​ខ្សោយ នោះ​ជា​អ្វី​ដ៏​ពិបាក​មួយ​រៀង​រាល់​ថ្ងៃ។ ដូច​ជា​បទ​គម្ពីរ​ចែង​ថា «ជីវិត​ទាំង​ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ»។ (រ៉ូម ៨:២២) មនុស្ស​ម្នាក់​ដែល​កំពុង​សំរាក មិន​ត្រូវ​ន័យ​ថា​ជា​មនុស្ស​ខ្ជិល​នោះ​ទេ។ សេចក្ដី​សំរាក​ជា​អ្វី​ដែល​មនុស្ស​ត្រូវ​ការ​នឹង​ទទួល​បាន។

២. តើ​ព្រះ​យេហូវ៉ា​បាន​សំរាក​តាំង​ពី​ពេល​ណា​មក?

២ ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ក៏​បាន​សំរាក​ដែរ។ នៅ​ក្នុង​សៀវភៅ​លោកុប្បត្តិ យើង​អាន​ថា៖ «ផ្ទៃ​មេឃ​នឹង​ផែនដី​ក៏​បាន​រួច​ជា​ស្រេច ព្រម​ទាំង​របស់​សព្វសារពើ​ផង លុះ​ដល់​ថ្ងៃ​ទី​៧ កាល​ដែល​ព្រះ​ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជា​ស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ»។ ព្រះ​យេហូវ៉ា​ឲ្យ​ទម្ងន់​ទៅ​លើ«ថ្ងៃ​ទី​៧» ដ្បិត​បទ​គម្ពីរ​ចែង​បន្ត​ទៀតថា៖ «ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ»។—លោកុប្បត្តិ ២:១​-​៣

ព្រះ​បាន​សំរាក​ពី​កិច្ច​ការ​របស់​ទ្រង់

៣. តើ​អ្វី​ដែល​មិន​អាច​ជា​មូលហេតុ​ដែល​ព្រះ​ទ្រង់​បាន​សំរាក​នោះ?

៣ ហេតុ​អ្វី​ក៏​ព្រះ​បាន​សំរាក​នៅ«ថ្ងៃ​ទី​៧»នោះ? ប្រាកដ​ហើយ ទ្រង់​មិន​បាន​សំរាក​ដោយ​ព្រោះ​ទ្រង់​អស់​កម្លាំង​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​មាន«ព្រះ​ចេស្ដា​ដ៏​ធំ» ហើយ«ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កម្លាំង​ផង»។ (អេសាយ ៤០:២៦, ២៨) ហើយ​ទ្រង់​ក៏​មិន​សំរាក​ដោយ​ព្រោះ​ទ្រង់​ត្រូវ​ការ​ពេល​សំរាក ឬ​ការ​ផ្លាស់​ប្ដូរ​ពី​ដំណើរ​ធម្មតា​នោះ​ទេ។ ដ្បិត​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​យើង​ថា៖ «ព្រះ​វរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។ (យ៉ូហាន ៥:១៧) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ «ព្រះ​ទ្រង់​ជា​វិញ្ញាណ» ហើយ​មិន​ជាប់​នឹង​ដំណើរ​វិល​ចុះ​វិល​ឡើង​ខាង​រូប​កាយ​និង​សេចក្ដី​ត្រូវ​ការ​ដូច​សត្តនិករ​ខាង​សាច់​ឈាម​នោះ​ទេ។—យ៉ូហាន ៤:២៤

៤. ក្នុង​របៀប​ណា​ដែល«ថ្ងៃ​ទី​៧» ខុស​ប្លែក​ពី​ប្រាំ​មួយ‹ថ្ងៃ›ដំបូង​នោះ?

៤ តើ​តាម​របៀប​ណា​ដែល​យើង​អាច​យល់​ធ្លុះ​ជ្រៅ​បាន នូវ​មូលហេតុ​ដែល​ព្រះ​បាន​សំរាក«នៅ​ថ្ងៃ​ទី​៧»នោះ? ដោយ​កត់​សម្គាល់​ថា ទោះ​ជា​ព្រះ​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​អ្វី​ៗ​ដែល​ទ្រង់​បាន​សម្រេច​ក្នុង​ប្រាំ​មួយ‹ថ្ងៃ›បង្កើត​ដំបូង ដែល​មាន​រយៈ​ជា​យូរ​នោះ តែ​ទ្រង់​បាន​ប្រទាន​ពរ​ទៅ​លើ«ថ្ងៃ​ទី​៧» ហើយ​បាន​ញែក​ទុក​ជា​ថ្ងៃ«បរិសុទ្ធ»។ វចនានុក្រម​អុកហ្វុតដ៏​សង្ខេប បក​ស្រាយ​ពាក្យ«បរិសុទ្ធ» ថា«បាន​ថ្វាយ​យ៉ាង​ដាច់​មុខ ឬ​បាន​ញែក​ទុក​ដោយ​ឡែក (ជូន​ឲ្យ​ព្រះ​ឬ​សំរាប់​គោល​បំណង​ខាង​សាសនា)»។ ដូច្នេះ ហេតុ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ពរ ហើយ​ញែក​ទុក​ជា​បរិសុទ្ធ​នូវ«ថ្ងៃ​ទី​៧» នោះ​បង្ហាញ​ថា​ការ«សំរាក»របស់​ទ្រង់ ត្រូវ​តែ​ជាប់​ទាក់​ទង​នឹង​ព្រះ​ហឫទ័យ​និង​គោល​បំណង​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ជា​ជាង​នឹង​សេចក្ដី​ត្រូវ​ការ​ខ្លះ​របស់​ទ្រង់​នោះ​ឡើយ។ តើ​ជាប់​ទាក់​ទង​អ្វី​ទៅ?

៥. តើ​អ្វី​ដែល​ព្រះ​បាន​ដាក់​ឲ្យ​មាន​ចលនា​ក្នុង​កំឡុង​ប្រាំ​មួយ‹ថ្ងៃ›ដំបូង?

៥ ក្នុង​កំឡុង‹ថ្ងៃ›បង្កើត​ទាំង​ប្រាំ​មួយ​មុន​នេះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ហើយ​ដាក់​ឲ្យ​មាន​ចលនា​នូវ​ខួប​និង​ច្បាប់​ទាំង​ឡាយ ដែល​មាន​ឥទ្ធិពល​លើ​ផែនដី​និង​របស់​ដែល​នៅ​ជុំ​វិញ​នោះ។ ពួក​អ្នក​វិទ្យា​សាស្ត្រ​ទើប​នឹង​រៀន​ដឹង​ថា របស់​ទាំង​នេះ​បាន​គូរ​ប្លង់​យ៉ាង​អស្ចារ្យ​មែន។ ដល់​ជិត​ទី​បញ្ចប់​នៃ«ថ្ងៃ​ទី​៦» ព្រះ​បាន​បង្កើត​មនុស្ស​មួយ​គូ​ដំបូង ហើយ​បាន​ឲ្យ​គេ​រស់​នៅ​ក្នុង«សួន​ច្បារ​១​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត»។ នៅ​ទី​បំផុត ព្រះ​បាន​ប្រកាស​អំពី​គោល​បំណង​របស់​ទ្រង់ ដែល​ស្តី​អំពី​គ្រួសារ​មនុស្ស​លោក និង​ផែនដី តាម​បន្ទូល​ជា​ទំនាយ​ដូច​នេះ​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស​នឹង​ជីវិត​ផង​ទាំង​ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង»។—លោកុប្បត្តិ ១:២៨, ៣១; ២:៨

៦. (ក) នៅ​ទី​បញ្ចប់​នៃ«ថ្ងៃ​ទី​៦» តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អ្វី​ដែល​ទ្រង់​បាន​បង្កើត​នោះ? (ខ) ក្នុង​ន័យ​យ៉ាង​ណា​ដែល«ថ្ងៃ​ទី​៧» ជា​ថ្ងៃ​បរិសុទ្ធ?

៦ កាល​ដែល​សេចក្ដី​បង្កើត​នៅ«ថ្ងៃ​ទី​៦»បាន​ចប់​ហើយ​នោះ ដំណើរ​រឿង​នេះ​ប្រាប់​យើង​ថា៖ «ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។ (លោកុប្បត្តិ ១:៣១) ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​របស់​ដែល​ទ្រង់​បាន​បង្កើត។ ដូច្នេះ​ទ្រង់​ក៏​បាន​សំរាក​ឬ​ក៏​បាន​ឈប់ ពី​កិច្ច​ការ​បង្កើត​ទៀត ដែល​ស្តី​អំពី​ផែនដី។ ប៉ុន្តែ ទោះ​ជា​សួន​មនោរម្យ​នេះ​បាន​គ្រប់ល័ក្ខណ៍​ហើយ​ល្អ​បំព្រង​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​កន្លែង​ដ៏​តូច​មួយ​ប៉ុណ្ណោះ ហើយ​មាន​មនុស្ស​តែ​ពីរ​នាក់​ទេ​ដែល​រស់​នៅ​លើ​ផែនដី​នោះ។ គឺ​នឹង​ត្រូវ​ការ​ពេល​វេលា​សំរាប់​ផែនដី​និង​គ្រួសារ​មនុស្ស ឲ្យ​មក​ដល់​ស្ថានភាព​ដែល​ព្រះ​បាន​មាន​គោល​បំណង​នោះ។ ដោយ​ហេតុ​នេះ​ហើយ ដែល​ទ្រង់​បាន​រើស​យក«ថ្ងៃ​ទី​៧» ដើម្បី​នឹង​អនុញ្ញាត​ឲ្យ​អ្វី​ៗ​ដែល​ទ្រង់​បាន​បង្កើត​នៅ​ប្រាំ​មួយ‹ថ្ងៃ›មុន​នេះ ឲ្យ​រីក​ចំរើន​តាម​ព្រះ​ហឫទ័យ​ដ៏​បរិសុទ្ធ​របស់​ទ្រង់។ (ប្រៀប​ធៀប អេភេសូរ ១:១១) កាល​ដែល«ថ្ងៃ​ទី​៧»បាន​មក​ដល់​ទី​អវសាន នោះ​ផែនដី​នឹង​ក្លាយ​ទៅ​ជា​សួន​មនោរម្យ​ទូទាំង​ផែនដី ដែល​មាន​មនុស្ស​ល្អ​គ្រប់ល័ក្ខណ៍​រស់​នៅ។ (អេសាយ ៤៥:១៨) «ថ្ងៃ​ទី​៧» បាន​ទុក​ដោយ​ឡែក​ឬ​បាន​ថ្វាយ​ឲ្យ ដើម្បី​សម្រេច​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ដែល​ស្តី​អំពី​ផែនដី​និង​មនុស្ស​លោក។ ក្នុង​ន័យ​នេះ​ហើយ ដែល​ជា​ថ្ងៃ«បរិសុទ្ធ»នោះ។

៧. (ក) ក្នុង​ករណី​អ្វី​ដែល​ព្រះ​ឈប់​សំរាក​នៅ«ថ្ងៃ​ទី​៧»? (ខ) តើ​តាម​របៀប​ណា​ដែល​របស់​ទាំង​អស់​នឹង​បាន​សម្រេច នៅ​ពេល​ដែល«ថ្ងៃ​ទី​៧»មក​ដល់​ទី​បញ្ចប់​នោះ?

៧ ដូច្នេះ ព្រះ​បាន​សំរាក​ពី​កិច្ច​ការ​បង្កើត​របស់​ទ្រង់ នៅ«ថ្ងៃ​ទី​៧»។ នេះ​គឺ​ហាក់​ដូច​ជា​ទ្រង់​បាន​ឈប់ ហើយ​បាន​អនុញ្ញាត​ឲ្យ​ទី​តាំង​របស់​ទ្រង់​មាន​ចលនា​ឲ្យ​បាន​សម្រេច។ ទ្រង់​មាន​ព្រះ​ទ័យ​ទុក​ចិត្ត​ថា នៅ​ទី​បំផុត​នៃ«ថ្ងៃ​ទី​៧» នោះ​របស់​ទាំង​អស់​នឹង​បាន​ដូច​អ្វី​ដែល​ទ្រង់​បាន​មាន​បំណង​មក​ជា​មិន​ខាន។ ទោះ​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ នោះ​ក៏​នឹង​បាន​ពុះ​ពារ​ឈ្នះ​ដែរ។ មនុស្ស​លោក​ដ៏​គោរព​ទាំង​អស់​នឹង​ទទួល​បាន​ប្រយោជន៍ នៅ​ពេល​ដែល​ព្រះ​ហឫទ័យ​របស់​ព្រះ​បាន​សម្រេចជា​ផ្ដាច់​ព្រាត់​នោះ។ គ្មាន​អ្វី​មួយ​ដែល​នឹង​បង្ការ​រឿង​នេះ​ឡើយ ពី​ព្រោះ​ពរ​របស់​ព្រះ​មាន​នៅ«ថ្ងៃ​ទី​៧» ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​បាន​ជា«បរិសុទ្ធ»។ នេះ​ជា​ការ​ទន្ទឹង​ចាំ​ដ៏​រុង​រឿង​មែន​ចំពោះ​មនុស្ស​លោក​ដែល​គោរព​តាម​នោះ!

សាសន៍​អ៊ីស្រាអែល​មិន​បាន​ចូល​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ

៨. តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា​ដែល​ពួក​អ៊ីស្រាអែល ប្រតិបត្ដិ​តាម​ថ្ងៃ​ឈប់​សំរាក?

៨ សាសន៍​អ៊ីស្រាអែល​បាន​ទទួល​ប្រយោជន៍​ពី​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា សំរាប់​កិច្ច​ការ​និង​សេចក្ដី​សំរាក។ ទោះ​ជា​មុន​នឹង​ប្រទាន​ឲ្យ​ច្បាប់​ទៅ​ពួក​អ៊ីស្រាអែល​នៅ​ភ្នំ​ស៊ីណាយ នោះ​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​គេ​តាម​រយៈ​ម៉ូសេ​ថា៖ «មើល ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​ថ្ងៃ​ឈប់​សំរាក នោះ​បាន​ជា​ក្នុង​ថ្ងៃ​ទី​៦ ទ្រង់​ក៏​ប្រទាន​នំ​ឲ្យ​ល្មម​គ្រាន់​ដល់​២​ថ្ងៃ ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ក្នុង​កន្លែង​ឯង​ចុះ កុំ​ឲ្យ​អ្នក​ណា​ចេញ​ទៅ​ក្រៅ​នៅ​ថ្ងៃ​ទី​៧​ឡើយ»។ ជា​លទ្ធផល «នោះ​បណ្ដា​ជន​គ្រប់​គ្នា​ក៏​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ»។—និក្ខមនំ ១៦:២២​-​៣០

៩. ហេតុ​អ្វី​ក៏​ច្បាប់​ថ្ងៃ​ឈប់​សំរាក ច្បាស់​ជា​អ្វី​ដែល​បាន​ពេញ​ចិត្ត​ពួក​អ៊ីស្រាអែល​នោះ?

៩ ការ​រៀបចំ​នេះ​ជា​អ្វី​មួយ​ថ្មី​សំរាប់​ពួក​អ៊ីស្រាអែល ដែល​ទើប​តែ​បាន​សង្គ្រោះ​ចេញ​ពី​ស្រុក​អេស៊ីប។ ទោះ​ជា​ពួក​អេស៊ីប​និង​សាសន៍​ឯ​ទៀត​បាន​រាប់​ពេល ជា​វេលា​ពី​ប្រាំ​ទៅ​ដប់​ថ្ងៃ​ក៏​ដោយ គឺ​គេ​ច្បាស់​ជា​មិន​ឲ្យ​ពួក​អ៊ីស្រាអែល​ដែល​ជាប់​ឃុំ​ឃាំង​នេះ មាន​ថ្ងៃ​ឈប់​សំរាក​ឡើយ។ (ប្រៀប​ធៀប និក្ខមនំ ៥:១​-​៩) ដូច្នេះ​ជា​ការ​សម​ហេតុ​ផល​ដោយ​សន្និដ្ឋាន​ថា ពួក​អ៊ីស្រាអែល​ទទួល​យក​ការ​ផ្លាស់​ប្ដូរ​នេះ​ជា​ទី​ពេញ​ចិត្ត។ ជា​ជាង​ចាត់​ទុក​សេចក្ដី​តម្រូវ​នៃ​ថ្ងៃ​ឈប់​សំរាក ជា​បន្ទុក​ឬ​ព្រំ​ដែន នោះ​គេ​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ធ្វើ​តាម។ តាម​ពិត ក្រោយ​មក​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ថា ថ្ងៃ​ឈប់​សំរាក​គឺ​សំរាប់​រំឭក​នូវ​ទាសភាព​ក្នុង​ស្រុក​អេស៊ីប ហើយ​និង​អំពី​ការ​សង្គ្រោះ​ពួក​គេ។—ចោទិយកថា ៥:១៥

១០, ១១. (ក) បើ​ពួក​គេ​គោរព​តាម​ព្រះ តើ​ពួក​អ៊ីស្រាអែល​នឹង​អាច​ទន្ទឹង​ចាំ​ទទួល​អ្វី? (ខ) ហេតុ​អ្វី​ក៏​ពួក​អ៊ីស្រាអែល​មិន​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ?

១០ ប្រសិន​បើ​ពួក​អ៊ីស្រាអែល​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​ជា​មួយ​ម៉ូសេ មាន​ចិត្ត​ដ៏​គោរព​តាម នោះ​គេ​នឹង​មាន​ឯកសិទ្ធិ​ចូល​ទៅ​ក្នុង«ស្រុក​ដែល​មាន​ទឹក​ដោះ​នឹង​ទឹក​ឃ្មុំ​ហូរ​ហៀរ»ដែល​បាន​សន្យា​មក​នោះ។ (និក្ខមនំ ៣:៨) ពួក​គេ​នឹង​បាន​ទទួល​សេចក្ដី​សំរាក​ពិត​នៅ​ទី​នោះ អស់​មួយ​ជីវិត​របស់​គេ មិន​គ្រាន់​តែ​នៅ​ថ្ងៃ​ឈប់​សំរាក​នោះ​ទេ។ (ចោទិយកថា ១២:៩, ១០) ប៉ុន្តែ ឥត​បាន​ឃើញ​ដូច​នេះ​ឡើយ។ រីឯ​ពួក​គេ នោះ​សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ចុះ​តើ​អ្នក​ណា​ដែល​ឮ រួច​កើត​បះ​បោរ​នោះ? តើ​មិន​មែន​ជា​អស់​អ្នក ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី? តើ​ទ្រង់​គ្នាន់​ក្នាញ់​នឹង​អ្នក​ណា នៅ​រវាង​៤០​ឆ្នាំ​នោះ តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​បាន​ធ្វើ​បាប ដែល​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោ​ស្ថាន​ទេ​ឬ​អី? ហើយ​តើ​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ណា​ថា«វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» បើ​មិន​មែន​នឹង​អស់​អ្នក ដែល​មិន​ស្ដាប់​បង្គាប់​ទេ? ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​នឹង​ចូល​បាន​ទេ ដោយ​ព្រោះ​គេ​មិន​ជឿ»។—ហេព្រើរ ៣:១៦​-​១៩

១១ នេះ​ជា​មេ​រៀន​ដ៏​ខ្លាំង​មែន​សំរាប់​យើង! ដោយ​ព្រោះ​គេ​ឥត​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា មនុស្ស​មួយ​តំណ​នោះ​មិន​បាន​ចូល​ក្នុង​សេចក្ដី​សំរាក​ដែល​ទ្រង់​បាន​សន្យា​មក​ឡើយ។ ផ្ទុយ​ទៅ​វិញ គេ​បាន​បាត់​បង់​ជីវិត​ក្នុង​ទី​រហោ​ស្ថាន។ គេ​ឥត​បាន​យល់​ថា ជា​កូន​ចៅ​របស់​អ័ប្រាហាំ នោះ​គេ​បាន​ជាប់​ទាក់​ទង​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ ក្នុង​ការ​ផ្ដល់​នូវ​ពរ​ឲ្យ​អស់​ទាំង​សាសន៍​នៅ​លើ​ផែនដី។ (លោកុប្បត្តិ ១៧:៧, ៨; ២២:១៨) ជា​ជាង​ធ្វើ​ឲ្យ​ស្រប​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ នោះ​គេ​បាន​រំខាន​ដោយ​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម​ដ៏​កំណាញ់​របស់​គេ​ទៅ​វិញ។ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ចូល​ទៅ​ក្នុង​ដំណើរ​បែប​នេះ​ឡើយ!—កូរិនថូស​ទី​១ ១០:៦, ១០

នៅ​មាន​សេចក្ដី​សំរាក​នៅ​ឡើយ

១២. តើ​នៅ​មាន​ការ​ទន្ទឹង​ចាំ​អ្វី​សំរាប់​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ហើយ​តើ​គេ​នឹង​អាច​ទទួល​បាន​យ៉ាង​ដូច​ម្ដេច?

១២ ក្រោយ​ពី​បាន​ចង្អុល​ប្រាប់​នូវ​បរាជ័យ​របស់​ពួក​អ៊ីស្រាអែល ក្នុង​ការ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ ដោយ​ព្រោះ​ឥត​ជំនឿ នោះ​ប៉ុល​បាន​បែរ​ស្មារតី​ទៅ​ពួក​ជឿ​គ្នី​គ្នា​របស់​គាត់។ ដូច​បាន​កត់​ទុក​មក​នៅ​ហេព្រើរ ៤:១​-​៥ នោះ​គាត់​បាន​ធានា​រ៉ាប់​រង​គេ​ថា«នៅ​មាន​សេចក្ដី​សន្យា​ទុក​មក ឲ្យ​បាន​ចូល​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់»។ ប៉ុល​បាន​ដាស់​តឿន​គេ​ឲ្យ​អនុវត្ត​ជំនឿ​លើ«ដំណឹង​ល្អ» ដ្បិត«យើង​រាល់​គ្នា​ដែល​ជឿ យើង​ចូល​ក្នុង​សេចក្ដី​សំរាក​នោះ»។ ដោយ​ព្រោះ​ក្រិត្យ​វិន័យ​នោះ​បាន​ត្រូវ​ដក​ចេញ​ដោយ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ នោះ​ប៉ុល​មិន​បាន​សំដៅ​ទៅ​សេចក្ដី​សំរាក​ខាង​រូប​កាយ ដែល​ផ្ដល់​ឲ្យ​តាម​ថ្ងៃ​ឈប់​សំរាក​នោះ​ទេ។ (កូល៉ុស ២:១៣, ១៤) ដោយ​ស្រង់​ពាក្យ​ពី​លោកុប្បត្តិ ២:២ និង​ទំនុកដំកើង ៩៥:១១ នោះ​ប៉ុល​បាន​ដាស់តឿន​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ។

១៣. ក្នុង​ការ​ដក​ពាក្យ​ស្រង់​ចេញ​ពី​ទំនុកដំកើង ៩៥ ហេតុ​អ្វី​ក៏​ប៉ុល​ឲ្យ​យើង​ប្រុង​ស្មារតី​នឹង​ពាក្យ«នៅ​ថ្ងៃ​នេះ»?

១៣ ដែល​គេ​អាច​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ នោះ​ត្រូវ​បាន​ធ្វើ​ជា«ដំណឹង​ល្អ»ដល់​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ ដូច​ថ្ងៃ​ឈប់​សំរាក​ត្រូវ​បាន​ជា«ដំណឹង​ល្អ»ដល់​ពួក​អ៊ីស្រាអែល​ពី​ដើម​ដែរ។ ដូច្នេះ ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​កុំ​ឲ្យ​មាន​កំហុស​ដដែល ដូច​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​នៅ​ទី​រហោ​ស្ថាន​នោះ​ឡើយ។ ដោយ​ស្រង់​ពី​ទំនុកដំកើង ៩៥:៧, ៨ គាត់​បាន​សំដៅ​ទៅ​ពាក្យ«នៅ​ថ្ងៃ​នេះ» ទោះ​ជា​ព្រះ​បាន​សំរាក​ពី​សេចក្ដី​បង្កើត​របស់​ទ្រង់​ជា​យូរ​យារ​មក​ហើយ​ក៏​ដោយ។ (ហេព្រើរ ៤:៦, ៧) តើ​ប៉ុល​ចង់​មាន​ប្រសាសន៍​យ៉ាង​ណា? នោះ​គឺ​ថា​នៅ«ថ្ងៃ​ទី​៧» ដែល​ព្រះ​ញែក​ទុក​សំរាប់​ឲ្យ​គោល​បំណង​ទ្រង់​ដែល​ស្តី​អំពី​ផែនដី និង​មនុស្ស​លោក​ឲ្យ​បាន​សម្រេច​ពេញ​លេញ នោះ​កំពុង​តែ​មាន​នៅ​ឡើយ។ ដូច្នេះ ជា​បន្ទាន់​ណាស់ ដែល​ពួក​គ្រីស្ទាន​ធ្វើ​តាម​គោល​បំណង​នោះ ជា​ជាង​គិត​សង្វាត​រក​តាម​សេចក្ដី​ប្រាថ្នា​ដ៏​កំណាញ់​វិញ។ ម្ដង​នេះ​ទៀត គាត់​បាន​ឲ្យ​ការ​ព្រមាន​នេះ​ថា៖ «កុំ​ឲ្យ​តាំង​ចិត្ត​រឹង​រូស​ឡើយ»។

១៤. តើ​តាម​របៀប​ណា​ដែល​ប៉ុល​បង្ហាញ​ថា «សេចក្ដី​សំរាក»របស់​ព្រះ​នៅ​មាន​នោះ?

១៤ ម្យ៉ាង​ទៀត ប៉ុល​បាន​បង្ហាញ​ថា«សេចក្ដី​សំរាក»ដែល​បាន​សន្យា​មក​នោះ មិន​មែន​គ្រាន់​តែ​ជា​រឿង​អំពី​ការ​រស់​នៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​មក​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ​នោះ​ទេ។ (យ៉ូស្វេ ២១:៤៤) ប៉ុល​បាន​ប្រកែក​ថា «បើ​សិន​ជា​លោក​យ៉ូស្វេ​បាន​ឲ្យ​គេ​ឈប់​សំរាក នោះ​ក្រោយ​មក [ព្រះ​នឹង]មិន​មាន​បន្ទូល​ពី​ថ្ងៃ​១​ទៀត​ទេ»។ ដោយ​ដឹង​អំពី​រឿង​នេះ ប៉ុល​មាន​ប្រសាសន៍​ទៀត​ថា៖ «ដូច្នេះ មាន​សេចក្ដី​ឈប់​សំរាក ទុក​សំរាប់​រាស្ត្រ​របស់​ព្រះ​នៅ​ខាង​មុខ»។ (ហេព្រើរ ៤:៨, ៩) តើ​អ្វី​ទៅ​ជា«សេចក្ដី​ឈប់​សំរាក»នោះ?

ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ

១៥, ១៦. (ក) តើ​អ្វី​ចំណុច​ដ៏​សារៈ​សំខាន់​នៃ​ពាក្យ«ថ្ងៃ​ឈប់​សំរាក»? (ខ) តើ‹ការ​ឈប់​សំរាក​ពី​កិច្ច​ការ​របស់​យើង› មាន​ន័យ​យ៉ាង​ណា?

១៥ ឃ្លា​ដែល​ថា«សេចក្ដី​ឈប់​សំរាក» គឺ​បាន​បក​ប្រែ​ពី​ពាក្យ​ក្រិក ដែល​មាន​ន័យ​ថា«ការ​ឈប់​សំរាក»។ (Kingdom Interlinear) សាស្ដ្រាចារ្យ វីលាម ឡេន មាន​ប្រសាសន៍​ថា៖ «ពាក្យ​នេះ​ទទួល​ភាព​លាំ​គ្នា​ពី​សេចក្ដី​បង្គាប់​ខាង​ថ្ងៃ​ឈប់​សំរាក ដែល​បាន​រីក​ចំរើន​ឡើង​ក្នុង​សាសនា​យូដា ដែល​ចេញ​ពី​និក្ខមនំ ២០:៨​-​១០ ដែល​បាន​ត្រូវ​គេ​បញ្ជាក់​ថា សេចក្ដី​សំរាក​និង​សេចក្ដី​សរសើរ​នៅ​ជាប់​ជា​មួយ​គ្នា . . . [នេះ]បង្ហាញ​នូវ​លក្ខណៈ​ពិសេស​នៃ​ភាព​ហ៊ឹកហ៊ាក់​ដូច​ពេល​បុណ្យ​និង​អំណរ ដែល​បាន​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សរសើរ​ព្រះ»។ ដូច្នេះ សេចក្ដី​សំរាក​ដែល​បាន​សន្យា​មក​នោះ មិន​គ្រាន់​តែ​ជា​ការ​ដោះ​លែង​ពី​ការងារ​នោះ​ទេ។ នេះ​ជា​ការ​ផ្លាស់​ប្ដូរ​ពី​ការងារ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ កិច្ច​ការ​ដ៏​ឥត​មាន​បំណង​ទៅ​កិច្ច​បំរើ​ដ៏​សប្បាយ ដែល​ឲ្យ​កិត្ដិយស​ដល់​ព្រះ។

១៦ នេះ​បាន​ត្រូវ​បញ្ជាក់​ដោយ​ពាក្យ​របស់​ប៉ុល​ជា​បន្ទាប់ ដែល​ថា៖ «ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ»។ (ហេព្រើរ ៤:១០) ព្រះ​ទ្រង់​មិន​បាន​សំរាក​នៅ​ថ្ងៃ​ទី​៧ ដោយ​ព្រោះ​អស់​កម្លាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ឈប់​សំរាក​ពី​កិច្ច​ការ​ខាង​ផែនដី ដើម្បី​ឲ្យ​ស្នា​ព្រះ​ហស្ត​បាន​រីក​ចំរើន ហើយ​ឲ្យ​បាន​សិរី​រុង​រឿង ដើម្បី​ឲ្យ​សរសើរ​និង​ឲ្យ​កិត្ដិយស​ដល់​ទ្រង់។ ជា​ផ្នែក​នៃ​សេចក្ដី​បង្កើត​របស់​ព្រះ នោះ​យើង​ក៏​មាន​ចំណែក​នៅ​ក្នុង​ការ​រៀបចំ​នេះ​ដែរ។ យើង​ត្រូវ‹ឈប់​សំរាក​ពី​កិច្ច​ការ​របស់​យើង› ក្នុង​ន័យ​ថា យើង​ត្រូវ​ឈប់​ដោះ​សា​ខ្លួន​យើង​នឹង​ព្រះ ដើម្បី​ប៉ុន​ប៉ង​ទទួល​សេចក្ដី​សង្គ្រោះ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​មាន​ជំនឿ​ថា សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​ពឹង​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​របស់​ទាំង​អស់​នឹង​បាន​នាំ​ឲ្យ​ស្រប​តាម​គោល​បំណង​របស់​ព្រះ។—អេភេសូរ ១:៨​-​១៤; កូល៉ុស ១:១៩, ២០

បន្ទូល​របស់​ព្រះ​មាន​អំណាច

១៧. តើ​ដំណើរ​ផ្លូវ​អ្វី​របស់​ពួក​អ៊ីស្រាអែល ដែល​យើង​ត្រូវ​តែ​ជៀស​វាង​នោះ?

១៧ ពួក​អ៊ីស្រាអែល​មិន​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ​ដែល​បាន​សន្យា​នោះ​ទេ ដោយ​ព្រោះ​ការ​មិន​គោរព​តាម​ហើយ​និង​ការ​ខ្វះ​ជំនឿ​របស់​គេ។ ជា​លទ្ធផល នោះ​ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​ថា៖ «ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ»។ (ហេព្រើរ ៤:១១) ពួក​យូដា​ភាគ​ច្រើន​នៅ​សតវត្ស​ទី​មួយ​មិន​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​ទេ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​របប​យូដា​បាន​ត្រូវ​បំផ្លាញ​នៅ​ឆ្នាំ​៧០ ស.យ.។ ជា​ការ​សំខាន់​មែន​ដែល​យើង​ត្រូវ​មាន​ជំនឿ លើ​សេចក្ដី​សន្យា​ក្នុង​បន្ទូល​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ!

១៨. (ក) តើ​មូលហេតុ​អ្វី​ដែល​ប៉ុល​ឲ្យ​សំរាប់​ការ​អនុវត្ត​ជំនឿ​លើ​បន្ទូល​របស់​ព្រះ? (ខ) តើ​តាម​របៀប​ណា​ដែល​បន្ទូល​របស់​ព្រះ«មុត​ជាង​ដាវ​ណា​មាន​មុខ​២»នោះ?

១៨ យើង​មាន​មូលហេតុ​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​អនុវត្ត​ជំនឿ​លើពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។ ប៉ុល​បាន​សរសេរ​ថា៖ «ឯ​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់​នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ»។ (ហេព្រើរ ៤:១២) ត្រូវ​ហើយ បន្ទូល​ឬ​ក៏​សារ​របស់​ព្រះ គឺ«មុត​ជាង​ដាវ​ណា​មាន​មុខ​២»។ ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​ត្រូវ​តែ​នឹក​ចាំ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួក​ឰយុកោ​របស់​គេ។ ពួក​គេ​បាន​ខំ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​នោះ ដោយ​ឥត​អើពើ​នឹង​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា ដែល​ថា​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​ទី​រហោ​ស្ថាន​វិញ។ ប៉ុន្តែ ម៉ូសេ​បាន​ព្រមាន​គេ​ថា៖ «ពួក​សាសន៍​អាម៉ាលេក និង​សាសន៍​កាណាន​នៅ​ខាង​មុខ​ឯង​រាល់​គ្នា​នោះ​ហើយ ឯង​នឹង​ត្រូវ​ដួល​ដោយ​ដាវ​របស់​គេ​ជា​មិន​ខាន»។ នៅ​ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​បន្ត​ទៅ​មុខ ដោយ​មាន​ចិត្ត​មានះ នោះ«ពួក​សាសន៍​អាម៉ាលេក និង​សាសន៍​កាណាន ដែល​នៅ​លើ​ភ្នំ​នោះ ក៏​ចុះ​មក​វាយ​ផ្ដួល ហើយ​ដេញ​តាម​គេ រហូត​ដល់​ស្រុក​ហោម៉ា»។ (ជន​គណនា ១៤:៣៩​-​៤៥) បន្ទូល​របស់​ព្រះ​យេហូវ៉ា​គឺ​មុត​ជាង​ដាវ​មុខ​ពីរ ហើយ​អ្នក​ណា​ម្នាក់​ដែល​ឥត​អើពើ​ដោយ​ចេតនា នោះ​នឹង​ទទួល​កម្មផល​ជា​មិន​ខាន។—កាឡាទី ៦:៧​-​៩

១៩. តើ​បន្ទូល​របស់​ព្រះ​មាន​អំណាច​ខ្លាំង​យ៉ាង​ណា ក្នុង​ការ‹ចាក់​ទម្លុះ​ចូល› ហើយ​ហេតុ​អ្វី​ក៏​យើង​ត្រូវ​ដឹង​អំពី​ការ​ទទួល​ខុស​ត្រូវ​ជូន​ព្រះ​នោះ?

១៩ បន្ទូល​របស់​ព្រះ​មាន​អំណាច​យ៉ាង​ខ្លាំង ក្នុង​ការ​ចាក់«ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​នឹង​វិញ្ញាណ ហើយ​សន្លាក់​នឹង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា»! វា​ជ្រាប​ចូល​គំនិត​និង​បំណង​ចិត្ត​នៃ​បុគ្គល​ម្នាក់ ឬ​បើ​និយាយ​ប្រៀប​ប្រដូច នោះ​ហាក់​ដូច​ជា​ចាក់​ទម្លុះ​ចូល កាត់​រហូត​នឹង​ខួរ​ឆ្អឹង​ដែល​ជា​ទី​ជំរៅ​បំផុត! ទោះ​ជា​ពួក​គេ​មាន​សេរី​ភាព​ពី​ពួក​អេស៊ីប ហើយ​បាន​សុខ​ចិត្ត​ធ្វើ​តាម​ក្រិត្យ​វិន័យ​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ដឹង​ថា ក្នុង​ចិត្ត​របស់​គេ​នោះ​គេ​ឥត​អបអរ​នឹង​សំ​វិធានការ​និង​សេចក្ដី​តម្រូវ​របស់​ទ្រង់​ទេ។ (ទំនុកដំកើង ៩៥:៧​-​១១) ជា​ជាង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​គេ​បាន​ខ្វល់​ខ្វាយ​តែ​នឹង​ការ​បំពេញ​សេចក្ដី​ប្រាថ្នា​របស់​គេ​ប៉ុណ្ណោះ។ ដូច្នេះ គេ​ឥត​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ​ដែល​បាន​សន្យា​មក ប៉ុន្តែ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ទី​រហោ​ស្ថាន។ យើង​ត្រូវ​តែ​ធ្វើ​តាម​មេ​រៀន​នោះ ដ្បិត«គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់»។ (ហេព្រើរ ៤:១៣) ដូច្នេះ​សូម​ឲ្យ​យើង​សម្រេច​តាម​ការ​ថ្វាយ​ខ្លួន​របស់​យើង​ទៅ​ព្រះ​យេហូវ៉ា ហើយ​មិន«ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ»។—ហេព្រើរ ១០:៣៩

២០. តើ​អ្វី​ដែល​មាន​នៅ​ខាង​មុខ ហើយ​តើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ?

២០ ទោះ​ជា«ថ្ងៃ​ទី​៧» ដែល​ជា​ថ្ងៃ​សំរាក​របស់​ព្រះ គឺ​កំពុង​តែ​ជឿន​ទៅ​មុខ​ក្ដី នោះ​ទ្រង់​ប្រុង​សម្រេច​គោល​បំណង​របស់​ទ្រង់ ដែល​ស្តី​អំពី​ផែនដី​និង​មនុស្ស​លោក។ មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ស្តេច​មេស្ស៊ី នឹង​ចាត់​វិធានការ​ដើម្បី​កំចាត់​ពួក​អ្នក​ប្រឆាំង​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​ចេញ​ពី​ផែនដី​នេះ ដែល​រួម​បញ្ចូល​អារក្ស​សាតាំង​ដែរ។ ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ នោះ​ព្រះ​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​នឹង​នាំ​ឲ្យ​ផែនដី​និង​មនុស្ស​លោក​មក​ដល់​ភាព​សម្រេច ដែល​ព្រះ​បាន​មាន​បំណង​មក​នោះ។ (វិវរណៈ ១៤:១; ២០:១​-​៦) ឥឡូវ​នេះ​ហើយ​ជា​គ្រា​សំរាប់​ឲ្យ​យើង បង្ហាញ​ថា​ជីវិត​របស់​យើង គិត​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ ជា​ជាង​រក​តែ​ដោះ​សា​ខ្លួន​យើង​ពី​មុខ​ព្រះ ហើយ​គិត​រក​តែ​ប្រយោជន៍​របស់​ខ្លួន​យើង ឥឡូវ​នេះ​ហើយ​ជា​ពេល​សំរាប់​ឲ្យ​យើង‹ឈប់​សំរាក​ពី​កិច្ច​ការ​របស់​យើង› ហើយ​បំរើ​គោល​បំណង​ព្រះ​រាជាណាចក្រ​ដោយ​ស្មោះ​ពី​ចិត្ត។ ដោយ​ធ្វើ​បែប​នេះ ហើយ​រក្សា​ចិត្ត​ស្មោះ​ត្រង់​តាម​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ នោះ​យើង​នឹង​មាន​ឯកសិទ្ធិ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សំរាក​របស់​ព្រះ នៅ​គ្រា​ឥឡូវ​នេះ​និង​ជា​រៀង​រហូត​ត​ទៅ។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ ចំពោះ​គោល​បំណង​អ្វី​ដែល​ព្រះ​បាន​សំរាក​នៅ«ថ្ងៃ​ទី​៧»នោះ?

◻ តើ​សេចក្ដី​សំរាក​អ្វី​ដែល​ពួក​អ៊ីស្រាអែល​អាច​ទទួល​បាន ប៉ុន្តែ​ហេតុ​អ្វី​ក៏​គេ​ឥត​បាន​ចូល​ក្នុង​សេចក្ដី​សំរាក​ទៅ​វិញ?

◻ តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ព្រះ?

◻ តើ​បន្ទូល​របស់​ព្រះ​នៅ​រស់ មាន​អំណាច និង​មុត​ជាង​ដាវ​មុខ​ពីរ​យ៉ាង​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក