«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ»
សំណួរពីអ្នកអាន
តើអ្វីជា«បណ្ដាំរបស់ព្រះ»ដែលហេប្រឺ ៤:១២ចែងថា«គឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»?
ខមុននិងក្រោយបទគម្ពីរនេះជួយយើងឲ្យយល់ថាប៉ូលកំពុងនិយាយអំពីដំណឹងរបស់ព្រះស្តីអំពីគោលបំណងរបស់លោក ដូចដែលយើងឃើញក្នុងគម្ពីរ។
យើងច្រើនតែរៀបរាប់អំពីហេប្រឺ ៤:១២ក្នុងសៀវភៅរបស់យើងដើម្បីបង្ហាញថាគម្ពីរមានឫទ្ធានុភាពកែប្រែជីវិត ហើយនោះគឺត្រឹមត្រូវ។ ក៏ប៉ុន្តែ គឺជាការល្អដែលយើងយល់អំពីអ្វីដែលប៉ូលកំពុងនិយាយពេលដែលគាត់សរសេរពាក្យនេះនៅហេប្រឺ ៤:១២។ គាត់កំពុងលើកទឹកចិត្តគ្រិស្តសាសនិកជនជាតិហេប្រឺឲ្យប្រព្រឹត្តសមស្របតាមគោលបំណងរបស់ព្រះ។ នៅក្នុងឯកសារបរិសុទ្ធនានា មានគោលបំណងទាំងនោះជាច្រើន។ ប៉ូលបានប្រើឧទាហរណ៍មួយអំពីជនជាតិអ៊ីស្រាអែលដែលព្រះបានរំដោះចេញពីស្រុកអេស៊ីប។ ពួកគេមានសេចក្ដីសង្ឃឹមចូលស្រុកដែលព្រះបានសន្យាដែល«ជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរ» ជាកន្លែងដែលពួកគេអាចសម្រាកពិតប្រាកដ។—និក្ខមនំ ៣:៨; ចោទិយកថា ១២:៩, ១០
នោះធ្លាប់ជាគោលបំណងរបស់ព្រះ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលមិនព្រមទទួលការណែនាំរបស់ព្រះយេហូវ៉ា ហើយមិនបានបង្ហាញជំនឿទេ ដូច្នេះពួកគេភាគច្រើនមិនបានចូលក្នុងការសម្រាកនោះទេ។ (ជនគណនា ១៤:៣០; យ៉ូស្វេ ១៤:៦-១០) ទោះជាយ៉ាងនេះក៏ដោយ ប៉ូលបាននិយាយបន្ថែមថានៅតែមាន«សេចក្ដីសន្យាដែលថា រាស្ត្ររបស់ព្រះនឹងចូលក្នុងការសម្រាករបស់លោក»។ (ហេប្រឺ ៣:១៦-១៩; ៤:១) «សេចក្ដីសន្យា»នេះច្បាស់ជាផ្នែកមួយនៃគោលបំណងដែលព្រះបានបើកបង្ហាញ។ ដូចគ្រិស្តសាសនិកជនជាតិហេប្រឺ យើងអាចរៀនអំពីគោលបំណងនោះ ហើយយើងក៏អាចប្រព្រឹត្តសមស្របតាមគោលបំណងនោះដែរ។ ដើម្បីបញ្ជាក់ថាសេចក្ដីសន្យានេះគឺមានមូលដ្ឋានលើបទគម្ពីរ ប៉ូលបានដកស្រង់ពាក្យខ្លះពីបទគម្ពីរនៅលោកុប្បត្តិ ២:២ និងទំនុកតម្កើង ៩៥:១១។
ការដែល«នៅមានសេចក្ដីសន្យាដែលថា រាស្ត្ររបស់ព្រះនឹងចូលក្នុងការសម្រាករបស់លោក» គួរមានឥទ្ធិពលលើចិត្តរបស់យើង។ យើងទុកចិត្តថាអ្វីដែលគម្ពីរបង្រៀនអំពីការចូលក្នុងការសម្រាករបស់ព្រះគឺពិតជាអាចកើតឡើងមែន ហើយយើងបានចាត់វិធានការដើម្បីចូលក្នុងការសម្រាកនោះ។ យើងមិនធ្វើដូច្នេះដោយព្យាយាមធ្វើតាមច្បាប់ម៉ូសេ ឬដោយធ្វើអ្វីដែលល្អគ្រាន់តែដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ ដោយសារយើងមានជំនឿទៅលើព្រះ យើងសប្បាយរីករាយប្រព្រឹត្តសមស្របតាមគោលបំណងរបស់លោក ហើយបន្តធ្វើដូច្នេះ។ មនុស្សរាប់ពាន់នាក់ទូទាំងពិភពលោកក៏បានចាប់ផ្ដើមសិក្សាគម្ពីរនិងរៀនអំពីអ្វីដែលព្រះបានបើកបង្ហាញស្តីអំពីគោលបំណងរបស់លោក។ នេះបានជំរុញចិត្តពួកគេជាច្រើននាក់ឲ្យកែប្រែរបៀបរស់នៅរបស់ពួកគេ បង្ហាញជំនឿ និងទទួលការជ្រមុជទឹក។ លទ្ធផលទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។ អ្វីដែលព្រះបានបើកបង្ហាញក្នុងគម្ពីរអំពីគោលបំណងរបស់លោកបានមានឥទ្ធិពលមកលើជីវិតរបស់យើងរួចហើយ ហើយនឹងបន្តមានឫទ្ធានុភាពក្នុងជីវិតរបស់យើង។