ព្រះយេហូវ៉ា—ជាប្រភពនៃយុត្ដិធម៌ពិតនិងសេចក្ដីសុចរិត
«ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ»។—ចោទិយកថា ៣២:៤
១. ហេតុអ្វីក៏យើងមានសេចក្ដីត្រូវការខាងយុត្ដិធម៌ ពីកំណើតមកនោះ?
សឹងតែមនុស្សគ្រប់គ្នា នោះពីកំណើតមកត្រូវការនូវសេចក្ដីស្រឡាញ់ ដូច្នេះយើងគ្រប់គ្នាចង់ឲ្យគេប្រព្រឹត្តមកលើយើងដោយយុត្ដិធម៌។ ដូចរដ្ឋបុរសជាតិអាមេរិកម្នាក់ឈ្មោះ ថូមាស ចេហ្វឺសិនបានសរសេរមក «[យុត្ដិធម៌]គឺជាអ្វីដែលមានពីកំណើត . . . ដែលរួមខ្លួនប្រាណរបស់យើង ដូចនឹងអារម្មណ៍ ការឃើញ ឬការឮនោះដែរ»។ នេះមិនមែនជាអ្វីដែលគួរឲ្យចម្លែកនោះទេ ដោយព្រោះព្រះយេហូវ៉ាបានបង្កើតយើងមកក្នុងរូបអង្គទ្រង់។ (លោកុប្បត្តិ ១:២៦) ប្រាកដហើយ ទ្រង់បានប្រទានឲ្យយើងនូវគុណសម្បត្ដិដែលបង្ហាញឲ្យឃើញបុគ្គលិកលក្ខណៈរបស់ទ្រង់ផ្ទាល់ ដែលគុណសម្បត្ដិមួយ នោះគឺយុត្ដិធម៌។ ដូច្នេះហើយបានជាយើងចង់បានយុត្ដិធម៌ដែលមានពីកំណើត ហើយចង់រស់នៅក្នុងពិភពលោកដែលមានយុត្ដិធម៌និងសេចក្ដីសុចរិតជាពិត។
២. តើយុត្ដិធម៌គឺសំខាន់យ៉ាងណាចំពោះព្រះយេហូវ៉ា ហើយហេតុអ្វីក៏យើងត្រូវតែយល់អត្ថន័យនៃយុត្ដិធម៌របស់ព្រះ?
២ ស្តីអំពីព្រះយេហូវ៉ា នោះព្រះគម្ពីរធានារ៉ាប់រងយើងថា៖ «អស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌»។ (ចោទិយកថា ៣២:៤) ប៉ុន្តែ ក្នុងពិភពលោកដែលមានពេញដោយអយុត្ដិធម៌ គឺមិនជាការស្រួលទេឲ្យយល់អត្ថន័យអំពីយុត្ដិធម៌របស់ព្រះនោះ។ យ៉ាងណាក៏ដោយ តាមរយៈបន្ទូលរបស់ព្រះ នោះយើងអាចយល់ដឹងនូវរបៀបដែលព្រះប្រើយុត្ដិធម៌ ហើយអាចយល់ដឹងថែមទៀតនូវផ្លូវដ៏អស្ចារ្យរបស់ព្រះ។ (រ៉ូម ១១:៣៣) ការយល់ដឹងអំពីយុត្ដិធម៌ក្នុងអត្ថន័យតាមព្រះគម្ពីរគឺសំខាន់ ពីព្រោះគំនិតរបស់យើងអំពីយុត្ដិធម៌ ប្រហែលជាបានមតិរបស់មនុស្សមានឥទ្ធិពលលើសិន។ ពីទស្សនៈរបស់មនុស្ស យុត្ដិធម៌ប្រហែលជាអាចគ្រាន់តែចាត់ទុកថា ជាការអនុវត្តនូវច្បាប់ដោយឥតល្អៀងប៉ុណ្ណោះ។ ឬដូចទស្សនវិទូម្នាក់ឈ្មោះ ហ្វ្រេនសិស បេកិន បានសរសេរមកថា «យុត្ដិធម៌រួមទាំងការប្រទានឲ្យមនុស្សណាម្នាក់នូវអ្វីដែលគាត់សមទទួល»។ ប៉ុន្តែ យុត្ដិធម៌របស់ព្រះយេហូវ៉ា គឺទាក់ទងច្រើនជាងនោះទៅទៀត។
យុត្ដិធម៌របស់ព្រះយេហូវ៉ាគឺនាំឲ្យមានចិត្តកក់ក្ដៅ
៣. តើន័យអ្វីដែលបានបង្ហាញដោយពាក្យភាសាដើម ដែលប្រើក្នុងព្រះគម្ពីរសំរាប់យុត្ដិធម៌និងសេចក្ដីសុចរិត?
៣ យើងអាចយល់បានច្បាស់ល្អទៀតនូវទំហំនៃយុត្ដិធម៌របស់ព្រះ បើយើងពិចារណាមើលនូវរបៀបដែលពាក្យក្នុងភាសាដើម បានត្រូវយកមកប្រើក្នុងព្រះគម្ពីរនោះ។a ជាការគួរឲ្យចាប់អារម្មណ៍ ក្នុងព្រះគម្ពីរគឺគ្មានការខុសគ្នាដ៏សំខាន់ណារវាងយុត្ដិធម៌និងសេចក្ដីសុចរិតនោះទេ។ តាមការពិត ជួនកាលពាក្យហេព្រើរបានត្រូវយកមកប្រើស្របជាមួយនឹងគ្នា ដូចយើងឃើញនូវអេម៉ុស ៥:២៤ ដែលព្រះយេហូវ៉ាដាស់តឿនរាស្ត្ររបស់ទ្រង់ថា៖ «ត្រូវឲ្យមានសេចក្ដីយុត្ដិធម៌ហូរមកដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាទន្លេធំវិញ»។ ម្យ៉ាងទៀត ពាក្យ«សេចក្ដីសុចរិត នឹងសេចក្ដីយុត្ដិធម៌»បានប្រើប៉ុន្មានដងស្របជាមួយគ្នា ដើម្បីធ្វើការបញ្ជាក់ឲ្យបានច្បាស់។—ទំនុកដំកើង ៣៣:៥; អេសាយ ៣៣:៥; យេរេមា ៣៣:១៥; អេសេគាល ១៨:២១; ៤៥:៩
៤. តើការអនុវត្តយុត្ដិធម៌មានន័យយ៉ាងណា ហើយតើអ្វីជាខ្នាតតម្រានៃយុត្ដិធម៌ដ៏ផ្ដាច់ព្រាត់នោះ?
៤ តើអ្វីជាន័យដែលបានត្រូវបង្ហាញមកដោយពាក្យហេព្រើរនិងពាក្យក្រិកទាំងនេះ? ដើម្បីអនុវត្តយុត្ដិធម៌តាមបទគម្ពីរ នោះមានន័យថា ការធ្វើអ្វីដែលត្រឹមត្រូវហើយដោយឥតរើសមុខ។ ដោយព្រោះព្រះយេហូវ៉ាជាព្រះអង្គដែលស្ថាបនាច្បាប់សីលធម៌និងគោលការណ៍ ឬអ្វីដែលត្រឹមត្រូវហើយដោយឥតរើសមុខ នោះរបៀបដែលព្រះយេហូវ៉ាធ្វើអ្វីមួយ គឺជាកំពូលខ្នាតតម្រានៃយុត្ដិធម៌។ សព្វវចនាធិប្បាយសាសនវិទូខាងសញ្ញាចាស់ ពន្យល់ថាពាក្យហេព្រើរដែលបានបកស្រាយជាសេចក្ដីសុចរិត ទ្សីឌេខ (tseʹdheq) «សំដៅទៅខ្នាតតម្រាខាងអភិសមាចារនិងសីលធម៌ ហើយនៅក្នុងសញ្ញាចាស់ ខ្នាតតម្រានោះគឺជាចរិតនិងព្រះហឫទ័យរបស់ព្រះ»។ ដូច្នេះ របៀបដែលព្រះប្រើគោលការណ៍របស់ទ្រង់ ហើយជាពិសេសរបៀបដែលទ្រង់ទាក់ទងជាមួយមនុស្សឥតគ្រប់ល័ក្ខណ៍ បង្ហាញនូវសារៈសំខាន់នៃយុត្ដិធម៌និងសេចក្ដីសុចរិតពិត។
៥. តើគុណសម្បត្ដិអ្វីដែលទាក់ទងនឹងយុត្ដិធម៌របស់ព្រះ?
៥ បទគម្ពីរបង្ហាញយ៉ាងច្បាស់ថា យុត្ដិធម៌របស់ព្រះគឺនាំឲ្យមានចិត្តកក់ក្ដៅ មិនមែនជាអ្វីដ៏ឃោរឃៅឬដ៏តឹងរឹងនោះឡើយ។ ដាវីឌបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ»។ (ទំនុកដំកើង ៣៧:២៨) យុត្ដិធម៌របស់ព្រះនាំឲ្យទ្រង់បង្ហាញការស្មោះត្រង់ និងសេចក្ដីមេត្ដាករុណាដល់ពួកអ្នកបំរើរបស់ទ្រង់។ យុត្ដិធម៌របស់ព្រះគឺយោគយល់ដល់សេចក្ដីត្រូវការរបស់យើង ហើយអត់ឱនទោសនឹងភាពឥតគ្រប់ល័ក្ខណ៍របស់យើង។ (ទំនុកដំកើង ១០៣:១៤) នេះមិនមានសេចក្ដីថា ព្រះបណ្ដោយឲ្យមានអំពើកំណាចឡើយ ដ្បិតបើធ្វើបែបនេះ នោះនឹងនាំឲ្យមានអំពើអយុត្ដិធម៌ទៅវិញទេ។ (សាំយូអែលទី១ ៣:១២, ១៣; សាស្ដា ៨:១១) ព្រះយេហូវ៉ាបានពន្យល់ទៅម៉ូសេថា ទ្រង់«មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ»។ ទោះជាទ្រង់សុខចិត្តនឹងអត់ឱនទោស នោះព្រះទ្រង់នឹងមិនលើកលែងទោស ចំពោះអស់អ្នកដែលសមទទួលនោះឡើយ។—និក្ខមនំ ៣៤:៦, ៧
៦. តើព្រះយេហូវ៉ាលៃលកនឹងកូនទ្រង់នៅលើផែនដីយ៉ាងដូចម្ដេច?
៦ នៅពេលដែលយើងរំពឹងគិតលើរបៀបដែលព្រះយេហូវ៉ាអនុវត្តយុត្ដិធម៌ នោះយើងមិនត្រូវគិតអំពីទ្រង់ជាចៅក្រមដ៏តឹងរឹងមួយអង្គ ដែលរកតែកាត់ទោសពួកអ្នកប្រព្រឹត្តអាក្រក់នោះឡើយ។ ផ្ទុយទៅវិញ យើងត្រូវគិតអំពីទ្រង់ជាព្រះវរបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយដ៏មុតមាំ ដែលលៃលកដោះស្រាយឲ្យកូនៗរបស់ទ្រង់តាមរបៀបដ៏ល្អបំផុត។ ព្យាការីអេសាយបានមានប្រសាសន៍ថា៖ «ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ»។ (អេសាយ ៦៤:៨) ជាព្រះវរបិតាដែលប្រកបដោយយុត្ដិធម៌និងសុចរិត នោះព្រះយេហូវ៉ាថ្លឹងថ្លែងការមុតមាំចំពោះអ្វីដែលត្រឹមត្រូវ ដោយមេត្ដាករុណាដល់កូនចៅរបស់ទ្រង់នៅលើផែនដី ដែលត្រូវការជំនួយឬការអត់ឱនទោស ដោយព្រោះមានកាលៈទេសៈដ៏ពិបាកឬភាពទន់ខ្សោយខាងសាច់ឈាមនោះ។—ទំនុកដំកើង ១០៣:៦, ១០, ១៣
ការធ្វើឲ្យឃើញច្បាស់នូវអ្វីជាយុត្ដិធម៌
៧. (ក) តើអ្វីដែលយើងរៀនអំពីយុត្ដិធម៌របស់ព្រះពីទំនាយរបស់អេសាយ? (ខ) តើព្រះយេស៊ូបានមានមុខនាទីយ៉ាងណា ក្នុងការបង្រៀនសាសន៍ទាំងឡាយអំពីយុត្ដិធម៌របស់ព្រះ?
៧ ចរិតដ៏មេត្ដាករុណានៃយុត្ដិធម៌របស់ព្រះយេហូវ៉ា បានត្រូវបញ្ជាក់ឲ្យឃើញដោយព្រះមេស្ស៊ីដែលបានយាងមកនោះ។ ព្រះយេស៊ូបានបង្រៀនពីយុត្ដិធម៌របស់ព្រះ ហើយបានរស់នៅតាមយុត្ដិធម៌នោះ ដូចបានទាយប្រាប់មកដោយព្យាការីអេសាយ។ យ៉ាងច្បាស់ណាស់ យុត្ដិធម៌របស់ព្រះរួមបញ្ចូលការប្រព្រឹត្តដោយមេត្ដាលើបណ្ដាជនដែលបានត្រូវរងទុក្ខវេទនា។ ដោយធ្វើដូច្នេះ នោះគេនឹងមិនត្រូវខូចចិត្តរហូតដល់មិនអាចជាឡើងវិញនោះទេ។ ព្រះយេស៊ូ ដែលជា«អ្នកបំរើ»របស់ព្រះយេហូវ៉ាបានមកផែនដីនេះ ដើម្បី‹ប្រាប់ឲ្យច្បាស់ដល់សាសន៍នានា›អំពីលក្ខណៈនេះនៃយុត្ដិធម៌របស់ព្រះ។ អ្វីដែលសំខាន់ជាងគេ នោះទ្រង់បានផ្ដល់ឲ្យយើងនូវគំរូនៃយុត្ដិធម៌របស់ព្រះ។ ជា«លំពង់ដ៏សុចរិត»នៃស្តេចដាវីឌ នោះព្រះយេស៊ូបានខ្នះខ្នែង«រកសម្រេចសេចក្ដីយុត្ដិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត»។—អេសាយ ១៦:៥; ៤២:១-៤; ម៉ាថាយ ១២:១៨-២១; យេរេមា ៣៣:១៤, ១៥
៨. ហេតុអ្វីក៏យុត្ដិធម៌និងសេចក្ដីសុចរិតពិតបានក្លាយទៅជាពិបាកឃើញ ក្នុងសតវត្សទីមួយ?
៨ ការធ្វើឲ្យឃើញច្បាស់នូវយុត្ដិធម៌របស់ព្រះយេហូវ៉ាគឺបានជាចាំបាច់ណាស់ក្នុងសតវត្សទីមួយ ស.យ.។ ពួកចាស់ទុំសាសន៍យូដានិងមេដឹកនាំសាសនា គឺពួកស្ក្រែប ពួកផារីស៊ី និងអ្នកឯទៀត បានប្រកាសហើយបានទុកជាគំរូដ៏ខុសអំពីយុត្ដិធម៌និងសេចក្ដីសុចរិត។ ជាលទ្ធផល មនុស្សធម្មតាដែលមានការពិបាកធ្វើតាមបញ្ជាទាំងនោះ ដែលបានស្ថាបនាឡើងដោយពួកស្ក្រែបនិងពួកផារីស៊ី នោះប្រហែលជាបានគិតថាសេចក្ដីសុចរិតរបស់ព្រះ គឺមិនអាចទទួលបាននោះទេ។ (ម៉ាថាយ ២៣:៤; លូកា ១១:៤៦) ព្រះយេស៊ូបានបង្ហាញថា នេះមិនមែនជាដូច្នេះឡើយ។ ទ្រង់បានជ្រើសរើសពួកសិស្សរបស់ទ្រង់ពីចំណោមពួកមនុស្សធម្មតា ហើយទ្រង់បានបង្រៀនគេអំពីខ្នាតតម្រាដ៏សុចរិតរបស់ព្រះ។—ម៉ាថាយ ៩:៣៦; ១១:២៨-៣០
៩, ១០. (ក) តើពួកស្ក្រែបនិងពួកផារីស៊ីបានរកបង្ហាញសេចក្ដីសុចរិតរបស់គេ តាមរបៀបណា? (ខ) តើតាមរបៀបណានិងហេតុអ្វីក៏ព្រះយេស៊ូបង្ហាញថា ការប្រព្រឹត្តនៃពួកស្ក្រែបនិងពួកផារីស៊ីឥតបានប្រយោជន៍នោះ?
៩ ផ្ទុយទៅវិញ ពួកផារីស៊ីបានស្វែងរកឱកាសដើម្បីបង្ហាញ«សេចក្ដីសុចរិត»របស់គេ ដោយអធិស្ឋានឬថ្វាយវិភាគទាននៅតាមសាធារណៈ។ (ម៉ាថាយ ៦:១-៦) ហើយក៏គេបានខំបង្ហាញនូវសេចក្ដីសុចរិតរបស់គេ ដោយធ្វើតាមច្បាប់និងវិន័យដែលរាប់មិនអស់ ដែលច្បាប់ជាច្រើនគឺបានធ្វើឡើងដោយខ្លួនគេតែម្ដង។ ការធ្វើបែបនេះបាននាំឲ្យគេ«លះចោលសេចក្ដីយុត្ដិធម៌ នឹងសេចក្ដីស្រឡាញ់នៃព្រះវិញ»។ (លូកា ១១:៤២) ពីក្រៅ នោះគេមើលទៅដូចជាអ្នកដែលសុចរិត ប៉ុន្តែពីក្នុងវិញ ពួកគេ‹សុទ្ធតែទទឹងច្បាប់› ឬអយុត្ដិធម៌ទទេ។ (ម៉ាថាយ ២៣:២៨) បើនិយាយឲ្យស្រួលទៅ ពួកគេមិនសូវដឹងអំពីសេចក្ដីសុចរិតរបស់ព្រះឡើយ។
១០ ដោយហេតុនេះ ព្រះយេស៊ូបានព្រមានពួកសិស្សទ្រង់ថា៖ «បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសពីសេចក្ដីសុចរិតនៃពួកអាចារ្យ នឹងពួកផារិស៊ីទេ នោះអ្នករាល់គ្នានឹងចូល ទៅក្នុងព្រះរាជាណាចក្រស្ថានសួគ៌ពុំបានឡើយ»។ (ម៉ាថាយ ៥:២០) ភាពខុសគ្នាយ៉ាងឆ្ងាយរវាងយុត្ដិធម៌របស់ព្រះ ដែលព្រះយេស៊ូបានសម្ដែងឲ្យឃើញ និងសេចក្ដីសុចរិតជាអាត្មា ដ៏រាក់កំផែលនៃពួកស្ក្រែបនិងពួកផារីស៊ី នោះជាកត្ដាដែលនាំឲ្យមានជំទាស់ជាញឹកញយរវាងពួកគេ។
យុត្ដិធម៌របស់ព្រះទល់នឹងយុត្ដិធម៌ដែលខុសពីភាពដើម
១១. (ក) ហេតុអ្វីក៏ពួកផារីស៊ីបានសួរព្រះយេស៊ូអំពីការប្រោសព្យាបាលនៅថ្ងៃឈប់សំរាក? (ខ) តើចម្លើយរបស់ព្រះយេស៊ូបង្ហាញឲ្យឃើញអ្វី?
១១ ក្នុងកំឡុងកិច្ចផ្សាយរបស់ទ្រង់នៅស្រុកកាលីឡេ នៅរដូវផ្ការីកនៃឆ្នាំ៣១ ស.យ. នោះព្រះយេស៊ូបានឃើញបុរសម្នាក់ ដែលមានដៃស្វិតនៅក្នុងសាលាប្រជុំ។ ដោយព្រោះថ្ងៃនោះជាថ្ងៃឈប់សំរាក ពួកផារីស៊ីបានសួរព្រះយេស៊ូថា៖ «តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃឈប់សំរាកបានឬទេ»? ជាជាងមានការខ្វល់ខ្វាយដ៏ស្មោះដល់បុរសដ៏កំសត់នេះ នោះគេមានសេចក្ដីប្រាថ្នាចង់ផ្ដន្ទាទោសព្រះយេស៊ូ តាមរយៈការសួររបស់គេនោះ។ ដូច្នេះហើយបានជាព្រះយេស៊ូមានព្រះទ័យព្រួយ ដោយសារចិត្តដែលគ្មានមេត្ដារបស់គេ! រួចមក ទ្រង់បានតបឆ្លើយដោយសួរសំនួរស្រដៀងមួយទៅពួកផារីស៊ីថា៖ «នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អឬ»? កាលដែលគេនៅស្ងៀម នោះព្រះយេស៊ូបានតបឆ្លើយនឹងសំនួររបស់ទ្រង់ ដោយសួរគេ បើគេនឹងជួយចៀមដែលធ្លាក់ចូលរណ្ដៅនៅថ្ងៃឈប់សំរាក់ឬក៏យ៉ាងណា។b «ឯមនុស្ស តើមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត» ព្រះយេស៊ូបានវែកញែកប្រកបដោយសមហេតុផល ដែលមិនអាចប្រកែកបាន។ ទ្រង់បានបញ្ចប់ដោយថា៖ «ដូច្នេះ មានច្បាប់[ឬក៏ ជាការត្រឹមត្រូវ]ឲ្យធ្វើការល្អនៅថ្ងៃឈប់សំរាកដែរ»។ យុត្ដិធម៌របស់ព្រះមិនត្រូវឲ្យជាប់ទាក់ទិននឹងទំនៀមទម្លាប់របស់មនុស្សឡើយ។ ដោយបានធ្វើឲ្យយល់ច្បាស់នឹងចំណុចនេះ នោះព្រះយេស៊ូក៏បានប្រោសដៃរបស់បុរសនោះឲ្យជាទៅ។—ម៉ាថាយ ១២:៩-១៣; ម៉ាកុស ៣:១-៥
១២, ១៣. (ក) បើប្រៀបធៀបជាមួយនឹងពួកស្ក្រែបនិងពួកផារីស៊ី តើតាមរបៀបណាដែលព្រះយេស៊ូបានបង្ហាញថាទ្រង់ចង់ជួយពួកអ្នកបាប? (ខ) តើយុត្ដិធម៌របស់ព្រះនិងសេចក្ដីសុចរិតអាត្មាមានការខុសគ្នាយ៉ាងណា?
១២ ប្រសិនបើពួកផារីស៊ីមិនទាំងខ្វល់ខ្វាយនឹងអស់អ្នកដែលពិការផង នោះគេនឹងកាន់តែឥតខ្វល់ខ្វាយនឹងអស់អ្នកដែលបានក្រខ្សត់ខាងវិញ្ញាណទៅទៀតហើយ។ ទស្សនៈដ៏ខុសរបស់គេអំពីសេចក្ដីសុចរិត បាននាំឲ្យគេឥតអើពើហើយស្អប់ពួកយកពន្ធនិងពួកមនុស្សបាប។ (យ៉ូហាន ៧:៤៩) យ៉ាងណាក៏ដោយ មនុស្សជាច្រើនបែបនេះបានទទួលស្គាល់សេចក្ដីបង្រៀនរបស់ព្រះយេស៊ូ ដោយច្បាស់ជាដឹងនូវសេចក្ដីប្រាថ្នារបស់ទ្រង់ក្នុងការជួយ ជាជាងកាត់ទោសនោះ។ (ម៉ាថាយ ២១:៣១; លូកា ១៥:១) ប៉ុន្តែ ពួកផារីស៊ីបានមើលងាយដល់ការខំប្រឹងរបស់ព្រះយេស៊ូ ដើម្បីនឹងប្រោសពួកឈឺខាងផ្លូវវិញ្ញាណ។ ពួកគេបានឌុកដាន់យ៉ាងមើលងាយថា៖ «អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង»។ (លូកា ១៥:២) ក្នុងការតបឆ្លើយនឹងចំណោទនោះ ព្រះយេស៊ូម្ដងនេះទៀតក៏បានប្រើរឿងប្រៀបប្រដូចខាងគង្វាល។ ដូចជាអ្នកគង្វាលអរសប្បាយ នៅពេលដែលគាត់បានរកឃើញចៀមមួយ ដែលបានវង្វេង នោះពួកទេវតានៅក្នុងស្ថានសួគ៌ក៏អរសប្បាយដែរ នៅពេលដែលគេឃើញមនុស្សប្រព្រឹត្តបាប បានប្រែចិត្តនោះ។ (លូកា ១៥:៣-៧) ព្រះយេស៊ូអង្គទ្រង់ក៏បានអរសប្បាយ នៅពេលទ្រង់អាចជួយសាខេប្រែចិត្តពីដំណើរដ៏បាបរបស់គាត់។ ទ្រង់បានមានបន្ទូលថា៖ «ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរកហើយជួយសង្គ្រោះដល់មនុស្សបាត់បង់»។—លូកា ១៩:៨-១០
១៣ ជំទាស់ទាំងនេះបង្ហាញយ៉ាងច្បាស់នូវភាពខុសគ្នារវាងយុត្ដិធម៌របស់ព្រះ ដែលខំជួយប្រោសឲ្យ និងសង្គ្រោះ និងសេចក្ដីសុចរិតជាអាត្មា ដែលខំរកតំកើងមនុស្សមួយចំនួនតិចតួច ហើយផ្ដន្ទាទោសមនុស្សទាំងឡាយ។ ក្បួនរិតិ៍ដ៏រាក់កំផែលនិងទំនៀមទម្លាប់ដែលបានបង្កើតដោយមនុស្ស បាននាំឲ្យពួកស្ក្រែបនិងពួកផារីស៊ីទៅជាប្រកាន់ឫកហើយគិតតែពីខ្លួន ប៉ុន្តែព្រះយេស៊ូបានចង្អុលប្រាប់យ៉ាងច្បាស់ថា ពួកគេ«បានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណា នឹងសេចក្ដីជំនឿ»។ (ម៉ាថាយ ២៣:២៣) ចូរឲ្យយើងធ្វើតម្រាប់តាមព្រះយេស៊ូក្នុងការប្រើយុត្ដិធម៌ពិតក្នុងអ្វីៗដែលយើងធ្វើ ហើយប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃសេចក្ដីសុចរិតជាអាត្មា។
១៤. តើតាមរបៀបណាដែលអព្ភូតហេតុមួយរបស់ព្រះយេស៊ូ បង្ហាញថាយុត្ដិធម៌របស់ព្រះ គិតដល់កាលៈទេសៈរបស់បុគ្គលម្នាក់នោះ?
១៤ ថ្វីបើព្រះយេស៊ូមិនបានអើពើនឹងច្បាប់របស់ពួកផារីស៊ីដែលធ្វើតាមតែអំពើចិត្ត នោះទ្រង់បានធ្វើតាមក្រិត្យវិន័យម៉ូសេវិញ។ (ម៉ាថាយ ៥:១៧, ១៨) ដោយធ្វើដូច្នេះ នោះទ្រង់មិនបានបណ្ដោយឲ្យអត្ថន័យក្រៅនៃច្បាប់ដ៏សុចរិតនោះ មានជ័យជំនះលើគោលការណ៍របស់វាឡើយ។ នៅពេលដែលស្ត្រីម្នាក់ ដែលបានរងទុក្ខពីការធ្លាក់ឈាមអស់រយៈ១២ឆ្នាំមកហើយ បានប៉ះព្រះពស្ត្ររបស់ទ្រង់ ហើយបានជានោះ ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ចូរសង្ឃឹមឡើង កូនស្រីអើយ ដ្បិតសេចក្ដីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ»។ (លូកា ៨:៤៣-៤៨) ពាក្យបន្ទូលដ៏អាណិតរបស់ព្រះយេស៊ូ បានបញ្ជាក់នូវយុត្ដិធម៌របស់ព្រះ ដែលគិតទៅលើកាលៈទេសៈរបស់នាង។ ទោះជានាងបានត្រូវគេចាត់ទុកជាឥតស្អាតតាមក្បួនរិតិ៍ ហើយបានប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យម៉ូសេ ដោយនៅក្នុងចំណោមបណ្ដាជន តែដោយជំនឿរបស់នាងគឺគាត់សមនឹងទទួលរង្វាន់មែន។—លេវីវិន័យ ១៥:២៥-២៧; ប្រៀបធៀបរ៉ូម ៩:៣០-៣៣
សេចក្ដីសុចរិតជាអ្វីសំរាប់មនុស្សគ្រប់គ្នា
១៥, ១៦. (ក) តើរឿងប្រៀបប្រដូចនៃបុរសសាសន៍សាម៉ារីបង្រៀនយើងយ៉ាងណា អំពីយុត្ដិធម៌? (ខ) ហេតុអ្វីក៏យើងត្រូវជៀសវាងពីការ«សុចរិតហួសល្បត់»?
១៥ ក្រៅពីបញ្ជាក់នូវលក្ខណៈនៃយុត្ដិធម៌របស់ព្រះ នោះព្រះយេស៊ូក៏បានបង្រៀនពួកសិស្សទ្រង់ថា យុត្ដិធម៌របស់ព្រះត្រូវរួមបញ្ចូលមនុស្សគ្រប់គ្នា។ ជាព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដែលទ្រង់‹នាំឲ្យមានយុត្ដិធម៌ដល់អស់ទាំងសាសន៍›។ (អេសាយ ៤២:១) នេះជាចំណុចមួយនៃរឿងប្រៀបប្រដូចដ៏ល្បីរបស់ព្រះយេស៊ូ ដែលស្តីអំពីសាសន៍សាម៉ារីម្នាក់ដែលដូចជាអ្នកជិតខាងម្នាក់ដែរ។ រឿងប្រៀបប្រដូចនេះគឺជាការតបឆ្លើយដល់សំនួរនៃបុរសម្នាក់ ដែលបានចេះថ្នឹកនឹងក្រិត្យវិន័យ ដែល«ចង់សំដែងខ្លួនជាអ្នកសុចរិត»។ «តើអ្នកណាជាអ្នកជិតខាងខ្ញុំ»? គាត់បានសួរឡើង ដែលប្រាកដជាចង់និយាយថា មានតែពួកសាសន៍យូដាទេ ដែលជាអ្នកជិតខាងរបស់គាត់នោះ។ បុរសសាសន៍សាម៉ារីក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ បានបង្ហាញនូវសេចក្ដីសុចរិតរបស់ព្រះ ដ្បិតគាត់បានសុខចិត្តចំណាយពេលវេលានិងប្រាក់ ដើម្បីជួយបុគ្គលចម្លែកពីសាសន៍មួយទៀត។ ព្រះយេស៊ូបានបញ្ចប់រឿងប្រៀបប្រដូចរបស់ទ្រង់ ដោយឲ្យយោបល់នេះទៅអ្នកសួរនោះថា៖ «ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ»។ (លូកា ១០:២៥-៣៧) ប្រសិនបើយើងធ្វើល្អទៅមនុស្សគ្រប់គ្នា មិនថាមកពីសាសន៍ណា ឬមានប្រវត្ដិយ៉ាងណា នោះយើងនឹងធ្វើតាមតម្រាប់នៃយុត្ដិធម៌របស់ព្រះហើយ។—កិច្ចការ ១០:៣៤, ៣៥
១៦ ផ្ទុយទៅវិញ គំរូនៃពួកស្ក្រែបនិងពួកផារីស៊ី រំឭកយើងថា ប្រសិនបើយើងអនុវត្តយុត្ដិធម៌របស់ព្រះ នោះយើងមិនត្រូវ«ប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ»។ (សាស្ដា ៧:១៦) ការចង់ធ្វើឲ្យអ្នកឯទៀតស្ងើច ដោយការបង្ហាញដ៏អស្ចារ្យនូវសេចក្ដីសុចរិតរបស់យើង ឬក៏ការគិតយ៉ាងហួសហេតុពីសារៈសំខាន់នៃច្បាប់មនុស្ស នោះនឹងមិននាំឲ្យយើងមានការយល់ព្រមពីព្រះនោះឡើយ។—ម៉ាថាយ ៦:១
១៧. ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះសំរាប់យើង ក្នុងការបង្ហាញយុត្ដិធម៌របស់ព្រះ?
១៧ មូលហេតុមួយដែលព្រះយេស៊ូបានធ្វើឲ្យសាសន៍ឃើញច្បាស់ នូវលក្ខណៈនៃយុត្ដិធម៌របស់ព្រះ នោះគឺដើម្បីឲ្យពួកសិស្សរបស់ទ្រង់អាចរៀនអំពីគុណសម្បត្ដិនេះ។ ហេតុអ្វីក៏នេះជាអ្វីដ៏សំខាន់ម្ល៉េះ? បទគម្ពីរដាស់តឿនយើងឲ្យ«ត្រាប់តាមព្រះ» ហើយផ្លូវរបស់ព្រះទាំងអស់គឺសុទ្ធតែប្រកបដោយយុត្ដិធម៌។ (អេភេសូរ ៥:១) ស្រដៀងគ្នាដែរ មីកា ៦:៨ ពន្យល់ថា សេចក្ដីតម្រូវមួយរបស់ព្រះយេហូវ៉ា គឺឲ្យយើង‹ប្រព្រឹត្តដោយយុត្ដិធម៌› កាលដែលយើងដើរជាមួយនឹងព្រះរបស់យើង។ ម្យ៉ាងទៀត សេផានា ២:២, ៣ រំឭកយើងថា ប្រសិនបើយើងចង់បានសង្គ្រោះនៅថ្ងៃដ៏ខ្ញាល់របស់ព្រះយេហូវ៉ា នោះយើងត្រូវតែ«ស្វែងរកសេចក្ដីសុចរិត» មុននឹងថ្ងៃនោះមកដល់។
១៨. តើសំនួរអ្វីដែលនឹងត្រូវឆ្លើយក្នុងអត្ថបទជាបន្ទាប់?
១៨ ដូច្នេះហើយ ថ្ងៃជាន់ក្រោយបង្អស់ដ៏ពិបាកនេះ គឺជា«វេលាដែលគាប់ចិត្ត» ដើម្បីអនុវត្តយុត្ដិធម៌។ (កូរិនថូសទី២ ៦:២) យើងអាចដឹងជាពិតប្រាកដថា បើដូចលោកយ៉ូបនោះ យើងនឹង‹តែងកាយដោយសុចរិត› ហើយ‹យុត្ដិធម៌នឹងបានជាអាវ› នោះហើយព្រះយេហូវ៉ានឹងប្រទានពរឲ្យយើង។ (យ៉ូប ២៩:១៤) តើជំនឿលើយុត្ដិធម៌របស់ព្រះយេហូវ៉ានឹងជួយយើងឲ្យ មើលទៅអនាគតដោយទុកចិត្តយ៉ាងដូចម្ដេចបាន? ម្យ៉ាងទៀត កាលដែលយើងរង់ចាំ«ផែនដីថ្មី»ដ៏សុចរិត តើយុត្ដិធម៌របស់ព្រះការពារយើងខាងវិញ្ញាណយ៉ាងដូចម្ដេច? (ពេត្រុសទី២ ៣:១៣) អត្ថបទជាបន្ទាប់នឹងឆ្លើយសំនួរទាំងនេះ។
[កំណត់សម្គាល់]
a ក្នុងបទគម្ពីរភាសាហេព្រើរ គឺបានទាក់ទងនឹងពាក្យបីដ៏សំខាន់។ ពាក្យមួយ គឺមិសផាត (mish·patʹ) ដែលតែងបានបកប្រែជា«យុត្ដិធម៌»។ ពាក្យពីរទៀតគឺ ទ្សីឌេខ (tseʹdheq និងពាក្យ ទ្សីឌេខ្វា tsedha·qahʹ) ដែលភាគច្រើនបានបកប្រែជា«សេចក្ដីសុចរិត»។ ពាក្យភាសាក្រិក ដែលបានបកប្រែជា«សេចក្ដីសុចរិត» ឌិខែអុសិនី (di·kai·o·syʹne) ហើយបានបកស្រាយជា«គុណសម្បត្ដិនៃការត្រឹមត្រូវ ឬយុត្ដិធម៌»។
b ព្រះយេស៊ូបានជ្រើសរើសគំរូដ៏ល្អ ពីព្រោះច្បាប់តាមមាត់របស់ពួកយូដា បានបញ្ជាក់យ៉ាងចំៗថា អនុញ្ញាតឲ្យជួយសត្វណាមួយដែលមានគ្រោះថ្នាក់នៅថ្ងៃឈប់សំរាក។ នៅពេលផ្សេងៗទៀត គឺមានការប្រឈមមុខលើរឿងនេះដែរ ថាតើជាការត្រឹមត្រូវតាមច្បាប់ឲ្យធ្វើការព្យាបាលនៅថ្ងៃឈប់សំរាក។—លូកា ១៣:១០-១៧; ១៤:១-៦; យ៉ូហាន ៩:១៣-១៦
តើអ្នកអាចពន្យល់ទេ?
◻ តើអ្វីជាអត្ថន័យនៃយុត្ដិធម៌របស់ព្រះ?
◻ តើតាមរបៀបណាដែលព្រះយេស៊ូបានបង្រៀនយុត្ដិធម៌ដល់អស់ទាំងសាសន៍?
◻ ហេតុអ្វីក៏សេចក្ដីសុចរិតរបស់ពួកផារីស៊ី បានទៅជាខុសទៅវិញ?
◻ ហេតុអ្វីក៏យើងត្រូវអនុវត្តយុត្ដិធម៌នោះ?
[រូបភាពនៅទំព័រ៨]
ព្រះយេស៊ូបានពន្យល់ឲ្យឃើញនូវទំហំនៃយុត្ដិធម៌របស់ព្រះ