បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១២ ទំ. ១៩-២៤
  • ពេលវេលានិងរដូវកាលក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលវេលានិងរដូវកាលក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពេល​វេលា​និង​រដូវ​កាល​របស់​ព្រះ​យេហូវ៉ា
  • «កាល​ជិត​ដល់​កំណត់»
  • ‹កាល​ដែល​វេលា​កំណត់​បាន​មក​ដល់›
  • ព្រឹត្ដិការណ៍—មិន​មែន​ត្រិះរិះ​លើ​ពេល​វេលា​នោះ​ទេ
  • ចូរទុកចិត្ដលើព្រះយេហូវ៉ាជាព្រះនៃ«ពេលកំណត់និងរដូវកាល»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • របៀបបទទំនាយដានីយ៉ែលទាយពីការយាងមករបស់ព្រះមេស្ស៊ី
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើអ្នកស្គាល់ព្រះយេហូវ៉ាដូចណូអេ ដានីយ៉ែល និងយ៉ូបឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរស្ដាប់បង្គាប់និងមានជំនឿដូចណូអេ ដានីយ៉ែល និងយ៉ូប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១២ ទំ. ១៩-២៤

ពេល​វេលា​និង​រដូវ​កាល​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា

«មិន​មែន​ជា​របស់​អ្នក​ទេ ឲ្យ​ចេះ​ដឹង​អំពី​ពេល​វេលា​ឬ​រដូវ​កាល ដែល​ព្រះ​វរបិតា​បាន​កំណត់​ទុក​ដោយ​អំណាច​របស់​ទ្រង់​ផ្ទាល់​នោះ»។—កិច្ច​ការ ១:៧, ព.ថ.

១. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ បាន​ឆ្លើយ​នឹង​សំនួរ​របស់​ពួក​សាវ័ក​ទ្រង់​អំពី​ពេល​វេលា?

ចំពោះ​អស់​អ្នក​ដែល«ដក​ដង្ហើម​ធំ​ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត» នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា និង​ទូទាំង​ពិភព​លោក គឺ​ជា​ការ​សម​ហេតុ​ផល​ក្នុង​ការ​សួរ ថា​តើ​នៅ​ពេល​ណា​ទៅ​ដែល​របប​សម័យ​ដ៏​អាក្រក់​នេះ​នឹង​ត្រូវ​ចប់ ហើយ​និង​បាន​ត្រូវ​ផ្លាស់​ជំនួស​ដោយ​ពិភព​លោក​ថ្មី​ដ៏​សុចរិត​របស់​ព្រះ​នោះ? (អេសេគាល ៩:៤; ពេត្រុស​ទី​២ ៣:១៣) មុន​នឹង​ទ្រង់​សោយ​ទិវង្គត​ទៅ ហើយ​ក្រោយ​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​បាន​សួរ​ទ្រង់ ដែល​បាន​ទាក់​ទង​នឹង​ពេល​វេលា។ (ម៉ាថាយ ២៤:៣; កិច្ច​ការ ១:៦) ប៉ុន្តែ ក្នុង​ការ​តប​ឆ្លើយ នោះ​ព្រះ​យេស៊ូ​មិន​បាន​ឲ្យ​គេ​នូវ​របៀប​ត្រិះរិះ​ថ្ងៃ​ខែ​នោះ​ទេ។ ក្នុង​ករណី​មួយ ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​នូវ​ទី​សម្គាល់​រួម ហើយ​ក្នុង​ចម្លើយ​ឯ​ទៀត ទ្រង់​មាន​បន្ទូល​ថា៖ «មិន​មែន​ជា​របស់​អ្នក​ទេ ឲ្យ​ចេះ​ដឹង​អំពី​ពេល​វេលា​ឬ​រដូវ​កាល ដែល​ព្រះ​វរបិតា​បាន​កំណត់​ទុក​ដោយ​អំណាច​របស់​ទ្រង់​ផ្ទាល់​នោះ»។—កិច្ច​ការ ១:៧, ព.ថ.

២. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ព្រះ​យេស៊ូ​មិន​បាន​ដឹង​ជា​រហូត​ទេ អំពី​ការ​កំណត់​ពេល​ដោយ​ព្រះ​វរបិតា ពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​ក្នុង​កំឡុង​គ្រា​ចុង​បញ្ចប់​នោះ?

២ ថ្វី​បើ​ព្រះ​យេស៊ូ​ជា​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ នោះ​អង្គ​ទ្រង់​ឥត​បាន​ដឹង​រាល់​តែ​ដង​អំពី​ពេល​វេលា ដែល​ព្រះ​វរបិតា​ទ្រង់​បាន​កំណត់​សំរាប់​ព្រឹត្ដិការណ៍​ណា​មួយ​នោះ​ទេ។ ក្នុង​ទំនាយ​របស់​ទ្រង់​ដែល​ស្តី​អំពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ នោះ​ព្រះ​យេស៊ូ​បាន​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា៖ «ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថាន​សួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣៦) ព្រះ​យេស៊ូ​បាន​សុខ​ចិត្ត​រង់​ចាំ​យ៉ាង​អត់​ធ្មត់​ឲ្យ​ព្រះ​វរបិតា ប្រាប់​ទ្រង់​នូវ​ពេល​កំណត់​សំរាប់​សកម្មភាព​ដ៏​ហិនហោច ដែល​នឹង​មាន​លើ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។a

៣. តើ​យើង​អាច​រៀន​អ្វី​ពី​ចម្លើយ​របស់​ព្រះ​យេស៊ូ​អំពី​សំនួរ ដែល​ស្តី​ពី​គោល​បំណង​របស់​ព្រះ?

៣ មាន​ចំណុច​ពីរ​យ៉ាង​ដែល​អាច​យក​ធ្វើ​វិចារ​ណា​កិច្ច នូវ​របៀប​ដែល​ព្រះ​យេស៊ូ​បាន​ឆ្លើយ​នឹង​សំនួរ ដែល​ទាក់​ទង​នឹង​រឿង​ដែល​នឹង​កើត​ឡើង​ដើម្បី​បំពេញ​គោល​បំណង​ព្រះ។ ទី​មួយ គឺ​ថា​ព្រះ​យេហូវ៉ា​មាន​គម្រោង​ពេល​វេលា ហើយ​ទី​ពីរ គឺ​ថា​ទ្រង់​ជា​បុគ្គល​ដែល​ដាក់​ពេល​កំណត់ ហើយ​ពួក​អ្នក​បំរើ​របស់​ទ្រង់ មិន​ត្រូវ​ទន្ទឹង​ចាំ​ទទួល​ពត៌មាន​ដ៏​ចំ​ៗ​ជា​មុន អំពី​ពេល​វេលា​ឬ​រដូវ​កាល​របស់​ទ្រង់​ឡើយ។

ពេល​វេលា​និង​រដូវ​កាល​របស់​ព្រះ​យេហូវ៉ា

៤. តើ​ន័យ​របស់​ពាក្យ​ក្រិក​ដែល​បាន​បក​ប្រែ«ពេល​វេលា» និង«រដូវ​កាល»នៅ​កិច្ច​ការ ១:៧ ជា​អ្វី?

៤ តើ«ពេល​វេលា» និង«រដូវ​កាល» បាន​ត្រូវ​មាន​ន័យ​យ៉ាង​ណា? ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​បាន​កត់​ទុក​នៅ​កិច្ច​ការ ១:៧ មាន​លក្ខណៈ​ពីរ​យ៉ាង​នៃ​ពេល​វេលា។ ពាក្យ​ក្រិក​ដែល​បាន​បក​ស្រាយ«ពេល​វេលា» មាន​ន័យ​ថា«ពេល​វេលា​ក្នុង​ន័យ​ជា​កំឡុង​ពេល› ឬ​ចន្លោះ​ពេល (យូរ​ឬ​ក៏​ខ្លី)។ «រដូវ​កាល» ជា​ការ​បក​ប្រែ​ពាក្យ​មួយ​ដែល​សំដៅ​ទៅ​ពេល​វេលា ដែល​បាន​កំណត់​ឬ​បាន​រើស​តាំង​ឡើង ជា​រដូវ​ណា​មួយ ឬ​កំឡុង​ពេល ដែល​បាន​ត្រូវ​សម្គាល់​ដោយ​លក្ខណៈ​ពិសេស​ណា​ខ្លះ។ ស្តី​អំពី​ពាក្យ​ដើម​ទាំង​ពីរ​នេះ លោក វ៉ាញ មាន​ប្រសាសន៍​ថា៖ «នៅ​កិច្ច​ការ ១:៧ ‹ព្រះ​វរបិតា​បាន​កំណត់​ដោយ​អំណាច​របស់​ទ្រង់› នូវ​ពេល(ក្រូណុស) ឬ​ក៏​ប្រវែង​កំណត់​ពេល​មួយ​ៗ ហើយ​និង​រដូវ​កាល (កៃរ៉ុស) ដែល​ជា​សម័យ​ដែល​សម្គាល់​ដោយ​ព្រឹត្ដិការណ៍​ណា​មួយ»។

៥. តើ​នៅ​ពេល​ណា​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​ណូអេ​អំពី​គោល​បំណង​របស់​ទ្រង់ ក្នុង​ការ​កំទេច​លោកីយ៍​ដ៏​ពុក​រលួយ ហើយ​តើ​មុខ​ងារ​ពីរ​ណា​ដែល​គាត់​បាន​ប្រព្រឹត្ត?

៥ មុន​នឹង​ទឹក​ជំនន់ នោះ​ព្រះ​បាន​កំណត់​ពេល​១២០​ឆ្នាំ សំរាប់​លោកីយ៍​ដ៏​អាក្រក់​នេះ ដែល​មនុស្ស​និង​ពួក​ទេវតា​ដែល​បាន​ប្រែ​ក្រឡា​បាន​នាំ​ឲ្យ​មាន​នោះ។ (លោកុប្បត្តិ ៦:១​-​៣) ណូអេ​ដែល​កោត​ខ្លាច​ព្រះ​មាន​អាយុ​៤៨០​ឆ្នាំ​នៅ​ពេល​នោះ។ (លោកុប្បត្តិ ៧:៦) គាត់​ឥត​មាន​កូន​ទេ ហើយ​នៅ​ឥត​មាន​កូន​រហូត​ដល់​២០​ឆ្នាំ​ទៀត។ (លោកុប្បត្តិ ៥:៣២) ជា​ច្រើន​ឆ្នាំ​ក្រោយ​មក រហូត​ដល់​កូន​ៗ​របស់​ណូអេ​បាន​មាន​វ័យ​ចាស់​ទុំ និង​បាន​រៀប​ការ​ហើយ នោះ​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ណូអេ អំពី​គោល​បំណង​របស់​ទ្រង់​ក្នុង​ការ​កំទេច​ចោល​អំពើ​អាក្រក់​ជួជាតិ​ពី​ផែនដី​នេះ​ចេញ។ (លោកុប្បត្តិ ៦:៩​-​១៣, ១៨) ទោះ​ជា​នៅ​ពេល​នោះ​ណូអេ​បាន​ទទួល​នូវ​មុខ​ងារ​ពីរ​យ៉ាង ក្នុង​ការ​សង់​ទូក​ធំ​មួយ និង​ការ​ផ្សាយ​ប្រាប់​មនុស្ស​នៅ​សម័យ​នោះ តែ​ព្រះ​យេហូវ៉ា​នៅ​មិន​បាន​ប្រាប់​អំពី​តារាង​ពេល​វេលា​ឲ្យ​លោក​នោះ​ឡើយ។—លោកុប្បត្តិ ៦:១៤; ពេត្រុស​ទី​២ ២:៥

៦. (ក) តើ​តាម​របៀប​ណា​ដែល​ណូអេ​បង្ហាញ​ថា គាត់​បាន​ទុក​រឿង​អំពី​ពេល​វេលា​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​ធ្វើ​តាម​គំរូ​របស់​ណូអេ?

៦ ជា​ច្រើន​ទសវត្ស ប្រហែល​ជា​៥០​ឆ្នាំ​កន្លង​ទៅ នោះ«ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់»។ ណូអេ​បាន​សម្រេច​ការ​នេះ «ដោយ​សារ​សេចក្ដី​ជំនឿ» ហើយ​ឥត​ដឹង​អំពី​ពេល​វេលា​ជាក់​លាក់​នោះ​ឡើយ។ (លោកុប្បត្តិ ៦:២២; ហេព្រើរ ១១:៧) ព្រះ​យេហូវ៉ា​មិន​បាន​ប្រាប់​គាត់​អំពី​ពេល​វេលា​កំណត់​អំពី​ព្រឹត្ដិការណ៍ រហូត​ដល់​មួយ​អាទិត្យ​មុន​នឹង​ទឹក​ជំនន់​ត្រូវ​ចាប់​ផ្ដើម។ (លោកុប្បត្តិ ៧:១​-​៥) ការ​ទុក​ចិត្ត​ទាំង​ស្រុង​របស់​លោក​ណូអេ និង​ជំនឿ​លើ​ព្រះ​យេហូវ៉ា បាន​ជួយ​គាត់​ឲ្យ​ទុក​បញ្ហា​ខាង​ពេល​វេលា​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ។ ហើយ​ណូអេ​ច្បាស់​ជា​មាន​អំណរ​គុណ​ណាស់ នៅ​ពេល​ដែល​គាត់​ទទួល​ការ​ការ​ពារ​របស់​ព្រះ​យេហូវ៉ា ក្នុង​កំឡុង​ទឹក​ជំនន់ ហើយ​ក្រោយ​មក​បាន​ចេញ​ពី​ទូក​ធំ​ទៅ​លើ​ផែនដី​ដ៏​ស្អាត​នោះ! ដោយ​មាន​សេចក្ដី​សង្ឃឹម​ស្រដៀង​នេះ​អំពី​ការ​រំដោះ តើ​យើង​មិន​ត្រូវ​អនុវត្ត​ជំនឿ​បែប​នេះ​លើ​ព្រះ​ទេ​ឬ?

៧, ៨. (ក) តើ​សាសន៍​និង​មហា​អំណាច​បាន​ចាប់​កំណើត​យ៉ាង​ដូច​ម្ដេច? (ខ) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា«សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា»?

៧ ក្រោយ​ពី​ទឹក​ជំនន់ នោះ​កូន​ចៅ​របស់​ណូអេ​ភាគ​ច្រើន បាន​បោះ​ចោល​នូវ​ការ​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ​យេហូវ៉ា។ ដោយ​មាន​គោល​បំណង​ក្នុង​ការ​រស់​នៅ​មួយ​កន្លែង នោះ​គេ​បាន​ចាប់​ផ្ដើម​សង់​ទី​ក្រុង​និង​ប៉ម​សំរាប់​ការ​ថ្វាយ​បង្គំ​ក្លែង​ក្លាយ។ ព្រះ​យេហូវ៉ា​បាន​សម្រេច​តាំង​ថា​គឺ​ត្រូវ​ពេល​ឲ្យ​ធ្វើ​អន្តរាគមន៍។ ទ្រង់​បាន​បំភាន់​ភាសា​របស់​គេ ហើយ​បាន«កំចាត់​កំចាយ​គេ​ពី[បាបិល]នោះ​ទៅ​គ្រប់​លើ​ផែនដី​វិញ»។ (លោកុប្បត្តិ ១១:៤, ៨, ៩) នៅ​ពេល​ក្រោយ​មក ក្រុម​ភាសា​ទាំង​នោះ​បាន​ក្លាយ​ជា​សាសន៍​មួយ​ៗ ដែល​ខ្លះ​បាន​ស្រូប​យក​សាសន៍​ឯ​ទៀត ហើយ​បាន​ក្លាយ​ទៅ​ជា​មាន​អំណាច​នៅ​តាម​ភូមិ​ភាគ ហើយ​ព្រម​ទាំង​ទៅ​ជា​មហា​អំណាច​ផង។—លោកុប្បត្តិ ១០:៣២

៨ ស្រប​តាម​ការ​សម្រេច​បំណង​របស់​ទ្រង់ យូរ​ៗ​ម្ដង ព្រះ​ទ្រង់​បាន​កំណត់​ដាក់​ព្រំ​ដែន​ខាង​សាសន៍ ហើយ​ពី​ពេល​ណា​ដែល​សាសន៍​មួយ​នឹង​មាន​អំណាច​តាម​តំបន់ ឬ​ជា​មហា​អំណាច។ (លោកុប្បត្តិ ១៥:១៣, ១៤, ១៨​-​២១; និក្ខមនំ ២៣:៣១; ចោទិយកថា ២:១៧​-​២២; ដានីយ៉ែល ៨:៥​-​៧, ២០, ២១) សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​លក្ខណៈ​នៃ​ពេល​វេលា​និង​រដូវ​កាល​របស់​ព្រះ​យេហូវ៉ា នៅ​ពេល​ដែល​គាត់​បាន​ប្រាប់​ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ក្រុង​អាថែន​ថា៖ «ព្រះ​ដែល​បង្កើត​លោកីយ៍ នឹង​របស់​សព្វសារពើ . . . បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១​ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា»។—កិច្ច​ការ ១៧:២៤, ២៦

៩. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា«បំផ្លាស់​បំប្រែ​ពេល​វេលា​នឹង​រដូវ​កាល» ដែល​ស្តី​អំពី​ស្តេច?

៩ នេះ​មិន​មាន​សេចក្ដី​ថា ព្រះ​យេហូវ៉ា​គឺ​ទទួល​ខុស​ត្រូវ​ចំពោះ​ជ័យ​ជំនះ និង​ការ​ផ្លាស់​ប្ដូរ​ខាង​នយោបាយ​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ​ទេ។ ប៉ុន្តែ ទ្រង់​អាច​ធ្វើ​អន្តរាគមន៍ នៅ​ពេល​ដែល​ទ្រង់​ចង់​ធ្វើ ដើម្បី​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់។ ដូច្នេះ ព្យាការី​ដានីយ៉ែល ដែល​នឹង​ឃើញ​ទី​រលំ​នៃ​មហា​អំណាច​បាប៊ីឡូន ហើយ​ឃើញ​សាសន៍​មីឌូ ពើស៊ី​មក​ជំនួស​វិញ​នោះ បាន​មាន​ប្រសាសន៍​អំពី​ព្រះ​យេហូវ៉ា​ថា៖ «ទ្រង់​ដែល​បំផ្លាស់​បំប្រែ​ពេល​កំណត់ នឹង​រដូវ​កាល ទ្រង់​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ នឹង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់»។—ដានីយ៉ែល ២:២១; អេសាយ ៤៤:២៤–៤៥:៧

«កាល​ជិត​ដល់​កំណត់»

១០, ១១. (ក) តើ​ព្រះ​យេហូវ៉ា​បាន​កំណត់​ពេល​ទុក​ជា​មុន អស់​ប៉ុន្មាន​ឆ្នាំ​មុន​ពេល​ដែល​ទ្រង់​រំដោះ​កូន​ចៅ​របស់​អ័ប្រាហាំ​ពី​សេវកភាព​នោះ? (ខ) តើ​អ្វី​ដែល​បង្ហាញ​ថា ពួក​អ៊ីស្រាអែល​ឥត​ដឹង​ពិត​ប្រាកដ​អំពី​ពេល​ណា​ដែល​គេ​នឹង​បាន​ត្រូវ​រំដោះ?

១០ ជាង​បួន​សតវត្ស​ទុក​ជា​មុន ព្រះ​យេហូវ៉ា​បាន​កំណត់​ឆ្នាំ​ថា​ទ្រង់​នឹង​ធ្វើ​ឲ្យ​អាម៉ាស់​មុខ​ដល់​ស្តេច​នៃ​ស្រុក​អេស៊ីប ដែល​ជា​មហា​អំណាច ហើយ​និង​រំដោះ​កូន​ចៅ​អ័ប្រាហាំ​ចេញ​ពី​ទេសភាព។ ដោយ​ប្រាប់​គោល​បំណង​របស់​ទ្រង់​ទៅ​អ័ប្រាហាំ នោះ​ព្រះ​បាន​សន្យា​ថា៖ «ចូរ​ដឹង​ជា​ប្រាកដ​ថា ពូជ​ឯង​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដទៃ​នៅ​ស្រុក​១ ដែល​មិន​មែន​ជា​ស្រុក​របស់​ផង​ខ្លួន ហើយ​ត្រូវ​បំរើ​ពួក​ស្រុក​នោះ ដែល​គេ​នឹង​សង្កត់​សង្កិន​ឯង​អស់​រវាង​៤០០​ឆ្នាំ តែ​អញ​នឹង​ជំនុំ​ជំរះ​សាសន៍​ដែល​ឯង​ត្រូវ​បំរើ​នោះ​រួច​ពី​នោះ​មក ពូជ​ឯង​នឹង​ចេញ​មក​ទាំង​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​វិញ»។ (លោកុប្បត្តិ ១៥:១៣, ១៤) ក្នុង​សេចក្ដី​សង្ខេប​នៃ​ប្រវត្ដិសាស្ត្រ​អ៊ីស្រាអែល​នៅ​ពី​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ នោះ​ស្ទេផាន​បាន​សំដៅ​ទៅ​៤០០​ឆ្នាំ​នេះ ហើយ​មាន​ប្រសាសន៍​ថា៖ «កាល​ជិត​ដល់​កំណត់​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ​ហើយ នោះ​សាសន៍​យើង​ក៏​ចំរើន​ជា​ច្រើន​ឡើង នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​មាន​ស្តេច​១​ទៀត​សោយ​រាជ្យ​ឡើង ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ»។—កិច្ច​ការ ៧:៦, ១៧, ១៨

១១ ស្តេច​ផារ៉ោន​ថ្មី​នេះ​បាន​បញ្ចុះ​ពួក​អ៊ីស្រាអែល​ឲ្យ​ទៅ​ជា​ខ្ញុំ​កញ្ជះ​គេ។ សៀវភៅ​លោកុប្បត្តិ​មិន​ទាន់​បាន​សរសេរ​ដោយ​លោក​ម៉ូសេ​នៅ​ឡើយ​ទេ តែ​សេចក្ដី​សន្យា​របស់​ព្រះ​ដល់​លោក​អ័ប្រាហាំ​មុខ​ជា​បាន​ត្រូវ​មាន​បន្ត​មក តាម​ពាក្យ​សំដី​ឬ​ក៏​ដោយ​លាយ​ល័ក្ខ​អក្សរ​ហើយ។ ប៉ុន្តែ មើល​ទៅ ពត៌មាន​ដែល​ពួក​អ៊ីស្រាអែល​មាន​នោះ មិន​បាន​អនុញ្ញាត​ឲ្យ​គេ​ត្រិះរិះ​អំពី​ថ្ងៃ​ខែ​នៃ​ការ​រំដោះ​ចេញ​ពី​ការ​ជិះ​ជាន់​នោះ​ទេ។ ព្រះ​ទ្រង់​ជ្រាប​នៅ​ពេល​ណា​ដែល​ទ្រង់​នឹង​រំដោះ​ពួក​គេ ប៉ុន្តែ​តាម​មើល​ទៅ ពួក​អ៊ីស្រាអែល​ដែល​កំពុង​រង​ទុក្ខ​ឥត​ដឹង​អំពី​ការ​រំដោះ​នេះ​ទេ។ យើង​អាន​ថា៖ «លុះ​យូរ​បន្ដិច​ទៅ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​សុគត​ទៅ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ថ្ងូរ​ឡើង ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក ហើយ​ក៏​អំពាវ​នាវ​ដល់​ព្រះ ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក​របស់​ខ្លួន នោះ​ទ្រង់​ឮ ទ្រង់​ឮ​ដំងូរ​របស់​គេ ហើយ​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រាហាំ នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ព្រះ​ទ្រង់​ឃើញ​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ក៏​ជ្រាប​ដល់​សេចក្ដី​ទុក្ខ​របស់​គេ»។—និក្ខមនំ ២:២៣​-​២៥

១២. តើ​ដោយ​ដូច​ម្ដេច​ដែល​ស្ទេផាន​បាន​បង្ហាញ​ថា ម៉ូសេ​បាន​ប្រព្រឹត្ត​មុន​គ្រា​កំណត់​របស់​ព្រះ​យេហូវ៉ា​នោះ?

១២ ការ​ឥត​ដឹង​អំពី​ពេល​វេលា​កំណត់​នៃ​ការ​រំដោះ​ពួក​អ៊ីស្រាអែល អាច​ឃើញ​ពី​ពាក្យ​សង្ខេប​របស់​ស្ទេផាន​ដែរ។ ក្នុង​ការ​និយាយ​អំពី​ម៉ូសេ នោះ​គាត់​មាន​ប្រសាសន៍​ថា៖ «កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​ខ្លួន លុះ​បាន​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​បង​ប្អូន​ខ្លួន​ម្នាក់ នោះ​ក៏​ជួយ​ការ​ពារ ហើយ​សង​សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន ដោយ​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​បង់ ដ្បិត​លោក​ស្មានថា បង​ប្អូន​លោក​នឹង​យល់​ថា ព្រះ​ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​មក ដោយ​សារ​ដៃ​លោក តែ​គេ​មិន​បាន​យល់​ទេ»។ (កិច្ច​ការ ៧:២៣​-​២៥) ម៉ូសេ​បាន​ធ្វើ​ប្រតិបត្ដិ​ការ​៤០​ឆ្នាំ​មុន​កំណត់​ពេល​របស់​ព្រះ។ ស្ទេផាន​បាន​ចង្អុល​ប្រាប់​ថា​ម៉ូសេ បាន​ត្រូវ​រង់​ចាំ​៤០​ឆ្នាំ​ទៀត មុន​នឹង​ព្រះ‹ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​អ៊ីស្រាអែល ដោយ​សារ​ដៃ​លោក›។—កិច្ច​ការ ៧:៣០​-​៣៦

១៣. តើ​តាម​របៀប​ណា​ដែល​ស្ថានការណ៍​របស់​យើង​ស្រដៀង​នឹង​ពួក​អ៊ីស្រាអែល មុន​ការ​រំដោះ​របស់​គេ​ពី​អេស៊ីប​នោះ?

១៣ ទោះ​ជា«កាល​ជិត​ដល់​កំណត់​នៃ​សេចក្ដី​សន្យា» និង​ឆ្នាំ​នោះ​បាន​ត្រូវ​តាំង​ឡើង​ដោយ​ព្រះ​ក៏​ដោយ ម៉ូសេ​និង​ពួក​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​ជំនឿ​ហើយ​រង់​ចាំ​គ្រា​កំណត់​របស់​ព្រះ​យេហូវ៉ា។ តាម​មើល​ទៅ ពួក​គេ​មិន​អាច​ត្រិះរិះ​ទុក​ជា​មុន​នោះ​ទេ។ យើង​ក៏​ជឿ​ស៊ប់​ដែរ​ថា ការ​រំដោះ​របស់​យើង​ចេញ​ពី​របប​លោកីយ៍​ដ៏​អាក្រក់​នេះ គឺ​ជិត​ដល់​កំណត់​ហើយ។ យើង​ដឹង​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) ដូច្នេះ តើ​យើង​មិន​សុខ​ចិត្ត​បង្ហាញ​ជំនឿ​របស់​យើង ហើយ​រង់​ចាំ​គ្រា​កំណត់​របស់​ព្រះ​យេហូវ៉ា​នៃ​ថ្ងៃ​ដ៏​ធំ​របស់​ទ្រង់​នោះ​ឬ​ទេ? (ពេត្រុស​ទី​២ ៣:១១​-​១៣) បើ​អញ្ចឹង ដូច​ម៉ូសេ​និង​ពួក​អ៊ីស្រាអែល យើង​អាច​ច្រៀង​ចំ​រៀង​ដ៏​រុង​រឿង​នៃ​ការ​រំដោះ ដើម្បី​សរសើរ​ដល់​ព្រះ​យេហូវ៉ា។—និក្ខមនំ ១៥:១​-​១៩

‹កាល​ដែល​វេលា​កំណត់​បាន​មក​ដល់›

១៤, ១៥. តើ​ដោយ​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​បាន​កំណត់​ពេល​វេលា​សំរាប់​បុត្រា​របស់​ទ្រង់ ឲ្យ​មក​ផែនដី​នេះ ហើយ​តើ​ពួក​ព្យាការី​និង​ពួក​ទេវតា​ត្រូវ​បាន​ប្រុង​ស្មារតី​ចំពោះ​អ្វី?

១៤ ព្រះ​យេហូវ៉ា​បាន​តាំង​គ្រា​កំណត់ សំរាប់​ឲ្យ​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ ឲ្យ​មក​ផែនដី​ជា​ព្រះ​មេស្ស៊ី។ ប៉ុល​បាន​សរសេរ​ថា៖ «តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រិត្យ​វិន័យ»។ (កាឡាទី ៤:៤) នេះ​គឺ​បាន​សម្រេច​នឹង​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ការ​បញ្ជូន​ពូជ​មួយ គឺ‹ស៊ីឡូរ​ដែល​បណ្ដា​ជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ›។—លោកុប្បត្តិ ៣:១៥; ៤៩:១០

១៥ ពួក​ព្យាការី​របស់​ព្រះ សូម្បី​តែ​ពួក​ទេវតា ក៏​បាន​រង់​ចាំ​មើល«រដូវ​កាល» ដែល​ព្រះ​មេស្ស៊ី​នឹង​លេច​មក​លើ​ផែនដី ហើយ​ធ្វើ​ឲ្យ​ពួក​មនុស្ស​មាន​បាប​ទទួល​សេចក្ដី​សង្គ្រោះ។ ពេត្រុស​បាន​មាន​ប្រសាសន៍​ថា៖ «ឯ​ពួក​ហោរា ជា​អ្នក​បាន​ទាយ​ពី​ព្រះ​គុណ ដែល​ផ្ដល់​មក​អ្នក​រាល់​គ្នា គេ​បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្ដី​សង្គ្រោះ​នោះ ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពេល​វេលា​ណា​ឬ​គ្រា​យ៉ាង​ណា ដែល​ព្រះ​វិញ្ញាណ​នៃ​គ្រីស្ទ​ដ៏​សណ្ឋិត​ក្នុង​គេ ទ្រង់​ចង្អុល​បង្ហាញ​ក្នុង​កាល​ដែល​ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ​គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរី​ល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ . . . ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ»។—ពេត្រុស​ទី​១ ១:១​-​៥, ១០​-​១២

១៦, ១៧. (ក) តើ​តាម​រយៈ​ទំនាយ​មួយ​ណា​ដែល​ព្រះ​យេហូវ៉ា​ជួយ​ពួក​យូដា​នៅ​សតវត្ស​ទី​មួយ ឲ្យ​ទន្ទឹង​ចាំ​ព្រះ​មេស្ស៊ី​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​ទំនាយ​របស់​ដានីយ៉ែល មាន​ឥទ្ធិពល​លើ​ការ​ទន្ទឹង​ចាំ​ព្រះ​មេស្ស៊ី​នោះ?

១៦ តាម​រយៈ​ព្យាការី​ដានីយ៉ែល ជា​បុរស​ដែល​មាន​ជំនឿ​ដ៏​មុត​មាំ នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ទំនាយ​មួយ​ដែល​ទាក់​ទង«៧០​អាទិត្យ»។ ទំនាយ​នោះ​នឹង​ជួយ​ពួក​យូដា​នៅ​សតវត្ស​ទី​មួយ​ឲ្យ​ដឹង​អំពី ការ​លេច​មក​នៃ​ព្រះ​មេស្ស៊ី​ដែល​បាន​សន្យា​មក​នោះ គឺ​បាន​ជិត​មក​ដល់​ហើយ។ ជា​សង្ខេប ទំនាយ​នេះ​បាន​ចែង​ថា៖ «ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្ដាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ នឹង​៦២​អាទិត្យ»។ (ដានីយ៉ែល ៩:២៤, ២៥) ពួក​វិជ្ជាករ​នៃ​សាសន៍​យូដា កាតូលិក និង​ប្រូតេស្តង់ ធម្មតា​យល់​ស្រប​គ្នា​ថា «អាទិត្យ»ដែល​បាន​រៀប​រាប់​នៅ​ទី​នេះ មាន​ន័យ​ថា​អាទិត្យ​ដែល​ជា​ឆ្នាំ។ ៦៩«អាទិត្យ» (៤៨៣​ឆ្នាំ) នៅ​ដានីយ៉ែល ៩:២៥ បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​៤៥៥ ម.​ស.យ. នៅ​ពេល​ដែល​ស្តេច​ពើស៊ី នាម​អើថាស៊ើកសេស អនុញ្ញាត​ឲ្យ​នេហេមា‹ទៅ​កសាង​និង​សង់​ក្រុង​យេរូសាឡិម​ឡើង​វិញ›។ (នេហេមា ២:១​-​៨) គេ​ក៏​បាន​មក​ទី​បញ្ចប់ អស់​៤៨៣​ឆ្នាំ​ក្រោយ​មក ក្នុង​ឆ្នាំ​២៩ ស.យ. នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​ក៏​បាន​ទៅ​ជា​ព្រះ​មេស្ស៊ី​ឬ​ព្រះ​គ្រីស្ទ​វិញ។—ម៉ាថាយ ៣:១៣​-​១៧

១៧ ថា​តើ​ពួក​យូដា​នៅ​សតវត្ស​ទី​មួយ​បាន​ដឹង​យ៉ាង​ច្បាស់ អំពី​នៅ​ពេល​ណា​ដែល​៤៨៣​ឆ្នាំ​បាន​ផ្ដើម​នោះ គឺ​មិន​ច្បាស់​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​យ៉ូហាន ដែល​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ នោះ​បាន​ចាប់​ផ្ដើម​កិច្ច​បំរើ​របស់​គាត់ «បណ្ដា​មនុស្ស​នៅ​តែ​ចាំ​មើល ដោយ​រិះ​គិត​ក្នុង​ចិត្ត​ពី​ដំណើរ​យ៉ូហាន៖ ‹ដែល​គាត់​ជា​ព្រះ​គ្រីស្ទ​ឬ​មិន​មែន› »? (លូកា ៣:១៥) ពួក​វិជ្ជាករ​ព្រះ​គម្ពីរ​ខ្លះ​ភ្ជាប់​ការ​រង់​ចាំ​នេះ​ទៅ​នឹង​ទំនាយ​របស់​ដានីយ៉ែល។ ក្នុង​ការ​ធ្វើ​អធិប្បាយ​អំពី​ខ​នេះ ម៉ាថាយ ហិនរ៉ី បាន​សរសេរ​ថា៖ «ទី​នេះ បាន​គេ​ប្រាប់​យើង . . . ថា ពី​កិច្ច​បំរើ​និង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យ៉ូហាន នោះ​បណ្ដា​មនុស្ស​បាន​សន្និដ្ឋាន​នឹង​គិត​អំពី​ព្រះ​មេស្ស៊ី ហើយ​និង​គិត​ពី​ទ្រង់​ថា​នៅ​ឯ​មាត់​ទ្វារ​នោះ។ . . . ៧០​អាទិត្យ​របស់​ដានីយ៉ែល​កំពុង​កន្លង​ទៅ»។ សៀវភៅ​បារាំង ម៉ាញូអេល ប៊ីប្លិក ដោយ​លោក វីហ្គូរូ និង​ប្រា​សាក់ ថ្លែង​ថា៖ «បណ្ដា​មនុស្ស​បាន​ដឹង​ថា ចិតសិប​អាទិត្យ​ដែល​ជា​ឆ្នាំ​ដែល​បាន​តាំង​ឡើង​ដោយ​ដានីយ៉ែល បាន​កំពុង​ឆ្ពោះ​ទៅ​ទី​បញ្ចប់​ហើយ។ គ្មាន​អ្នក​ណា​ម្នាក់​ដែល​បាន​ភ្ញាក់ ពេល​ឮ​យ៉ូហាន​-​បាទីស្ទ​ប្រកាស​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជិត​ដល់​ហើយ»។ វិជ្ជាករ​សាសន៍​យូដា លោក​អាបា ហិលេល សិលវ៉ា បាន​សរសេរ​ថា យោង​ទៅ​តាម«កាល​ប្រវត្ដិវិជ្ជា​ប្រជាប្រិយ»នៅ​សម័យ​នោះ «ព្រះ​មេស្ស៊ី​បាន​គេ​គិត​ថា​នឹង​មក​ដល់​រវាង​ឆ្នាំ​២៥​និង​៥០​ស.យ.»។

ព្រឹត្ដិការណ៍—មិន​មែន​ត្រិះរិះ​លើ​ពេល​វេលា​នោះ​ទេ

១៨. ទោះ​ជា​ទំនាយ​របស់​ដានីយ៉ែល បាន​ជួយ​ពួក​យូដា​ឲ្យ​សម្គាល់​ពេល​វេលា ដែល​ថា​ព្រះ​មេស្ស៊ី​នឹង​លេច​ខ្លួន​មក​នោះ តើ​អ្វី​ជា​ទី​សំអាង​ដ៏​ច្បាស់​បំផុត​អំពី​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី?

១៨ តាម​មើល​ទៅ ទោះ​ជា​កាល​ប្រវត្ដិវិជ្ជា​បាន​ជួយ​ពួក​យូដា​ឲ្យ​ដឹង ថា​តើ​នៅ​ពេល​ណា​ដែល​ព្រះ​មេស្ស៊ី​នឹង​បាន​ត្រូវ​លេច​មក​ក្ដី តែ​ព្រឹត្ដិការណ៍​ជា​បន្ត​បន្ទាប់​បង្ហាញ​ថា កាល​ប្រវត្ដិវិជ្ជា​មិន​បាន​ជួយ​គេ​ឲ្យ​ជឿ​លើ​ព្រះ​មេស្ស៊ី​នោះ​ទេ។ តិច​ជាង​មួយ​ឆ្នាំ​មុន​នឹង​ទ្រង់​សោយ​ទិវង្គត នោះ​ព្រះ​យេស៊ូ​បាន​សួរ​ពួក​សិស្ស​ទ្រង់​ថា៖ «តើ​ហ្វូង​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា»? ពួក​គេ​បាន​ឆ្លើយ​ថា៖ «យ៉ូហាន​-​បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ព្យាការី​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ»។ (លូកា ៩:១៨, ១៩) យើង​ឥត​មាន​ឯកសារ​ថា ព្រះ​យេស៊ូ​បាន​ដក​ស្រង់​ទំនាយ​នៃ​អាទិត្យ​ជា​និមិត្តរូប​នោះ​ទេ ដើម្បី​នឹង​បង្ហាញ​ថា​ទ្រង់​ជា​ព្រះ​មេស្ស៊ី​នោះ។ ប៉ុន្តែ នៅ​គ្រា​មួយ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ប៉ុន្តែ ខ្ញុំ​មាន​ទី​បន្ទាល់​វិសេស​ជាង​ទី​បន្ទាល់ របស់​លោក​យ៉ូហាន​ទៅ​ទៀត ពី​ព្រោះ​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ​វរបិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ គឺ​ការ​ដែល​ខ្ញុំ​ធ្វើ​ទាំង​ប៉ុន្មាន​នេះ​ឯង នោះ​បាន​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ ថា​ព្រះ​វរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក»។ (យ៉ូហាន ៥:៣៦) ជា​ជាង​ពឹង​លើ​កាល​ប្រវត្ដិវិជ្ជា​ដែល​បាន​ប្រាប់​នោះ ការ​ផ្សាយ​របស់​ព្រះ​យេស៊ូ អព្ភូតហេតុ​របស់​ទ្រង់ និង​ព្រឹត្ដិការណ៍​ដែល​ទាក់​ទង​នឹង​ការ​សោយ​ទិវង្គត​របស់​ទ្រង់ (សេចក្ដី​ងងឹត​ដោយ​អព្ភូតហេតុ វាំងនន​ក្នុង​ព្រះ​វិហារ​ក៏​រហែក​ជា​ពី​ភាគ និង​កក្រើក​ផែនដី) ជា​ភស្តុ​តាង​ថា​ទ្រង់​ជា​ព្រះ​មេស្ស៊ី ដែល​បាន​បញ្ជូន​មក​ដោយ​ព្រះ។—ម៉ាថាយ ២៧:៤៥, ៥១, ៥៤; យ៉ូហាន ៧:៣១; កិច្ច​ការ ២:២២

១៩. (ក) តើ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន​ដឹង​ថា សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​យេរូសាឡិម​បាន​ជិត​មក​ដល់​ហើយ? (ខ) ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​សម័យ​ដើម​ដែល​បាន​រត់​ពី​ក្រុង​យេរូសាឡិម​នៅ​តែ​ត្រូវ​ការ​ជំនឿ​ជា​ច្រើន​ទៀត?

១៩ ស្រដៀង​គ្នា​ដែរ ក្រោយ​ពី​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ទៅ ពួក​គ្រីស្ទាន​សម័យ​ដើម ឥត​បាន​ទទួល​ខ្សែ​រយៈ​ដើម្បី​ត្រិះរិះ​អំពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​សាសន៍​យូដា​នោះ​ទេ។ ពិត​ហើយ ទំនាយ​របស់​ដានីយ៉ែល​អំពី​អាទិត្យ​ជា​និមិត្តរូប​នោះ បាន​រៀប​រាប់​អំពី​សេចក្ដី​ហិន​វិនាស​នៃ​របប​លោកីយ៍​នោះ​មែន។ (ដានីយ៉ែល ៩:២៦​ខ, ២៧​ខ) ប៉ុន្តែ​នេះ​នឹង​កើត​ឡើង​ក្រោយ​ពី​ទី​បញ្ចប់​នៃ«ជិត​សិប​អាទិត្យ» (៤៥៥ ម.​ស.យ.-​៣៦ ស.យ.) ឬ​ក៏​ក្រោយ​ពី​ពួក​សាសន៍​ដទៃ​បាន​ក្លាយ​ជា​អ្នកកាន់​តាម​ព្រះ​យេស៊ូ​ក្នុង​ឆ្នាំ​៣៦ ស.យ. នោះ​ពួក​គ្រីស្ទាន​បាន​ផុត​ពី​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ខាង​កាល​ប្រវត្ដិវិជ្ជា ដែល​បាន​រៀប​រាប់ ក្នុង​ដានីយ៉ែល ជំពូក​ទី​៩​នោះ​ទេ។ ចំពោះ​ពួក​គេ ព្រឹត្ដិការណ៍ មិន​មែន​កាល​ប្រវត្ដិវិជ្ជា​ទេ ដែល​នឹង​បង្ហាញ​ថា​របប​យូដា​នឹង​នឹង​ត្រូវ​បញ្ចប់​មិន​យូរ​ប៉ុន្មាន​ទៀត​នោះ។ ព្រឹត្ដិការណ៍​ទាំង​នោះ ដែល​បាន​ទាយ​ប្រាប់​ដោយ​ព្រះ​យេស៊ូ បាន​ចាប់​ផ្ដើម​មក​ដល់​កំពូល​ពី​ឆ្នាំ​៦៦ ស.យ. នៅ​ពេល​ដែល​ពួក​ទ័ព​រ៉ូម​បាន​ប្រយុទ្ធ​នឹង​ក្រុង​យេរូសាឡិម ហើយ​រួច​មក​បាន​ដក​ទ័ព​ទៅ​វិញ​នោះ។ នេះ​បាន​ឲ្យ​ឱកាស​ដល់​ពួក​គ្រីស្ទាន​ដែល​ស្មោះ​ត្រង់ ហើយ​ប្រុង​ស្មារតី​ក្នុង​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា ឲ្យ«រត់​ទៅ​ឯ​ភ្នំ»។ (លូកា ២១:២០​-​២២) ដោយ​ឥត​មាន​សញ្ញា​ខាង​កាល​ប្រវត្ដិវិជ្ជា ពួក​គ្រីស្ទាន​សម័យ​ដើម​មិន​ដឹង​នៅ​ពេល​ណា ដែល​សេចក្ដី​បំផ្លាញ​នៃ​ក្រុង​យេរូសាឡិម​នឹង​កើត​ឡើង​នោះ​ទេ។ ពួក​គេ​គឺ​ពិត​ជា​មាន​ជំនឿ​មែន ដើម្បី​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ចំការ ព្រម​ទាំង​ហាង​លក់​ដូរ ហើយ​ឲ្យ​រស់​នៅ​ក្រៅ​ក្រុង​យេរូសាឡិម​ប្រមាណ​បួន​ឆ្នាំ ទំរាំ​ពួក​ទ័ព​រ៉ូម​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​៧០ ស.យ. ហើយ​បាន​កំទេច​ចោល​របប​របស់​យូដា​នោះ​ចេញ​ទៅ!—លូកា ១៩:៤១​-​៤៤

២០. (ក) តើ​តាម​របៀប​ណា​ដែល​យើង​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​ណូអេ ម៉ូសេ និង​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​នៅ​ឯ​ស្រុក​យូដា? (ខ) តើ​អ្វី​ដែល​យើង​នឹង​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២០ ដូច​ណូអេ ម៉ូសេ និង​ពួក​គ្រីស្ទាន​នៅ​ស្រុក​យូដា​ក្នុង​សតវត្ស​ទី​មួយ យើង​សព្វ​ថ្ងៃ​នេះ​ក៏​អាច​ទុក​ពេល​វេលា​និង​រដូវ​កាល​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា​ដែរ។ ការ​ជឿ​ស៊ប់​ថា​យើង​រស់​នៅ​ក្នុង​គ្រា​ចុង​បញ្ចប់ ហើយ​ថា​ការ​រំដោះ​របស់​យើង​ជិត​មក​ដល់ គឺ​ពឹង​លើ​ព្រឹត្ដិការណ៍​មែន​ទែន​ដែល​សម្រេច​តាម​ទំនាយ​របស់​ព្រះ​គម្ពីរ មិន​មែន​ដោយ​ការ​ត្រិះរិះ​ខាង​កាល​ប្រវត្ដិវិជ្ជា​នោះ​ទេ។ ថែម​ទៀត​នោះ ទោះ​ជា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​វត្តមាន​របស់​គ្រីស្ទ​ក៏​ដោយ នោះ​យើង​មិន​ត្រូវ​ឈប់​អនុវត្ត​ជំនឿ ហើយ​ឈប់​ពី​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ។ យើង​ត្រូវ​តែ​បន្ត​រស់​នៅ​ដោយ​ទន្ទឹង​ចាំ​នូវ​ព្រឹត្ដិការណ៍​ដ៏​រំភើប ដែល​បាន​ទាយ​ប្រាប់​មក​នៅ​ក្នុង​បទ​គម្ពីរ។ នេះ​នឹង​ជា​ប្រធាន​នៃ​អត្ថបទ​ជា​បន្ទាប់​របស់​យើង។

[កំណត់​សម្គាល់]

a សូម​មើល ប៉ម​យាម ១ សីហា ១៩៩៦ ទំព័រ ៣០​-​៣១។

ការ​ពិនិត្យ​មើល​សា​ឡើង​វិញ

◻ ស្តី​អំពី​ពេល​វេលា​និង​រដូវ​កាល​របស់​ព្រះ​យេហូវ៉ា តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​របស់​ទ្រង់​យ៉ាង​ណា?

◻ តើ​មាន​ប៉ុន្មាន​ឆ្នាំ​មុន ដែល​ណូអេ​បាន​ដឹង​នៅ​ពេល​ដែល​ទឹក​ជំនន់​នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង?

◻ តើ​អ្វី​ដែល​បញ្ជាក់​ថា​ម៉ូសេ​និង​ពួក​អ៊ីស្រាអែល​ឥត​ដឹង​ពិត​ប្រាកដ ថា​តើ​នឹង​ត្រូវ​បាន​រំដោះ​ពី​ស្រុក​អេស៊ីប?

◻ តើ​តាម​របៀប​ណា​ដែល​យើង​ទទួល​ប្រយោជន៍​ពី​គំរូ​ព្រះ​គម្ពីរ ដែល​ទាក់​ទង​នឹង​ពេល​វេលា​និង​រដូវ​កាល​របស់​ព្រះ​យេហូវ៉ា​នោះ?

[រូប​ភាព​នៅ​ទំព័រ​២០]

ជំនឿ​របស់​ណូអេ​បាន​ជួយ​គាត់​ឲ្យ​ទុក​រឿង​ខាង​កំណត់​ពេល ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក