ការថ្វាយបង្គំព្រះដោយសេចក្ដីពិត
ដើម្បីមានការថ្វាយបង្គំដែលពេញព្រះហឫទ័យរបស់ព្រះ ការថ្វាយបង្គំនោះត្រូវតែមានមូលដ្ឋានក្នុងសេចក្ដីពិត។ (យ៉ូហាន ៤:២៣) ព្រះគម្ពីរសម្គាល់ពួកអ្នកថ្វាយបង្គំពិត ជារបស់«ពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់ ដែលជាសសរ ហើយជាជើងថ្កល់របស់សេចក្ដីពិត»។ (ធីម៉ូថេទី១ ៣:១៥) ពួកជំនុំនៃព្រះមិនគ្រាន់តែជឿសេចក្ដីពិតពីបន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ តែគេប្រព្រឹត្តតាមនិងការពារសេចក្ដីពិតថែមទៀត ព្រមទាំងសម្ដែងឲ្យគេស្គាល់សេចក្ដីពិតនោះទូទាំងពិភពលោកផង។—ម៉ាថាយ ២៤:១៤; រ៉ូម ១០:៩-១៥
ពួកស្មរបន្ទាល់ព្រះយេហូវ៉ាគឺល្បីឈ្មោះសំរាប់ការអប់រំខាងព្រះគម្ពីររបស់ពួកគេ ដែលគេកំពុងតែធ្វើនៅជាង២០០ប្រទេស។ ពួកគេសិក្សាព្រះគម្ពីរ និងបង្រៀនថាព្រះគម្ពីរជាសេចក្ដីពិត ដោយគ្មានការលាយជាមួយនឹងទស្សនៈរបស់មនុស្ស។ តើអ្នកស្គាល់សេចក្ដីបង្រៀនរបស់ពួកគេដែលមានមូលដ្ឋានក្នុងព្រះគម្ពីរឬទេ? មនុស្សជាច្រើនមានចិត្តស្ទាក់ស្ទើរក្នុងការស្ដាប់សាររបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា ពីព្រោះមានពត៌មានដ៏អវិជ្ជមានដែលសាយភាយអំពីពួកគេ។ ក៏ប៉ុន្តែមនុស្សដែលមានចិត្តស្មោះត្រង់បានត្រូវអញ្ជើញឲ្យសម្រេចចិត្តដោយខ្លួនឯង ថាអ្វីដែលពួកស្មរបន្ទាល់ព្រះយេហូវ៉ាប្រកាសប្រាប់ជាសេចក្ដីពិតឬក៏មិនពិត។ ការសម្រេចដ៏សំខាន់យ៉ាងនេះ មិនគួរមានមូលដ្ឋានក្នុងពាក្យចចាមអារាមនោះទេ។ មនុស្សជាច្រើនបានទទួលប្រយោជន៍យ៉ាងសម្បើម ពីការសង្កេតមើលសេចក្ដីបង្រៀនរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា។
ចំណេះអំពីសេចក្ដីពិតបំបាត់ការខ្លាច
ជាឧទាហរណ៍ សូមគិតពិចារណាករណីនៃអ៊ីវខិនយ៉ា។ នាងបានត្រូវគ្រួសារកាតូលិកដ៏តឹងរឹងចិញ្ចឹមអប់រំ។ ឪពុករបស់នាងគឺជាបុគ្គលម្នាក់ក្នុងចំណោមពួកអ្នក ដែលបានរៀបចំការទទួលសម្ដេចប៉ាបជាភ្ញៀវនៅប្រទេសម៉ិចស្សីកូ នៅឆ្នាំ១៩៧៩។ អ៊ីវខិនយ៉ាបានជួបពួកស្មរបន្ទាល់ព្រះយេហូវ៉ា ពេលនាងបានទៅលេងពួកម៉ាក។ ដោយជំនួយពីពួកគេ នាងបានចាប់ផ្ដើមពិចារណាមើលព្រះគម្ពីរយ៉ាងផ្ចិតផ្ចង់ថែមទៀត។ នាងចាំថា៖ «ដើមដំបូងខ្ញុំមានចិត្តខ្លាច។ ខ្ញុំបានរកឃើញសេចក្ដីពិតមែន! ក៏ប៉ុន្តែនេះមានន័យថា អ្វីដែលខ្ញុំបានជឿពីមុនគឺជាការខុសហើយ។ ជំនឿរបស់គ្រួសារខ្ញុំ ពួកម៉ាកខ្ញុំ និងពួកស្ងួនភ្ងារបស់ខ្ញុំគឺខុសទាំងស្រុង។ ខ្ញុំបានមានអារម្មណ៍ជ្រួលច្រាល់ណាស់។ ខ្ញុំតែងតែសួរខ្លួនឯងថា តើគ្រួសាររបស់ខ្ញុំនឹងតបឆ្លើយយ៉ាងម៉េចចំពោះអ្វីដែលខ្ញុំបានរកឃើញនោះ។ នៅក្រោយមក ដោយមានជំនួយពីព្រះយេហូវ៉ា ខ្ញុំបានចាប់ផ្ដើមពត់ចិត្តឲ្យស្របតាមបទពិសោធន៍ ដែលធ្លាប់គ្របដណ្ដប់លើខ្ញុំនេះ។ នៅថ្ងៃមួយ ខ្ញុំបានសម្រេចចិត្តប្រាប់ពួកម៉ាកម្នាក់នៃគ្រួសាររបស់ខ្ញុំ ដែលជាសាស្ដ្រាចារ្យនៃវិទ្យាសាសនា។ ខ្ញុំបានប្រាប់គាត់ថាខ្ញុំប្រាថ្នាចង់ស្វែងរកសេចក្ដីពិត ហើយគាត់បានមានប្រសាសន៍ថា ‹បើសិនជាអ្នកចង់ដឹងសេចក្ដីពិត ចូររកពួកស្មរបន្ទាល់ព្រះយេហូវ៉ាទៅ›»។
ដូចអ្វីដែលអ៊ីវខិនយ៉ាបានខ្លាច នោះបានកើតឡើងមែន គ្រួសាររបស់នាងបានបណ្ដេញនាងចេញពីផ្ទះ។ ក៏ប៉ុន្តែ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានបន្តក្នុងការឲ្យជំនួយខាងវិញ្ញាណដល់នាង។ នាងប្រាប់ថា៖ «ខ្ញុំបានទទួលកំឡាំងដើម្បីសម្រេចចិត្តទៅខាងសេចក្ដីពិត។ ខ្ញុំបានដឹងថា សេចក្ដីពិតគឺជាអ្វីដែលខ្ញុំគួរតស៊ូយក។ ការទទួលស្វាគមន៍ដែលខ្ញុំបានទទួលពីពួកស្មរបន្ទាល់ព្រះយេហូវ៉ាគឺសំខាន់ណាស់។ ខ្ញុំបានមានអារម្មណ៍ថាគេមានសេចក្ដីស្រឡាញ់ចំពោះខ្ញុំនៅក្នុងក្រុមជំនុំគ្រីស្ទាន។ ការមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងអង្គការរបស់ព្រះ បានជួយឲ្យខ្ញុំឈ្នះលើការខ្លាចខាងសេចក្ដីពិត ដោយគ្មានការគាំទ្រពីគ្រួសាររបស់ខ្ញុំសោះ។
សូមគិតពិចារណាមើលឧទាហរណ៍មួយទៀត។ នាងសាប្រីណាបានមានវ័យធំឡើង ដែលជាទំលាប់មានការពិភាក្សាអំពីព្រះគម្ពីរក្នុងគ្រួសាររបស់នាង។ តាមការពិត ពួកគេបានបង្កើត‹សាសនាផ្ទាល់ក្នុងគ្រួសារ›។ នាងមានទំលាប់ចូលរួមជាមួយនឹងសមាជិកនៃសាសនាផ្សេងៗ ដើម្បីលាតត្រដាងកំហុសរបស់គេ។ នៅពេលស្មរបន្ទាល់ព្រះយេហូវ៉ាបានសុំនាងសិក្សាព្រះគម្ពីរ នាងយល់ព្រមនឹងទទួលរៀនដោយមានបំណងរកកំហុសរបស់ពួកគេដែរ។ នាងនឹកចាំថា៖ «ក្រោយខ្ញុំបានសិក្សាអស់រយៈមួយឆ្នាំហើយ ខ្ញុំបានទៅជាខ្លាចនឹងបាត់បង់អ្វីៗដែលខ្ញុំបានគិតថាជាសេចក្ដីពិតពីមុន។ ដើម្បីសម្ដែងការលាក់ពុតនៃសាសនាជាច្រើនដែលខ្ញុំធ្លាប់ចូល គឺជាការស្រួលណាស់ចំពោះខ្ញុំ។ ក៏ប៉ុន្តែជាមួយនឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ាវិញ នេះមិនជាការស្រួលទេ»។
ការខ្លាចរបស់សាប្រីណាបានធ្វើឲ្យនាងឈប់សិក្សាព្រះគម្ពីរជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ក៏ប៉ុន្តែ នាងបានមានអារម្មណ៍ដូចជាអ្វីៗខាងវិញ្ញាណរបស់នាងគ្មានន័យ។ នាងបានសម្រេចចិត្តចាប់ផ្ដើមសិក្សាម្ដងទៀត ហើយក្រោយមកបានទទួលយកសេចក្ដីពិតនេះ ដែលនាងបានរកឃើញ។ សាប្រីណាបានជឿនលឿនរហូតដល់នាងចង់ជួយប្រាប់អ្នកដទៃអំពីអ្វីដែលបានរៀន ហើយនាងបានសុំរួមចំណែកជាមួយពួកស្មរបន្ទាល់ក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ សាប្រីណាពន្យល់ថា៖ «មុនដែលខ្ញុំបានទទួលការយល់ព្រមដើម្បីផ្សព្វផ្សាយជាមួយពួកស្មរបន្ទាល់ព្រះយេហូវ៉ា គេបានសួរខ្ញុំថា៖ ‹តើអ្នកពិតជាចង់ទៅជាស្មរបន្ទាល់ព្រះយេហូវ៉ាមែនឬ›? ខ្ញុំបានឆ្លើយថា ‹អត់ចង់ទេ›! ខ្ញុំបានខ្លាចម្ដងទៀត»។ នៅទីបំផុត ក្រោយបានបន្តក្នុងការចូលរួមកិច្ចប្រជុំ ហើយនិងដោយកត់សម្គាល់របៀបពួកគេប្រតិបត្ដិតាមគោលការណ៍ទាំងប៉ុន្មានក្នុងព្រះគម្ពីរ សាប្រីណាបានសន្និដ្ឋានថានោះប្រាកដជាសេចក្ដីពិតមែន។ នាងបានទទួលបុណ្យជ្រមុជទឹក ហើយឥឡូវនេះជាអ្នកផ្សាយដំណឹងល្អពេញពេល។
ហេតុអ្វីខុសគ្នាម្ល៉េះ?
ប្រហែលមានមនុស្សខ្លះសួរថា ‹ហេតុអ្វីបានជាសេចក្ដីបង្រៀនរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាគឺខុសប្លែកពីសាសនាដទៃម្ល៉េះ›? ការពិនិត្យមើលយ៉ាងខ្លីនូវជំនឿរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា នឹងជួយលោកអ្នកឲ្យយល់ឃើញថាពួកគេគឺជាពួកគ្រីស្ទានស្មោះត្រង់ ហើយជាសិស្សព្រះគម្ពីរដែលសិក្សាដោយយកចិត្តទុកដាក់។ យើងលើកទឹកចិត្តលោកអ្នកឲ្យអានក្នុងព្រះគម្ពីររបស់អ្នកនូវបទគម្ពីរផ្សេងៗដែលសង្ខេបអំពីជំនឿបឋមរបស់ពួកគេដូចតទៅ៖
ដោយការពិចារណាមើលយ៉ាងល្អិតល្អន់នូវជំនឿរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ានិងរបៀបដែលពួកគេប្រតិបត្ដិតាមសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ អ្នកអាចទទួលពរជាសេរីភាពដែលសេចក្ដីពិតផ្ដល់ឲ្យ។ (យ៉ូហាន ១៧:១៧) គ្មានមូលហេតុដែលគួរឲ្យខ្លាចសេចក្ដីពិតនោះទេ។ សូមចាំសេចក្ដីសន្យារបស់ព្រះយេស៊ូថា៖ «អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។—យ៉ូហាន ៨:៣២
[ប្រអប់នៅទំព័រ៥]
ជំនឿបឋមខ្លះៗរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា
◯ ព្រះយេហូវ៉ាគឺជាព្រះដែលមានព្រះចេស្ដាបំផុត។ ព្រះនាមផ្ទាល់របស់ទ្រង់មានជាង៧.០០០ដងក្នុងឯកសារសរសេរនៃព្រះគម្ពីរដែលមានមុនគេបង្អស់។—ទំនុកដំកើង ៨៣:១៨
◯ ព្រះយេស៊ូគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ ដែលបានយាងមកផែនដីដើម្បីបូជាព្រះជន្មរបស់ទ្រង់សំរាប់មនុស្សលោក។ (យ៉ូហាន ៣:១៦, ១៧) ស្មរបន្ទាល់ព្រះយេហូវ៉ាប្រព្រឹត្តតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូគ្រីស្ទដែលបានកត់ទុកក្នុងសិក្ខាបទ។
◯ ឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ាមានមូលដ្ឋានក្នុងអេសាយ ៤៣:១០ ដែលចែងថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ› »។
◯ ព្រះរាជាណាចក្រដែលមនុស្សសូមមកដល់ក្នុងការអធិស្ឋានរបស់ព្រះអម្ចាស់ គឺជារាជរដ្ឋាភិបាលនៅស្ថានសួគ៌ដែលបន្ដិចទៀតនឹងដកយកការឈឺចាប់និងទុក្ខលំបាកចេញពីផែនដី ហើយស្ថាបនាសួនមនោរម្យដែលបានត្រូវសន្យាមកក្នុងព្រះគម្ពីរ។—អេសាយ ៩:៦, ៧; ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០; វិវរណៈ ២១:៣, ៤
◯ មនុស្សគ្រប់រូបដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ អាចអរសប្បាយនឹងពរពីព្រះរាជាណាចក្ររបស់ទ្រង់ជានិច្ច។—យ៉ូហាន ១៧:៣; យ៉ូហានទី១ ២:១៧
◯ ពួកគ្រីស្ទានត្រូវតែបំពាក់បំប៉នចរិយារបស់ខ្លួនឲ្យស្របតាមព្រះគម្ពីរ។ គេត្រូវតែខិតខំធ្វើជាមនុស្សស្មោះត្រង់ រស់នៅដោយភាពស្អាតស្អំខាងសីលធម៌ ហើយនិងបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងរបស់គេ។—ម៉ាថាយ ២២:៣៩; យ៉ូហាន ១៣:៣៥; កូរិនថូសទី១ ៦:៩, ១០