បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១ ទំ. ១៧-២២
  • ក្រុងយេរូសាឡិម—«ជាក្រុងនៃស្តេចធំ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្រុងយេរូសាឡិម—«ជាក្រុងនៃស្តេចធំ»
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទី«បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា»
  • ពី​សន្ដិភាព​ទៅ​ការ​ហិនហោច
  • បាន​ប្រឆាំង​ដោយ​ពួក អ្នក​ជិត​ខាង​ដែល​កាន់​សាសនា​មិន​ពិត
  • ព្រះ​មេស្ស៊ី​បាន​លេច​ខ្លួន​មក
  • ការ​ឃើញ​ទុក​មុន​នូវ​សន្ដិភាព​ជា​ស្ថាពរ
  • ក្រុងយេរូសាឡិមមួយដែលសមតាមឈ្មោះ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១ ទំ. ១៧-២២

ក្រុង​យេរូសាឡិម—«ជា​ក្រុង​នៃ​ស្តេច​ធំ»

«កុំ​ឲ្យ​ស្បថ . . . ទោះ​នឹង​ក្រុង​យេរូសាឡិម​ក្ដី ព្រោះ​ជា​ក្រុង​នៃ​ស្តេច​ធំ»។—ម៉ាថាយ ៥:៣៤, ៣៥

១, ២. តើ​មនុស្ស​ខ្លះ​អាច​មាន​ចម្ងល់​យ៉ាង​ណា​អំពី​ក្រុង​យេរូសាឡិម?

ក្រុង​យេរូសាឡិម—គ្រាន់​តែ​ឈ្មោះ​នេះ​ទេ នាំ​ឲ្យ​មនុស្ស​ពី​សាសនា​ផ្សេង​ៗ​មាន​អារម្មណ៍​យ៉ាង​ខ្លាំង។ តាម​ការ​ពិត គ្មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​ពើ​នឹង​ទី​ក្រុង​ដ៏​ចាស់​បុរាណ​នេះ​ឡើយ ពី​ព្រោះ​បាន​គេ​រៀប​រាប់​ពី​ទី​ក្រុង​នេះ​ជា​ញឹក​ញាប់​ក្នុង​ពត៌មាន​ផ្សាយ។ ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​មែន ដែល​របាយការណ៍​ជា​ច្រើន​បង្ហាញ​ថា​ក្រុង​យេរូសាឡិម មិន​មែន​ជា​កន្លែង​ដែល​មាន​សន្ដិភាព​ជា​និច្ច​នោះ​ឡើយ។

២ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​អ្នក​ខ្លះ​ដែល​អាន​ព្រះ​គម្ពីរ មាន​ចម្ងល់​ហើយ។ ពី​បុរាណ ឈ្មោះ​ដ៏​ខ្លី​នៃ​ក្រុង​យេរូសាឡិម គឺ​ជា​សាឡិម ហើយ​មាន​ន័យ​ថា«សេចក្ដី​សុខ​សាន្ត»។ (លោកុប្បត្តិ ១៤:១៨; ទំនុកដំកើង ៧៦:២; ហេព្រើរ ៧:១, ២) ដូច្នេះ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​នៅ​ពេល​ថ្មី​ៗ​នេះ ក៏​ទី​ក្រុង​ដែល​មាន​ឈ្មោះ​នេះ​ឥត​មាន​សន្ដិភាព​ដ៏​ម្ល៉េះ›?

៣. តើ​នៅ​កន្លែង​ណា​ដែល​យើង​អាច​រក​ឃើញ​ពត៌មាន​ដ៏​ទុក​ចិត្ត​បាន​អំពី​ក្រុង​យេរូសាឡិម?

៣ ដើម្បី​នឹង​ឆ្លើយ​សំនួរ​នោះ យើង​ត្រូវ​តែ​ត្រឡប់​យ៉ាង​ឆ្ងាយ​ទៅ​ក្នុង​ប្រវត្ដិសាស្ត្រ ហើយ​រៀន​អំពី​ក្រុង​យេរូសាឡិម​នៅ​សម័យ​ពី​បុរាណ។ ប៉ុន្តែ​អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ‹យើង​មិន​មាន​ពេល​នឹង​រៀន​អំពី​ប្រវត្ដិសាស្ត្រ​ពី​បុរាណ​នោះ​ទេ›។ ប៉ុន្តែ ចំណេះ​ត្រឹម​ត្រូវ​អំពី​ប្រវត្ដិសាស្ត្រ​ដើម​នៃ​ក្រុង​យេរូសាឡិម មាន​តម្លៃ​សំរាប់​យើង​គ្រប់​រូប។ ព្រះ​គម្ពីរ​បង្ហាញ​នូវ​មូលហេតុ​ក្នុង​ពាក្យ​ទាំង​នេះ​ថា៖ «អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ​សារ​គម្ពីរ»។ (រ៉ូម ១៥:៤) ចំណេះ​ពី​ព្រះ​គម្ពីរ​អំពី​ទី​ក្រុង​យេរូសាឡិម នោះ​អាច​ផ្ដល់​ឲ្យ​យើង​នូវ​ការ​សម្រាល​ទុក្ខ—ត្រូវ​ហើយ និង​សេចក្ដី​សង្ឃឹម​នៃ​សន្ដិភាព មិន​គ្រាន់​តែ​សំរាប់​ក្រុង​មួយ​នោះ​ទេ ប៉ុន្តែ​ទូទាំង​ពិភព​លោក​ដែរ។

ទី«បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា»

៤, ៥. តើ​តាម​របៀប​ណា​ដែល​ដាវីឌ​បាន​រួម​ចំណែក​ការ​ជួយ​ក្រុង​យេរូសាឡិម ឲ្យ​មាន​មុខ​នាទី​ដ៏​សំខាន់ ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ?

៤ នៅ​សតវត្ស​ទី​១១​មុន​គ្រីស្ទ​សករាជ នោះ​ក្រុង​យេរូសាឡិម​បាន​ទៅ​ជា​ល្បី​ល្បាញ​ក្នុង​ពិភព​លោក ជា​រាជធានី​នៃ​សាសន៍​ដែល​មាន​សុវត្ថិភាព​និង​សន្ដិភាព។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​គេ​ចាក់​ប្រេង​តាំង​យុវបុរស​ដាវីឌ ធ្វើ​ជា​ស្តេច​នៃ​សាសន៍​ពី​បុរាណ​នេះ គឺ​សាសន៍​អ៊ីស្រាអែល។ ដោយ​មាន​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​យេរូសាឡិម នោះ​ដាវីឌ​និង​វង្សានុវង្ស​របស់​ទ្រង់ ក៏​សោយ​រាជ្យ​លើ«បល្ល័ង្ក​រាជ្យ​នៃ​ព្រះ​យេហូវ៉ា» ឬ​ក៏«បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា»។—របាក្សត្រ​ទី​១ ២៨:៥; ២៩:២៣

៥ ដាវីឌ​ដែល​ជា​អ្នក​កោត​ខ្លាច​ព្រះ និង​ជា​ជាតិ​អ៊ីស្រាអែល​ពី​កុលសម្ព័ន្ធ​យូដា នោះ​បាន​ចាប់​យក​ក្រុង​យេរូសាឡិម​ពី​ពួក​សាសន៍​យេប៊ូស​ដែល​គោរព​រូប​ព្រះ។ នៅ​ពេល​នោះ ទី​ក្រុង​នេះ​មាន​ទី​តាំង​តែ​លើ​ភ្នំ​ដែល​ហៅ​ថា ភ្នំ​ស៊ីយ៉ូន ប៉ុន្តែ​ឈ្មោះ​នេះ​បាន​មាន​សទិសន័យ​ដូច​ក្រុង​យេរូសាឡិម​ដែរ។ នៅ​ពេល​ក្រោយ​មក ដាវីឌ​បាន​យក​ហិប​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​និង​ពួក​អ៊ីស្រាអែល ទៅ​ឯ​ទី​ក្រុង​យេរូសាឡិម ដែល​បាន​ទុក​វា​នៅ​ក្នុង​ត្រសាល​ទី​នោះ។ ជា​ច្រើន​ឆ្នាំ​មុន​នេះ ព្រះ​បាន​មាន​បន្ទូល​នឹង​ព្យាការី​ម៉ូសេ​តាម​រយៈ​ពពក​ពី​លើ​ហិប​ដ៏​ពិសិដ្ឋ​នេះ។ (និក្ខមនំ ២៥:១, ២១, ២២; លេវីវិន័យ ១៦:២; របាក្សត្រ​ទី​១ ១៥:១​-​៣) ហិប​នោះ​បាន​ត្រូវ​តំណាង​វត្តមាន​របស់​ព្រះ ពី​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​មហា​ក្សត្រ​ពិត​នៃ​ស្រុក​អ៊ីស្រាអែល។ ដូច្នេះ ក្នុង​ន័យ​ពីរ​យ៉ាង គឺ​អាច​និយាយ​បាន​ថា ព្រះ​យេហូវ៉ា​បាន​គ្រប់​គ្រង​ពី​ក្រុង​យេរូសាឡិម។

៦. តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​អំពី​ដាវីឌ​និង​ក្រុង​យេរូសាឡិម?

៦ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ដាវីឌ​ថា ព្រះ​រាជាណាចក្រ​នៃ​រាជវង្ស​របស់​ទ្រង់ ដែល​បាន​តំណាង​ដោយ​ភ្នំ​ស៊ីយ៉ូន ឬ​ក៏​ក្រុង​យេរូសាឡិម នោះ​នឹង​មិន​ត្រូវ​ចប់​ឡើយ។ នេះ​មាន​សេចក្ដី​ថា បុគ្គល​មួយ​អង្គ​ក្នុង​ចំណោម​វង្សានុវង្ស​របស់​ដាវីឌ នោះ​នឹង​ទទួល​ជា​មរតក​នូវ​សិទ្ធិ​ដើម្បី​គ្រប់​ជា​រៀង​រហូត ជា​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ គឺ​ព្រះ​មេស្ស៊ី ឬ​ក៏​ព្រះ​គ្រីស្ទ។a (ទំនុកដំកើង ១៣២:១១​-​១៤; លូកា ១:៣១​-​៣៣) ព្រះ​គម្ពីរ​ក៏​ប្រាប់​ដែរ​ថា អ្នក​ទទួល​មរតក​ជា​អចិន្ត្រៃយ៍​នូវ«បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា»នេះ នឹង​គ្រប់​គ្រង​លើ​សាសន៍​ទាំង​អស់ មិន​មែន​គ្រាន់​តែ​ក្រុង​យេរូសាឡិម​នោះ​ទេ។—ទំនុកដំកើង ២:៦​-​៨; ដានីយ៉ែល ៧:១៣, ១៤

៧. តើ​តាម​របៀប​ណា​ដែល​ស្តេច​ដាវីឌ បាន​លើក​ឡើង​នូវ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ?

៧ ការ​ប៉ុន​ប៉ង​ចង់​យក​អ្នក​មួយ​អង្គ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង​របស់​ព្រះ គឺ​ស្តេច​ដាវីឌ ឲ្យ​ចេញ​ពី​បល្ល័ង្ក​គឺ​ឥត​បាន​ជោគ​ជ័យ​ទេ។ ផ្ទុយ​ទៅ​វិញ សាសន៍​ដែល​ជា​សត្រូវ​បាន​ត្រូវ​បង្ក្រាប ហើយ​ព្រំ​ដែន​នៃ​ស្រុក​ដែល​បាន​សន្យា ក៏​បាន​ពង្រីក​យ៉ាង​ធំ​ដល់​ទី​កំណត់​ដែល​ព្រះ​បាន​រើស​តាំង​ឡើង។ ដាវីឌ​បាន​ប្រើស្ថានការណ៍​នេះ ដើម្បី​លើក​ឡើង​នូវ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។ ហើយ​ទំនុកដំកើង​ជា​ច្រើន​របស់​ដាវីឌ គឺ​សរសើរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​មហា​ក្សត្រ​ពិត​នៃ​ភ្នំ​ស៊ីយ៉ូន។—សាំយូអែល​ទី​២ ៨:១​-​១៥; ទំនុកដំកើង ៩:១, ១១; ២៤:១, ៣, ៧​-​១០; ៦៥:១, ២; ៦៨:១, ២៤, ២៩; ១១០:១, ២; ១២២:១​-​៤

៨, ៩. តើ​តាម​របៀប​ណា​ដែល​ការ​ថ្វាយ​បង្គំ​ពិត​ក្នុង​ក្រុង​យេរូសាឡិម បាន​ពង្រីក​ឡើង​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​សាឡូម៉ូន?

៨ ក្នុង​កំឡុង​ការ​សោយ​រាជ្យ​របស់​បុត្រ​ដាវីឌ នាម​សាឡូម៉ូន នោះ​ការ​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ពង្រីក។ សាឡូម៉ូន​បាន​ពង្រីក​ក្រុង​យេរូសាឡិម​ឆ្ពោះ​ទៅ​ខាង​ជើង (ដែល​រួម​បញ្ចូល​ភ្នំ​ម៉ូរីយ៉ា ដែល​ជា​កន្លែង​នៃ​ទី​សក្ការៈ​ដោម​ថ្ម នៅ​បច្ចុប្បន្ន​នេះ)។ នៅ​កំពស់​ដ៏​ខ្ពស់​នេះ លោក​មាន​ឯក​សិទ្ធ​សង់​ព្រះ​វិហារ​ដ៏​អស្ចារ្យ ទុក​ជា​ការ​សរសើរ​ដល់​ព្រះ​យេហូវ៉ា។ ហិប​នៃ​កិច្ច​ព្រម​ព្រៀង​បាន​ទុក​នៅ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ​វិហារ​នោះ។—ពង្សាវតារ​ក្សត្រ​ទី​១ ៦:១​-​៣៨

៩ សាសន៍​អ៊ីស្រាអែល​បាន​អរ​សប្បាយ​នឹង​សន្ដិភាព កាល​ដែល​គេ​បាន​គាំទ្រ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត នូវ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដែល​មាន​ទី​តាំង​នៅ​ក្រុង​យេរូសាឡិម។ ក្នុង​ការ​រៀប​រាប់​ស្ថានការណ៍​នេះ​យ៉ាង​ថ្លៃ​ថ្នូរ នោះ​បទ​គម្ពីរ​ចែង​ថា៖ «ឯ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង​តែ​បរិភោគ ហើយ​លេង​សប្បាយ . . . ក៏​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ទិស​ជុំ​វិញ ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​នៅ​ដោយ​សុខសាន្តត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ទ្រើង​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន»។—ពង្សាវតារ​ក្សត្រ​ទី​១ ៤:២០, ២៤, ២៥

១០, ១១. តើ​តាម​របៀប​ណា​ដែល​បុរាណ​វត្ថុ​វិទ្យា​បញ្ជាក់​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង អំពី​ក្រុង​យេរូសាឡិម នៅ​ពេល​ដែល​សាឡូម៉ូន​បាន​សោយ​រាជ្យ​នោះ?

១០ លទ្ធផល​ពី​ការ​រុក​រាន​ខាង​បុរាណ​វត្ថុ​វិទ្យា នោះ​គាំទ្រ​នឹង​ដំណើរ​រឿង​នេះ អំពី​ការ​សោយ​រាជ្យ​ដ៏​រីក​ចំរើន​របស់​សាឡូម៉ូន។ ក្នុង​សៀវភៅ​បុរាណ​វត្ថុ​វិទ្យា​នៅ​ស្រុក​អ៊ីស្រាអែល នោះ​សាស្ដ្រាចារ្យ យ៉ូហានណាន អាហារ៉ូនី ចែង​ថា៖ «ទ្រព្យ​សម្បត្ដិ​ដែល​បាន​ហូរ​ចូល​ព្រះ​រាជវាំង​ពី​គ្រប់​ទិស​ទី ហើយ​ជំនួញ​ដ៏​រីក​ចំរើន​នោះ . . . ក៏​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​យ៉ាង​ឆាប់​រហ័ស ហើយ​ឃើញ​ជាក់​ក្នុង​គ្រប់​លក្ខណៈ​នៃ​ការ​អភិវឌ្ឍន៍​និង​សភាព​សម្បូរ។ . . . ការ​ប្រែ​ប្រួល​ក្នុង​ការ​អភិវឌ្ឍន៍​និង​សភាព​សម្បូរ . . . គឺ​អាច​ឃើញ មិន​គ្រាន់​តែ​ក្នុង​របស់​ដ៏​ប្រណីត ប៉ុន្តែ​ជា​ពិសេស​ខាង​កុលាលភាជន៍។ . . . គុណ​ភាព​នៃ​ចាន​ឆ្នាំង​ដី​និង​របៀប​ដុត​វា បាន​ប្រសើរ​ឡើង​យ៉ាង​សម្បើម»។

១១ ស្រដៀង​គ្នា​ដែរ ជែរី ឡែនដេ បាន​សរសេរ​ថា៖ «ក្រោម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន នោះ​ការ​អភិវឌ្ឍន៍​និង​សភាព​សម្បូរ បាន​ជឿន​លឿន​ក្នុង​រយៈ​បី​ទសវត្ស យ៉ាង​ច្រើន​ជាង​ពីរ​រយ​ឆ្នាំ​មុន​នេះ​ទៅ​ទៀត។ ក្នុង​ដី​ស្រទាប់​ជំនាន់​សាឡូម៉ូន នោះ​យើង​ឃើញ​វត្ថុ​សំណល់​ពី​សំណង់​ដ៏​អស្ចារ្យ រួម​ទាំង​ទី​ក្រុង​ខ្លះ​ដ៏​ធំ​ៗ​ដែល​មាន​កំផែង​យ៉ាង​ធំ​សម្បើម ហើយ​ទី​កន្លែង​រស់​នៅ​ជា​ច្រើន ព្រម​ទាំង​តំបន់​ផ្ទះ​យ៉ាង​ល្អ​របស់​ពួក​អ្នក​មាន។ មាន​ការ​រីក​ចំរើន​ដ៏​ប្រសើរ​ដោយ​ពួក​អ្នក​ធ្វើ​ចាន​ឆ្នាំង​ដី និង​ពី​របៀប​ដែល​គេ​ធ្វើ​វា​នោះ។ យើង​ក៏​រក​ឃើញ​ដែរ​នៅ​របស់​សេស​សល់​ពី​សម័យ​បុរាណ ដែល​បញ្ជាក់​ពី​ទំនិញ​ដែល​បាន​ធ្វើ​ពី​កន្លែង​ឆ្ងាយ​ៗ ជា​សញ្ញា​នៃ​ជំនួញ​អន្តរជាតិ​ដ៏​ខ្លាំង​ក្លា»។—ដំណាក់​នៃ​ដាវីឌ

ពី​សន្ដិភាព​ទៅ​ការ​ហិនហោច

១២, ១៣. តើ​ហេតុ​អ្វី​ក៏​ការ​ថ្វាយ​បង្គំ​ពិត មិន​បាន​លើក​ឡើង​ជា​បន្ត​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នោះ?

១២ សន្ដិភាព​និង​ការ​រីក​ចំរើន​នៃ​ក្រុង​យេរូសាឡិម ជា​ទី​ក្រុង​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នោះ គឺ​ជា​រឿង​អធិស្ឋាន​យ៉ាង​ត្រឹម​ត្រូវ។ ដាវីឌ​បាន​សរសេរ​ថា៖ «ចូរ​អធិស្ឋាន ឲ្យ​ក្រុង​យេរូសាឡិម​បាន​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ឯង បាន​សេចក្ដី​ចំរើន សូម​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ខាង​ក្នុង​កំផែង​ឯង ហើយ​សេចក្ដី​ចំរើន​នៅ​ក្នុង​ព្រះ​រាជវាំង​របស់​ឯង ព្រោះ​យល់​ដល់​ពួក​បង​ប្អូន នឹង​ពួក​មិត្រ​សំឡាញ់​របស់​អញ បាន​ជា​នឹង​ពោល​ឥឡូវ​ថា សូម​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ខាង​ក្នុង​ឯង​ចុះ»។ (ទំនុកដំកើង ១២២:៦​-​៨) ទោះ​ជា​សាឡូម៉ូន​មាន​ឯកសិទ្ធិ​សង់​ព្រះ​វិហារ​ដ៏​អស្ចារ្យ​ក្នុង​ទី​ក្រុង​ដ៏​សុខ​សាន្ត​នេះ​ក៏​ដោយ នៅ​ក្រោយ​បំផុត ទ្រង់​បាន​រៀប​ការ​ជាយា​ពាហិរជន​ជា​ច្រើន​នាក់។ នៅ​ក្នុង​កំឡុង​អាយុ​ចាស់​ជរា នោះ​គេ​បាន​ល្បួង​ទ្រង់​ឲ្យ​គាំទ្រ​ការ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​នៅ​សម័យ​នោះ។ សេចក្ដី​ក្បត់​ជំនឿ​នេះ បាន​មាន​ឥទ្ធិពល​ដ៏​អាក្រក់​លើ​សាសន៍​ទាំង​មូល ទាំង​ធ្វើ​ឲ្យ​ទី​ស្រុក​និង​ប្រជាជន ខ្វះ​នូវ​សន្ដិភាព​ពិត​វិញ។—ពង្សាវតារ​ក្សត្រ​ទី​១ ១១:១​-​៨; ១៤:២១​-​២៤

១៣ នៅ​ដើម​ការ​សោយ​រាជ្យ​របស់​រេហូបោម ដែល​ជា​រាជបុត្រា​របស់​សាឡូម៉ូន នោះ​កុលសម្ព័ន្ធ​ដប់​បាន​បះ​បោរ ហើយ​បង្កើត​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​នៅ​ខាង​ជើង។ ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​សាសន៍​អាសស៊ើរ​ទំលាក់​ព្រះ​រាជាណាចក្រ​នោះ ដោយ​ព្រោះ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​របស់​គេ។ (ពង្សាវតារ​ក្សត្រ​ទី​១ ១២:១៦​-​៣០) រាជាណាចក្រ​យូដា​នៅ​ខាង​ត្បូង ដែល​មាន​កុលសម្ព័ន្ធ​ពីរ នោះ​បាន​បន្ត​មាន​ទី​ក្រុង​យេរូសាឡិម​ជា​មណ្ឌល។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក គេ​ក៏​បានបែរ​ចេញ​ពី​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ដែរ ដូច្នេះ​ព្រះ​ក៏​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​កំទេច​ចោល​ទី​ក្រុង​នេះ ក្នុង​ឆ្នាំ​៦០៧ ម.​ស.យ.។ ពួក​និរទេស​សាសន៍​យូដា​នេះ បាន​រង​ទុក្ខ​យ៉ាង​រ៉ាំ​រៃ​ជា​អ្នក​ឈ្លើយ​ក្នុង​ស្រុក​បាប៊ីឡូន អស់​រយៈ​ពេល​៧០​ឆ្នាំ។ រួច​មក ដោយ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ គេ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ដើម្បី​កសាង​ការ​ថ្វាយ​បង្គំ​ពិត​ឡើង​វិញ។—របាក្សត្រ​ទី​២ ៣៦:១៥​-​២១

១៤, ១៥. តើ​តាម​របៀប​ណា​ដែល​ក្រុង​យេរូសាឡិម​មាន​មុខ​នាទី​សំខាន់​ម្ដង​ទៀត ក្រោយ​ពី​និរទេស​ភាព​គេ​នៅ​ស្រុក​បាប៊ីឡូន ប៉ុន្តែ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា?

១៤ ក្រោយ​ពី​បាន​ហិន​ហោច​អស់​រយៈ​៧០​ឆ្នាំ នោះ​ច្បាស់​ជា​មាន​រុក្ខជាតិ​តូច​ៗ​ជា​ច្រើន​ដុះ​បាំង​អាគារ​ដ៏​ខ្ទេច​ខ្ទី​នោះ​ហើយ។ កំផែង​របស់​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បាក់​បែក ហើយ​មាន​ប្រហោង​ធំ​ៗ នៅ​កន្លែង​ដែល​ធ្លាប់​មាន​ទ្វារ​និង​សសរ​ដ៏​ធំ​ៗ​នោះ។ ប៉ុន្តែ ពួក​យូដា​ដែល​បាន​ត្រឡប់​មក​ស្រុក​វិញ នោះ​បាន​មាន​ចិត្ត​កំលា។ គេ​បាន​សង់​អាសនៈ​នៅ​កន្លែង ដែល​ព្រះ​វិហារ​ធ្លាប់​នៅ​ពី​មុន ហើយ​បាន​ចាប់​ផ្ដើម​ថ្វាយ​យញ្ញ​បូជា​ជូន​ព្រះ​យេហូវ៉ា​រៀង​រាល់​ថ្ងៃ។

១៥ នេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ ប៉ុន្តែ​ទី​ក្រុង​យេរូសាឡិម​ដែល​បាន​កសាង​ឡើង​វិញ​នេះ នឹង​មិន​អាច​ទៅ​ជា​រាជធានី​នៃ​ព្រះ​រាជាណាចក្រ​មួយ ដែល​មាន​រាជ្យ​វង្ស​របស់​ស្តេច​ដាវីឌ​នៅ​លើ​បល្ល័ង្ក​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​យូដា​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​ចៅហ្វាយ​ខេត្ត ដែល​បាន​ចាត់​តាំង​ដោយ​ពួក​កាន់​កាប់​សាសន៍​បាប៊ីឡូន ហើយ​ត្រូវ​តែ​បង់​ពន្ធ​ឲ្យ​ពួក​ពើស៊ី​ដែល​ជា​ម្ចាស់​របស់​គេ។ (នេហេមា ៩:៣៤​-​៣៧) ទោះ​ជា​នៅ​ក្នុង​ស្ថានភាព​ជា​អ្វី​ដែល​បាន​គេ«ជាន់​ឈ្លី»ក៏​ដោយ ក្រុង​យេរូសាឡិម​ក៏​នៅ​តែ​ទី​ក្រុង​មួយ​នៅ​លើ​ផែនដី ដែល​ព្រះ​យេហូវ៉ា​មាន​ព្រះ​គុណ​យ៉ាង​ពិសេស​ចំពោះ។ (លូកា ២១:២៤) ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ ទី​ក្រុង​នេះ​ក៏​បាន​តំណាង​សិទ្ធិ​របស់​ព្រះ ឲ្យ​អនុវត្ត​នូវ​អធិបតេយ្យភាព​របស់​ទ្រង់ លើ​ផែនដី​ទាំង​មូល តាម​រយៈ​បុគ្គល​មួយ​អង្គ​ពី​ចំណោម​វង្សានុវង្ស​របស់​ស្តេច​ដាវីឌ។

បាន​ប្រឆាំង​ដោយ​ពួក អ្នក​ជិត​ខាង​ដែល​កាន់​សាសនា​មិន​ពិត

១៦. ហេតុ​អ្វី​ក៏​ពួក​យូដា​ដែល​បាន​ត្រឡប់​ពី​បាប៊ីឡូន មិន​បាន​បន្ត​ការ​កសាង​ក្រុង​យេរូសាឡិម?

១៦ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក នោះ​ពួក​យូដា​ដែល​បាន​ចេញ​ពី​និរទេស​ភាព ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ក៏​បាន​ចាក់​គ្រឹះ​ព្រះ​វិហារ​ថ្មី​មួយ។ ប៉ុន្តែ ពួក​ជិត​ខាង​ទាំង​នោះ​ដែល​កាន់​សាសនា​មិន​ពិត បាន​ផ្ញើ​លិខិត​ដ៏​បង្កាច់​បង្ខូច​មួយ ទៅ​ស្តេច​ពើស៊ី នាម​អើថាស៊ើកសេស ដោយ​អះអាង​ថា ពួក​យូដា​នឹង​បះ​បោរ​ជា​មិន​ខាន។ ជា​លទ្ធផល នោះ​អើថាស៊ើកសេស​បាន​ហាម​មិន​ឲ្យ​សង់​ក្រុង​យេរូសាឡិម​ត​ទៅ​ទៀត។ អ្នក​អាច​ស្រមៃ​គិត​ថា បើ​អ្នក​បាន​រស់​នៅ​ក្នុង​ទី​ក្រុង​ហ្នឹង​នៅ​គ្រា​នោះ អ្នក​ច្បាស់​ជា​ឆ្ងល់​ថា តើ​ទី​ក្រុង​នេះ​នឹង​មាន​អនាគត​យ៉ាង​ណា​ទៅ​ហើយ។ ជា​លទ្ធផល ពួក​យូដា​បាន​ឈប់​សង់​ព្រះ​វិហារ ហើយ​បាន​ក្លាយ​ទៅ​ជា​ជក់​ស្លុង​នឹង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ទៅ​វិញ។—អែសរ៉ា ៤:១១​-​២៤; ហាកាយ ១:២​-​៦

១៧, ១៨. តើ​តាម​រយៈ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ ដើម្បី​ធានា​រ៉ាប់​រង​ថា​ក្រុង​យេរូសាឡិម​នឹង​បាន​ត្រូវ​សង់​ឡើង​វិញ?

១៧ អស់​រយៈ​១៧​ឆ្នាំ​ក្រោយ​ពី​ពួក​គេ​បាន​ត្រឡប់​មក​វិញ នោះ​ព្រះ​បាន​រើស​តាំង​ព្យាការី​ហាកាយ​និង​សាការី​ឲ្យ​កែ​តម្រង់​គំនិត​របស់​រាស្ត្រ​ទ្រង់។ ដោយ​បាន​ត្រូវ​ជំរុញ​ឲ្យ​ប្រែ​ចិត្ត​វិញ នោះ​ពួក​យូដា​ក៏​បាន​ចាប់​ផ្ដើម​សង់​ព្រះ​វិហារ​ជា​លើក​ម្ដង​ទៀត។ នៅ​ពេល​ចន្លោះ​នោះ ដារីយុស​ក៏​បាន​ទៅ​ជា​ស្តេច​នៃ​សាសន៍​ពើស៊ី។ ទ្រង់​បាន​មើល​បញ្ជាក់​ឡើង​វិញ នូវ​សេចក្ដី​បង្គាប់​របស់​ស្តេច​ស៊ីរ៉ុស​ឲ្យ​សង់​ក្រុង​យេរូសាឡិម។ ស្តេច​ដារីយុស​បាន​ផ្ញើ​សំបុត្រ​ទៅ​ស្រុក​ជិត​ខាង​ពួក​យូដា ដោយ​ព្រមាន​ពួក​គេ​ឲ្យ‹ឃ្លាត​ខ្លួន​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម› ហើយ​ឲ្យ​ផ្ដល់​ជំនួយ​ខាង​ប្រាក់​ពី​ពន្ធ​របស់​ស្តេច ដើម្បី​ឲ្យ​កិច្ច​ការ​សង់​ព្រះ​វិហារ​នេះ​អាច​សម្រេច​បាន។—អែសរ៉ា ៦:១​-​១៣

១៨ ពួក​យូដា​បាន​សង់​ព្រះ​វិហារ​ចប់​នៅ​ឆ្នាំ​ទី​២​២ ក្រោយ​ពី​បាន​ត្រឡប់​មក​វិញ។ អ្នក​អាច​យល់​ថា ព្រឹត្ដិការណ៍​សំខាន់​នេះ គឺ​ជា​មូលហេតុ​ធ្វើ​បុណ្យ​ដោយ​អរ​សប្បាយ​យ៉ាង​ក្រៃ​លែង។ ប៉ុន្តែ ដល់​មួយ​កំរិត ក្រុង​យេរូសាឡិម​និង​កំផែង ក៏​នៅ​តែ​ហិនហោច​ដដែល។ ទី​ក្រុង​នេះ​បាន​ត្រូវ​សង់​ថែម​ទៀត​នៅ«គ្រា​នេហេមា ជា​ចៅហ្វាយ​ទី​ក្រុង ហើយ​នឹង​គ្រា​ស្មៀន​អែសរ៉ា​ដ៏​ជា​សង្ឃ»។ (នេហេមា ១២:២៦, ២៧) តាម​មើល​ទៅ ដល់​ទី​បញ្ចប់​នៃ​សតវត្ស​ទី​ប្រាំ ម.​ស.យ. នោះ​ក្រុង​យេរូសាឡិម​បាន​សង់​ចប់​ទាំង​ស្រុង​តែ​ម្ដង ជា​ទី​ក្រុង​ដ៏​ធំ​ក្នុង​ពិភព​លោក​ពី​បុរាណ។

ព្រះ​មេស្ស៊ី​បាន​លេច​ខ្លួន​មក

១៩. តើ​ព្រះ​មេស្ស៊ី​បាន​ទទួល​ស្គាល់​ស្ថានភាព​ដ៏​ល្អ​ឯក​នៃ​ក្រុង​យេរូសាឡិម​យ៉ាង​ដូច​ម្ដេច?

១៩ ប៉ុន្តែ សូម​ឲ្យ​យើង​ផ្លោះ​ទៅ​មុខ​ច្រើន​សតវត្ស​ទៅ​នឹង​ព្រឹត្ដិការណ៍​ដែល​មាន​សារៈ​សំខាន់ គឺ​កំណើត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​មាតា​ជា​ស្រី​ក្រមុំ​សុទ្ធ​របស់​ព្រះ​យេស៊ូ នោះ​ថា៖ «ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ . . . ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ»។ (លូកា ១:៣២, ៣៣) ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះ​យេស៊ូ​បាន​ធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ល្បាញ​របស់​ទ្រង់ ជា​ធម្មទាន​នៅ​លើ​ភ្នំ។ ក្នុង​ធម្មទាន​នោះ ទ្រង់​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​និង​ឱវាទ​លើ​ប្រធាន​ជា​ច្រើន។ ជា​ឧទាហរណ៍ ទ្រង់​បាន​ដាស់​តឿន​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់​ឲ្យ​បំពេញ​នឹង​សច្ចា​របស់​គេ​ចំពោះ​ព្រះ ប៉ុន្តែ​ឲ្យ​ប្រយ័ត្ន​ប្រយែង​កុំ​ឲ្យ​ស្បថ​យ៉ាង​រឡេះ​រឡោះ​ឲ្យ​សោះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា ‹កុំ​ឲ្យ​ស្បថ​កុហក​ឡើយ គឺ​ត្រូវ​ឲ្យ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ស្បថ​នឹង​ព្រះ​អម្ចាស់› ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថាន​សួគ៌​ក្ដី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ ទោះ​នឹង​ផែនដី​ក្ដី ព្រោះ​ជា​កំណល់​កល់​ព្រះ​បាទ​ទ្រង់ ទោះ​នឹង​ក្រុង​យេរូសាឡិម​ក្ដី ព្រោះ​ជា​ក្រុង​នៃ​ស្តេច​ធំ»។ (ម៉ាថាយ ៥:៣៣​-​៣៥) ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ព្រះ​យេស៊ូ បាន​ទទួល​ស្គាល់​ស្ថានភាព​ដ៏​ល្អ​ឯក​របស់​ក្រុង​យេរូសាឡិម ដែល​វា​មាន​ជា​ច្រើន​សតវត្ស​មក​ហើយ។ ត្រូវ​ហើយ នេះ​ជា«ក្រុង​នៃ​ស្តេច​ធំ» គឺ​ព្រះ​យេហូវ៉ា។

២០, ២១. ចំពោះ​អាកប្បកិរិយា​នៃ​មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​យេរូសាឡិម តើ​មាន​ការ​ប្រែ​ប្រួល​ដ៏​ធំ​ណា?

២០ នៅ​ជិត​ទី​បញ្ចប់​នៃ​ព្រះ​ជន្ម​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ព្រះ​យេស៊ូ​បាន​សម្ដែង​អង្គ​ទ្រង់​ជា​ស្តេច ឲ្យ​ពួក​រស់​នៅ​ក្រុង​យេរូសាឡិម​ឃើញ។ ក្នុង​ការ​តប​ឆ្លើយ​នឹង​ព្រឹត្ដិការណ៍​ដ៏​រំភើប​ចិត្ត​នោះ មនុស្ស​ជា​ច្រើន​បាន​ស្រែក​យំ​យ៉ាង​សប្បាយ​ថា៖ «ព្រះ​អង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​យើង​រាល់​គ្នា ដែល​មក​ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ក៏​ប្រកប​ដោយ​ព្រះ​ពរ​ដែរ»!—ម៉ាកុស ១១:១​-​១០; យ៉ូហាន ១២:១២​-​១៥

២១ ប៉ុន្តែ ក្នុង​តិច​ជាង​មួយ​អាទិត្យ នោះ​ពួក​បណ្ដា​ជន​បាន​យល់​ព្រម​ឲ្យ​មេ​ដឹក​នាំ​សាសនា​នៅ​ក្រុង​យេរូសាឡិម​នោះ នាំ​ឲ្យ​គេ​ប្រឆាំង​នឹង​ព្រះ​យេស៊ូ​វិញ។ ទ្រង់​បាន​ព្រមាន​ថា ទី​ក្រុង​យេរូសាឡិម​និង​សាសន៍​ទាំង​មូល​នឹង​បាត់​នូវ​ឋានៈ​របស់​គេ ជា​ទី​អនុគ្រោះ​របស់​ព្រះ។ (ម៉ាថាយ ២១:២៣, ៣៣​-​៤៥; ២២:១​-​៧) ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​បាន​ប្រកាស​ថា៖ «ឱ​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ ឯង​ដែល​សំឡាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​ទេ មើល ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង»។ (ម៉ាថាយ ២៣:៣៧, ៣៨) នៅ​វេលា​បុណ្យ​រំលង​ក្នុង​ឆ្នាំ​៣៣ ស.យ. នោះ​ដោយ​អយុត្ដិធម៌ ពួក​អ្នក​ប្រឆាំង​ព្រះ​យេស៊ូ​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​ទ្រង់ នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម។ យ៉ាង​ណា​ក្ដី ព្រះ​យេហូវ៉ា​បាន​ប្រោស​អ្នក​ចាក់​ប្រេង​តាំង​មួយ​អង្គ​នេះ​ឲ្យ​រស់​ឡើង​វិញ ហើយ​បាន​តំកើង​ទ្រង់ ដោយ​ប្រទាន​ព្រះ​ជន្ម​ជា​វិញ្ញាណ​ដ៏​អមតៈ នៅ​លើ​ភ្នំ​ស៊ីយ៉ូន​នៅ​ស្ថាន​សួគ៌ ជា​សេចក្ដី​សម្រេច​ដែល​យើង​គ្រប់​រូប​អាច​ទទួល​ប្រយោជន៍​ពី​នោះ។—កិច្ច​ការ ២:៣២​-​៣៦

២២. ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ តើ​ពាក្យ​ជា​ច្រើន​អំពី​ក្រុង​យេរូសាឡិម​នោះ បាន​សំដៅ​ទៅ​លើ​អ្វី?

២២ តាំង​ពី​ពេល​នោះ​មក ទំនាយ​ភាគ​ច្រើន​ដែល​មិន​បាន​សម្រេច​អំពី​ភ្នំ​ស៊ីយ៉ូន ឬ​ក្រុង​យេរូសាឡិម អាច​យល់​បាន​ថា ទាក់​ទង​នឹង​របៀប​រៀបចំ​ខាង​ស្ថាន​សួគ៌ ឬ​សំរាប់​ពួក​អ្នក​កាន់​តាម​ដែល​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេស៊ូ។ (ទំនុកដំកើង ២:៦​-​៨; ១១០:១​-​៤; អេសាយ ២:២​-​៤; ៦៥:១៧, ១៨; សាការី ១២:៣; ១៤:១២, ១៦, ១៧) ពាក្យ​មួយ​ចំនួន​ដែល​សំដៅ​ទៅ​លើ«ក្រុង​យេរូសាឡិម»ឬ​ក៏«ភ្នំ​ស៊ីយ៉ូន» ហើយ​ដែល​បាន​សរសេរ​ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ ច្បាស់​ជា​មាន​ន័យ​ជា​អត្ថប្បដិរូប ហើយ​ឥត​ទាក់​ទង​នឹង​ទី​ក្រុង​ឬ​កន្លែង​ចំ​ៗ​នោះ​ទេ។ (កាឡាទី ៤:២៦; ហេព្រើរ ១២:២២; ពេត្រុស​ទី​១ ២:៦; វិវរណៈ ៣:១២; ១៤:១; ២១:២, ១០) ភស្តុ​តាង​ចុង​ក្រោយ ដែល​ថា​ក្រុង​យេរូសាឡិម​លែង​ជា«ក្រុង​នៃ​ស្តេច​ធំ» នោះ​បាន​លេច​ឡើង​នៅ​ឆ្នាំ​៧០ ស.យ. នៅ​ពេល​ដែល​ពួក​ទ័ព​រ៉ូម​បាន​បំផ្លាញ​ក្រុង​នោះ​ចោល ដូច​ដានីយ៉ែល និង​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទាយ​មក។ (ដានីយ៉ែល ៩:២៦; លូកា ១៩:៤១​-​៤៤) គ្មាន​អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​ណា ហើយ​សូម្បី​តែ​ព្រះ​យេស៊ូ​អង្គ​ទ្រង់​ក៏​មិន​បាន​ទាយ​អំពី​ការ​ស្ថាបនា​ឡើង​វិញ នូវ​ក្រុង​យេរូសាឡិម​នៅ​លើ​ផែនដី ឲ្យ​បាន​ទទួល​អនុគ្រោះ​ដ៏​ពិសេស​ពី​ព្រះ​យេហូវ៉ា​ដូច​មុន​ៗ​នោះ​ឡើយ។—កាឡាទី ៤:២៥; ហេព្រើរ ១៣:១៤

ការ​ឃើញ​ទុក​មុន​នូវ​សន្ដិភាព​ជា​ស្ថាពរ

២៣. ហេតុ​អ្វី​ក៏​យើង​គួរ​តែ​នៅ​ចាប់​អារម្មណ៍​នឹង​ក្រុង​យេរូសាឡិម?

២៣ ដោយ​បាន​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ប្រវត្ដិ​ក្រុង​យេរូសាឡិម​ដែល​នៅ​លើ​ផែនដី យើង​អាច​ជឿ​ថា ទី​ក្រុង​នេះ​បាន​បំពេញ​តាម​អត្ថន័យ​នៃ​ឈ្មោះ​របស់​វា​មែន ដែល​ក្នុង​គ្រា​ការ​សោយ​រាជ្យ​ដ៏​ក្សេម​ក្សាន្ត​របស់​ស្តេច​សាឡូម៉ូន នោះ​ជា«ទី​មាន[ឬ​ក៏ ទី​តាំង​នៃ]សន្ដិភាព​ពីរ​យ៉ាង»។ ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ការ​ឃើញ​ទុក​មុន​នូវ​សន្ដិភាព​និង​សភាព​សម្បូរ ដែល​ពួក​អ្នក​ស្រឡាញ់​ព្រះ​នឹង​មាន​នៅ​លើ​ផែនដី ដែល​នឹង​បាន​កែ​ប្រែ​ជា​សួន​មនោរម្យ។—លូកា ២៣:៤៣

២៤. តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​ស្ថានភាព ដែល​មាន​នៅ​ពេល​ដែល​សាឡូម៉ូន​បាន​សោយ​រាជ្យ?

២៤ ទំនុកដំកើង ទី​៧២ សម្ដែង​នូវ​ស្ថានការណ៍​ដែល​ធ្លាប់​មាន ក្នុង​គ្រា​នៃ​ការ​សោយ​រាជ្យ​របស់​ស្តេច​សាឡូម៉ូន។ ប៉ុន្តែ ចំ​រៀង​ដ៏​ពីរោះ​នោះ ជា​ការ​ទាយ​ទុក​ជា​មុន​នូវ​ពរ​សំរាប់​មនុស្ស​លោក​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​មេស្ស៊ី​នៅ​ស្ថាន​សួគ៌ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​អំពី​ទ្រង់​ថា៖ «នៅ​ក្នុង​គ្រា​ព្រះ​រាជបុត្រា នោះ​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើង ហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរ ដរាប​ដល់​ព្រះ​ចន្ទ​រលត់​សូន្យ​ទៅ។ . . . ទ្រង់​នឹង​ជួយ​ពួក​ក្រី​ក្រ​ឲ្យ​រួច ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្ដា ដល់​មនុស្ស​រហេម​រហាម​នឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រី​ក្រ​ផង ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់​សង្កិន​នឹង​ការ​ច្រឡោត ឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ​នេត្រ​ទ្រង់​ដែរ។ ដូច្នេះ នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ»។—ទំនុកដំកើង ៧២:៧, ៨, ១២​-​១៤, ១៦

២៥. ហេតុ​អ្វី​ក៏​យើង​ចង់​រៀន​ថែម​ទៀត​អំពី​ក្រុង​យេរូសាឡិម?

២៥ ពាក្យ​ទាំង​នោះ​ផ្ដល់​ឲ្យ​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​អ្វី​ម្ល៉េះ​ហ្ន៎ ដល់​អស់​អ្នក​ក្នុង​ក្រុង​យេរូសាឡិម​ដែល​ស្រឡាញ់​ព្រះ ឬ​ក៏​កន្លែង​ណា​ផ្សេង​ទៀត​នៅ​លើ​ផែនដី​នេះ! អ្នក​ក៏​អាច​នៅ​ក្នុង​ចំណោម​ពួក​អ្នក ដែល​នឹង​អរ​សប្បាយ​នឹង​សន្ដិភាព​នៅ​លើ​ផែនដី ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ ការ​ដឹង​អំពី​ប្រវត្ដិ​របស់​ក្រុង​យេរូសាឡិម អាច​ជួយ​យើង​ឲ្យ​យល់​អំពី​គោល​បំណង​របស់​ព្រះ​ចំពោះ​មនុស្ស​លោក។ អត្ថបទ​ជា​បន្ទាប់​នឹង​ពិនិត្យ​មើល​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង ក្នុង​ទសវត្ស​ទី​ប្រាំ​ពីរ​និង​ប្រាំ​បី ក្រោយ​ពី​ពួក​យូដា​បាន​ត្រឡប់​ពី​ស្រុក​បាប៊ីឡូន​ជា​និរទេស។ នេះ​នឹង​ផ្ដល់​នូវ​ការ​សម្រាល​ទុក្ខ​ដល់​អស់​អ្នក ដែល​ចង់​ថ្វាយ​បង្គំ​ឲ្យ​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ធំ។

[កំណត់​សម្គាល់]

a ឋានន្តរ «ព្រះ​មេស្ស៊ី» (បាន​ប្រែ​ពី​ពាក្យ​ភាសា​ហេព្រើរ) ហើយ«ព្រះ​គ្រីស្ទ» (ពី​ភាសា​ក្រិក) ទាំង​ពីរ​នេះ​មាន​ន័យ​ថា «អ្នក​មួយ​អង្គ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង»។

តើ​អ្នក​នៅ​នឹក​ឃើញ​ឬ​ទេ?

◻ តើ​តាម​របៀប​ណា​ដែល​ក្រុង​យេរូសាឡិម បាន​ទៅ​ជា​កន្លែង​នៃ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា?

◻ តើ​មុខ​នាទី​ដ៏​សំខាន់​អ្វី​ដែល​សាឡូម៉ូន​មាន ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​ពិត​បាន​រីក​ចំរើន?

◻ តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ក្រុង​យេរូសាឡិម​បាន​ឈប់​ធ្វើ​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា?

◻ ហេតុ​អ្វី​ក៏​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​បន្ថែម​ទៀត​អំពី​ក្រុង​យេរូសាឡិម?

[រូប​ភាព​នៅ​ទំព័រ​១៨]

ទី​ក្រុង​ដាវីឌ​បាន​នៅ​កំពូល​ខាង​ត្បូង ប៉ុន្តែ​សាឡូម៉ូន​បាន​ពង្រីក​ទី​ក្រុង​នោះ​ទៅ​ទិស​ខាង​ជើង ហើយ​បាន​សង់​ព្រះ​វិហារ

[អ្នក​ផ្ដល់​សិទ្ធិ]

Pictorial Archive (Near Eastern History) Est.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក