បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១ ទំ. ២៨-៣២
  • ក្រុងយេរូសាឡិមមួយដែលសមតាមឈ្មោះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្រុងយេរូសាឡិមមួយដែលសមតាមឈ្មោះ
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ថ្ងៃ​ប្រជុំ​ដ៏​អស្ចារ្យ
  • ការ​ប្រជុំ​ដ៏​សប្បាយ​មួយ​ទៀត
  • យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​នូវ​ដំណាក់​របស់​ព្រះ
  • ពិធី​សម្ពោធ​ដ៏​សប្បាយ​រីករាយ
  • មូលហេតុ​សំរាប់​អំណរ​ជា​រៀង​រហូត​ត​ទៅ
  • ក្រុងយេរូសាឡិម—ជាទីគោរព‹ជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់អ្នក›ឬទេ?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • គោលសំខាន់ៗពីសៀវភៅនេហេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • កំពែងក្រុងយេរូសាឡិម
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • កំផែងក្រុងយេរូសាឡិម
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១ ទំ. ២៨-៣២

ក្រុង​យេរូសាឡិម​មួយ​ដែល​សម​តាម​ឈ្មោះ

«រីករាយ​ឡើង​ជា​ដរាប ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ ដ្បិត​មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​បាន​ជា​ទី​រីករាយ»។—អេសាយ ៦៥:១៨

១. តើ​លោក​អែសរ៉ា មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ទី​ក្រុង​ដ៏​រើស​តាំង​របស់​ព្រះ?

ជា​កូន​សិស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​បន្ទូល​របស់​ព្រះ នោះ​អែសរ៉ា ជា​សង្ឃ​ម្នាក់​សាសន៍​យូដា លោក​បាន​ស្រឡាញ់​ជា​ទី​បំផុត​នូវ​ទំនាក់​ទំនង​ដែល​ក្រុង​យេរូសាឡិម​ធ្លាប់​មាន ជា​មួយ​នឹង​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ (ចោទិយកថា ១២:៥; អែសរ៉ា ៧:២៧) សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​ទី​ក្រុង​របស់​ព្រះ​នេះ បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ផ្នែក​នៃ​ព្រះ​គម្ពីរ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​លោក​សរសេរ គឺ​របាក្សត្រ​ទី​១​និង​ទី​២ ព្រម​ទាំង​សៀវភៅ​អែសរ៉ា។ ក្នុង​ឯកសារ​ប្រវត្ដិសាស្ត្រ​ទាំង​នេះ នោះ​ឈ្មោះ​ក្រុង​យេរូសាឡិម​មាន​ជិត​២៥​ភាគ​រយ នៃ​៨០០​ដង ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។

២. តើ​តាម​របៀប​ណា​ដែល​អែសរ៉ា ជួន​កាល​បាន​កត់​ទុក​ឈ្មោះ​នៃ​ក្រុង​យេរូសាឡិម ហើយ​តើ​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ដែរ?

២ ក្នុង​ភាសា​ហេព្រើរ​នៃ​ព្រះ​គម្ពីរ «ក្រុង​យេរូសាឡិម» គឺ​អាច​យល់​បាន​តាម​បែប​បទ​ភាសា​ហេព្រើរ ដែល​ហៅ​ថា​ទ្វេ​ភាគ។ បែប​បទ​ជា​ទ្វេ​ភាគ​បាន​ត្រូវ​ប្រើ​ជា​ញឹក​ញាប់ សំរាប់​វត្ថុ​ដែល​មាន​ជា​គូ ដូច​ជា​ភ្នែក ត្រចៀក ដៃ និង​ជើង។ ក្នុង​បែប​បទ​ជា​ទ្វេ​ភាគ​នេះ ឈ្មោះ​ក្រុង​យេរូសាឡិម អាច​ចាត់​ទុក​ជា ទំនាយ​នៃ​សន្ដិភាព​ដែល​រាស្ត្រ​របស់​ព្រះ​នឹង​មាន​ក្នុង​ន័យ​ជា​ពីរ—ខាង​វិញ្ញាណ​និង​ខាង​វត្ថុ។ បទ​គម្ពីរ​ទាំង​ប៉ុន្មាន​មិន​បាន​សម្ដែង​ប្រាប់ ថា​តើ​អែសរ៉ា​បាន​យល់​ពេញ​លេញ​នឹង​រឿង​នោះ​ទេ។ ប៉ុន្តែ ជា​សង្ឃ​ម្នាក់ លោក​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួក​យូដា ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​ព្រះ។ ហើយ​ប្រាកដជា​លោក​បាន​ខំ​ប្រឹង​ធ្វើ​ការ​មែន ដើម្បី​ឲ្យ​ក្រុង​យេរូសាឡិម​សម​តាម​ឈ្មោះ​របស់​វា ដែល​ន័យ​ថា «របស់ [ឬ​ក៏ គ្រឹះ]នៃ​សន្ដិភាព​ដែល​មាន​ពីរ​យ៉ាង»។—អែសរ៉ា ៧:៦

៣. តើ​មាន​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ហើយ មុន​នឹង​យើង​បាន​ត្រូវ​ដឹង​អំពី​សកម្មភាព​របស់​អែសរ៉ា​ម្ដង​ទៀត ហើយ​តើ​យើង​ឃើញ​លោក​ក្នុង​កាលៈទេសៈ​បែប​ណា?

៣ ព្រះ​គម្ពីរ​មិន​ចែង​ប្រាប់​ថា អែសរ៉ា​បាន​នៅ​កន្លែង​ណា​ទេ ក្នុង​គ្រា​១២​ឆ្នាំ​ដែល​បាន​ចន្លោះ​រវាង​ទស្សនកិច្ច​របស់​លោក​ទៅ​ក្រុង​យេរូសាឡិម និង​ការ​មក​ដល់​របស់​នេហេមា ក្នុង​ទី​ក្រុង​នេះ។ ស្ថានភាព​ដ៏​មិន​ល្អ​ខាង​វិញ្ញាណ​ក្នុង​សាសន៍​នេះ​នៅ​គ្រា​នោះ បង្ហាញ​ថា​លោក​អែសរ៉ា មិន​បាន​នៅ​ទី​ក្រុង​នោះ​ទេ។ ប៉ុន្តែ យើង​ឃើញ​អែសរ៉ា កំពុង​បំរើ​ជា​សង្ឃ​ដ៏​ស្មោះ​ត្រង់​ម្ដង​ទៀត​ក្នុង​ក្រុង​យេរូសាឡិម បន្ដិច​ក្រោយ​ពី​កំផែង​ក្រុង​នោះ​បាន​កសាង​ហើយ។

ថ្ងៃ​ប្រជុំ​ដ៏​អស្ចារ្យ

៤. តើ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ប្រាំ​ពីរ​របស់​ប្រទេស​អ៊ីស្រាអែល​មាន​សារៈ​សំខាន់​យ៉ាង​ណា?

៤ កំផែង​នៃ​ក្រុង​យេរូសាឡិម​បាន​ត្រូវ​សង់​ចប់ ទាន់​ពេល​នឹង​ខែ​ទិស៊្រី ដែល​ជា​ខែ​ពិសេស​ខាង​ពិធី​បុណ្យ ហើយ​ជា​ខែ​ទី​ប្រាំ​ពីរ​តាម​ប្រក្រតិទិន​របស់​ប្រទេស​អ៊ីស្រាអែល។ ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទិស៊្រី បាន​ជា​ថ្ងៃ​ជប់​លៀង​ពិសេស​ខាង​ព្រះ​ចន្ទ​ខ្នើត​ដែល​បាន​ហៅ​ថា បុណ្យ​នៃ​ការ​ផ្លុំ​ត្រែ។ នៅ​ថ្ងៃ​នោះ ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ កាល​ដែល​កំពុង​ថ្វាយ​យញ្ញ​បូជា​ជូន​ព្រះ​យេហូវ៉ា។ (ជន​គណនា ១០:១០; ២៩:១) ថ្ងៃ​នេះ​បាន​ត្រូវ​ប្រដាប់​ពួក​អ៊ីស្រាអែល​សំរាប់​ថ្ងៃ​ធួន​បាប​ដែល​មាន​រៀង​រាល់​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​ទិស៊្រី ហើយ​និង​បុណ្យ​ដ៏​រីករាយ​នៃ​ការ​ប្រមូល ចាប់​ពី​ថ្ងៃ​ទី​១៥​ទៅ​ថ្ងៃ​ទី​២១ ក្នុង​ខែ​ដដែល​នេះ។

៥. (ក) តើ​តាម​របៀប​ណា​ដែល​អែសរ៉ា និង​នេហេមា បាន​យក​ប្រយោជន៍​ពី‹ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ​ពីរ›? (ខ) ហេតុ​អ្វី​ក៏​ពួក​អ៊ីស្រាអែល​បាន​យំ​យែក?

៥ នៅ‹ថ្ងៃ​ដំបូង​ខែ​ទី​ប្រាំ​ពីរ› នោះ«បណ្ដា​ជន​ទាំង​ឡាយ»បាន​មក​ជួប​ជុំ​គ្នា ហើយ​មើល​ទៅ ប្រហែល​ជា​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ដោយ​លោក​នេហេមា និង​លោក​អែសរ៉ា។ ពួក​បុរស និង​ពួក​ស្ត្រី ព្រម​ទាំង«អស់​អ្នក​ដែល​ល្មម​នឹង​ស្ដាប់​បាន»ក៏​បាន​ចូល​រួម​ដែរ។ ដូច្នេះ កូន​ក្មេង​ៗ​ក៏​មាន​វត្តមាន​ហើយ​ប្រុង​ស្ដាប់​ដែរ កាល​ដែល​លោក​អែសរ៉ា​បាន​ឈរ​នៅ​លើ​ទី​ថ្កល់ ហើយ​អាន​មើល​ក្រិត្យ​វិន័យ​នោះ«ចាប់​តាំង​ពី​ព្រលឹម ដរាប​ដល់​ថ្ងៃ​ត្រង់»។ (នេហេមា ៨:១​-​៤) យូរ​ៗ​ម្ដង នោះ​ពួក​លេវី​ក៏​បាន​ជួយ​បណ្ដា​ជន​ឲ្យ​យល់​នូវ​អ្វី​ដែល​បាន​អាន​នោះ។ នេះ​បាន​ជំរុញ​ពួក​អ៊ីស្រាអែល​ឲ្យ​យំ​យែក កាល​ដែល​គេ​ដឹង​ថា ពួក​គេ​និង​ពួក​ឰយុកោ​របស់​គេ បាន​ខ្វះ​ខាត​យ៉ាង​ច្រើន​ក្នុង​ការ​គោរព​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​នោះ។—នេហេមា ៨:៥​-​៩

៦, ៧. តើ​ពួក​គ្រីស្ទាន​អាច​រៀន​អ្វី​ខ្លះ ពី​អ្វី​ដែល​នេហេមា​បាន​ធ្វើ​ដើម្បី​ឲ្យ​ពួក​យូដា​ឈប់​ពី​ការ​យំ​នោះ?

៦ ប៉ុន្តែ នេះ​មិន​មែន​ជា​គ្រា​យំ​ដោយ​សោកសង្រេង​នោះ​ទេ។ នេះ​គឺ​ជា​ពេល​ធ្វើ​បុណ្យ​វិញ ហើយ​បណ្ដា​ជន​ទើប​តែ​សង់​កំផែង​ក្រុង​យេរូសាឡិម​បាន​ចប់។ ដូច្នេះ លោក​នេហេមា ក៏​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ទឹក​ចិត្ត​ត្រឹម​ត្រូវ ដោយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ នឹង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ​យេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា»។ ដោយ​គោរព នោះ«ពួក​ជន​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន»។—នេហេមា ៨:១០​-​១២

៧ រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ អាច​រៀន​បាន​ច្រើន​ពី​ដំណើរ​រឿង​នេះ។ ពួក​អ្នក​ដែល​មាន​ឯកសិទ្ធិ​ធ្វើ​អត្ថាធិប្បាយ​នៅ​កិច្ច​ប្រជុំ​និង​សន្និបាត នោះ​គួរ​ចាំ​ជាប់​ក្នុង​គំនិត​នូវ​ដំណើរ​រឿង​នេះ។ ក្រៅ​ពី​ឲ្យ​ឱវាទ​ដ៏​កែ​តម្រង់​ជា​ចាំ​បាច់ តែ​គ្រា​បែប​នេះ​បង្ហាញ​នូវ​ផល​ប្រយោជន៍​និង​ពរ ដោយ​សារ​ការ​ធ្វើ​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ។ រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​ផ្ដល់​ឲ្យ​នូវ​សេចក្ដី​សរសើរ​ចំពោះ​កិច្ច​ការ​ល្អ ដែល​បាន​ធ្វើ ហើយ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​បាន​ស៊ូ​ទ្រាំ។ ពួក​គេ​ត្រូវ​ចេញ​ពី​កិច្ច​ប្រជុំ​ដោយ​មាន​ចិត្ត​រីករាយ ដោយ​ព្រោះ​ការ​លើក​ទឹក​ចិត្ត​ដែល​គេ​បាន​ទទួល​ពី​បន្ទូល​របស់​ព្រះ។—ហេព្រើរ ១០:២៤, ២៥

ការ​ប្រជុំ​ដ៏​សប្បាយ​មួយ​ទៀត

៨, ៩. នៅ​ថ្ងៃ​ទី​ពីរ​ក្នុង​ខែ​ប្រាំ​ពីរ តើ​មាន​កិច្ច​ប្រជុំ​ដ៏​ពិសេស​អ្វី ហើយ​មាន​លទ្ធផល​យ៉ាង​ណា​ចំពោះ​រាស្ត្រ​របស់​ព្រះ?

៨ នៅ​ថ្ងៃ​ទី​ពីរ​ក្នុង​ខែ​ដ៏​ពិសេស​នេះ «នោះ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ក្នុង​ពួក​ជន ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី ក៏​មូល​គ្នា​មក​ឯ​ស្មៀន​អែសរ៉ា ដើម្បី​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​ក្នុង​ក្រិត្យ​វិន័យ»។ (នេហេមា ៨:១៣) លោក​អែសរ៉ា មាន​គុណវុឌ្ឍិ​បង្រៀន​ក្នុង​កិច្ច​ប្រជុំ​នេះ ពី​ព្រោះ​លោក«បាន​តាំង​ចិត្ត​ស្វែង​រក​ក្នុង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម ហើយ​បង្ហាត់​បង្រៀន​តាម​បញ្ញត្ត នឹង​សេចក្ដី​យុត្ដិធម៌​ក្នុង​ពួក​អ៊ីស្រាអែល»។ (អែសរ៉ា ៧:១០) ប្រាកដ​ហើយ កិច្ច​ប្រជុំ​នេះ​បាន​ចង្អុល​ប្រាប់​នូវ​ចំណុច​ណា​ដែល​រាស្ត្រ​របស់​ព្រះ ត្រូវ​ការ​ធ្វើ​តាម​ឲ្យ​បាន​ដិត​ដល់​តាម​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ។ អ្វីដែល​គេ​ត្រូវ​ប្រុង​ស្មារតី​ជា​បន្ទាន់ នោះ​គឺ​ការ​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ដើម្បី​ធ្វើ​បុណ្យ​បារាំ ដែល​នឹង​មាន​ខាង​មុខ​នោះ។

៩ បុណ្យ​ដែល​មាន​រយៈ​មួយ​សប្ដាហ៍​នេះ បាន​ត្រូវ​ធ្វើ​ឡើង​តាម​ផ្លូវ​ត្រឹម​ត្រូវ ដែល​បណ្ដា​ជន​ទាំង​ឡាយ​បាន​ស្នាក់​នៅ​ទី​ជម្រក​បណ្ដោះ​អាសន្ន ដែល​បាន​ធ្វើ​ឡើង​ពី​មែក​ឈើ​ផ្សេង​ៗ។ ពួក​បណ្ដា​ជន​ធ្វើ​បារាំ​នៅ​លើ​ដំបូល​ដ៏​រាប​ស្មើ​របស់​ផ្ទះ​គេ​រៀង​ខ្លួន នៅ​ទី​ធ្លា​ផ្ទះ​គេ នៅ​ទី​លាន​ព្រះ​វិហារ ព្រម​ទាំង​នៅ​ទី​ធ្លា​សាធារណៈ​ក្នុង​ក្រុង​យេរូសាឡិម​ផង។ (នេហេមា ៨:១៥, ១៦) នេះ​ជា​ឱកាស​ដ៏​ល្អ​ម្ល៉េះ​ហ្ន៎ ក្នុង​ការ​មក​ជួប​ជុំ​គ្នា ហើយ​អាន​មើល​ក្រិត្យ​វិន័យ​របស់​ព្រះ​ឲ្យ​គេ​ស្ដាប់​នោះ! (ប្រៀប​ធៀប ចោទិយកថា ៣១:១០​-​១៣) នេះ​បាន​ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ «ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដរាប​ដល់​ថ្ងៃ​ចុង​បំផុត» ហើយ​ជា​លទ្ធផល រាស្ត្រ​របស់​ព្រះ​មាន«សេចក្ដី​រីករាយ​កើត​ឡើង​ជា​ខ្លាំង»។—នេហេមា ៨:១៧, ១៨

យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​នូវ​ដំណាក់​របស់​ព្រះ

១០. ហេតុ​អ្វី​ក៏​ការ​ប្រជុំ​ដ៏​ពិសេស​មួយ​បាន​ត្រូវ​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​២៤​ក្នុង​ខែ​ប្រាំ​ពីរ?

១០ គឺ​មាន​ពេល​និង​កន្លែង​ត្រឹម​ត្រូវ ដើម្បី​កែ​តម្រូវ​នូវ​គុណ​វិបត្ដិ​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។ តាម​ប្រមើល​ទៅ ដោយ​ដឹង​ថា នេះ​ជា​គ្រា​នឹង​ធ្វើ​បែប​នេះ នោះ​លោក​អែសរ៉ា និង​លោក​នេហេមា បាន​រៀបចំ​សំរាប់​កាន់​ត្រណម នៅ​ថ្ងៃ​ទី​២៤ ក្នុង​ខែ​ទិស៊្រី។ ម្ដង​នេះ​ទៀត ក្រិត្យ​វិន័យ​របស់​ព្រះ​ក៏​បាន​ត្រូវ​អាន​ឲ្យ​ស្ដាប់​ដែរ ហើយ​ពួក​បណ្ដា​ជន​ក៏​បាន​សារភាព​អំពី​អំពើ​បាប​របស់​គេ។ រួច​មក ពួក​លេវី​ក៏​បាន​ពិនិត្យ​មើល​សា​ឡើង​វិញ​នូវ​ការ​ទាក់​ទង​យ៉ាង​មេត្ដា​ករុណា​របស់​ព្រះ ជា​មួយ​នឹង​រាស្ត្រ​ដ៏​រឹង​ទទឹង​របស់​ទ្រង់ ហើយ​បាន​សម្ដែង​ការ​សរសើរ​យ៉ាង​ល្អ​ដល់​ព្រះ​យេហូវ៉ា ហើយ​បាន«ចុះ​សញ្ញា​មាំ​មួន» ដែល​មាន​ពួក​មេ ពួក​លេវី​និង​ពួក​សង្ឃ ជា​អ្នក​បោះ​ត្រា​ចំពោះ​កិច្ច​សន្យា​នោះ។—នេហេមា ៩:១​-​៣៨

១១. តើ​ពួក​យូដា​បាន​តាំង​ចិត្ត​ធ្វើ​តាម«សញ្ញា​មាំ​មួន»អ្វី?

១១ ពួក​បណ្ដា​ជន​ជា​ទូទៅ​បាន​ស្បថ​ថា នឹង​សម្រេច​តាម«សញ្ញា​មាំ​មួន»ដែល​បាន​កត់​ទុក​នោះ។ ពួក​គេ​នឹង«កាន់​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ»។ ហើយ​ពួក​គេ​យល់​ស្រប​នឹង​មិន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង«សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក»ទេ។ (នេហេមា ១០:២៨​-​៣០) ម្យ៉ាង​វិញ​ទៀត ពួក​យូដា​បាន​តាំង​ចិត្ត​ធ្វើ​តាម​ថ្ងៃ​ឈប់​សំរាក ហើយ​ធ្វើ​វិភាគទាន​ខាង​ប្រាក់​កាស​ប្រចាំ​ឆ្នាំ ដើម្បី​គាំទ្រ​ការ​ថ្វាយ​បង្គំ​ពិត ហើយ​ផ្ដល់​ឧស​សំរាប់​នឹង​ដុត​នៅ​លើ​អាស​នា និង​ផ្ដល់​កូន​ច្បង​ពី​ហ្វូង​គោ ហ្វូង​ចៀម​របស់​គេ និង​ផល​ដំបូង​ពី​ស្រែ​ចំការ មក​ឯ​បន្ទប់​ទទួល​ទាន​អា​ហា​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ។ យ៉ាង​ច្បាស់​ណាស់ ពួក​គេ​បាន​តាំង​ចិត្ត‹មិន​ព្រម​ធ្វេស​ប្រហែស​នូវ​ដំណាក់​របស់​ព្រះ​ឡើយ›។—នេហេមា ១០:៣២​-​៣៩

១២. តើ​ការ​ឥត​ធ្វេស​ប្រហែស​ដំណាក់​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ទាក់​ទង​អ្វី​ខ្លះ?

១២ សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ប្រយ័ត្ន កុំ​ឲ្យ​ធ្វេស​ប្រហែស​នូវ​ឯកសិទ្ធិ​របស់​គេ ជា‹ការ​ថ្វាយ​កិច្ច​បំរើ​បរិសុទ្ធ›នៅ​ក្នុង​ទី​ធ្លា​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ឧត្តម​របស់​ព្រះ​យេហូវ៉ា។ (វិវរណៈ ៧:១៥) នេះ​គឺ​ទាក់​ទង​នឹង​សេចក្ដី​អធិស្ឋាន​ដ៏​អស់​ពី​ចិត្ត​ជា​រឿយ​ៗ សុំ​ឲ្យ​មាន​ការ​រីក​ចំរើន​ដល់​ការ​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា។ ការ​រស់​នៅ​ដែល​ស្រប​តាម​នឹង​សេចក្ដី​អធិស្ឋាន​បែប​នេះ តម្រូវ​ឲ្យ​រៀបចំ​សំរាប់​កិច្ច​ប្រជុំ​គ្រីស្ទាន និង​ការ​ចូល​រួម​ក្នុង​ការ​ប្រជុំ​នោះ​ដែរ ព្រម​ទាំង​ការ​ចូល​រួម​ផ្សាយ​ដំណឹង​ល្អ និង​ការ​ជួយ​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍ ដោយ​ត្រឡប់​ទៅ​ជួប​គេ​វិញ ហើយ​បើ​អាច​ធ្វើ​ទៅ​បាន នោះ​ការ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ពួក​គេ។ មនុស្ស​ជា​ច្រើន​នាក់​ដែល​មិន​ចង់​ធ្វេស​ប្រហែស​នូវ​ដំណាក់​របស់​ព្រះ ក៏​ផ្ដល់​វិភាគទាន​ជា​ប្រាក់​កាស​ឲ្យ​គាំទ្រ​កិច្ច​ការ​ផ្សាយ​នេះ និង​សំរាប់​ការ​ថែ​រក្សា​កន្លែង​ថ្វាយ​បង្គំ​ពិត។ យើង​ក៏​អាច​ជួយ​គាំទ្រ​នូវ​ការ​សង់​កន្លែង​ជួប​ជុំ​គ្នា​ដែល​ត្រូវ​ការ​ជា​បន្ទាន់ ព្រម​ទាំង​មើល​ថែ​រក្សា​កន្លែង​នោះ​ឲ្យ​បាន​ស្អាត​បាត​ដែរ។ របៀប​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ដំណាក់​ខាង​វិញ្ញាណ​របស់​ព្រះ គឺ​ដោយ​ធ្វើ​ឲ្យ​មាន​ភាព​សុខ​សាន្ត​ក្នុង​ចំណោម​ពួក​អ្នក​ជឿ​គ្នី​គ្នា ហើយ​ដោយ​ជួយ​អ្នក​ណា​ដែល​ត្រូវ​ការ​ជំនួយ​ខាង​វត្ថុ​និង​ខាង​វិញ្ញាណ​ដែរ។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; ហេព្រើរ ១៣:១៥, ១៦

ពិធី​សម្ពោធ​ដ៏​សប្បាយ​រីករាយ

១៣. តើ​រឿង​ដ៏​សំខាន់​អ្វី​ដែល​ត្រូវ​ការ​ពិនិត្យ​មើល មុន​នឹង​កំផែង​របស់​ក្រុង​យេរូសាឡិម​អាច​សម្ពោធ​ឡើង ហើយ​តើ​មនុស្ស​ជា​ច្រើន​បាន​ទុក​គំរូ​ដ៏​ល្អ​យ៉ាង​ណា?

១៣ «សញ្ញា​មាំ​មួន»ដែល​បាន​បោះ​ត្រា​នៅ​សម័យ​របស់​នេហេមា បាន​ប្រដាប់​រាស្ត្រ​ពី​បុរាណ​របស់​ព្រះ សំរាប់​ថ្ងៃ​សម្ពោធ​នូវ​កំផែង​នៃ​ទី​ក្រុង​យេរូសាឡិម។ ប៉ុន្តែ មាន​រឿង​ជា​បន្ទាន់​មួយ​ទៀត ដែល​ត្រូវ​ការ​ពិនិត្យ​មើល។ ឥឡូវ​នេះ​ដោយ​មាន​កំផែង​ដ៏​ធំ​ព័ទ្ធ​ជុំ​វិញ​គេ ព្រម​ទាំង​មាន​ទ្វារ​១២​នោះ ក្រុង​យេរូសាឡិម​ក៏​ត្រូវ​ការ​មនុស្ស​មួយ​ចំនួន​ច្រើន​ដែរ។ ទោះ​ជា​មាន​ពួក​អ៊ីស្រាអែល​ខ្លះ​បាន​រស់​នៅ​ទី​នោះ​ក៏​ដោយ «ទី​ក្រុង​ក៏​ធំ​ទូលាយ​ណាស់ តែ​បណ្ដា​ជន​មាន​គ្នា​តិច​ពេក»។ (នេហេមា ៧:៤) ដើម្បី​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ បណ្ដា​ជន«ចាប់​ឆ្នោត​យក​១​នាក់​ក្នុង​១០ ឲ្យ​មក​នៅ​ក្រុង​យេរូសាឡិម ជា​ទី​ក្រុង​បរិសុទ្ធ​ដែរ»។ ការ​ប្រព្រឹត្ត​ដ៏​សុខ​ចិត្ត​តាម​របៀប​រៀបចំ​នេះ បាន​ជំរុញ​បណ្ដា​ជន​ឲ្យ​ជូន​ពរ«ដល់​មនុស្ស​ទាំង​ប៉ុន្មាន ដែលប្រគល់​ខ្លួន ឲ្យ​មក​នៅ​ក្រុង​យេរូសាឡិម ដោយ​ស្ម័គ្រ​ពី​ចិត្ត»។ (នេហេមា ១១:១, ២) នេះ​ជា​គំរូ​ដ៏​ល្អ​មែន​សំរាប់​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​សព្វ​ថ្ងៃ​នេះ ដែល​មាន​កាលៈទេសៈ​អនុញ្ញាត​ឲ្យ​គេ​រើ​ទៅ​កន្លែង​ដែល​ត្រូវ​ការ​ច្រើន​ជាង នូវ​ជំនួយ​ពី​ពួក​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ!

១៤. តើ​មាន​អ្វី​បាន​កើត​ឡើង​នៅ​ថ្ងៃ​ធ្វើ​ពិធី​សម្ពោធ​នៃ​កំផែង​ក្រុង​យេរូសាឡិម?

១៤ ការ​រៀបចំ​ដ៏​សំខាន់​ក៏​បាន​ចាប់​ផ្ដើម​ឡើង សំរាប់​ថ្ងៃ​ដ៏​ធំ​ដើម្បី​ធ្វើ​សម្ពោធ​នៃ​កំផែង​ក្រុង​យេរូសាឡិម។ ពួក​អ្នក​លេង​ភ្លេង​និង​អ្នក​ចំ​រៀង​បាន​ត្រូវ​មក​ជួប​ជុំ​គ្នា ពី​ទី​ក្រុង​ផ្សេង​ៗ​នៃ​ស្រុក​យូដា។ ពួក​ទាំង​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ជា​ពីរ​ក្រុម​ដែល​ពោល​ពាក្យ​អរ​ព្រះ​គុណ ហើយ​មាន​ដង្ហែ​នៅ​ពី​ក្រោយ​ដែរ។ (នេហេមា ១២:២៧​-​៣១, ៣៦, ៣៨) ក្រុម​អ្នក​ចំ​រៀង​និង​ដង្ហែ​បាន​ចាប់​ផ្ដើម​ពី​កន្លែង​ណា​មួយ​លើ​កំផែង​យ៉ាង​ឆ្ងាយ​បំផុត​ពី​ព្រះ​វិហារ ប្រហែល​ពី​ទ្វារច្រកភ្នំ ហើយ​ហែ​តាម​ទិស​ផ្ទុយ​ពី​គ្នា​ទៅ​ជួប​គ្នា​នៅ​ឯ​ដំណាក់​របស់​ព្រះ។ «នៅ​ថ្ងៃ​នោះ គេ​ក៏​ថ្វាយ​ដង្វាយ​យ៉ាង​សន្ធឹក ហើយ​មាន​សេចក្ដី​រីករាយ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​យ៉ាង​ខ្លាំង ឯ​ពួក​ស្រី​ៗ​នឹង​កូន​ក្មេង ក៏​សប្បាយ​ព្រម​គ្នា ដល់​ម្ល៉េះ​បាន​ជា​សេចក្ដី​អំណរ​ដែល​មាន​នៅ​ក្រុង​យេរូសាឡិម បាន​ឮ​ផ្សាយ​ទៅ​ឆ្ងាយ»។—នេហេមា ១២:៤៣

១៥. ហេតុ​អ្វី​ក៏​ពិធី​សម្ពោធ​កំផែង​ក្រុង​យេរូសាឡិម មិន​មែន​ជា​មូលហេតុ​ចំពោះ​អំណរ​ជា​អចិន្ត្រៃយ៍​នោះ?

១៥ ព្រះ​គម្ពីរ​មិន​ប្រាប់​ពី​ថ្ងៃ​ណា​ដែល​គេ​បាន​ធ្វើ​បុណ្យ​ដ៏​សប្បាយ​នេះ​ទេ។ គ្រា​នេះ​ប្រាកដ​ជា​ពិសេស​មែន ប្រហែល​ជា​ទី​អតិបរមា​នៃ​ការ​កសាង​ឡើង​វិញ​នូវ​ក្រុង​យេរូសាឡិម។ ពិត​ហើយ គឺ​មាន​កិច្ច​ការ​កសាង​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង​នោះ។ ក្រោយ​មក ពលរដ្ឋ​នៃ​ក្រុង​យេរូសាឡិម​បាន​បាត់​បង់​ជំហរ​ដ៏​ល្អ​ខាង​វិញ្ញាណ​របស់​គេ។ ឧទាហរណ៍ នៅ​ពេល​ដែល​នេហេមា បាន​ទៅ​លេង​ទី​ក្រុង​នេះ​នៅ​លើក​ទី​ពីរ នោះ​លោក​បាន​ឃើញ​ថា ដំណាក់​របស់​ព្រះ​បាន​ត្រូវ​គេ​ធ្វេស​ប្រហែស ហើយ​ពួក​អ៊ីស្រាអែល​ក៏​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ពាហិរជន​ម្ដង​ទៀត​ដែរ។ (នេហេមា ១៣:៦​-​១១, ១៥, ២៣) ស្ថានភាព​ដ៏​អាក្រក់​នេះ​បាន​ត្រូវ​កត់​ទុក​បញ្ជាក់ ដោយ​ព្យាការី​ម៉ាឡាគី។ (ម៉ាឡាគី ១:៦​-​៨; ២:១១; ៣:៨) ដូច្នេះ​ពិធី​សម្ពោធ​កំផែង​ក្រុង​យេរូសាឡិម មិន​មែន​ជា​មូលហេតុ​សំរាប់​អំណរ​ជា​អចិន្ត្រៃយ៍​នោះ​ទេ។

មូលហេតុ​សំរាប់​អំណរ​ជា​រៀង​រហូត​ត​ទៅ

១៦. តើ​ព្រឹត្ដិការណ៍​ដ៏​អតិបរមា​អ្វី ដែល​រាស្ត្រ​របស់​ព្រះ​នឹង​ទន្ទឹង​រង់​ចាំ​នោះ?

១៦ សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​ទន្ទឹង​ចាំ​គ្រា នៅ​ពេល​ដែល​ព្រះ​នឹង​មាន​ជ័យ​ជំនះ​លើ​ពួក​សត្រូវ​ទាំង​អស់​របស់​ទ្រង់។ នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង ដោយ​មាន​សេចក្ដី​ហិន​វិនាស​លើ«បាប៊ីឡូន​ដ៏​ជា​ធំ» ដែល​ជា​ទី​ក្រុង​ជា​អត្ថប្បដិរូប​ដែល​រួម​បញ្ចូល​សាសនា​មិន​ពិត​ទាំង​អស់។ (វិវរណៈ ១៨:២, ៨) សេចក្ដី​ហិន​វិនាស​ដល់​សាសនា​មិន​ពិត នឹង​សម្គាល់​នូវ​ដំណាក់​ទី​មួយ​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​នឹង​មាន​នៅ​ខាង​មុខ​នេះ។ (ម៉ាថាយ ២៤:២១, ២២) នៅ​ខាង​មុខ​យើង​នេះ គឺ​នឹង​មាន​ព្រឹត្ដិការណ៍​ដ៏​សំខាន់​មែន ជា​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ស្ថាន​សួគ៌ រវាង​ព្រះ​អម្ចាស់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​មួយ​នឹង​ប្រពន្ធ​ថ្មោង​ថ្មី​របស់​ទ្រង់ គឺ​ពួក​១៤៤.០០០​នាក់ ដែល​ជា​ពលរដ្ឋ«ក្រុង​យេរូសាឡិម​ថ្មី»។ (វិវរណៈ ១៩:៧; ២១:២) យើង​មិន​អាច​និយាយ​បាន​ថា ការ​រៀប​អាពាហ៍ពិពាហ៍​នោះ​នៅ​ស្ថាន​សួគ៌​នឹង​បាន​បំពេញ​នោះ​ទេ ប៉ុន្តែ​គឺ​ប្រាកដ​ជា​ព្រឹត្ដិការណ៍​ដ៏​សប្បាយ​រីករាយ​ជា​មិន​ខាន​ហើយ។—សូម​មើល ប៉ម​យាម ១៥ សីហា ១៩៩០ ទំព័រ ៣០​-​៣១។

១៧. តើ​យើង​ដឹង​យ៉ាង​ណា​អំពី​ទី​បំពេញ​នូវ​ក្រុង​យេរូសាឡិម​ថ្មី?

១៧ យើង​ដឹង​ថា ទី​បង្គ្រប់​ក្រុង​យេរូសាឡិម​ថ្មី​គឺ​ជិត​ដល់​ហើយ។ (ម៉ាថាយ ២៤:៣, ៧​-​១៤; វិវរណៈ ១២:១២) មិន​ដូច​ទី​ក្រុង​យេរូសាឡិម​នៅ​លើ​ផែនដី នោះ​ទី​ក្រុង​នៅ​ស្ថាន​សួគ៌​នឹង​មិន​មែន​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តូច​ចិត្ត​នោះ​ទេ។ នេះ​គឺ​ពី​ព្រោះ ពលរដ្ឋ​ក្រុង​នោះ បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ បាន​ត្រូវ​ល្បង​ល ហើយ​ជា​ពួក​កាន់​តាម​ព្រះ​គ្រីស្ទ​ដែល​បាន​ត្រូវ​សំរង។ ពេល​ដែល​បាន​ស្មោះ​ត្រង់​រហូត​នឹង​ស្លាប់ នោះ​គេ​ម្នាក់​ៗ​នឹង​បាន​បង្ហាញ​ជា​ស្រេច​ហើយ ថា​នឹង​ស្មោះ​ត្រង់​ជា​រៀង​រហូត​ត​ទៅ ដល់​ព្រះ​មហា​ក្សត្រ​សកល​លោក គឺ​ព្រះ​យេហូវ៉ា។ នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​មនុស្ស​លោក​ទាំង​អស់ គឺ​ទាំង​មនុស្ស​នៅ​រស់​និង​មនុស្ស​ស្លាប់​ផង!

១៨. ហេតុ​អ្វី​ក៏​យើង​ត្រូវ«មាន​សេចក្ដី​អំណរ ហើយ​រីករាយ​ឡើង​ជា​ដរាប»?

១៨ ចូរ​ពិចារណា​មើល​នូវ​អ្វី​នឹង​កើត​ឡើង នៅ​ពេល​ដែល​ក្រុង​យេរូសាឡិម​ថ្មី ប្រុង​ស្មារតី​មក​ឯ​មនុស្ស​លោក ដែល​អនុវត្ត​ជំនឿ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា៖ «មើល រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ (វិវរណៈ ២១:២​-​៤) ម្យ៉ាង​វិញ​ទៀត ព្រះ​នឹង​ប្រើ​របៀប​រៀបចំ​នេះ ដែល​មាន​សភាព​ដូច​ទី​ក្រុង ឲ្យ​លើក​មនុស្ស​ឲ្យ​បាន​គ្រប់ល័ក្ខណ៍។ (វិវរណៈ ២២:១, ២) នេះ​ជា​មូលហេតុ​ដ៏​អស្ចារ្យ​មែន ក្នុង​ការ‹មាន​សេចក្ដី​អំណរ ហើយ​រីករាយ​ឡើង​ជា​ដរាប ចំពោះ​ការ​ដែល​ព្រះ​កំពុង​បង្កើត​ឥឡូវ​នេះ›!—អេសាយ ៦៥:១៨

១៩. តើ​អ្វី​ជា​សួន​មនោរម្យ​ខាង​វិញ្ញាណ ដែល​ពួក​គ្រីស្ទាន​បាន​ត្រូវ​ប្រមូល​ឲ្យ​ចូល​ទៅ​នោះ?

១៩ យ៉ាង​ណា​ក៏​ដោយ មនុស្ស​លោក​ដែល​ប្រែ​ចិត្ត មិន​ចាំ​បាច់​រង់​ចាំ​រហូត​ដល់​ពេល​នោះ ដើម្បី​នឹង​ទទួល​ជំនួយ​ពី​ព្រះ​នោះ​ទេ។ នៅ​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ប្រមូល​ពួក​សមាជិក​ចុង​ក្រោយ​នៃ​ពួក​១៤៤.០០០​នាក់ ឲ្យ​ចូល​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ ដែល​ជា​ទី​ពោរ​ពេញ​ទៅ​ដោយ​ផល​ផ្លែ​នៃ​វិញ្ញាណ​របស់​ព្រះ ដូច​ជា សេចក្ដី​ស្រឡាញ់ អំណរ​អរ និង​សន្ដិភាព។ (កាឡាទី ៥:២២, ២៣) លក្ខណៈ​ដ៏​អស្ចារ្យ​មួយ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​នេះ គឺ​ជា​ជំនឿ​របស់​អស់​អ្នក​រស់​នៅ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង ដែល​មាន​ផល​ដ៏​អស្ចារ្យ​ខាង​ការ​នាំ​មុខ​ផ្សាយ​ដំណឹង​ល្អ នៃ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទូទាំង​ផែនដី។ (ម៉ាថាយ ២១:៤៣; ២៤:១៤) ជា​លទ្ធផល «ចៀម​ឯ​ទៀត»ដែល​មាន​ចំនួន​ជិត​ប្រាំ​មួយ​លាន​នាក់ ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី ក៏​បាន​ត្រូវ​ឲ្យ​ចូល​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​នេះ​ដែរ ហើយ​ក៏​សប្បាយ​រីករាយ​នឹង​កិច្ច​ការ​ដ៏​មាន​ផល​នេះ។ (យ៉ូហាន ១០:១៦) គេ​បាន​មាន​គុណវុឌ្ឍិ​ចំពោះ​រឿង​នេះ ដោយ​ថ្វាយ​ខ្លួន​ជូន​ព្រះ​យេហូវ៉ា មាន​មូលដ្ឋាន​លើ​ជំនឿ​របស់​គេ​ទៅ​លើ​យញ្ញ​បូជា​លោះ​របស់​រាជបុត្រា​ទ្រង់ ដែល​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។ ការ​ចូល​រួម​ជា​មួយ​នឹង​ពួក​ដែល​នឹង​ធ្វើ​ជា​សមាជិក​នៃ​ក្រុង​យេរូសាឡិម​ថ្មី គឺ​បាន​នាំ​ឲ្យ​មាន​ពរ​ជា​ច្រើន​ពិត​មែន។ ដូច្នេះ​ហើយ ដោយ​ការ​ទាក់​ទង​ជា​មួយ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង នោះ​ព្រះ​យេហូវ៉ា​បាន​ចាក់​គ្រឹះ​ដ៏​មុត​មាំ​ចំពោះ«ផែនដី​ថ្មី» ជា​សង្គម​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ ដែល​នឹង​បាន​ផែនដី​ជា​មរតក នៅ​ក្រោម​ការ​ចាត់​ចែង​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។—អេសាយ ៦៥:១៧; ពេត្រុស​ទី​២ ៣:១៣

២០. តើ​តាម​របៀប​ណា​ដែល​ក្រុង​យេរូសាឡិម​ថ្មី​នឹង​ធ្វើ​តាម​អត្ថន័យ​នៃ​ឈ្មោះ​នោះ?

២០ ស្ថានភាព​ដ៏​ក្សេម​ក្សាន្ត​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា កំពុង​តែ​មាន​នៅ​ឥឡូវ​នេះ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​របស់​គេ នោះ​មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​មាន​ជា​ពិត​ក្នុង​សួន​មនោរម្យ​ដ៏​មែន​ទែន​នៅ​លើ​ផែនដី។ នេះ​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​ពី​ស្ថាន​សួគ៌​មក​ឲ្យ​ពរ​មនុស្ស​លោក។ តាម​របៀប​ពីរ​យ៉ាង នោះ​រាស្ត្រ​របស់​ព្រះ​នឹង​មាន​ស្ថានភាព​ដ៏​ក្សេម​ក្សាន្ត ដែល​បាន​សន្យា​មក​នៅ​អេសាយ ៦៥:២១​-​២៥។ ដែល​មាន​ឯកភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ នោះ​ពួក​ចាក់​ប្រេង​តាំង ដែល​មិន​ទាន់​យក​កន្លែង​របស់​ខ្លួន​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ស្ថាន​សួគ៌​នៅ​ឡើយ ហើយ​និង​ពួក«ចៀម​ឯ​ទៀត»គឺ​កំពុង​តែ​ទទួល​សន្ដិភាព​ដែល​ព្រះ​ប្រទាន​ឲ្យ។ ហើយ​សន្ដិភាព​នេះ​នឹង​មាន​ក្នុង​សួន​មនោរម្យ​ដែរ នៅ​ពេល​ដែល«ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថាយ ៦:១០) ត្រូវ​ហើយ ទី​ក្រុង​ដ៏​រុង​រឿង​នៅ​ស្ថាន​សួគ៌​របស់​ទ្រង់ នឹង​សម្ដែង​ឲ្យ​ឃើញ​ថា​បាន​សម​តាម​ឈ្មោះ​ក្រុង​យេរូសាឡិម​មែន ដែល​ជា‹គ្រឹះ​នៃ​សន្ដិភាព​ដែល​មាន​ពីរ​យ៉ាង›។ ជា​អស់​កល្ប​ជា​និច្ច ទី​ក្រុង​នេះ​នឹង​បាន​ស្ថិត​ស្ថេរ ហើយ​ផ្ដល់​ការ​សរសើរ​ឲ្យ​ព្រះ​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង គឺ​ព្រះ​យេហូវ៉ា ហើយ​ដល់​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​ស្តេច​ដ៏​ជា​ប្ដី​ថ្មោង​ថ្មី។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

◻ តើ​បាន​ត្រូវ​សម្រេច​អ្វី នៅ​ពេល​ដែល​នេហេមា បាន​ប្រមូល​បណ្ដា​ជន​ក្នុង​ក្រុង​យេរូសាឡិម?

◻ តើ​ពួក​យូដា​ពី​បុរាណ​ត្រូវ​តែ​ធ្វើ​អ្វី ដើម្បី​កុំ​ឲ្យ​ធ្វេស​ប្រហែស​ដំណាក់​របស់​ព្រះ ហើយ​តើ​យើង​បាន​តម្រូវ​ឲ្យ​ធ្វើ​អ្វី?

◻ តើ​តាម​របៀប​ណា​ដែល«ក្រុង​យេរូសាឡិម» មាន​ការ​ទាក់​ទង​ក្នុង​ការ​នាំ​ឲ្យ​មាន​អំណរ​និង​សន្ដិភាព​ជា​ស្ថាពរ​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក