បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៨៣
  • កំផែងក្រុងយេរូសាឡិម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កំផែងក្រុងយេរូសាឡិម
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • កំពែងក្រុងយេរូសាឡិម
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • គោលសំខាន់ៗពីសៀវភៅនេហេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ‹ចូរឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ក្រុងយេរូសាឡិម—ជាទីគោរព‹ជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់អ្នក›ឬទេ?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៨៣

៨៣

កំផែង​ក្រុង​យេរូសាឡិម

សូម​ក្រឡេក​មើល​កិច្ចការ​ទាំង​នេះ​ដែល​គេ​កំពុង​តែ​ធ្វើ​នៅ​ទី​នេះ។ ប្រជាជន​អ៊ីស្រាអែល​កំពុង​តែ​ជាប់​រវល់​សង់​កំផែង​ក្រុង​យេរូសាឡិម។ នៅ​ពេល​ស្តេច​នេប៊ូក្នេសា​បាន​កំទេច​ក្រុង​យេរូសាឡិម​១៥២​ឆ្នាំ​មុន​នេះ ទ្រង់​បាន​រំលំ​កំផែង ហើយ​បាន​ដុត​ចោល​ទ្វារ​ធំ​នៃ​ទី​ក្រុង​ជា​ច្រើន​ដែរ។ ប្រជាជន​អ៊ីស្រាអែល​មិន​បាន​សង់​កំផែង​ឡើង​វិញ​ទេ នៅ​ពេល​ដែល​គេ​ត្រឡប់​មក​ពី​ក្រុង​បាប៊ីឡូន​នោះ។

តើ​អ្នក​គិត​ថា​ប្រជាជន​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ក្នុង​ការ​រស់​នៅ​ទី​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​កំផែង​ព័ទ្ធ​ជុំ​វិញ​ក្រុង​របស់​គេ​នោះ? គេ​មិន​បាន​មាន​អារម្មណ៍​សុខសាន្ត​ទេ។ សត្រូវ​របស់​គេ​អាច​មក​វាយលុក​គេ​បាន​យ៉ាង​ស្រួល។ ប៉ុន្តែ ឥឡូវ​នេះ បុរស​ម្នាក់​នេះ​ឈ្មោះ នេហេមា​កំពុង​តែ​ជួយ​ប្រជាជន​សង់​កំផែង​ឡើង​វិញ។ តើ​អ្នក​ដឹង​ថា​នេហេមា​ជា​អ្នក​ណា​ទេ?

នេហេមា​ជា​ប្រជាជន​អ៊ីស្រាអែល​ដែល​មក​ពី​ក្រុង​ស៊ូសាន ជា​កន្លែង​ដែល​ម៉ាដេកាយ​និង​នាង​អេសធើរ​រស់​នៅ។ នេហេមា​ធ្វើ​ការ​នៅ​ក្នុង​វាំង​របស់​ស្តេច ដូច្នេះ លោក​ប្រហែល​ជា​មិត្ត​សំឡាញ់​ដ៏​ល្អ​នឹង​ម៉ាដេកាយ​ហើយ​និង​មហា​ក្សត្រី​អេសធើរ​ហើយ។ ប៉ុន្តែ ព្រះ​គម្ពីរ​មិន​បាន​ចែង​ថា​នេហេមា​បាន​ធ្វើ​ការ​ឲ្យ​ស្វាមី​របស់​នាងអេសធើរ ស្តេច​អ័ហាស៊ូរុស​នោះ​ទេ។ លោក​បាន​ធ្វើ​ការ​ឲ្យ​ស្តេច​បន្ទាប់ គឺ​ស្តេច​អើថាស៊ើកសេស។

នៅ​ចាំ​ទេ អើថាស៊ើកសេស​ជា​ស្តេច​ដ៏​ល្អ​មួយ​អង្គ ដែល​បាន​ប្រទាន​ប្រាក់​ជា​ច្រើន​ឲ្យ​អែសរ៉ា​យក​ទៅ​ឯ​ក្រុង​យេរូសាឡិម ដើម្បី​នឹង​ជួស​ជុល​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​អែសរ៉ា​មិន​បាន​សង់​កំផែង​ក្រុង​ដែល​បាន​បាក់​បែក​នោះ​ទេ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល នូវ​មូលហេតុ​ដែល​នេហេមា​បាន​មក​ធ្វើ​កិច្ចការ​នេះ។

អស់​រយៈ​ពេល​១៣​ឆ្នាំ​ហើយ តាំង​ពី​ស្តេច​អើថាស៊ើកសេស​បាន​ប្រទាន​ប្រាក់​ឲ្យ​អែសរ៉ា មក​ជួស​ជុល​ព្រះ​វិហារ​នោះ។ ឥឡូវ​នេះ​នេហេមា​ជា​មេ​កាន់​ពែង​សំរាប់​ស្តេច​អើថាស៊ើកសេស។ នេះ​មាន​សេចក្ដី​ថា​លោក​យក​ស្រា​មក​ថ្វាយ​ស្តេច ហើយ​រ៉ាប់​រង​មិន​ឲ្យ​អ្នក​ណា​មួយ​ព្យាយាម​បំពុល​ស្តេច​ឡើយ។ នេះ​ជា​កិច្ចការ​ដ៏​សំខាន់​ណាស់។

នៅ​ថ្ងៃ​មួយ ហាណានី​ជា​ប្អូន​របស់​នេហេមា​និង​ពួក​បុរស​ឯ​ទៀត​ពី​ស្រុក​អ៊ីស្រាអែល បាន​មក​លេង​នឹង​នេហេមា។ ពួក​គេ​ប្រាប់​លោក​អំពី​ហេតុ​ការណ៍​ដែល​ប្រជាជន​អ៊ីស្រាអែល​កំពុង​តែ​ពិសោធ ហើយ​អំពី​កំផែង​ក្រុង​យេរូសាឡិម​នៅ​បាក់​បែក​នៅ​ឡើយ។ នេះ​ធ្វើ​ឲ្យ​នេហេមា​ស្រងូត​ស្រងាត់​ចិត្ត​ណាស់ ហើយ​លោក​ក៏​អធិស្ឋាន​ទូល​ទៅ​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ។

នៅ​ថ្ងៃ​មួយ ស្តេច​បាន​ទត​ឃើញ​នេហេមា​មាន​ទឹក​មុខ​ព្រួយ ហើយ​ក៏​មាន​បន្ទូល​សួរ​ថា៖ ‹ហេតុ​អ្វី​ក៏​ឯង​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ›? នេហេមា​ទូល​ប្រាប់​ទ្រង់​ថា គឺ​ដោយ​សារ​តែ​ក្រុង​យេរូសាឡិម​នៅ​មាន​ស្ថានភាព​ដ៏​អាក្រក់ ហើយ​កំផែង​នៅ​តែ​បាក់​បែក​នៅ​ឡើយ។ ស្តេច​ក៏​សួរ​ទៀត​ថា៖ ‹តើ​អ្នក​ចង់​បាន​អ្វី›?

នេហេមា​ទូល​ឆ្លើយ​ថា៖ ‹សូម​ទ្រង់​ចាត់​ទូល​បង្គំ​ឲ្យ​ទៅ​ឯ​ក្រុង​យេរូសាឡិម ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​សង់​កំផែង​នោះ​ឡើង​វិញ›។ ស្តេច​អើថាស៊ើកសេស​មាន​ព្រះ​ទ័យ​ល្អ​ណាស់។ ទ្រង់​មាន​បន្ទូល​ថា​នេហេមា​អាច​ទៅ​បាន ហើយ​ទ្រង់​ក៏​ជួយ​លោក​រក​ឈើ​សំរាប់​សង់​អាគារ​ខ្លះ។ បន្ដិច​ក្រោយ​មក កាល​ដែល​នេហេមា​បាន​មក​ដល់​ក្រុង​យេរូសាឡិម លោក​ក៏​ប្រាប់​ប្រជាជន​អំពី​គម្រោង​ការណ៍​របស់​លោក។ ពួក​គេ​ចូល​ចិត្ត​គំនិត​នោះ​ណាស់ ហើយ​និយាយ​ថា៖ ‹ចូរ​ឲ្យ​យើង​ចាប់​ផ្ដើម​សង់​ទៅ›។

នៅ​ពេល​ដែល​ពួក​សត្រូវ​របស់​ប្រជាជន​អ៊ីស្រាអែល​ឃើញ​កំផែង​កំពុង​តែ​សង់​នោះ គេ​និយាយ​ថា៖ ‹យើង​នឹង​ទៅ​សម្លាប់​ពួក​វា ហើយ​បញ្ឈប់​ការ​សង់​នោះ›។ ប៉ុន្តែ នេហេមា​បាន​ឮ​អំពី​រឿង​នេះ ហើយ​លោក​ក៏​ឲ្យ​ដាវ និង​លំពែង​ដល់​ពួក​អ្នក​ធ្វើ​ការ។ ហើយ​លោក​និយាយ​ថា៖ ‹ចូរ​កុំ​ខ្លាច​ពួក​សត្រូវ​របស់​យើង​ឡើយ។ ចូរ​ប្រយុទ្ធ​ដើម្បី​បង​ប្អូន​អ្នក ដើម្បី​កូន​ចៅ​អ្នក ប្រពន្ធ​អ្នក ហើយ​ដើម្បី​ទី​លំនៅ​របស់​អ្នក​ផង›។

ប្រជាជន​មាន​ចិត្ត​ក្លាហាន​ណាស់។ គេ​បាន​ត្រៀម​អាវុធ​របស់​គេ​ចាំ​ជា​ស្រេច ទាំង​យប់​ទាំង​ថ្ងៃ ហើយ​គេ​នៅ​តែ​ខំ​សង់​ទៅ​ទៀត។ ដូច្នេះ គ្រាន់​តែ​ក្នុង​រវាង​៥២​ថ្ងៃ កំផែង​នោះ​ក៏​បាន​សង់​រួច។ ឥឡូវ​នេះ ប្រជាជន​អាច​មាន​អារម្មណ៍​សុខសាន្ត​នៅ​ខាង​ក្នុង​ក្រុង។ នេហេមា​និង​អែសរ៉ា​បាន​បង្រៀន​ប្រជាជន​អំពី​ច្បាប់​របស់​ព្រះ ហើយ​ពួក​គេ​សប្បាយ​ចិត្ត​ណាស់។

ប៉ុន្តែ​អ្វីៗ​មិន​បាន​ដូច​ពី​មុន​គេ​យក​ប្រជាជន​អ៊ីស្រាអែល​ជា​ឈ្លើយ​ទៅ​ក្រុង​បាប៊ីឡូន​នោះ​ទេ។ ស្តេច​នៃ​សាសន៍​ពើស៊ី​គ្រប់​គ្រង​ប្រជាជន ហើយ​ពួក​គេ​ត្រូវ​តែ​បំរើ​ទ្រង់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​ទ្រង់​នឹង​ចាត់​ឲ្យ​ស្តេច​ថ្មី​មួយ ហើយ​ស្តេច​នេះ​នឹង​នាំ​ឲ្យ​មាន​សន្ដិភាព​ដល់​ប្រជា​រាស្ត្រ​ទ្រង់។ តើ​ស្តេច​នេះ​ជា​អ្នក​ណា? តើ​ទ្រង់​នឹង​នាំ​ឲ្យ​មាន​សន្ដិភាព​មក​លើ​ផែនដី​នេះ​ដោយ​របៀប​ណា? ទាល់​តែ​ប្រមាណ​៤៥០​ឆ្នាំ​កន្លង​ទៅ​ទៀត ទើប​ដឹង​ថែម​ទៀត​អំពី​ស្តេច​នេះ។ នៅ​ពេល​នោះ នឹង​មាន​កំណើត​ទារក​ដ៏​សំខាន់​មួយ។ ប៉ុន្តែ នោះ​ជា​រឿង​ផ្សេង​មួយ​ទៀត។

នេហេមា ជំពូក​ទី​១ ទៅ ជំពូក​ទី​៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក