‹ចូរឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ›
«កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អវិញ»។—រ៉ូម ១២:២១
១. តើមានហេតុអ្វីឲ្យយើងជឿជាក់ថា យើងអាចឈ្នះលើសេចក្ដីអាក្រក់បាន?
តើយើងអាចកាន់ជំហរមាំមួនក្នុងការទប់ទល់នឹងអស់អ្នកដែលប្រឆាំងយ៉ាងខ្លាំងនឹងការថ្វាយបង្គំពិតបានទេ? តើយើងពិតជាអាចឈ្នះលើឥទ្ធិពលអាក្រក់ដែលខំទាញចិត្តយើងឲ្យធ្វើតាមមនុស្សដែលមិនគោរពព្រះនាសម័យនេះទេ? យើងអាចឆ្លើយសំណួរទាំងពីរនេះថា យើងអាចឈ្នះមែន! ហេតុអ្វីក៏យើងដឹងថា យើងអាចទប់ទល់បាន? គឺដោយផ្អែកទៅលើសំណេររបស់សាវ័កប៉ុលក្នុងសំបុត្រដែលគាត់សរសេរជូនចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងរ៉ូម។ គាត់សរសេរថា៖ «កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អវិញ»។ (រ៉ូម ១២:២១) បើយើងទុកចិត្តទៅលើព្រះយេហូវ៉ានិងតាំងចិត្តរឹងមាំដោយមិនអនុញ្ញាតឲ្យពិភពលោកនេះឈ្នះលើយើងទេ នោះសេចក្ដីអាក្រក់នៅសម័យនេះមិនអាចគ្របសន្ធប់លើយើងបានឡើយ។ ម្យ៉ាងទៀត ពាក្យដែលថា៖ «ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់»នោះ បង្ហើបឲ្យដឹងថា យើងអាចឈ្នះលើសេចក្ដីអាក្រក់បាន ឲ្យតែយើងខំទប់ទល់ជានិច្ច។ មានតែពួកអ្នកដែលរសាយការព្យាយាមហើយឈប់ទប់ទល់ទៀត ដែលបណ្ដោយខ្លួនឲ្យទៅតាមពិភពលោកនេះ ហើយចុះចាញ់នឹងសាតាំងដែលជាមេកំណាច និងអ្នកគ្រប់គ្រងអាក្រក់នាសម័យនេះ។—យ៉ូហានទី១ ៥:១៩
២. តើការពិនិត្យមើលព្រឹត្ដិការណ៍ខ្លះៗក្នុងជីវិតរបស់នេហេមាមានប្រយោជន៍អ្វី?
២ ប្រមាណ៥០០ឆ្នាំមុនសម័យរបស់ប៉ុល អ្នកថ្វាយបង្គំព្រះយេហូវ៉ាម្នាក់នៅទីក្រុងយេរូសាឡិមបានផ្ដល់ទីសំអាងថា យើងអាចឈ្នះលើសេចក្ដីអាក្រក់សមស្របនឹងពាក្យរបស់ប៉ុលបាន។ បុរសនោះជាលោកនេហេមាដែលជាអ្នកគោរពព្រះ ហើយគាត់មិនគ្រាន់តែបានស៊ូទ្រាំប៉ុណ្ណោះនឹងការប្រឆាំងពីមនុស្សដែលមិនគោរពព្រះ តែគាត់ក៏ឈ្នះលើសេចក្ដីអាក្រក់ដោយសេចក្ដីល្អដែរ។ តើនេហេមាបានជួបប្រទះការពិបាកអ្វីខ្លះ? តើអ្វីបានជួយឲ្យគាត់ឈ្នះបាន? តើយើងអាចធ្វើតាមគំរូរបស់គាត់ដោយរបៀបណា? ដើម្បីឆ្លើយសំណួរទាំងនេះ យើងសូមពិនិត្យមើលព្រឹត្ដិការណ៍ខ្លះៗក្នុងជីវិតរបស់នេហេមា។a
៣. តើនេហេមារស់នៅទីណាក្រោមកាលៈទេសៈបែបណា? តើគាត់បានធ្វើកិច្ចការដ៏អស្ចារ្យអ្វី?
៣ នេហេមាបានបម្រើការក្នុងរាជវាំងរបស់ស្តេចជនជាតិពើស៊ី ឈ្មោះអើថាស៊ើកសេស។ ទោះជានេហេមារស់នៅជាមួយមនុស្សដែលមិនជឿទៅលើព្រះយេហូវ៉ាក្ដី គាត់មិនបាន«ត្រាប់តាមសម័យ[នោះ]ឡើយ»។ (រ៉ូម ១២:២) ពេលពួកបណ្ដាជនត្រូវការជំនួយនៅស្រុកយូដា នេហេមាសុខចិត្តលះបង់ជីវិតស្រណុកស្រួលក្នុងរាជវាំង ហើយបានធ្វើដំណើរដ៏ពិបាកទៅដល់ទីក្រុងយេរូសាឡិម។ នៅទីនោះ នេហេមាបានទទួលខុសត្រូវចំពោះកិច្ចការដ៏ធំមហិមា ពោលគឺ ការសាងសង់កំពែងទីក្រុងឡើងវិញ។ (រ៉ូម ១២:១) ទោះជានេហេមាមិនមែនជាអភិបាលនៃទីក្រុងយេរូសាឡិមក្ដី គាត់បានធ្វើការយ៉ាងនឿយហត់ជាមួយបណ្ដាជនអ៊ីស្រាអែលគ្នីគ្នា «ចាប់តាំងពីថ្ងៃរះដរាបដល់ផ្កាយលេចចេញមក»។ ជាលទ្ធផល ពួកគេបានបង្ហើយកិច្ចការនោះក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ! (នេហេមា ៤:២១; ៦:១៥) នោះហើយជាការសម្រេចដ៏អស្ចារ្យ ពីព្រោះពេលបណ្ដាជនអ៊ីស្រាអែលកំពុងធ្វើការនោះ ពួកគេបានជួបប្រទះនឹងការប្រឆាំងផ្សេងៗដែរ។ តើអ្នកណាបានប្រឆាំងនេហេមា? តើអ្នកប្រឆាំងទាំងនោះមានគោលដៅអ្វី?
៤. តើអ្នកដែលប្រឆាំងនេហេមាមានគោលដៅអ្វី?
៤ បុរសបីនាក់ឈ្មោះសានបាឡាត ថូប៊ីយានិងកេសែម ជាពួកអ្នកដែលបានប្រឆាំងនេហេមាខ្លាំងជាងគេ។ ពួកគេរស់មិនឆ្ងាយពីស្រុកយូដា ហើយក៏ជាបុរសដែលមានទឹកមាត់ប្រៃ។ ពេលនេហេមា«បំរុងឲ្យពួកកូនចៅអ៊ីស្រាអែលបានសណ្ឋានល្អឡើង» ទង្វើរបស់គាត់«នាំឲ្យទំនាស់ចិត្ត[បុរសបីនាក់នោះ]ជាខ្លាំង»ពីព្រោះពួកគេជាអ្នកប្រឆាំងនឹងរាស្ត្ររបស់ព្រះយេហូវ៉ា។ (នេហេមា ២:១០, ១៩) ខ្មាំងសត្រូវរបស់នេហេមាមានផែនការណ៍រារាំងកិច្ចការសាងសង់នោះ ដោយប្រើល្បិចផ្សេងៗ។ តើនេហេមាអនុញ្ញាតឲ្យ‹សេចក្ដីអាក្រក់ឈ្នះលើគាត់›ទេ?
«មានចិត្តក្រោធហើយគ្នាន់ក្នាញ់ក្នុងចិត្តជាខ្លាំង»
៥, ៦. (ក) តើខ្មាំងសត្រូវរបស់នេហេមាមានប្រតិកម្មយ៉ាងណាពេលគាត់ផ្ដើមកិច្ចការសាងសង់នោះ? (ខ) ហេតុអ្វីបានជានេហេមាមិនខ្លាចពួកអ្នកដែលប្រឆាំងគាត់?
៥ នេហេមាមានចិត្តក្លាហានហើយបានដាស់តឿនបណ្ដាជនអ៊ីស្រាអែលថា៖ «ចូរមក[ឲ្យ]យើងសង់កំផែងក្រុងយេរូសាឡិមឡើង»។ ពួកគេបានតបឆ្លើយថា៖ ‹ចូរយើងលើកគ្នាធ្វើឡើងចុះ!›។ នេហេមារៀបរាប់ថា៖ «គេបានចំរើនកំឡាំងគ្នាដើម្បីនឹងធ្វើការល្អនោះ» ប៉ុន្តែពួកសត្រូវ«ក៏សើចចំអកហើយមើលងាយដល់យើងថា៖ ‹តើឯងរាល់គ្នាធ្វើអ្វីនេះ? តើគិតបះបោរនឹងស្តេចឬអី?›»។ ពាក្យចំអកឡកឡឺយនិងការចោទប្រឆាំងនោះ មិនបានបន្លាចនេហេមាទេ។ គាត់ប្រាប់អ្នកប្រឆាំងទាំងនោះថា៖ ‹ព្រះនៃស្ថានសួគ៌ទ្រង់នឹងជួយចំរើនកម្លាំងដល់យើងរាល់គ្នា។ ហេតុនោះ យើងរាល់គ្នាដែលជាអ្នកបំរើទ្រង់ នឹងលើកគ្នាឡើងហើយធ្វើការនេះបាន›។ (នេហេមា ២:១៧-២០) នេហេមាបានតាំងចិត្តរឹងមាំថា គាត់នឹង«ធ្វើការល្អនោះ»ដោយឥតនឿយណាយ។
៦ អ្នកប្រឆាំងឈ្មោះសានបាឡាតនោះ «មានចិត្តក្រោធហើយគ្នាន់ក្នាញ់ក្នុងចិត្តជាខ្លាំង»។ ដូច្នេះ គាត់បង្អាប់ពួកគេកាន់តែខ្លាំងថែមទៀត។ គាត់ចំអកដាក់ពួកគេថា៖ «[តើ]ពួកយូដាកំសោយនេះធ្វើអ្វីដូច្នេះ? . . . តើគេនឹងធ្វើឲ្យថ្មទាំងប៉ុន្មានចេញពីគំនរសំរាមដែលឆេះអស់ហើយ បានកើតឡើងដែរឬ?»។ ថូប៊ីយាក៏បានមើលងាយពួកគេដែរ ដោយនិយាយថា៖ «បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្មដែលគេកំពុងតែធ្វើនោះ នឹងធ្វើឲ្យរលំទៅហើយ!»។ (នេហេមា ៤:១-៣) តើនេហេមាមានប្រតិកម្មអ្វី?
៧. តើនេហេមាបានធ្វើអ្វីខ្លះពេលអ្នកប្រឆាំងតិះដៀលគាត់?
៧ ពេលគេបានចំអកដាក់នោះ នេហេមាចេះតែធ្វើមិនដឹងមិនឮ។ គាត់បានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ហើយមិនតបតនឹងគេឡើយ។ (លេវីវិន័យ ១៩:១៨) នេហេមាទុកឲ្យព្រះយេហូវ៉ាដោះស្រាយរឿងនោះ ហើយគាត់ក៏អធិស្ឋានថា៖ «ឱព្រះនៃយើងខ្ញុំអើយ! សូមទ្រង់ស្ដាប់ចុះ! ដ្បិតគេមើលងាយយើងខ្ញុំណាស់! សូមទំលាក់សេចក្ដីដំនៀលរបស់គេទៅលើក្បាលគេវិញ»។ (នេហេមា ៤:៤) នេហេមាទុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា៖ «សេចក្ដីសងសឹក . . . នោះស្រេចនៅអញ»។ (ចោទិយកថា ៣២:៣៥) ម្យ៉ាងទៀត នេហេមានិងពួកបណ្ដាជនដែលនៅជាមួយនឹងគាត់ចេះតែ«សង់កំផែងឡើង»តទៅទៀត។ ពួកគេមិនអនុញ្ញាតឲ្យមានអ្វីបង្វែរចិត្តបំបែរអារម្មណ៍គេឡើយ។ តាមពិត ពួកគេ«បានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញ ត្រឹមកំពស់ពាក់កណ្ដាល . . . ដ្បិតពួកបណ្ដាជនគេមានចិត្តឧស្សាហ៍»។ (នេហេមា ៤:៦) ខ្មាំងសត្រូវនៃការថ្វាយបង្គំពិតបានបរាជ័យមែន! ដូច្នេះ តើយើងអាចយកតម្រាប់តាមគំរូរបស់នេហេមាដោយធ្វើអ្វីខ្លះ?
៨. (ក) ពេលអ្នកប្រឆាំងចោទមិនពិតនឹងយើង តើយើងអាចយកតម្រាប់តាមគំរូរបស់នេហេមាដោយធ្វើអ្វី? (ខ) សូមរៀបរាប់ពីបទពិសោធន៍របស់អ្នកផ្ទាល់ ឬបទពិសោធន៍របស់បងប្អូនឯទៀត ដែលបង្ហាញថាការមិនតបតនឹងគេពិតជាមានប្រយោជន៍។
៨ នៅសព្វថ្ងៃនេះ ពួកអ្នកដែលប្រឆាំងយើងនៅឯសាលារៀន នៅកន្លែងធ្វើការ ហើយសូម្បីតែនៅក្នុងផ្ទះរបស់ខ្លួនក៏ដោយ ប្រហែលជាគំរាមកំហែងនិងប្រមាថមើលងាយយើងដែរ។ ទោះជាពួកគេចោទមិនពិតនឹងយើងក៏ដោយ យកល្អឲ្យយើងធ្វើតាមគោលការណ៍ក្នុងគម្ពីរដែលបញ្ជាក់ថា ជួនកាល«មានពេលដែល[យើង]គួរនៅស្ងៀម»។ (សាស្ដា ៣:១, ៧) ដូច្នេះ យើងធ្វើតាមគំរូរបស់នេហេមាដោយមិនប្រើពាក្យអាក្រក់តបតនឹងគេវិញឡើយ។ (រ៉ូម ១២:១៧) យើងអធិស្ឋានសូមជំនួយពីព្រះយេហូវ៉ា ពីព្រោះទ្រង់សន្យាថា៖ «[ទ្រង់]នឹងសងដល់គេ»។ (រ៉ូម ១២:១៩; ពេត្រុសទី១ ២:១៩, ២០) យ៉ាងនេះ យើងមិនអនុញ្ញាតឲ្យអ្នកប្រឆាំងបង្វែរចិត្តបំបែរអារម្មណ៍យើងចេញពីកិច្ចបម្រើព្រះយេហូវ៉ាដែលត្រូវធ្វើឡើងនាសម័យនេះ ពោលគឺ ការផ្សព្វផ្សាយដំណឹងល្អពីរាជាណាចក្ររបស់ទ្រង់ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) រៀងរាល់ដងដែលយើងទៅផ្សព្វផ្សាយហើយមិនអនុញ្ញាតឲ្យការប្រឆាំងបង្អាក់ចិត្តយើង នោះយើងបង្ហាញថាយើងមានទឹកចិត្តស្មោះត្រង់ដូចនេហេមា។
‹យើងនឹងសំឡាប់អ្នកបង់›
៩. តើខ្មាំងសត្រូវរបស់នេហេមាគំរាមកំហែងថាពួកគេនឹងធ្វើអ្វី? តើនេហេមាបានធ្វើយ៉ាងណាវិញ?
៩ ពេលដែលអ្នកប្រឆាំងការថ្វាយបង្គំនៅសម័យនេហេមាបានទទួលដំណឹងថា «ការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចំរើនឡើង» នោះពួកគេបានចាប់យកដាវដើម្បី«ច្បាំងនឹងក្រុងយេរូសាឡិម»។ តាមមើលទៅ បណ្ដាជនយូដាគួរឲ្យអស់សង្ឃឹមដោយសារស្ថានការណ៍នោះ។ ពួកគេមានខ្មាំងជាជនជាតិសាម៉ារីនៅខាងជើង ពួកអាំម៉ូននៅខាងកើត ពួកអារ៉ាប់នៅខាងត្បូង ហើយពួកអាសដូឌនៅខាងលិច។ ទីក្រុងយេរូសាឡិមមានខ្មាំងសត្រូវព័ទ្ធជុំវិញហើយ ដូច្នេះមើលទៅដូចជាអ្នកសាងសង់កំពែងនោះ គ្មានផ្លូវគេចបានឡើយ! តើពួកគេបានធ្វើអ្វី? នេហេមាប្រាប់ថា៖ «យើងខ្ញុំអធិស្ឋានដល់ព្រះនៃយើងរាល់គ្នា»។ ខ្មាំងទាំងឡាយបានគំរាមកំហែងថា៖ «យើងនឹង . . . សំឡាប់គេបង់ ហើយបញ្ឈប់ការនោះ»ផង។ ជាលទ្ធផល នេហេមាបានចាត់ចែងអ្នកសាងសង់ទាំងឡាយឲ្យមានភារកិច្ចការពារទីក្រុងយេរូសាឡិមដោយ«កាន់ដាវ លំពែងនឹងធ្នូរបស់គេ»។ បើគិតពីសមត្ថភាពរបស់ពួកយូដាតែប៉ុន្មាននាក់នោះ ពួកគេមិនអាចទប់ទល់នឹងពលទ័ពនៃខ្មាំងទាំងឡាយបានទេ។ យ៉ាងណាក៏ដោយ នេហេមាដាស់តឿនពួកគេថា៖ «កុំឲ្យខ្លាចគេឡើយ! ចូរនឹករឭកដល់ព្រះអម្ចាស់ដែលទ្រង់ធំហើយគួរស្ញែងខ្លាចវិញ»។—នេហេមា ៤:៧-៩, ១១, ១៣, ១៤
១០. (ក) ហេតុអ្វីបានជាពួកខ្មាំងរបស់នេហេមាដកទ័ពចេញ? (ខ) តើនេហេមាបានរៀបចំឲ្យអ្នកសាងសង់ធ្វើអ្វី?
១០ មួយរំពេចនោះ ស្ថានភាពបានប្រែប្រួល។ ពួកខ្មាំងទាំងឡាយបានដកទ័ពចេញ។ ហេតុអ្វី? នេហេមារាយការណ៍ថា៖ «ព្រះបាននាំឲ្យសេចក្ដីប្រឹក្សារបស់គេខូចបង់ទៅ»។ យ៉ាងណាក៏ដោយ នេហេមាទទួលស្គាល់ថា សត្រូវទាំងនោះនៅតែអាចមកពាធាលើពួកគេម្ដងទៀតបាន។ ដូច្នេះ គាត់មានគំនិតឈ្លាសវៃហើយផ្ដល់ការណែនាំថ្មីឲ្យពួកអ្នកសាងសង់។ ចាប់ពីពេលនោះទៅ ពួកគេបាន«ធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ដ្រាវុធ»។ នេហេមាក៏បានចាត់ចែងបុរសម្នាក់ឲ្យ«ផ្លុំត្រែ»ពេលគាត់ឃើញពលទ័ពចូលមកជិត ដើម្បីព្រមានអ្នកសាងសង់។ សំខាន់បំផុត នេហេមាបានលើកទឹកចិត្តពួកបណ្ដាជនដោយនិយាយថា៖ «ព្រះនៃយើងរាល់គ្នា ទ្រង់នឹងតស៊ូជំនួសយើង»។ (នេហេមា ៤:១៥-២០) ដោយសារនេហេមាបានលើកទឹកចិត្តពួកអ្នកសាងសង់ ហើយជួយពួកគេឲ្យត្រៀមខ្លួនដើម្បីទប់ទល់នឹងពួកខ្មាំងបាន នោះពួកគេសុខចិត្តធ្វើការតទៅទៀត។ តើយើងអាចទាញយកមេរៀនអ្វីខ្លះពីកំណត់ហេតុនេះ?
១១. នៅប្រទេសដែលមានបម្រាមលើកិច្ចបម្រើរាជាណាចក្ររបស់ព្រះ តើអ្វីជួយឲ្យពួកគ្រិស្តសាសនិកពិតស៊ូទ្រាំនឹងអំពើអាក្រក់ដែលគេធ្វើមកលើពួកគាត់? តើពួកគាត់ឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អយ៉ាងដូចម្ដេច?
១១ ជួនកាលគ្រិស្តសាសនិកពិតជួបប្រទះនឹងការប្រឆាំងយ៉ាងខ្លាំង។ តាមការពិត មនុស្សសាហាវដែលប្រឆាំងនឹងការថ្វាយបង្គំពិតនៅប្រទេសខ្លះ ប្រៀបដូចជាពលទ័ពយ៉ាងធំដែលអាចសង្គ្រុបលើគេទាំងស្រុង។ បើគិតពីសមត្ថភាពរបស់បងប្អូនរួមជំនឿតែប៉ុណ្ណោះ ពួកគេគ្មានលទ្ធភាពទប់ទល់សោះឡើយ។ យ៉ាងណាក្ដី ស្មរបន្ទាល់ទាំងនោះទុកចិត្តថា ‹ព្រះនឹងតស៊ូជំនួសពួកគេ›។ ប្រាកដហើយ បងប្អូនដែលរងការបៀតបៀនដោយព្រោះជឿទៅលើព្រះយេហូវ៉ា បានពិសោធម្ដងហើយម្ដងទៀតថា ទ្រង់តែងតែធ្វើតាមសេចក្ដីអធិស្ឋានរបស់ពួកគាត់។ ទ្រង់ថែមទាំង‹នាំឲ្យខូចបង់នូវសេចក្ដីប្រឹក្សា›របស់ខ្មាំងសត្រូវដែលមានអំណាចខ្លាំងក្លា។ សូម្បីតែនៅប្រទេសដែលមានបម្រាមលើកិច្ចបម្រើរាជាណាចក្ររបស់ព្រះក្ដី ពួកគ្រិស្តសាសនិកនៅទីនោះចេះតែរកវិធីផ្សេងៗដើម្បីផ្សព្វផ្សាយដំណឹងល្អជានិច្ច។ ដូចអ្នកសាងសង់នៅទីក្រុងយេរូសាឡិមដែលបានកែប្រែរបៀបធ្វើការនោះ ស្មរបន្ទាល់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ ក៏កែប្រែវិធីផ្សព្វផ្សាយនៅពេលដែលមានអ្នកប្រឆាំងមកពាធាលើពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនប្រើគ្រឿងអាវុធសោះឡើយ។ (កូរិនថូសទី២ ១០:៤) សូម្បីតែពេលអ្នកប្រឆាំងគំរាមកំហែងថានឹងធ្វើបាបដល់អ្នកផ្សាយទាំងនោះក្ដី ពួកគេនៅតែមិនឈប់ផ្សព្វផ្សាយទេ។ (ពេត្រុសទី១ ៤:១៦) ផ្ទុយទៅវិញ បងប្អូនប្រុសស្រីទាំងនោះមានចិត្តក្លាហានហើយ«ឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អ»។
«អញ្ជើញមក យើងនឹងពិគ្រោះគ្នា»
១២, ១៣. (ក) តើអ្នកប្រឆាំងនេហេមាបានប្រើល្បិចអ្វី? (ខ) ហេតុអ្វីបានជានេហេមាមិនព្រមទៅជួបខ្មាំងទាំងនោះ?
១២ ពេលសត្រូវរបស់នេហេមាទទួលស្គាល់ថា ការគំរាមកំហែងមិនបានបន្លាចពួកបណ្ដាជន នោះខ្មាំងទាំងឡាយបែរជារកល្បិចផ្សេងៗដើម្បីរារាំងកិច្ចការរបស់ពួកគាត់។ តាមការពិត ពួកគេបានសាកប្រើល្បិចបីយ៉ាង។ តើមានល្បិចអ្វីខ្លះ?
១៣ ល្បិចទីមួយដែលខ្មាំងសត្រូវរបស់នេហេមាប្រើនោះ គឺដោយរកបំភាន់គាត់។ ពួកគេប្រាប់គាត់ថា៖ «អញ្ជើញមក យើងនឹងពិគ្រោះគ្នានៅភូមិណាមួយក្នុងច្រកភ្នំអូណូរ»។ ច្រកភ្នំអូណូរស្ថិតនៅពាក់កណ្ដាលទីក្រុងយេរូសាឡិមនិងទីក្រុងសាម៉ារី។ ដូច្នេះ ពួកខ្មាំងបានជូនយោបល់ថា ពួកគេនឹងជួបជាមួយនេហេមានៅទីនោះដើម្បីដោះស្រាយរឿងរ៉ាវ។ តាមពិត នេហេមាអាចសន្និដ្ឋានថា ‹យោបល់នោះល្អ ពីព្រោះការពិភាក្សាជាមួយគ្នា នោះប្រសើរជាងការប្រយុទ្ធគ្នាវិញ›។ ប៉ុន្តែ នេហេមាមិនព្រមទៅជួបគេទេ។ គាត់ពន្យល់នូវមូលហេតុដោយមានប្រសាសន៍ថា៖ «គេគិតប្រទូស្តដល់ខ្ញុំទេ»។ នេហេមាយល់ថា យោបល់នោះជាល្បិចមួយ ដូច្នេះពួកគេមិនអាចបំភាន់គាត់ឡើយ។ អស់បួនដងគាត់ប្រាប់ដល់អ្នកប្រឆាំងទាំងនោះថា៖ ‹ខ្ញុំចុះមកមិនបានទេ។ តើគួរឲ្យខ្ញុំលះចោលការនេះដើម្បីនឹងចុះទៅឯអ្នកធ្វើអី?›។ ការប៉ុនប៉ងញុះញង់នេហេមាឲ្យលះបង់ការងារគាត់ បានបរាជ័យទាំងស្រុង។ នេហេមាចេះតែផ្ដោតអារម្មណ៍ទៅលើកិច្ចការសាងសង់ជានិច្ច។—នេហេមា ៦:១-៤
១៤. ពេលពួកខ្មាំងបានផ្សាយរឿងមិនពិតនោះ តើនេហេមាតបឆ្លើយយ៉ាងណា?
១៤ ល្បិចទីពីរដែលខ្មាំងសត្រូវរបស់នេហេមាប្រើនោះ គឺដោយផ្សាយរឿងមិនពិតអំពីនេហេមា ថាគាត់ចេះតែ«គិតបះបោរ»នឹងស្តេចអើថាស៊ើកសេស។ ម្ដងនោះទៀត គេប្រាប់នេហេមាថា៖ «ចូរមកឲ្យយើងបានពិគ្រោះគ្នាសិន»។ ប៉ុន្តែ ដូចមុនដែរ នេហេមាមិនព្រមទៅជួបពួកគេទេ ពីព្រោះគាត់ពិចារណាយល់ពីបំណងរបស់ពួកគេ។ នេហេមាពន្យល់ថា៖ «ពួកអ្នកទាំងនោះចង់តែគំរាមឲ្យយើងភ័យខ្លាច ដោយគិតថាយើងនឹងថយកំឡាំងដៃឲ្យសំរេចការមិនបាន»។ លើកនេះ នេហេមាជំទាស់នឹងអ្វីដែលគេចោទប្រឆាំងនោះ ដោយនិយាយថា៖ «គ្មានអ្វីដូចជាអ្នកថានោះទេ គឺអ្នកបង្កើតរឿងនេះតាមតែចិត្តអ្នកវិញប៉ុណ្ណោះ»។ ម្យ៉ាងទៀត នេហេមាបែរទៅរកជំនួយពីព្រះយេហូវ៉ាដោយអធិស្ឋានថា៖ «សូមចំរើនកំឡាំងដៃទូលបង្គំវិញ»។ នេហេមាទុកចិត្តថា បើគាត់មានជំនួយពីព្រះយេហូវ៉ា គាត់អាចបកអាក្រាតល្បិចរបស់ពួកគេ ហើយឈានទៅមុខក្នុងកិច្ចការសាងសង់បាន។—នេហេមា ៦:៥-៩
១៥. តើម្នាក់ដែលក្លែងខ្លួនជាអ្នកថ្លែងទំនាយពីព្រះបានជូនយោបល់ឲ្យនេហេមាធ្វើអ្វី? ហេតុអ្វីបានជានេហេមាមិនព្រមធ្វើតាមយោបល់នោះ?
១៥ ល្បិចទីបីដែលខ្មាំងសត្រូវរបស់នេហេមាប្រើនោះ គឺដោយចាត់អ្នកក្បត់ជាតិម្នាក់ឈ្មោះសេម៉ាយ៉ា ឲ្យទៅបបួលនេហេមាឲ្យធ្វើអ្វីដែលបំពានច្បាប់ព្រះយេហូវ៉ា។ សេម៉ាយ៉ាបានអញ្ជើញនេហេមាថា៖ «សូមយើងទៅជួបគ្នានៅក្នុងព្រះវិហារនៃព្រះ គឺក្នុងទីបរិសុទ្ធ ហើយបិទទ្វារភ្ជិតទៅ ដ្បិតគេនឹងមកសំឡាប់លោក»។ សេម៉ាយ៉ាអះអាងថា មានគេរកសម្លាប់នេហេមា ហើយសេម៉ាយ៉ាចង់ជួយគាត់ឲ្យគេចរួចខ្លួនដោយពួននៅក្នុងវិហារ។ ក៏ប៉ុន្តែ នេហេមាមិនមែនជាសង្ឃម្នាក់ទេ ដូច្នេះបើគាត់ចូលទៅពួននៅក្នុងវិហារ នោះជាអំពើបាបហើយ។ តើនេហេមាហ៊ានរំលងច្បាប់ព្រះយេហូវ៉ាដើម្បីសង្គ្រោះជីវិតខ្លួនទេ? នេហេមាបានឆ្លើយតបថា៖ «តើមានអ្នកឯណាមួយដូចខ្ញុំដែលនឹងចូលទៅក្នុងព្រះវិហារឲ្យតែរួចជីវិតនោះ? ខ្ញុំមិនព្រមចូលទៅទេ!»។ ហេតុអ្វីក៏នេហេមាមិនចាញ់ល្បិចដែលគេប្រើដើម្បីទាក់គាត់ឲ្យជាប់? នេហេមាដឹងថា ទោះជាសេម៉ាយ៉ាជាជនជាតិអ៊ីស្រាអែលក្ដី គឺ«មិនមែនជាព្រះដែលបង្គាប់ដល់គាត់ដូច្នោះទេ»។ យ៉ាងណាមិញ អ្នកដែលពិតជាថ្លែងទំនាយពីព្រះយេហូវ៉ា នឹងមិនជូនយោបល់ឲ្យគាត់ធ្វើខុសច្បាប់ទ្រង់ទេ។ ម្ដងនេះទៀត នេហេមាមិនអនុញ្ញាតឲ្យអ្នកប្រឆាំងដ៏អាក្រក់ទាំងនោះឈ្នះលើគាត់ឡើយ។ មិនយូរប៉ុន្មានក្រោយមក នេហេមាបានប្រកាសដំណឹងថា៖ «នៅថ្ងៃ២៥ ខែភទ្របទ នោះកំផែងបានធ្វើរួចជាស្រេច គឺក្នុងរវាង៥២ថ្ងៃ»។—នេហេមា ៦:១០-១៥; ជនគណនា ១:៥១; ១៨:៧
១៦. (ក) ពេលមានមនុស្សក្លែងខ្លួនជាពួកម៉ាកដែលយើងអាចទុកចិត្តបាន ឬមានអ្នកដែលផ្សាយរឿងមិនពិតអំពីយើង និងមនុស្សដែលមានមុខមាត់មើលទៅដូចជាបងប្អូនរួមជំនឿតែមិនមែនទេ តើយើងគួរធ្វើអ្វី? (ខ) មិនថានៅឯសាលា កន្លែងធ្វើការឬក្នុងផ្ទះរបស់ខ្លួនក្ដី តើអ្នកបង្ហាញយ៉ាងណាថាអ្នកមិនព្រមលះចោលគោលការណ៍ក្នុងគម្ពីរ?
១៦ ដូចនេហេមា មនុស្សខ្លះប្រហែលជាប្រឆាំងនឹងយើងដោយក្លែងខ្លួនជាពួកម៉ាកដែលយើងអាចទុកចិត្តបាន។ អ្នកខ្លះនឹងផ្សាយរឿងមិនពិតអំពីយើង ហើយខ្លះទៀតក៏នឹងមានមុខមាត់មើលទៅដូចជាបងប្អូនរួមជំនឿ តែមិនមែនទេ។ មនុស្សខ្លះប្រហែលជាទាមទារឲ្យយើងលះបង់គោលការណ៍ខ្លះក្នុងគម្ពីរ ហាក់ដូចជាយើងធ្វើតាមពាក់កណ្ដាល អត់ពាក់កណ្ដាល។ ពួកគេអាចលើកហេតុផលថា បើយើងបម្រើព្រះយេហូវ៉ាបន្ដិចបន្តួច មិនច្រើនពេក នោះយើងក៏អាចមានពេលបំពេញគោលដៅឯទៀតដែរ។ ប៉ុន្តែ យើងមិនព្រមធ្វើតាមយោបល់បែបនោះ ពីព្រោះរាជាណាចក្ររបស់ព្រះយេហូវ៉ាមានអាទិភាពក្នុងជីវិតយើង។ (ម៉ាថាយ ៦:៣៣; លូកា ៩:៥៧-៦២) ពួកអ្នកប្រឆាំងក៏ផ្សាយរឿងមិនពិតអំពីយើងដែរ។ នៅប្រទេសខ្លះគេអះអាងថា យើងជាអ្នកបះបោរនឹងរដ្ឋាភិបាល ដូចគេបានចោទចំពោះនេហេមាថា គាត់ជាអ្នកបះបោរនឹងស្តេច។ ជួនកាលតុលាការបានកាត់ក្ដីឲ្យបងប្អូនយើង ថាគ្មានកំហុសទេ។ ប៉ុន្តែ មិនថាមានលទ្ធផលអ្វីក៏ដោយ យើងនៅតែអធិស្ឋានដោយមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងសម្រេចការស្របទៅតាមបំណងចិត្តរបស់ទ្រង់។ (ភីលីព ១:៧) សូម្បីតែមនុស្សខ្លះដែលអះអាងថាខ្លួនជាអ្នកបម្រើព្រះយេហូវ៉ាក្ដី ពួកគេក៏ប្រឆាំងនឹងរាស្ត្រទ្រង់ដែរ។ អតីតស្មរបន្ទាល់ព្រះយេហូវ៉ាខ្លះដែលបានក្បត់ជំនឿក៏ប្រហែលជាខំជះឥទ្ធិពលមកលើយើងឲ្យលះចោលគោលការណ៍ក្នុងគម្ពីរ។ នេះគឺប្រហាក់ប្រហែលនឹងជនរួមជាតិរបស់នេហេមាដែលបានទាមទារឲ្យគាត់បំពានច្បាប់ព្រះដើម្បីរួចខ្លួន។ យ៉ាងណាក៏ដោយ យើងបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកក្បត់ជំនឿ ពីព្រោះយើងដឹងថាយើងអាចទទួលសេចក្ដីសង្គ្រោះដោយធ្វើតាមបង្គាប់ព្រះយេហូវ៉ា មិនមែនដោយបំពានច្បាប់ទ្រង់ទេ! (យ៉ូហានទី១ ៤:១) ត្រូវមែន! យើងអាចឈ្នះសេចក្ដីអាក្រក់គ្រប់បែបយ៉ាងបាន ឲ្យតែយើងមានជំនួយពីព្រះយេហូវ៉ា។
សូម្បីតែមានសេចក្ដីអាក្រក់មកយាយីក្ដី យើងនៅតែផ្សាយដំណឹងល្អ
១៧, ១៨. (ក) តើសាតាំងនិងភ្នាក់ងាររបស់វាខំធ្វើអ្វី? (ខ) តើអ្នកបានតាំងចិត្តធ្វើអ្វី? ហេតុអ្វី?
១៧ ស្តីអំពីបងប្អូនរបស់ព្រះគ្រិស្តដែលនឹងឡើងទៅស្ថានសួគ៌ជាមួយនឹងទ្រង់ គម្ពីរដែលជាបណ្ដាំរបស់ព្រះចែងថា៖ ‹ពួកគេបានឈ្នះសាតាំងដោយសារសេចក្ដីបន្ទាល់› គឺដោយកិច្ចការផ្សព្វផ្សាយរបស់ពួកគេ។ (វិវរណៈ ១២:១១) ដូច្នេះ ការឈ្នះលើសាតាំងដែលជាប្រភពនៃអំពើអាក្រក់ និងការផ្សាយសាររាជាណាចក្ររបស់ព្រះ តែងតែជាប់ទាក់ទងនឹងគ្នា។ អាស្រ័យហេតុនេះ មិនជាការចម្លែកអ្វីឡើយដែលសាតាំងចេះតែពាធាយ៉ាងឥតឈប់ឈរទៅលើបងប្អូនដែលមិនទាន់ឡើងទៅស្ថានសួគ៌។ វាក៏ញុះញង់មនុស្សឲ្យប្រឆាំងនឹង«មនុស្ស១ហ្វូងយ៉ាងធំ»ជានិច្ចដែរ!—វិវរណៈ ៧:៩; ១២:១៧
១៨ យើងបានពិនិត្យមើលថា មនុស្សមិនគ្រាន់តែប្រឆាំងយើងដោយជេរប្រមាថនិងគំរាមកំហែងថាពួកគេនឹងធ្វើបាបដល់យើងប៉ុណ្ណោះទេ តែពួកគេក៏ប្រើល្បិចឯទៀតផងដែរ។ មិនថាសាតាំងញុះញង់ពួកគេឲ្យធ្វើអ្វីក៏ដោយ វានៅតែមានគោលដៅតែមួយគត់ ពោលគឺ វាចង់រារាំងកិច្ចការផ្សព្វផ្សាយរបស់យើង។ ប៉ុន្តែ វានឹងបរាជ័យទាំងស្រុង ពីព្រោះរាស្ត្ររបស់ព្រះយេហូវ៉ាកំពុងធ្វើតាមគំរូរបស់នេហេមានៅសម័យបុរាណ ហើយពួកគេបានតាំងចិត្តឲ្យ«ឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អ»។ រាស្ត្ររបស់ព្រះយេហូវ៉ានឹងឈ្នះលើសាតាំងដោយផ្សាយដំណឹងល្អរហូតដល់ពេលដែលទ្រង់ជម្រាបថា យើងបានធ្វើកិច្ចការនេះរួចជាស្រេច!—ម៉ាកុស ១៣:១០; រ៉ូម ៨:៣១; ភីលីព ១:២៧, ២៨
[កំណត់សម្គាល់]
a ដើម្បីឲ្យយល់អំពីកាលៈទេសៈដែលទាក់ទងនឹងព្រឹត្ដិការណ៍ទាំងនោះ សូមអានសៀវភៅនេហេមា ១:១-៤; ២:១-៦, ៩-២០; ៤:១-២៣; ៦:១-១៥។
តើអ្នកនៅចាំទេ?
• តើអ្នកបម្រើព្រះនៅសម័យបុរាណ និងពួកគ្រិស្តសាសនិកនាបច្ចុប្បន្ននេះ ជួបប្រទះនឹងការប្រឆាំងបែបណាខ្លះ?
• តើពួកខ្មាំងរបស់នេហេមាមានគោលបំណងអ្វីសំខាន់ចម្បង? តើសត្រូវរបស់ព្រះនាសម័យនេះមានគោលបំណងអ្វី?
• នៅសព្វថ្ងៃនេះ តើយើងអាចឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អយ៉ាងដូចម្ដេច?
[ប្រអប់/រូបភាពនៅទំព័រ២៩]
មេរៀនក្នុងសៀវភៅនេហេមា
អ្នកបម្រើព្រះតែងតែមានគេ
• ចំអកមើលងាយ
• គំរាមកំហែង
• រកវិធីបំភាន់
អ្នកប្រឆាំងខិតខំបំភាន់រាស្ត្ររបស់ព្រះ ដោយប្រើអ្នកដែល
• ក្លែងខ្លួនជាពួកម៉ាកដែលយើងអាចទុកចិត្តបាន
• ផ្សាយរឿងមិនពិតអំពីយើង
• មានមុខមាត់មើលទៅដូចជាបងប្អូនរួមជំនឿ តែមិនមែនទេ
រាស្ត្ររបស់ព្រះយេហូវ៉ា ឈ្នះលើសេចក្ដីអាក្រក់ដោយ
• មិនឈប់ធ្វើកិច្ចការដែលព្រះប្រទានឲ្យ
[រូបភាពនៅទំព័រ២៨]
ទោះជាមានការប្រឆាំងយ៉ាងខ្លាំងក៏ដោយ នេហេមានិងពួកគ្នីគ្នាដែលធ្វើការជាមួយនឹងគាត់បានសង់កំពែងទីក្រុងយេរូសាឡិមឡើងជាស្រេច
[រូបភាពនៅទំព័រ៣១]
ពួកគ្រិស្តសាសនិកពិតតែងតែផ្សាយដំណឹងល្អដោយឥតភ័យខ្លាច