ភាគទី៦
ពីកំណើតរបស់ព្រះយេស៊ូវរហូតដល់មរណភាពរបស់ទ្រង់
ទេវតាកាព្រីយ៉ែលត្រូវបានចាត់ឲ្យទៅជួបស្ត្រីក្រមុំដ៏ល្អម្នាក់ឈ្មោះ ម៉ារា។ លោកបានប្រាប់នាងថា នាងនឹងមានកូនប្រុសមួយ ដែលនឹងសោយរាជ្យជាស្តេចជានិរន្តរ៍។ ព្រះយេស៊ូវបានប្រសូតមកនៅក្នុងក្រោល ជាកន្លែងដែលពួកអ្នកគង្វាលបានមកជួបទ្រង់។ ក្រោយមក ផ្កាយមួយបាននាំពួកបុរសពីទិសខាងកើត ឆ្ពោះទៅឯកូនប្រុសតូចនេះ។ យើងនឹងរៀនដឹងអំពីអ្នកណា ដែលបានបណ្ដាលឲ្យគេឃើញផ្កាយនោះ ហើយអំពីរបៀបដែលព្រះយេស៊ូវត្រូវបានសង្គ្រោះ ពីពួកដែលខំព្យាយាមសម្លាប់ទ្រង់។
បន្ទាប់មក កាលដែលទ្រង់មានជន្មាយុ១២ឆ្នាំ យើងឃើញព្រះយេស៊ូវកំពុងតែនិយាយជាមួយពួកគ្រូនៅក្នុងព្រះវិហារ។ ដប់ប្រាំបីឆ្នាំក្រោយមក ព្រះយេស៊ូវត្រូវបានធ្វើបុណ្យជ្រមុជទឹក ហើយបន្ទាប់មក ទ្រង់ក៏ចាប់ផ្ដើមផ្សាយនិងបង្រៀនអំពីព្រះរាជាណាចក្រ ជាកិច្ចការដែលព្រះបានចាត់ទ្រង់ឲ្យមកធ្វើនៅផែនដីនេះ។ ដើម្បីនឹងជួយទ្រង់ក្នុងការធ្វើកិច្ចការនេះ ទ្រង់បានជ្រើសរើសបុរស១២នាក់ ហើយពួកគេបានទៅជាសាវករបស់ទ្រង់។
ព្រះយេស៊ូវក៏បានសម្ដែងអព្ភូតហេតុជាច្រើនដែរ។ ទ្រង់បានចំអែតពួកមនុស្សរាប់ពាន់នាក់ ដោយមានតែត្រីតូចៗនិងនំប៉័ងពីរបីដុំប៉ុណ្ណោះ។ ទ្រង់បានធ្វើឲ្យពួកអ្នកឈឺជាឡើងវិញ ហើយថែមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។ នៅទីបំផុត យើងនឹងរៀនដឹងការជាច្រើនដែលកើតឡើងដល់ព្រះយេស៊ូវ ក្នុងកំឡុងថ្ងៃចុងក្រោយបង្អស់នៃជីវិតរបស់ទ្រង់ ហើយនូវរបៀបដែលគេធ្វើគត់ដល់ទ្រង់។ ព្រះយេស៊ូវបានផ្សាយអស់រយៈពេលប្រហែលបីឆ្នាំកន្លះ។ ដូច្នេះ ភាគទី៦នឹងមានរយៈពេលជាង៣៤ឆ្នាំប៉ុណ្ណោះ។