បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៤ ទំ. ២២-២៧
  • លើកដៃស្មោះត្រង់ក្នុងសេចក្ដីអធិស្ឋាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លើកដៃស្មោះត្រង់ក្នុងសេចក្ដីអធិស្ឋាន
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​គិត​ទុក​ជា​មុន​អំពី​សេចក្ដី​អធិស្ឋាន
  • ការ​ចូល​ទៅ​ឯ​ព្រះ​ដោយ​គោរព
  • អធិស្ឋាន​ដោយ​ចិត្ត​រាប​ទាប
  • អធិស្ឋាន​ដែល​ចេញ​ពី​ចិត្ត
  • ការ​ចង​ចាំ​កតញ្ញូ​ធម៌​និង​សេចក្ដី​សរសើរ
  • កុំ​ឲ្យ​អាម៉ាស់​មុខ​ចំពោះ​ការ​អធិស្ឋាន
  • ស្រង់​យក​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​អធិស្ឋាន
  • ពួក​អ្នក​ស្មោះ​ត្រង់​ខំ​ព្យាយាម​អធិស្ឋាន
  • តើសេចក្ដីអធិដ្ឋានរបស់អ្នកបញ្ជាក់ថាអ្នកជាមនុស្សប្រភេទណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ហេតុអ្វីយើងគួរអធិស្ឋានឥតឈប់ឈរ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • របៀបដែលអ្នកអាចចូលទៅជិតព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៤ ទំ. ២២-២៧

លើក​ដៃ​ស្មោះ​ត្រង់​ក្នុង​សេចក្ដី​អធិស្ឋាន

«ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុស​ៗ​លើក​ដៃ​បរិសុទ្ធ[ស្មោះ​ត្រង់]ឡើង នឹង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ»។—ធីម៉ូថេ​ទី​១ ២:៨

១, ២. (ក) តើ​ធីម៉ូថេ​ទី​១ ២:៨ សំដៅ​ទៅ​សេចក្ដី​អធិស្ឋាន​ដែល​ទាក់​ទង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ណា? (ខ) តើ​យើង​នឹង​ពិចារណា​មើល​អ្វី​ឥឡូវ​នេះ?

ព្រះ​យេហូវ៉ា​ទន្ទឹង​ឲ្យ​រាស្ត្រ​របស់​ទ្រង់​មាន​ចិត្ត​ស្មោះ​ត្រង់​ដល់​ទ្រង់ ហើយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ សាវ័ក​ប៉ុល​បាន​ភ្ជាប់​សេចក្ដី​ស្មោះ​ត្រង់​ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន នៅ​ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុស​ៗ​លើក​ដៃ​បរិសុទ្ធ​ឡើង នឹង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ»។ (ធីម៉ូថេ​ទី​១ ២:៨) តាម​ប្រមើល​ទៅ ប៉ុល​បាន​សំដៅ​សេចក្ដី​អធិស្ឋាន​សាធារណៈ«នៅ​គ្រប់​ទី​កន្លែង» ដែល​ពួក​គ្រីស្ទាន​មក​ជួប​ជុំ​គ្នា​នោះ។ តើ​អ្នក​ណា​ដែល​នឹង​តំណាង​រាស្ត្រ​របស់​ព្រះ​ក្នុង​សេចក្ដី​អធិស្ឋាន នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​នោះ? មាន​តែ​ពួក​បុរស​ដែល​បរិសុទ្ធ សុចរិត និង​ដ៏​គោរព​នោះ​ទេ ដែល​ធ្វើ​តាម​យ៉ាង​ប្រិត​ប្រៀន​នឹង​ភារកិច្ច​ក្នុង​ព្រះ​គម្ពីរ​ចំពោះ​ព្រះ។ (សាស្ដា ១២:១៣, ១៤) ពួក​គេ​ត្រូវ​តែ​បាន​ស្អាត​ស្អំ​ខាង​វិញ្ញាណ​និង​ខាង​សីលធម៌ ហើយ​មាន​ចិត្ត​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។

២ ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ជា​ពិសេស​ត្រូវ‹លើក​ដៃ​ស្មោះ​ត្រង់​ឡើង​នឹង​អធិស្ឋាន›។ សេចក្ដី​អធិស្ឋាន​ដ៏​អស់​ពី​ចិត្ត​របស់​គេ​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ បង្ហាញ​នូវ​សេចក្ដី​ស្មោះ​ត្រង់​ដល់​ព្រះ ហើយ​ជួយ​ពួក​គេ​ឲ្យ​ជៀស​វាង​ពី​ការ​ប្រកែក​និង​ការ​ផ្ទុះ​នឹង​កំហឹង។ តាម​ការ​ពិត បុរស​ណា​ម្នាក់​ដែល​មាន​ឯកសិទ្ធិ​ដើម្បី​តំណាង​ក្រុម​ជំនុំ​គ្រីស្ទាន​ក្នុង​សេចក្ដី​អធិស្ឋាន​សាធារណៈ នោះ​ត្រូវ​ឲ្យ​រួច​ផុត​ពី​ការ​មាន​កំហឹង ព្យាបាទ និង​ភាព​ឥត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​ទ្រង់។ (យ៉ាកុប ១:១៩, ២០) តើ​មាន​គោល​ការណ៍​ណែនាំ​ក្នុង​ព្រះ​គម្ពីរ​ណា​ទៀត សំរាប់​អស់​អ្នក​ដែល​មាន​ឯកសិទ្ធិ​ក្នុង​ការ​តំណាង​អ្នក​ឯ​ទៀត ក្នុង​សេចក្ដី​អធិស្ឋាន​សាធារណៈ​នោះ? ហើយ​តើ​គោល​ការណ៍​ណា​ខ្លះ​ក្នុង​បទ​គម្ពីរ ដែល​យើង​ត្រូវ​យក​មក​អនុវត្ត​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ផ្ទាល់ ឬ​សំរាប់​គ្រួសារ​នោះ?

ចូរ​គិត​ទុក​ជា​មុន​អំពី​សេចក្ដី​អធិស្ឋាន

៣, ៤. (ក) ហេតុ​អ្វី​ក៏​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​គិត​ទុក​ជា​មុន អំពី​សេចក្ដី​អធិស្ឋាន​នៅ​សាធារណៈ​នោះ? (ខ) តើ​បទ​គម្ពីរ​បង្ហាញ​យ៉ាង​ណា ស្តី​អំពី​ប្រវែង​នៃ​សេចក្ដី​អធិស្ឋាន?

៣ ប្រសិន​បើ​យើង​បាន​ត្រូវ​សុំ​ឲ្យ​អធិស្ឋាន​តាម​សាធារណៈ យ៉ាង​ហោច​ណាស់ យើង​ប្រហែល​អាច​គិត​ឲ្យ​បាន​ទុក​ជា​មុន​អំពី​សេចក្ដីអធិស្ឋាន​របស់​យើង។ ការ​ធ្វើ​បែប​នេះ​ប្រហែល​ជា​អាច​ជួយ​ឲ្យ​យើង​រៀប​រាប់​រឿង​សំខាន់​ៗ​ដែល​សម​គួរ ដោយ​មិន​បាច់​និយាយ​វែង ឥត​ចុង​ឥត​ដើម។ ប្រាកដ​ហើយ សេចក្ដី​អធិស្ឋាន​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​យើង ក៏​អាច​ថ្លែង​ឡើង​ឲ្យ​ឮ និង​អាច​មាន​ប្រវែង​ណា​ក៏​បាន​ដែរ។ ព្រះ​យេស៊ូ​បាន​ចំណាយ​ពេល​អស់​មួយ​យប់​ក្នុង​សេចក្ដី​អធិស្ឋាន មុន​នឹង​ទ្រង់​បាន​ជ្រើស​រើស​ពួក​សាវ័ក​១២​នាក់​របស់​ទ្រង់។ ប៉ុន្តែ នៅ​ពេល​ទ្រង់​បាន​ចាប់​ធ្វើ​ពិធី​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ទ្រង់ សេចក្ដី​អធិស្ឋាន​របស់​ទ្រង់​សំរាប់​នំ​ប៉័ង​និង​ស្រា តាម​ប្រមើល​ទៅ​គឺ​បាន​ធ្វើ​ឡើង​យ៉ាង​ខ្លី។ (លូកា ៦:១២​-​១៦; ម៉ាកុស ១៤:២២​-​២៤) ហើយ​យើង​ដឹង​ថា សូម្បី​តែ​សេចក្ដី​អធិស្ឋាន​ដ៏​ខ្លី​របស់​ព្រះ​យេស៊ូ ក៏​បាន​ត្រូវ​យល់​ព្រម​ទាំង​ស្រុង​ចំពោះ​ព្រះ​នោះ​ដែរ។

៤ ឧបមា​ថា យើង​មាន​ឯកសិទ្ធិ​ដើម្បី​តំណាង​គ្រួសារ​មួយ​ក្នុង​ការ​អធិស្ឋាន​មុន​នឹង​បរិភោគ​អាហារ។ សេចក្ដី​អធិស្ឋាន​បែប​នេះ​អាច​ត្រូវ​ថ្លែង​យ៉ាង​ខ្លី​បាន ប៉ុន្តែ​ទោះ​ជា​និយាយ​យ៉ាង​ណា​ក៏​ដោយ គួរ​រួម​បញ្ចូល​ការ​ដឹង​គុណ​សំរាប់​អាហារ​ដែរ។ ប្រសិន​បើ​យើង​អធិស្ឋាន​នៅ​សាធារណៈ​ពី​មុន​ឬ​ក្រោយ​ពី​កិច្ច​ប្រជុំ​គ្រីស្ទាន យើង​មិន​ចាំ​បាច់​អធិស្ឋាន​យូរ​អង្វែង និង​រៀប​រាប់​ចំណុច​ជា​ច្រើន​នោះ​ទេ។ ព្រះ​យេស៊ូ​បាន​រិះ​គន់​ពួក​ស្ក្រែប ដែល«សូត្រ​ធម៌​ឲ្យ​ច្រើន»។ (លូកា ២០:៤៦, ៤៧) បុគ្គល​ដែល​គោរព​ដល់​ព្រះ នឹង​មិន​ចង់​ធ្វើ​បែប​នោះ​ឡើយ។ ប៉ុន្តែ នៅ​ពេល​ខ្លះ សេចក្ដី​អធិស្ឋាន​ដ៏​វែង​បន្ដិច ប្រហែល​ជា​ត្រឹម​ត្រូវ​ផង​ដែរ។ ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​បាន​ជ្រើស​រើស​ឲ្យ​អធិស្ឋាន​បញ្ចប់​នៅ​ឯ​សន្និបាត គួរ​គិត​ជា​មុន ហើយ​ប្រហែល​ជា​ចង់​រៀប​រាប់​ចំណុច​ខ្លះ​ៗ។ ប៉ុន្តែ សេចក្ដី​អធិស្ឋាន​បែប​នេះ មិន​គួរ​ថ្លែង​ឡើង​វែង​ពេក​ទេ។

ការ​ចូល​ទៅ​ឯ​ព្រះ​ដោយ​គោរព

៥. (ក) តើ​យើង​គួរ​ចង​ចាំ​អំពី​អ្វី នៅ​ពេល​ដែល​អធិស្ឋាន​នៅ​សាធារណៈ? (ខ) ហេតុ​អ្វី​ក៏​ត្រូវ​អធិស្ឋាន​តាម​របៀប​ដ៏​ថ្លៃ​ថ្នូរ​និង​ដ៏​គោរព​នោះ?

៥ នៅ​ពេល​ដែល​អធិស្ឋាន​នៅ​សាធារណៈ យើង​ត្រូវ​ចង​ចាំ​ថា យើង​មិន​និយាយ​ដល់​មនុស្ស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ជា​សត្តនិករ​មាន​បាប ដែល​ទូល​ដល់​ព្រះ​អម្ចាស់​មហា​ក្សត្រ ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ៨:៣​-​៥, ៩; ៧៣:២៨) ដូច្នេះ យើង​គួរ​បង្ហាញ​នូវ​សេចក្ដី​កោត​ខ្លាច ដែល​យើង​ធ្វើ​ឲ្យ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ ដោយ​អ្វី​ដែល​យើង​ទូល​និង​របៀប​ដែល​យើង​ថ្លែង​ពាក្យ​សំដី​នោះ។ (សុភាសិត ១:៧) ដាវីឌ ដែល​ជា​អ្នក​តែង​បទ​ទំនុកដំកើង បាន​ច្រៀង​ថា៖ «ឯ​ទូល​បង្គំ​វិញ ទូល​បង្គំ​នឹង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ទ្រង់ ដោយ​សារ​សេចក្ដី​មេត្ដា​ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ ទូល​បង្គំ​នឹង​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះ​វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ចិត្ត​កោត​ខ្លាច​ដល់​ទ្រង់»។ (ទំនុកដំកើង ៥:៧) ប្រសិន​បើ​យើង​មាន​អាកប្បកិរិយា​បែប​នោះ តើ​យើង​នឹង​សម្ដែង​យ៉ាង​ណា ប្រសិន​បើ​យើង​បាន​ត្រូវ​សុំ​ឲ្យ​អធិស្ឋាន​នៅ​សាធារណៈ នៅ​ឯ​កិច្ច​ប្រជុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នោះ? ប្រសិន​បើ​យើង​ទូល​ដល់​ស្តេច​ដែល​ជា​មនុស្ស នោះ​យើង​នឹង​ថ្លែង​ឡើង​ដោយ​សេចក្ដី​គោរព​និង​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ​ដែរ។ តើ​សេចក្ដី​អធិស្ឋាន​របស់​យើង​មិន​គួរ​ឲ្យ​បាន​ថ្លៃ​ថ្នូរ​និង​ដ៏​គោរព​ជាង​នេះ​ទេ​ឬ នៅ​ពេល​ដែល​យើង​អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា ដែល​ជា‹ព្រះ​មហា​ក្សត្រ​ដ៏​អនន្ត​ភាព›នោះ? (វិវរណៈ ១៥:៣) ដូច្នេះ​នៅ​ពេល​អធិស្ឋាន យើង​នឹង​ជៀស​វាង​ពាក្យ​សំដី​ដូច​ជា «ជំរាប​សួរ ព្រះ​យេហូវ៉ា» «យើង​ផ្ញើ​សេចក្ដី​ស្រឡាញ់​របស់​យើង» ឬ «សូម​លា​សិន​ហើយ»។ បទ​គម្ពីរ​ទាំង​ឡាយ​បង្ហាញ​ថា រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ ដែល​ជា​ព្រះ​យេស៊ូ​គ្រីស្ទ មិន​ដែល​ទូល​សំដៅ​ទៅ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ តាម​របៀប​នោះ​ឡើយ។

៦. តើ‹ការ​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ ដោយ​និយាយ​ដោយ​សេរី› មាន​ន័យ​យ៉ាង​ណា?

៦ ប៉ុល​មាន​ប្រសាសន៍​ថា៖ ‹ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ ដោយ​និយាយ​ដោយ​សេរី›។ (ហេព្រើរ ៤:១៦) យើង​អាច​មក​ឯ​ព្រះ​ដោយ‹សេរី› ទោះ​ជា​យើង​មាន​បាប​ក៏​ដោយ ពី​ព្រោះ​យើង​មាន​ជំនឿ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (កិច្ច​ការ ១០:៤២, ៤៣; ២០:២០, ២១) ប៉ុន្តែ ‹ការ​និយាយ​ដោយ​សេរី›បែប​នេះ មិន​មាន​សេចក្ដី​ថា​យើង​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ជា​មួយ​នឹង​ព្រះ ឬ​និយាយ​ដោយ​ឥត​គោរព​អំពី​ទ្រង់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចង់​ឲ្យ​សេចក្ដី​អធិស្ឋាន​នៅ​សាធារណៈ​របស់​យើង បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា នោះ​យើង​ត្រូវ​ទូល​ថ្វាយ​ដោយ​គោរព​ត្រឹម​ត្រូវ​និង​សេចក្ដី​ថ្លៃ​ថ្នូរ។ ហើយ​គឺ​មិន​ត្រឹម​ត្រូវ​ទេ ក្នុង​ការ​ប្រើ​សេចក្ដី​អធិស្ឋាន​ធ្វើ​ជា​សេចក្ដី​ជូន​ដំណឹង ទូន្មាន​បុគ្គល​ណា​ម្នាក់ ឬ​បង្រៀន​អ្នក​ស្ដាប់​នោះ។

អធិស្ឋាន​ដោយ​ចិត្ត​រាប​ទាប

៧. តើ​តាម​របៀប​ណា​ដែល​សាឡូម៉ូន​សម្ដែង​នូវ​ភាព​រាប​ទាប នៅ​ពេល​អធិស្ឋាន​នៅ​ឯ​ពិធី​ឧទ្ទិស​ថ្វាយ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា ក្នុង​ក្រុង​យេរូសាឡិម?

៧ មិន​ថា​យើង​អធិស្ឋាន​នៅ​សាធារណៈ​ឬ​នៅ​ស្ងាត់​ដាច់​ពី​គេ នោះ​គោល​ការណ៍​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​ចាំ គឺ​ថា​យើង​ត្រូវ​សម្ដែង​ចិត្ត​ដ៏​រាប​ទាប​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង។ (របាក្សត្រ​ទី​២ ៧:១៣, ១៤) ស្តេច​សាឡូម៉ូន​បាន​សម្ដែង​ភាព​រាប​ទាប​ក្នុង​សេចក្ដី​អធិស្ឋាន​នៅ​សាធារណៈ នៅ​ឯ​ពិធី​ឧទ្ទិស​ថ្វាយ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​យេរូសាឡិម។ ស្តេច​សាឡូម៉ូន​ទើប​តែ​បាន​សង់​អាគារ​ដ៏​អស្ចារ្យ​បំផុត​មួយ ដែល​មាន​ស្អាង​នៅ​លើ​ផែនដី។ ប៉ុន្តែ ទ្រង់​បាន​អធិស្ឋាន​ដោយ​រាប​ទាប​ថា៖ «តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ​វិហារ​ដែល​ទូល​បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អំបាលម៉ាន​ទៅ​ទៀត»!—ពង្សាវតារ​ក្សត្រ​ទី​១ ៨:២៧

៨. តើ​មាន​របៀប​ណា​ខ្លះ​ដែល​ភាព​រាប​ទាប​អាច​បង្ហាញ​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន នៅ​សាធារណៈ​នោះ?

៨ ដូច​ស្តេច​សាឡូម៉ូន យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប នៅ​ពេល​ដែល​តំណាង​អ្នក​ឯ​ទៀត​ក្នុង​សេចក្ដី​អធិស្ឋាន​នៅ​សាធារណៈ។ ថ្វី​បើ​យើង​ត្រូវ​ជៀស​វាង​ការ​សម្ដែង​ដែល​លាក់​ពុត តែ​ភាព​រាប​ទាប​អាច​ត្រូវ​បង្ហាញ​ដោយ​សម្លេង​របស់​យើង។ សេចក្ដី​អធិស្ឋាន​ដ៏​រាប​ទាប​មិន​មែន​និយាយ​ដោយ​ប្រើ​ពាក្យ​ជ្រៅ​ឬ​ក៏​បំផ្លើស​នោះ​ឡើយ។ សេចក្ដី​អធិស្ឋាន​ដ៏​រាប​ទាប​ទាញ​អារម្មណ៍ មិន​មែន​ដល់​បុគ្គល​ដែល​កំពុង​អធិស្ឋាន​នោះ​ទេ ប៉ុន្តែ​ដល់​ព្រះ​ទ្រង់​ដែល​បាន​ទូល​ចំពោះ​នោះ។ (ម៉ាថាយ ៦:៥) សេចក្ដី​រាប​ទាប​ក៏​បាន​ត្រូវ​បង្ហាញ​ដោយ​អ្វី​ៗ​ដែល​យើង​និយាយ​ក្នុង​សេចក្ដី​អធិស្ឋាន​នោះ​ដែរ។ ប្រសិន​បើ​យើង​អធិស្ឋាន​ដោយ​រាប​ទាប នោះ​យើង​នឹង​មិន​អធិស្ឋាន ដូច​ជា​យើង​ទាម​ទារ​ឲ្យ​ព្រះ​ធ្វើ​អ្វី​មួយ​តាម​ផ្លូវ​របស់​យើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ទូល​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ប្រព្រឹត្ត​តាម​របៀប ដែល​សម​ស្រប​នឹង​បំណង​ព្រះ​ហឫទ័យ​ដ៏​បរិសុទ្ធ​របស់​ទ្រង់។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ជាក់ អំពី​អាកប្បកិរិយា​ដ៏​ត្រឹម​ត្រូវ​នេះ កាល​ដែល​គាត់​បាន​អង្វរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល​អង្វរ​ដល់​ទ្រង់ សូម​ជួយ​សង្គ្រោះ​ឥឡូវ ឱ​ព្រះ​យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល​អង្វរ​ដល់​ទ្រង់ សូម​ចាត់​សេចក្ដី​ចំរើន​មក​ឥឡូវ»!—ទំនុកដំកើង ១១៨:២៥; លូកា ១៨:៩​-​១៤

អធិស្ឋាន​ដែល​ចេញ​ពី​ចិត្ត

៩. តើ​ឱវាទ​ដ៏​ល្អ​ណា​របស់​ព្រះ​យេស៊ូ​ដែល​មាន​នៅ​ក្នុង​ម៉ាថាយ ៦:៧ ហើយ​តើ​អាច​យក​មក​អនុវត្ត​យ៉ាង​ដូច​ម្ដេច?

៩ បើ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ផ្គាប់​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​អធិស្ឋាន​នៅ​សាធារណៈ ឬ​សេចក្ដី​អធិស្ឋាន​សម្ងាត់​របស់​យើង នោះ​យើង​ត្រូវ​អធិស្ឋាន​ពី​ចិត្ត។ ដូច្នេះ យើង​នឹង​មិន​គ្រាន់​តែ​សូត្រ​រូបមន្ត​សេចក្ដី​អធិស្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ឥត​គិត​អំពី​អ្វី​ដែល​យើង​កំពុង​អធិស្ឋាន​នោះ​ឡើយ។ ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​បាន​ប្រទាន​ឱវាទ​ថា៖ «ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួន​ៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មានថា ព្រះ​ទ្រង់​នឹង​ស្ដាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន»។ បើ​និយាយ​ឲ្យ​ចំ​ទៅ នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «កុំ​ពោល​ពាក្យ​ច្រំ​ដែល​ៗ​ឥត​ប្រយោជន៍»។—ម៉ាថាយ ៦:៧, ភាសា​ខ្មែរ​សម្រាយ

១០. ហេតុ​អ្វី​ក៏​ត្រឹម​ត្រូវ​ក្នុង​ការ​អធិស្ឋាន​អំពី​រឿង​ដដែល​ច្រើន​ដង?

១០ ប្រាកដ​ហើយ យើង​ប្រហែល​ត្រូវ​អធិស្ឋាន​អំពី​រឿង​ដដែល​ច្រើន​ដង។ នេះ​គឺ​មិន​ខុស​នោះ​ទេ ដ្បិត​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ថា៖ «ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក»។ (ម៉ាថាយ ៧:៧) ប្រហែល​ជា​ត្រូវ​ការ​សាល​ព្រះ​រាជាណាចក្រ​មួយ​ថ្មី ពី​ព្រោះ​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​លូត​លាស់​ដល់​កិច្ច​ការ​ផ្សាយ​ក្នុង​តំបន់។ (អេសាយ ៦០:២២) គឺ​ត្រឹម​ត្រូវ​ក្នុង​ការ​រក្សា​ការ​សុំ​អំពី​សេចក្ដី​ត្រូវ​ការ​នេះ នៅ​ពេល​ដែល​ដាច់​ឡែក​ពី​គេ ឬ​នៅ​ពេល​អធិស្ឋាន​នៅ​សាធារណៈ​ក្នុង​កិច្ច​ប្រជុំ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ការ​ធ្វើ​បែប​នេះ មិន​មាន​ន័យ​ថា យើង‹និយាយ​ពាក្យ​ច្រំ​ដែល​ៗ​ឥត​ប្រយោជន៍​នោះ​ទេ›។

ការ​ចង​ចាំ​កតញ្ញូ​ធម៌​និង​សេចក្ដី​សរសើរ

១១. តើ​ភីលីព ៤:៦, ៧ ទាក់​ទង​នឹង​សេចក្ដី​អធិស្ឋាន​សម្ងាត់ និង​សេចក្ដី​អធិស្ឋាន​នៅ​សាធារណៈ​យ៉ាង​ដូច​ម្ដេច?

១១ មនុស្ស​ជា​ច្រើន​អធិស្ឋាន​គ្រាន់​តែ​ចង់​បាន​អ្វី​មួយ​ប៉ុណ្ណោះ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ព្រះ​យេហូវ៉ា​នឹង​ជំរុញ​យើង​ឲ្យ ថ្លែង​អំណរ​គុណ​ដល់​ទ្រង់ និង​សរសើរ​ទ្រង់​ក្នុង​សេចក្ដី​អធិស្ឋាន​សម្ងាត់​និង​សេចក្ដី​អធិស្ឋាន​សាធារណៈ​របស់​យើង។ ប៉ុល​បាន​សរសេរ​ថា៖ «កុំ​ឲ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង យ៉ាង​នោះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការ​ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។ (ភីលីព ៤:៦, ៧) ត្រូវ​ហើយ ក្រៅ​ពី​សេចក្ដី​សំណូម​និង​ពាក្យ​ទូល​អង្វរ យើង​ត្រូវ​សម្ដែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា ចំពោះ​ពរ​ខាង​វិញ្ញាណ​និង​ខាង​វត្ថុ​ដែរ។ (សុភាសិត ១០:២២) អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា៖ «ចូរ​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ​គុណ​ដល់​ព្រះ​វិញ ហើយ​លា​បំណន់​ដែល​បាន​បន់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង»។ (ទំនុកដំកើង ៥០:១៤) ហើយ​បទ​ទំនុក​របស់​ដាវីឌ​ដ៏​ជា​សេចក្ដី​អធិស្ឋាន រួម​បញ្ចូល​ពាក្យ​ដ៏​ទាញ​ចិត្ត​នេះ ដែល​ថា៖ «ទូល​បង្គំ​នឹង​ច្រៀង​ទំនុក​សរសើរ​ដល់​ព្រះ​នាម​របស់​ព្រះ ហើយ​នឹង​លើក​ដំកើង​ទ្រង់​ដោយ​អរ​ព្រះ​គុណ»។ (ទំនុកដំកើង ៦៩:៣០) តើ​យើង​មិន​គួរ​ធ្វើ​ដូច​នេះ​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​សាធារណៈ និង​សេចក្ដី​អធិស្ឋាន​សម្ងាត់​នោះ​ឬ​ទេ?

១២. តើ​ទំនុកដំកើង ១០០:៤, ៥ បាន​ត្រូវ​សម្រេច​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ ហើយ​ចំពោះ​អ្វី​ដែល​យើង​អាច​អរ​ព្រះ​គុណ​និង​សរសើរ​ដល់​ព្រះ​នោះ?

១២ ស្តី​អំពី​ព្រះ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា៖ «ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះ​គុណ ហើយ​ចូល​ទៅ​ក្នុង​ទី​លាន​ទ្រង់ ដោយ​បទ​សរសើរ ចូរ​អរ​ព្រះ​គុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះ​នាម​ទ្រង់​ចុះ ពី​ព្រោះ​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​ជា​និច្ច ហើយ​សេចក្ដី​ស្មោះ​ត្រង់​របស់​ទ្រង់ ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ»។ (ទំនុកដំកើង ១០០:៤, ៥) សព្វ​ថ្ងៃ​នេះ មនុស្ស​គ្រប់​សាសន៍​កំពុង​តែ​ចូល​ទី​ធ្លា​ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា ហើយ​ចំពោះ​រឿង​នេះ យើង​ក៏​អាច​ថ្លែង​អរ​ព្រះ​គុណ​និង​សរសើរ​ដល់​ទ្រង់​ដែរ។ តើ​អ្នក​សម្ដែង​ការ​ដឹង​គុណ​ដល់​ព្រះ​ចំពោះ​សាល​ព្រះ​រាជាណាចក្រ​ក្នុង​តំបន់ ហើយ​បង្ហាញ​ការ​អបអរ​របស់​អ្នក ដោយ​មក​ប្រជុំ​ជារឿយ​ៗ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់​នោះ​ទេ? ពេល​នៅ​ទី​នោះ តើ​អ្នក​លើក​សម្លេង​ដ៏​អស់​ពី​ចិត្ត ដោយ​ច្រៀង​ចំ​រៀង​សរសើរ​និង​ការ​អរគុណ ដល់​ព្រះ​វរបិតា​ដែល​នៅ​ស្ថាន​សួគ៌​របស់​យើង​នោះ​ទេ?

កុំ​ឲ្យ​អាម៉ាស់​មុខ​ចំពោះ​ការ​អធិស្ឋាន

១៣. តើ​គំរូ​មួយ​ណា​ក្នុង​បទ​គម្ពីរ​ដែល​បង្ហាញ​ថា យើង​ត្រូវ​ធ្វើ​សំណូម​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​មាន​អារម្មណ៍​យើង​មិន​សម​គួរ​ដោយ​កំហុស​ណា​មួយ​នោះ?

១៣ ទោះ​ជា​យើង​មាន​អារម្មណ៍​មិន​សម​គួរ​នឹង​អធិស្ឋាន ដោយ​ព្រោះ​កំហុស​ណា​មួយ​ក៏​ដោយ ក៏​យើង​ត្រូវ​មក​ឯ​ព្រះ​ដោយ​ខំ​អធិស្ឋាន។ នៅ​ពេល​ដែល​ពួក​សាសន៍​យូដា​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​យក​ប្រពន្ធ​បរទេស នោះ​អែសរ៉ា​បាន​លុត​ជង្គង់ លាត​ដៃ​ដ៏​ស្មោះ​ត្រង់​ទៅ​ព្រះ ហើយ​បាន​អធិស្ឋាន​ដោយ​មាន​ចិត្ត​រាប​ទាប​ថា៖ «ឱ​ព្រះ​នៃ​ពួក​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​ខ្មាស ហើយ​ក៏​ក្រហម​មុខ នឹង​ងើប​មើល​ទៅ​ទ្រង់​ជា​ព្រះ​នៃ​ទូល​បង្គំ​ផង ពី​ព្រោះ​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ចំរើន​ជា​ច្រើន​ឡើង ដល់​លិច​ក្បាល​យើង​ខ្ញុំ ហើយ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើត​ឡើង ដល់​លិច​ក្បាល​យើង​ខ្ញុំ ហើយ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង ដល់​ផ្ទៃ​មេឃ​ដែរ ចាប់​តាំង​ពី​គ្រា​ពួក​ឰយុកោ​យើង​ខ្ញុំ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ . . . ដូច្នេះ ក្រោយ​អស់​ទាំង​ការ​ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​អាក្រក់ នឹង​ទោស​របស់​យើង​ខ្ញុំ ដែល​មាន​ទំងន់​ជា​ខ្លាំង​ម្ល៉េះ ទោះ​បើ​ទ្រង់ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​មិន​បាន​ធ្វើ​ទោស​ដល់​យើង​ខ្ញុំ ឲ្យ​ស្មើ​នឹង​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ទេ ហើយ​បាន​ទាំង​ប្រោស ឲ្យ​យើង​ខ្ញុំ​មាន​សំណល់​រួច​ចេញ​ដូច្នេះ​ផង ឥឡូវ​នេះ តើ​យើង​ខ្ញុំ​នឹង​វិល​ទៅ ប្រព្រឹត្ត​រំលង​ក្រិត្យ​ក្រម​របស់​ទ្រង់​ទៀត ដោយ​ភ្ជាប់​ញាតិ​នឹង​ពួក​សាសន៍​នោះ​ឯង ដែល​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ឬ​អី បើ​ធ្វើ​ដូច្នោះ តើ​ទ្រង់​មិន​មាន​សេចក្ដី​ក្រោធ​ដល់​យើង​ខ្ញុំ ដរាប​ដល់​ទ្រង់​បាន​បំផ្លាញ​អស់​រលីង​ទេ​ឬ​អី ឥត​ឲ្យ​មាន​សំណល់​សល់ ឬ​អ្នក​ណា​ឲ្យ​បាន​រួច​ឡើយ ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល អើយ ទ្រង់​សុចរិត ដ្បិត​យើង​ខ្ញុំ​មាន​តែ​សំណល់ ដែល​បាន​រួច​ប៉ុណ្ណោះ​ទេ ដូច​ជា​សព្វ​ថ្ងៃ​នេះ មើល យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ មាន​ជាប់​ទាំង​ទោស​ផង ដ្បិត​ក្នុង​អំពើ​យ៉ាង​នេះ គ្មាន​អ្នក​ណា​នឹង​ឈរ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ»។—អែសរ៉ា ៩:១​-​១៥; ចោទិយកថា ៧:៣, ៤

១៤. ដូច​បាន​សម្ដែង​មក​នៅ​សម័យ​របស់​លោក​អែសរ៉ា ដើម្បី​នឹង​ទទួល​សេចក្ដី​អត់​ឱន​ទោស​ពី​ព្រះ តើ​ត្រូវ​ការ​ធ្វើ​អ្វី?

១៤ ដើម្បី​ទទួល​ការ​អត់​ឱន​ទោស​ពី​ព្រះ នោះ​សេចក្ដី​សារភាព​ដល់​ទ្រង់​ត្រូវ​តែ​រួម​បញ្ចូល​ការ​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ព្រម​ទាំង«បង្កើត​ផល​ដែល​សំណំ​នឹង​ការ​ប្រែ​ចិត្ត»។ (លូកា ៣:៨; យ៉ូប ៤២:១​-​៦; អេសាយ ៦៦:២) នៅ​ក្នុង​សម័យ​លោក​អែសរ៉ា អាកប្បកិរិយា​ដែល​ប្រែ​ចិត្ត បាន​រួម​បញ្ចូល​ការ​ខំ​ប្រឹង ដើម្បី​កែ​អំពើ​កំហុស ដោយ​កំចាត់​ចេញ​ពួក​ប្រពន្ធ​បរទេស។ (អែសរ៉ា ១០:៤៤; ប្រៀប​ធៀប កូរិនថូស​ទី​២ ៧:៨​-​១៣) ប្រសិន​បើ​កំពុង​តែ​ស្វែង​រក​ការ​អត់​ឱន​ទោស​របស់​ព្រះ​ពី​អំពើ​ខុស​ទំនង​ដ៏​ធ្ងន់ នោះ​យើង​ចូរ​ឲ្យ​យើង​ធ្វើ​សេចក្ដី​សារភាព​ដោយ​អធិស្ឋាន​ដ៏​រាប​ទាប ហើយ​បង្កើត​ផល​ផ្លែ​ដែល​សម​នឹង​ការ​ប្រែ​ចិត្ត។ គតិ​ដែល​ប្រែ​ចិត្ត និង​សេចក្ដី​ប្រាថ្នា​ចង់​កែ​កំហុស នោះ​នឹង​ជំរុញ​យើង​ឲ្យ​ស្វែង​រក​ជំនួយ​ខាង​វិញ្ញាណ​ពី​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន។—យ៉ាកុប ៥:១៣​-​១៥

ស្រង់​យក​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​អធិស្ឋាន

១៥. តើ​តាម​របៀប​ណា​ដែល​បទ​ពិសោធន៍​របស់​ហាណា បង្ហាញ​ថា​យើង​អាច​រក​បាន​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​អធិស្ឋាន?

១៥ នៅ​ពេល​ដែល​យើង​ឈឺ​ចិត្ត​ដោយ​មូលហេតុ​ណា​មួយ នោះ​យើង​អាច​រក​បាន​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​អធិស្ឋាន។ (ទំនុកដំកើង ៥១:១៧; សុភាសិត ១៥:១៣) នាង​ហាណា​ដ៏​ស្មោះ​ត្រង់​បាន​ពិសោធន៍​ដូច​នេះ​មែន។ នាង​បាន​រស់​នៅ​ក្នុង​សម័យ​មួយ កាល​ដែល​មនុស្ស​មាន​ក្រុម​គ្រួសារ​យ៉ាង​ធំ​ក្នុង​ស្រុក​អ៊ីស្រាអែល ប៉ុន្តែ​នាង​មិន​មាន​កូន​មួយ​សោះ។ អែលកាណា​ដែល​ជា​ប្ដី​របស់​នាង មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន​ពី​ប្រពន្ធ​របស់​គាត់​មួយ​ទៀត ឈ្មោះ​ពេនីណា បាន​និយាយ​ឡក​ឡើយ​នឹង​នាង​ហាណា ដោយ​ព្រោះ​ឥត​មាន​កូន​នឹង​គេ។ នាង​ហាណា​បាន​ខំ​ប្រឹង​អធិស្ឋាន និង​បាន​សន្យា​ថា ប្រសិន​បើ​នាង​ទទួល​ពរ​បាន​កូន​ប្រុស​មួយ ‹នាង​នឹង​ឲ្យ​កូន​នោះ​ដល់​ព្រះ​យេហូវ៉ា​គ្រប់​អស់​មួយ​ជីវិត​របស់​វា›។ ដោយ​បាន​សម្រាល​ទុក្ខ​ពី​សេចក្ដី​អធិស្ឋាន​របស់​នាង ហើយ​ដោយ​ពាក្យ​របស់​សម្ដេច​សង្ឃ​អេលី «នោះ​នាង​ក៏​បាត់​ទឹក​មុខ​ព្រួយ»។ នាង​ហាណា​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​បាន​ដាក់​ឈ្មោះ​ថា សាំយូអែល។ ក្រោយ​មក នាង​បាន​យក​កូន​ឲ្យ​ទៅ​បំរើ​នៅ​ឯ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ (សាំយូអែល​ទី​១ ១:៩​-​២៨) ដោយ​ដឹង​គុណ​ដល់​សេចក្ដី​សប្បុរស​របស់​ព្រះ​ចំពោះ​នាង នោះ​នាង​បាន​ថ្វាយ​សេចក្ដី​អធិស្ឋាន​នៃ​ការ​អរ​ព្រះ​គុណ ដែល​សរសើរ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​គ្មាន​អ្នក​ណា​ប្រៀប​ផ្ទឹម​បាន។ (សាំយូអែល​ទី​១ ២:១​-​១០) ដូច​នាង​ហាណា យើង​អាច​ស្រង់​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​អធិស្ឋាន ដោយ​ទុក​ចិត្ត​ថា​ព្រះ​នឹង​តប​ឆ្លើយ​នឹង​សេចក្ដី​ស្នើ​សុំ​ទាំង​ប៉ុន្មាន​របស់​អ្វី ដែល​សម​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ នៅ​ពេល​ដែល​យើង​ប្រាប់​អ្វី​ៗ​ទាំង​អស់​ពី​ចិត្ត​របស់​យើង នោះ​ចូរ​ឲ្យ​យើង«បាត់​ទឹក​មុខ​ព្រួយ» ដ្បិត​ទ្រង់​នឹង​ដក​យក​ចេញ​នូវ​បន្ទុក​របស់​យើង ឬ​ក៏​ធ្វើ​ឲ្យ​យើង​អាច​អត់​ទ្រាំ​បាន។—ទំនុកដំកើង ៥៥:២២

១៦. ដូច​បាន​បង្ហាញ​មក​ក្នុង​ករណី​របស់​យ៉ាកុប ហេតុ​អ្វី​ក៏​យើង​គួរ​អធិស្ឋាន​នៅ​ពេល​យើង​មាន​ចិត្ត​ភ័យ​ខ្លាច​ឬ​ខ្វល់​ខ្វាយ​នោះ?

១៦ ប្រសិន​បើ​ស្ថានការណ៍​មួយ​ធ្វើ​ឲ្យ​មាន​ការ​ខ្លាច ការ​ឈឺ​ចិត្ត​ឬ​សេចក្ដី​ខ្វល់​ខ្វាយ ចូរ​ឲ្យ​យើង​កុំ​ខាន​ទៅ​ឯ​ព្រះ​រក​សេចក្ដី​សម្រាល​ទុក្ខ​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ (ទំនុកដំកើង ៥៥:១​-​៤) យ៉ាកុប​មាន​ចិត្ត​ខ្លាច នៅ​ពេល​ដែល​បំរុង​នឹង​ជួប​បង​ប្រុស​អេសាវ ដែល​បាន​បែក​បាក់​គ្នា​នោះ។ ប៉ុន្តែ យ៉ាកុប​បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​នៃ​អ័ប្រាហាំ​ជីតា​ទូល​បង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​ទូល​បង្គំ ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​បាន​មាន​បន្ទូល​នឹង​ទូល​បង្គំ​ថា ‹ចូរ​វិល​ទៅ​ឯ​ញាតិ​សន្ដាន​ឯង​នៅ​ស្រុក​ឯង​វិញ​ទៅ នោះ​អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង› ទូល​បង្គំ​មិន​គួរ​ឲ្យ បាន​អស់​ទាំង​សេចក្ដី​សប្បុរស នឹង​អស់​ទាំង​សេចក្ដី​ស្មោះ ត្រង់​ដែល​ទ្រង់​បាន​ផ្ដល់​មក​ទូល​បង្គំ​ជា​អ្នក​បំរើ​ទ្រង់​ទេ ដ្បិត​ទូល​បង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ មាន​តែ​ដំបង​១​ប៉ុណ្ណោះ​តែ​ឥឡូវ​នេះ ទូល​បង្គំ​បាន​កើត​ជា​២​ពួក​ហើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូល​បង្គំ​រួច​ពី​កណ្ដាប់​ដៃ​នៃ​អេសាវ​ជា​បង ដ្បិត​ទូល​បង្គំ​ខ្លាច ក្រែង​គាត់​មក​វាយ​ពួក​ទូល​បង្គំ​នេះ ទាំង​ម្ដាយ​ទាំង​កូន​ផង ទ្រង់​បាន​មាន​បន្ទូល​ថា អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ដែល​ប្រមាណ​មិន​បាន»។ (លោកុប្បត្តិ ៣២:៩​-​១២) អេសាវ​មិន​បាន​ធ្វើ​បាប​ដល់​យ៉ាកុប​និង​អ្នក​អប​អម​របស់​គាត់​ឡើយ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន«ប្រោស​សេចក្ដី​ល្អ»ដល់​យ៉ាកុប​នៅ​លើក​នោះ។

១៧. ស្រប​នឹង​ទំនុកដំកើង ១១៩:៥២ តើ​តាម​របៀប​ណា​ដែល​សេចក្ដី​អធិស្ឋាន​របស់​យើង អាច​នាំ​យើង​មាន​ការ​សម្រាល​ទុក្ខ នៅ​ពេល​ដែល​យើង​បាន​ត្រូវ​ល្បង​ល​យ៉ាង​ខ្លាំង​នោះ?

១៧ ក្នុង​កំឡុង​សេចក្ដី​អធិស្ឋាន​របស់​យើង យើង​ប្រហែល​ជា​បាន​ត្រូវ​សម្រាល​ទុក្ខ ដោយ​នឹក​ចាំ​អ្វី​ៗ​ដែល​បាន​ចែង​ក្នុង​បន្ទូល​របស់​ព្រះ។ នៅ​ក្នុង​ទំនុកដំកើង​ដ៏​វែង​ជាង​គេ​បំផុត ដែល​ជា​សេចក្ដី​អធិស្ឋាន​ដ៏​ល្អ​បាន​លេង​ភ្លេង​ប្រកប នោះ​គឺ​ប្រហែល​ជា​ស្តេច​ហេសេគា ដែល​បាន​ច្រៀង​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ ទូល​បង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់ ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូល​បង្គំ​បាន​ក្សាន្ត​ចិត្ត»។ (ទំនុកដំកើង ១១៩:៥២) ពី​ព្រោះ​ដោយ​សេចក្ដី​អធិស្ឋាន​ដ៏​រាប​ទាប នៅ​ពេល​ដែល​បាន​ត្រូវ​ល្បង​ល​យ៉ាង​ខ្លាំង នោះ​យើង​អាច​នឹក​ចាំ​គោល​ការណ៍​ឬ​ច្បាប់​ព្រះ​គម្ពីរ ដែល​ជួយ​យើង​ឲ្យ​កាន់​យក​ដំណើរ ដែល​នាំ​ឲ្យ​មាន​ការ​ទុក​ចិត្ត​ដ៏​សម្រាល​ទុក្ខ ដែល​ថា​យើង​កំពុង​តែ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​យើង។

ពួក​អ្នក​ស្មោះ​ត្រង់​ខំ​ព្យាយាម​អធិស្ឋាន

១៨. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា ‹ពួក​ស្មោះ​ត្រង់​ទាំង​អស់​អធិស្ឋាន​ដល់​ព្រះ›?

១៨ អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ដល់​ព្រះ​យេហូវ៉ា នឹង«ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន»។ (រ៉ូម ១២:១២) នៅ​ក្នុង​ទំនុកដំកើង ទី​៣​២ ដែល​ប្រហែល​ជា​បាន​តែង​ក្រោយ​ពី​ដាវីឌ​បាន​ប្រព្រឹត្ត​បាប​ជា​មួយ​នឹង​នាង​បាត​សេបា ​នោះ​លោក​បាន​រៀប​រាប់​អំពី​ការ​ឈឺ​ចាប់ ដោយ​ឥត​បាន​រក​ការ​អត់​ឱន​ទោស និង​សេចក្ដី​ធូរ​ស្រាល​ដែល​ការ​ប្រែ​ចិត្ត​និង​សេចក្ដី​សារភាព​ដល់​ព្រះ បាន​នាំ​មក​ដល់​ទ្រង់។ រួច​មក ដាវីឌ​បាន​ច្រៀង​ថា៖ «ដូច្នេះ[ពី​ព្រោះ​ការ​អត់​ឱន​ទោស​របស់​ព្រះ​យេហូវ៉ា​គឺ​មាន​សំរាប់​អ្នក​ដែល​ប្រែ​ចិត្ត​ដ៏​ស្មោះ] ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ បាន​អធិស្ឋាន​ដល់​ទ្រង់ នៅ​វេលា​ដែល​នឹង​រក​ទ្រង់​ឃើញ»។—ទំនុកដំកើង ៣២:៦

១៩. ហេតុ​អ្វី​ក៏​យើង​ត្រូវ​លើក​ដៃ​ដ៏​ស្មោះ​ត្រង់​យើង​ក្នុង​សេចក្ដី​អធិស្ឋាន?

១៩ ប្រសិន​បើ​យើង​ស្រឡាញ់​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​អធិស្ឋាន​សុំ​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់ ដោយ​មាន​មូលដ្ឋាន​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។ ដោយ​មាន​ជំនឿ នោះ​យើង​អាច​ចូល​ទៅ​ក្នុង​បល្ល័ង្ក​នៃ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល ដោយ​មាន​សេរី​ភាព​នៃ​ការ​និយាយ ដើម្បី​ទទួល​យក​សេចក្ដី​មេត្ដា​ករុណា និង​ជំនួយ​ត្រឹម​ត្រូវ​តាម​ពេល។ (ហេព្រើរ ៤:១៦) ប៉ុន្តែ គឺ​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​អធិស្ឋាន! ដូច្នេះ ចូរ​ឲ្យ​យើង«អធិស្ឋាន​ឥត​ឈប់​ឈរ» ជា​រឿយ​ៗ​ដោយ​មាន​ពាក្យ​សរសើរ​និង​អំណរ​គុណ​ដ៏​ស្មោះ។ (ថែស្សាឡូនីច​ទី​១ ៥:១៧) ថ្ងៃ​និង​យប់ ចូរ​ឲ្យ​យើង​លើក​ដៃ​ដ៏​ស្មោះ​ត្រង់​របស់​យើង​ក្នុង​សេចក្ដី​អធិស្ឋាន។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ការ​គិត​អំពី​សេចក្ដី​អធិស្ឋាន​សាធារណៈ​ទុក​ជា​មុន មាន​ប្រយោជន៍​អ្វី?

◻ ហេតុ​អ្វី​ក៏​យើង​ត្រូវ​អធិស្ឋាន​តាម​បែប​បទ​ដ៏​គោរព​ហើយ​ដ៏​ថ្លៃ​ថ្នូរ?

◻ តើ​យើង​ត្រូវ​មាន​គតិ​យ៉ាង​ណា នៅ​ពេល​អធិស្ឋាន?

◻ នៅ​ពេល​អធិស្ឋាន ហេតុ​អ្វី​ក៏​យើង​ត្រូវ​ចាំ​ការ​អរគុណ​និង​ការ​សរសើរ?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​គម្ពីរ​បង្ហាញ​ថា យើង​អាច​ស្រង់​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​អធិស្ឋាន?

[រូប​ភាព​នៅ​ទំព័រ​២៤]

ស្តេច​សាឡូម៉ូន​បាន​សម្ដែង​សេចក្ដី​រាប​ទាប​ក្នុង​សេចក្ដី​អធិស្ឋាន​នៅ​សាធារណៈ នៅ​ឯ​ពិធី​ឧទ្ទិស​ថ្វាយ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា

[រូប​ភាព​នៅ​ទំព័រ​២៥]

ដូច​ហាណា អ្នក​អាច​ស្រង់​យក​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​អធិស្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក