គ្រួសារធំដែលរួបរួមគ្នាក្នុងកិច្ចបំរើរបស់ព្រះ
អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ កូនដែលឯងបង្កើតពីកាលនៅក្មេង នោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ សប្បាយហើយ អ្នកណាដែលមានបំពង់ព្រួញពេញ ដោយព្រួញយ៉ាងនោះ»។ (ទំនុកដំកើង ១២៧:៣-៥) ត្រូវហើយ កូនអាចធ្វើជាពរពីព្រះយេហូវ៉ា។ ហើយដូចជាខ្មាន់ធ្នូមានការពេញចិត្ត ដោយចេះដំរង់ព្រួញពីបំពង់របស់គាត់ ដូច្នេះឪពុកម្ដាយក៏ទទួលបានសុភមង្គល នៅពេលដែលគេដឹកនាំកូនរបស់គេតាមផ្លូវ ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ចដែរ។—ម៉ាថាយ ៧:១៤
ជាយូរយារមកហើយ គ្រួសារដែលមាន«បំពង់ព្រួញពេញ» ដោយកូនជាច្រើន គឺមានទូទៅក្នុងចំណោមរាស្ត្ររបស់ព្រះ។ ជាឧទាហរណ៍ ចូរគិតអំពីការរស់នៅជាប់ឃុំឃាំងនៅស្រុកអេស៊ីបអស់រយៈជាច្រើនឆ្នាំ៖ «ជនជាតិអ៊ីស្រាអែលគេបង្កើតកូនដុះដាលចំរើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ»។ (និក្ខមនំ ១:៧) ការប្រៀបធៀបចំនួនពួកអ៊ីស្រាអែលដែលបានចូលស្រុកអេស៊ីប ជាមួយនឹងចំនួនដែលបានចេញពីស្រុកនោះវិញ បង្ហាញថាគ្រួសារដែលមានកូនដប់នាក់ គឺជាចំនួនធម្មតាប៉ុណ្ណោះ!
ក្រោយមក ព្រះយេស៊ូបានធំឡើងក្នុងគ្រួសារ ដែលហាក់ដូចជាគ្រួសារដ៏ធំមួយ ចំពោះមនុស្សជាច្រើនសព្វថ្ងៃនេះ។ ព្រះយេស៊ូជាកូនច្បង ក៏ប៉ុន្តែយ៉ូសែបនិងម៉ារាមានកូនប្រុសបួននាក់ទៀត និងកូនស្រីខ្លះដែរ។ (ម៉ាថាយ ១៣:៥៤-៥៦) ដែលគេមានកូនជាច្រើននាក់ ប្រហែលជាពន្យល់នូវរបៀបដែលម៉ារានិងយ៉ូសែប អាចចាប់ផ្ដើមធ្វើដំណើរពីក្រុងយេរូសាឡិម ដោយឥតដឹងថាបាត់ព្រះយេស៊ូពីក្រុមរបស់គេផង។—លូកា ២:៤២-៤៦
គ្រួសារធំសព្វថ្ងៃនេះ
សព្វថ្ងៃនេះ ពួកគ្រីស្ទានជាច្រើនសម្រេចចិត្ត ដើម្បីដាក់ចំនួនកំណត់នឹងគ្រួសាររបស់គេ សំរាប់មូលហេតុខាងវិញ្ញាណ សេដ្ឋកិច្ច សង្គម និងមូលហេតុឯទៀត។ យ៉ាងណាក៏ដោយ គ្រួសារធំគឺនៅមានធម្មតានៅក្នុងសង្គមជាច្រើន។ យោងទៅតាមសៀវភៅ សភាពនៃកូនក្មេងក្នុងពិភពលោកឆ្នាំ១៩៩៧ ភូមិភាគដែលមានអត្រានៃការសម្រាលកូនច្រើនជាងគេបំផុត គឺនៅទ្វីបអាហ្វ្រិក ខាងត្បូងពីសាហារ៉ា។ នៅទីនោះ មិនជាការចម្លែកទេ ដែលស្ត្រីម្នាក់នឹងសម្រាលបានកូនចំនួនប្រាំមួយនាក់នោះ។
ចំពោះឪពុកម្ដាយគ្រីស្ទាន ដែលមានគ្រួសារធំ ការចិញ្ចឹមកូនរបស់គេ ដើម្បីឲ្យគេស្រឡាញ់ព្រះយេហូវ៉ា គឺមិនមែនជាអ្វីស្រួលទេ ប៉ុន្តែឪពុកម្ដាយជាច្រើន កំពុងតែធ្វើការនេះយ៉ាងជោគជ័យ។ ជ័យជំនះនេះគឺពឹងទៅលើគ្រួសារ រួបរួមគ្នាក្នុងការថ្វាយបង្គំបរិសុទ្ធ។ ពាក្យរបស់សាវ័កប៉ុលជូនក្រុមជំនុំនៅស្រុកកូរិនថូស ក៏មានឥទ្ធិពលស្មើគ្នាដល់គ្រួសារគ្រីស្ទានសព្វថ្ងៃនេះដែរ។ គាត់បានសរសេរថា៖ «ឥឡូវនេះ បងប្អូនអើយ ខ្ញុំទូន្មានដល់អ្នករាល់គ្នា . . . ចូរនិយាយសេចក្ដីដដែលទាំងអស់គ្នា កុំឲ្យមានសេចក្ដីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ»។ (កូរិនថូសទី១ ១:១០) តើការរួបរួមគ្នាបែបនេះអាចបានត្រូវសម្រេចយ៉ាងដូចម្ដេច?
ឪពុកម្ដាយត្រូវតែជាមនុស្សដែលមានគតិខាងវិញ្ញាណ
កត្ដាដ៏សំខាន់គឺថា ឪពុកម្ដាយត្រូវតែធ្វើជាអ្នកថ្វាយខ្លួនអស់ពីចិត្តដល់ព្រះ។ ចូរពិចារណាមើលនូវអ្វីដែលម៉ូសេមានប្រសាសន៍ដល់ពួកអ៊ីស្រាអែល៖ «ចូរស្ដាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯងព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។—ចោទិយកថា ៦:៤-៧
ចូរកត់សម្គាល់ថា ម៉ូសេបានចង្អុលថា សេចក្ដីបង្គាប់នេះរបស់ព្រះ ត្រូវតែមាន«នៅជាប់ក្នុងចិត្ត»របស់ឪពុកម្ដាយ។ អីចឹងហើយទើបឪពុកម្ដាយនឹងមានចិត្តទោរទន់ ដើម្បីផ្ដល់សេចក្ដីបង្រៀនខាងវិញ្ញាណជារឿយៗ ដល់កូនចៅរបស់គេ។ តាមការពិត នៅពេលដែលឪពុកម្ដាយខ្លាំងខាងវិញ្ញាណ នោះគេនឹងមានចិត្តខ្នះខ្នែងដើម្បីបង្ហាត់កូនរបស់គេអំពីរឿងខាងវិញ្ញាណ។
ដើម្បីឲ្យក្លាយទៅជាបុគ្គលដែលមានគតិខាងវិញ្ញាណ ហើយឲ្យស្រឡាញ់ព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត គឺសំខាន់ណាស់ដែលយើងត្រូវអាន រំពឹងគិត និងអនុវត្តតាមបន្ទូលរបស់ព្រះជារឿយៗ។ អ្នកតែងបទទំនុកដំកើងបានសរសេរថា បុគ្គលដែលមានចិត្តរីករាយនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ហើយដែលអានបន្ទូលទ្រង់«ទាំងយប់ទាំងថ្ងៃ» នឹង«ដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។—ទំនុកដំកើង ១:២, ៣
ដូចជាដើមឈើមួយមានផលផ្លែល្អ ដោយបានស្រោចទឹកជារៀងរាល់ដងនោះ ដូច្នេះគ្រួសារដែលបានត្រូវបំប៉នខាងវិញ្ញាណ ក៏មានផលផ្លែល្អដែរ ដោយនឹងសរសើរដល់ព្រះយេហូវ៉ា។ គ្រួសាររបស់អ៊ូវ៉ាមិគ្វូ ដែលរស់នៅក្នុងទ្វីបអាហ្វ្រិកខាងលិច គឺមានដូច្នេះមែន។ ទោះជាអ៊ូវ៉ាមិគ្វូនិងប្រពន្ធរបស់គាត់មានកូនប្រាំបីនាក់ក៏ដោយ គេទាំងពីរនាក់នៅបំរើជាអ្នកត្រួសត្រាយពេញពេល ឬក៏អ្នកបំរើពេញពេលរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់និយាយថា៖ «គ្រួសាររបស់យើងបានរក្សាការសិក្សាក្នុងគ្រួសារជារឿយៗ ដែលមានអស់រយៈ២០ឆ្នាំមកហើយ។ យើងបានបង្រៀនបន្ទូលរបស់ព្រះដល់កូនតាំងពីកូនង៉ាមកម្ល៉េះ ប៉ុន្តែមិនគ្រាន់តែបង្រៀននៅពេលការសិក្សាក្នុងគ្រួសារប៉ុណ្ណោះ ក៏បង្រៀននៅក្នុងកិច្ចបំរើផ្សាយនិងពេលវេលាឯទៀតដែរ។ កូនទាំងអស់របស់យើងជាអ្នកប្រកាសដំណឹងល្អនៃព្រះរាជាណាចក្រ ហើយមានតែកូនពៅទេ ដែលមានអាយុប្រាំមួយឆ្នាំ ដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកនោះ»។
ការរួមដៃជាក្រុមមួយ
ព្រះគម្ពីរចែងថា៖ «ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា»។ (សុភាសិត ២៤:៣) នៅក្នុងគ្រួសារ ប្រាជ្ញាបែបនេះបង្កើតឲ្យមានការរួមដៃជាក្រុមមួយ។ «ប្រធានក្រុម»នៃគ្រួសារ គឺជាឪពុក។ គាត់ជាមេគ្រួសារដែលបានត្រូវរើសតាំងដោយព្រះ។ (កូរិនថូសទី១ ១១:៣) សាវ័កប៉ុលដែលបានព្រះបណ្ដាលឲ្យតែង នោះបានបញ្ជាក់នូវភាពធ្ងន់ធ្ងរនៃភារៈកិច្ចជាមេគ្រួសារ នៅពេលដែលគាត់បានសរសេរថា៖ «បើមានអ្នកណា ដែលមិនផ្គត់ផ្គង់[ទាំងខាងសាច់ឈាមនិងខាងវិញ្ញាណ]ឲ្យពួកញាតិសន្ដានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។—ធីម៉ូថេទី១ ៥:៨
ស្របទៅតាមឱវាទនេះពីបន្ទូលរបស់ព្រះ ប្ដីជាគ្រីស្ទានម្នាក់ត្រូវតែមើលរក្សាដល់ភាពវិញ្ញាណរបស់ប្រពន្ធខ្លួនដែរ។ ប្រសិនបើកិច្ចការក្នុងគ្រួសារដែលប្រពន្ធត្រូវធ្វើបានទៅជាបន្ទុកមួយ នោះនឹងធ្វើឲ្យមានការដុនដាបដល់ភាពវិញ្ញាណរបស់គាត់។ នៅក្នុងប្រទេសមួយនៅទ្វីបអាហ្វ្រិក គ្រីស្ទានម្នាក់ដែលទើបបានទទួលបុណ្យជ្រមុជទឹក បានថ្ងូរប្រាប់ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់គាត់ ថាប្រពន្ធគាត់ហាក់ដូចជាមានចិត្តកន្តើយនឹងរឿងខាងវិញ្ញាណ។ ពួកអ្នកចាស់ទុំបានឲ្យយោបល់ថា ប្រពន្ធរបស់គាត់ត្រូវការជំនួយ ដោយប្រតិបត្ដិការ។ ដូច្នេះប្ដីនេះក៏បានចាប់ផ្ដើមជួយនាងធ្វើកិច្ចការក្នុងផ្ទះ។ គាត់ក៏បានចំណាយពេលជួយនាង ធ្វើឲ្យបានប្រសើរឡើងនូវការអាន និងចំណេះរបស់នាងអំពីព្រះគម្ពីរ។ នាងបានតបឆ្លើយយ៉ាងល្អ ហើយឥឡូវនេះគ្រួសារទាំងមូលគឺរួបរួមក្នុងកិច្ចបំរើរបស់ព្រះ។
ឪពុកក៏ត្រូវយកចិត្តទុកដាក់នឹងភាពវិញ្ញាណនៃកូនរបស់គេដែរ។ ប៉ុលបានសរសេរថា៖ «ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) នៅពេលដែលឪពុកម្ដាយធ្វើតាមឱវាទនេះ ដោយមិនចាក់រុកកូនរបស់គេ ព្រមទាំងមានការបង្ហាត់ នោះកូននឹងមានអារម្មណ៍ថា គេមានចំណែករួមដៃក្នុងក្រុមគ្រួសារមួយ។ ជាលទ្ធផល កូននឹងប្រហែលចង់ជួយនិងលើកទឹកចិត្តគ្នា ដើម្បីឲ្យបានសម្រេចគោលដៅខាងវិញ្ញាណ។
ការរួមដៃគ្នាទាក់ទិននឹងការឲ្យកូននូវភារៈខាងវិញ្ញាណ នៅពេលដែលអាចធ្វើទៅបាន។ ឪពុកគ្រីស្ទានម្នាក់ដែលមានមុខនាទីជាអ្នកចាស់ទុំ មានកូន១១នាក់ តែងភ្ញាក់ពីព្រលឹម ដើម្បីដឹកនាំការសិក្សាជាមួយកូនមួយចំនួន មុននឹងគាត់ចេញទៅធ្វើការ។ កូនច្បងៗ ក្រោយពីទទួលបុណ្យជ្រមុជទឹកហើយ ក៏ផ្លាស់វេនគ្នាក្នុងការជួយប្អូនប្រុសស្រីរបស់គេ ដែលរួមបញ្ចូលការបង្រៀនគេអំពីព្រះគម្ពីរ។ ឪពុកជាអ្នកចាត់ចែង ហើយសរសើរដល់ការខំប្រឹងរបស់គេ។ កូនប្រាំមួយនាក់បានទទួលបុណ្យជ្រមុជទឹកហើយ និងពួកឯទៀតបន្តធ្វើការសំដៅទៅឯគោលដៅនោះ។
ការប្រស្រ័យទាក់ទងល្អនិងគោលដៅដែលបានរួមគ្នា
អ្វីដែលចាំបាច់ចំពោះគ្រួសារដែលបានរួបរួមគ្នា គឺការប្រស្រ័យទាក់ទងល្អដែលប្រកបដោយសេចក្ដីស្រឡាញ់ និងគោលដៅខាងវិញ្ញាណដែលបានរួមគ្នា។ ហ្គឌិន គឺជាអ្នកចាស់ទុំគ្រីស្ទានម្នាក់ដែលរស់នៅក្នុងប្រទេសនីហ្សេរីយ៉ា គឺជាឪពុកដែលមានកូនពីអាយុ១១ទៅ២៧ឆ្នាំ។ ដូចជាឪពុកម្ដាយដែរ កូនប្រាំមួយនាក់ជាអ្នកត្រួសត្រាយ។ កូនពៅដែលទើបតែបានទទួលបុណ្យជ្រមុជទឹក គឺចូលរួមជារឿយៗក្នុងកិច្ចការធ្វើឲ្យមានសិស្ស ជាមួយនឹងសមាជិកទាំងអស់ក្នុងគ្រួសារ។ កូនប្រុសពេញវ័យពីរនាក់ គឺបំរើជាអ្នកងារជំនួយនៅក្នុងក្រុមជំនុំ។
ហ្គឌិនបានដឹកនាំការសិក្សាព្រះគម្ពីរជាមួយកូននិមួយៗផ្ទាល់ខ្លួន។ ក្រៅពីនេះ គ្រួសារនេះមានកម្មវិធីទូលំទូលាយនៃការអប់រំខាងព្រះគម្ពីរ។ រៀងរាល់ព្រឹកគេមកជុំគ្នាដើម្បីពិនិត្យមើលបទគម្ពីរ ហើយរួចមករៀបចំសំរាប់កិច្ចប្រជុំក្នុងក្រុមជំនុំ។
គោលដៅមួយដែលបានទុកសំរាប់សមាជិកម្នាក់ៗក្នុងគ្រួសារ គឺដើម្បីឲ្យអានអត្ថបទទាំងអស់ក្នុងទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក! នៅក្នុងពេលថ្មីៗនេះ គេបានបន្ថែមការអានព្រះគម្ពីររៀងរាល់ថ្ងៃទៅក្នុងកាលវិភាគរបស់គេ។ ដោយនិយាយអំពីអ្វីដែលគេបានអាន នោះសមាជិកគ្រួសារលើកទឹកចិត្តគ្នាឲ្យបន្តនឹងទម្លាប់នេះ។
ការសិក្សាព្រះគម្ពីរប្រចាំសប្ដាហ៍បានត្រូវស្ថាបនាល្អដល់ម្ល៉េះ ដែលគ្មានអ្នកណាម្នាក់ត្រូវការរំឭកនោះទេ គេគ្រប់គ្នាទន្ទឹងចាំដល់ពេលនេះណាស់។ ជាច្រើនឆ្នាំកន្លងទៅ បញ្ជីរឿង និងកំឡុងពេលនៃការសិក្សាក្នុងគ្រួសារគឺមានផ្សេងៗគ្នា តាមអាយុនិងសេចក្ដីត្រូវការរបស់កូនៗ។ គ្រួសារនេះបានជិតស្និទ្ធជាមួយនឹងអ្នកបំរើស្មោះត្រង់ឯទៀតរបស់ព្រះ ហើយនេះក៏មានឥទ្ធិពលដ៏មានប្រយោជន៍លើកូនៗ។
ជាគ្រួសារមួយ គេធ្វើអ្វីៗជាមួយគ្នា និងលៃលកពេលសំរាប់ការលំហែកាយ។ មួយសប្ដាហ៍ម្ដង គេសប្បាយរីករាយនឹង«រាត្រីសំរាប់គ្រួសារ» ដែលមានចំណោទសួរ រឿងកំប្លែងត្រឹមត្រូវ លេងភ្លេងព្យាណូ និទានរឿង និងការសំរាក។ យូរៗម្ដង គេទៅឯសមុទ្រនិងកន្លែងឯទៀតដែលគេចាប់អារម្មណ៍។
ការទុកចិត្តលើព្រះយេហូវ៉ា
គ្មានអ្វីៗដែលរៀបរាប់នៅខាងលើនេះ ធ្វើឲ្យភាពពិបាកនៃការចិញ្ចឹមគ្រួសារធំបានស្រាលនោះទេ។ គ្រីស្ទានម្នាក់និយាយថា៖ «គឺជាអ្វីដ៏ពិបាកមួយ ឲ្យបានជាឪពុកល្អដល់កូនប្រាំបីនាក់»។ គឺត្រូវការនូវអាហារជាច្រើនខាងសាច់ឈាមនិងខាងវិញ្ញាណ ដើម្បីចិញ្ចឹមគេ។ ខ្ញុំត្រូវតែខំប្រឹងធ្វើការរកលុយចិញ្ចឹមពួកគេ។ កូនបងៗគឺជាយុវវ័យ ហើយកូនទាំងប្រាំបីនាក់ទៅសាលារៀន។ ខ្ញុំដឹងថា ការអប់រំខាងវិញ្ញាណគឺសំខាន់ណាស់ ប៉ុន្តែកូនខ្ញុំខ្លះគឺរឹងចចេសនិងឥតស្ដាប់បង្គាប់ទេ។ គេធ្វើឲ្យខ្ញុំព្រួយចិត្ត ប៉ុន្តែខ្ញុំដឹងថា ពេលខ្លះខ្ញុំក៏ធ្វើអ្វីដែលធ្វើឲ្យព្រះយេហូវ៉ាព្រួយព្រះទ័យដែរ ហើយទ្រង់អត់ឱនទោសឲ្យខ្ញុំ។ ដូច្នេះ ខ្ញុំត្រូវខំបន្តដោយអត់ធ្មត់ ដើម្បីកែប្រដៅកូនរបស់ខ្ញុំ រហូតឲ្យគេដឹងខុសត្រូវ។
«ខ្ញុំបានខំធ្វើតាមគំរូរបស់ព្រះយេហូវ៉ា ក្នុងន័យថា ទ្រង់មានព្រះទ័យអត់ធ្មត់នឹងយើង ពីព្រោះទ្រង់ចង់ឲ្យយើងចេះប្រែចិត្ត។ ខ្ញុំសិក្សាជាមួយគ្រួសាររបស់ខ្ញុំ ហើយកូនរបស់ខ្ញុំខ្លះមានគោលដៅចង់ទទួលបុណ្យជ្រមុជទឹក។ ខ្ញុំមិនពឹងលើកម្លាំងរបស់ខ្ញុំ ដើម្បីឲ្យបានសម្រេចផលទេ។ កម្លាំងរបស់ខ្ញុំសម្រេចបានតិចណាស់។ ខ្ញុំខំចូលទៅជិតព្រះយេហូវ៉ាឲ្យកាន់តែខ្លាំងតាមរយៈការអធិស្ឋាន និងខំអនុវត្តតាមសុភាសិតមួយ ដែលចែងថា៖ ‹ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង›។ ព្រះយេហូវ៉ានឹងជួយខ្ញុំឲ្យសម្រេចការបង្ហាត់កូនចៅរបស់ខ្ញុំជាមិនខាន»។—សុភាសិត ៣:៥, ៦
កុំនឿយណាយចិត្តឡើយ!
នៅពេលខ្លះ ការអប់រំកូន ប្រហែលជាកិច្ចការដែលមើលទៅដូចជាគ្មានអ្នកណាដឹងគុណទេ ប៉ុន្តែកុំនឿយណាយចិត្តឡើយ! ចូរខំប្រឹងតស៊ូចុះ! ប្រសិនបើកូនរបស់អ្នកមិនអបអរទេ ឬមិនប្រព្រឹត្តដោយវិជ្ជមានចំពោះការខំប្រឹងរបស់អ្នកក៏ដោយ នោះគេប្រហែលជានឹងធ្វើតាមនៅពេលក្រោយមក។ គឺត្រូវការពេលវេលាដើម្បីឲ្យកូនធំឡើងជាគ្រីស្ទានម្នាក់ ដែលមានផលផ្លែវិញ្ញាណនោះ។—កាឡាទី ៥:២២, ២៣
ម៉ុននីកា ដែលរស់នៅក្នុងប្រទេសឃិនយ៉ា ជាកូនម្នាក់ក្នុងចំណោមកូនដប់នាក់។ នាងនិយាយថា៖ «ឪពុកម្ដាយខ្ញុំបានបង្រៀនយើងអំពីសេចក្ដីពិតក្នុងព្រះគម្ពីរតាំងពីកូនង៉ា។ ឪពុកតែងសិក្សាប្រកាសនវត្ថុគ្រីស្ទានជាមួយយើងរៀងរាល់សប្ដាហ៍។ ដោយព្រោះការងាររបស់គាត់ ការសិក្សាមិនមាននៅថ្ងៃដដែលនោះទេ។ នៅពេលខ្លះ កាលដែលគាត់កំពុងធ្វើដំណើរមកផ្ទះ គាត់តែងឃើញយើងលេងនៅខាងក្រៅ រួចប្រាប់យើងថា ក្នុងប្រាំនាទី យើងទាំងអស់គ្នាត្រូវឲ្យចូលផ្ទះដើម្បីសិក្សាព្រះគម្ពីរ។ ក្រោយពីការសិក្សាព្រះគម្ពីរ នោះយើងបានត្រូវលើកទឹកចិត្តឲ្យសួរសំនួរ ឬក៏ពិគ្រោះបញ្ហាណាមួយ។
«គាត់ធ្វើឲ្យប្រាកដប្រជាថា យើងចូលរួមជាមួយកូនៗដែលកោតខ្លាចព្រះ។ ឪពុកតែងទៅលេងសាលាជារឿយៗ ដើម្បីសួរគ្រូអំពីចរិយារបស់យើង។ នៅពេលមួយ គាត់បានឮថាបងប្រុសបីនាក់របស់ខ្ញុំបានវាយជាមួយក្មេងប្រុសឯទៀត ហើយថាគេជួនកាលមានឫកពាទ្រគោះផង។ ឪពុកបានដាក់ទោសគេដោយសារកាន់អាកប្បកិរិយាមិនល្អ ប៉ុន្តែគាត់ក៏បានចំណាយពេលដើម្បីពន្យល់ពីព្រះគម្ពីរនូវមូលហេតុ ដែលគេត្រូវប្រព្រឹត្តតាមផ្លូវរបស់ព្រះដែរ។
«ឪពុកម្ដាយរបស់យើងបានបង្ហាញយើងនូវប្រយោជន៍ពីការទៅប្រជុំ ដោយជួយយើងរៀបចំទុកជាមុនសំរាប់ការប្រជុំ។ យើងបានត្រូវបង្ហាត់ឲ្យទៅជាអ្នកបំរើ ដោយមានការហាត់និយាយនៅឯផ្ទះ។ តាំងពីកូនង៉ា យើងបានត្រូវរួបរួមជាមួយឪពុកម្ដាយរបស់យើងនៅក្នុងកិច្ចផ្សាយបំរើ។
«សព្វថ្ងៃនេះ បងប្រុសពីរនាក់របស់ខ្ញុំគឺជាអ្នកត្រួសត្រាយផ្នែកពិសេស បងស្រីម្នាក់ជាអ្នកត្រួសត្រាយពេញពេល និងបងស្រីម្នាក់ទៀត ដែលបានរៀបការនិងមានគ្រួសារ ក៏ជាស្មរបន្ទាល់ដ៏សកម្មដែរ។ ប្អូនស្រីពីរនាក់របស់ខ្ញុំ ដែលមានអាយុ១៨និង១៦ឆ្នាំ គឺជាអ្នកផ្សាយដែលទទួលបុណ្យជ្រមុជទឹក។ ប្អូនប្រុសពៅពីរនាក់កំពុងបានត្រូវអប់រំ។ ខ្ញុំបានបំរើនៅការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ា នៅប្រទេសឃិនយ៉ាអស់រយៈបីឆ្នាំហើយ។ ខ្ញុំស្រឡាញ់និងមានចិត្តអបអរចំពោះឪពុកម្ដាយខ្ញុំ ពីព្រោះពួកគាត់ជាមនុស្សដែលមានគតិខាងវិញ្ញាណ។ ពួកគាត់បានទុកគំរូល្អសំរាប់យើងរាល់គ្នា»។
ទោះជាអ្នកមានកូនប៉ុន្មាននាក់ក៏ដោយ ចូរកុំនឿយណាយចិត្តឡើយក្នុងការជួយគេ ឲ្យដើរតាមផ្លូវដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ កាលដែលព្រះយេហូវ៉ាប្រទានពរដល់ការខំប្រឹងរបស់អ្នក នោះអ្នកនឹងបន្លឺសម្លេងដូចពាក្យរបស់សាវ័កយ៉ូហាន ដែលស្តីអំពីកូនខាងវិញ្ញាណរបស់គាត់ ដោយថា៖ «គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្ដីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្ដីពិតនោះឯង»។—យ៉ូហានទី៣ ៤