ចូរបង្ហាត់បង្រៀនកូនឲ្យចេះស្រឡាញ់ព្រះយេហូវ៉ា
«កូនដែលឯងបង្កើតពីកាលនៅក្មេង នោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ»។—ទំនុកដំកើង ១២៧:៤
១, ២. តើកូនៗប្រៀបដូចជា«ព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ»យ៉ាងដូចម្ដេច?
អ្នកកាន់ធ្នូកំពុងតម្រង់ព្រួញបាញ់ទៅឲ្យចំវង់មូល។ គាត់ដាក់ព្រួញចំខ្សែ ហើយចាប់យឹតធ្នូអស់ពីកម្លាំង។ ទោះជាពិបាកទ្រាំក៏ដោយ គាត់នៅតែអត់ធ្មត់ក្នុងការតម្រង់ព្រួញឲ្យចំវង់មូល។ រួចមក គាត់ប្រលែងខ្សែដើម្បីឲ្យព្រួញហោះទៅ! តើព្រួញនឹងបាញ់ចំវង់មូលទេ? នេះគឺផ្អែកទៅលើកត្ដាផ្សេងៗ ដូចជាសមត្ថភាពរបស់គាត់ក្នុងការបាញ់ព្រួញយ៉ាងថ្នឹក កម្លាំងខ្យល់ដែលបក់ព្រួញ និងគុណភាពនៃព្រួញជាដើម។
២ ស្តេចសាឡូម៉ូនបានប្រៀបប្រដូចកូនៗទៅនឹង«ព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ»។ (ទំនុកដំកើង ១២៧:៤) សូមពិចារណាមើលថា តើមាតាបិតានិងអ្នកបាញ់ព្រួញមានលក្ខណៈប្រហាក់ប្រហែលគ្នាយ៉ាងណា? អ្នកកាន់ធ្នូដាក់ព្រួញចំខ្សែតែមួយរយៈខ្លីប៉ុណ្ណោះ។ គាត់ត្រូវប្រលែងខ្សែភ្លាមដើម្បីឲ្យព្រួញហោះ ហើយបាញ់ទៅចំវង់មូល។ ដូចគ្នាដែរ មាតាបិតាទាំងឡាយមានរយៈពេលខ្លីណាស់ ដើម្បីជួយកូនបណ្ដុះឲ្យមានចិត្តស្រឡាញ់ព្រះយេហូវ៉ា។ មើលទៅដូចជាពេលកន្លងទៅយ៉ាងឆាប់ ស្រាប់តែកូនធំហើយ ក៏បែកផ្ទះ។ (ម៉ាថាយ ១៩:៥) ក្រោយកូនៗបែកផ្ទះ តើពួកគេនឹងស្រឡាញ់ហើយបម្រើព្រះយេហូវ៉ាតទៅទៀតទេ ប្រៀបដូចជាព្រួញដែលហោះទៅចំវង់មូល? នេះគឺអាស្រ័យទៅលើកត្ដាផ្សេងៗ។ កត្ដាទាំងប៉ុន្មានរួមបញ្ចូលកត្ដាបីយ៉ាង ដូចជាសមត្ថភាពរបស់មាតាបិតាក្នុងការបង្ហាត់បង្រៀនកូន ស្ថានភាពក្នុងរង្វង់គ្រួសារ និងរបៀបដែលកូនៗអនុវត្តតាមការបង្ហាត់បង្រៀនដែលពួកគេបានទទួល ប្រៀបដូចជាព្រួញហោះ។ ឥឡូវយើងសូមមើលកត្ដាទាំងនេះម្ដងមួយៗឲ្យបានដិតដល់ជាង។ មុនដំបូង យើងសូមពិនិត្យមើលលក្ខណៈនៃមាតាបិតាដែលពូកែតម្រង់កូន។
មាតាបិតាពូកែរមែងតាំងគំរូល្អ
៣. ហេតុអ្វីក៏មាតាបិតាត្រូវតែប្រព្រឹត្តតាមអ្វីដែលគាត់និយាយ?
៣ ព្រះយេស៊ូបានតាំងគំរូល្អឲ្យមាតាបិតាទាំងឡាយ ដោយប្រព្រឹត្តតាមអ្វីដែលទ្រង់បង្រៀន។ (យ៉ូហាន ១៣:១៥) ម្យ៉ាងទៀត ទ្រង់បានផ្ដន្ទាទោសពួកផារិស៊ីដែលចេះតែ«ថា» ប៉ុន្តែ«មិនធ្វើតាមទេ»។ (ម៉ាថាយ ២៣:៣) បើមាតាបិតាចង់ជំរុញកូនៗឲ្យស្រឡាញ់ព្រះយេហូវ៉ា ការប្រព្រឹត្តរបស់ពួកគាត់ត្រូវតែដើរទន្ទឹមគ្នានឹងពាក្យសម្ដី។ បើមាតាបិតាចេះតែនិយាយស្តី តែខ្លួនឯងមិនប្រព្រឹត្តតាម នោះពាក្យសម្ដីរបស់ពួកគាត់គ្មានប្រយោជន៍អ្វីសោះ ដូចជាធ្នូដែលអត់មានខ្សែ។—យ៉ូហានទី១ ៣:១៨
៤. តើគប្បីឲ្យមាតាបិតាទាំងឡាយសួរខ្លួនឯងនូវសំណួរអ្វីខ្លះ? ហើយហេតុអ្វី?
៤ ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យមាតាបិតាតាំងគំរូល្អឲ្យកូន? មនុស្សពេញវ័យរៀនឲ្យចេះស្រឡាញ់ព្រះយេហូវ៉ាដោយមើលគំរូរបស់ព្រះយេស៊ូ ហើយដូចគ្នាដែរ កូនៗក៏ចេះស្រឡាញ់ព្រះយេហូវ៉ាដោយធ្វើតាមគំរូល្អរបស់ឪពុកម្ដាយ។ ពួកម៉ាករបស់កូនៗអាចជួយពួកគេឲ្យមានលក្ខណៈល្អ ឬក៏អាច«បង្ខូចកិរិយាល្អ»របស់ពួកគេវិញ។ (កូរិនថូសទី១ ១៥:៣៣) អស់រយៈពេលយូរ ជាពិសេសពេលកូននៅតូចហើយងាយស្រូបយកចំណេះជាច្រើន មាតាបិតាគួរតែធ្វើជាពួកម៉ាកជិតស្និទ្ធជាងគេដែលមានឥទ្ធិពលច្រើនបំផុតទៅលើកូន។ បើដូច្នេះ មាតាបិតាទាំងឡាយគួរសួរខ្លួនឯងថា ‹តើខ្ញុំជាមិត្តភក្ដិបែបណាដល់កូន? តើគំរូរបស់ខ្ញុំលើកទឹកចិត្តកូនឲ្យមានកិរិយាល្អទេ? តើខ្ញុំទុកគំរូល្អឲ្យកូនក្នុងការអធិស្ឋាននិងការសិក្សាគម្ពីរទេ?›។
មាតាបិតាពូកែរមែងអធិស្ឋានជាមួយកូន
៥. តើកូនៗអាចរៀនអ្វីខ្លះពេលស្ដាប់ឪពុកម្ដាយអធិស្ឋាន?
៥ កូនៗអាចរៀនច្រើនអំពីព្រះយេហូវ៉ាដោយស្ដាប់ឪពុកម្ដាយអធិស្ឋាន។ ពេលកូនៗស្ដាប់ឪពុកម្ដាយថ្លែងអំណរគុណចំពោះព្រះយេហូវ៉ាមុនពេលទទួលទានអាហារ និងអធិស្ឋានមុនពេលសិក្សាគម្ពីរ តើពួកគេនឹងយល់យ៉ាងណា? កូនច្បាស់ជាយល់ថា ព្រះយេហូវ៉ាជាអ្នកផ្គត់ផ្គង់យើង ដូច្នេះយើងគួរថ្លែងអំណរគុណចំពោះទ្រង់។ កូនក៏រៀនថា ព្រះយេហូវ៉ាជាអ្នកដែលបង្រៀនយើងនូវសេចក្ដីពិតក្នុងគម្ពីរ។ មេរៀនទាំងនេះពិតជាសំខាន់ណាស់!—យ៉ាកុប ១:១៧
៦. តើមាតាបិតាអាចធ្វើយ៉ាងណាដើម្បីជួយកូនៗឲ្យមានអារម្មណ៍ថា ព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់ចំពោះពួកគេផ្ទាល់?
៦ ក៏ប៉ុន្តែ ការអធិស្ឋាននៅពេលផ្សេងទៀតក្រៅពីពេលសិក្សាគម្ពីរនិងបរិភោគអាហារ ហើយការពិភាក្សារឿងសំខាន់ៗដែលទាក់ទងចំៗទៅលើមាតាបិតានិងកូន ក៏ផ្ដល់ប្រយោជន៍ច្រើនថែមទៀតដែរ។ ទង្វើបែបនេះនឹងជួយកូនឲ្យមានអារម្មណ៍ថា ព្រះយេហូវ៉ាជាសមាជិកគ្រួសាររបស់អ្នកដែរ ហើយថាទ្រង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នករាល់គ្នាផង។ (អេភេសូរ ៦:១៨; ពេត្រុសទី១ ៥:៦, ៧) បិតាម្នាក់មានប្រសាសន៍ថា៖ «តាំងពីកូនស្រីកើតមក យើងបានអធិស្ឋានជាមួយនាង។ ពេលនាងធំឡើង យើងបានអធិស្ឋានអំពីរឿងផ្សេងៗដែលទាក់ទងនឹងនាង ដូចជាការសេពគប់ជាមួយអ្នកដទៃជាដើម។ យើងបានអធិស្ឋានជារៀងរាល់ថ្ងៃមិនដែលខានជាមួយនាង រហូតដល់ថ្ងៃដែលនាងបែកផ្ទះទៅនៅជាមួយស្វាមី»។ តើអ្នកអាចអធិស្ឋានរៀងរាល់ថ្ងៃជាមួយកូនៗទេ? តើអ្នកអាចជួយកូនៗឲ្យចាត់ទុកព្រះយេហូវ៉ាជាមិត្តជិតស្និទ្ធដែលយកចិត្តទុកដាក់នឹងអារម្មណ៍របស់ពួកគេ ផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការក្នុងជីវិត ព្រមទាំងប្រទានអ្វីដែលពួកគេត្រូវការក្នុងការថ្វាយបង្គំទ្រង់ទេ?—ភីលីព ៤:៦, ៧
៧. បើមាតាបិតាមានបំណងអធិស្ឋានជាមួយនឹងកូនអំពីរឿងជាក់លាក់ដែលទាក់ទងនឹងពួកគេផ្ទាល់ តើពួកគាត់ត្រូវតែដឹងអំពីអ្វីខ្លះ?
៧ បើមាតាបិតាមានបំណងអធិស្ឋានជាមួយកូនអំពីរឿងជាក់លាក់ដែលទាក់ទងនឹងពួកគេផ្ទាល់ ពួកគាត់ត្រូវតែដឹងអំពីអ្វីដែលកូនកំពុងជួបប្រទះក្នុងជីវិត។ សូមកត់សម្គាល់យោបល់របស់ឪពុកម្នាក់ដែលមានកូនពីរ។ គាត់មានប្រសាសន៍ថា៖ «រៀងរាល់ចុងសប្ដាហ៍ ខ្ញុំសួរខ្លួនឯងសំណួរពីរថា ‹ក្នុងអំឡុងមួយសប្ដាហ៍នេះ តើកូនៗច្រើនតែបានគិតអំពីរឿងអ្វីខ្លះ? តើអ្វីខ្លះក្នុងមួយសប្ដាហ៍នេះបាននាំឲ្យកូនសប្បាយ?›»។ មាតាបិតាទាំងឡាយអើយ! តើអ្នកអាចសួរខ្លួនឯងនូវសំណួរបែបនេះដែរ ព្រមទាំងរួមបញ្ចូលចំណុចទាំងនោះក្នុងពេលអធិស្ឋានជាមួយនឹងកូនបានទេ? បើធ្វើដូច្នេះ អ្នកមិនគ្រាន់តែបង្រៀនកូនៗឲ្យចេះអធិស្ឋានប៉ុណ្ណោះទេ តែក៏ជួយបង្រៀនពួកគេឲ្យចេះស្រឡាញ់ព្រះយេហូវ៉ាដែលជាអ្នកស្ដាប់សេចក្ដីអធិស្ឋាន។—ទំនុកដំកើង ៦៥:២
មាតាបិតាពូកែរមែងលើកទឹកចិត្តកូន ឲ្យមានទម្លាប់ល្អក្នុងការសិក្សា
៨. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យមាតាបិតាជួយកូនឲ្យមានទម្លាប់សិក្សាបណ្ដាំរបស់ព្រះយេហូវ៉ា?
៨ តើទស្សនៈរបស់មាតាបិតាចំពោះការសិក្សាគម្ពីរអាចមានឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្តភាពដែលកូនៗមានជាមួយព្រះយេហូវ៉ា? មនុស្សត្រូវតែនិយាយជាមួយគ្នា និងស្ដាប់គ្នាវិញដែរ ទើបអាចពង្រឹងចំណងមិត្តភាពដើម្បីឲ្យនៅស្ថិតស្ថេរ។ របៀបមួយដែលយើងស្ដាប់ព្រះយេហូវ៉ា គឺដោយសិក្សាគម្ពីរនិងយកសៀវភៅដែល«អ្នកបំរើស្មោះត្រង់»បោះពុម្ពដើម្បីជួយណែនាំផង។ (ម៉ាថាយ ២៤:៤៥-៤៧; សុភាសិត ៤:១, ២) យ៉ាងនេះ គួរគប្បីឲ្យមាតាបិតាលើកទឹកចិត្តកូនឲ្យមានទម្លាប់សិក្សាបណ្ដាំរបស់ព្រះយេហូវ៉ា ដើម្បីបង្កើតឲ្យមានចំណងមិត្តភាពប្រកបទៅដោយសេចក្ដីស្រឡាញ់ជាមួយនឹងទ្រង់ ដែលនៅស្ថិតស្ថេរផងដែរ។
៩. តើអ្វីនឹងជួយកូនបណ្ដុះឲ្យមានទម្លាប់ល្អក្នុងការសិក្សា?
៩ តើអ្វីនឹងជួយកូនបណ្ដុះឲ្យមានទម្លាប់ល្អក្នុងការសិក្សា? ម្ដងនេះទៀត គំរូល្អរបស់មាតាបិតាជាវិធីបង្រៀនដ៏ប្រសើរបំផុត។ តើកូនៗឃើញឪពុកម្ដាយអាននិងសិក្សាគម្ពីរជាទៀងទាត់ដោយចិត្តសប្បាយទេ? ដោយសារមាតាបិតាតែងតែរវល់ក្នុងការថែរក្សាកូន យើងប្រហែលជាឆ្ងល់ថា តើពួកគាត់អាចធ្វើដូចម្ដេចដើម្បីឲ្យមានពេលសម្រាប់ការអាននិងការសិក្សាគម្ពីរ? ចូរសួរខ្លួនឯងថា ‹តើកូនៗឃើញខ្ញុំឧស្សាហ៍មើលទូរទស្សន៍ទេ?›។ បើដូច្នេះ តើយើងអាចយកពេលនោះខ្លះ ដើម្បីតាំងគំរូល្អឲ្យកូនក្នុងការសិក្សាដោយខ្លួនឯងបានទេ?
១០, ១១. ហេតុអ្វីបានជាមាតាបិតាគួរពិភាក្សារឿងក្នុងគម្ពីរយ៉ាងទៀងទាត់ជាមួយនឹងកូន?
១០ វិធីមួយទៀតដែលមាតាបិតាអាចបង្រៀនកូនឲ្យចេះស្ដាប់ព្រះយេហូវ៉ា គឺដោយរួមគ្នាពិភាក្សារឿងក្នុងគម្ពីរយ៉ាងទៀងទាត់ជាក្រុមគ្រួសារ។ (អេសាយ ៣០:២១) ប៉ុន្តែ មនុស្សខ្លះឆ្ងល់ថា ‹បើមាតាបិតានាំកូនៗទៅប្រជុំយ៉ាងទៀងទាត់ ម្ដេចក៏ត្រូវរួមគ្នាសិក្សាជាក្រុមគ្រួសារដែរ?›។ តាមពិត មានមូលហេតុល្អមួយចំនួន។ មុនដំបូង ព្រះយេហូវ៉ាប្រគល់ភារកិច្ចឲ្យមាតាបិតាបង្រៀនកូន។ (សុភាសិត ១:៨; អេភេសូរ ៦:៤) ការសិក្សាគម្ពីរជាក្រុមគ្រួសារក៏បង្រៀនកូនថា យើងមិនថ្វាយបង្គំព្រះដើម្បីបង្គ្រប់កិច្ចនៅមុខអ្នកដទៃទេ តែការថ្វាយបង្គំទ្រង់គឺជាផ្នែកមួយនៃជីវភាពគ្រួសាររបស់យើង។—ចោទិយកថា ៦:៦-៩
១១ បន្ថែមទៅទៀត ពេលមាតាបិតាដឹកនាំកម្មវិធីសិក្សាគម្ពីរយ៉ាងល្អនោះ នេះក៏ហុចឱកាសឲ្យពួកគាត់យល់ច្បាស់ពីទស្សនៈរបស់កូនចំពោះការថ្វាយបង្គំព្រះយេហូវ៉ា និងចំពោះខ្នាតតម្រាសីលធម៌ដែរ។ ជាឧទាហរណ៍ ពេលកូននៅតូច មាតាបិតាអាចយកសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំដើម្បីបង្រៀនពួកគេ។a ពេលមើលវគ្គនីមួយៗក្នុងសៀវភៅនោះដែលជួយសង្ខេបរឿងក្នុងគម្ពីរ មាតាបិតាអាចសួរកូនៗអំពីទស្សនៈរបស់ពួកគេចំពោះចំណុចទាំងនោះ។ ពេលដែលមាតាបិតាវែកញែករកហេតុផលពីបទគម្ពីរក្នុងសៀវភៅនោះ នេះប្រហែលជាជួយកូនបណ្ដុះឲ្យមានសមត្ថភាពវែកញែករកហេតុផល«ដើម្បីឲ្យបានដឹងខុសត្រូវ»។—ហេព្រើរ ៥:១៤
១២. ស្របទៅតាមអ្វីដែលកូនត្រូវការ តើមាតាបិតាអាចកែប្រែវិធីបង្រៀនយ៉ាងដូចម្ដេច? តើអ្នកបានរកវិធីបង្រៀនណាខ្លះដែលមានប្រសិទ្ធភាព?
១២ ពេលកូនធំឡើង ចូរកែប្រែវិធីបង្រៀនឲ្យស្របទៅតាមអ្វីដែលពួកគេត្រូវការ។ សូមកត់សម្គាល់របៀបដែលមាតាបិតាមួយគូបានជួយកូនវ័យជំទង់ឲ្យវែកញែករកហេតុផលដោយខ្លួនឯង ពេលដែលពួកគេបានសូមចូលកម្មវិធីរាំរែកជាមួយកូនសិស្សឯទៀតនៅសាលា។ ឪពុករបស់ពួកគេមានប្រសាសន៍ថា៖ «យើងប្រាប់កូនថា ពេលដែលយើងសិក្សាជាក្រុមគ្រួសារលើកក្រោយ យើងនឹងឆ្លៀតពេលខ្លះឲ្យពីរនាក់ពុកម៉ែដើរតួជាកូន ហើយឲ្យកូនស្រីដើរតួជាពុកម៉ែវិញ។ យើងទុកឲ្យកូនសម្រេចចិត្តថា នរណាជាឪពុក ហើយនរណាជាម្ដាយ ប៉ុន្តែពួកគេទាំងពីរនាក់ត្រូវតែសហការគ្នាក្នុងការស្រាវជ្រាវអំពីពិធីរាំរែកជាមួយសិស្សសាលា ហើយក្រោយមកត្រូវតែផ្ដល់ការណែនាំឲ្យយើងវិញ»។ តើមានលទ្ធផលអ្វី? បងប្រុសមានប្រសាសន៍ទៀតថា៖ «យើងនឹកមិនដល់ ថាកូនស្រីទាំងពីរនាក់ (ដែលដើរតួជាឪពុកម្ដាយ) បានយកចិត្តទុកដាក់មែនទែន ក្នុងការពន្យល់ដល់យើង (ដែលដើរតួជាកូន) នូវមូលហេតុដែលការចូលរួមពិធីរាំរែកជាមួយសិស្សសាលាគ្មានប្រយោជន៍។ យើងក៏កោតស្ងើចផងដែរ ពេលកូនជូនយោបល់អំពីទង្វើផ្សេងទៀតដែលអាចធ្វើជំនួសវិញ។ យោបល់របស់កូនបានជួយយើងឲ្យយល់កាន់តែច្បាស់អំពីរបៀបគិតគូរនិងក្ដីប៉ងប្រាថ្នារបស់កូន»។ ការព្យាយាមរកវិធីផ្សេងៗក្នុងការបង្រៀនកូនដោយប្រសិទ្ធភាព យ៉ាងទៀងទាត់ ហើយស្របទៅតាមអ្វីដែលកូនត្រូវការនោះ ពិតជាពិបាកមែន! ប៉ុន្តែ ទង្វើនោះប្រាកដជាមានប្រយោជន៍ច្រើនណាស់!—សុភាសិត ២៣:១៥
ស្ថានភាពសុខសាន្តក្នុងរង្វង់គ្រួសារ
១៣, ១៤. (ក) តើមាតាបិតាអាចរៀបចំឲ្យមានស្ថានភាពសុខសាន្តក្នុងរង្វង់គ្រួសារដោយរបៀបណា? (ខ) បើមាតាបិតាសារភាពកំហុសរបស់ខ្លួន តើអាចមានប្រយោជន៍អ្វីខ្លះ?
១៣ ព្រួញមានលទ្ធភាពហោះទៅចំវង់មូលច្រើនជាង បើអ្នកកាន់ធ្នូតម្រង់ព្រួញនិងបាញ់វាទៅ ពេលអត់សូវមានខ្យល់បក់ច្រើន។ ស្រដៀងគ្នាដែរ កូនមានលទ្ធភាពរៀនឲ្យចេះស្រឡាញ់ព្រះយេហូវ៉ាច្រើនជាង បើមាតាបិតារៀបចំឲ្យមានស្ថានភាពសុខសាន្តក្នុងរង្វង់គ្រួសារ។ លោកយ៉ាកុបបានសរសេរថា៖ «អស់អ្នកកសាងសន្ដិភាព តែងសាបព្រោះសន្ដិភាព ហើយច្រូតយកផលជាជីវិតសុចរិត»។ (យ៉ាកុប ៣:១៨, ខ.ស.) តើមាតាបិតាអាចបង្កើតឲ្យមានសន្ដិភាពឬស្ថានភាពសុខសាន្តក្នុងរង្វង់គ្រួសារដោយរបៀបណា? គូស្វាមីភរិយាត្រូវតែមានចំណងមិត្តភាពជិតស្និទ្ធជាមួយគ្នា។ ពេលស្វាមីភរិយាស្រឡាញ់គ្នានិងបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក ពួកគាត់មានលទ្ធភាពបង្រៀនកូនឲ្យចេះស្រឡាញ់និងគោរពអ្នកដទៃច្រើនជាង រួមទាំងព្រះយេហូវ៉ាផងដែរ។ (កាឡាទី ៦:៧; អេភេសូរ ៥:៣៣; ខ.ស.) ពេលមនុស្សស្រឡាញ់គ្នានិងបង្ហាញការគោរពចំពោះគ្នា នេះជួយបង្កើតឲ្យមានស្ថានភាពសុខសាន្ត។ ណាមួយទៀត បើស្វាមីភរិយាមានទំនាក់ទំនងល្អជាមួយគ្នា ពួកគាត់ក៏មានលទ្ធភាពដោះស្រាយរឿងរ៉ាវក្នុងរង្វង់គ្រួសារដោយសន្ដិវិធីដែរ។
១៤ នៅសព្វថ្ងៃនេះ គ្មានគូស្វាមីភរិយាណាដែលល្អឥតខ្ចោះទេ ដូច្នេះក៏គ្មានក្រុមគ្រួសារណាដែលល្អឥតខ្ចោះដែរ។ ជួនកាលមាតាបិតាប្រព្រឹត្តទៅលើកូនដោយរបៀបដែលប្រាសចាកលក្ខណៈដែលកើតមកពីសកម្មពលរបស់ព្រះ។ (កាឡាទី ៥:២២, ២៣) បើមាតាបិតាប្រព្រឹត្តបែបនោះមែន តើពួកគាត់គួរធ្វើអ្វី? បើមាតាបិតាទទួលស្គាល់កំហុសរបស់ខ្លួន តើកូននឹងគោរពគាត់តិចជាងទេ? សូមពិចារណាគំរូរបស់សាវ័កប៉ុល។ ប៉ុលប្រៀបដូចជាឪពុកដល់បងប្អូនជាច្រើន ពីព្រោះគាត់បានជួយពួកគេឲ្យស្គាល់នូវសេចក្ដីពិត។ (កូរិនថូសទី១ ៤:១៥) យ៉ាងណាក៏ដោយ ប៉ុលបានសារភាពកំហុសរបស់ខ្លួនដោយឥតលាក់លៀម។ (រ៉ូម ៧:២១-២៥) ជាជាងមើលងាយគាត់ យើងលើកកិត្ដិយសគាត់ថែមទៅទៀត ពីព្រោះគាត់និយាយយ៉ាងទៀងត្រង់ ហើយបង្ហាញចិត្តរាបទាបផង។ ទោះជាប៉ុលបានភ្លាត់ធ្វើខុសម្ដងម្កាល គាត់នៅតែមានសិទ្ធិសរសេរជូនចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូសថា៖ «ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ»។ (កូរិនថូសទី១ ១១:១) បើមាតាបិតាសារភាពកំហុសរបស់ខ្លួន នោះកូនៗមុខជានឹងលើកលែងទោសឲ្យពួកគាត់ដែរ។
១៥, ១៦. ហេតុអ្វីក៏គួរគប្បីឲ្យមាតាបិតាបង្ហាត់បង្រៀនកូនឲ្យចេះស្រឡាញ់បងប្អូនគ្រិស្តសាសនិក? តើមាតាបិតាអាចធ្វើអ្វីដើម្បីជួយកូនឲ្យចេះស្រឡាញ់បងប្អូនរួមជំនឿ?
១៥ តើមាតាបិតាអាចធ្វើអ្វីទៀតដើម្បីរៀបចំឲ្យមានស្ថានភាពសុខសាន្តក្នុងរង្វង់គ្រួសារ ប្រយោជន៍ឲ្យកូនមានលទ្ធភាពចេះស្រឡាញ់ព្រះយេហូវ៉ាច្រើនជាង? សាវ័កយ៉ូហានបានសរសេរថា៖ «បើអ្នកណាថា ខ្លួនស្រឡាញ់ព្រះ តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាដែលមិនស្រឡាញ់បងប្អូនដែលបានមើលឃើញទៅហើយ នោះធ្វើដូចម្ដេចឡើយ ឲ្យស្រឡាញ់ដល់ព្រះដែលមើលមិនឃើញទៅបាន»។ (យ៉ូហានទី១ ៤:២០, ២១) បើដូច្នេះ ពេលមាតាបិតាបង្ហាត់បង្រៀនកូនឲ្យចេះស្រឡាញ់បងប្អូនគ្រិស្តសាសនិក នោះពួកគាត់ក៏បង្រៀនកូនឲ្យចេះស្រឡាញ់ព្រះយេហូវ៉ាដែរ។ យកល្អឲ្យមាតាបិតាទាំងឡាយសួរខ្លួនឯងថា ‹ពេលដែលខ្ញុំនិយាយអំពីក្រុមជំនុំ តើខ្ញុំច្រើនតែរិះគន់បងប្អូន ឬលើកតម្កើងពួកគេវិញ?›។ ធ្វើដូចម្ដេចឲ្យយើងដឹង? ចូរស្ដាប់កូនវិញ ថាពេលដែលពួកគេនិយាយអំពីកិច្ចប្រជុំនិងបងប្អូនក្នុងក្រុមជំនុំ តើពួកគេមានទស្សនៈយ៉ាងណា? សម្ដីរបស់កូនច្បាស់ជាបញ្ជាក់ថាឪពុកម្ដាយមានទស្សនៈបែបណា។
១៦ តើមាតាបិតាអាចធ្វើអ្វីដើម្បីជួយកូនឲ្យចេះស្រឡាញ់បងប្អូនរួមជំនឿ? បុរសម្នាក់ឈ្មោះភីធើ មានកូនប្រុសវ័យជំទង់ពីរនាក់ ហើយគាត់មានប្រសាសន៍ថា៖ «តាំងពីកូននៅតូច យើងបានអញ្ជើញបងប្អូនដែលមានជំនឿមាំមួនឲ្យមកលេងផ្ទះយើងជាញឹកញាប់ ទាំងញ៉ាំបាយជាមួយនឹងយើង។ យើងសប្បាយធ្វើដូច្នេះមែន។ យ៉ាងនេះ ពេលកូនកំពុងធំឡើងនោះ ពួកគេបានសំណេះសំណាលជាមួយបងប្អូនដែលស្រឡាញ់ព្រះយេហូវ៉ា ហើយឥឡូវនេះពួកគេទទួលស្គាល់ថា កិច្ចបម្រើទ្រង់ពិតជាវិថីជីវិតដែលនាំឲ្យមានអំណរមែន!»។ បងប្រុសឈ្មោះដេនិស មានកូនស្រីប្រាំនាក់ ហើយគាត់មានប្រសាសន៍ថា៖ «យើងបានលើកទឹកចិត្តកូនស្រីឲ្យមានភាពស្និទ្ធស្នាលជាមួយនឹងអ្នកត្រួសត្រាយក្នុងក្រុមជំនុំដែលមានអាយុច្រើនជាងកូន ហើយកាលណាមានឱកាស យើងបានស្វាគមន៍អ្នកធ្វើដំណើរត្រួតពិនិត្យនិងភរិយារបស់គាត់ឲ្យចូលផ្ទះរបស់យើងដែរ»។ មាតាបិតាទាំងឡាយអើយ! តើអ្នកអាចចាត់វិធានការផ្សេងៗដើម្បីជួយកូនៗឲ្យរាប់អានបងប្អូនក្នុងក្រុមជំនុំហាក់ដូចជាពួកគាត់ជាសាច់ញាតិទេ?—ម៉ាកុស ១០:២៩, ៣០
ការសម្រេចចិត្តរបស់កូន
១៧. នៅទីបំផុត តើកូនៗត្រូវតែធ្វើការសម្រេចចិត្តអ្វី?
១៧ សូមគិតម្ដងទៀតអំពីអ្នកកាន់ធ្នូ។ គាត់ប្រហែលជាចេះបាញ់ព្រួញយ៉ាងថ្នឹក ប៉ុន្តែបើព្រួញបោរឬកោង នោះគ្មានលទ្ធភាពឲ្យគាត់បាញ់វាចំវង់មូលបានទេ។ បើកូនមានទស្សនៈខុសឆ្គងប្រហាក់ប្រហែលនឹងព្រួញកោងនោះ មាតាបិតាច្បាស់ជានឹងព្យាយាមកែតម្រង់កូនមែន។ ប៉ុន្តែ នៅទីបំផុត កូនៗក៏ត្រូវតែសម្រេចចិត្តដោយខ្លួនឯងថា តើពួកគេនឹងអនុញ្ញាតឲ្យពិភពលោកនេះបង្វែរពួកគេទៅតាមឆន្ទៈរបស់មនុស្សនាសម័យនេះ? ឬតើពួកគេនឹងអនុញ្ញាតឲ្យព្រះយេហូវ៉ា«ដំរង់អស់ទាំងផ្លូវច្រក»របស់ពួកគេវិញ?—សុភាសិត ៣:៥, ៦; រ៉ូម ១២:២
១៨. តើជម្រើសវិថីជីវិតរបស់កូនៗអាចមានឥទ្ធិពលយ៉ាងណាទៅលើអ្នកដទៃ?
១៨ មាតាបិតាពិតជាមានភារកិច្ចធ្ងន់មែន ក្នុងការចិញ្ចឹមអប់រំកូនទៅតាម«ដំបូន្មាននឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់»។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តចុងក្រោយ ថានឹងក្លាយជាមនុស្សបែបណាពេលធំហើយ នោះគឺស្រេចទៅលើកូនវិញ។ (អេភេសូរ ៦:៤) ដូច្នេះ កូនក្មេងទាំងឡាយអើយ! ចូរសួរខ្លួនឯងថា ‹តើខ្ញុំនឹងធ្វើតាមការបង្ហាត់បង្រៀនពីឪពុកម្ដាយដែលពេញទៅដោយសេចក្ដីស្រឡាញ់ទេ?›។ បើប្អូនៗសម្រេចចិត្តធ្វើដូច្នេះមែន ប្អូនៗនឹងជ្រើសរើសវិថីជីវិតដ៏ប្រសើរបំផុត។ ឪពុកម្ដាយរបស់ប្អូនៗក៏ពិតជានឹងមានចិត្តសប្បាយមែន! ប៉ុន្តែសំខាន់បំផុត ប្អូនៗនឹងធ្វើឲ្យព្រះយេហូវ៉ាមានចិត្តរីករាយដែរ។—សុភាសិត ២៧:១១
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនៅចាំទេ?
• តើមាតាបិតាអាចតាំងគំរូល្អអ្វីក្នុងការអធិស្ឋាននិងការសិក្សាគម្ពីរ?
• តើមាតាបិតាអាចជួយបណ្ដុះឲ្យមានស្ថានភាពសុខសាន្តក្នុងរង្វង់គ្រួសារដោយរបៀបណា?
• នៅទីបំផុត តើកូនៗត្រូវធ្វើការសម្រេចចិត្តអ្វី? តើជម្រើសនោះអាចមានឥទ្ធិពលយ៉ាងណាទៅលើអ្នកដទៃ?
[រូបភាពនៅទំព័រ៣១]
មាតាបិតាទាំងឡាយអើយ! តើអ្នកតាំងគំរូល្អឲ្យកូន ដោយសិក្សាគម្ពីរយ៉ាងទៀងទាត់ទេ?
[រូបភាពនៅទំព័រ៣១]
ស្ថានភាពសុខសាន្តក្នុងរង្វង់គ្រួសារជួយឲ្យមានសុភមង្គល