បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៦ ទំ. ២៣-២៧
  • ចូរប្រុងប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រុងប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់អ្នក
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គ្រូ​បង្រៀន​ក្នុង​ក្រុម​ជំនុំ
  • បាន​ត្រូវ​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ
  • ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក
  • ពួក​សិស្ស​នៃ​បន្ទូល​របស់​ព្រះ
  • សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​អ្នក​ដែល​ត្រូវ​បង្រៀន
  • យក​ចិត្ត​ទុក​ដាក់​លើ​តម្រូវ​ការ​របស់​គេ
  • ចូរ​ឲ្យ​មាន​ចិត្ត​សាទរ!
  • ចូរធ្វើជាអ្នកដែលប្រសប់បង្រៀន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ‹ចូរសង្គ្រោះខ្លួនអ្នកនិងអស់អ្នកដែលស្ដាប់អ្នក›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូរបង្រៀនដោយក្ដីស្រឡាញ់ដូចលោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • របៀបជួយអ្នកឯទៀតឲ្យកាន់តាមបង្គាប់របស់គ្រិស្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៦ ទំ. ២៣-២៧

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក

«ចូរ​ប្រុង​ប្រយ័ត​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្ដី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង»។—ធីម៉ូថេ​ទី​១ ៤:១៦

១, ២. ហេតុ​អ្វី​បាន​ជា ពួក​គ្រូ​បង្រៀន​ដ៏​ឧស្សាហ៍​គឺ​ត្រូវ​ការ​សព្វ​ថ្ងៃ​នេះ?

«ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:១៩, ២០) ដោយ​សារ​បង្គាប់​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ ពួក​គ្រីស្ទាន​ទាំង​អស់​គួរ​តែ​ខំ​ប្រឹង​ឲ្យ​ក្លាយ​ទៅ​ជា​គ្រូ​បង្រៀន។ គ្រូ​បង្រៀន​ដ៏​ឧស្សាហ៍​គឺ​ជា​អ្វី​ដែល​ត្រូវ​ការ​ជា​បន្ទាន់ ដើម្បី​ជួយ​ពួក​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​ទទួល​ចំណេះ​ពី​ព្រះ មុន​នឹង​ពេល​កន្លង​ទៅ​ហួស។ (យ៉ូហាន ១៧:៣; រ៉ូម ១៣:១១) សាវ័ក​ប៉ុល​បាន​ជំរុញ​ថា៖ «ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ​បន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្ដី»។ នេះ​រួម​បញ្ចូល​ការ​បង្រៀន​ក្នុង​ហើយ​ក្រៅ​ក្រុម​ជំនុំ។ ត្រូវ​ហើយ កិច្ច​ផ្សព្វ​ផ្សាយ​នោះ​រួម​បញ្ចូល​ច្រើន​ទៀត មិន​មែន​គ្រាន់​តែ​ការ​ប្រកាស​ពី​សារ​ព្រះ​នោះ​ទេ។ ការ​បង្រៀន​ដែល​មាន​ប្រសិទ្ធិភាព​គឺ​ត្រូវ​ការ​ចាំ​បាច់ បើ​ចង់​ឲ្យ​ពួក​អ្នក​ចាប់​អារម្មណ៍​នឹង​ក្លាយ​ទៅ​ជា​ពួក​សិស្ស​នោះ។

២ យើង​នៅ​ក្នុង «គ្រា​លំបាក​ណាស់»។ (ធីម៉ូថេ​ទី​២ ៣:១) មនុស្ស​បាន​ត្រូវ​បញ្ចុះ​បញ្ចូល​ឲ្យ​ប្ដូរ​គំនិត ដោយ​ទស្សនវិជ្ជា​ខាង​លោកីយ៍ និង​សេចក្ដី​បង្រៀន​ដ៏​មិន​ពិត។ មនុស្ស​ភាគ​ច្រើន‹គំនិត​គេ​ត្រូវ​បង្អាប់› ហើយ «គេ​លែង​ខ្លាច​បាប»។ (អេភេសូរ ៤:១៨, ១៩) ពួក​គេ​ខ្លះ​មាន​របួស​ដ៏​ឈឺ​ចាប់​ខាង​ចិត្ត។ មែន​ហើយ មនុស្ស​ពិត​ជា «ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ (ម៉ាថាយ ៩:៣៦) យ៉ាង​ណា​ក៏​ដោយ ដោយ​ប្រើ​ការ​ប៉ិន​ប្រសប់​ខាង​បង្រៀន យើង​អាច​ជួយ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ឲ្យ​ធ្វើ​ការ​កែ​ប្រែ​ដ៏​ចាំ​បាច់។

គ្រូ​បង្រៀន​ក្នុង​ក្រុម​ជំនុំ

៣. (ក) តើ​បញ្ជា​នៃ​ព្រះ​យេស៊ូ​ឲ្យ​ផ្សព្វ​ផ្សាយ រួម​បញ្ចូល​អ្វី? (ខ) តើ​អ្នក​ណា​ជា​ពិសេស​ដែល​មាន​ភារកិច្ច​បង្រៀន​ក្នុង​ក្រុម​ជំនុំ?

៣ ដោយ​សារ​កម្ម​វិធី​សំរាប់​ការ​សិក្សា​តាម​ផ្ទះ មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​ទទួល​ការ​ណែនាំ​ផ្ទាល់​ខ្លួន។ យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ពិធី​ជ្រមុជ​ទឹក​របស់​គេ ពួក​អ្នក​ថ្មី​ៗ​នោះ​ត្រូវ​ការ​ជំនួយ​ជា​បន្ថែម ដើម្បី​ឲ្យ«ចាក់​ឫស ហើយ​តាំង​មាំ​មួន​លើ​គ្រឹះ​នោះ»។ (អេភេសូរ ៣:១៧, ព.ថ.) កាល​ដែល​យើង​ធ្វើ​តាម​បញ្ជា​នៃ​ព្រះ​យេស៊ូ ក្នុង​ម៉ាថាយ ២៨:១៩, ២០ ហើយ​នាំ​ពួក​អ្នក​ចាប់​អារម្មណ៍​ថ្មី​ទៅ​ឯ​អង្គការ​របស់​ព្រះ​យេហូវ៉ា នោះ​គេ​នឹង​ទទួល​ប្រយោជន៍​ពី​ការ​បង្រៀន​ក្នុង​ក្រុម​ជំនុំ​ផ្ទាល់។ យោង​ទៅ​តាម អេភេសូរ ៤:១១​-​១៣ ពួក​បុរស​បាន​ត្រូវ​តែង​តាំង​ដើម្បី​ធ្វើ​កិច្ច​បំរើ «ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់ល័ក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូប​កាយ​ព្រះ​គ្រីស្ទ​ឡើង»។ នៅ​ពេល​ខ្លះ ការ​ប៉ិន​ប្រសប់​ខាង​បង្រៀន​របស់គេ ទាក់​ទង​ឲ្យ«ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយ​ចិត្ត​អត់​ធ្មត់ នឹង​ការ​ប៉ិន​ប្រសប់​ខាង​ការ​បង្រៀន​គ្រប់​យ៉ាង»។ (ធីម៉ូថេ​ទី​២ ៤:២, ព.ថ.) កិច្ច​ការ​នៃ​ពួក​គ្រូ​បង្រៀន​គឺ​សំខាន់​ដល់​ម្ល៉េះ រហូត​ដល់​ពេល​ដែល​គាត់​សរសេរ​ទៅ​កាន់​ពួក​កូរិនថូស សាវ័ក​ប៉ុល​ក៏​បាន​រៀប​រាប់​បញ្ចូល​ពួក​គ្រូ​បង្រៀន​ក្រោយ​ពី​ពួក​សាវ័ក​និង​ព្យាការី​ដែរ។—កូរិនថូស​ទី​១ ១២:២៨

៤. តើ​សមត្ថភាព​ដើម្បី​បង្រៀន​ជួយ​យើង​យ៉ាង​ណា ក្នុង​ការ​ប្រព្រឹត្ត​តាម​ការ​ដាស់​តឿន​នៃ​ប៉ុល ក្នុង​ហេព្រើរ ១០:២៤, ២៥?

៤ ពិត​មែន ពួក​គ្រីស្ទាន​ទាំង​អស់​មិន​បំរើ​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ត្រួត​ពិនិត្យ​ទេ។ យ៉ាង​ណា​ក៏​ដោយ ទាំង​អស់​គ្នា​គឺ​ត្រូវ​លើក​ទឹក​ចិត្ត​ជួយ​បណ្ដាល​ឲ្យ​មាន «សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង»។ (ហេព្រើរ ១០:២៤, ២៥) ការ​ធ្វើ​អ៊ីចឹង​នៅ​ឯ​កិច្ច​ប្រជុំ គឺ​រួម​បញ្ចូល​រៀបចំ​យ៉ាង​ល្អ​អស់​ពី​ដួង​ចិត្ត អាច​ណែនាំ​និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ។ ពួក​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មាន​បទ​ពិសោធន៍​ច្រើន អាច‹បណ្ដាល​ឲ្យ​មាន​ការ​ល្អ› ដោយ​ការ​វិភាគ​នូវ​ចំណេះ​និង​បទ​ពិសោធន៍​របស់​ពួក​គាត់​ឲ្យ​អ្នក​ថ្មី ពេល​ដែល​ពួក​គាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​គេ។ នៅ​គ្រា​បែប​នេះ​និង​នៅ​ក្រៅ​ផ្លូវ​ការ ដែល​អាច​ផ្ដល់​ឲ្យ​នូវ​ការ​ណែនាំ​ដ៏​មាន​ប្រយោជន៍។ ឧទាហរណ៍ ពួក​ស្ត្រី​ដែល​មាន​គំនិត​ចាស់​ទុំ​នោះ ត្រូវ​ជំរុញ​ឲ្យ​ធ្វើ​ជា​អ្នក«បង្រៀន​សេចក្ដី​ត្រឹម​ត្រូវ​វិញ»។—ទីតុស ២:៣

បាន​ត្រូវ​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ

៥, ៦. (ក) តើ​សាសនា​គ្រីស្ទាន​ពិត​គឺ​ខុស​គ្នា​ពី​ការ​ថ្វាយ​បង្គំ​មិន​ពិត​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យ៉ាង​ដូច​ម្ដេច​ដែល​ពួក​អ្នក​ចាស់​ទុំ​ជួយ​អ្នក​ថ្មី​ៗ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា?

៥ ដូច្នេះ សាសនា​គ្រីស្ទ​នៅ​ខុស​ស្រឡះ​ពី​សាសនា​មិន​ពិត ដែល​សាសនា​ជា​ច្រើន​នោះ​បាន​ខិត​ខំ​គ្រប់​គ្រង​លើ​គំនិត​របស់​ពួក​សមាជិក។ ពេល​ព្រះ​យេស៊ូ​គង់​លើ​ផែនដី ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ខិត​ខំ​គ្រប់​គ្រង​សឹង​តែ​គ្រប់​ផ្នែក​នៃ​ជីវិត​មនុស្ស តាម​រយៈ​ប្រពៃណី​មនុស្ស​ដ៏​ជិះ​ជាន់។ (លូកា ១១:៤៦) បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​ធ្វើ​ដូច្នេះ​ដែរ។

៦ ក៏​ប៉ុន្តែ ការ​ថ្វាយ​បង្គំ​ដ៏​ពិត គឺ​ជា «កិច្ច​បំរើ​ដ៏​បរិសុទ្ធ» ដែល​យើង​ថ្វាយ​ដោយ «សមត្ថភាព​នៃ​ការ​វែក​ញែក»របស់​យើង។ (រ៉ូម ១២:១, ព.ថ.) អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ «បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ»។ (ធីម៉ូថេ​ទី​២ ៣:១៤, ព.ថ.) ជួន​កាល អ្នក​ដែល​នាំ​មុខ​ប្រហែល​នឹង​ត្រូវ​តែ​ផ្ដើម​គោល​ការណ៍​ណែនាំ​និង​ទម្រង់​ការ​ខ្លះ​ៗ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​មាន​ដំណើរ​ការ​ដ៏​ស្រួលបួល។ ក៏​ប៉ុន្តែ ជា​ជាង​ការ​ខិត​ខំ​ធ្វើ​ការ​សម្រេច​ដើម្បី​ជន​គ្រីស្ទាន​ដទៃ ពួក​អ្នក​ចាស់​ទុំ​បង្រៀន​គេ «ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ»។ (ហេព្រើរ ៥:១៤) ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ដូច្នេះ ដោយ​ការ​ចិញ្ចឹម​ក្រុម​ជំនុំ​នឹង«ព្រះ​បន្ទូល​នៃ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​បង្រៀន​ដ៏​ល្អ»។—ធីម៉ូថេ​ទី​១ ៤:៦

ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក

៧, ៨. (ក) តើ​តាម​របៀប​ណា​ដែល​មនុស្ស​ដែល​មាន​សមត្ថភាព​ធម្មតា អាច​បំរើ​ជា​គ្រូ​បង្រៀន? (ខ) តើ​អ្វី​ដែល​បង្ហាញ​ថា ការ​ខិត​ខំ​ផ្ទាល់​ខ្លួន​ជា​ចាំ​បាច់ ដើម្បី​ទៅ​ជា​គ្រូ​មួយ​ដែល​មាន​ប្រសិទ្ធិភាព?

៧ ក៏​ប៉ុន្តែ សូម​ឲ្យ​យើង​ពិចារណា​ឡើង​វិញ​នូវ​ភារកិច្ច​របស់​យើង​ដើម្បី​បង្រៀន។ តើ​នោះ​ត្រូវ​ការ​ជំនាញ​ការ ការ​អប់រំ ឬ​សមត្ថភាព​ដ៏​ពិសេស​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ​ឬ​ទេ? មិន​ចាំ​បាច់​ត្រូវ​ការ​សមត្ថភាព​ទាំង​អស់​នោះ​ទេ។ ជា​ទូទៅ កិច្ច​ការ​បង្រៀន​នេះ​គឺ​ទូទាំង​ពិភព​លោក កំពុង​តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​មនុស្ស​ធម្មតា​ដែល​មាន​សមត្ថភាព​ធម្មតា​ដែរ។ (កូរិនថូស​ទី​១ ១:២៦​-​២៩) ប៉ុល​ពន្យល់​ថា៖ «យើង​មាន​ទ្រព្យ​សម្បត្ដិ​នេះ[កិច្ច​ផ្សព្វ​ផ្សាយ]នៅ​ក្នុង​ភាជនៈ​ដី[មនុស្ស​ឥត​គ្រប់ល័ក្ខណ៍] ដើម្បី​ឲ្យ​ឥ​ទ្ធ​ឫទ្ធិ​ដ៏​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ»។ (កូរិនថូស​ទី​២ ៤:៧) ជោគ​ជ័យ​ដ៏​ល្អ​ប្រសើរ​ដែល​កិច្ច​ផ្សព្វ​ផ្សាយ​ទូទាំង​ផែនដី​ពី​ព្រះ​រាជាណាចក្រ​នោះ​បាន​ទទួល ជា​សក្ខី​ភាព​នៃ​ឥទ្ធិពល​ពី​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា!

៨ យ៉ាង​ណា​ក៏​ដោយ ការ​ព្យាយាម​ជា​ចាំ​បាច់​ដើម្បី​ធ្វើ​ជា«អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។ (ធីម៉ូថេ​ទី​២ ២:១៥) ប៉ុល​បាន​ជំរុញ​ធីម៉ូថេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្ដី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង»។ (ធីម៉ូថេ​ទី​១ ៤:១៦) តើ​តាម​របៀប​ណា​ទៅ ដែល​បុគ្គល​ម្នាក់​អាច​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ខ្លួន មិន​ថា​ក្នុង​ក្រុម​ជំនុំ​ឬ​ក្រៅ​ក្រុម​ជំនុំ​ក្ដី? តើ​ទង្វើ​ដូច្នេះ​ត្រូវ​តែ​រួម​បញ្ចូល​ការ​ទៅ​ជា​ស្ទាត់​ជំនាញ​ខាង​អ្វី​ខ្លះ ឬ​ក៏​ខាង​វិធី​បង្រៀន​ឬ​ទេ?

៩. តើ​អ្វី​ដែល​សំខាន់​ជាង​កោសល្យ?

៩ ព្រះ​យេស៊ូ​ពិត​ជា​បាន​សម្ដែង​ការ​យល់​ដឹង​ដ៏​វិសាមញ្ញ​ពី​វិធី​បង្រៀន ក្នុង​ធម្មទាន​ដ៏​ល្បី​ល្បាញ​របស់​ទ្រង់​នៅ​លើ​ភ្នំ។ នៅ​ពេល​ទ្រង់​មាន​បន្ទូល​រួច​ហើយ «នោះ​បណ្ដា​មនុស្ស​ក៏​នឹក​ប្លែក ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន»។ (ម៉ាថាយ ៧:២៨) គឺ​ច្បាស់​ហើយ គ្មាន​យើង​ណា​ម្នាក់​ដែល​អាច​បង្រៀន​ល្អ​ស្មើ​នឹង​ព្រះ​យេស៊ូ​ទេ។ ក៏​ប៉ុន្តែ យើង​មិន​ចាំ​បាច់​មាន​វោហារកោសល្យដើម្បី​ជា​គ្រូ​ដែល​មាន​ប្រសិទ្ធិភាព​ទេ។ យោង​ទៅ​តាម​យ៉ូប ១២:៧ សូម្បី​តែ «សត្វ​តិរច្ឆាន» និង «សត្វ​ស្លាប» អាច​បង្រៀន​ដោយ​សម្ងាត់! ជា​មួយ​នឹង​កោសល្យ​ឬ​ការ​ប៉ិន​ប្រសប់​ណា​ដែល​យើង​ប្រហែល​មាន អ្វី​ដែល​សំខាន់​ជា​ពិសេស​នោះ​គឺ​ថា​យើង​ជា‹មនុស្ស​ប្រភេទ​ណា› និង​គុណសម្បត្ដិ​ដែល​យើង​មាន ហើយ​ទំលាប់​ខាង​វិញ្ញាណ​របស់​យើង ដែល​បាន​បណ្ដាល​ពួក​សិស្ស​អាច​ធ្វើ​តម្រាប់​តាម។—ពេត្រុស​ទី​២ ៣:១១; លូកា ៦:៤០

ពួក​សិស្ស​នៃ​បន្ទូល​របស់​ព្រះ

១០. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ជា​គំរូ​ល្អ​ក្នុង​ការ​ជា​សិស្ស​នៃ​បន្ទូល​របស់​ព្រះ?

១០ គ្រូ​ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​បង្រៀន​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ ត្រូវ​តែ​ជា​សិស្ស​នៃ​បន្ទូល​របស់​ព្រះ។ (រ៉ូម ២:២១) ព្រះ​យេស៊ូ​បាន​ទុក​គំរូ​មួយ​ដ៏​វិសាមញ្ញ​ចំពោះ​រឿង​នេះ។ ក្នុង​រយៈ​ពេល​នៃ​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ ទ្រង់​បាន​សំដៅ​ទៅ​ឬ​សង្ខេប​ពត៌មាន ដែល​ស្រប​គ្នា​នឹង​វគ្គ​ជា​ច្រើន​ក្នុង​ពាក់​កណ្ដាល​សៀវភៅ​បទ​គម្ពីរ​ជា​ភាសា​ហេព្រើរ។a ការ​ស្គាល់​នូវ​បន្ទូល​របស់​ព្រះ គឺ​ជាក់​ស្តែង​នៅ​ពេល​ទ្រង់​មាន​ព្រះ​ជន្មាយុ​១២​ឆ្នាំ ពេល​ទ្រង់​បាន​ត្រូវ​ឃើញ «នៅ​ក្នុង​ពួក​អាចារ្យ​ក្នុង​ព្រះ​វិហារ កំពុង​តែ​ស្ដាប់ ហើយ​នឹង​សួរ​គេ»។ (លូកា ២:៤៦) ជា​មនុស្ស​ពេញ​វ័យ គឺ​ជា​ទំលាប់​របស់​ព្រះ​យេស៊ូ​ចូល​សាលា​ប្រជុំ កន្លែង​ដែល​ត្រូវ​គេ​អាន​ព្រះ​បន្ទូល។—លូកា ៤:១៦

១១. តើ​គ្រូ​បង្រៀន​ម្នាក់​គួរ​បណ្ដុះ​ទំលាប់​សិក្សា​ល្អ​អ្វី​ខ្លះ?

១១ តើ​លោក​អ្នក​ឧស្សាហ៍​អាន​ព្រះ​គម្ពីរ​ទេ? ការ​ជីក​កកាយ​ក្នុង​បន្ទូល​នោះ គឺ​ជា​របៀប​ដែល​អ្នក «នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ​អង្គ»។ (សុភាសិត ២:៤, ៥) ដូច្នេះ សូម​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ទំលាប់​សិក្សា​ដ៏​ល្អ។ ខិត​ខំ​អាន​ផ្នែក​មួយ​នៃ​បន្ទូល​របស់​ព្រះ ជា​រៀង​រាល់​ថ្ងៃ។ (ទំនុកដំកើង ១:២) យក​ធ្វើ​ជា​ទំលាប់​នូវ​ការ​អាន​រៀង​រាល់​ក្បាល​នៃ​ទស្សនាវដ្ដី​ប៉ម​យាម និង​ភ្ញាក់​រឭក ពេល​អ្នក​ទទួល​នោះ​មក។ ប្រុង​ស្មារតី​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​ឯ​កិច្ច​ប្រជុំ។ រៀន​ចេះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដ៏​ផ្ចិត​ផ្ចង់។ ដោយ​ការ​រៀន​ចេះ«ពិនិត្យ​ពី​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក​ដោយ​ហ្មត់​ចត់​ហើយ» នោះ​អ្នក​អាច​ជៀស​ផុត​ពី​ការ​និយាយ​ពន្លើស​និង​មិន​ត្រឹម​ត្រូវ​ពេល​អ្នក​បង្រៀន។—លូកា ១:៣

សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​អ្នក​ដែល​ត្រូវ​បង្រៀន

១២. តើ​ព្រះ​យេស៊ូ​មាន​អាកប្បកិរិយា​អ្វី​ចំពោះ​សិស្ស​របស់​ទ្រង់?

១២ គុណសម្បត្ដិ​មួយ​ទៀត​ដ៏​សំខាន់ គឺ​ជា​អាកប្បកិរិយា​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ដែល​អ្នក​បង្រៀន។ ពួក​ផារីស៊ី​បាន​តូច​ចិត្ត​ចំពោះ​អ្នក​ដែល​បាន​ស្ដាប់​ព្រះ​យេស៊ូ។ ពួក​គេ​បាន​ថា៖ «ឯ​ហ្វូង​មនុស្ស​នេះ ដែល​មិន​ស្គាល់​ក្រិត្យ​វិន័យ គេ​ជា​មនុស្ស​ត្រូវ​បណ្ដាសា​វិញ»។ (យ៉ូហាន ៧:៤៩) ក៏​ប៉ុន្តែ ព្រះ​យេស៊ូ ទ្រង់​បាន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​និង​ការ​គោរព​សំរាប់​ពួក​សិស្ស​របស់​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា៖ «ខ្ញុំ​មិន​ហៅ​ជា​អ្នក​បំរើ​ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ​វរបិតា​ខ្ញុំ​មក»។ (យ៉ូហាន ១៥:១៥) នេះ​បាន​បង្ហាញ​របៀប​ដែល​សិស្ស​របស់​ទ្រង់ ត្រូវ​តែ​ប្រព្រឹត្ត​ក្នុង​សកម្មភាព​បង្រៀន​របស់​គេ​ផង​ដែរ។

១៣. តើ​ប៉ុល​បាន​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​គាត់​បង្រៀន?

១៣ ឧទាហរណ៍ ប៉ុល​មិន​មាន​ទំនាក់​ទំនង​ដ៏​ឥត​កក់​ក្ដៅ និង​មិន​រាក់​ទាក់​ជា​មួយ​នឹង​សិស្ស​របស់​គាត់​ទេ។ គាត់​បាន​ប្រាប់​ពួក​កូរិនថូស​ថា៖ «ដ្បិត​ថ្វី​បើ​អ្នក​រាល់​គ្នា​មាន​គ្រូ​ទាំង​ម៉ឺន​ក្នុង​ព្រះ​គ្រីស្ទ តែ​គ្មាន​ឪពុក​ជា​ច្រើន​ទេ មាន​តែ​ខ្ញុំ​១​ប៉ុណ្ណោះ ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ ដោយ​សារ​ដំណឹង​ល្អ»។ (កូរិនថូស​ទី​១ ៤:១៥) សូម្បី​តែ​ប៉ុល ជួន​កាល​បាន​ស្រក់​ទឹក​ភ្នែក ពេល​ដាស់​តឿន​អ្នក​ដែល​គាត់​បង្រៀន​ផង! (កិច្ច​ការ ២០:៣១) គាត់​បាន​បង្ហាញ​សេចក្ដី​អត់​ធ្មត់​និង​សេចក្ដី​សប្បុរស​ដ៏​វិសាមញ្ញ​ផង​ដែរ។ ដូច្នេះ គាត់​អាច​ប្រាប់​ពួក​ថែស្សាឡូនីច​ថា៖ «យើង​ខ្ញុំ​បាន​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ដោយ​ស្លូត​បូត​វិញ ប្រៀប​ដូច​ជា​ម្ដាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ»។—ថែស្សាឡូនីច​ទី​១ ២:៧

១៤. ហេតុ​អ្វី​បាន​ជា​ការ​ចាប់​អារម្មណ៍​លើ​សិស្ស​របស់​យើង​ផ្ទាល់​គឺ​សំខាន់​ម្ល៉េះ? សូម​ពន្យល់។

១៤ តើ​អ្នក​ធ្វើ​តម្រាប់​តាម​ព្រះ​យេស៊ូ​និង​ប៉ុល​ឬ​ទេ? សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ពួក​សិស្ស​របស់​យើង អាច​ជំនួស​ការ​ខ្វះ​ខាត​ខាង​សមត្ថភាព​របស់​យើង។ តើ​សិស្ស​របស់​យើង​ឃើញ​ថា យើង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ស្មោះ​ស្ម័គ្រ​លើ​គេ​ផ្ទាល់​ទេ? តើ​យើង​ឆ្លៀត​ពេល​ដើម្បី​ស្និទ្ធ​ស្នាល​ជា​មួយ​គេទេ? នៅ​ពេល​ស្ត្រី​គ្រីស្ទាន​ម្នាក់​មាន​ការ​ពិបាក​ក្នុង​ការ​ជួយ​សិស្ស​ម្នាក់​លូត​លាស់​ខាង​វិញ្ញាណ គាត់​បាន​សួរ​យ៉ាង​សប្បុរស​ថា៖ «តើ​មាន​អ្វី​ធ្វើ​ឲ្យ​អ្នក​ព្រួយ​ចិត្ត​ទេ»? សិស្ស​នោះ​បាន​ចាប់​ផ្ដើម​ប្រាប់​អ្វី​ទាំង​អស់​ក្នុង​ចិត្ត ដោយ​រៀប​រាប់​ពី​កង្វល់​និង​ការ​ពិបាក​ចិត្ត​ជា​ច្រើន។ ការ​សន្ទនា​ដែល​បាន​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នោះ បាន​ទៅ​ជា​ពេល​នៃ​ការ​ផ្លាស់​ប្ដូរ​សំរាប់​សិស្ស​ស្រី​នោះ។ ក្នុង​ករណី​បែប​នេះ គឺ​សម​ហេតុ​ផល​ក្នុង​ការ​ផ្ដល់​ឲ្យ​គំនិត​ក្នុង​បទ​គម្ពីរ ពាក្យ​សម្រាល​ទុក្ខ និង​ការ​លើក​ទឹក​ចិត្ត។ (រ៉ូម ១៥:៤) ក៏​ប៉ុន្តែ ការ​ព្រមាន​គឺ​សម៖ សិស្ស​ព្រះ​គម្ពីរ​ម្នាក់​ប្រហែល​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ​ដ៏​ឆាប់​រហ័ស ក៏​ប៉ុន្តែ​ប្រហែល​នៅ​មាន​ការ​ប្រព្រឹត្ត​ដែល​មិន​សម​ជា​គ្រីស្ទាន​ដែល​គេ​ត្រូវ​តែ​យក​ឈ្នះ។ ដូច្នេះ ការ​សេព​គប់​ដ៏​ជិត​ស្និទ្ធ​ពេក​ជា​មួយ​គេ​ប្រហែល​មិន​ជា​ការ​ឈ្លាស​វៃ​ទេ។ យើង​ត្រូវ​រក្សា​កំរិត​គ្រីស្ទាន។—កូរិនថូស​ទី​១ ១៥:៣៣

១៥. តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​សិស្ស​របស់​យើង?

១៥ ការ​គោរព​ចំពោះ​ពួក​សិស្ស​របស់​យើង រួម​បញ្ចូល​ថា​យើង​មិន​ខំ​កាន់​កាប់​ជីវិត​ផ្ទាល់​របស់​គេ។ (ថែស្សាឡូនីច​ទី​១ ៤:១១) ឧទាហរណ៍ ប្រហែល​យើង​សិក្សា​ជា​មួយ​ស្ត្រី​ម្នាក់ ដែល​កំពុង​តែ​រស់​នៅ​ជា​មួយ​បុរស​ម្នាក់​ដោយ​មិន​ទាន់​រៀប​ការ។ ប្រហែល​គេ​មាន​កូន​ហើយ។ ដោយ​បាន​ទទួល​ចំណេះ​ដ៏​ត្រឹម​ត្រូវ​អំពី​ព្រះ ស្ត្រី​នោះ​ចង់​តម្រង់​ជីវិត​របស់​នាង​ឲ្យ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ (ហេព្រើរ ១៣:៤) តើ​គាត់​គួរ​រៀប​ការ​ជា​មួយ​បុរស​នោះ ឬ​ក៏​បែក​ពី​គាត់? ប្រហែល​យើង​គិត​ថា ការ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​បុរស​ម្នាក់ ដែល​មាន​ការ​ចាប់​អារម្មណ៍​បន្ដិច​បន្តួច​នឹង​អ្វី​ខាង​វិញ្ញាណ ឬ​ក៏​គ្មាន​សោះ​នោះ​នឹង​បង្អាក់​ការ​លូត​លាស់​របស់​នាង​ក្នុង​អនាគត។ នៅ​ម្ខាង​ទៀត ប្រហែល​យើង​ខ្លាច​ពី​រឿង​សុខុមាលភាព​នៃ​ពួក​កូន​របស់​នាង ហើយ​យើង​គិត​ថា​ការ​រៀប​ការ​បុរស​នោះ​គឺ​ល្អ​ជាង។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ គឺ​ជា​អ្វី​ដ៏​ឥត​គោរព​និង​ឥត​សេចក្ដី​ស្រឡាញ់​ដែល​យើង​បញ្ចូល​ខ្លួន​ក្នុង​ជីវិត​របស់​សិស្ស​ម្នាក់ ហើយ​ខំ​ប្រឹង​បង្ខំ​ទស្សនៈ​របស់​យើង​លើ​គេ​ពី​រឿង​បែប​នេះ។ បើ​គិត​ទៅ​មើល នាង​ជា​អ្នក​ដែល​នឹង​រស់​ទាំង​មាន​លទ្ធផល​ពី​ការ​សម្រេច​របស់​នាង។ ដូច្នេះ តើ​មិន​ល្អ​ជាង​បើ​សិន​ជា​សិស្ស​បែប​នេះ​ត្រូវ​បង្រៀន​ឲ្យ​ប្រើ «សមត្ថភាព​នៃ​ការ​វែក​ញែក» ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ខ្លួន​គេ​ពី​អ្វី​ដែល​នាង​គួរ​ធ្វើ​ទេ​ឬ?—ហេព្រើរ ៥:១៤, ព.ថ.

១៦. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​គោរព​ចំពោះ​ហ្វូង​របស់​ព្រះ?

១៦ ជា​ពិសេស គឺ​ជា​សំខាន់​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ ឲ្យ​ប្រព្រឹត្ត​ចំពោះ​ហ្វូង​នោះ​ដោយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​គោរព។ ក្នុង​ការ​សរសេរ​ទៅ​កាន់​ភីលេម៉ូន ប៉ុល​បាន​និយាយ​ថា៖ «ដោយ​ព្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្ដី​ស្រឡាញ់​វិញ»។ (ភីលេម៉ូន ៨, ៩) ជួន​កាល រឿង​ដ៏​ធ្វើ​ឲ្យ​តឹង​ទ្រូង​អាច​កើត​មាន​ឡើង​ក្នុង​ក្រុម​ជំនុំ។ សូម្បី​តែ​ការ​ម៉ឺង​ម៉ាត់​ប្រហែល​ត្រូវ​ការ​ជា​ចាំ​បាច់។ ប៉ុល​បាន​ជំរុញ​ទីតុស​ថា៖ «ដូច្នេះ​ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹង​រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ត្រឹម​ត្រូវ​វិញ»។ (ទីតុស ១:១៣) ទោះ​បី​គឺ​ដូច្នេះ​ក៏​ដោយ ពួក​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដែល​គេ​មិន​និយាយ​តាម​របៀប​ដែល​មិន​សប្បុរស​ទៅ​កាន់​ក្រុម​ជំនុំ។ ប៉ុល​បាន​សរសេរ​ថា៖ «ក៏​មិន​គួរ​ឲ្យ​បាវ​បំរើ​នៃ​ព្រះ​អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាពរាបសា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់​ធ្មត់​ផង»។—ធីម៉ូថេ​ទី​២ ២:២៤; ទំនុកដំកើង ១៤១:៣

១៧. តើ​ម៉ូសេ​បាន​មាន​កំហុស​អ្វី ហើយ​តើ​ពួក​អ្នក​ចាស់​ទុំ​អាច​រៀន​អ្វី​ពី​នោះ?

១៧ ពួក​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​តែ​រំឭក​ខ្លួន​ជា​ញយ​ៗ​ថា គេ​កំពុង​តែ​ទាក់​ទង​នឹង «ហ្វូង​ចៀម​របស់​ព្រះ»។ (ពេត្រុស​ទី​១ ៥:២) លោក​ម៉ូសេ ទោះ​បី​គាត់​គឺ​សុភាពរាបសា​ក៏​ដោយ បាន​ភ្លេច​អំពី​រឿង​នេះ​សំរាប់​មួយ​រយៈ​ខ្លី។ ពួក​អ៊ីស្រាអែល«បាន​រំអុក​ដល់​ចិត្ត​លោក ហើយ​បបូរ​មាត់​លោក​បាន​និយាយ​ឥត​បើ​គិត»។ (ទំនុកដំកើង ១០៦:៣៣) ព្រះ​មាន​ព្រះ​ទ័យ​ក្រោធ​ខ្លាំង​ណាស់ ដោយ​ការ​ប្រព្រឹត្ត​មិន​សម​គួរ​ជា​មួយ​នឹង​ហ្វូង​របស់​ទ្រង់​នោះ ទោះ​បី​ពួក​គេ​នៅ​ឆ្ងាយ​ពី​ដំណើរ​គ្មាន​ទោស​ក្ដី។ (ជន​គណនា ២០:២​-​១២) សព្វ​ថ្ងៃ​នេះ នៅ​ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​ប្រឈម​និង​ការ​ពិបាក​ដូច​គ្នា ពួក​គេ​គួរ​ព្យាយាម​បង្រៀន​និង​ណែនាំ ដោយ​ការ​យល់​ធ្លុះ​និង​សេចក្ដី​សប្បុរស។ បង​ប្អូន​របស់​យើង​មាន​ប្រតិកម្ម​ល្អ​ប្រសើរ ពេល​ដែល​ប្រព្រឹត្ត​ចំពោះ​គេ​ដោយ​សេចក្ដី​គោរព ជា​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ មិន​មែន​ដូច​ជា​អស់​អ្នក​ដែល​ជួយ​លែង​កើត​នោះ​ឡើយ។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​រក្សា​ទស្សនៈ​ដ៏​វិជ្ជមាន​ដែល​ប៉ុល​មាន ពេល​គាត់​បាន​និយាយ​ថា៖ «យើង​ខ្ញុំ​ក៏​ទុក​ចិត្ត​នឹង​ព្រះ​អម្ចាស់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​នឹង​ប្រព្រឹត្ត​ត​ទៅ​ទៀត តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ផ្ដាំ​ទុក​ដែរ»។—ថែស្សាឡូនីច​ទី​២ ៣:៤

យក​ចិត្ត​ទុក​ដាក់​លើ​តម្រូវ​ការ​របស់​គេ

១៨, ១៩. (ក) តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច ចំពោះ​តម្រូវ​ការ​នៃ​សិស្ស​ព្រះ​គម្ពីរ​ដែល​មាន​កង្វះ​ខាង​សមត្ថភាព? (ខ) តើ​តាម​របៀប​ណា​យើង​អាច​ជួយ​សិស្ស​ណា ដែល​មាន​បញ្ហា​ចំពោះ​រឿង​ជាក់​លាក់​ផ្សេង​ៗ?

១៨ គ្រូ​ដែល​មាន​ប្រសិទ្ធិភាព គឺ​សុខ​ចិត្ត​នឹង​ប្រែ​ប្រួល​តាម​សមត្ថភាព​និង​កង្វះ​ខាង​សមត្ថភាព​ដែល​សិស្ស​របស់​គាត់​មាន។ (ប្រៀប​មើល យ៉ូហាន ១៦:១២) ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ប្រាក់​ថាល្លិន ម្ចាស់​នោះ​បាន​ប្រគល់​ឯកសិទ្ធិ «តាម​ដំរិះ​គេ​រៀង​ខ្លួន»។ (ម៉ាថាយ ២៥:១៥) យើង​ក៏​អាច​ធ្វើ​ស្រដៀង​នេះ ពេល​ដែល​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ។ គឺ​ជា​ធម្មតា ដែល​យើង​ចង់​បញ្ចប់​សៀវភៅ​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ​មួយ​ក្នុង​មួយ​រយៈ​ដ៏​ខ្លី​ល្មម។ ក៏​ប៉ុន្តែ គឺ​ជា​អ្វី​យើង​ត្រូវ​តែ​ទទួល​ស្គាល់ គឺ​ថា​មិន​មែន​មនុស្ស​ទាំង​អស់​មាន​សមត្ថភាព​អាន​យ៉ាង​ល្អ និង​យល់​នូវ​ពត៌មាន​ថ្មី​ៗ​យ៉ាង​លឿន​ទេ។ ដូច្នេះ គឺ​ត្រូវ​ការ​ចាំ​បាច់​នូវ​ការ​យល់​ធ្លុះ ថា​តើ​នៅ​ពេល​ណា​ដែល​ត្រូវ​ពិនិត្យ​ចំណុច​មួយ​ទៅ​មួយ​ក្នុង​ការ​សិក្សា បើ​អ្នក​ចង់​រៀន​មាន​ការ​ពិបាក​ក្នុង​ការ​រៀន​ឲ្យ​លឿន​នោះ។ អ្វី​ដែល​សំខាន់​ជាង​ការ​រៀន​តាម​ល្បឿន​កំណត់​មួយ គឺ​ជា​ការ​ជួយ​សិស្ស​យល់​នូវ​អ្វី​ដែល​គេ​កំពុង​តែ​រៀន។—ម៉ាថាយ ១៣:៥១

១៩ គឺ​ដូច​គ្នា​ដែរ​ចំពោះ​សិស្ស​ព្រះ​គម្ពីរ​ណា ដែល​មាន​ការ​ពិបាក​ក្នុង​រឿង​ជាក់​លាក់ ដូច​ជា​រឿង​ព្រះ​ត្រី​ឯកភាព​ឬ​បុណ្យ​សាសនា​ផ្សេង​ៗ។ ទោះ​បី​ការ​ប្រើ​នូវ​សៀវភៅ​ខាង​ព្រះ​គម្ពីរ​គឺ​មិន​ចាំ​បាច់​តាម​ធម្មតា​ពេល​សិក្សា​នោះ ប្រហែល​ជួន​កាល​យើង​នឹង​ប្រើ បើ​សិន​ជា​នេះ​ច្បាស់​ជា​នឹង​មាន​ប្រយោជន៍។ ការ​វិនិច្ឆ័យ​ល្អ​គួរ​ត្រូវ​ប្រើ ដើម្បី​បង្ការ​ការ​បង្អាក់​នូវ​ការ​លូត​លាស់​នៃ​សិស្ស​ម្នាក់។

ចូរ​ឲ្យ​មាន​ចិត្ត​សាទរ!

២០. តើ​ប៉ុល​បាន​ធ្វើ​គំរូ​អ្វី​ក្នុង​ការ​បង្ហាញ​ភាព​សាទរ និង​សេចក្ដី​ជំនឿ​ស៊ប់​ក្នុង​ការ​បង្រៀន​របស់​គាត់?

២០ ប៉ុល​បាន​និយាយ​ថា៖ «ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ»។ (រ៉ូម ១២:១១) មែន​ហើយ មិន​ថា​យើង​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ឬ​ក៏​រួម​ចំណែក​មួយ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ក្ដី យើង​គួរ​ធ្វើ​ដូច្នោះ​ដោយ​ភាព​ឧស្សាហ៍​និង​ចិត្ត​សាទរ។ ប៉ុល​បាន​ប្រាប់​ពួក​ថែស្សាឡូនីច​ថា៖ «ដ្បិត​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ មិន​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ​ចេស្ដា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ ហើយ​ដោយ​សេចក្ដី​ជំនឿ​ដ៏​មោះ​មុត​ជា​ខ្លាំង​ថែម​ទៀត​ផង»។ (ថែស្សាឡូនីច​ទី​១ ១:៥) ដោយ​ធ្វើ​ដូច្នេះ ប៉ុល​និង​ពួក​គូកន​របស់​គាត់​បាន ឲ្យ«ដំណឹង​ល្អ​ពី​ព្រះ . . . មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏ . . . ជីវិត​យើង​ខ្ញុំ​ផង»។—ថែស្សាឡូនីច​ទី​១ ២:៨

២១. តើ​តាម​របៀប​ណា​ដែល​យើង​អាច​រក្សា​មាន​អាកប្បកិរិយា​ដ៏​វិជ្ជមាន ពី​កិច្ច​បង្រៀន​របស់​យើង?

២១ សេចក្ដី​សាទរ​ដ៏​ស្មោះ​មក​ពី​ការ​ជឿ​ជាក់​ថា ពួក​សិស្ស​របស់​យើង​ពិត​ជា​ត្រូវ​ការ​នូវ​អ្វី​ដែល​យើង​នឹង​និយាយ។ កុំ​ឲ្យ​យើង​គិត​ថា​កិច្ច​បង្រៀន​ណា​គឺ​ជា​ធម្មតា​ទេ។ ជន​ស្ក្រែប​ម្នាក់​ឈ្មោះ​អែសរ៉ា​ពិត​ជា​បាន​ប្រុង​ប្រយ័ត្ន​នឹង​ការ​បង្រៀន​របស់​គាត់​ក្នុង​រឿង​នេះ។ គាត់«បាន​តាំង​ចិត្ត​ស្វែង​រក​ក្នុង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ហើយ​បង្ហាត់​បង្រៀន​តាម​បញ្ញត្ត នឹង​សេចក្ដី​យុត្ដិធម៌​ក្នុង​ពួក​អ៊ីស្រាអែល»។ (អែសរ៉ា ៧:១០) គឺ​ដូច្នេះ​ដែរ​ដែល​យើង​គួរ​រៀបចំ​ពេញ​លេញ​ហើយ​គិត​ពី​សារៈ​សំខាន់​នៃ​ពត៌មាន​នោះ។ ចូរ​ឲ្យ​យើង​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា ឲ្យ​ទ្រង់​បំពេញ​យើង​នឹង​សេចក្ដី​ជំនឿ​ដ៏​ស៊ប់។ (លូកា ១៧:៥) សេចក្ដី​សាទរ​របស់​យើង​អាច​ជួយ​ពួក​សិស្ស​ព្រះ​គម្ពីរ បណ្ដុះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​សំរាប់​សេចក្ដី​ពិត។ ប្រាកដ​ហើយ ការ​ប្រុង​ប្រយ័ត្ន​នឹង​ការ​បង្រៀន​របស់​យើង អាច​រួម​បញ្ចូល​ការ​ប្រើ​វិធី​បង្រៀន​ដ៏​ជាក់​លាក់។ អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​ពី​នោះ។

[កំណត់​សម្គាល់]

a សូម​មើល ការ​មើល​ធ្លុះ​ជ្រៅ​ក្នុង​បទ​គម្ពីរ ក្បាល​ទី​២ ទំព័រ ១០៧១ បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ភាសា​អង់គ្លេស)

តើ​អ្នក​ចាំ​ទេ?

◻ ហេតុ​អ្វី​បាន​ជា គ្រូ​បង្រៀន​គ្រីស្ទាន​ដ៏​ប៉ិន​ប្រសប់​គឺ​ត្រូវ​ការ​សព្វ​ថ្ងៃ​នេះ?

◻ តើ​ទំលាប់​សិក្សា​ល្អ​អ្វី​ដែល​យើង​អាច​បណ្ដុះ​បណ្ដាល?

◻ ហេតុ​អ្វី​បាន​ជា​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ចំពោះ​អ្នក​ដែល​យើង​បង្រៀន គឺ​ជា​សំខាន់​ម្ល៉េះ?

◻ តាម​របៀប​ណា​ដែល​យើង​អាច​តប​ឆ្លើយ​នឹង​តម្រូវ​ការ​របស់​ពួក​សិស្ស​យើង?

◻ ហេតុ​អ្វី​បាន​ជា​សេចក្ដី​សាទរ​និង​សេចក្ដី​ជំនឿ​ស៊ប់​គឺ​ជា​សំខាន់ ពេល​បង្រៀន​អ្នក​ដទៃ?

[រូប​ភាព​នៅ​ទំព័រ​២៣]

គ្រូ​បង្រៀន​ល្អ គឺ​ខ្លួន​គេ​ផ្ទាល់​ជា​សិស្ស​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ផង​ដែរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក