សៀវភៅនៃប្រាជ្ញា ដែលមានសារសំរាប់សព្វថ្ងៃនេះ
លោកយ៉ូប ដែលជាព្រឹទ្ធាចារ្យពីបុរាណ ហើយច្បាស់ជាបុគ្គលម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើនជាងគេនៅសម័យរបស់លោក បានកត់សម្គាល់ថា៖ «ថង់មួយដែលពេញនឹងប្រាជ្ញា មានតម្លៃជាងថង់មួយដែលពេញដោយគុជ»។ (យ៉ូប ១:៣ ព.ថ.; ២៨:១៨; ៤២:១២) ពិតមែន ប្រាជ្ញាមានតម្លៃច្រើនជាងទ្រព្យសម្បត្ដិ ក្នុងការជួយមនុស្សម្នាក់ឲ្យបានជោគជ័យក្នុងជីវិតរបស់ខ្លួន។ ស្តេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញា បានមានបន្ទូលថា៖ «ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។—សាស្ដា ៧:១២
ក៏ប៉ុន្តែ តើប្រាជ្ញាបែបនេះអាចត្រូវរកឃើញនៅកន្លែងណា? មនុស្សអាងលើពួកអ្នកកាសែតខាងអត្ថបទ ពួកគ្រូពេទ្យខាងចិត្តវិទ្យា ពួកគ្រូពេទ្យវិកលចរិត សូម្បីតែជាងធ្វើសក់និងអ្នកបើកតាក់ស៊ី ដោយប្រាប់អំពីបញ្ហាផ្ទាល់ខ្លួនដើម្បីសុំឲ្យពួកគេជូនយោបល់។ បន្ថែមទៅទៀត អ្នកជំនាញដែលរាប់មិនអស់ នៅប្រុងប្រៀបដើម្បីឲ្យយោបល់អំពីរឿងណាក៏បាន ដោយការគិតលុយតម្លៃសមរម្យ។ ក៏ប៉ុន្តែ ពាក្យសំដីនៃ«ប្រាជ្ញា»បែបនោះ ច្រើនតែនាំទៅដល់ការខកចិត្តតែប៉ុណ្ណោះ រហូតនាំឲ្យមានគ្រោះថ្នាក់ផង។ ដូច្នេះ តើតាមរបៀបណាដែលយើងអាចរកឃើញប្រាជ្ញាពិតប្រាកដ?
ព្រះយេស៊ូគ្រីស្ទ ដែលមានការយល់ធ្លុះដ៏ឧត្តមក្នុងកិច្ចការមនុស្ស ទ្រង់បានមានបន្ទូលថា៖ «ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត»។ (ម៉ាថាយ ១១:១៩) សូមឲ្យយើងពិចារណាមើលបញ្ហាខ្លះៗដែលជាធម្មតាក្នុងជីវិតមនុស្ស និងមើលពាក្យសំដីនៃប្រាជ្ញាណាដែលពិតជាបានជួយពួកគេ ហើយបានសម្ដែងដោយមានតម្លៃច្រើនជាង «ថង់មួយដែលពេញដោយគុជ»។ ប្រហែលអ្នកអាចរកឃើញ «ថង់ដែលពេញនឹងប្រាជ្ញា»នោះផងដែរ ហើយទទួលប្រយោជន៍ពីនោះ។
តើអ្នករងទុក្ខដោយការធ្លាក់ទឹកចិត្តឬ?
កាសែតអិនតឹណាសិនណាល ហេរិល ទ្រីព្យូន នៃទីក្រុងឡុងដុង បានកត់សម្គាល់ថា៖ «បើសិនជាសតវត្សទី២០បាននាំចូលនូវសម័យមួយនៃកង្វល់ នោះការចេញរបស់វាកំពុងតែពិសោធន៍ដើមនៃសម័យនៃសេចក្ដីសោកសង្រេងទៅវិញ»។ កាសែតនោះនិយាយជាបន្ថែមថា៖ «ការស្រាវជ្រាវអន្តរជាតិលើកដំបូងនូវការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ បានបង្ហាញការកើនឡើងជាបណ្ដើរនៃវិកលចរិតនេះទូទាំងពិភពលោក។ នៅប្រទេសដែលខុសគ្នាដូច តៃវ៉ាន់ លិបានុន និងញូវហ្សេឡិន ជំនាន់ជាបន្តបន្ទាប់និមួយៗទៅជាងាយឈឺចាប់ជាងចំពោះជម្ងឺនោះ»។ មនុស្សដែលបានកើតក្រោយឆ្នាំ១៩៥៥ ត្រូវរាប់មានលទ្ធភាពទទួលរងការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ បីដង ច្រើនជាងជីដូនជីតារបស់ពួកគេ។
ថូម៉ូអេគឺមានករណីដូចនេះ ដែលនាងបានរងការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ហើយបានចំណាយពេលភាគច្រើននៅលើគ្រែរបស់នាង។ ពីព្រោះនាងមិនអាចចិញ្ចឹមកូនប្រុសរបស់នាងដែលមានអាយុពីរឆ្នាំបាន នោះនាងបានផ្លាស់លំនៅទៅផ្ទះឪពុកម្ដាយវិញ។ អ្នកជិតខាងម្នាក់ដែលមានកូនស្រីមួយ ដែលមានអាយុស្មើនឹងកូនប្រុសថូម៉ូអេបានធ្វើជាពួកម៉ាកនាង។ ពេលដែលថូម៉ូអេបានប្រាប់អ្នកជិតខាងនោះថានាងមានអារម្មណ៍ថាខ្លួនអត់មានតម្លៃ នោះអ្នកជិតខាងនេះបានបង្ហាញនាងនូវវគ្គមួយក្នុងសៀវភៅមួយ។ វគ្គនោះអានថា៖ «ភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ ប៉ុន្តែ អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ»។ ទឹកភ្នែកបានឡើងក្នុងភ្នែកថូម៉ូអេ កាលនាងទទួលស្គាល់ថាមនុស្សទាំងអស់មានប្រយោជន៍ក្នុងលោកីយ៍ ហើយគឺត្រូវការដែរ។a
អ្នកជិតខាងនោះបានជូនយោបល់ថា ថូម៉ូអេគួរមើលសៀវភៅដែលមានពាក្យនោះ។ ថូម៉ូអេបានងក់ក្បាលយល់ព្រម ទោះបីមកទល់ពេលនោះ នាងគ្មានសមត្ថភាពធ្វើអ្វីក៏ដោយ សូម្បីតែពាក្យសន្យាមួយក៏មិនអាចធ្វើបានដែរ។ អ្នកជិតខាងនោះក៏បានជួយនាងទៅផ្សារ ហើយបានជួយធ្វើម្ហូបជាមួយថូម៉ូអេរាល់ថ្ងៃ។ មួយខែបន្ទាប់មក ថូម៉ូអេបានចាប់ផ្ដើមក្រោករាល់ព្រឹក បោកខោអាវ បោសសំអាតផ្ទះ ទៅផ្សារ ហើយធ្វើម្ហូបពេលល្ងាច ដូចស្ត្រីមេផ្ទះធម្មតាដែរ។ នាងបានត្រូវតែឈ្នះលើការពិបាកជាច្រើន ក៏ប៉ុន្តែនាងបាននិយាយថា៖ «ខ្ញុំបានជឿជាក់ថា បើសិនជាខ្ញុំគ្រាន់តែប្រព្រឹត្តតាមពាក្យសំដីនៃប្រាជ្ញាដែលខ្ញុំបានរកឃើញ នោះខ្ញុំនឹងអាចធ្វើការបាន»។
ដោយការប្រព្រឹត្តតាមប្រាជ្ញាដែលគាត់បានរកឃើញ ថូម៉ូអេបានឈ្នះលើការធ្លាក់ទឹកចិត្តដែលដូចជាថ្ងៃស្រទំ។ ឥឡូវ ថូម៉ូអេធ្វើការពេញពេលក្នុងការជួយអ្នកដទៃអនុវត្តពាក្យដូចគ្នា ដែលបានជួយនាងមានសមត្ថភាពទ្រាំបញ្ហារបស់នាង។ ពាក្យនៃប្រាជ្ញានោះមាននៅក្នុងសៀវភៅបុរាណមួយ ដែលមានសារសំរាប់មនុស្សទាំងអស់សព្វថ្ងៃនេះ។
តើអ្នកប្រឈមមុខបញ្ហាគ្រួសារទេ?
ទូទាំងពិភពលោក អត្រាកំរិតការលះលែងគ្នាកំពុងតែកើនឡើង។ បញ្ហាក្នុងគ្រួសារកំពុងតែកើនឡើងសូម្បីតែក្នុងបូព៌ាប្រទេស ដែលមនុស្សនៅប្រទេសទាំងនោះធ្លាប់យកចិត្តទុកដាក់លើគ្រួសារដ៏ជិតស្និទ្ធ។ តើនៅកន្លែងណាដែលយើងអាចរកឃើញនូវការណែនាំដ៏មានប្រាជ្ញានិងមានប្រសិទ្ធិភាព?
ពិចារណាករណីនៃស៊ូកូនិងមីហូកូ គូស្វាមីភរិយាមួយដែលមានបញ្ហាអាពាហ៍ពិពាហ៍ឥតឈប់ឈរ។ គេធ្លាប់មានជំលោះអំពីរឿងតូចតាចទាំងអស់។ ស៊ូកូគឺឆាប់ខឹង ហើយមីហូកូតមាត់រៀងរាល់ដងដែលគាត់រិះគន់កំហុសនាង។ មីហូកូសូម្បីតែបានគិតថា ‹យើងគ្មានលទ្ធភាពយល់ព្រមគ្នាអំពីរឿងណាទាល់តែសោះ›។
នៅថ្ងៃមួយ ស្រីម្នាក់បានមកលែងមីហូកូ ហើយបានអានពាក្យពីសៀវភៅដូចតទៅឲ្យនាងស្ដាប់៖ «ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ»។b ទោះបីមីហូកូមិនចាប់អារម្មណ៍នឹងសាសនាយ៉ាងណាក៏ដោយ នាងបានយល់ព្រមសិក្សាសៀវភៅនោះដែលមានពាក្យទាំងនេះ។ នាងចាប់អារម្មណ៍នឹងការធ្វើឲ្យជីវភាពគ្រួសាររបស់នាងទៅជាប្រសើរឡើង។ ដូច្នេះ នៅពេលនាងត្រូវអញ្ជើញមកឯប្រជុំមួយ ដែលនៅឯនោះគេនឹងពិគ្រោះសៀវភៅដែលមានចំណងជើង ការធ្វើឲ្យជីវភាពគ្រួសាររបស់អ្នកមានសុភមង្គលc មីហូកូហើយប្ដីរបស់នាងបានយល់ព្រមទៅ។
នៅឯកិច្ចប្រជុំ ស៊ូកូបានកត់សម្គាល់ថា ពួកអ្នកដែលមកនោះពិតជាអនុវត្តតាមអ្វីដែលគេរៀន ហើយហាក់ដូចជាពួកគេសប្បាយមែន។ គាត់បានសម្រេចចិត្តសង្កេតមើលក្នុងសៀវភៅនោះដែលប្រពន្ធគាត់បានសិក្សា។ ប្រយោគមួយបានធ្វើឲ្យគាត់ចាប់អារម្មណ៍៖ «អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសំញែងសេចក្ដីចំកួតរបស់ខ្លួនវិញ»។d ទោះបីការអនុវត្តតាមគោលការណ៍នេះក្នុងជីវិតរបស់គាត់ បានត្រូវការនូវពេលវេលា ក្នុងការកែប្រែជាបណ្ដើរៗនូវខ្លួនគាត់ បានត្រូវសឲ្យឃើញចំពោះពួកអ្នកនៅជុំវិញគាត់ រួមបញ្ចូលប្រពន្ធរបស់គាត់។
ដោយឃើញការកែប្រែក្នុងប្ដីរបស់ខ្លួន មីហូកូបានចាប់ផ្ដើមអនុវត្តតាមអ្វីដែលនាងរៀនផងដែរ។ គោលការណ៍មួយដែលបានមានប្រយោជន៍ជាពិសេសគឺដូចតទៅ៖ «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ»។e ដូច្នេះ មីហូកូនិងប្ដីរបស់នាងបានសម្រេចចិត្តថា គេនឹងនិយាយអំពីលក្ខណៈល្អរបស់គេ និងរបៀបដែលគេអាចកែលំអខ្លួនជាជាងរកកំហុសគ្នាទៅវិញទៅមក។ តើមានលទ្ធផលអ្វី? មីហូកូនឹកចាំថា៖ «នោះបានធ្វើឲ្យខ្ញុំសប្បាយចិត្តមែន។ យើងធ្វើអ៊ីចឹងរៀងរាល់ល្ងាច ពេលទទួលអាហារពេលល្ងាច។ សូម្បីតែកូនប្រុសរបស់យើងដែលមានអាយុបីឆ្នាំបានចូលរួមក្នុងនេះ។ នេះពិតជាអ្វីដែលបានកំសាន្តចិត្តយើងមែន»!
នៅពេលគ្រួសារនេះបានអនុវត្តតាមឱវាទដ៏មានប្រយោជន៍ ដែលពួកគេបានទទួល នោះគេបានមានសមត្ថភាពឈ្នះលើបញ្ហាទាំងប៉ុន្មាន ដែលស្ទើរតែបំបាក់បំបែកទំនាក់ទំនងរបស់គេ។ តើនេះមិនមានតម្លៃចំពោះគេច្រើនជាងថង់មួយដែលពេញដោយគុជទេឬ?
តើអ្នកចង់មានជីវិតដែលប្រកបដោយជោគជ័យទេ?
សំរាប់មនុស្សជាច្រើននាក់សព្វថ្ងៃនេះ ការប្រមូលទ្រព្យសម្បត្ដិជាគោលដៅរបស់គេ។ ក៏ប៉ុន្តែ ពាណិជ្ជករម្នាក់ដែលជាអ្នកមាននៅសហរដ្ឋអាមេរិក ដែលធ្លាប់ជូនរាប់រយលានដុល្លាឲ្យអង្គការសប្បុរសធម៌បាននិយាយថា៖ «លុយមានភាពទាក់ទាញចំពោះមនុស្សខ្លះ ក៏ប៉ុន្តែគ្មានអ្នកណាដែលអាចពាក់ស្បែកជើងពីរគូនៅពេលតែមួយទេ»។ អ្នកដែលសារភាពហេតុការណ៍នេះគឺតិចណាស់ ហើយអ្នកដែលឈប់តាមរកទ្រព្យសម្បត្ដិគឺតិចជាងទៅទៀត។
ហ៊ីថូស៊ីបានធំឡើងក្នុងភាពក្រីក្រ ដូច្នេះគាត់មានសេចក្ដីប្រាថ្នាចង់ទៅជាអ្នកមាន។ ក្រោយគាត់បានសង្កេតឃើញរបៀបដែលមេបំណុលប្រើប្រាស់មនុស្ស គាត់បានសម្រេចចិត្តថា៖ «អ្នកដែលមានលុយច្រើនបំផុតគឺជាអ្នកដែលឈ្នះ»។ ហ៊ីថូស៊ីបានជឿលើឥទ្ធិពលនៃលុយដល់ម្ល៉េះដែលគាត់ធ្លាប់ជឿថា សូម្បីតែជីវិតមនុស្សអាចត្រូវទិញដោយលុយដែរ។ ដើម្បីប្រមូលលុយ គាត់បានភ្ជាប់ខ្លួននឹងមុខរបរ គឺជាងបំពង់ទឹកពេញមួយឆ្នាំ ដោយមិនឈប់សំរាកសូម្បីតែមួយថ្ងៃ។ ទោះបីគាត់បានខិតខំយ៉ាងណាក៏ដោយ មិនយូរហ៊ីថូស៊ីបានដឹងថា គាត់ដែលជាម៉ៅការតពីគេ មិនដែលនឹងមានអំណាចស្មើនឹងអ្នកម៉ៅការដែលប្ដូរគាត់ការងារនោះទេ។ រៀងរាល់ថ្ងៃ គាត់ប្រឈមមុខនឹងចិត្តតឹងតែងហើយការខ្លាចនូវការរលំខាងជំនួញ។
រួចមកបុរសម្នាក់បានមកឯទ្វាររបស់ហ៊ីថូស៊ី ហើយបានសួរគាត់ថាតើគាត់ដឹង ព្រះយេស៊ូគ្រីស្ទបានសោយទិវង្គតដើម្បីគាត់។ ដោយព្រោះហ៊ីថូស៊ីមានអារម្មណ៍ថា គ្មាននរណាម្នាក់ដែលនឹងស្លាប់ដើម្បីមនុស្សបែបគាត់ទេ នោះគាត់បានចាប់អារម្មណ៍ហើយបានយល់ព្រមនិយាយគ្នាទៀត។ នៅសប្ដាហ៍ជាបន្ទាប់ គាត់បានចូលស្ដាប់សុន្ទរកថាមួយ ហើយបានភ្ញាក់ផ្អើលពេលឮពាក្យដាស់តឿនថា ‹រក្សាឲ្យមានភ្នែកល្អ›។ អ្នកថ្លែងសុន្ទរកថាបានពន្យល់ថា ភ្នែកមួយដ៏«ល្អ» គឺជាភ្នែកដែលសម្លឹងចំនឹងអ្វីខាងវិញ្ញាណ។ ឯម្ខាងទៀត ភ្នែកមួយដ៏«អាក្រក់»វិញ ឬ«ដ៏ច្រណែន» គឺសម្លឹងមើលចំទៅលើតែសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមដែលមានភ្លាមៗនោះ ហើយគ្មានសមត្ថភាពមើលឃើញវែងឆ្ងាយទេ។ ឱវាទដែលថា «សម្បត្ដិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ» បានមានអនុភាពខ្លាំងលើគាត់។f អ្វីដែលជាសំខាន់ជាងការប្រមូលសម្បត្ដិទ្រព្យគឺមានមែន! គាត់មិនដែលឮអ្វីដូចនោះពីមុនទេ។
ដោយសេចក្ដីកោតស្ងើច គាត់បានចាប់ផ្ដើមអនុវត្តតាមអ្វីដែលគាត់រៀន។ ជាជាងធ្វើការដើម្បីលុយ គាត់បានចាប់ផ្ដើមទុកគោលការណ៍វិញ្ញាណជាទីមួយក្នុងជីវិតរបស់គាត់។ គាត់ក៏បានចំណាយពេលក្នុងការរក្សាសុខុមាលភាពខាងវិញ្ញាណនៃគ្រួសាររបស់គាត់។ ច្បាស់ហើយ នេះមានន័យថា មានពេលតិចជាងសំរាប់ការងាររបស់គាត់។ ក៏ប៉ុន្តែ ពាណិជ្ជកម្មរបស់គាត់បានផ្លាស់ប្រែតាមរបៀបល្អ។ ហេតុអ្វី?
បុគ្គលិកលក្ខណៈរបស់គាត់ដែលប្រកបដោយភាពបង្ខិតបង្ខំគេ នោះបានក្លាយទៅជាស្លូតនិងរាក់ទាក់កាលដែលគាត់អនុវត្តតាមឱវាទដែលគាត់បានទទួលនោះ។ គាត់បានកោតស្ងើចជាពិសេស ចំពោះពាក្យដាស់តឿនដែលថា៖ «តែឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្ដីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក»។g ការប្រព្រឹត្តតាមយោបល់នេះមិនបានធ្វើឲ្យគាត់ទៅជាអ្នកមានទេ ក៏ប៉ុន្តែ‹បុគ្គលិកលក្ខណៈថ្មី›របស់គាត់មានអនុភាពល្អលើអតិថិជនរបស់គាត់ ហើយបានទទួលនូវការទុកចិត្តពីគេ។ ត្រូវមែន ពាក្យនៃប្រាជ្ញាដែលគាត់បានទទួល នោះបានជួយគាត់ជោគជ័យក្នុងជីវិតរបស់គាត់។ ចំពោះគាត់ តាមពិតទៅ ពាក្យនោះមានតម្លៃច្រើនជាងថង់មួយដែលពេញដោយគុជឬលុយទៅទៀត។
តើអ្នកនឹងបើកថង់នោះទេ?
តើអ្នកអាចសម្គាល់នូវថង់នោះដែលពេញនឹងប្រាជ្ញា ដែលបានបង្ហាញថាមានតម្លៃច្រើន ចំពោះពួកអ្នកក្នុងឧទាហរណ៍ទាំងប៉ុន្មាននៅខាងលើនេះឬទេ? នោះគឺជាប្រាជ្ញាដែលអាចត្រូវរកឃើញក្នុងព្រះគម្ពីរ ជាសៀវភៅដែលបានត្រូវចែកចាយជាងគេ ហើយដែលស្រួលទទួលជាងគេនៅលើផែនដី។ ក៏ប៉ុន្តែ ការមានថង់មួយដែលពេញដោយគុជដែលមានតម្លៃ ហើយបើមិនប្រើគុជនោះ នោះគឺអត់ប្រយោជន៍ចំពោះម្ចាស់នោះទេ។ គឺដូច្នេះដែរ ការគ្រាន់តែមានព្រះគម្ពីរជារបស់ផងខ្លួនគឺមានប្រយោជន៍តែបន្ដិចទេ។ ក្នុងន័យប្រៀបធៀប សូមអញ្ជើញបើកថង់នោះ ហើយអនុវត្តឱវាទដ៏មានប្រាជ្ញានិងមានយោបល់តាមត្រូវពេលនៃព្រះគម្ពីរ ហើយមើលនូវរបៀបដែលឱវាទនោះ អាចជួយអ្នកឲ្យទទួលជោគជ័យនឹងបញ្ហានៃជីវិត។
បើសិនជាអ្នកត្រូវគេឲ្យគុជមួយថង់ តើនឹងមិនដឹងគុណនិងខំស្វែងរកអ្នកដែលបានជូនឲ្យដើម្បីអរគុណគេទេឬ? តើអ្នកដឹងថា ក្នុងករណីនៃព្រះគម្ពីរអ្នកដែលប្រទាននោះគឺជានរណាគេទៅ?
ព្រះគម្ពីរសម្ដែងប្រភពនៃប្រាជ្ញាដែលមាននៅក្នុងនោះ ពេលនិយាយថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍»។ (ធីម៉ូថេទី២ ៣:១៦) ព្រះគម្ពីរក៏ប្រាប់យើងថា៖ «ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង»។ (ហេព្រើរ ៤:១២) គឺហេតុនេះហើយដែលពាក្យនៃប្រាជ្ញាដែលត្រូវរកឃើញក្នុងព្រះគម្ពីរ នោះគឺត្រូវពេលនិងមានប្រសិទ្ធិភាពសំរាប់យើងសព្វថ្ងៃនេះ។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ានឹងអរសប្បាយក្នុងការជួយអ្នករៀនអំពីអ្នកប្រទានដ៏មានព្រះទ័យទូលំទូលាយ គឺជាព្រះយេហូវ៉ា ដើម្បីឲ្យអ្នកអាចមានសេចក្ដីសង្ឃឹមទៅជាអ្នកដែលទទួលប្រយោជន៍ពី«ថង់មួយដែលពេញដោយប្រាជ្ញា» ដែលមាននៅក្នុងព្រះគម្ពីរ ជាសៀវភៅនៃប្រាជ្ញាដែលមានសារសំរាប់មនុស្សទាំងអស់សព្វថ្ងៃនេះ។
[កំណត់សម្គាល់]
a សេចក្ដីដកស្រង់នោះមកពី កូរិនថូសទី១ ១២:២១, ២២
c បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក
[ប្រអប់/រូបភាពនៅទំព័រ៦]
ពាក្យនៃប្រាជ្ញាសំរាប់ការរក្សាតុល្យភាពខាងផ្លូវចិត្ត
«ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិត នោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន ប៉ុន្តែទ្រង់មានព្រះហឫទ័យអត់ទោសវិញ ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់»។—ទំនុកដំកើង ១៣០:៣, ៤
«ចិត្តរីករាយ តែងតែបណ្ដាលឲ្យមានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្ត»។—សុភាសិត ១៥:១៣
«ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី»?—សាស្ដា ៧:១៦
«ដែលឲ្យ នោះបានពរជាជាងទទួល»។—កិច្ចការ ២០:៣៥
«ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ»។—អេភេសូរ ៤:២៦
[ប្រអប់/រូបភាពនៅទំព័រ៧]
ពាក្យនៃប្រាជ្ញាសំរាប់ជីវភាពគ្រួសារដែលប្រកបដោយសុភមង្គល
«ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ»។—សុភាសិត ១៥:២២
«ចិត្តរបស់មនុស្សវាងវៃ តែងតែចំរើនចំណេះឡើង ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ»។—សុភាសិត ១៨:១៥
«ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់»។—សុភាសិត ២៥:១១
«ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជា[ព្រះយេហូវ៉ា]បានអត់ទោសឲ្យអ្នករាល់គ្នាដែរ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។—កូល៉ុស ៣:១៣, ១៤
«ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ»។—យ៉ាកុប ១:១៩
[ប្រអប់/រូបភាពនៅទំព័រ៨]
ពាក្យនៃប្រាជ្ញាសំរាប់ការជោគជ័យក្នុងជីវិត
«ជញ្ជីងមិនត្រឹមត្រូវ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែកូនជញ្ជីងគ្រប់ទំងន់ ជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ»។—សុភាសិត ១១:១
«សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ»។—សុភាសិត ១៦:១៨
«បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង»។—សុភាសិត ២៥:២៨
«កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ»។—សាស្ដា ៧:៩
«ចូរបោះនំប៉័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ»។—សាស្ដា ១១:១
«មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្ដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់»។—អេភេសូរ ៤:២៩
[រូបភាពនៅទំព័រ៩]
ការសិក្សាព្រះគម្ពីរគឺជាជំហានដំបូង ក្នុងការទៅជាអ្នកដែលទទួលប្រយោជន៍ពី‹ថង់នោះដែលពេញដោយប្រាជ្ញា›