របាយការណ៍ពីពួកអ្នកប្រកាសព្រះរាជាណាចក្រ
កំពុងផ្សាយ‹ព្រះបន្ទូលទោះត្រូវពេល ឬខុសក្ដី›
នៅពេលដែលសង្គ្រាមបានផ្ទុះឡើងនៅប្រទេសបូស្នី ហឺសេហ្គោវីន នោះមនុស្សរាប់ពាន់នាក់បានពិសោធសេចក្ដីលំបាកវេទនាយ៉ាងខ្លាំង។ ក្នុងកំឡុងគ្រាដ៏ពិបាកនេះ នោះស្មរបន្ទាល់ព្រះយេហូវ៉ាបានខំប្រឹងដើម្បីយកការលើកទឹកចិត្ត និងសេចក្ដីសង្ឃឹមដល់មនុស្សទាំងឡាយ។ នៅខាងក្រោមនេះជាសេចក្ដីដកស្រង់ពីសំបុត្រមួយ ដែលបានសរសេរដោយស្មរបន្ទាល់ប្រុសម្នាក់ ដែលបានបំរើមួយរយៈនៅក្នុងទីក្រុងសារ៉ាជេរ៉ូ។
«ជីវិតគឺពិបាកណាស់នៅទីនេះ ប៉ុន្តែមនុស្សចូលចិត្តស្ដាប់សេចក្ដីពិតក្នុងព្រះគម្ពីរ។ ពួកស្មរបន្ទាល់ក្នុងតំបន់នេះ គឺជាគំរូដ៏អស្ចារ្យចំពោះការខំតស៊ូ។ ពួកគេមានតិចណាស់ខាងសម្ភារៈ ប៉ុន្តែពួកគេមានគតិដ៏ល្អប្រសើរ។ សឹងតែពួកក្មេងទាំងអស់នៅក្នុងក្រុមជំនុំ គឺប្រកបកិច្ចបំរើផ្សាយពេញពេល។ ពួកអ្នកផ្សាយថ្មីបានត្រូវលើកទឹកចិត្តដោយចិត្តខ្នះខ្នែងនេះ ហើយមិនជាចម្លែកទេដែលគេចំណាយ៦០ម៉ោងឬច្រើនជាងនេះក្នុងមួយខែ ចាប់តាំងពីខែដំបូងនៃកិច្ចបំរើផ្សាយរបស់គេ។
«ក្រៅពីការផ្សាយពីផ្ទះមួយទៅផ្ទះមួយ នោះយើងបានសាកល្បងរបៀបផ្សេងៗ ដើម្បីផ្សាយដល់មនុស្ស។ ជាឧទាហរណ៍ យើងមានលទ្ធផលដ៏ល្អ ដោយចែកចាយប្រកាសនវត្ថុព្រះគម្ពីរ នៅកន្លែងបញ្ចុះសពជាច្រើនក្នុងទីក្រុងនេះ។
«ការធ្វើបន្ទាល់ក៏បានធ្វើឡើងនៅឯមន្ទីរពេទ្យដែរ។ នៅក្នុងផ្នែកពិនិត្យបេះដូងក្នុងមន្ទីរពេទ្យទីក្រុងសារ៉ាជេរ៉ូ នោះពេទ្យនាយកបានទទួលយកទស្សនាវដ្ដីភ្ញាក់រឭក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩៦ ដែលមានផ្ទៃរឿងលើក្របថា៖ ‹ការស្ទះដូង តើនឹងអាចធ្វើដូចម្ដេច›? គាត់បានសុំចង់បានច្រើនក្បាលទៀត ដើម្បីឲ្យគាត់អាចចែកដល់វេជ្ជបណ្ឌិតឯទៀត។ រួចមក ពួកស្មរបន្ទាល់បានត្រូវគេអនុញ្ញាតឲ្យទៅជួបពួកអ្នកជម្ងឺនៅក្នុងផ្នែករបស់គាត់។ ដូច្នេះ គ្រាន់តែលើសមួយម៉ោងប៉ុណ្ណោះ នោះមានជាង១០០ក្បាលនៃទស្សនាវដ្ដីបានត្រូវចែកចាយ ពីគ្រែមួយទៅគ្រែមួយ។ ពួកអ្នកជម្ងឺជាច្រើនបាននិយាយថា នេះជាលើកដំបូងហើយ ដែលមានអ្នកណាម្នាក់មកជួបពួកគេនៅក្នុងមន្ទីរពេទ្យ ដើម្បីផ្ដល់ឲ្យការលើកទឹកចិត្តនិងសេចក្ដីសង្ឃឹមនោះ។
«នៅគ្រាមួយទៀត ស្មរបន្ទាល់បានចូលទៅផ្នែកខាងវិជ្ជាពេទ្យកុមារ ហើយបានផ្ដល់ឲ្យទស្សនាវដ្ដី ដែលសមចំពោះកូនក្មេង។ ពេទ្យនាយកក៏បានទទួលយកសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំជាច្រើនក្បាល ទុកនៅក្នុងបន្ទប់អាន។ ឥឡូវ ម្ដាយៗដែលមកលេងកូនរបស់គេនៅឯមន្ទីរពេទ្យ ក៏អានរឿងព្រះគម្ពីរឲ្យកូនរបស់គេជារៀងរាល់ថ្ងៃ។ ហើយក៏បានរៀបចំដើម្បីទៅជួបវេជ្ជបណ្ឌិតនេះនៅឯផ្ទះរបស់គាត់ដែរ។
«នៅក្នុងទីក្រុងសារ៉ាជេរ៉ូ គឺមានពួកទាហានជាច្រើនពាន់នាក់ពីជាតិផ្សេងៗរបស់ណាតូ [អង្គការសន្ឋិសញ្ញាមហាសាគរអាត្លង់ទិចខាងជើង] ពួកអ្នកទាំងនេះក៏បានទទួលការធ្វើបន្ទាល់យ៉ាងពេញលេញដែរ។ នៅពេលខ្លះយើងទៅផ្សាយពីឡានស្រោបដែក ដោយប្រើកូនសៀវភៅ ដំណឹងល្អសំរាប់អស់ទាំងសាសន៍ និងទស្សនាវដ្ដីប៉មយាម និង ភ្ញាក់រឭក! ដែលមានភាសាផ្សេងៗ។ គឺបានត្រូវចែកចាយទស្សនាវដ្ដីជាង២០០ក្បាល នៅក្នុងបន្ទាយទាហាននៃជាតិអ៊ីតាលី។ យ៉ាងចម្លែកដែរ ពួកទាហានជាតិអ៊ីតាលីជាច្រើននាក់ បាននិយាយថា គេមិនដែលបាននិយាយជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាទេ។ យ៉ាងណាក្ដីយើងបានជួបជាមួយគេនៅក្នុងទីក្រុងសារ៉ាជេរ៉ូ។
«នៅថ្ងៃមួយឡានស្រោបដែកបានចតនៅជិតថ្នល់។ ខ្ញុំបានគោះទ្វារឡាននេះដោយប្រើឆ័ត្ររបស់ខ្ញុំ នោះទាហានម្នាក់ក៏ចេញមក។ ខ្ញុំបានផ្ដល់ឲ្យទស្សនាវដ្ដីប៉មយាមដល់គាត់ ដែលមានចំណងជើងលើក្របថា ‹ពួកអ្នកនាំសារសន្ដិភាព—តើពួកគេជាអ្នកណា›? ទាហាននេះក៏បានមើលខ្ញុំហើយបានសួរថា ‹អ្នកមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ទេ មែនឬ›? ក្រោយពីដឹងថាខ្ញុំជាស្មរបន្ទាល់ម្នាក់ គាត់បានតបឆ្លើយថា ‹នេះជាការគួរឲ្យអស្ចារ្យមែន អ្នកក៏នៅទីនេះដែរ! តើមានកន្លែងណានៅលើផែនដីនេះ ដែលឥតមានស្មរបន្ទាល់ឬទេ›»?
សាវ័កប៉ុលបានដាស់តឿនថា៖ «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្ដី»។ (ធីម៉ូថេទី២ ៤:២) ដូចពួកអ្នកជឿគ្នីគ្នារបស់គេនៅទូទាំងពិភពលោក ស្មរបន្ទាល់ព្រះយេហូវ៉ានៅទីក្រុងទីក្រុងសារ៉ាជេរ៉ូក៏ធ្វើដូច្នេះដែរ ព្រមទាំងពីគ្រែមួយទៅគ្រែមួយផង និងពីឡានស្រោបដែកមួយទៅមួយទៀតដែរ!