តើយើងអាចរស់នៅបានយូរប៉ុន្មានឆ្នាំ?
បើនិយាយទូទៅមនុស្សគឺរស់នៅបានកាន់តែយូរឡើងៗ ដែលបណ្ដាលឲ្យមនុស្សជាច្រើនឆ្ងល់ថា ‹តើយើងអាចរស់នៅបានយូរប៉ុន្មានឆ្នាំ›?
យោងទៅតាមសព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី (១៩៩៥) នៅអតីតកាល នោះ ភីយែ ជូបឺត បានត្រូវគេជឿទូទៅថា ជាបុគ្គលដែលបានរស់នៅយូរជាងគេបំផុត។ នៅក្នុងឆ្នាំ១៨១៤ គាត់បានស្លាប់ពេលមានអាយុ១១៣ឆ្នាំ។ ពិតមែន មានពួកអ្នកឯទៀតដែលបានគេនិយាយថា បានរស់នៅយូរជាងនេះទៅទៀត ប៉ុន្តែអាយុរបស់គេមិនមានសំអាងលើឯកសារដែលគួរឲ្យជឿនោះទេ។ ក៏ប៉ុន្តែឯកសារត្រឹមត្រូវ បានបញ្ជាក់ថា មនុស្សមួយចំនួនបានរស់នៅយូរជាងភីយែ ជូបឺត។
ចន លូវីស កាម៉ង បានកើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៨៧៥ ក្នុងក្រុងអាល្ស នៅទិសខាងត្បូងឈៀងខាងកើតនៃប្រទេសបារាំង។ មរណភាពរបស់គាត់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩៧ ដែលមានជាង១២២ឆ្នាំក្រោយមក គឺបានត្រូវផ្សាយជាសាធារណៈ។ នៅក្នុងឆ្នាំ១៩៨៦ ហ្សីហ្គែឈីយ៉ូ អ៊ីហ្សូមីនៅប្រទេសជប៉ុនបានស្លាប់កាលមានអាយុ១២០ឆ្នាំ។ សៀវភៅហ្គីនិសអំពីឯតទគ្គកម្មនៃពិភពលោកប្រចាំឆ្នាំ១៩៩៩ ចុះបញ្ជី សារា ហ្នូស ដែលមានអាយុ១១៨ឆ្នាំ ជាបុគ្គលដែលចាស់ជាងគេបំផុត កាលដែលសៀវភៅនេះបានសរសេរនោះ។ គាត់បានកើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៨៨០ នៅក្នុងរដ្ឋប៉ិនស៊ីវ៉ានីសហរដ្ឋអាមេរិក។ មារី-លូវីស ហ្វែប្រូនី មៃយើ ពីក្រុងខ្យូបិក ប្រទេសកាណាដា បានស្លាប់នៅឆ្នាំ១៩៩៨កាលមានអាយុ១១៨ឆ្នាំ ប៉ុន្តែចាស់ជាងសារា២៦ថ្ងៃ។
ប្រាកដហើយ ចំនួននៃមនុស្សដែលមានចំណាស់ចាស់ បានកើនឡើងយ៉ាងសន្ធឹក។ ចំនួនមនុស្សដែលមានអាយុ១០០ឆ្នាំឡើងលើ បានស្មានថានឹងកើនឡើងជាង២.២០០.០០០នាក់ ក្នុងកំឡុងពេលពីដំបូងរហូតដល់ពាក់កណ្ដាលនៃសតវត្សជាបន្ទាប់! ស្រដៀងគ្នាដែរ ចំនួនមនុស្សដែលមានអាយុ៨០និងចាស់ជាងនោះ នឹងមនុស្សចាស់បានកើនឡើងពី២៦.៧០០.០០០នាក់ក្នុងឆ្នាំ១៩៧០ ទៅដល់៦៦លាននាក់ក្នុងឆ្នាំ១៩៩៨។ នេះគឺបានកើន១៤៧ភាគរយ បើប្រៀបធៀបទៅនឹងចំនួនមនុស្សសរុបក្នុងពិភពលោក ដែលបានកើនឡើង៦០ភាគរយនោះ។
ហើយគឺមិនមែនគ្រាន់តែមនុស្សរស់នៅបានយូរនោះទេ។ មនុស្សជាច្រើនក៏អាចសម្រេចអ្វីដែលមនុស្សភាគច្រើនដែលមានអាយុ២០ឆ្នាំ មិនអាចទាំងធ្វើបានផង។ នៅក្នុងឆ្នាំ១៩៩០ ចន ឃែលលីបានបញ្ចប់ការរត់ប្រណាំងឆ្ងាយ ដែលមាន៤២,១៩៥គីឡូម៉ែត្រ ក្នុងប្រាំម៉ោងនិងប្រាំនាទី។ នៅក្នុងឆ្នាំ១៩៩១ យាយទួតម្នាក់ឈ្មោះ មេវីស លិនហ្គ្រិន ដែលមានអាយុ៨៤ឆ្នាំ បានរត់បង្គ្រប់ចម្ងាយនោះក្នុងប្រាំពីរម៉ោងនិងប្រាំបួននាទី។ ហើយនៅពេលថ្មីៗនេះ បុរសម្នាក់ដែលមានអាយុ៩១ឆ្នាំ បានបញ្ចប់ការរត់ប្រណាំងឆ្ងាយនៅក្នុងទីក្រុងញូវយ៉ក!
នេះមិនមែនមានសេចក្ដីថា ពួកមនុស្សចាស់នៅអតីតកាលមិនបានសម្រេចការប្រព្រឹត្តដ៏អស្ចារ្យដូចនេះឡើយ។ កាលមានអាយុ៩៩ឆ្នាំ អ័ប្រាហាំដែលជាឰយុកោក្នុងព្រះគម្ពីរ‹បានចាប់ផ្ដើមរត់ទៅជួប›ភ្ញៀវរបស់គាត់។ កាលមានអាយុ៨៥ឆ្នាំ នោះកាលែបបានប្រកាសថា៖ «កំឡាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ[៤៥ឆ្នាំមុន] សំរាប់នឹងទៅច្បាំងទាំងចេញទៅហើយចូលមកវិញផង»។ ហើយព្រះគម្ពីរចែងថាម៉ូសេ កាលដែលគាត់មានអាយុ១២០ឆ្នាំ«ភ្នែកលោកមិនខ្សោយហើយកំឡាំងមិនបានអន់សោះ»។—លោកុប្បត្តិ ១៨:២; យ៉ូស្វេ ១៤:១០, ១១; ចោទិយកថា ៣៤:៧
ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលអំពីបុរសដំបូង អ័ដាមនិងអំពីលោកណូអេ ដែលជាអ្នកសង់ទូកធំ ជាបុគ្គលដែលមានក្នុងប្រវត្ដិសាស្ត្រ។ (ម៉ាថាយ ១៩:៤-៦; ២៤:៣៧-៣៩) លោកុប្បត្តិ ចែងថាអ័ដាមបានរស់នៅដល់៩៣០ឆ្នាំ និងលោកណូអេបានរស់នៅដល់៩៥០ឆ្នាំ។ (លោកុប្បត្តិ ៥:៥; ៩:២៩) តើមនុស្សធ្លាប់រស់នៅបានយូរដូចហ្នឹងមែនឬ? តើយើងអាចរស់នៅបានយូរជាងនោះ ប្រហែលជារស់នៅជានិរន្តរ៍បានឬទេ? សូមពិនិត្យមើលភស្តុតាងនៅក្នុងទំព័រទី២១ទៅទំព័រ៣១។