បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៦ ទំ. ២៨-៣២
  • អត្ថប្រយោជន៍ពីអ្នកបម្រើវ័យចំណាស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អត្ថប្រយោជន៍ពីអ្នកបម្រើវ័យចំណាស់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជំនឿ​ដែល​ជះ​ឥទ្ធិពល​ត​កូន​ត​ចៅ
  • ឥទ្ធិពល​របស់​អ្នក​បម្រើ​វ័យ​ចំណាស់​លើ​ក្រុម​គ្រួសារ
  • ឥទ្ធិពល​របស់​អ្នក​បម្រើ​វ័យ​ចំណាស់​លើ​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា
  • លោក​សាំយូអែល​បាន​«សំ​រេច​ការ​សុចរិត»
  • ការ​បង្រៀន​តំណ​មនុស្ស​ជាន់​ក្រោយ
  • «ដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះយេហូវ៉ាមើលថែរក្សាអ្នកបម្រើដែលមានវ័យចាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • «តាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង»
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ព្រះឲ្យពរដល់អាប្រាហាំនិងក្រុមគ្រួសារគាត់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៦ ទំ. ២៨-៣២

អត្ថ​ប្រយោជន៍​ពី​អ្នក​បម្រើ​វ័យ​ចំណាស់

​«ឱ​ព្រះ​អង្គ​អើយ! សូម​កុំ​លះបង់​ចោល​ទូល​បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល​បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល​បង្គំ​បាន​ថ្លែង​ប្រាប់​ពី ព្រះ​ចេស្ដា​ទ្រង់​ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធានុភាព​ទ្រង់​ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ»។—ទំនុកដំកើង ៧១:១៨

១, ២​. តើ​អ្នក​បម្រើ​ព្រះ​ដែល​មាន​វ័យ​ចំណាស់​គួរ​ទទួល​ស្គាល់​អ្វី? ត​ទៅ​នេះ តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី?

អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​ម្នាក់​នៅ​ប្រទេស​អាហ្វ្រិក​ខាង​លិច បាន​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្រុស​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ ពេល​អ្នក​ចាស់​ទុំ​សួរ​គាត់​ថា​៖ «អ៊ំ​សុខ​សប្បាយ​ទេ?» គាត់​ធ្វើ​កាយវិការ​និង​ឆ្លើយ​ថា​៖ «ខ្ញុំ​ហក់ ខ្ញុំ​រត់ ខ្ញុំ​លោត​បាន។ ប៉ុន្តែ ខ្ញុំ​មិន​អាច​ហោះ​បាន​ទេ»។ អ្នក​ចាស់​ទុំ​យល់​អត្ថន័យ​ភ្លាម​ថា​៖ ‹អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន នោះ​ខ្ញុំ​សប្បាយ​ចិត្ត​ធ្វើ​ណាស់! ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​គ្មាន​លទ្ធភាព​ធ្វើ នោះ​ខ្ញុំ​មិន​ធ្វើ​ទេ›។ ឥឡូវ អ្នក​ចាស់​ទុំ​នេះ​មាន​អាយុ​៨០​ឆ្នាំ​ហើយ តែ​គាត់​នៅ​ចាំ​ពាក្យ​កំប្លែង​និង​ភក្ដីភាព​ដែល​អ៊ំ​ប្រុស​នោះ​មាន​ចំពោះ​ព្រះ។

២ ពេល​បងៗ​វ័យ​ចំណាស់​ប្រព្រឹត្ត​ស្រប​ទៅ​តាម​ការ​ណែនាំ​ពី​ព្រះ ទង្វើ​នោះ​ជា​គំរូ​ដែល​អាច​ដក់​ជាប់​ក្នុង​ចិត្ត​គំនិត​អ្នក​ដទៃ​ដែរ។ យ៉ាង​ណា​ក៏​ដោយ វ័យ​ចំណាស់​ប៉ុណ្ណោះ​មិន​នាំ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា ហើយ​ក៏​មិន​តែង​តែ​ជំរុញ​ឲ្យ​អ្នក​នោះ​ប្រព្រឹត្ត​ស្រប​ទៅ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ទេ។ (សាស្ដា ៤:១៣) ដូច្នេះ គម្ពីរ​ព្រះ​ចែង​ថា​៖ «ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្ដិសព្ទ»។ (សុភាសិត ១៦:​៣១) បើ​បងៗ​មាន​វ័យ​ចំណាស់​ហើយ តើ​បងៗ​ទទួល​ស្គាល់​ថា​ពាក្យ​និង​អាកប្បកិរិយា​របស់​ខ្លួន​អាច​មាន​ឥទ្ធិពល​ល្អ​លើ​អ្នក​ដទៃ​ឬ​ទេ? សូម​ពិនិត្យ​មើល​គំរូ​ខ្លះ​ក្នុង​គម្ពីរ​ដែល​បង្ហាញ​ថា មនុស្ស​វ័យ​ចំណាស់​ពិត​ជា​បាន​នាំ​ឲ្យ​មនុស្ស​វ័យ​ក្មេង​ជាង​ទទួល​ពរ​យ៉ាង​វិសេស​មែន។

ជំនឿ​ដែល​ជះ​ឥទ្ធិពល​ត​កូន​ត​ចៅ

៣​. តើ​ភាព​ស្មោះ​ត្រង់​របស់​លោក​ណូអេ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​មនុស្ស​ទាំង​ឡាយ​នៅ​សព្វ​ថ្ងៃ​នេះ?

៣ ជំនឿ​និង​ជំហរ​រឹង​មាំ​របស់​លោក​ណូអេ​បាន​ផ្ដល់​ប្រយោជន៍​រហូត​មក​ដល់​សម័យ​នេះ​ដែរ។ គាត់​មាន​អាយុ​ជិត​៦០០​ឆ្នាំ ពេល​គាត់​សង់​ទូក​ធំ ប្រមូល​សត្វ​នានា​និង​ផ្សព្វផ្សាយ​ដល់​អ្នក​ជិត​ខាង​ទាំង​ឡាយ។ (លោកុប្បត្តិ ៧:៦; ពេត្រុសទី២ ២:៥) ដោយសារ​លោក​កោត​ខ្លាច​ព្រះ​យេហូវ៉ា គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រួច​រស់​ជីវិត​ពេល​ទឹក​ជំនន់​ធំ​បាន​លិច​ផែនដី។ ជា​លទ្ធផល គាត់​បាន​ក្លាយ​ជា​បុព្វ​បុរស​នៃ​មនុស្ស​ទាំង​ឡាយ​ដែល​រស់​នៅ​លើ​ផែនដី​នា​បច្ចុប្បន្ន​នេះ។ នៅ​សម័យ​លោក​ណូអេ មនុស្ស​មាន​អាយុ​វែង​ជាង​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ។ យ៉ាង​ណា​ក៏​ដោយ ពេល​គាត់​មាន​អាយុ​ចាស់​ណាស់​ទៅ​ហើយ​ក្ដី គាត់​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ ហើយ​នោះ​បាន​នាំ​ឲ្យ​មាន​ប្រយោជន៍​ច្រើន។ តើ​ភាព​ស្មោះ​ត្រង់​របស់​គាត់​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

៤​. តើ​ជំហរ​រឹង​មាំ​របស់​លោក​ណូអេ​មាន​ប្រយោជន៍​អ្វី​ខ្លះ​មក​លើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ?

៤ លោក​ណូអេ​មាន​អាយុ​ជិត​៨០០​ឆ្នាំ ពេល​បុរស​ឈ្មោះ​នីមរ៉ុឌ​បាន​ចាប់​ផ្ដើម​សាង​សង់​ប៉ម​ខ្ពស់​មួយ​នៅ​ទី​ក្រុង​បាបិល។ ទង្វើ​នោះ​ជា​ការ​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ពីព្រោះ​ទ្រង់​បាន​បង្គាប់​មនុស្ស​ឲ្យ​រស់​«នៅ​ពេញ​ពាស​លើ​ផែនដី»​វិញ។ (លោកុប្បត្តិ ៩:១; ១១:១​-​៩) លោក​ណូអេ​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​បះបោរ​របស់​នីមរ៉ុឌ។ ជា​លទ្ធផល ពេល​ព្រះ​យេហូវ៉ា​បាន​បំភាន់​ភាសា​របស់​មនុស្ស​បះបោរ​ទាំង​នោះ មើល​ទៅ​ដូច​ជា​ទ្រង់​មិន​បាន​បំភាន់​ភាសា​របស់​លោក​ណូអេ​ទេ។ លោក​ណូអេ​មាន​ជំនឿ​និង​ជំហរ​រឹង​មាំ​រហូត​អស់​មួយ​ជីវិត សូម្បី​តែ​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ចំណាស់​ក្ដី។ ដូច្នេះ គួរ​គប្បី​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​របស់​គាត់ មិន​ថា​យើង​មាន​អាយុ​ប៉ុណ្ណា​ក៏​ដោយ។—ហេព្រើរ ១១:៧

ឥទ្ធិពល​របស់​អ្នក​បម្រើ​វ័យ​ចំណាស់​លើ​ក្រុម​គ្រួសារ

៥, ៦​. (ក) ពេល​លោក​អ័ប្រាហាំ​មាន​អាយុ​៧៥​ឆ្នាំ តើ​ព្រះ​យេហូវ៉ា​បង្គាប់​គាត់​ឲ្យ​ធ្វើ​អ្វី? (ខ) តើ​លោក​អ័ប្រាហាំ​បាន​ធ្វើ​យ៉ាង​ណា?

៥ គំរូ​របស់​បុព្វ​បុរស​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​បាន​រស់​ក្រោយ​សម័យ​លោក​ណូអេ ស​ឲ្យ​ឃើញ​ច្បាស់​នូវ​ឥទ្ធិពល​ដែល​អ្នក​បម្រើ​វ័យ​ចំណាស់​អាច​ជះ​លើ​ជំនឿ​នៃ​ក្រុម​គ្រួសារ​របស់​ខ្លួន។ លោក​អ័ប្រាហាំ​មាន​អាយុ​ប្រមាណ​៧៥​ឆ្នាំ ពេល​ព្រះ​យេហូវ៉ា​បង្គាប់​គាត់​ថា​៖ «ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ​សន្ដាន​នឹង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង​ចុះ! អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ឲ្យ​ពរ​ដល់​ឯង»។—លោកុប្បត្តិ ១២:១, ២

៦ បើ​ព្រះ​យេហូវ៉ា​បង្គាប់​អ្នក​ឲ្យ​ចេញ​ពី​ស្រុក​កំណើត ទាំង​ចាក​ចោល​ផ្ទះ​របស់​ខ្លួន​និង​លា​ចេញ​ពី​ញាតិ​មិត្ត​ទាំង​ឡាយ ព្រម​ទាំង​តម្រូវ​ឲ្យ​អ្នក​ទៅ​ស្រុក​ឆ្ងាយ​ដែល​អ្នក​មិន​ដែល​ស្គាល់ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? នេះ​ហើយ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​លោក​អ័ប្រាហាំ​ធ្វើ ហើយ​គាត់​បាន​«ចេញ​ទៅ​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​បង្គាប់»។ គាត់​បាន​រស់​នៅ​ស្រុក​កាណាន​ជា​អ្នក​ប្រទេស​ក្រៅ ទាំង​ស្នាក់​នៅ​ក្នុង​ត្រសាល​ដែល​គាត់​ផ្លាស់​ទី​កន្លែង​ជានិច្ច​ជា​កាល​រហូត​អស់​មួយ​ជីវិត។ (លោកុប្បត្តិ ១២:៤; ហេព្រើរ ១១:៨, ៩) ព្រះ​យេហូវ៉ា​សន្យា​ដល់​គាត់​ថា គាត់​នឹង​មាន​កូន​ចៅ​យ៉ាង​សន្ធឹក​ដែល​នឹង​ក្លាយ​ជា​«នគរ​១​យ៉ាង​ធំ»។ ប៉ុន្តែ គាត់​បាន​ទទួល​មរណភាព​យូរ​ឆ្នាំ​ហើយ មុន​សេចក្ដី​សន្យា​នោះ​បាន​សម្រេច។ តាម​ពិត អស់​រយៈ​ពេល​២៥​ឆ្នាំ គាត់​បាន​រស់​នៅ​ស្រុក​សន្យា​នោះ​ទាំង​បោះ​ជំរំ​ច្រើន​កន្លែង ទើប​ភរិយា​របស់​គាត់​ឈ្មោះ​សារ៉ា បាន​បង្កើត​កូន​ប្រុស​តែ​មួយ​គត់ ឈ្មោះ​អ៊ី​សាក។ (លោកុប្បត្តិ ២១:២, ៥) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​អ័ប្រាហាំ​មិន​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ការ​រស់​នៅ​ក្នុង​ស្រុក​នោះ ហើយ​គាត់​មិន​ដែល​វិល​ទៅ​ស្រុក​កំណើត​ទេ។ ដូច្នេះ គាត់​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​ជំនឿ​រឹង​មាំ​និង​ការ​ស៊ូទ្រាំ!

៧​. តើ​ការ​ស៊ូទ្រាំ​របស់​លោក​អ័ប្រាហាំ​ជះ​ឥទ្ធិពល​យ៉ាង​ណា​លើ​កូន​របស់​គាត់​ឈ្មោះ​អ៊ី​សាក? តើ​មនុស្ស​លោក​ទទួល​ប្រយោជន៍​អ្វី​ពី​ជំនឿ​របស់​ពួក​គាត់?

៧ ការ​ស៊ូទ្រាំ​របស់​លោក​អ័ប្រាហាំ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អ៊ី​សាក​ដែល​ជា​កូន​គាត់ ពីព្រោះ​អ៊ី​សាក​បាន​រស់​ជា​អ្នក​ប្រទេស​ក្រៅ​នៅ​ឯ​ស្រុក​កាណាន​នោះ​អស់​មួយ​ជីវិត​ដែរ គឺ​គ្រប់​១៨០​ឆ្នាំ។ អ៊ី​សាក​អាច​ស៊ូទ្រាំ​បាន ពីព្រោះ​គាត់​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ អ៊ី​សាក​មាន​ជំនឿ​រឹង​មាំ​ពីព្រោះ​មាតា​បិតា​វ័យ​ចំណាស់​របស់​គាត់​បាន​ផ្ដល់​ហេតុ​ឲ្យ​គាត់​ជឿ ហើយ​ក្រោយៗ​មក​ព្រះ​យេហូវ៉ា​ក៏​បាន​និយាយ​ទៅ​កាន់​គាត់​ដែល​ពង្រឹង​ជំនឿ​របស់​គាត់​ទៀត។ (លោកុប្បត្តិ ២៦:២​-​៥) ជំហរ​រឹង​មាំ​របស់​អ៊ី​សាក​មាន​សារៈ​សំខាន់​ក្នុង​ការ​សម្រេច​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា មនុស្ស​លោក​ទាំង​ឡាយ​នឹង​ទទួល​ពរ​តាម​រយៈ​«ពូជ»​របស់​លោក​អ័ប្រាហាំ។ រាប់​រយ​ឆ្នាំ​ក្រោយ​មក ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ជា​តួ​អង្គ​សំខាន់​ជាង​គេ​ក្នុង​«ពូជ»​នោះ បាន​បើក​ផ្លូវ​ឲ្យ​អស់​អ្នក​ដែល​ជឿ​ទៅ​លើ​ទ្រង់​មាន​ឱកាស​ទទួល​មេត្រីភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​បាន​ជីវិត​គ្មាន​ទីបញ្ចប់។—កាឡាទី ៣:១៦; យ៉ូហាន ៣:១៦

៨​. តើ​លោក​យ៉ាកុប​បង្ហាញ​ថា​គាត់​មាន​ជំនឿ​រឹង​មាំ​ដោយ​ធ្វើ​អ្វី? តើ​មាន​លទ្ធផល​អ្វី?

៨ អ៊ី​សាក​ក៏​បាន​ជួយ​កូន​របស់​គាត់​ឈ្មោះ​យ៉ាកុប​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ដែរ ហើយ​នេះ​បាន​ពង្រឹង​កម្លាំង​របស់​លោក​យ៉ាកុប​ពេល​គាត់​មាន​វ័យ​ចំណាស់។ ពេល​គាត់​មាន​អាយុ​៩៧​ឆ្នាំ គាត់​ចំបាប់​នឹង​ទេវតា​មួយ​រូប​អស់​មួយ​យប់ ដោយ​ព្រោះ​គាត់​ចង់​ឲ្យ​ទេវតា​នោះ​ជូន​ពរ​គាត់។ (លោកុប្បត្តិ ៣២:២៤​-​២៨) មិន​យូរ​ប៉ុន្មាន​មុន​គាត់​ទទួល​មរណភាព​ក្នុង​អាយុ​១៤៧​ឆ្នាំ គាត់​ខំ​ប្រមូល​កម្លាំង​ដើម្បី​ជូន​ពរ​ដល់​កូន​ប្រុស​ម្នាក់ៗ​របស់​គាត់​ដែល​មាន​ចំនួន​១២​នាក់។ (លោកុប្បត្តិ ៤៧:២៨) ពាក្យ​ដែល​យ៉ាកុប​និយាយ​ពេល​នោះ ដែល​យើង​អាន​ក្នុង​សៀវភៅ​លោកុប្បត្តិ ៤៩:១​-​២៨ ជា​ទំនាយ​ដែល​បាន​សម្រេច​ហើយ​កំពុង​សម្រេច​នៅ​ពេល​ឥឡូវ​នេះ។

៩​. តើ​អ្នក​បម្រើ​វ័យ​ចំណាស់​ដែល​មាន​ជំនឿ​រឹង​មាំ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន?

៩ គឺ​ច្បាស់​ហើយ​ថា ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ត្រង់​អាច​ជះ​ឥទ្ធិពល​ល្អ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​បាន។ ពេល​អ្នក​បម្រើ​វ័យ​ចំណាស់​តាំង​គំរូ​ជា​អ្នក​ស៊ូទ្រាំ ព្រម​ទាំង​បង្រៀន​ត​កូន​ត​ចៅ​ដោយ​ផ្អែក​លើ​ការ​ណែនាំ​ក្នុង​គម្ពីរ​និង​បទ​ពិសោធន៍​របស់​ខ្លួន នេះ​អាច​ជួយ​កូន​ចៅ​ទាំង​ឡាយ​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ដែរ។ (សុភាសិត ២២:៦) អ្នក​បម្រើ​វ័យ​ចំណាស់​មិន​គួរ​សង្ស័យ​អ្វី​ឡើយ​ថា ពួក​គាត់​អាច​ជះ​ឥទ្ធិពល​ល្អ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន។

ឥទ្ធិពល​របស់​អ្នក​បម្រើ​វ័យ​ចំណាស់​លើ​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា

១០​. តើ​លោក​យ៉ូសែប​«ផ្ដាំ»​អ្វី​ស្តី​អំពី​«ដំណើរ​សព»​របស់​គាត់? តើ​បណ្ដាំ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា?

១០ អ្នក​បម្រើ​វ័យ​ចំណាស់​ក៏​អាច​មាន​ឥទ្ធិពល​ល្អ​លើ​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា​ដែរ។ ពេល​កូន​របស់​លោក​យ៉ាកុប ឈ្មោះ​យ៉ូសែប មាន​វ័យ​ចំណាស់ គាត់​មាន​សំណូម​ពរ​មួយ​ដែល​បង្ហាញ​ពី​ជំនឿ​របស់​គាត់។ អ្វី​ដែល​គាត់​សូម​នោះ ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​នៅ​ជំនាន់​ក្រោយៗ​ផង​ដែរ។ លោក​យ៉ូសែប​មាន​អាយុ​១១០​ឆ្នាំ​ហើយ ពេល​គាត់​«ផ្ដាំ​ពី​ដំណើរ​សព​របស់​ខ្លួន»​ថា ពេល​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ត្រូវ​យក​ឆ្អឹង​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ (ហេព្រើរ ១១:២២; លោកុប្បត្តិ ៥០:២៥) ក្រោយ​គាត់​ទទួល​មរណភាព ប្រជាជន​អ៊ីស្រាអែល​បាន​ក្លាយ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប​អស់​រយៈ​ពេល​យូរ។ យ៉ាង​ណា​ក៏​ដោយ បណ្ដាំ​របស់​គាត់​ផ្ដល់​ហេតុ​ឲ្យ​ពួក​គេ​ស៊ូទ្រាំ​ក្នុង​អំឡុង​គ្រា​លំបាក ដោយ​សង្ឃឹម​ទៅ​លើ​ថ្ងៃ​ដែល​ពួក​គេ​នឹង​ទទួល​សេចក្ដី​ប្រោស​លោះ។

១១​. តើ​លោក​ម៉ូសេ​ទំនង​ជា​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​យ៉ូស្វេ?

១១ ប្រជាជន​អ៊ីស្រាអែល​ជា​ច្រើន​នាក់​រួម​ទាំង​លោក​ម៉ូសេ មាន​កម្លាំង​ចិត្ត​ដោយសារ​ជំនឿ​របស់​លោក​យ៉ូសែប ដែល​ថា​ពួក​គេ​និង​ចេញ​ពី​ស្រុក​អេស៊ីប។ ពេល​គាត់​មាន​អាយុ​៨០​ឆ្នាំ គាត់​មាន​ឯកសិទ្ធិ​យក​ឆ្អឹង​ខ្មោច​លោក​យ៉ូសែប​ចេញ​ពី​ស្រុក​អេស៊ីប។ (និក្ខមនំ ១៣:​១៩) ពេល​នោះ​លោក​ម៉ូសេ​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ជា​មួយ​យ៉ូស្វេ​ដែល​មាន​វ័យ​ក្មេង​ជាង​គាត់​ឆ្ងាយ​ណាស់។ ក្រោយ​នោះ​មក យ៉ូស្វេ​ជា​អ្នក​ជំនិត​របស់​លោក​ម៉ូសេ​អស់​រយៈ​ពេល​៤០​ឆ្នាំ។ (ជនគណនា ១១:​២៨) យ៉ូស្វេ​បាន​ឡើង​ភ្នំ​ស៊ី​ណាយ​ជា​មួយ​នឹង​គាត់ ហើយ​យ៉ូស្វេ​ក៏​រង់ចាំ​រហូត​ដល់​គាត់​ចុះ​មក​វិញ ទាំង​មាន​បន្ទះ​ថ្ម​ពីរ​ផ្ទាំង​នៃ​សេចក្ដី​បន្ទាល់។ (និក្ខមនំ ២៤:១២​-​១៨; ៣២:១៥​-​១៧) ក្នុង​វ័យ​ចំណាស់​នោះ លោក​ម៉ូសេ​ជា​ប្រភព​ប្រាជ្ញា​និង​យោបល់​ល្អៗ​ប្រៀប​ដូច​ជា​អណ្ដូង​ដែល​មាន​ទឹក​ត្រជាក់​ថ្លា​ឆ្វង់​ចំពោះ​យ៉ូស្វេ!

១២​. ពេល​លោក​យ៉ូស្វេ​នៅ​មាន​ជីវិត​នៅ​ឡើយ តើ​គាត់​ជះ​ឥទ្ធិពល​ល្អ​អ្វី​ទៅ​លើ​ប្រជាជន​អ៊ីស្រាអែល?

១២ ដូច​គ្នា​ដែរ យ៉ូស្វេ​បាន​ជួយ​លើក​ទឹក​ចិត្ត​ប្រជាជន​អ៊ីស្រាអែល​អស់​មួយ​ជីវិត។ សៀវភៅ​ពួក​ចៅហ្វាយ ២:៧ រៀប​រាប់​ថា​៖ «ពួក​បណ្ដាជន​ក៏​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​នៅ​គ្រប់​១​ជីវិត​របស់​យ៉ូស្វេ​នឹង​ពួក​ចាស់​ទុំ​ដែល​រស់​នៅ​ក្រោយ​លោក​ដែរ ជា​ពួក​អ្នក​ដែល​បាន​ឃើញ​គ្រប់​ទាំង​ការ​ដ៏​ធំ​ដែល​ព្រះ​យេហូវ៉ា​បាន​សំ​រេច​ឲ្យ​ពួក​អ៊ីស្រាអែល»។ ក៏​ប៉ុន្តែ ក្រោយ​យ៉ូស្វេ​និង​ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​បាន​ទទួល​មរណភាព ជួន​កាល​ប្រជាជន​អ៊ីស្រាអែល​បាន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ជួន​កាល​អត់ អស់​រយៈ​ពេល​៣០០​ឆ្នាំ​ដរាប​ដល់​សម័យ​លោក​សាំយូអែល​ដែល​ជា​អ្នក​ថ្លែង​ទំនាយ។

លោក​សាំយូអែល​បាន​«សំ​រេច​ការ​សុចរិត»

១៣​. តើ​លោក​សាំយូអែល​បាន​«សំ​រេច​ការ​សុចរិត»​ដោយ​ធ្វើ​អ្វី​ខ្លះ?

១៣ គម្ពីរ​ព្រះ​មិន​ចែង​ថា លោក​សាំយូអែល​មាន​អាយុ​ប៉ុន្មាន​ពេល​គាត់​ទទួល​មរណភាព​ទេ តែ​ព្រឹត្ដិការណ៍​ដែល​រាយ​ការណ៍​ក្នុង​សៀវភៅ​សាំយូអែលទី១ បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​១០២​ឆ្នាំ ហើយ​យើង​ដឹង​ថា​គាត់​បាន​ឃើញ​ព្រឹត្ដិការណ៍​ភាគ​ច្រើន​នោះ​ដោយ​ផ្ទាល់​ភ្នែក។ នៅ​សៀវភៅ​ហេព្រើរ ១១:៣២, ៣៣ យើង​អាន​ថា ពួក​ចៅហ្វាយ​ល្អ​និង​អ្នក​ថ្លែង​ទំនាយ​បាន​«សំ​រេច​ការ​សុចរិត»។ នេះ​មាន​ន័យ​ថា លោក​សាំយូអែល​មាន​ឥទ្ធិពល​លើ​មនុស្ស​ខ្លះ​នៅ​សម័យ​គាត់ ឲ្យ​ពួក​គេ​ជៀស​វាង​ពី​ការ​អាក្រក់​និង​លះបង់​ការ​ប្រព្រឹត្ត​មិន​ល្អ។ (សាំយូអែល​ទី១ ៧:២​-​៤) តើ​គាត់​មាន​ឥទ្ធិពល​លើ​ពួក​គេ​ដោយ​របៀប​ណា? គាត់​បាន​រក្សា​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត។ (សាំយូអែល​ទី១ ១២:២​-​៥) គាត់​ក៏​មិន​ខ្លាច​ផ្ដន្ទា​ទោស​ដល់​ពួក​អ្នក​ដែល​មាន​កំហុស​ធ្ងន់ សូម្បី​-​តែ​ស្តេច គាត់​ក៏​ហ៊ាន​ទូន្មាន​ដែរ។ (សាំយូអែល​ទី១ ១៥:​១៦​-​២៩) បន្ថែម​ទៅ​ទៀត ពេល​គាត់​មាន​‹វ័យ​ចាស់ ហើយ​សក់​ស្កូវ› គាត់​នៅ​តែ​តាំង​គំរូ​ល្អ​ក្នុង​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ គាត់​មាន​អារម្មណ៍​ថា បើ​គាត់​«លែង​អធិស្ឋាន​ឲ្យ»​ប្រជាជន​អ៊ីស្រាអែល នេះ​គឺ​ហាក់​ដូច​ជា​គាត់​បាន​«ធ្វើ​បាប​ចំពោះ​ព្រះ​យេហូវ៉ា»។—សាំយូអែល​ទី១ ១២:២, ២៣

១៤, ១៥​. ស្រប​ទៅ​តាម​គំរូ​របស់​លោក​សាំយូអែល តើ​បងៗ​វ័យ​ចំណាស់​នៅ​សម័យ​នេះ​អាច​អធិស្ឋាន​អំពី​អ្វី?

១៤ នេះ​បង្ហាញ​ពី​របៀប​សំខាន់​មួយ​ដែល​អ្នក​បម្រើ​វ័យ​ចំណាស់​អាច​ជះ​ឥទ្ធិពល​ល្អ​ទៅ​លើ​អ្នក​ឯ​ទៀត​ដែល​កំពុង​បម្រើ​ព្រះ​យេហូវ៉ា។ ទោះ​បើ​បងៗ​វ័យ​ចំណាស់​មាន​សុខភាព​អន់​ឬ​ហេតុ​ណា​ទៀត​ដែល​ដាក់​កំហិត​លើ​សមត្ថភាព​របស់​ខ្លួន​ក្ដី ពួក​គាត់​នៅ​តែ​មាន​សមត្ថភាព​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ បងៗ​វ័យ​ចំណាស់​ទាំង​ឡាយ​អើយ! តើ​បងៗ​ទទួល​ស្គាល់​អត្ថ​ប្រយោជន៍​ដែល​ក្រុមជំនុំ​ទទួល​ដោយសារ​បងៗ​អធិស្ឋាន​ឲ្យ​ពួក​គេ​ទេ? ដោយសារ​បងៗ​វ័យ​ចំណាស់​មាន​ជំនឿ​ទៅ​លើ​ឈាម​ដែល​ព្រះ​គ្រិស្ត​បង្ហូរ​មក​នោះ ហើយ​ដោយ​សារ​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​បងៗ​ជា​មនុស្ស​សុចរិត​ដែល​បាន​ស៊ូទ្រាំ​ក្នុង​កិច្ច​បម្រើ​ទ្រង់ នោះ​បងៗ​មាន​ជំនឿ​ល្អ​ដែល​បាន​«សា​កល»​រួច​ហើយ។ (យ៉ាកុប ១:៣; ពេត្រុសទី១ ១:៧) កុំ​ឲ្យ​យើង​ភ្លេច​ថា​៖ «សេចក្ដី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់!»។—យ៉ាកុប ៥:១៦

១៥ ការ​អធិស្ឋាន​របស់​បងៗ​វ័យ​ចំណាស់​មាន​អត្ថ​ប្រយោជន៍​ច្រើន ពេល​បងៗ​អង្វរ​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាំទ្រ​កិច្ចការ​ទូទាំង​ពិភព​លោក​ដែល​លើក​តម្កើង​ទ្រង់។ បងប្អូន​ខ្លះ​របស់​យើង​កំពុង​ជាប់​គុក​ដោយ​ព្រោះ​គាត់​កាន់​ជំហរ​អព្យាក្រឹត​ជា​គ្រិស្ត​សា​សនិក។ បងប្អូន​ឯ​ទៀត​កំពុង​រង​ទុក្ខ​ដោយសារ​មហន្តរាយ​ធម្មជាតិ សង្គ្រាម​និង​ភាព​ចលាចល​ក្នុង​ស្រុក។ បងប្អូន​ខ្លះ សូម្បី​តែ​ក្នុង​ក្រុមជំនុំ​ជា​មួយ​នឹង​យើង​ក្ដី កំពុង​តស៊ូ​នឹង​ការ​ប្រឆាំង​ពី​អ្នក​ដទៃ ឬ​ទប់ទល់​នឹង​ការ​ល្បួង​ផ្សេងៗ។ (ម៉ាថាយ ១០:​៣៥, ៣៦) បងប្អូន​ដែល​ខំ​ថែរក្សា​ក្រុមជំនុំ​និង​នាំ​មុខ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ក៏​ត្រូវ​ការ​បងៗ​វ័យ​ចំណាស់​អធិស្ឋាន​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​ពួក​គាត់​ដែរ។ (អេភេសូរ ៦:១៨, ១៩; កូល៉ុស ៤:២, ៣) គឺ​មាន​ប្រយោជន៍​ណាស់ ឲ្យ​បងៗ​វ័យ​ចំណាស់​អធិស្ឋាន​ឲ្យ​អ្នក​ជឿ​គ្នីគ្នា ដូច​លោក​អេប៉ាប្រាស​បាន​ធ្វើ​នៅ​សម័យ​បុរាណ។—កូល៉ុស ៤:១២

ការ​បង្រៀន​តំណ​មនុស្ស​ជាន់​ក្រោយ

១៦, ១៧​. តើ​បទ​ទំនុក​ទី​៧១:១៨ ទាយ​អំពី​អ្វី? តើ​ទំនាយ​នោះ​បាន​សម្រេច​យ៉ាង​ណា?

១៦ ពួក​«ចៀម​ឯ​ទៀត»​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី បាន​ទទួល​ការ​ហ្វឹកហ្វឺន​សំខាន់ៗ​ដោយ​សេពគប់​ជា​មួយ​ពួក​អ្នក​ស្មោះ​ត្រង់​ក្នុង​ចំណោម​«ហ្វូង​តូច»​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ (យ៉ូហាន ១០:​១៦; លូកា ១២:៣២) ទំនាក់ទំនង​ដែល​ពួក​គេ​មាន​ជា​មួយ​គ្នា​នេះ បាន​ត្រូវ​ទាយ​ទុក​ក្នុង​បទ​ទំនុកដំកើង​ទី​៧១:១៨ ដែល​ចែង​ថា​៖ «ឱ​ព្រះ​អង្គ​អើយ! សូម​កុំ​លះបង់​ចោល​ទូល​បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល​បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល​បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់​ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធានុភាព​ទ្រង់​ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ»។ មុន​បងប្អូន​ដែល​បាន​តែងតាំង​ដោយ​សកម្ម​ពល​ព្រះ​ទទួល​សិរី​រុងរឿង​ជា​មួយ​ព្រះ​យេស៊ូ​គ្រិស្ត​នៅ​ស្ថានសួគ៌ ពួក​គាត់​មាន​ក្ដី​ប្រាថ្នា​ចង់​បង្វឹក​បងប្អូន​ពី​ពួក​ចៀម​ឯ​ទៀត​ឲ្យ​ទទួល​ភារកិច្ច​ច្រើន​ថែម​ទៀត។

១៧ ពេល​ពួក​អ្នក​ដែល​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​បង្វឹក​បងប្អូន​ពី​ពួក​ចៀម​ឯ​ទៀត​នោះ នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​ការ​ថ្លែង​ប្រាប់​ដល់​«ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ» ដូច​បាន​បញ្ជាក់​ក្នុង​ទំនុក​ទី​៧១:១៨ នោះ។ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​អ្នក​បម្រើ​វ័យ​ចំណាស់​មាន​ឯកសិទ្ធិ​ថ្លែង​ប្រាប់​អំពី​ទ្រង់​ដល់​អស់​អ្នក​ដែល​កំពុង​ចូល​រួម​ការ​ថ្វាយ​បង្គំ​ទ្រង់​នា​បច្ចុប្បន្ន​នេះ។ (យ៉ូអែល ១:២, ៣) ពួក​ចៀម​ឯ​ទៀត​ទទួល​ស្គាល់​អត្ថ​ប្រយោជន៍​ដែល​ពួក​គេ​មាន​ដោយ​ព្រោះ​បងប្អូន​ដែល​នឹង​គ្រប់គ្រង​ជា​មួយ​ព្រះ​យេស៊ូ​កំពុង​បង្រៀន​ពួក​គេ។ ជា​លទ្ធផល ពួក​ចៀម​ឯ​ទៀត​មាន​ចិត្ត​ជំរុញ​ឲ្យ​បង្រៀន​គម្ពីរ​ព្រះ​ដល់​អ្នក​ឯ​ទៀត​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា។—វិវរណៈ ៧:៩, ១០

១៨, ១៩​. (ក) តើ​បងៗ​វ័យ​ចំណាស់​ច្រើន​នាក់​អាច​រៀប​រាប់​ប្រាប់​យើង​អំពី​ព្រឹត្ដិការណ៍​សំខាន់ៗ​អ្វី​ខ្លះ? (ខ) តើ​គ្រិស្ត​សា​សនិក​វ័យ​ចំណាស់​គួរ​មាន​ទំនុក​ចិត្ត​អ្វី?

១៨ បងៗ​វ័យ​ចំណាស់​ដែល​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​មាន​តួ​នាទី​សំខាន់​មួយ​ទៀត មិន​ថា​ពួក​គាត់​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ឬ​ជា​ពួក​ចៀម​ឯ​ទៀត​ក្ដី ដោយសារ​ពួក​គាត់​អាច​រៀប​រាប់​ប្រាប់​យើង​អំពី​ព្រឹត្ដិការណ៍​សំខាន់ៗ​ក្នុង​ប្រវត្ដិ​សាស្ត្រ​នៃ​រាស្ត្រ​ព្រះ​នា​សម័យ​នេះ។ ជា​ឧទាហរណ៍ បងៗ​វ័យ​ចំណាស់​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ មាន​វត្តមាន​ពេល​អ្នក​បម្រើ​ព្រះ​បាន​បញ្ចាំង​អ្វី​ដែល​ហៅ​ថា «ល្ខោន​រូបភាព​នៃ​ការ​បង្កើត»។ បងៗ​ខ្លះ​ក៏​ធ្លាប់​ស្គាល់​បុរស​ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​អង្គការ​យើង ដែល​ត្រូវ​បាន​ដាក់​គុក​នៅ​ឆ្នាំ​១៩១៨។ បងៗ​វ័យ​ចំណាស់​ឯ​ទៀត​ធ្លាប់​រួម​ចំណែក​ក្នុង​កម្មវិធី​ដែល​ផ្សាយ​តាម​ប៉ុស្តិ៍វិទ្យុ​របស់​សមាគម​ប៉មយាម (ហៅ​ថា ប៉ុស្តិ៍ WBBR)។ បងៗ​ច្រើន​នាក់​អាច​រៀប​រាប់​ពី​ពេល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចូល​តុលាការ​ជាន់​ខ្ពស់​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ថ្វាយ​បង្គំ។ បងៗ​វ័យ​ចំណាស់​ឯ​ទៀត​បាន​កាន់​ជំហរ​រឹង​មាំ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ក្រោម​រដ្ឋាភិបាល​ដែល​ប្រើ​អំណាច​ផ្ដាច់​ការ។ ហើយ​បងៗ​វ័យ​ចំណាស់​ក៏​អាច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​បំភ្លឺ​ឲ្យ​យើង​យល់​នូវ​សេចក្ដី​ពិត​កាន់​តែ​ច្បាស់​ទៅៗ។ យ៉ាង​នេះ គម្ពីរ​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទទួល​ប្រយោជន៍​ពី​បងៗ​ទាំង​ឡាយ​ដែល​មាន​បទពិសោធន៍​ប្រៀប​ដូច​ជា​ភោគ​សម្ប័ទ។—ចោទិយកថា ៣២:៧

១៩ គ្រិស្ត​សា​សនិក​វ័យ​ចំណាស់​បាន​ត្រូវ​ទូន្មាន​ឲ្យ​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា​ដែល​មាន​វ័យ​ក្មេង​ជាង។ (ទីតុស ២:២​-​៤) ទោះ​ជា​បងៗ​វ័យ​ចំណាស់​បាន​ស៊ូទ្រាំ​យ៉ាង​យូរ ហើយ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ​និង​ជូន​យោបល់​ល្អៗ​ដល់​បងប្អូន​ឯ​ទៀត​ក្ដី ប្រហែល​ជា​គាត់​មាន​អារម្មណ៍​ថា គាត់​មិន​ដែល​ឃើញ​លទ្ធផល​ល្អ​ពី​ឥទ្ធិពល​នោះ​ទេ។ ដូច​គ្នា​ដែរ លោក​ណូអេ អ័ប្រាហាំ យ៉ូសែប​និង​ម៉ូសេ​មិន​បាន​ជ្រាប​យ៉ាង​ពេញលេញ​ពី​ឥទ្ធិពល​ដែល​ភាព​ស្មោះ​ត្រង់​របស់​គាត់​អាច​មាន​លើ​តំណ​មនុស្ស​ជំនាន់​ក្រោយ​ទេ។ ប៉ុន្តែ ជំនឿ​និង​ភាព​ស្មោះ​ត្រង់​របស់​ពួក​គាត់​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​យើង ហើយ​ជំនឿ​និង​ភាព​ស្មោះ​ត្រង់​របស់​បងៗ​វ័យ​ចំណាស់​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ឥទ្ធិពល​ដូច​គ្នា​ដែរ។

២០​. តើ​មាន​អត្ថ​ប្រយោជន៍​អ្វី​សម្រាប់​អស់​អ្នក​ដែល​រក្សា​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​រឹង​មាំ​រហូត​ដល់​ទីបញ្ចប់?

២០ មិន​ថា​បងៗ​វ័យ​ចំណាស់​ឆ្លង​កាត់​«សេចក្ដី​វេទនា​ជា​ខ្លាំង» ឬ​រស់​ឡើង​វិញ​ក្រោយ​នោះ​ក្ដី បងៗ​ពិត​ជា​នឹង​មាន​ចិត្ត​រីករាយ​ពេល​ទទួល​«ជីវិត​អស់​កល្ប​ជា​និច្ច»​ដែល​គ្មាន​ទីបញ្ចប់! (ម៉ាថាយ ២៤:២១; ធីម៉ូថេទី១ ៦:១៩) សូម​ស្រមៃ​គិត​អំពី​គ្រា​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រិស្ត ពេល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ក្លាយ​ជា​ក្មេង​វិញ។ យើង​នឹង​លែង​មាន​រូប​កាយ​ដែល​ចេះ​តែ​ខ្សោយ​ទៅៗ​ទៀត​ហើយ តែ​រៀង​រាល់​ព្រលឹម ពេល​យើង​ភ្ញាក់​ពី​ដេក នោះ​យើង​នឹង​មាន​កម្លាំង​ច្រើន​ជាង ព្រម​ទាំង​មើល​ឃើញ​និង​ឮ​ច្បាស់​ជាង ហើយ​យើង​ក៏​នឹង​មាន​រូប​កាយ​កាន់​តែ​សង្ហារ​ស្អាត​ផង​ដែរ! (យ៉ូប ៣៣:២៥; អេសាយ ៣៥:៥, ៦) អស់​អ្នក​ដែល​មាន​ឱកាស​រស់​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​យេហូវ៉ា នឹង​គិត​ថា​ពួក​គេ​មាន​វ័យ​ក្មេង​រហូត បើ​ប្រៀបធៀប​ទៅ​នឹង​ជីវិត​ដែល​គ្មាន​ទីបញ្ចប់។ (អេសាយ ៦៥:២២) អាស្រ័យ​ហេតុ​នេះ ចូរ​ឲ្យ​យើង​រាល់​គ្នា​រក្សា​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​រឹង​មាំ​រហូត​ដល់​ទីបញ្ចប់ ហើយ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​កម្លាំង​ចុះ! ចូរ​ឲ្យ​យើង​ជឿជាក់​ថា ព្រះ​យេហូវ៉ា​នឹង​សម្រេច​សេចក្ដី​សន្យា​ទាំង​អស់​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​រៀបចំ​ទាំង​អស់​ឲ្យ​បាន​អស្ចារ្យ​ជាង​អ្វីៗ​ដែល​យើង​នឹក​ស្មាន​ទៅ​ទៀត។—ទំនុកដំកើង ៣៧:៤; ១៤៥:១៦

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ជំហរ​រឹង​មាំ​របស់​លោក​ណូអេ​នាំ​ឲ្យ​មនុស្ស​ជាតិ​ទាំង​ឡាយ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

• តើ​ជំនឿ​របស់​លោក​អ័ប្រាហាំ អ៊ី​សាក​និង​យ៉ាកុប​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កូន​ចៅ​របស់​ពួក​គាត់?

• សូម្បី​តែ​ពេល​ដែល​លោក​យ៉ូសែប ម៉ូសេ យ៉ូស្វេ​និង​សាំយូអែល​មាន​អាយុ​ច្រើន​ក៏​ដោយ តើ​ពួក​គាត់​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​ជឿ​គ្នីគ្នា​ដោយ​របៀប​ណា?

• តើ​បងៗ​វ័យ​ចំណាស់​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​បងប្អូន​ឯ​ទៀត​ដោយ​របៀប​ណា?

[រូបភាព​នៅ​ទំព័រ​២៨]

ការ​ស៊ូទ្រាំ​របស់​លោក​អ័ប្រាហាំ បាន​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​អ៊ី​សាក

[រូបភាព​នៅ​ទំព័រ​៣០]

យោបល់​ល្អៗ​របស់​លោក​ម៉ូសេ​បាន​លើក​ទឹក​ចិត្ត​យ៉ូស្វេ

[រូបភាព​នៅ​ទំព័រ​៣១]

ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ​អាច​ជួយ​ពួក​គេ​ច្រើន​ណាស់!

[រូបភាព​នៅ​ទំព័រ​៣២]

យើង​តែង​តែ​ទទួល​ប្រយោជន៍ ពេល​ស្ដាប់​បទពិសោធន៍​របស់​បងៗ​វ័យ​ចំណាស់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក