ព្រះយេហូវ៉ាមើលថែរក្សាអ្នកបម្រើដែលមានវ័យចាស់
«ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»។—ហេ. ៦:១០
១, ២. (ក) ពេលឃើញបងប្អូនវ័យចាស់ក្នុងក្រុមជំនុំដែលមានសក់ស្កូវ តើនេះអាចរំលឹកអ្នកអំពីអ្វី? (ខ) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះគ្រិស្តសាសនិកដែលមានវ័យចាស់?
ពេលឃើញបងប្អូនវ័យចាស់ក្នុងក្រុមជំនុំដែលមានសក់ស្កូវ តើនេះបានរំលឹកអ្នកអំពីកំណត់ហេតុក្នុងសៀវភៅដានីយ៉ែលទេ? តាមរយៈការឃើញក្នុងគំនិតដែលព្រះយេហូវ៉ាបានបើកសម្ដែងឲ្យដានីយ៉ែល នោះទ្រង់បានរៀបរាប់ខ្លួនថាមានសក់ស្កូវ។ ដានីយ៉ែលបានសរសេរថា៖ «ខ្ញុំក៏គន់មើល ទាល់តែមានគេយកបល្ល័ង្ក មកតាំងហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត»។—ដា. ៧:៩
២ តាមធម្មតា រោមចៀមមានពណ៌សស្អាត។ យ៉ាងនេះ សក់ស្កូវនិងឋានៈជា«ព្រះដ៏មានព្រះជន្មពីចាស់បុរាណ» នោះសំដៅទៅលើអាយុច្រើននិងប្រាជ្ញាដ៏អស្ចារ្យរបស់ព្រះ។ អាយុច្រើននិងប្រាជ្ញានេះគឺសមឲ្យយើងគោរពទ្រង់យ៉ាងជ្រាលជ្រៅ។ ដូច្នេះ តើព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មពីចាស់បុរាណ មានទស្សនៈយ៉ាងណាចំពោះអ្នកបម្រើដែលមានវ័យចាស់? បណ្ដាំរបស់ព្រះចែងថា «ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្ដិសព្ទ»។ (សុ. ១៦:៣១) ត្រូវមែន បើគ្រិស្តសាសនិកម្នាក់រក្សាចិត្តស្មោះត្រង់រហូតដល់គាត់ចាស់មានសក់ស្កូវ នោះភាពចាស់ទុំបែបនេះពិតជាកិត្ដិសព្ទឬស្អាតចំពោះទ្រង់។ តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ា ចំពោះបងប្អូនដែលមានវ័យចាស់ឬទេ?
អ្នកបម្រើវ័យចាស់ ហេតុអ្វីក៏មានតម្លៃម្ល៉េះ?
៣. ហេតុអ្វីបានជាយើងស្រឡាញ់បងប្អូនរួមជំនឿដែលមានវ័យចាស់ដល់ម្ល៉េះ?
៣ ក្នុងចំណោមអ្នកបម្រើព្រះដែលមានវ័យចាស់ គឺសមាជិកគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា ពួកអ្នកធ្វើដំណើរត្រួតពិនិត្យឬធ្លាប់ធ្វើដំណើរត្រួតពិនិត្យ អ្នកត្រួសត្រាយ និងអ្នកផ្សាយវ័យចាស់ដែលបម្រើយ៉ាងស្មោះត្រង់ក្នុងក្រុមជំនុំយើង។ អ្នកប្រហែលជាស្គាល់បងប្អូនខ្លះដែលបានផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែងអស់រយៈពេលច្រើនឆ្នាំ ហើយគំរូដ៏ល្អរបស់ពួកគាត់បានជំរុញទឹកចិត្ត ព្រមទាំងមានឥទ្ធិពលទៅលើជីវិតរបស់អ្នកបម្រើដែលមានវ័យក្មេងដែរ។ បងប្អូនរួមជំនឿខ្លះដែលមានវ័យចាស់ ធ្លាប់បំពេញភារកិច្ចយ៉ាងច្រើន ហើយក៏ធ្លាប់ស៊ូទ្រាំនឹងការបៀតបៀនដើម្បីជាប្រយោជន៍ដំណឹងល្អ។ ព្រះយេហូវ៉ានិង«អ្នកបំរើស្មោះត្រង់» ពិតជាដឹងគុណដល់ពួកគាត់ដែលបានជួយគាំទ្រកិច្ចការខាងរាជាណាចក្ររបស់ព្រះនៅឥឡូវនិងពេលមុនៗនោះដែរ។—ម៉ាថ. ២៤:៤៥
៤. ហេតុអ្វីគប្បីឲ្យយើងគោរពនិងអធិដ្ឋានឲ្យគ្រិស្តសាសនិកដែលមានវ័យចាស់?
៤ បងប្អូនវ័យចាស់ដែលស្មោះត្រង់ទាំងនេះសមនឹងទទួលការដឹងគុណ ការគោរពពីអ្នកបម្រើឯទៀតរបស់ព្រះយេហូវ៉ា។ តាមការពិត ក្រឹត្យវិន័យរបស់ព្រះដែលត្រូវបានផ្ដល់ឲ្យម៉ូសេបង្ហាញថា ការយកចិត្តទុកដាក់និងការគោរពចំពោះមនុស្សដែលមានវ័យចាស់ ទាក់ទងនឹងការកោតខ្លាចព្រះយេហូវ៉ា។ (លេវី. ១៩:៣២) យើងគួរអធិដ្ឋានយ៉ាងទៀងទាត់ឲ្យបងប្អូនដ៏ស្មោះត្រង់ទាំងនេះ និងអរគុណព្រះចំពោះកិច្ចការដ៏នឿយហត់ដែលពួកគាត់បានបំពេញដោយសេចក្ដីស្រឡាញ់។ សាវ័កប៉ុលបានអធិដ្ឋានឲ្យអ្នករួមការងាររបស់គាត់ មិនថាចាស់ឬក្មេងឡើយ។—សូមអាន ថែស្សាឡូនីចទី១ ១:២, ៣
៥. តើយើងអាចទទួលប្រយោជន៍ពីការសេពគប់ជាមួយនឹងអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែលមានវ័យចាស់យ៉ាងដូចម្ដេច?
៥ ម្យ៉ាងទៀត បងប្អូនទាំងឡាយក្នុងក្រុមជំនុំអាចទទួលប្រយោជន៍ពីការសេពគប់ជាមួយនឹងគ្រិស្តសាសនិកដែលមានវ័យចាស់។ តាមរយៈការសិក្សា ការសង្កេតមើល និងការមានបទពិសោធន៍ នោះអ្នកបម្រើព្រះយេហូវ៉ាដែលមានវ័យចាស់ មានចំណេះដែលពិតជាមានតម្លៃ។ ពួកគាត់បានរៀនឲ្យចេះអត់ធ្មត់ និងយល់ចិត្តអ្នកឯទៀត ហើយពេលពួកគាត់បង្រៀនប្អូនៗជំនាន់ក្រោយពីអ្វីដែលខ្លួនបានរៀន នោះនាំឲ្យពួកគាត់មានអំណរនិងសេចក្ដីស្កប់ស្កល់យ៉ាងខ្លាំង។ (ទំនុក. ៧១:១៨) ប្អូនៗទាំងឡាយអើយ! ចូរទទួលប្រយោជន៍ពីប្រភពនៃចំណេះនេះចុះ! ដូចប្អូននឹងទទួលប្រយោជន៍ពីការដងទឹកឡើងពីអណ្ដូងដ៏ជ្រៅដែរ។—សុ. ២០:៥
៦. តើអ្នកអាចបង្ហាញថា អ្នកពិតជាចាត់ទុកបងប្អូនដែលមានវ័យចាស់ថាមានតម្លៃ?
៦ តើអ្នកប្រាប់បងប្អូនដែលមានវ័យចាស់ឲ្យដឹងថា ពួកគាត់មានតម្លៃដូចព្រះយេហូវ៉ាចាត់ទុកពួកគាត់ទេ? វិធីមួយគឺដោយប្រាប់បងប្អូនវ័យចាស់ថាអ្នកស្រឡាញ់ពួកគាត់ណាស់ ដោយសារពួកគាត់មានចិត្តស្មោះត្រង់ក្នុងកិច្ចបម្រើព្រះ។ ហើយក៏ចាត់ទុកយោបល់របស់បងប្អូនទាំងនោះថាមានតម្លៃដែរ។ ម្យ៉ាងទៀត ពេលធ្វើតាមឱវាទរបស់ពួកគាត់ នោះអ្នកបង្ហាញថាការគោរពរបស់អ្នកគឺពិតជាស្មោះមែន។ គ្រិស្តសាសនិកដែលមានវ័យចាស់ជាច្រើននាក់ នៅចងចាំអំពីឱវាទល្អដែលអ្នកបម្រើស្មោះត្រង់ដែលមានវ័យចាស់ឯទៀតជម្រាបជូន ហើយពីការប្រព្រឹត្តតាមឱវាទនោះនាំឲ្យគាត់មានប្រយោជន៍ក្នុងជីវិតខ្លួន។a
វិធីបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកបម្រើវ័យចាស់
៧. តើព្រះយេហូវ៉ាប្រគល់ភារកិច្ចដល់អ្នកណាជាដំបូងដើម្បីផ្គត់ផ្គង់ថែរក្សាបងប្អូនវ័យចាស់?
៧ ក្នុងការផ្គត់ផ្គង់ថែរក្សាបងប្អូនវ័យចាស់ ព្រះប្រគល់ភារកិច្ចនេះឲ្យក្រុមគ្រួសាររបស់ពួកគាត់ជាដំបូង។ (សូមអាន ធីម៉ូថេទី១ ៥:៤, ៨) ព្រះយេហូវ៉ាពេញចិត្តពេលក្រុមគ្រួសារបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះសាច់ញាតិដែលមានវ័យចាស់ ហើយយ៉ាងនេះបង្ហាញថាពួកគាត់យកចិត្តទុកដាក់ទៅលើមនុស្សវ័យចាស់ដូចទ្រង់ដែរ។ ព្រះគាំទ្រក្រុមគ្រួសារទាំងនេះ ហើយផ្ដល់ពរទៅលើការខិតខំនិងការលះបង់ប្រយោជន៍របស់ពួកគាត់។
៨. ហេតុអ្វីគប្បីឲ្យសមាជិកក្នុងក្រុមជំនុំយកចិត្តទុកដាក់ចំពោះគ្រិស្តសាសនិកដែលមានវ័យចាស់?
៨ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាក៏ពេញចិត្តពេលបងប្អូនក្នុងក្រុមជំនុំជួយអ្នកបម្រើវ័យចាស់ដែលត្រូវការជំនួយ តែសមាជិកក្រុមគ្រួសារមិនមែនជាអ្នករួមជំនឿ ឬក៏មិនសុខចិត្តជួយពួកគាត់។ (១ធី. ៥:៣, ៥, ៩, ១០) ដោយហេតុនោះ សមាជិកក្នុងក្រុមជំនុំបង្ហាញថាខ្លួន«មានចិត្តអាណិតអាសូរហើយស្រឡាញ់គ្នាជាបងប្អូន នឹងមានចិត្តទន់សន្ដោស»ចំពោះអ្នកបម្រើដែលមានវ័យចាស់។ (១ពេ. ៣:៨) កង្វល់របស់បងប្អូនក្នុងក្រុមជំនុំចំពោះសមាជិកដែលមានវ័យចាស់ ត្រូវបានបង្ហាញយ៉ាងច្បាស់ពេលសាវ័កប៉ុលបញ្ជាក់ថាបើអវយវៈមួយឈឺ នោះ«ទាំងអស់នឹងឈឺជាមួយគ្នា»។ (១កូ. ១២:២៦) ការយកចិត្តទុកដាក់ដែលប្រកបទៅដោយចិត្តអាណិតអាសូរចំពោះអ្នកបម្រើដែលមានវ័យចាស់ នោះបង្ហាញគោលការណ៍ពីឱវាទរបស់ប៉ុល ដែលថា៖ «ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ»។—កា. ៦:២
៩. តើមនុស្សវ័យចាស់អាចមានផលវិបាកណាខ្លះ?
៩ តើមនុស្សវ័យចាស់មានផលវិបាកអ្វីខ្លះ? មនុស្សវ័យចាស់ជាច្រើនងាយអស់កម្លាំង។ ពួកគាត់ប្រហែលជាមានអារម្មណ៍ថា សូម្បីតែកិច្ចការតូចតាចក៏មិនអាចធ្វើបានផង ដូចជាទៅមន្ទីរពេទ្យ បង់ថ្លៃភ្លើងថ្លៃទឹក បោសសម្អាតផ្ទះ និងធ្វើម្ហូបអាហារជាដើម។ ដោយសារអាយុច្រើន ការស្រេកឃ្លានក៏ចុះថយដែរ នោះប្រហែលជានាំឲ្យពួកគាត់គិតថាមិនត្រូវការពិសាម្ហូបឬទឹកច្រើនទេ។ ពួកគាត់ក៏ប្រហែលជាមានទឹកចិត្តដូចនោះចំពោះការសិក្សាគម្ពីរនិងការចូលរួមកិច្ចប្រជុំដែរ។ ភ្នែកដែលមើលកាន់តែមិនសូវឃើញ និងត្រចៀកដែលស្ដាប់កាន់តែមិនសូវឮអាចនាំឲ្យពួកគាត់ពិបាកអាននិងស្ដាប់នៅឯកិច្ចប្រជុំ។ ណាមួយទៀត គ្រាន់តែរៀបចំខ្លួនទៅកិច្ចប្រជុំក៏ប្រហែលជានាំឲ្យគាត់អស់កម្លាំងរលីង។ ដូច្នេះ តើអ្នកឯទៀតអាចជួយបងប្អូនដែលមានវ័យចាស់យ៉ាងដូចម្ដេច?
វិធីដែលអ្នកអាចជួយ
១០. តើពួកអ្នកចាស់ទុំអាចធ្វើអ្វីខ្លះដើម្បីប្រាកដថាបងប្អូនវ័យចាស់ទទួលជំនួយ?
១០ បងប្អូននៅក្នុងក្រុមជំនុំជាច្រើន កំពុងមើលថែរក្សាយ៉ាងល្អអ្នកបម្រើវ័យចាស់។ បងប្អូនប្រុសស្រីជួយពួកគាត់ក្នុងការទៅផ្សារ ធ្វើម្ហូបអាហារ និងបោសសម្អាតផ្ទះ ព្រមទាំងជួយពួកគាត់ក្នុងការសិក្សា រៀបចំកិច្ចប្រជុំ និងទៅផ្សព្វផ្សាយឲ្យបានទៀងទាត់។ អ្នករួមជំនឿដែលក្មេងជាងនាំពួកគាត់ទៅផ្សព្វផ្សាយនិងទៅកិច្ចប្រជុំ។ ប្រសិនបើបងប្អូនដែលមានវ័យចាស់មិនអាចចេញពីផ្ទះ នោះពួកគាត់អាចស្ដាប់កម្មវិធីកិច្ចប្រជុំតាមទូរស័ព្ទ ឬមួយដែលត្រូវបានថតមកជូន។ បើអាចធ្វើបាន ពួកអ្នកចាស់ទុំនឹងពិនិត្យពិច័យឲ្យបានហ្មត់ចត់ ដើម្បីបំពេញសេចក្ដីត្រូវការរបស់បងប្អូនដែលមានវ័យចាស់ក្នុងក្រុមជំនុំ។b
១១. សូមរៀបរាប់ពីរបៀបដែលក្រុមគ្រួសារមួយបានជួយបងប្រុសវ័យចាស់ម្នាក់។
១១ គ្រិស្តសាសនិកម្នាក់ៗក៏អាចបង្ហាញចិត្តរាក់ទាក់និងចិត្តសទ្ធាដល់បងប្អូនដែលមានវ័យចាស់ដែរ។ ចំពោះបងប្រុសម្នាក់ ពេលភរិយារបស់គាត់បានស្លាប់ទៅ នោះគាត់មិនអាចបង់ថ្លៃឈ្នួលផ្ទះដោយខ្លួនឯងបន្តទៀតទេ។ បងប្រុសនោះនិងភរិយារបស់គាត់ធ្លាប់បង្រៀនគម្ពីរដល់ក្រុមគ្រួសារដែលមានកូនស្រីជំទង់ពីរនាក់ ហើយរស់នៅក្នុងផ្ទះធំ។ ក្រុមគ្រួសារនោះប្រគល់ឲ្យគាត់ពីរបន្ទប់ដើម្បីរស់នៅជាមួយគ្នា។ អស់រយៈ១៥ឆ្នាំ ពួកគាត់បរិភោគ សើចលេងសប្បាយជាមួយគ្នា ព្រមទាំងបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក។ ក្មេងស្រីទាំងពីរនាក់បានទទួលប្រយោជន៍យ៉ាងច្រើន ដោយរៀនពីជំនឿនិងបទពិសោធន៍ជាច្រើនរបស់គាត់ ហើយបងប្រុសនោះក៏ទទួលប្រយោជន៍ពីការសេពគប់ដ៏សប្បាយរីករាយដែរ។ បងប្រុសវ័យចាស់នេះបានរស់នៅជាមួយក្រុមគ្រួសារនោះរហូតដល់ពេលដែលគាត់ទទួលមរណភាពក្នុងអាយុ៨៩ឆ្នាំ។ ក្រុមគ្រួសារនោះនៅតែអរគុណព្រះក្នុងការទទួលពរជាច្រើនដោយសារបានសេពគប់ជាមួយគាត់។ ដោយជួយគ្នីគ្នាដែលជាអ្នកកាន់តាមព្រះយេស៊ូគ្រិស្ត នោះពួកគាត់មិនបាន«បាត់រង្វាន់ខ្លួនឡើយ»។—ម៉ាថ. ១០:៤២
១២. តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះបងប្អូនវ័យចាស់?
១២ ប្រហែលជាឥឡូវនេះអ្នកមិនអាចជួយបងប្អូនវ័យចាស់ដូចក្រុមគ្រួសារនោះទេ។ ប៉ុន្តែ អ្នកអាចជួយពួកគាត់ឲ្យទៅកិច្ចប្រជុំនិងចូលរួមក្នុងកិច្ចបម្រើផ្សាយ។ អ្នកក៏អាចអញ្ជើញពួកគាត់មកលេងផ្ទះរបស់អ្នក ឬទៅដើរកម្សាន្តជាមួយគ្នា។ អ្នកអាចទៅលេងសួរសុខទុក្ខ ជាពិសេសពេលពួកគាត់ឈឺឬមិនអាចចេញទៅខាងក្រៅ។ ម្យ៉ាងទៀត អ្នកគួរប្រព្រឹត្តទៅលើពួកគាត់ជាមនុស្សដែលពេញវ័យជានិច្ច។ ដរាបណាដែលពួកគ្រិស្តសាសនិកវ័យចាស់នៅមានសមត្ថភាពគិតគូរ នោះគប្បីឲ្យយើងរួមបញ្ចូលពួកគាត់ក្នុងការសម្រេចចិត្តទាំងអស់ដែលទាក់ទងនឹងពួកគាត់។ សូម្បីតែបងប្អូនវ័យចាស់ដែលមិនសូវមានសមត្ថភាពគិតគូរក្ដី ក៏អាចដឹងបើអ្នកឯទៀតប្រព្រឹត្តមកលើគាត់ដោយផ្ដល់កិត្ដិយសនិងការគោរពឬក៏អត់។
ព្រះយេហូវ៉ាមិនដែលភ្លេចកិច្ចការរបស់អ្នកទេ
១៣. ហេតុអ្វីក៏សំខាន់ឲ្យយើងយកចិត្តទុកដាក់ទៅលើអារម្មណ៍របស់គ្រិស្តសាសនិកដែលមានវ័យចាស់?
១៣ ការបង្ហាញការយកចិត្តទុកដាក់ទៅលើអារម្មណ៍របស់បងប្អូនដែលមានវ័យចាស់គឺសំខាន់ចាំបាច់។ មិនជាការចម្លែកទេ ដែលបងប្អូនវ័យចាស់មានអារម្មណ៍អន្ទះអន្ទែងដោយសារមិនអាចធ្វើអ្វីដែលពួកគាត់ធ្លាប់ធ្វើពេលនៅក្មេង និងពេលដែលមានសុខភាពល្អជាង។ ជាឧទាហរណ៍ បងស្រីម្នាក់ដែលបានបម្រើព្រះយេហូវ៉ាយ៉ាងសកម្មអស់រយៈពេលជាង៥០ឆ្នាំ ព្រមទាំងបានបម្រើជាអ្នកត្រួសត្រាយពេញពេលដែរ កើតជំងឺដែលបណ្ដាលឲ្យទុរន់ទុរា និងពិបាកទៅកិច្ចប្រជុំណាស់។ ពេលគាត់ប្រៀបធៀបកិច្ចបម្រើផ្សាយដែលគាត់ធ្លាប់មានទៅនឹងកម្រិតសមត្ថភាពដែលគាត់មានឥឡូវ នោះស្រាប់តែយំតែម្ដង។ គាត់ឈ្ងោកមុខហើយនិយាយទាំងទឹកភ្នែកថា៖ «ឥឡូវខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃសោះ»។
១៤. តើអ្នកបម្រើព្រះយេហូវ៉ាដែលមានវ័យចាស់អាចទទួលការលើកទឹកចិត្តអ្វីខ្លះពីសៀវភៅទំនុកដំកើង?
១៤ ប្រសិនបើអ្នកជាមនុស្សដែលមានវ័យចាស់ តើអ្នកធ្លាប់មានអារម្មណ៍ឈឺចិត្តដូចនេះទេ? ឬមួយក៏តើមានពេលដែលអ្នកគិតថាព្រះយេហូវ៉ាលះបង់ចោលអ្នកទេ? អ្នកតែងបទទំនុកដំកើងក៏ប្រហែលជាមានអារម្មណ៍ដូចនេះដែរពេលគាត់មានអាយុច្រើន ព្រោះគាត់បានអង្វរព្រះយេហូវ៉ាថា៖ «សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ។ ឱព្រះអង្គអើយ! សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង»។ (ទំនុក. ៧១:៩, ១៨) ពិតមែន ព្រះយេហូវ៉ានឹងមិនលះបង់ចោលអ្នកតែងបទទំនុកដំកើងនោះឡើយ ហើយទ្រង់ក៏មិនលះបង់ចោលអ្នកដែរ។ នៅទំនុកមួយទៀត ដាវីឌបានពោលពាក្យដែលបញ្ជាក់ពីទំនុកចិត្តទៅលើការគាំទ្ររបស់ព្រះ។ (សូមអាន ទំនុកដំកើង ៦៨:១៩) សូមជឿជាក់ថា បើអ្នកជាគ្រិស្តសាសនិកស្មោះត្រង់ដែលមានវ័យចាស់ នោះព្រះយេហូវ៉ានៅជាមួយនឹងអ្នក ហើយនឹងបន្តទ្រទ្រង់អ្នកជារៀងរាល់ថ្ងៃ។
១៥. តើអ្វីអាចជួយបងប្អូនវ័យចាស់រក្សាឲ្យមានចិត្តគំនិតល្អ?
១៥ សាក្សីរបស់ព្រះយេហូវ៉ាដែលមានវ័យចាស់អើយ! ព្រះចាំអ្វីដែលអ្នកបានធ្វើនិងកំពុងតែធ្វើដើម្បីសិរីរុងរឿងរបស់ទ្រង់។ គម្ពីរចែងថា៖ «ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»ឡើយ។ (ហេ. ៦:១០) ហេតុដូច្នេះ សូមទប់ទល់នឹងទស្សនៈមិនល្អចំពោះខ្លួន។ កុំគិតថាអ្នកលែងមានប្រយោជន៍ចំពោះព្រះយេហូវ៉ាទៀតដោយសារអ្នកចាស់ជរា ដ្បិតនេះជាគំនិតខុសទេ។ សូមខំប្រឹងដកចេញនូវគំនិតមិនល្អនេះចេញហើយគិតតែពីអ្វីដែលល្អឬលើកទឹកចិត្តវិញ។ ចូររីករាយនឹងពរដែលអ្នកមាន ព្រមទាំងក្ដីសង្ឃឹមចំពោះអនាគតរបស់អ្នកចុះ! យើងមាន‹អនាគតនិងសេចក្ដីសង្ឃឹម›ដ៏ល្អបំផុត ដែលត្រូវបានធានារ៉ាប់រងដោយព្រះដែលជាអ្នកបង្កើតយើង។ (យរ. [យេ.] ២៩:១១, ១២, ខ.ស.; កិច្ច. ១៧:៣១; ១ធី. ៦:១៩) សូមជញ្ជឹងគិតអំពីសេចក្ដីសង្ឃឹមរបស់អ្នក កុំយកលេសថាខ្លួនផុតអាយុនឹងរៀនអ្វីថ្មីឲ្យសោះ ហើយកុំមើលស្រាលតម្លៃដែលអ្នកមានក្នុងក្រុមជំនុំ!
១៦. ហេតុអ្វីបានជាបងប្រុសម្នាក់ដែលមានវ័យចាស់គិតថាខ្លួនគួរតែឈប់បម្រើជាអ្នកចាស់ទុំ? ប៉ុន្តែ តើក្រុមអ្នកចាស់ទុំលើកទឹកចិត្តគាត់យ៉ាងដូចម្ដេច?
១៦ សូមគិតអំពីបងប្រុសហានដែលមានអាយុ៨០ឆ្នាំ។ ភរិយារបស់គាត់ជាជនពិការឈ្មោះសានី។ បងស្រីៗក្នុងក្រុមជំនុំថែមើលបងស្រីសានីតាមវេនដើម្បីបងប្រុសហានអាចទៅកិច្ចប្រជុំនិងចូលរួមក្នុងកិច្ចបម្រើផ្សាយ។ ប៉ុន្តែ នៅពេលថ្មីៗនេះ បងប្រុសហានអស់កម្លាំងចិត្តរលីង ព្រមទាំងចាប់ផ្ដើមគិតថាខ្លួនមិនគួរបម្រើជាអ្នកចាស់ទុំតទៅទៀតទេ។ គាត់និយាយទាំងទឹកភ្នែកថា៖ «ធ្វើជាអ្នកចាស់ទុំធើអី បើខ្ញុំមិនអាចធ្វើកិច្ចការណាដែលផ្ដល់ប្រយោជន៍ឲ្យបងប្អូនក្នុងក្រុមជំនុំផង?»។ ពួកអ្នកចាស់ទុំគ្នីគ្នាបានបញ្ជាក់ឲ្យគាត់ដឹងថា បទពិសោធន៍និងយោបល់របស់គាត់មានតម្លៃកាត់ថ្លៃពុំបានឡើយ។ ពួកអ្នកចាស់ទុំលើកទឹកចិត្តឲ្យគាត់បន្តបម្រើជាអ្នកចាស់ទុំ សូម្បីតែមិនអាចធ្វើអ្វីជាច្រើនក៏ដោយ។ ដូច្នេះ នេះបានលើកទឹកចិត្តបងប្រុសហានណាស់ នោះគាត់ក៏បន្តបម្រើជាអ្នកចាស់ទុំ ហើយក្រុមជំនុំពិតជាទទួលប្រយោជន៍ដែរ។
ព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់
១៧. តើគម្ពីរធានាគ្រិស្តសាសនិកដែលមានវ័យចាស់អំពីអ្វី?
១៧ បទគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា បងប្អូនវ័យចាស់អាចបន្តបង្កើតផលក្នុងកិច្ចបម្រើព្រះយេហូវ៉ា ទោះបីមានបញ្ហាដែលជាប់ពាក់ព័ន្ធនឹងភាពចាស់ជរាក៏ដោយ។ អ្នកតែងបទទំនុកដំកើងបានប្រកាសថា៖ «គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា . . . កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់»។ (ទំនុក. ៩២:១៣, ១៤) សាវ័កប៉ុលប្រហែលជាមានបញ្ហាខាងផ្លូវកាយ តែគាត់‹មិនណាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់គាត់កំពុងតែពុករលួយទៅក៏ពិតមែន›។—សូមអាន កូរិនថូសទី២ ៤:១៦-១៨
១៨. ហេតុអ្វីបងប្អូនរួមជំនឿដែលមានវ័យចាស់ និងអ្នកដែលថែរក្សាពួកគាត់ ត្រូវការជំនួយពីអ្នកឯទៀត?
១៨ នៅពេលថ្មីៗនេះ មានគំរូជាច្រើនដែលបង្ហាញថាបងប្អូនដែលមានវ័យចាស់«នៅតែកើតផល»។ ប៉ុន្តែ សូម្បីតែមានសមាជិកក្រុមគ្រួសារដែលស្រឡាញ់និងយកចិត្តទុកដាក់ចង់ជួយក៏ដោយ បញ្ហាខាងជំងឺនិងភាពចាស់ជរានៅតែអាចធ្វើឲ្យធ្លាក់ទឹកចិត្តមែន។ អស់អ្នកដែលថែរក្សាក៏អាចអស់កម្លាំងដែរ។ បងប្អូនក្នុងក្រុមជំនុំមានកិត្ដិយសនិងភារកិច្ច ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនដែលមានវ័យចាស់ និងបង្ហាញសេចក្ដីស្រឡាញ់ដល់អស់អ្នកដែលថែរក្សាពួកគាត់ដែរ។ (កា. ៦:១០) បើនិយាយឲ្យចំទៅ ជំនួយបែបនេះបង្ហាញថាយើងមិនប្រាប់អ្នកត្រូវការជំនួយថា«សូមឲ្យបានកក់ក្ដៅហើយឆ្អែតចុះ» តែមិនផ្ដល់ជំនួយដែលគាត់ត្រូវការនោះឡើយ។—យ៉ា. ២:១៥-១៧
១៩. ហេតុអ្វីបានជាគ្រិស្តសាសនិកដែលមានវ័យចាស់អាចមានទំនុកចិត្តចំពោះអនាគត?
១៩ ប្រហែលជាអាយុច្រើនផ្លាស់ប្ដូរសកម្មភាពរបស់គ្រិស្តសាសនិកមែន។ ប៉ុន្តែ ពេលវេលាមិនបន្ថយសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះអ្នកបម្រើដែលមានវ័យចាស់ឡើយ។ ផ្ទុយទៅវិញ គ្រិស្តសាសនិកវ័យចាស់ទាំងឡាយដែលស្មោះត្រង់មានតម្លៃចំពោះទ្រង់ ហើយទ្រង់នឹងមិនបោះបង់ចោលពួកគាត់ទេ។ (ទំនុក. ៣៧:២៨; អេសា. ៤៦:៤) ព្រះយេហូវ៉ាទ្រទ្រង់ហើយនាំផ្លូវបងប្អូនវ័យចាស់រហូតអស់មួយជីវិត។—ទំនុក. ៤៨:១៤
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៧ អត្ថបទមានចំណងជើង«អត្ថប្រយោជន៍ពីអ្នកបម្រើវ័យចំណាស់»។
b នៅប្រទេសខ្លះ នេះប្រហែលជារួមបញ្ចូលការជួយបងប្អូនវ័យចាស់ឲ្យទទួលការឧបត្ថម្ភពីរដ្ឋ។ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦ អត្ថបទដែលមានចំណងជើង«ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះមនុស្សវ័យចាស់»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីបានជាអ្នកគិតថាគ្រិស្តសាសនិកស្មោះត្រង់ដែលមានវ័យចាស់មានតម្លៃ?
• តើយើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកបម្រើគ្នីគ្នាដែលមានវ័យចាស់យ៉ាងដូចម្ដេច?
• តើអ្វីអាចជួយអ្នកបម្រើវ័យចាស់របស់ព្រះយេហូវ៉ាឲ្យមានចិត្តគំនិតល្អ?
[រូបភាពនៅទំព័រ២៣]
សមាជិកក្នុងក្រុមជំនុំមានការគោរពយ៉ាងជ្រាលជ្រៅ ចំពោះអ្នកបម្រើព្រះដែលមានវ័យចាស់