បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៤ ទំ. ២១-២៦
  • «ដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លោក​ណូអេ​បាន​ប្រព្រឹត្ត​លើ​ជំនឿ​ដែល​មាន​គ្រឹះ​ដ៏​មុត​មាំ
  • ជំនឿ​នៃ​លោក​អ័ប្រាហាំ
  • ជំនឿ​ដែល​ជំរុញ​លោក​ម៉ូសេ
  • «តាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង»
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ព្រះយេហូវ៉ាបានហៅគាត់ថា‹សម្លាញ់របស់ខ្ញុំ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើអាប្រាហាំជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរបង្ហាញជំនឿរបស់អ្នកទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៤ ទំ. ២១-២៦

«ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ»

«ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ»។—កូរិនថូស​ទី​២ ៥:៧

១. តើ​ការ«ដើរ​ដោយ​ជំនឿ» មាន​ន័យ​យ៉ាង​ណា?

រៀង​រាល់​ដង​ដែល​យើង​អធិស្ឋាន​ស្រប​តាម​សេចក្ដី​បង្គាប់​ក្នុង​បន្ទូល​របស់​ព្រះ យើង​បង្ហាញ​ថា យើង​មាន​ជំនឿ​មួយ​កំរិត។ ពេល​ដែល​យើង​ចាប់​ផ្ដើម​ធ្វើ​បន្ទាល់​ដល់​អ្នក​ដទៃ​អំពី​ព្រះ​រាជាណាចក្រ នេះ​ក៏​បង្ហាញ​អំពី​ជំនឿ​ដែរ។ ហើយ​នៅ​ពេល​ដែល​យើង​ថ្វាយ​ខ្លួន​យើង​ដល់​ព្រះ​យេហូវ៉ា យើង​កំពុង​ឲ្យ​ទី​សំអាង ថា​យើង​ចង់‹ដើរ​ដោយ​ជំនឿ› គឺ​ថា ប្រកប​ជីវិត​ដែល​ដឹក​នាំ​ដោយ​ជំនឿ។—កូរិនថូស​ទី​២ ៥:៧; កូល៉ុស ១:៩, ១០

២. ហេតុ​អ្វី​ក៏​ការ​ចូល​រួម​ក្នុង​សកម្មភាព​ក្រុម​ជំនុំ មិន​ប្រាកដ​ថា​បុគ្គល​ម្នាក់​មាន​ជំនឿ?

២ ប្រសិន​បើ​យើង​នឹង​ពិត​ជា​រស់​នៅ​តាម​បែប​បទ​នេះ​មែន យើង​ត្រូវ​ការ​ជំនឿ​ដែល​មាន​គ្រឹះ​ដ៏​មុត​មាំ។ (ហេព្រើរ ១១:១, ៦) មនុស្ស​ជា​ច្រើន​បាន​ចូល​ចិត្ត​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ពី​ព្រោះ​ដោយ​ក្បួន​ខ្នាត​សីលធម៌​ខ្ពង់​ខ្ពស់ និង​សេចក្ដី​ស្រឡាញ់​ដែល​គេ​ឃើញ​ក្នុង​ចំណោម​ពួក​ស្មរបន្ទាល់។ នេះ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយ ប៉ុន្តែ គឺ​ឥត​មាន​ន័យ​ថា ពួក​មនុស្ស​បែប​នេះ​មាន​ជំនឿ​នោះ​ទេ។ ពួក​អ្នក​ខ្លះ​ប្រហែល​ចូល​រួម​ក្នុង​សកម្មភាព​ខាង​វិញ្ញាណ ពី​ព្រោះ​ដោយ​គំរូ​ដ៏​ស្រឡាញ់​ពី​គូ ឬ​ឪពុក​ម្ដាយ​របស់​គេ។ ដោយ​មាន​ឥទ្ធិពល​បែប​នេះ​ក្នុង​ផ្ទះ គឺ​ច្បាស់​ជា​មាន​ពរ​មែន ប៉ុន្តែ​នេះ​ក៏​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ចំពោះ​សេចក្ដី​ស្រឡាញ់​ព្រះ​ផ្ទាល់​ខ្លួន និង​ជំនឿ​ផ្ទាល់​ខ្លួន​នោះ​ទេ។—លូកា ១០:២៧, ២៨

៣. (ក) បើ​យើង​ចង់​បាន​ជំនឿ​ដែល​មាន​គ្រឹះ​ដ៏​មុត​មាំ តើ​យើង​ត្រូវ​មាន​ការ​ជឿ​យ៉ាង​ណា​អំពី​ព្រះ​គម្ពីរ? (ខ) ហេតុ​អ្វី​ក៏​មនុស្ស​ខ្លះ​ជឿ​ស៊ប់​ថា​ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ ជាង​មនុស្ស​ដទៃ?

៣ អស់​អ្នក​ដែល​ពិត​ជា​ដើរ​ដោយ​ជំនឿ គឺ​ជឿ​ស៊ប់​ថា ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ។ គឺ​មាន​ទី​សំអាង​ជា​ច្រើន​ដែល​ថា បទ​គម្ពីរ​បរិសុទ្ធ គឺ​ប្រាកដ​ជា«ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង»។a (ធីម៉ូថេ​ទី​២ ៣:១៦) តើ​ត្រូវ​ពិនិត្យ​មើល​ទី​សំអាង​នេះ​ប៉ុន្មាន មុន​បុគ្គល​ម្នាក់​នឹង​ជឿ​ស៊ប់​នោះ? នេះ​គឺ​ស្រេច​ទៅ​លើ​ប្រវត្ដិ​របស់​គាត់។ អ្វី​ដែល​បុគ្គល​ម្នាក់​ស្កប់​ចិត្ត ប្រហែល​ជា​មិន​គ្រប់​គ្រាន់​ចំពោះ​ម្នាក់​ទៀត​ទេ។ ក្នុង​ករណី​ខ្លះ ទោះ​ជា​គេ​បាន​បង្ហាញ​ទី​សំអាង​ដ៏​ជាក់​ស្តែង​ជា​ច្រើន​ក៏​ដោយ គាត់​ក៏​នៅ​តែ​ត​ទល់​នឹង​សេចក្ដី​សន្និដ្ឋាន​ដ៏​សម​ហេតុ​ផល​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​ដោយ​សេចក្ដី​ប្រាថ្នា​ដែល​បាន​កប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​របស់​គាត់។ (យេរេមា ១៧:៩) ដូច្នេះ ទោះ​ជា​បុគ្គល​ម្នាក់​ប្រហែល​ចាប់​អារម្មណ៍​នឹង​គោល​បំណង​ព្រះ​ក៏​ដោយ ចិត្ត​របស់​គាត់​ប្រហែល​ជា​ចង់​បាន​ការ​យល់​ព្រម​ពី​លោកីយ៍។ គាត់​ប្រហែល​មិន​ចង់​បោះ​បង់​ចោល​ជីវភាព ដែល​ប្រឆាំង​នឹង​ខ្នាត​គំរូ​ព្រះ​គម្ពីរ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ពិត​ជា​ឃ្លាន​សេចក្ដី​ពិត និង​មាន​ចិត្ត​ស្មោះ ហើយ​បើ​គាត់​មាន​ចិត្ត​រាប​ទាប នោះ​គាត់​នឹង​ដឹង​ថា ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ​មែន។

៤. តើ​អ្វី​ជា​តម្រូវ​ពី​បុគ្គល​ម្នាក់​ៗ​ដើម្បី​ទទួល​បាន​ជំនឿ?

៤ ជា​រឿយ​ៗ គ្រាន់​តែ​បី​បួន​ខែ​ប៉ុណ្ណោះ មនុស្ស​ដែល​បាន​ទទួល​ជំនួយ​ឲ្យ​សិក្សា​ព្រះ​គម្ពីរ នឹង​អបអរ​ថា​គេ​បាន​ឃើញ​ភស្តុ​តាង​គ្រប់​គ្រាន់ ថា​ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ។ ប្រសិន​បើ​នេះ​ជំរុញ​គេ​បើក​ចិត្ត​ឲ្យ​ព្រះ​យេហូវ៉ា​បង្រៀន នោះ​គំនិត​ដ៏​ជ្រៅ​របស់​គេ សេចក្ដី​ប្រាថ្នា និង​ការ​ជំរុញ​ចិត្ត​របស់​គេ នឹង​បាន​ពត់​អប់រំ​បន្ដិច​ម្ដង​ៗ​ដោយ​អ្វី​ដែល​គេ​រៀន។ (ទំនុកដំកើង ១៤៣:១០) រ៉ូម ១០:១០ ចែង​ថា គឺ«ដោយ​មាន​ចិត្ត»ដែល​បុគ្គល​ម្នាក់​អនុវត្ត​ជំនឿ។ ជំនឿ​បែប​នេះ នឹង​បង្ហាញ​នូវ​របៀប​ដែល​បុគ្គល​ម្នាក់​ពិត​ជា​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​នេះ​នឹង​ឃើញ​ក្នុង​ជីវភាព​របស់​គាត់។

លោក​ណូអេ​បាន​ប្រព្រឹត្ត​លើ​ជំនឿ​ដែល​មាន​គ្រឹះ​ដ៏​មុត​មាំ

៥, ៦. តើ​ជំនឿ​របស់​លោក​ណូអេ​មាន​គ្រឹះ​លើ​អ្វី?

៥ លោក​ណូអេ​ជា​បុគ្គល​ម្នាក់​ដែល​មាន​ជំនឿ​លើ​គ្រឹះ​ដ៏​មុត​មាំ។ (ហេព្រើរ ១១:៧) តើ​អ្វី​ជា​គ្រឹះ​ដែល​គាត់​មាន​ចំពោះ​ជំនឿ? លោក​ណូអេ​មាន​បន្ទូល​របស់​ព្រះ មិន​មែន​តាម​បែប​បទ​សរសេរ​នោះ​ទេ ប៉ុន្តែ ព្រះ​បាន​មាន​បន្ទូល​ទៅ​លោក។ លោកុប្បត្តិ ៦:១៣ ចែង​ថា៖ «ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​ថា៖ ‹អស់​ទាំង​សាច់​ត្រូវ​ផុត​ពី​មុខ​អញ​ហើយ ដ្បិត​ផែនដី​បាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ដោយ​សារ​គេ› »។ ព្រះ​យេហូវ៉ា​បង្គាប់​លោក​ណូអេ​ឲ្យ​សង់​ទូក​ធំ​មួយ ហើយ​ផ្ដល់​សេចក្ដី​ដ៏​ល្អិត​ល្អន់​ចំពោះ​ការ​សង់​នេះ។ រួច​មក ព្រះ​មាន​បន្ទូល​ទៀត​ថា៖ «នោះ​អញ មើល គឺ​អញ​នេះ​ហើយ នឹង​ធ្វើ​ឲ្យ​មាន​ជំនន់​លើ​ផែនដី ដើម្បី​នឹង​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​ពី​ក្រោម​មេឃ​ចេញ គ្រប់​ទាំង​អស់​នៅ​ផែនដី​នឹង​ត្រូវ​ស្លាប់​បង់»។—លោកុប្បត្តិ ៦:១៤​-​១៧

៦ តើ​ដែល​មាន​ភ្លៀង​មុន​គ្រា​នេះ​ទេ? ព្រះ​គម្ពីរ​ឥត​ចែង​ប្រាប់​សោះ។ លោកុប្បត្តិ ២:៥ ចែង​ថា៖ «ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មិន​បាន​បង្អុរ​ភ្លៀង»។ ប៉ុន្តែ នេះ​ជា​របៀប​ដែល​លោក​ម៉ូសេ ដែល​រស់​នៅ​ជា​ច្រើន​សតវត្ស​ក្រោយ​មក បាន​ប្រាប់​អំពី​គ្រា​ជា​យូរ​យារ​មុន​នេះ មិន​មែន​អំពី​ជំនាន់​លោក​ណូអេ​ទេ។ ដូច​បាន​បង្ហាញ​មក​ក្នុង​លោកុប្បត្តិ ៧:៤ ព្រះ​យេហូវ៉ា​សំដៅ​ទៅ​ភ្លៀង ពេល​ដែល​មាន​បន្ទូល​ទៅ​ណូអេ ហើយ​តាម​ប្រមើល​ទៅ លោក​ណូអេ​បាន​យល់​នូវ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​មក។ ប៉ុន្តែ ជំនឿ​របស់​លោក​ណូអេ​មិន​ពឹង​លើ​អ្វី​ដែល​លោក​អាច​មើល​ឃើញ​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា លោក​ណូអេ‹បាន​ទទួល​ព្រមាន​របស់​ព្រះ​អំពី​អ្វី ដែល​មិន​ទាន់​បាន​ឃើញ›។ ព្រះ​មាន​បន្ទូល​ប្រាប់​លោក​ណូអេ ថា​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន«ជំនន់» ឬ‹មហា​សាគរ​នៃ​មេឃ› ដែល​កំណត់​ចំណាំ​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បាន​ថ្លែង​ក្នុង​លោកុប្បត្តិ ៦:១៧។ មក​ដល់​គ្រា​នោះ មិន​ដែល​មាន​របស់​បែប​នេះ​កើត​ឡើង​ទេ។ ប៉ុន្តែ របស់​របរ​បង្កើត​ទាំង​អស់​ដែល​ណូអេ​ឃើញ បាន​បង្ហាញ​ជា​ទី​សំអាង​ថា​ព្រះ ប្រាកដ​ជា​អាច​ធ្វើ​ឲ្យ​មាន​ជំនន់​ដ៏​ហិនហោច​នេះ។ ដោយ​មាន​ជំនឿ លោក​ណូអេ​បាន​សង់​ទូក​ធំ។

៧. (ក) តើ​អ្វី​ដែល​លោក​ណូអេ​មិន​ត្រូវ​ការ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​បាន​បង្គាប់​លោក​នោះ? (ខ) តើ​យើង​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ពិនិត្យ​មើល​ជំនឿ​របស់​លោក​ណូអេ ហើយ​តើ​ជំនឿ​របស់​យើង​អាច​ទៅ​ជា​ពរ​ដល់​អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច?

៧ ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ប្រាប់​ថ្ងៃ​ណា​មួយ ដែល​ទឹក​ជំនន់​នឹង​ចាប់​ផ្ដើម​នោះ​ឡើយ។ ប៉ុន្តែ លោក​ណូអេ​មិន​បាន​ប្រើ​រឿង​នេះ​ជា​ការ​ដោះ​សា ចំពោះ​កាន់​អាកប្បកិរិយា​ដ៏​សង្ស័យ ដោយ​ទុក​កិច្ច​ការ​សង់​ទូក​ធំ​និង​ការ​ផ្សាយ ជា​អ្វី​ដែល​មិន​សំខាន់​ក្នុង​ជីវិត​របស់​លោក​នោះ​ទេ។ ដោយ​មាន​ពេល​ច្រើន ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ណូអេ នៅ​ពេល​ណា​ដែល​គេ​ត្រូវ​ចូល​ក្នុង​ទូក​ធំ។ ក្នុង​ពេល​ចន្លោះ «ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់ គាត់​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់»។ (លោកុប្បត្តិ ៦:២២) ណូអេ​បាន​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​នោះ​ទេ។ យើង​មាន​អំណរ​គុណ​ណាស់​ដែល​លោក​បាន​ធ្វើ​ដូច្នេះ! ដោយ​សារ​ជំនឿ​របស់​លោក យើង​មាន​ជីវិត​សព្វ​ថ្ងៃ​នេះ។ ក្នុង​ករណី​របស់​យើង ជំនឿ​ដែល​យើង​បង្ហាញ អាច​មាន​ឥទ្ធិពល​ដ៏​ជ្រាល​ជ្រៅ​លើ​អនាគត មិន​គ្រាន់​តែ​សំរាប់​យើង ប៉ុន្តែ​សំរាប់​កូន​ចៅ​របស់​យើង និង​មនុស្ស​ដទៃ​ដែល​នៅ​ជុំ​វិញ​យើង។

ជំនឿ​នៃ​លោក​អ័ប្រាហាំ

៨, ៩. (ក) ទៅ​លើ​អ្វី​ដែល​អ័ប្រាហាំ​បាន​មាន​ជំនឿ​របស់​លោក? (ខ) តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា‹លេច​មក›ឲ្យ​លោក​អ័ប្រាហាំ?

៨ សូម​ពិចារណា​មើល​ឧទាហរណ៍​មួយ​ទៀត—គឺ​អំពី​លោក​អ័ប្រាហាំ។ (ហេព្រើរ ១១:៨​-​១០) តើ​នៅ​លើ​អ្វី​ដែល​អ័ប្រាហាំ​មាន​ជំនឿ​របស់​លោក? បរិយាកាស​ដែល​លោក​រស់​នៅ​ក្នុង​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ គឺ​ប្រកប​ដោយ​សរណៈ​បូជា​និង​វត្ថុ​ទ្រព្យ។ ប៉ុន្តែ មាន​ឥទ្ធិពល​ផ្សេង​ទៀត​ដែល​បាន​អប់រំ​ទស្សនៈ​របស់​អ័ប្រាហាំ។ ត្រូវ​ហើយ លោក​ច្បាស់​ជា​ចូល​រួម​ជា​មួយ​សិម ជា​កូន​របស់​លោក​ណូអេ ដែល​អ័ប្រាហាំ​រស់​នៅ​ជំនាន់​សិម​ដល់​១៥០​ឆ្នាំ។ អ័ប្រាហាំ​បាន​ក្លាយ​ទៅ​ជា​ជឿ​ស៊ប់ ថា​ព្រះ​យេហូវ៉ា​គឺ«ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌​នឹង​ផែនដី»។—លោកុប្បត្តិ ១៤:២២

៩ មាន​អ្វី​មួយ​ទៀត​ដែល​មាន​ឥទ្ធិពល​ដ៏​ជ្រាល​ជ្រៅ​លើ​អ័ប្រាហាំ។ ព្រះ​យេហូវ៉ា«ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រាហាំ . . . ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​បន្ទូល​ប្រាប់​លោក​ថា ‹ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្ដាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ› »។ (កិច្ច​ការ ៧:២, ៣) ក្នុង​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា‹លេច​មក›ឲ្យ​លោក​អ័ប្រាហាំ? អ័ប្រាហាំ​មិន​បាន​មើល​ឃើញ​ព្រះ​ចំ​ៗ​នោះ​ទេ។ (និក្ខមនំ ៣៣:២០) ប៉ុន្តែ គឺ​អាច​ថា​ព្រះ​យេហូវ៉ា​បាន​លេច​ឲ្យ​អ័ប្រាហាំ​ក្នុង​សុបិន ដោយ​បង្ហាញ​នូវ​សិរីរុង​រឿង​ដ៏​អធិធម្មជាតិ ឬ​តាម​រយៈ​ទេវតា ជា​អ្នក​នាំ​សារ​ឬ​អ្នក​តំណាង។ (ប្រៀប​ធៀប លោកុប្បត្តិ ១៨:១​-​៣; ២៨:១០​-​១៥; លេវីវិន័យ ៩:៤, ៦, ២៣, ២៤) តាម​របៀប​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​បាន​លេច​ឲ្យ​លោក​អ័ប្រាហាំ នោះ​បុរស​ដ៏​ស្មោះ​ត្រង់​នេះ​មាន​ការ​ទុក​ចិត្ត​ថា ព្រះ​បាន​រៀបចំ​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​សំរាប់​លោក។ លោក​អ័ប្រាហាំ​បាន​តប​ឆ្លើយ​ដោយ​ជំនឿ។

១០. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ពង្រឹង​ជំនឿ​របស់​អ័ប្រាហាំ?

១០ ជំនឿ​របស់​អ័ប្រាហាំ​មិន​បាន​ពឹង​លើ​ការ​មាន​សេចក្ដី​ដ៏​ល្អិត​ល្អន់​ទាំង​អស់ អំពី​ស្រុក​ដែល​ព្រះ​កំពុង​ដឹក​នាំ​លោក​ឲ្យ​ទៅ​នោះ​ទេ។ ហើយ​ក៏​មិន​បាន​ពឹង​លើ​ការ​ដឹង​នៅ​ពេល​ណា​ដែល​ព្រះ​នឹង​ប្រទាន​ស្រុក​ឲ្យ​លោក​នោះ​ដែរ។ លោក​មាន​ជំនឿ ពី​ព្រោះ​លោក​បាន​ដឹង​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត។ (និក្ខមនំ ៦:៣) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ថា លោក​នឹង​មាន​កូន ប៉ុន្តែ​នៅ​ពេល​នោះ លោក​អ័ប្រាហាំ​បាន​ឆ្ងល់​ថា​ធ្វើ​យ៉ាង​ម៉េច​បាន​ទៅ។ លោក​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ។ (លោកុប្បត្តិ ១៥:៣, ៤) ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ជំនឿ​អ័ប្រាហាំ ដោយ​ប្រាប់​លោក​ឲ្យ​ងើប​ក្បាល​មើល​ផ្កាយ​ទាំង​ឡាយ ហើយ​ឲ្យ​លោក​រាប់​ផ្កាយ​ចុះ​បើ​អាច​រាប់​បាន។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ»។ លោក​អ័ប្រាហាំ​មាន​ចិត្ត​រំភើប​យ៉ាង​ជ្រាល​ជ្រៅ។ គឺ​ច្បាស់​ណាស់ ដែល​ព្រះ​អាទិទេព​ដែល​បាន​បង្កើត​ផ្កាយ​ដ៏​ស្ញប់​ស្ញែង​នោះ ទ្រង់​អាច​បំពេញ​តាម​អ្វី​ដែល​ទ្រង់​បាន​សន្យា។ អ័ប្រាហាំ«ក៏​ជឿ​ដល់​ព្រះ​យេហូវ៉ា»។ (លោកុប្បត្តិ ១៥:៥, ៦) លោក​អ័ប្រាហាំ​មិន​គ្រាន់​តែ​ជឿ ពី​ព្រោះ​លោក​ចូល​ចិត្ត​អ្វី​ដែល​លោក​បាន​ឮ​នោះ​ទេ លោក​មាន​ជំនឿ​ដែល​មាន​គ្រឹះ​ដ៏​មុត​មាំ។

១១. (ក) កាល​ដែល​លោក​មាន​អាយុ​ជិត​១០០​ឆ្នាំ តើ​អ័ប្រាហាំ​បាន​ប្រតិកម្ម​យ៉ាង​ណា ដល់​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ដែល​ថា​សារ៉ា​ដ៏​ចំណាស់​នឹង​បង្កើត​កូន​ប្រុស​មួយ? (ខ) តើ​ជំនឿ​របស់​អ័ប្រាហាំ​បាន​ជួប​ការ​សាក​ល្បង​បែប​ណា ដែល​បាន​ទាក់​ទង​យក​កូន​ទៅ​ភ្នំ​ម៉ូរីយ៉ា ដើម្បី​ថ្វាយ​ជា​យញ្ញ​បូជា?

១១ ពេល​ដែល​អ័ប្រាហាំ​មាន​អាយុ​ជិត​១០០​ឆ្នាំ ហើយ​ប្រពន្ធ​របស់​លោក សារ៉ា មាន​អាយុ​ជិត​៩០​ឆ្នាំ ម្ដង​នេះ​ទៀត ព្រះ​យេហូវ៉ា​មាន​បន្ទូល​អំពី​សេចក្ដី​សន្យា​របស់​ទ្រង់ ថា​អ័ប្រាហាំ​នឹង​មាន​កូន​មួយ ហើយ​ថា​សារ៉ា​នឹង​ជា​ម្ដាយ។ អ័ប្រាហាំ​បាន​គិត​ដល់​ស្ថានការណ៍​របស់​គេ។ «លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹត​តែ​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ឡើង ទាំង​សរសើរ​ដំកើង​ដល់​ព្រះ​វិញ ហើយ​ក៏​ជឿ​ជាក់​អស់​ពី​ចិត្ត​ថា​សេចក្ដី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន»។ (រ៉ូម ៤:១៩​-​២១) អ័ប្រាហាំ​បាន​ដឹង​ថា សេចក្ដី​សន្យា​របស់​ព្រះ​មិន​អាច​ទទួល​បរាជ័យ​ឡើយ។ ក្រោយ​មក ដោយ​មាន​ជំនឿ អ័ប្រាហាំ​បាន​គោរព​តាម ពេល​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​លោក​ឲ្យ​យក​អ៊ីសាក​ទៅ​ភ្នំ​ម៉ូរីយ៉ា ដើម្បី​ថ្វាយ​ជា​យញ្ញ​បូជា។ (លោកុប្បត្តិ ២២:១​-​១២) អ័ប្រាហាំ​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង ថា​ព្រះ​ដែល​បណ្ដាល​ឲ្យ​កូន​ប្រុស​នោះ​កើត​មក​ដ៏​អព្ភូតហេតុ ក៏​អាច​ប្រោស​ជីវិត​នោះ​វិញ ដើម្បី​បំពេញ​សេចក្ដី​សន្យា​ផ្សេង​ទៀត ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​លោក។—ហេព្រើរ ១១:១៧​-​១៩

១២. តើ​អ័ប្រាហាំ​បាន​បន្ត​ដើរ​ដោយ​ជំនឿ​ប៉ុន្មាន​ឆ្នាំ ហើយ​តើ​លោក​និង​គ្រួសារ​នឹង​ទទួល​រង្វាន់​អ្វី ដោយ​មាន​ជំនឿ​មាំ​មួន?

១២ អ័ប្រាហាំ​បាន​បង្ហាញ ថា​លោក​គឺ​ប្រកប​ដោយ​ជំនឿ មិន​គ្រាន់​តែ​ក្នុង​គ្រា​ខ្លះ​នោះ​ទេ ប៉ុន្តែ​ទូទាំង​ជីវិត​របស់​លោក។ ក្នុង​មួយ​ជីវិត អ័ប្រាហាំ​មិន​បាន​ទទួល​ពី​ព្រះ​នូវ​ស្រុក​ដែល​បាន​សន្យា​ជា​មរតក​នោះ​ឡើយ។ (កិច្ច​ការ ៧:៥) ប៉ុន្តែ អ័ប្រាហាំ​មិន​បាន​នឿយ​ហត់​ហើយ​ត្រឡប់​ទៅ​ក្រុង​អ៊ើរ ស្រុក​ខាល់ដេ​វិញ​ឡើយ។ អស់​រយៈ​១០០​ឆ្នាំ រហូត​ដល់​លោក​ទទួល​មរណភាព លោក​បាន​រស់​នៅ​ក្នុង​តង់ ក្នុង​ស្រុក​ដែល​ព្រះ​ទ្រង់​បាន​បង្គាប់​លោក​ឲ្យ​ទៅ​នោះ។ (លោកុប្បត្តិ ២៥:៧) ស្តី​អំពី​លោក​និង​សារ៉ា​ជា​ប្រពន្ធ​របស់​លោក អ៊ីសាក​ជា​កូន និង​យ៉ាកុប​ជា​ចៅ ហេព្រើរ ១១:១៦ ចែង​ថា៖ «ព្រះ​ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀបចំ​ទី​ក្រុង​១​ឲ្យ​គេ​ហើយ»។ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​មាន​កន្លែង​សំរាប់​ពួក​គេ ក្នុង​វិស័យ​លើ​ផែនដី​នៃ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។

១៣. តើ​អ្នក​ណា​ក្នុង​ចំណោម​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ ដែល​ផ្ដល់​ទី​សំអាង​នៃ​ការ​មាន​ជំនឿ​ដូច​អ័ប្រាហាំ?

១៣ គឺ​មាន​អស់​អ្នក​ក្នុង​ចំណោម​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ ដែល​មាន​សភាព​ដូច​លោក​អ័ប្រាហាំ។ គេ​បាន​ដើរ​ដោយ​ជំនឿ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ក្នុង​កម្លាំង​ដែល​ព្រះ​ទ្រង់​ប្រទាន​មក នោះ​ពួក​គេ​បាន​ឈ្នះ​លើ​ឧបសគ្គ​ជា​ច្រើន​ដែល​មាន​សភាព​ដូច​ភ្នំ។ (ម៉ាថាយ ១៧:២០) ពួក​គេ​ឥត​មាន​ជំនឿ​ស្ទាក់​ស្ទើរ ដោយ​សារ​ឥត​ដឹង​នៅ​ពេល​ណា ដែល​ព្រះ​នឹង​ផ្ដល់​ឲ្យ​គេ​នូវ​មរតក​ដែល​បាន​សន្យា​នោះ​ឡើយ។ ពួក​គេ​ដឹង​ថា បន្ទូល​នៃ​ព្រះ​យេហូវ៉ា​មិន​អាច​ទទួល​បរាជ័យ​ទេ ហើយ​គេ​ចាត់​ទុក​ជា​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ ជា​បុគ្គល​ក្នុង​ចំណោម​ស្មរបន្ទាល់​របស់​ទ្រង់។ តើ​អ្នក​មាន​អារម្មណ៍​ដូច​នេះ​ទេ?

ជំនឿ​ដែល​ជំរុញ​លោក​ម៉ូសេ

១៤. តើ​គ្រឹះ​នៃ​ជំនឿ​របស់​ម៉ូសេ​មាន​យ៉ាង​ដូច​ម្ដេច?

១៤ ឧទាហរណ៍​មួយ​ទៀត​នៃ​ជំនឿ​គឺ​លោក​ម៉ូសេ។ (ហេព្រើរ ១១:២៣​-​២៩) តើ​អ្វី​ទៅ​ជា​គ្រឹះ​នៃ​ជំនឿ​របស់​លោក? នោះ​គឺ​ត្រូវ​បាន​ស្ថាបនា​តាំង​ពី​កុមារភាព។ ទោះ​ជា​បុត្រី​របស់​ស្តេច​ផារ៉ោន​បាន​រក​ឃើញ​ម៉ូសេ​ក្នុង​ទន្លេ​លើ​កញ្ជើ​ធ្វើ​ពី​ផែបផាយរ៉ុស ហើយ​យក​គាត់​ធ្វើ​ជា​កូន​ក៏​ដោយ ម្ដាយ​ពិត​របស់​ម៉ូសេ​ជាតិ​ហេព្រើរ ឈ្មោះ​យ៉ុកិបិត បាន​ចិញ្ចឹម​កូន ហើយ​មើល​ថែ​រក្សា​តាំង​ពី​ក្មេង​មក​ម្ល៉េះ។ យ៉ុកិបិត ច្បាស់​ជា​បាន​បង្រៀន​កូន ដោយ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា និង​អបអរ​ដល់​សេចក្ដី​សន្យា​របស់​ទ្រង់​ដល់​អ័ប្រាហាំ។ ក្រោយ​មក ជា​សមាជិក​នៃ​គ្រួសារ​ផារ៉ោន ម៉ូសេ«បាន​រៀន​សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីប»។ (កិច្ច​ការ ៧:២០​-​២២; និក្ខមនំ ២:១​-​១០; ៦:២០; ហេព្រើរ ១១:២៣) ប៉ុន្តែ ទោះ​ជាម៉ូសេ​មាន​ឋានៈ​ដ៏​ល្អ​ក៏​ដោយ គាត់​មាន​ចិត្ត​អាណិត​ពួក​រាស្ត្រ​របស់​ព្រះ ដែល​នៅ​ក្នុង​ទាសភាព។

១៥. តើ​ការ​សម្គាល់​ខ្លួន​ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ម៉ូសេ?

១៥ កាល​ដែល​គាត់​មាន​អាយុ​៤០​ឆ្នាំ ម៉ូសេ​បាន​វាយ​ជាតិ​អេស៊ីប​ម្នាក់ ដើម្បី​សង្គ្រោះ​បុគ្គល​អ៊ីស្រាអែល ដែល​គេ​ប្រព្រឹត្ត​មិន​ល្អ​ទៅ​លើ។ រឿង​នេះ​បាន​បង្ហាញ​នូវ​របៀប​ដែល​ម៉ូសេ​មាន​ទស្សនៈ​យ៉ាង​ណា​ដល់​រាស្ត្រ​របស់​ព្រះ។ ប្រាកដ​ហើយ «ដោយ​សារ​សេចក្ដី​ជំនឿ លុះ​លោក​ធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ»។ ជា​ជាង​តោង​ដល់«សេចក្ដី​អំណរ​ខាង​អំពើ​បាប» ជា​សមាជិក​ម្នាក់​នៃ​ព្រះ​រាជវាំង​អេស៊ីប ដោយ​ជំនឿ​លោក​បាន​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ។—ហេព្រើរ ១១:២៤, ២៥; កិច្ច​ការ ៧:២៣​-​២៥

១៦. (ក) តើ​កិច្ច​ការ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ទៅ​ម៉ូសេ ហើយ​ព្រះ​បាន​ជួយ​លោក​យ៉ាង​ដូច​ម្ដេច? (ខ) ក្នុង​ការ​ធ្វើ​តាម​មុខ​ងារ​របស់​លោក តើ​តាម​របៀប​ណា​ដែល​ម៉ូសេ​បាន​បង្ហាញ​ជំនឿ?

១៦ ម៉ូសេ​មាន​ចិត្ត​ខ្នះ​ខ្នែង​ដើម្បី​ចាត់​វិធានការ ក្នុង​ការ​នាំ​ឲ្យ​មាន​ការ​ធូរ​ស្បើយ​ដល់​ប្រជាជន ប៉ុន្តែ​គ្រា​របស់​ព្រះ​ចំពោះ​សេចក្ដី​រំដោះ​ពួក​គេ មិន​ទាន់​មក​ដល់​ទេ។ ម៉ូសេ​ត្រូវ​តែ​រត់​ចេញ​ពី​ស្រុក​អេស៊ីប។ រហូត​ដល់​៤០​ឆ្នាំ​ក្រោយ​មក ទើប​ព្រះ​យេហូវ៉ា តាម​រយៈ​ទេវតា ក៏​ចាត់​ម៉ូសេ​ឲ្យ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​នាំ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​នោះ។ (និក្ខមនំ ៣:២​-​១០) តើ​ម៉ូសេ​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច? លោក​មិន​មាន​ចិត្ត​សង្ស័យ​ដល់​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​រំដោះ​អ៊ីស្រាអែល​នោះ​ទេ ប៉ុន្តែ លោក​មាន​អារម្មណ៍​ឥត​គ្រប់​គ្រាន់​ចំពោះ​មុខ​នាទី​ដែល​ទ្រង់​បាន​ចាត់​គាត់​ឲ្យ​ធ្វើ​នោះ។ ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​ប្រទាន​ការ​លើក​ទឹក​ចិត្ត ដែល​ម៉ូសេ​ត្រូវ​ការ។ (និក្ខមនំ ៣:១១–៤:១៧) ជំនឿ​របស់​ម៉ូសេ​ក៏​មាន​កាន់​តែ​មុត​មាំ​ឡើង។ លោក​បាន​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ម្ដង​ហើយ​ម្ដង​ទៀត បាន​ព្រមាន​ប្រាប់​ផារ៉ោន​ផ្ទាល់​ខ្លួន អំពី​សេចក្ដី​វេទនា​ដែល​នឹង​មាន​មក​លើ​អេស៊ីប បើ​ផារ៉ោន​មិន​ឲ្យ​អ៊ីស្រាអែល​ចេញ​ទៅ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ម៉ូសេ​ឥត​មាន​អំណាច​ផ្ទាល់​ខ្លួន​ដើម្បី​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ទាំង​នោះ​ទេ។ លោក​បាន​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​ការ​មើល​ឃើញ​ទេ។ ជំនឿ​របស់​លោក​គឺ​លើ​ព្រះ​យេហូវ៉ា​និង​បន្ទូល​របស់​ទ្រង់។ ស្តេច​ផារ៉ោន​បាន​គំរាម​កំហែង​លោក​ម៉ូសេ។ ប៉ុន្តែ លោក​ម៉ូសេ​បាន​ខំ​ព្យាយាម។ «ដោយ​សារ​សេចក្ដី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ ឥត​កោត​ខ្លាច​ដល់​សេចក្ដី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​បាន​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ»។ (ហេព្រើរ ១១:២៧) លោក​ម៉ូសេ​មិន​មែន​មនុស្ស​គ្រប់ល័ក្ខណ៍​ទេ។ លោក​បាន​ធ្វើ​ខុស។ (ជន​គណនា ២០:៧​-​១២) ប៉ុន្តែ ដោយ​បាន​ចាត់​ពី​ព្រះ ដំណើរ​ជីវភាព​របស់​លោក​ទាំង​មូល គឺ​បាន​ដឹក​នាំ​ដោយ​ជំនឿ។

១៧. ការ​ដើរ​ដោយ​ជំនឿ មាន​លទ្ធផល​យ៉ាង​ណា​ចំពោះ​លោក​ណូអេ អ័ប្រាហាំ និង​ម៉ូសេ ទោះ​ជា​គេ​មិន​បាន​ឃើញ​ពិភព​លោក​ថ្មី​របស់​ព្រះ?

១៧ សូម​ឲ្យ​ជំនឿ​របស់​អ្នក​ស​ឲ្យ​ឃើញ ដូច​ជា​លោក​ណូអេ លោក​អ័ប្រាហាំ និង​លោក​ម៉ូសេ។ ពិត​មែន ដែល​ពួក​គេ​មិន​បាន​ឃើញ​ពិភព​លោក​ថ្មី​របស់​ព្រះ​ក្នុង​សម័យ​របស់​គេ។ (ហេព្រើរ ១១:៣៩) គឺ​មិន​ទាន់​ដល់​គ្រា​កំណត់​របស់​ព្រះ​នៅ​ឡើយ ដ្បិត​នៅ​មាន​លក្ខណៈ​ឯ​ទៀត​នៃ​គោល​បំណង​របស់​ទ្រង់ ដែល​ត្រូវ​ការ​ឲ្យ​បាន​សម្រេច​សិន។ ប៉ុន្តែ ជំនឿ​របស់​គេ​លើ​បន្ទូល​របស់​ព្រះ មិន​បាន​រេ​រា​ឡើយ ហើយ​ឈ្មោះ​របស់​គេ​គឺ​នៅ​ក្នុង​សៀវភៅ​ជីវិត​របស់​ព្រះ។

១៨. ចំពោះ​អ្នក​ដែល​នឹង​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ ហេតុ​អ្វី​ក៏​ចាំ​បាច់​ដែល​គេ​ត្រូវ​ដើរ​ដោយ​ជំនឿ?

១៨ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ព្រះ​បាន​ផ្គត់​ផ្គង់​សេចក្ដី​ប្រសើរ​ជាង​សំរាប់​យើង​រាល់​គ្នា»។ នោះ​គឺ​ថា ព្រះ​បាន​ឃើញ​អ្វី​ដ៏​ប្រសើរ​សំរាប់​អស់​អ្នក ដូច​ប៉ុល ដែល​បាន​ត្រូវ​យក​ទៅ​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​គ្រីស្ទ។ (ហេព្រើរ ១១:៤០) ប៉ុល​ចង់​និយាយ​សំដៅ​ទៅ​ពួក​ទាំង​នេះ ពេល​ដែល​លោក​បាន​សរសេរ​ពាក្យ​ក្នុង​កូរិនថូស​ទី​២ ៥:៧៖ «ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​មើល​ឃើញ​ទេ»។ ពេល​ដែល​បាន​សរសេរ​ពាក្យ​នេះ ឥត​មាន​បុគ្គល​ណា​ម្នាក់​ដែល​បាន​ទទួល​រង្វាន់​ខាង​ស្ថាន​សួគ៌​ឡើយ។ គេ​មិន​អាច​ឃើញ​នឹង​ភ្នែក​របស់​គេ ប៉ុន្តែ​ជំនឿ​របស់​គេ​លើ​រឿង​នេះ គឺ​មាន​គ្រឹះ​ដ៏​មុត​មាំ។ ព្រះ​គ្រីស្ទ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជា​ផល​ដំបូង​នៃ​អស់​អ្នក​ដែល​ទទួល​ពរ​នៃ​ជីវិត​នៅ​ស្ថាន​សួគ៌។ ហើយ​មាន​ពួក​សាក្សី​ជាង​៥០០​នាក់​ដែល​បាន​ឃើញ​ទ្រង់ មុន​ទ្រង់​ឡើង​ទៅ​ស្ថាន​សួគ៌។ (កូរិនថូស​ទី​១ ១៥:៣​-​៨) ពួក​គេ​មាន​មូលហេតុ​ជា​ច្រើន ដើម្បី​ដឹក​នាំ​ជីវិត​របស់​គេ​ដោយ​ជំនឿ។ យើង​ក៏​មាន​មូលហេតុ​ល្អ​ចំពោះ​ការ​ដើរ​ដោយ​ជំនឿ​ដែរ។

១៩. ដូច​បាន​បង្ហាញ​នៅ​ហេព្រើរ ១:១, ២ តាម​រយៈ​អ្នក​ណា​ដែល​ព្រះ​មាន​បន្ទូល​ដល់​យើង?

១៩ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មិន​មាន​បន្ទូល​ដល់​រាស្ត្រ​ទ្រង់​តាម​រយៈ​ទេវតា ដូច​ទ្រង់​បាន​ធ្វើ​ដល់​ម៉ូសេ​ក្នុង​គុម្ព​បន្លា​នោះ​ទេ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​បុត្រា​របស់​ទ្រង់។ (ហេព្រើរ ១:១, ២) ហើយ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​តាម​រយៈ​បុត្រា​នោះ គឺ​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​បក​ប្រែ​ជា​ភាសា​ជា​ច្រើន​ទូទាំង​ពិភព​លោក។

២០. តើ​ស្ថានការណ៍​របស់​យើង​ប្រសើរ​ជាង​លោក​ណូអេ អ័ប្រាហាំ​និង​ម៉ូសេ យ៉ាង​ដូច​ម្ដេច?

២០ យើង​មាន​បន្ទូល​របស់​ព្រះ​ច្រើន​ជាង​លោក​ណូអេ លោក​អ័ប្រាហាំ​និង​លោក​ម៉ូសេ​ទៅ​ទៀត។ យើង​មាន​បន្ទូល​ព្រះ​ទាំង​មូល—ដែល​បាន​ត្រូវ​សម្រេច​ជា​ច្រើន​រួច​ទៅ​ហើយ។ ដោយ​ដឹង​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​បុរស ស្ត្រី​ដែល​បាន​បង្ហាញ​ជា​ពួក​ស្មរបន្ទាល់​ស្មោះ​ត្រង់​នៃ​ព្រះ​យេហូវ៉ា ក្នុង​គ្រប់​សេចក្ដី​លំបាក​ទាំង​អស់ ហេព្រើរ ១២:១ ដាស់​តឿន​ថា៖ «ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក នឹង​អំពើ​បាប ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់»។ ជំនឿ​របស់​យើង​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​ចាត់​ទុក​មិន​សំខាន់​នោះ​ទេ។ «អំពើ​បាប ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ» គឺ​ការ​ឥត​មាន​ជំនឿ។ យើង​ត្រូវ​ត​ស៊ូ​យ៉ាង​ខ្លាំង បើ​យើង​នឹង«ដើរ​ដោយ​ជំនឿ»។

[កំណត់​សម្គាល់]

a សូម​មើល ព្រះ​គម្ពីរ—ជា​ពាក្យ​សំដី​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស? បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​ការ«ដើរ​ដោយ​ជំនឿ»ទាក់​ទង​អ្វី​ខ្លះ?

◻ តើ​យើង​អាច​មាន​ប្រយោជន៍​ពី​របៀប​ដែល​ណូអេ​បង្ហាញ​ជំនឿ​យ៉ាង​ដូច​ម្ដេច?

◻ តើ​របៀប​ដែល​អ័ប្រាហាំ​អនុវត្ត​ជំនឿ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

◻ ហេតុ​អ្វី​ក៏​ព្រះ​គម្ពីរ​ចង្អុល​ទៅ​លោក​ម៉ូសេ​ជា​ឧទាហរណ៍​នៃ​ជំនឿ?

[រូប​ភាព​នៅ​ទំព័រ​២៤]

លោក​អ័ប្រាហាំ​បាន​ដើរ​ដោយ​ជំនឿ

[រូប​ភាព​នៅ​ទំព័រ​២៤]

ម៉ូសេ​និង​អើរ៉ុន​បាន​បង្ហាញ​ជំនឿ​ពេល​នៅ​មុខ​ស្តេច​ផារ៉ោន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក