បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៤ ទំ. ១១-១៦
  • «តាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «តាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង»
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គំរូ​នៃ​លោក​អ័ប្រាហាំ​ពី​សេចក្ដី​ជំនឿ
  • ការ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា
  • ការ​និយាយ​ជា​មួយ​នឹង​ព្រះ
  • គំរូ​នៃ​សេចក្ដី​ជំនឿ​សព្វ​ថ្ងៃ​នេះ
  • បណ្ដុះ​បណ្ដាល​សេចក្ដី​ជំនឿ​សព្វ​ថ្ងៃ​នេះ
  • សេចក្ដី​សង្ឃឹម​ដែល​ជិត​សម្រេច
  • ព្រះយេហូវ៉ាបានហៅគាត់ថា‹សម្លាញ់របស់ខ្ញុំ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើអ្នកមានសេចក្ដីជំនឿដូចលោកអ័ប្រាហាំទេ?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • តើអាប្រាហាំជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • «ដើរដោយជំនឿ មិនមែនដោយមើលឃើញទេ»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៤ ទំ. ១១-១៦

«តាំង​ចិត្ត​ឲ្យ​ខ្ជាប់​ខ្ជួន​ឡើង»

«ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្ដី​អត់​ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ»។—ហេព្រើរ ១០:៣៦

១, ២. (ក) តើ​អ្វី​បាន​កើត​មាន​ឡើង​ចំពោះ​ពួក​គ្រីស្ទាន​មួយ​ចំនួន​នៅ​សតវត្ស​ទី​មួយ? (ខ) ហេតុ​អ្វី​បាន​ជា​សេចក្ដី​ជំនឿ​អាច​ទៅ​ជា​ខ្សោយ​យ៉ាង​ងាយ​ស្រួល?

ក្នុង​ចំណោម​ពួក​អ្នក​សរសេរ​ព្រះ​គម្ពីរ គ្មាន​អ្នក​ណា​ម្នាក់​ដែល​បាន​និយាយ​ពី​សេចក្ដី​ជំនឿ​ច្រើន​ជាង​សាវ័ក​ប៉ុល​ឡើយ។ ហើយ​ជា​រឿយ​ៗ គាត់​បាន​និយាយ​អំពី​ពួក​អ្នក​ដែល​សេចក្ដី​ជំនឿ​របស់​គេ​បាន​ទៅ​ជា​ខ្សោយ​ឬ​ក៏​ស្លាប់។ ឧទាហរណ៍ ហ៊ីមេនាស​និង​អ័លេក្សានត្រុស​បាន «លិច​បាត់​ខាង​ឯ​សេចក្ដី​ជំនឿ​ផង»។ (ធីម៉ូថេ​ទី​១ ១:១៩, ២០) ដេម៉ាស​បាន​លះ​ចោល​ប៉ុល​ពី​ព្រោះ «គាត់​ស្រឡាញ់​លោកីយ៍​នេះ»។ (ធីម៉ូថេ​ទី​២ ៤:១០) ដោយ​សារ​អំពើ​របស់​គេ​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​គិត ហើយ​ដែល​មិន​ស្រប​តាម​គោល​ការណ៍​គ្រីស្ទាន អ្នក​ខ្លះ​បាន«បោះ​បង់​ចោល​សេចក្ដី​ជំនឿ»។ អ្នក​ឯ​ទៀត​បាន​ត្រូវ​បោក​ដោយ​ចំណេះ​វិជ្ជា​ក្លែង​ក្លាយ និង«បាន​ជ្រួស​ពី​សេចក្ដី​ជំនឿ​ចេញ​ហើយ»។—ធីម៉ូថេ​ទី​១ ៥:៨; ៦:២០, ២១

២ ហេតុ​អ្វី​បាន​ជា​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នោះ​មិន​បាន​ទទួល​ជោគ​ជ័យ​តាម​របៀប​ទាំង​នេះ? «សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ»។ (ហេព្រើរ ១១:១) យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​អ្វី​ដែល​យើង​មើល​មិន​ឃើញ។ យើង​មិន​ត្រូវ​ការ​ជំនឿ​សំរាប់​អ្វី​ដែល​អាច​មើល​ឃើញ​នោះ​ទេ។ ការ​ធ្វើ​ការ​ដើម្បី​ទ្រព្យ​សម្បត្ដិ​ដែល​មើល​ឃើញ គឺ​ជា​ងារ​ស្រួល​ជាង​ការ​ធ្វើ​ការ​ដើម្បី​ទ្រព្យ​សម្បត្ដិ​ខាង​វិញ្ញាណ​ដែល​មើល​មិន​ឃើញ។ (ម៉ាថាយ ១៩:២១, ២២) អ្វី​ជា​ច្រើន​ដែល​អាច​មើល​ឃើញ ដូច​ជា«សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក» មាន​ការ​ទាញ​ខ្លាំង​លើ​សាច់​ឈាម​ដ៏​ឥត​គ្រប់ល័ក្ខណ៍​របស់​យើង ហើយ​សេចក្ដី​នោះ​អាច​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​ជា​ខ្សោយ​ទៅ​វិញ។—យ៉ូហាន​ទី​១ ២:១៦

៣. តើ​គ្រីស្ទាន​ម្នាក់​គួរ​បណ្ដុះ​បណ្ដាល​សេចក្ដី​ជំនឿ​បែប​ណា?

៣ ក៏​ប៉ុន្តែ ប៉ុល​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ​នោះ​ត្រូវ​តែ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ លោក​ម៉ូសេ​មាន​សេចក្ដី​ជំនឿ​បែប​នេះ។ គាត់​បាន«សម្លឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ» ហើយ«បាន​កាន់​ខ្ជាប់​ខ្ជួន​ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ»។ (ហេព្រើរ ១១:៦, ២៤, ២៦, ២៧) គ្រីស្ទាន​ម្នាក់​ត្រូវ​ការ​សេចក្ដី​ជំនឿ​បែប​នេះ។ ដូច​បាន​ត្រូវ​សម្គាល់​ក្នុង​អត្ថបទ​មុន លោក​អ័ប្រាហាំ​គឺ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ក្នុង​រឿង​នេះ។

គំរូ​នៃ​លោក​អ័ប្រាហាំ​ពី​សេចក្ដី​ជំនឿ

៤. តើ​តាម​របៀប​ណា​ដែល​ដំណើរ​ជីវិត​របស់​អ័ប្រាហាំ​បាន​ត្រូវ​ទទួល​អនុ​ភាព​ពី​សេចក្ដី​ជំនឿ​របស់​គាត់?

៤ អ័ប្រាហាំ​នៅ​ក្រុង​អ៊ើរ​ពេល​ដែល​គាត់​បាន​ទទួល​សេចក្ដី​សន្យា​របស់​ព្រះ​ថា គាត់​នឹង​ទៅ​ជា​ឪពុក​នៃ​ពូជ​មួយ​ដែល​នឹង​នាំ​ពរ​ដល់​មនុស្ស​គ្រប់​សាសន៍។ (លោកុប្បត្តិ ១២:១​-​៣; កិច្ច​ការ ៧:២, ៣) ដោយ​សារ​សេចក្ដី​សន្យា​នោះ អ័ប្រាហាំ​បាន​ស្ដាប់​បង្គាប់​តាម​ព្រះ​យេហូវ៉ា ដោយ​ផ្លាស់​ទី​លំនៅ​ទៅ​ស្រុក​ខារ៉ាន​មុន ហើយ​រួច​មក​ទៅ​ស្រុក​កាណាន។ នៅ​ទី​នោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ប្រទាន​ស្រុក​នោះ​ដល់​ពូជ​របស់​អ័ប្រាហាំ។ (លោកុប្បត្តិ ១២:៧; នេហេមា ៩:៧, ៨) ក៏​ប៉ុន្តែ ភាគ​ច្រើន​នៃ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​នោះ នឹង​ត្រូវ​សម្រេច​ក្រោយ​មរណភាព​នៃ​អ័ប្រាហាំ។ ឧទាហរណ៍ អ័ប្រាហាំ​ផ្ទាល់​មិន​ដែល​ជា​ម្ចាស់​ដី​ផ្នែក​ណា​មួយ​នៅ​ស្រុក​កាណាន​ទេ លើក​លែង​តែ​រូង​ភ្នំ​ម៉ាក់ពេឡា ដែល​គាត់​បាន​ទិញ​ជា​កន្លែង​កប់​សព។ (លោកុប្បត្តិ ២៣:១​-​២០) ទោះ​បី​ជា​យ៉ាង​ណា គាត់​នៅ​តែ​មាន​ជំនឿ​លើ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។ ជា​ពិសេស​គាត់​មាន​ជំនឿ​លើ​អ្វី​នៅ​អនាគត​ជា «ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ​ទ្រង់​ជា​អ្នក​គួរ ហើយ​ជា​ជាង​សង់»។ (ហេព្រើរ ១១:១០) សេចក្ដី​ជំនឿ​បែប​នេះ​បាន​ទ្រ​ទ្រង់​គាត់​អស់​មួយ​ជីវិត​គាត់។

៥, ៦. តើ​យ៉ាង​ដូច​ម្ដេច​ដែល​សេចក្ដី​ជំនឿ​របស់​អ័ប្រាហាំ​បាន​ត្រូវ​សាក​ល្បង​ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា?

៥ នេះ​គឺ​ជាក់​ស្តែង​ចំពោះ​សេចក្ដី​សន្យា​ដែល​ថា ពូជ​អ័ប្រាហាំ​នឹង​ទៅ​ជា​សាសន៍​ដ៏​ធំ​មួយ។ ដើម្បី​ឲ្យ​សេចក្ដី​សន្យា​នេះ​បាន​សម្រេច អ័ប្រាហាំ​ត្រូវ​ការ​កូន​ប្រុស​មួយ ហើយ​គាត់​បាន​ចាំ​យូរ​ដើម្បី​ទទួល​ពរ​បាន​កូន​ប្រុស​មួយ។ យើង​មិន​ដឹង​ថា​អ័ប្រាហាំ​មាន​អាយុ​ប៉ុន្មាន​ទេ​ពេល​គាត់​បាន​ឮ​សេចក្ដី​សន្យា​របស់​ព្រះ​នៅ​លើក​ដំបូង​នោះ។ ក៏​ប៉ុន្តែ ពេល​គាត់​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​ស្រុក​ខារ៉ាន ព្រះ​យេហូវ៉ា​អត់​ទាន់​ប្រទាន​កូន​មួយ​ដល់​គាត់​ទេ។ (លោកុប្បត្តិ ១១:៣០) គាត់​បាន​នៅ​ស្រុក​ខារ៉ាន​មួយ​រយៈ​ដែល​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី‹ប្រមូល​ទ្រព្យ​និង​មនុស្ស› ហើយ​នៅ​ពេល​គាត់​ផ្លាស់​ទី​លំនៅ​ទៅ​ស្រុក​កាណាន គាត់​មាន​អាយុ​៧៥​ឆ្នាំ​ហើយ​សារ៉ា​មាន​អាយុ​៦៥​ឆ្នាំ។ ប៉ុន្តែ នៅ​តែ​គ្មាន​កូន​ប្រុស​មួយ​ទេ។ (លោកុប្បត្តិ ១២:៤, ៥) នៅ​ពេល​ដែល​សារ៉ា​មាន​អាយុ​៧០​ជាង គាត់​បាន​សន្និដ្ឋាន​ថា គាត់​គឺ​ចាស់​ណាស់​ដើម្បី​កើត​កូន​មួយ​ដល់​អ័ប្រាហាំ។ ដូច្នេះ តាម​ទម្លាប់​នៅ​សម័យ​នោះ គាត់​បាន​ឲ្យ​បាវ​ស្រី​របស់​គាត់​ឈ្មោះ​ហាការ​ទៅ​អ័ប្រាហាំ ហើយ​អ័ប្រាហាំ​បាន​កូន​ប្រុស​មួយ​ដោយ​ហាការ។ ក៏​ប៉ុន្តែ​នេះ​មិន​មែន​ជា​កូន​សន្យា​នោះ​ទេ។ ក្រោយ​មក​ហាការ​ព្រម​ទាំង​កូន​គាត់​ឈ្មោះ​អ៊ីសម៉ាអែល​បាន​ត្រូវ​បណ្ដេញ​ចេញ។ ក៏​ប៉ុន្តែ​ពេល​ដែល​អ័ប្រាហាំ​បាន​អង្វរ​ឲ្យ​គេ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អ៊ីសម៉ាអែល។—លោកុប្បត្តិ ១៦:១​-​៤, ១០; ១៧:១៥, ១៦, ១៨​-​២០; ២១:៨​-​២១

៦ នៅ​គ្រា​ដ៏​សម​រម្យ​របស់​ព្រះ ដែល​គឺ​ជា​ពេល​យូរ​អង្វែង​ក្រោយ​គេ​បាន​ឮ​សេចក្ដី​សន្យា​នោះ​លើក​ដំបូង អ័ប្រាហាំ​ដែល​មាន​អាយុ​១០០​ឆ្នាំ ហើយ​សារ៉ា​ដែល​មាន​អាយុ​៩០​ឆ្នាំ​បាន​កើត​កូន​ប្រុស​មួយ ឈ្មោះ​អ៊ីសាក។ តើ​នោះ​ត្រូវ​ជា​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎! សំរាប់​គូរ​ស្វាមីភរិយា​ដ៏​ចាស់​នេះ គឺ​ហាក់​ដូច​ជា​ការ​ប្រោស​ឲ្យ​រស់ឡើង​វិញ នៅ​ពេល​ដែល​រូប​កាយ​ដែល«រាប់​ដូច​ជា​ស្លាប់» បាន​បង្កើត​ជីវិត​ថ្មី​មួយ។ (រ៉ូម ៤:១៩​-​២១) ការ​រង់​ចាំ​នោះ​គឺ​យូរ​អង្វែង ក៏​ប៉ុន្តែ នៅ​ពេល​សេចក្ដី​សន្យា​នោះ​បាន​សម្រេច ការ​រង់​ចាំ​នោះ​បាន​ឃើញ​ថា​មាន​អត្ថប្រយោជន៍។

៧. តើ​សេចក្ដី​ជំនឿ​ជាប់​នឹង​ការ​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

៧ គំរូ​នៃ​អ័ប្រាហាំ​ជួយ​រំឭក​យើង​ថា សេចក្ដី​ជំនឿ​មិន​គួរ​សំរាប់​តែ​មួយ​រយៈ​ខ្លី​ទេ។ សាវ័ក​ប៉ុល​បាន​ភ្ជាប់​សេចក្ដី​ជំនឿ​ជា​មួយ​នឹង​ការ​ស៊ូ​ទ្រាំ​នៅ​ពេល​គាត់​បាន​សរសេរ​ថា៖ «ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង[ការ​ស៊ូ​ទ្រាំ, ព.ថ.] ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ . . . យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក​ដែល​ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។ (ហេព្រើរ ១០:៣៦​-​៣៩) មនុស្ស​ច្រើន​នាក់​បាន​រង់​ចាំ​យូរ​សំរាប់​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​នោះ។ អ្នក​ខ្លះ​បាន​រង់​ចាំ​អស់​មួយ​ជីវិត។ សេចក្ដី​ជំនឿ​ដ៏​មាំ​មួន​របស់​គេ​បាន​ទ្រាំ​ទ្រ​គេ។ ហើយ​ពួក​គេ​នឹង​ទទួល​រង្វាន់​នៅ​គ្រា​ដ៏​សម​រម្យ​របស់​ព្រះ​យេហូវ៉ា ដូច​អ័ប្រាហាំ​ដែរ។—ហាបាគុក ២:៣

ការ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា

៨. តើ​តាម​របៀប​ណា​ដែល​យើង​ស្ដាប់​តាម​ព្រះ​សព្វ​ថ្ងៃ​នេះ ហើយ​ហេតុ​អ្វី​បាន​ជា​នោះ​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង?

៨ យ៉ាង​ហោច​ណាស់ មាន​ចំណុច​បួន​យ៉ាង​ដែល​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ័ប្រាហាំ ហើយ​ចំណុច​ទាំង​នោះ​អាច​ជួយ​យើង​ដែរ។ ទី​មួយ គាត់​បាន​សម្ដែង‹ជំនឿ​ដែល​មាន​ព្រះ› ដោយ​ការ​ស្ដាប់​តាម​បន្ទូល​ព្រះ​យេហូវ៉ា។ ដូច្នេះ គាត់​គឺ​ខុស​ប្លែក​ពី​ពួក​យូដា​នៅ​សម័យ​យេរេមា ដែល​បាន​ជឿ​ថា​មាន​ព្រះ​យេហូវ៉ា ក៏​ប៉ុន្តែ​គ្មាន​ជំនឿ​លើ​បន្ទូល​របស់​ទ្រង់។ (យេរេមា ៤៤:១៥​-​១៩) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​ព្រះ​គម្ពីរ ជា​បន្ទូល​ដែល​បាន​ត្រូវ​បណ្ដាល​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ពេត្រុស​បាន​និយាយ​ថា គឺ​ដូច​ជា«ចង្កៀង​ដែល​ភ្លឺ​ក្នុង​ទី​ងងឹត . . . ក្នុង​ចិត្ត​អ្នក​រាល់​គ្នា»។ (ពេត្រុស​ទី​២ ១:១៩) នៅ​ពេល​យើង​អាន​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ យើង​កំពុង​តែ​ជា​អ្នក«ដែល​ព្រះ​បន្ទូល​នៃ​សេចក្ដី​ជំនឿ នឹង​សេចក្ដី​បង្រៀន​ដ៏​ល្អ​បាន​ចិញ្ចឹម»។ (ធីម៉ូថេ​ទី​១ ៤:៦; រ៉ូម ១០:១៧) ម្យ៉ាង​ទៀត នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ «អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ» ផ្ដល់​ឲ្យ​នូវ«អាហារ​គេ​បរិភោគ»ខាង​វិញ្ញាណ«តាម​ត្រូវ​ពេល» គឺ​ផ្ដល់​ឲ្យ​ការ​ណែនាំ​ចំពោះ​ការ​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ ហើយ​ការ​យល់​នូវ​បទ​ទំនាយ​ព្រះ​គម្ពីរ​ផង​ដែរ។ (ម៉ាថាយ ២៤:៤៥​-​៤៧) ការ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​តាម​វិធី​ទាំង​នេះ​គឺ​ជា​អ្វី​ដ៏​សំខាន់​ចំពោះ​ការ​មាន​សេចក្ដី​ជំនឿ​ដ៏​មាំ​មួន។

៩. តើ​នឹង​មាន​លទ្ធផល​អ្វី​បើ​សិន​ជា​យើង​ពិត​ជា​ជឿ​លើ​សេចក្ដី​សង្ឃឹម​គ្រីស្ទាន​នោះ?

៩ សេចក្ដី​ជំនឿ​របស់​អ័ប្រាហាំ​ទាក់​ទង​យ៉ាង​ដិត​ជាប់​នឹង​សេចក្ដី​សង្ឃឹម​របស់​គាត់។ ‹នោះ​ក៏​គាត់​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន›។ (រ៉ូម ៤:១៨) នេះ​ជា​ចំណុច​ទី​ពីរ​ដែល​អាច​ជួយ​យើង។ យើង​មិន​គួរ​ភ្លេច​ថា ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល «ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ សាវ័ក​ប៉ុល​បាន​និយាយ​ថា៖ «យើង​ខ្ញុំ​ខំ​ធ្វើ​ការ . . . ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។ (ធីម៉ូថេ​ទី​១ ៤:១០) បើ​យើង​ពិត​ជា​មាន​ជំនឿ​លើ​សេចក្ដី​សង្ឃឹម​គ្រីស្ទាន ដំណើរ​ជីវិត​របស់​យើង​នឹង​ទៅ​ជា​ការ​សម្ដែង​នូវ​ជំនឿ​របស់​យើង ដូច​ក្នុង​ករណី​នៃ​អ័ប្រាហាំ។

ការ​និយាយ​ជា​មួយ​នឹង​ព្រះ

១០. តើ​សេចក្ដី​អធិស្ឋាន​បែប​ណា​ដែល​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង?

១០ អ័ប្រាហាំ​បាន​និយាយ​ជា​មួយ​នឹង​ព្រះ ហើយ​នេះ​ជា​ចំណុច​ទី​បី​ដែល​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​គាត់។ សព្វ​ថ្ងៃ​នេះ យើង​ក៏​អាច​និយាយ​ជា​មួយ​ព្រះ​យេហូវ៉ា​ដែរ ដោយ​ប្រើ​អំណោយ​នៃ​សេចក្ដី​អធិស្ឋាន​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ។ (យ៉ូហាន ១៤:៦; អេភេសូរ ៦:១៨) បន្ទាប់​ពី​ព្រះ​យេស៊ូ​បាន​និទាន​នូវ​រឿង​ប្រៀប​ប្រដូច​មួយ ដែល​បញ្ជាក់​នូវ​ភាព​ចាំ​បាច់​នៃ​ការ​អធិស្ឋាន​ដ៏​ឥត​ឈប់​ឈរ ទ្រង់​បាន​មាន​បន្ទូល​សួរ​សំនួរ​ថា៖ «កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្ដេច»? (លូកា ១៨:៨) ការ​អធិស្ឋាន​ដែល​កសាង​ជំនឿ មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​គិត ឬ​ក៏​ស្វ័យប្រវត្ត​ទេ។ សេចក្ដី​អធិស្ឋាន​នោះ​គឺ​មាន​ខ្លឹម​សារ​ដ៏​ជ្រាល​ជ្រៅ​ទៅ​វិញ។ ឧទាហរណ៍ សេចក្ដី​អធិស្ឋាន​ពី​ចិត្ត​គឺ​សំខាន់​ណាស់ ពេល​ដែល​យើង​មាន​ការ​សម្រេច​ចិត្ត​ដ៏​ធ្ងន់​ធ្ងរ ឬ​ក៏​យើង​កំពុង​តែ​ពិសោធន៍​ការ​ពិបាក​ដ៏​ធំ។—លូកា ៦:១២, ១៣; ២២:៤១​-​៤៤

១១. (ក) តើ​អ័ប្រាហាំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា ពេល​គាត់​បាន​បើក​ចិត្ត​របស់​គាត់​ជូន​ព្រះ? (ខ) តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​លោក​អ័ប្រាហាំ?

១១ នៅ​ពេល​អ័ប្រាហាំ​កំពុង​តែ​ចាស់​ឡើង​ៗ ហើយ​ព្រះ​យេហូវ៉ា​មិន​បាន​ប្រទាន​នូវ​ពូជ​សន្យា​ជូន​គាត់ គាត់​បាន​និយាយ​ជា​មួយ​ទ្រង់​អំពី​កង្វល់​របស់​គាត់។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ទុក​ចិត្ត​ជា​ថ្មី​វិញ។ តើ​នេះ​មាន​លទ្ធផល​អ្វី? អ័ប្រាហាំ​បាន «ជឿ​ដល់​ព្រះ​យេហូវ៉ា​ហើយ​ទ្រង់​រាប់​សេចក្ដី​ជំនឿ​នោះ ទុក​ជា​សេចក្ដី​សុចរិត​ដល់​គាត់»។ រួច​មក ព្រះ​យេហូវ៉ា​បាន​ប្រទាន​នូវ​សញ្ញា​ដើម្បី​បញ្ជាក់​ពី​បន្ទូល​ដ៏​ទុក​ចិត្ត​របស់​ទ្រង់។ (លោកុប្បត្តិ ១៥:១​-​១៨) បើ​យើង​បើក​ចិត្ត​យើង​ឲ្យ​ព្រះ​យេហូវ៉ា​ដោយ​ការ​អធិស្ឋាន ទាំងទទួល​ការ​ធានា​រ៉ាប់​រង​ទាំង​ឡាយ​របស់​ព្រះ​យេហូវ៉ា​ក្នុង​បន្ទូល​របស់​ទ្រង់ ដែល​ជា​ព្រះ​គម្ពីរ ហើយ​ស្ដាប់​បង្គាប់​ទ្រង់​ដោយ​ជឿ​ស៊ប់ នោះ​ព្រះ​យេហូវ៉ា​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ជា​មិន​ខាន។—ម៉ាថាយ ២១:២២; យូដាស ២០, ២១

១២, ១៣. (ក) តើ​យ៉ាង​ដូច​ម្ដេច​ដែល​អ័ប្រាហាំ​បាន​ទទួល​ពរ​ពេល​គាត់​បាន​ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​បទ​ពិសោធន៍​បែប​ណា​ដែល​នឹង​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង?

១២ ចំណុច​ទី​បួន​ដែល​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ័ប្រាហាំ គឺ​ជា​ការ​គាំទ្រ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​គាត់ ពេល​ដែល​គាត់​បាន​ស្ដាប់​តាម​ការ​ណែនាំ​របស់​ទ្រង់។ ពេល​អ័ប្រាហាំ​ទៅ​សង្គ្រោះ​ឡុត​ពី​ស្តេច​ទាំង​នោះ​ដែល​បាន​សម្រុក​ចូល ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​ទទួល​ជ័យ​ជំនះ។ (លោកុប្បត្តិ ១៤:១៦, ២០) នៅ​ពេល​ដែល​អ័ប្រាហាំ​នៅ​ជា​អ្នក​សំណាក់​បណ្ដោះ​អាសន្ន ក្នុង​ស្រុក​ដែល​ពូជ​គាត់​នឹង​គ្រង​ជា​មរតក​នោះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ជា​ទ្រព្យ​សម្បត្ដិ​ជូន​គាត់។ (ប្រៀប​មើល លោកុប្បត្តិ ១៤:២១​-​២៣) ព្រះ​យេហូវ៉ា​បាន​នាំ​មុខ​អ្នក​បំរើ​របស់​គាត់ ក្នុង​ការ​ខិត​ខំ​រក​ប្រពន្ធ​ដ៏​សម​រម្យ​មួយ​សំរាប់​អ៊ីសាក។ (លោកុប្បត្តិ ២៤:១០​-​២៧) ត្រូវ​ហើយ ព្រះ​យេហូវ៉ា«បាន​ប្រទាន​ពរ​ដល់​គាត់​ក្នុង​គ្រប់​ការ​ទាំង​អស់»។ (លោកុប្បត្តិ ២៤:១) ជា​លទ្ធផល សេចក្ដី​ជំនឿ​របស់​គាត់​គឺ​ខ្លាំង​ដ៏​ម្ល៉េះ ហើយ​ទំនាក់​ទំនង​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​គឺ​ជិត​ស្និទ្ធ​ដ៏​ម្ល៉េះ ដែល​ព្រះ​យេហូវ៉ា​បាន​ហៅ​គាត់​ជា «សំឡាញ់​របស់​អញ»។—អេសាយ ៤១:៨; យ៉ាកុប ២:២៣

១៣ សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​មាន​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង​ដូច​នោះ​ទេ? មែន​ហើយ។ បើ​យើង​ល​ព្រះ​ទ័យ​ព្រះ​យេហូវ៉ា ដូច​អ័ប្រាហាំ ដោយ​ស្ដាប់​តាម​បញ្ញត្ត​របស់​ទ្រង់ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ដែរ។ ហើយ​នោះ​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង។ ឧទាហរណ៍ ការ​មើល​តែ​មួយ​ភ្លែត​នូវ​សេចក្ដី​រាយ​ការណ៍​នៃ​ឆ្នាំ​កិច្ច​បំរើ​១៩៩៨ បង្ហាញ​ថា​មនុស្ស​ជា​ច្រើន​បាន​ទទួល​ពរ​តាម​របៀប​ដ៏​អស្ចារ្យ​មួយ នៅ​ពេល​គេ​ស្ដាប់​បង្គាប់​របស់​ទ្រង់​ដើម្បី​ប្រកាស​ប្រាប់​ដំណឹង​ល្អ។—ម៉ាកុស ១៣:១០

គំរូ​នៃ​សេចក្ដី​ជំនឿ​សព្វ​ថ្ងៃ​នេះ

១៤. តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​កិច្ច​ការ​ចែក​ចាយ​ឯកសារ ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៥​តាម​របៀប​ណា?

១៤ នៅ​ខែ​តុលា ឆ្នាំ​១៩៩៧ ការ​ចែក​ចាយ​ទូទាំង​ពិភព​លោក​នូវ ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៥​គឺ​ជា​ការ​ជោគ​ជ័យ​ដ៏​ល្អ​ប្រសើរ ដោយ​ការ​ខ្នះ​ខ្នែង​ហើយ​ការ​រំភើប​ចិត្ត​នៃ​រាប់​លាន​ស្មរបន្ទាល់​ម្នាក់​ៗ។ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ហ្គាណា​គឺ​ជា​រឿង​ធម្មតា។ ជិត​២.៥​លាន​សន្លឹក​បាន​ត្រូវ​ចែក​ចាយ​ជា​បួន​ភាសា ហើយ​ជា​លទ្ធផល​មាន​ការ​ស្នើ​សិក្សា​ព្រះ​គម្ពីរ​ជិត​២.០០០។ នៅ​ប្រទេស​សៃប្រឹស ស្មរបន្ទាល់​ពីរ​នាក់​ដែល​កំពុង​តែ​ចែក​ចាយ​ដំណឹង​ព្រះ​រាជា​អាណាចក្រ បាន​សម្គាល់​ថា​មាន​ព្រះ​សង្ឃ​ម្នាក់​ដែល​ដើរ​តាម​គេ។ ក្រោយ​មួយ​រយៈ​គេ​បាន​ផ្ដល់​ដំណឹង​ព្រះ​រាជាណាចក្រ​មួយ​សន្លឹក​ឲ្យ​គាត់។ គាត់​បាន​ទទួល​មួយ​សន្លឹក ហើយ​គាត់​និយាយ​ថា៖ «ខ្ញុំ​បាន​ស្ងើច​សារ​នេះ​ដ៏​ម្ល៉េះ ដែល​ខ្ញុំ​ចង់​អបអរសាទរ​អ្នក​ដែល​បាន​រៀបចំ​នោះ»។ នៅ​ប្រទេស​ដាណា​ម៉ាក ១.៥​លាន​សន្លឹក​បាន​ត្រូវ​ចែក​ចាយ​ដោយ​មាន​លទ្ធផល​ដ៏​ល្អ។ ស្ត្រី​ម្នាក់​ដែល​ធ្វើ​ការ​ខាង​ទំនាក់​ទំនង​សាធារណៈ​បាន​និយាយ​ថា៖ «ខិត្តប័ណ្ណ​នោះ​មាន​សារ​មួយ​សំរាប់​មនុស្ស​ទាំង​អស់​គ្នា។ នោះ​គឺ​ស្រួល​យល់ ហើយ​វា​មាន​អនុ​ភាព​លើ​យើង នាំ​ឲ្យ​យើង​មាន​សេចក្ដី​ប្រាថ្នា​ដើម្បី​ដឹង​ថែម​ទៀត។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​មែន»!

១៥. តើ​បទ​ពិសោធន៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ការ​ខ្នះ​ខ្នែង​ជួប​មនុស្ស​នៅ​គ្រប់​ទី​កន្លែង?

១៥ នៅ​ឆ្នាំ​១៩៩៨ មាន​ការ​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ទៅ​មនុស្ស មិន​គ្រាន់​តែ​នៅ​តាម​ផ្ទះ​របស់​គេ ប៉ុន្តែ​នៅ​គ្រប់​កន្លែង។ នៅ​ប្រទេស​កូថឌីវ័រ គូ​ស្វាមីភរិយា​សាសនទូត បាន​ទៅ​លេង​កប៉ាល់​ទឹក​៣២២​គ្រឿង​នៅ​ផែ។ គេ​បាន​ជូន​សៀវភៅ​២៤៧​ក្បាល ទស្សនាវដ្ដី​២.២៨៤​ក្បាល សៀវភៅ​ស្តើង​៥០០​ក្បាល ហើយ​រាប់​រយ​ខិត្តប័ណ្ណ ព្រម​ទាំង​កាសែត​វីឌីអូ​មួយ​ចំនួន​ដើម្បី​ឲ្យ​ពួក​នាវា​ចរណ៍​មើល​ពេល​នៅ​សមុទ្រ។ នៅ​ប្រទេស​កាណាដា ស្មរបន្ទាល់​ម្នាក់​បាន​ទៅ​កន្លែង​ជួស​ជុល​ឡាន។ ម្ចាស់​កន្លែង​នោះ​មាន​ការ​ចាប់​អារម្មណ៍ ហើយ​បង​ប្រុស​នេះ​បាន​ចំណាយ​ពេល​អស់​បួន​ម៉ោង​កន្លះ ទោះ​បី​ម៉ោង​ផ្សព្វ​ផ្សាយ​ពិត​ប្រាកដ​សរុប​តែ​មួយ​ម៉ោង​ជាង​ទេ ក្នុង​ពេល​ចន្លោះ​ដែល​គ្មាន​ភ្ញៀវ។ រួច​មក ការ​សិក្សា​ព្រះ​គម្ពីរ​បាន​ត្រូវ​រៀបចំ​សំរាប់​ម៉ោង​១០:០០​យប់។ ក៏​ប៉ុន្តែ ជួន​កាល​មិន​ចាប់​ផ្ដើម​ទាល់​តែ​ម៉ោង​១២:០០​យប់ ហើយ​បាន​ធ្វើ​ឡើង​រហូត​ដល់​ម៉ោង​ពីរ​យប់។ កាល​វិភាគ​នេះ​ប្រហែល​នាំ​ឲ្យ​មាន​ការ​ពិបាក ប៉ុន្តែ​លទ្ធផល​ល្អ​បាន​ត្រូវ​ទទួល។ បុរស​នោះ​បាន​សម្រេច​ចិត្ត​បិទ​ហាង​របស់​គាត់​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ។ មិន​យូរ​ក្រោយ​មក គាត់​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ចាប់​ផ្ដើម​លូត​លាស់​យ៉ាង​ល្អ។

១៦. តើ​បទ​ពិសោធន៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា សៀវភៅ​ស្តើង តម្រូវ ហើយ​សៀវភៅ ចំណេះ គឺ​ជា​ឧបករណ៍​ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​កិច្ច​ការ​ប្រកាស​ហើយ​នឹង​បង្រៀន?

១៦ សៀវភៅ​ស្តើង តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? ហើយ​សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច នៅ​ជា​ឧបករណ៍​ដែល​មាន​ប្រសិទ្ធិភាព​ច្រើន​ក្នុង​កិច្ច​ការ​ប្រកាស​ហើយ​បង្រៀន។ នៅ​ប្រទេស​អ៊ីតាលី ដូន​ជី​ម្នាក់​ដែល​កំពុង​តែ​ចាំ​ឡាន​ក្រុង បានទទួល ដំណឹង​ព្រះ​រាជាណាចក្រ មួយ​សន្លឹក។ មួយ​ថ្ងៃ​បន្ទាប់​មក គាត់​ជួប​គេ​ហើយ​បាន​ទទួល​សៀវភៅ​ស្តើង តម្រូវ។ រាល់​តែ​ថ្ងៃ​ក្រោយ​នោះ គាត់​បាន​សិក្សា​ព្រះ​គម្ពីរ​១០​ទៅ​១៥​នាទី នៅ​កន្លែង​ចាំ​ឡាន​ក្រុង។ ក្រោយ​មួយ​ខែ​កន្លះ គាត់​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​អាវាស​ដូន​ជី ហើយ​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​នៅ​ប្រទេស​គួតេម៉ាឡា ដើម្បី​រៀន​ត​ទៅ​ទៀត។ នៅ​ប្រទេស​ម៉ាឡាវី អ្នក​ដែល​កាន់​សាសនា​យ៉ាង​ខ្លាំង​ក្លា​ម្នាក់ ឈ្មោះ​ឡូប៊ីណា មិន​ពេញ​ចិត្ត​ដែល​ពួក​កូន​ស្រី​របស់​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ទោះ​បី​គឺ​ជា​អីចឹង​ក៏​ដោយ ស្រី​ៗ​ទាំង​នោះ​បាន​ប្រាប់​ម្ដាយ​គេ​អំពី​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​នៅ​ពេល​គេ​មាន​ឱកាស។ នៅ​ខែ​មិថុនា ឆ្នាំ​១៩៩៧ ឡូប៊ីណា​បាន​ឃើញ​សៀវភៅ ចំណេះ ហើយ​បាន​ចាប់​អារម្មណ៍​នឹង​ល្បះ​ដែល​ថា «ចំណេះ​ដែល​នាំ​ទៅ​ដល់»។ នៅ​ខែ​កក្កដា គាត់​បាន​ព្រម​សិក្សា​ព្រះ​គម្ពីរ។ នៅ​ខែ​សីហា គាត់​បាន​ចូល​រួម​មហា​សន្និបាត ហើយ​បាន​ស្ដាប់​យ៉ាង​ប្រិត​ប្រៀន​ទាល់​តែ​ចប់​កម្ម​វិធី។ នៅ​ដាច់​ខែ​នោះ​បាន​ឃើញ​ថា គាត់​បាន​ចាក​ចេញ​ពី​វិហារ​គាត់ ហើយ​បាន​ពេញ​តម្រូវ​ការ​ដើម្បី​ទៅ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ជ្រមុជ​ទឹក។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧។

១៧, ១៨. តើ​វីឌីអូ​ទាំង​ប៉ុន្មាន​របស់​សមាគម​បាន​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ«ឃើញ»របស់​ខាង​វិញ្ញាណ​នោះ?

១៧ វីឌីអូ​ទាំង​ឡាយ​របស់​សមាគម បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ«ឃើញ»របស់​ខាង​វិញ្ញាណ។ នៅ​ប្រទេស​ម៉ូរីធាស បុរស​ម្នាក់​បាន​ចេញ​ពី​វិហារ​របស់​គាត់​ដោយ​ឃើញ​ភាព​មិន​ចុះ​សម្រុង​គ្នា​នៅ​ទី​នោះ។ សាសនទូត​ម្នាក់​បាន​បង្ហាញ​គាត់​នូវ​សាមគ្គីភាព​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដោយ​ប្រើ​វីឌីអូ ឯកភាព​ដោយ​ការ​បង្រៀន​ពី​ព្រះ។ ដោយ​មាន​ចិត្ត​ស្ងើច បុរស​នោះ​បាន​និយាយ​ថា៖ «ពួក​អ្នក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​សួន​មនោរម្យ​ហើយ»! គាត់​បាន​ព្រម​សិក្សា​ព្រះ​គម្ពីរ។ បង​ស្រី​ម្នាក់​នៅ​ប្រទេស​ជប៉ុន បាន​បង្ហាញ​ប្ដី​របស់​នាង​ដែល​មិន​ជា​អ្នក​ជឿ​ទេ នូវ​វិ​ឌី​អូ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—អង្គការ​ដែល​គាំទ្រ​ឈ្មោះ​នោះ ហើយ​គាត់​បាន​ត្រូវ​ជំរុញ​ឲ្យ​សិក្សា​ព្រះ​គម្ពីរ​ជា​រឿយ​ៗ។ ក្រោយ​គាត់​បាន​មើល​វីឌីអូ ឯកភាព​ដោយ​ការ​បង្រៀន​ពី​ព្រះ គាត់​ចង់​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់។ រឿង​បី​ភាគ ដែល​មាន​ចំណង​ជើង ព្រះ​គម្ពីរ—សៀវភៅ​ដែល​មាន​ហេតុ​ការណ៍​និង​បទ​ទំនាយ បាន​ជួយ​គាត់​អនុវត្ត​គោល​ការណ៍​ព្រះ​គម្ពីរ​ក្នុង​ជីវិត​របស់​គាត់។ នៅ​ទី​បំផុត​វីឌីអូ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឈរ​មាំ​មួន​នៅ​មុខ​ការ​វាយលុក​ពី​ពួក​ណាត្ស៊ី បាន​បង្ហាញ​គាត់​ថា​ព្រះ​យេហូវ៉ា​ចំរើន​កម្លាំង​នៃ​រាស្ត្រ​របស់​ទ្រង់​ដើម្បី​ទ្រាំ​នឹង​ការ​វាយលុក​ពី​អារក្ស​សាតាំង។ បុរស​នោះ​បាន​ត្រូវ​ជ្រមុជ​ទឹក​នៅ​ខែ​តុលា ឆ្នាំ​១៩៩៧។

១៨ នេះ​គ្រាន់​តែ​ជា​បទ​ពិសោធន៍​ខ្លះ​ៗ​ក្នុង​ចំណោម​បទ​ពិសោធន៍​ច្រើន ដែល​បាន​ត្រូវ​ទទួល​នៅ​ឆ្នាំ​កិច្ច​បំរើ​ឆ្នាំ​មុន។ គេ​បង្ហាញ​ថា​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ជំនឿ​ដ៏​សកម្ម ហើយ​ថា​ព្រះ​យេហូវ៉ា​កំពុង​តែ​ពង្រឹង​សេចក្ដី​ជំនឿ​នោះ​ដោយ​ប្រទាន​ពរ​ដល់​សកម្មភាព​របស់​គេ។—យ៉ាកុប ២:១៧

បណ្ដុះ​បណ្ដាល​សេចក្ដី​ជំនឿ​សព្វ​ថ្ងៃ​នេះ

១៩. (ក) តើ​តាម​របៀប​ណា​ខ្លះ​ដែល​យើង​មាន​ស្ថានភាព​ល្អ​ជាង​អ័ប្រាហាំ? (ខ) តើ​មនុស្ស​ប៉ុន្មាន​នាក់​បាន​ជួប​ជុំ​គ្នា​ដើម្បី​រំឭក​នូវ​ការ​សោយ​ទិវង្គត​ដ៏​បូជា​របស់​ព្រះ​យេស៊ូ?

១៩ តាម​របៀប​ច្រើន សព្វ​ថ្ងៃ​នេះ​យើង​មាន​ស្ថានភាព​ល្អ​ជាង​អ័ប្រាហាំ។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​សម្រេច​នូវ​សេចក្ដី​សន្យា​ទាំង​អស់​របស់​ទ្រង់​ចំពោះ​អ័ប្រាហាំ។ ពួក​កូន​របស់​អ័ប្រាហាំ​បាន​គ្រង​ស្រុក​កាណាន​ជា​មរតក​មែន ហើយ​គេ​បាន​ទៅ​ជា​សាសន៍​ដ៏​ធំ​មួយ​ដែរ។ (ពង្សាវតារ​ក្សត្រ​ទី​១ ៤:២០; ហេព្រើរ ១១:១២) ម្យ៉ាង​ទៀត ប្រមាណ​១៩៧១​ឆ្នាំ​ក្រោយ​អ័ប្រាហាំ​បាន​ចេញ​ពី​ស្រុក​ខារ៉ាន ចៅ​របស់​គាត់​ម្នាក់ ព្រះ​យេស៊ូ បាន​ត្រូវ​ជ្រមុជ​ក្នុង​ទឹក​ដោយ​យ៉ូហាន​បាទីស្ទ ហើយ​ជា​បន្ទាប់​ក្នុង​វិញ្ញាណ​បរិសុទ្ធ​ដោយ​ព្រះ​យេហូវ៉ា​ផ្ទាល់ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ព្រះ​មេស្ស៊ី និង​ជា​ពូជ​អ័ប្រាហាំ​ពេញ​សិទ្ធិ​ខាង​វិញ្ញាណ។ (ម៉ាថាយ ៣:១៦, ១៧; កាឡាទី ៣:១៦) នៅ​ខែ​ណែសាន ថ្ងៃ​ទី​១៤ ស.យ. ព្រះ​យេស៊ូ​បាន​បូជា​ព្រះ​ជន្ម​ទ្រង់​ជា​តម្លៃ​លោះ ដើម្បី​ឲ្យ​អ្នក​ដែល​អនុវត្ត​ជំនឿ​លើ​ទ្រង់។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦) ដោយ​សារ​ទ្រង់ នោះ​មនុស្ស​រាប់​លាន​នាក់​អាច​ទទួល​ពរ​ឥឡូវ​នេះ។ ឆ្នាំ​មុន ១៣.៨៩៦.៣១២​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ខែ​ណែសាន ថ្ងៃ​ទី​១៤ ដើម្បី​រំឭក​នូវ​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​នេះ​ដោយ​សេចក្ដី​ស្រឡាញ់។ តើ​នេះ​ជា​យុត្ដិកម្ម​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ណា​ទៅ​ហ្ន៎ ជា​អ្នក​រក្សា​ដ៏​ធំ​នៃ​សេចក្ដី​សន្យា!

២០, ២១. តើ​តាម​របៀប​ណា​ដែល​មនុស្ស​ពី​គ្រប់​ទាំង​សាសន៍​នឹង​ទទួល​ពរ​តាម​រយៈ​ពូជ​របស់​អ័ប្រាហាំ​នៅ​សតវត្ស​ទី​មួយ ហើយ​យ៉ាង​ដូច​ម្ដេច​ដែល​គេ​ទទួល​ពរ​សព្វ​ថ្ងៃ​នេះ?

២០ នៅ​សតវត្ស​ទី​មួយ មនុស្ស​ជា​ច្រើន​ពី​គ្រប់​សាសន៍ ដែល​មាន​សាសន៍​អ៊ីស្រាអែល​ខាង​សាច់​ឈាម​មុន​បង្អស់ បាន​អនុវត្ត​ជំនឿ​លើ​ពូជ​របស់​អ័ប្រាហាំ​នោះ ហើយ​បាន​ទៅ​ជា​រាជបុត្រា​នៃ​ព្រះ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង ទាំង​ជា​សមាជិក​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ហើយ​ដែល​ថ្មី​ដែរ ជា«អ៊ីស្រាអែល​នៃ​ព្រះ»។ (កាឡាទី ៣:២៦​-​២៩; ៦:១៦; កិច្ច​ការ ៣:២៥, ២៦) ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​មួយ​ដ៏​ពិត​ប្រាកដ ដែល​គេ​នឹង​ទទួល​ជីវិត​អមតៈ​ជាវិញ្ញាណ​នៅ​ស្ថាន​សួគ៌ ជា​អ្នក​ដែល​ចូល​រួម​គ្រប់​គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ មាន​តែ​១៤៤.០០០​នាក់​នឹង​ត្រូវ​ទទួល​ពរ​បែប​នេះ ហើយ​មាន​តែ​សំណល់​បន្ដិច​បន្តួច​នៃ​ពួក​គេ​ទេ។ (វិវរណៈ ៥:៩, ១០; ៧:៤) ឆ្នាំ​មុន ៨៧៥៦​នាក់​បាន​ផ្ដល់​ភស្តុ​តាង​នូវ​ជំនឿ​របស់​គេ ដែល​គេ​ចូល​រួម​ក្រុម​នោះ​ដោយ​ការ​បរិភោគ​នូវ​អាហារ​តំណាង​ពេល​បុណ្យ​រឭក។

២១ សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សឹង​តែ​ទាំង​អស់​ជា​ផ្នែក​នៃ «ហ្វូង​យ៉ាង​ធំ» ដែល​បាន​ត្រូវ​ទាយ​នៅ​វិវរណៈ ៧:៩​-​១៧។ ពី​ព្រោះ​គេ​ទទួល​ពរ​តាម​រយៈ​ព្រះ​យេស៊ូ គេ​មាន​សេចក្ដី​សង្ឃឹម​ជា​ជីវិត​អស់​កល្ប​ជា​និច្ច​នៅ​លើ​ផែនដី​មនោរម្យ។ (វិវរណៈ ២១:៣​-​៥) ៥.៨៨៨.៦៥០​នាក់​ដែល​បាន​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​ឆ្នាំ​១៩៩៨ គឺ​ជា​ភស្តុ​តាង​ដែល​ហ្វូង​នេះ​គឺ​ជា«ធំ»មែន។ គឺ​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់ ដោយ​ឃើញ​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន ឲ្យ​របាយការណ៍​អំពី​ការ​មាន​អ្នក​ផ្សាយ​ជាង​១០០០០០​នាក់​ជា​លើក​ដំបូង។ របាយការណ៍​ពី​សហរដ្ឋ​អាមេរិក​ក៏​អស្ចារ្យ​ដែរ ដែល​មាន​អ្នក​ផ្សាយ​១.០៤០.២៨៣​នាក់​នៅ​ក្នុង​ខែ​សីហា! នេះ​គឺ​គ្រាន់​តែ​ប្រទេស​បី ក្នុង​ចំណោម​ប្រទេស​១៩ ដែល​បាន​ឲ្យ​របាយការណ៍​អំពី​ការ​មាន​អ្នក​ផ្សាយ​ជាង​១០០០០០​នាក់ នៅ​ឆ្នាំ​មុន​នេះ។

សេចក្ដី​សង្ឃឹម​ដែល​ជិត​សម្រេច

២២, ២៣. (ក) ហេតុ​អ្វី​បាន​ជា​យើង​គួរ​តាំង​ចិត្ត​យើង​ឲ្យ​ខ្ជាប់​ខ្ជួន​សព្វ​ថ្ងៃ​នេះ? (ខ) តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច​ទៅ​ជា​ដូច​អ័ប្រាហាំ ហើយ​មិន​ដូច​មនុស្ស​ដែល​គ្មាន​ជំនឿ​ដែល​ប៉ុល​បាន​រៀប​រាប់​នោះ?

២២ អ្នក​ដែល​ចូល​រួម​បុណ្យ​រំឭក​បាន​ត្រូវ​រំឭក​អំពី​ជំរៅ​នៃ​យើង​ក្នុង​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា។ នៅ​ឆ្នាំ​១៩១៤ ព្រះ​យេស៊ូ​បាន​ត្រូវ​ឡើង​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​បាន​ចាប់​ផ្ដើម​វត្តមាន​របស់​ទ្រង់​ជា​ស្តេច។ (ម៉ាថាយ ២៤:៣; វិវរណៈ ១១:១៥) មែន​ហើយ ពូជ​របស់​អ័ប្រាហាំ​កំពុង​តែ​សោយ​រាជ្យ​នៅ​ស្ថាន​សួគ៌! យ៉ាកុប​បាន​និយាយ​ទៅ​កាន់​ពួក​គ្រីស្ទាន​នៅ​សម័យ​គាត់​ថា៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់​ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់​ខ្ជួន​ឡើង ដ្បិត​ព្រះ​អម្ចាស់​ជិត​យាង​មក​ហើយ»។ (យ៉ាកុប ៥:៨) វត្តមាន​នោះ​គឺ​ជា​ការ​ពិត​ឥឡូវ​នេះ! នេះ​ជា​មូលហេតុ​បន្ថែម​ដើម្បី​តាំង​ចិត្ត​យើង​ឲ្យ​ខ្ជាប់​ខ្ជួន​នោះ!

២៣ ចូរ​ឲ្យ​ការ​ទុក​ចិត្ត​របស់​យើង​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា បាន​ត្រូវ​ផ្ដល់​កម្លាំង​ថ្មី​ជា​និច្ច​ដោយ​ការ​សិក្សា​យ៉ាង​ទៀង​ទាត់​នូវ​ព្រះ​គម្ពីរ និង​ការ​អធិស្ឋាន​ពី​ដួង​ចិត្ត។ ចូរ​ឲ្យ​យើង​មិន​ឈប់​ក្នុង​ការ​ពិសោធន៍​នូវ​ពរ​ពី​ព្រះ​យេហូវ៉ា​ក្នុង​ការ​ប្រព្រឹត្ត​តាម​បន្ទូល​របស់​ទ្រង់។ បើ​ដូច្នេះ​យើង​នឹង​ដូច​ជា​លោក​អ័ប្រាហាំ មិន​ដូច​ពួក​អ្នក​ដែល​ត្រូវ​សេចក្ដី​ជំនឿ​របស់​គេ​ទៅ​ជា​ខ្សោយ​ហើយ​ស្លាប់​ទៅ ដូច​សាវ័ក​ប៉ុល​បាន​រៀប​រាប់​នោះ​ទេ។ គ្មាន​អ្វី​ដែល​នឹង​ពង្រាត់​យើង​ពី​សេចក្ដី​ជំនឿ​របស់​យើង​ដែល​ជា​បរិសុទ្ធ​បំផុត។ (យូដាស ២០) យើង​អធិស្ឋាន​ថា​អ្វី​ទាំង​នេះ​នឹង​ទៅ​ជា​ការ​ពិត​អំពី​អ្នក​ទាំង​អស់​ដែល​បំរើ​ព្រះ​យេហូវ៉ា នៅ​ឆ្នាំ​កិច្ច​បំរើ​១៩៩៩ ហើយ​បន្ត​ទៅ​ក្នុង​អនាគត​ដ៏​អស់​កល្ប​ជា​និច្ច​ផង​ដែរ។

តើ​អ្នក​ដឹង​ទេ?

◻ សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​ស្ដាប់​តាម​ព្រះ​យ៉ាង​ដូច​ម្ដេច?

◻ តើ​ប្រយោជន៍​អ្វី​មក​ពី​ការ​អធិស្ឋាន​ជូន​ព្រះ​ពី​ដួង​ចិត្ត?

◻ បើ​សិន​ជា​យើង​ស្ដាប់​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ជំនឿ​របស់​យើង​នឹង​ត្រូវ​ពង្រឹង?

◻ តើ​ផ្នែក​ណា​ខ្លះ​ក្នុង​សេចក្ដី​រាយ​ការណ៍​ប្រចាំ​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍?

[រូប​ភាព​នៅ​ទំព័រ​១២]

បើ​សិន​ជា​យើង​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ការ​ទុក​ចិត្ត​របស់​យើង​ក្នុង​សេចក្ដី​សន្យា​របស់​ទ្រង់​នឹង​ត្រូវ​ផ្ដល់​កម្លាំង​ថ្មី​វិញ

[រូប​ភាព​នៅ​ទំព័រ​១៦]

ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​ទ្រង់ ហើយ​ជា​លទ្ធផល​ពង្រឹង​សេចក្ដី​ជំនឿ​របស់​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក