បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៤ ទំ. ៦-១១
  • តើអ្នកមានសេចក្ដីជំនឿដូចលោកអ័ប្រាហាំទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកមានសេចក្ដីជំនឿដូចលោកអ័ប្រាហាំទេ?
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ប្រព្រឹត្ត​តាម​សេចក្ដី​ណែនាំ​របស់​ព្រះ
  • សេចក្ដី​ជំនឿ​ដូច​លោក​អ័ប្រាហាំ នៅ​សព្វ​ថ្ងៃ​នេះ
  • ស្មោះ​ត្រង់​ថ្វី​បើ​មាន​ការ​ល្បង​ល​ក៏​ដោយ
  • ការ​ស៊ូ​ទ្រាំ​សព្វ​ថ្ងៃ​នេះ
  • សំនួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • តើអាប្រាហាំជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • អ័ប្រាហាំ—មិត្ដសំឡាញ់របស់ព្រះ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៤ ទំ. ៦-១១

តើ​អ្នក​មាន​សេចក្ដី​ជំនឿ​ដូច​លោក​អ័ប្រាហាំ​ទេ?

«កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្ដេច»?—លូកា ១៨:៨

១. ហេតុ​អ្វី​បាន​ជា​ការ​រក្សា​ជំនឿ​របស់​ខ្លួន​ឲ្យ​នៅ​មាំ​មួន គឺ​ជា​ការ​ពិបាក​សព្វ​ថ្ងៃ​នេះ?

សព្វ​ថ្ងៃ​នេះ​ការ​រក្សា​ជំនឿ​របស់​ខ្លួន​ឲ្យ​នៅ​មាំ​មួន មិន​ជា​ការ​ស្រួល​ទេ។ លោកីយ៍​នេះ​ដាក់​អានុភាព​យ៉ាង​ខ្លាំង​លើ​ពួក​គ្រីស្ទាន ដើម្បី​បំបែរ​អារម្មណ៍​គេ​ចេញ​ពី​អ្វី​ខាង​វិញ្ញាណ។ (លូកា ២១:៣៤; យ៉ូហាន​ទី​១ ២:១៥, ១៦) គ្រីស្ទាន​នៅ​រស់​ជា​ច្រើន​ត្រូវ​តែ​ពុះ​ពារ​ដោយ​ប្រឈម​មុខ​សង្គ្រាម មហន្តរាយ ជម្ងឺ ឬ​ការ​អត់​ឃ្លាន។ (លូកា ២១:១០, ១១) នៅ​ប្រទេស​ជា​ច្រើន មាន​វប្បធម៌​ខ្លាំង​ខាង​លោកីយ៍ ហើយ​មនុស្ស​ណា​ដែល​រស់​នៅ​ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​ជំនឿ​របស់​ខ្លួន ត្រូវ​គេ​រាប់​ទុក​ជា​មនុស្ស​ដែល​មាន​គំនិត​មិន​សម​ហេតុ​សម​ផល ឬ​សូម្បី​តែ​អ្នក​ដែល​កាន់​លទ្ធិ​ហួស​ហេតុ។ បន្ថែម​ទៅ​ទៀត ពួក​គ្រីស្ទាន​ជា​ច្រើន​ត្រូវ​គេ​បៀត​បៀន​ដោយ​ព្រោះ​ជំនឿ​របស់​គេ។ (ម៉ាថាយ ២៤:៩) សំនួរ​របស់​ព្រះ​យេស៊ូ ដែល​ទ្រង់​បាន​លើក​ប្រមាណ ២.០០០​ឆ្នាំ​មុន ពិត​ជា​សម​រម្យ៖ «កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្ដេច»?—លូកា ១៨:៨

២. (ក) ហេតុ​អ្វី​បាន​ជា​ជំនឿ​ដ៏​មាំ​មួន​គឺ​សំខាន់​ចំពោះ​ពួក​គ្រីស្ទាន? (ខ) តើ​គំរូ​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​ណា​ដែល​យើង​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​មើល?

២ ក៏​ប៉ុន្តែ សេចក្ដី​ជំនឿ​គឺ​ជា​សំខាន់​ណាស់ បើ​សិន​ជា​យើង​នឹង​ទទួល​ការ​ជោគ​ជ័យ​ក្នុង​ជីវិត​ឥឡូវ​នេះ ហើយ​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​អនាគត​កាល។ សាវ័ក​ប៉ុល​បាន​សរសេរ ដោយ​ដក​ស្រង់​ពី​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​លោក​ហាបាគុក​ថា៖ « ‹ពួក​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ បើ​អ្នក​ណា​ថយ​ទៅ​វិញ នោះ​ចិត្ត​អញ​គ្មាន​សេចក្ដី​អំណរ​ចំពោះ​អ្នក​នោះ​ទេ› . . . បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ»។ (ហេព្រើរ ១០:៣៨–១១:៦; ហាបាគុក ២:៤) ប៉ុល​បាន​ប្រាប់​ធីម៉ូថេ​ថា៖ «ចូរ​ខំ​ប្រឹង​ត​ស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្ដី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​កល្ប​ជា​និច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល»។ (ធីម៉ូថេ​ទី​១ ៦:១២) ដូច្នេះ តើ​យ៉ាង​ណា​ដែល​ខ្លួន​អាច​មាន​សេចក្ដី​ជំនឿ​ដែល​កាច់​មិន​បាក់? ក្នុង​ការ​ពិចារណា​សំនួរ​នោះ យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​មើល​បុរស​ម្នាក់ ដែល​បាន​រស់​នៅ​ប្រមាណ​៤.០០០​ឆ្នាំ​មុន ប៉ុន្តែ​ក៏​ត្រូវ​បី​សាសនា​ផ្សេង​រាប់​សេចក្ដី​ជំនឿ​របស់​លោក​ជា​មាន​តម្លៃ សាសនា​បី​នោះ​ជា​អ៊ីស្លាម​មួយ យូដា​និយម​មួយ ហើយ​គ្រីស្ទាន​មួយ។ បុរស​នោះ​គឺ​ជា​លោក​អ័ប្រាហាំ។ ហេតុ​អ្វី​បាន​ជា​សេចក្ដី​ជំនឿ​របស់​លោក​គឺ​ប្រសើរ​ម្ល៉េះ? តើ​យើង​អាច​ត្រាប់​តាម​លោក​សព្វ​ថ្ងៃ​នេះ​ទេ?

ការ​ប្រព្រឹត្ត​តាម​សេចក្ដី​ណែនាំ​របស់​ព្រះ

៣, ៤. ហេតុ​អ្វី​បាន​ជា​ថេរ៉ា បាន​ផ្លាស់​ទី​លំនៅ​របស់​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​ស្រុក​ខារ៉ាន?

៣ អ័ប្រាហាំ (ដែល​ដើម​ដំបូង​មាន​ឈ្មោះ​អាប់រ៉ាម) បាន​ត្រូវ​ព្រះ​គម្ពីរ​ស្តី​ពី​លោក​នៅ​ដើម​ព្រះ​គម្ពីរ។ នៅ​លោកុប្បត្តិ ១១:២៦ យើង​អាន​ថា៖ «ថេរ៉ា . . . បង្កើត​បាន​អាប់រ៉ាម ណា​ឃរ នឹង​ហារ៉ាន»។ ថេរ៉ា​ហើយ​ក្រុម​គ្រួសារ​របស់​លោក បាន​នៅ​ក្រុង​អ៊ើរ ស្រុក​ខាល់ដេ ដែល​ជា​ក្រុង​មួយ​ដែល​រីក​ចំរើន នៅ​ខាង​ត្បូង​នៃ​ស្រុក​មេសូប៉ូតាមា។ ក៏​ប៉ុន្តែ គេ​មិន​បាន​នៅ​ទី​នោះ​រហូត​ទេ។ «ថេរ៉ា​គាត់​យក​អាប់រ៉ាម កូន​គាត់ ឡុត​ជា​កូន​ហារ៉ាន​ត្រូវ​ជា​ចៅ​គាត់ ហើយ​សារ៉ាយ (សារ៉ា) ជា​កូន​ប្រសា គឺ​ប្រពន្ធ​អាប់រ៉ាម​កូន​គាត់ នាំ​គ្នា​ចេញ​ពី​អ៊ើរ​ស្រុក​ខាល់ដេ ដើម្បី​នឹង​ទៅ​ឯ​ស្រុក​កាណាន លុះ​បាន​ទៅ​ដល់​ខារ៉ាន​ហើយ នោះ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ»។ (លោកុប្បត្តិ ១១:៣១) ប្អូន​របស់​លោក​អ័ប្រាហាំ ឈ្មោះ​ណា​ឃរ បាន​នាំ​គ្រួសារ​របស់​ខ្លួន​ទៅ​ស្រុក​ខារ៉ាន​ដែរ។ (លោកុប្បត្តិ ២៤:១០, ១៥; ២៨:១, ២; ២៩:៤) ក៏​ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​លោក​ថេរ៉ា បាន​នាំ​គ្រួសារ​របស់​លោក​ចេញ​ពី​ក្រុង​អ៊ើរ​ដ៏​រីក​ចំរើន ទៅ​ស្រុក​ខារ៉ាន​ដ៏​ឆ្ងាយ​នោះ​អីចឹង?

៤ ប្រមាណ​២.០០០​ឆ្នាំ​បន្ទាប់​ពី​សម័យ​លោក​អ័ប្រាហាំ បុរស​ដ៏ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​ស្ទេផាន បាន​ពន្យល់​នៅ​មុខ​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា អំពី​ការ​ផ្លាស់​ទី​លំនៅ​ដ៏​ចំ​ឡែក​នេះ​នៃ​គ្រួសារ​របស់​ថេរ៉ា។ ស្ទេផាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​ដ៏​មាន​សិរី​ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន ហើយ​មាន​បន្ទូល​ប្រាប់​លោក​ថា ‹ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្ដាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ› នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ»។ (កិច្ច​ការ ៧:២​-​៤) ថេរ៉ា​បាន​ចុះ​ចូល​នឹង​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា​ចំពោះ​លោក​អ័ប្រាហាំ នៅ​ពេល​ដែល​ថេរ៉ា​បាន​នាំ​សាច់​ញាតិ​របស់​លោក​ទៅ​ស្រុក​ខារ៉ាន។

៥. តើ​អ័ប្រាហាំ​បាន​ទៅ​ដល់​ណា បន្ទាប់​ពី​ឪពុក​របស់​គាត់​បាន​ស្លាប់​នោះ? ហេតុ​អ្វី?

៥ គ្រួសារ​របស់​ថេរ៉ា​បាន​តាំង​ទី​លំនៅ នៅ​ក្រុង​ថ្មី​របស់​គេ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​នោះ ពេល​អ័ប្រាហាំ​បាន​និយាយ​អំពី «ស្រុក​អញ» លោក​សំដៅ​ទៅ​លើ​តំបន់​ខារ៉ាន​នោះ មិន​មែន​ក្រុង​អ៊ើរ​ទេ។ (លោកុប្បត្តិ ២៤:៤) យ៉ាង​ណា​ក៏​ដោយ ស្រុក​ខារ៉ាន​នឹង​មិន​ទៅ​ជា​លំនៅ​អចិន្ត្រៃយ៍​របស់​អ័ប្រាហាំ​ទេ។ យោង​ទៅ​តាម​ស្ទេផាន «ក្រោយ​ដែល​ឪពុក​លោក[អ័ប្រាហាំ]ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ»។ (កិច្ច​ការ ៧:៤) ដោយ​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា លោក​អ័ប្រាហាំ​ជា​មួយ​នឹង​លោក​ឡុត បាន​ឆ្លង​កាត់​ទន្លេ​អ៊ើប្រាត​ចូល​ស្រុក​កាណាន។a

៦. តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​សន្យា​អ្វី​ទៅ​អ័ប្រាហាំ?

៦ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​ញ៉ាំង​ឲ្យ​អ័ប្រាហាំ​ផ្លាស់​ទី​លំនៅ​ទៅ​ស្រុក​កាណាន? មូលហេតុ​គឺ​ទាក់​ទង​នឹង​គោល​បំណង​របស់​ទ្រង់​ចំពោះ​បុរស​ដ៏​ស្មោះ​ត្រង់​នោះ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​អ័ប្រាហាំ​ថា៖ «ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ​សន្ដាន នឹង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង​ចុះ អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ទាំង​លើក​ឈ្មោះ​ឯង​ជា​ធំ​ផង ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ អញ​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ដាក់​បណ្ដាសា​ដល់​អស់​អ្នក​ណា​ដែល​ផ្ដាសា​ឯង គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ឯង»។ (លោកុប្បត្តិ ១២:១​-​៣) អ័ប្រាហាំ​នឹង​ទៅ​ជា​ឪពុក​នៃ​សាសន៍​មួយ​យ៉ាង​ធំ ដែល​នឹង​ទទួល​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា ហើយ​នឹង​ចូល​យក​ស្រុក​កាណាន។ នេះ​គឺ​សេចក្ដី​សន្យា​មួយ​ដ៏​ល្អ​ល្អះ​មែន! ក៏​ប៉ុន្តែ អ័ប្រាហាំ​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ក្នុង​ជីវិត​របស់​លោក ដើម្បី​ទទួល​ស្រុក​នោះ។

៧. តើ​ការ​កែ​ប្រែ​អ្វី​ខ្លះ​ដែល​អ័ប្រាហាំ នឹង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​សេចក្ដី​សម្រេច​នៃ​សន្យា​នោះ?

៧ នៅ​ពេល​អ័ប្រាហាំ​បាន​ចាក​ចេញ​ពី​ទី​ក្រុង​អ៊ើរ លោក​បាន​លះ​បង់​នូវ​ក្រុង​មួយ​ដ៏​រីក​ចំរើន ហើយ​ទំនង​ជា​លះ​បង់​គ្រួសារ​សាច់​ញាតិ​របស់​ឪពុក​គាត់ ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​ទទួល​ភាព​មិន​ខ្វះ​ខាត​នៅ​សម័យ​នោះ ដែល​មាន​ព្រឹទ្ធាចារ្យ​មេ​គ្រួសារ។ នៅ​ពេល​អ័ប្រាហាំ​បាន​ចាក​ចេញ​ពី​ស្រុក​ខារ៉ាន លោក​បាន​បែក​ចេញ​ពី​គ្រួសារ​ឪពុក​របស់​លោក ដែល​រួម​បញ្ចូល​ប្អូន​ប្រុស​របស់​លោក​ឈ្មោះ​ណា​ឃរ ហើយ​បាន​ផ្លាស់​ទី​លំនៅ​ទៅ​ស្រុក​មួយ​ដែល​លោក​មិន​ស្គាល់​សោះ។ នៅ​ស្រុក​កាណាន លោក​មិន​បាន​ស្វែង​រក​សុវត្ថិភាព​ដោយ​នៅ​ក្នុង​កំផែង​នៃ​ទី​ក្រុង​មួយ​ទេ។ ហេតុ​អ្វី? បន្ដិច​ក្រោយ​ពី​អ័ប្រាហាំ​បាន​ចូល​ក្នុង​ស្រុក​នោះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ថា៖ «ចូរ​ឯង​ក្រោក​ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្ដោយ​នឹង​ទទឹង​ចុះ ដ្បិត​អញ​នឹង​ឲ្យ​ដល់​ឯង​ហើយ»។ (លោកុប្បត្តិ ១៣:១៧) អ័ប្រាហាំ​ដែល​នៅ​ពេល​នោះ​មាន​អាយុ​៧៥​ឆ្នាំ ហើយ​ប្រពន្ធ​របស់​លោក​ដែល​មាន​អាយុ​៦៥​ឆ្នាំ បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ណែនាំ​នោះ។ «ដោយ​សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ​ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា»។—ហេព្រើរ ១១:៩; លោកុប្បត្តិ ១២:៤

សេចក្ដី​ជំនឿ​ដូច​លោក​អ័ប្រាហាំ នៅ​សព្វ​ថ្ងៃ​នេះ

៨. ដោយ​ឃើញ​គំរូ​នៃ​អ័ប្រាហាំ​ហើយ​ពួក​ស្មរបន្ទាល់​ឯ​ទៀត​ពី​បុរាណកាល តើ​យើង​គួរ​បណ្ដុះ​បណ្ដាល​អ្វី?

៨ អ័ប្រាហាំ​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក​បាន​ត្រូវ​រាប់​ឈ្មោះ​គេ​ជា​មួយ​នឹង «ស្មរបន្ទាល់[សម័យ​ដើម]១​ហ្វូង​ធំ» ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ហេព្រើរ​ជំពូក​១១។ ដោយ​មាន​គំរូ​នៃ​សេចក្ដី​ជំនឿ​នៃ​ពួក​អ្នក​បំរើ​របស់​ព្រះ សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​ពួក​គ្រីស្ទាន​ឲ្យ «ចោល​អស់​ទាំង​បន្ទុក នឹង​អំពើ​បាប[ការ​ខ្វះ​សេចក្ដី​ជំនឿ] ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ»។ (ហេព្រើរ ១២:១) មែន​ហើយ ការ​ខ្វះ​សេចក្ដី​ជំនឿ​អាច‹រុំ​យើង​ជុំ​វិញ​ជា​ងាយ›។ ក៏​ប៉ុន្តែ នៅ​សម័យ​ប៉ុល​និង​សម័យ​យើង ពួក​គ្រីស្ទាន​ពិត​ប្រាកដ​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​មាំ​មួន ស្មើ​នឹង​អ័ប្រាហាំ​ហើយ​អ្នក​ឯ​ទៀត​នៅ​សម័យ​បុរាណ។ ដោយ​ស្តី​ពី​ខ្លួន​លោក​ហើយ​ពួក​គ្រីស្ទាន​ឯ​ទៀត សាវ័ក​ប៉ុល​បាន​និយាយ​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក ដែល​ថយ​ទៅ​វិញ ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។—ហេព្រើរ ១០:៣៩

៩, ១០. តើ​មាន​ភស្តុ​តាង​អ្វី​សព្វ​ថ្ងៃ​នេះ ដែល​បង្ហាញ​ថា​មាន​មនុស្ស​ច្រើន​ដែល​មាន​សេចក្ដី​ជំនឿ​ដូច​អ័ប្រាហាំ?

៩ ពិត​មែន លោកីយ៍​នេះ​បាន​កែ​ប្រែ​ពី​សម័យ​អ័ប្រាហាំ។ យ៉ាង​ណា​ក៏​ដោយ យើង​នៅ​ថ្វាយ​បង្គំ«ព្រះ​នៃ​លោក​អ័ប្រាហាំ»ដូច​គ្នា​ដែរ ហើយ​ទ្រង់​មិន​កែ​ប្រែ​ទេ។ (កិច្ច​ការ ៣:១៣; ម៉ាឡាគី ៣:៦) ព្រះ​យេហូវ៉ា​គួរ​ទទួល​ការ​ថ្វាយ​បង្គំ​របស់​យើង​សព្វ​ថ្ងៃ​នេះ ដូច​នៅ​សម័យ​លោក​អ័ប្រាហាំ​ដែរ។ (វិវរណៈ ៤:១១) មនុស្ស​ជា​ច្រើន​បាន​ថ្វាយ​យ៉ាង​ពេញ​លេញ​នូវ​ខ្លួន​គេ​ដល់​ព្រះ​យេហូវ៉ា ហើយ​ដូច​លោក​អ័ប្រាហាំ ពួក​គេ​កែ​ប្រែ​ដែល​ចាំ​បាច់​ក្នុង​ជីវិត​របស់​គេ ដើម្បី​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ ឆ្នាំ​មុន ៣១៦.០៩២​នាក់​បាន​សម្ដែង​យ៉ាង​សាធារណៈ​នូវ​ការ​ថ្វាយ​ខ្លួន​របស់​គេ «ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ»។—ម៉ាថាយ ២៨:១៩

១០ ពួក​គ្រីស្ទាន​ថ្មី​ទាំង​នេះ មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​បរទេស​ដើម្បី​បំពេញ​ការ​ថ្វាយ​ខ្លួន​របស់​គេ​ទេ។ ក៏​ប៉ុន្តែ ក្នុង​ន័យ​ខាង​វិញ្ញាណ គេ​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​មែន។ ឧទាហរណ៍ នៅ​ប្រទេស​ម៉​រី​ធា​ស ស្រី​ម្នាក់​ឈ្មោះ​អេលស៊ី​ធ្លាប់​ជា​គ្រូ​អាប​ធ្មប់។ មនុស្ស​ទាំង​ឡាយ​ខ្លាច​គាត់​ណាស់។ អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ផ្នែក​ពិសេស​ម្នាក់ បាន​រៀបចំ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​កូន​ស្រី​របស់​អេលស៊ី ហើយ​នេះ​បាន​បើក​ផ្លូវ​មួយ​ដើម្បី​ជួយ​អេលស៊ី «បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ»។ (កិច្ច​ការ ២៦:១៨) ពី​ព្រោះ​គាត់​ឃើញ​ការ​ចាប់​អារម្មណ៍​នៃ​កូន​ស្រី​របស់​គាត់ អេលស៊ី​បាន​យល់​ព្រម​សិក្សា សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ ការ​សិក្សា​របស់​គាត់​បាន​ធ្វើ​ឡើង​អស់​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​ព្រោះ​គាត់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ឥត​ឈប់​ឈរ។ ការ​ប្រព្រឹត្ត​មន្តអាគម​មិន​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​សុភមង្គល ហើយ​គាត់​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ជា​ច្រើន។ ក៏​ប៉ុន្តែ ជា​យថាហេតុ គាត់​បាន​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ពី​មន្ត​និយម​ទៅ​ការ​ថ្វាយ​បង្គំ​ពិត។ នៅ​ពេល​មនុស្ស​មក​សូម​ជំនួយ​ពី​គាត់ គាត់​ធ្លាប់​ពន្យល់​ថា មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​អាច​ការ​ពារ​គេ​ពី​វិញ្ញាណ​អាក្រក់​នោះ។ ឥឡូវ អេលស៊ី​គឺ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ហើយ​១៤​នាក់​ពី​ក្រុម​គ្រួសារ និង​ពួក​ម៉ាក​របស់​គាត់​បាន​ទទួល​សេចក្ដី​ពិត។

១១. តើ​មាន​ការ​កែ​ប្រែ​អ្វី​ដែល​អ្នក​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា​សុខ​ចិត្ត​ធ្វើ?

១១ ឆ្នាំ​មុន មនុស្ស​ភាគ​ច្រើន​ដែល​បាន​ថ្វាយ​ខ្លួន​ដើម្បី​បំរើ​ព្រះ មិន​ត្រូវ​ការ​ធ្វើ​ការ​កែ​ប្រែ​ទាំង​ស្រុង​បែប​នេះ​ទេ។ ក៏​ប៉ុន្តែ ពួក​គេ​ទាំង​អស់​បាន​ប្រែ​ពី​មនុស្ស​ស្លាប់​ខាង​វិញ្ញាណ​ទៅ​ជា​មនុស្ស​ដែល​រស់​ខាង​វិញ្ញាណ។ (អេភេសូរ ២:១) ទោះ​បី​គេ​នៅ​ក្នុង​លោកីយ៍​ជា​កាយ​សម្បទា គេ​មិន​ជា​ផ្នែក​លោកីយ៍​នេះ​ទៀត​ទេ។ (យ៉ូហាន ១៧:១៥, ១៦) ស្រដៀង​នឹង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល «ជា​សាសន៍​ស្ថាន​សួគ៌​វិញ» ពួក​គេ​គឺ​ដូច​ជា «ពួក​ប្រទេស​ក្រៅ ហើយ​ដូច​ជា​ពួក​អ្នក ដែល​គ្រាន់​តែ​សំណាក់​នៅ»។ (ភីលីព ៣:២០; ពេត្រុស​ទី​១ ២:១១) ពួក​គេ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​ស្រប​តាម​ខ្នាត​គំរូ​របស់​ព្រះ ដោយ​ព្រោះ​ចិត្ត​គេ​បាន​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ហើយ​ចំពោះ​អ្នក​ជិត​ខាង​របស់​គេ​ដែរ។ (ម៉ាថាយ ២២:៣៧​-​៣៩) ពួក​គេ​មិន​តាម​រក​គោល​ដៅ​ដែល​ប្រកប​ដោយ​អត្តទត្ថភាព​ហើយ​វត្ថុ​និយម ឬ​ក៏​គិត​ថា​គេ​ត្រូវ​ការ​សេចក្ដី​ពេញ​ចិត្ត​ក្នុង​លោកីយ៍​នេះ។ ផ្ទុយ​ទៅ​វិញ គោល​ដៅ​របស់​គេ​គឺ​ជា «ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ»នោះ ដែល​បាន​ត្រូវ​សន្យា។—ពេត្រុស​ទី​២ ៣:១៣; កូរិនថូស​ទី​២ ៤:១៨

១២. តើ​សកម្មភាព​អ្វី​ដែល​បាន​ត្រូវ​រាយ​ការណ៍​ឆ្នាំ​មុន ដែល​ផ្ដល់​ភស្តុ​តាង​ថា​ព្រះ​យេស៊ូ​បាន​រក​ឃើញ«សេចក្ដី​ជំនឿ​នៅ​លើ​ផែនដី» ក្នុង​កំឡុង​ពេល​វត្តមាន​របស់​ទ្រង់?

១២ ពេល​លោក​អ័ប្រាហាំ​បាន​ផ្លាស់​ទី​លំនៅ​ទៅ​ស្រុក​កាណាន លោក​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក​នៅ​តែ​ឯង ដោយ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​គាំទ្រ​ហើយ​ការ​ពារ​ពួក​គេ។ ក៏​ប៉ុន្តែ ពួក​អ្នក​ដែល​ទើប​ទទួល​បុណ្យ​ជ្រមុជ​ទឹក​៣១៦.០៩២​នាក់​នេះ ពិត​ជា​មិន​នៅ​តែ​ឯង​ទេ។ ពិត​មែន ព្រះ​យេហូវ៉ា​គាំទ្រ​ហើយ​ការ​ពារ​ពួក​គេ​តាម​រយៈ​វិញ្ញាណ​របស់​ទ្រង់ ដូច​ទ្រង់​បាន​ធ្វើ​ចំពោះ​អ័ប្រាហាំ។ (សុភាសិត ១៨:១០) ក៏​ប៉ុន្តែ បន្ថែម​ទៅ​ទៀត ទ្រង់​គាំទ្រ​ពួក​គេ​ដោយ«សាសន៍»អន្តរជាតិ​មួយ​ដ៏​រីក​ចំរើន ដែល​មាន​ប្រជាជន​ច្រើន​ជាង​ប្រទេស​លោក​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ។ (អេសាយ ៦៦:៨) ឆ្នាំ​មុន ៥.៨៨៨.៦៥០​នាក់​ជា​កំរិត​ខ្ពស់​បំផុត​នៃ​ចំនួន​ពលរដ្ឋ​នៃ​សាសន៍​នេះ ហើយ​គេ​បាន​ផ្ដល់​ភស្តុ​តាង​ពី​សេចក្ដី​ជំនឿ​ដ៏​សកម្ម​របស់​គេ ដោយ​ការ​និយាយ​ទៅ​កាន់​អ្នក​ជិត​ខាង​របស់​គេ​អំពី​សេចក្ដី​សន្យា​របស់​ព្រះ។ (ម៉ាកុស ១៣:១០) គេ​បាន​ចំណាយ​ម៉ោង​ចំនួន​ដ៏​ល្អ​វិសាមញ្ញ​១.១៨៦.៦៦៦.៧០៨​ម៉ោង​ក្នុង​កិច្ច​ការ​នេះ ដោយ​ស្វែង​រក​អ្នក​ដែល​ចាប់​អារម្មណ៍។ ជា​លទ្ធផល ការ​សិក្សា​ចំនួន​៤.៣០២.៨៥២​នាក់​បាន​ត្រូវ​ធ្វើ​ឡើង​ជា​មួយ​នឹង​អ្នក​ដែល​ចង់​បណ្ដុះ​មាន​សេចក្ដី​ជំនឿ។ ដើម្បី​បង្ហាញ​បន្ថែម​អំពី​សេចក្ដី​ជំនឿ​របស់​គេ សូម​កត់​សម្គាល់​ថា ៦៩៨.៧៨១​នាក់​ក្នុង​សាសន៍​នេះ បាន​ចូល​រួម​ក្នុង​កិច្ច​ការ​ត្រួស​ត្រាយ​ជា​ពេញ​ពេល ឬ​ក៏​សំរាប់​តែ​មួយ​ខែ​ឬ​ជា​ច្រើន​ខែ។ ស្ថិតិ​ដ៏​គួរ​កត់​សម្គាល់​ទាំង​នេះ គឺ​ជា​ចម្លើយ​ដ៏​វិជ្ជមាន​ហើយ​ដែល​នៅ​មាន​ប្រសិទ្ធភាព​ចំពោះ​សំនួរ​របស់​ព្រះ​យេស៊ូ «កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្ដេច»?

ស្មោះ​ត្រង់​ថ្វី​បើ​មាន​ការ​ល្បង​ល​ក៏​ដោយ

១៣, ១៤. ចូរ​ពណ៌នា​នូវ​ការ​ពិបាក​ខ្លះ​ៗ​ដែល​អ័ប្រាហាំ និង​គ្រួសារ​របស់​គាត់​បាន​ប្រទះ​នៅ​ស្រុក​កាណាន។

១៣ ជា​ញឹក​ញាប់ ជីវិត​គឺ​ពិបាក​សំរាប់​អ័ប្រាហាំ​និង​ក្រុម​គ្រួសារ​របស់​លោក​នៅ​ស្រុក​កាណាន។ មាន​គ្រា​មួយ​ដែល​មាន​ទុរភិក្ស​ដ៏​ខ្លាំង​ក្លា​ដែល​បង្ខំ​លោក​ឲ្យ​ចាក​ចេញ​ពី​ស្រុក​កាណាន​ទៅ​ប្រទេស​អេស៊ីប។ ម្យ៉ាង​ទៀត​នោះ អ្នក​គ្រប់​គ្រង​នៃ​ប្រទេស​អេស៊ីប​ហើយ​អ្នក​គ្រប់​គ្រង​ប្រទេស​កេរ៉ា​ដែរ (ជិត​កាសា) បាន​ខិត​ខំ​យក​ប្រពន្ធ​របស់​អ័ប្រាហាំ​ឈ្មោះ​សារ៉ា​សំរាប់​ខ្លួន​គេ។ (លោកុប្បត្តិ ១២:១០​-​២០; ២០:១​-​១៨) បន្ថែម​ទៅ​ទៀត មាន​ជំទាស់​រវាង​ពួក​អ្នក​គង្វាល​សត្វ​ចិញ្ចឹម​របស់​អ័ប្រាហាំ ជា​មួយ​នឹង​ពួក​អ្នក​គង្វាល​សត្វ​ចិញ្ចឹម​របស់​ឡុត។ នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ពីរ​នោះ​ឃ្លាត​ចេញ​ពី​គ្នា។ ដោយ​គ្មាន​អត្តទត្ថភាព អ័ប្រាហាំ​បាន​ឲ្យ​ឡុត​ជ្រើស​ដី​មុន ហើយ​ឡុត​បាន​ជ្រើស​នៅ​វាល​ទន្លេ​យ័រដាន់ ដែល​តាម​ប្រមើល​ទៅ​គឺ​ស្រដៀង​នឹង​អេដែន តាម​ភាព​មាន​ជីវជាតិ​ហើយ​ភាព​ស្អាត​របស់​វា។—លោកុប្បត្តិ ១៣:៥​-​១៣

១៤ រួច​មក លោក​ឡុត​បាន​ត្រូវ​ជាប់​កណ្ដាល​សង្គ្រាម​រវាង​ស្តេច​នៃ​ស្រុក​អេឡាំ​ដែល​នៅ​ឆ្ងាយ​ព្រម​ទាំង​សម្ព័ន្ធមិត្ត​របស់​ទ្រង់ ហើយ​ពួក​ស្តេច​នៃ​ប្រាំ​ទី​ក្រុង​នៅ​វាល​ច្រក​ស៊ីឌីម។ ពួក​ស្តេច​បរទេស​ទាំង​នោះ បាន​បង្ក្រាប​ពួក​ស្តេច​ពី​តំបន់​នោះ ហើយ​បាន​ប្លន់​យក​ទ្រព្យ​ជា​ច្រើន ដែល​រួម​បញ្ចូល​ឡុត​ទាំង​ទ្រព្យ​សម្បត្ដិ​របស់​លោក។ នៅ​ពេល​អ័ប្រាហាំ​បាន​ឮ​ដំណឹង​អំពី​អ្វី​ដែល​បានកើត​ឡើង​នោះ លោក​បាន​ដេញ​តាម​យ៉ាង​ក្លាហាន​នូវ​ពួក​ស្តេច​បរទេស​ទាំង​នោះ ហើយ​បាន​យក​ឡុត​នឹង​ក្រុម​គ្រួសារ​របស់​ឡុត​មក​វិញ ព្រម​ទាំង​ទ្រព្យ​សម្បត្ដិ​នៃ​ស្តេច​នៅ​តំបន់​នោះ។ (លោកុប្បត្តិ ១៤:១​-​១៦) ក៏​ប៉ុន្តែ នោះ​មិន​មែន​ជា​បទ​ពិសោធន៍​អាក្រក់​បំផុត​របស់​ឡុត​នៅ​ស្រុក​កាណាន​នោះ​ទេ។ សំរាប់​ហេតុ​មួយ​ដែល​យើង​មិន​ដឹង ឡុត​បាន​តាំង​ទី​លំនៅ​នៅ​ក្រុង​សូដុំម ថ្វី​បើ​ក្រុង​នោះ​ត្រូវ​គេ​ស្គាល់​ជា​ក្រុង​ឥត​មាន​សីលធម៌​ក្ដី។b (ពេត្រុស​ទី​២ ២:៦​-​៨) នៅ​ពេល​ទេវតា​ពីរ​អង្គ​បាន​ព្រមាន​ឡុត​ថា​ក្រុង​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល ឡុត​បាន​គេច​ចេញ​ជា​មួយ​ប្រពន្ធ​និង​ពួក​កូន​ស្រី​របស់​លោក។ ក៏​ប៉ុន្តែ ប្រពន្ធ​របស់​ឡុត​បាន​រំលង​នូវ​ពាក្យ​ណែនាំ​ដ៏​ច្បាស់​លាស់​នៃ​ពួក​ទេវតា​នោះ ហើយ​ជា​លទ្ធផល​គាត់​បាន​ទៅ​ជា​បង្គោល​អំបិល។ ឡុត​បាន​រស់​នៅ​ក្នុង​រូង​ភ្នំ​មួយ​នៅ​ក្រុង​សូអារ​ជា​មួយ​នឹង​កូន​ស្រី​ពីរ​នាក់​របស់​គាត់។ (លោកុប្បត្តិ ១៩:១​-​៣០) ព្រឹត្ដិការណ៍​ទាំង​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​អ័ប្រាហាំ​ខ្វល់​ណាស់ ជា​ពិសេស​ពី​ព្រោះ​ឡុត​បាន​ចូល​ស្រុក​កាណាន​ជា​ផ្នែក​នៃ​ក្រុម​គ្រួសារ​របស់​អ័ប្រាហាំ។

១៥. ទោះ​បី​អ័ប្រាហាំ​បាន​ប្រឈម​បញ្ហា ពេល​គាត់​នៅ​ក្នុង​តង់​នៅ​ប្រទេស​ចម្លែក​ក្ដី តើ​ទំនង​ជា​គាត់​បាន​ជៀស​ពី​គំនិត​ដ៏​អវិជ្ជមាន​អ្វី?

១៥ តើ​អ័ប្រាហាំ​ដែល​ឆ្ងល់ ថា​តើ​គាត់​ហើយ​និង​ឡុត​គួរ​នៅ​ក្នុង​សន្ដិសុខ​នៃ​ក្រុង​អ៊ើរ​ជា​មួយ​ក្រុម​គ្រួសារ​នៃ​ឪពុក​គាត់ ឬ​ក៏​នៅ​ស្រុក​ខារ៉ាន​ជា​មួយ​ប្អូន​ប្រុស​គាត់​ណា​ឃរ​ឬ​ទេ? តើ​គាត់​ដែល​សង្ឃឹម​ថា គាត់​បាន​តាំង​ទី​លំនៅ​ដ៏​សុវត្ថិភាព​នៃ​ក្រុង​មួយ ដែល​មាន​កំផែង​ជា​ជាង​នៅ​ក្នុង​តង់​ឬ? តើ​គាត់​ប្រហែល​បាន​សង្ស័យ​នូវ​ប្រាជ្ញា​នៃ​ការ​លះបង់ ដែល​គាត់​បាន​ធ្វើ​ដើម្បី​ទៅ​ជា​អ្នក​ដើរ​ក្នុង​ប្រទេស​ចម្លែក​ឬ? សាវ័ក​ប៉ុល​បាន​និយាយ​អំពី​អ័ប្រាហាំ​និង​គ្រួសារ​របស់​គាត់​ថា៖ «បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន»។ (ហេព្រើរ ១១:១៥) ក៏​ប៉ុន្តែ គេ​មិន​បាន​ត្រឡប់​ទៅ​វិញ​ទេ។ ដោយ​ឥត​ញញើត​នឹង​ការ​ពិបាក គេ​បាន​នៅ​កន្លែង​នោះ​ដែល​ព្រះ​មាន​ព្រះ​ហឫទ័យ​ឲ្យ​គេ​នៅ។

ការ​ស៊ូ​ទ្រាំ​សព្វ​ថ្ងៃ​នេះ

១៦, ១៧. (ក) សព្វ​ថ្ងៃ​នេះ តើ​ពួក​គ្រីស្ទាន​ជា​ច្រើន​ប្រឈម​ការ​ពិបាក​អ្វី​ខ្លះ? (ខ) តើ​ពួក​គ្រីស្ទាន​មាន​គំនិត​ដ៏​វិជ្ជមាន​អ្វី? ហេតុ​អ្វី?

១៦ ភស្តុ​តាង​ស្រដៀង​នេះ អាច​ត្រូវ​រក​ឃើញ​បាន​ក្នុង​ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ។ ទោះ​បី​ការ​ថ្វាយ​បង្គំ​ព្រះ​ជា​ប្រភព​ដ៏​ធំ​នៃ​អំណរ​ចំពោះ​ពួក​គេ​ក៏​ដោយ ជីវិត​មិន​មែន​ស្រួល​ទេ​សំរាប់​ពួក​គ្រីស្ទាន​ពិត​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ទាំង​នេះ។ ទោះ​បី​ពួក​គេ​នៅ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​រង​ការ​បង្ខិត​បង្ខំ​ខាង​សេដ្ឋកិច្ច​ដូច​អ្នក​ជិត​ខាង​របស់​គេ។ (អេសាយ ១១:៦​-​៩) ពួក​គេ​ជា​ច្រើន​បាន​ទៅ​ជា​អ្នក​រង​គ្រោះ​ក្នុង​សង្គ្រាម​នៃ​សាសន៍​ទាំង​ឡាយ ហើយ​អ្នក​ខ្លះ​បាន​ត្រូវ​ធ្លាក់​ក្នុង​ភាព​ទ័ល​ក្រ​ដ៏​ខ្លាំង ដែល​មិន​មែន​ជា​កំហុស​របស់​គេ។ បន្ថែម​ទៅ​ទៀត គេ​ត​ស៊ូ​នឹង​បញ្ហា​ពី​ការ​ជា​ជន​ភាគ​តិច​ដែល​មនុស្ស​មិន​និយម។ នៅ​ច្រើន​ប្រទេស គេ​ផ្សាយ​ដំណឹង​ល្អ​ដោយ​ប្រឈម​ភាព​កន្តើយ​ដ៏​លើស​លុប។ នៅ​ប្រទេស​ដទៃ​ទៀត គេ​រង​ការ​វាយលុក​ដែល​ឆបោក​នៃ​ពួក​ដែល«បង្កើត​ការ​ប្រទូសរ៉ាយ​ដោយ​អាង​មាត្រា​ច្បាប់» ហើយ«កាត់​ទោស​ដល់​ឈាម​ដែល​ឥត​មាន​ទោស​ផង»។ (ទំនុកដំកើង ៩៤:២០, ២១) សូម្បី​តែ​នៅ​ប្រទេស​ដែល​ពួក​គ្រីស្ទាន​មិន​ត្រូវ​គេ​វាយលុក ហើយ​ដែល​គេ​ត្រូវ​គេ​សរសើរ​សំរាប់​ខ្នាត​គំរូ​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​គេ គេ​នៅ​យល់​ដឹង​ថា ពួក​គេ​មិន​ដូច​ពួក​មិត្ត​រួម​ថ្នាក់ និង​មិន​ដូច​ពួក​សហការី​របស់​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ដូច​អ័ប្រាហាំ​ដែល​បាន​នៅ​ក្នុង​តង់ ពេល​ដែល​មនុស្ស​ភាគ​ច្រើន​នៅ​ជុំ​វិញ​គាត់​បាន​នៅ​ក្នុង​ក្រុង។ មែន​ហើយ ការ​រស់​នៅ​ក្នុង​លោកីយ៍​ហើយ​មិន​ជា «របស់​លោកីយ៍» មិន​ជា​ការ​ស្រួល​ទេ។—យ៉ូហាន ១៧:១៤

១៧ ដូច្នេះ តើ​យើង​ស្ដាយ​ដែល​យើង​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​ឬ? តើ​យើង​សង្ឃឹម​ថា​យើង​បាន​នៅ​ជា​របស់​លោកីយ៍ ហើយ​ធ្វើ​ដូច​មនុស្ស​ដទៃ​ឬ? តើ​យើង​ទួញ​សោក​ដោយ​សារ​អ្វី​ដែល​យើង​បាន​លះ​បង់ ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ឬ? មិន​ទាល់​តែ​សោះ! ជា​ជាង​ការ​គិត​អំពី​អតីតកាល​ដោយ​ចំណង់ យើង​ទទួល​ស្គាល់​ថា​អ្វី​ក៏​ដោយ​ដែល​យើង​ប្រហែល​បាន​លះ​បង់ នោះ​គ្មាន​តម្លៃ​ទេ បើ​ប្រៀប​នឹង​ពរ​ដែល​ត្រូវ​ទទួល​ឥឡូវ ព្រម​ទាំង​អ្វី​ៗ​ដែល​នឹង​ត្រូវទទួល​នៅ​អនាគត។ (លូកា ៩:៦២; ភីលីព ៣:៨) ម្យ៉ាង​ទៀត តើ​មនុស្ស​ក្នុង​លោកីយ៍​សប្បាយ​ចិត្ត​ទេ? ការ​ពិត​នោះ​គឺ​ថា គេ​ជា​ច្រើន​កំពុង​តែ​ស្វែង​រក​ចម្លើយ​ដែល​យើង​មាន​រួច​ទៅ​ហើយ។ ពួក​គេ​រង​ទុក្ខ​ដោយ​ការ​មិន​ប្រព្រឹត្ត​តាម​ការ​ណែនាំ​ដែល​យើង​ប្រព្រឹត្ត​តាម​ពី​ព្រះ​តាម​រយៈ​ព្រះ​គម្ពីរ។ (ទំនុកដំកើង ១១៩:១០៥) ហើយ​ពួក​គេ​ជា​ច្រើន​មាន​ចំណង់​ចង់​បាន​មិត្តភាព​គ្រីស្ទាន និង​ការ​រួប​រួម​គ្នា​ដ៏​សប្បាយ​ដែល​យើង​មាន​ជា​មួយ​អ្នក​ជឿ​ឯ​ទៀត។—ទំនុកដំកើង ១៣៣:១; កូល៉ុស ៣:១៤

១៨. តើ​មាន​លទ្ធផល​អ្វី​ជា​យថាហេតុ ពេល​ដែល​ពួក​គ្រីស្ទាន​សម្ដែង​សេចក្ដី​ក្លាហាន​ដូច​អ័ប្រាហាំ?

១៨ ពិត​មែន ជួន​កាល​យើង​ត្រូវ​តែ​ក្លាហាន​ដូច​អ័ប្រាហាំ ពេល​គាត់​ដេញ​តាម​អ្នក​ដែល​បាន​ចាប់​ឡុត។ ក៏​ប៉ុន្តែ នៅ​ពេល​យើង​ក្លាហាន​អីចឹង ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​លទ្ធផល។ ឧទាហរណ៍ នៅ​ប្រទេស​អៀកឡង់​ខាង​ជើង ការ​ស្អប់​គ្នា​បាន​ត្រូវ​ចាក់​ឫស ដោយ​ព្រោះ​អំពើ​ឃោរឃៅ​រវាង​និកាយ ហើយ​សេចក្ដី​ក្លាហាន​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​នៅ​អព្យាក្រឹត។ ក៏​ប៉ុន្តែ ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​បាន​ប្រព្រឹត្ត​តាម​បន្ទូល​ព្រះ​យេហូវ៉ា​ចំពោះ​យ៉ូស្វេ៖ «ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង»។ (យ៉ូស្វេ ១:៩; ទំនុកដំកើង ២៧:១៤) ក្នុង​កន្លង​ពេល​ប៉ុន្មាន​ឆ្នាំ​ហើយ ជំហរ​ដ៏​ឥត​ភ័យ​ខ្លាច​របស់​គេ​បាន​ធ្វើ​ឲ្យ​មនុស្ស​គោរព​គេ ហើយ​សព្វ​ថ្ងៃ​នេះ​គេ​អាច​ផ្សព្វ​ផ្សាយ​ដោយ​សេរី​ភាព​នៅ​សហគមន៍​ទាំង​អស់​នៅ​ប្រទេស​នោះ។

១៩. តើ​ពួក​គ្រីស្ទាន​សប្បាយ​ចិត្ត​ចូល​ធ្វើ​អ្វី ហើយ​តើ​ពួក​គេ​ជឿ​ស៊ប់​នឹង​ទន្ទឹង​ចាំ​អ្វី ពេល​គេ​ប្រព្រឹត្ត​តាម​សេចក្ដី​ណែនាំ​នៃ​ព្រះ​យេហូវ៉ា?

១៩ យើង​មិន​បាច់​សង្ស័យ​ថា ស្ថានភាព​ណា​ក៏​ដោយ​ដែល​យើង​ប្រឈម បើ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ណែនាំ​នៃ​ព្រះ​យេហូវ៉ា លទ្ធផល​ជា​យថាហេតុ​នឹង​នាំ​សិរី​ល្អ​ដល់​ទ្រង់​ហើយ​ប្រយោជន៍​យើង។ ថ្វី​បើ​មាន​ការ​ពិបាក​ហើយ​ការ​លះបង់ គ្មាន​អ្វី​យើង​ចង់​ចូល​ធ្វើ​ជាង​កិច្ច​បំរើ​នៃ​ព្រះ​យេហូវ៉ា ការ​អរ​សប្បាយ​នឹង​ការ​រួប​រួម​នឹង​បង​ប្អូន​គ្រីស្ទាន​របស់​យើង ហើយ​ការ​ទន្ទឹង​ចាំ​ដោយ​ជឿ​ស៊ប់​ដល់​អនាគត​ដ៏​អស់​កល្ប​ជា​និច្ច ដែល​ព្រះ​បាន​សន្យា​នោះ។

[កំណត់​សម្គាល់]

a ទំនង​ជា អ័ប្រាហាំ​បាន​ចិញ្ចឹម​ក្មួយ​ឡុត​ជា​កូន ពេល​ដែល​ឪពុក​ឡុត​ដែល​ជា​ប្អូន​ប្រុស​របស់​អ័ប្រាហាំ​បាន​ស្លាប់​ទៅ។—លោកុប្បត្តិ ១១:២៧, ២៨; ១២:៥

b អ្នក​ខ្លះ​បាន​ជូន​យោបល់​ថា ឡុត​បាន​តាំង​ទី​លំនៅ​ក្នុង​ទី​ក្រុង​នេះ ដើម្បី​មាន​សុវត្ថិភាព​ច្រើន​ជាង​ក្រោយ​ឡុត​បាន​ត្រូវ​ចាប់​ដោយ​ពួក​ស្តេច​បួន​អង្គ​នោះ។

តើ​អ្នក​ចាំ​ទេ?

◻ ហេតុ​អ្វី​បាន​ជា​សេចក្ដី​ជំនឿ​ដ៏​មាំ​មួន​ត្រូវ​ការ​ជា​ចាំ​បាច់?

◻ តើ​តាម​របៀប​ណា​ដែល​អ័ប្រាហាំ​បាន​បង្ហាញ ថា​គាត់​មាន​សេចក្ដី​ជំនឿ​ដ៏​មាំ​មួន?

◻ ហេតុ​ដូច​ម្ដេច​ដែល​ការ​ថ្វាយ​ខ្លួន​ដល់​ព្រះ គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​កែ​ប្រែ​ក្នុង​ជីវិត​ខ្លួន?

◻ ហេតុ​អ្វី​បាន​ជា​យើង​សប្បាយ​ចិត្ត​ថ្វាយ​បង្គំ​ព្រះ ថ្វី​បើ​យើង​ប្រឈម​បញ្ហា​ណា​ក៏​ដោយ?

[រូប​ភាព​នៅ​ទំព័រ​៧]

អ័ប្រាហាំ​បាន​សុខ​ចិត្ត​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​របស់​គាត់ ដើម្បី​ទទួល​សេចក្ដី​សម្រេច​នៃ​ពាក្យ​សន្យា​នោះ

[រូប​ភាព​នៅ​ទំព័រ​៩]

ភស្តុ​តាង​បង្ហាញ​ថា​ព្រះ​យេស៊ូ​បាន​រក​ឃើញ «សេចក្ដី​ជំនឿ​នៅ​លើ​ផែនដី»ក្នុង​កំឡុង​ពេល​វត្តមាន​របស់​ទ្រង់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក