បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w12 ១/២ ទំ. ៣-៤
  • តើអាប្រាហាំជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអាប្រាហាំជាអ្នកណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ប្រវត្ដិ​របស់​អាប្រាហាំ
  • ជីវិត​របស់​អាប្រាហាំ
  • កេរ​ដំណែល​របស់​អាប្រាហាំ
  • ព្រះយេហូវ៉ាបានហៅគាត់ថា‹សម្លាញ់របស់ខ្ញុំ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ព្រះសាកល្បងជំនឿរបស់អ័ប្រាហាំ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះសាកល្បងអាប្រាហាំ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
w12 ១/២ ទំ. ៣-៤

​តើ​អាប្រាហាំ​ជា​អ្នក​ណា?

មាន​មនុស្ស​តិច​ណាស់​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សាសនា​ផ្សេង​ៗ​ក្នុង​ពិភព​លោក​នេះ ដូច​អាប្រាហាំ។a ដោយ​សារ​អ្នក​កាន់​សាសនា​គ្រិស្ត អ្នក​កាន់​សាសនាយូដា និង​អ្នក​កាន់​សាសនា​អ៊ីស្លាម សុទ្ធតែ​គោរព​អាប្រាហាំ នោះ​គាត់​ត្រូវ​គេ​ចាត់​ទុក​ជា​​«​បុគ្គល​ដ៏​សំខាន់​ម្នាក់​ក្នុង​គម្ពីរ​បរិសុទ្ធ​»​ ហើយ​គាត់​បាន​ទុក​​«​គំរូ​ល្អ​ស្តី​អំពី​ជំនឿ​ដ៏​មុត​មាំ​ទៅ​លើ​ព្រះ​»។ គម្ពីរ​ហៅ​អាប្រាហាំ​ថា​៖ ​«​ឪពុក​របស់​អស់​អ្នក​ណា​ដែល​មាន​ជំនឿ​»។—រ៉ូម ៤:១១

ហេតុ​អ្វី​មនុស្ស​គោរព​អាប្រាហាំ​ខ្លាំង​បែប​នេះ? មូលហេតុ​មួយ គឺ​អាប្រាហាំ​ជា​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​គម្ពីរ​បាន​ហៅ​បី​ដង​ថា​គាត់​ជា​សម្លាញ់​របស់​ព្រះ។—របាក្សត្រទី២ ២០:៧; អេសាយ ៤១:៨; យ៉ាកុប ២:២៣

ក៏​ប៉ុន្តែ អាប្រាហាំ​ជា​មនុស្ស​ធម្មតា​ដូច​យើង ហើយ​គាត់​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ដូច​យើង​ដែរ តែ​គាត់​បាន​យក​ឈ្នះ​បញ្ហា​របស់​គាត់។ លោក​អ្នក​ចង់​ដឹង​ឬ​ទេ​ថា តើ​គាត់​យក​ឈ្នះ​បញ្ហា​នោះ​តាម​របៀប​ណា? សូម​ពិចារណា​អ្វី​ដែល​គម្ពីរ​បាន​រៀប​រាប់​អំពី​បុរស​ដ៏​សំខាន់​នេះ។

ប្រវត្ដិ​របស់​អាប្រាហាំ

អាប្រាហាំ​កើត​នៅ​ឆ្នាំ​២០១៨ មុន​គ.ស. ហើយ​បាន​ធំ​ឡើង​នៅ​ទី​ក្រុង​អ៊ើរ។ (​លោកុប្បត្តិ ១១:២៧​-​៣១​) ក្រុង​អ៊ើរ​ជា​ក្រុង​ធំ​ហើយ​មាន​ភាព​ចម្រុងចម្រើន។ មនុស្ស​នៅ​ក្រុង​នោះ​គោរព​បូជា​រូប​ព្រះ​ជា​ច្រើន។ ថេរ៉ា​ដែល​ជា​ឪពុក​របស់​អាប្រាហាំ ក៏​ប្រហែលជា​ធ្លាប់​គោរព​បូជា​រូប​ព្រះ​ផ្សេង​ៗ​ដែរ។ (​យ៉ូស្វេ ២៤:២​) ប៉ុន្តែ ជា​ជាង​គោរព​បូជា​រូប​ព្រះ​ដទៃ​ទៀត​ដែល​គ្មាន​ជីវិត អាប្រាហាំ​បាន​សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ាbប៉ុណ្ណោះ។

តើ​អ្វី​បាន​ជំរុញ​ឲ្យ​អាប្រាហាំ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូច្នេះ? អាប្រាហាំ​បាន​រស់​នៅ​ទាន់​១៥០​ឆ្នាំ​នៃ​ជីវិត​ចុង​ក្រោយ​របស់​សិម​ដែល​ជា​កូន​ណូអេ។ បើ​គាត់​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​សិម​ដែល​ចាស់​ជាង​គាត់​ឆ្ងាយ តើ​នេះ​ប្រហែលជា​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់? អាប្រាហាំ​អាច​ដឹង​ពី​សិម​ផ្ទាល់​អំពី​របៀប​ដែល​គាត់​បាន​រួច​ជីវិត​ពេល​ទឹក​ជំនន់​លិច​ផែនដី។ គាត់​ក៏​ប្រហែលជា​បាន​ដឹង​ផង​ដែរ​អំពី​សារៈ​សំខាន់​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​ការពារ​សិម​និង​ក្រុម​គ្រួសារ​គាត់​ពី​ទឹក​ជំនន់។

មិន​ថា​គាត់​បាន​ដឹង​តាម​រយៈ​សិម​ឬ​តាម​របៀប​ផ្សេង​ទៀត​ក៏​ដោយ អាប្រាហាំ​បាន​ប្រព្រឹត្ត​សម​ស្រប​នឹង​អ្វី​ដែល​គាត់​បាន​ដឹង​អំពី​ព្រះ​ពិត។ ពេល​ព្រះ​យេហូវ៉ា​​«​ល​មើល​ចិត្ត​»​ឬ​សង្កេត​មើល​ចិត្ត​របស់​អាប្រាហាំ លោក​បាន​ឃើញ​អ្វី​ដ៏​ល្អ​នៅ​ក្នុង​ចិត្ត​របស់​គាត់ ហើយ​លោក​បាន​ជួយ​គាត់​ឲ្យ​ក្លាយ​ជា​បុរស​ដែល​កាន់​តែ​ប្រសើរ​ជាង​នោះ​ទៅ​ទៀត។—សុភាសិត ១៧:៣; របាក្សត្រទី២ ១៦:៩

ជីវិត​របស់​អាប្រាហាំ

អាប្រាហាំ​បាន​ជួប​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ជា​ច្រើន​ក្នុង​ជីវិត​របស់​គាត់ ទោះ​ជា​គាត់​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ក៏​ដោយ តែ​ជីវិត​របស់​គាត់​នៅ​តែ​មាន​ន័យ​ខ្លឹម​សារ។ សូម​ពិចារណា​អំពី​រឿង​ខ្លះ​ៗ​ដែល​គាត់​បាន​ឆ្លង​កាត់។

▪ ពេល​ដែល​អាប្រាហាំ​រស់​នៅ​ក្រុង​អ៊ើរ ព្រះ​បាន​ប្រាប់​គាត់​ឲ្យ​ចាក​ចេញ​ពី​ស្រុក​កំណើត ហើយ​ឆ្ពោះ​ទៅ​ទឹក​ដី​ដែល​លោក​នឹង​បង្ហាញ​គាត់។ ទោះ​ជា​អាប្រាហាំ​និង​សារ៉ា​មិន​ដឹង​ព័ត៌មាន​ទាំង​អស់​អំពី​ទី​កន្លែង​ដែល​ពួក​គាត់​នឹង​ទៅ ឬ​អំពី​មូលហេតុ​ដែល​ព្រះ​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ស្រុក​កំណើត​ក៏​ដោយ តែ​ពួក​គាត់​បាន​ធ្វើ​តាម​ព្រះ។ នៅ​ទី​បំផុត អាប្រាហាំ​និង​សារ៉ា​បាន​មក​រស់​នៅ​ក្នុង​ត្រ​សាល​លើ​ទឹក​ដី​ស្រុក​កាណាន ហើយ​ពួក​គាត់​រស់​នៅ​ដូច​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​អស់​មួយ​ជីវិត​របស់​ពួក​គាត់។—សកម្មភាព ៧:២, ៣; ហេប្រឺ ១១:៨, ៩, ១៣

▪ កាល​ដែល​អាប្រាហាំ​និង​សារ៉ា​មិន​ទាន់​មាន​កូន​នៅ​ឡើយ នោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​នឹង​បង្កើត​ជាតិ​សាសន៍​ដ៏​ធំ​មួយ​ពី​អាប្រាហាំ។ ព្រះ​យេហូវ៉ា​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​តាម​រយៈ​អាប្រាហាំ។ (​លោកុប្បត្តិ ១១:៣០; ១២:១​-​៣​) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា លោក​នៅ​តែ​មាន​បំណង​បំពេញ​សេចក្ដី​សន្យា​នោះ។ លោក​បាន​ប្រាប់​អាប្រាហាំ​ថា កូន​ចៅ​របស់​អាប្រាហាំ​នឹង​មាន​ច្រើន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ។—លោកុប្បត្តិ ១៥:៥, ៦

▪ ពេល​អាប្រាហាំ​មាន​អាយុ​៩៩​ឆ្នាំ ហើយ​សារ៉ា​អាយុ​ជិត​៩០​ឆ្នាំ ព្រះ​យេហូវ៉ា​សន្យា​ថា​ពួក​គាត់​នឹង​មាន​កូន​ប្រុស​មួយ។ តាម​ទស្សនៈ​របស់​មនុស្ស នេះ​មើល​ទៅ​ដូច​ជា​មិន​អាច​ទៅ​រួច​ទេ តែ​មិន​យូរ​ប៉ុន្មាន អាប្រាហាំ​និង​សារ៉ា​ដឹង​ថា​គ្មាន​អ្វី​ដែល​​«​ព្រះ​យេហូវ៉ា​ធ្វើ​មិន​កើត​»​នោះ​ទេ។ (​លោកុប្បត្តិ ១៨:១៤​) មួយ​ឆ្នាំ​ក្រោយ​មក ពេល​អាប្រាហាំ​មាន​អាយុ​១០០​ឆ្នាំ គាត់​បង្កើត​បាន​កូន​ប្រុស​មួយ​ដែល​គាត់​ឲ្យ​ឈ្មោះ​ថា​អ៊ីសាក។ (​លោកុប្បត្តិ ១៧:២១; ២១:១​-​៥​) ព្រះ​បាន​សន្យា​យ៉ាង​ជាក់​លាក់​ថា តាម​រយៈ​អ៊ីសាក មនុស្ស​ជាតិ​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ។

▪ ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​សុំ​អាប្រាហាំ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​មិន​ធម្មតា​ទេ គឺ​លោក​សុំ​អាប្រាហាំ​ឲ្យ​បូជា​កូន​ជា​ទី​ស្រឡាញ់​របស់​គាត់​ជូន​លោក ទោះ​ជា​យុវជន​នោះ​មិន​ទាន់​រៀប​ការ ហើយ​មិន​ទាន់​មាន​កូន​ក៏​ដោយ។ ពេល​អាប្រាហាំ​ដឹង​ថា កូន​គាត់​នឹង​ត្រូវ​ស្លាប់ នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ក្រៃ​លែង ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គាត់​បាន​រៀបចំ​ដើម្បី​ធ្វើ​តាម​សំណូម​ពរ​របស់​ព្រះ ហើយ​ជូន​អ៊ីសាក​ជា​គ្រឿង​បូជា។ អាប្រាហាំ​ជឿ​យ៉ាង​មុត​មាំ​ថា បើ​ចាំ​បាច់ ព្រះ​មាន​ឫទ្ធានុភាព​ប្រោស​អ៊ីសាក​ឲ្យ​រស់​ឡើង​វិញ ដើម្បី​សម្រេច​សេចក្ដី​សន្យា​របស់​លោក។ (​ហេប្រឺ ១១:១៩​) នៅ​ពេល​ដ៏​សំខាន់​បំផុត​នេះ ពេល​អាប្រាហាំ​បម្រុង​នឹង​បូជា​កូន​របស់​គាត់​ជូន​ព្រះ លោក​បាន​ឃាត់​អាប្រាហាំ​កុំ​ឲ្យ​សម្លាប់​អ៊ីសាក។ លោក​បាន​សរសើរ​អាប្រាហាំ​ដោយ​សារ​គាត់​បាន​ស្ដាប់​បង្គាប់​លោក​ទាំង​ស្រុង។ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ឡើង​វិញ​នូវ​សេចក្ដី​សន្យា​ពី​មុន ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ។—លោកុប្បត្តិ ២២:១​-​១៨

▪ ក្រោយ​ពី​រស់​នៅ​បាន​១៧៥​ឆ្នាំ អាប្រាហាំ​បាន​ស្លាប់។ គម្ពីរ​បាន​ចែង​ថា​គាត់​មាន​​«​អាយុ​វែង​ល្អ​»​ ហើយ​ក៏​​«​ស្កប់​ស្កល់​នឹង​អាយុ​របស់​ខ្លួន​»​ដែរ។ (​លោកុប្បត្តិ ២៥:៧, ៨​) ហេតុ​នេះ អាប្រាហាំ​បាន​ឃើញ​ការ​សម្រេច​មួយ​ទៀត​នៃ​សេចក្ដី​សន្យា​របស់​ព្រះ ពោល​គឺ​គាត់​នឹង​មាន​អាយុ​វែង​ល្អ និង​រស់​នៅ​ដោយ​សុខសាន្ត​រហូត​ដល់​ថ្ងៃ​ស្លាប់។—លោកុប្បត្តិ ១៥:១៥

កេរ​ដំណែល​របស់​អាប្រាហាំ

អាប្រាហាំ​មិន​គ្រាន់តែ​ជា​បុគ្គល​ដ៏​ល្បី​មួយ​រូប​ក្នុង​សាសនា​និង​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​ធ្លាប់​រស់​នៅ​សម័យ​បុរាណ​ប៉ុណ្ណោះ​ទេ តែ​គាត់​បាន​ទុក​គំរូ​ជា​ច្រើន​ឲ្យ​យើង​ទាំង​អស់​គ្នា​យក​តម្រាប់​តាម​នៅ​សព្វ​ថ្ងៃ​នេះ។ (​ហេប្រឺ ១១:៨​-​១០, ១៧​-​១៩​) សូម​ឲ្យ​យើង​ពិចារណា​គុណ​សម្បត្ដិ​បួន​របស់​អាប្រាហាំ។ មុន​បង្អស់ យើង​នឹង​ពិនិត្យ​មើល​គុណ​សម្បត្ដិ​ដែល​យើង​ស្គាល់​ច្បាស់​ជាង​គេ​របស់​អាប្រាហាំ គឺ​ជំនឿ។

[​កំណត់​សម្គាល់​]

a នៅ​ដើម​ដំបូង អាប្រាហាំ​មាន​ឈ្មោះ​ថា​អាប់​រ៉ាម ហើយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​សារ៉ាយ។ ក្រោយ​មក ព្រះ​បាន​ប្ដូរ​ឈ្មោះ​របស់​គាត់​ទៅ​ជា​អាប្រាហាំ​វិញ ដែល​មាន​ន័យ​ថា​​«​ឪពុក​នៃ​សាសន៍​ជា​ច្រើន​»​ ហើយ​បាន​ប្ដូរ​ឈ្មោះ​សារ៉ាយ​ទៅ​ជា​សារ៉ា​វិញ ដែល​មាន​ន័យ​ថា​​«​ម្ចាស់​ក្សត្រី​»។ (​លោកុប្បត្តិ ១៧:៥, ១៥​) ដើម្បី​ឲ្យ​ស្រួល​យល់ នៅ​ក្នុង​អត្ថបទ​ជា​បន្ត​បន្ទាប់​នេះ យើង​នឹង​ហៅ​ពួក​គាត់​ថា អាប្រាហាំ​និង​សារ៉ា។

b យេហូវ៉ា​គឺជា​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។

[​ប្រអប់​នៅ​ទំព័រ​៤​]

បុគ្គល​ដ៏​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​ទាក់​ទង​នឹង​គម្ពីរ

ក្នុង​គម្ពីរ ១០​ជំពូក​ដំបូង​នៃ​សៀវភៅ​លោកុប្បត្តិ​រៀប​រាប់​អំពី​ជីវប្រវត្ដិ​របស់​បុរស​មួយ​ចំនួន​ដែល​មាន​ជំនឿ ដូច​ជា​អេបិល អេណុក និង​ណូអេ។ ក៏​ប៉ុន្តែ ១៥​ជំពូក​បន្ទាប់​ក្នុង​សៀវភៅ​នេះ ភាគ​ច្រើន​រៀប​រាប់​អំពី​ជីវិត​របស់​បុរស​តែ​ម្នាក់ គឺ​អាប្រាហាំ។

បន្ថែម​ទៅ​ទៀត ពេល​គម្ពីរ​រៀប​រាប់​អំពី​អាប្រាហាំ នោះ​ក៏​ជា​លើក​ដំបូង​ដែល​បញ្ជាក់​អំពី​ចំណុច​សំខាន់​បំផុត​ខ្លះ​ដែរ។ ជា​ឧទាហរណ៍ ក្នុង​ជីវប្រវត្ដិ​របស់​អាប្រាហាំ​មាន​ដូច​ជា . . .

▪ ការ​ចែង​ជា​លើក​ដំបូង​អំពី​ព្រះ​ថា​ជា​ខែល ឬ​ជា​អ្នក​ការពារ​អ្នក​បម្រើ​របស់​លោក។—លោកុប្បត្តិ ១៥:១; សូម​មើល ចោទិយកថា ៣៣:២៩; ទំនុកតម្កើង ១១៥:៩; សុភាសិត ៣០:៥

▪ ការ​ចែង​ជា​លើក​ដំបូង​អំពី​ការ​មាន​ជំនឿ​ទៅ​លើ​ព្រះ។—លោកុប្បត្តិ ១៥:៦

▪ កន្លែង​ដំបូង​ដែល​មាន​ពាក្យ​ហោរា​ឬ​អ្នក​ប្រកាស​ទំនាយ។—លោកុប្បត្តិ ២០:៧

▪ ការ​ចែង​ជា​លើក​ដំបូង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ម្ដាយ។—លោកុប្បត្តិ ២២:២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក