១៤
ព្រះសាកល្បងជំនឿរបស់អ័ប្រាហា
តើអ្នកអាចឃើញអ័ប្រាហាំកំពុងតែធ្វើអ្វីនៅទីនេះទេ? គាត់មានកាំបិតមួយ ហើយមើលទៅហាក់ដូចជាគាត់បំរុងនឹងសម្លាប់កូនប្រុសរបស់គាត់។ ហេតុអ្វីបានជាគាត់ចង់ធ្វើយ៉ាងនេះ? ជាបឋម សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលអ័ប្រាហាំនិងសារ៉ាបានមានកូនប្រុសម្នាក់នេះ។
នៅចាំទេ ព្រះបានសន្យាថាពួកគេនឹងមានកូនប្រុសមួយ។ ប៉ុន្តែនោះហាក់ដូចជាធ្វើមិនបានសោះ ពីព្រោះអ័ប្រាហាំនិងសារ៉ាមានអាយុចាស់ណាស់ហើយ។ យ៉ាងណាក៏ដោយ អ្វីដែលហាក់ដូចជាមិនអាចធ្វើបាននោះ អ័ប្រាហាំបានជឿថា ព្រះអាចធ្វើបាន។ ដូច្នេះ តើមានអ្វីបានកើតឡើង?
មួយឆ្នាំបានកន្លងផុតទៅ ក្រោយពីព្រះបានសន្យាមកនោះ។ បន្ទាប់មក កាលដែលអ័ប្រាហាំមានអាយុ១០០ឆ្នាំ ហើយសារ៉ាមានអាយុ៩០ឆ្នាំ គេក៏មានកូនប្រុសមួយឈ្មោះ អ៊ីសាក។ ព្រះបាននៅចាំពីសេចក្ដីសន្យារបស់ទ្រង់មែន!
ប៉ុន្តែនៅពេលដែលអ៊ីសាកបានធំឡើង ព្រះយេហូវ៉ាបានសាកល្បងជំនឿរបស់អ័ប្រាហាំ។ ទ្រង់បានហៅថា៖ ‹អ័ប្រាហាំ›! ហើយអ័ប្រាហាំបានឆ្លើយថា៖ ‹ព្រះករុណាវិសេស ព្រះអម្ចាស់›! បន្ទាប់មកព្រះមានបន្ទូលថា៖ ‹ចូរយកកូនឯង កូនតែមួយរបស់ឯង អ៊ីសាក ហើយទៅឯភ្នំដែលអញនឹងបង្ហាញឯង។ នៅទីនោះ ចូរសម្លាប់កូនរបស់ឯង ហើយថ្វាយវាជាយញ្ញបូជាទៅ›។
ពាក្យទាំងនោះបានធ្វើឲ្យអ័ប្រាហាំព្រួយចិត្តណាស់ ពីព្រោះអ័ប្រាហាំស្រឡាញ់កូនប្រុសគាត់ណាស់។ ហើយនៅចាំទេ ព្រះបានសន្យាថាកូនចៅរបស់អ័ប្រាហាំនឹងរស់នៅក្នុងស្រុកកាណាន។ ប៉ុន្តែ តើអាចសម្រេចការនោះបានយ៉ាងដូចម្ដេច បើសិនជាអ៊ីសាកបានស្លាប់នោះ? អ័ប្រាហាំមិនបានយល់រឿងនេះទេ ប៉ុន្តែ គាត់នៅតែបានគោរពតាមព្រះជានិច្ច។
នៅពេលដែលគាត់ទៅដល់ភ្នំនោះ អ័ប្រាហាំបានចងអ៊ីសាក ហើយបានដាក់កូននៅលើអាសនាដែលគាត់បានសង់។ បន្ទាប់មកគាត់ក៏យកកាំបិតមកបំរុងនឹងសម្លាប់កូនប្រុសរបស់គាត់។ ប៉ុន្តែ ខណៈនោះ ស្រាប់តែទេវតារបស់ព្រះបានហៅឡើងថា៖ ‹អ័ប្រាហាំ អ័ប្រាហាំ›! ហើយអ័ប្រាហាំបានឆ្លើយតបថា៖ ‹ព្រះករុណាវិសេស ព្រះអម្ចាស់›!
ព្រះបានមានបន្ទូលថា៖ ‹កុំលូកដៃទៅលើឬធ្វើអ្វីដល់កូនក្មេងនោះឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងមានជំនឿនឹងអញហើយ ពីព្រោះឯងមិនបានលាក់ទុកកូនឯង កូនរបស់ឯងតែមួយពីអញ›។
អ័ប្រាហាំមានជំនឿនឹងព្រះដ៏សម្បើមម្ល៉េះហ្ន៎! លោកជឿថាគ្មានអ្វីដែលព្រះយេហូវ៉ាធ្វើមិនបានឡើយ ហើយជឿថាព្រះយេហូវ៉ាថែមទាំងអាចប្រោសអ៊ីសាក ឲ្យរស់ពីស្លាប់ឡើងវិញផង។ ប៉ុន្តែ ពិតជាមិនមែនព្រះហឫទ័យរបស់ព្រះទេ ដែលឲ្យលោកអ័ប្រាហាំសម្លាប់អ៊ីសាកនោះ។ ដូច្នេះព្រះក៏បណ្ដាលឲ្យចៀមមួយជាប់នៅគុម្ពព្រៃក្បែរនោះ ហើយទ្រង់បានមានបន្ទូលប្រាប់អ័ប្រាហាំឲ្យធ្វើយញ្ញបូជាចៀមនោះ ជំនួសកូនរបស់គាត់ទៅ។
លោកុប្បត្តិ ២១:១-៧; ២២:១-១៨