អបអរ«អំណោយទានជាមនុស្ស»
«ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា . . . ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ»។—ថែស្សាឡូនីចទី១ ៥:១២, ១៣
១. យោងទៅតាមកិច្ចការ ២០:៣៥ តើការឲ្យ មានអំណាចយ៉ាងណា? សូមស្រាយបំភ្លឺ។
«ដែលឲ្យ នោះបានពរជាជាងទទួល»។ (កិច្ចការ ២០:៣៥) តើអ្នកអាចនឹកចាំនូវពេលមុន ដែលអ្នកបានពិសោធន៍នូវភាពសច្ចៈនៃពាក្យបន្ទូលទាំងនោះរបស់ព្រះយេស៊ូឬទេ? ប្រហែលជាអំណោយមួយ ដែលអ្នកបានឲ្យបុគ្គលណាម្នាក់ដែលអ្នកស្រឡាញ់យ៉ាងថ្លៃថ្លា។ អ្នកបានរើសអំណោយនេះយ៉ាងប្រយ័ត្នប្រយែង ពីព្រោះអ្នកចង់បានអំណោយនេះ ជាអ្វីមួយដែលអ្នកស្ងួនភ្ងានឹងស្រឡាញ់ជាទីបំផុត។ ទឹកមុខដ៏រីករាយរបស់អ្នកស្ងួនភ្ងា តើនេះធ្វើឲ្យចិត្តអ្នកបានកក់ក្ដៅយ៉ាងណាទៅហ្ន៎! នៅពេលបានជំរុញទឹកចិត្តយ៉ាងត្រឹមត្រូវ នោះការឲ្យ ជារបៀបសម្ដែងនៃសេចក្ដីស្រឡាញ់ ហើយការសម្ដែងសេចក្ដីស្រឡាញ់មានអំណាចនាំឲ្យយើងទទួលនូវសុភមង្គល។
២, ៣. (ក) ហេតុអ្វីក៏អាចនិយាយថា គ្មានអ្នកណាម្នាក់អាចសប្បាយជាងព្រះយេហូវ៉ា ហើយតើយ៉ាងដូចម្ដេចដែលសំវិធានការជា«អំណោយទានជាមនុស្ស» ធ្វើឲ្យព្រះទ័យទ្រង់អរសប្បាយនោះ? (ខ) តើយើងមិនចង់ធ្វើអ្វីនឹងអំណោយពីព្រះ?
២ បើអ៊ីចឹង តើអ្នកណាអាចមានចិត្តសប្បាយជាងព្រះយេហូវ៉ានោះ ដែលទ្រង់ជាអ្នកប្រទាននៃ«អស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍»? (យ៉ាកុប ១:១៧; ធីម៉ូថេទី១ ១:១១) អំណោយទាំងអស់ដែលទ្រង់ប្រទានឲ្យ នោះបានជំរុញដោយសេចក្ដីស្រឡាញ់។ (យ៉ូហានទី១ ៤:៨) នេះគឺប្រាកដជាពិតមែនអំពីអំណោយ ដែលព្រះតាមរយៈព្រះគ្រីស្ទបានប្រទានឲ្យក្រុមជំនុំនូវ«អំណោយទានជាមនុស្ស»។ (អេភេសូរ ៤:៨, ព.ថ.) សំវិធានការជាពួកអ្នកចាស់ទុំដើម្បីឲ្យមើលថែរក្សាហ្វូងចៀម គឺជាការសម្ដែងនៃសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះសំរាប់រាស្ត្រទ្រង់។ ពួកបុរសទាំងនេះបានត្រូវរើសតាំងយ៉ាងប្រយ័ត្នប្រយែង ពួកគេត្រូវតែបំពេញតាមគុណវុឌ្ឍិក្នុងបទគម្ពីរ។ (ធីម៉ូថេទី១ ៣:១-៧; ទីតុស ១:៥-៩) ពួកគេដឹងថា ពួកគេត្រូវតែ«ចេះប្រណីដល់ហ្វូង» អ៊ីចឹងហើយទើបចៀមនឹងមានមូលហេតុ នូវការដឹងគុណដល់ពួកអ្នកគង្វាលដែលមានសេចក្ដីស្រឡាញ់បែបនេះ។ (កិច្ចការ ២០:២៩; ទំនុកដំកើង ១០០:៣) នៅពេលដែលព្រះយេហូវ៉ាទតឃើញថាចៀមរបស់ទ្រង់ មានចិត្តពេញដោយការដឹងគុណបែបនេះ នោះប្រាកដជាធ្វើឲ្យព្រះទ័យទ្រង់អរសប្បាយយ៉ាងណាទៅហ្ន៎!—សុភាសិត ២៧:១១
៣ យើងប្រាកដជាមិនចង់បន្ថយតម្លៃនៃអំណោយពីព្រះនោះទេ ហើយយើងក៏មិនចង់ជាអ្នកឥតដឹងគុណនឹងអំណោយរបស់ទ្រង់នោះដែរ។ ដូច្នេះមានសំនួរពីរដែលត្រូវសួរឡើង៖ តើពួកអ្នកចាស់ទុំគួរចាត់ទុកមុខនាទីរបស់គេនៅក្នុងក្រុមជំនុំយ៉ាងដូចម្ដេច? ហើយយ៉ាងដូចម្ដេចដែលពួកទាំងអស់នៅក្នុងហ្វូងចៀម បង្ហាញថាគេអបអរ«អំណោយទានជាមនុស្ស»?
‹យើងខ្ញុំជាគូកនរបស់អ្នករាល់គ្នា›
៤, ៥. (ក) តើប៉ុលប្រដូចក្រុមជំនុំទៅនឹងអ្វី ហើយហេតុអ្វីក៏រឿងប្រៀបប្រដូចនេះគឺសមហេតុផល? (ខ) តើរឿងប្រៀបប្រដូចរបស់ប៉ុលបង្ហាញអ្វី ចំពោះរបៀបដែលយើងគួរចាត់ទុកនិងប្រព្រឹត្តលើគ្នាទៅវិញទៅមកនោះ?
៤ ព្រះយេហូវ៉ាបានប្រគល់«អំណោយទានជាមនុស្ស»នូវអំណាចមួយចំនួនក្នុងក្រុមជំនុំ។ ប្រាកដហើយ ពួកអ្នកចាស់ទុំមិនចង់ប្រើអំណាចរបស់គេតាមរបៀបដ៏ខុសនោះទេ ក៏ប៉ុន្តែគេដឹងថា ជាមនុស្សមិនគ្រប់ល័ក្ខណ៍គឺជាការស្រួលធ្វើណាស់។ បើអ៊ីចឹង តើតាមរបៀបណាដែលគេគួរចាត់ទុកខ្លួនជាមួយនឹងសមាជិកទាំងអស់ក្នុងហ្វូងចៀមនោះ? ចូរពិចារណាមើលនឹងរឿងប្រៀបប្រដូច ដែលសាវ័កប៉ុលបានប្រើ។ ក្រោយពីបានពិគ្រោះនូវមូលហេតុដែល«អំណោយទានជាមនុស្ស»បានត្រូវប្រទានមក នោះប៉ុលបានសរសេរថា៖ «ដោយសេចក្ដីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់»។ (អេភេសូរ ៤:១៥, ១៦) ដូច្នេះប៉ុលបានប្រដូចក្រុមជំនុំ ដែលរួមបញ្ចូលពួកអ្នកចាស់ទុំនិងសមាជិកឯទៀត ទៅនឹងរូបកាយរបស់មនុស្សម្នាក់។ ហេតុអ្វីក៏រឿងប្រៀបប្រដូចនេះគឺសមហេតុផល?
៥ រូបកាយរបស់មនុស្សគឺមានអវយវៈផ្សេងៗជាច្រើន ប៉ុន្តែមានក្បាលតែមួយប៉ុណ្ណោះ។ ក៏ប៉ុន្តែ គ្មានអ្វីដែលឥតប្រយោជន៍នៅក្នុងរូបកាយឡើយ មិនថាសាច់ដុំ សរសៃប្រសាទ ឬសរសៃឈាម។ អវយវៈនិមួយៗគឺមានតម្លៃ ហើយបណ្ដាលឲ្យអ្វីមួយដល់សុខភាពនិងសោភ័ណភាពនៃរូបកាយទាំងមូល។ ស្រដៀងគ្នាដែរ ក្រុមជំនុំក៏មានសមាជិកផ្សេងៗជាច្រើន ប៉ុន្តែសមាជិកនិមួយៗ មិនថាក្មេងឬក៏ចាស់ មានសុខភាពមុតមាំឬក៏ទន់ខ្សោយ អាចបណ្ដាលឲ្យអ្វីមួយដល់សុខភាពខាងវិញ្ញាណ និងសោភ័ណភាពទាំងមូលនៃក្រុមជំនុំ។ (កូរិនថូសទី១ ១២:១៤-២៦) គ្មានបុគ្គលណាម្នាក់ត្រូវមានអារម្មណ៍ថាគាត់គឺតូចតាចដល់ម្ល៉េះដែលឥតសំខាន់នោះឡើយ។ តែផ្ទុយទៅវិញ គ្មានអ្នកណាម្នាក់គួរមានអារម្មណ៍ខ្ពង់ខ្ពស់ជាងគេឯង ពីព្រោះយើងគ្រប់គ្នា ទាំងពួកអ្នកគង្វាលនិងចៀម គឺជាផ្នែកនៃរូបកាយ ហើយគឺមានក្បាលតែមួយប៉ុណ្ណោះ គឺព្រះគ្រីស្ទ។ ដូច្នេះប៉ុលពណ៌នាយ៉ាងកក់ក្ដៅអំពីសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងការគោរព ដែលយើងគួរមានរវាងគ្នាទៅវិញទៅមក។ ការទទួលស្គាល់រឿងនេះ នឹងជួយពួកអ្នកចាស់ទុំឲ្យមានទស្សនៈដ៏ថ្លឹងថ្លែងហើយរាបទាប អំពីមុខនាទីរបស់គេនៅក្នុងក្រុមជំនុំ។
៦. ទោះជាមានអំណាចជាសាវ័កក៏ដោយ តើតាមរបៀបណាដែលប៉ុលសម្ដែងនូវចិត្តរាបទាប?
៦ «អំណោយទានជាមនុស្ស»ទាំងនេះ មិនខំប្រឹងត្រួតត្រាលើជីវិតឬសេចក្ដីជំនឿនៃពួកអ្នកថ្វាយបង្គំគ្នីគ្នារបស់គេនោះទេ។ ទោះបីមានអំណាចជាសាវ័កក្ដី ដោយចិត្តរាបទាបនោះ ប៉ុលបានប្រាប់ពួកកូរិនថូសថា៖ «មិនមែនថា យើងខ្ញុំធ្វើជាម្ចាស់លើសេចក្ដីជំនឿរបស់អ្នករាល់គ្នាទេ គឺធ្វើជាគូកន ជួយឲ្យអ្នករាល់គ្នាបានសេចក្ដីអំណរវិញ ដ្បិតអ្នករាល់គ្នាកំពុងឈរហើយ ដោយសារសេចក្ដីជំនឿ»។ (កូរិនថូសទី២ ១:២៤) ប៉ុលឥតចង់ត្រួតត្រាលើសេចក្ដីជំនឿនិងការរស់នៅរបស់បងប្អូនគាត់ឡើយ។ ពិតមែន គាត់ឃើញថាមិនចាំបាច់ធ្វើបែបនេះទេ ដ្បិតគាត់បានសម្ដែងការទុកចិត្តថា ពួកគេជាបុរសនិងស្ត្រីស្មោះត្រង់ដែលនៅក្នុងអង្គការរបស់ព្រះយេហូវ៉ារួចទៅហើយ ពីព្រោះពួកគេចង់ធ្វើអ្វីដែលត្រឹមត្រូវ។ ដូច្នេះហើយ ដោយនិយាយអំពីខ្លួនគាត់និងអំពីធីម៉ូថេ ដែលជាអ្នកគូកនធ្វើដំណើរជាមួយគ្នា នោះតាមពិតប៉ុលមានប្រសាសន៍ថា៖ ‹គឺជាមុខងាររបស់យើងក្នុងធ្វើការជាមួយអ្នករាល់គ្នា ដើម្បីបំរើព្រះដោយអំណរ›។ (កូរិនថូសទី២ ១:១) នេះជាចិត្តដ៏រាបទាបមែនហ្ន៎!
៧. តើពួកអ្នកចាស់ទុំដែលមានចិត្តរាបទាបដឹងយ៉ាងណា អំពីមុខនាទីរបស់គេនៅក្នុងក្រុមជំនុំ ហើយតើគេមានការទុកចិត្តយ៉ាងណាលើគូកនរបស់គេ?
៧ «អំណោយទានជាមនុស្ស»សព្វថ្ងៃនេះមានមុខងារដូចគ្នា។ ពួកគេជា‹គូកនធ្វើការជួយយើងឲ្យបានសេចក្ដីអំណរ›។ ពួកអ្នកចាស់ទុំដ៏រាបទាបដឹងថា គឺមិនមែនស្រេចទៅលើគេទេក្នុងការសម្រេចចិត្ត ថាអ្នកឯទៀតអាចធ្វើប៉ុន្មានក្នុងកិច្ចការបំរើព្រះនោះ។ ពួកគេដឹងថា ទោះបីគេប្រហែលជាលើកទឹកចិត្តអ្នកឯទៀត ឲ្យពង្រីកឬធ្វើឲ្យប្រសើរឡើងដល់កិច្ចបំរើរបស់គេ តែកិច្ចបំរើដល់ព្រះគួរដុះចេញពីចិត្តដោយស្ម័គ្រ។ (ប្រៀបមើល កូរិនថូសទី២ ៩:៧) ពួកគេទុកចិត្តថា ប្រសិនបើគូកនរបស់គេមានចិត្តអរសប្បាយ នោះគេនឹងធ្វើអស់ពីសមត្ថភាពរបស់គេ។ ដូច្នេះហើយពួកគេមានសេចក្ដីប្រាថ្នាដ៏ស្មោះ ដើម្បីជួយបងប្អូនរបស់គេឲ្យ«គោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ»។—ទំនុកដំកើង ១០០:២
ជួយមនុស្សគ្រប់គ្នាឲ្យបំរើដោយអំណរ
៨. តើមានផ្លូវណាខ្លះដែលពួកអ្នកចាស់ទុំ អាចជួយបងប្អូនរបស់គេឲ្យបំរើព្រះយេហូវ៉ាដោយអំណរនោះ?
៨ ពួកអ្នកចាស់ទុំអើយ តើយ៉ាងដូចម្ដេចដែលអ្នកអាចជួយបងប្អូនរបស់អ្នក ឲ្យបំរើដោយអំណរនោះ? អ្នកអាចលើកទឹកចិត្តដោយគំរូ។ (ពេត្រុសទី១ ៥:៣) សូមធ្វើឲ្យឃើញនូវចិត្តខ្នះខ្នែងនិងអំណររបស់អ្នកនៅក្នុងកិច្ចបំរើ ហើយអ្នកឯទៀតប្រហែលជាមានចិត្តត្រាប់តាមគំរូរបស់អ្នក។ សូមសរសើរអ្នកឯទៀតចំពោះការខំប្រឹងដ៏អស់ពីចិត្តរបស់គេ។ (អេភេសូរ ៤:២៩) ពាក្យសរសើរដ៏កក់ក្ដៅហើយដ៏ស្មោះ នោះជួយអ្នកឯទៀតឲ្យមានអារម្មណ៍ថាគេមានប្រយោជន៍ហើយត្រូវការទៀតផង។ នេះលើកទឹកចិត្តចៀមឲ្យចង់ធ្វើអស់ពីសមត្ថភាពក្នុងការបំរើព្រះ។ ចូរជៀសវាងការប្រៀបធៀបដ៏អវិជ្ជមាន។ (កាឡាទី ៦:៤) ការប្រៀបធៀបបែបនេះទោរទន់ធ្វើឲ្យធ្លាក់ទឹកចិត្តទៅវិញ ជាជាងជំរុញទឹកចិត្តអ្នកឯទៀតឲ្យបានប្រសើរឡើងនោះ។ ម្យ៉ាងទៀត ចៀមរបស់ព្រះយេហូវ៉ាគឺជាបុគ្គលម្នាក់ៗ ដែលមានកាលៈទេសៈនិងសមត្ថភាពខុសៗគ្នា។ ដូចប៉ុល ចូរសម្ដែងការទុកចិត្តលើបងប្អូនរបស់អ្នក។ សេចក្ដីស្រឡាញ់«ជឿទាំងអស់» ដូច្នេះយើងនឹងធ្វើបានល្អ ក្នុងការជឿថា បងប្អូនរបស់យើងស្រឡាញ់ព្រះ និងចង់ផ្គាប់ព្រះហឫទ័យទ្រង់ដែរ។ (កូរិនថូសទី១ ១៣:៧) នៅពេលដែលអ្នក‹បង្ហាញនូវកិត្ដិយសដល់គ្នាទៅវិញទៅមក› នោះអ្នកនឹងធ្វើឲ្យឃើញនូវការប្រសើរបំផុតពីគេ។ (រ៉ូម ១២:១០) ចូរឲ្យដឹងប្រាកដថា នៅពេលដែលចៀមបានត្រូវលើកទឹកចិត្ត និងបានត្រូវលំហើយចិត្ត នោះភាគច្រើនគេនឹងខំប្រឹងអស់ពីចិត្តក្នុងការបំរើព្រះ ហើយគេនិងមានអំណរក្នុងកិច្ចបំរើនោះ។—ម៉ាថាយ ១១:២៨-៣០
៩. តើត្រូវចាត់ទុកពួកអ្នកចាស់ទុំគ្នីគ្នាយ៉ាងណា ដែលនឹងជួយអ្នកចាស់ទុំម្នាក់ៗឲ្យបំរើដោយអំណរនោះ?
៩ ការចាត់ទុកខ្លួនអ្នកដោយរាបទាបជា‹គូកន› នឹងជួយអ្នកឲ្យបំរើដោយអំណរ ហើយឲ្យអបអរនូវអំណោយដ៏ចម្លែកអស្ចារ្យនៃពួកអ្នកចាស់ទុំគ្នីគ្នារបស់អ្នក។ អ្នកចាស់ទុំម្នាក់ៗមានការប៉ិនប្រសប់និងសមត្ថភាព ដែលគាត់អាចប្រើសំរាប់ជាប្រយោជន៍នៃក្រុមជំនុំ។ (ពេត្រុសទី១ ៤:១០) អ្នកចាស់ទុំម្នាក់ប្រហែលជាមាននិស្ស័យខាងការបង្រៀន។ អ្នកចាស់ទុំម្នាក់ទៀតប្រហែលជាអ្នករៀបចំដែលមានប្រសិទ្ធិភាព។ ក៏ប៉ុន្តែម្នាក់ទៀត ប្រហែលជាស្រួលទាក់ទងណាស់ ដោយសារភាពកក់ក្ដៅនិងចិត្តមេត្ដារបស់គាត់។ ហេតុការណ៍ពិតគឺ គ្មានអ្នកចាស់ទុំណាម្នាក់ដែលមានកំរិតនិស្ស័យដូចគ្នាឡើយ។ តើការមាននិស្ស័យពិសេសណាមួយ ឧបមាថា និស្ស័យនៃការបង្រៀន ធ្វើឲ្យអ្នកចាស់ទុំនេះខ្ពង់ខ្ពស់ជាងម្នាក់ទៀតឬ? គឺមិនមែនឡើយ! (កូរិនថូសទី១ ៤:៧) ម្យ៉ាងវិញទៀត គឺមិនត្រូវចាំបាច់ច្រណែននឹងនិស្ស័យរបស់ម្នាក់ទៀត ឬមានអារម្មណ៍ថាខ្លួនអត់មានសមត្ថភាពគ្រប់គ្រាន់ នៅពេលដែលសមត្ថភាពរបស់អ្នកចាស់ទុំម្នាក់ ធ្វើឲ្យគាត់មានការសរសើរពីអ្នកដទៃ។ សូមចាំថា ខ្លួនអ្នកផ្ទាល់មានសមត្ថភាពដែលព្រះយេហូវ៉ាទតឃើញ។ ហើយទ្រង់អាចជួយអ្នកឲ្យបណ្ដុះបណ្ដាលនិស្ស័យទាំងនោះ ហើយប្រើវាសំរាប់ជាប្រយោជន៍ដល់បងប្អូនរបស់អ្នក។—ភីលីព ៤:១៣
«ចូរស្ដាប់តាម ហើយចុះចូល»
១០. ហេតុអ្វីក៏សមហេតុផលដែលយើងសម្ដែងការអបអរចំពោះ«អំណោយទានជាមនុស្ស»?
១០ នៅពេលដែលយើងទទួលអំណោយមួយ នោះគឺសមហេតុផល ដែលយើងសម្ដែងនូវការអបអរ។ កូល៉ុស ៣:១៥ ចែងថា៖ «ហើយត្រូវដឹងគុណផង»។ ចុះយ៉ាងណាវិញ ចំពោះ«អំណោយទានជាមនុស្ស» ដែលជាអំណោយដ៏មានតម្លៃ ដែលព្រះយេហូវ៉ាបានប្រទានឲ្យយើងនោះ? ប្រាកដហើយ យើងដឹងគុណជាពិសេសដល់ព្រះយេហូវ៉ា ដែលជាអ្នកប្រទានឲ្យអំណោយដ៏សប្បុរស។ ក៏ប៉ុន្តែ យ៉ាងណាវិញចំពោះ«អំណោយទានជាមនុស្ស»នោះ? តើតាមរបៀបណាដែលយើងបង្ហាញ ថាយើងអបអរពួកគេនោះ?
១១. (ក) តើយ៉ាងដូចម្ដេចដែលយើងអាចសម្ដែងការអបអររបស់យើងចំពោះ«អំណោយទានជាមនុស្ស»? (ខ) តើអ្វីជាសារៈសំខាន់នៃប្រយោគ«ចូរស្ដាប់តាម» និង«ចុះចូល»?
១១ យើងអាចបង្ហាញការអបអររបស់យើងចំពោះ«អំណោយទានជាមនុស្ស» ដោយឆាប់ធ្វើតាមឱវាទនិងសេចក្ដីសម្រេចរបស់គេ ដែលមានមូលដ្ឋានលើព្រះគម្ពីរ។ ព្រះគម្ពីរឲ្យឱវាទយើងថា៖ «ចូរស្ដាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ»។ (ហេព្រើរ ១៣:១៧) ចូរកត់សម្គាល់ថា យើងមិនគ្រាន់តែ«ស្ដាប់តាម»ប៉ុណ្ណោះ ក៏ប៉ុន្តែយើងត្រូវ«ចុះចូល»ដល់ពួកអ្នកដែលនាំមុខ។ ពាក្យភាសាក្រិកសំរាប់«ចុះចូល» មានន័យចំៗថា «ចូរឲ្យអ្នកបន្ទន់ទៅក្រោម»។ ក្នុងការធ្វើអត្ថាធិប្បាយលើពាក្យ«ចូរស្ដាប់តាម» និង‹ចូរចុះចូល› នោះអ្នកប្រាជ្ញខាងព្រះគម្ពីរ លោក រិឆាដ ល៉ីនស្គី មានប្រសាសន៍ថា៖ «បុគ្គលម្នាក់ស្ដាប់តាម នៅពេលបុគ្គលនោះយល់ស្របនឹងអ្វីដែលបានប្រាប់គាត់ឲ្យធ្វើ គឺបានត្រូវបញ្ចុះបញ្ចូលអំពីការត្រឹមត្រូវនិងការមានប្រយោជន៍។ បុគ្គលម្នាក់បន្ទន់ទៅតាម . . . នៅពេលគាត់មានមតិផ្ទុយ»។ នៅពេលដែលយើងយល់ស្របនឹងការណែនាំរបស់ពួកអ្នកដែលនាំមុខ នោះការស្ដាប់តាមប្រហែលជាស្រួលធ្វើ។ ប៉ុន្តែចុះយ៉ាងណាវិញ បើយើងមិនយល់នូវមូលហេតុដែលគេធ្វើការសម្រេចចិត្តណាមួយនោះ?
១២. ហេតុអ្វីក៏យើងគួរមានចិត្តចុះចូលឬបន្ទន់ទៅតាម ថ្វីបើយើងមិនយល់ច្បាស់លាស់នូវមូលហេតុដែលគេធ្វើការសម្រេចចិត្តណាមួយ?
១២ នេះជាពេលដែលយើងប្រហែលជាត្រូវការចុះចូលឬបន្ទន់ទៅតាម។ ហេតុអ្វី? ហេតុមួយគឺ យើងត្រូវទុកចិត្តថាពួកបុរសទាំងនេះដែលមានសមត្ថភាពខាងវិញ្ញាណ គិតពីប្រយោជន៍របស់យើង។ ដ្បិតពួកគេដឹងថា គេត្រូវតែរាប់រៀបទូលដល់ព្រះយេហូវ៉ាចំពោះចៀម ដែលបានត្រូវប្រគល់ឲ្យគេមើលថែរក្សានោះ។ (យ៉ាកុប ៣:១) ថែមទៀតនោះ ជាការល្អបើយើងចងចាំថា យើងប្រហែលជាមិនដឹងរឿងសម្ងាត់ទាំងអស់ ដែលបានបណ្ដាលឲ្យគេសម្រេចចិត្តដោយមានមូលដ្ឋានលើចំណេះ។—សុភាសិត ១៨:១៣
១៣. តើអ្វីដែលអាចជួយយើងឲ្យចុះចូល ពេលទាក់ទងនឹងការវិនិច្ឆ័យសម្រេចសេចក្ដីនៃពួកអ្នកចាស់ទុំ?
១៣ យ៉ាងណាវិញចំពោះការចុះចូល ពេលទាក់ទងការសម្រេចចិត្តខាងសេចក្ដីវិនិច្ឆ័យ? ពិតមែន នេះប្រហែលជាមិនស្រួលទេ ជាពិសេសប្រសិនបើការសម្រេចចិត្ត គឺបានធ្វើឡើងដើម្បីបណ្ដាច់មិត្តភាពអ្នកណាមួយ ដែលយើងស្រឡាញ់ ដូចជាសាច់ញាតិឬមិត្តជិតស្និទ្ធ។ ម្ដងនេះទៀត ជាការប្រសើរក្នុងការបន្ទន់ទៅតាមការជំនុំជំរះនៃ«អំណោយទានជាមនុស្ស»។ ពួកគេក៏មានភាពមិនសូវលំអៀងដូចយើងទេ ហើយគេប្រហែលជាដឹងហេតុការណ៍ច្រើនជាងដែរ។ បងប្អូនទាំងនេះតែងតែតានតឹងលើការសម្រេចចិត្តនេះ។ ហើយក៏ជាភារកិច្ចដ៏គួរឲ្យប្រយ័ត្នប្រយែងមួយក្នុងការ‹វិនិច្ឆ័យជំនួសព្រះយេហូវ៉ា›។ (របាក្សត្រទី២ ១៩:៦) ពួកគេខំប្រឹងដើម្បីប្រកបដោយមេត្ដា ដ្បិតគេដឹងថា ព្រះគឺ«បំរុងតែនឹងអត់ទោស»។ (ទំនុកដំកើង ៨៦:៥) ក៏ប៉ុន្តែគេក៏ត្រូវតែរក្សាក្រុមជំនុំឲ្យស្អាតស្អំ ហើយព្រះគម្ពីរបង្គាប់គេ ឲ្យបណ្ដាច់មិត្តភាពមនុស្សប្រព្រឹត្តអាក្រក់ដែលមិនប្រែចិត្ត។ (កូរិនថូសទី១ ៥:១១-១៣) ក្នុងករណីជាច្រើន អ្នកប្រព្រឹត្តអាក្រក់នេះយល់ព្រមនឹងសេចក្ដីសម្រេចនេះ។ ការទូន្មានប្រដៅប្រហែលជាអ្វីដែលគាត់ត្រូវការ ដើម្បីឲ្យគាត់មានស្មារតីដឹងខ្លួនវិញ។ ប្រសិនបើយើងជាអ្នកស្ងួនភ្ងារបស់គាត់ ការចុះចូលនឹងសេចក្ដីសម្រេចចិត្តនេះ នោះយើងប្រហែលជាកំពុងជួយគាត់ឲ្យទទួលប្រយោជន៍ពីការទូន្មានប្រដៅនេះ។—ហេព្រើរ ១២:១១
«ឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ»
១៤, ១៥. (ក) យោងទៅតាមថែស្សាឡូនីចទី១ ៥:១២, ១៣ ហេតុអ្វីក៏ពួកអ្នកចាស់ទុំសមទទួលការអបអរពីយើង? (ខ) ហេតុអ្វីក៏អាចនិយាយថា ពួកអ្នកចាស់ទុំ‹កំពុងខំធ្វើកិច្ចការក្នុងចំណោមយើង›?
១៤ យើងក៏អាចសម្ដែងការអបអររបស់យើងចំពោះ«អំណោយទានជាមនុស្ស» ដោយបង្ហាញការរាប់អាន។ ពេលសរសេរទៅក្រុមជំនុំថែស្សាឡូនីច នោះប៉ុលបានដាស់តឿនសមាជិកទាំងឡាយថា៖ «ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ»។ (ថែស្សាឡូនីចទី១ ៥:១២, ១៣) «ខំធ្វើកិច្ចការ» តើនេះមិនពណ៌នាថាពួកអ្នកចាស់ទុំដ៏ស្មោះត្រង់ទាំងនេះ ផ្ដល់ឲ្យពេលវេលារបស់គេដោយឥតកំណាញ់សំរាប់ជាប្រយោជន៍យើងទេឬ? ចូរពិចារណាមើលនូវបន្ទុកដ៏ធ្ងន់ដែលបងប្អូនជាទីស្រឡាញ់ទាំងនេះមាន។
១៥ នៅក្នុងករណីជាច្រើន ពួកគេជាមេគ្រួសារ ដែលត្រូវតែធ្វើការរកស៊ីចិញ្ចឹមគ្រួសាររបស់គេ។ (ធីម៉ូថេទី១ ៥:៨) ប្រសិនបើអ្នកចាស់ទុំម្នាក់មានកូន ពួកក្មេងៗទាំងនេះក៏ត្រូវការពេលវេលានិងការយកចិត្តទុកដាក់ពីឪពុករបស់គេដែរ។ គាត់ប្រហែលជាត្រូវជួយគេនូវកិច្ចការខាងសាលារៀន ព្រមទាំងលៃលកពេលវេលាខ្លះសំរាប់ពួកគេ ដើម្បីចំណាយពេលខាងការលេងកំសាន្ត។ (សាស្ដា ៣:១, ៤) អ្វីដែលសំខាន់បំផុត នោះគាត់មើលថែរក្សានូវតម្រូវការខាងវិញ្ញាណរបស់គ្រួសារគាត់ ដោយនាំមុខការសិក្សាព្រះគម្ពីរក្នុងគ្រួសារជារឿយៗ ទៅផ្សព្វផ្សាយជាមួយពួកគេ ហើយយកពួកគេទៅឯកិច្ចប្រជុំគ្រីស្ទាន។ (ចោទិយកថា ៦:៤-៧; អេភេសូរ ៦:៤) សូមកុំឲ្យយើងភ្លេចថា ក្រៅពីភារកិច្ចទាំងនេះដែលយើងមានគ្រប់គ្នា នោះពួកអ្នកចាស់ទុំមានភារកិច្ចបន្ថែម៖ គឺរៀបចំចំណែកក្នុងកិច្ចប្រជុំ មើលថែរក្សាសុខុមាលភាពខាងវិញ្ញាណក្នុងក្រុមជំនុំ ហើយនៅពេលត្រូវការចាំបាច់ នោះដោះស្រាយករណីខាងការវិនិច្ឆ័យ។ អ្នកចាស់ទុំខ្លះមានភារកិច្ចបន្ថែមទៀត ដែលទាក់ទងនឹងសន្និបាតតាមមណ្ឌល មហាសន្និបាត ការសាងសង់សាលប្រជុំ និងគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យទៀតផង។ ពិតមែនហើយ បងប្អូនទាំងនេះគឺ«ខំធ្វើកិច្ចការ»ណាស់ហ្ន៎!
១៦. សូមរៀបរាប់នូវរបៀបដែលយើងអាចបង្ហាញការរាប់អានដល់ពួកអ្នកចាស់ទុំ។
១៦ តើយើងអាចបង្ហាញការរាប់អានគេយ៉ាងដូចម្ដេច? សុភាសិតមួយក្នុងព្រះគម្ពីរចែងថា៖ «ពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎»! (សុភាសិត ១៥:២៣; ២៥:១១) ដូច្នេះពាក្យសំដីនៃការអបអរដ៏ស្មោះនិងការលើកទឹកចិត្ត អាចបង្ហាញថា យើងមិនធ្វើកន្តើយនឹងកិច្ចការរបស់គេ។ ហើយយើងគួរមានចិត្តសមហេតុផលនូវអ្វីដែលយើងតម្រូវពីគេដែរ។ ម្យ៉ាងទៀត យើងគួរមានចិត្តសេរីក្នុងការទាក់ទងឲ្យគេជួយ។ ប្រហែលជាមានគ្រា នៅពេលដែល‹ចិត្តរបស់យើងគឺអន្ទះសានៅក្នុងខ្លួន› ហើយយើងត្រូវការនូវការលើកទឹកចិត្តខាងបទគម្ពីរ ការណែនាំ ឬឱវាទ ពីអស់អ្នកដែល«ប្រសប់នឹងការបង្រៀន»បន្ទូលរបស់ព្រះ។ (ទំនុកដំកើង ៥៥:៤; ធីម៉ូថេទី១ ៣:២) នៅពេលដដែលនេះ យើងត្រូវចាំថា ពេលវេលាដែលអ្នកចាស់ទុំម្នាក់អាចផ្ដល់ឲ្យយើងគឺមានកំរិត ពីព្រោះគាត់មិនអាចធ្វេសប្រហែសនឹងតម្រូវការនៃក្រុមគ្រួសាររបស់គាត់ ឬអ្នកឯទៀតនៅក្នុងក្រុមជំនុំឡើយ។ ដោយមាន‹ចិត្តស្រឡាញ់›សំរាប់បងប្អូនដ៏ខំធ្វើកិច្ចការទាំងនេះ នោះយើងនឹងមិនចង់ទាមទារដ៏ឥតសមហេតុផលពីគេនោះឡើយ។ (ពេត្រុសទី១ ៣:៨) ផ្ទុយទៅវិញ សូមឲ្យយើងមានចិត្តអបអរចំពោះពេលវេលានិងការយកចិត្តទុកដាក់ទាំងប៉ុន្មាន ដែលគេអាចឲ្យដល់យើងនោះ។—ភីលីព ៤:៥
១៧, ១៨. តើពួកប្រពន្ធដែលមានប្ដីបំរើជាអ្នកចាស់ទុំបានធ្វើពលិកម្មអ្វីខ្លះ ហើយតើយ៉ាងដូចម្ដេចដែលយើងអាចបង្ហាញ ថាយើងឥតធ្វើកន្តើយនឹងបងស្រីដ៏ស្មោះត្រង់ទាំងនេះ?
១៧ ចុះយ៉ាងណាវិញ ចំពោះពួកប្រពន្ធនៃពួកអ្នកចាស់ទុំ? តើពួកគេមិនគួរទទួលការរាប់អានពីយើងដែរឬទេ? ដ្បិត គេកំពុងចែកពេលវេលាប្ដីរបស់គេជាមួយនឹងក្រុមជំនុំ។ ធម្មតានេះគឺតម្រូវឲ្យពលិកម្មជារឿយៗ។ យូរៗម្ដង ពួកអ្នកចាស់ទុំត្រូវតែចំណាយពេលមួយល្ងាច ក្នុងការមើលថែរក្សារឿងក្នុងក្រុមជំនុំ តែបើតាមបែបផ្សេង នោះគេអាចចំណាយពេលជាមួយនឹងក្រុមគ្រួសាររបស់គេ។ នៅក្នុងក្រុមជំនុំជាច្រើន ស្ត្រីគ្រីស្ទានដ៏ស្មោះត្រង់គឺសុខចិត្តធ្វើពលិកម្ម ដើម្បីឲ្យប្ដីរបស់គេអាចមើលថែរក្សាចៀមរបស់ព្រះយេហូវ៉ា។—ប្រៀបមើល កូរិនថូសទី២ ១២:១៥
១៨ តើតាមរបៀបណាដែលយើងបង្ហាញថា យើងឥតធ្វើកន្តើយនឹងបងស្រីគ្រីស្ទានស្មោះត្រង់ទាំងនេះ? ប្រាកដហើយ គឺមិនទាមទារដ៏ឥតសមហេតុផលនូវពេលវេលាពីប្ដីរបស់គេ។ ប៉ុន្តែ សូមកុំឲ្យយើងភ្លេចនូវអានុភាពនៃពាក្យសំដីអបអរឡើយ។ សុភាសិត ១៦:២៤ ចែងថា៖ «ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង»។ ចូរពិចារណាមើលបទពិសោធន៍មួយ។ បន្ទាប់ពីកិច្ចប្រជុំគ្រីស្ទានមួយ នោះគូស្វាមីភរិយាបានមកទាក់ទងអ្នកចាស់ទុំម្នាក់ ហើយបានសុំនិយាយជាមួយគាត់អំពីកូនជំទង់របស់គេ។ កាលដែលអ្នកចាស់ទុំនេះនិយាយជាមួយគូស្វាមីភរិយានេះ នោះប្រពន្ធគាត់បានចាំដោយអត់ធ្មត់។ ក្រោយមក ម្ដាយក៏ទៅឯប្រពន្ធរបស់អ្នកចាស់ទុំនេះ ហើយបានមានប្រសាសន៍ថា៖ «ខ្ញុំចង់អរគុណចំពោះពេលវេលា ដែលប្ដីរបស់បងបានចំណាយដើម្បីជួយគ្រួសាររបស់ខ្ញុំ»។ ពាក្យសំដីនៃការអបអរដ៏ពីរោះនិងដ៏ស្មោះនេះ ពិតជាបានប៉ះជ្រាបដល់ចិត្តរបស់ប្រពន្ធនៃអ្នកចាស់ទុំម្នាក់នេះមែន។
១៩. (ក) ពួកអ្នកចាស់ទុំ ជាក្រុមមួយ គឺកំពុងតែសម្រេចយ៉ាងស្មោះត្រង់នូវគោលដៅអ្វី? (ខ) តើយើងគ្រប់គ្នាគួរតែប្ដេជ្ញាចិត្តធ្វើអ្វី?
១៩ សំវិធានការជាពួកអ្នកចាស់ទុំ ដើម្បីមើលថែរក្សាចៀម គឺជា‹អំណោយទានដ៏ល្អ›មួយរបស់ព្រះយេហូវ៉ា។ (យ៉ាកុប ១:១៧) ពួកបុរសទាំងនេះមិនមែនគ្រប់ល័ក្ខណ៍នោះទេ ដូចយើងគ្រប់គ្នា គេក៏ធ្វើខុសដែរ។ (ពង្សាវតារក្សត្រទី១ ៨:៤៦) ក៏ប៉ុន្តែ ជាក្រុមមួយ ពួកអ្នកចាស់ទុំនៅក្នុងក្រុមជំនុំទូទាំងពិភពលោក គឺកំពុងតែសម្រេចយ៉ាងស្មោះត្រង់នូវគោលដៅ ដែលព្រះយេហូវ៉ាមានបំណងសំរាប់ពួកគេ នោះគឺឲ្យកែតម្រូវ ស្អាងឡើង និងធ្វើឲ្យមានសាមគ្គីភាព និងការពារហ្វូងចៀម។ សូមឲ្យអ្នកចាស់ទុំម្នាក់ៗ ប្ដេជ្ញាចិត្តបន្តថែរក្សាមើលចៀមរបស់ព្រះយេហូវ៉ាដោយថ្នាក់ថ្នម។ ដោយធ្វើដូចនេះ នោះបង្ហាញភស្តុតាងថាគាត់ជាអំណោយមួយ ឬក៏ជាពរដល់បងប្អូនរបស់គាត់។ ហើយសូមឲ្យយើងប្ដេជ្ញាចិត្ត ក្នុងការបង្ហាញការអបអររបស់យើងចំពោះ«អំណោយទានជាមនុស្ស» ដោយស្ដាប់តាមនិងចុះចូលតាមពួកគេ ហើយដោយបង្ហាញការរាប់អានចំពោះការខំប្រឹងធ្វើការរបស់គេ។ តើយើងអាចមានអំណរគុណយ៉ាងណាទៅហ្ន៎ ដែលព្រះយេហូវ៉ាបានប្រទានដោយសេចក្ដីស្រឡាញ់នូវពួកបុរស ដែលតាមពិតទៅ គឺនិយាយដល់ចៀមរបស់ទ្រង់ថា៖ ‹នេះគឺជាមុខងារបស់យើង ដើម្បីជួយអ្នករាល់គ្នាឲ្យបំរើព្រះដោយអំណរ›!
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏សមហេតុផលដែលប្រដូចក្រុមជំនុំជាមួយនឹងរូបកាយមួយបាន?
◻ តើតាមរបៀបណាដែលពួកអ្នកចាស់ទុំអាចជួយបងប្អូនរបស់គេ ឲ្យបំរើព្រះយេហូវ៉ាដោយអំណរនោះ?
◻ ហេតុអ្វីក៏យើងមិនគួរគ្រាន់តែស្ដាប់តាមពួកអ្នកដែលនាំមុខយើងនោះ ប៉ុន្តែត្រូវចុះចូលតាមដែរ?
◻ តើតាមរបៀបណាដែលយើងអាចបង្ហាញការរាប់អានចំពោះពួកអ្នកចាស់ទុំ?
[រូបភាពនៅទំព័រ១៦]
ពួកអ្នកចាស់ទុំ ចូរសរសើរអ្នកដទៃចំពោះការខំប្រឹងដ៏អស់ពីចិត្តរបស់គេ
[រូបភាពនៅទំព័រ១៧]
ដោយគំរូដ៏ខ្នះខ្នែងរបស់គេនៅក្នុងកិច្ចបំរើផ្សាយ នោះពួកអ្នកចាស់ទុំអាចជួយសមាជិកគ្រួសារ និងអ្នកដទៃឲ្យបំរើដោយអំណរ
[រូបភាពនៅទំព័រ១៨]
យើងអបអរពួកអ្នកចាស់ទុំដែលខំប្រឹងធ្វើការ!