ការជួយឲ្យមនុស្សចូលទៅជិតព្រះយេហូវ៉ា
«បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាអាចទៅឯព្រះវរបិតាបានឡើយ»។—យ៉ូហាន ១៤:៦
១. តើព្រះយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនោះ បានបង្គាប់ឲ្យសិស្សទ្រង់ធ្វើអ្វី ហើយដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានស្ដាប់តាមសេចក្ដីបង្គាប់នោះ តើបានមានលទ្ធផលអ្វី?
ព្រះយេស៊ូគ្រីស្ទបានបង្គាប់ពួកអ្នកកាន់តាមរបស់ទ្រង់ឲ្យ «បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»។ (ម៉ាថាយ ២៨:១៩) ក្នុងពេលដប់ឆ្នាំកន្លងទៅហើយនេះ នោះស្មរបន្ទាល់ព្រះយេហូវ៉ាបានជួយមនុស្សជាងបីលាននាក់ឲ្យស្គាល់ព្រះ ហើយក្រោយមកក៏ធ្វើពិធីជ្រមុជទឹកឲ្យគេដែរ ជាតំណាងពីការថ្វាយខ្លួនគេជូនទ្រង់ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ តើយើងគឺសប្បាយយ៉ាងណាទៅហ្ន៎ ក្នុងការជួយពួកគេចូលទៅជិតព្រះ!—យ៉ាកុប ៤:៨
២. ទោះបីមានអ្នកថ្មីជាច្រើនដែលត្រូវជ្រមុជទឹកក៏ដោយ តើអ្វីដែលបានកើតឡើង?
២ ក៏ប៉ុន្តែ នៅប្រទេសខ្លះដែលមានសិស្សថ្មីជាច្រើនដែលបានត្រូវជ្រមុជទឹក នោះអត់មានការកើនឡើងក្នុងពួកអ្នកផ្សាយព្រះរាជាណាចក្រទេ។ ពិតហើយ បើគិតពីពួកអ្នកដែលបានស្លាប់រួចហើយ ដោយឃើញថាអត្រាមរណៈគឺប្រមាណ១ភាគរយ។ ក៏ប៉ុន្តែ ក្នុងពេលពីរបីឆ្នាំកន្លងទៅនេះ មួយចំនួនធំបានចាកចេញដោយមូលហេតុណាមួយ។ ហេតុអ្វី? អត្ថបទនេះហើយអត្ថបទជាបន្ទាប់ នឹងពិនិត្យមើលរបៀបដែលមនុស្សត្រូវនាំចូលមកជិតព្រះយេហូវ៉ា ហើយនិងមូលហេតុខ្លះដែលគេចាកចេញ។
គោលបំណងនៃការផ្សព្វផ្សាយរបស់យើង
៣. (ក) តើយ៉ាងដូចម្ដេចដែលបេសកកម្ម ដែលព្រះយេស៊ូបានប្រគល់ឲ្យសិស្សរបស់ទ្រង់នោះ គឺដំណាលគ្នានឹងបេសកកម្មរបស់ទេវតាដែលត្រូវរៀបរាប់ក្នុង វិវរណៈ ១៤:៦? (ខ) តើអ្វីជាវិធីមួយដែលបានឃើញថាមានប្រសិទ្ធិភាពក្នុងការធ្វើឲ្យមនុស្សចាប់អារម្មណ៍ ក៏ប៉ុន្តែតើនៅមានបញ្ហាអ្វី?
៣ នៅ«គ្រាចុងបំផុតនេះ» ពួកសិស្សរបស់ព្រះយេស៊ូមានមុខងារជួយផ្សាយ‹ចំណេះដ៏ពិត›អំពី«ដំណឹងល្អនេះ ដែលសម្ដែងពីនគរ»។ (ដានីយ៉ែល ១២:៤; ម៉ាថាយ ២៤:១៤) បេសកកម្មរបស់ពួកគេគឺដំណាលគ្នានឹងទេវតា ដែលមាន«ដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ»។ (វិវរណៈ ១៤:៦) ក្នុងពិភពលោកនេះ ដែលរវល់តែនឹងរឿងលោកីយ៍ នោះរបៀបដ៏មានប្រសិទ្ធិភាពល្អបំផុត ក្នុងការធ្វើឲ្យមនុស្សចាប់អារម្មណ៍ទៅលើព្រះរាជាណាចក្ររបស់ព្រះ ហើយនិងជួយគេចូលមកជិតព្រះយេហូវ៉ានោះ គឺដោយប្រាប់គេអំពីសេចក្ដីសង្ឃឹម ពីជីវិតអស់កល្បជានិច្ចក្នុងសួនមនោរម្យនៅលើផែនដី។ ទោះបីនេះគឺគួរឲ្យយោគយល់ក៏ដោយ ពួកអ្នកដែលសេពគប់រាស្ត្ររបស់ព្រះ គ្រាន់តែដើម្បីចូលក្នុងសួនមនោរម្យ នោះក៏មិនអាចឈរយ៉ាងមាំលើផ្លូវចង្អៀត ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ចបានដែរ។—ម៉ាថាយ ៧:១៣, ១៤
៤. យោងទៅតាមព្រះយេស៊ូនិងទេវតាមួយអង្គនោះដែលហោះកាត់កណ្ដាលមេឃ តើអ្វីជាគោលបំណងនៃកិច្ចផ្សព្វផ្សាយរបស់យើង?
៤ ព្រះយេស៊ូបានមានបន្ទូលថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេបានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣, ព.ថ.) ទេវតានោះដែលកំពុងតែហោះកាត់កណ្ដាលមេឃ ក៏ប្រកាស«ដំណឹងល្អដ៏នៅអស់កល្បជានិច្ច» ហើយក៏ប្រាប់អស់អ្នកដែលនៅលើផែនដីឲ្យ«កោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរន្ធទឹកទាំងប៉ុន្មានចុះ»។ (វិវរណៈ ១៤:៧) ដូច្នេះ គោលបំណងចុងក្រោយបំផុតនៃការផ្សព្វផ្សាយដំណឹងល្អ គឺដើម្បីជួយមនុស្សឲ្យចូលមកជិតព្រះយេហូវ៉ាតាមរយៈព្រះយេស៊ូគ្រីស្ទ។
តួនាទីរបស់យើងក្នុងកិច្ចការរបស់ព្រះយេហូវ៉ា
៥. តើអ្វីជាប្រសាសន៍របស់ប៉ុលនិងព្រះយេស៊ូ ដែលបង្ហាញថាយើងកំពុងតែធ្វើកិច្ចការរបស់ព្រះ មិនមែនកិច្ចការរបស់យើងផ្ទាល់ឡើយ?
៥ ក្នុងការសរសេរទៅកាន់ពួកគ្រីស្ទានចាក់ប្រេងតាំងឯទៀត នោះសាវ័កប៉ុលបាននិយាយពី«ការងារផ្សះផ្សា» ហើយប្រាប់ថាព្រះផ្សះផ្សាមនុស្សនឹងទ្រង់ តាមរយៈយញ្ញបូជារបស់ព្រះយេស៊ូគ្រីស្ទ។ ប៉ុលក៏ប្រាប់ថា គឺហាក់ដូចជា«ព្រះទ្រង់អង្វរដោយសារយើងខ្ញុំ» និងដែល«យើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ»។ តើនេះជាគំនិតមួយដែលធ្វើឲ្យមានអារម្មណ៍កក់ក្ដៅយ៉ាងណាទៅហ្ន៎! មិនថាយើងជា«ទូតដំណាងព្រះគ្រីស្ទ»ដែលបានត្រូវចាក់ប្រេងតាំង ឬក៏បេសកជនដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីក៏ដោយ នោះយើងមិនគួរភ្លេចថានេះជាកិច្ចការរបស់ព្រះយេហូវ៉ា មិនមែនរបស់យើងទេ។ (កូរិនថូសទី២ ៥:១៨-២០) តាមពិត គឺជាព្រះដែលទាញហើយបង្រៀនមនុស្សដែលមកដល់ព្រះគ្រីស្ទ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា ‹ព្រះទ្រង់បង្រៀនគេទាំងអស់គ្នា›។ ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតាហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ»។—យ៉ូហាន ៦:៤៤, ៤៥
៦. តើយ៉ាងដូចម្ដេចដែលព្រះយេហូវ៉ា កំពុងតែអង្រួនសាសន៍ទាំងឡាយតាមរបៀបជាបឋម ហើយពេលដំណាលគ្នានេះ តើអ្នកណាដែលរកឃើញនូវសន្ដិសុខក្នុង«វិហារ»នៃការថ្វាយបង្គំពិតរបស់ទ្រង់?
៦ នៅថ្ងៃជាន់ក្រោយបង្អស់នេះ តើយ៉ាងដូចម្ដេចដែលព្រះយេហូវ៉ាទាញមនុស្សមក ហើយបើក«ទ្វារនៃសេចក្ដីជំនឿ»ឲ្យគេ? (កិច្ចការ ១៤:២៧, កំណត់ចំណាំ; ធីម៉ូថេទី២ ៣:១) របៀបសំខាន់មួយគឺដោយទ្រង់ចាត់ពួកស្មរបន្ទាល់របស់ទ្រង់ ឲ្យប្រកាសប្រាប់សារនៃសេចក្ដីសង្គ្រោះ និងសេចក្ដីជំនុំជំរះប្រឆាំងនឹងរបបដ៏ទុច្ចរិតនេះ។ (អេសាយ ៤៣:១២; ៦១:១, ២) ការប្រកាសទូទាំងពិភពលោកនេះ កំពុងតែអង្រួនសាសន៍ទាំងឡាយតាមរបៀបជាបឋម ដែលជាសញ្ញាមួយពីការវាយជំនុំជំរះដែលជិតមកដល់។ នៅពេលដំណាលគ្នានឹងនេះ នោះមនុស្សដែលជា«ទីគាប់ចិត្ត»របស់ព្រះ គឺត្រូវទាញចេញពីរបបនេះ ហើយកំពុងតែរកឃើញនូវសន្ដិសុខក្នុង«វិហារ»នៃការថ្វាយបង្គំពិតរបស់ទ្រង់។ ដូច្នេះព្រះយេហូវ៉ាកំពុងតែសម្រេចព្រះបន្ទូលទំនាយរបស់ទ្រង់ ដែលបានត្រូវកត់ទុកដោយលោកហាកាយថា៖ «ក៏នឹងអង្រួនអស់ទាំងសាសន៍ដែរ នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ»។—ហាកាយ ២:៦, ៧,កំណត់ចំណាំ; វិវរណៈ ៧:៩, ១៥
៧. តើតាមរបៀបណាដែលព្រះយេហូវ៉ាបើកចិត្តមនុស្ស ហើយទាញគេមកឯទ្រង់និងរាជបុត្រារបស់ទ្រង់?
៧ ព្រះយេហូវ៉ាបើកចិត្តនៃពួកទាំងនេះដែលកោតខ្លាចដល់ព្រះ ជា«អ្វីដែលល្អបំផុតពីសាសន៍ទាំងឡាយ» ដើម្បីឲ្យពួកគេ«ប្រឹងស្ដាប់អ្វីដែលត្រូវនិយាយ» ដោយស្មរបន្ទាល់របស់ទ្រង់។ (ហាកាយ ២:៧, សមាគមបោះពុម្ពសាសន៍យូដា; កិច្ចការ ១៦:១៤) ដូចនៅសតវត្សទីមួយដែរ ជួនកាលព្រះយេហូវ៉ាប្រើពួកទេវតារបស់ទ្រង់ ដើម្បីនាំស្មរបន្ទាល់របស់ទ្រង់ទៅជួបមនុស្សស្មោះត្រង់ ដែលបានស្រែករកទ្រង់សំរាប់ជំនួយ។ (កិច្ចការ ៨:២៦-៣១) ពេលដែលមនុស្សរៀនអំពីសំវិធានការដ៏ប្រសើរ ដែលព្រះបានរៀបចំសំរាប់គេតាមរយៈព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ នោះគេត្រូវទាញចូលមកឯព្រះយេហូវ៉ាដោយសេចក្ដីស្រឡាញ់របស់ទ្រង់។ (យ៉ូហានទី១ ៤:៩, ១០) ត្រូវហើយ ព្រះទាញមនុស្សមកឯទ្រង់ហើយរាជបុត្រារបស់ទ្រង់ ដោយ‹សេចក្ដីសប្បុរសដែលប្រកបដោយសេចក្ដីស្រឡាញ់›របស់ទ្រង់ ឬក៏«សេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប»។—យេរេមា ៣១:៣, កំណត់ចំណាំ
អ្នកដែលព្រះទាញចូលមកនោះគឺជាអ្នកណា?
៨. តើព្រះយេហូវ៉ាទាញមនុស្សបែបណា?
៨ ព្រះយេហូវ៉ាទាញចូលមកឯទ្រង់ហើយរាជបុត្រារបស់ទ្រង់នោះ គឺអស់អ្នកដែលស្វែងរកទ្រង់។ (កិច្ចការ ១៧:២៧) ពួកនេះរួមបញ្ចូលមនុស្សដែលកំពុងតែ«ដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរខ្ពើមដែលមនុស្សប្រព្រឹត្ត»ក្នុងពិភពគ្រីស្ទសាសនា ហើយតាមពិតក៏ត្រូវប្រព្រឹត្តនៅទូទាំងពិភពលោក។ (អេសេគាល ៩:៤) ពួកគេ«មានសេចក្ដីកំសត់ខាងឯវិញ្ញាណ»។ (ម៉ាថាយ ៥:៣) ពិតមែន ពួកគេក៏ជា«រាបសានៅផែនដី» ដែលនឹងរស់នៅលើផែនដីមនោរម្យជារៀងរហូត។—សេផានា ២:៣
៩. តើតាមរបៀបណាដែលព្រះយេហូវ៉ា អាចទតឃើញបើសិនជាមនុស្ស«ត្រូវបានជីវិតអស់កល្បជានិច្ច» ហើយតើទ្រង់ទាញពួកនេះយ៉ាងណា?
៩ ព្រះយេហូវ៉ាអាចទតធ្លុះចិត្តនៃមនុស្សម្នាក់។ ស្តេចដាវីឌបានមានបន្ទូលទៅកាន់សាឡូម៉ូន ជារាជបុត្រទ្រង់ថា៖ «ព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន»។ (របាក្សត្រទី១ ២៨:៩) អាស្រ័យទៅលើចិត្ត លក្ខណៈនិងគំនិតនៃមនុស្សម្នាក់ ឬក៏អាកប្បកិរិយាដែលលេចឡើងជាងគេ នោះព្រះយេហូវ៉ាអាចទតឃើញ ថាតើប្រុសឬស្រីនោះប្រហែលជានឹងមានប្រតិកម្មល្អចំពោះសំវិធានការពីព្រះ សំរាប់ការអត់ឱនទោសនូវបាប ហើយនិងសេចក្ដីសង្ឃឹមជាជីវិតអស់កល្បជានិច្ចក្នុងរបបថ្មីដ៏សុចរិតរបស់ព្រះ។ (ពេត្រុសទី២ ៣:១៣) តាមរយៈព្រះបន្ទូលរបស់ទ្រង់ ដែលត្រូវពួកស្មរបន្ទាល់របស់ទ្រង់ផ្សព្វផ្សាយហើយបង្រៀន នោះព្រះយេហូវ៉ាទាញ«អស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច»ចូលមកឯទ្រង់ និងព្រះរាជបុត្ររបស់ទ្រង់ ហើយអ្នកទាំងនេះ‹ក៏ទៅជាអ្នកជឿ›។—កិច្ចការ ១៣:៤៨
១០. តើអ្វីដែលបង្ហាញថា ព្រះយេហូវ៉ាទាញមនុស្សខ្លះហើយមិនទាញអ្នកដទៃ នោះមិនទាក់ទងនឹងរឿងព្រេងវាសនាទេ?
១០ ដែលព្រះយេហូវ៉ាទាញមនុស្សខ្លះចូលមក ហើយមិនទាញមនុស្សដទៃនោះ តើនេះរួមបញ្ចូលព្រេងវាសនាទេឬ? មិនទាល់តែសោះ! ដែលព្រះទាញមនុស្សចូលមក នោះស្រេចទៅលើគោលបំណងចិត្តគេផ្ទាល់។ ទ្រង់គោរពនូវសិទ្ធិសេរីភាពរបស់គេ។ ព្រះយេហូវ៉ាដាក់ការជ្រើសរើសនៅមុខអ្នកនៅលើផែនដី ដូចនឹងការជ្រើសរើសដែលត្រូវដាក់ពីមុខពួកអ៊ីស្រាអែលជាង៣.០០០ឆ្នាំមុន ពេលលោកម៉ូសេបាននិយាយថា៖ «អញបានដាក់សំញែងជីវិត នឹងសេចក្ដីល្អនៅមុខឯង ព្រមទាំងសេចក្ដីស្លាប់នឹងសេចក្ដីអាក្រក់ផង . . . អញអាងដល់ស្ថានសួគ៌នឹងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត នឹងសេចក្ដីស្លាប់ ទាំងព្រះពរនឹងសេចក្ដីបណ្ដាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង នឹងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយ ជាជីវិតនៃឯងហើយជាអាយុវែងដល់ឯងដែរ»។—ចោទិយកថា ៣០:១៥-២០
១១. តើយ៉ាងណាដែលពួកអ៊ីស្រាអែលត្រូវតែជ្រើសជីវិត?
១១ សូមកត់សម្គាល់ថាពួកអ៊ីស្រាអែល ត្រូវតែជ្រើសរើសជីវិត‹ដោយការស្រឡាញ់ព្រះយេហូវ៉ា ដោយការស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ ហើយដោយការនៅជាប់នឹងទ្រង់›។ នៅពេលដែលពាក្យទាំងនេះបានត្រូវពោលឡើង នោះប្រជាជនអ៊ីស្រាអែលមិនទាន់បានចាប់យកស្រុកសន្យានោះ ទុកជាទឹកដីរបស់គេផ្ទាល់នោះទេ។ ពួកគេកំពុងតែប្រុងប្រៀបចូលទៅនៅដីរាបនៃម៉ូអាប់ ទាំងត្រៀមខ្លួនឆ្លងទន្លេយ័រដាន់ហើយចូលក្នុងស្រុកកាណាន។ ទោះបីជាធម្មតាដែលពួកគេចាប់ផ្ដើមគិតអំពីស្រុកនោះ ដែលជាស្រុក«យ៉ាងល្អដ៏ធំទូលាយ»ទាំង«មានទឹកដោះនឹងទឹកឃ្មុំហូរហៀរ» ដែលគេជិតនឹងទទួលក៏ដោយ នោះការសម្រេចនូវសេចក្ដីសង្ឃឹមរបស់គេ ពួកគេពឹងពាក់ទៅលើសេចក្ដីស្រឡាញ់របស់គេចំពោះព្រះយេហូវ៉ា ការស្ដាប់របស់គេនូវព្រះបន្ទូលរបស់ទ្រង់ ហើយការនៅជាប់នឹងទ្រង់។ (និក្ខមនំ ៣:៨) លោកម៉ូសេបានបញ្ជាក់ចំណុចនេះយ៉ាងក្បោះក្បាយ ដោយមានប្រសាសន៍ថា៖ «[បើសិនជាអ្នកនឹងស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា, ព.ថ.]ដោយអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងដើរតាមផ្លូវទ្រង់ ហើយនឹងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ នឹងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ប្រយោជន៍ឲ្យឯងបានរស់នៅ ហើយចំរើនឡើង ហើយប្រយោជន៍ឲ្យព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានពរដល់ឯងនៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ»។—ចោទិយកថា ៣០:១៦
១២. តើគំរូនៃពួកអ៊ីស្រាអែលគួរបង្រៀនយើង អំពីការផ្សព្វផ្សាយនិងបង្រៀនរបស់យើងយ៉ាងណា?
១២ តើរឿងនោះមិនគួរបង្រៀនយើងមេរៀនមួយ អំពីកិច្ចផ្សព្វផ្សាយនិងកិច្ចបង្រៀនរបស់យើងទេឬ? យើងគិតអំពីផែនដីមនោរម្យដែលជិតមកដល់នោះ ហើយក៏និយាយអំពីនោះក្នុងកិច្ចផ្សាយរបស់យើង។ ក៏ប៉ុន្តែ យើងទាំងពួកសិស្សដែលយើងបញ្ចុះបញ្ចូលនោះ នឹងមិនឃើញសេចក្ដីសម្រេចនៃសេចក្ដីសន្យានោះទេ បើសិនជាយើងឬក៏ពួកគេកំពុងតែបំរើព្រះសំរាប់តែអត្ថប្រយោជន៍។ ដូចពួកអ៊ីស្រាអែល យើងហើយនិងអ្នកដែលយើងបង្រៀន ត្រូវតែរៀនឲ្យចេះ‹ស្រឡាញ់ព្រះយេហូវ៉ា ស្ដាប់តាមសេចក្ដីបង្គាប់របស់ទ្រង់ ហើយនៅជាប់នឹងទ្រង់›។ បើសិនជាយើងនឹកចាំពីចំណុចនេះពេលយើងកំពុងតែបំពេញកិច្ចបំរើរបស់យើង នោះយើងកំពុងតែរួមធ្វើការជាមួយនឹងព្រះក្នុងការនាំមនុស្សឲ្យចូលមកឯទ្រង់។
អ្នកធ្វើការជាមួយនឹងព្រះ
១៣, ១៤. (ក) យោងទៅតាមកូរិនថូសទី១ ៣:៥-៩ តើតាមរបៀបណាដែលយើងទៅជាអ្នករួមធ្វើការជាមួយនឹងព្រះ? (ខ) តើកិត្ដិយសសំរាប់សេចក្ដីចំរើនត្រូវតែប្រគល់ដល់អ្នកណា ហើយហេតុអ្វី?
១៣ សាវ័កប៉ុលបានពន្យល់ពីការរួមធ្វើការជាមួយនឹងព្រះ ដោយការសំដៅទៅការភ្ជួរស្រែ។ គាត់បានសរសេរថា៖ «ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបំរើ ដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ ហេតុនោះបានជាអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ ឯអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុងអ្នកនិមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ»។—កូរិនថូសទី១ ៣:៥-៩
១៤ ជាអ្នកធ្វើការជាមួយនឹងព្រះ នោះយើងត្រូវតែសាបព្រោះ«បន្ទូលពីនគរ»ក្នុងចិត្តនៃមនុស្ស ហើយនិងស្រោចនូវការចាប់អារម្មណ៍ ដោយធ្វើការត្រឡប់ទៅជួប និងការសិក្សាព្រះគម្ពីរដែលបានត្រូវរៀបចំយ៉ាងល្អ។ បើសិនជាដីដែលជាចិត្តនោះគឺជាល្អ នោះព្រះយេហូវ៉ានឹងបំពេញតាមភារកិច្ចរបស់ទ្រង់ ដោយធ្វើឲ្យពូជនៃសេចក្ដីពិតព្រះគម្ពីរនោះដុះឡើងជាដំណាំមួយដែលបង្កើតផល។ (ម៉ាថាយ ១៣:១៩, ២៣) ទ្រង់នឹងទាញបុគ្គលម្នាក់នោះចូលមកឯទ្រង់ហើយរាជបុត្ររបស់ទ្រង់។ ដូច្នេះបើសិនជាគិតឲ្យអស់ នោះការចំរើនឡើងណាក្នុងចំនួនអ្នកផ្សាយព្រះរាជាណាចក្រ នោះគឺដោយសារការប្រព្រឹត្តរបស់ព្រះយេហូវ៉ាចំពោះចិត្តមនុស្ស ដោយធ្វើឲ្យពូជនៃសេចក្ដីពិតដុះឡើង ហើយទាញមនុស្សបែបនេះឲ្យចូលមកឯទ្រង់និងរាជបុត្ររបស់ទ្រង់។
កិច្ចការសាងសង់ដែលនឹងស្ថិតស្ថេរ
១៥. តើប៉ុលបានប្រើពាក្យប្រៀបប្រដូចអ្វី ដើម្បីបង្ហាញនូវរបៀបយើងជួយអ្នកដទៃបណ្ដុះបណ្ដាលសេចក្ដីជំនឿ?
១៥ ទោះបីយើងអរសប្បាយនឹងសេចក្ដីចំរើនឡើងក៏ដោយ យើងក៏ចង់ឃើញមនុស្សបន្តស្រឡាញ់ព្រះយេហូវ៉ា ស្ដាប់តាមបន្ទូលរបស់ទ្រង់ ហើយនៅជាប់នឹងទ្រង់។ យើងគឺពិបាកចិត្តពេលយើងឃើញមនុស្សខ្លះរសាយចិត្តហើយចាកចេញ។ តើយើងអាចធ្វើអ្វីដើម្បីបង្ការមិនឲ្យនេះកើតឡើងបានទេ? ក្នុងពាក្យប្រៀបប្រដូចមួយទៀត ប៉ុលបានបង្ហាញនូវរបៀបយើងអាចជួយអ្នកដទៃបណ្ដុះបណ្ដាលឲ្យមានជំនឿ។ គាត់បានសរសេរថា៖ «គ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបាន ដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនេះ នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា»។—កូរិនថូសទី១ ៣:១១-១៣
១៦. (ក) តើពាក្យប្រៀបប្រដូចពីររបស់ប៉ុលនោះគឺខុសគ្នាយ៉ាងណា? (ខ) តើយ៉ាងដូចម្ដេចដែលកិច្ចការសាងសង់របស់យើង អាចទៅជាមិនគាប់ចិត្តហើយមិនអាចធន់នឹងភ្លើង?
១៦ ក្នុងពាក្យប្រៀបប្រដូចរបស់ប៉ុលអំពីវាលស្រែ នោះការដុះឡើងពឹងពាក់ទៅលើការសាបព្រោះដោយយកចិត្តទុកដាក់ ការស្រោចយ៉ាងទៀងទាត់ ហើយពរពីព្រះ។ ពាក្យប្រៀបប្រដូចមួយទៀតរបស់សាវ័កប៉ុល នោះបញ្ជាក់ពីការទទួលខុសត្រូវនៃអ្នកបំរើជាគ្រីស្ទានម្នាក់ ចំពោះអ្វីដែលកើតឡើងពីការសាងសង់របស់គាត់។ តើគាត់បានសាងសង់ពីលើគ្រឹះដ៏មាំមួយ ដោយប្រើសម្ភារៈដែលមានគុណភាពល្អទេ? ប៉ុលព្រមានថា៖ «ត្រូវឲ្យមនុស្សប្រយ័តរៀងខ្លួន អំពីបែបណាដែលសង់»។ (កូរិនថូសទី១ ៣:១០) ក្រោយពីយើងបានធ្វើឲ្យមនុស្សម្នាក់ចាប់អារម្មណ៍ ដោយប្រាប់គេអំពីសេចក្ដីសង្ឃឹមពីជីវិតអស់កល្បជានិច្ចក្នុងសួនមនោរម្យ តើយើងប្រមូលការបង្រៀនរបស់យើងលើតែចំណេះបឋមពីព្រះគម្ពីរ ហើយនិងបញ្ជាក់គ្រាន់តែអ្វីដែលគេត្រូវតែធ្វើដើម្បីទទួលជីវិតអស់កល្បជានិច្ចទេ? តើការបង្រៀនរបស់យើងអាចរួមបញ្ចូលតែអ្វីដូចតទៅនេះឬទេ? គឺដោយថា៖ ‹បើសិនជាអ្នកចង់រស់នៅអស់កល្បជានិច្ចក្នុងសួនមនោរម្យ នោះអ្នកត្រូវតែសិក្សា ទៅឯកិច្ចប្រជុំ ហើយរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយ›។ បើសិនជាដូច្នេះមែន នោះយើងមិនកំពុងតែសាងសង់សេចក្ដីជំនឿរបស់អ្នកនោះលើគ្រឹះមួយដ៏មាំមួន ហើយអ្វីដែលយើងកសាងនោះ ប្រហែលជាមិនអាចធន់នឹងភ្លើងនៃសេចក្ដីល្បងលឬក៏ស្ថិតស្ថេរបានយូរទេ។ ការព្យាយាមទាញមនុស្សចូលមកឯព្រះយេហូវ៉ា ដោយសារតែសេចក្ដីសង្ឃឹមពីជីវិតក្នុងសួនមនោរម្យ ដែលចាត់ទុកជាការសងគុណសំរាប់ការបំរើទ្រង់អស់ពីរបីឆ្នាំនោះ គឺហាក់ដូចជាការសាងសង់ដោយប្រើ«ឈើ ស្បូវ ឬស្លឹក»។
ការបង្កើតឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះនិងព្រះគ្រីស្ទ
១៧, ១៨. (ក) តើអ្វីដែលលះចោលមិនបាន បើសិនជាជំនឿរបស់មនុស្សម្នាក់នឹងនៅបានយូរ? (ខ) តើយ៉ាងដូចម្ដេចដែលយើងអាចជួយមនុស្សម្នាក់ ឲ្យព្រះគ្រីស្ទសណ្ឋិតនៅក្នុងចិត្តរបស់គេ?
១៧ បើសិនជាសេចក្ដីជំនឿនឹងនៅបានយូរ នោះជំនឿត្រូវតែមានមូលដ្ឋានទៅលើទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះយេហូវ៉ា ហើយព្រះយេស៊ូគ្រីស្ទ។ ជាមនុស្សដែលមិនល្អឥតខ្ចោះ នោះយើងអាចមានទំនាក់ទំនងដែលប្រកបដោយមេត្រីភាពជាមួយនឹងព្រះបែបនេះ តាមរយៈព្រះរាជបុត្រារបស់ទ្រង់តែប៉ុណ្ណោះ។ (រ៉ូម ៥:១០) សូមចាំដែលព្រះយេស៊ូបានមានបន្ទូលថា៖ «បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។ ដើម្បីជួយអ្នកដទៃកសាងនូវជំនឿ នោះ«គ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ»។ តើការធ្វើអ៊ីចឹងរួមបញ្ចូលអ្វី?—យ៉ូហាន ១៤:៦; កូរិនថូសទី១ ៣:១១
១៨ ការសាងសង់ដោយមានព្រះគ្រីស្ទជាគ្រឹះ នោះរួមបញ្ចូលការបង្រៀនតាមរបៀបមួយ ដែលសិស្សព្រះគម្ពីរម្នាក់នោះបណ្ដុះបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ដ៏ជ្រៅចំពោះព្រះយេស៊ូ តាមរយៈការមានគ្រប់ទាំងចំណេះពីតួនាទីរបស់ទ្រង់ជាអ្នកលោះ សិរសានៃក្រុមជំនុំ សម្ដេចសង្ឃដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយស្តេចដែលកំពុងតែសោយរាជ្យ។ (ដានីយ៉ែល ៧:១៣, ១៤; ម៉ាថាយ ២០:២៨; កូល៉ុស ១:១៨-២០; ហេព្រើរ ៤:១៤-១៦) នោះក៏រួមបញ្ចូលការធ្វើឲ្យព្រះយេស៊ូទៅជាប្រាកដដ៏ម្ល៉េះ ដែលគឺហាក់ដូចជាទ្រង់សណ្ឋិតនៅក្នុងចិត្តរបស់គេ។ សេចក្ដីអធិស្ឋានរបស់យើងដើម្បីឲ្យពួកគេ គួរតែដូចជាសេចក្ដីអង្វររបស់ប៉ុលដើម្បីពួកគ្រីស្ទាននៅទីក្រុងអេភេសូរដែរ។ គាត់បានសរសេរថា៖ «ខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតា . . . ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នា . . . ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់»។—អេភេសូរ ៣:១៤-១៧
១៩. តើអ្វីគួរជាលទ្ធផលពីការសាងសង់នូវសេចក្ដីស្រឡាញ់ សំរាប់ព្រះគ្រីស្ទក្នុងចិត្តនៃសិស្សព្រះគម្ពីររបស់យើង ក៏ប៉ុន្តែតើយើងត្រូវតែបង្រៀនអ្វី?
១៩ បើសិនជាយើងសាងសង់តាមរបៀបដែលសេចក្ដីស្រឡាញ់ ចំពោះព្រះគ្រីស្ទដុះដាលក្នុងចិត្តនៃសិស្សរបស់យើង នោះជាលទ្ធផលនឹងនាំឲ្យមានការដុះដាលនៃសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ សេចក្ដីស្រឡាញ់ ការយល់ចិត្ត និងសេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូ គឺជាការបង្ហាញយ៉ាងស្មោះពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ (ម៉ាថាយ ១១:២៨-៣០; ម៉ាកុស ៦:៣០-៣៤; យ៉ូហាន ១៥:១៣, ១៤; កូល៉ុស ១:១៥; ហេព្រើរ ១:៣) ដូច្នេះ ពេលដែលមនុស្សចាប់ផ្ដើមស្គាល់ហើយស្រឡាញ់ព្រះយេស៊ូ នោះគេក៏នឹងចាប់ផ្ដើមស្គាល់និងស្រឡាញ់ព្រះយេហូវ៉ាដែរ។a (យ៉ូហានទី១ ៤:១៤, ១៦, ១៩) យើងត្រូវតែបង្រៀនសិស្សព្រះគម្ពីរថា ព្រះយេហូវ៉ាគឺអ្នកដែលបានគ្រោងការណ៍របៀបរៀបចំអ្វីទាំងអស់ ដែលព្រះគ្រីស្ទបានធ្វើដើម្បីមនុស្សលោក ហេតុនោះហើយយើងត្រូវតែអរព្រះគុណ សរសើរ និងថ្វាយបង្គំទ្រង់ជា«ព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ»។—ទំនុកដំកើង ៦៨:១៩, ២០; អេសាយ ១២:២-៥; យ៉ូហាន ៣:១៦; ៥:១៩
២០. (ក) តើយ៉ាងដូចម្ដេចដែលយើងអាចជួយមនុស្សចូលមកឯជិតព្រះ និងរាជបុត្រារបស់ទ្រង់? (ខ) តើអ្វីនឹងត្រូវពិចារណាក្នុងអត្ថបទជាបន្ទាប់?
២០ ជាអ្នកដែលធ្វើការជាមួយព្រះ ចូរឲ្យយើងជួយមនុស្សចូលមកឯជិតព្រះហើយរាជបុត្រារបស់ទ្រង់ ទាំងជួយពួកគេបណ្ដុះបណ្ដាលសេចក្ដីស្រឡាញ់និងជំនឿក្នុងចិត្តរបស់គេ។ ដូច្នេះ ព្រះយេហូវ៉ានឹងទៅជាបុគ្គលពិតប្រាកដចំពោះពួកគេ។ (យ៉ូហាន ៧:២៨) តាមរយៈព្រះគ្រីស្ទ នោះគេក៏អាចស្ថាបនាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះ ហើយគេនឹងស្រឡាញ់ទ្រង់ ហើយនៅជាប់ជាមួយនឹងទ្រង់។ កិច្ចបំរើរបស់គេនឹងត្រូវជំរុញដោយសេចក្ដីស្រឡាញ់ ទាំងអនុវត្តជំនឿដោយថាសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះនឹងត្រូវសម្រេច តាមពេលកំណត់របស់ទ្រង់។ (បរិទេវ ៣:២៤-២៦; ហេព្រើរ ១១:៦) ពេលដែលយើងជួយអ្នកដទៃបណ្ដុះបណ្ដាលជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ នោះយើងក៏ត្រូវតែសាងសង់ជំនឿរបស់យើងផ្ទាល់ ឲ្យដូចជាសំពៅដ៏មាំមួយដែលមានសមត្ថភាពធន់នឹងព្យុះដ៏ខ្លាំងមួយ។ នេះនឹងត្រូវពិចារណាក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a ជំនួយដ៏ប្រសើរមួយក្នុងការស្គាល់ព្រះយេស៊ូឲ្យកាន់តែច្បាស់ថែមទៀត ហើយតាមរយៈទ្រង់អាចស្គាល់ព្រះវរបិតារបស់ទ្រង់ ព្រះយេហូវ៉ា នោះជាសៀវភៅបុរសដ៏ឧត្តមបំផុតម្នាក់ដែលធ្លាប់មានព្រះជន្មរស់នៅ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។ (ភាសាអង់គ្លេស)
ជាការរៀនសារឡើងវិញ
◻ តើតាមរបៀបណាដែលយើងច្រើនតែធ្វើឲ្យមនុស្ស ចាប់អារម្មណ៍ក្នុងសារព្រះរាជាណាចក្រ ក៏ប៉ុន្តែតើគ្រោះថ្នាក់អ្វីដែលមាននៅ?
◻ តើមនុស្សបែបណាដែលព្រះយេហូវ៉ាទាញមកឯទ្រង់និងរាជបុត្រារបស់ទ្រង់?
◻ តើការចូលរបស់អ៊ីស្រាអែលក្នុងស្រុកសន្យានោះពឹងពាក់លើអ្វី ហើយតើអ្វីដែលយើងអាចរៀនពីនេះ?
◻ តើយើងមានតួនាទីអ្វីក្នុងការជួយមនុស្ស ឲ្យចូលមកជិតព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់?
[រូបភាពនៅទំព័រ២៣]
ទោះបីយើងប្រាប់មនុស្សពីសេចក្ដីសង្ឃឹមពីជីវិតអស់កល្បជានិច្ចក្នុងសួនមនោរម្យ គោលបំណងសំខាន់របស់យើងគឺដើម្បីទាញគេឲ្យចូលមកឯព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២៥]
ការត្រឡប់ទៅជួបរបស់យើងអាចត្រូវធ្វើឡើងដោយប្រសិទ្ធិភាពជាច្រើន បើសិនជាយើងរៀបចំបានល្អ