តើកិច្ចការរបស់អ្នកធន់នឹងភ្លើងបានទេ?
«ត្រូវឲ្យមនុស្សប្រយ័តរៀងខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ»។—កូរិនថូសទី១ ៣:១០
១. តើពួកគ្រីស្ទានដ៏ស្មោះត្រង់មានសេចក្ដីសង្ឃឹមអ្វី ចំពោះអ្នកដែលអាចទៅជាសិស្សនៅអនាគត?
គូស្វាមីភរិយាគ្រីស្ទានមួយសម្លឹងមើលកូនង៉ាដែលទើបនឹងកើតរបស់គេ។ អ្នកផ្សព្វផ្សាយព្រះរាជាណាចក្រម្នាក់ ឃើញទឹកមុខរបស់សិស្សព្រះគម្ពីរម្នាក់ ដែលសម្ដែងភាពរំភើបនិងការចាប់អារម្មណ៍។ អ្នកចាស់ទុំម្នាក់ដែលកំពុងតែបង្រៀនពីវេទិកា ឃើញថាមានអ្នកចាប់អារម្មណ៍ថ្មីម្នាក់ ដែលកំពុងតែរកបទគម្ពីរ ដោយយកចិត្តទុកដាក់ក្នុងព្រះគម្ពីររបស់គាត់។ អ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាទាំងនេះ មានចិត្តពេញទៅដោយសេចក្ដីសង្ឃឹម។ ជាធម្មតាពួកគេឆ្ងល់ថា ‹តើបុគ្គលនេះនឹងទៅជាអ្នកដែលស្រឡាញ់ និងបំរើព្រះយេហូវ៉ា ហើយនៅស្មោះត្រង់ចំពោះទ្រង់ឬទេ›? ប្រាកដហើយ លទ្ធផលបែបនេះមិនមែនមកដោយស្វ័យប្រវត្ដិទេ ប៉ុន្តែទាក់ទងនូវការខំខ្នះខ្នែងយ៉ាងពេញទំហឹងមែន។
២. តើយ៉ាងដូចម្ដេចដែលសាវ័កប៉ុលបានរំឭកពួកគ្រីស្ទាននៃសាសន៍យូដា អំពីភាពសំខាន់នៃការបង្រៀន ហើយនេះប្រហែលនឹងធ្វើឲ្យយើងធ្វើការប្រមាណមើលអ្វី?
២ សាវ័កប៉ុលជាគ្រូដ៏ប្រសប់ម្នាក់ ហើយគាត់បានបញ្ជាក់នូវភាពសំខាន់នៃកិច្ចការបង្រៀន និងការធ្វើឲ្យមានសិស្សនៅពេលគាត់បានសរសេរថា៖ «គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ»។ (ហេព្រើរ ៥:១២) ពួកគ្រីស្ទានដែលគាត់បានសរសេរទៅកាន់នោះ បានមានភាពជឿនលឿនតែបន្ដិចទេ បើប្រៀបធៀបនឹងរយៈពេលយូរដែលគេបានក្លាយជាអ្នកជឿនោះ។ ពួកគេមិនគ្រាន់តែឥតមានសមត្ថភាពបង្រៀនអ្នកដទៃប៉ុណ្ណោះ តែពួកគេបានត្រូវការការរំឭកអំពីចំណុចបឋមៗនៃសេចក្ដីពិត។ សព្វថ្ងៃនេះ យើងទាំងអស់គ្នាអាចទទួលប្រយោជន៍ ពីការប្រមាណមើលសមត្ថភាពរបស់យើងជាគ្រូ និងនូវរបៀបដែលយើងអាចធ្វើឲ្យបានរីកចំរើនជាងទៅទៀត។ នេះគឺទាក់ទងជីវិតស្លាប់រស់។ តើយើងអាចធ្វើអ្វីទៅ?
៣. (ក) តើសាវ័កប៉ុលបានប្រៀបធៀបការបញ្ចុះបញ្ចូលឲ្យមានសិស្សជាមួយនឹងការអ្វី? (ខ) ជាអ្នកសាងសង់គ្រីស្ទាន តើយើងមានឯកសិទ្ធដ៏អស្ចារ្យអ្វី?
៣ ក្នុងរឿងប្រៀបប្រដូចដ៏ទូលំទូលាយមួយ សាវ័កប៉ុលបានប្រៀបធៀបការបញ្ចុះបញ្ចូលឲ្យមានសិស្ស ទៅនឹងការសាងសង់អាគារមួយ។ គាត់បានចាប់ផ្ដើមដោយនិយាយថា៖ «ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ»។ (កូរិនថូសទី១ ៣:៩) ដូច្នេះ យើងចូលរួមក្នុងកិច្ចការសាងសង់ដែលទាក់ទងជាមួយមនុស្ស។ យើងជួយក្នុងការសាងសង់គេឲ្យជាសិស្សរបស់ព្រះយេស៊ូ។ យើងធ្វើការនេះជាមួយនឹងអ្នកដែល«បានធ្វើគ្រប់របស់ទាំងអស់»។ (ហេព្រើរ ៣:៤) នេះជាឯកសិទ្ធដ៏ល្អអ្វីម្ល៉េះហ្ន៎! សូមឲ្យយើងមើលនូវរបៀបដែលដំបូន្មានរបស់ប៉ុល បានត្រូវបណ្ដាលពីវិញ្ញាណបរិសុទ្ធឲ្យពួកនៅកូរិនថូស អាចជួយយើងទៅជាប៉ិនប្រសប់ឡើងក្នុងកិច្ចការរបស់យើង។ យើងនឹងប្រឹងស្មារតីលើ‹របៀបប៉ិនប្រសប់នៃការបង្រៀន›របស់យើង។—ធីម៉ូថេទី២ ៤:២
ការចាក់គ្រឹះដ៏ត្រឹមត្រូវ
៤. (ក) តើអ្វីជាមុខនាទីរបស់សាវ័កប៉ុលក្នុងកិច្ចការសាងសង់គ្រីស្ទាន? (ខ) ហេតុអ្វីក៏អាចនិយាយថា ព្រះយេស៊ូនិងអ្នកស្ដាប់របស់ទ្រង់យល់តម្លៃនៃគ្រឹះដ៏ល្អ?
៤ ដើម្បីឲ្យអាគារមួយទៅជាមាំមួន ហើយនៅបានយូរ អាគារនោះត្រូវការគ្រឹះដ៏ល្អ។ ដូច្នេះ សាវ័កប៉ុលបានសរសេរថា៖ «ខ្ញុំបាន[ចាក់គ្រឹះ, ព.ថ.] ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ»។ (កូរិនថូសទី១ ៣:១០) ដោយប្រើពាក្យប្រៀបប្រដូចស្រដៀងនេះ ព្រះយេស៊ូបានរៀបរាប់អំពីផ្ទះមួយដែលបានធន់នឹងខ្យល់ព្យុះ ពីព្រោះជាងសង់បានជ្រើសយកគ្រឹះមួយដ៏មាំ។ (លូកា ៦:៤៧-៤៩) ព្រះយេស៊ូដឹងនូវភាពសំខាន់នៃគ្រឹះនោះ។ ទ្រង់មានវត្តមាននៅពេលព្រះយេហូវ៉ាបានបង្កើតផែនដី។a (សុភាសិត ៨:២៩-៣១) ពួកអ្នកដែលកំពុងតែស្ដាប់បន្ទូលរបស់ទ្រង់ ក៏យល់តម្លៃនៃគ្រឹះដ៏ល្អដែរ។ មានតែផ្ទះណាដែលបានត្រូវសង់យ៉ាងល្អទេ ដែលអាចធន់នឹងទឹកជំនន់ និងការរញ្ជួយផែនដីបាន ដែលជួនកាលបានកើតឡើងនៅស្រុកប៉ាឡេស្ទីន។ ក៏ប៉ុន្តែ តើគ្រឹះដែលសាវ័កប៉ុលបានគិត ជាអ្វីទៅ?
៥. តើអ្នកណាជាគ្រឹះនៃក្រុមជំនុំគ្រីស្ទាន ហើយតើនេះបានត្រូវទាយទុកយ៉ាងដូចម្ដេច?
៥ សាវ័កប៉ុលបានសរសេរថា៖ «គ្មានអ្នកណាអាចនឹងចាក់គ្រឹះផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចហើយនោះបានទេ គឺជាព្រះយេស៊ូគ្រីស្ទ»។ (កូរិនថូសទី១ ៣:១១, ព.ថ.) នេះមិនមែនជាលើកទីមួយ ដែលព្រះយេស៊ូបានត្រូវប្រៀបធៀបនឹងគ្រឹះនោះទេ។ តាមការពិត អេសាយ ២៨:១៦ បានទាយទុកជាមុនថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា៖ ‹មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជា[គ្រឹះ] ជាថ្មដែលបានល្បងលហើយ ជាថ្មទីជ្រុងដ៏មានដំឡៃ ដែលបានដាក់យ៉ាងមាំមួន›»។ ព្រះយេហូវ៉ាបានមានគោលបំណងយូរមកហើយ ដើម្បីឲ្យព្រះរាជបុត្ររបស់ទ្រង់ទៅជាគ្រឹះសំរាប់ក្រុមជំនុំគ្រីស្ទាន។—ទំនុកដំកើង ១១៨:២២; អេភេសូរ ២:១៩-២២; ពេត្រុសទី១ ២:៤-៦
៦. តើតាមរបៀបណា ដែលសាវ័កប៉ុលបានចាក់គ្រឹះត្រឹមត្រូវក្នុងពួកគ្រីស្ទាននៅកូរិនថូស?
៦ តើអ្វីជាគ្រឹះសំរាប់ពួកគ្រីស្ទានម្នាក់ៗ? ដូចសាវ័កប៉ុលបាននិយាយរួចមកហើយ គ្មានគ្រឹះសំរាប់ពួកគ្រីស្ទានពិតក្រៅពីនោះ ដែលបានត្រូវចាក់ក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយគ្រឹះនោះ ជាព្រះយេស៊ូគ្រីស្ទ។ សាវ័កប៉ុលពិតជាបានចាក់គ្រឹះបែបនេះហើយ។ នៅក្រុងកូរិនថូស ដែលជាកន្លែងមួយដែលមនុស្សគោរពទស្សនវិជ្ជាយ៉ាងខ្លាំង សាវ័កប៉ុលមិនខិតខំធ្វើឲ្យមនុស្សស្ងើចនឹងប្រាជ្ញារបស់លោកីយ៍ទេ។ ផ្ទុយទៅវិញ សាវ័កប៉ុលបានប្រកាសប្រាប់អំពី«ព្រះគ្រីស្ទដែលទ្រង់ត្រូវឆ្កាងវិញ» ដែលសាសន៍ទាំងឡាយបានបដិសេធជា«សេចក្ដីល្ងង់ល្ងើ»។ (កូរិនថូសទី១ ១:២៣) សាវ័កប៉ុលបានបង្រៀនថា ព្រះយេស៊ូគឺជាអ្នកដែលសំខាន់បំផុត ក្នុងគោលបំណងរបស់ព្រះយេហូវ៉ា។—កូរិនថូសទី២ ១:២០; កូល៉ុស ២:២, ៣
៧. តើយើងអាចរៀនអ្វី ស្តីពីខ្លួនជា«មេជាងផ្ទះដ៏ចំណាន»របស់ប៉ុល?
៧ សាវ័កប៉ុលបានប្រាប់ថា គាត់បានធ្វើការបង្រៀនបែបនេះ «ជាមេជាងផ្ទះដ៏ចំណាន»។ ពាក្យសំដីនេះមិនមែនជាការលើកដំកើងខ្លួនទេ។ នេះគឺជាការទទួលស្គាល់នូវអំណោយដ៏អស្ចារ្យ ដែលព្រះយេហូវ៉ាបានប្រទានឲ្យគាត់ គឺជាការរៀបចំឬក៏ការចាត់ចែងនូវកិច្ចការ។ (កូរិនថូសទី១ ១២:២៨) ពិតហើយ សព្វថ្ងៃនេះយើងគ្មានអំណោយដ៏អស្ចារ្យ ដូចបានត្រូវប្រគល់ឲ្យពួកគ្រីស្ទាននៅសតវត្សទីមួយនោះទេ។ ហើយប្រហែលយើងមិនរាប់ខ្លួនឯងជាគ្រូមួយដ៏ប៉ិនប្រសប់ផង។ ក៏ប៉ុន្តែ ក្នុងន័យសំខាន់មួយ យើងពិតជាអញ្ចឹងមែន។ សូមពិចារណា៖ ព្រះយេហូវ៉ាប្រទានវិញ្ញាណរបស់ទ្រង់ដើម្បីជួយយើង។ (ប្រៀបធៀប លូកា ១២:១១, ១២) ហើយយើងមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងចំណេះអំពីសេចក្ដីបង្រៀនបឋមពីបន្ទូលរបស់ទ្រង់។ នេះពិតជាអំណោយដ៏អស្ចារ្យ ដែលយើងអាចប្រើដើម្បីបង្រៀនដល់អ្នកដទៃ។ ចូរឲ្យយើងពង្រឹងជំហរប្រើអំណោយទាំងនេះ ដើម្បីចាក់គ្រឹះដ៏ត្រឹមត្រូវផង។
៨. តើតាមរបៀបណាដែលយើងចាក់គ្រឹះក្នុងអ្នកដែលអាចទៅជាសិស្សនៅអនាគត?
៨ នៅពេលយើងចាត់ទុកព្រះយេស៊ូជាគ្រឹះ យើងមិននាំឲ្យគេស្គាល់ទ្រង់ជាកូនង៉ាគ្មានអំណាច ដែលដេកក្នុងស្នូក ឬក៏ជាអ្នកដែលស្មើនឹងព្រះយេហូវ៉ាក្នុងព្រះត្រីឯកភាពឡើយ។ ប្រាកដជា អត់ទេ គំនិតដែលខុសពីព្រះគម្ពីរបែបនេះ គឺបង្កើតគ្រឹះសំរាប់គ្រីស្ទានក្លែងក្លាយ។ ផ្ទុយទៅវិញ យើងបង្រៀនថាទ្រង់ជាបុរសឧត្តមបំផុតដែលបានរស់ ទ្រង់បានបូជាព្រះជន្មដ៏ល្អឥតខ្ចោះរបស់ទ្រង់សំរាប់យើង ហើយសព្វថ្ងៃនេះទ្រង់ជាស្តេចតែងតាំងរបស់ព្រះយេហូវ៉ា ដែលកំពុងតែសោយរាជ្យនៅស្ថានសួគ៌។ (រ៉ូម ៥:៨; វិវរណៈ ១១:១៥) បន្ថែមទៅទៀត យើងខិតខំជំរុញចិត្តសិស្សរបស់យើងឲ្យដើរតាមព្រះយេស៊ូ ព្រមទាំងឲ្យយកតម្រាប់តាមគុណសម្បត្ដិរបស់ទ្រង់។ (ពេត្រុសទី១ ២:២១) យើងចង់ឲ្យគេត្រូវជំរុញយ៉ាងខ្លាំង ដោយយតិភាពរបស់ទ្រង់ក្នុងកិច្ចបំរើ សេចក្ដីអាណិតអាសូររបស់ទ្រង់ចំពោះមនុស្សទុគ៌តដែលត្រូវគេជិះជាន់ សេចក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះមនុស្សដែលប្រព្រឹត្តអំពើបាប ដែលក្រោយមកមានចិត្តសោកសង្រេងដោយភាពមានទោសរបស់គេ និងសេចក្ដីក្លាហានដ៏មិនរេរារបស់ទ្រង់ ពេលដែលទ្រង់ជួបប្រទះនឹងការល្បងល។ ប្រាកដហើយ ព្រះយេស៊ូជាគ្រឹះមួយដ៏ប្រសើរលើសលុបមែន។ ក៏ប៉ុន្តែ តើមានអ្វីជាបន្ទាប់ទៀតនោះ?
ការសាងសង់ពីសម្ភារៈត្រឹមត្រូវ
៩. ទោះបីប៉ុលច្រើនតែធ្វើការចាក់គ្រឹះយ៉ាងណាក៏ដោយ តើគាត់បានមានការយកចិត្តទុកដាក់យ៉ាងណា ចំពោះអ្នកដែលបានទទួលសេចក្ដីពិតពីអ្វីដែលគាត់បានបង្រៀននោះ?
៩ ប៉ុលបានសរសេរថា៖ «បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក ដើម្បីនឹងធ្វើពីលើគ្រឹះនេះ នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសម្ដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា»។ (កូរិនថូសទី១ ៣:១២, ១៣) តើប៉ុលចង់និយាយថាម៉េច? សូមពិចារណានូវអ្វីដែលបានកើតមានឡើងមុន។ សាវ័កប៉ុលច្រើនតែបានធ្វើការចាក់គ្រឹះ។ ក្នុងដំណើរទាំងប៉ុន្មានជាសាសនទូត គាត់បានធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ទាំងប្រកាសប្រាប់ដល់មនុស្សជាច្រើនដែលមិនធ្លាប់ឮអំពីព្រះគ្រីស្ទ។ (រ៉ូម ១៥:២០) នៅពេលមនុស្សទទួលសេចក្ដីពិតដែលគាត់បានបង្រៀន នោះក្រុមជំនុំបានត្រូវបង្កើតឡើងដែរ។ ប៉ុលបានយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងអ្នកស្មោះត្រង់ទាំងនេះ។ (កូរិនថូសទី២ ១១:២៨, ២៩) ក៏ប៉ុន្តែ កិច្ចការរបស់គាត់តម្រូវឲ្យគាត់បន្តធ្វើដំណើរទៅទៀត។ ដូច្នេះ ក្រោយគាត់បានចំណាយពេលអស់១៨ខែក្នុងការចាក់គ្រឹះនៅក្រុងកូរិនថូស គាត់បានចាកចេញដើម្បីប្រកាសនៅក្រុងឯទៀត។ គាត់នៅតែចាប់អារម្មណ៍យ៉ាងខ្លាំងនូវរបៀបអ្នកដទៃបានបន្តកិច្ចការដែលគាត់បានធ្វើនៅកន្លែងនោះ។—កិច្ចការ ១៨:៨-១១; កូរិនថូសទី១ ៣:៦
១០, ១១. (ក) តើប៉ុលបានបង្ហាញភាពខុសគ្នារវាងសម្ភារៈសង់យ៉ាងដូចម្ដេច? (ខ) តើប្រហែលមានអាគារបែបណាខ្លះនៅក្រុងកូរិនថូសពីបុរាណ? (គ) តើអាគារបែបណាដែលប្រហែលមានលទ្ធភាពច្រើនជាងគេក្នុងការទ្រាំនឹងអគ្គីភ័យ ហើយតើនេះផ្ដល់គោលការណ៍អ្វីសំរាប់អ្នកគ្រីស្ទានដែលធ្វើឲ្យមានសិស្ស?
១០ អ្នកខ្លះដែលកំពុងតែសង់លើគ្រឹះដែលប៉ុលបានចាក់នោះ មិនបានធ្វើការនេះដោយរបៀបល្អទេ។ ដើម្បីលាតត្រដាងបញ្ហានេះ ប៉ុលបានប្រៀបធៀបរវាងសម្ភារៈសង់ពីរយ៉ាង គឺមាស ប្រាក់ និងត្បូងដ៏មានតម្លៃនៅម្ខាង ឈើ ចំបើង និងជញ្ជ្រាំងនៅម្ខាងទៀត។ អាគារមួយអាចត្រូវសង់ពីសម្ភារៈដែលមានគុណភាពល្អ ដែលអាចប្រើបានយូរ ហើយដែលធន់នឹងភ្លើង ឬក៏អាចត្រូវសង់ឡើងយ៉ាងប្រញាប់ប្រញាល់ទាំងប្រើសម្ភារៈដែលអាចប្រើប្រាស់បាន ដែលបណ្ដោះអាសន្ន ហើយដែលងាយស្រួលឆេះ។ ក្រុងមួយដែលធំដូចកូរិនថូស ប្រាកដជាសម្បូណ៌មានអាគារទាំងពីរប្រភេទនេះហើយ។ នៅទីនោះមានវិហារដ៏ធំសម្បើម ធ្វើពីដុំថ្មជ្រុងៗដ៏ធំដែលតាន់និងថ្លៃ ប្រហែលបានត្រូវតុបតែងនឹងមាសហើយប្រាក់នៅផ្នែកខ្លះៗ។b អាគារដ៏មាំទាំងនេះ ប្រហែលបានលេចឡើងយ៉ាងត្រដឹងខ្ពស់ជាងផ្ទះល្វែង ផ្ទះតូចៗ និងតូបផ្សារទាំងប៉ុន្មានដែលមានគ្រោងឈើដ៏គគ្រើមប្រក់ស្បូវ។
១១ តើអ្វីនឹងកើតឡើងចំពោះអាគារទាំងនេះក្នុងអគ្គីភ័យ? ចម្លើយនោះគឺជាក់ស្តែងនៅសម័យប៉ុលនិងសម័យយើងដែរ។ តាមការពិត ក្រុងកូរិនថូសបានត្រូវបង្ក្រាបនិងដុត ដោយឧត្តមសេនីយសាសន៍រ៉ូម ឈ្មោះម៉ាំមីអាស នៅឆ្នាំ១៤៦ ម.ស.យ.។ សំណង់ធ្វើពីឈើ ចំបើង ឬស្បូវជាច្រើនប្រាកដជាបានត្រូវបំផ្លាញចោលអស់។ ចុះយ៉ាងណាវិញចំពោះអាគារធ្វើពីថ្ម ដែលតុបតែងពីប្រាក់និងមាស? អាគារទាំងនេះប្រាកដជាបានគង់នៅជាមិនខាន។ សិស្សរបស់ប៉ុលនៅក្រុងកូរិនថូស ប្រហែលធ្លាប់ឆ្លងកាត់មុខអាគារបែបនេះរៀងរាល់ថ្ងៃ អាគារដ៏ល្អប្រពៃដែលគង់នៅបន្ទាប់ពីមហន្តរាយទាំងប៉ុន្មាន ដែលបានបំផ្លាញសំណង់ជិតខាងរបស់គេ។ ប៉ុលបានបញ្ជាក់ចំណុចរបស់គាត់យ៉ាងច្បាស់ណាស់ហ្ន៎! នៅពេលបង្រៀន យើងត្រូវចាត់ទុកខ្លួន ដូចជាអ្នកធ្វើកិច្ចការសាងសង់ដែរ។ យើងចង់ធ្វើការដោយប្រើសម្ភារៈដ៏ល្អ ថែមទាំងមាំបំផុត។ ដូច្នេះ កិច្ចការរបស់យើងនឹងមានលទ្ធភាពនៅយូរបាន។ តើសម្ភារៈដ៏មាំនោះជាអ្វី ហើយហេតុអ្វីបានជាការប្រើសម្ភារៈនោះ គឺជាការសំខាន់?
តើកិច្ចការរបស់អ្នកធន់នឹងភ្លើងបានទេ?
១២. ក្នុងន័យអ្វីដែលថាគ្រីស្ទានខ្លះនៅកូរិនថូស បានធ្វើការសាងសង់ដ៏ធ្វេសប្រហែស?
១២ យ៉ាងច្បាស់ហើយ ប៉ុលបានមានអារម្មណ៍ថា ពួកគ្រីស្ទានខ្លះនៅក្រុងកូរិនថូសកំពុងតែធ្វើការសាងសង់ តែមិនមាំទេ។ តើគេមានបញ្ហាអ្វីទៅ? ដូចបានបង្ហាញក្នុងបរិបទ ក្រុមជំនុំនេះបានត្រូវញាំញីទៅដោយភាពបែកបាក់គ្នា និងការកោតសរសើរចំពោះបុគ្គលិកលក្ខណៈរបស់មនុស្ស ទោះបីនេះធ្វើឲ្យខូចខាតដល់សាមគ្គីភាពនៃក្រុមជំនុំក៏ដោយ។ មនុស្សខ្លះបាននិយាយថា «ខ្លួនជាសិស្សរបស់ប៉ុល» រីឯអ្នកដទៃទទូចថា «ខ្លួនជារបស់អ័ប៉ុឡូស»។ អ្នកខ្លះហាក់ដូចជាគិតហួសហេតុអំពីប្រាជ្ញារបស់ខ្លួនគេផ្ទាល់។ វាមិនជារឿងដែលធ្វើឲ្យភ្ញាក់ផ្អើលទេ ដែលលទ្ធផលពីនេះ គឺជាបរិយាកាសនៃការគិតគូរខាងសាច់ឈាម ភាពនៅខ្ចីខាងវិញ្ញាណ និងការ«ឈ្លោះប្រកែក នឹងបាក់បែកគ្នា»។ (កូរិនថូសទី១ ១:១២; ៣:១-៤, ១៨) អាកប្បកិរិយាទាំងនេះ ពិតជាបានត្រូវសម្ដែងមកក្នុងសេចក្ដីបង្រៀន ដែលបានធ្វើនៅកិច្ចប្រជុំនិងក្នុងកិច្ចបំរើ។ លទ្ធផលគឺការបញ្ចុះបញ្ចូលឲ្យមានសិស្សរបស់គេ ដែលមានការធ្វេសប្រហែស ដូចកិច្ចការសាងសង់ដែលបានធ្វើឡើងដោយប្រើសម្ភារៈអន់ៗនោះដែរ។ វានឹងមិនអាចធន់នឹង«ភ្លើង»បានទេ។ តើប៉ុលបាននិយាយអំពីភ្លើងអ្វី?
១៣. តើភ្លើងក្នុងពាក្យប្រដូចរបស់ប៉ុលតំណាងអ្វី ហើយតើគ្រីស្ទានទាំងអស់ត្រូវដឹងអ្វីខ្លះ?
១៣ ក្នុងជីវិតមានភ្លើងម្យ៉ាងដែលយើងទាំងអស់គ្នាត្រូវតែប្រឈមមុខ គឺជាការល្បងលនូវជំនឿរបស់យើង។ (យ៉ូហាន ១៥:២០; យ៉ាកុប ១:២, ៣) ពួកគ្រីស្ទាននៅក្រុងកូរិនថូសត្រូវដឹង ដូចយើងសព្វថ្ងៃនេះក៏ត្រូវដឹងដែរថា មនុស្សគ្រប់រូបដែលយើងបង្រៀនសេចក្ដីពិតនឹងត្រូវល្បងល។ បើសិនជាយើងបង្រៀនដោយគ្មានរបៀប ប្រហែលនឹងមានផលវិបាក។ ប៉ុលបានព្រមានថា៖ «បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់ បើការដែលអ្នកណាធ្វើត្រូវឆេះ អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង»។c—កូរិនថូសទី១ ៣:១៤,១៥
១៤. (ក) តើយ៉ាងណាដែលពួកគ្រីស្ទានដែលបញ្ចុះបញ្ចូលឲ្យមានសិស្ស អាច«ត្រូវខាត» ក៏ប៉ុន្តែតើយ៉ាងដូចម្ដេចគេអាចទទួលសេចក្ដីសង្គ្រោះដូចដើរកាត់ភ្លើង? (ខ) តើយើងអាចបន្ថយលទ្ធភាពនៃការខាតបង់យ៉ាងដូចម្ដេច?
១៤ នោះជាពាក្យធ្ងន់ធ្ងរមែនទែន! វាអាចជាការដែលបញ្ឈឺចិត្តយើងណាស់ ដើម្បីខិតខំនឿយហត់ជួយម្នាក់ទៀតឲ្យបានទៅជាអ្នកកាន់តាម ហើយក្រោយមកឃើញបុគ្គលនោះ ចាញ់នឹងការល្បួងឬក៏ការបៀតបៀន ហើយបន្ទាប់មកចាកចេញពីផ្លូវនៃសេចក្ដីពិតនោះ។ ប៉ុលបានទទួលស្គាល់សេចក្ដីនោះពេលគាត់បាននិយាយថា យើងត្រូវខាតក្នុងករណីបែបនេះ។ បទពិសោធន៍នេះប្រហែលអាចធ្វើឲ្យយើងឈឺចាប់ដល់ម្ល៉េះ ដែលសេចក្ដីសង្គ្រោះរបស់យើងត្រូវពិពណ៌នាថា«ដូចជាដើរកាត់ភ្លើង» ដូចបុរសម្នាក់ដែលបានបាត់បង់អ្វីទាំងអស់ក្នុងភ្លើង ដែលទើបនឹងបានសង្គ្រោះ។ ចុះចំណែកយើងវិញ តើយើងអាចបន្ថយលទ្ធភាពនៃការខាតបង់បានយ៉ាងដូចម្ដេច? ចូរសាងសង់ដោយប្រើសម្ភារៈដ៏មាំមួន! បើយើងបង្រៀនសិស្សរបស់យើង ដោយរបៀបដែលនឹងមានអនុភាពលើចិត្តរបស់គេ ទាំងជំរុញគេឲ្យរាប់ទុកគុណសម្បត្ដិគ្រីស្ទានដ៏មានតម្លៃ ដូចជាប្រាជ្ញា ការវិនិច្ឆ័យ ការកោតខ្លាចព្រះយេហូវ៉ា ហើយសេចក្ដីជំនឿពិតប្រាកដ ដូច្នេះយើងកំពុងតែសាងសង់ដោយប្រើសម្ភារៈដ៏មាំមួន និងដែលអាចធន់នឹងភ្លើងបាន។ (ទំនុកដំកើង ១៩:៩, ១០; សុភាសិត ៣:១៣-១៥; ពេត្រុសទី១ ១:៦, ៧) អស់អ្នកដែលទទួលយកគុណសម្បត្ដិទាំងនេះ នឹងបន្តក្នុងការប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះ ហើយចំណែករបស់គេ គឺជាសេចក្ដីសង្ឃឹមដើម្បីរស់នៅជារៀងរហូត។ (យ៉ូហានទី១ ២:១៧) ក៏ប៉ុន្តែ តើយើងអាចអនុវត្តតាមពាក្យប្រៀបប្រដូចរបស់ប៉ុលយ៉ាងណា ដើម្បីទទួលប្រយោជន៍? សូមពិចារណាមើលឧទាហរណ៍ខ្លះៗ។
១៥. តើតាមរបៀបណា ដែលយើងអាចជៀសវាងពីការសាងសង់យ៉ាងធ្វេសប្រហែស ចំពោះសិស្សព្រះគម្ពីររបស់យើង?
១៥ នៅពេលយើងបង្រៀនសិស្សព្រះគម្ពីរ យើងមិនគួរលើកដំកើងមនុស្សខ្ពស់ជាងព្រះទាល់តែសោះ។ គោលបំណងរបស់យើង មិនមែនដើម្បីឲ្យគេចាត់ទុកយើងជាប្រភពដើមនៃប្រាជ្ញាទេ។ យើងចង់ឲ្យគេពឹងពាក់លើព្រះយេហូវ៉ា បន្ទូលរបស់ទ្រង់ និងអង្គការរបស់ទ្រង់ដើម្បីទទួលការណែនាំ។ ដើម្បីឲ្យកើតឡើងដូច្នេះ យើងមិនឲ្យទស្សនៈរបស់យើងផ្ទាល់ឆ្លើយសំនួររបស់គេទេ។ ផ្ទុយទៅវិញ យើងបង្រៀនគេឲ្យស្វែងរកចម្លើយ ដោយការប្រើព្រះគម្ពីរហើយប្រកាសនវត្ថុផ្សេងៗ ដែល‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›បានប្រគល់ឲ្យ។ (ម៉ាថាយ ២៤:៤៥-៤៧) សំរាប់មូលហេតុស្រដៀងនេះ យើងត្រូវប្រុងប្រយ័ត្ន ពីព្រោះយើងមិនមានភាពជាម្ចាស់លើសិស្សព្រះគម្ពីររបស់យើងទេ។ ជាជាងតូចចិត្តនៅពេលអ្នកដទៃបង្ហាញការចាប់អារម្មណ៍នឹងគេ យើងគួរលើកទឹកចិត្តសិស្សរបស់យើងឲ្យ«បើកចិត្តឲ្យទូលាយឡើង»ក្នុងសេចក្ដីស្រឡាញ់របស់គេ ទាំងស្គាល់និងរាប់អានអ្នកផ្សេងៗក្នុងក្រុមជំនុំដល់កំរិតណា ដែលគេអាចធ្វើទៅបាន។—កូរិនថូសទី២ ៦:១២, ១៣
១៦. តើយ៉ាងដូចម្ដេចដែលពួកអ្នកចាស់ទុំអាចធ្វើការសាងសង់ នឹងសម្ភារៈដែលអាចធន់នឹងភ្លើង?
១៦ ពួកអ្នកចាស់ទុំគ្រីស្ទានមានមុខនាទីសំខាន់ណាស់ ក្នុងការសាងសង់ពួកអ្នកកាន់តាម។ នៅពេលពួកគេបង្រៀនក្នុងក្រុមជំនុំ គេខិតខំសង់ដោយប្រើសម្ភារៈដែលអាចធន់នឹងភ្លើងបាន។ សមត្ថភាពបង្រៀន ការពិសោធន៍ និងបុគ្គលិកលក្ខណៈរបស់គេប្រហែលខុសគ្នាឆ្ងាយ ប៉ុន្តែពួកគេមិនឆ្លៀតយកប្រយោជន៍ពីនេះ ដើម្បីទាញមនុស្សឲ្យតាមគេទេ។ (ប្រៀបធៀប កិច្ចការ ២០:២៩, ៣០) យើងមិនដឹងច្បាស់នូវមូលហេតុដែលអ្នកខ្លះនៅក្រុងកូរិនថូសបាននិយាយថា «ខ្លួនជាសិស្សរបស់ប៉ុល» ឬក៏«ខ្លួនជារបស់អ័ប៉ុឡូស»។ ប៉ុន្តែយើងអាចដឹងប្រាកដថាអ្នកចាស់ទុំដ៏ស្មោះត្រង់ទាំងពីរនេះ ក៏មិនបានបង្កើតឲ្យមានគំនិតដែលនាំឲ្យបែកបាក់គ្នាបែបនេះដែរ។ ប៉ុលមិនបានត្រូវបញ្ជោរដោយមតិបែបនេះ គាត់បានបដិសេធមតិនោះយ៉ាងខ្លាំងក្លា។ (កូរិនថូសទី១ ៣:៥-៧) សព្វថ្ងៃនេះក៏ដូចគ្នាដែរ ពួកអ្នកចាស់ទុំចាំថា គេឃ្វាល«ហ្វូងចៀមរបស់ព្រះ»។ (ពេត្រុសទី១ ៥:២) គឺមិនជារបស់ផងមនុស្សម្នាក់នោះទេ។ ដូច្នេះ ពួកអ្នកចាស់ទុំឈរឲ្យមាំទាស់នឹងភាពទោរទន់ ដើម្បីឲ្យម្នាក់ត្រួតត្រាលើហ្វូងចៀមនោះ ឬក៏ក្រុមពួកអ្នកចាស់ទុំ។ ដរាបណាពួកអ្នកចាស់ទុំត្រូវជំរុញដោយសេចក្ដីប៉ងប្រាថ្នាដ៏រាបទាប ដើម្បីបំរើក្រុមជំនុំដែលជំរុញចិត្តគេ ហើយជួយចៀមនោះ បំរើព្រះយេហូវ៉ាទាំងចិត្តទាំងថ្លើម នោះពួកគេកំពុងតែសាងសង់នឹងសម្ភារៈ ដែលអាចធន់នឹងភ្លើងបាន។
១៧. តើយ៉ាងដូចម្ដេចដែលឪពុកម្ដាយគ្រីស្ទាន ព្យាយាមសង់ដោយប្រើសម្ភារៈដែលអាចធន់នឹងភ្លើង?
១៧ ឪពុកម្ដាយគ្រីស្ទានក៏យកចិត្តទុកដាក់យ៉ាងខ្លាំងនូវរឿងនេះដែរ។ ពួកគេប្រាថ្នាចង់ឃើញកូនរបស់គេរស់នៅរៀងរហូតទៅ! នេះជាមូលហេតុគេធ្វើការ‹បង្ហាត់បង្រៀន›យ៉ាងនឿយហត់នូវគោលការណ៍ ពីបន្ទូលរបស់ព្រះដល់ចិត្តកូនរបស់គេ។ (ចោទិយកថា ៦:៦, ៧) ពួកគេចង់ឲ្យកូនគេដឹងសេចក្ដីពិត មិនគ្រាន់តែរាប់នោះជាប្រព័ន្ធច្បាប់មួយឬក៏តារាងហេតុការណ៍ប៉ុណ្ណោះទេ ក៏ប៉ុន្តែជារបៀបរស់នៅម្យ៉ាងដែលពេញលេញ ជារង្វាន់ដែលប្រកបដោយសុភមង្គល។ (ធីម៉ូថេទី១ ១:១១) ដើម្បីសាងសង់កូនរបស់គេជាអ្នកកាន់តាមព្រះយេស៊ូដ៏ស្មោះត្រង់ ឪពុកម្ដាយដែលប្រកបដោយសេចក្ដីស្រឡាញ់ នឹងខិតខំប្រើសម្ភារៈដែលអាចធន់នឹងភ្លើង។ គេសហការណ៍ជាមួយនឹងកូនរបស់គេ ដើម្បីជួយគេកំចាត់លក្ខណៈណាដែលព្រះយេហូវ៉ាស្អប់ ហើយនឹងបណ្ដុះបណ្ដាលឲ្យមានគុណសម្បត្ដិដែលទ្រង់ស្រឡាញ់។—កាឡាទី ៥:២២, ២៣
តើអ្នកណាទទួលខុសត្រូវ?
១៨. នៅពេលសិស្សម្នាក់បដិសេធនូវសេចក្ដីបង្រៀនដ៏មានប្រយោជន៍ តើហេតុអ្វីប្រហែលមិនមែនជាកំហុសរបស់អ្នកដែលខិតខំជួយនឹងបង្ហាត់គាត់?
១៨ ការពិភាក្សានេះលើកឡើងនូវសំនួរដ៏សំខាន់មួយ។ បើអ្នកដែលយើងខំប្រឹងជួយ បានចាកចេញពីសេចក្ដីពិត តើនេះមានន័យថា យើងបានទទួលបរាជ័យក្នុងការធ្វើជាគ្រូ និងថាយើងត្រូវបានសាងសង់ ដោយប្រើសម្ភារៈដែលមានគុណភាពអន់ឬ? ប្រហែលមិនអញ្ចឹងទេ។ សំដីរបស់ប៉ុលពិតជារំឭកយើងឲ្យដឹងថា ការចូលរួមការសាងសង់ឲ្យមានសិស្សជាភារកិច្ចដ៏ធ្ងន់ធ្ងរ។ យើងព្យាយាមអស់ពីសមត្ថភាពដើម្បីសាងសង់យ៉ាងល្អហើយ។ ក៏ប៉ុន្តែបន្ទូលរបស់ព្រះមិនចង់ប្រាប់ថា យើងត្រូវតែទទួលខុសត្រូវទាំងស្រុង ហើយទទួលបន្ទុកនៃទោស នៅពេលអ្នកដែលយើងខិតខំជួយ បែរចេញពីសេចក្ដីពិតនេះទេ។ គឺមានទាក់ទងកត្ដាផ្សេងៗទៀត ក្រៅពីមានមុខនាទីជាអ្នកសាងសង់នោះ។ ឧទាហរណ៍ សូមកត់សម្គាល់អ្វីដែលប៉ុលបាននិយាយ សូម្បីតែគ្រូណាដែលមិនបានធ្វើការយ៉ាងល្អក្នុងការសាងសង់នេះ៖ «អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច»។ (កូរិនថូសទី១ ៣:១៥) បើសិនបុគ្គលនេះនឹងទទួលសេចក្ដីសង្គ្រោះ រីឯបុគ្គលិកលក្ខណៈគ្រីស្ទានដែលគាត់ខិតខំសាងសង់ក្នុងសិស្សរបស់គាត់ បានត្រូវពិពណ៌នាថា«ត្រូវឆេះ» តើយើងត្រូវសន្និដ្ឋានយ៉ាងណា? ប្រាកដហើយ ព្រះយេហូវ៉ាចាត់ទុកសិស្សនោះ ជាប្រភពដើមនៃការសម្រេចចិត្តរបស់ខ្លួនគេផ្ទាល់ ថាតើគាត់នឹងដើរតាមផ្លូវមួយដ៏ស្មោះត្រង់ឬក៏មិនដើរនោះ។
១៩. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទជាបន្ទាប់?
១៩ ការទទួលខុសត្រូវផ្ទាល់ខ្លួននិងឯកត្តជនគឺជារឿងសំខាន់ណាស់។ រឿងនោះទាក់ទងនឹងយើងរៀងៗខ្លួន។ ជាពិសេស តើព្រះគម្ពីរបង្រៀនអំពីរឿងនេះយ៉ាងដូចម្ដេច? អត្ថបទជាបន្ទាប់របស់យើងនឹងពិចារណាមើលរឿងនេះ។
[កំណត់សម្គាល់]
a ‹គ្រឹះនៃផែនដី›ប្រហែលសំដៅទៅលើកម្លាំងធម្មជាតិដែលទ្រផែនដី និងតួអវកាសទាំងឡាយឲ្យជាប់នៅនឹងមួយកន្លែង។ បន្ថែមទៅទៀត ផែនដីបានត្រូវសង់តាមរបៀបនេះ ដែលវាមិន«រញ្ជួយ» ឬក៏មិនរងសេចក្ដីហិនវិនាសឡើយ។—ទំនុកដំកើង ១០៤:៥
b «ត្បូង»ដែលប៉ុលសំដៅទៅលើប្រហែលមិនមែនជាត្បូងដូចពេជ្រ និងត្បូងទទឹមទេ។ នោះអាចជាសម្ភារៈសង់ដ៏មានតម្លៃដូចថ្មកែវ ថ្មកែវឯកដែលមានសាច់ភ្លឺហើយទន់ ឬថ្មក្រានីត។
c ប៉ុលមិនទម្លាក់ការសង្ស័យទៅលើសេចក្ដីសង្គ្រោះរបស់ជាងសាងសង់ទេ ក៏ប៉ុន្តែលើ‹កិច្ចការ›របស់ជាងសាងសង់នោះវិញ។ ព្រះគម្ពីរក្នុងភាសាអង់គ្លេសថ្មី បានបកប្រែបទនេះថា៖ «បើសិនជាសំណង់របស់បុរសម្នាក់គង់មាននៅ គាត់នឹងទទួលរង្វាន់។ បើសិនជានោះឆេះខ្ទេច គាត់នឹងត្រូវទ្រាំការបាត់បង់ ក៏ប៉ុន្តែគាត់នឹងគេចទាំងមានជីវិត ដូចម្នាក់ដែលគេចភ្លើង»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើ«គ្រឹះ»ក្នុងគ្រីស្ទានពិតជាអ្វី ហើយតើបានត្រូវចាក់យ៉ាងដូចម្ដេច?
◻ តើយើងអាចរៀនអ្វីពីសម្ភារៈសាងសង់ផ្សេងៗ?
◻ តើភ្លើងតំណាងអ្វី ហើយតើភ្លើងនោះអាចធ្វើឲ្យអ្នកខ្លះ«ត្រូវខាត»យ៉ាងដូចម្ដេច?
◻ តើតាមរបៀបណាដែលអ្នកបង្រៀនព្រះគម្ពីរ ពួកអ្នកចាស់ទុំ ហើយឪពុកម្ដាយអាចសាងសង់ដោយប្រើសម្ភារៈដែលអាចធន់នឹងភ្លើងបាន?
[រូបភាពនៅទំព័រ៩]
នៅក្រុងបុរាណខ្លះ អាគារថ្មដែលអាចធន់នឹងភ្លើងបាននៅជាមួយនឹងសំណង់ដែលមិនមាំ