ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា!
«ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ»។—ភីលីព ២:១២
១, ២. តើគំនិតដ៏ប្រជាប្រិយអ្វីខ្លះដែលបាននាំឲ្យមនុស្សមានអារម្មណ៍ថា គេគ្មានភាពម្ចាស់ការលើអ្វីដែលនឹងកើតមានឡើងក្នុងជីវិតរបស់គេ?
«តើអ្នកបានកើតមកអ៊ីចឹងទេ»? នៅពេលថ្មីៗនេះ សំនួរនេះបានត្រូវបោះពុម្ពនៅលើក្របទស្សនាវដ្ដីដ៏ប្រជាប្រិយមួយ។ នៅក្រោមចំណងជើងនោះ មានពាក្យពេចន៍ថា៖ «លក្ខណៈសម្បត្ដិ ចរិតលក្ខណៈ សូម្បីតែការជ្រើសរើសក្នុងជីវិត។ ការស្រាវជ្រាវថ្មីបានបង្ហាញថា នេះច្រើនតែបានមកពីតំណពូជ»។ ការអះអាងបែបនេះធ្វើឲ្យមនុស្សខ្លះគិតថាពួក គេគ្មានភាពម្ចាស់ការលើជីវិតគេផ្ទាល់ឡើយ។
២ អ្នកដទៃក៏ខ្លាចដែរថា កង្វះខាងការចិញ្ចឹមអប់រំពីឪពុកម្ដាយ ឬក៏កង្វះខាងការបង្រៀនពីគ្រូរបស់គេបានកាត់ទោសគេ ឲ្យមានជីវិតដែលប្រកបដោយអពមង្គល។ ប្រហែលគេមានអារម្មណ៍ថាគេបានត្រូវរងកម្ម ឲ្យត្រាប់តាមកំហុសរបស់ឪពុកម្ដាយពួកគាត់ ដែលធ្វើតាមចំណង់ដ៏អាក្រក់បំផុតរបស់គេ ហើយក្រោយមកលែងស្មោះត្រង់នឹងព្រះយេហូវ៉ា បើនិយាយឲ្យចំ បានត្រូវរងកម្មដោយធ្វើការជ្រើសរើសមិនល្អ។ តើនេះជាអ្វីដែលព្រះគម្ពីរបង្រៀនទេ? តាមពិតទៅ មានអ្នកកាន់សាសនាខ្លះដែលទទូចថាព្រះគម្ពីរបង្រៀនរឿងស្រដៀងនេះ គឺជាលទ្ធិនៃព្រេងវាសនា។ យោងទៅតាមលទ្ធិនេះ ព្រះបានកំណត់ជាយូរមកហើយនូវព្រឹត្ដិការណ៍ទាំងអស់ក្នុងជីវិតរបស់អ្នក។
៣. តើព្រះគម្ពីរមានសារដែលលើកចិត្តអ្វីអំពីសមត្ថភាពរបស់យើង ដើម្បីទទួលខុសត្រូវចំពោះអនាគតរបស់យើង?
៣ គំនិតនេះទាំងអស់មានសារដូចគ្នា៖ គឺថាអ្នកមានការជ្រើសរើសនិងម្ចាស់ការលើខ្លួនឯងតែបន្ដិចទេទៅលើអ្វីដែលកើតឡើងក្នុងជីវិតរបស់អ្នក។ នេះគឺជាសារដែលធ្វើឲ្យធ្លាក់ទឹកចិត្តណាស់ មែនទេ? ហើយការធ្លាក់ទឹកចិត្តធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ឡើងៗ។ សុភាសិត ២៤:១០ ប្រាប់ថា៖ «បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។ ក៏ប៉ុន្តែយើងត្រូវលើកទឹកចិត្តវិញ ដោយដឹងថាយោងទៅតាមព្រះគម្ពីរយើងអាច‹បង្ហើយសេចក្ដីសង្គ្រោះរបស់យើង›។ (ភីលីព ២:១២) តើយ៉ាងដូចម្ដេចដែលយើងអាចពង្រឹងការទុកចិត្តរបស់យើង លើសេចក្ដីបង្រៀនព្រះគម្ពីរដ៏វិជ្ជមាននេះ?
កិច្ចការសាងសង់ដែលយើងធ្វើក្នុងខ្លួនយើង
៤. ទោះបីកូរិនថូសទី១ ៣:១០-១៥ និយាយអំពីការសាងសង់ដោយប្រើសម្ភារៈដែលអាចធន់នឹងភ្លើងក៏ដោយ តើនេះសំដៅទៅលើវាយ៉ាងដូចម្ដេច?
៤ សូមពិចារណាមើលពាក្យប្រៀបប្រដូចរបស់សាវ័កប៉ុល នៅកូរិនថូសទី១ ៣:១០-១៥។ គាត់បាននិយាយអំពីកិច្ចការសាងសង់គ្រីស្ទាន ហើយគោលការណ៍នៃពាក្យប្រៀបប្រដូចរបស់គាត់ អាចទាក់ទងនឹងកិច្ចបំរើខាងក្នុងហើយខាងក្រៅ។ តើប៉ុលនិយាយបញ្ឆិតបញ្ឆៀងថា បើសិស្សម្នាក់នៅទីបំផុតសម្រេចចិត្តថាគេនឹងបំរើព្រះយេហូវ៉ាហើយធ្វើតាមនឹងការសម្រេចនោះ តើគាត់និយាយបញ្ឆិតបញ្ឆៀង ថា នេះសំដៅទៅលើទំនួលខុសត្រូវរបស់អ្នក ដែលបានបង្រៀននិងបង្ហាត់អ្នកនោះទេ? អត់ទេ។ ប៉ុលបានបញ្ជាក់នូវភាពសំខាន់នៃការធ្វើកិច្ចការសាងសង់ដ៏ល្អបំផុតដែលអាចធ្វើទៅបាន។ ក៏ប៉ុន្តែ ដូចយើងបានរៀនក្នុងអត្ថបទមុន គាត់មិននិយាយថាសិស្សឬក៏អ្នកកាន់តាមគ្មានសិទ្ធិសម្រេចក្នុងរឿងនេះទេ។ ពិតមែនហើយ ពាក្យប្រៀបប្រដូចរបស់ប៉ុលបានបញ្ជាក់អំពីកិច្ចការដែលយើងធ្វើក្នុងអ្នកដទៃ មិនមែនការសាងសង់ឡើងក្នុងខ្លួនយើងទេ។ នេះគឺការជាក់ស្តែងពីព្រោះប៉ុលបាននិយាយថា កិច្ចការសាងសង់ដ៏ធ្វេសប្រហែសនឹងត្រូវកំទេចចោល រីឯជាងសង់វិញនឹងត្រូវបានសង្គ្រោះ។ ក៏ប៉ុន្តែ ព្រះគម្ពីរប្រើពាក្យប្រៀបធៀបដូចគ្នាដែរ ដើម្បីសំដៅទៅលើការសាងសង់ដែលយើងធ្វើក្នុងខ្លួនយើង។
៥. តើមានបទគម្ពីរអ្វីដែលបង្ហាញថា ពួកគ្រីស្ទានត្រូវតែធ្វើកិច្ចការ‹សាងសង់›ខ្លួនគេ?
៥ ឧទាហរណ៍ សូមពិចារណាមើលយូដាស ២០, ២១៖ «អ្នករាល់គ្នា ជាពួកស្ងួនភ្ងាអើយ ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ . . . ដោយស្អាងចិត្តឡើងក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា»។ ក្នុងបទនេះ យូដាសប្រើពាក្យភាសាក្រិកសំរាប់ការ«ស្អាង» ដូចពាក្យដែលប៉ុលប្រើក្នុងកូរិនថូសទី១ ជំពូកទី៣។ ប៉ុន្តែចំណុចរបស់គាត់ទំនងជាឲ្យយើងសាងសង់ខ្លួនយើងនៅលើគ្រឹះនៃជំនឿរបស់យើង។ នៅពេលលូកាបានកត់ពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីបុរសម្នាក់ដែលបានសង់ផ្ទះគាត់នៅលើថ្ម គាត់ប្រើពាក្យក្រិកសំរាប់«គ្រឹះ»ដែលប៉ុលប្រើក្នុងពាក្យប្រៀបប្រដូចរបស់គាត់អំពីការសង់គ្រីស្ទាន។ (លូកា ៦:៤៨, ៤៩) ម្យ៉ាងទៀត ប៉ុលប្រើជាអត្ថបដិរូបអំពីការសង់លើ«គ្រឹះ» នៅពេលដែលគាត់បានដាស់តឿនពួកគ្រីស្ទានឯទៀត ឲ្យធ្វើការលូតលាស់ខាងវិញ្ញាណ។ មែនហើយ បន្ទូលរបស់ព្រះបង្រៀនថា យើងធ្វើការ‹សាងសង់›ក្នុងខ្លួនយើង។—អេភេសូរ ៣:១៥-១៩; កូល៉ុស ១:២៣; ២:៧
៦. (ក) សូមឲ្យឧទាហរណ៍មួយ អំពីរបៀបដែលសិស្សគ្រីស្ទានម្នាក់ៗ ជាលទ្ធផលមកពីការសហការសង់។ (ខ) តើសិស្សនិមួយៗត្រូវតែទទួលខុសត្រូវអំពីអ្វី?
៦ តើការសាងសង់គ្រីស្ទានជាការងារដែលបុគ្គលម្នាក់ អាចធ្វើដោយខ្លួនគេតែប៉ុណ្ណោះឬ? សូមនឹកគិតថាអ្នកបានសម្រេចចិត្តសង់ផ្ទះមួយ។ អ្នកទៅជួប‹វិស្វករខាងគូរប្លង់›ម្នាក់សំរាប់គម្រោងការណ៍នោះ។ ទោះបីអ្នកបំរុងធ្វើការនោះភាគច្រើនដោយខ្លួនឯងក៏ដោយ អ្នកត្រូវជួលអ្នកម៉ៅការម្នាក់ដើម្បីសហការជាមួយអ្នក ហើយឲ្យយោបល់អំពីវិធីដែលល្អបំផុត។ បើសិនជាគាត់ចាក់គ្រឹះដ៏មាំ និងជួយអ្នកឲ្យយល់ពីគម្រោងការណ៍ហើយ ឲ្យយោបល់អំពីសម្ភារៈដ៏ល្អបំផុតដើម្បីទិញ ព្រមទាំងបង្រៀនអ្នកជាច្រើនអំពីកិច្ចការសាងសង់ក៏ដោយ ប្រហែលអ្នកនឹងយល់ស្របថាគាត់បានធ្វើការយ៉ាងល្អមែន។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញ បើសិនជាអ្នកមិនអើពើនឹងយោបល់របស់គាត់ ទិញសម្ភារៈដែលមានគុណភាពអន់ឬក៏ថោក ហើយធ្វើផ្ទុយពីគម្រោងរបស់វិស្វករខាងគូរប្លង់នោះ? ប្រាកដជាអ្នកនឹងមិនបន្ទោសអ្នកម៉ៅការ ឬក៏វិស្វករខាងគូរប្លង់នោះទេបើផ្ទះនោះបានរលំ! ស្រដៀងគ្នាដែរ គម្រោងសហការនៃកិច្ចការសាងសង់នេះ ចេញជាលទ្ធផលគឺជាសិស្សគ្រីស្ទាននិមួយៗ។ ព្រះយេហូវ៉ាគឺជាមេវិស្វករខាងគូរប្លង់។ ទ្រង់គាំទ្រគ្រីស្ទានដ៏ស្មោះត្រង់ណាដែលបង្រៀននិងស្អាងចិត្តរបស់សិស្សម្នាក់ឲ្យក្លាយទៅជា«អ្នកធ្វើការជាមួយនឹងព្រះ»។ (កូរិនថូសទី១ ៣:៩) ក៏ប៉ុន្តែ សិស្សនោះត្រូវជាប់ទាក់ទងរឿងនេះដែរ។ នៅទីបំផុត គាត់នឹងត្រូវទទួលខុសត្រូវសំរាប់ដំណើរជីវិតរបស់គាត់ផ្ទាល់។ (រ៉ូម ១៤:១២) បើសិនជាគាត់ចង់មានគុណសម្បត្ដិគ្រីស្ទានដ៏ល្អប្រសើរ គាត់ត្រូវតែកសាងគុណសម្បត្ដិនោះដោយខ្លួនគាត់។—ពេត្រុសទី២ ១:៥-៨
៧. តើគ្រីស្ទានខ្លះប្រឈមមុខនឹងការពិបាកអ្វី ហើយតើអ្វីអាចសម្រាលទុក្ខរបស់គេ?
៧ ដូច្នេះ តើនេះមានន័យថា តំណពូជហើយ បរិស្ថាន និងគុណភាពនៃគ្រូបង្រៀនរបស់យើងគ្មានន័យទេឬ? ពិតជាមិនអញ្ចឹងទេ។ បន្ទូលរបស់ព្រះទទួលស្គាល់ថា យើងម្នាក់ៗគឺសំខាន់ហើយមានអានុភាព។ ភាពទោរទន់ជាច្រើនទៅរកអំពើបាបដែលអវិជ្ជមាន គឺមានពីកំណើតហើយអាចពិបាកនឹងទប់ណាស់។ (ទំនុកដំកើង ៥១:៥; រ៉ូម ៥:១២; ៧:២១-២៣) ការចិញ្ចឹមអប់រំពីឪពុកម្ដាយហើយបរិយាកាសក្នុងផ្ទះអាចមានឥទ្ធិពលខ្លាំងលើយុវជនដើម្បីអាចក្លាយជាល្អឬអាក្រក់។ (សុភាសិត ២២:៦; កូល៉ុស ៣:២១) ព្រះយេស៊ូបានស្តីបន្ទោសពួកអ្នកដឹកនាំសាសនាយូដាសំរាប់អានុភាពដ៏អាក្រក់ ដែលការបង្រៀនរបស់គេបានមានលើអ្នកដទៃ។ (ម៉ាថាយ ២៣:១៣, ១៥) សព្វថ្ងៃនេះ កត្ដាបែបនេះមានអានុភាពលើយើងទាំងអស់គ្នា។ ឧទាហរណ៍ អ្នកខ្លះនៃរាស្ត្ររបស់ព្រះប្រឈមមុខនឹងការពិបាក ដែលមានតាំងពីកុមារភាពមកម្ល៉េះ។ មនុស្សបែបនេះត្រូវការឲ្យយើងបង្ហាញភាពសប្បុរសនិងការយល់ចិត្ត។ ហើយគេអាចទទួលការសម្រាលទុក្ខពីសារព្រះគម្ពីរ ដែលថាគេគ្មានគ្រោះកម្ម ដើម្បីត្រាប់តាមកំហុសរបស់ឪពុកម្ដាយគេឬក៏លែងស្មោះត្រង់។ សូមពិចារណាមើលស្តេចយូដាខ្លះដើម្បីផ្ដល់ឧទាហរណ៍មួយអំពីចំណុចនេះ។
ពួកស្តេចរបស់សាសន៍យូដា—ពួកគេបានធ្វើការជ្រើសរើសដោយខ្លួនគេ
៨. តើយ៉ូថាមមានគំរូដ៏មិនល្អអ្វីពីព្រះវរបិតារបស់ទ្រង់ ក៏ប៉ុន្តែតើទ្រង់បានធ្វើការជ្រើសរើសយ៉ាងណា?
៨ អូសៀសបានក្លាយទៅជាស្តេចយូដា នៅពេលទ្រង់មានព្រះជន្មវ័យក្មេង១៦ព្រះវស្សា ហើយទ្រង់បានសោយរាជ្យអស់៥២ឆ្នាំ។ ក្នុងរយៈពេលនេះទ្រង់ច្រើនតែ«បានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអ័ម៉ាស៊ីយ៉ា ជាបិតាទ្រង់ បានធ្វើដែរ»។ (ពង្សាវតារក្សត្រទី២ ១៥:៣) ព្រះយេហូវ៉ាបានប្រទានពរដល់ទ្រង់ ដោយឲ្យទ្រង់មានជ័យជំនះជាបន្តបន្ទាប់ក្នុងការធ្វើសង្គ្រាម។ ប៉ុន្តែ គួរឲ្យសោកស្ដាយមែន ការជោគជ័យរបស់ទ្រង់បានធ្វើឲ្យទ្រង់មានមោទនភាពហួសហេតុពេក។ ទ្រង់បានទៅជាក្រអឺតក្រទមហើយបានបះបោរនឹងព្រះយេហូវ៉ា ដោយការដុតកំញានថ្វាយព្រះលើអាសនៈនៅក្នុងព្រះវិហារ ដែលជាភារកិច្ចរបស់ពួកសង្ឃ។ អូសៀសបានត្រូវគេស្តីបន្ទោស ប៉ុន្តែទ្រង់បានមានព្រះទ័យក្រោធយ៉ាងខ្លាំង។ រួចមកទ្រង់បានត្រូវអាម៉ាសមុខ ដោយទ្រង់បានកើតឃ្លង់ ហើយបានត្រូវនិរទេសឲ្យនៅដាច់សង្វែងពីគេរហូតដល់អស់ព្រះជន្ម។ (របាក្សត្រទី២ ២៦:១៦-២៣) តើរាជបុត្ររបស់ទ្រង់យ៉ូថាមបានមានប្រតិកម្មយ៉ាងណាចំពោះរឿងទាំងនេះ? យុវបុរសនេះអាចបានទទួលអានុភាពពីព្រះវរបិតារបស់ទ្រង់យ៉ាងស្រួល ហើយអាចទៅជាខឹងនឹងការកែតម្រង់របស់ព្រះយេហូវ៉ា។ មនុស្សជាទូទៅប្រហែលបានផ្ដល់អានុភាពដ៏អវិជ្ជមានពីព្រោះ គេបានប្រព្រឹត្តតាមទំនៀមទំលាប់ពីសាសនាមិនពិត។ (ពង្សាវតារក្សត្រទី២ ១៥:៤) ក៏ប៉ុន្តែយ៉ូថាមបានធ្វើការជ្រើសរើសដោយខ្លួនឯង។ «ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា»។—របាក្សត្រទី២ ២៧:២
៩. តើអ្វីខ្លះបានជាអានុភាពល្អលើអ័ហាស ក៏ប៉ុន្តែ តើជីវិតរបស់ទ្រង់បានទៅជាយ៉ាងដូចម្ដេច?
៩ យ៉ូថាមបានសោយរាជ្យអស់១៦ឆ្នាំ ដោយនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ាក្នុងកំឡុងពេលនោះ។ ដូច្នេះ រាជបុត្ររបស់ទ្រង់នាមអ័ហាសមានគំរូដ៏ល្អប្រពៃមួយពីព្រះវរបិតាដ៏ស្មោះត្រង់។ ហើយអ័ហាសមានអានុភាពដ៏ល្អថែមទៀតដែរ។ ទ្រង់មានពរដែលរស់រានមានជីវិតក្នុងកាលអេសាយ ហូសេ និងមីកា ដែលជាពួកព្យាការីដ៏ស្មោះត្រង់ បានធ្វើការព្យាករណ៍យ៉ាងសកម្មនៅប្រទេសនោះ។ ក៏ប៉ុន្តែ ទ្រង់បានធ្វើការជ្រើសរើសដ៏អាក្រក់ទៅវិញ។ «ទ្រង់មិនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាឰយុកោទ្រង់ទេ»។ ទ្រង់បានធ្វើរូបព្រះបាលហើយថ្វាយបង្គំរូបនោះ សូម្បីតែបុត្ររបស់ទ្រង់ ក៏បានដុតថ្វាយដល់ព្រះពាហិរា។ ថ្វីបើបានមានអានុភាពដ៏ល្អបំផុតក៏ដោយ ទ្រង់បានទទួលបរាជ័យទាំងស្រុង ជាស្តេចនិងជាអ្នកបំរើព្រះយេហូវ៉ា។—របាក្សត្រទី២ ២៨:១-៤
១០. តើអ័ហាសជាបិតាបែបណា ក៏ប៉ុន្តែតើរាជបុត្ររបស់ទ្រង់ហេសេគាបានធ្វើការជ្រើសរើសយ៉ាងណា?
១០ តាមទស្សនៈនៃការថ្វាយបង្គំបរិសុទ្ធ ការនឹកគិតអំពីឪពុកម្នាក់ដែលមនុស្សអាក្រក់ជាងអ័ហាសគឺជាការពិបាកណាស់។ ក៏ប៉ុន្តែ រាជបុត្ររបស់ទ្រង់នាមហេសេគាមិនអាចធ្វើការជ្រើសរើសឪពុកសំរាប់ខ្លួនផ្ទាល់បានឡើយ! រាជបុត្រក្មេងទាំងប៉ុន្មានដែលអ័ហាសបានសម្លាប់ថ្វាយជាដង្វាយជូនព្រះបាល ប្រហែលជាពួកព្រះអនុជរបស់ទ្រង់។ តើប្រវត្ដិដ៏អាក្រក់ក្រៃលែងនេះ ផ្ដល់គ្រោះកម្មឲ្យហេសេគាមានជីវិតដ៏ឥតស្មោះត្រង់នឹងព្រះទេ? ផ្ទុយទៅវិញ ហេសេគាបានទៅជាស្តេចយូដាមួយនៃចំនួនមនុស្សភាគតិចដែលពិតជាឧត្តម បុរសដ៏ស្មោះត្រង់មានប្រាជ្ញា និងជាទីស្រឡាញ់។ «ព្រះយេហូវ៉ាក៏គង់ជាមួយនឹងទ្រង់ដែរ»។ (ពង្សាវតារក្សត្រទី២ ១៨:៣-៧) តាមការពិត មានមូលហេតុគួរឲ្យជឿថានៅពេលហេសេគាជារាជបុត្រក្មេង ទ្រង់បានត្រូវវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យសរសេរទំនុកដំកើង១១៩។ បើអញ្ចឹងមែន មិនមែនជាការពិបាកទេដើម្បីយល់មូលហេតុទ្រង់បានសរសេរពាក្យពេចន៍ថា៖ «ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត»។ (ទំនុកដំកើង ១១៩:២៨) ថ្វីបើទ្រង់មានបញ្ហាដែលធ្វើឲ្យទ្រង់ពិបាកចិត្តក្ដី ហេសេគាបានឲ្យបន្ទូលរបស់ព្រះយេហូវ៉ាដឹកនាំទ្រង់ក្នុងព្រះជន្មរបស់ទ្រង់។ ទំនុកដំកើង ១១៩:១០៥ ប្រាប់ថា៖ «ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង»។ ត្រូវមែន ហេសេគាបានធ្វើការជ្រើសរើសខ្លួនឯង គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ។
១១. (ក) ទោះបីមានអានុភាពដ៏ល្អពីព្រះវរបិតារបស់ទ្រង់ តើការបះបោរប្រឆាំងនឹងព្រះយេហូវ៉ារបស់ម៉ាន៉ាសេបានទៅដល់កំរិតណា? (ខ) តើម៉ាន៉ាសេបានធ្វើការជ្រើសរើសអ្វីនៅចុងព្រះជន្មរបស់ទ្រង់ ហើយតើយើងអាចរៀនអ្វីពីរឿងនេះ?
១១ ក៏ប៉ុន្តែស្តេចមួយដែលអាក្រក់ជាងគេបានកើតមក ពីស្តេចយូដាមួយដ៏ល្អបំផុតដែរ។ ព្រះរាជបុត្ររបស់ហេសេគានាមម៉ាន៉ាសេបានលើកដំកើងការថ្វាយបង្គំរូបព្រះ មន្តអាគម និងអំពើហឹង្សាដ៏គ្មានត្រាប្រណី ដល់កំរិតមិនដែលមានពីមុនមក។ ឯកសារចែងថា៖ «ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងម៉ាន៉ាសេ ហើយនឹងរាស្ត្រទ្រង់ដែរ» ហើយទំនងជាធ្វើឡើងតាមរយៈពួកព្យាការី។ (របាក្សត្រទី២ ៣៣:១០) យោងទៅតាមទំនៀមទំលាប់យូដា ម៉ាន៉ាសេបានមានប្រតិកម្មដោយបង្គាប់ឲ្យគេអារបណ្ដាច់រូបកាយ លោកសម្លាប់អេសាយ។ (ប្រៀបធៀប ហេព្រើរ ១១:៣៧) ទោះបីនេះជាពិតឬក៏មិនពិតក៏ដោយ ម៉ាន៉ាសេឥតបានស្ដាប់តាមការព្រមានទាំងអស់ពីព្រះឡើយ។ តាមពិតទៅ ទ្រង់បានបង្គាប់ឲ្យគេដុតរាជបុត្រខ្លះរបស់ទ្រង់ទាំងរស់ធ្វើជាយញ្ញបូជា ដូចព្រះឰយុកោរបស់ទ្រង់ នាមអ័ហាសបានធ្វើដែរ។ ក៏ប៉ុន្តែ បុរសដ៏អាក្រក់ជួជាតិនេះបានប្រែចិត្ត ពីការប្រព្រឹត្តរបស់ទ្រង់ នៅពេលទ្រង់បានប្រឈមការពិសោធន៍ដ៏ខ្លាំងក្លា ពេលទ្រង់មានព្រះជន្មជរា។ (របាក្សត្រទី២ ៣៣:១-៦, ១១-២០) គំរូរបស់ទ្រង់បង្រៀនយើងថា អ្នកដែលបានធ្វើការជ្រើសរើសដ៏អាក្រក់ គឺមិនទាន់ហួសក្នុងការរំដោះពីបាបទេ។ គឺគេអាចប្រែចិត្តបាន។
១២. តើអាំម៉ូននិងរាជបុត្រទ្រង់នាមយ៉ូសៀសបានធ្វើការជ្រើសរើសដែលផ្ទុយពីគ្នាអ្វីអំពីការបំរើព្រះយេហូវ៉ា?
១២ រាជបុត្ររបស់ម៉ាន៉ាសេនាម អាំម៉ូន អាចបានរៀនអ្វីជាច្រើនពីការប្រែចិត្តរបស់ព្រះវរបិតាទ្រង់។ ក៏ប៉ុន្តែទ្រង់បានធ្វើការជ្រើសរើសខុស។ ការពិត គឺអាំម៉ូនបាន«ប្រព្រឹត្តរំលងកាន់តែច្រើនឡើង» ទាល់តែទ្រង់បានត្រូវគេធ្វើគុតនៅទីបំផុត។ យ៉ូសៀសមានភាពផ្ទុយដ៏ល្អ។ តាមមើលទៅ យ៉ូសៀសបានសម្រេចចិត្តរៀនពីអ្វីដែលបានកើតមានឡើង ចំពោះព្រះឰយុកោរបស់ទ្រង់។ ទ្រង់បានចាប់ផ្ដើមសោយរាជ្យនៅពេលទ្រង់មានព្រះជន្មាយុប្រាំបីព្រះវស្សា។ នៅពេលទ្រង់មានអាយុ១៦ព្រះវស្សា ទ្រង់ចាប់ផ្ដើមស្វែងរកព្រះយេហូវ៉ា ហើយរួចមកបានបង្ហាញអង្គទ្រង់ជាស្តេចមួយដែលជាគំរូល្អ និងស្មោះត្រង់។ (របាក្សត្រទី២ ៣៣:២០–៣៤:៥) ទ្រង់បានធ្វើការជ្រើសរើស គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ។
១៣. (ក) តើយើងអាចរៀនអ្វីខ្លះពីពួកស្តេចយូដាដែលយើងបានពិចារណារួចមក? (ខ) តើការបង្ហាត់បង្រៀនពីឪពុកម្ដាយគឺជាសំខាន់យ៉ាងណា?
១៣ ការពិនិត្យយ៉ាងខ្លីនូវស្តេចយូដាប្រាំពីរអង្គ បង្រៀនយើងនូវគោលការណ៍មួយដ៏វិសេស។ ក្នុងករណីខ្លះ ពួកស្តេចដ៏អាក្រក់ជាងគេក៏អាចមានពួករាជបុត្រដ៏ល្អជាងគេ ហើយផ្ទុយទៅវិញ ពួកស្តេចដ៏ល្អជាងគេក៏អាចមានពួករាជបុត្រដ៏អាក្រក់ជាងគេដែរ។ (ប្រៀបធៀប សាស្ដា ២:១៨-២១) នេះមិនបានបន្ថយភាពសំខាន់នៃការបង្ហាត់បង្រៀនពីឪពុកម្ដាយទេ។ ឪពុកម្ដាយណាដែលបង្រៀនកូនគេតាមផ្លូវរបស់ព្រះយេហូវ៉ា ប្រាកដជាឲ្យកូនរបស់គេនូវឱកាសល្អបំផុត ដែលអាចឲ្យបានជាអ្នកបំរើព្រះយេហូវ៉ាដែលស្មោះត្រង់។ (ចោទិយកថា ៦:៦, ៧) ក៏ប៉ុន្តែ នៅតែមានកូនខ្លះដែលសម្រេចចិត្តដើរតាមផ្លូវខុស ទោះបីមានការខិតខំអស់ពីសមត្ថភាពពីឪពុកម្ដាយដ៏ស្មោះត្រង់ក៏ដោយ។ កូនឯទៀត ទោះបីមានអានុភាពដ៏អាក្រក់ជាងគេពីឪពុកម្ដាយរបស់គេក៏ដោយ ក៏គេនៅតែអាចសម្រេចចិត្តស្រឡាញ់ហើយបំរើព្រះយេហូវ៉ាបានដែរ។ ដោយមានពរពីទ្រង់ ពួកគេធ្វើឲ្យជីវិតរបស់គេទៅជាការជោគជ័យមួយ។ ជួនកាល តើអ្នកឆ្ងល់ថាករណីរបស់អ្នកនឹងទៅជាដូចមួយណាទេ? បើដូច្នេះ សូមពិចារណាមើលការធានារបស់ព្រះយេហូវ៉ាផ្ទាល់ ដែលថាអ្នកអាចធ្វើការជ្រើសរើសត្រឹមត្រូវ!
ព្រះយេហូវ៉ាទុកព្រះទ័យលើអ្នក!
១៤. តើយ៉ាងដូចម្ដេចដែលយើងដឹងថាព្រះយេហូវ៉ាយល់កំរិតរបស់យើង?
១៤ ព្រះយេហូវ៉ាមើលឃើញអ្វីទាំងអស់។ សុភាសិត ១៥:៣ ប្រាប់ថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង»។ ស្តេចដាវីឌមានបន្ទូលពីព្រះយេហូវ៉ាថា៖ «ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ»។ (ទំនុកដំកើង ១៣៩:១៦) ដូច្នេះ ព្រះយេហូវ៉ាដឹងអំពីភាពទោរទន់ដ៏អវិជ្ជមានរបស់យើងដែលយើងកំពុងតែតយុទ្ធ ទោះបីអ្នកបានទទួលនោះជាដំណែលឬក៏បានទទួលនោះជាលទ្ធផលនៃអានុភាពដទៃ ដែលហួសពីការកាន់កាប់របស់អ្នកក្ដី។ ទ្រង់យល់អំពីរបៀបដែលអ្វីទាំងនេះបានមានអានុភាពលើអ្នក។ ទ្រង់យល់នូវកំរិតរបស់អ្នកល្អជាងអ្នកទៅទៀត។ ហើយទ្រង់ប្រកបដោយមេត្ដាករុណា។ ទ្រង់មិនដែលតម្រូវអ្វីពីយើងដែលយើងមិនអាចធ្វើយ៉ាងសមហេតុសមផលនោះទេ។—ទំនុកដំកើង ១០៣:១៣, ១៤
១៥. (ក) តើអ្វីជាប្រភពនៃសេចក្ដីសម្រាលទុក្ខសំរាប់អ្នកដែលបានត្រូវបញ្ឈឺចិត្តដោយចេតនាដោយសារអ្នកដទៃ? (ខ) តើព្រះយេហូវ៉ាប្រទានកិត្ដិយសឲ្យយើងម្នាក់ៗដោយប្រទានឲ្យយើងនូវភារកិច្ចអ្វី?
១៥ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិនមានទស្សនៈថា យើងជាអ្នកដែលបានរងកាលៈទេសៈមិនល្អដោយគ្មានរបៀបរួចខ្លួននោះទេ។ បើសិនជាយើងមានបទពិសោធន៍ដ៏អាក្រក់នៅអតីតកាល យើងអាចទទួលសេចក្ដីសម្រាលទុក្ខពីការដឹងប្រាកដថា ព្រះយេហូវ៉ាស្អប់ចរិយាបែបនេះទាំងអស់ដែលបញ្ឈឺចិត្តដោយចេតនា។ (ទំនុកដំកើង ១១:៥; រ៉ូម ១២:១៩) ក៏ប៉ុន្តែ តើទ្រង់នឹងឲ្យយើងរួចពីទោសទេ បើយើងធ្វើការសម្រេចចិត្តអាក្រក់ដោយចេតនាទៅវិញ? អត់ទេ។ បន្ទូលរបស់ទ្រង់ប្រាប់ថា៖ «ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន»។ (កាឡាទី ៦:៥) ព្រះយេហូវ៉ាប្រទានកិត្ដិយសឲ្យសត្តនិករដ៏មានប្រាជ្ញារបស់ទ្រង់ នូវភារកិច្ចធ្វើល្អហើយបំរើទ្រង់។ គឺដូចអ្វីដែលម៉ូសេបានប្រាប់សាសន៍អ៊ីស្រាអែលថា៖ «អញអាងដល់ស្ថានសួគ៌នឹងផែនដីឲ្យធ្វើជាបន្ទាល់ ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត នឹងសេចក្ដីស្លាប់ ទាំងព្រះពរនឹងសេចក្ដីបណ្ដាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង»។ (ចោទិយកថា ៣០:១៩) ព្រះយេហូវ៉ាទុកចិត្តថាយើងអាចធ្វើការជ្រើសរើសដ៏ត្រឹមត្រូវដែរ។ តើតាមរបៀបណាដែលយើងដឹងនោះបាន?
១៦. តើយើងអាចទទួលការជោគជ័យក្នុងការ ‹បង្ហើយសេចក្ដីសង្គ្រោះរបស់យើង›យ៉ាងដូចម្ដេច?
១៦ សូមកត់សម្គាល់នូវអ្វីដែលសាវ័កប៉ុលបានសរសេរថា៖ «បានជា ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ . . . ដ្បិតគឺជាព្រះហើយ ដែលបណ្ដាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ»។ (ភីលីព ២:១២, ១៣) ពាក្យក្រិកដើមដែលបានត្រូវបកប្រែជា ‹បង្ហើយ› នៅទីនេះសំដៅទៅលើការបញ្ចប់អ្វីមួយ។ ដូច្នេះ គ្មានបុគ្គលណាម្នាក់ក្នុងចំណោមដែលរងគ្រោះកម្ម ទទួលបរាជ័យឬក៏បោះបង់ចោលឡើយ។ ព្រះយេហូវ៉ាមានទំនុកទុកចិត្តថា យើងអាចបង្ហើយកិច្ចការដែលទ្រង់បានប្រទានឲ្យយើងធ្វើ ជាកិច្ចការដែលនាំទៅដល់សេចក្ដីសង្គ្រោះរបស់យើង។ បើមិនអញ្ចឹងទេ នោះទ្រង់នឹងមិនបានបណ្ដាលឲ្យមានសេចក្ដីដូចនេះឡើយ។ ក៏ប៉ុន្តែ តើយើងទទួលការជោគជ័យយ៉ាងដូចម្ដេច? នោះមិនមែនដោយកម្លាំងរបស់យើងទេ។ បើយើងមានកម្លាំងគ្រប់គ្រាន់ក្នុងខ្លួន នោះមិនមានមូលហេតុសំរាប់ការ«កោតខ្លាច ហើយញាប់ញ័រ»នោះទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ា ‹បណ្ដាលចិត្តយើងរាល់គ្នា› ដោយវិញ្ញាណបរិសុទ្ធទ្រង់ធ្វើសកម្មភាពក្នុងគំនិតនិងចិត្តរបស់យើង ជួយយើង«មានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្ត»។ ពីព្រោះមានជំនួយដ៏ប្រកបដោយសេចក្ដីស្រឡាញ់បែបនេះ តើមានមូលហេតុដែលយើងមិនគួរធ្វើការជ្រើសរើសត្រឹមត្រូវ ក្នុងជីវិតហើយរស់នៅតាមសេចក្ដីនោះទេឬ? គឺឥតមានទេ!—លូកា ១១:១៣
១៧. តើយើងអាចធ្វើការកែប្រែអ្វីក្នុងខ្លួនយើង ហើយតើព្រះយេហូវ៉ាជួយយើងធ្វើនេះយ៉ាងដូចម្ដេច?
១៧ យើងនឹងមានឧបសគ្គដែលយើងត្រូវតែឈ្នះលើ ប្រហែលគឺជាជីវិតដែលពោរពេញទៅដោយទំនៀមទំលាប់ដ៏អាក្រក់ ហើយអានុភាពអាក្រក់ដទៃ ដែលអាចបង្ខូចគំនិតរបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ ដោយជំនួយពីវិញ្ញាណរបស់ព្រះយេហូវ៉ា យើងអាចឈ្នះលើអ្វីទាំងនេះនោះ! ដូចប៉ុលបានសរសេរឲ្យពួកគ្រីស្ទាននៅកូរិនថូស បន្ទូលរបស់ព្រះគឺខ្លាំងដល់កំរិតដែលអាចរំលំ សូម្បីតែ«ទីមាំមួន»។ (កូរិនថូសទី២ ១០:៤) តាមពិតទៅ ព្រះយេហូវ៉ាអាចជួយយើងធ្វើការប្រែប្រួលទាំងស្រុងក្នុងខ្លួនយើង។ បន្ទូលរបស់ទ្រង់ជំរុញឲ្យយើង«ដោះមនុស្សចាស់» ហើយ«ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ»។ (អេភេសូរ ៤:២២-២៤) តើវិញ្ញាណរបស់ព្រះពិតជាអាចជួយយើងធ្វើការប្រែប្រួលបែបនេះទេ? មែនហើយ! ព្រះវិញ្ញាណព្រះផលិតក្នុងយើង គឺជាគុណភាពដ៏ស្អាតនិងមានតម្លៃ ដែលយើងទាំងអស់គ្នាចង់បណ្ដុះឲ្យមាន។ ទីមួយក្នុងការទាំងនេះគឺជាសេចក្ដីស្រឡាញ់។—កាឡាទី ៥:២២, ២៣
១៨. តើការជ្រើសរើសអ្វីដែលមនុស្សម្នាក់ដែលចេះគិតហេតុផលមានសមត្ថភាពធ្វើ ហើយតើនេះគួរជួយយើងប្ដេជ្ញាអ្វី?
១៨ ក្នុងការនេះមានសេចក្ដីពិតដ៏ល្អប្រពៃមួយដែលនាំឲ្យមានសេរីភាព។ ព្រះយេហូវ៉ាមានសមត្ថភាពស្រឡាញ់ដែលគ្មានកំរិត ហើយយើងបានត្រូវបង្កើតមកតាមរូបអង្គទ្រង់។ (លោកុប្បត្តិ ១:២៦; យ៉ូហានទី១ ៤:៨) ដូច្នេះ យើងជ្រើសរើសស្រឡាញ់ព្រះយេហូវ៉ា។ ហើយសេចក្ដីស្រឡាញ់នោះ គឺជាកត្ដាសំខាន់បំផុតចំពោះអនាគតរបស់យើង។ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាគឺជាអ្វីដែលអ័ដាមនិងអេវ៉ាបានត្រូវការ ដើម្បីនៅស្មោះត្រង់ក្នុងសួនច្បារអេដែន។ សេចក្ដីស្រឡាញ់បែបនេះគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវការ ដើម្បីនៅរស់ក្រោយអើម៉ាគេដូន ហើយឈ្នះការល្បងលក្រោយបង្អស់នៅចុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូ។ (វិវរណៈ ៧:១៤; ២០:៥, ៧-១០) យើងម្នាក់ៗអាចបណ្ដុះបណ្ដាលសេចក្ដីស្រឡាញ់បែបនេះ ទោះបីកាលៈទេសៈរបស់យើងជាយ៉ាងណាក៏ដោយ។ (ម៉ាថាយ ២២:៣៧; កូរិនថូសទី១ ១៣:១៣) ចូរឲ្យយើងប្ដេជ្ញាស្រឡាញ់ព្រះយេហូវ៉ា ហើយសាងសង់លើសេចក្ដីស្រឡាញ់នោះជានិច្ចជាកាល។
តើអ្នកគិតយ៉ាងណា?
◻ តើគំនិតដ៏ប្រជាប្រិយអ្វីខ្លះដែលផ្ទុយ ពីសេចក្ដីបង្រៀនព្រះគម្ពីរអំពីទំនួលខុសត្រូវឯកត្តជន?
◻ តើការសាងសង់អ្វីដែលពួកគ្រីស្ទានត្រូវតែធ្វើក្នុងខ្លួនគេ?
◻ តើយ៉ាងដូចម្ដេចដែលគំរូរបស់ពួកស្តេចយូដាបង្ហាញថា មនុស្សម្នាក់ៗធ្វើការជ្រើសរើសដោយខ្លួនគេផ្ទាល់?
◻ តើយ៉ាងដូចម្ដេចដែលព្រះយេហូវ៉ាធានាឲ្យយើងដឹងថា យើងអាចធ្វើការជ្រើសរើសត្រឹមត្រូវក្នុងជីវិត ទោះបីមានអានុភាពដ៏អវិជ្ជមានជុំវិញយើងក៏ដោយ?
[រូបភាពនៅទំព័រ១៥]
តើអនាគតរបស់អ្នកបានត្រូវកំណត់ដោយតំណពូជឬ?
[រូបភាពនៅទំព័រ១៧]
ទោះបីមានគំរូដ៏អាក្រក់ពីព្រះវរបិតារបស់ទ្រង់ក៏ដោយស្តេចយ៉ូសៀសបានជ្រើសរើសថ្វាយបង្គំព្រះ