បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/១ ទំ. ១៧-២១
  • ចូរធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃក្នុងអំឡុងយុវវ័យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃក្នុងអំឡុងយុវវ័យ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​របស់​អ្នក
  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ក្នុង​អំឡុង​យុវវ័យ?
  • គោល​ការណ៍​គម្ពីរ​បី​យ៉ាង​ដើម្បី​ណែនាំ​អ្នក
  • ការ​ប្រើ​គោល​ការណ៍​គម្ពីរ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ
  • ចូរ​សប្បាយ​ធ្វើ​ជា​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ម្នាក់
  • តើពួកគេនឹងបម្រើព្រះពេលធំឡើងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ប្អូនៗយុវវ័យអើយ! តើអ្នកកំពុងតែកសាងអនាគតរបស់ខ្លួនឲ្យបានភ្លឺស្វាងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា!
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ប្អូនៗទាំងឡាយអើយ! ចូរនឹកចាំពីព្រះយេហូវ៉ាចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/១ ទំ. ១៧-២១

ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ក្នុង​អំឡុង​យុវវ័យ

«​មនុស្ស​កំឡោះ​នឹង​ស្រី​ក្រមុំ . . . ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ចុះ​»។—ទំនុក. ១៤៨:១២, ១៣

តើ​អ្នក​អាច​ពន្យល់​បាន​ឬ​ទេ?

  • តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​ធ្វើ​អ្វី​នៅ​ពេល​ឥឡូវ​នេះ​ដើម្បី​មាន​ឱកាស​ដ៏​ល្អ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ពេល​ក្រោយ​មក?

  • តើ​បង​ប្អូន​ខ្លះ​បាន​សប្បាយ ក្នុង​ការ​ប្រើ​គ្រា​យុវវ័យ​របស់ ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

  • តើ​គោល​ការណ៍​ណាខ្លះ​ក្នុង​គម្ពីរ អាច​ជួយ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ប្រសើរ​បំផុត​ក្នុង​ជីវិត?

១​. តើ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ជា​ច្រើន​នាក់​មាន​ឱកាស​ដ៏​អស្ចារ្យ​អ្វី​ខ្លះ?

យើង​កំពុង​រស់​នៅ​គ្រា​ដ៏​សំខាន់។ ជាង​គ្រា​មុន​ៗ​ទៅ​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ មនុស្ស​រាប់​លាន​នាក់​ពី​គ្រប់​ប្រជាជាតិ​កំពុង​បែរ​មក​រក​ការ​គោរព​ប្រណិប័តន៍​ពិត។ (​បប. ៧:៩, ១០​) ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​នាក់​មាន​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត កាល​ដែល​ពួក​គេ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​សង្គ្រោះ​ជីវិត។ (​បប. ២២:១៧​) ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​ដែល​កំពុង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ ជួយ​មនុស្ស​ឲ្យ​មាន​ជីវិត​កាន់​តែ​ប្រសើរ​ជាង។ ប្អូន​ៗ​ខ្លះ​ទៀត​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​តំបន់​ផ្សាយ​ដែល​មនុស្ស​និយាយ​ភាសា​ផ្សេង។ (​ទំនុក. ១១០:៣; អេ. ៥២:៧​) តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​ការ​ដែល​នាំ​ឲ្យ​ស្កប់​ចិត្ត​នេះ?

២​. តើ​តាម​របៀប​ណា​គំរូ​របស់​ធីម៉ូថេ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ប្រគល់​ភារកិច្ច​ឲ្យ​ប្អូន​ៗ​វ័យ​ក្មេង? (​សូម​មើល​រូបភាព​នៅ​ដើម​អត្ថបទ​)។

២ ជា​ប្អូន​វ័យ​ក្មេង​ម្នាក់ អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ក្រោយ​មក​ប្រហែលជា​បើក​ឱកាស​ដ៏​សប្បាយ​រីករាយ​ឲ្យ​អ្នក ក្នុង​កិច្ច​បម្រើ​ព្រះ។ ជា​ឧទាហរណ៍ ធីម៉ូថេ​នៃ​ក្រុង​លីស្ដ្រា​ច្បាស់​ជា​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ដែល​នាំ​ឲ្យ​គាត់​ទទួល​ភារកិច្ច​ជា​សាសនទូត ពេល​ដែល​គាត់​មាន​អាយុ​ប្រហែលជា​ជិត​២០​ឆ្នាំ​ឬ​ជាង​២០​ឆ្នាំ។ (​សកម្ម. ១៦:១​-​៣​) តាម​មើល​ទៅ​តែ​ពីរ​បី​ខែ​ក្រោយ​មក បន្ទាប់​ពី​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​បាន​បង្ខំ​សាវ័ក​ប៉ូល​ឲ្យ​ចេញ​ពី​ក្រុម​ជំនុំ​ដែល​ទើប​នឹង​បង្កើត​ថ្មី​នៅ​ក្រុងថែស្សាឡូនិច ប៉ូល​បាន​ប្រគល់​ភារកិច្ច​ឲ្យ​យុវជន​ធីម៉ូថេ​ត្រឡប់​ទៅ​ក្រុង​ថែស្សាឡូនិច​វិញ ដើម្បី​ពង្រឹង​បង​ប្អូន។ (​សកម្ម. ១៧:៥​-​១៥; ១ថែ. ៣:១, ២, ៦​) សូម​ស្រមៃ​គិត​ថា ធីម៉ូថេ​ច្បាស់​ជា​រំភើប​ចិត្ត​យ៉ាង​ណា​ពេល​គាត់​បាន​ទទួល​ភារកិច្ច​នោះ!

ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​របស់​អ្នក

៣​. តើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​ក្នុង​ជីវិត​គឺ​ជា​អ្វី ហើយ​តើ​នៅ​ពេល​ណា​អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ?

៣ យុវវ័យ​គឺ​ជា​ពេល​សម្រាប់​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ។ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​មួយ​គឺ​សំខាន់​ជាង​ការ​សម្រេច​ចិត្ត​ឯ​ទៀត​ទាំង​អស់ ពោល​គឺ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ តើ​ពេល​ណា​ជា​ពេល​ដ៏​ប្រសើរ​បំផុត​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ? ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង​»។ (​សាស្ដ. ១២:១​) របៀប​តែ​មួយ​គត់​ដើម្បី​«​នឹក​ចាំ​»​ព្រះ​យេហូវ៉ា គឺ​បម្រើ​លោក​យ៉ាង​អស់ពី​ចិត្ត។ (​ចោ. ១០:១២​) ការ​សម្រេច​ចិត្ត​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​អស់ពី​ចិត្ត គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​ធ្វើ។ នេះ​នឹង​មាន​ឥទ្ធិពល​លើ​អនាគត​ទាំង​មូល​របស់​អ្នក។—ទំនុក. ៧១:៥

៤​. តើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​អ្វី​ខ្លះ​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​អ្នក​បម្រើ​ព្រះ?

៤ ការ​សម្រេច​ចិត្ត​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​តែ​មួយ​គត់​ដែល​មាន​ឥទ្ធិពល​លើ​អនាគត​របស់​អ្នក​ទេ។ អ្នក​ប្រហែលជា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​បើ​អ្នក​នឹង​រៀប​ការ តើ​អ្នក​នឹង​រៀប​ការ​ជា​មួយ​អ្នក​ណា ហើយ​អ្នក​នឹង​ធ្វើ​ការ​ងារ​អ្វី? នេះ​ជា​សំណួរ​សំខាន់​ចាំ​បាច់ ប៉ុន្តែ​ជា​ការ​ល្អ​ដែល​មុន​ដំបូង​អ្នក​ត្រូវ​សម្រេច​ចិត្ត​ថា តើ​អ្នក​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ​បំផុត​ឬ​ទេ? (​ចោ. ៣០:១៩, ២០​) ហេតុ​អ្វី? ពីព្រោះ​ការ​សម្រេច​ចិត្ត​ទាំង​នេះ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ខ្លាំង។ អ្វី​ដែល​អ្នក​សម្រេច​ចិត្ត​ស្តី​អំពី​អាពាហ៍ពិពាហ៍​និង​ការ​ងារ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​អ្នក​បម្រើ​ព្រះ។ (​សូម​ពិនិត្យ​បន្ថែម លូកា ១៤:១៦​-​២០​) ផ្ទុយ​ទៅ​វិញ សេចក្ដី​ប្រាថ្នា​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ស្តី​អំពី​អាពាហ៍ពិពាហ៍​និង​ការ​ងារ។ ដូច្នេះ មុន​ដំបូង​សូម​សម្រេច​ចិត្ត​អំពី​រឿង​ដែល​សំខាន់​បំផុត​ជា​មុន​សិន។—ភី. ១:១០

តើ​អ្នក​នឹង​ធ្វើ​អ្វី​ក្នុង​អំឡុង​យុវវ័យ?

៥, ៦​. សូម​ពន្យល់​អំពី​របៀប​ដែល​បង្ហាញ​ថា ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​អាច​នាំ​ឲ្យ​មាន​បទ​ពិសោធន៍​ដ៏​ល្អ​ក្រោយ​មក។ (​សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​អ្វី​ដែល​ខ្ញុំ​ជ្រើស​រើស​កាល​ដែល​ខ្ញុំ​ជា​កុមារ​»​ក្នុង​ទស្សនាវដ្ដី​លេខ​នេះ​)។

៥ កាល​ណា​អ្នក​បាន​សម្រេច​ចិត្ត​បម្រើ​ព្រះ​ហើយ អ្នក​អាច​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​ធ្វើ ហើយ​អ្នក​អាច​សម្រេច​ចិត្ត​អំពី​របៀប​ដែល​អ្នក​នឹង​បម្រើ​លោក។ បង​ប្រុស​ជន​ជាតិ​ជប៉ុន​ម្នាក់​សរសេរ​ថា​៖ ​«​ពេល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ ខ្ញុំ​បាន​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​កត់​សម្គាល់​ថា​ខ្ញុំ​មិន​សប្បាយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទេ។ គាត់​បាន​និយាយ​មក​កាន់​ខ្ញុំ​ដោយ​ស្លូតបូត​ថា​៖ ‹ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ប្អូន​យូអ៊ិឈិរ៉ូ។ សូម​អង្គុយ​នៅ​តុ​របស់​ប្អូន ហើយ​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ប្អូន›។ ខ្ញុំ​បាន​ធ្វើ​ដូច​គាត់​បាន​ប្រាប់។ តាម​ការ​ពិត​ខ្ញុំ​បាន​បន្ត​គិត ហើយ​អធិដ្ឋាន​អស់​ជា​ច្រើន​ថ្ងៃ។ បន្ដិច​ម្ដង​ៗ ចិត្ត​គំនិត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ឃើញ​ថា​ខ្ញុំ​សប្បាយ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ខ្ញុំ​ចូល​ចិត្ត​អាន​អំពី​សាសនទូត ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​គិត​អំពី​ការ​បម្រើ​ព្រះ​ឲ្យ​បាន​ពេញ​លេញ​ជាង​»។

៦ បង​យូអ៊ិឈិរ៉ូ​និយាយ​បន្ត​ថា​៖ ​«​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាប់​ផ្ដើម​ជ្រើស​រើស​អ្វី​ៗ​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​ណា​មួយ។ ជា​ឧទាហរណ៍ ខ្ញុំ​បាន​សម្រេច​ចិត្ត​រៀន​ភាសា​អង់គ្លេស។ ពេល​ខ្ញុំ​បញ្ចប់​ការ​សិក្សា​នៅ​សាលា ខ្ញុំ​បាន​ជ្រើស​រើស​ការ​ងារ​ជា​អ្នក​បង្រៀន​ភាសា​អង់គ្លេស​មិន​ពេញ​ពេល ដើម្បី​ខ្ញុំ​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ។ ពេល​ខ្ញុំ​មាន​អាយុ​២០​ឆ្នាំ ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​ភាសា​ម៉ុងហ្គោល ហើយ​បាន​មាន​ឱកាស​ទៅ​លេង​អ្នក​ផ្សព្វ​ផ្សាយ​មួយ​ក្រុម​ដែល​ជា​ជន​ជាតិ​ម៉ុងហ្គោល។ ពីរ​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​២០០៧​ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​ម៉ុងហ្គោល។ ពេល​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ត្រួស​ត្រាយ​ខ្លះ ហើយ​បាន​ឃើញ​មនុស្ស​ជា​ច្រើន​នាក់​កំពុង​ស្វែងរក​សេចក្ដី​ពិត នោះ​ខ្ញុំ​ចង់​រើ​ទៅ​ទី​នោះ ដើម្បី​ជួយ​ពួក​គេ។ ខ្ញុំ​បាន​ត្រឡប់​មក​ប្រទេស​ជប៉ុន​វិញ ដើម្បី​ធ្វើ​គម្រោង​របស់​ខ្ញុំ។ ឥឡូវ​នេះ​ខ្ញុំ​បាន​ត្រួស​ត្រាយ​នៅ​ប្រទេស​ម៉ុងហ្គោល​តាំង​ពី​ខែ​មេ​សា ឆ្នាំ​២០០៨​មក​ម្ល៉េះ។ ជីវភាព​រស់​នៅ​នៅ​ទី​នេះ​គឺ​មិន​ស្រួល​ទេ។ ប៉ុន្តែ​មនុស្ស​ស្ដាប់​និង​ធ្វើ​តាម​ដំណឹង​ល្អ ហើយ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ជ្រើស​រើស​របៀប​រស់​នៅ​ដ៏​ប្រសើរ​បំផុត​»។

៧​. តើ​ការ​សម្រេច​ចិត្ត​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដោយ​ខ្លួន​យើង ហើយ​តើ​ម៉ូសេ​បាន​ទុក​គំរូ​អ្វី​សម្រាប់​យើង?

៧ អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​អ្នក ស្តី​អំពី​របៀប​ដែល​អ្នក​ប្រើ​ជីវិត​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ (​យ៉ូស. ២៤:១៥​) យើង​មិន​អាច​ប្រាប់​អ្នក​ថា​អ្នក​គួរ​រៀប​ការ​ឬ​មិន​គួរ រៀប​ការ​ជា​មួយ​នឹង​អ្នក​ណា ឬ​គួរ​ធ្វើ​ការ​ងារ​អ្វី​ទេ។ តើ​អ្នក​នឹង​ជ្រើស​រើស​ការ​ងារ​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ទទួល​ការ​បង្ហាត់​បង្រៀន​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ​ឬ​ទេ? ប្អូន​ៗ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ខ្លះ​ក្នុង​ចំណោម​ប្អូន​រស់​នៅ​ក្នុង​ភូមិ​ក្រី​ក្រ រីឯ​ប្អូន​ៗ​ឯ​ទៀត​រស់​នៅ​ក្នុង​ក្រុង​ដែល​ចម្រុង​ចម្រើន។ នៅ​ទូ​ទាំង​ពិភព​លោក ប្អូន​ៗ​មាន​បុគ្គលិក​លក្ខណៈ សមត្ថភាព បទ​ពិសោធន៍ ចំណាប់​អារម្មណ៍​និង​ជំនឿ​ខុស​គ្នា​យ៉ាង​ខ្លាំង។ ជីវិត​របស់​ប្អូន​ៗ​ទំនង​ជា​ខុស​ពី​គ្នា ដូច​ជីវិត​របស់​ម៉ូសេ​ខុស​គ្នា​ពី​ជីវិត​របស់​ជន​ជាតិ​ហេប្រឺ​វ័យ​ក្មេង​នៅ​ស្រុក​អេស៊ីប​ដែរ។ ជា​កូន​ប្រុស​របស់​បុត្រី​ស្តេច ម៉ូសេ​ជា​អ្នក​មាន​ស្តុកស្តម្ភ រីឯ​ជន​ជាតិ​ហេប្រឺ​វ័យ​ក្មេង​ឯ​ទៀត​ជា​ខ្ញុំ​បម្រើ។ (​និក្ខ. ១:១៣, ១៤; សកម្ម. ៧:២១, ២២​) ដូច​ប្អូន​ៗ ពួក​គេ​បាន​រស់​នៅ​គ្រា​ដ៏​សំខាន់។ (​និក្ខ. ១៩:៤​-​៦​) ប្អូន​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត​ថា​ប្រើ​ជីវិត​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច។ ម៉ូសេ​បាន​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ។—សូម​អាន ហេប្រឺ ១១:២៤​-​២៧

៨​. តើ​ប្អូន​ៗ​វ័យ​ក្មេង​ដែល​កំពុង​គិត​ពិចារណា​អំពី​ការ​សម្រេច​ចិត្ត​ក្នុង​ជីវិត​របស់​ពួក​គេ​អាច​ទទួល​ជំនួយ​ណាខ្លះ?

៨ ព្រះ​យេហូវ៉ា​ផ្ដល់​ឱវាទ​ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។ តើ​លោក​ធ្វើ​ដូច្នេះ​ដោយ​របៀប​ណា? លោក​បង្រៀន​អ្នក​នូវ​គោល​ការណ៍​គម្ពីរ​ដែល​អ្នក​អាច​ប្រើ ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ (​ទំនុក. ៣២:៨​) ម្យ៉ាង​ទៀត ឪពុក​ម្ដាយ​របស់​អ្នក ដែល​ជា​អ្នក​ជឿ​និង​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​អ្នក​ឲ្យ​ត្រិះរិះ​អំពី​របៀប​អនុវត្ត​គោល​ការណ៍​ទាំង​នេះ។ (​សុភ. ១:៨, ៩​) យើង​នឹង​ពិចារណា​គោល​ការណ៍​គម្ពីរ​ដ៏​សំខាន់​បី​យ៉ាង​ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​អនាគត​របស់​អ្នក។

គោល​ការណ៍​គម្ពីរ​បី​យ៉ាង​ដើម្បី​ណែនាំ​អ្នក

៩​. (​ក​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ផ្ដល់​កិត្ដិយស​ឲ្យ​យើង​ដោយ​ឲ្យ​យើង​មាន​សេរីភាព​ធ្វើ​ការ​សម្រេច​ចិត្ត? (​ខ​) តើ‹ការ​ស្វែងរក​រាជាណាចក្រ​ព្រះ​ជា​មុន›បើក​ឱកាស​អ្វី​ខ្លះ?

៩ ចូរ​ស្វែងរក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន។ (​សូម​អាន ម៉ាថាយ ៦:១៩​-​២១, ២៤​-​២៦, ៣១​-​៣៤​) ព្រះ​យេហូវ៉ា​ផ្ដល់​កិត្ដិយស​ឲ្យ​យើង ដោយ​ឲ្យ​យើង​មាន​សេរីភាព​ធ្វើ​ការ​សម្រេច​ចិត្ត។ លោក​មិន​ប្រាប់​អ្នក​ថា​អ្នក​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​របស់​អ្នក​ដើម្បី​ផ្សព្វ​ផ្សាយ​ឡើយ។ ប៉ុន្តែ លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​ស្វែងរក​រាជាណាចក្រ​ព្រះ​ជា​មុន​សិន។ របៀប​ដែល​អ្នក​អនុវត្ត​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ នឹង​បើក​ឱកាស​ឲ្យ​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជិត​ខាង​និង​ចិត្ត​ដឹង​គុណ​របស់​អ្នក​ចំពោះ​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ កាល​ដែល​អ្នក​រំពឹង​គិត​អំពី​អាពាហ៍ពិពាហ៍​និង​ការ​ងារ សូម​ពិចារណា​ថា​តើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​នឹង​បណ្ដាល​ឲ្យ​អ្នក​ខ្វល់​ខ្វាយ​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ខាង​សម្ភារ ឬ​នឹង​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​ចំពោះ​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ?

១០​. តើ​អ្វី​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​មាន​សុភមង្គល ហើយ​តើ​ការ​សម្រេច​ចិត្ត​អ្វី​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល?

១០ ចូរ​ស្វែងរក​សុភមង្គល​តាម​រយៈ​ការ​បម្រើ​អ្នក​ឯ​ទៀត។ (​សូម​អាន សកម្មភាព ២០:២០, ២១, ២៤, ៣៥​) ដោយ​ចិត្ត​សប្បុរស លោក​យេស៊ូ​បាន​បង្រៀន​យើង​នូវ​គោល​ការណ៍​ដ៏​សំខាន់​នេះ​សម្រាប់​ជីវិត។ លោក​ជា​បុគ្គល​ដែល​មាន​សុភមង្គល​យ៉ាង​ខ្លាំង ដោយ​សារ​លោក​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក ជា​ជាង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ លោក​យេស៊ូ​មាន​ចិត្ត​រីករាយ​ពេល​ឃើញ​មនុស្ស​រាប​ទាប​ប្រព្រឹត្ត​តាម​ដំណឹង​ល្អ។ (​លូក. ១០:២១; យ៉ូន. ៤:៣៤​) អ្នក​ប្រហែលជា​ធ្លាប់​មាន​រួច​មក​ហើយ​នូវ​សុភមង្គល​ដែល​មក​ពី​ការ​ជួយ​អ្នក​ឯ​ទៀត។ បើ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​គោល​ការណ៍​ដែល​លោក​យេស៊ូ​បាន​បង្រៀន នេះ​នឹង​ប្រាកដជា​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​ក៏​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​សុភមង្គល​ដែរ។—សុភ. ២៧:១១

១១​. ហេតុ​អ្វី​បារូក​លែង​មាន​អំណរ ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឱវាទ​អ្វី​ដល់​គាត់?

១១ សុភមង្គល​ដ៏​ធំ​បំផុត​របស់​យើង​គឺ​មក​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ (​សុភ. ១៦:២០​) តាម​មើល​ទៅ​បារូក​ដែល​ជា​លេខាធិការ​របស់​យេរេមា​បាន​ភ្លេច​ចំណុច​នេះ។ នៅ​ពេល​មួយ គាត់​លែង​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា​៖ ​«​ឯង​ស្វែងរក​ការ​យ៉ាង​ធំ​សំ​រាប់​ខ្លួន . . . កុំ​ឡើយ . . . អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គ្រប់​ទាំង​សាច់ តែ​ឯ​ជីវិត​ឯង នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​ទុក​ជា​រំពា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​នឹង​ទៅ​ផង​»។ (​យេ. ៤៥:៣, ៥​) តើ​អ្វី​នឹង​ធ្វើ​ឲ្យ​បារូក​មាន​សុភមង្គល​ច្រើន​ជាង? ធ្វើ​អ្វី​ដែល​គាត់ចង់​ធ្វើ ហើយ​ត្រូវ​បំផ្លាញ​ចោល ឬ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គាត់​ធ្វើ ហើយ​រួច​ជីវិត​ពី​ការ​បំផ្លាញ​ចោល​នៃ​ក្រុង​យេរូសាឡិម?—យ៉ា. ១:១២

១២​. តើ​ការ​សម្រេច​ចិត្ត​អ្វី ដែល​នាំ​ឲ្យ​រ៉ាមីរ៉ូ​មាន​ជីវិត​ដ៏​សប្បាយ?

១២ បង​ប្រុស​ម្នាក់​ដែល​បាន​រក​ឃើញ​សុភមង្គល​ក្នុង​ការ​បម្រើ​អ្នក​ឯ​ទៀត គឺ​រ៉ាមីរ៉ូ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​កើត​មក​ក្នុង​គ្រួសារ​ក្រី​ក្រ​មួយ​ដែល​រស់​នៅ​ក្នុង​ភូមិ​មួយ​នៅ​ជួរ​ភ្នំ​អង់ដេស។ ដូច្នេះ ពេល​បង​ប្រុស​របស់​ខ្ញុំ​បាន​ស្នើ​បង់​ថ្លៃ​សាលា​ដើម្បី​ឲ្យ​ខ្ញុំ​ចូល​រៀន​សកលវិទ្យាល័យ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​ទើប​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​ខ្ញុំ​បាន​ទទួល​សំណើ​មួយ​ទៀត ពោល​គឺ​អ្នក​ត្រួស​ត្រាយ​ម្នាក់​បាន​សុំ​ខ្ញុំ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់​នៅ​ក្រុង​តូច​មួយ។ ខ្ញុំ​បាន​ទៅ​ទី​នោះ បាន​រៀន​កាត់​សក់ ហើយ​បាន​បើក​ហាង​កាត់​សក់​ដើម្បី​ចិញ្ចឹម​ខ្លួន​ខ្ញុំ។ ពេល​យើង​ស្នើ​បង្រៀន​គម្ពីរ​ដល់​បណ្ដា​ជន​នៅ​ក្នុង​ក្រុង ពួក​គេ​ជា​ច្រើន​នាក់​ព្រម​សិក្សា​គម្ពីរ​ដោយ​ចិត្ត​ដឹង​គុណ។ ក្រោយ​មក ខ្ញុំ​បាន​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​មួយ​ដែល​ទើប​នឹង​បង្កើត​ថ្មី​ជា​ភាសា​របស់​ជន​ជាតិ​ដើម។ ឥឡូវ​នេះ​ខ្ញុំ​បាន​បម្រើ​ពេញ​ពេល​អស់​រយៈ​ពេល​១០​ឆ្នាំ​ហើយ។ គ្មាន​អាជីព​ណា​ទៀត​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​ដូច​ពេល​ខ្ញុំ​ជួយ​មនុស្ស​ឲ្យ​សិក្សា​អំពី​ដំណឹង​ល្អ​ជា​ភាសា​កំណើត​របស់​ពួក​គេ​ទេ​»។

១៣​. ហេតុ​អ្វី​យុវវ័យ​គឺ​ជា​រយៈ​ពេល​ដ៏​ល្អ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ?

១៣ ចូរ​សប្បាយ​បម្រើ​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​យុវវ័យ។ (​សូម​អាន សាស្ដា ១២:១​) អ្នក​មិន​ត្រូវ​គិត​ថា​មុន​ដំបូង​អ្នក​ត្រូវ​មាន​ការ​ងារ​ល្អ​ដើម្បី​អ្នក​អាច​បម្រើ​ព្រះ​យេហូវ៉ា​ក្រោយ​មក​ទេ។ យុវវ័យ​គឺ​ជា​រយៈ​ពេល​ដ៏​ល្អ​ដើម្បី​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ។ ប្អូន​ៗ​យុវវ័យ​ជា​ច្រើន​នាក់​មិន​សូវ​មាន​ភារកិច្ច​ថែ​ទាំ​ក្រុម​គ្រួសារ​ទេ ហើយ​មាន​កម្លាំង​និង​សុខភាព​ល្អ​ដើម្បី​បំពេញ​ភារកិច្ច​ពិបាក​ៗ។ តើ​អ្នក​ចង់​ធ្វើ​អ្វី​ដើម្បី​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​យុវវ័យ? ប្រហែលជា​អ្នក​មាន​គោល​ដៅ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ អ្នក​ប្រហែលជា​ចង់​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​និយាយ​ភាសា​ផ្សេង ឬ​ប្រហែលជា​អ្នក​ឃើញ​របៀប​បម្រើ​ឲ្យ​បាន​ពេញ​លេញ​ជាង​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​សព្វ​ថ្ងៃ​នេះ។ ទោះ​ជា​អ្នក​មាន​គោល​ដៅ​អ្វី​ក៏​ដោយ​ក្នុង​ការ​បម្រើ​ព្រះ អ្នក​នឹង​ត្រូវ​ចិញ្ចឹម​ជីវិត​របស់អ្នក។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​នឹង​ជ្រើស​រើស​ការ​ងារ​អ្វី ហើយ​តើ​ខ្ញុំ​នឹង​ត្រូវ​ទទួល​ការ​បង្ហាត់​បង្រៀន​ច្រើន​ប៉ុន្មាន​ដើម្បី​មាន​ការ​ងារ​នោះ?›។

ការ​ប្រើ​គោល​ការណ៍​គម្ពីរ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ

១៤​. ពេល​អ្នក​ស្វែងរក​ការ​ងារ តើ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី?

១៤ គោល​ការណ៍​គម្ពីរ​បី​យ៉ាង​ដែល​យើង​បាន​ពិចារណា អាច​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​អំពី​ការ​ងារ​ដែល​អ្នក​នឹង​ជ្រើស​រើស។ អ្នក​ផ្ដល់​ឱវាទ​នៅ​សាលា​របស់​អ្នក ឬ​ស្ថាប័ន​ផ្សេង​ៗ​របស់​រដ្ឋាភិបាល​ទំនង​ជា​ដឹង​ថា​មាន​ការ​ងារ​អ្វី​ខ្លះ​នៅ​តំបន់​របស់​អ្នក ឬ​នៅ​តំបន់​ដែល​អ្នក​សង្ឃឹម​ថា​នឹង​ទៅ។ ព័ត៌មាន​ដែល​មក​ពី​ប្រភព​បែប​នេះ​អាច​មាន​ប្រយោជន៍ ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន។ មនុស្ស​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា​ប្រហែលជា​ខំ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពិភព​លោក​នេះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក។ (​១យ៉ូន. ២:១៥​-​១៧​) ពេល​អ្នក​មើល​អ្វី​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ នោះ​ចិត្ត​របស់​អ្នក​អាច​បញ្ឆោត​អ្នក​បាន​យ៉ាង​ងាយ។—សូម​អាន សុភាសិត ១៤:១៥; យេ. ១៧:៩

១៥, ១៦​. តើ​អ្នក​ណា​អាច​ណែនាំ​អ្នក​បាន​ប្រសើរ​បំផុត​ស្តី​អំពី​ការ​ងារ?

១៥ ពេល​អ្នក​ដឹង​ថា​អ្នក​មាន​ការ​ងារ​ណាខ្លះ​ដែល​អ្នក​អាច​ធ្វើ នោះ​អ្នក​ត្រូវ​ការ​ឱវាទ​ដ៏​ល្អ។ (​សុភ. ១:៥​) តើ​អ្នក​ណា​អាច​ជួយ​អ្នក​ឲ្យ​ពិចារណា​អំពី​ការ​ងារ​ដែល​អ្នក​អាច​ជ្រើស​រើស​ដោយ​ផ្អែក​លើ​គោល​ការណ៍​គម្ពីរ? សូម​ស្ដាប់​មនុស្ស​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ដែល​ស្រឡាញ់​អ្នក ហើយ​ដែល​ស្គាល់​អ្នក​និង​ស្ថានភាព​របស់​អ្នក​យ៉ាង​ច្បាស់។ ពួក​គាត់​នឹង​ជួយ​អ្នក​ឲ្យ​ពិនិត្យ​មើល​សមត្ថភាព​និង​បំណង​ចិត្ត​របស់​អ្នក។ អ្វី​ដែល​ពួក​គាត់​និយាយ​ប្រហែលជា​នឹង​ជួយ​អ្នក​ឲ្យ​គិត​អំពី​គោល​ដៅ​របស់​អ្នក​ឡើង​វិញ។ បើ​ឪពុក​ម្ដាយ​របស់​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា នេះ​ពិត​ជា​ពរ​មួយ​មែន! ម្យ៉ាង​ទៀត អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​គឺ​ជា​បុរស​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​តាម​គម្ពីរ ដែល​អាច​ណែនាំ​អ្នក​បាន។ ម្យ៉ាង​វិញ​ទៀត សូម​និយាយ​ជា​មួយ​អ្នក​ត្រួស​ត្រាយ​និង​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ ហេតុ​អ្វី​ពួក​គាត់​សម្រេច​ចិត្ត​បម្រើ​ពេញ​ពេល? តើ​ពួក​គាត់​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​ពួក​គាត់​ចិញ្ចឹម​ខ្លួន​តាម​របៀប​ណា? តើ​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គាត់​ធ្វើ​ឲ្យ​ពួក​គាត់​ស្កប់​ចិត្ត​យ៉ាង​ដូច​ម្ដេច?—សុភ. ១៥:២២

១៦ ពួក​អ្នក​ដែល​ពិត​ជា​ស្គាល់​អ្នក​យ៉ាង​ច្បាស់​អាច​ឲ្យ​ឱវាទ​ដោយ​ប្រើ​សមត្ថភាព​វែក​ញែក។ ជា​ឧទាហរណ៍ ឧបមា​ថា​អ្នក​ចង់​បោះបង់​ចោល​ការ​សិក្សា​នៅ​វិទ្យាល័យ ហើយ​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ដោយ​សារ​អ្នក​មិន​ចូល​ចិត្ត​ការ​រៀន​នៅ​សាលា​ដែល​តម្រូវ​ឲ្យ​អ្នក​ខំ​ប្រឹង។ បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​អ្នក​ប្រហែលជា​ស្គាល់​បំណង​ចិត្ត​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ដឹង​ថា​សាលា​រៀន​អាច​ជួយ​បង្ហាត់​អ្នក​មិន​ឲ្យ​បោះបង់​ចោល​អ្វី​ៗ​ដោយ​ងាយ ដែល​ជា​គុណ​សម្បត្ដិ​សំខាន់​ចាំ​បាច់​មួយ ប្រសិនបើ​អ្នក​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ។—ទំនុក. ១៤១:៥; សុភ. ៦:៦​-​១០

១៧​. តើ​ការ​សម្រេច​ចិត្ត​ប្រភេទ​ណា​ដែល​អ្នក​គួរ​ជៀស​វាង?

១៧ អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​ជំនឿ​របស់​ពួក​គេ​ចុះ​ខ្សោយ ហើយ​អូស​ទាញ​ពួក​គេ​ចេញ​ពី​ព្រះ​យេហូវ៉ា។ (​១កូ. ១៥:៣៣; កូឡ. ២:៨​) ប៉ុន្តែ​ការ​ងារ​ប្រភេទ​ខ្លះ​អាច​បង្ខូច​ជំនឿ​របស់​អ្នក​ខ្លាំង​ជាង​ការ​ងារ​ឯ​ទៀត។ អ្នក​ទំនង​ជា​បាន​កត់​សម្គាល់​ថា​អ្នក​ខ្លះ​បាន​បាត់បង់​ជំនឿ​ក្រោយ​ពី​បាន​ជ្រើស​រើស​ការ​ងារ​ប្រភេទ​ណា​មួយ។ (​១ធី. ១:១៩​) គឺ​ជា​ការ​ល្អ​ដែល​អ្នក​ជៀស​វាង​ពី​ការ​សម្រេច​ចិត្ត​ណា​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​រវាង​អ្នក​នឹង​ព្រះ។—សុភ. ២២:៣

ចូរ​សប្បាយ​ធ្វើ​ជា​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ម្នាក់

១៨, ១៩​. បើ​អ្នក​ណា​ម្នាក់​មិន​ទាន់​មាន​ចិត្ត​ចង់​បម្រើ​ព្រះ​យេហូវ៉ា តើ​គាត់​គួរ​ធ្វើ​អ្វី?

១៨ បើ​អ្នក​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ស្មោះ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា សូម​ប្រើ​ឱកាស​ដែល​លោក​ផ្ដល់​ឲ្យ​អ្នក កាល​ដែល​អ្នក​នៅ​ក្មេង។ សូម​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​អាច​ជួយ​អ្នក​ឲ្យ​សប្បាយ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ។—ទំនុក. ១៤៨:១២, ១៣

១៩ ម្យ៉ាង​វិញ​ទៀត តើ​អ្នក​គួរ​ធ្វើ​អ្វី​បើ​អ្នក​មិន​ទាន់​មាន​ចិត្ត​ចង់​បម្រើ​ព្រះ​យេហូវ៉ា? សូម​កុំ​ឈប់​ព្យាយាម​ពង្រឹង​ជំនឿ​របស់​អ្នក។ ក្រោយ​ពី​សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​ការ​ព្យាយាម​របស់​គាត់​ដើម្បី​មាន​របៀប​រស់​នៅ​ដែល​ព្រះ​អាច​ឲ្យ​ពរ​គាត់ នោះ​គាត់​បាន​សរសេរ​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​មាន​គំនិត​ផ្សេង​អំពី​អ្វី​មួយ ព្រះ​នឹង​បើក​បង្ហាញ​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ដល់​អ្នក​រាល់​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ឲ្យ​ជឿន​ទៅ​មុខ​ដល់​កម្រិត​នេះ ចូរ​បន្ត​ជឿន​ទៅ​មុខ​ដោយ​ធ្វើ​ដូច្នោះ​ត​ទៅ​ទៀត​»។ (​ភី. ៣:១៥, ១៦​) សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក។ ឱវាទ​របស់​លោក​គឺ​ប្រសើរ​បំផុត។ សូម​ទុក​ឲ្យ​លោក​ជួយ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ប្រសើរ​បំផុត​នៅ​ពេល​ឥឡូវ​នេះ កាល​ដែល​អ្នក​នៅ​ក្មេង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក