បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៤ ទំ. ១៦-២១
  • ប្អូនៗទាំងឡាយអើយ! ចូរនឹកចាំពីព្រះយេហូវ៉ាចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្អូនៗទាំងឡាយអើយ! ចូរនឹកចាំពីព្រះយេហូវ៉ាចុះ!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«ចូរ​ទីពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត»
  • ប្អូនៗ​ទាំងឡាយ​អើយ! ចូរ​មាន​ប្រាជ្ញា​ចុះ!
  • ជិត​ដល់ទី ស្រាប់តែ​ដួល
  • ចូរ​កំណត់​គោលដៅ​ដោយ​ប្រាជ្ញា​ចុះ!
  • ចូរ​ស្ដាប់​ព្រះ​យេហូវ៉ា​និង​អស់អ្នក​ដែល​ស្រឡាញ់​ទ្រង់
  • ចូរ​ធ្វើ​តាម​អ្នក​ដែល​តាំង​គំរូ​ល្អ​ឲ្យ​ប្អូនៗ
  • ព្រះយេហូវ៉ារំពៃមើលដើម្បីប្រយោជន៍យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ប្អូនៗយុវវ័យអើយ! តើអ្នកកំពុងតែកសាងអនាគតរបស់ខ្លួនឲ្យបានភ្លឺស្វាងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • យុវជនដែលនឹកចាំពីព្រះអាទិទេពរបស់គេ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «គំនិតនឹងធឹង»កាលដែលទីបញ្ចប់ជិតមកដល់
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៤ ទំ. ១៦-២១

ប្អូនៗ​ទាំង​ឡាយ​អើយ! ចូរ​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា​ចុះ!

​«ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង»។—សាស. ១២:១

១​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា ថា​ទ្រង់​ឲ្យ​តម្លៃ​ចំពោះ​ប្អូនៗ​ដែល​ថ្វាយ​បង្គំ​ទ្រង់?

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​គ្រិស្ត​សាសនិក​ដែល​នៅ​ក្មេង ថា​មាន​លក្ខណៈ​ដូច​ជា​ទឹក​សន្សើម​ដែល​ស្រោច​ស្រព​ដំណាំ ពីព្រោះ​អាច​ជួយ​ចម្រើន​កម្លាំង​ដល់​អ្នក​ដទៃ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​បាន​ទាយ​ថា នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​«ដំ​រៀប​ក្បួនទ័ព» នោះ​ពួក​កំលោះ​ក្រមុំ​នឹង​«ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត»​ក្នុង​កិច្ច​បម្រើ​ព្រះ​គ្រិស្ត។ (ទំនុក. ១១០:៣) គ្រា​ដែល​បទ​ទំនាយ​នោះ​ត្រូវ​សម្រេច ជា​សម័យ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​គោរព​ព្រះ ព្រម​ទាំង​គិតតែ​ពី​ខ្លួនឯង ស្រឡាញ់​លុយ​និង​មិន​ព្រម​ស្ដាប់​បង្គាប់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ក៏​ជ្រាប​ថា ក្មេងៗ​និង​យុវជន​យុវតី​ដែល​ថ្វាយ​បង្គំ​ទ្រង់​នៅ​គ្រា​នេះ មិន​មាន​លក្ខណៈ​ដូច​មនុស្ស​ដទៃ​ឡើយ។ ព្រះ​យេហូវ៉ា​ពិតជា​ឲ្យ​តម្លៃ​ចំពោះ​ប្អូនៗ​ទាំង​ឡាយ​មែន!

២​. តើ​ការ​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វីខ្លះ?

២ សូម​គិត​អំពី​អំណរ​ដែល​ព្រះ​យេហូវ៉ា​មាន ពេល​ទ្រង់​ឃើញ​ប្អូនៗ​នឹក​ចាំ​ពី​ទ្រង់​ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ។ (សាស. ១២:១) តាម​ការ​ពិត ការ​នឹក​ចាំ​នេះ មិន​មាន​ន័យ​ថា យើង​គ្រាន់​តែ​គិត​អំពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ។ ការ​នឹក​ចាំ​នេះ​ក៏​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ផង​ដែរ។ ការ​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា យើង​ធ្វើ​អ្វី​ដែល​ទ្រង់​ចូល​ចិត្ត ហើយ​យក​ច្បាប់​និង​គោលការណ៍​របស់​ទ្រង់​ជា​ទី​ណែនាំ​ជីវិត​របស់​ខ្លួន។ ការ​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា​ក៏​មាន​ន័យ​ថា យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​ព្រោះ​ដឹង​ថា ទ្រង់​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍។ (ទំនុក. ៣៧:៣; អេសា. ៤៨:១៧, ១៨) តើ​ប្អូនៗ​មាន​ទស្សនៈ​បែប​នេះ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់​ទេ?

​«ចូរ​ទីពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត»

៣, ៤​. តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា ថា​ទ្រង់​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា? នៅ​សព្វថ្ងៃ​នេះ ហេតុ​អ្វី​ក៏​សំខាន់​ដល់​ម្ល៉េះ​ឲ្យ​យើង​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា?

៣ ព្រះ​យេស៊ូ​គ្រិស្ត​បាន​តាំង​គំរូ​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា។ ព្រះ​យេស៊ូ​បាន​ធ្វើ​តាម​ពាក្យ​ក្នុង​សៀវភៅ​សុភាសិត ៣:៥, ៦ ដែល​ចែង​ថា​៖ «ចូរ​ទីពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ! នោះ​ទ្រង់​នឹង​ដំ​រង់​អស់ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ព្រះ​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក សាតាំង​ព្យាយាម​ល្បួង​ទ្រង់ ដោយ​ខំ​ញុះញង់​ទ្រង់​ឲ្យ​ប្រាថ្នា​ចង់​បាន​អំណាច​និង​សិរី​រុងរឿង​ក្នុង​ពិភព​លោក​នេះ។ (លូ. ៤:៣​-​១៣) ប៉ុន្តែ ព្រះ​យេស៊ូ​មិន​ចាញ់​ល្បិច​សាតាំង​ទេ។ ព្រះ​យេស៊ូ​ដឹង​ថា មនុស្ស​ត្រូវ​តែ​មាន‹ចិត្ត​សុភាព នឹង​កោត​ខ្លាច​ព្រះ​យេហូវ៉ា› ទើប​អាច​ទទួល​«ទ្រព្យ​សម្បត្ដិ កិត្ដិសព្ទ​នឹង​ជីវិត»​ដែល​ពិតជា​មាន​ប្រយោជន៍។—សុ. ២២:៤

៤ ពិភព​លោក​សព្វថ្ងៃ​នេះ​ពេញ​ទៅ​ដោយ​អាត្មា​និយម​និង​ចិត្ត​លោភ​លន់។ ដោយ​ហេតុ​ថា​ចិត្ត​គំនិត​បែប​នេះ​មាន​ជា​ទូទៅ គប្បី​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ។ ចូរ​ចង​ចាំ​ដែរ​ថា សាតាំង​នឹង​ធ្វើ​អ្វី​ក៏​ដោយ ដើម្បី​ទាក់​ទាញ​ចិត្ត​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ឲ្យ​ចាក​ចេញ​ពី​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ដល់​ជីវិត។ សាតាំង​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដើរ​តាម​ផ្លូវ​ធំ​ទូលាយ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន​វិនាស​វិញ។ ប្អូនៗ​ទាំង​ឡាយ​អើយ! កុំ​ចាញ់​បញ្ឆោត​សាតាំង​ឡើយ! ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​ប្អូនៗ​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ។ ចូរ​ពឹង​ទាំងស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​ចុះ! យ៉ាង​នេះ ឆាប់ៗ​ខាង​មុខ ប្អូនៗ​នឹង​ទទួល​«ជីវិត​អស់​កល្ប​ជា​និច្ច» ជា​មិន​ខាន។—១ធី. ៦:១៩

ប្អូនៗ​ទាំងឡាយ​អើយ! ចូរ​មាន​ប្រាជ្ញា​ចុះ!

៥​. តើ​ប្អូនៗ​យល់​យ៉ាង​ណា អំពី​អនាគត​នៃ​ពិភព​លោក​នេះ?

៥ ពេល​ប្អូនៗ​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ ប្អូនៗ​អាច​ចេះ​ច្រើន​ណាស់ សូម្បី​តែ​ពេល​នៅ​ក្មេង​នៅ​ឡើយ។ (សូម​អាន ទំនុកដំកើង ១១៩:៩៩, ១០០) ដោយ​សារ​ប្អូនៗ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា ប្អូនៗ​យល់​ដឹង​ថា បន្ដិចទៀត​ពិភព​លោក​នេះ​នឹង​កន្លង​ផុត​ទៅ។ សូម្បី​តែ​មាន​អាយុ​តិច​ក្ដី ប្អូនៗ​ក៏​បាន​កត់​សម្គាល់​ថា មនុស្ស​ចេះ​តែ​ខ្វល់​ខ្វាយ​និង​ភ័យ​ព្រួយ​កាន់តែ​ច្រើន​ឡើងៗ។ នៅ​ឯ​សាលារៀន ប្រហែល​ជា​ប្អូនៗ​បាន​ឮ​គេ​និយាយ​អំពី​បញ្ហា​ធំដុំ​ក្នុង​ពិភព​លោក ដូច​ជា​ការ​កាប់​ព្រៃ​ឈើ​អស់ ការ​បង្ខូច​បរិស្ថាន​និង​កំណើន​សីតុណ្ហភាព​ទូ​ទាំង​ពិភព​លោក​ជាដើម។ មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​ណាស់ អំពី​បញ្ហា​ទាំង​នេះ។ ប៉ុន្តែ មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​យល់​ដឹង​ថា ស្ថានការណ៍​ទាំង​នេះ​គ្រាន់​តែ​ជា​លក្ខណៈ​ផ្សេងៗ​ដែល​សម្គាល់​គ្រា​នេះ​ជា​អវសានកាល​នៃ​ពិភព​លោក​របស់​សាតាំង។—វិវរ. ១១:១៨

៦​. តើ​ប្អូនៗ​ខ្លះ​បាន​វង្វេង​ចេញពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៦ គួរ​ឲ្យ​ស្ដាយ​ណាស់! ប្អូនៗ​ខ្លះ​មិន​បាន​ប្រុង​ប្រយ័ត្ន​ទេ។ ពួក​គេ​លែង​ទទួល​ស្គាល់​ថា ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​ជិត​ដល់​ហើយ! (២ពេ. ៣:៣, ៤) ប្អូនៗ​ឯ​ទៀត​បាន​សេពគប់​ជា​មួយ​មនុស្ស​មិន​ល្អ ហើយ​បាន​មើល​រូប​អាសអាភាស ដែល​ក្រោយមក​បាន​បណ្ដាល​ឲ្យ​គេ​ធ្វើអំពើ​បាប។ (សុ. ១៣:២០) ដោយ​សារ​ទី​បញ្ចប់​ជិត​ដល់​ហើយ បើ​យើង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ឈប់​ស្រឡាញ់​យើង នោះ​គួរ​ឲ្យ​ស្ដាយ​មែន! ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​យើង​រៀន​ពី​គំរូ​របស់​ពួក​អ៊ីស្រាអែល ដោយ​មើល​ព្រឹត្ដិការណ៍​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​១៤៧៣ មុន​គ.ស. ពេល​ពួក​គេ​បាន​បោះ​ជំរំ​នៅ​ឯ​វាល​ស្រុក​ម៉ូអាប់ មិន​យូរ​ប៉ុន្មាន​មុន​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ស្រុក​សន្យា។ តើ​អ្វី​បាន​កើត​ឡើង?

ជិត​ដល់ទី ស្រាប់តែ​ដួល

៧, ៨​. (ក) នៅ​ឯ​វាល​ម៉ូអាប់ តើ​សាតាំង​បាន​ប្រើ​ល្បិច​មួយ​ណា? (ខ) នៅ​សព្វថ្ងៃ តើ​សាតាំង​កំពុង​ប្រើ​ល្បិច​មួយ​ណា​ដែរ?

៧ នៅ​គ្រា​នោះ សាតាំង​ច្បាស់​ជា​ចង់​រារាំង​ផ្លូវ​របស់​ពួក​អ៊ីស្រាអែល ដើម្បី​មិន​ឲ្យ​ពួក​គេ​ទទួល​ស្រុក​សន្យា​ជា​មត៌ក​ឡើយ។ មុន​ដំបូង សាតាំង​ប្រើ​ហោរា​បាឡាម​ដើម្បី​ដាក់​បណ្ដាសា​ទៅ​លើ​ពួក​អ៊ីស្រាអែល។ ពេល​ផែនការ​នោះ​បាន​បរាជ័យ​ហើយ សាតាំង​សាក​ប្រើ​ល្បិច​មួយ​ទៀត​ដើម្បី​ញុះញង់​ពួក​អ៊ីស្រាអែល​ឲ្យ​ធ្វើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ឈប់​ប្រទាន​ពរ​ទៅ​លើ​រាស្ត្រ​ទ្រង់។ សាតាំង​បាន​ប្រើ​ស្ត្រី​ស្អាតៗ​របស់​ជន​ជាតិ​ម៉ូអាប់​ឲ្យ​លួង​ចិត្ត​ពួក​អ៊ីស្រាអែល ហើយ​វា​មានជោគ​ជ័យ​មែន! បណ្ដា​ជន​អ៊ីស្រាអែល​ចាប់​ផ្ដើម​រួម​ដំណេក​ជា​មួយ​នឹង​ពួក​កូនស្រី​ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បាលពេអរ​របស់​ពួក​គេ​ផង! ទោះ​ជា​ស្រុក​សន្យា​ដែល​ជា​កេរមត៌ក​ពិសេស​បាន​ស្ថិត​នៅ​ជិត​ក្ដី បណ្ដា​ជន​អ៊ីស្រាអែល​ប្រមាណ​២៤.០០០​នាក់​បាន​បាត់បង់​ជីវិត។ គួរ​ឲ្យ​ស្ដាយ​ណាស់!—ជន. ២៥:១​-​៣, ៩

៨ នៅ​សព្វថ្ងៃ យើង​ក៏​ជិត​ដល់ទី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​យើង​ដែរ ពោល​គឺ ពិភព​លោក​ថ្មី។ ដូច​សម័យ​មុន សាតាំង​កំពុង​ញុះញង់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើអំពើ​ដែល​ប្រាស​ចាក​សីលធម៌ ដើម្បី​បង្ខូច​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ទ្រង់។ ខ្នាត​តម្រា​សីលធម៌​ក្នុង​ពិភព​លោក​នេះ ស្ទើរតែ​គ្មាន​ទៀត​ឡើយ ដល់​ម្ល៉េះ​បានជា​ការ​រួម​ដំណេក​មុន​រៀប​ការ និង​ការ​សហាយ​ស្មន់​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​វិញ។ រីឯ​ការ​រួម​ដំណេក​រវាង​មនុស្ស​ភេទ​ដូច​គ្នា មនុស្ស​ភាគ​ច្រើន​មិន​ភ្ញាក់​ផ្អើល​ទេ តែ​មាន​ទស្សនៈ​ថា ស្រេច​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​គេ​រៀងៗ​ខ្លួន។ បង​ស្រី​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​បាន​និយាយ​ថា​៖ «មាន​តែ​ក្នុង​រង្វង់​គ្រួសារ និង​នៅ​ឯ​សាល​ប្រជុំ​ប៉ុណ្ណោះ ដែល​កូន​របស់​ខ្ញុំ​រៀន​ថា ព្រះ​ស្អប់​ការ​រួម​ដំណេក​រវាង​មនុស្ស​ភេទ​ដូច​គ្នា និង​ការ​រួម​ដំណេក​មុន​រៀប​ការ»។

៩​. តើ​ប្អូនៗ​អាច​មានចិត្ត​បែប​ណា​ក្នុង​អំឡុង​យុវវ័យ? តើ​ប្អូនៗ​អាច​យក​ឈ្នះ​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច?

៩ ប្អូនៗ​ដែល​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ ក៏​ជ្រាប​ថា​ការ​រួម​ដំណេក​ជា​អំណោយ​ពិសេស​ដែល​ជាប់​ទាក់ទង​នឹង​ជីវិត​ហើយ​ការ​បន្ត​ពូជ។ អាស្រ័យ​ហេតុនេះ ប្អូនៗ​ទទួល​ស្គាល់​ថា ការ​រួម​ដំណេក​គឺ​សម្រាប់​តែ​អ្នក​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ ពោល​គឺ គូ​ស្វាមី​ភរិយា​ប៉ុណ្ណោះ។ (ហេ. ១៣:៤) ក៏​ប៉ុន្តែ យុវវ័យ​ជា​ពេល​ដែល​ប្អូនៗ​មានចិត្ត​ស្រើប​ស្រាល​ឆាប​ឆួល​ឡើងជា​ខ្លាំង ហើយ​នេះ​អាច​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​សមត្ថភាព​វិនិច្ឆ័យ​ខុស​ត្រូវ។ ដូច្នេះ ពិបាក​ណាស់​ឲ្យ​ប្អូនៗ​ប្រព្រឹត្ត​តាម​គន្លង​សីលធម៌​ដ៏​ល្អ​វិញ។ ពេល​មាន​គំនិត​គិត​ពី​អំពើ​ដែល​ប្រាស​ចាក​សីលធម៌ តើ​ប្អូនៗ​អាច​ធ្វើ​យ៉ាង​ណា? ចូរ​អធិដ្ឋាន​យ៉ាង​អស់ពី​ចិត្ត! ចូរ​សូម​ព្រះ​យេហូវ៉ា​ជួយ​ប្អូនៗ​ឲ្យ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ដ៏​ល្អ​ចុះ! ព្រះ​យេហូវ៉ា​តែង​តែ​ស្ដាប់​អស់​អ្នក​ដែល​រក​ជំនួយ​ពី​ទ្រង់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ (សូម​អាន លូកា ១១:៩​-​១៣) ការ​ពិភាក្សា​អំពី​រឿង​ល្អៗ​ក៏​អាច​ជួយ​ប្អូនៗ​ឲ្យ​តម្រង់​ចិត្តគំនិត​ឲ្យ​បាន​ត្រង់​ឡើង​វិញ។

ចូរ​កំណត់​គោលដៅ​ដោយ​ប្រាជ្ញា​ចុះ!

១០​. តើ​យើង​គួរ​ចង់​ជៀស​វាង​ពី​ចិត្ត​គំនិត​មិន​ល្អ​បែប​ណា? តើ​គប្បី​ឲ្យ​យើង​សួរ​ខ្លួន​ឯង​អ្វីខ្លះ?

១០ មូលហេតុ​មួយ​ដែល​យុវជន​យុវតី​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​មិន​ចេះ​ទប់​ចិត្ត ហើយ​គិតតែ​ពី​សប្បាយ គឺ​ដោយ​សារ​ពួក​គេ​ឥត​មាន​«ការ​បើក​សំ​ដែង» ដែល​មាន​ន័យ​ថា គ្មាន​អ្នក​ណា​បាន​បើក​សម្ដែង​ឲ្យ​គេ​ស្គាល់​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​គ្មាន​នរណា​បាន​បើក​សម្ដែង​ឲ្យ​គេ​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ពេល​អនាគត។ (សុ. ២៩:១៨) ពួក​គេ​មាន​លក្ខណៈ​ដូច​ពួក​អ៊ីស្រាអែល​ដែល​ឈប់​គោរព​ព្រះ​យេហូវ៉ា​នៅ​សម័យ​លោក​អេសាយ។ ពួក​គេ​មាន​បំណង​ចង់​«ធ្វើ​បុណ្យ​សើច​សប្បាយ . . . ហើយ​ស៊ី​ផឹក​ជប់​លៀង»​តែ​ប៉ុណ្ណោះ។ (អស. [អេសា.] ២២:១៣, ខ.ស.) ជា​ជាង​ច្រណែន​ចង់​បាន​ការ​សប្បាយ​ដូច​មនុស្ស​បែប​នោះ គប្បី​ឲ្យ​យើង​នឹក​ចាំ​ពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់។ បើ​ប្អូន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា តើ​ប្អូន​រង់ចាំ​ពិភព​លោក​ថ្មី​ដោយ​រីករាយ​ទេ? តើ​ប្អូន​ព្យាយាម​«រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់ធ្ងរ . . . ទាំង​រង់ចាំ​សេចក្ដី​សង្ឃឹម»​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​ប្អូន​ទេ? (ទីត. ២:១២, ១៣) ចម្លើយ​របស់​ប្អូន​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​អ្វី​ដែល​មាន​អាទិភាព​ក្នុង​ជីវិត ព្រម​ទាំង​មាន​ឥទ្ធិពល​ទៅ​លើ​គោល​ដៅ​ដែល​ប្អូន​កំណត់​ក្នុង​ជីវិត​ដែរ។

១១​. ពេល​នៅ​សាលា ម្ដេច​ក៏​គប្បី​ឲ្យ​ប្អូនៗ​គ្រិស្ត​សាសនិក​ខំ​ព្យាយាម​ក្នុង​ការ​រៀន​សូត្រ?

១១ មនុស្ស​នា​សម័យ​នេះ តែងតែ​ញុះញង់​ពួក​យុវវ័យ​ឲ្យ​ផ្ចង់​អារម្មណ៍​ទៅ​លើ​គោល​ដៅ​ដែល​នាំ​ឲ្យ​មាន​ភាព​ចម្រុង​ចម្រើន​ក្នុង​ពិភព​លោក​នេះ។ តាម​ការ​ពិត ពេល​នៅ​សាលា គប្បី​ឲ្យ​ប្អូនៗ​ព្យាយាម​ក្នុង​ការ​រៀន​សូត្រ​មែន ពីព្រោះ​ប្អូនៗ​មិន​គ្រាន់​តែ​រៀន​ដើម្បី​ឲ្យ​មាន​អាជីព​ល្អ​មួយ​ទេ តែ​ក៏​រៀន​ដើម្បី​ចេះ​បំពេញ​ភារកិច្ច​ផ្សេងៗ​ក្នុង​ក្រុម​ជំនុំ និង​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ បើ​ចង់​សម្រេច​ការ​ទាំង​នេះ ប្អូនៗ​ត្រូវ​តែ​ចេះ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​អ្នក​ដទៃ​យ៉ាង​ល្អ ព្រម​ទាំង​ចេះ​វែក​ញែក​ហេតុ​ផល​និង​ឆ្លើយឆ្លង​គ្នា​ដោយ​បង្ហាញ​ការ​គោរព​និង​ចេះ​ទប់​ចិត្ត​ផង។ យ៉ាង​ណា​ក៏​ដោយ ពេល​ប្អូនៗ​សិក្សា​និង​ខំ​អនុវត្ត​តាម​គោលការណ៍​ក្នុង​គម្ពីរ ប្អូនៗ​កំពុង​ទទួល​ការ​អប់រំ​ដ៏​ប្រសើរ​បំផុត ហើយ​ក៏​ស្ថាបនា​មូលដ្ឋាន​ល្អ​ដើម្បី​ឲ្យ​បាន​ជោគ​ជ័យ​ក្នុង​ជីវិត​នៅ​ពេល​ឥឡូវ​នេះ និង​មាន​អនាគត​ដ៏​ល្អជា​យូរ​អង្វែង​ផង​ដែរ។—សូម​អាន ទំនុកដំកើង ១:១​-​៣a

១២​. តើ​គប្បី​ឲ្យ​ក្រុម​គ្រួសារ​ដែល​ជា​គ្រិស្ត​សាសនិក​ធ្វើ​តាម​គំរូ​របស់​អ្នក​ណា?

១២ នៅ​ប្រទេស​អ៊ីស្រាអែល​សម័យ​បុរាណ មាតា​បិតា​ទាំង​ឡាយ​បាន​ចាត់​ទុក​ការ​អប់រំ​កូន​ជា​អាទិភាព។ ការ​អប់រំ​នោះ​បាន​រួម​បញ្ចូល​អ្វីៗ​ជា​ច្រើន ប៉ុន្តែ​ការ​អប់រំ​កូន​អំពី​ព្រះ​យេហូវ៉ា​និង​ច្បាប់​របស់​ទ្រង់​គឺ​សំខាន់​ជាង​គេ។ (ចោទិ. ៦:៦, ៧) ជា​លទ្ធផល ពេល​ក្មេងៗ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ស្ដាប់​បង្គាប់​មាតា​បិតា និង​អ្នក​វ័យ​ចាស់​ឯ​ទៀត​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា ក្មេងៗ​ទាំងនោះ​មិន​គ្រាន់​តែ​បាន​ទទួល​ចំណេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ក្លាយទៅជា​មាន​ប្រាជ្ញា សតិ​បញ្ញា​និង​គំនិត​ត្រឹម​ត្រូវ ដោយ​ព្រោះ​ចេះ​យល់​ធ្លុះ​ជ្រៅ។ នេះ​ហើយ​ជា​លក្ខណៈ​សម្បត្ដិ​ល្អ​ដែល​មក​ពី​ការ​រៀន​សូត្រ​អំពី​ព្រះ​យេហូវ៉ា។ (សុ. ១:២​-​៤; ២:១​-​៥, ១១​-​១៥) នៅ​សព្វ​ថ្ងៃ គប្បី​ឲ្យ​ក្រុម​គ្រួសារ​ដែល​ជា​គ្រិស្ត​សាសនិក​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​អប់រំ​បែប​នេះ​ដែរ។

ចូរ​ស្ដាប់​ព្រះ​យេហូវ៉ា​និង​អស់អ្នក​ដែល​ស្រឡាញ់​ទ្រង់

១៣​. តើ​ប្អូនៗ​អាច​ទទួល​យោបល់​បែប​ណាខ្លះ? ហេតុ​អ្វី​បានជា​ប្អូនៗ​គួរ​ប្រុង​ប្រយ័ត្ន​នឹង​យោបល់​ដែល​ជូន​មក?

១៣ ប្អូនៗ​ទទួល​យោបល់​ពី​មនុស្ស​ច្រើន​ប្រភេទ រួម​ទាំង​គ្រូ​បង្រៀន​ផង ដែល​តាម​ធម្មតា​ជូន​យោបល់​ដើម្បី​ជួយ​សិស្ស​ឲ្យ​រក​អាជីព​ល្អ​ក្នុង​ពិភព​លោក​នេះ។ ពេល​ទទួល​យោបល់​ពី​អ្នក​ដទៃ​ដែល​មិនមែន​ជា​អ្នក​គោរព​ព្រះ​យេហូវ៉ា សូម​ឲ្យ​ប្អូនៗ​គិត​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​សិន ហើយ​អធិដ្ឋាន ព្រម​ទាំង​គិត​អំពី​គោលការណ៍​ក្នុង​គម្ពីរ​និង​សៀវភៅ​ផ្សេងៗ​ដែល​អ្នកបម្រើ​ស្មោះត្រង់​បាន​រៀបចំ​ឲ្យ​យើង ដែល​ទាក់ទង​នឹង​យោបល់​នោះ។ ដោយ​សារ​ប្អូនៗ​បាន​រៀន​គម្ពីរ​ហើយ ប្អូនៗ​ដឹង​ថា សាតាំង​ព្យាយាម​ចាប់​អស់អ្នក​ដែល​នៅ​ក្មេង និង​ពួក​អ្នក​ដែល​មិន​សូវ​មាន​បទ​ពិសោធន៍​ច្រើន​ប៉ុន្មាន​ក្នុង​ជីវិត។ ជា​ឧទាហរណ៍ ក្នុង​សួនច្បារ​អេដែន នាង​អេវ៉ា​មិន​ចេះ​ច្រើន​ស្មើ​នឹង​អ័ដាម​ទេ។ ដូច្នេះ នាង​សុខ​ចិត្ត​ស្ដាប់​សាតាំង ជា​បុគ្គល​មួយ​រូប​ដែល​មិន​គោរព​ព្រះ​យេហូវ៉ា ក៏​ជា​បុគ្គល​មួយ​រូប​ដែល​មិន​ធ្លាប់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​នាង​ផង។ បើ​អេវ៉ា​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្ហាញ​ទី​សំ​អាង​ច្រើន​បែប​ច្រើន​យ៉ាង​ថា ទ្រង់​ស្រឡាញ់​នាង នោះ​មនុស្ស​លោក​នឹង​មិន​មាន​បញ្ហា​ជា​ច្រើន​ដូច​សព្វ​ថ្ងៃ​ទេ!—លោ. ៣:១​-​៦

១៤​. ម្ដេច​ក៏​គប្បី​ឲ្យ​ប្អូនៗ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​មាតា​បិតា​ដែល​កោត​ខ្លាច​ទ្រង់?

១៤ ព្រះ​យេហូវ៉ា ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ ទ្រង់​ស្រឡាញ់​ប្អូនៗ​ណាស់! ហើយ​ទ្រង់​ធ្វើ​ដូច្នេះ​ដោយ​មាន​បំណង​ល្អៗ​ផង។ ព្រះ​យេហូវ៉ា​ប្រាថ្នា​ចង់​ឲ្យ​ប្អូនៗ​មាន​សុភមង្គល​ជា​រៀង​រហូត មិន​គ្រាន់​តែ​មួយ​រយៈ​នេះ​ទេ! ហេតុនេះ​ហើយ​បានជា​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​យ៉ាង​ទន់ភ្លន់​ទៅ​កាន់​ប្អូនៗ និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់ ដូច​ជា​បិតា​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​កូន​ថា​៖ «គឺ​ផ្លូវ​នេះ​ទេ​[កូន] ចូរ​ដើរ​តាម​នេះ​វិញ»។ (អេសា. ៣០:២១) បើ​មាតា​បិតា​របស់​ប្អូនៗ​ជា​អ្នក​ដែល​កោត​ខ្លាច​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា នេះ​ក៏​អាច​នាំ​ឲ្យ​ប្អូនៗ​ទទួល​ពរ​ថែម​ទៅ​ទៀត​ដែរ។ ដូច្នេះ ពេល​ប្អូនៗ​កំណត់​គោល​ដៅ​និង​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​គួរ​មាន​អាទិភាព​ក្នុង​ជីវិត ចូរ​ស្ដាប់​យោបល់​ពី​មាតា​បិតា​ដោយ​យក​ចិត្ត​ទុក​ដាក់​ចុះ! (សុ. ១:៨, ៩) កុំ​ភ្លេច​ថា មាតា​បិតា​ចង់​ឲ្យ​កូន​ទទួល​ជីវិត ហើយ​ជីវិត​មាន​តម្លៃ​ច្រើន​ជាង​ទ្រព្យ​សម្បត្ដិ​និង​មុខមាត់​ធំ​ក្នុង​ពិភព​លោក​នេះ​ឆ្ងាយ​ណាស់!—ម៉ាថ. ១៦:២៦

១៥, ១៦​. (ក) តើ​យើង​អាច​មាន​ទំនុកចិត្ត​យ៉ាង​ណា​ទៅ​លើ​ព្រះ​យេហូវ៉ា? (ខ) តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​គំរូ​របស់​បារូក?

១៥ អស់អ្នក​ដែល​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ ក៏​ខំ​រក្សា​ឲ្យ​មាន​របៀប​រស់នៅ​ដ៏​សាមញ្ញ​ធម្មតា ដោយ​មាន​ទំនុក​ចិត្ត​ថា ទ្រង់​នឹង​«មិន​ចាក​ចេញ»​ពី​ពួក​គេ «ក៏​មិន​បោះ​បង់​ចោល»​ពួក​គេ​ឡើយ។ (សូម​អាន ហេព្រើរ ១៣:៥) ដោយ​សារ​ពិភព​លោក​នេះ​មិន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្កប់ចិត្ត​នឹង​របៀប​រស់​នៅ​ដ៏​សាមញ្ញ​ធម្មតា​ទេ យើង​ត្រូវ​តែ​ប្រយ័ត្ន​មិន​ឲ្យ​ទស្សនៈ​របស់​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​មក​លើ​យើង​ឡើយ។ (អេភ. ២:២) ក្នុង​ករណី​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​គំរូ​របស់​លោកបារូក ជា​ស្មៀន​ឬ​លេខាធិការ​របស់​លោក​យេរេមា។ ពួក​គាត់​រស់នៅ​សម័យ​មុន​ពេល​ដែល​ទីក្រុង​យេរូសាឡិម​បាន​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ដែល​ជា​គ្រា​ដ៏​លំបាក​ណាស់!

១៦ ប្រហែល​ជា​បារូក​មាន​គំនិត​ចង់​បាន​ជីវិត​សម្បូរ​សប្បាយ​ជាង។ ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​ចិត្ត​គំនិត​របស់​បារូក ហើយ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ព្រមាន​ថា កុំ​ឲ្យ​គាត់​ស្វែង​រក​«ការ​យ៉ាង​ធំ»​សម្រាប់​ខ្លួន​ឡើយ។ បារូក​បង្ហាញ​ថា​គាត់​មាន​ប្រាជ្ញា​និង​ចិត្ត​រាប​ទាប ពីព្រោះ​គាត់​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​បាន​រួច​រស់​ជីវិត​ពេល​គេ​បំផ្លាញ​ទីក្រុង​យេរូសាឡិម​ចោល។ (យេ. ៤៥:២​-​៥) រីឯ​ពួក​អ្នក​នៅ​សម័យ​បារូក​ដែល​បាន​ស្វែងរក​ទ្រព្យ​សម្បត្ដិ​«យ៉ាង​ធំ» ជា​ជាង​ចាត់​ទុក​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​អាទិភាព​ក្នុង​ជីវិត មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពេល​ដែល​ពួក​ខាល់ដេ (ឬ​ពួក​បាប៊ីឡូន) បាន​ទន្ទ្រាន​ចូល​ទីក្រុង ពួក​គេ​បាន​បាត់​បង់​របស់​ទាំង​អស់! នៅ​ពេល​នោះ បណ្ដា​ជន​ច្រើន​នាក់​ក៏​បាន​បាត់​បង់​ទាំង​ជីវិត​ខ្លួន​ផង​ដែរ។ (២របា. ៣៦:១៥​-​១៨) គំរូ​របស់​បារូក​ជួយ​យើង​ឲ្យ​យល់​ថា ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា គឺ​សំខាន់​ជាង​ទ្រព្យ​សម្បត្ដិ​ទាំង​ឡាយ និង​សំខាន់​ជាង​មុខមាត់​ធំ​ក្នុង​ពិភព​លោក​នេះ។

ចូរ​ធ្វើ​តាម​អ្នក​ដែល​តាំង​គំរូ​ល្អ​ឲ្យ​ប្អូនៗ

១៧​. ម្ដេច​ក៏​ព្រះ​យេស៊ូ ប៉ុល​និង​ធីម៉ូថេ​ជា​គំរូ​ល្អ​សម្រាប់​អ្នកបម្រើ​ព្រះ​យេហូវ៉ា​នា​សម័យ​នេះ?

១៧ ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា គំរូ​ល្អៗ​របស់​មនុស្ស​ច្រើន​នាក់​អាច​ជួយ​យើង​ឲ្យ​មាន​ជីវិត​ល្អ​ប្រសើរ។ ជា​ឧទាហរណ៍ ទោះជា​ព្រះ​យេស៊ូ​អាច​ធ្វើ​អ្វី​ក៏​ដោយ ជា​មនុស្ស​ប៉ិន​ប្រសប់​បំផុត​ដែល​ធ្លាប់​រស់នៅ​ផែនដី ទ្រង់​បាន​ផ្ដោតអារម្មណ៍​ទៅ​លើ​អ្វី​ដែល​អាច​នាំ​ឲ្យ​មនុស្ស​ទទួល​ប្រយោជន៍​ជា​រៀង​រហូត ពោល​គឺ «ដំណឹង​ល្អ​ពី​នគរ​ព្រះ»។ (លូ. ៤:៤៣) រីឯ​សាវ័ក​ប៉ុល គាត់​បាន​លះ​ចោល​ឱកាស​ទទួល​អាជីព​ដ៏​ល្អ ហើយ​បាន​ចំណាយពេល​និង​កម្លាំង​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ពីព្រោះ​គាត់​ចង់​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ត។ ប្អូន​ប្រុស​ឈ្មោះ​ធីម៉ូថេ បាន​ធ្វើ​តាម​គំរូ​ដ៏​ល្អ​របស់​ប៉ុល ដូច្នេះ​គាត់​មាន​លក្ខណៈ​ជា​«កូន​ពិត​ក្នុង​សេចក្ដី​ជំនឿ»។ (១ធី. ១:​២) តើ​ព្រះ​យេស៊ូ ប៉ុល​និង​ធីម៉ូថេ​ស្ដាយ​ក្រោយ​ពី​របៀប​រស់នៅ​របស់​ពួក​គាត់​ទេ? ពួក​គាត់​មិន​ស្ដាយ​ក្រោយ​ទាល់តែ​សោះ! តាម​ការ​ពិត ប៉ុល​បញ្ជាក់​ថា ឯកសិទ្ធិ​បម្រើ​ព្រះ​យេហូវ៉ា គឺ​វិសេស​វិសាល​ដល់​ម្ល៉េះ បានជា​គាត់​ចាត់​ទុក​អ្វីៗ​ក្នុង​ពិភព​លោក​នេះ ថា​ប្រៀប​«ដូច​ជា​សំរាម»​ទៅ​វិញ។—ភី. ៣:៨​-​១១

១៨​. តើ​យុវជន​ម្នាក់​បាន​លះ​បង់​អ្វីខ្លះ? ហេតុ​អ្វី​បាន​ជា​គាត់​មិន​សោក​ស្ដាយ​ពី​ទង្វើ​នោះ?

១៨ នៅ​សព្វថ្ងៃ ប្អូនៗ​ជា​ច្រើន​ដែល​ជា​គ្រិស្ត​សាសនិក ក៏​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ ប៉ុល​និង​ធីម៉ូថេ​ដែរ។ ជា​ឧទាហរណ៍ យុវជន​ម្នាក់​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា គាត់​ធ្លាប់​ប្រកប​ការងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន។ គាត់​សរសេរ​ថា​៖ «ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់​ស្រប​ទៅ​តាម​គោលការណ៍​ក្នុង​គម្ពីរ ថៅកែ​បាន​ប្រគល់​ភារកិច្ច​បន្ថែម​ឲ្យ​ខ្ញុំ។ ពេល​ខ្ញុំ​ទទួល​ភារកិច្ច​បន្ថែម​នោះ ខ្ញុំ​ក៏​បាន​ទទួល​ប្រាក់​ខែ​បន្ថែម​ដែរ។ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ​នោះ សុទ្ធតែ​អសារ​ឥត​ការ។ ពេល​ខ្ញុំ​បាន​ជួប​ជា​មួយ​ថៅកែ​ក្រុម​ហ៊ុន​ដើម្បី​ប្រាប់​ពួក​គាត់​ថា ខ្ញុំ​ចង់​ធ្វើ​កិច្ច​បម្រើ​ព្រះ​ពេញ​ពេល​វិញ ពួក​គាត់​សន្យា​ថា​នឹង​ដំឡើង​ប្រាក់​ខែ​ថែម​ទៀត ដោយ​សង្ឃឹម​ថា​ខ្ញុំ​មិន​ឈប់​ធ្វើការ​ក្នុង​ក្រុម​ហ៊ុន​ទេ។ ប៉ុន្តែ ខ្ញុំ​បាន​សម្រេច​ចិត្ត​រួច​ទៅ​ហើយ។ មនុស្ស​ជា​ច្រើន​មិន​យល់​នូវ​មូលហេតុ​ដែល​ខ្ញុំ​បាន​លះ​ចោល​អាជីព​ល្អ​នោះ​ដើម្បី​ធ្វើ​កិច្ច​បម្រើ​ពេញ​ពេល​ទេ។ ខ្ញុំ​ចេះ​តែ​ប្រាប់​គេ​ថា ខ្ញុំ​បាន​ធ្វើ​ដូច្នេះ ពីព្រោះ​ខ្ញុំ​ចង់​ធ្វើ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​ខ្ញុំ​ចំពោះ​ព្រះ​យ៉ាង​អស់​ពី​ចិត្ត។ ឥឡូវនេះ ខ្ញុំ​អាច​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​កិច្ច​បម្រើ​ព្រះ។ ជា​លទ្ធផល ខ្ញុំ​មាន​ចិត្ត​ស្កប់​ស្កល់​និង​សុភមង្គល​ដែល​ទ្រព្យ​សម្បត្ដិ​និង​មុខ​មាត់​ធំ​មិន​អាច​ផ្ដល់​បាន​ឡើយ»។

១៩​. តើ​គប្បី​ឲ្យ​ប្អូនៗ​ធ្វើការ​សម្រេចចិត្ត​ល្អ​អ្វីខ្លះ?

១៩ ប្អូនៗ​យុវជន​យុវតី​រាប់​ពាន់​នាក់​ទូ​ទាំង​ពិភព​លោក​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អៗ​បែប​នោះ​ដែរ។ ដូច្នេះ ប្អូនៗ​ទាំង​ឡាយ​អើយ! ពេល​កំពុង​គិត​អំពី​អ្វី​ដែល​ប្អូនៗ​គួរ​ធ្វើ​បន្ត​ទៅ​មុខ​ទៀត ចូរ​នឹក​ចាំ​ពី​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ចុះ! (២ពេ. ៣:១១, ១២) កុំ​ឲ្យ​ប្អូនៗ​មានចិត្ត​ច្រណែន​ចំពោះ​អ្នក​ដទៃ​ដែល​មាន​ភាព​ចម្រុង​ចម្រើន​ក្នុង​ពិភព​លោក​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​ប្អូនៗ​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​និង​មាតា​បិតា​ដែល​កោត​ខ្លាច​ទ្រង់ ពីព្រោះ​ពួក​គាត់​ពិតជា​ស្រឡាញ់​ប្អូនៗ​ណាស់! ការ​ប្រមូល​«ទ្រព្យ​សម្បត្ដិ​ទុក​សំ​រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌» ជា​ការ​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត ហើយ​ជា​ទង្វើ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍​ជា​រៀង​រហូត។ (ម៉ាថ. ៦:១៩, ២០; សូម​អាន យ៉ូហានទី១ ២:១៥​-​១៧) ហេតុ​នេះ ប្អូនៗ​ទាំង​ឡាយ​អើយ! ចូរ​នឹក​ចាំ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​ចុះ! ពេល​ប្អូនៗ​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ឲ្យ​ប្អូនៗ​មែន!

[កំណត់​សម្គាល់]

a ស្តី​អំពី​ការ​អប់រំ​ជាន់ខ្ពស់​និង​ការងារ​ធ្វើ សូម​មើល​សៀវភៅ​ស្តើង​ដែល​មាន​អត្ថបទ​សិក្សា​ពី​ទស្សនាវដ្ដី​ប៉មយាម (br​1) ទំព័រ​៧​-​១៣។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​យើង​បង្ហាញ​យ៉ាង​ណា ថា​យើង​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា?

• តើ​ការ​អប់រំ​បែប​ណា ជា​ការ​អប់រំ​ដ៏​ល្អ​បំផុត?

• តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​គំរូ​របស់​បារូក?

• តើ​អ្នក​ណាខ្លះ​បាន​តាំង​គំរូ​ល្អ​ឲ្យ​យើង? ហេតុ​អ្វី​បានជា​គំរូ​របស់​ពួក​គាត់​ល្អ​ដល់​ម្ល៉េះ?

[រូបភាព​នៅ​ទំព័រ​១៧]

ការ​អប់រំ​ពី​ព្រះ​យេហូវ៉ា ជា​ការ​អប់រំ​ដ៏​ល្អ​បំផុត!

[រូបភាព​នៅ​ទំព័រ​១៨]

លោក​បារូក​បាន​ស្ដាប់​តាម​ព្រះ​យេហូវ៉ា ហើយ​បាន​រួច​រស់​ជីវិត​ពេល​ទីក្រុង​យេរូសាឡិម​បាន​បំផ្លាញ​ចោល។ តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​គំរូ​របស់​បារូក?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក