បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១០ ទំ. ១២-១៦
  • ព្រះយេហូវ៉ារំពៃមើលដើម្បីប្រយោជន៍យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ារំពៃមើលដើម្បីប្រយោជន៍យើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ​ចុះ!
  • បិតា​ដែល​យក​ចិត្ត​ទុកដាក់​នឹង​បា​រូ​ក
  • ព្រះ​យេស៊ូ​ស្រឡាញ់​យើង​ដូច​បិតា​ទ្រង់
  • ជំនួយ​ទាន់​ពេល
  • មិនបាច់​ភ័យ​ព្រួយ​ចំពោះ​អនាគត​ឡើយ
  • ចូរពង្រឹងចំណងមិត្តភាពមុនទីបញ្ចប់មកដល់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ព្រះយេហូវ៉ារមែងការពារ និងប្រទានពរដល់អស់អ្នកដែលស្ដាប់បង្គាប់ទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ប្អូនៗទាំងឡាយអើយ! ចូរនឹកចាំពីព្រះយេហូវ៉ាចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរមានចិត្ដក្លាហានដូចយេរេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១០ ទំ. ១២-១៦

ព្រះ​យេហូវ៉ា​រំពៃ​មើល​ដើម្បី​ប្រយោជន៍​យើង

​«ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បី​នឹង​សំ​ដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មានចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់»។—២របា. ១៦:៩

១​. ហេតុ​អ្វី​បានជា​ព្រះ​យេហូវ៉ា​ពិចារណា​មើល​យើង?

ព្រះ​យេហូវ៉ា​ជា​បិតា​ដ៏​ល្អ​ឥត​ខ្ចោះ។ ទ្រង់​ស្គាល់​យើង​ច្បាស់​ដល់​ម្ល៉េះ​បានជា​ទ្រង់​ជ្រាប​សូម្បី​តែ​ពី​«សេចក្ដី​ដែល​យើង​គិត​ដែរ»។ (១របា. ២៨:៩) ក៏​ប៉ុន្តែ ទ្រង់​មិន​ពិចារណា​មើល​យើង​ដើម្បី​ចាប់​កំហុស​ទេ។ (ទំនុក. ១១:៤; ១៣០:៣) ផ្ទុយ​ទៅ​វិញ ដោយ​មាន​ក្ដី​ស្រឡាញ់ ទ្រង់​ចង់​ការពារ​យើង​ពី​អ្វី​ដែល​អាច​បង្ខូច​ចំណង​មេត្រីភាព​របស់​យើង​ជា​មួយ​នឹង​ទ្រង់ ឬ​បង្ខូច​ឱកាស​ដែល​យើង​មាន​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—ទំនុក. ២៥:៨​-​១០, ១២, ១៣

២​. តើ​ព្រះ​យេហូវ៉ា​ប្រើ​កម្លាំង​របស់​ទ្រង់​ដើម្បី​ជួយ​អ្នក​ណា?

២ ព្រះ​យេហូវ៉ា​មាន​អំណាច​ខ្លាំងក្លា​បំផុត ហើយ​មើល​ឃើញ​អ្វីៗ​ទាំង​អស់។ អាស្រ័យ​ហេតុនេះ ទ្រង់​អាច​ជួយ​អ្នកបម្រើ​ទ្រង់​ដែល​មានចិត្ត​ភក្ដី​នៅ​ពេល​ណា​ដែល​ពួក​គាត់​សុំ​ជំនួយ។ ណា​មួយ​ទៀត ទ្រង់​ក៏​អាច​គាំទ្រ​ពួក​គាត់​ពេល​មាន​ទុក្ខ​លំបាក​ដែរ។ របាក្សត្រទី២ ១៦:៩ ចែង​ថា​៖ «ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បី​នឹង​សំ​ដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់»។ សូម​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​ប្រើ​ចេស្ដា​ឬ​កម្លាំង​របស់​ទ្រង់​ដើម្បី​ជួយ​អស់អ្នក​ដែល​បម្រើ​ទ្រង់​ដោយ​អស់​ពី​ចិត្ត ពោល​គឺ​ចិត្ត​ដែល​បរិសុទ្ធ​និង​បំណង​ចិត្ត​ដែល​ស្មោះ។ ប៉ុន្តែ ចំពោះ​មនុស្ស​ក្រឡេច​ក្រឡុច​ឬ​លាក់​ពុត ទ្រង់​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។—យ៉ូស. ៧:១, ២០, ២១, ២៥; សុ. ១:២៣​-​៣៣

ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ​ចុះ!

៣, ៤​. តើ​ការ​«ដើរ​ជា​មួយ​នឹង​ព្រះ»​មាន​ន័យ​អ្វី? តើ​មាន​គំរូ​ណា​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​ការ​ដើរ​ជា​មួយ​នឹង​ព្រះ?

៣ អ្នក​បង្កើត​សកល​លោក​ដ៏​ធំធេង​អនុញ្ញាត​ឲ្យ​មនុស្ស​ជាតិ​ដើរ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ន័យ​ធៀប។ មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​យើង​អាច​ដើរ​ជា​មួយ​ព្រះ​ទេ តែ​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​មែន! នៅ​សម័យ​គម្ពីរ លោក​អេណុក​និង​ណូអេ​បាន​«ដើរ​ជា​មួយ​នឹង​ព្រះ»។ (លោ. ៥:២៤; ៦:៩) លោក​ម៉ូសេ​ក៏​«បាន​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ»។ (ហេ. ១១:២៧) ស្តេច​ដាវីឌ​បាន​ដើរ​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌​របស់​លោក​ដោយ​ចិត្ត​រាប​ទាប។ ដាវីឌ​បាន​និយាយ​ថា​៖ «ដោយ​ព្រោះ​[ព្រះ​យេហូវ៉ា]​គង់​នៅ​ខាងស្ដាំ​ទូល​បង្គំ បាន​ជា​ទូល​បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ»។—ទំនុក. ១៦:៨

៤ ទោះ​បើ​យើង​មិន​អាច​កាន់​ដៃ​ព្រះ​យេហូវ៉ា​និង​ដើរ​ជាមួយ​ទ្រង់​ក្នុង​ន័យ​ត្រង់ៗ​ក៏​ដោយ តែ​ក្នុង​ន័យ​ធៀប​យើង​អាច​ធ្វើ​ដូច្នេះ​មែន។ តើ​យ៉ាង​ដូច​ម្ដេច? លោក​អេសាភ​ដែល​ជា​អ្នក​តែង​បទ​ទំនុក​ដំ​កើង​បាន​សរសេរ​ថា​៖ «ទូល​បង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជា​និច្ច ទ្រង់​បាន​កាន់​ដៃស្ដាំ​នៃ​ទូល​បង្គំ។ ទ្រង់​នឹង​នាំ​ទូល​បង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់»។ (ទំនុក. ៧៣:២៣, ២៤) បើ​និយាយ​ឲ្យ​ស្រួល​យល់ យើង​ដើរ​ជា​មួយ​នឹង​ព្រះ​ពេល​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​ទ្រង់​យ៉ាង​ដិត​ដល់។ យើង​ទទួល​ដំបូន្មាន​នោះ​តាម​រយៈ​បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​ទ្រង់ និង​តាម​រយៈ​«អ្នក​បំរើ​ស្មោះ​ត្រង់»។—ម៉ាថ. ២៤:៤៥; ២ធី. ៣:១៦

៥​. តើ​ព្រះ​យេហូវ៉ា​រំពៃ​មើល​អ្នក​ស្មោះ​ភក្ដី​របស់​ទ្រង់ ដូច​ជា​បិតា​ដែល​ប្រកប​ទៅ​ដោយ​ក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​គប្បី​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ទ្រង់?

៥ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​ទ្រង់។ ហេតុនេះ​ហើយ​បានជា​ទ្រង់​រំពៃ​មើល​ពួក​គាត់ បីបាច់​ថែរក្សា ការពារ និង​បង្រៀន​ពួក​គាត់​ដូច​ជា​បិតា​ដែល​រំពៃ​មើល​កូន​ដោយ​ក្ដី​ស្រឡាញ់។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ «អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់»។ (ទំនុក. ៣២:៨) សូម​សួរ​ខ្លួនឯង​ថា ‹តើ​ខ្ញុំ​អាច​ស្រមៃ​គិត​ថា​ខ្លួន​កំពុង​តែ​ដើរ​ជាមួយ​ព្រះ​យេហូវ៉ា​ដោយ​កាន់​ដៃ​ទ្រង់ ស្ដាប់​តាម​ការ​ណែនាំ​របស់​ទ្រង់​ដែល​ប្រកប​ដោយ​ប្រាជ្ញា ព្រម​ទាំង​ដឹង​ថា​ភ្នែក​ទ្រង់​កំពុង​តែ​មើល​ខ្ញុំ​ដោយ​ក្ដី​ស្រឡាញ់​ទេ? តើ​ការ​ដឹង​ថា​ទ្រង់​កំពុង​តែ​មើល​ខ្ញុំ មាន​អានុភាព​មក​លើ​ចិត្ត​គំនិត ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ឬ​ទេ? ពេល​ខ្ញុំ​ភ្លាត់​ធ្វើ​ខុស តើ​ខ្ញុំ​គិត​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​មិន​យក​ចិត្ត​ទុកដាក់ និង​តឹងរ៉ឹង​ទេ? ឬ​ក៏​តើ​ខ្ញុំ​ទទួល​ស្គាល់​ថា​ទ្រង់​ជា​បិតា​ដែល​ស្រឡាញ់ ថ្នាក់ថ្នម និង​ចង់​ជួយ​អ្នក​ដែល​កែប្រែ​ចិត្ត​ដើម្បី​ឲ្យ​មាន​ចំណង​មេត្រីភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់​ឡើង​វិញ​ទេ?›។—ទំនុក. ៥១:១៧

៦​. តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​អាច​ធ្វើ តែ​មាតា​បិតា​មនុស្ស​ជាតិ​មិន​អាច​ធ្វើ?

៦ ជួនកាល ប្រហែល​ជា​ព្រះ​យេហូវ៉ា​ជួយ​យើង​មុន​ពេល​ដែល​យើង​ចាប់ផ្ដើម​ធ្វើ​ខុស​ផង។ ជា​ឧទាហរណ៍ យើង​ដឹង​ថា​ចិត្ត​ជា​គ្រឿង​បញ្ឆោត​មែន។ ដូច្នេះ ប្រហែល​ជា​ទ្រង់​ឃើញ​ថា​ចិត្ត​របស់​យើង​ចាប់​ផ្ដើម​ចង់​បាន​អ្វី​ដែល​មិន​សមរម្យ។ (យេ. ១៧:៩) ក្នុង​ស្ថានការណ៍​បែប​នោះ ទ្រង់​អាច​ចាត់​វិធានការ​ឆាប់​ជាង​មាតាបិតា​ដែល​ជា​មនុស្ស​ជាតិ​ទៅ​ទៀត ដោយ​សារ​«ត្របក​ព្រះ​នេត្រ»​ទ្រង់​អាច​ពិចារណា​មើល​អារម្មណ៍​ដែល​កប់​ជ្រៅ​នៅ​ក្នុង​ចិត្ត​យើង។ (ទំនុក. ១១:៤; ១៣៩:​៤; យេ. ១៧:១០) សូម​ពិនិត្យ​មើល​ការ​តប​ឆ្លើយ​របស់​ព្រះ​ចំពោះ​រឿង​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​បា​រូ​ក ជា​ស្មៀន​និង​ជា​មិត្ត​ជិត​ដិត​របស់​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​យេរេមា។

បិតា​ដែល​យក​ចិត្ត​ទុកដាក់​នឹង​បា​រូ​ក

៧, ៨​. (ក) តើ​បា​រូ​ក​ជា​នរណា? ហើយ​តើ​គាត់​ប្រហែល​ជា​ចាប់ផ្ដើម​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​បែប​ណា​ដែល​មិន​សមរម្យ? (ខ) តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​បា​រូ​ក​ដូច​ជា​បិតា​ម្នាក់​យ៉ាង​ដូច​ម្ដេច?

៧ បា​រូ​ក​ជា​ស្មៀន​ដែល​បាន​បម្រើ​យ៉ាង​ស្មោះត្រង់​ជាមួយ​យេរេមា​ក្នុង​ការ​ប្រកាស​ប្រាប់​សេចក្ដី​ជំនុំ​ជម្រះ​របស់​ព្រះ​យេហូវ៉ា​ដល់​សាសន៍​យូដា។ ហើយ​នេះ​បាន​ក្លាយ​ទៅ​ជា​ភារកិច្ច​ដ៏​ពិបាក​មួយ។ (យេ. ១:១៨, ១៩) បា​រូ​ក​ប្រហែល​ជា​មក​ពី​ក្រុម​គ្រួសារ​ដែល​មាន​ឋានៈ​ធំដុំ ហើយ​នៅ​ពេល​មួយ​ក្នុង​ភារកិច្ច​នោះ គាត់​ចាប់ផ្ដើម​ស្វែងរក​«ការ​យ៉ាង​ធំ»​សម្រាប់​ខ្លួន។ គាត់​ប្រហែលជា​ចាប់ផ្ដើម​យក​បំណង​ចិត្ត​របស់​ខ្លួន​ជា​ធំ ឬ​មាន​ចិត្ត​ចង់​បាន​សម្ភារៈ​កាន់តែ​ច្រើន​ឡើង។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​គំនិត​ដ៏​មាន​ពិសពុល ចាប់ផ្ដើម​ចាក់​ឫស​នៅ​ក្នុង​ចិត្ត​របស់​បា​រូ​ក។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ភ្លាមៗ​ទៅ​កាន់​បា​រូ​ក​តាម​រយៈ​យេរេមា​ថា​៖ «ឯង​បាន​និយាយ​ថា ‹ឥឡូវ​នេះ វរ​ហើយ​ខ្ញុំ ដ្បិត​ព្រះ​យេហូវ៉ា ទ្រង់​បាន​បន្ថែម​សេចក្ដី​សោកសៅ ដល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ខ្ញុំ​ក៏​ល្វើយ​ទៅ​ដោយ​ថ្ងូរ ឥត​មាន​សេចក្ដី​សំ​រាក​ឡើយ›»។ បន្ទាប់​មក​ទ្រង់​បន្ត​ថា​៖ «ឯង​ស្វែងរក​ការ​យ៉ាង​ធំ​សំ​រាប់​ខ្លួន​ឬ? កុំ​ឡើយ!»។—យេ. ៤៥:១​-​៥

៨ ថ្វីបើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ម៉ឹង​ម៉ាត់​ទៅ​លើ​បា​រូ​ក​ក៏​ពិតមែន តែ​ទ្រង់​មិនមែន​ប្រព្រឹត្ត​ដោយ​កំហឹង​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រព្រឹត្ត​ដោយ​យក​ចិត្ត​ទុកដាក់​យ៉ាង​ស្មោះ​ដូច​ជា​បិតា​ដែល​យក​ចិត្ត​ទុកដាក់​នឹង​កូន​ដោយ​ក្ដី​ស្រឡាញ់។ តាម​មើល​ទៅ សូម្បី​តែ​ព្រះ​បាន​ឃើញ​ថា​បា​រូ​ក​មាន​សេចក្ដី​ប្រាថ្នា​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ តែ​បា​រូ​ក​មិន​មាន​ចិត្ត​អាក្រក់​ឬ​ចិត្ត​មិន​ស្មោះ​ឡើយ។ ព្រះ​យេហូវ៉ា​ក៏​ជ្រាប​ថា មិន​យូរ​ទៀត​ទីក្រុង​យេរូសាឡិម​និង​យូដា​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ទ្រង់​មិន​ចង់​ឲ្យ​បា​រូ​ក​ធ្វើ​ខុស​នៅ​គ្រា​ដ៏​សំខាន់​នោះ។ អាស្រ័យ​ហេតុនេះ ដើម្បី​ធ្វើ​ឲ្យ​បា​រូ​ក​ភ្ញាក់​ខ្លួន​ឡើង​វិញ នោះ​ទ្រង់​បាន​រំលឹក​គាត់​ថា ទ្រង់​«នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គ្រប់​ទាំង​សាច់» ហើយ​បន្ថែម​ថាបើ​បា​រូ​ក​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា នោះ​គាត់​នឹង​បាន​រួច​រស់​ជីវិត។ (យេ. ៤៥:៥) បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ហាក់​ដូច​ជា​ព្រះ​មាន​ប្រសាសន៍​ថា​៖ ‹បា​រូ​ក​អើយ! សូម​កុំ​ភ្លេច​ឲ្យ​សោះ​ពី​អ្វី​ដែល​នឹង​កើតឡើង​ដល់​យូដា​និង​ទីក្រុង​យេរូសាឡិម​ដែល​ធ្វើ​ខុស​នោះ។ ចូរ​ស្ដាប់​តាម​ហើយ​រួច​រស់​ជីវិត​ចុះ! ខ្ញុំ​នឹង​ការពារ​អ្នក›។ តាម​មើល​ទៅ ពាក្យ​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​បា​រូ​ក ព្រោះ​ឃើញ​ថា​បា​រូ​ក​បាន​កែប្រែ​ចិត្តគំនិត ហើយ​បាន​រួច​រស់​ជីវិត​ពេល​ទីក្រុង​យេរូសាឡិម​បាន​ត្រូវ​កម្ទេច​ចោល​១៧​ឆ្នាំ​ក្រោយ​មក។

៩​. ស្តី​អំពី​សំណួរ​ក្នុង​វគ្គ​នេះ តើ​អ្នក​នឹង​ឆ្លើយ​ដូច​ម្ដេច?

៩ ពេល​ដែល​អ្នក​ជញ្ជឹង​គិត​អំពី​កំណត់​ហេតុ​ស្តី​ពី​បា​រូ​ក សូម​ពិចារណា​មើល​សំណួរ​និង​បទ​គម្ពីរ​ដូច​តទៅ​នេះ: របៀប​ដែល​ព្រះ​បាន​ប្រព្រឹត្ត​ទៅ​លើ​បា​រូ​ក តើ​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា និង​អារម្មណ៍​របស់​ទ្រង់​ចំពោះ​អ្នកបម្រើ​ទ្រង់? (សូម​អាន ហេព្រើរ ១២:៩) ដោយ​ដឹង​ថា​គ្រា​ដែល​យើង​កំពុង​រស់នៅ​ជា​គ្រា​លំបាក តើ​យើង​អាច​រៀន​អ្វី​ពី​ដំបូន្មាន​របស់​ព្រះ​ដល់​បា​រូ​ក និង​ពី​ប្រតិកម្ម​របស់​បា​រូ​ក? (សូម​អាន លូកា ២១:​៣៤​-​៣៦) ដោយ​ធ្វើ​តាម​យេរេមា តើ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ចាស់ទុំ​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?—សូម​អាន កាឡាទី ៦:១

ព្រះ​យេស៊ូ​ស្រឡាញ់​យើង​ដូច​បិតា​ទ្រង់

១០​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេស៊ូ​មាន​សមត្ថភាព​ធ្វើ​ជា​អ្នក​នាំមុខ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក?

១០ ក្នុង​អំឡុង​សម័យ​មុន​ពួក​គ្រិស្ត​សាសនិក ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​រាស្ត្រ​ទ្រង់​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ និង​អ្នកបម្រើ​ស្មោះ​ភក្ដី​ឯ​ទៀត។ សព្វថ្ងៃ​នេះ របៀប​សំខាន់​បំផុត​ដែល​ព្រះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​គឺ​តាម​រយៈ​ព្រះ​យេស៊ូគ្រិស្ត ដែល​ជា​អ្នក​នាំមុខ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ (អេភ. ១:២២, ២៣) យ៉ាង​នេះ ក្នុង​សៀវភៅ​វិវរណៈ ព្រះ​យេស៊ូ​ត្រូវ​បាន​ពិពណ៌នា​ជា​កូន​ចៀម​ដែល​មាន​«ភ្នែក​៧ . . . ឯ​ភ្នែក​ទាំងនោះ​គឺជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី»។ (វិវរ. ៥:៦) ត្រូវ​ហើយ ព្រះ​យេស៊ូ​បាន​ទទួល​វិញ្ញាណ​ឬ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យ៉ាង​ពេញលេញ ហេតុ​នោះ​បានជា​ទ្រង់​មាន​សមត្ថភាព​វែក​ញែក​ដ៏​ល្អ​ឥត​ខ្ចោះ។ ទ្រង់​ក៏​មើល​ឃើញ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​យើង ព្រម​ទាំង​ជ្រាប​ពី​អ្វីៗ​ដែល​កំពុង​តែ​កើត​ឡើង​ដែរ។

១១​. តើ​ព្រះ​គ្រិស្ត​មាន​តួនាទី​អ្វី? តើ​ចិត្ត​គំនិត​របស់​ទ្រង់​ចំពោះ​យើង​គឺ​ដូច​បិតា​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១១ ដូច​ព្រះ​យេហូវ៉ា ព្រះ​យេស៊ូ​មិនមែន​ជា​នគរបាល​ដែល​គង់នៅ​ស្ថាន​សួគ៌​ឡើយ។ ទ្រង់​ពិចារណា​មើល​ចិត្ត​យើង​ដោយ​ក្ដី​ស្រឡាញ់។ ឋានន្តរ​មួយ​របស់​ព្រះ​យេស៊ូ​គឺ​«ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប» ហើយ​នេះ​រំលឹក​យើង​ពី​តួនាទី​ដែល​ទ្រង់​មាន​ក្នុង​ការ​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អស់អ្នក​ដែល​ជឿ​លើ​ទ្រង់។ (អេសា. ៩:៦) ម្យ៉ាងទៀត ជា​អ្នក​នាំមុខ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ព្រះ​គ្រិស្ត​អាច​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​ដែល​មានចិត្ត​ស្ម័គ្រ​និង​ចិត្ត​គំនិត​ចាស់ទុំ ជា​ពិសេស​ពួក​អ្នក​ចាស់ទុំ ដើម្បី​ផ្ដល់​ការ​សម្រាល​ទុក្ខ​ឬ​ដំបូន្មាន​ដល់​អស់អ្នក​ដែល​ត្រូវការ។—១ថែ. ៥:​១៤; ២ធី. ៤:១, ២

១២​. (ក) តើ​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​៧​នៅ​សតវត្សរ៍​ទី​១​បង្ហាញ​អ្វី​អំពី​ព្រះ​យេស៊ូ? (ខ) តើ​ពួក​អ្នក​ចាស់ទុំ​សម្ដែង​ចិត្ត​គំនិត​របស់​ព្រះ​គ្រិស្ត​ចំពោះ​ហ្វូង​ចៀម​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១២ ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ជ្រាលជ្រៅ​របស់​ព្រះ​គ្រិស្ត​ចំពោះ​ហ្វូង​ចៀម បាន​ស​ឲ្យ​ឃើញ​នៅ​ក្នុង​សំបុត្រ​ដែល​បាន​ផ្ញើ​ជូន​ចំពោះ​ពួក​អ្នក​ចាស់ទុំ​នៅ​ក្រុម​ជំនុំ​ទាំង​៧​នៅ​សតវត្សរ៍​ទី​១។ (វិវរ. ២:១​–​៣:២២) ក្នុង​សំបុត្រ​នោះ ព្រះ​យេស៊ូ​បញ្ជាក់​ថា ទ្រង់​ដឹង​អំពី​ការ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​នីមួយៗ និង​អំពី​ទំហំ​នៃ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​ដែល​កាន់​តាម​ទ្រង់។ សព្វថ្ងៃ​នេះ ព្រះ​យេស៊ូ​ធ្វើ​លើស​ជាង​នេះ​ទៅ​ទៀត​ដោយ​សារ​អ្វី​ដែល​ត្រូវ​បាន​បើក​សម្ដែង​ក្នុង​សៀវភៅ​វិវរណៈ គឺ​បាន​សម្រេច​នៅ​ក្នុង​អំឡុង​«ថ្ងៃ​នៃ​ព្រះ​អម្ចាស់»។a (វិវរ. ១:១០) ជា​ញឹក​ញយ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រិស្ត​ត្រូវ​បាន​សម្ដែង​តាម​រយៈ​ពួក​អ្នក​ចាស់ទុំ ដែល​បម្រើ​ជា​គង្វាល​នៃ​ក្រុម​ជំនុំ។ ទ្រង់​អាច​ជំរុញ​ចិត្ត​អ្នក​ដែល​ជា​«អំណោយ​ទាន»​ទាំងនេះ​ឲ្យ​ផ្ដល់​ការ​សម្រាល​ទុក្ខ ការ​លើក​ទឹកចិត្ត ឬ​ឲ្យ​ដំបូន្មាន​ពេល​មាន​សេចក្ដី​ត្រូវការ។ (អេភ. ៤:៨; កិច្ច. ២០:២៨; សូម​អាន អេសាយ ៣២:១, ២) តើ​អ្នកមាន​ទស្សនៈ​ថា​ការ​ព្យាយាម​របស់​ពួក​អ្នក​ចាស់ទុំ ជា​របៀប​ដែល​ព្រះ​គ្រិស្ត​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ផ្ទាល់​ទេ?

ជំនួយ​ទាន់​ពេល

១៣​-​១៥​. តើ​ព្រះ​ប្រហែល​ជា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​ណា? សូម​ផ្ដល់​ឧទាហរណ៍​ខ្លះ។

១៣ តើ​អ្នក​ធ្លាប់​អធិដ្ឋាន​អស់ពី​ចិត្ត​ដើម្បី​សុំ​ជំនួយ ហើយ​បាន​ទទួល​ជំនួយ​ដោយ​សារ​គ្រិស្ត​សាសនិក​ដែល​មាន​បទ​ពិសោធន៍​ច្រើន​មក​សួរ​សុខទុក្ខ និង​លើក​ទឹកចិត្ត​អ្នក​ទេ? (យ៉ា. ៥:១៤​-​១៦) ឬ​ប្រហែល​ជា​អ្នក​បាន​ទទួល​ជំនួយ​តាម​រយៈ​ព័ត៌មាន​ក្នុង​សុន្ទរកថា​មួយ​ដែល​បាន​ថ្លែង​នៅ​ឯ​កិច្ចប្រជុំ ឬ​ពី​អ្វី​ដែល​អ្នក​បាន​អាន​ពី​សៀវភៅ​របស់​អង្គការ​យើង។ ជា​រឿយៗ ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ការ​អធិដ្ឋាន​តាម​របៀប​នេះ។ ជា​ឧទាហរណ៍ បន្ទាប់​ពី​អ្នក​ចាស់ទុំ​ម្នាក់​ថ្លែង​សុន្ទរកថា បង​ស្រី​ម្នាក់​បាន​ទៅ​ជួប​គាត់។ ប៉ុន្មាន​សប្ដាហ៍​មុន បង​ស្រី​នោះ​បាន​ជួប​នឹង​ភាព​អយុត្ដិធម៌​ក្រៃ​លែង។ ជា​ជាង​ត្អូញត្អែរ​អំពី​បញ្ហា​របស់​ខ្លួន បង​ស្រី​បាន​ប្រាប់​ចំណុច​ខ្លះៗ​ពី​គម្ពីរ​ដែល​គាត់​ពេញចិត្ត​ក្នុង​សុន្ទរកថា។ ចំណុច​ទាំង​នោះ​ទាក់ទង​នឹង​ស្ថានការណ៍​របស់​គាត់ ហើយ​បាន​សម្រាល​ទុក្ខ​គាត់​ណាស់។ គាត់​ពិតជា​សប្បាយ​ចិត្ត​មែន! ដោយ​បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នោះ។

១៤ ស្តី​អំពី​ជំនួយ​ដែល​បាន​ទទួល​តាម​រយៈ​សេចក្ដី​អធិដ្ឋាន សូម​ពិចារណា​មើល​គំរូ​របស់​បុរស​បី​នាក់​ដែល​បាន​ជាប់គុក​ជាមួយ​គ្នា។ ពេល​នៅ​ក្នុង​គុក បុរស​បី​នាក់​នោះ​បាន​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ ហើយ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ ដោយសារ​មាន​អំពើ​ឃោរឃៅ​កើតឡើង នោះ​អាជ្ញាធរ​បាន​ដាក់​កម្រិត​បន្ថែម​ទៀត​ទៅ​លើ​អ្នក​ជាប់គុក​ទាំងឡាយ។ នេះ​នាំ​ឲ្យ​មានការ​ប្រឆាំង​បះបោរ​ផ្ទុះ​ឡើង។ ដើម្បី​សម្ដែង​ភាព​រឹង​ទទឹង អ្នក​ជាប់គុក​បាន​សម្រេច​ចិត្ត​ថា ថ្ងៃ​ស្អែក​ក្រោយ​ពី​អាហារ​ពេល​ព្រឹក ពួក​គាត់​នឹង​មិន​ព្រម​ឲ្យ​ចាន​បាយ​ទៅ​អ្នកយាម​វិញ​ទេ។ ដូច្នេះ អ្នក​ផ្សាយ​បី​នាក់​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក​នោះ​ជួប​ប្រទះ​ស្ថានការណ៍​ដ៏​ពិបាក។ ប្រសិនបើ​ពួក​គាត់​ចូល​ដៃ​ក្នុង​ការ​បះបោរ នោះ​ពួក​គាត់​នឹង​បំពាន​ដំបូន្មាន​របស់​ព្រះ​យេហូវ៉ា​ដែល​មាននៅ​សៀវភៅ​រ៉ូម ១៣:១។ បើ​មិន​ចូល​ដៃ​ទេ នោះ​ប្រហែល​ជា​អ្នក​ជាប់គុក​ឯ​ទៀត​ខឹង​ហើយ​ធ្វើបាប​ពួក​គាត់​ទៅ​វិញ។

១៥ បុរស​ទាំង​បី​នាក់​នោះ​មិន​អាច​ទាក់ទង​គ្នា​ទេ។ ដូច្នេះ ពួក​គាត់​អធិដ្ឋាន​ដោយ​ឡែក​ពី​គ្នា​សូម​ប្រាជ្ញា​ពី​ព្រះ​ស្តី​អំពី​រឿង​នេះ។ នៅ​ពេល​ព្រឹក​ថ្ងៃ​ស្អែក បុរស​ទាំង​បី​នាក់​បាន​សម្រេច​ចិត្ត​ដូច​គ្នា​ស្តី​អំពី​ដំណោះ​ស្រាយ ពោល​គឺ​ពួក​គាត់​នឹង​មិន​ទទួល​អាហារ​ពេល​ព្រឹក​ឡើយ។ ពេល​អ្នក​យាម​មក បុរស​ទាំង​បី​នាក់​នោះ​គ្មាន​ចាន​ឲ្យ​គេ​ប្រមូល​ទេ។ ពួក​គាត់​ពិតជា​សប្បាយ​ចិត្ត​ដោយ​«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន»​បាន​ជួយ​ពួក​គាត់!—ទំនុក. ៦៥:២

មិនបាច់​ភ័យ​ព្រួយ​ចំពោះ​អនាគត​ឡើយ

១៦​. តើ​ការ​ផ្សព្វផ្សាយ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុកដាក់​ចំពោះ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម​យ៉ាង​ដូច​ម្ដេច?

១៦ ការ​ផ្សព្វផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​ជា​ទី​សំ​អាង​មួយទៀត ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​ព្រះ​យេហូវ៉ា ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ទោះ​ជា​ពួក​គាត់​រស់​នៅ​ទី​ណា​ក៏​ដោយ។ (លោ. ១៨:​២៥) ជា​ញយ​ដង តាម​រយៈ​ពួក​ទេវតា ព្រះ​យេហូវ៉ា​អាច​នាំ​អ្នកបម្រើ​របស់​ទ្រង់​ឲ្យ​ទៅ​ជួប​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ចៀម សូម្បី​តែ​ពួក​គាត់​រស់នៅ​កន្លែង​ដែល​ដំណឹង​ល្អ​មិន​ទាន់​បាន​ផ្សាយ​ក៏​ដោយ។ (វិវរ. ១៤:៦, ៧) ជា​ឧទាហរណ៍ តាម​រយៈ​ទេវតា​មួយ​រូប នោះ​ព្រះ​ណែនាំ​ភីលីព​ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​នៅ​សតវត្សរ៍​ទី​១ ឲ្យ​ទៅ​រក​មន្ត្រី​ជន​ជាតិ​អេចូ​ពី​ម្នាក់ ព្រម​ទាំង​ពន្យល់​បទ​គម្ពីរ​ដល់​គាត់​ផង។ តើ​មាន​លទ្ធផល​យ៉ាង​ណា? បុរស​នោះ​ទទួល​ដំណឹង​ល្អ​ហើយ​ក្លាយ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក។b—យ៉ូន. ១០:​១៤; កិច្ច. ៨:២៦​-​៣៩

១៧​. ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​អនាគត?

១៧ កាល​ដែល​របៀប​របប​ពិភព​លោក​នេះ​មក​ជិត​ដល់ទី​បញ្ចប់ នោះ​យើង​នៅ​តែ​មាន​«សេចក្ដី​ទុក្ខ»​ដែល​ត្រូវ​បាន​ទាយ​មក។ (ម៉ាថ. ២៤:​៨) ជា​ឧទាហរណ៍ តម្លៃ​ម្ហូប​អាហារ​ប្រហែល​ជា​ឡើង​ថ្លៃ​យ៉ាង​ច្រើន​ដោយ​សារ​មាន​តម្រូវការ​កាន់តែ​ច្រើន ធាតុ​អាកាស​អាក្រក់​ក្រៃ​លែង​ខុស​ពី​ធម្មតា ឬ​សេដ្ឋកិច្ច​គ្មាន​ស្ថិរភាព។ ប្រហែល​ជា​ពិបាក​រក​ការងារ​ធ្វើ ហើយ​និយោជិត​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ច្រើន​ម៉ោង​ថែម​ទៀត។ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ អ្នក​ដែល​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​ទី​១ ព្រម​ទាំង​រក្សា​ឲ្យ​មាន‹ភ្នែក​ល្អ› នោះ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​ទេ។ ពួក​គាត់​ដឹង​ថា​ព្រះ​ស្រឡាញ់​និង​ទំនុក​បម្រុង​ពួក​គាត់។ (ម៉ាថ. ៦:២២​-​៣៤) ជា​ឧទាហរណ៍ សូម​ពិនិត្យ​មើល​របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់​យេរេមា​នៅ​គ្រា​បញ្ចប់​នៃ​ទីក្រុង​យេរូសាឡិម​ដែល​មាន​ភាព​ចលាចល​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។

១៨​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ឃើញ​ថា​ទ្រង់​ស្រឡាញ់​យេរេមា​ក្នុង​អំឡុង​ការ​ឡោម​ព័ទ្ធ​ទីក្រុង​យេរូសាឡិម​យ៉ាង​ដូច​ម្ដេច?

១៨ ដំណាក់​ការ​ចុង​ក្រោយ​នៃ​ការ​ឡោម​ព័ទ្ធ​ទីក្រុង​យេរូសាឡិម​ដោយ​ពួក​បាប៊ីឡូន នោះ​យេរេមា​បាន​ត្រូវ​គេ​ចាប់​ដាក់​នៅ​ជាប់​ក្នុង​ទីលាន​គុក។ តើ​គាត់​នឹង​បាន​ម្ហូប​ពី​ណា​មក? បើ​គាត់​មិន​ជាប់គុក គាត់​អាច​រក​ម្ហូប​ដោយ​ខ្លួនឯង​បាន។ ប៉ុន្តែ គាត់​ត្រូវ​តែ​ពឹង​ទៅ​លើ​មនុស្ស​ខាង​ក្រៅ​ដើម្បី​ទទួល​ម្ហូប ហើយ​ភាគ​ច្រើន​មនុស្ស​ទាំង​នោះ​ស្អប់​គាត់! យ៉ាង​ណា​ក៏​ដោយ យេរេមា​មិនមែន​ទុកចិត្ត​ទៅ​លើ​មនុស្ស​ឡើយ គាត់​នៅ​តែ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​ដែល​សន្យា​ថា​នឹង​ទំនុក​បម្រុង​គាត់។ តើ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​ទេ? ពិតជា​ធ្វើ​តាម​មែន! ទ្រង់​បាន​ផ្ដល់​ឲ្យ​យេរេមា​ជា​រៀង​រាល់​ថ្ងៃ​នូវ​«នំ​ប៉័ង​១​ដុំ . . . ដរាប​ដល់​នំ​ប៉័ង​ទាំង​ប៉ុន្មាន​នៅ​ទីក្រុង​បាន​អស់​ហើយ»។ (យេ. ៣៧:២១) យេរេមា ព្រម​ទាំង​បា​រូ​ក អេបេឌមេលេក និង​អ្នក​បម្រើ​ឯ​ទៀត​របស់​ព្រះ​បាន​រួច​រស់​ជីវិត​ពី​គ្រា​ដែល​មាន​ទុរ្ភិក្ស ជំងឺ និង​សេចក្ដី​ស្លាប់។—យេ. ៣៨:​២; ៣៩:​១៥​-​១៨

១៩​. ទោះ​ជា​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​មុខ​ក៏​ដោយ តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ត្រូវ​ហើយ «ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ​កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្ដាប់​ពាក្យ​ទូល​អង្វរ​របស់​គេ»។ (១ពេ. ៣:១២) តើ​អ្នក​សប្បាយ​ចិត្ត​ដែល​បិតា​នៅ​ស្ថាន​សួគ៌​រំពៃ​មើល​អ្នក​ទេ? ដោយ​ដឹង​ថា​ទ្រង់​រំពៃ​មើល​ដើម្បី​ប្រយោជន៍​អ្នក តើ​នេះ​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​សុខសាន្ត​និង​សុវត្ថិភាព​ឬ​ទេ? បើ​ដូច្នេះ សូម​តាំង​ចិត្ត​បន្ត​ដើរ​ជា​មួយ​នឹង​ព្រះ ទោះជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​តែងតែ​ពិចារណា​មើល​អ្នកបម្រើ​របស់​ទ្រង់​ដែល​មានចិត្ត​ស្មោះ​ភក្ដី​ទាំងអស់។—ទំនុក. ៣២:៨; សូម​អាន អេសាយ ៤១:១៣

[កំណត់​សម្គាល់]

a ទោះ​បើ​សំបុត្រ​ទាំងនោះ​ទាក់ទង​ជា​ចម្បង​នឹង​ពួក​អ្នក​រើស​តាំង​ដែល​កាន់​តាម​ព្រះ​គ្រិស្ត​ក៏​ពិតមែន តែ​ជា​គោលការណ៍​ក៏​ទាក់ទង​នឹង​អ្នកបម្រើ​ព្រះ​ទាំងអស់​គ្នា។

b ឧទាហរណ៍​មួយទៀត​ដែល​បង្ហាញ​ពី​ការ​ណែនាំ​របស់​ព្រះ​គឺ​នៅ​ក្នុង​សៀវភៅ​កិច្ចការ ១៦:៦​-​១០។ កំណត់ហេតុ​នោះ​បាន​រៀបរាប់​ថា «ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ឃាត់»​ប៉ុល​និង​គូ​កន​របស់​គាត់ មិន​ឲ្យ​ផ្សាយ​នៅ​ស្រុក​អាស៊ី​និង​ស្រុក​ប៊ីធូនា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ផ្សាយ​នៅ​ស្រុក​ម៉ា​សេ​ដូន ពី​ព្រោះ​នៅ​ទី​នោះ​មាន​មនុស្ស​រាបទាប​ជា​ច្រើន​ដែល​ស្ដាប់​តាម​ដំណឹង​ល្អ។

តើ​អ្នក​អាច​ពន្យល់​ទេ?

• តើ​យើង​អាច​បង្ហាញ​ថា​យើង​កំពុង​តែ​«ដើរ​ជា​មួយ​នឹង​ព្រះ»​យ៉ាង​ដូច​ម្ដេច?

• តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​បា​រូ​ក​យ៉ាង​ដូច​ម្ដេច?

• ជា​អ្នក​នាំមុខ​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សាសនិក តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​លក្ខណៈ​ដូច​បិតា​ទ្រង់​យ៉ាង​ដូច​ម្ដេច?

• ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​នេះ តើ​យើង​អាច​បង្ហាញ​ថា​យើង​ទុកចិត្ត​ទៅ​លើ​ព្រះ​តាម​របៀប​ណាខ្លះ?

[រូបភាព​នៅ​ទំព័រ​១៥]

ដូច​យេរេមា​បាន​ប្រព្រឹត្ត​ដល់​បារូក សព្វថ្ងៃ​នេះ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ចាស់ទុំ​បង្ហាញ​ឲ្យ​ឃើញ ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​១៦]

តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ទាន់​ពេល​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក